លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរតាំងចិត្តឲ្យរឹងមាំជានិច្ចក្នុងកិច្ចបំរើព្រះយេហូវ៉ា

ចូរតាំងចិត្តឲ្យរឹងមាំជានិច្ចក្នុងកិច្ចបំរើព្រះយេហូវ៉ា

ចូរ​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ជា​និច្ច​ក្នុង​កិច្ច​បំរើ​ព្រះ​យេហូវ៉ា

​«​ទូល​បង្គំ​បាន​តាំង​ចិត្ត​ជា​ស្រេច ឱ​ព្រះ​អង្គ​អើយ! ចិត្ត​ទូល​បង្គំ​បាន​តាំង​ស្រេច​ហើយ​»។—ទំនុក​ដំកើង ៥៧:៧

១. ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​អាច​មាន​ជំនឿ​ស៊ប់​ដូច​ដាវីឌ​ដែរ?

 ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ក្នុង​ជំនឿ​គ្រីស្ទាន ដើម្បី​ជួយ​យើង​បន្ត​កាន់​ខ្ជាប់​តាម​សាសនា​គ្រីស្ទាន​ពិត ក្នុង​នាម​ជា​អ្នក​ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់​ហើយ។ (​រ៉ូម ១៤:៤​) ដូច្នេះ យើង​អាច​មាន​ជំនឿ​ស៊ប់​ដូច​គ្នា​នឹង​ដាវីឌ អ្នក​សរសេរ​ទំនុក​ដំកើង​ដែល​មាន​ទឹក​ចិត្ត​ជំរុញ​ឲ្យ​ច្រៀង​ថា​៖ ​«​ឱ​ព្រះ​អង្គ​អើយ! ចិត្ត​ទូល​បង្គំ​បាន​តាំង​នៅ​មាំ​ហើយ​»។ (​ទំនុក​ដំកើង ១០៨:១​) បើ​យើង​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​នោះ ចិត្ត​យើង​នឹង​ជំរុញ​យើង​ឲ្យ​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ។ ម្យ៉ាង​ទៀត ដោយ​ពឹង​ពាក់​ទៅ​លើ​ព្រះ​សំរាប់​ការ​ណែនាំ​និង​កម្លាំង​ចិត្ត នោះ​យើង​ពិត​ជា​អាច​តាំង​ចិត្ត​ឲ្យ​រឹង​មាំ និង​ឥត​រង្គើ​ក្នុង​ជំនឿ​យើង ហើយ​ជា​អ្នក​ស្មោះ​ត្រង់​ដែល​«​ធ្វើ​ការ​ព្រះ​អម្ចាស់ ឲ្យ​បរិបូរ​ជា​ដរាប​»។—កូរិនថូស​ទី​១ ១៥:៥៨

២, ៣. ការ​ដាស់​តឿន​របស់​ប៉ុល​នៅ​កូរិនថូស​ទី​១ ១៦:១៣ តើ​បាន​ន័យ​យ៉ាង​ដូច​ម្ដេច?

សាវ័ក​ប៉ុល​បាន​ដាស់​តឿន​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​នៅ​ទី​ក្រុង​កូរិនថូស​ពី​បុរាណ ហើយ​ការ​ដាស់​តឿន​នោះ​ក៏​មាន​ប្រយោជន៍​សំរាប់​ជន​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ដែរ។ ប៉ុល​បាន​ដាស់​តឿន​គេ​ថា​៖ ​«​ចូរ​ចាំ​យាម ចូរ​ឈរ​ឲ្យ​មាំ​មួន​ក្នុង​សេចក្ដី​ជំនឿ ចូរ​ប្រព្រឹត្ត​ឲ្យ​ពេញ​ជា​ភាព​បុរស ចូរ​ឲ្យ​មាន​កំឡាំង[​«​មាំ​មួន​ឡើង​»​, ព.ថ.​]ចុះ!​»។ (​កូរិនថូស​ទី​១ ១៦:១៣​) ក្នុង​ភាសា​ក្រិច សេចក្ដី​ទូន្មាន​និមួយ​ៗ​ក្នុង​ខ​នេះ បញ្ជាក់​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅ​បច្ចុប្បន្នកាល​និង​អនាគត​ខាង​មុខ។ តើ​ការ​ដាស់​តឿន​នេះ​មាន​ន័យ​ដូច​ម្ដេច​ទៅ?

យើង​អាច​នៅ​«​ចាំ​យាម​»​ខាង​វិញ្ញាណ ដោយ​ប្រឆាំង​អារក្ស និង​ដោយ​រក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ។ (​យ៉ាកុប ៤:៧, ៨​) ការ​ពឹង​ពាក់​ទៅ​លើ​ព្រះ​យេហូវ៉ា​រមែង​ផ្ដល់​ឲ្យ​យើង​នូវ​សមត្ថភាព​រក្សា​សាមគ្គី​ភាព​រវាង​គ្នា​នឹង​គ្នា ហើយ​ជួយ​យើង‹ឈរ​មាំ​មួន​ក្នុង​ជំនឿ​គ្រីស្ទាន›។ យើង​ទាំង​អស់​គ្នា រួម​ទាំង​បង​ប្អូន​ស្រី​ជា​ច្រើន​នាក់​ក្នុង​ចំណោម​យើង​ផង​ដែរ អាច​«​ប្រព្រឹត្ត​ឲ្យ​ពេញ​ជា​ភាព​បុរស​»​ដោយ​បំរើ​ព្រះ​យ៉ាង​ក្លាហាន​ក្នុង​ការ​ប្រកាស​ប្រាប់​សារ​ព្រះ​រាជាណាចក្រ។ (​ទំនុក​ដំកើង ៦៨:១១​) យើង‹មាន​កំឡាំង​មាំ​មួន​ឡើង›ដោយ​ពឹង​ពាក់​ព្រះ​វរបិតា​សួគ៌ា​របស់​យើង​ជា​និច្ច​សំរាប់​កម្លាំង​ចិត្ត​ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់។—ភីលីព ៤:១៣

៤. ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​គ្រីស្ទាន តើ​យើង​ត្រូវ​ធ្វើ​តាម​ជំហាន​អ្វី​ខ្លះ?

យើង​បាន​បង្ហាញ​ថា​យើង​គាំទ្រ​ជំនឿ​ពិត ពេល​យើង​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​មិន​ទើស​ទាល់​ក្នុង​ចិត្ត និង​បាន​បង្ហាញ​ពី​ការ​ថ្វាយ​ខ្លួន​នោះ​ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ប៉ុន្តែ តើ​យើង​បាន​ធ្វើ​តាម​ជំហាន​អ្វី​ខ្លះ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក? មុន​បង្អស់ យើង​បាន​ក្រេប​ជញ្ជក់​នូវ​ចំណេះ​ត្រឹម​ត្រូវ​ពី​ព្រះ​បន្ទូល​របស់​ព្រះ។ (​យ៉ូហាន ១៧:៣​) នេះ​បាន​បង្កើត​ជំនឿ​ក្នុង​ចិត្ត​យើង​ដែល​ជំរុញ​យើង​ឲ្យ​ប្រែ​ចិត្ត និង​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​អំពើ​បាប​ដែល​យើង​ធ្លាប់​ប្រព្រឹត្ត​ពី​អតីតកាល។ (​កិច្ច​ការ ៣:១៩; ហេព្រើរ ១១:៦​) ក្រោយ​មក យើង​បាន​ផ្លាស់​ប្រែ​គន្លង​ជីវិត ដ្បិត​យើង​បាន​លះ​ចោល​ការ​ប្រព្រឹត្ត​ដ៏​ខុស​ឆ្គង ដើម្បី​រស់​នៅ​សម​ស្រប​ទៅ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ (​រ៉ូម ១២:២; អេភេសូរ ៤:២៣, ២៤​) បន្ត​បន្ទាប់​មក យើង​បាន​ថ្វាយ​ខ្លួន​អស់​ពី​ចិត្ត​ចំពោះ​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​អធិស្ឋាន។ (​ម៉ាថាយ ១៦:២៤; ពេត្រុស​ទី​១ ២:២១​) យើង​បាន​សុំ​ព្រះ​ផ្ដល់​ឲ្យ​យើង​នូវ​មនសិការ​ជ្រះ​ថ្លា ហើយ​យើង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដើម្បី​បង្ហាញ​ពី​ការ​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់។ (​ពេត្រុស​ទី​១ ៣:២១​) ការ​ចាំ​មិន​ភ្លេច​នូវ​ជំហាន​ទាំង​ប៉ុន្មាន​នេះ​នឹង​ជួយ​យើង​បន្ត​ផ្ចង់​ចិត្ត​ទៅ​លើ​ភាព​ចាំ​បាច់​នៃ​ការ​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​របស់​យើង និង​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ជា​និច្ច​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា។

ចូរ​បន្ត​ស្វែង​រក​ចំណេះ​ពិត

៥. ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​បន្ត​ក្រេប​ជញ្ជក់​ចំណេះ​ពី​ព្រះ​គម្ពីរ?

ដើម្បី​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ យើង​ត្រូវ​បន្ត​ក្រេប​ជញ្ជក់​ចំណេះ​ពី​ព្រះ​គម្ពីរ​ដែល​ជួយ​ពង្រឹង​ជំនឿ​របស់​យើង។ នៅ​ដើម​ដំបូង ពេល​យើង​ទើប​តែ​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ នោះ​យើង​សប្បាយ​ជា​ទី​បំផុត​ពេល​យើង​ទទួល​អាហារ​ខាង​វិញ្ញាណ! (​ម៉ាថាយ ២៤:៤៥​-​៤៧​) បើ​ប្រៀប​ចំណេះ​នេះ​ទៅ​នឹង​«​អាហារ​»​វិញ នោះ​គឺ​ឈ្ងុយ​ឆ្ងាញ់​ណាស់ ហើយ​ពេញ​ទៅ​ដោយ​គុណ​ប្រយោជន៍​ខាង​វិញ្ញាណ​សំរាប់​យើង។ ឥឡូវ​នេះ យើង​ត្រូវ​បន្ត​ក្នុង​ការ​ទទួល​អាហារ​ខាង​វិញ្ញាណ​ដែល​ពោរ​ពេញ​ទៅ​ដោយ​គុណ​ប្រយោជន៍​នេះ​ដោយ​ខាន​ពុំ​បាន ដើម្បី​ជួយ​យើង​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ជា​និច្ច​ក្នុង​នាម​ជា​អ្នក​បំរើ​ព្រះ​ដែល​បាន​ថ្វាយ​ខ្លួន។

៦. តើ​អ្នក​ប្រហែល​ជា​បាន​ត្រូវ​ជួយ​តាម​របៀប​ណា​ខ្លះ ដើម្បី​ឲ្យ​មាន​កតញ្ញូ​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សេចក្ដី​ពិត?

យើង​ត្រូវ​ខិត​ខំ​ព្យាយាម​ដើម្បី​ចំរើន​ចំណេះ​របស់​យើង​ខាង​ព្រះ​គម្ពីរ។ នេះ​គឺ​ដូច​ជា​ការ​ប្រឹង​ប្រែង​សង្វាត​រក​កំណប់​ទ្រព្យ។ ប៉ុន្តែ ពេល​យើង​រក​ឃើញ​នូវ​«​សេចក្ដី​ស្គាល់​ដល់​ព្រះ​»​ នោះ​ធ្វើ​ឲ្យ​យើង​សប្បាយ​ម្ល៉េះ​ទេ! (​សុភាសិត ២:១​-​៦​) ពេល​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​ធ្លាប់​បង្រៀន​អ្នក​អំពី​ព្រះ​គម្ពីរ​នោះ គាត់​ប្រហែល​ជា​ធ្លាប់​ប្រើ​សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច។ គាត់​ប្រហែល​ជា​បាន​ចំណាយ​ពេល​ជា​ច្រើន​ជា​មួយ​អ្នក ដើម្បី​ពិគ្រោះ​ជំពូក​និមួយ​ៗ​ក៏​មិន​ដឹង ហើយ​ជួន​ណា​ត្រូវ​ការ​ពីរ​បី​លើក​ដើម្បី​បង្ហើយ​មេ​រៀន​តែ​មួយ​ប៉ុណ្ណោះ។ អ្នក​បាន​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន ពេល​អ្នក​អាន​និង​ពិភាក្សា​នូវ​ខ​គម្ពីរ​ក្នុង​មេ​រៀន​និមួយ​ៗ។ បើ​មាន​ចំណុច​ណា​មួយ​ដែល​អ្នក​ពិបាក​យល់ នោះ​គាត់​បាន​ពន្យល់​អ្នក។ បុគ្គល​ដែល​បាន​បង្រៀន​អ្នក​អំពី​ព្រះ​គម្ពីរ​បាន​រៀបចំ​យ៉ាង​ល្អ បាន​អធិស្ឋាន​សុំ​វិញ្ញាណ​របស់​ព្រះ ថែម​ទាំង​បាន​ជួយ​អ្នក​បណ្ដុះ​ឲ្យ​មាន​កតញ្ញូ​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ចិត្ត​ចំពោះ​សេចក្ដី​ពិត។

៧. តើ​អ្វី​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​មាន​លក្ខណៈ​គ្រប់​គ្រាន់ ដើម្បី​បង្រៀន​សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ដល់​អ្នក​ឯ​ទៀត?

ការ​ព្យាយាម​នេះ​គឺ​សមរម្យ​មែន ដ្បិត​ប៉ុល​បាន​សរសេរ​ថា​៖ ​«​អ្នក​ដែល​ទទួល​ការ​អប់រំ​ខាង​ព្រះ​បន្ទូល ត្រូវ​យក​អ្វី​ៗ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​មាន​មួយ​ចំណែក​មក​ចែក​ដល់​អ្នក​ដែល​អប់រំ​ខ្លួន​នោះ​ផង​»។ (​កាឡាទី ៦:៦, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) ក្នុង​ភាសា​ក្រិច ខ​នេះ​បញ្ជាក់​ឲ្យ​ដឹង​ថា សេចក្ដី​បង្រៀន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​បាន​ត្រូវ​ផ្ដិត​ជាប់​ក្នុង​ចិត្ត​គំនិត​របស់​បុគ្គល​ដែល​កំពុង​តែ​«​ទទួល​ការ​អប់រំ​»​នោះ។ ដោយ​សារ​អ្នក​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​បែប​នេះ អ្នក​នឹង​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត។ (​កិច្ច​ការ ១៨:២៥​) ដើម្បី​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​របស់​អ្នក​យ៉ាង​ស្មោះ​ត្រង់ អ្នក​ត្រូវ​បំពេញ​បំប៉ន​សុខភាព​ខាង​វិញ្ញាណ​របស់​អ្នក និង​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ជា​និច្ច​តាម​រយៈ​ការ​បន្ត​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ។—ធីម៉ូថេ​ទី​១ ៤:១៣; ទីតុស ១:១៣; ២:២

ចូរ​ចាំ​មិន​ភ្លេច​នូវ​ពេល​ដែល​អ្នក​បាន ប្រែ​ចិត្ត​និង​ផ្លាស់​ប្រែ​គន្លង​ជីវិត

៨. តើ​យើង​អាច​មាន​កិរិយា​ប្រព្រឹត្ត​ដែល​សព្វ​ព្រះ​ហឫទ័យ​របស់​ព្រះ​ដោយ​ធ្វើ​ដូច​ម្ដេច?

ពេល​អ្នក​បាន​រៀន​សេចក្ដី​ពិត​នេះ អ្នក​បាន​ប្រែ​ចិត្ត និង​អ្នក​មាន​អារម្មណ៍​ថា​ព្រះ​បាន​អត់​ឱន​ទោស​អ្នក​ដោយ​សារ​ជំនឿ​របស់​អ្នក​ទៅ​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​នោះ នេះ​បាន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល​មែន​ទែន តើ​អ្នក​នៅ​ចាំ​ទេ? (​ទំនុក​ដំកើង ៣២:១​-​៥; រ៉ូម ៥:៨; ពេត្រុស​ទី​១ ៣:១៨​) អ្នក​ច្បាស់​ជា​មិន​ចង់​ដើរ​តាម​គន្លង​ចាស់​ជា​អ្នក​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ទេ។ (​ពេត្រុស​ទី​២ ២:២០​-​២២​) ក្នុង​ចំណោម​អ្វី​ៗ​ដែល​ជួយ​អ្នក​សម្រេច​គោល​បំណង​នេះ​សេចក្ដី​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ជា​ទៀង​ទាត់ នឹង​ជួយ​អ្នក​មាន​កិរិយា​ប្រព្រឹត្ត​ដែល​សព្វ​ព្រះ​ហឫទ័យ​ព្រះ នឹង​ជួយ​អ្នក​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន ហើយ​ក៏​នឹង​ជួយ​អ្នក​បន្ត​បំរើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​ដែរ។—ពេត្រុស​ទី​២ ៣:១១, ១២

៩. ក្រោយ​យើង​បាន​លះ​ចោល​អំពើ​បាប​រួច​ហើយ តើ​យើង​ត្រូវ​ដើរ​តាម​ផ្លូវ​ណា​វិញ?

ដោយ​សារ​អ្នក​បាន​លះ​ចោល​យ៉ាង​ជ្រះ​ស្រឡះ​នូវ​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​រួច​ទៅ​ហើយ​នោះ ចូរ​បន្ត​សុំ​ជំនួយ​ពី​ព្រះ​ដើម្បី​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ជា​និច្ច។ នេះ​ប្រៀប​ដូច​ជា​អ្នក​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខុស តែ​ក្រោយ​មក​បាន​មើល​ផែនទី​ដ៏​ល្អ​មួយ ហើយ​អ្នក​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រូវ​វិញ។ កុំ​ឲ្យ​ខ្លួន​វង្វេង​ផ្លូវ​ម្ដង​ទៀត​ឲ្យ​សោះ ក្រោយ​អ្នក​បាន​រក​ឃើញ​ផ្លូវ​ត្រូវ​ហើយ​នោះ។ ចូរ​បន្ត​ពឹង​ពាក់​ទៅ​លើ​ការ​ណែនាំ​របស់​ព្រះ ហើយ​តាំង​ចិត្ត​ដើរ​ជា​រៀង​រហូត​តាម​ផ្លូវ​ទៅ​ឯ​ជីវិត។—អេសាយ ៣០:២០, ២១; ម៉ាថាយ ៧:១៣, ១៤

ចូរ​អ្នក​ចាំ​ជាប់​ក្នុង​គំនិត​នូវ​គ្រា​ដែល​អ្នក​ថ្វាយ​ខ្លួន​និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក

១០. តើ​យើង​ត្រូវ​នឹក​ចាំ​គោល​ចំណុច​អ្វី​ខ្លះ​ស្តី​ពី​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ?

១០ ចូរ​នឹក​ចាំ​ថា អ្នក​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​តាម​រយៈ​សេចក្ដី​អធិស្ឋាន ដោយ​មាន​បំណង​បំរើ​ទ្រង់​យ៉ាង​ស្មោះ​ត្រង់​ជា​និច្ច។ (​យូដាស ២០, ២១​) ការ​ថ្វាយ​ខ្លួន​តំណាង​ការ​ញែក​ទុក​ដោយ​ឡែក ឬ​ក៏​ការ​រើស​ចេញ​សំរាប់​គោល​បំណង​ដ៏​ពិសិដ្ឋ​មួយ។ (​លេវីវិន័យ ១៥:៣១; ២២:២​) ការ​ថ្វាយ​ខ្លួន​របស់​អ្នក​មិន​មែន​ជា​កិច្ច​សន្យា​បណ្ដោះ​អាសន្ន ឬ​ក៏​កិច្ច​សន្យា​ជា​មួយ​មនុស្ស​ទេ។ នេះ​ជា​ការ​ថ្វាយ​ខ្លួន​មួយ​ដង​ជា​ស្រេច​ចំពោះ​ព្រះ​មហា​ក្សត្រ​សកល​លោក ហើយ​ការ​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​តម្រូវ​ឲ្យ​រក្សា​នូវ​ភក្ដី​ភាព​ចំពោះ​ព្រះ​អស់​មួយ​ជីវិត។ ពិត​មែន​ហើយ ‹ទោះ​រស់​ឬ​ស្លាប់​ក្ដី យើង​ជា​របស់​ផង​ព្រះ​យេហូវ៉ា›។ (​រ៉ូម ១៤:៧, ៨​) សុភមង្គល​របស់​យើង​អាស្រ័យ​លើ​យើង​ចុះ​ចូល​នឹង​ព្រះ​ហឫទ័យ​ទ្រង់ និង​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ជា​និច្ច​ដើម្បី​បំរើ​ទ្រង់។

១១. ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ត្រូវ​ចាំ​ជាប់​ក្នុង​គំនិត​នូវ​គ្រា​ដែល​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក? និង​ហេតុ​អ្វី​បាន​ជា​ត្រូវ​ចាំ​ពី​សារៈ​សំខាន់​នៃ​បុណ្យ​ជ្រមុជ​ទឹក​នោះ​ដែរ?

១១ ចូរ​ចាំ​មិន​ភ្លេច​ពី​ពេល​ដែល​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដើម្បី​បង្ហាញ​ពី​ការ​ថ្វាយ​ខ្លួន​អស់​ពី​ចិត្ត​ចំពោះ​ព្រះ។ គ្មាន​អ្នក​ណា​បង្ខំ​អ្នក​ទេ អ្នក​បាន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ ឥឡូវ តើ​អ្នក​មាន​ឆន្ទៈ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​អស់​មួយ​ជីវិត​ទេ? អ្នក​បាន​សុំ​ព្រះ​ផ្ដល់​ឲ្យ​អ្នក​នូវ​មនសិការ​ជ្រះ​ថ្លា ហើយ​អ្នក​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដើម្បី​បង្ហាញ​ពី​ការ​ថ្វាយ​ខ្លួន​អ្នក​ចំពោះ​ទ្រង់។ បើ​អ្នក​រក្សា​មនសិការ​ជ្រះ​ថ្លា​នោះ​ជា​និច្ច ដោយ​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន នោះ​ព្រះ​ពរ​នៃ​ព្រះ​យេហូវ៉ា​និង​ស្ថិត​នៅ​លើ​អ្នក​ជា​និរន្តរ៍។—សុភាសិត ១០:២២

ឆន្ទៈ​របស់​អ្នក​មាន​សារៈ​សំខាន់​ណាស់​ក្នុង​រឿង​នេះ

១២, ១៣. តើ​ដូច​ម្ដេច​ដែល​ឆន្ទៈ​របស់​យើង​ជាប់​ទាក់​ទង​នឹង​ការ​ថ្វាយ​ខ្លួន​និង​បុណ្យ​ជ្រមុជ​ទឹក?

១២ ការ​ថ្វាយ​ខ្លួន​និង​បុណ្យ​ជ្រមុជ​ទឹក​បាន​ផ្ដល់​ប្រយោជន៍​ល្អ​ប្រពៃ​ដល់​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ផែនដី។ ពេល​យើង​បង្ហាញ​ពី​ការ​ថ្វាយ​ខ្លួន​ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក គឺ​ប្រៀប​ដូច​ជា​យើង​ស្លាប់​ពី​គន្លង​ជីវិត​ចាស់​របស់​យើង។ តែ​ឆន្ទៈ​របស់​យើង​មិន​បាន​ស្លាប់​ឡើយ។ តាម​ពិត​ទៅ ដោយ​សារ​យើង​ជា​អ្នក​ជឿ​ដែល​បាន​ត្រូវ​បង្ហាត់​បង្រៀន​ត្រឹម​ត្រូវ​នោះ យើង​បាន​ប្រើ​ឆន្ទៈ​របស់​យើង​ពេល​យើង​សម្រេច​ចិត្ត​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​តាម​រយៈ​សេចក្ដី​អធិស្ឋាន និង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ការ​ថ្វាយ​ខ្លួន​និង​បុណ្យ​ជ្រមុជ​ទឹក​តម្រូវ​ឲ្យ​យើង​ស្វែង​យល់​នូវ​ព្រះ​ហឫទ័យ​របស់​ព្រះ ហើយ​មាន​ឆន្ទៈ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នោះ។ (​អេភេសូរ ៥:១៧​) ដោយ​ប្រព្រឹត្ត​យ៉ាង​នេះ យើង​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ដែល​បាន​ប្រើឆន្ទៈ​ទ្រង់ ពេល​ទ្រង់​ឈប់​ប្រកប​មុខ​របរ​ជា​ជាង​ឈើ ទ្រង់​ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​បាន​ប្រគល់​អង្គ​ទ្រង់​ទាំង​មូល​ថ្វាយ​ព្រះ ដើម្បី​បំពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា​សួគ៌ា​របស់​ទ្រង់។—ទំនុក​ដំកើង ៤០:៧, ៨; យ៉ូហាន ៦:៣៨​-​៤០

១៣ ព្រះ​យេហូវ៉ា​មាន​គោល​បំណង​ឲ្យ​ព្រះ​រាជបុត្រា​របស់​ទ្រង់​«​បាន​គ្រប់​ល័ក្ខណ៍​ដោយ​រង​ទុក្ខ​លំបាក​»។ ដូច្នេះ ព្រះ​យេស៊ូ​ត្រូវ​ប្រើ​ឆន្ទៈ​របស់​ទ្រង់​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ទាំង​នេះ​យ៉ាង​ស្មោះ​ត្រង់។ ដើម្បី​ធ្វើ​ដូច្នេះ ព្រះ​យេស៊ូ​បាន​«​ពោល​ពាក្យ​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក . . . [​ហើយ​]ដោយ​ព្រោះ​ទ្រង់​កោត​ខ្លាច បាន​ជា​ព្រះ​ព្រម​ទទួល​ទ្រង់​»។ (​ហេព្រើរ ២:១០, ១៨; ៥:៧, ៨​) បើ​យើង​មាន​ចិត្ត​កោត​ខ្លាច​ដល់​ព្រះ​ដូច​ព្រះ​យេស៊ូ​ដែរ យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​«​ព្រម​ទទួល​»​សេចក្ដី​អធិស្ឋាន​របស់​យើង ហើយ​ក៏​អាច​មាន​ជំនឿ​ស៊ប់​ថា​ទ្រង់​នឹង​ជួយ​យើង​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ជា​ស្មរ​បន្ទាល់​របស់​ទ្រង់​ដែល​បាន​ថ្វាយ​ខ្លួន​ហើយ។—អេសាយ ៤៣:១០

អ្នក​អាច​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​បាន

១៤. ហេតុ​អ្វី​យើង​ត្រូវ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ?

១៤ តើ​អ្វី​អាច​ជួយ​អ្នក​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ហើយ​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ? ចូរ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ដោយមាន​គោល​បំណង​ចង់​ក្រេប​ជញ្ជក់​ចំណេះ​រឹត​តែ​ច្រើន​ពី​ព្រះ​បន្ទូល​របស់​ព្រះ។ នេះ​ជា​ទង្វើ​មួយ​ដែល‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›លើក​ទឹក​ចិត្ត​ឲ្យ​យើង​ធ្វើ​ជា​និច្ច។ ក្រុម​អ្នក​បំរើ​ជូន​ឱវាទ​នេះ ពីព្រោះ​ការ​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​របស់​យើង តម្រូវ​ឲ្យ​យើង​ដើរ​តាម​សេចក្ដី​ពិត​របស់​ព្រះ​ជា​និច្ច។ បើ​អង្គការ​របស់​ព្រះ​យេហូវ៉ា​មាន​បំណង​បង្រៀន​សេចក្ដី​មិន​ពិត​ដោយ​ចេតនា​នោះ គេ​នឹង​មិន​លើក​ទឹក​ចិត្ត​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​និង​អ្នក​ដែល​គេ​ជួប​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ឲ្យ​អាន​ព្រះ​គម្ពីរ​ទេ។

១៥. (​ក​) ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ តើ​យើង​ត្រូវ​គិត​ថ្លឹង​ថ្លែង​អំពី​អ្វី? (​ខ​) ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា ការ​រក​ស៊ី​ជា​ការ​ងារ​បន្ទាប់​បន្សំ​សំរាប់​ជន​គ្រីស្ទាន?

១៥ ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត យើង​ត្រូវ​គិត​ថ្លឹង​ថ្លែង​ឲ្យ​បាន​ដិត​ដល់​អំពី​របៀប​ដែល​ការ​សម្រេច​ចិត្ត​នោះ​អាច​ប៉ះ​ពាល់​ទៅ​លើ​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​ប្រហែល​ជា​ទាក់​ទង​នឹង​ការ​ងារ​ធ្វើ​របស់​អ្នក។ តើ​អ្នក​ខិត​ខំ​ប្រកប​ការ​ងារ​ដែល​អាច​ជួយ​អ្នក​ចំរើន​ការ​ថ្វាយ​បង្គំ​ពិត​បាន​ទេ? ទោះ​បី​ជា​ទូទៅ​និយោជក​ឃើញ​ថា ជន​គ្រីស្ទាន​ជា​បុគ្គលិក​ដែល​គេ​អាច​ទុក​ចិត្ត​បាន ហើយ​ជា​អ្នក​ព្យាយាម​ធ្វើ​ការ​ក៏​ដោយ និយោជក​នោះ​ក៏​កត់​សម្គាល់​ថា ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​គ្មាន​ម​ហ្ឆិ​តា​ចង់​ធ្វើ​ជា​អ្នក​រក​ស៊ីធំ​ដុំ​ក្នុង​លោកីយ៍​នេះ​ទេ ហើយ​គេ​មិន​ប្រកួត​ប្រជែង​នឹង​អ្នក​ឯ​ទៀត​ដើម្បី​ឡើង​ឋានៈ​និង​ដើម្បី​បាន​ផល​ប្រយោជន៍​ច្រើន​បំផុត​ដែរ។ នេះ​គឺ​ដោយ​សារ​គោល​បំណង​របស់​ស្មរ​បន្ទាល់​គឺ​មិន​មែន​ជា​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ ការ​មាន​ឈ្មោះ​ល្បី​រន្ទឺ មុខ​មាត់​ធំ ឬ​ក៏​អំណាច​ទេ។ សំរាប់​អស់​អ្នក​ដែល​កំពុង​តែ​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ អ្វី​ដ៏​សំខាន់​បំផុត​គឺ​ជា​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​វិញ។ ការ​ងារ​ធ្វើ​ដែល​អាច​ជួយ​គេ​ចិញ្ចឹម​ជីវិត​របស់​គេ គឺ​ជា​ការ​ងារ​បន្ទាប់​បន្សំ​ទេ។ ដូច​គ្នា​នឹង​សាវ័ក​ប៉ុល​ដែរ ការ​ងារ​ចំបង​របស់​ពួក​គេ​គឺ​ជា​កិច្ច​បំរើ​គ្រីស្ទាន។ (​កិច្ច​ការ ១៨:៣, ៤; ថែស្សាឡូនីច​ទី​២ ៣:៧, ៨; ធីម៉ូថេ​ទី​១ ៥:៨​) តើ​អ្នក​ទុក​ព្រះ​រាជាណាចក្រ​ជា​អាទិភាព​ក្នុង​ជីវិត​របស់​អ្នក​ឬ​ទេ?—ម៉ាថាយ ៦:២៥​-​៣៣

១៦. បើ​ការ​ខ្វល់​ខ្វាយ​ធ្វើ​ឲ្យ​យើង​ពិបាក​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា?

១៦ បុគ្គល​ខ្លះ​ប្រហែល​ជា​មាន​កង្វល់​ផ្សេង​ៗ​ច្រើន​យ៉ាង​ណាស់ មុន​ដែល​គេ​រៀន​នូវ​សេចក្ដី​ពិត។ ប៉ុន្តែ ចិត្ត​គេ​បាន​ពេញ​ទៅ​ដោយ​អំណរ កតញ្ញូ​ធម៌ និង​សេចក្ដី​ស្រឡាញ់​ជា​ច្រើន​ណាស់​ចំពោះ​ព្រះ ពេល​គេ​ចាប់​ផ្ដើម​មាន​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​រាជាណាចក្រ​ផ្ដល់​មក​នោះ។ បើ​គេ​ជញ្ជឹង​គិត​អំពី​ពរ​ដែល​គេ​បាន​ទទួល​តាំង​តែ​ពី​ពេល​នោះ​មក នេះ​ប្រហែល​ជា​នឹង​ជួយ​គេ​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា។ ចុះ​យ៉ាង​ណា​បើ​ការ​ខ្វល់​ខ្វាយ​ចំពោះ​បញ្ហា​ផ្សេង​ៗ​នៃ​ជីវិត​ក្នុង​របប​លោកីយ៍​នេះ​កំពុង​តែ​រឹត​រួប​ខ្ទប់​«​ព្រះ​បន្ទូល​»​ ដូច​ជា​បន្លា​រួប​ខ្ទប់​ពន្លក​មិន​ឲ្យ​លូត​លាស់​ឡើង​បញ្ចេញ​ផល​នោះ? (​លូកា ៨:៧, ១១, ១៤; ម៉ាថាយ ១៣:២២; ម៉ាកុស ៤:១៨, ១៩​) បើ​អ្នក​គិត​ថា​នេះ​កំពុង​តែ​កើត​ឡើង​ដល់​អ្នក​ឬ​ក៏​ក្រុម​គ្រួសារ​របស់​អ្នក នោះ​ចូរ​ផ្ទេរ​បន្ទុក​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា និង​អធិស្ឋាន​សុំ​ទ្រង់​ជួយ​អ្នក​ចំរើន​នូវ​សេចក្ដី​ស្រឡាញ់​និង​កតញ្ញូ​ធម៌​របស់​អ្នក។ បើ​អ្នក​ផ្ទេរ​បន្ទុក​អ្នក​ទៅ​លើ​ទ្រង់ ទ្រង់​នឹង​គាំទ្រ​អ្នក​ហើយ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​អ្នក​តាំង​ចិត្ត​រឹង​មាំ​ដោយ​អំណរ​ជា​និច្ច​ក្នុង​កិច្ច​បំរើ​ទ្រង់។—ទំនុក​ដំកើង ៥៥:២២; ភីលីព ៤:៦, ៧; វិវរណៈ ២:៤

១៧. តើ​យើង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដ៏​ធំ​លើស​លប់​តាម​របៀប​ណា?

១៧ ចូរ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ជា​ទៀង​ទាត់ ដូច​ជា​អ្នក​ធ្លាប់​ធ្វើ​ពេល​អ្នក​បាន​ទូល​ប្រាប់​ទ្រង់​ថា អ្នក​ចង់​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់។ (​ទំនុក​ដំកើង ៦៥:២​) ពេល​មាន​ការ​ល្បួង​ឲ្យ​យើង​ធ្វើ​អំពើ​ខុស​ឆ្គង ឬ​មួយ​ក៏​យើង​កំពុង​តែ​ប្រឈម​មុខ​និង​ការ​ពិបាក​ណា​មួយ​នោះ ចូរ​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ និង​សុំ​ជំនួយ​ពី​ទ្រង់​ដើម្បី​ប្រព្រឹត្ត​តាម​ការ​ណែនាំ​នោះ។ ចូរ​ចាំ​មិន​ភ្លេច​ថា អ្នក​ត្រូវ​ការ​ជំនឿ ដ្បិត​យ៉ាកុប​បាន​សរសេរ​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា[​ជា​ការ​ចេះ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​មួយ​] មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ។ តែ​ត្រូវ​ឲ្យ​អ្នក​នោះ​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ទាំង​រំពើក​ចុះ​ឡើង។ កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះ​អម្ចាស់​ឡើយ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​២ ចេះ​តែ​សាវ៉ា​ក្នុង​គ្រប់​ទាំង​ផ្លូវ​»។ (​យ៉ាកុប ១:៥​-​៨​) បើ​ទុក្ខ​លំបាក​ណា​មួយ​មើល​ទៅ​ដូច​ជា​ធំ​លើស​លប់​នោះ យើង​អាច​ជឿ​ជាក់​ទៅ​លើ​បន្ទូល​ដែល​ថា​៖ ​«​គ្មាន​សេចក្ដី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ល្បួង ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ។ រីឯ​ព្រះ​ទ្រង់​ក៏​ស្មោះ​ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន​»។—កូរិនថូស​ទី​១ ១០:១៣

១៨. បើ​យើង​កំពុង​តែ​លាក់​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​ខ្សោយ​មិន​អាច​តាំង​ចិត្ត​ធ្វើ​តាម​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា តើ​យើង​អាច​ធ្វើ​យ៉ាង​ណា?

១៨ ចុះ​យ៉ាង​ណា បើ​អ្នក​កំពុង​តែ​លាក់​អំពើ​បាប​ធ្ងន់​ធ្ងរ​មួយ ហើយ​មនសិការ​កំពុង​តែ​ធ្វើ​ទុក្ខ​ដល់​អ្នក ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ទន់​ខ្សោយ​មិន​អាច​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​របស់​អ្នក​បាន​នោះ? បើ​អ្នក​ប្រែ​ចិត្ត អ្នក​អាច​មាន​ទឹក​ចិត្ត​វិញ​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​«​មិន​មើល​ងាយ​ចំពោះ​ចិត្តខ្ទេច​ខ្ទាំ​»​របស់​អ្នក​ទេ។ (​ទំនុក​ដំកើង ៥១:១៧​) ចូរ​សុំ​ជំនួយ​ពី​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ពីព្រោះ​ពួក​គាត់​ស្រឡាញ់​អ្នក ដោយ​ដឹង​ថា​ពួក​គាត់​នឹង​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា ថែម​ទាំង​មិន​មើល​ងាយ​ដល់​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​អ្នក ដែល​ចង់​ផ្សះ​ផ្សា​ទំនាក់​ទំនង​ជា​មួយ​ព្រះ​វរបិតា​សួគ៌ា​របស់​អ្នក។ (​ទំនុក​ដំកើង ១០៣:១០​-​១៤; យ៉ាកុប ៥:១៣​-​១៥​) ហើយ​ដោយ​មាន​កម្លាំង​ចិត្ត​ខាង​វិញ្ញាណ​ជា​ថ្មី​វិញ និង​ដោយ​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​នោះ អ្នក​នឹង​អាច​តម្រង់​ផ្លូវ​ឲ្យ​ត្រង់​សំរាប់​ជើង​អ្នក ថែម​ទាំង​ជួយ​អ្នក​ឲ្យ​មាន​សមត្ថភាព​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​របស់​អ្នក​ចំពោះ​ព្រះ។—ហេព្រើរ ១២:១២, ១៣

ចូរ​បន្ត​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ក្នុង​កិច្ច​បំរើ

១៩, ២០. ហេតុ​អ្វី​បាន​ជា​ការ​បន្ត​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​របស់​យើង​មាន​សារៈ​សំខាន់​ដូច្នេះ?

១៩ ក្នុង​គ្រា​ដ៏​លំបាក​នេះ យើង​ត្រូវ​ប្រឹង​ប្រែង​ពុះ​ពារ​ដើម្បី​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ ហើយ​បន្ត​បំរើ​ទ្រង់​ដោយ​ការ​តាំង​ចិត្ត​ឲ្យ​រឹង​មាំ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ​»។ (​ម៉ាថាយ ២៤:១៣​) ដោយ​សារ​តែ​យើង​កំពុង​រស់​នៅ​ក្នុង​សម័យ​«​ជាន់​ក្រោយ​បង្អស់​»​ នោះ​ទី​បញ្ចប់​អាច​ចាប់​ផ្ដើម​នៅ​ពេល​ណា​ក៏​បាន។ (​ធីម៉ូថេ​ទី​២ ៣:១​) ម្យ៉ាង​ទៀត គ្មាន​យើង​ណា​ម្នាក់​ដែល​អាច​ប្រាកដ​ថា​យើង​នឹង​រស់​ដល់​ថ្ងៃ​ស្អែក​បាន​ទេ។ (​យ៉ាកុប ៤:១៣, ១៤​) ដូច្នេះ គឺ​សំខាន់​ណាស់​ដែល​យើង​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​របស់​យើង​នៅ​ថ្ងៃ​នេះ​កុំ​ខាន!

២០ សាវ័ក​ពេត្រុស​បាន​បញ្ជាក់​ចំណុច​នេះ​យ៉ាង​ច្បាស់​ក្នុង​សំបុត្រ​ទី​ពីរ​របស់​គាត់។ គាត់​បាន​លើក​បញ្ជាក់​ថា ដូច​ជា​មនុស្ស​អាក្រក់​បាន​វិនាស​បាត់​ទៅ​ក្នុង​ទឹក​ជំនន់ ក៏​ដូច​គ្នា​ដែរ​ចំពោះ​ផែនដី​ជា​និមិត្តរូប​ដែល​តំណាង​សង្គម​មនុស្ស​អាក្រក់​នេះ នឹង​ត្រូវ​បំផ្លាញ​ចោល​នៅ‹ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា›។ ដូច្នេះ ពេត្រុស​បាន​ឧទាន​ថា​៖ ‹តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ នឹង​សេចក្ដី​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​នោះ?›។ គាត់​ក៏​បាន​ដាស់​តឿន​ពួក​គេ​ថា​៖ ​«​ពួក​ស្ងួន​ភ្ងា​អើយ! ចូរ​ប្រយ័ត! ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នោះ​ជា​មុន​ហើយ ក្រែង​លោ​ធ្លាក់​ពី​សេចក្ដី​ខ្ជាប់​ខ្ជួន​របស់​អ្នក​រាល់​គ្នា​ចេញ ដោយ​បណ្ដោយ​តាម[​គ្រូ​ក្លែង​ក្លាយ​និង​មនុស្ស​ទមិឡ​]​»។ (​ពេត្រុស​ទី​២ ៣:៥​-​១៧​) គួរ​ឲ្យ​សោក​ស្ដាយ​ណាស់! ប្រសិន​ជា​បុគ្គល​ម្នាក់​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ គាត់​ត្រូវ​នាំ​ឲ្យ​វង្វេង​ចេញ​ហើយ​ស្លាប់​ជា​អ្នក​ដែល​មិន​បាន​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ជា​និច្ច​នោះ។

២១, ២២. ចំពោះ​ដាវីឌ​និង​គ្រីស្ទាន​ពិត​ផង​ដែរ តើ​បន្ទូល​នៅ​ទំនុក​ដំកើង ៥៧:៧ បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

២១ អ្នក​នឹង​អាច​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ជាង ដើម្បី​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​របស់​អ្នក បើ​អ្នក​នឹក​ចាំ​ពី​ថ្ងៃ​ដ៏​សែន​សប្បាយ​នោះ​ដែល​អ្នក​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បើ​អ្នក​សុំ​ជំនួយ​ពី​ព្រះ​ដើម្បី​មាន​សំដី​និង​ការ​ប្រព្រឹត្ត​ដែល​ធ្វើ​ឲ្យ​ទ្រង់​មាន​ព្រះ​ទ័យ​រីក​រាយ។ (​សុភាសិត ២៧:១១​) ព្រះ​យេហូវ៉ា​មិន​ដែល​ចោល​រាស្ត្រ​ទ្រង់​ឡើយ ដូច​នេះ​ហើយ​យើង​ត្រូវ​ស្មោះ​ត្រង់​នឹង​ទ្រង់​វិញ​ដែរ។ (​ទំនុក​ដំកើង ៩៤:១៤​) ទ្រង់​បាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​និង​ការ​អាណិត​អាសូរ ពេល​ទ្រង់​ទប់​ស្កាត់​ផែន​ការ​អាក្រក់​របស់​សត្រូវ​ដាវីឌ និង​បាន​ជួយ​សង្គ្រោះ​គាត់​ឲ្យ​រួច។ ដាវីឌ​បាន​ដឹង​គុណ​ហើយ​បាន​ប្រកាស​ប្រាប់​ពី​ភាព​រឹង​មាំ​នៃ​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះ​អង្គ​សង្គ្រោះ។ ដាវីឌ​បាន​ច្រៀង​ប្រាប់​ពី​អារម្មណ៍​ដែល​បាន​ដក់​ជាប់​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​ថា​៖ ​«​ទូល​បង្គំ​បាន​តាំង​ចិត្ត​ជា​ស្រេច ឱ​ព្រះ​អង្គ​អើយ! ចិត្ត​ទូល​បង្គំ​បាន​តាំង​ស្រេច​ហើយ។ ទូល​បង្គំ​នឹង​ច្រៀង . . . ទូល​បង្គំ​នឹង​ច្រៀង​សរសើរ​»។—ទំនុក​ដំកើង ៥៧:៧

២២ ដូច​គ្នា​នឹង​ដាវីឌ គ្រីស្ទាន​ពិត​មិន​លះ​ចោល​ភក្ដី​ភាព​ចំពោះ​ព្រះ​ជា​ដាច់​ខាត។ ពួក​គេ​ក៏​បាន​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ដែរ ហើយ​ច្រៀង​សរសើរ​ដោយ​ចិត្ត​អរ​សប្បាយ និង​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​អ្នក​រំដោះ​និង​សង្គ្រោះ​គេ។ បើ​អ្នក​តាំង​ចិត្ត​ឲ្យ​រឹង​មាំ អ្នក​ក៏​នឹង​ពឹង​ពាក់​ព្រះ ហើយ​អ្នក​នឹង​អាច​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​របស់​អ្នក​ដោយ​មាន​ជំនួយ​ពី​ទ្រង់។ ពិត​មែន​ហើយ អ្នក​អាច​ប្រៀប​ដូច​ជា​«​មនុស្ស​សុចរិត​»​ ដែល​អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​ច្រៀង​ថា​៖ ​«​អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ ចិត្ត​គេ​បាន​មាំ​មួន​ហើយ ដោយ​ទុក​ចិត្ត​នឹង​ព្រះ​យេហូវ៉ា​»។ (​ទំនុក​ដំកើង ១១២:៦, ៧​) ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះ និង​ដោយ​ពឹង​ពាក់​ទ្រង់​ទាំង​ស្រុង​នោះ អ្នក​នឹង​អាច​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​របស់​អ្នក ហើយ​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ជា​និច្ច​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា។

តើ​អ្នក​ចាំ​ទេ?

• ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ត្រូវ​បន្ត​ក្រេប​ជញ្ជក់​ចំណេះ​ពិត​ពី​ព្រះ​គម្ពីរ?

• ហេតុ​អ្វី​យើង​ត្រូវ​នឹក​ចាំ​គ្រា​ដែល​យើង​បាន​ប្រែ​ចិត្ត​និង​ផ្លាស់​ប្រែ​គន្លង​ជីវិត?

• តើ​យើង​ទទួល​ប្រយោជន៍​អ្វី ពី​ការ​នឹក​ចាំ​ពី​គ្រា​ដែល​យើង​បាន​ថ្វាយ​ខ្លួន​និង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

• តើ​អ្វី​នឹង​ជួយ​យើង​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ជា​និច្ច​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​១៧​]

តើ​អ្នក​កំពុង​តែ​បំពេញ​បំប៉ន​សុខភាព​ខាង​វិញ្ញាណ​របស់​អ្នក​ដោយ​អាន​ព្រះ​បន្ទូល​របស់​ព្រះ ជា​រៀង​រាល់​ថ្ងៃ​ជា​និច្ច​ទេ?

[​រូប​ភាព​នៅ​ទំព័រ​១៧​]

ការ​ទុក​កិច្ច​បំរើ​គ្រីស្ទាន ជា​ការ​ងារ​ចំបង​របស់​យើង​នោះ តែង​ជួយ​យើង​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ជា​និច្ច​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា