លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកពិតជាចាត់ទុកព្រះគ្រីស្ទជាមគ្គុទ្ទេសក៍របស់អ្នកឬទេ?

តើអ្នកពិតជាចាត់ទុកព្រះគ្រីស្ទជាមគ្គុទ្ទេសក៍របស់អ្នកឬទេ?

តើ​អ្នក​ពិត​ជា​ចាត់​ទុក​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍​របស់​អ្នក​ឬ​ទេ?

​«​កុំ​អោយ​គេ​ហៅ​អ្នក​រាល់​គ្នា​ថា ‹មគ្គុទ្ទេសក៍› ឡើយ ដ្បិត​មាន​តែ​ព្រះ​គ្រី​ស្ត​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ ដែល​ជា​មគ្គុទ្ទេសក៍​របស់​អ្នក​រាល់​គ្នា​»។—ម៉ាថាយ ២៣:១០, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១. តើ​មាន​តែ​អ្នក​ណា​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​មគ្គុទ្ទេសក៍​របស់​គ្រីស្ទាន​ពិត​ទាំង​ឡាយ?

 នៅ​ថ្ងៃ​អង្គារ ទី​១១ ខែ​ណែសាន ព្រះ​យេស៊ូ​បាន​ចូល​វិហារ​ជា​លើក​ចុង​ក្រោយ។ បី​ថ្ងៃ​ក្រោយ​នោះ​ទៀត ព្រះ​យេស៊ូ​គ្រីស្ទ​ត្រូវ​គេ​ធ្វើ​គុត។ នៅ​ថ្ងៃ​ទី​១១​នោះ ព្រះ​យេស៊ូ​បាន​បង្រៀន​សិស្ស​របស់​ទ្រង់​និង​មនុស្ស​មួយ​ហ្វូង​ដែល​បាន​ប្រមូល​គ្នា​នៅ​ទី​នោះ​នូវ​សេចក្ដី​មួយ​ដ៏​សំខាន់។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​ឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ហៅ​ខ្លួន​ជា​លោក​គ្រូ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​សាស្ដា​តែ​១ ហើយ​ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់។ ក៏​កុំ​ឲ្យ​ហៅ​អ្នក​ណា​ជា​ឪពុក នៅ​ផែនដី​នេះ​ដែរ ដ្បិត​មាន​ឪពុក​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​សួគ៌។ ហើយ​កុំ​ឲ្យ​អ្នក​ណា​ហៅ​ខ្លួន​ជា​សាស្ដា[​«​មគ្គុទ្ទេសក៍​»​, ព.ថ.​]ឡើយ ដ្បិត​មាន​សាស្ដា[​«​មគ្គុទ្ទេសក៍​»​, ព.ថ.​]តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​គ្រីស្ទ​»។ (​ម៉ាថាយ ២៣:៨​-​១០​) ព្រះ​យេស៊ូ​គ្រីស្ទ​ពិត​ជា​មគ្គុទ្ទេសក៍​របស់​គ្រីស្ទាន​ពិត​ទាំង​ឡាយ​មែន។

២, ៣. តើ​ការ​ស្ដាប់​តាម​ព្រះ​យេហូវ៉ា និង​ការ​ទទួល​ស្គាល់​មគ្គុទ្ទេសក៍​ដែល​ទ្រង់​បាន​តែង​តាំង​ឡើង​នោះ មាន​អានុភាព​យ៉ាង​ណា​មក​លើ​ជីវិត​យើង?

បើ​យើង​ព្រម​ទទួល​ធ្វើ​តាម​ការ​នាំ​មុខ​របស់​ព្រះ​យេស៊ូ​ក្នុង​ជីវិត​យើង នោះ​យើង​ពិត​ជា​នឹង​ទទួល​ប្រយោជន៍​ច្រើន​ណាស់! ក្នុង​ការ​ទាយ​ប្រាប់​ជា​មុន​អំពី​មគ្គុទ្ទេសក៍​មួយ​អង្គ​នេះ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​តាម​រយៈ​ព្យាការី​អេសាយ​ថា​៖ ​«​អស់​អ្នក​ដែល​ស្រេក​ទឹក​អើយ! ចូរ​នាំ​គ្នា​មក​រក​ទឹក​ឯ​ណេះ! ទោះ​បើ​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ក៏​ដោយ ចូរ​មក ហើយ​ពិសា​ទៅ។ ចូរ​មក​យក​អាហារ​បរិភោគ។ ចូរ​នាំ​គ្នា​មក​យក​ស្រា​ទំពាំង​បាយ​ជូរ និង​ទឹក​ដោះ​គោ​ដោយ​មិន​បាច់​ចំណាយ​ប្រាក់ ឬ​បង់​ថ្លៃ​អ្វី​ឡើយ! . . . ចូរ​ស្ដាប់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់ ហើយ​សប្បាយ​ចិត្ត​នឹង​អាហារ​ដ៏​មាន​ឱ​ជា​រស។ . . . យើង​បាន​តែង​តាំង[​ទ្រង់​]អោយ​ធ្វើ​ជា​សាក្សី​របស់​យើង នៅ​មុខ​កុលសម្ព័ន្ធ​ទាំង​អស់ ព្រម​ទាំង​អោយ​ធ្វើ​ជា​មគ្គុទ្ទេសក៍ ដឹក​នាំ​ប្រជាជាតិ​ទាំង​ឡាយ​»។—អេសាយ ៥៥:១​-​៤, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

លោក​អេសាយ​បាន​រៀប​រាប់​អំពី​វត្ថុ​រាវ ដូច​ជា​ទឹក​សាប ទឹក​ដោះ​គោ និង​ស្រា​ទំពាំង​បាយ​ជូរ។ ទាំង​អស់​នេះ​ជា​និមិត្តរូប​ដែល​បង្ហាញ​ពី​ឥទ្ធិពល​ដែល​ជីវិត​យើង​ទទួល​ពី​ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា និង​ពី​មគ្គុទ្ទេសក៍​ដែល​ទ្រង់​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ និង​ជា​មេ​បញ្ជាការ​របស់​យើង។ នេះ​ក៏​ឲ្យ​យើង​មាន​កម្លាំង​ឡើង​វិញ ដូច​ជា​ការ​ពិសា​ទឹក​ត្រជាក់​នៅ​ពេល​ថ្ងៃ​ក្ដៅ។ ការ​ចង់​បាន​សេចក្ដី​ពិត​និង​សេចក្ដី​សុចរិត​នោះ ត្រូវ​បាន​បំពេញ​រួច​ទៅ​ហើយ។ ដូច​ទឹក​ដោះ​ដែល​ជួយ​ពង្រឹង​កម្លាំង​កូន​ង៉ែត ទាំង​ជួយ​គេ​ឲ្យ​ធំ​លូត​លាស់​ឡើង នោះ‹ព្រះ​បន្ទូល​ដែល​ដូច​នឹង​ទឹក​ដោះ›ក៏​អាច​ពង្រឹង​កម្លាំង​យើង និង​ជួយ​យើង​លូត​លាស់​ខាង​វិញ្ញាណ ស្តី​អំពី​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ​ដែរ។ (​ពេត្រុស​ទី​១ ២:១​-​៣, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) ហើយ​ស្រា​ទំពាំង​បាយ​ជូរ​តែង​ជួយ​ឲ្យ​មាន​អំណរ​ពេល​ជប់​លៀង មែន​ទេ? នេះ​ក៏​ដូច​គ្នា​ដែរ ការ​ថ្វាយ​បង្គំ​ព្រះ​ពិត​និង​ការ​យក​តម្រាប់​តាម​មគ្គុទ្ទេសក៍​ដែល​ទ្រង់​បាន​តែង​តាំង​ឡើង នោះ​ធ្វើ​ឲ្យ​យើង​«​មាន​សេចក្ដី​អំណរ​ជា​មិន​ខាន​»។ (​ចោទិយកថា ១៦:១៥​) ហេតុ​នេះ​ហើយ​បាន​ជា​ចាំ​បាច់​ឲ្យ​យើង​គ្រប់​គ្នា មិន​ថា​ក្មេង​ឬ​ចាស់ ប្រុស​ឬ​ស្រី ត្រូវ​បង្ហាញ​ថា​យើង​ពិត​ជា​ចាត់​ទុក​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍​របស់​យើង។ ក៏​ប៉ុន្តែ ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា ព្រះ​មេស្ស៊ី​ជា​មគ្គុទ្ទេសក៍​របស់​យើង?

យុវជន​ទាំង​ឡាយ​អើយ! ចូរ​បន្ត​ធ្វើ​ជា​មនុស្ស​ដែល«​ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង​»​

៤. (​ក​) ពេល​ដែល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្មាយុ​តែ​១២​ឆ្នាំ និង​បាន​ទៅ​ធ្វើ​ពិធី​បុណ្យ​រំលង​នៅ​ទី​ក្រុង​យេរូសាឡិម​នោះ តើ​អ្វី​បាន​កើត​ឡើង? (​ខ​) ពេល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្មាយុ​តែ​១២​ឆ្នាំ តើ​ទ្រង់​មាន​ចំណេះ​ដឹង​ប៉ុន​ណា?

សូម​ពិចារណា​មើល​នូវ​គំរូ​ដែល​មគ្គុទ្ទេសក៍​របស់​យើង​បាន​ទុក​ឲ្យ​ពួក​យុវជន​ទាំង​ឡាយ។ ថ្វី​បើ​យើង​មិន​សូវ​ដឹង​ច្រើន​ប៉ុន្មាន​អំពី​ពេល​ដែល​ព្រះ​យេស៊ូ​នៅ​ក្មេង​នៅ​ឡើយ ក៏​នៅ​មាន​ដំណើរ​រឿង​មួយ​ដែល​ជួយ​ធ្វើ​ឲ្យ​យើង​ស្គាល់​ទ្រង់​បាន​កាន់​តែ​ច្រើន​ទៀត​ដែរ។ ពេល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្មាយុ១២​ឆ្នាំ មាតា​បិតា​ទ្រង់​បាន​នាំ​ទ្រង់​ទៅ​ជា​មួយ ពេល​ពួក​គាត់​ទៅ​ធ្វើ​ពិធី​បុណ្យ​រំលង​នៅ​ទី​ក្រុង​យេរូសាឡិម​ជា​រៀង​រាល់​ឆ្នាំ​នោះ។ នៅ​គ្រា​មួយ​នោះ ព្រះ​យេស៊ូ​បាន​ជាប់​រវល់​ពិគ្រោះ​ខ​គម្ពីរ ហើយ​ក្រុម​គ្រួសារ​របស់​ទ្រង់​បាន​ចេញ​ដំណើរ​ទៅ​វិញ​ដោយ​មិន​ដឹង​ខ្លួន​ថា ព្រះ​យេស៊ូ​មិន​នៅ​ជា​មួយ​នឹង​ពួក​គាត់​ទេ។ យ៉ូសែប​និង​ម៉ារា​ជា​បិតា​មាតា​ទ្រង់​បាន​ខ្វល់​ខ្វាយ​អស់​បី​ថ្ងៃ​ដោយ​សារ​រក​ទ្រង់​មិន​ឃើញ តែ​ពួក​គាត់​បាន​រក​ទ្រង់​ឃើញ​«​គង់​នៅ​កណ្ដាល​ពួក​អាចារ្យ​ក្នុង​ព្រះ​វិហារ កំពុង​តែ​ស្ដាប់ ហើយ​នឹង​សួរ​គេ​»។ ម្យ៉ាង​ទៀត​«​ពួក​អស់​អ្នក​ដែល​ឮ​ទ្រង់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា ហើយ​នឹង​ពាក្យ​ចំ​ឡើយ​របស់​ទ្រង់​»។ សូម​គិត​ទៅ​មើល ទោះ​ជា​ព្រះ​យេស៊ូ​ទើប​តែ​មាន​ព្រះ​ជន្មាយុ​តែ​១២​ឆ្នាំ​ក្ដី ទ្រង់​មិន​គ្រាន់​តែ​បាន​សួរ​សំនួរ​ដ៏​គួរ​ឲ្យ​ត្រិះរិះ​ពិចារណា​ខាង​វិញ្ញាណ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​មាន​បន្ទូល​តប​ឆ្លើយ​ផង​ដែរ ដែល​បង្ហាញ​ពី​ប្រាជ្ញា​របស់​ទ្រង់​នោះ! ទ្រង់​ប្រាកដ​ជា​បាន​ទទួល​ជំនួយ​ពី​ការ​បង្វឹក​បង្វឺន​ពី​មាតា​បិតា​របស់​ទ្រង់​ហើយ។—លូកា ២:៤១​-​៥០

៥. តើ​ពួក​យុវវ័យ​អាច​ប្រមាណ​មើល​អារម្មណ៍​របស់​ខ្លួន​គេ​យ៉ាង​ណា ស្តី​អំពី​ការ​សិក្សា​ជា​ក្រុម​គ្រួសារ?

បើ​អ្នក​នៅ​ជា​យុវវ័យ​នៅ​ឡើយ ហើយ​មាតា​បិតា​របស់​អ្នក​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នោះ គឺ​ច្បាស់​ជា​មាន​កម្ម​វិធី​សិក្សា​ព្រះ​គម្ពីរ​ជា​ក្រុម​គ្រួសារ យ៉ាង​ទៀង​ទាត់​ក្នុង​ផ្ទះ​របស់​អ្នក​រួច​ទៅ​ហើយ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការ​សិក្សា​ជា​ក្រុម​គ្រួសារ​នោះ? សូម​រំពឹង​គិត​អំពី​សំនួរ​ដូច​ត​ទៅ​នេះ​៖ ‹តើ​ខ្ញុំ​គាំទ្រ​អស់​ពី​ដួង​ចិត្ត នូវ​កម្ម​វិធី​សិក្សា​ព្រះ​គម្ពីរ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​ខំ​រួម​ចំណែក ទាំង​មិន​ធ្វើ​អ្វី​ៗ​ដែល​អាច​បង្អាក់​ដល់​កម្ម​វិធី​នោះ​ឬ​ទេ?›។ (​ភីលីព ៣:១៦​) ‹តើ​ខ្ញុំ​ចូល​រួម​យ៉ាង​សកម្ម​នឹង​ការ​សិក្សា​នោះ​ទេ? បើ​សម​តាម​កាលៈទេសៈ តើ​ខ្ញុំ​សួរ​សំនួរ​អំពី​សាច់​រឿង​ការ​សិក្សា​នោះ ទាំង​បញ្ជាក់​អំពី​ការ​អនុវត្តន៍​តាម​ឬ​ទេ? កាល​ដែល​ខ្ញុំ​លូត​លាស់​ខាង​វិញ្ញាណ តើ​ខ្ញុំ​កំពុង​តែ​បណ្ដុះ​ឲ្យ​មាន​ចំណូល​ចិត្ត​ចង់​បាន​«​អាហារ​រឹង [​ដែល​]សំរាប់​តែ​មនុស្ស​ធំ​»​ដែរ​ទេ?›។—ហេព្រើរ ៥:១៣, ១៤

៦, ៧. តើ​កម្ម​វិធី​អាន​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ​អាច​មាន​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​ពួក​យុវវ័យ?

កម្ម​វិធី​អាន​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ​ក៏​មាន​តម្លៃ​ដែរ។ អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​ច្រៀង​ថា​៖ ​«​មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ក៏ . . . ត្រេក​អរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ​»។ (​ទំនុក​ដំកើង ១:១, ២​) លោក​យ៉ូស្វេ​ដែល​ជា​អ្នក​ស្នង​តំណែង​របស់​លោក​ម៉ូសេ បាន‹អាន​គម្ពីរ​ក្រិត្យ​វិន័យ​ហើយ​នឹក​ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ›។ ដោយ​ធ្វើ​ដូច្នេះ គាត់​អាច​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា និង​មាន​ជោគ​ជ័យ​ក្នុង​ការ​សម្រេច​តាម​កិច្ចការ​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​គាត់។ (​យ៉ូស្វេ ១:៨​) ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​មគ្គុទ្ទេសក៍​របស់​យើង បាន​មាន​បន្ទូល​ថា​៖ ​«​មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ ‹មនុស្ស​មិន​មែន​រស់ ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ​មក​ដែរ›​»។ (​ម៉ាថាយ ៤:៤​) បើ​យើង​ត្រូវ​ការ​ម្ហូប​អាហារ​មែន​ទែន​ជា​រៀង​រាល់​ថ្ងៃ នោះ​យើង​ពិត​ជា​ត្រូវ​ការ​អាហារ​ខាង​វិញ្ញាណ​ជា​ទៀង​ទាត់​លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត!

ប្អូន​ស្រី​នីកូ​ល​ដែល​មាន​អាយុ​តែ​១៣​ឆ្នាំ បាន​ចាប់​ផ្ដើម​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​ដោយ​ព្រោះ​នាង​ទទួល​ស្គាល់​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​ខ្លួន។ a ឥឡូវ​នាង​មាន​អាយុ​១៦​ឆ្នាំ បាន​អាន​ព្រះ​គម្ពីរ​ទាំង​មូលចប់​ម្ដង​ហើយ និង​មក​ទល់​ឥឡូវ​នេះ នាង​បាន​អាន​ម្ដង​ទៀត​ដល់​ពាក់​កណ្ដាល។ នាង​មាន​កម្ម​វិធី​ដ៏​ស្រួល​ធ្វើ​តាម​មួយ។ នាង​ប្រាប់​ថា​៖ ​«​ខ្ញុំ​បាន​តាំង​ចិត្ត​អាន​យ៉ាង​ហោច​ណាស់ មួយ​ជំពូក​ជា​រៀង​រាល់​ថ្ងៃ​»។ តើ​ការ​អាន​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ​បាន​ជួយ​នាង​យ៉ាង​ណា? នាង​ឆ្លើយ​ថា​៖ ​«​សព្វ​ថ្ងៃ​នេះ​មាន​អានុភាព​អាក្រក់​ជា​ច្រើន​ណាស់។ ជា​រៀង​រាល់​ថ្ងៃ​ខ្ញុំ​ជួប​ប្រទះ​នឹង​ការ​គាប​សង្កត់​នៅ​ឯ​សាលា​រៀន​និង​កន្លែង​ផ្សេង​ៗ​ទៀត​ដែរ ដែល​ប្រឆាំង​នឹង​ជំនឿ​របស់​ខ្ញុំ។ ការ​អាន​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ​រមែង​ជួយ​ខ្ញុំ​នឹក​គិត​ពី​បទ​បញ្ជា​និង​គោល​ការណ៍​ពី​ព្រះ​គម្ពីរ ដែល​ជួយ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ទប់​ទល់​នឹង​ការ​គាប​សង្កត់​ទាំង​នោះ។ ជា​លទ្ធផល​នោះ ខ្ញុំ​មាន​អារម្មណ៍​កាន់​តែ​ស្និទ្ធ​ស្នាល​ឡើង​ៗ​ជា​មួយ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​»។

៨. ស្តី​អំពី​សាលា​ប្រជុំ តើ​ព្រះ​យេស៊ូ​មាន​ទំលាប់​អ្វី? ហើយ​តើ​ពួក​យុវវ័យ​អាច​យក​តម្រាប់​តាម​ទ្រង់​ដោយ​របៀប​ណា?

ព្រះ​យេស៊ូ​មាន​ទំលាប់​ស្ដាប់​និង​ចូល​រួម​អាន​ខ​គម្ពីរ​ក្នុង​សាលា​ប្រជុំ។ (​លូកា ៤:១៦; កិច្ច​ការ ១៥:២១​) គឺ​មាន​ប្រយោជន៍​ណាស់​ហ្ន៎! បើ​ពួក​យុវវ័យ​យក​តម្រាប់​តាម​គំរូ​នោះ​ដោយ​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ទៀង​ទាត់ នៅ​ទី​នោះ​ជា​កន្លែង​ដែល​មាន​កម្ម​វិធី​អាន​និង​សិក្សា​ព្រះ​គម្ពីរ។ ប្អូន​ប្រុស​រី​ឆែ​ឌ​ដែល​មាន​អាយុ​១៤​ឆ្នាំ បាន​បញ្ជាក់​ពី​ការ​អប​អរ​របស់​គាត់​ចំពោះ​កិច្ច​ប្រជុំ​បែប​នោះ​ថា​៖ ​«​ខ្ញុំ​ចាត់​ទុក​កិច្ច​ប្រជុំ​ជា​អ្វី​ដ៏​សំខាន់​បំផុត។ នៅ​ទី​នោះ​ខ្ញុំ​តែង​តែ​ទទួល​សេចក្ដី​រំឭក​អំពី​អ្វី​ដែល​អាក្រក់​និង​អ្វី​ដែល​ល្អ ព្រម​ទាំង​រឿង​សីលធម៌​និង​អសីលធម៌​ផង​ដែរ ហើយ​ថែម​ទៅ​ទៀត​អំពី​អ្វី​ដែល​សម​ស្រប​ទៅ​តាម​គំនិត​ព្រះ​គ្រីស្ទ​និង​អ្វី​ដែល​មិន​សម​ស្រប​តាម។ ខ្ញុំ​មិន​ចាំ​បាច់​រៀន​ដោយ​ឆ្លង​កាត់​ការ​ពិបាក​ដោយ​ខ្លួន​ឯង​ផ្ទាល់​នោះ​ទេ​»។ ត្រូវ​មែន ​«​សេចក្ដី​បន្ទាល់​នៃ​ព្រះ​យេហូវ៉ា​ជា​ពិត ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា​»។ (​ទំនុក​ដំកើង ១៩:៧​) ប្អូន​ស្រី​នីកូ​ល​ក៏​មិន​ដែល​អាក់​ខាន​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​ប្រាំ​ប្រចាំ​សប្ដាហ៍​តាម​ក្រុម​ជំនុំ​ឡើយ។ នាង​ថែម​ទាំង​ចំណាយ​ពីរ​ឬ​បី​ម៉ោង​ដើម្បី​រៀបចំ​សំរាប់​ប្រជុំ​ទាំង​នោះ​ផង​ដែរ។—អេភេសូរ ៥:១៥, ១៦

៩. តើ​ពួក​យុវវ័យ​អាច​«​ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង​»​ ដោយ​របៀប​ណា?

កាល​នៅ​ជា​យុវវ័យ​នោះ​យើង​អាច​មាន​ឱកាស​ល្អ​ក្នុង​ការ​ទទួល​នូវ‹ចំណេះ​អំពី​ព្រះ​ពិត​តែ​១ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង›។ (​យ៉ូហាន ១៧:៣​) អ្នក​ប្រហែល​ជា​ស្គាល់​អ្នក​ដែល​នៅ​ជា​យុវវ័យ​ខ្លះ​ដែល​ចំណាយ​ពេល​ច្រើន​ម៉ោង​ក្នុង​ការ​មើល​គំនូរ​ត្លុក និង​ទូរទស្សន៍ ឬ​ការ​លេង​ហ្គេម​វីដេអូ និង​ការ​មើល​លេង​ៗ​នូវ​ពត៌មាន​តាម​ប្រព័ន្ធ​អ៊ិនថឺណិត។ ការ​យក​តម្រាប់​តាម​គំរូ​ដ៏​គ្រប់​ល័ក្ខណ៍​នៃ​មគ្គុទ្ទេសក៍​របស់​យើង នោះ​មាន​ប្រយោជន៍​ច្រើន​ជាង​ធ្វើ​តាម​ពួក​យុវវ័យ​ទាំង​នេះ មែន​ទេ? ជា​យុវជន​ម្នាក់ ព្រះ​យេស៊ូ​បាន​ត្រេក​អរ​ក្នុង​ការ​រៀន​អំពី​ព្រះ​យេហូវ៉ា។ តើ​មាន​លទ្ធផល​អ្វី? ​«​ព្រះ​យេស៊ូវ​ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង​»​ ដោយ​ព្រោះ​ទ្រង់​ស្រឡាញ់​អ្វី​ៗ​ខាង​វិញ្ញាណ។ (​លូកា ២:៥២​) អ្នក​ក៏​អាច​ធ្វើ​ដូច​នេះ​ផង​ដែរ។

‹ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក›

១០. តើ​អ្វី​អាច​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​ធ្វើ​ជា​ប្រភព​នៃ​សេចក្ដី​សុខ​និង​សុភមង្គល?

១០ ផ្ទះ​សម្បែង​អាច​ជា​ទី​សុខ​សាន្ត​ដែល​បណ្ដាល​ឲ្យ​មាន​ភាព​រីក​រាយ​ក្អាក​ក្អាយ ឬ​ក៏​អាច​ប្រៀប​ដូច​ជា​សមរភូមិ​ដែល​ពោរ​ពេញ​ទៅ​ដោយ​រឿង​រ៉ាវ​និង​សេចក្ដី​វេទនា។ (​សុភាសិត ២១:១៩; ២៦:២១​) ការ​ព្រម​ទទួល​ស្គាល់​នូវ​ការ​នាំ​មុខ​របស់​ព្រះ​យេស៊ូ​តែង​ជួយ​ឲ្យ​មាន​សេចក្ដី​សុខ​និង​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ។ តាម​ការ​ពិត ព្រះ​យេស៊ូ​បាន​តាំង​គំរូ​សំរាប់​ទំនាក់​ទំនង​រវាង​គ្នា​នឹង​គ្នា​ក្នុង​ក្រុម​គ្រួសារ។ មាន​បទ​គម្ពីរ​ចែង​ថា​៖ ​«​[​ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​]គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​គ្រីស្ទ។ ស្ត្រី​រាល់​គ្នា​អើយ! ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ​អម្ចាស់​ដែរ ដ្បិត​ប្ដី​ជា​ក្បាល​នៃ​ប្រពន្ធ ដូច​ជា​ព្រះ​គ្រីស្ទ​ទ្រង់​ជា​សិរសា​នៃ​ពួក​ជំនុំ​ដែរ ក៏​ជា​ព្រះ​អង្គ​សង្គ្រោះ​ដល់​រូប​កាយ​ផង។ . . . បុរស​រាល់​គ្នា​អើយ! ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ផង​»។ (​អេភេសូរ ៥:២១​-​២៥​) សាវ័ក​ប៉ុល​បាន​សរសេរ​ចំពោះ​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​កូល៉ុស​ថា​៖ ​«​ក្មេង​រាល់​គ្នា​អើយ! ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ ក្នុង​គ្រប់​ការ​ទាំង​អស់ ដ្បិត​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​យ៉ាង​ដូច្នោះ​ឯង​»។—កូល៉ុស ៣:១៨​-​២០

១១. តើ​ស្វាមី​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្ហាញ​ថា គាត់​ពិត​ជា​ចាត់​ទុក​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍​របស់​គាត់​នោះ?

១១ ការ​ធ្វើ​តាម​ឱវាទ​នេះ​មាន​ន័យ​ថា ស្វាមី​តែង​នាំ​មុខ​គ្រួសារ ហើយភរិយា​តែង​ជួយ​គាំទ្រ​ស្វាមី​យ៉ាង​ស្មោះ និង​កូន​ៗ​ស្ដាប់​បង្គាប់​មាតា​បិតា។ ប៉ុន្តែ ដើម្បី​ឲ្យ​បាន​សុភមង្គល​ពី​ការ​នាំ​មុខ​របស់​បុរស​ៗ នោះ​គឺ​អាស្រ័យ​ទៅ​លើ​បុរស​ទាំង​នោះ​កាន់​តាម​អំណាច​នាំ​មុខ​បាន​យ៉ាង​ត្រឹម​ត្រូវ។ ស្វាមី​ដែល​មាន​ប្រាជ្ញា ត្រូវ​រៀន​ចេះ​នាំ​មុខ​ដោយ​ផ្ទាល់​ក្នុង​ការ​យក​តម្រាប់​តាម​សិរសា​និង​មគ្គុទ្ទេសក៍​របស់​គាត់ គឺ​ព្រះ​គ្រីស្ទ​យេស៊ូ។ (​កូរិនថូស​ទី​១ ១១:៣​) ព្រះ​យេស៊ូ​បាន​យាង​ចុះ​មក​ផែនដី​«​មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ​»​ ទោះ​ជា​ព្រះ​យេស៊ូ​ជា​«​សិរសា​លើ​គ្រប់​ទាំង​អស់ ដល់​ពួក​ជំនុំ​»​ក៏​ដោយ។ (​អេភេសូរ ១:២២; ម៉ាថាយ ២០:២៨​) ស្រដៀង​គ្នា​នឹង​នោះ​ដែរ ស្វាមី​គ្រីស្ទាន​នាំ​មុខ​គ្រួសារ​មិន​មែន​ឲ្យ​បាន​ប្រយោជន៍​ដល់​ខ្លួន​ទេ តែ​ឲ្យ​បាន​ប្រយោជន៍​ដល់​ភរិយា​និង​កូន​ៗ ពោល​គឺ​ក្រុម​គ្រួសារ​ទាំង​មូល​វិញ។ (​កូរិនថូស​ទី​១ ១៣:៤, ៥​) ស្វាមី​ខំ​យក​តម្រាប់​តាម​លក្ខណៈ​សម្បត្ដិ​នៃ​សិរសា​របស់​គាត់ គឺ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ទ្រង់​បាន​យក​តម្រាប់​តាម​ព្រះ។ ស្វាមី​ក៏​ប្រព្រឹត្ត​ដោយ​ស្លូត​បូត​និង​មាន​ចិត្ត​សុភាព ដូច​ព្រះ​យេស៊ូ​ដែរ។ (​ម៉ាថាយ ១១:២៨​-​៣០​) បើ​ស្វាមី​មាន​កំហុស គាត់​មិន​ស្ទាក់​ស្ទើរ​និយាយ​ថា ​«​សូម​អត់​ទោស!​»​ ឬ​ទទួល​ស្គាល់​ថា ​«​អូន​និយាយ​ត្រឹម​ត្រូវ​មែន!​»។ គំរូ​ដ៏​ល្អ​របស់​ស្វាមី​តែង​ជួយ​បើក​ផ្លូវ​ឲ្យ​ភរិយា​ធ្វើ​ជា ‹អ្នក​ជំនួយ› ឬ‹អ្នក​បង្គ្រប់› ឬ​ក៏​ជា‹ដៃ​គូ›របស់​គាត់ ដោយ​រៀន​ពី​នាង​និង​រួម​កម្លាំង​ធ្វើ​ការ​ជា​មួយ​នាង​ផង​ដែរ។—លោកុប្បត្តិ ២:២០; ម៉ាឡាគី ២:១៤

១២. តើ​អ្វី​ដែល​អាច​ជួយ​ឲ្យ​ភរិយា​គោរព​តាម​គោល​ការណ៍​អំពី​អ្នក​នាំ​មុខ​ក្នុង​គ្រួសារ?

១២ ចំណែក​ឯ​ភរិយា​វិញ នាង​ត្រូវ​ចុះ​ចូល​ចំពោះ​ស្វាមី។ ក៏​ប៉ុន្តែ បើ​នាង​អនុញ្ញាត​ឲ្យ​ចិត្ត​គំនិត​របស់​លោកីយ៍​នេះ​មាន​អានុភាព​លើ​នាង នេះ​អាច​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ទស្សនៈ​របស់​នាង​អំពី​អ្នក​នាំ​មុខ ហើយ​នាង​នឹង​ប្រហែល​ជា​មិន​ពេញ​ចិត្ត​ចុះ​ចូល​ចំពោះ​បុរស​ទៀត​ទេ។ យោង​ទៅ​តាម​ខ​គម្ពីរ​តម្រូវ​ឲ្យ​ភរិយា​ចុះ​ចូល​ចំពោះ​ស្វាមី​គាត់ តែ​ខ​គម្ពីរ​មិន​មែន​ចែង​ប្រាប់​ថា បុរស​ត្រូវ​ប្រើ​អំណាច​ជិះ​ជាន់​សង្កត់​សង្កិន​ភរិយា​នោះ​ទេ។ (​អេភេសូរ ៥:២៤​) ព្រះ​គម្ពីរ​ក៏​តម្រូវ​ឲ្យ​ស្វាមី​និង​បិតា​ទទួល​ខុស​ត្រូវ​ចំពោះ​ក្រុម​គ្រួសារ ហើយ​បើ​គាត់​អនុវត្ត​តាម​ឱវាទ​នេះ នោះ​អាច​ជួយ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​និង​របៀប​រៀប​រយ​ក្នុង​ក្រុម​គ្រួសារ​ដែរ។—ភីលីព ២:៥

១៣. តើ​ព្រះ​យេស៊ូ​បាន​តាំង​គំរូ​អ្វី​សំរាប់​ពួក​ក្មេង​ៗ ស្តី​អំពី​រឿង​ចុះ​ចូល?

១៣ ក្មេង​ៗ​ត្រូវ​ស្ដាប់​បង្គាប់​មាតា​បិតា​ខ្លួន។ ព្រះ​យេស៊ូ​បាន​តាំង​គំរូ​ដ៏​ប្រសើរ​ក្នុង​ការ​ធ្វើ​ដូច​នេះ។ បន្ទាប់​ពី​មាតា​បិតា​ព្រះ​យេស៊ូ​បាន​ភ្លេច​ទ្រង់​ចោល​នៅ​ព្រះ​វិហារ​អស់​បី​ថ្ងៃ​ពេល​ទ្រង់​មាន​ព្រះ​ជន្មាយុ​១២​ឆ្នាំ​នោះ ក្រោយ​មក​«​ទ្រង់​ក៏​ចុះ​ទៅ​ឯ​ភូមិ​ណាសារ៉ែត ជា​មួយ​នឹង[​មាតា​បិតា​]វិញ ហើយ​បាន​នៅ​ក្នុង​ឱវាទ​របស់​គាត់​»។ (​លូកា ២:៥១​) បើ​កូន​ក្មេង​ចុះ​ចូល​ចំពោះ​មាតា​បិតា​ខ្លួន នោះ​ជួយ​ឲ្យ​មាន​សន្ដិសុខ​និង​ការ​ចុះ​សម្រុង​គ្នា​ក្នុង​ក្រុម​គ្រួសារ។ កាល​ណា​គ្រប់​គ្នា​ក្នុង​ក្រុម​គ្រួសារ​ចុះ​ចូល​ចំពោះ​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍ នោះ​ជា​លទ្ធផល​គ្រួសារ​នឹង​មាន​សុភមង្គល។

១៤, ១៥. ពេល​យើង​ជួប​ប្រទះ​នឹង​ការ​ពិបាក​ក្នុង​ក្រុម​គ្រួសារ​របស់​យើង តើ​អ្វី​អាច​ជួយ​ឲ្យ​យើង​មាន​ជោគ​ជ័យ? សូម​ឲ្យ​ឧទាហរណ៍​មួយ។

១៤ សូម្បី​តែ​ពេល​មាន​ស្ថានការណ៍​ពិបាក​ក្នុង​ក្រុម​គ្រួសារ​ក៏​ដោយ អ្វី​ដែល​អាច​ជួយ​គ្រួសារ​ឲ្យ​បាន​ជោគ​ជ័យ​គឺ ការ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​និង​ការ​ព្រម​ទទួល​ធ្វើ​តាម​ការ​នាំ​មុខ​ពី​ទ្រង់។ ជា​ឧទាហរណ៍ ការ​រៀប​អាពាហ៍ពិពាហ៍​របស់​បង​ប្រុស​ឈ្មោះ​ចេរី​ដែល​មាន​អាយុ​៣៥​ឆ្នាំ ជា​មួយ​នឹង​នាង​ឡាណា ដែល​ជា​ស្រី​មេម៉ាយ​មាន​កូន​ស្រី​ជំទង់​ម្នាក់ នោះ​បាន​បង្កើត​ឲ្យ​មាន​បញ្ហា​ដែល​អ្នក​ទាំង​ពីរ​នឹក​ស្មាន​មិន​ដល់​សោះ។ បង​ចេរី​ពន្យល់​ថា​៖ ​«​ខ្ញុំ​ដឹង​ហើយ ថា​បើ​ខ្ញុំ​ចង់​ធ្វើ​ជា​មេ​គ្រួសារ​ល្អ​ម្នាក់ ខ្ញុំ​ត្រូវ​តែ​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​ទាំង​ប៉ុន្មាន​ដែល​បាន​នាំ​ឲ្យ​ក្រុម​គ្រួសារ​ផ្សេង​ៗ​ទៀត​បាន​ជោគ​ជ័យ។ ក៏​ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​អនុវត្ត​តាម​គោល​ការណ៍​ទាំង​នោះ​ដោយ​មាន​ប្រាជ្ញា​និង​ការ​ចេះ​វិនិច្ឆ័យ​ច្រើន​ជាង​»។ កូន​ស្រី​របស់​ភរិយា​គាត់​បាន​ចាត់​ទុក​ចេរី​ជា​អ្នក​រំខាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រវាង​មាតា​និង​កូន ហើយ​ក៏​ចង​គំនុំ​យ៉ាង​ខ្លាំង​នឹង​ចេរី។ ដោយ​សារ​ការ​មាន​គំនិត​បែប​នេះ​បាន​នាំ​ឲ្យ​មាន​ឥទ្ធិពល​ទៅ​លើ​ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ត​របស់​នាង ដូច្នេះ​ហើយ​ចេរី​ត្រូវ​តែ​ចេះ​យោគ​យល់​អំពី​រឿង​នេះ។ តើ​ចេរី​បាន​ធ្វើ​យ៉ាង​ណា? គាត់​ឆ្លើយ​ថា​៖ ​«​ប្រពន្ធ​ខ្ញុំ​ឡាណា​និង​ខ្ញុំ​បាន​ឯកភាព​គ្នា​ថា មួយ​រយៈ​ពេល​នេះ​ឡាណា​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រដៅ​តម្រង់​កូន​គាត់ ហើយ​ខ្ញុំ​នឹង​ផ្ចង់​ចិត្ត​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​កូន​ស្រី​នោះ​ដែរ។ យូរ​ៗ​ទៅ​ឃើញ​ថា​មាន​ផល​ល្អ​មែន​»។

១៥ ពេល​យើង​ជួប​ប្រទះ​ការ​ពិបាក​នៅ​ក្នុង​ក្រុម​គ្រួសារ យើង​ត្រូវ​ចេះ​វិនិច្ឆ័យ​ដើម្បី​យល់​នូវ​មូលហេតុ​ដែល​សមាជិក​គ្រួសារ​និយាយ​និង​ប្រព្រឹត្ត។ យើង​ក៏​ត្រូវ​ការ​ប្រាជ្ញា​ដើម្បី​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ពី​ព្រះ។ តួយ៉ាង​ដូច​ជា​ព្រះ​យេស៊ូ​បាន​យល់​យ៉ាង​ច្បាស់​នូវ​មូលហេតុ​ដែល​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម​នោះ​មក​ពាល់​ទ្រង់ ហើយ​ទ្រង់​ក៏​បាន​ប្រព្រឹត្ត​ទៅ​លើ​នាង​ដោយ​ប្រាជ្ញា​និង​ដោយ​សេចក្ដី​មេត្ដា​ករុណា​ដែរ។ (​លេវីវិន័យ ១៥:២៥​-​២៧; ម៉ាកុស ៥:៣០​-​៣៤​) មគ្គុទ្ទេសក៍​របស់​យើង​ពិត​ជា​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​និង​ការ​ចេះ​វិនិច្ឆ័យ​ថែម​ទាំង​ចេះ​យោគ​យល់។ (​សុភាសិត ៨:១២​) យើង​ច្បាស់​ជា​មាន​សុភមង្គល​បើ​យើង​ប្រព្រឹត្ត​ដូច​ទ្រង់​ដែរ។

‹ចូរ​ស្វែង​រក​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ជា​មុន​សិន›

១៦. តើ​អ្វី​គួរ​ធ្វើ​ជា​អាទិភាព​ក្នុង​ជីវិត​យើង? ហើយ​តើ​ព្រះ​យេស៊ូ​បាន​តាំង​គំរូ​ដោយ​ធ្វើ​ដូច្នេះ​តាម​របៀប​ណា?

១៦ ព្រះ​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​អំពី​អ្វី​ដែល​គួរ​ធ្វើ​ជា​អាទិភាព​ក្នុង​ជីវភាព​រស់​នៅ​នៃ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ទ្រង់​ជា​មគ្គុទ្ទេសក៍។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុនសិន​»។ (​ម៉ាថាយ ៦:៣៣​) ព្រះ​យេស៊ូ​បាន​បង្ហាញ​នូវ​របៀប​ធ្វើ​ដូច្នេះ ដោយ​គំរូ​របស់​ទ្រង់។ ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​តម​អាហារ ទាំង​រំពឹង​គិត​និង​អធិស្ឋាន​អស់​រយៈ​ពេល​៤០​ថ្ងៃ​បន្ទាប់​ពី​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​ទ្រង់​បាន​ជួប​ប្រទះ​នឹង​ការ​ល្បង​ល​ពី​សាតាំង។ អារក្ស​សាតាំង​ចង់​ប្រគល់​ឲ្យ​ព្រះ​យេស៊ូ​នូវ​អំណាច​គ្រប់​គ្រង​លើ​«​អស់​ទាំង​នគរ​ក្នុង​លោកីយ​»។ សូម​គិត​ទៅ​មើល​អំពី​ជីវិត​បែប​ណា​ដែល​ព្រះ​យេស៊ូ​អាច​មាន បើ​ទ្រង់​យល់​ព្រម​នឹង​សំនើរ​របស់​អារក្ស​នោះ! ក៏​ប៉ុន្តែ ព្រះ​គ្រីស្ទ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បំពេញ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា​ទ្រង់​វិញ។ ទ្រង់​ក៏​ជ្រាប​ថា ជីវិត​បែប​នោះ​ក្នុង​លោកីយ៍​របស់​សាតាំង​ត្រូវ​មាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ភ្លាម​ៗ​នោះ​ទ្រង់​បាន​បដិសេធ​នឹង​សំនើរ​របស់​អារក្ស ដោយ​មាន​បន្ទូល​ថា​៖ ​«​មាន​សេចក្ដី​ចែង​ទុក​មក​ថា​៖ ‹ឯង​ត្រូវ​ថ្វាយ​បង្គំ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ›​»។ មិន​យូរ​ប៉ុន្មាន​ក្រោយ​នោះ​មក ព្រះ​យេស៊ូ​បាន​«​ចាប់​តាំង​ប្រកាស ដោយ​បន្ទូល​ថា​៖ ‹ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថាន​សួគ៌​ជិត​ដល់​ហើយ›​»។ (​ម៉ាថាយ ៤:២, ៨​-​១០, ១៧​) បន្ទាប់​ពី​មាន​បន្ទូល​នោះ​មក ព្រះ​គ្រីស្ទ​បាន​ធ្វើ​ជា​អ្នក​ផ្សាយ​ប្រកាស​ពេញ​ពេល​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​រហូត​ដល់​អស់​ព្រះ​ជន្ម​របស់​ទ្រង់​នៅ​លើ​ផែនដី។

១៧. តើ​ដោយ​របៀប​ណា​ដែល​យើង​អាច​បង្ហាញ​ថា យើង​ចាត់​ទុក​អ្វី​ៗ​ខាង​ព្រះ​រាជាណាចក្រ​ជា​អាទិភាព​ក្នុង​ជីវិត​យើង?

១៧ យក​ល្អ​សូម​ឲ្យ​យើង​យក​តម្រាប់​តាម​មគ្គុទ្ទេសក៍​របស់​យើង ទាំង​កុំ​អនុញ្ញាត​ឲ្យ​លោកីយ៍​របស់​សាតាំង​ទាក់​ទាញ​ចិត្ត​យើង​ឲ្យ​ចាត់​ទុក​អាជីព​និង​ការ​មាន​ប្រាក់​ខែ​ច្រើន​ជា​គោល​ដៅ​សំខាន់​បំផុត​នោះ​ឡើយ។ (​ម៉ាកុស ១:១៧​-​២១​) គឺ​ច្បាស់​ជា​ការ​ល្ងី​ល្ងើ​ហើយ! បើ​យើង​ជាប់​រវល់​នឹង​ការ​ដេញ​តាម​របស់​របរ​ខាង​លោកីយ៍​នេះ រហូត​ដល់​លះ​ចោល​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​ចាត់​ទុក​នោះ​ជា​អ្វី​មិន​សូវ​សំខាន់​ប៉ុន្មាន​ទេ។ ព្រះ​យេស៊ូ​បាន​ប្រគល់​ឲ្យ​យើង​នូវ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ និង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​ដែរ។ (​ម៉ាថាយ ២៤:១៤; ២៨:១៩, ២០​) យើង​ប្រហែល​ជា​មាន​ភារកិច្ច​គ្រួសារ​ព្រម​ទាំង​ភារកិច្ច​ផ្សេង​ៗ​ទៀត​ដែរ ប៉ុន្តែ​យើង​ពេញ​ចិត្ត​បំពេញ​ភារកិច្ច​របស់​យើង​ជា​គ្រីស្ទាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​គេ ដោយ​ចំណាយ​ពេល​នៅ​ពេល​ល្ងាច​និង​ចុង​សប្ដាហ៍ មែន​ទេ? ហើយ​ជា​ការ​លើក​ទឹក​ចិត្ត​ណាស់​ហ្ន៎! ដែល​ក្នុង​កំឡុង​ឆ្នាំ​កិច្ច​បំរើ​នា​ឆ្នាំ​២០០១ មាន​ប្រមាណ​៧៨០.០០០​នាក់​បាន​បំរើ​ជា​អ្នក​ត្រួស​ត្រាយ​ឬ​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល។

១៨. តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​មាន​អំណរ​ក្នុង​កិច្ច​បំរើ​ផ្សាយ?

១៨ សៀវភៅ​ដំណឹង​ល្អ​និមួយ​ៗ​ពន្យល់​អំពី​ព្រះ​យេស៊ូ​ជា​បុគ្គល​មួយ​អង្គ​ដែល​មាន​សកម្មភាព និង​ព្រះ​ទ័យ​សន្ដោស​ប្រណី​ដែរ។ ពេល​ទ្រង់​យល់​ដឹង​អំពី​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​នៃ​បណ្ដា​មនុស្ស​ជុំ​វិញ​ទ្រង់ នោះ​ទ្រង់​មាន​ព្រះ​ទ័យ​ក្ដួល​អាណិត​ដល់​គេ ក៏​ខំ​ជួយ​គេ​ផង​ដែរ។ (​ម៉ាកុស ៦:៣១​-​៣៤​) កិច្ច​បំរើ​ផ្សាយ​របស់​យើង​ក៏​នាំ​ឲ្យ​មាន​អំណរ បើ​យើង​សម្រេច​ការ​នោះ​ដោយ​ព្រោះ​ស្រឡាញ់​អ្នក​ដទៃ និង​មាន​ក្ដី​ប្រាថ្នា​ដែល​ស្មោះ​អស់​ពី​ចិត្ត​ចង់​ជួយ​ពួក​គេ។ ប៉ុន្តែ ធ្វើ​យ៉ាង​ណា​ឲ្យ​យើង​មាន​សេចក្ដី​ប្រាថ្នា​បែប​នោះ? ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​ចេសិន ស្រដី​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​ជំទង់​នៅ​ឡើយ ខ្ញុំ​មិន​សូវ​ពេញ​ចិត្ត​ធ្វើ​កិច្ច​បំរើ​ផ្សាយ​ប៉ុន្មាន​ទេ​»។ តើ​អ្វី​បាន​ជួយ​គាត់​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ចិត្ត​ស្រឡាញ់​កិច្ច​ការ​នេះ? ចេសិន​ឆ្លើយ​ថា​៖ ​«​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្ញុំ យើង​បាន​កំណត់​ទុក​ថ្ងៃ​សៅរ៍​ពេល​ព្រឹក​សំរាប់​កិច្ច​បំរើ​ផ្សាយ។ ការ​កំណត់​ទុក​ពេល​នោះ​មាន​ប្រយោជន៍​សំរាប់​ខ្ញុំ ពីព្រោះ​កាលដែល​ខ្ញុំ​ទៅ​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន ខ្ញុំ​បាន​ឃើញ​ផល​ដ៏​ល្អ​ដែល​មាន​ទាំង​ប៉ុន្មាន​នោះ ហើយ​ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ធ្វើ​កិច្ច​ការ​នោះ​កាន់​តែ​ច្រើន​ជាង​»។ យើង​ក៏​គួរ​នឹង​ចូល​រួម​កិច្ច​បំរើ​ផ្សាយ​ជា​ទៀង​ទាត់ និង​ដោយ​ខ្នះ​ខ្នែង​ផង​ដែរ។

១៩. ស្តី​អំពី​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍ តើ​យើង​គួរ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ណា?

១៩ ការ​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍ រមែង​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង​ចិត្ត​និង​នាំ​ឲ្យ​មាន​ប្រយោជន៍។ ពេល​យើង​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍ នោះ​ភាព​យុវវ័យ​របស់​យើង​បាន​ទៅ​ជា​ឱកាស​ដែល​អាច​ពង្រីក​ចំណេះ​ដឹង​និង​ប្រាជ្ញា​បាន​រឹត​តែ​ច្រើន​ថែម​ទៀត។ ហើយ​គ្រួសារ​ក៏​ទៅ​ជា​ប្រភព​នៃ​សេចក្ដី​សុខ​និង​សុភមង្គល និង​កិច្ច​បំរើ​ផ្សាយ​ក្លាយ​ជា​សកម្មភាព​ដែល​នាំ​ឲ្យ​មាន​អំណរ​និង​ស្កប់​ស្កល់​ចិត្ត​មែន។ ចូរ​ឲ្យ​យើង​ប្ដេជ្ញា​ចិត្ត​បង្ហាញ​ថា យើង​ពិត​ជា​ចាត់​ទុក​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍​របស់​យើង មិន​ថា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ឬ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​យើង​ក៏​ដោយ។ (​កូល៉ុស ៣:២៣, ២៤​) ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ធ្វើ​ជា​មគ្គុទ្ទេសក៍​របស់​យើង​តាម​របៀប​ផ្សេង​មួយ​ទៀត គឺ​តាម​ក្រុម​ជំនុំ​គ្រីស្ទាន។ អត្ថបទ​ជា​បន្ទាប់​នឹង​ពិគ្រោះ​អំពី​របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​សំ​វិធានការ​មួយ​នេះ។

[​កំណត់​សម្គាល់​]

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ប្ដូរ។

តើ​អ្នក​នៅ​ចាំ​ទេ?

• តើ​ការ​ធ្វើ​តាម​មគ្គុទ្ទេសក៍​របស់​យើង​ដែល​ព្រះ​បាន​តែង​តាំង​ឡើង​នោះ នាំ​ឲ្យ​មាន​ប្រយោជន៍​យ៉ាង​ណា​ខ្លះ?

• តើ​ពួក​យុវវ័យ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្ហាញ​ថា គេ​ចង់​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ជា​មគ្គុទ្ទេសក៍?

• ស្តី​អំពី​ពួក​អ្នក​ដែល​ចុះ​ចូល​ចំពោះ​ព្រះ​យេស៊ូ​ជា​មគ្គុទ្ទេសក៍ តើ​មាន​អានុភាព​អ្វី​លើ​ជីវភាព​គ្រួសារ​របស់​គេ?

• តើ​កិច្ច​បំរើ​ផ្សាយ​របស់​យើង​អាច​បង្ហាញ​យ៉ាង​ណា ថា​យើង​ពិត​ជា​ចាត់​ទុក​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍​របស់​យើង?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​២០​]

វ័យ​នៅ​ជា​យុវវ័យ​ជា​ពេល​ល្អ​ដើម្បី​ទទួល​បាន​ចំណេះ​អំពី​ព្រះ​និង​អំពី​មគ្គុទ្ទេសក៍​របស់​យើង​ដែល​បាន​ត្រូវ​តែង​តាំង​ឡើង

[​រូប​ភាព​នៅ​ទំព័រ​២១​]

ការ​ចុះ​ចូល​ចំពោះ​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍​តែង ជួយ​បណ្ដុះ​ឲ្យ​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ

[​រូប​ភាព​នៅ​ទំព័រ​២៣​]

ព្រះ​យេស៊ូ​បាន​ចាត់​ទុក​ការ​ស្វែង​រក​ព្រះ​រាជាណាចក្រ​ជា​អាទិភាព តើ​អ្នក​បាន​ធ្វើ​ដូច្នេះ​ដែរ​ទេ?