លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើសេចក្ដីពិតមានតម្លៃប៉ុនណាចំពោះអ្នក?

តើសេចក្ដីពិតមានតម្លៃប៉ុនណាចំពោះអ្នក?

តើ​សេចក្ដី​ពិត​មាន​តម្លៃ​ប៉ុន​ណា​ចំពោះ​អ្នក?

​«​អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​»។—យ៉ូហាន ៨:៣២

១. ពេល​លោក​ពីឡាត់​និង​ព្រះ​យេស៊ូ​សំដៅ​ទៅ​លើ​«​សេចក្ដី​ពិត​»​នោះ តើ​សេចក្ដី​ពិត​ទាំង​ពីរ​នោះ​ខុស​គ្នា​យ៉ាង​ណា?

 ​«​តើ​យ៉ាង​ណា​ដែល​ហៅ​ថា​សេចក្ដី​ពិត​នោះ?​»។ ពេល​លោក​ពីឡាត់​បាន​សួរ​សំនួរ​នេះ គាត់​ចាប់​អារម្មណ៍​ទៅ​លើ​សេចក្ដី​ពិត​ដែល​មាន​ជា​ទូទៅ​ប៉ុណ្ណោះ។ ប៉ុន្តែ ព្រះ​យេស៊ូ​ទើប​តែ​បាន​មាន​បន្ទូល​ថា​៖ ​«​ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត​»។ (​យ៉ូហាន ១៨:៣៧, ៣៨​) ប៉ុន្តែ ព្រះ​យេស៊ូ​មិន​សំដៅ​ទៅ​លើ​សេចក្ដី​ពិត​ដែល​មាន​ជា​ទូទៅ​ដូច​លោក​ពីឡាត់​មាន​ប្រសាសន៍​នោះ​ទេ គឺ​ទ្រង់​សំដៅ​ទៅ​លើ​សេចក្ដី​ពិត​ពី​ព្រះ។

ទស្សនៈ​របស់​លោកីយ៍​នេះ​ចំពោះ​សេចក្ដី​ពិត

២. តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​យ៉ាង​ណា ដែល​បញ្ជាក់​ថា​សេចក្ដី​ពិត​មាន​តម្លៃ​នោះ?

លោក​ប៉ុល​បាន​និយាយ​ថា​៖ ​«​មិន​មែន​មនុស្ស​ទាំង​អស់ ដែល​មាន​សេចក្ដី​ជំនឿ​ទេ​»។ (​ថែស្សាឡូនីច​ទី​២ ៣:២​) យើង​ក៏​អាច​និយាយ​ដូច្នេះ​ដែរ​អំពី​សេចក្ដី​ពិត។ មិន​មែន​មនុស្ស​ទាំង​អស់​គ្នា​ដែល​ចង់​បាន​សេចក្ដី​ពិត​នោះ​ទេ។ សូម្បី​តែ​ពេល​មនុស្ស​មាន​ឱកាស​ស្គាល់​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ក៏​ដោយ ពួក​គេ​ជា​ច្រើន​ធ្វើ​ព្រងើយ​កន្តើយ។ ក៏​ប៉ុន្តែ សេចក្ដី​ពិត​នោះ​មាន​តម្លៃ​វិសេស​ណាស់! ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​អ្នក​រាល់​គ្នានឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​»។—យ៉ូហាន ៨:៣២

៣. តើ​យើង​ត្រូវ​ស្ដាប់​តាម​សេចក្ដី​ព្រមាន​អ្វី ស្តី​ពី​សេចក្ដី​បង្រៀន​ដែល​បោក​បញ្ឆោត​នោះ?

សាវ័ក​ប៉ុល​បាន​និយាយ​ថា គេ​មិន​អាច​រក​ឃើញ​សេចក្ដី​ពិត​ក្នុង​ទស្សនវិជ្ជា​និង​ទំនៀម​ទំលាប់​របស់​មនុស្សជាតិ​បាន​ទេ។ (​កូល៉ុស ២:៨​) សេចក្ដី​បង្រៀន​បែប​នេះ​ជា​អ្វី​ដែល​បោក​បញ្ឆោត​វិញ។ ប៉ុល​ព្រមាន​ជន​គ្រីស្ទាន​នៅ​ទី​ក្រុង​អេភេសូរ​ថា បើ​គេ​ជឿ​ទៅ​លើ​ទំនៀម​ទំលាប់​និង​ទស្សនវិជ្ជា​មនុស្ស​នោះ ពួក​គេ​នឹង​ដូច​ជា​កូន​ង៉ា​ខាង​វិញ្ញាណ​ដែល​«​ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក . . . ដោយ​សេចក្ដី​ឆបោក​របស់​ផង​មនុស្ស ហើយ​ដោយ​ឧបាយ​កល ដែល​គេ​ប្រើ​នឹង​នាំ​ឲ្យ​វង្វេង​ទៀត​»។ (​អេភេសូរ ៤:១៤​) សព្វ​ថ្ងៃ​នេះ ​«​សេចក្ដី​ឆបោក​របស់​ផង​មនុស្ស​»​ផ្ដើម​ចេញ​ពី​ការ​ឃោសនា​របស់​អ្នក​ដែល​ប្រឆាំង​សេចក្ដី​ពិត​ពី​ព្រះ។ ក្នុង​ភាសា​អង់គ្លេស ពាក្យ​«​ឃោសនា​»​ត្រូវ​បក​ស្រាយ​ជា​«​ការ​ខិត​ខំ​ប្រើ​ល្បិច​យ៉ាង​ប៉ិន​ប្រសប់​ដើម្បី​បណ្ដាល​ឲ្យ​មនុស្ស​ផ្លាស់​ប្ដូរ​ជំនឿ ចិត្ត​គំនិត ឬ​ក៏​ការ​ប្រព្រឹត្ត​របស់​គេ​»​(​សព្វ​វចនាធិប្បាយ​ប៊្រីធែណនីកា​ថ្មី​ជា​ភាសា​អង់គ្លេស​)។ ការ​ឃោសនា​បែប​នេះ​យក​សេចក្ដី​ពិត​បំប្រែ​ទៅ​ជា​សេចក្ដី​មិន​ពិត ហើយ​យក​សេចក្ដី​ភូត​ភរ​មក​ឃោសនា​ថា​នោះ​ជា​សេចក្ដី​ពិត​វិញ។ ថ្វី​ត្បិត​មាន​ការ​បង្ខិត​បង្ខំ​គាប​សង្កត់​យ៉ាង​នេះ​ក៏​ដោយ យើង​អាច​រក​សេចក្ដី​ពិត​ឃើញ​បើ​សិន​ជា​យើង​ព្យាយាម​ក្នុង​ការ​អាន​ព្រះ​គម្ពីរ។

ជន​គ្រីស្ទាន​និង​លោកីយ៍

៤. តើ​អ្នក​ណា​ខ្លះ​អាច​ទទួល​សេចក្ដី​ពិត? ហើយ​តើ​អ្នក​ដែល​ទទួល​សេចក្ដី​ពិត​មាន​ភារកិច្ច​ធ្វើ​អ្វី?

ព្រះ​យេស៊ូ​បាន​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​អំពី​អ្នក​ដែល​បាន​ក្លាយ​ជា​សិស្ស​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា​៖ ​«​សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្ដី​ពិត​របស់​ទ្រង់ ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់​»។ (​យ៉ូហាន ១៧:១៧​) អ្នក​ទាំង​នេះ​នឹង​ត្រូវ​ញែក​ជា​បរិសុទ្ធ​ឬ​ក៏​ទុក​ដោយ​ឡែក​សំរាប់​ការ​បំរើ​ព្រះ​យេហូវ៉ា និង​ការ​ប្រកាស​ប្រាប់​នូវ​ព្រះ​នាម​និង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ (​ម៉ាថាយ ៦:៩, ១០; ២៤:១៤​) ទោះ​ជា​មិន​មែន​មនុស្ស​ទាំង​អស់​គ្នា​ដែល​ស្គាល់​សេចក្ដី​ពិត​របស់​ព្រះ​យេហូវ៉ា​ក៏​ដោយ តែ​សេចក្ដី​ពិត​នោះ​ជា​អំណោយ​ឥត​គិត​ថ្លៃ​មួយ​ដែល​អស់​អ្នក​ដែល​ចង់​ស្វែង​រក​សេចក្ដី​ពិត​អាច​ទទួល​បាន មិន​ថា​គេ​មាន​ជាតិ​សាសន៍​ឬ​វប្បធម៌​អ្វី​ក៏​ដោយ។ សាវ័ក​ពេត្រុស​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ​»។—កិច្ច​ការ ១០:៣៤, ៣៥

៥. ហេតុ​អ្វី​បាន​ជា​ជន​គ្រីស្ទាន​ត្រូវ​គេ​បៀត​បៀន​ជា​ញឹក​ញាប់?

ជន​គ្រីស្ទាន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ តែ​មិន​មែន​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​សប្បាយ​ចិត្ត​ទទួល​សេចក្ដី​ពិត​នោះ​ទេ។ ព្រះ​យេស៊ូ​បាន​ព្រមាន​ថា​៖ ​«​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​សំឡាប់​អ្នក​រាល់​គ្នា ហើយ​គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​»។ (​ម៉ាថាយ ២៤:៩​) លោក ចន​រ៉ចឺសិន​ខតឺ ជា​បព្វជិត​មួយ​រូប​នៅ​ប្រទេស​អៀកឡង់​បាន​សរសេរ​ពន្យល់​អំពី​ខ​នេះ​នៅ​ឆ្នាំ​១៨១៧​ដោយ​ថា​៖ ​«​ការ​ខិត​ខំ​របស់​គេ[​ជន​គ្រីស្ទាន​]ដើម្បី​កែ​ប្រែ​ជីវិត​មនុស្សជាតិ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​របស់​គេ​នោះ នឹង​មិន​ធ្វើ​ឲ្យ​មនុស្ស​មាន​កតញ្ញូ​តា​ធម៌​ទេ តែ​តាម​ពិត​នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្អប់​និង​បៀត​បៀន​ពួក​ជន​គ្រីស្ទាន​ទៅ​វិញ ដោយ​ព្រោះ​ជន​គ្រីស្ទាន​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​អំពើ​អបាយមុខ​របស់​គេ​»។ អ្នក​បៀត​បៀន​ទាំង​នេះ​មិន​«​ព្រម​ស្រឡាញ់​ដល់​សេចក្ដី​ពិត ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​នោះ​ទេ​»។ ហេតុ​នេះ​ហើយ​«​ព្រះ ទ្រង់​នឹង​ឲ្យ​សេចក្ដី​ខុស​ឆ្គង​មក បណ្ដាល​ឲ្យ​គេ​ជឿ​តាម​សេចក្ដី​ភូត​ភរ​វិញ ដើម្បី​ឲ្យ​អស់​មនុស្ស​ណា​ដែល​មិន​ជឿ​តាម​សេចក្ដី​ពិត គឺ​ពេញ​ចិត្ត​នឹង​សេចក្ដី​ទុច្ចរិត នោះ​បាន​ជាប់​មាន​ទោស​វិញ​»។—ថែស្សាឡូនីច​ទី​២ ២:១០​-​១២

៦. តើ​ជន​គ្រីស្ទាន​មិន​គួរ​ចាប់​ផ្ដើម​មាន​ចំណង់​ចំណូល​ចិត្ត​នឹង​អ្វី?

សាវ័ក​យ៉ូហាន​ដាស់​តឿន​គ្រីស្ទាន​ដែល​កំពុង​តែ​រស់​នៅ​ក្នុង​លោកីយ៍​ដែល​ស្អប់​គេ​នេះ​ដោយ​ថា​៖ ​«​កុំ​ឲ្យ​ស្រឡាញ់​លោកីយ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ​នេះ​ឲ្យ​សោះ . . . ដ្បិត​អស់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​លោកីយ​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះ​វរបិតា​ទេ គឺ​មក​តែ​ពី​លោកីយ​នេះ​វិញ​»។ (​យ៉ូហាន​ទី​១ ២:១៥, ១៦​) គឺ​គ្មាន​ករណី​លើក​លែង​ទេ ពេល​យ៉ូហាន​និយាយ​ថា​«​អស់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​លោកីយ​នេះ​»។ ហេតុ​នេះ​ហើយ​យើង​មិន​គួរ​ចាប់​ផ្ដើម​មាន​ចំណង់​ចំណូល​ចិត្ត​នឹង​អ្វី​ៗ​ណា​ក៏​ដោយ​ក្នុង​លោកីយ៍​នេះ​ដែល​អាច​បំបែរ​យើង​ចេញ​ពី​សេចក្ដី​ពិត​នោះ។ ការ​អនុវត្ត​តាម​ការ​ព្រមាន​របស់​យ៉ូហាន​នោះ នឹង​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ជីវិត​របស់​យើង។ តើ​យ៉ាង​ដូច​ម្ដេច?

៧. តើ​ចំណេះ​អំពី​សេចក្ដី​ពិត​ជំរុញ​ចិត្ត​របស់​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​យ៉ាង​ដូច​ម្ដេច?

ក្នុង​កំឡុង​ឆ្នាំ​២០០១ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ទូទាំង​ពិភព​លោក​បាន​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​មនុស្ស​ជាង​៤​លាន​៥​សែន​នាក់​ជា​រៀង​រាល់​ខែ ដោយ​បង្រៀន​គេ​ជា​ក្រុម​ឬ​មនុស្ស​ម្នាក់​ៗ អំពី​តម្រូវ​ការ​របស់​ព្រះ​ដែល​ពួក​គេ​ត្រូវ​អនុវត្ត​តាម​ឲ្យ​បាន​ជីវិត។ ជា​លទ្ធផល​នោះ មាន​២៦៣.៤៣១​នាក់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ សិស្ស​ថ្មី​ទាំង​នោះ​បាន​ចាត់​ទុក​ពន្លឺ​នៃ​សេចក្ដី​ពិត​ជា​អ្វី​ដែល​មាន​តម្លៃ ហើយ​គេ​បាន​បដិសេធ​ពួកម៉ាក​អាក្រក់​និង​ការ​ប្រព្រឹត្ត​ដ៏​អសីលធម៌​ដែល​នាំ​ឲ្យ​អប​កិត្ដិយស​ដល់​ព្រះ ដែល​មនុស្ស​ជា​ច្រើន​ក្នុង​លោកីយ៍​នេះ​តែង​តែ​និយម​ប្រព្រឹត្ត។ តាំង​ពី​គេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​មក​នោះ ពួក​គេ​បាន​គោរព​តាម​ខ្នាត​តម្រា​ដែល​ព្រះ​យេហូវ៉ា​កំណត់​សំរាប់​គ្រីស្ទាន​ទាំង​ឡាយ។ (​អេភេសូរ ៥:៥​) តើ​សេចក្ដី​ពិត​មាន​តម្លៃ​យ៉ាង​នេះ​ចំពោះ​អ្នក​ទេ?

ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង

៨. តើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​តប​យ៉ាង​ណា​ចំពោះ​ការ​ថ្វាយ​ខ្លួន​របស់​យើង? ហើយ​ហេតុ​អ្វី​ការ‹ស្វែង​រក​ព្រះ​រាជាណាចក្រ​ជា​មុន​សិន›ជា​ការ​ប្រព្រឹត្ត​ដែល​ប្រកប​ដោយ​ប្រាជ្ញា?

ទោះ​ជា​យើង​មិន​គ្រប់​ល័ក្ខណ៍​ក៏​ដោយ​នោះ ព្រះ​យេហូវ៉ា​តែង​ទទួល​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង ហើយ​នេះ​ប្រៀប​ដូច​ជា​ទ្រង់​ឱន​មក​ឱបក្រសោប​យើង​ឲ្យ​មក​ជិត​ទ្រង់។ យ៉ាង​នេះ ទ្រង់​បង្រៀន​យើង​ឲ្យ​ចេះ​មាន​គោល​ដៅ​និង​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ខ្ពង់​ខ្ពស់​ជាង។ (​ទំនុក​ដំកើង ១១៣:៦​-​៨​) ដំណាល​គ្នា​នឹង​នេះ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​នឹង​ទ្រង់ ហើយ​ទ្រង់​សន្យា​ថា​ទ្រង់​នឹង​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង បើ​យើង‹ស្វែង​រក​ព្រះ​រាជាណាចក្រ និង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន›។ បើ​យើង​ធ្វើ​ដូច្នេះ ហើយ​ការ​ពារ​ភាព​ខាង​វិញ្ញាណ​របស់​យើង​នោះ ទ្រង់​សន្យា​ថា​៖ ​«​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង​»។—ម៉ាថាយ ៦:៣៣

៩. តើ​អ្នក​ណា​គឺ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›? តើ​ព្រះ​យេហូវ៉ា​ប្រើ​អ្នក​បំរើ​នេះ​យ៉ាង​ណា​ដើម្បី​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​យើង?

ព្រះ​យេស៊ូ​បាន​ជ្រើស​រើស​សាវ័ក​១២​នាក់​របស់​ទ្រង់ និង​រៀបចំ​គ្រឹះ​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​ត្រូវ​ហៅ​ថា​«​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ​»។ (​កាឡាទី ៦:១៦; វិវរណៈ ២១:៩, ១៤​) ក្រោយ​មក​នេះ​ត្រូវ​ពណ៌នា​ជា​«​ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ ដែល​ជា​សសរ ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត​»។ (​ធីម៉ូថេ​ទី​១ ៣:១៥​) ព្រះ​យេស៊ូ​បាន​បញ្ជាក់​ថា​សមាជិក​នៃ​ក្រុម​ជំនុំ​នោះ​ជា​«​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ​»​ និង​ជា​«​ដំរួត​ការ​ដែល​ស្មោះ​ត្រង់ មាន​មារយាទ​ល្អ​»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​នោះ​នឹង​មាន​ភារកិច្ច​ផ្គត់​ផ្គង់‹បើក​អាហារ​បរិភោគ​តាម​ត្រូវ​ពេល›សំរាប់​ជន​គ្រីស្ទាន។ (​ម៉ាថាយ ២៤:៣, ៤៥​-​៤៧; លូកា ១២:៤២​) បើ​សិន​ជា​យើង​គ្មាន​ម្ហូប​អាហារ​នោះ យើង​នឹង​ស្លាប់​ជា​មិន​ខាន។ ដូច​គ្នា​ដែរ បើ​សិន​ជា​យើង​គ្មាន​អាហារ​ខាង​វិញ្ញាណ​នោះ​ទេ យើង​នឹង​ទៅ​ជា​ខ្សោយ​ហើយ​ស្លាប់​ខាង​វិញ្ញាណ។ ហេតុ​នេះ​ហើយ យើង​ក៏​អាច​ដឹង​ថា​ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង ដោយ​សារ​ទ្រង់​បាន​រៀបចំ​ឲ្យ​មាន‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ ចូរ​ឲ្យ​យើង​នឹក​ចាំ​ជា​រៀង​រហូត​នូវតម្លៃ​ខ្ពង់​ខ្ពស់​នៃ​ម្ហូប​អាហារ​ខាង​វិញ្ញាណ​ដែល​ត្រូវ​រៀបចំ​សំរាប់​យើង​តាម​រយៈ​«​អ្នក​បំរើ​»​នោះ។—ម៉ាថាយ ៥:៣

១០. ហេតុ​អ្វី​គឺ​សំខាន់​ដែល​យើង​ទៅ​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​នោះ?

១០ យើង​ត្រូវ​សិក្សា​ផ្ទាល់​ខ្លួន​ដើម្បី​ទទួល​នូវ​ម្ហូប​អាហារ​ខាង​វិញ្ញាណ។ យើង​ក៏​ត្រូវ​សេព​គប់​ជា​មួយ​គ្រីស្ទាន​ឯ​ទៀត​និង​ចូល​រួម​កិច្ច​ប្រជុំ។ តើ​អ្នក​ចាំ​អ្វី​ដែល​អ្នក​បាន​បរិភោគ​ប្រាំ​មួយ​ខែ​មុន​ឬ​ក៏​ប្រាំ​មួយ​សប្ដាហ៍​មុន​ទេ? អ្នក​ប្រហែល​ជា​អត់​ចាំ​ទេ! យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​អ្នក​បាន​បរិភោគ​បាន​ផ្ដល់​ឲ្យ​ថាមពល​និង​ជីវជាតិ​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​បន្ត​រស់​នៅ​ត​ទៅ​ទៀត។ ហើយ​អ្នក​ច្បាស់​ជា​បាន​បរិភោគ​ម្ហូប​ដូច​ៗ​គ្នា​នោះ​នៅ​ពេល​ក្រោយ​ៗ​ទៀត​ដែរ។ ម្ហូប​អាហារ​ដែល​យើង​ទទួល​នៅ​កិច្ច​ប្រជុំ​គ្រីស្ទាន​គឺ​ដូច​គ្នា​ដែរ។ ប្រហែល​ជា​អ្នក​មិន​នឹក​ចាំ​ពី​អ្វី​ទាំង​អស់​ដែល​អ្នក​បាន​ឮ​នៅ​ឯ​កិច្ច​ប្រជុំ​និមួយ​ៗ​ទេ។ ហើយ​ពត៌មាន​ស្រដៀង​គ្នា​នឹង​នោះ​ទំនង​ជា​បាន​ត្រូវ​ផ្ដល់​ជា​ញឹក​ញយ​ផង​ដែរ។ ក៏​ប៉ុន្តែ នោះ​នៅ​តែ​ជា​ម្ហូប​អាហារ​ខាង​វិញ្ញាណ ដែល​ចាំ​បាច់​ដើម្បី​បំពេញ​បំប៉ន​សុខភាព​របស់​យើង។ កិច្ច​ប្រជុំ​របស់​យើង​តែង​តែ​ផ្គត់​ផ្គង់​អាហារ​ដ៏​ល្អ​ៗ​ខាង​វិញ្ញាណ​តាម​ត្រូវ​ពេល។

១១. តើ​យើង​មាន​ភារកិច្ច​អ្វី​ពេល​យើង​ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន?

១១ យើង​ក៏​មាន​ភារកិច្ច​ផង​ដែរ​ពេល​យើង​ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន។ គ្រីស្ទាន​ទាំង​ឡាយ​ត្រូវ​ដាស់​តឿន​ឲ្យ​«​កំឡា​ចិត្ត​គ្នា​»​និង​បណ្ដាល​ឲ្យ​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​«​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង​»។ យើង​ពង្រឹង​ជំនឿ​របស់​យើង​និង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ផង​ដែរ ពេល​យើង​រៀបចំ​សំរាប់​ប្រជុំ មាន​វត្តមាន និង​ចូល​រួម​នៅ​កិច្ច​ប្រជុំ​គ្រីស្ទាន​ទាំង​អស់។ (​ហេព្រើរ ១០:២៣​-​២៥​) ក្មេង​ៗ​តែង​តែ​ញ៉ាំ​ទម្រើស​ណាស់ ហើយ​ដូច​គ្នា​ដែរ បង​ប្អូន​ខ្លះ​ប្រហែល​ជា​ត្រូវ​ការ​នូវ​ការ​លើក​ទឹក​ចិត្ត​ជា​រៀង​រហូត​ឲ្យ​ទទួល​ម្ហូប​អាហារ​ខាង​វិញ្ញាណ។ (​អេភេសូរ ៤:១៣​) យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពេល​យើង​លើក​ទឹក​ចិត្ត​អ្នក​ទាំង​នេះ​ក្នុង​ពេល​ដែល​ត្រូវ​ការ ដើម្បី​ជួយ​គេ​ឲ្យ​រីក​ចំរើន​ក្លាយ​ទៅ​ជា​គ្រីស្ទាន​ដែល​មាន​ភាព​ចាស់​ទុំ ដូច​ដែល​សាវ័ក​ប៉ុល​បាន​និយាយ​អំពី​គេ​ថា​៖ ​«​អាហារ​រឹង នោះ​សំរាប់​តែ​មនុស្ស​ធំ ដែល​បាន​បង្ហាត់​ឥន្ទ្រី​យ ដោយ​ធ្លាប់​ខ្លួន​ហើយ ដើម្បី​ឲ្យ​បាន​ដឹង​ខុស​ត្រូវ​»។—ហេព្រើរ ៥:១៤

ការ​ថែ​រក្សា​ភាព​ខាង​វិញ្ញាណ​របស់​ខ្លួន

១២. ការ​ថា​យើង​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត​ជា​រៀង​រហូត​ឬ​ក៏​អត់​នោះ គឺ​ស្រេច​នឹង​អ្នក​ណា? សូម​ពន្យល់។

១២ គូ​អាពាហ៍ពិពាហ៍​ឬ​ក៏​មាតា​បិតា​របស់​យើង​អាច​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បន្ត​ដើរ​ក្នុង​សេចក្ដី​ពិត។ ដូច​គ្នា​ដែរ អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​អាច​គង្វាល​ដោយ​ណែនាំ​យើង​ឲ្យ​ចូល​រួម​ជា​មួយ​ហ្វូង​ចៀម​ដែល​ពួក​គាត់​ត្រូវ​ថែ​រក្សា​នោះ។ (​កិច្ច​ការ ២០:២៨​) ប៉ុន្តែ ការ​ព្យាយាម​របស់​យើង​ក្នុង​ការ​រស់​នៅ​សម​ស្រប​ទៅ​តាម​សេចក្ដី​ពិត តើ​នៅ​ទី​បំផុត​គឺ​ស្រេច​នឹង​អ្នក​ណា? បើ​គិត​ឲ្យ​ប្រាកដ​ប្រជា​វិញ គឺ​ស្រេច​នឹង​យើង​ម្នាក់​ៗ។ ហើយ​នោះ​ស្រេច​នឹង​យើង​ទោះ​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ធម្មតា​ឬ​ក៏​កាលៈទេសៈ​ពិបាក​ក៏​ដោយ។ សូម​ពិចារណា​នូវ​បទ​ពិសោធន៍​ដែល​មាន​ដូច​ត​ទៅ​នេះ។

១៣, ១៤. ដូច​ជា​ត្រូវ​បង្ហាញ​ត្រង់​ក្នុង​រឿង​អំពី​កូន​ចៀម​នោះ បើ​យើង​ត្រូវ​ការ​ជំនួយ តើ​យើង​អាច​ទទួល​ជំនួយ​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្ដេច​បាន?

១៣ នៅ​ប្រទេស​ស្កុត​ឡង់ កូន​ចៀម​ខ្លះ​ៗ​ស៊ី​ស្មៅ​នៅ​ឯ​វាល។ រំពេច​នោះ កូន​ចៀម​មួយ​ដើរ​ចេញ​ពី​ហ្វូង ទៅ​ដល់​គែម​ទួល​និង​ធ្លាក់​ទៅ​លើ​ជ្រុង​គែម​មួយ​ទៀត។ វា​មិន​បាន​របួស​អ្វី​ទេ ប៉ុន្តែ​វា​ខ្លាច​ហើយ​មិន​អាច​ឡើង​ទៅ​លើ​វិញ​បាន។ ដូច្នេះ វា​ចាប់​ផ្ដើម​ស្រែក​យ៉ាង​ខ្លាំង​គួរ​ឲ្យ​អាណិត។ មេ​វា​បាន​ឮ​ហើយ​វា​ក៏​ស្រែក​ដែរ ទាល់​តែ​អ្នក​គង្វាល​បាន​មក​និង​សង្គ្រោះ​កូន​ចៀម​នោះ។

១៤ សូម​កត់​សម្គាល់​នូវ​ដំណើរ​នៃ​រឿង​នេះ។ កូន​ចៀម​បាន​ស្រែក​ឲ្យ​គេ​មក​ជួយ​មុន រួច​មេ​វា​បាន​ស្រែក​ដែរ នោះ​អ្នក​គង្វាល​ឮ​ហើយ​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​សង្គ្រោះ​កូន​ចៀម​នោះ។ បើ​សិន​ជា​កូន​ចៀម​និង​មេ​វា​អាច​យល់​ឃើញ​នូវ​គ្រោះ​ថ្នាក់​និង​ចេះ​ស្រែក​រក​ជំនួយ​ភ្លាម​ៗ​នោះ យើង​ក៏​ត្រូវ​ចេះ​ធ្វើ​ដូច​គ្នា​ដែរ ពេល​យើង​ជំពប់​ដួល​ខាង​វិញ្ញាណ​ឬ​ក៏​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដោយ​មិន​ដឹង​ទុក​ជា​មុន​ពី​លោកីយ៍​របស់​សាតាំង មែន​ទេ? (​យ៉ាកុប ៥:១៤, ១៥; ពេត្រុស​ទី​១ ៥:៨​) យើង​ត្រូវ​ធ្វើ​ដូច្នេះ ជា​ពិសេស​បើ​សិន​ជា​យើង​ខ្វះ​ខាត​នូវ​បទ​ពិសោធន៍ បើ​យើង​នៅ​ក្មេង ឬ​ក៏​បើ​យើង​ទើប​តែ​ចូល​សេចក្ដី​ពិត​ថ្មី​ៗ។

ការ​ប្រព្រឹត្ត​តាម​ការ​ណែនាំ​ពី​ព្រះ​នាំ​មក​នូវ​សុភមង្គល

១៥. តើ​ស្ត្រី​ម្នាក់​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​គាត់​ចាប់​ផ្ដើម​ចូល​រួម​ជា​មួយ​ក្រុម​ជំនុំ​គ្រីស្ទាន​ជា​លើក​ដំបូង​នោះ?

១៥ សូម​នឹក​គិត​អំពី​តម្លៃ​នៃ​ការ​យល់​ដឹង​ពី​ព្រះ​គម្ពីរ និង​ចិត្ត​ស្ងប់​សុខ​ស្រួល​របស់​អ្នក​ដែល​បំរើ​ព្រះ​នៃ​សេចក្ដី​ពិត​នោះ។ ស្ត្រី​ម្នាក់​អាយុ​៧០​ឆ្នាំ ដែល​ជា​សមាជិក​ក្នុង​វិហារ​ប្រទេស​អង់គ្លេស​តាំង​ពី​ក្មេង​មក​ម្ល៉េះ គាត់​បាន​យល់​ព្រម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។ មិន​យូរ​ក្រោយ​មក គាត់​រៀន​ថា​ព្រះ​នាម​របស់​ព្រះ​គឺ​ព្រះ​យេហូវ៉ា និង​គាត់​ក៏​តប​ឆ្លើយ​ថា​«​អា​មែន​»​ពេល​ដែល​គាត់​ស្ដាប់​សេចក្ដី​អធិស្ឋាន​សាធារណៈ​ដ៏​អស់​ពី​ចិត្ត​ដែល​ត្រូវ​ទូល​នៅ​សាល​ព្រះ​រាជាណាចក្រ​នៅ​តំបន់​គាត់។ ស្ត្រី​នោះ​ស្រដី​ដោយ​ចិត្ត​រំជើប​រំជួល​ថា​៖ ​«​របៀប​អ្នក​បង្រៀន​អំពី​ព្រះ​គឺ​ហាក់​ដូច​ជា​អ្នក​នាំ​ទ្រង់​មក​ស្ថិត​នៅ​ក្នុង​ចំណោម​យើង​តែ​ម្ដង​ដូច​មិត្ត​ជា​ទី​ស្រឡាញ់ ជា​ជាង​បង្រៀន​ថា​ព្រះ​គឺ​ខ្ពង់​ខ្ពស់​ជាង​មនុស្ស​ដល់​ម្ល៉េះ​បាន​ជា​យើង​ទាក់​ទង​ទ្រង់​មិន​បាន។ នេះ​ជា​អារម្មណ៍​មួយ​ដែល​ខ្ញុំ​មិន​ដែល​មាន​ពី​មុន​មក​ទេ​»។ អ្នក​ចាប់អារម្មណ៍​ដ៏​ស្ងួន​ភ្ងា​នេះ ទំនង​ជា​នឹង​ចាំ​មិន​ភ្លេច​នូវ​អានុភាព​ដំបូង​នេះ​ដែល​សេចក្ដី​ពិត​មាន​ទៅ​លើ​គាត់​ហើយ។ ដូច​គ្នា​ដែរ សូម​ឲ្យ​យើង​ចាំ​មិន​ភ្លេច​នូវ​តម្លៃ​វិសេស​ដែល​សេចក្ដី​ពិត​មាន​ចំពោះ​យើង ពេល​យើង​ទើប​តែ​រៀន​ពី​ដំបូង​នោះ​ដែរ។

១៦. (​ក​) តើ​អ្វី​អាច​កើត​ឡើង​បើ​សិន​ជា​គោល​ដៅ​ចំបង​របស់​យើង​គឺ​ការ​រក​លុយ​នោះ? (​ខ​) តើ​យើង​អាច​រក​ឃើញ​សុភមង្គល​ពិត​យ៉ាង​ដូច​ម្ដេច​បាន?

១៦ មនុស្ស​ជា​ច្រើន​ជឿ​ថា បើ​សិន​ជា​គេ​មាន​លុយ​ច្រើន​ជាង នោះ​គេ​នឹង​សប្បាយ​ចិត្ត​ជាង។ ក៏​ប៉ុន្តែ បើ​សិន​ជា​ការ​ប្រមូល​លុយ​គឺ​ជា​គោល​ដៅ​ចំបង​ក្នុង​ជីវិត​របស់​យើង​នោះ យើង​អាច​រង​ទុក្ខ​នឹង​«​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ដែល​នឹក​ស្មាន​មិន​ដល់​ឡើយ​»។ (​ធីម៉ូថេ​ទី​១ ៦:១០, សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ភីលីព​) សូម​គិត​ទៅ​មើល មនុស្ស​ជា​ច្រើន​ទិញ​សន្លឹក​ឆ្នោត ចាយ​លុយ​នៅ​ក្នុង​កាស៊ីណូ ឬ​ក៏​ទាយ​អំពី​តម្លៃ​ផ្សារ​ភាគ​ហ៊ុន​ដោយ​មិន​គិត​វែង​ឆ្ងាយ ដោយ​មាន​មនោ​គតិ​ថា​នៅ​ថ្ងៃ​មួយ​ខ្លួន​នឹង​ក្លាយ​ជា​មហា​សេដ្ឋី​មួយ​រូប។ មនុស្ស​តិច​ណាស់​បាន​ទ្រព្យ​សម្បត្ដិ​ស្តុក​ស្តម្ភ​តាម​បំណង។ ហើយ​សូម្បី​តែ​អ្នក​ដែល​បាន​ក្លាយ​ជា​អ្នក​មាន​ស្តុក​ស្តម្ភ​ក៏​ដោយ គេ​ច្រើន​តែ​ឃើញ​ថា ទ្រព្យ​សម្បត្ដិ​មិន​នាំ​មក​នូវ​សុភមង្គល​ទេ។ ផ្ទុយ​ទៅ​វិញ សុភមង្គល​ជា​រៀង​រហូត​នោះ មក​ពី​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា និង​ការ​រួប​រួម​ជា​មួយ​ក្រុម​ជំនុំ​គ្រីស្ទាន ដោយ​មាន​ការ​ណែនាំ​ពី​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ព្រម​ទាំង​ជំនួយ​ពី​ទេវតា​របស់​ទ្រង់។ (​ទំនុក​ដំកើង ១:១​-​៣; ៨៤:៤, ៥; ៨៩:១៥​) ពេល​យើង​ធ្វើ​ដូច្នេះ យើង​ប្រហែល​ជា​នឹង​ទទួល​ពរ​ជា​ច្រើន​ដោយ​មិន​ដឹង​ទុក​ជា​មុន​ទេ។ តើ​សេចក្ដី​ពិត​មាន​តម្លៃ​ខ្ពង់​ខ្ពស់​ដល់​ម្ល៉េះ​ដែល​វា​អាច​នាំ​មក​នូវ​ពរ​យ៉ាង​នេះ​ក្នុង​ជីវិត​អ្នក​ទេ?

១៧. តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ចិត្ត​គំនិត​របស់​ពេត្រុស​ដោយ​សារ​គាត់​ស្នាក់​នៅ​ជា​មួយ​លោក​ស៊ីម៉ូន​ដែល​ជា​អ្នក​សម្លាប់​ស្បែក​នោះ?

១៧ សូម​ពិចារណា​ពី​បទ​ពិសោធន៍​របស់​សាវ័ក​ពេត្រុស។ នៅ​ឆ្នាំ​៣៦​ស.យ. គាត់​បាន​ធ្វើ​ដំណើរ​ទៅ​វាល​ទំនាប​ស្រុក​សារ៉ុន​និង​ធ្វើ​ជា​សាសនទូត។ ពេត្រុស​ឈប់​នៅ​ភូមិ​លីដា ហើយ​នៅ​ទី​នោះ​គាត់​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេនាស​ដែល​ស្លាប់​ដៃ​ស្លាប់​ជើង​ហើយ​ពេត្រុស​ប្រោស​ឲ្យ​គាត់​ជា។ ក្រោយ​នោះ​ពេត្រុស​ធ្វើ​ដំណើរ​បន្ត​ទៅ​ដល់​កំពង់​ផែ​នៅ​ទី​ក្រុង​យ៉ុបប៉េ។ នៅ​ទី​នោះ​គាត់​ប្រោស​ស្ត្រី​ម្នាក់​ឈ្មោះ​ឌ័រកាស​ឲ្យ​រស់​ឡើង​វិញ។ កិច្ច​ការ ៩:៤៣ ចែង​ថា​៖ ​«​គាត់​ក៏​អាស្រ័យ​នៅ​យ៉ុបប៉េ ក្នុង​ផ្ទះ​ជាង​សំឡាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន ជា​យូរ​ថ្ងៃ​»។ ការ​ពិពណ៌នា​ដ៏​ខ្លី​នេះ បង្ហាញ​នូវ​ទស្សនៈ​មិន​លំអៀង​របស់​ពេត្រុស​ពេល​គាត់​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​នៅ​ទី​ក្រុង​នោះ។ តើ​យ៉ាង​ដូច​ម្ដេច​ដែល​រឿង​នេះ​បង្ហាញ​ទស្សនៈ​គាត់? លោក​ហ្វ្រេដ្រិក​វីល្លាម​ហ្វារ៉ា បណ្ឌិត​ព្រះ​គម្ពីរ​មួយ​រូប​សរសេរ​ថា​៖ ​«​មនុស្ស​ម្នាក់​ដែល​កាន់​តាម​យ៉ាង​តឹង​រ៉ឹង​និង​ម៉ឺង​ម៉ាត់​នូវ​ក្រិត្យ​វិន័យ[​លោក​ម៉ូសេ​]ដែល​ត្រូវ​សូត្រ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នោះ គាត់​នឹង​មិន​ព្រម​ស្នាក់​នៅ​ផ្ទះ​របស់​អ្នក​សម្លាប់​ស្បែក​ទេ។ ដោយ​ព្រោះ​អ្នក​សម្លាប់​ស្បែក​ត្រូវ​ប៉ះ​ពាល់​ស្បែក​និង​ខ្មោច​សត្វ​ផ្សេង​ៗ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ដោយ​សារ​សំភារៈ​ផ្សេង​ៗ​ដែល​មុខ​របរ​នេះ​ត្រូវ​ការ​នោះ អ្នក​ទាំង​អស់​ដែល​ប្រកាន់​ក្រិត្យ​វិន័យ​យ៉ាង​តឹង​រ៉ឹង​នោះ គេ​នឹង​ចាត់​ទុក​មុខ​របរ​នេះ​ជា​ទី​ស្អប់​ខ្ពើម​»។ សូម្បី​តែ​ក្នុង​ករណី​ដែល​ផ្ទះ​របស់​លោក​ស៊ីម៉ូន​«​ដែល​នៅ​ក្បែរ​មាត់​សមុទ្រ​»​មិន​នៅ​ជាប់​នឹង​ហាង​សម្លាប់​ស្បែក​របស់​គាត់​ក៏​ដោយ លោក​ហ្វារ៉ា​បញ្ជាក់​ថា ស៊ីម៉ូន​នៅ​តែ​ជា​អ្នក​រក​ស៊ី​«​ខាង​មុខ​របរ​មួយ​ដែល​ត្រូវ​មនុស្ស​ស្អប់​ខ្ពើម ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ដែល​រក​ស៊ីក្នុង​មុខ​របរ​នោះ​បាត់​បង់​កិត្ដិយស​»។—កិច្ច​ការ ១០:៦

១៨, ១៩. (​ក​) ហេតុ​អ្វី​បាន​ជា​ពេត្រុស​បាន​ងោង​ក្នុង​ខ្លួន​ពេល​គាត់​ឃើញ​ចក្ខុនិមិត្ត​នោះ? (​ខ​) តើ​ពេត្រុស​បាន​ទទួល​ពរ​អ្វី​ដោយ​មិន​ដឹង​ជា​មុន​នោះ?

១៨ ពេត្រុស​គ្មាន​ចិត្ត​លំអៀង​ហើយ​គាត់​បាន​ព្រម​ស្នាក់​នៅ​ជា​មួយ​លោក​ស៊ីម៉ូន។ នៅ​ទី​នោះ​ពេត្រុស​បាន​ទទួល​ការ​ណែនាំ​ពី​ព្រះ​ដោយ​មិន​ដឹង​ទុក​ជា​មុន​ទេ។ ក្នុង​ចក្ខុនិមិត្ត​មួយ​ពេត្រុស​បាន​ត្រូវ​បង្គាប់​ឲ្យ​បរិភោគ​អ្វី​ដែល​ក្រិត្យ​វិន័យ​សាសន៍​យូដា​ចាត់​ទុក​ជា​មិន​ស្អាត។ ពេត្រុស​បាន​បដិសេធ​ដោយ​តប​ថា​គាត់​«​មិន​ដែល​ទទួល​ទាន​អ្វី ដែល​មិន​ស្អាត​មិន​បរិសុទ្ធ​នោះ​សោះ​»។ ប៉ុន្តែ សម្លេង​មួយ​បាន​ប្រាប់​ពេត្រុស​បី​ដង​ថា​៖ ​«​របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​រាប់​ថា​ជា​មិន​ស្អាត​ឡើយ​»។ យើង​អាច​យោគ​យល់​នូវ​មូលហេតុ​ដែល​«​ពេត្រុស​នៅ​ងោង​ក្នុង​ខ្លួន ពី​ន័យ​ការ​ជាក់​ស្តែង ដែល​បាន​ឃើញ​នោះ​»។—កិច្ច​ការ ១០:៥​-​១៧; ១១:៧​-​១០

១៩ ពេត្រុស​មិន​ដឹង​ថា នៅ​ថ្ងៃ​ម្សិល​មិញ​នៅ​ទី​ក្រុង​សេសារា​ចំ​ងាយ​៥០​គីឡូ​ម៉ែត្រ​ពី​យ៉ុបប៉េ​នោះ លោក​កូនេលាស បុរស​ជន​ជាតិ​ផ្សេង​មួយ​រូប​ក៏​បាន​មាន​ចក្ខុនិមិត្ត​មួយ​ដែរ។ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ណែនាំ​កូនេលាស​ឲ្យ​ចាត់​អ្នក​បំរើ​ទៅ​រក​ពេត្រុស​នៅ​ផ្ទះ​លោក​ស៊ីម៉ូន​ដែល​ជា​អ្នកសម្លាប់​សត្វ។ កូនេលាស​បាន​ចាត់​អ្នក​បំរើ​របស់​គាត់​ទៅ​ផ្ទះ​របស់​លោក​ស៊ីម៉ូន ហើយ​ពេត្រុស​បាន​ទៅ​ក្រុង​សេសារា​ជា​មួយ​គេ​វិញ។ នៅ​ទី​នោះ​ពេត្រុស​បាន​ផ្សព្វ​ផ្សាយ​ដល់​លោក​កូនេលាស ញាតិ​មិត្ត និង​មិត្ត​ភក្ដិ​របស់​គាត់។ ជា​លទ្ធផល ពួក​គេ​បាន​ទៅ​ជា​អ្នក​មុន​គេ​ពី​ចំណោម​ជា​ជន​ជាតិ​ផ្សេង​ដែល​មិន​ទាន់​កាត់​ស្បែក​នោះ ដែល​បាន​ជឿ​និង​ទទួល​វិញ្ញាណ​បរិសុទ្ធ​ដើម្បី​គ្រង​ព្រះ​រាជាណាចក្រ។ ទោះ​ជា​គេ​មិន​ទាន់​កាត់​ស្បែក​ក៏​ដោយ ពួក​គេ​ទាំង​អស់​ដែល​បាន​ស្ដាប់​សំដី​របស់​ពេត្រុស​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ នេះ​បាន​បើក​ផ្លូវ​ឲ្យ​អ្នក​ដែល​ជា​សាសន៍​ផ្សេង​ចូល​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន ទោះ​ជា​សាសន៍​យូដា​បាន​ចាត់​ទុក​ពួក​គេ​ថា​មិន​ស្អាត​ក៏​ដោយ។ (​កិច្ច​ការ ១០:១​-​៤៨; ១១:១៨​) នេះ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ណាស់​សំរាប់​ពេត្រុស ហើយ​នេះ​បាន​កើត​ឡើង​ដោយ​សារ​សេចក្ដី​ពិត​មាន​តម្លៃ​វិសេស​ចំពោះ​គាត់ ហើយ​បាន​ជំរុញ​គាត់​ឲ្យ​ស្ដាប់​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​និង​អនុវត្ត​ជំនឿ!

២០. តើ​យើង​បាន​ជំនួយ​អ្វី​ពី​ព្រះ​ពេល​យើង​ទុក​សេចក្ដី​ពិត​ជា​អាទិភាព​ក្នុង​ជីវិត​របស់​យើង?

២០ សាវ័ក​ប៉ុល​ដាស់​តឿន​យើង​ថា​៖ ​«​ដោយ​កាន់​តាម​សេចក្ដី​ពិត ដោយ​សេចក្ដី​ស្រឡាញ់​វិញ នោះ​ឲ្យ​យើង​បាន​ធំ​ឡើង ខាង​ឯ​គ្រប់​ការ​ទាំង​អស់​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា គឺ​ជា​ព្រះ​គ្រីស្ទ​»។ (​អេភេសូរ ៤:១៥​) ពិត​មែន​ហើយ សេចក្ដី​ពិត​នឹង​នាំ​មក​នូវ​សុភមង្គល​ដ៏​លើស​លប់​ឥឡូវ​នេះ បើ​សិន​ជា​យើង​ទុក​សេចក្ដី​ពិត​ជា​អាទិភាព​ក្នុង​ជីវិត​របស់​យើង និង​អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​ណែនាំ​យើង​ដោយ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ យើង​ក៏​ត្រូវ​ចាំ​មិន​ភ្លេច​ថា យើង​មាន​ការ​គាំទ្រ​ពី​បណ្ដា​ទេវតា​បរិសុទ្ធ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង។ (​វិវរណៈ ១៤:៦, ៧; ២២:៦​) យើង​មាន​ឯកសិទ្ធិ​ដ៏​ប្រសើរ​ណាស់! ដែល​យើង​មាន​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា​ក្នុង​កិច្ចការ​ដែល​ទ្រង់​បាន​ប្រគល់​ឲ្យ​យើង! បើ​សិន​ជា​យើង​រក្សា​ភាព​ស្មោះ​ត្រង់​នោះ នេះ​នឹង​នាំ​ឲ្យ​យើង​សរសើរ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​សេចក្ដី​ពិត​ជា​និច្ច​ជា​កាល។ តើ​មាន​អ្វី​ដែល​មាន​តម្លៃ​វិសេស​ជាង​នោះ​ទេ?—យ៉ូហាន ១៧:៣

តើ​យើង​បាន​រៀន​អ្វី​ខ្លះ?

• ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​មិន​ព្រម​ទទួល​សេចក្ដី​ពិត?

• តើ​ជន​គ្រីស្ទាន​ត្រូវ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្វី ក្នុង​លោកីយ៍​របស់​សាតាំង?

• តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​កិច្ច​ប្រជុំ​របស់​យើង? ហើយ​ហេតុ​អ្វី​យើង​ត្រូវ​មាន​ទស្សនៈ​ដូច្នេះ?

• តើ​យើង​មាន​ភារកិច្ច​អ្វី ស្តី​ពី​ការ​ថែ​រក្សា​ភាព​ខាង​វិញ្ញាណ​របស់​ខ្លួន?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​ផែនទី​/រូប​ភាព​នៅ​ទំព័រ​១៨​]

(​ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី​)

មហា​សមុទ្រ

ទី​ក្រុង​សេសារា

វាល​ទំនាប​ស្រុក​សារ៉ុន

ទី​ក្រុង​យ៉ុបប៉េ

ភូមិ​លីដា

ទី​ក្រុង​យេរូសាឡិម

[​រូប​ភាព​]

ពេត្រុស​បាន​ស្ដាប់​តាម​ការ​ណែនាំ​ពី​ព្រះ​ហើយ បាន​ទទួល​ពរ​ដោយ​មិន​ដឹង​ទុក​ជា​មុន

[​អ្នក​ផ្ដល់​សិទ្ធិ​]

Map: Mountain High Maps​® Copyright © 1997 Digital Wisdom, Inc

[​រូប​ភាព​នៅ​ទំព័រ​១៣​]

ព្រះ​យេស៊ូ​បាន​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត

[​រូប​ភាព​នៅ​ទំព័រ​១៥​]

ម្ហូប​អាហារ​ខាង​វិញ្ញាណ គឺ​សំខាន់​សំរាប់​សុខភាព​ខាង​វិញ្ញាណ ដូច​ជា​ម្ហូប​អាហារ​មែន​ទែន​ដែរ