លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីបានជារបបលោកីយ៍ពីបុរាណបានវិនាសបាត់ទៅដូច្នេះ?

ហេតុអ្វីបានជារបបលោកីយ៍ពីបុរាណបានវិនាសបាត់ទៅដូច្នេះ?

ហេតុ​អ្វី​បាន​ជា​របប​លោកីយ៍​ពី​បុរាណ​បាន​វិនាស​បាត់​ទៅ​ដូច្នេះ?

ទឹក​ជំនន់​ពេញ​ពិភព​លោក​នោះ​មិន​មែន​ជា​មហន្តរាយ​ធម្មជាតិ​ទេ។ ទឹក​ជំនន់​នោះ​គឺ​ជា​ការ​កាត់​ទោស​ពី​ព្រះ។ ព្រះ​បាន​ព្រមាន​មនុស្ស ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​បែរ​ជា​ធ្វើ​ព្រងើយ​មិន​ព្រម​ស្ដាប់​ទេ។ ហេតុ​អ្វី? ព្រះ​យេស៊ូ​មាន​បន្ទូល​ពន្យល់​ថា​៖ ​«​គឺ​មុន​ពេល​ទឹក​ជំនន់​ធំ មនុស្ស​ម្នា​តែង​តែ​នាំ​គ្នា​ស៊ី​ផឹក រៀប​ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ។ គេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ ទាល់​តែ​ទឹក​ជំនន់​ឡើង​មក​ដល់​បំផ្លាញ​គេ​អស់​ទៅ​»។—ម៉ាថាយ ២៤:៣៨, ៣៩, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

អារ្យធម៌​ដ៏​ជឿន​លឿន

អារ្យធម៌​មុន​ទឹក​ជំនន់​នោះ​មាន​លក្ខណៈ​ខ្លះ​ល្អ​ជាង​អារ្យធម៌​របស់​យើង​សព្វ​ថ្ងៃ​នេះ​ទៅ​ទៀត។ តួយ៉ាង​ដូច​ជា មនុស្ស​ទាំង​អស់​និយាយ​ភាសា​តែ​មួយ។ (​លោកុប្បត្តិ ១១:១​) ស្ថានការណ៍​នេះ​ផ្ដល់​ឲ្យ​គេ​នូវ​សមត្ថភាព​បង្កើត​សមិទ្ធិ​ផល​ជា​ច្រើន​ខាង​សិល្បៈ​និង​វិទ្យា​សាស្ត្រ ពេល​មនុស្ស​ដែល​មាន​ជំនាញ​ផ្សេង​ៗ​សហការ​គ្នា។ ម្យ៉ាង​ទៀត អាយុ​កាល​មធ្យម​ដ៏​យូរ​អង្វែង​ដែល​មនុស្ស​មាន​នៅ​សម័យ​នោះ នឹង​ហុច​ឱកាស​ឲ្យ​គេ​បន្ត​រីក​ចំរើន​ខាង​ចំណេះ​ដឹង​ដែល​គេ​បាន​ទទួល​តាំង​ពី​ប៉ុន្មាន​សតវត្ស​មុន​មក។

មនុស្ស​ខ្លះ​អះអាង​ថា អាយុ​មធ្យម​របស់​មនុស្ស​នៅ​សម័យ​នោះ​មិន​មែន​វែង​ដូច្នេះ​ទេ ហើយ​គេ​ថា​ឆ្នាំ​អាយុ​ដែល​ព្រះ​គម្ពីរ​រៀប​រាប់​នោះ តាម​ពិត​សំដៅ​ទៅ​លើ​ខែ​វិញ។ តើ​ការ​អះអាង​នេះ​ជា​ការ​ពិត​ទេ? សូម​ពិចារណា​កំណត់​ហេតុ​អំពី​លោក​ម៉ាលេលាល។ ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​ម៉ាលេលាល​អាយុ​បាន​៦៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​យ៉ារេឌ។ . . . អាយុ​ម៉ាលេលាល​ទាំង​អស់​បាន​៨៩៥​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​»។ (​លោកុប្បត្តិ ៥:១៥​-​១៧​) បើ​សិន​ជា​មួយ​ឆ្នាំ​គឺ​ស្មើ​នឹង​មួយ​ខែ​មែន នោះ​ម៉ាលេលាល​បាន​កូន​ប្រុស​មួយ​ពេល​គាត់​មាន​អាយុ​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ! តែ​នេះ​គឺ​មិន​ពិត​ដូច្នេះ​ទេ។ នៅ​សម័យ​នោះ​កម្លាំង​និង​សុខភាព​មនុស្ស​ខ្លាំង​និង​ល្អ​ដោយ​សារ​ជីវិត​របស់​គេ​រស់​ជិត​ជីវិត​គ្រប់​ល័ក្ខណ៍​របស់​អ័ដាម ជាបុរស​ទី​មួយ។ ពួក​គេ​ពិត​ជា​បាន​រស់​អស់​រាប់​សតវត្ស​មែន។ តើ​ពួក​គេ​មាន​សមិទ្ធិ​ផល​អ្វី​ខ្លះ?

រាប់​សតវត្ស​មុន​ទឹក​ជំនន់​នោះ ប្រជាជន​នៅ​លើ​ផែនដី​បាន​ចំរើន​ឡើង​ដល់​ម្ល៉េះ​ដែល​កាអ៊ីន កូន​ប្រុស​របស់​អ័ដាម​អាច​កសាង​ទី​ក្រុង​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា​អេណុក។ (​លោកុប្បត្តិ ៤:១៧​) ក្នុង​កំឡុង​សម័យ​ទាំង​ប៉ុន្មាន​មុន​ទឹក​ជំនន់ ឧស្សាហកម្ម​ជា​ច្រើន​បាន​ផុស​ឡើង។ មាន​ជាង​ដែក​ដែល​ចេះ​បង្កើត​«​គ្រប់​ទាំង​ឧបករណ៍​ធ្វើ​ពី​លង្ហិន​ឬ​ដែក​»។ (​លោកុប្បត្តិ ៤:២២, ព.ថ.​) ឧបករណ៍​ទាំង​នេះ​ទំនង​ជា​ត្រូវ​ប្រើ​សំរាប់​ការ​សាង​សង់ របរ​ជាង​ឈើ ការ​កាត់​ដេរ និង​កសិកម្ម។ ជំនាញ​ទាំង​អស់​នេះ​ត្រូវ​រៀប​រាប់​ក្នុង​កំណត់​ហេតុ​អំពី​មនុស្ស​ជំនាន់​ដើម​នៅ​លើ​ផែនដី។

ចំណេះ​វិជ្ជា​នោះ​ផ្ដល់​ឲ្យ​តំណ​បន្ត​បន្ទាប់​មក​មាន​សមត្ថភាព​បណ្ដុះ​ជំនាញ ដូច​ជា​លោហកម្ម កសិកម្ម ការ​ចិញ្ចឹម​សត្វ ការ​បង្កាត់​ពូជ​សត្វ អក្សរ​សាស្ត្រ និង​សិល្បៈ។ ជាក់​ស្តែង​ដូច​ជា​លោក​យូបាល​ដែល​ជា​«​ឪពុក​នៃ​ពួក​អ្នក​លេង​ស៊ុង​នឹង​ខ្លុយ​»។ (​លោកុប្បត្តិ ៤:២១​) អារ្យធម៌​នោះ​បាន​ជឿន​លឿន​យ៉ាង​ខ្លាំង។ ក៏​ប៉ុន្តែ អារ្យធម៌​នោះ​បាន​វិនាស​សាប​សូន្យ​ទៅ​ក្នុង​ពេល​តែ​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ។ តើ​អ្វី​បាន​កើត​ឡើង?

តើ​មាន​បញ្ហា​អ្វី?

ទោះ​ជា​សង្គម​មនុស្ស​មុន​ទឹក​ជំនន់​មាន​លក្ខណៈ​ល្អ​ៗ​ជា​ច្រើន​ក៏​ដោយ​នោះ ទី​ចាប់​ផ្ដើម​របស់​វា​គឺ​អាក្រក់​ណាស់។ អ័ដាម ដែល​ជា​អ្នក​បង្កើត​សង្គម​មនុស្ស​នោះ គឺ​ជា​អ្នក​បះ​បោរ​ប្រឆាំង​នឹង​ព្រះ។ កាអ៊ីន អ្នក​កសាង​ទី​ក្រុង​ទី​មួយ​បាន​សម្លាប់​ប្អូន​ប្រុស​គាត់​ចោល។ ដូច្នេះ គ្មាន​អ្វី​ប្លែក​ទេ​ថា សេចក្ដី​អាក្រក់​បាន​ដុះ​ដាល​យ៉ាង​លឿន! លទ្ធផល​ពី​មត៌ក​អាក្រក់​ដែល​អ័ដាម​បាន​បន្សល់​ទុក​ឲ្យ​កូន​ចៅ​របស់​គាត់ ចេះ​តែ​គរ​ឡើង​ជា​គំនរ​ៗ។—រ៉ូម ៥:១២

សេចក្ដី​អាក្រក់​នោះ​ទំនង​ជា​បាន​ឡើង​ដល់​កំពូល​ហើយ ដ្បិត​ព្រះ​យេហូវ៉ា​បាន​ដាក់​កំហិត​ថា ទ្រង់​នឹង​ប្រណី​នឹង​ស្ថានភាព​នោះ​តែ​១២០​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ (​លោកុប្បត្តិ ៦:៣​) ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ផែនដី ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ត​គេ​ក៏​សុទ្ធ​តែ​អាក្រក់​ជា​និច្ច​ដូច្នោះ។ . . . [​ផែនដី​]មាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ផង​»។—លោកុប្បត្តិ ៦:៥, ១១

ក្រោយ​មក លោក​ណូអេ​បាន​ត្រូវ​ព្រមាន​យ៉ាង​ច្បាស់​លាស់​ថា ព្រះ​នឹង​បំផ្លាញ​អស់​ទាំង​សាច់​ដោយ​ទឹក​ជំនន់​ដ៏​ធំ​មួយ។ (​លោកុប្បត្តិ ៦:១៣, ១៧​) ទោះ​ជា​លោក​ណូអេ​បាន​ធ្វើ​ជា​«​អ្នក​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត​»​ក៏​ដោយ​នោះ ជនានុជន​មុខ​ជា​ពិបាក​ជឿ​ណាស់​ថា​របប​លោកីយ៍​នៅ​ជុំ​វិញ​គេ​ជិត​មក​ទី​បញ្ចប់​ហើយ។ (​ពេត្រុស​ទី​២ ២:៥​) មាន​តែ​មនុស្ស​ប្រាំ​បី​នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្ដាប់​តាម​ការ​ព្រមាន​និង​ក្រោយ​មក​ទទួល​សេចក្ដី​សង្គ្រោះ។ (​ពេត្រុស​ទី​១ ៣:២០​) ហេតុ​អ្វី​បាន​ជា​រឿង​នេះ​មាន​សារៈ​ប្រយោជន៍​សំរាប់​យើង​នៅ​សម័យ​នេះ?

តើ​មាន​សារៈ​ប្រយោជន៍​សំរាប់​យើង​ទេ?

យើង​កំពុង​តែ​រស់​នៅ​សម័យ​ស្រដៀង​គ្នា​នឹង​សម័យ​របស់​លោក​ណូអេ​ដែរ។ ជា​ញឹក​ញាប់​យើង​ឮ​អំពី​ការ​វាយ​ប្រហារ​ភេរវកម្ម​គួរ​ឲ្យ​រន្ធត់ ការ​ប្រល័យ​ពូជ​សាសន៍ ការ​បាញ់​សម្លាប់​រង្គាល​ដោយ​គ្មាន​ហេតុ​ជាក់​ស្តែង ហើយ​និង​អំពើ​ហិង្សា​ដល់​កំរិត​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា។ ម្ដង​ទៀត ផែនដី​យើង​នេះ​បាន​ពេញ​ទៅ​ដោយ​អំពើ​ហិង្សា​ជា​ច្រើន ហើយ​ដូច​ពី​មុន​ដែរ របប​លោកីយ៍​នេះ​បាន​ត្រូវ​ព្រមាន​អំពី​ការ​ជំនុំ​ជំរះ​ដែល​ជិត​មក​ដល់​ហើយ។ ព្រះ​យេស៊ូ​អង្គ​ទ្រង់​ផ្ទាល់​បាន​មាន​បន្ទូល​ថា ព្រះ​នឹង​តែង​តាំង​ទ្រង់​ជា​ចៅ​ក្រម ហើយ​ទ្រង់​នឹង​ញែក​មនុស្ស​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល​ញែក​ចៀម​ពី​ពពែ។ មនុស្ស​ដែល​ព្រះ​យេស៊ូ​ទត​ឃើញ​ថា​មិន​គួរ​នឹង​ទទួល​ជីវិត​នោះ គេ​«​នឹង​ថយ​ទៅ មាន​ទោស​អស់​កល្ប​ជា​និច្ច​»។ (​ម៉ាថាយ ២៥:៣១​-​៣៣, ៤៦​) ក៏​ប៉ុន្តែ លើក​នេះ ព្រះ​គម្ពីរ​ចែង​ថា​នឹង​មាន​មនុស្ស​រាប់​លាន​នាក់​រួច​រស់​ជីវិត គឺ​ជា​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​ដែល​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ។ ក្នុង​របប​លោកីយ៍​ថ្មី​ដែល​ជិត​មក​ដល់​ហើយ​នោះ មនុស្ស​ទាំង​នេះ​នឹង​រីក​រាយ​ចំពោះ​ជីវិត​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ត​និង​សន្ដិសុខ​ដែល​មិន​ដែល​មាន​ពី​មុន​មក​ឡើយ។—មីកា ៤:៣, ៤; វិវរណៈ ៧:៩​-​១៧

មនុស្ស​ជា​ច្រើន​មើល​ស្រាល​ដល់​បន្ទូល​ក្នុង​ព្រះ​គម្ពីរ​និង​ការ​ព្រមាន​អំពី​ការ​ជំនុំ​ជំរះ​ដែល​នឹង​បញ្ជាក់​ថា​បន្ទូល​ក្នុង​ព្រះ​គម្ពីរ​គឺ​ជា​ការ​ពិត​មែន​នោះ។ ប៉ុន្តែ សាវ័ក​ពេត្រុស​បាន​ពន្យល់​ថា អ្នក​ដែល​សង្ស័យ​ដូច្នេះ គឺ​បិទ​ភ្នែក​មិន​ព្រម​មើល​ហេតុ​ការណ៍​ពិត​ទេ។ ពេត្រុស​បាន​សរសេរ​ថា​៖ ​«​នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក . . . ទាំង​ចំអក​ឡកឡឺយ​ថា​៖ ‹តើ​សេចក្ដី​សន្យា​ពី​ព្រះ​អង្គ​យាង​មក​នៅ​ឯ​ណា?› . . . ពីព្រោះ​គេ​ចង់​បំភ្លេច​ថា ពី​ចាស់​បុរាណ​មាន​ផ្ទៃ​មេឃ ក៏​មាន​ដី​ដុះ​ចេញ​ពី​ទឹក ហើយ​នៅ​ក្នុង​ទឹក​ផង ដោយ​សារ​ព្រះ​បន្ទូល​នៃ​ព្រះ រួច​មក​លោកីយ​ត្រូវ​ទឹក​នោះ​ជន់​លិច​បំផ្លាញ​ទៅ តែ​ផ្ទៃ​មេឃ នឹង​ផែនដី​នៅ​ជាន់​នេះ បាន​បំរុង​ទុក​ដល់​ថ្ងៃ​ជំនុំ​ជំរះ ដោយ​សារ​ព្រះ​បន្ទូល​នៃ​ទ្រង់ សំរាប់​ឲ្យ​ភ្លើង​ឆេះ​វិញ ហើយ​បំផ្លាញ​មនុស្ស​ទមិល​ល្មើស​ចេញ​»។—ពេត្រុស​ទី​២ ៣:៣​-​៧

សព្វ​ថ្ងៃ​នេះ កំពុង​តែ​មាន​ការ​ព្រមាន​ទូទាំង​ពិភព​លោក​អំពី​ថ្ងៃ​ជំនុំ​ជំរះ​ដែល​កាន់​តែ​ជិត​ដល់​ហើយ​នោះ ព្រម​ទាំង​មាន​គេ​កំពុង​តែ​ស្ដាប់​តាម​សេចក្ដី​បង្គាប់​ក្នុង​ទំនាយ​របស់​ព្រះ​យេស៊ូ ឲ្យ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​នូវ​សារ​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខ​សាន្ត​ដែល​នឹង​មក​បន្ទាប់​ពី​នោះ។ (​ម៉ាថាយ ២៤:១៤​) មនុស្ស​មិន​គួរ​មើល​ស្រាល​ដល់​ការ​ព្រមាន​នេះ​ទេ។ ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា​តែង​តែ​ធ្វើ​តាម​បន្ទូល​ទ្រង់​ជា​និច្ច។

របប​លោកីយ៍​ថ្មី​ដែល​នឹង​មក​ដល់

តើ​មនុស្សជាតិ​នឹង​មាន​អនាគត​បែប​ណា​ដោយ​គិត​អំពី​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ក្រៃ​លែង​ដែល​ជិត​កើត​ឡើង​នេះ? ព្រះ​យេស៊ូ​បាន​សន្យា​ក្នុង​ពាក្យ​ផ្ដើម​នៃ​ធម្មទាន​ដែល​ទ្រង់​ថ្លែង​លើ​ភ្នំ​នោះ​ថា​៖ ​«​មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូត​ត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​បាន​ផែនដី​ជា​មរដក​»។ ក្រោយ​នោះ​ទ្រង់​បង្រៀន​សិស្ស​របស់​ទ្រង់​ឲ្យ​អធិស្ឋាន​ទូល​ព្រះ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។ (​ម៉ាថាយ ៥:៥; ៦:១០​) ពិត​មែន​ហើយ ព្រះ​យេស៊ូ​ផ្ទាល់​បាន​បង្រៀន​ថា មនុស្ស​ស្មោះ​ត្រង់​អាច​មាន​អនាគត​ដ៏​ត្រចះ​ត្រចង់​នៅ​លើ​ផែនដី​នេះ។ ទ្រង់​បាន​សំដៅ​ទៅ​លើ​នោះ​ជា​«​គ្រា​កែ​ជា​ថ្មី​»។—ម៉ាថាយ ១៩:២៨

ដូច្នេះ ពេល​អ្នក​គិត​អំពី​អនាគត​នេះ កុំ​ឲ្យ​មនុស្ស​ដែល​ចំអក​ឡកឡឺយ​ធ្វើ​ឲ្យ​អ្នក​សង្ស័យ​ឲ្យ​សោះ​ថា ការ​ព្រមាន​របស់​ព្រះ​គឺ​មិន​ពិត​ទេ។ ប្រហែល​ជា​ពិភព​លោក​នេះ​មើល​ទៅ​ហាក់​ដូច​ជា​មាន​ស្ថិរភាព។ យើង​ក៏​ដឹង​ថា​របប​លោកីយ៍​នេះ​មាន​ប្រវត្ដិ​តាំង​ពី​យូរ​មក​ហើយ​ពិត​មែន។ ក៏​ប៉ុន្តែ យើង​មិន​ត្រូវ​ទុក​ចិត្ត​ទៅ​លើ​វា​ទេ។ របប​លោកីយ៍​របស់​មនុស្សជាតិ​នេះ​បាន​ត្រូវ​ព្រះ​កាត់​ទោស​រួច​ទៅ​ហើយ។ ដូច្នេះ ពាក្យ​បញ្ចប់​នៃ​សំបុត្រ​របស់​សាវ័ក​ពេត្រុស​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​យើង​ថា​៖

​«​ចុះ​ដែល​របស់​ទាំង​នោះ​នឹង​ត្រូវ​រលាយ​ទៅ នោះ​តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ នឹង​សេចក្ដី​គោរព​ប្រតិបត្ដិ ទាំង​ទន្ទឹង​ចាំ​ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់​ផង . . . [​អ្នក​]ដែល​ទន្ទឹង​ចាំ​សេចក្ដី​ទាំង​នោះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅ​ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្ដី​មេត្រី​ផង។ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចំរើន​ឡើង​ក្នុង​ព្រះ​គុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់ ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា​»។ (​ពេត្រុស​ទី​២ ៣:១១, ១២, ១៤, ១៨​) ដូច្នេះ ចូរ​ស្វែង​យល់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សម័យ​លោក​ណូអេ។ ចូរ​ចូល​ទៅ​ជិត​នឹង​ព្រះ។ ចូរ​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង​កាន់​តែ​ច្រើន​ទៀត​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ។ ចូរ​បណ្ដុះ​បណ្ដាល​ខ្លួន​ឲ្យ​ចេះ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ហើយ​រួម​ក្នុង​ចំណោម​មនុស្ស​រាប់​លាន​នាក់​ដែល​សម្រេច​ចិត្ត​ថា គេ​ចង់​រួច​រស់​ជីវិត​ផុត​ពី​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ ហើយ​មាន​ជីវិត​ក្នុង​របប​លោកីយ៍​ដ៏​សុខ​សាន្ត​ដែល​ជិត​មក​ដល់​នោះ។

[​រូប​ភាព​នៅ​ទំព័រ​៥​]

ធ្លាប់​មាន​ជាង​ដែក មុន​ទឹក​ជំនន់

[​រូប​ភាព​នៅ​ទំព័រ​៧​]

អ្នក​នឹង​អាច​មាន​អនាគត ដ៏​ត្រចះ​ត្រចង់