លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីយើងទទួលបុណ្យជ្រមុជទឹក?

ហេតុអ្វីយើងទទួលបុណ្យជ្រមុជទឹក?

ហេតុ​អ្វី​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

​«​ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​»។—ម៉ាថាយ ២៨:១៩

១, ២. (​ក​) តើ​ធ្លាប់​មាន​បុណ្យ​ជ្រមុជ​ទឹក​ក្រោម​កាលៈទេសៈ​អ្វី​ខ្លះ? (​ខ​) តើ​យើង​ត្រូវ​សួរ​សំនួរ​អ្វី​ខ្លះ​អំពី​បុណ្យ​ជ្រមុជ​ទឹក?

 ស្តេច​ហ្សាឡឺម៉ាញ ស្តេច​នៃ​កុលសម្ព័ន្ធ​ហ្វ្រង បាន​បង្ខំ​កុលសម្ព័ន្ធ​សាកហ្សិន​ដែល​ទ្រង់​បាន​បង្ក្រាប​នោះ ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​សមូហភាព នៅ​ចន្លោះ​ឆ្នាំ​៧៧៥​-​៧៧៧ ស.យ.។ លោក​ចន​ឡត ប្រវត្ដិវិទូ​មួយ​រូប​បាន​សរសេរ​ថា​៖ ​«​ស្តេច​ហ្សាឡឺម៉ាញ​បាន​បង្ខំ​ឲ្យ​គេ​ផ្លាស់​សាសនា​របស់​គេ​មក​កាន់​សាសនា​គ្រីស្ទាន​វិញ តែ​ពួក​គេ​ជា​គ្រីស្ទាន​គ្រាន់​តែ​ក្នុង​នាម​ប៉ុណ្ណោះ​»។ ស្រដៀង​គ្នា​ដែរ នៅ​ឆ្នាំ​៩៨៧ ស.យ. ក្រោយ​ពី​អ្នក​គ្រប់​គ្រង​នៅ​ប្រទេស​រុស្សី​ឈ្មោះ​លោក​វ្ល៉ាឌីមៀ​ទី​មួយ បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​នឹង​ម្ចាស់​ក្សត្រី​ដែល​កាន់​សាសនា​គ្រីស្ទាន​អូធូដុក្ស​របស់​សាសន៍​ក្រិច​នោះ លោក​វ្ល៉ាឌីមៀ​បាន​សម្រេច​ចិត្ត​ថា អនុ​រាស្ត្រ​គ្រប់​រូប​ត្រូវ​ផ្លាស់​សាសនា​ទៅ​ជា​គ្រីស្ទាន​វិញ។ គាត់​ចេញ​រាជបញ្ជា​ឲ្យ​អនុ​រាស្ត្រ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​សមូហភាព ទោះ​ជា​ត្រូវ​បង្ខំ​គេ​ដោយ​គំរាម​សម្លាប់​គេ​ដោយ​ដាវ​ក្ដី!

តើ​បុណ្យ​ជ្រមុជ​ទឹក​បែប​នេះ​គឺ​សម​ត្រឹម​ត្រូវ​ទេ? តើ​បុណ្យ​ជ្រមុជ​ទឹក​បែប​នេះ​ពិត​ជា​មាន​ន័យ​ទេ? តើ​មនុស្ស​ណា​ក៏​ដោយ​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ឬ?

តើ​មនុស្ស​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​យ៉ាង​ដូច​ម្ដេច?

៣, ៤. ហេតុ​អ្វី​បាន​ជា​ការ​ប្រោះ​ឬ​ចាក់​ទឹក​លើ​ក្បាល គឺ​មិន​សមរម្យ​សំរាប់​បុណ្យ​ជ្រមុជ​ទឹក​គ្រីស្ទាន?

ពេល​ស្តេច​ហ្សាឡឺម៉ាញ​និង​វ្ល៉ាឌីមៀ​ទី​មួយ​បាន​បង្ខំ​មនុស្ស​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ អ្នក​គ្រប់​គ្រង​ទាំង​ពីរ​នេះ​មិន​បាន​ធ្វើ​តាម​ព្រះ​បន្ទូល​របស់​ព្រះ​ឡើយ។ ការ​ពិត បុណ្យ​ជ្រមុជ​ទឹក​គ្មាន​ប្រយោជន៍​សោះ បើ​សិន​បុណ្យ​ជ្រមុជ​ទឹក​នោះ​ត្រូវ​ធ្វើ​ដោយ​ប្រោះ​ទឹក ចាក់​ទឹក​លើ​ក្បាល ឬ​ក៏​ជា​ការ​ជ្រមុជ​ទឹក​មនុស្ស​ដែល​មិន​ទាន់​បាន​រៀន​សេចក្ដី​ពិត​ពី​បទ​គម្ពីរ​នៅ​ឡើយ។

សូម​ពិចារណា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​២៩ ស.យ. ពេល​ព្រះ​យេស៊ូ​ពី​ភូមិ​ណាសារ៉ែត​បាន​យាង​ទៅ​ជួប​នឹង​លោក​យ៉ូហាន​ជា​អ្នក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ថ្វាយ​ទ្រង់។ នៅ​ពេល​នោះ​យ៉ូហាន​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ក្នុង​ទន្លេ​យ័រដាន់។ មនុស្ស​ទាំង​នោះ​បាន​មក​ជួប​គាត់​ដោយ​ស្ម័គ្រ​ចិត្ត​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ តើ​យ៉ូហាន​គ្រាន់​តែ​ឲ្យ​គេ​ឈរ​ក្នុង​ទឹក​ទន្លេ​ហើយ​ចាក់​ទឹក ឬ​ប្រោះ​ទឹក​បន្ដិច​បន្តួច​លើ​ក្បាល​របស់​គេ​ឬ? តើ​អ្វី​បាន​កើត​ឡើង​ពេល​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ថ្វាយ​ព្រះ​យេស៊ូ? ម៉ាថាយ​រៀប​រាប់​ថា ក្រោយ​ពី​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ​«​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម​»។ (​ម៉ាថាយ ៣:១៦​) នេះ​បាន​សេចក្ដី​ថា ទ្រង់​បាន​នៅ​ក្រោម​ទឹក ពីព្រោះ​រូប​កាយទាំង​មូល​របស់​ទ្រង់​បាន​ត្រូវ​ពន្លិច​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់។ បុរស​កំរៀវ​ជន​ជាតិ​អេធីយ៉ូពី​ម្នាក់​ដែល​មាន​ចិត្ត​ជឿ​យ៉ាង​ស៊ប់ ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដូច​គ្នា​ដែរ​នៅ​ក្នុង​«​ទី​ទឹក​»។ ទី​ទឹក​នេះ​គឺ​សំខាន់ ពីព្រោះ​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ​និង​សិស្ស​របស់​ទ្រង់ ជា​ការ​ជ្រមុជ​ឲ្យ​លិច​ទៅ​ក្នុង​ទឹក​តែ​ម្ដង។—កិច្ច​ការ ៨:៣៦

៥. តើ​គ្រីស្ទាន​នៅ​សម័យ​ដើម​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ឯ​ទៀត​តាម​របៀប​ណា?

ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា ​«​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​»​ ឬ​ក៏​«​បុណ្យ​ជ្រមុជ​ទឹក​»​ជា​ដើម សំដៅ​ទៅ​លើ​ការ​សង្កត់​ឲ្យ​លិប​ទៅ​ក្នុង​ទឹក ការ​ដាក់​ក្នុង​ទឹក ការ​លោត​ចុះ​ក្នុង​ទឹក​ឲ្យ​លិច។ វចនានុក្រម​ព្រះ​គម្ពីរ​សរសេរ​ដោយ​លោក​ស្មិត បក​ស្រាយ​ថា​៖ ​«​បុណ្យ​ជ្រមុជ​ទឹក​តាម​ន័យ​ពិត​ហើយ​ចំ​ៗ​គឺ​ជា ការ​ពន្លិច​ឲ្យ​នៅ​ក្រោម​ទឹក​»។ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ខ្លះ​ប្រើ​ពាក្យ​ថា ​«​យ៉ូហាន​ជា​អ្នក​ពន្លិច​គេ​»​ និង​«​យ៉ូហាន​ជា​អ្នក​ដាក់​គេ​ទៅ​ក្នុង​ទឹក​»។ (​ម៉ាថាយ ៣:១, រ៉ធើហេម; ដែយ៉ូក្លត់ ពាហុ​ភាសា​) សៀវភៅ​ប្រវត្ដិសាស្ត្រ​នៃ​គ្រីស្ទ​សាសនា​ក្នុង​កំឡុង​បី​សតវត្ស​ដំបូង (​ជា​ភាសា​អង់គ្លេស​) ដែល​បាន​និពន្ធ​ដោយ​លោក​អូគូស្ទ​ណីអានដឺ​ចែង​ថា​៖ ​«​នៅ​ដើម​ដំបូង បុណ្យ​ជ្រមុជ​ទឹក​ត្រូវ​ធ្វើ​ដោយ​គេ​ពន្លិច​ចូល​ក្នុង​ទឹក​»។ សៀវភៅ​មួយ​ជា​ភាសា​បារាំង​ចំណង​ជើង​ថា ឡារូស​ឌឺ​វ៉ាងទាម​ស្យេក្លឹ (​ទី​ក្រុង​ប៉ារីស ឆ្នាំ​១៩២៨​) ចែង​ថា​៖ ​«​គ្រីស្ទាន​ដំបូង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ត្រូវ​ពន្លិច​នៅ​កន្លែង​ណា​ដែល​មាន​ទឹក​»។ សព្វ​វចនាធិប្បាយ​កាតូលិច​ថ្មី (​ជា​ភាសា​អង់គ្លេស​) ចែង​ថា​៖ ​«​មាន​ភស្តុ​តាង​បញ្ជាក់​ថា អ្នក​កាន់​សាសនា​គ្រីស្ទ​នៅ​សម័យ​ដើម​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការ​ពន្លិច​ទៅ​ក្នុង​ទឹក​»។ (​ឆ្នាំ​១៩៦៧ ក្បាល​ទី​២ ទំព័រ​៥៦​) ហេតុ​នេះ​ហើយ សព្វ​ថ្ងៃ​នេះ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ក្លាយ​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា គឺ​ជា​ជំហាន​មួយ​ដែល​យើង​ធ្វើ​ស្ម័គ្រ​ពី​ចិត្ត ដោយ​ត្រូវ​ពន្លិច​រូប​កាយ​ទាំង​មូល​ចូល​ទៅ​ក្នុង​ទឹក។

មូលហេតុ​ថ្មី​សំរាប់​បុណ្យ​ជ្រមុជ​ទឹក

៦, ៧. (​ក​) តើ​យ៉ូហាន​ធ្លាប់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គេ​សំរាប់​គោល​បំណង​អ្វី? (​ខ​) តើ​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​មាន​លក្ខណៈ​ថ្មី​អ្វី?

បុណ្យ​ជ្រមុជ​ទឹក​ដែល​យ៉ូហាន​បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​ពេល​នោះ គឺ​មាន​គោល​បំណង​ខុស​គ្នា​ពី​បុណ្យ​ជ្រមុជ​ទឹក​ដែល​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​បាន​ធ្វើ​នោះ។ (​យ៉ូហាន ៤:១, ២​) យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ដើម្បី​បង្ហាញ​ជា​ចំហ​ថា គេ​បាន​ប្រែ​ចិត្ត​ចំពោះ​អំពើ​បាប​របស់​គេ ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ។ a (​លូកា ៣:៣​) ប៉ុន្តែ បុណ្យ​ជ្រមុជ​ទឹក​របស់​សិស្ស​ព្រះ​យេស៊ូ​មាន​លក្ខណៈ​ថ្មី។ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ នា​ឆ្នាំ​៣៣ ស.យ. សាវ័ក​ពេត្រុស​បាន​ជំរុញ​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​«​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប​»។ (​កិច្ច​ការ ២:៣៧​-​៤១​) ទោះ​ជា​ពេត្រុស​កំពុង​តែ​និយាយ​ទៅ​កាន់​ជន​រួម​ជាតិ​សាសន៍​យូដា និង​អ្នក​ដែល​បាន​ផ្លាស់​សាសនា​មក​កាន់​តាម​សាសន៍​យូដា​ក៏​ដោយ គាត់​មិន​ចង់​និយាយ​អំពី​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដើម្បី​បង្ហាញ​ពី​ការ​ប្រែ​ចិត្ត​ចំពោះ​អំពើ​បាប​ខុស​នឹង​ក្រិត្យ​វិន័យ​ទេ ហើយ​គាត់​ក៏​មិន​ចង់​និយាយ​ថា ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូ​តំណាង​ការ​លាង​បាប​នោះ​ដែរ។—កិច្ច​ការ ២:១០

នៅ​គ្រា​នោះ ពេត្រុស​បាន​ប្រើ​«​កូន​សោ​»​ទី​មួយ​«​នៃ​នគរ​ស្ថាន​សួគ៌​»។ តើ​ត្រូវ​ប្រើ​កូន​សោ​នោះ​សំរាប់​អ្វី? ដើម្បី​បើក​សម្ដែង​នូវ​ចំណេះ​ដឹង​ឲ្យ​អ្នក​ស្ដាប់​យល់​អំពី​ឱកាស​ដែល​អាច​ចូល​ក្នុង​ព្រះ​រាជាណាចក្រ​ស្ថាន​សួគ៌។ (​ម៉ាថាយ ១៦:១៩​) ដោយ​ព្រោះ​សាសន៍​យូដា​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី​នោះ ការ​ប្រែ​ចិត្ត​និង​ការ​អនុវត្ត​ជំនឿ​ទៅ​លើ​ទ្រង់​គឺ​ជា​លក្ខណៈ​ថ្មី​មួយ​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​ស្វែង​រក​ការ​អត់​ឱន​ទោស​ពី​ព្រះ។ ពួក​គេ​ផ្ដល់​ភស្តុ​តាង​ជា​សាធារណៈ​ថា គេ​មាន​ជំនឿ​បែប​នេះ ដោយ​ត្រូវ​ពន្លិច​រូប​កាយ​ទាំង​មូល​ទៅ​ក្នុង​ទឹក​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូ​គ្រីស្ទ។ តាម​វិធី​នេះ ពួក​គេ​អាច​បង្ហាញ​ថា​គេ​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​តាម​រយៈ​ព្រះ​គ្រីស្ទ។ សព្វ​ថ្ងៃ​នេះ អស់​អ្នក​ដែល​ចង់​ពេញ​ព្រះ​ហឫទ័យ​ព្រះ​ត្រូវ​អនុវត្ត​ជំនឿ​ដូច​គ្នា​ដែរ ដោយ​ថ្វាយ​ខ្លួន​គេ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​គ្រីស្ទាន​ដើម្បី​បង្ហាញ​ពី​ការ​ថ្វាយ​ខ្លួន​មិន​ទើស​ទាល់​ចំពោះ​ព្រះ​ដ៏​ខ្ពស់​បំផុត។

ចំណេះ​ត្រឹម​ត្រូវ​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់

៨. ហេតុ​អ្វី​បាន​ជា​បុណ្យ​ជ្រមុជ​ទឹក​គ្រីស្ទាន​មិន​មែន​សំរាប់​មនុស្ស​ទាំង​អស់?

បុណ្យ​ជ្រមុជ​ទឹក​គ្រីស្ទាន​មិន​មែន​សំរាប់​មនុស្ស​ទាំង​អស់​នោះ​ទេ។ ព្រះ​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​ទ្រង់​ថា​៖ ​«​ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង​»។ (​ម៉ាថាយ ២៨:១៩, ២០​) មុន​ដែល​មនុស្ស​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក គេ​ត្រូវ‹រៀន​ឲ្យ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​យេស៊ូ​បាន​បង្គាប់​សិស្ស​ទ្រង់›។ ដូច្នេះ ការ​បង្ខំ​មនុស្ស​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ពេល​គេ​គ្មាន​ជំនឿ​ដែល​មាន​មូលដ្ឋាន​លើ​ចំណេះ​ត្រឹម​ត្រូវ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​នោះ នេះ​ឈ្មោះ​ថា​បុណ្យ​ជ្រមុជ​ទឹក​អត់​ប្រយោជន៍ និង​ផ្ទុយ​ស្រឡះ​ពី​បញ្ជា​ដែល​ព្រះ​យេស៊ូ​បាន​បង្គាប់​ដល់​អ្នក​កាន់​តាម​ដ៏​ពិត​របស់​ទ្រង់។—ហេព្រើរ ១១:៦

៩. តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​«​ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា​»​មាន​ន័យ​យ៉ាង​ណា?

តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​«​ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា​»​ មាន​ន័យ​យ៉ាង​ណា? (​កំណែ​ជា​អក្សរ​ទ្រេត​) នេះ​បាន​សេចក្ដី​ថា​អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទទួល​ស្គាល់​ឋានៈ​របស់​ព្រះ​វរបិតា​សួគ៌ា​របស់​គេ និង​ទទួល​ស្គាល់​អំណាច​ទ្រង់។ យ៉ាង​នេះ គេ​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត និង​ជា​«​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល​»​ ព្រម​ទាំង​ជា​ព្រះ​មហា​ក្សត្រ​សកល​លោក​ទាំង​មូល។—ទំនុក​ដំកើង ៨៣:១៨; អេសាយ ៤០:២៨; កិច្ច​ការ ៤:២៤

១០. តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក‹ដោយ​នូវ​ព្រះ​នាម​ព្រះ​រាជបុត្រា›មាន​ន័យ​អ្វី?

១០ ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក‹ដោយ​នូវ​ព្រះ​នាម​ព្រះ​រាជបុត្រា› បាន​សេចក្ដី​ថា​មនុស្ស​ម្នាក់​ទទួល​ស្គាល់​ឋានៈ​របស់​ព្រះ​យេស៊ូ​និង​អំណាច​របស់​ទ្រង់​ជា​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់។ (​យ៉ូហាន​ទី​១ ៤:៩​) អស់​អ្នក​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក គឺ​គេ​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​ខ្សែ​រយៈ​ដែល​ព្រះ​ប្រើ​ដើម្បី​ផ្ដល់​«​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​»។ (​ម៉ាថាយ ២០:២៨; ធីម៉ូថេ​ទី​១ ២:៥, ៦​) អ្នក​ដែល​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ក៏​ត្រូវ​ទទួល​ស្គាល់​ថា​«​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់​»។—ភីលីព ២:៨​-​១១; វិវរណៈ ១៩:១៦

១១. តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក‹ដោយ​នូវ​ព្រះ​នាម​វិញ្ញាណ​បរិសុទ្ធ›បាន​ន័យ​អ្វី?

១១ តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក‹ដោយ​នូវ​ព្រះ​នាម​វិញ្ញាណ​បរិសុទ្ធ› មាន​មាន​ន័យ​អ្វី? នេះ​បាន​ន័យ​ថា អ្នក​ដែល​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទទួល​ស្គាល់​ថា វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​សកម្មពល​របស់​ព្រះ​យេហូវ៉ា ដែល​ទ្រង់​ប្រើ​តាម​វិធី​ផ្សេង​ៗ​សម​ស្រប​ទៅ​តាម​គោល​បំណង​របស់​ទ្រង់។ (​លោកុប្បត្តិ ១:២; សាំយូអែល​ទី​២ ២៣:១, ២; ពេត្រុស​ទី​២ ១:២១​) អ្នក​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ក៏​ទទួល​ស្គាល់​ថា វិញ្ញាណ​បរិសុទ្ធ​តែង​ជួយ​គេ​យល់​ដឹង​នូវ​«​សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ​»​ និង​ជួយ​គេ​បន្ត​ផ្សព្វ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ ហើយ​សម្ដែង​ផល​ផ្លែ​នៃ​វិញ្ញាណ​នោះ ដែល​រួម​មាន​«​សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រី​ភាព អត់​ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូត​បូត ហើយ​ដឹង​ខ្នាត​»។—កូរិនថូស​ទី​១ ២:១០; កាឡាទី ៥:២២, ២៣; យ៉ូអែល ២:២៨, ២៩

សារៈ​សំខាន់​នៃ​ការ​ប្រែ​ចិត្ត​និង​ការ​ផ្លាស់​ប្រែ​គន្លង​ជីវិត

១២. តើ​បុណ្យ​ជ្រមុជ​ទឹក​គ្រីស្ទាន​ជាប់​ទាក់​ទង​នឹង​ការ​ប្រែ​ចិត្ត​យ៉ាង​ដូច​ម្ដេច​ខ្លះ?

១២ ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជា​ពិធី​មួយ​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ និង​ដែល​ទាក់​ទង​នឹង​ការ​ប្រែ​ចិត្ត លើក​លែង​តែ​ក្នុង​ករណី​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ​ដែល​មនុស្ស​ម្នាក់​គ្មាន​បាប​ទេ។ ពេល​យើង​ប្រែ​ចិត្ត យើង​សោក​ស្ដាយ​យ៉ាង​ខ្លាំង ឬ​ក៏​សោក​សង្រេង​ដោយ​ព្រោះ​អ្វី​ដែល​យើង​បាន​ធ្វើ ឬ​ក៏​បាន​អាក់​ខាន​ធ្វើ។ សាសន៍​យូដា​នៅ​សតវត្ស​ទី​មួយ​ដែល​ចង់​ពេញ​ព្រះ​ហឫទ័យ​ព្រះ នោះ​ត្រូវ​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​គេ​ដែល​ប្រឆាំង​នឹង​ព្រះ​គ្រីស្ទ។ (​កិច្ច​ការ ៣:១១​-​១៩​) អ្នក​ជឿ​ខ្លះ​ៗ​ពី​ចំណោម​សាសន៍​ដទៃ​នៅ​ទី​ក្រុង​កូរិនថូស បាន​ប្រែ​ចិត្ត​ពី​អំពី​សហាយ​ស្មន់ ការ​ថ្វាយ​បង្គំ​រូប​ព្រះ ការ​លួច និង​បាប​ធ្ងន់​ធ្ងរ​ឯ​ទៀត។ ដោយ​ព្រោះ​គេ​បាន​ប្រែ​ចិត្ត​ដូច្នេះ ពួក​គេ​បាន​ត្រូវ​«​លាង​ស្អាត​»​ដោយ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ ហើយ​បាន​ត្រូវ​«​ញែក​ជា​បរិសុទ្ធ​»​សំរាប់​កិច្ច​បំរើ​ព្រះ និង​ត្រូវ​«​រាប់​ជា​សុចរិត​»​ដោយ​នូវ​ព្រះ​នាម​ព្រះ​គ្រីស្ទ​និង​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ។ (​កូរិនថូស​ទី​១ ៦:៩​-​១១​) ការ​ប្រែ​ចិត្ត​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ ឈាន​ឆ្ពោះ​ទៅ​រក​ការ​ទទួល​មនសិការ​ជ្រះ​ថ្លា និង​ព្រះ​រំដោះ​គេ​ឲ្យ​រួច​ពី​ទោស​ដែល​មក​ពី​បាប​របស់​ខ្លួន។—ពេត្រុស​ទី​១ ៣:២១

១៣. ស្តី​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក តើ​ការ​ផ្លាស់​ប្រែ​គន្លង​ជីវិត​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ?

១៣ មុន​ដែល​មនុស្ស​ម្នាក់​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា គាត់​ត្រូវ​ផ្លាស់​ប្រែ​គន្លង​ជីវិត​គាត់​ជា​មុន​សិន។ ការ​ផ្លាស់​ប្រែ​គន្លង​ជីវិត​ជា​អ្វី​ដែល​ជន​ម្នាក់​ត្រូវ​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​និង​ដោយ​ចិត្ត​សេរី​ផង​ដែរ ពីព្រោះ​គាត់​បាន​សម្រេច​ចិត្ត​ដោយ​មិន​ទើស​ទាល់​ក្នុង​ការ​កាន់​តាម​ព្រះ​គ្រីស្ទ។ បុគ្គល​បែប​នេះ​បាន​លះ​ចោល​ជ្រះ​ស្រឡះ​នូវ​ការ​ប្រព្រឹត្ត​ដ៏​ខុស​ឆ្គង​របស់​គេ​ពី​មុន​មក ហើយ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី​ដ៏​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​ព្រះ​វិញ។ តាម​បទ​គម្ពីរ កិរិយា​ស័ព្ទ​ជា​ភាសា​ហេព្រើរ​និង​ភាសា​ក្រិច​ដែល​សំដៅ​ទៅ​លើ​ការ​ផ្លាស់​ប្រែ​គន្លង​ជីវិត​នោះ​បាន​សេចក្ដី​ថា បែរ​មក​វិញ។ សកម្មភាព​នេះ​បញ្ជាក់​នូវ​ការ​ត្រឡប់​ពី​ការ​ប្រព្រឹត្ត​ខុស​បែរ​មក​ឯ​ព្រះ​វិញ។ (​ពង្សាវតារ​ក្សត្រ​ទី​១ ៨:៣៣, ៣៤​) ការ​ផ្លាស់​ប្រែ​គន្លង​ជីវិត​ត្រូវ​មាន​ការ​«​ប្រព្រឹត្ត​បែប​សំណំ​នឹង​ការ​ប្រែ​ចិត្ត​»។ (​កិច្ច​ការ ២៦:២០​) ដូច្នេះ យើង​ត្រូវ​បោះ​បង់​ចោល​ការ​ថ្វាយ​បង្គំ​មិន​ពិត ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​របស់​ព្រះ និង​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​តែ​មួយ​អង្គ​ប៉ុណ្ណោះ។ (​ចោទិយកថា ៣០:២, ៨​-​១០; សាំយូអែល​ទី​១ ៧:៣​) ការ​ផ្លាស់​ប្រែ​គន្លង​ជីវិត​បណ្ដាល​ឲ្យ​យើង​ផ្លាស់​ប្រែ​គំនិត គោល​បំណង និង​លក្ខណៈ​សម្បត្ដិ​របស់​យើង។ (​អេសេគាល ១៨:៣១​) គឺ​ប្រៀប​ដូច​ជា​យើង​បែរ​មក​ពេល​ដែល​លក្ខណៈ​សម្បត្ដិ​ចាស់​ត្រូវ​ជំនួស​ដោយ​លក្ខណៈ​សម្បត្ដិ​ថ្មី​វិញ។—កិច្ច​ការ ៣:១៩; អេភេសូរ ៤:២០​-​២៤; កូល៉ុស ៣:៥​-​១៤

ការ​ថ្វាយ​ខ្លួន​អស់​ពី​ចិត្ត​គឺ​ជា​អ្វី​ដ៏​ចាំ​បាច់

១៤. ពេល​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ថ្វាយ​ខ្លួន​នោះ តើ​នេះ​បញ្ជាក់​ពី​អ្វី?

១៤ អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ក៏​ត្រូវ​ថ្វាយ​ខ្លួន​អស់​ពី​ចិត្ត​ចំពោះ​ព្រះ មុន​ដែល​គេ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ការ​ថ្វាយ​ខ្លួន​តំណាង​ការ​ញែក​ទុក​ដោយ​ឡែក​សំរាប់​គោល​បំណង​ដ៏​វិសុទ្ធ។ ជំហាន​នេះ​គឺ​សំខាន់​ដ៏​ម្ល៉េះ​បាន​ជា យើង​ត្រូវ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ថា យើង​បាន​សម្រេច​ចិត្ត​ថ្វាយ​បង្គំ​ទ្រង់​តែ​មួយ​ព្រះ​អង្គជា​និច្ច។ (​ចោទិយកថា ៥:៩​) យ៉ាង​ច្បាស់​ហើយ យើងមិន​បាន​ថ្វាយ​ខ្លួន​ចំពោះ​កិច្ច​ការ​មួយ ឬ​ក៏​ថ្វាយ​ដល់​មនុស្ស​ណា​ម្នាក់​ទេ តែ​យើង​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​ទេ​តើ។

១៥. ហេតុ​អ្វី​បាន​ជា​អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ត្រូវ​ពន្លិច​រូប​កាយ​ទាំង​មូល​ទៅ​ក្នុង​ទឹក?

១៥ ពេល​យើង​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​តាម​រយៈ​ព្រះ​គ្រីស្ទ​នោះ យើង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ដែល​ត្រូវ​ប្រើ​ជីវិត​យើង​សម​ស្រប​ទៅ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ដូច​ដែល​បង្ហាញ​យ៉ាង​ចំ​ក្នុង​បទ​គម្ពីរ។ អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ត្រូវ​ពន្លិច​រូប​កាយ​ទាំង​មូល​ទៅ​ក្នុង​ទឹក​តែ​ម្ដង នេះ​តំណាង​ការ​ថ្វាយ​ខ្លួន​របស់​គេ ដូច​ជា​ព្រះ​យេស៊ូ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់ ដើម្បី​បង្ហាញ​ថា​ទ្រង់​បាន​ប្រគល់​អង្គ​ទ្រង់​ថ្វាយ​ព្រះ។ (​ម៉ាថាយ ៣:១៣​) គួរ​ឲ្យ​កត់​សម្គាល់​ដែរ​ថា នៅ​គ្រា​សំខាន់​នោះ​ព្រះ​យេស៊ូ​កំពុង​តែ​អធិស្ឋាន​ផង​ដែរ។—លូកា ៣:២១, ២២

១៦. ពេល​យើង​មើល​ឃើញ​បុគ្គល​ទទួល​បុណ្យ​ជ្រមុជ​ទឹក តើ​យើង​អាច​បង្ហាញ​អំណរ​របស់​យើង​យ៉ាង​ណា​ដែល​សម​គួរ?

១៦ បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ​គឺ​ជា​ពិធី​ដ៏​សំខាន់​និង​មាន​ភាព​ថ្លៃ​ថ្នូរ តែ​ក៏​ជា​គ្រា​សប្បាយ​ផង​ដែរ។ បុណ្យ​ជ្រមុជ​ទឹក​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។ ពេល​យើង​ឃើញ​បុគ្គល​ដែល​ចង់​បង្ហាញ​ពី​ការ​ថ្វាយ​ខ្លួន​របស់​គេ​ចំពោះ​ព្រះ​នោះ យើង​អាច​សម្ដែង​អំណរ​របស់​យើង​ដោយ​ទះ​ដៃ​បែប​បង្ហាញ​ការ​គោរព និង​ដោយ​សរសើរ​គេ​យ៉ាង​កក់​ក្ដៅ។ ប៉ុន្តែ ការ​ស្រែក​អប​អរ និង​ការ​ហួច​ជា​ដើម ដាច់​ខាត​ត្រូវ​ជៀស​វាង​ដោយ​គិត​ពី​ភាព​ពិសិដ្ឋ​នៃ​ពិធី​នេះ ដែល​ជា​ការ​បង្ហាញ​នូវ​ជំនឿ​របស់​ខ្លួន។ យើង​សម្ដែង​អំណរ​របស់​យើង​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ។

១៧, ១៨. តើ​អ្វី​ជួយ​អ្នក​ចាស់​ទុំ​វិនិច្ឆ័យ​ថា តើ​បុគ្គល​ម្នាក់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

១៧ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​មិន​ដែល​បង្ខិត​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ខុស​គ្នា​ឆ្ងាយ​ពី​អ្នក​ដែល​ប្រោះ​ទឹក​លើ​កូន​ង៉ា ឬ​មួយ​ក៏​បង្ខំ​ដោយ​គាប​សង្កត់​មនុស្ស​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​សមូហភាព ពេល​គេ​មិន​ទាន់​បាន​ទទួល​ចំណេះ​ដឹង​ពី​ព្រះ​គម្ពីរ​នៅ​ឡើយ​នោះ។ តាម​ពិត ស្មរ​បន្ទាល់​មិន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា ដែល​គ្មាន​លក្ខណៈ​ខាង​វិញ្ញាណ​គ្រប់​គ្រាន់​ទេ។ សូម្បី​តែ​មុន​បុគ្គល​ម្នាក់​អាច​ក្លាយ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដែល​មិន​ទាន់​ជ្រមុជ​ទឹក​ក្ដី អ្នក​ចាស់​ទុំ​គ្រីស្ទាន​ធ្វើ​ការ​ស្ទាប​ស្ទង់​សាកសួរ​ឲ្យ​ប្រាកដ​ថា អ្នក​នោះ​យល់​សេចក្ដី​បង្រៀន​បឋម​ក្នុង​ព្រះ​គម្ពីរ និង​កំពុង​តែ​រស់​សម​ស្រប​ទៅ​តាម​សេចក្ដី​បង្រៀន​នោះ ហើយ​ក៏​ឆ្លើយ​យល់​ព្រម​តប​នឹង​សំនួរ​មួយ​ដូច​ត​ទៅ​នេះ​ថា​៖ ​«​តើ​អ្នក​ពិត​ជា​ចង់​ក្លាយ​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ឬ​ទេ?​»។

១៨ ក្នុង​ករណី​ភាគ​ច្រើន ពេល​បុគ្គល​ម្នាក់​កំពុង​តែ​រួម​ចំណែក​យ៉ាង​ល្អ​ក្នុង​កិច្ច​ការ​ផ្សាយ​ព្រះ​រាជាណាចក្រ និង​គាត់​ប្រាប់​ថា គាត់​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ ពេល​នោះ​ទើប​អ្នក​ចាស់​ទុំ​ពិគ្រោះ​គ្នា​ជា​មួយ​គាត់​ឲ្យ​ប្រាកដ​ថា គាត់​ជា​អ្នក​ជឿ​ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​បាន​បំពេញ​តម្រូវ​ការ​របស់​ព្រះ​ដែល​ចាំ​បាច់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ (​កិច្ច​ការ ៤:៤; ១៨:៨​) របៀប​គេ​ឆ្លើយ​ដោយ​ផ្ទាល់​នូវ​សំនួរ​ជាង​មួយ​រយ​ផ្សេង​ៗ​ស្តី​ពី​សេចក្ដី​បង្រៀន​ព្រះ​គម្ពីរ នឹង​ជួយ​អ្នក​ចាស់​ទុំ​វិនិច្ឆ័យ​ថា តើ​អ្នក​នោះ​បំពេញ​តម្រូវ​ការ​ព្រះ​គម្ពីរ​ដើម្បី​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន​ឬ​ទេ? មាន​បុគ្គល​ខ្លះ​ដែល​ពុំ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដូច្នេះ​គេ​មិន​ទទួល​ការ​អនុម័ត​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​គ្រីស្ទាន​ទេ។

តើ​មាន​អ្វី​ធ្វើ​ឲ្យ​អ្នក​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​ទេ?

១៩. យោង​ទៅ​តាម​យ៉ូហាន ៦:៤៤ តើ​អ្នក​ណា​អាច​គ្រង​ព្រះ​រាជាណាចក្រ​ជា​មួយ​នឹង​ព្រះ​យេស៊ូ?

១៩ មនុស្ស​ជា​ច្រើន​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​សមូហភាព​នោះ ប្រហែល​ជា​ត្រូវ​បាន​គេ​ប្រាប់​ជា​មុន​ថា គេ​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​ក្រោយ​ពី​ស្លាប់។ ប៉ុន្តែ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​អ្នក​កាន់​តាម​ទ្រង់​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ​វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ​»។ (​យ៉ូហាន ៦:៤៤​) ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​មនុស្ស​១៤៤.០០០​នាក់​មក​ឯ​ព្រះ​គ្រីស្ទ ហើយ​ពួក​គេ​នឹង​គ្រង​ព្រះ​រាជាណាចក្រ​ជា​មួយ​ទ្រង់​នៅ​ស្ថាន​សួគ៌។ ការ​បង្ខិត​បង្ខំ​មនុស្ស​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក មិន​ដែល​ញែក​ទុក​មនុស្ស​នោះ​ឲ្យ​ទទួល​ឋានៈ​ដ៏​រុង​រឿង​ក្នុង​ការ​រៀបចំ​របស់​ព្រះ​ឡើយ។—រ៉ូម ៨:១៤​-​១៧; ថែស្សាឡូនីច​ទី​២ ២:១៣; វិវរណៈ ១៤:១

២០. តើ​អ្វី​អាច​ជួយ​បុគ្គល​ខ្លះ​ដែល​មិន​ទាន់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

២០ ជា​ពិសេស តាំង​តែ​ពី​ពាក់​កណ្ដាល​ទសវត្ស​ពី​ឆ្នាំ​១៩៣០ មនុស្ស​ច្រើន​ឥត​គណនា​ដែល​មាន​សេចក្ដី​សង្ឃឹម​រួច​រស់​ជីវិត​ផុត​ពី​«​គ្រា​វេទនា​យ៉ាង​ធំ​»​ហើយ​រស់​នៅ​លើ​ផែនដី​ជា​រៀង​រហូត គេ​ក៏​បាន​ចូល​រួម​ជា​មួយ​«​ចៀម​ឯ​ទៀត​»​របស់​ព្រះ​យេស៊ូ។ (​វិវរណៈ ៧:៩, ១៤; យ៉ូហាន ១០:១៦​) ពួក​គេ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ពីព្រោះ​គេ​បាន​រស់​នៅ​សម​ស្រប​ទៅ​តាម​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​គេ​ស្រឡាញ់​ទ្រង់​«​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កម្លាំង ហើយ​អស់​អំពី​គំនិត​»​គេ​ដែរ។ (​លូកា ១០:២៥​-​២៨​) ទោះ​ជា​បុគ្គល​ខ្លះ​ទទួល​ស្គាល់​ថា ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា‹ថ្វាយ​បង្គំ​ព្រះ​ដោយ​វិញ្ញាណ និង​សេចក្ដី​ពិត›យ៉ាង​ណា​ក៏​ដោយ ពួក​គេ​មិន​ទាន់​បាន​ធ្វើ​តាម​គំរូ​ព្រះ​យេស៊ូ ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​សាធារណៈ​នៅ​ឡើយ​ទេ ដែល​នេះ​ជា​ការ​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​របស់​គេ​ចំពោះ​ព្រះ​យេហូវ៉ា និង​ថា​គេ​ចង់​ថ្វាយ​បង្គំ​ទ្រង់​តែ​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ។ (​យ៉ូហាន ៤:២៣, ២៤; ចោទិយកថា ៤:២៤; ម៉ាកុស ១:៩​-​១១​) ការ​អធិស្ឋាន​យ៉ាង​ជាក់​លាក់​និង​អស់​ពី​ចិត្ត​អំពី​ជំហាន​ដ៏​សំខាន់​នេះ ប្រហែល​ជា​នឹង​ជំរុញ​ចិត្ត​គេ ហើយ​និង​ផ្ដល់​សេចក្ដី​ក្លាហាន​ឲ្យ​គេ​សម្រប​ជីវិត​ទៅ​តាម​ព្រះ​បន្ទូល​របស់​ព្រះ ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​មិន​ទើស​ទាល់ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។

២១, ២២. មនុស្ស​ខ្លះ​ស្ទាក់​ស្ទើរ​មិន​ថ្វាយ​ខ្លួន​និង​មិន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ តើ​ដោយ​ព្រោះ​មូលហេតុ​អ្វី​ខ្លះ?

២១ បុគ្គល​ខ្លះ​ស្ទាក់​ស្ទើរ​មិន​ថ្វាយ​ខ្លួន​ហើយ​មិន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ ពីព្រោះ​គេ​រវល់​តែ​នឹង​កិច្ច​ការ​លោកីយ៍ ឬ​មួយ​ក៏​គេ​ជក់​ដេញ​តាម​រក​ទ្រព្យ​សម្បត្ដិ​ដល់​ម្ល៉េះ​បាន​ជា​គេ​មិន​សូវ​មាន​ពេល​សំរាប់​អ្វី​ៗ​ខាង​វិញ្ញាណ​ទេ។ (​ម៉ាថាយ ១៣:២២; យ៉ូហាន​ទី​១ ២:១៥​-​១៧​) គេ​នឹង​អាច​មាន​សុភមង្គល​បាន​ច្រើន​ណាស់! បើ​គេ​ផ្លាស់​ប្ដូរ​ទស្សនៈ​និង​គោល​ដៅ​របស់​គេ! ការ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​នឹង​បង្កើន​ភាព​ខាង​វិញ្ញាណ​របស់​គេ ក៏​ជួយ​រំលែក​ទុក្ខ​ព្រួយ​គេ ហើយ​ផ្ដល់​សេចក្ដី​សុខ​កាយ​សប្បាយ​ចិត្ត​ដែល​មក​ពី​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។—ទំនុក​ដំកើង ១៦:១១; ៤០:៨; សុភាសិត ១០:២២; ភីលីព ៤:៦, ៧

២២ អ្នក​ឯ​ទៀត​និយាយ​ថា​គេ​ស្រឡាញ់​ព្រះ​យេហូវ៉ា តែ​គេ​មិន​ថ្វាយ​ខ្លួន​និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ ពីព្រោះ​គេ​គិត​ថា​គេ​នឹង​អាច​រួច​ពី​ភារកិច្ច​ធ្វើ​តាម​ព្រះ​បន្ទូល។ ប៉ុន្តែ ចំពោះ​ព្រះ​ភក្ដ្រ​ព្រះ យើង​ម្នាក់​ៗ​នឹង​ទទួល​ខុស​ត្រូវ​នឹង​អ្វី​ៗ​ដែល​យើង​ធ្វើ។ យើង​មាន​ភារកិច្ច​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ​យេហូវ៉ា ចាប់​តាំង​ពី​លើក​ដំបូង​ដែល​យើង​បាន​ឮ​នូវ​ព្រះ​បន្ទូល​របស់​ទ្រង់។ (​អេសេគាល ៣៣:៧​-​៩; រ៉ូម ១៤:១២​) ដោយ​ព្រោះ​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ជា‹រាស្ត្រ​ព្រះ​យេហូវ៉ា​បាន​រើស​យក› នោះ​គេ​កើត​មក​ក្នុង​សាសន៍​មួយ​ដែល​បាន​ត្រូវ​ថ្វាយ​ចំពោះ​ព្រះ​យេហូវ៉ា​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​មាន​ភារកិច្ច​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​សម​ស្រប​ទៅ​តាម​គោល​ការណ៍​របស់​ទ្រង់។ (​ចោទិយកថា ៧:៦, ១១​) សព្វ​ថ្ងៃ​នេះ គ្មាន​នរ​ណា​ម្នាក់​កើត​មក​ក្នុង​សាសន៍​មួយ​ដែល​ត្រូវ​ថ្វាយ​ចំពោះ​ព្រះ​រួច​ទៅ​ហើយ​នោះ​ទេ ប៉ុន្តែ​បើ​សិន​ជា​យើង​បាន​ទទួល​ការ​ណែនាំ​ត្រឹម​ត្រូវ​ពី​បទ​គម្ពីរ​រួច​ទៅ​ហើយ យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​នោះ​ដោយ​មាន​ជំនឿ។

២៣, ២៤. តើ​បុគ្គល​ផ្សេង​ៗ​មិន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ ដោយ​ព្រោះ​ខ្លាច​អ្វី?

២៣ ការ​ភិត​ភ័យ​ថា​ខ្លួន​ខ្វះ​ខាត​នូវ​ចំណេះ​គ្រប់​គ្រាន់​នោះ ប្រហែល​ជា​ហេតុ​ធ្វើ​ឲ្យ​បុគ្គល​ខ្លះ​ស្ទាក់​ស្ទើរ​មិន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ប៉ុន្តែ យើងទាំង​អស់​គ្នា​នៅ​តែ​មាន​អ្វី​ជា​ច្រើន​ដែល​យើង​ត្រូវ​រៀន ពីព្រោះ​«​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ចការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ​»។ (​សាស្ដា ៣:១១​) សូម​គិត​អំពី​គំរូ​របស់​បុរស​កំរៀវ​ជន​ជាតិ​អេធីយ៉ូពី។ ដោយ​សារ​គាត់​បាន​ផ្លាស់​សាសនា​មក​កាន់​សាសនា​យូដា​នោះ គាត់​មាន​ចំណេះ​ដឹង​អំពី​បទ​គម្ពីរ តែ​គាត់​មិន​បាន​ដឹង​អ្វី​ៗ​ទាំង​អស់​អំពី​គោល​បំណង​របស់​ព្រះ​ទេ។ ប៉ុន្តែ ក្រោយ​គាត់​រៀន​អំពី​សំ​វិធានការ​របស់​ព្រះ​យេហូវ៉ា​សំរាប់​សេចក្ដី​សង្គ្រោះ​តាម​រយៈ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​នោះ​មក បុរស​កំរៀវ​នេះ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ភ្លាម​ៗ។—កិច្ច​ការ ៨:២៦​-​៣៨

២៤ បុគ្គល​ខ្លះ​ស្ទាក់​ស្ទើរ​មិន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​ពីព្រោះ​គេ​ខ្លាច​ថា គេ​មិន​អាច​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​នោះ។ ម៉ូនីក​ជា​យុវនារី​ម្នាក់​អាយុ​១៧​ឆ្នាំ​បាន​ស្រដី​ថា​៖ ​«​ខ្ញុំ​ស្ទាក់​ស្ទើរ​មិន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​សារ​ខ្ញុំ​ខ្លាច​ថា ខ្ញុំ​មិន​អាច​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​នោះ​»។ ប៉ុន្តែ បើ​សិន​ជា​យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត ‹ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​យើង›។ ទ្រង់​នឹង​ជួយ​យើង​បន្ត​«​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​»​ជា​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ទ្រង់។—សុភាសិត ៣:៥, ៦; យ៉ូហាន​ទី​៣ ៤

២៥. តើ​យើង​គួរ​នឹង​រក​ចំ​លើយ​នៃ​សំនួរ​អ្វី?

២៥ ជា​រៀង​រាល់​ឆ្នាំ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ចិត្ត​គេ​ជំរុញ​ឲ្យ​ថ្វាយ​ខ្លួន​និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដោយ​សារ​គេ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​ស្រឡាញ់​ទ្រង់​អស់​ពី​ចិត្ត។ អស់​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​បាន​ថ្វាយ​ខ្លួន​ហើយ ច្បាស់​ជា​ចង់​នៅ​ស្មោះ​ត្រង់​នឹង​ទ្រង់​ជា​ប្រាកដ។ ប៉ុន្តែ យើង​កំពុង​តែ​រស់​នៅ​គ្រា​លំបាក​ណាស់ ហើយ​មាន​អ្វី​ៗ​ជា​ច្រើន​ដែល​សាក​នូវ​ភាព​មុត​មាំ​នៃ​ជំនឿ​របស់​យើង។ (​ធីម៉ូថេ​ទី​២ ៣:១​-​៥​) តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា? នេះ​ជា​អ្វី​ដែល​យើង​នឹង​ពិចារណា​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[​កំណត់​សម្គាល់​]

a ដោយ​ព្រោះ​ព្រះ​យេស៊ូ​គ្មាន​បាប នោះ​ទ្រង់​មិន​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដើម្បី​បង្ហាញ​ពី​ការ​ប្រែ​ចិត្ត​ទេ។ បុណ្យ​ជ្រមុជ​ទឹក​របស់​ទ្រង់​មាន​ន័យ​ថា​ទ្រង់​បាន​ប្រគល់​អង្គ​ទ្រង់​ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា​ទ្រង់។—ហេព្រើរ ៧:២៦; ១០:៥​-​១០

តើ​អ្នក​នៅ​ចាំ​ទេ?

• តើ​បុណ្យ​ជ្រមុជ​ទឹក​គ្រីស្ទាន​មាន​លំនាំ​អ្វី?

• អ្នក​ដែល​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក តើ​គេ​ត្រូវ​មាន​ចំណេះ​អ្វី​ខ្លះ?

• គ្រីស្ទាន​ពិត​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក តើ​គេ​ត្រូវ​ធ្វើ​តាម​ជំហាន​អ្វី​ខ្លះ​ជា​មុន​សិន?

• ហេតុ​អ្វី​បាន​ជា​បុគ្គល​ខ្លះ​ស្ទាក់​ស្ទើរ​មិន​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក? ប៉ុន្តែ តើ​ពួក​គេ​អាច​ទទួល​ជំនួយ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​១៣​]

ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក‹ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​វិញ្ញាណ​បរិសុទ្ធ› តើ​អ្នក​ដឹង​ថា​នេះ​បាន​ន័យ យ៉ាង​ដូច​ម្ដេច​ទេ?