លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពន្លឺពីព្រះកំចាត់ភាពងងឹត!

ពន្លឺពីព្រះកំចាត់ភាពងងឹត!

ពន្លឺ​ពី​ព្រះ​កំចាត់​ភាព​ងងឹត!

​«​ព្រះ​យេហូវ៉ា​ទ្រង់​បំភ្លឺ ក្នុង​ទី​ងងឹត​នៃ​ទូល​បង្គំ​»។—សាំយូអែល​ទី​២ ២២:២៩

១. តើ​ពន្លឺ​ជាប់​ទាក់​ទង​នឹង​ជីវិត​យ៉ាង​ដូច​ម្ដេច?

 ​«​នោះ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ​ពន្លឺ​ក៏​មាន​ឡើង​»។ (​លោកុប្បត្តិ ១:៣​) ក្នុង​សៀវភៅ​លោកុប្បត្តិ​បន្ទូល​ដ៏​សំខាន់​នេះ​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​គឺ​ជា​ប្រភព​នៃ​ពន្លឺ។ បើ​សិន​ជា​គ្មាន​ពន្លឺ​ទេ នោះ​មិន​អាច​មាន​ជីវិត​ណា​សោះ​រស់​នៅ​លើ​ផែនដី​នេះ​បាន​ឡើយ។ ព្រះ​យេហូវ៉ា​ក៏​ជា​ប្រភព​នៃ​ពន្លឺ​ខាង​វិញ្ញាណ​ដែរ។ ពន្លឺ​ខាង​វិញ្ញាណ​នោះ​គឺ​ចាំ​បាច់​ដើម្បី​ណែនាំ​យើង​ទៅ​តាម​វិថី​ជីវិត​របស់​យើង។ (​ទំនុក​ដំកើង ៤៣:៣​) ស្តេច​ដាវីឌ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់​ទំនង​ដ៏​សំខាន់​រវាង​ពន្លឺ​ខាង​វិញ្ញាណ​និង​ជីវិត​យើង ពេល​ទ្រង់​សរសេរ​ថា​៖ ​«​ដ្បិត​ឯ​ជ្រោះ​នៃ​ជីវិត នោះ​នៅ​ជា​មួយ​នឹង​ទ្រង់។ នៅ​ក្នុង​ពន្លឺ​នៃ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​បាន​ភ្លឺ​»។—ទំនុក​ដំកើង ៣៦:៩

២. តើ​ប៉ុល​បាន​បង្ហាញ​ថា ពន្លឺ​គឺ​មិន​អាច​កាត់​ផ្ដាច់​ចេញ​ពី​អ្វី?

ប្រមាណ​មួយ​ពាន់​ឆ្នាំ​បន្ទាប់​ពី​សម័យ​ដាវីឌ​នោះ សាវ័ក​ប៉ុល​បាន​សំដៅ​ទៅ​លើ​កំណត់​ហេតុ​អំពី​ការ​បង្កើត។ ប៉ុល​បាន​សរសេរ​ទៅ​កាន់​ក្រុម​ជំនុំ​គ្រីស្ទាន​នៅ​ទី​ក្រុង​កូរិនថូស​ថា​៖ ​«​គឺ​ជា​ព្រះ ដែល​មាន​បន្ទូល​បង្គាប់ ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្ដី​ងងឹត​»។ រួច​ប៉ុល​លើក​បញ្ជាក់​ថា ពន្លឺ​ខាង​វិញ្ញាណ​និង​ចំណេះ​ពី​ព្រះ​យេហូវ៉ា​គឺ​មិន​ត្រូវ​កាត់​ផ្ដាច់​ពី​គ្នា​ឡើយ ដោយ​គាត់​សរសេរ​បន្ថែម​ទៅ​ទៀត​ថា​៖ ​«​ទ្រង់​បាន​បំភ្លឺ​មក​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរី​ល្អ​របស់​ព្រះ ដែល​នៅ​ព្រះ​ភក្ដ្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​»។ (​កូរិនថូស​ទី​២ ៤:៦​) តើ​ពន្លឺ​នេះ​ភ្លឺ​មក​ដល់​យើង​យ៉ាង​ដូច​ម្ដេច?

ព្រះ​គម្ពីរ​បញ្ចេញ​ពន្លឺ

៣. តើ​ព្រះ​យេហូវ៉ា​បញ្ចេញ​ពន្លឺ​អ្វី​តាម​រយៈ​ព្រះ​គម្ពីរ?

មធ្យោបាយ​ចំបង​ដែល​ព្រះ​យេហូវ៉ា​បញ្ចេញ​ពន្លឺ​ខាង​វិញ្ញាណ​គឺ​តាម​រយៈ​ព្រះ​គម្ពីរ ជា​បន្ទូល​របស់​ព្រះ​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​គេ​សរសេរ​មក​នោះ។ ដូច្នេះ ពេល​យើង​សិក្សា​ព្រះ​គម្ពីរ​និង​ក្រេប​ជញ្ជក់​យក​ចំណេះ​អំពី​ព្រះ នោះ​យើង​កំពុង​អនុញ្ញាត​ឲ្យ​ពន្លឺ​របស់​ទ្រង់​ភ្លឺ​មក​ដល់​យើង​ហើយ។ តាម​រយៈ​ព្រះ​គម្ពីរ​នោះ ព្រះ​យេហូវ៉ា​បំភ្លឺ​ឲ្យ​យល់​នូវ​គោល​បំណង​របស់​ទ្រង់ និង​ទ្រង់​ក៏​មាន​បន្ទូល​ប្រាប់​យើង​នូវ​របៀប​ដែល​យើង​អាច​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​ផង​ដែរ។ នេះ​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ពេញ​ទៅ​ដោយ​គោល​បំណង និង​ក៏​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​យើង​ទៀត​ផង។ (​សាស្ដា ១២:១; ម៉ាថាយ ៥:៣​) ព្រះ​យេស៊ូ​បាន​សង្កត់​ធ្ងន់​ថា យើង​ត្រូវ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​យើង ពេល​ទ្រង់​មាន​បន្ទូល​ស្រង់​ចេញ​ពី​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​ថា​៖ ​«​មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ ‹មនុស្ស​មិន​មែន​រស់ ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ​មក​ដែរ›​»។—ម៉ាថាយ ៤:៤; ចោទិយកថា ៨:៣

៤. ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​គឺ​ជា​«​ពន្លឺ​លោកីយ​»​?

ព្រះ​យេស៊ូ​ក៏​ជាប់​ទាក់​ទង​នឹង​ពន្លឺ​ខាង​វិញ្ញាណ​ផង​ដែរ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​អង្គ​ទ្រង់​ជា​«​ពន្លឺ​លោកីយ​»​ ហើយ​ក៏​មាន​បន្ទូល​ត​ទៅ​ទៀត​ថា​៖ ​«​អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺនៃ​ជីវិត​វិញ​»។ (​យ៉ូហាន ៨:១២​) បន្ទូល​នេះ​ជួយ​យើង​យល់​ឃើញ​នូវ​មុខ​នាទី​ចំបង​ដែល​ព្រះ​យេស៊ូ​មាន​ក្នុង​ការ​ផ្ដល់​សេចក្ដី​ពិត​របស់​ព្រះ​យេហូវ៉ា​ដល់​មនុស្សជាតិ។ បើ​សិន​ជា​យើង​ចង់​នៅ​ឲ្យ​ឆ្ងាយ​ផុត​ពី​ទី​ងងឹត​និង​ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ​នោះ យើង​ត្រូវ​តែ​ស្ដាប់​តាម​គ្រប់​ទាំង​បន្ទូល​របស់​ព្រះ​យេស៊ូ​និង​ធ្វើ​តាម​គំរូ​និង​សេចក្ដី​បង្រៀន​របស់​ទ្រង់​យ៉ាង​ផ្ចិត​ផ្ចង់​ដូច​ត្រូវ​កំណត់​ទុក​ក្នុង​ព្រះ​គម្ពីរ។

៥. តើ​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​មាន​ភារកិច្ច​អ្វី​បន្ទាប់​ពី​ទ្រង់​សោយ​ទិវង្គត​ទៅ?

ពីរ​បី​ថ្ងៃ​មុន​ព្រះ​យេស៊ូ​សោយ​ទិវង្គត​នោះ ទ្រង់​បាន​សំដៅ​ទៅ​លើ​អង្គ​ទ្រង់​ជា​ពន្លឺ​ម្ដង​ទៀត​ពេល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​សិស្ស​ទ្រង់​ថា​៖ ​«​ពន្លឺ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្ដិច​ទៀត​ទេ ចូរ​ដើរ​កំពុង​ដែល​នៅ​មាន​ពន្លឺ​ចុះ! ក្រែង​លោ​សេចក្ដី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់ អ្នក​ណា​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត នោះ​មិន​ដឹង​ជា​ទៅ​ឯ​ណា​ទេ ចូរ​អ្នក​រាល់​គ្នា​ជឿ​ដល់​ពន្លឺ កំពុង​ដែល​នៅ​មាន​នៅ​ឡើយ​ចុះ! ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​នៃ​ពន្លឺ​»។ (​យ៉ូហាន ១២:៣៥, ៣៦​) អ្នក​ដែល​ដើរ​តាម​ពន្លឺ​បាន​រៀន​«​អស់​ទាំង​ពាក្យ​ត្រឹម​ត្រូវ[​ឬ​ក៏​«​សេចក្ដី​បង្រៀន​ដ៏​មាន​ប្រយោជន៍​»​, ព.ថ.​]​»​ក្នុង​ព្រះ​គម្ពីរ។ (​ធីម៉ូថេ​ទី​២ ១:១៣, ១៤​) ក្រោយ​មក ពួក​គេ​បាន​ប្រើ​សេចក្ដី​បង្រៀន​ដ៏​មាន​ប្រយោជន៍​ទាំង​នេះ​ដើម្បី​ទាញ​ចិត្ត​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ស​ឲ្យ​ចេញ​ពី​ទី​ងងឹត​និង​ចូល​មក​ក្នុង​ពន្លឺ​របស់​ព្រះ។

៦. តើ​យ៉ូហាន​ទី​១ ១:៥ បញ្ជាក់​ហេតុ​ការណ៍​បឋម​អ្វី​អំពី​ពន្លឺ​និង​ភាព​ងងឹត?

សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​ព្រះ​ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្ដី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ​»។ (​យ៉ូហាន​ទី​១ ១:៥​) សូម​កត់​សម្គាល់​ភាព​ផ្ទុយ​គ្នា​រវាង​ពន្លឺ​និង​ភាព​ងងឹត​ក្នុង​ខ​នេះ។ ពន្លឺ​ខាង​វិញ្ញាណ​ភ្លឺ​មក​ពី​ព្រះ​យេហូវ៉ា និង​ភាព​ងងឹត​ខាង​វិញ្ញាណ​មិន​មាន​នៅ​នឹង​ទ្រង់​ទេ។ បើ​ដូច្នេះ​មែន តើ​អ្នក​ណា​វិញ​ជា​ប្រភព​នៃ​ភាព​ងងឹត​ខាង​វិញ្ញាណ?

ប្រភព​នៃ​ភាព​ងងឹត​ខាង​វិញ្ញាណ

៧. តើ​អ្នក​ណា​ជា​ប្រភព​នៃ​ភាព​ងងឹត​ក្នុង​លោកីយ៍​នេះ? ហើយ​តើ​វា​មាន​អានុភាព​អ្វី?

សាវ័ក​ប៉ុល​ក៏​បាន​ស្រដី​អំពី​«​ព្រះ​របស់​លោកីយ​នេះ​»​ដែរ។ ពេល​ប៉ុល​និយាយ​អំពី​នេះ គាត់​កំពុង​តែ​សំដៅ​ទៅ​លើ​អារក្ស​សាតាំង។ ប៉ុល​ក៏​បាន​រៀប​រាប់​ត​ទៅ​ទៀត​អំពី​អារក្ស​ថា​៖ ​«​បាន​បង្អាប់​ដល់​គំនិត​ពួក​គេ​ដែល​មិន​ជឿ ក្រែង​រស្មី​ពន្លឺ​នៃ​ដំណឹង​ល្អ ដែល​សំដែង​ពី​សិរី​ល្អ​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​រូប​អង្គ​ព្រះ បាន​ភ្លឺ​មក​ដល់​គេ​»។ (​កូរិនថូស​ទី​២ ៤:៤​) មនុស្ស​ជា​ច្រើន​អះអាង​ថា​គេ​មាន​ជំនឿ​ទៅ​លើ​ព្រះ តែ​មនុស្ស​រឹត​តែ​ច្រើន​ឡើង​ៗ​មិន​ជឿ​ថា​មាន​អារក្ស​ទេ។ ហេតុ​អ្វី? ពីព្រោះ​ពួក​គេ​មិន​សុខ​ចិត្ត​ទទួល​ស្គាល់​ថា មាន​បុគ្គល​វិញ្ញាណ​ដ៏​អាក្រក់​មួយ​រូប​ដ៏​ខ្លាំង​ជាង​មនុស្ស ហើយ​អាច​មាន​អានុភាព​ទៅ​លើ​ចិត្ត​គំនិត​របស់​គេ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ប៉ុល​បង្ហាញ​ថា ពិត​ជា​មាន​អារក្ស​មែន ហើយ​វា​មាន​អានុភាព​ទៅ​លើ​មនុស្ស​ដើម្បី​កុំ​ឲ្យ​គេ​មើល​ឃើញ​ពន្លឺ​នៃ​សេចក្ដី​ពិត​ឡើយ។ អំណាច​របស់​សាតាំង​ដើម្បី​មាន​ឥទ្ធិពល​ទៅ​លើ​គំនិត​មនុស្ស បាន​ត្រូវ​បញ្ជាក់​តាម​រយៈ​ទំនាយ​ដែល​ថា​វា​ជា​អ្នក​ដែល​«​នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ​»។ (​វិវរណៈ ១២:៩​) ព្យាការី​អេសាយ​បាន​ពណ៌នា​ទាយ​ទុក​ជា​មុន​អំពី​សភាព​ការណ៍​មួយ ដែល​កើត​ចេញ​ពី​ឥទ្ធិពល​នៃ​សាតាំង​ទៅ​លើ​មនុស្សជាតិ​ទាំង​ឡាយ លើក​លែង​តែ​អ្នក​ដែល​បំរើ​ព្រះ​យេហូវ៉ា​នោះ។ អេសាយ​ពោល​ថា​៖ ​«​មើល! សេចក្ដី​ងងឹត​នឹង​គ្រប​លើ​ផែនដី ហើយ​សេចក្ដី​សូន្យ​សុង​នឹង​គ្រប​លើ​អស់​ទាំង​ជន​ជាតិ​»។—អេសាយ ៦០:២

៨. តើ​អ្នក​ដែល​ស្ថិត​ក្នុង​ទី​ងងឹត​ខាង​វិញ្ញាណ​បង្ហាញ​ថា គេ​វង្វេង​វង្វាន់​តាម​របៀប​ណា​ខ្លះ?

កាល​បើ​មាន​ភាព​ងងឹត​រក​ចាក់​ភ្នែក​មើល​មិន​យល់​ពិត​មែន​នោះ យើង​មើល​អ្វី​មិន​ឃើញ​ទេ ហើយ​យើង​ក៏​អាច​វង្វេង​វង្វាន់​យ៉ាង​ងាយ​ស្រួល​ដែរ។ ស្រដៀង​គ្នា​ដែរ មនុស្ស​ដែល​នៅ​ក្នុង​ភាព​ងងឹត​ខាង​វិញ្ញាណ គ្មាន​ការ​យល់​ដឹង​ខាង​វិញ្ញាណ​សោះ​ឡើយ ហើយ​មិន​យូរ​មិន​ឆាប់​ក្រោយ​មក​គេ​នឹង​ទៅ​ជា​វង្វេង​វង្វាន់​ខាង​វិញ្ញាណ​ទៀត។ ពួក​គេ​បាត់​បង់​សមត្ថភាព​ចេះ​វិនិច្ឆ័យ​ដឹង​ថា​អ្វី​ពិត អ្វី​មិន​ពិត អ្វី​ល្អ ឬ​អ្វី​អាក្រក់។ ព្យាការី​អេសាយ​បាន​និយាយ​អំពី​មនុស្ស​ដែល​ស្ថិត​ក្នុង​ទី​ងងឹត​បែប​នេះ ពេល​គាត់​សរសេរ​ថា​៖ ​«​វេទនា​ដល់​ពួក​អ្នក ដែល​រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​វិញ ជា​ពួក​អ្នក​ដែល​យក​សេចក្ដី​ងងឹត​ជា​ពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត ក៏​យក​សេចក្ដី​ជូរ​ចត់​ជា​ផ្អែម ហើយ​យក​ផ្អែម​ជា​ជូរ​ចត់​វិញ!​»។ (​អេសាយ ៥:២០​) អ្នក​ដែល​ស្ថិត​ក្នុង​ទី​ងងឹត​ខាង​វិញ្ញាណ​ក៏​ទទួល​អានុភាព​ពី​ព្រះ​នៃ​ទី​ងងឹត​ជា​អារក្ស​សាតាំង​ដែរ និង​ជា​លទ្ធផល​នោះ ពួក​គេ​ត្រូវ​កាត់​ផ្ដាច់​ពី​ប្រភព​នៃ​ជីវិត​និង​ពន្លឺ។—អេភេសូរ ៤:១៧​-​១៩

ឧបសគ្គ​ដែល​មាន​ក្នុង​ការ​ចាក​ចេញ​ពី​ទី​ងងឹត​ចូល​ក្នុង​ទី​ពន្លឺ

៩. សូម​ពន្យល់​នូវ​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​អាក្រក់​ស្តី​ពី​ភាព​ងងឹត​ខាង​វិញ្ញាណ​និង​ភាព​ងងឹត​មែន​ទែន​នោះ។

លោក​យ៉ូប​ដ៏​ស្មោះ​ត្រង់​នេះ​បាន​បញ្ជាក់​ថា មនុស្ស​អាក្រក់​ពិត​ជា​ចូល​ចិត្ត​ទី​ងងឹត​មែន ពេល​លោក​យ៉ូប​ស្រដី​ថា​៖ ​«​ភ្នែក​របស់​មនុស្ស​កំផិត​ក៏​រង់​ចាំ​ពេល​ព្រលប់ ដោយ​នឹក​ថា គ្មាន​អ្នក​ណា​ឃើញ​អញ​ទេ គេ​ក៏​គ្រលុំ​ក្បាល​ទៅ​»។ (​យ៉ូប ២៤:១៥​) មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ក៏​ស្ថិត​ក្នុង​ទី​ងងឹត​ខាង​វិញ្ញាណ​ផង​ដែរ ហើយ​ភាព​ងងឹត​នោះ​អាច​មានឥទ្ធិពល​ខ្លាំង​ទៅ​លើ​គេ។ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា អំពើ​អសីលធម៌​ខាង​កាម ចោរ​កម្ម ភាព​លោភ​លន់ ការ​ប្រមឹក ការ​ជេរ​ប្រមាថ និង​ការ​គំរាម​កំហែង​យក​ប្រាក់​ជា​អំពើ​ធម្មតា​របស់​អ្នក​ដែល​វង្វេង​វង្វាន់​ក្នុង​ភាព​ងងឹត​នោះ។ ក៏​ប៉ុន្តែ អ្នក​ណា​ក៏​ដោយ​ដែល​ចូល​មក​ក្នុង​ពន្លឺ​របស់​ព្រះ អាច​កែ​ប្រែ​បាន។ ក្នុង​សំបុត្រ​របស់​ប៉ុល​ជូន​ចំពោះ​បង​ប្អូន​នៅ​ទី​ក្រុង​កូរិនថូស​នោះ គាត់​បញ្ជាក់​យ៉ាង​ច្បាស់​ថា មនុស្ស​អាច​កែ​ប្រែ​ពី​ការ​ធ្វើ​ដូច​នោះ​បាន។ ជន​គ្រីស្ទាន​ជា​ច្រើន​នាក់​នៅ​ទី​ក្រុង​កូរិនថូស​ធ្លាប់​ប្រព្រឹត្ត​អំពើ​ល្ងង់​ខ្លៅ​ងងឹត​ងងល់​នោះ តែ​ប៉ុល​បាន​មាន​ប្រសាសន៍​ថា​៖ ​«​តែ[​អ្នក​]បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់​យេស៊ូវ នឹង​ព្រះ​វិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​»។—កូរិនថូស​ទី​១ ៦:៩​-​១១

១០, ១១. (​ក​) តើ​យ៉ាង​ដូច​ម្ដេច​ដែល​ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​បុរស​ដែល​ទ្រង់​ប្រោស​ឲ្យ​មើល​ឃើញ​នោះ? (​ខ​) ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​មិន​ចង់​ចូល​មក​ក្នុង​ពន្លឺ​ទេ?

១០ ពេល​មនុស្ស​ម្នាក់​ចាក​ចេញ​ពី​ទី​ងងឹត​ហើយ​ចូល​មក​ក្នុង​ទី​ពន្លឺ​នោះ ភ្នែក​របស់​គាត់​ត្រូវ​ការ​ពេល​បន្ដិច​បន្តួច​ដើម្បី​ស៊ាំ​នឹង​ពន្លឺ។ នៅ​ទី​ក្រុង​បេតសៃដា ព្រះ​យេស៊ូ​បាន​ប្រោស​បុរស​ងងឹត​ភ្នែក​មួយ​រូប​ឲ្យ​ជា​ឡើង​វិញ តែ​ដោយ​សេចក្ដី​សប្បុរស ទ្រង់​បាន​ប្រោស​គាត់​បន្ដិច​ម្ដង​ៗ។ ​«​ទ្រង់​ក៏​ចាប់​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំ​ចេញ​ទៅ​ក្រៅ​ភូមិ រួច​ស្ដោះ​ដាក់​ភ្នែក​គាត់ ហើយ​ដាក់​ព្រះ​ហស្ត​លើ ព្រម​ទាំង​សួរ​បើ​គាត់​ឃើញ​អ្វី​ឬ​ទេ គាត់​ក៏​ងើប​ភ្នែក​ឡើង​ទូល​ឆ្លើយ​ថា ខ្ញុំ​ឃើញ​មនុស្ស​ដើរ មើល​ទៅ​ដូច​ជា​ដើម​ឈើ នោះ​ទ្រង់​ដាក់​ព្រះ​ហស្ត​លើ​ភ្នែក​គាត់​ម្ដង​ទៀត ប្រាប់​ឲ្យ​ងើប​ឡើង​មើល ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ឡើង ឃើញ​ច្បាស់​ទាំង​អស់​»។ (​ម៉ាកុស ៨:២៣​-​២៥​) ព្រះ​យេស៊ូ​ទំនង​ជា​បាន​ប្រោស​បុរស​នោះ​ឲ្យ​មើល​ឃើញ​បន្ដិច​ម្ដង​ៗ​ដូច​នេះ ដើម្បី​កុំ​ឲ្យ​ភ្នែក​បុរស​នោះ​ចាញ់​ពន្លឺ​ថ្ងៃ។ យើង​អាច​នឹក​ស្មាន​ដល់​អំណរ​របស់​បុរស​នោះ ពេល​គាត់​ចាប់​ផ្ដើម​មើល​ឃើញ។

១១ ក៏​ប៉ុន្តែ អំណរ​របស់​អ្នក​ដែល​ចេញ​ពី​ទី​ងងឹត​បន្ដិច​ម្ដង​ៗ ហើយ​ចូល​ក្នុង​ពន្លឺ​នៃ​សេចក្ដី​ពិត​វិញ គឺ​ខ្លាំង​ជាង​អំណរ​របស់​បុរស​នោះ​ឆ្ងាយ​ណាស់។ ពេល​យើង​មើល​ឃើញ​អំណរ​របស់​ពួក​គេ ប្រហែល​ជា​យើង​ឆ្ងល់​អំពី​មូលហេតុ​ដែល​មនុស្ស​ច្រើន​ជាង​នេះ​មិន​ចង់​ចូល​ក្នុង​ពន្លឺ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​នូវ​មូលហេតុ​ដោយ​ថា​៖ ​«​ទោស​នេះ គឺ​ថា ពន្លឺ​បាន​មក​ក្នុង​លោកីយ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្ដី​ងងឹត​ជា​ជាង​ពន្លឺ ពីព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​តែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន បាន​បើក​ឲ្យ​ឃើញ​»។ (​យ៉ូហាន ៣:១៩, ២០​) ពិត​មែន​ហើយ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ប្រព្រឹត្ត​«​អាក្រក់​»​ ដូច​ជា​អំពើ​អសីលធម៌ ការ​ជិះ​ជាន់ ការ​ភូត​កុហក ការ​កេង​ប្រវ័ញ្ច និង​ចោរ​កម្ម ហើយ​ភាព​ងងឹត​ខាង​វិញ្ញាណ​ដែល​មក​ពី​សាតាំង​នោះ ជា​ស្បៃ​អន្ធ​កាល​ដែល​បិទ​បាំង​យ៉ាង​ជិត​នូវ​ការ​ប្រព្រឹត្ត​ដែល​គេ​ចង់​ធ្វើ​នោះ។

ការ​រីក​ចំរើន​ក្នុង​ពន្លឺ

១២. តើ​យើង​បាន​ទទួល​ប្រយោជន៍​អ្វី​តាំង​តែ​ពី​យើង​ចូល​មក​ក្នុង​ពន្លឺ​នោះ?

១២ ចាប់​តាំង​ពី​យើង​ទទួល​ចំណេះ​អំពី​ពន្លឺ​នោះ​មក តើ​យើង​បាន​កែ​ខ្លួន​យ៉ាង​ណា​ខ្លះ? ម្ដង​ម្កាល គឺ​ជា​ការ​ល្អ​ឲ្យ​យើង​នឹក​គិត​ថា យើង​បាន​រីក​ចំរើន​ខាង​វិញ្ញាណ​ដល់​ណា​ហើយ តាំង​ពី​តែ​ពេល​យើង​ចូល​ក្នុង​ពន្លឺ​មក​ម្ល៉េះ។ តើ​យើង​បាន​បោះ​បង់​ចោល​ទម្លាប់​អាក្រក់​អ្វី​ខ្លះ? តើ​យើង​បាន​ដោះ​ស្រាយ​បញ្ហា​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​យើង? តើ​គោល​ដៅ​របស់​យើង​សំរាប់​អនាគត​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ណា​ហើយ? ដោយ​ផ្អែក​លើ​កម្លាំង​របស់​ព្រះ​យេហូវ៉ា​និង​ដោយ​ទទួល​ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​នោះ យើង​អាច​បន្ត​កែ​ប្រែ​លក្ខណៈ​សម្បត្ដិ​របស់​យើង​និង​របៀប​យើង​គិត​គូរ ដើម្បី​បង្ហាញ​ថា​យើង​ដើរ​ក្នុង​ពន្លឺ។ (​អេភេសូរ ៤:២៣, ២៤​) ប៉ុល​ពន្យល់​ដូច​ត​ទៅ​នេះ​ថា​៖ ​«​កាល​ពី​ដើម​អ្នក​រាល់​គ្នា​ក៏​ងងឹត​ដែរ តែ​ឥឡូវ​នេះ​វិញ បាន​ភ្លឺ​ក្នុង​ព្រះ​អម្ចាស់ ដូច្នេះ ចូរ​ដើរ​ដូច​ជា​មនុស្ស​ភ្លឺ​ចុះ! ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ នោះ​មាន​នៅ​ក្នុង​គ្រប់​ទាំង​កិរិយា​ល្អ សេចក្ដី​សុចរិត នឹង​សេចក្ដី​ពិត​»។ (​អេភេសូរ ៥:៨, ៩​) បើ​សិន​ជា​យើង​អនុញ្ញាត​ឲ្យ​ពន្លឺ​របស់​ព្រះ​យេហូវ៉ា​នាំ​ផ្លូវ​របស់​យើង នោះយើង​នឹង​មាន​សេចក្ដី​សង្ឃឹម​និង​គោល​បំណង ថែម​ទាំង​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​នៅ​ជុំ​វិញ​យើង​កាន់​តែ​ប្រសើរ​ផង​ដែរ។ ម្យ៉ាង​ទៀត ពេល​យើង​កែ​ខ្លួន នេះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​រីក​រាយ​ឥត​ឧបមា!—សុភាសិត ២៧:១១

១៣. តើ​យើង​អាច​បង្ហាញ​កតញ្ញូ​ធម៌​ចំពោះ​ពន្លឺ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​បាន? ហើយ​តើ​ដំណើរ​ប្រព្រឹត្ត​នេះ​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី?

១៣ យើង​អាច​បង្ហាញ​ថា​យើង​មាន​កតញ្ញុតាធម៌​នឹង​ជីវភាព​ដ៏​សប្បាយ​ជាង​ដែល​យើង​មាន​ឥឡូវ​នេះ ដោយ​យើង​បញ្ចាំង​ពន្លឺ​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​ប្រាប់​សមាជិក​ក្នុង​ក្រុម​គ្រួសារ មិត្ត​ភក្ដិ និង​អ្នក​ជិត​ខាង​អំពី​អ្វី​ដែល​យើង​បាន​រៀន​ពី​ព្រះ​គម្ពីរ។ (​ម៉ាថាយ ៥:១២​-​១៦; ២៤:១៤​) ការ​ផ្សព្វ​ផ្សាយ​និង​របៀប​រស់​នៅ​ដ៏​ប្រសើរ​របស់​យើង​ដែល​អនុលោម​តាម​គោល​ការណ៍​គ្រីស្ទាន​នោះ បង្ហាញ​ឲ្យ​អ្នក​ដែល​មិន​ព្រម​ស្ដាប់​សារ​របស់​យើង​ឃើញ​ថា​គេ​ពិត​ជា​មាន​ទោស។ ប៉ុល​បញ្ជាក់​ថា​៖ ​«​ចូរ​ល​មើល​ឲ្យ​ដឹង​សេចក្ដី​អ្វី ដែល​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ចុះ! កុំ​ឲ្យ​ប្រកប​ក្នុង​ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្ដី​ងងឹត​ឡើយ ស៊ូ​បន្ទោស​វិញ​»។ (​អេភេសូរ ៥:១០, ១១​) យើង​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​លះ​ចោល​ទី​ងងឹត​និង​សម្រេច​ចិត្ត​ចូល​ក្នុង​ទី​ពន្លឺ។ សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​ថា យើង​ត្រូវ​មាន​សេចក្ដី​មេត្ដា​ករុណា​និង​ត្រូវ​ចេះ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ឯ​ទៀត ព្រម​ទាំង​ប្រាថ្នា​ចង់​ផ្លាត​ពន្លឺ​នៃ​សេចក្ដី​ពិត​ទៅ​លើ​គេ ដើម្បី​ឲ្យ​គេ​បាន​ទទួល​ប្រយោជន៍​ជា​រៀង​រហូត។—ម៉ាថាយ ២៨:១៩, ២០

ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពន្លឺ​ក្លែង​ក្លាយ!

១៤. តើ​យើង​ត្រូវ​ស្ដាប់​តាម​ការ​ព្រមាន​អ្វី​ស្តី​ពី​ពន្លឺ​នោះ?

១៤ ចំពោះ​អស់​អ្នក​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ក្នុង​ពេល​យប់ បើ​គេ​ឃើញ​ពន្លឺ​ណា​ក៏​ដោយ​ក៏​គេ​សប្បាយ​ចិត្ត​ដែរ។ នៅ​ប្រទេស​អង់គ្លេស​នៅ​សម័យ​មុន​ៗ​នោះ គេ​ធ្លាប់​បង្កាត់​ភ្លើង​នៅ​តាម​ច្រាំង​ថ្ម​នានា​ដើម្បី​ជា​សញ្ញា​ឲ្យ​កប៉ាល់​ដឹង​កន្លែង​ណា​ចូល​ជ្រក​បាន​ពេល​មាន​ព្យុះ។ កម្មករ​នាវា​សប្បាយ​ចិត្ត​ណាស់​ដោយ​មាន​ពន្លឺ​នោះ​ណែនាំ​គេ​ឲ្យ​ចូល​ទី​ជ្រក​នោះ។ ក៏​ប៉ុន្តែ ភ្លើង​ខ្លះ​ជា​ភ្លើង​សញ្ញា​ដើម្បី​បញ្ឆោត​ទៅ​វិញ។ កប៉ាល់​ជា​ច្រើន​ត្រូវ​គេ​បំភាន់ និង​បាន​បើក​បុក​ទង្គិច​នឹង​ថ្ម​ឆ្នេរ​ដែល​ធ្វើ​ឲ្យ​ខ្ទេច​កប៉ាល់ រួច​មនុស្ស​មក​លួច​យក​សំភារៈ​នៅ​លើ​កប៉ាល់​នោះ។ ក្នុង​លោកីយ៍​ដែល​ចេះ​តែ​បោក​បញ្ឆោត​នេះ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​បណ្ដោយ​ខ្លួន​ឲ្យ​ត្រូវ​ទាក់​ទាញ​ដោយ​ពន្លឺ​បញ្ឆោត​ដែល​អាច​នាំ​យើង​ទៅ​ដល់​អន្តរាយ​ខាង​វិញ្ញាណ​នោះ​ឡើយ។ យើង​បាន​ត្រូវ​ប្រាប់​ថា​៖ ​«​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ​»។ ដូច​គ្នា​ដែរ អ្នក​បំរើ​របស់​វា រួម​បញ្ចូល​អ្នក​ក្បត់​ជំនឿ​ដែរ គឺ​ជា​«​អ្នក​ឆបោក​»​ដែល​«​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បំរើ​សេចក្ដី​សុចរិត​វិញ​»។ បើ​សិន​ជា​យើង​យក​ការ​វែក​ញែក​ខុស​របស់​អ្នក​ទាំង​នេះ​មក​ពិចារណា​នោះ ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នោះ​អាច​ទៅ​ជា​ចុះ​ខ្សោយ និង​ជំនឿ​របស់​យើង​អាច​រលាយ​សាប​សូន្យ​តែ​ម្ដង។—កូរិនថូស​ទី​២ ១១:១៣​-​១៥; ធីម៉ូថេ​ទី​១ ១:១៩

១៥. តើ​អ្វី​នឹង​ជួយ​យើង​បន្ត​ដើរ​តាម​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត?

១៥ អ្នក​តែង​ទំនុក​ដំកើង​បាន​សរសេរ​ថា​៖ ​«​ព្រះ​បន្ទូល​នៃ​ទ្រង់​ជាចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល​បង្គំ​ផង​»។ (​ទំនុក​ដំកើង ១១៩:១០៥​) ពិត​មែន​ហើយ ‹ផ្លូវ​ចង្អៀត​ដែល​នាំ​ទៅ​ឯ​ជីវិត›ត្រូវ​បំភ្លឺ​ច្បាស់​ឲ្យ​ឃើញ​ដោយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ស្រឡាញ់​យើង ថែម​ទាំង​ដែល​«​សព្វ​ព្រះ​ហឫទ័យ ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត​»។ (​ម៉ាថាយ ៧:១៤; ធីម៉ូថេ​ទី​១ ២:៤​) ការ​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​នឹង​ការ​ពារ​យើង​កុំ​ឲ្យ​វង្វេង​ចេញ​ពី​ផ្លូវ​ចង្អៀត​ហើយ​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ងងឹត​វិញ។ ប៉ុល​បាន​សរសេរ​ថា​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត​»។ (​ធីម៉ូថេ​ទី​២ ៣:១៦​) នៅ​ពេល​ដំណាល​ដែល​យើង​លូត​លាស់​ខាង​វិញ្ញាណ​នោះ ព្រះ​បន្ទូល​របស់​ព្រះ​ក៏​បង្រៀន​យើង​ដែរ។ ដោយ​ពន្លឺ​ពី​ព្រះ​បន្ទូល​របស់​ព្រះ យើង​អាច​ប្រដៅ​តម្រង់​ខ្លួន​យើង​បាន ឬ​ក៏​អ្នក​គង្វាល​ក្រុម​ជំនុំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នោះ អាច​ប្រដៅ​តម្រង់​យើង​បាន​បើ​សិន​ជា​ចាំ​បាច់​នោះ។ ដូច្នេះ យើង​គួរ​សុខ​ចិត្ត​កែ​តម្រង់​ខ្លួន​និង​ទទួល​ការ​ប្រដៅ​ខាង​សេចក្ដី​សុចរិត​ដោយ​ចិត្ត​រាប​ទាប ដើម្បី​បន្ត​បោះ​ជំហាន​ទៅ​តាម​ផ្លូវ​ជីវិត។

ចូរ​ដើរ​ក្នុង​ពន្លឺ​ដោយ​កតញ្ញុតាធម៌

១៦. តើ​យើង​អាច​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៦ តើ​យើង​អាច​បង្ហាញ​ថា​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដោយ​ព្រោះ​ទ្រង់​ផ្គត់​ផ្គង់​ពន្លឺ​ដ៏​អស្ចារ្យ​នេះ​បាន​ទេ? យ៉ូហាន​ជំពូក​៩​ចែង​ថា ពេល​ព្រះ​យេស៊ូ​ប្រោស​បុរស​ងងឹត​ភ្នែក​ពី​កំណើត​ឲ្យ​ជា​ឡើង​វិញ​នោះ បុរស​នោះ​បាន​សម្ដែង​នូវ​កតញ្ញូ​ធម៌​របស់​គាត់។ តើ​យ៉ាង​ដូច​ម្ដេច? គាត់​អនុវត្ត​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូ​ជា​រាជបុត្រា​របស់​ព្រះ និង​បាន​ប្រាប់​ដោយ​ចំហ​ថា​ព្រះ​យេស៊ូ​ជា​«​ហោរា​»។ ម្យ៉ាង​ទៀត បុរស​នោះ​បាន​និយាយ​ដោយ​ចិត្ត​ក្លាហាន​ស្តី​បន្ទោស​អ្នក​ដែល​មើល​ស្រាល​ដល់​អព្ភូតហេតុ​របស់​ព្រះ​យេស៊ូ។ (​យ៉ូហាន ៩:១៧, ៣០​-​៣៤​) សាវ័ក​ពេត្រុស​បាន​ហៅ​សមាជិក​ក្រុម​ជំនុំ​គ្រីស្ទាន​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង​ជា​«​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះ​អង្គ​»។ ហេតុ​អ្វី? ពីព្រោះ​ពួក​គេ​មាន​ចិត្ត​គំនិត​ដឹង​គុណ​ដូច​ជា​បុរស​ដែល​បាន​កើត​មក​ទាំង​ងងឹត​ភ្នែក​តែ​បាន​ត្រូវ​ប្រោស​ឲ្យ​ជា​នោះ។ ពួក​គេ​បង្ហាញ​កតញ្ញូ​ធម៌​ចំពោះ​ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដល់​ប្រយោជន៍​ដល់​គេ ដោយ​គេ‹ប្រកាស​ដំណឹង​អំពី​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ​ដែល​បាន​ហៅ​ពួក​គេ​អោយ​ចេញ​ពី​ទី​ងងឹត​មក​កាន់​ពន្លឺ​ដ៏​រុង​រឿង​របស់​ព្រះ​អង្គ›។ (​ពេត្រុស​ទី​១ ២:៩, ព្រះ​គម្ពីរ​ជា​ភាសា​ខ្មែរ​សម្រាយ; កូល៉ុស ១:១៣​) អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី​ក៏​មាន​ចិត្ត​គំនិត​ដឹង​គុណ​ផង​ដែរ ហើយ​ពួក​គេ​គាំ​ទ្រ​បង​ប្អូន​ចាក់​ប្រេង​តាំង​របស់​គេ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នូវ​«​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​»​របស់​ព្រះ​យេហូវ៉ា។ ឯកសិទ្ធិ​នេះ​ដែល​ព្រះ​ប្រទាន​ដល់​មនុស្សជាតិ​ដ៏​មិន​គ្រប់​ល័ក្ខណ៍ គឺ​ជា​អ្វី​ដ៏​អស្ចារ្យ​រក​អ្វី​ប្រៀប​ផ្ទឹម​មិន​បាន!

១៧, ១៨. (​ក​) តើ​យើង​ម្នាក់​ៗ​មាន​ភារកិច្ច​អ្វី? (​ខ​) ដូច​គ្នា​នឹង​គំរូ​របស់​ធីម៉ូថេ តើ​គ្រីស្ទាន​ទាំង​ឡាយ​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ជៀស​វាង​ពី​អ្វី?

១៧ ជំរៅ​ចិត្ត​កតញ្ញូ​ធម៌​ចំពោះ​ពន្លឺ​នៃ​សេចក្ដី​ពិត​គឺ​សំខាន់​ណាស់។ សូម​ចាំ​ថា គ្មាន​យើង​ណា​ម្នាក់​ដែល​កើត​មក​ទាំង​ដឹង​សេចក្ដី​ពិត​ស្រាប់​នោះ​ទេ។ មាន​អ្នក​ខ្លះ​ដែល​រៀន​ពេល​គេ​ពេញ​វ័យ​ហើយ និង​គេ​យល់​ឃើញ​យ៉ាង​លឿន​ថា ពន្លឺ​គឺ​ប្រសើរ​ជាង​ភាព​ងងឹត​ឆ្ងាយ​ណាស់។ អ្នក​ឯ​ទៀត​បាន​មាន​កាលៈទេសៈ​ដ៏​ល្អ គឺ​ថា មាតា​បិតា​របស់​គេ​បាន​ចិញ្ចឹម​អប់រំ​គេ​ឲ្យ​កោត​ខ្លាច​ព្រះ។ សំរាប់​អ្នក​ទាំង​នេះ ប្រហែល​ជា​គេ​មាន​ទំនោរ​ចិត្ត​ចង់​មើល​ស្រាល​ដល់​ពន្លឺ។ ស្មរ​បន្ទាល់​មួយ​រូប​មាន​មាតា​បិតា​ដែល​បាន​បំរើ​ព្រះ​យេហូវ៉ា​តាំង​ពី​មុន​គាត់​កើត​មក។ ស្មរ​បន្ទាល់​នោះ​សារភាព​ថា គាត់​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន និង​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​យល់​នូវ​សារៈ​ប្រយោជន៍​និង​សារៈ​សំខាន់​ពេញ​លេញ​នៃ​សេចក្ដី​ពិត​ដែល​មាតា​បិតា​របស់​គាត់​បាន​បង្រៀន​គាត់​តាំង​ពី​ក្មេង​មក​នោះ។ (​ធីម៉ូថេ​ទី​២ ៣:១៥​) មិន​ថា​ក្មេង​ឬ​ចាស់ យើង​ម្នាក់​ៗ​ត្រូវ​តែ​បណ្ដុះ​បណ្ដាល​កតញ្ញូ​ធម៌​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​សេចក្ដី​ពិត​ដែល​ព្រះ​យេហូវ៉ា​បាន​សម្ដែង​ឲ្យ​យើង។

១៨ ធីម៉ូថេ​បាន​ត្រូវ​បង្រៀន​«​បទ​គម្ពីរ​»​តាំង​ពី​ក្មេង​មក។ ប៉ុន្តែ គាត់​បាន​រីក​ចំរើន​ទៅ​ដល់​ភាព​ចាស់​ទុំ​ជា​គ្រីស្ទាន​ម្នាក់ ដោយ​សារ​តែ​គាត់​ខំ​ព្យាយាម​ក្នុង​កិច្ច​បំរើ​ប៉ុណ្ណោះ។ (​ធីម៉ូថេ​ទី​២ ៣:១៥​) លុះ​ក្រោយ​មក​គាត់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ជួយ​សាវ័ក​ប៉ុល ដែល​ធ្លាប់​ដាស់​តឿន​គាត់​ថា​៖ ​«​ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ​»។ ដូច​គ្នា​នឹងធីម៉ូថេ​ដែរ ចូរ​ឲ្យ​យើង​ទាំង​អស់​គ្នា​ជៀស​ផុត​ពី​ការ​ប្រព្រឹត្ត​ណា​ដែល​អាច​ធ្វើ​ឲ្យ​យើង​អាម៉ាស់​មុខ​ឬ​ក៏​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​អាម៉ាស់​ដោយ​សារ​យើង!—ធីម៉ូថេ​ទី​២ ២:១៥

១៩. (​ក​) ដូច​ដាវីឌ តើ​យើង​ទាំង​អស់​គ្នា​មាន​ហេតុ​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​យើង​ធ្វើ​អ្វី? (​ខ​) តើ​អ្វី​នឹង​ត្រូវ​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់?

១៩ យើង​មាន​ហេតុ​ជា​ច្រើន​ដែល​យើង​ត្រូវ​សរសើរ​ព្រះ​យេហូវ៉ា​ដែល​បាន​ប្រទាន​ពន្លឺ​នៃ​សេចក្ដី​ពិត​ដល់​យើង។ ដូច​ស្តេច​ដាវីឌ យើង​ក៏​អាច​ស្រដី​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ទ្រង់​ជា​ចង្កៀង​នៃ​ទូល​បង្គំ ព្រះ​យេហូវ៉ា​ទ្រង់​បំភ្លឺ ក្នុង​ទី​ងងឹត​នៃ​ទូល​បង្គំ​»។ (​សាំយូអែល​ទី​២ ២២:២៩​) ប៉ុន្តែ យើង​មិន​ហ៊ាន​ចាប់​ផ្ដើម​មាន​ចិត្ត​កន្តើយ​ឡើយ ពីព្រោះ​នេះ​អាច​នាំ​ឲ្យ​យើង​រសាត់​ចូល​ទៅ​ក្នុង​ទី​ងងឹត​វិញ​ក្រោយ​យើង​បាន​ត្រូវ​សង្គ្រោះ​ឲ្យ​រួច​ពី​នោះ​ហើយ។ ដូច្នេះ អត្ថបទ​ជា​បន្ទាប់​នឹង​ជួយ​យើង​ប្រមាណ​មើល​សារៈ​សំខាន់​នៃ​សេចក្ដី​ពិត​ពី​ព្រះ​ក្នុង​ជីវិត​របស់​យើង។

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

• តើ​ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​ពន្លឺ​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្ដេច?

• តើ​ភាព​ងងឹត​ខាង​វិញ្ញាណ​ដែល​នៅ​ជុំ​វិញ​យើង​នាំ​ឲ្យ​យើង​ពិបាក​យ៉ាង​ណា?

• តើ​យើង​ត្រូវ​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​អ្វី​ខ្លះ?

• តើ​យើង​អាច​បង្ហាញ​កតញ្ញូ​ធម៌​ចំពោះ​ពន្លឺ​នៃ​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​៨​]

ព្រះ​យេហូវ៉ា​គឺ​ជា ប្រភព​នៃ​ពន្លឺ​ធម្មជាតិ និង​ពន្លឺ​ខាង​វិញ្ញាណ

[​រូប​ភាព​នៅ​ទំព័រ​១០​]

ដូច​ព្រះ​យេស៊ូ​បាន​ប្រោស បុរស​ងងឹត​ភ្នែក​ឲ្យ​មើល​ឃើញ​វិញ ទ្រង់​ក៏​ជួយ​យើង​ចេញ​ពី​ទី​ងងឹត​ខាង​វិញ្ញាណ​ដែរ

[​រូប​ភាព​នៅ​ទំព័រ​១១​]

ការ​អនុញ្ញាត​ឲ្យ​ពន្លឺ​សាតាំង​បញ្ឆោត​អ្នក នឹង​នាំ​អ្នក​ទៅ​ដល់​ក្ដី​អន្តរាយ​ខាង​វិញ្ញាណ