លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការទទួលប្រយោជន៍ពីសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះយេហូវ៉ា

ការទទួលប្រយោជន៍ពីសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះយេហូវ៉ា

ការ​ទទួល​ប្រយោជន៍​ពី​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា

​«​បើ​អ្នក​ណា​មាន​ប្រាជ្ញា នោះ​នឹង . . . ពិចារណា​ពី​សេចក្ដី​សប្បុរស[​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​, ព.ថ.​]របស់​ព្រះ​យេហូវ៉ា។—ទំនុក​ដំកើង ១០៧:៤៣

១. តើ​ពេល​ណា​ដែល​ព្រះ​គម្ពីរ​ប្រើ​ពាក្យ​ភាសា​ហេព្រើរ​ដែល​ត្រូវ​បក​ប្រែ​ថា​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​ជា​លើក​ទី​មួយ​នោះ? ហើយ​តើ​យើង​នឹង​ពិចារណា​សំនួរ​អ្វី​ខ្លះ​ដែល​ទាក់​ទង​នឹង​គុណ​សម្បត្ដិ​នេះ?

 ជិត​៤.០០០​ឆ្នាំ​មុន លោក​ឡុត​ដែល​ត្រូវ​ជា​ក្មួយ​របស់​លោក​អ័ប្រាហាំ បាន​ពោល​អំពី​ព្រះ​យេហូវ៉ា​ថា​ទ្រង់​បាន​៖ ​«​ចំរើន​សេចក្ដី​មេត្ដា​ករុណា[​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​, ព.ថ.​]របស់[​ទ្រង់​]​»។ (​លោកុប្បត្តិ ១៩:១៩​) នេះ​ជា​លើក​ទី​មួយ​ដែល​ពាក្យ​ភាសា​ហេព្រើរ​ដែល​ត្រូវ​បក​ប្រែ​ថា ​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​ បាន​លេច​ឡើង​ក្នុង​ព្រះ​គម្ពីរ​ឯកសារ​ដើម។ យ៉ាកុប ន៉ាអូមី ដាវីឌ និង​អ្នក​ឯ​ទៀត​ដែល​បំរើ​ព្រះ ក៏​បាន​និយាយ​អំពី​គុណ​សម្បត្ដិ​មួយ​នេះ​របស់​ព្រះ​ដែរ។ (​លោកុប្បត្តិ ៣២:១០; នាង​រស់ ១:៨; សាំយូអែល​ទី​២ ២:៦​) ការ​ពិត ពាក្យ​ភាសា​ហេព្រើរ​ដែល​ត្រូវ​បក​ប្រែ​ថា ​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​ គឺ​មាន​ប្រមាណ​២៥០​ដង​ក្នុង​ឯកសារ​ដើម​នៃ​បទ​គម្ពីរ​ភាសា​ហេព្រើរ។ ប៉ុន្តែ តើ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា​ជា​អ្វី? តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​អ្នក​ណា​ខ្លះ​នៅ​សម័យ​បុរាណ? ហើយ​សព្វ​ថ្ងៃ​នេះ តើ​យើង​ទទួល​ប្រយោជន៍​ដូច​ម្ដេច​ពី​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​នោះ?

២. ហេតុ​អ្វី​បាន​ជា​ពាក្យ​ភាសា​ហេព្រើរ​ដែល​ត្រូវ​បក​ប្រែ​ថា​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​ គឺ​ពិបាក​បក​ស្រាយ​ម្ល៉េះ? ហើយ​តើ​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​អាច​ត្រូវ​បក​ប្រែ​យ៉ាង​ត្រឹម​ត្រូវ​ជា​ពាក្យ​អ្វី​ទៀត?

ក្នុង​បទ​គម្ពីរ​ពាក្យ​ដែល​ថា ​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​ គឺ​ជា​ការ​បក​ប្រែ​ពាក្យ​មួយ​ជា​ភាសា​ហេព្រើរ​ដែល​មាន​ខ្លឹម​សារ​ជ្រាល​ជ្រៅ​ដល់​ម្ល៉េះ បាន​ជា​ភាសា​ភាគ​ច្រើន​គ្មាន​ពាក្យ​ចំ​ៗ​ណា​មួយ​ដែល​អាច​បញ្ជាក់​អត្ថន័យ​ពាក្យ​នោះ​ឲ្យ​បាន​ពេញ​សេចក្ដី​នោះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា ការ​បក​ប្រែ​ថា ​«​សេចក្ដី​ស្រឡាញ់​»​ ​«​សេចក្ដី​មេត្ដា​ករុណា​»​ និង​«​សេចក្ដី​ស្មោះ​ត្រង់​»​ជា​ដើម មិន​អាច​បញ្ជាក់​យ៉ាង​ត្រឹម​ត្រូវ​នូវ​ខ្លឹម​សារ​ដ៏​ទូលំ​ទូលាយ​នៃ​ពាក្យ​ភាសា​ហេព្រើរ​នេះ​បាន​ទេ។ ក៏​ប៉ុន្តែ ពាក្យ​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​ គឺ​មាន​ន័យ​ទូលំ​ទូលាយ​ហើយ​ក៏​ស្ទើរ​តែ​មាន​ន័យ​ជិត​ស្មើ​នឹង​ខ្លឹម​សារ​ទាំង​មូល​នៃ​ពាក្យ​ដើម​ជា​ភាសា​ហេព្រើរ​នោះ​ដែរ។ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ ដែល​មាន​ឯកសារ​យោង​បញ្ជាក់​យ៉ាង​ត្រឹម​ត្រូវ​ថា ពាក្យ​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​ជា​ភាសា​ហេព្រើរ​នោះ ក៏​អាច​ត្រូវ​បក​ប្រែ​ថា ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​ផង​ដែរ។—និក្ខមនំ ១៥:១៣; ទំនុក​ដំកើង ៥:៧, ព.ថ. សម្គាល់​ហេតុ

ខុស​គ្នា​ពី​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​ស្មោះ​ត្រង់

៣. តើ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​គឺ​ខុស​គ្នា​ពី​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច?

សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ឬ​ក៏​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​គឺ​ប្រៀប​ដូច​ជា​វេញ​ជាប់​គ្នា​នឹង​គុណ​សម្បត្ដិ​ពីរ​ឯ​ទៀត ពោល​គឺ សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​ស្មោះ​ត្រង់។ ប៉ុន្តែ សេចក្ដី​សប្បុរស​ដ៏​ស្មោះ​មាន​លក្ខណៈ​សំខាន់​ៗ​ដែល​ខុស​គ្នា​ពី​គុណ​សម្បត្ដិ​ទាំង​នោះ​ដែរ។ យើង​សូម​ពិចារណា​នូវ​ហេតុ​ដែល​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​និង​សេចក្ដី​ស្រឡាញ់​គឺ​ខុស​គ្នា។ បុគ្គល​មួយ​រូប​អាច​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​របស់​អ្វី​មួយ​ឬ​ក៏​ស្រឡាញ់​គោល​ការណ៍​ផ្សេង​ៗ​បាន។ ព្រះ​គម្ពីរ​ចែង​អំពី​ការ​«​ស្រឡាញ់​ប្រាក់​»​ និង​ការ​«​ស្រឡាញ់​ដល់​ប្រាជ្ញា​»។ (​សាស្ដា ៥:១០; សុភាសិត ២៩:៣​) ប៉ុន្តែ សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ត្រូវ​សម្ដែង​ចំពោះ​មនុស្ស​វិញ មិន​មែន​ចំពោះ​គោល​ការណ៍​ឬ​ក៏​របស់​ណា​ដែល​គ្មាន​ជីវិត​នោះ​ទេ។ ជា​ឧទាហរណ៍ ពេល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​នៅ​និក្ខមនំ ២០:៦​ថា​៖ ​«​អញ​ផ្ដល់​សេចក្ដី​សប្បុរស[​«​ដ៏​ស្មោះ​»​, ព.ថ.​]ដល់​ទាំង​ពាន់​ដំណ​»​ នោះ​សំដៅ​ទៅ​លើ​មនុស្ស។

៤. ពាក្យ​ភាសា​ហេព្រើរ​ដែល​ត្រូវ​បក​ប្រែ​ថា ​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​ តើ​ពាក្យ​នោះ​គឺ​ខុស​គ្នា​ពី​សេចក្ដី​ស្មោះ​ត្រង់​យ៉ាង​ដូច​ម្ដេច?

ពាក្យ​ភាសា​ហេព្រើរ​ដែល​ត្រូវ​បក​ប្រែ​ថា ​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​ គឺ​ជា​ពាក្យ​ដែល​មាន​អត្ថន័យ​ទូលំ​ទូលាយ​ជាង​ពាក្យ​«​សេចក្ដី​ស្មោះ​ត្រង់​»​ទៅ​ទៀត។ ក្នុង​ភាសា​ខ្លះ ពាក្យ​«​សេចក្ដី​ស្មោះ​ត្រង់​»​ច្រើន​តែ​ត្រូវ​ប្រើ​ដើម្បី​សំដៅ​ទៅ​លើ​ទឹក​ចិត្ត​របស់​បុគ្គល​ដែល​ស្ថិត​ក្រោម​បង្គាប់​ចៅហ្វាយ​មួយ​រូប​ត្រូវ​មាន ចំពោះ​ចៅហ្វាយ​របស់​ខ្លួន។ ក៏​ប៉ុន្តែ អ្នក​ស្រាវ​ជ្រាវ​មួយ​រូប​បាន​កត់​សម្គាល់​ថា ក្នុង​ព្រះ​គម្ពីរ​ពាក្យ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​«​ច្រើន​តែ​សំដៅ​ទៅ​លើ​ទំនាក់​ទំនង​ផ្ទុយ​ពី​នោះ​ទាំង​ស្រុង គឺ​ថា​ចៅហ្វាយ​បង្ហាញ​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​អ្នក​ខ្សោយ អ្នក​ដែល​ខ្វះ​ខាត ឬ​អ្នក​ដែល​កំពុង​តែ​ពឹង​ពាក់​ទៅ​លើ​គាត់​»។ ដូច្នេះ ស្តេច​ដាវីឌ​អាច​ទូល​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​ឲ្យ​ព្រះ​ភក្ដ្រ​ទ្រង់​ភ្លឺ​មក​លើ​អ្នក​បំរើ​ទ្រង់។ សូម​ជួយ​សង្គ្រោះ​ទូល​បង្គំ ដោយ​សេចក្ដី​សប្បុរស[​«​ដ៏​ស្មោះ​»​, ព.ថ.​]នៃ​ទ្រង់​»។ (​ទំនុក​ដំកើង ៣១:១៦​) ព្រះ​យេហូវ៉ា​ដែល​មាន​ព្រះ​ចេស្ដា​នោះ ត្រូវ​ដាវីឌ​សុំ​អង្វរ​ទ្រង់​ឲ្យ​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ ឬ​ក៏​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​កំពុង​តែ​ពឹង​ពាក់​ទៅ​លើ​ទ្រង់ ពោល​គឺ​ដាវីឌ​អង្គ​ទ្រង់​ផ្ទាល់​តែ​ម្ដង។ ក្នុង​ករណី​នេះ សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ត្រូវ​បង្ហាញ​ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​ដោយ​សារ​មាន​ការ​បង្ខិត​បង្ខំ​ទេ ពីព្រោះ​អ្នក​តូច​ដែល​ត្រូវ​ការ​ទី​ពឹង​ពំនាក់​នោះ គ្មាន​សមត្ថភាព​បង្ខិត​បង្ខំ​អ្នក​ធំ​ឡើយ។

៥. (​ក​) ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ស្តី​ពី​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ទ្រង់​តើ​លក្ខណៈ​អ្វី​ខ្លះ​លេច​ធ្លោ​ជាង​គេ?(​ខ​) តើ​យើង​នឹង​ពិចារណា​កំណត់​ហេតុ​អ្វី​ខ្លះ​ស្តី​ពី​ការ​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា?

អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​ពោល​ថា​៖ ​«​បើ​អ្នក​ណា​មាន​ប្រាជ្ញា នោះ​នឹង . . . ពិចារណា​ពី​សេចក្ដី​សប្បុរស[​«​ដ៏​ស្មោះ​»​, ព.ថ.​]របស់​ព្រះ​យេហូវ៉ា​»។ (​ទំនុក​ដំកើង ១០៧:៤៣​) សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ជា​សេចក្ដី​សង្គ្រោះ ឬ​មួយ​ក៏​ការ​ពារ​យើង​កុំ​ឲ្យ​បាត់​បង់​ជីវិត។ (​ទំនុក​ដំកើង ៦:៤; ១១៩:៨៨, ១៥៩​) សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ក៏​ការ​ពារ​យើង និង​ផ្ដល់​ជា​ភាព​ធូរ​ស្បើយ​ពី​ទុក្ខ​លំបាក​ផង​ដែរ។ (​ទំនុក​ដំកើង ៣១:១៦, ២១; ៤០:១១; ១៤៣:១២​) ទោះ​បើ​យើង​ធ្វើ​អំពើ​បាប​ក៏​ដោយ គុណ​សម្បត្ដិ​នេះ​អាច​បើក​ឱកាស​ឲ្យ​យើង​ទទួល​ការ​អត់​ឱន​ទោស​វិញ។ (​ទំនុក​ដំកើង ២៥:៧​) តាម​រយៈ​ការ​មើល​ឡើង​វិញ​នូវ​កំណត់​ហេតុ​មួយ​ចំនួន​ក្នុង​បទ​គម្ពីរ និង​ដោយ​កត់​សម្គាល់​នូវ​ខ​គម្ពីរ​ឯ​ទៀត​នោះ យើង​នឹង​ឃើញ​ថា (​១​) ព្រះ​យេហូវ៉ា​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ទ្រង់​ដោយ​ការ​ប្រព្រឹត្ត​ដ៏​ពិសេស​មួយ និង(​២​) អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ទ្រង់​ទទួល​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ពី​ទ្រង់។

សេចក្ដី​សង្គ្រោះ​គឺ​ជា​ការ​សម្ដែង​នូវ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ

៦, ៧. (​ក​) ក្នុង​ករណី​របស់​ឡុត​តើ​ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​នូវ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ទ្រង់​ដោយ​ធ្វើ​អ្វី? (​ខ​) តើ​ឡុត​បាន​និយាយ​អំពី​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា​នៅ​ពេល​ណា?

វិធី​ល្អ​បំផុត​ដើម្បី​យល់​នូវ​ទំហំ​នៃ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា ប្រហែល​ជា​ដោយ​ការ​ពិនិត្យ​មើល​កំណត់​ហេតុ​បទ​គម្ពីរ​ដែល​ទាក់​ទង​នឹង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​តែ​ម្ដង។ នៅ​លោកុប្បត្តិ ១៤:១​-​១៦ យើង​ឃើញ​ថា លោក​ឡុត​ដែល​ត្រូវ​ជា​ក្មួយ​របស់​អ័ប្រាហាំ បាន​ត្រូវ​កង​ពល​សត្រូវ​ចាប់​យក​គាត់​ទៅ​ធ្វើ​ជា​ឈ្លើយ។ ប៉ុន្តែ អ័ប្រាហាំ​បាន​សង្គ្រោះ​ឡុត។ ជីវិត​របស់​ឡុត​ជិត​ជួប​នឹង​គ្រោះ​ថ្នាក់​ម្ដង​ទៀត ពេល​ព្រះ​យេហូវ៉ា​សម្រេច​ព្រះ​ទ័យ​កំទេច​ចោល​ទី​ក្រុង​សូដុំម​ដ៏​ខូច​អាក្រក់​នោះ ដែល​ជា​ទី​លំនៅ​របស់​ឡុត​និង​ក្រុម​គ្រួសារ​របស់​គាត់។—លោកុប្បត្តិ ១៨:២០​-​២២; ១៩:១២, ១៣

ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​មក​មុន​ពេល​នោះ​បន្ដិច ដើម្បី​នាំ​ឡុត​និង​ក្រុម​គ្រួសារ​របស់​គាត់​ចេញ​ពី​ទី​ក្រុង​នេះ។ ពេល​នោះ​ឡុត​បាន​ពោល​ថា​៖ ​«​[​ទ្រង់​]បាន​ផ្ដល់​ព្រះ​គុណ​មក​ខ្ញុំ​ជា​អ្នក​បំរើ[​ទ្រង់​] ហើយ​បាន​ចំរើន​សេចក្ដី​មេត្ដា​ករុណា[​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​, ព.ថ.​]របស់[​ទ្រង់​] ឲ្យ​ខ្ញុំ​ឃើញ ដោយ​ការ​ពារ​ជីវិត​ខ្ញុំ​»។ (​លោកុប្បត្តិ ១៩:១៦, ១៩​) ពំនោល​នោះ​បញ្ជាក់​ថា ឡុត​ទទួល​ស្គាល់​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​លើស​ជាង​ធម្មតា​ដែល​ព្រះ​យេហូវ៉ា​បាន​សម្ដែង​ដោយ​ជួយ​សង្គ្រោះ​ជីវិត​គាត់។ ក្នុង​ករណី​នេះ សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​បាន​ត្រូវ​សម្ដែង​ដោយ​ការ​សង្គ្រោះ​និង​ការ​ការ​ពារ​ជីវិត។—ពេត្រុស​ទី​២ ២:៧

សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា​និង​ការ​ណែនាំ​ពី​ទ្រង់

៨, ៩. (​ក​) តើ​អ្នក​បំរើ​របស់​អ័ប្រាហាំ​បាន​ទទួល​ភារៈ​អ្វី? (​ខ​) ហេតុ​អ្វី​បាន​ជា​អ្នក​បំរើ​នោះ​បាន​អធិស្ឋាន​ឲ្យ​ព្រះ​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​គាត់? ហើយ​ខណៈ​ដែល​អ្នក​បំរើ​នោះ​អធិស្ឋាន តើ​អ្វី​បាន​កើត​ឡើង?

នៅ​លោកុប្បត្តិ​ជំពូក​ទី​២៤ យើង​អាន​អំពី​ការ​សម្ដែង​ម្យ៉ាង​ទៀត​នូវសេចក្ដី​សប្បុរស​ដ៏​ស្មោះ ឬ​ក៏​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ។ កំណត់​ហេតុ​នេះ​ចែង​ថា អ័ប្រាហាំ​បាន​បង្គាប់​អ្នក​បំរើ​របស់​គាត់​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ស្រុក​របស់​ញាតិ​សន្ដាន​អ័ប្រាហាំ ដើម្បី​រក​ភរិយា​មួយ​សំរាប់​អ៊ីសាក​ជា​កូន​ប្រុស​របស់​អ័ប្រាហាំ។ (​ខ​២​-​៤​) ភារៈ​នេះ​ពិបាក​ណាស់ ប៉ុន្តែ​អ្នក​បំរើ​នោះ​ត្រូវ​បាន​ធានា​ថា ទេវតា​របស់​ព្រះ​យេហូវ៉ា​នឹង​នាំ​ផ្លូវ​របស់​គាត់។ (​ខ​៧​) នៅ​ទី​បំផុត អ្នក​បំរើ​នោះ​បាន​ទៅ​ដល់​អណ្ដូង​នៅ​ក្រៅ​«​ទី​ក្រុង​របស់​ណាឃរ​»​ (​ប្រហែល​ជា​ស្រុក​ខារ៉ាន​ឬ​ក៏​កន្លែង​នៅ​ជិត​ស្រុក​ខារ៉ាន​) នៅ​ចំ​ពេល​ដែល​ពួក​ស្ត្រី​នាំ​គ្នា​ចេញ​មក​ដង​ទឹក។ (​ខ​១០, ១១​) ពេល​អ្នក​បំរើ​នោះ​ឃើញ​ពួក​ស្ត្រី​កំពុង​តែ​ដើរ​ឆ្ពោះ​មក​កាន់​តែ​ជិត គាត់​ដឹង​ថា ពេល​នោះ​ឯង​ជា​ពេល​សម្រេច​ភារៈ​របស់​គាត់។ ប៉ុន្តែ តើ​គាត់​អាច​ជ្រើស​រើស​ស្ត្រី​ត្រឹម​ត្រូវ​យ៉ាង​ដូច​ម្ដេច​បាន?

ដោយ​ព្រោះ​អ្នក​បំរើ​របស់​អ័ប្រាហាំ​ដឹង​ថា គាត់​ត្រូវ​ការ​ជំនួយ​ពី​ព្រះ នោះ​គាត់​អធិស្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រាហាំ ចៅហ្វាយ​ទូល​បង្គំ​អើយ! នៅ​ថ្ងៃ​នេះ​សូម​ប្រោស​មេត្ដា​ដល់​ទូល​បង្គំ សូម​សំដែង​សេចក្ដី​សប្បុរស[​«​ដ៏​ស្មោះ​»​, ព.ថ.​]ដល់​អ័ប្រាហាំ ជា​ចៅហ្វាយ​ទូល​បង្គំ​ផង​»។ (​ខ​១២​) តើ​ព្រះ​យេហូវ៉ា​នឹង​សម្ដែង​នូវ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច? អ្នក​បំរើ​នោះ​បាន​សុំ​ទី​សម្គាល់​ជាក់​ច្បាស់​មួយ ដែល​នឹង​ជួយ​គាត់​សម្គាល់​ស្ត្រី​ដែល​ព្រះ​បាន​ជ្រើស​រើស។ (​ខ​១៣, ១៤​) ស្ត្រី​ម្នាក់​បាន​ធ្វើ​ចំ​តាម​អ្វី​ដែល​អ្នក​បំរើ​របស់​អ័ប្រាហាំ​បាន​សុំ​ពី​ព្រះ​យេហូវ៉ា ដល់​ម្ល៉េះ​បាន​ជា​មើល​ទៅ​ហាក់​ដូច​ជា​នាង​បាន​ឮ​សេចក្ដី​អធិស្ឋាន​របស់​គាត់​តែ​ម្ដង! (​ខ​១៥​-​២០​) អ្នក​បំរើ​នោះ​បាន​«​សំឡឹង​មើល​នាង​ទាំង​មាន​សេចក្ដី​អស្ចារ្យ​»។ ប៉ុន្តែ នៅ​មាន​ពត៌មាន​សំខាន់​ដែល​គាត់​ត្រូវ​ការ។ តើ​ស្ត្រី​ស្អាត​នេះ​ជា​សមាជិក​ក្រុម​គ្រួសារ​អ័ប្រាហាំ​ឬ​ទេ? តើ​នាង​នៅ​ក្រមុំ​ទេ? ដូច្នេះ អ្នក​បំរើ​នេះ​បាន​នៅ​«​ស្ងៀម ដោយ​ចង់​ដឹង បើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ដំណើរ​គាត់​ដើរ​មក​នោះ​បាន​សំរេច​ការ​ឬ​ទេ​»។—ខ​១៦, ២១

១០. អ្នក​បំរើ​របស់​អ័ប្រាហាំ​បាន​សន្និដ្ឋាន​ថា​ព្រះ​យេហូវ៉ា​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​អ័ប្រាហាំ​ជា​ម្ចាស់​គាត់ ដោយ​ព្រោះ​អ្វី?

១០ មិន​យូរ​ក្រោយ​មក ក្រមុំ​នេះ​បាន​បញ្ជាក់​អត្តសញ្ញាណ​របស់​នាង​ជា ​«​កូន​បេធូអែល គឺ​ជា​ចៅ​ណាឃរ[​ជា​ប្អូន​ប្រុស​អ័ប្រាហាំ​]នឹង​មីលកា​»។ (​លោកុប្បត្តិ ១១:២៦; ២៤:២៤​) រំពេច​នោះ អ្នក​បំរើ​របស់​អ័ប្រាហាំ​បាន​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​គាត់។ ដោយ​មាន​អារម្មណ៍​រំភើប​ពន់​ពេក គាត់​ឱន​ខ្លួន​និង​ពោល​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រាហាំ​ចៅហ្វាយ​ទូល​បង្គំ ដែល​ទ្រង់​មិន​បាន​ខាន​នឹង​ផ្ដល់​សេចក្ដី​សប្បុរស[​«​ដ៏​ស្មោះ​»​, ព.ថ.​] នឹង​សេចក្ដី​ស្មោះ​ត្រង់ ដល់​ចៅហ្វាយ​ទូល​បង្គំ​បាន​ប្រកប​ដោយ​ព្រះ​ពរ។ ឯ​ទូល​បង្គំ​សោត ក៏​ព្រះ​យេហូវ៉ា​ទ្រង់​បាន​នាំ​ផ្លូវ​មក​ដល់​ផ្ទះ​ពួក​បង​ប្អូន​របស់​ចៅហ្វាយ​ទូល​បង្គំ​ហើយ​»។ (​ខ​២៧​) ព្រះ​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​អ័ប្រាហាំ​ជា​ម្ចាស់​នៃ​អ្នក​បំរើ​នោះ ដោយ​ផ្ដល់​ការ​ណែនាំ។

សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​ផ្ដល់​ជា​ភាព​ធូរ​ស្បើយ​និង​ការ​ការ​ពារ

១១, ១២. (​ក​) យ៉ូសែប​បាន​ទទួល​នូវ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ពី​ព្រះ​យេហូវ៉ា​ពេល​គាត់​មាន​ទុក្ខ​លំបាក​អ្វី​ខ្លះ? (​ខ​) តើ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​បាន​ត្រូវ​សម្ដែង​យ៉ាង​ណា​ចំពោះ​យ៉ូសែប?

១១ ឥឡូវ​យើង​សូម​ពិចារណា​លោកុប្បត្តិ​ជំពូក​ទី​៣​៩​ជា​បន្ត​បន្ទាប់​នេះ។ ជំពូក​នេះ​ជា​កំណត់​ហេតុ​អំពី​យ៉ូសែប ចៅ​ទួត​ប្រុស​របស់​អ័ប្រាហាំ​ដែល​បាន​ត្រូវ​គេ​លក់​ជា​ខ្ញុំ​កញ្ជះ​នៅ​ស្រុក​អេស៊ីប។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នោះ ​«​ព្រះ​យេហូវ៉ា​ទ្រង់ ក៏​គង់​នៅ​ជា​មួយ​នឹង​យ៉ូសែប​»។ (​ខ​១, ២​) ការ​ពិត សូម្បី​តែ​លោក​ប៉ូទីផារ​ជា​បុរស​ជន​ជាតិ​អេស៊ីប​ម្នាក់​ដែល​ត្រូវ​ជា​ម្ចាស់​របស់​យ៉ូសែប​ក៏​ដោយ ក៏​លោក​បាន​សន្និដ្ឋាន​ដែរ​ថា​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​យ៉ូសែប។ (​ខ​៣​) ប៉ុន្តែ យ៉ូសែប​បាន​ត្រូវ​ល្បង​ល​យ៉ាង​ខ្លាំង។ យ៉ូសែប​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ដោយ​មិន​ពិត​ថា គាត់​បាន​ប៉ុន​ប៉ង​ចាប់​រំលោភ​ភរិយា​របស់​លោក​ប៉ូទីផារ រួច​មក​គេ​ក៏​ចាប់​យ៉ូសែប​ដាក់​គុក។ (​ខ​៧​-​២០​) គឺ​នៅ​«​ក្នុង​គុក​ជ្រៅ​»​នេះ​ឯង ដែល​«​ជើង[​យ៉ូសែប​]ត្រូវ​រឹត​រួត​ជាប់​ដោយ​ចំណង ហើយ​មាន​ច្រវាក់​ដែក​ជាប់​នៅ​ប្រាណ​»។—លោកុប្បត្តិ ៤០:១៥; ទំនុក​ដំកើង ១០៥:១៨

១២ តើ​អ្វី​បាន​កើត​ឡើង​ក្នុង​គ្រា​ដែល​គាត់​មាន​ការ​ពិសោធន៍​ដ៏​លំបាក​នេះ? ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យ៉ូសែប ហើយ​ក៏​ផ្ដល់​សេចក្ដី​សប្បុរស[​«​ដ៏​ស្មោះ​»​, ព.ថ.​]ដល់​គាត់​»។ (​ខ​២១​ក​) ការ​ប្រព្រឹត្ត​ដ៏​ពិសេស​មួយ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​នោះ បាន​នាំ​ឲ្យ​មាន​ព្រឹត្ដិការណ៍​ជា​ច្រើន​ផ្ទួន​ៗ​គ្នា​ដែល​ក្រោយ​មក​ផ្ដល់​ជា​ភាព​ធូរ​ស្បើយ​ពី​ទុក្ខ​លំបាក​ដែល​យ៉ូសែប​កំពុង​តែ​ពិសោធ​នោះ។ ព្រះ​យេហូវ៉ា​បាន​«​ធ្វើ​ឲ្យ​មេ​ភូ​ឃុំ អាណិត​មេត្ដា​ដល់​»​យ៉ូសែប។ (​ខ​២១​ខ​) ជា​លទ្ធផល​នោះ មេ​ឃុំ​បាន​ដំឡើង​យ៉ូសែប​ឲ្យ​មាន​ឋានៈ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់។ (​ខ​២២​) ជា​បន្ត​បន្ទាប់ យ៉ូសែប​បាន​ជួយ​បុរស​ម្នាក់​ដែល​ក្រោយ​ៗ​មក​បាន​លើក​ឈ្មោះ​គាត់​ទូល​ប្រាប់​ដល់​ផារ៉ោន ជា​អ្នក​គ្រប់​គ្រង​ស្រុក​អេស៊ីប​ឲ្យ​ស្គាល់​គាត់។ (​លោកុប្បត្តិ ៤០:១​-​៤, ៩​-​១៥; ៤១:៩​-​១៤​) ជា​លទ្ធផល ស្តេច​នោះ​បាន​លើក​យ៉ូសែប​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ទី​ពីរ​ក្នុង​ស្រុក​អេស៊ីប ហើយ​យ៉ូសែប​បាន​ធ្វើ​កិច្ច​ការ​មួយ​ដែល​បាន​សង្គ្រោះ​ជីវិត​របស់​សាសន៍​អេស៊ីប​ដែល​នឹង​ត្រូវ​មាន​ទុរ្ភិក្ស​នោះ។ (​លោកុប្បត្តិ ៤១:៣៧​-​៥៥​) ទុក្ខ​លំបាក​របស់​យ៉ូសែប​បាន​ចាប់​ផ្ដើម​ពេល​គាត់​មាន​អាយុ​តែ​១៧​ឆ្នាំ​ហើយ​បាន​អូស​បន្លាយ​ជាង​១២​ឆ្នាំ! (​លោកុប្បត្តិ ៣៧:២, ៤; ៤១:៤៦​) ប៉ុន្តែ ក្នុង​កំឡុង​ឆ្នាំ​ទាំង​ប៉ុន្មាន​ដែល​មាន​ពេញ​ដោយ​សេចក្ដី​ទុក្ខ​វេទនា​និង​ការ​លំបាក​លំបិន​នោះ ព្រះ​យេហូវ៉ា​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​យ៉ូសែប​ដោយ​ការ​ពារ​គាត់​ពី​អន្តរាយ និង​ដោយ​ការ​ពារ​ជីវិត​គាត់​ដើម្បី​ឲ្យ​គាត់​បំពេញ​ឯកសិទ្ធិ​មួយ​ដែល​ជាប់​ទាក់​ទិន​នឹង​ការ​សម្រេច​នូវ​គោល​បំណង​របស់​ព្រះ។

សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​មិន​ដែល​សាប​សូន្យ​ឡើយ

១៣. (​ក​) តើ​មាន​ការ​សម្ដែង​យ៉ាង​ណា​អំពី​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា​នៅ​ទំនុក​ដំកើង​ទំនុក​ទី​១៣៦? (​ខ​) តាម​ពិត តើ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ជា​អ្វី?

១៣ ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេហូវ៉ា​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល។ ទំនុក​ដំកើង​ទំនុក​ទី​១៣៦​រៀប​រាប់​ថា ដោយ​សារ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​គេ (​ខ​១០​-​១៥​) ទ្រង់​បាន​ណែនាំ​គេ (​១៦​) និង​ទ្រង់​បាន​ការ​ពារ​គេ​ដែរ។ (​ខ​១៧​-​២០​) ព្រះ​ទ្រង់​ក៏​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​បុគ្គល​និមួយ​ៗ​ផង​ដែរ។ បុគ្គល​ម្នាក់​ដែល​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​បុគ្គល​ម្នាក់​ទៀត​នោះ បង្ហាញ​ឲ្យ​ឃើញ​ថា​នេះ​ជា​ការ​ប្រព្រឹត្ត​ស្មោះ​ស្ម័គ្រ​ពី​ចិត្ត ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​នោះ។ ឯកសារ​យោង​មួយ​ច្បាប់​អំពី​ព្រះ​គម្ពីរ បញ្ជាក់​អំពី​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ថា​៖ ​«​នេះ​ជា​ការ​ប្រព្រឹត្ត​ដែល​ការ​ពារ​ជីវិត ឬ​ក៏​បណ្ដាល​ឲ្យ​ជីវិត​រីក​ចំរើន​ឡើង។ សេចក្ដី​សប្បុរស​ដ៏​ស្មោះ​គឺ​ជា​ការ​ធ្វើ​អន្តរាគមន៍​ប្រយោជន៍​ដល់​អ្នក​ណា​ដែល​កំពុង​តែ​រង​ទុក្ខ​វេទនា​ឬ​ក៏​មាន​ទុក្ខ​លំបាក​»។ បណ្ឌិត​មួយ​រូប​ពណ៌នា​អំពី​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ជា​«​សេចក្ដី​ស្រឡាញ់​ដែល​សម្ដែង​ចេញ​ជា​កិរិយា​ប្រព្រឹត្ត​»។

១៤, ១៥. ហេតុ​អ្វី​បាន​ជា​យើង​អាច​ដឹង​ជាក់​ច្បាស់​ថា ឡុត​ជា​អ្នក​បំរើ​ព្រះ​ដែល​បាន​សព្វ​ព្រះ​ហឫទ័យ​ទ្រង់​នោះ?

១៤ កំណត់​ហេតុ​ក្នុង​សៀវភៅ​លោកុប្បត្តិ​ដែល​យើង​បាន​ពិនិត្យ​មើល​ហើយ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​មិន​ដែល​អាក់​ខាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ឡើយ។ ឡុត អ័ប្រាហាំ និង​យ៉ូសែប​បាន​ស្ថិត​ក្នុង​កាលៈទេសៈ​ខុស​ៗ​ពី​គ្នា និង​បាន​ប្រឈម​មុខ​និង​បញ្ហា​ផ្សេង​ៗ​ក៏​ខុស​ស្រឡះ​ពី​គ្នា​ដែរ។ ពួក​គាត់​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ ប៉ុន្តែ ពួក​គាត់​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​បាន​សព្វ​ព្រះ​ហឫទ័យ​ទ្រង់ ហើយ​ពួក​គាត់​ក៏​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​ដែរ។ ការ​ដឹង​ថា ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ ទ្រង់​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​បុគ្គល​និមួយ​ៗ​នោះ ជា​ដំណឹង​ដែល​សម្រាល​ទុក្ខ​យើង​ណាស់។

១៥ ឡុត​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខ្លះ​ដែល​មិន​ប្រកប​ដោយ​ប្រាជ្ញា​ទេ ហើយ​នាំ​ឲ្យ​មាន​ទុក្ខ​ផង​ដែរ។ (​លោកុប្បត្តិ ១៣:១២, ១៣; ១៤:១១, ១២​) ប៉ុន្តែ គាត់​ក៏​បាន​សម្ដែង​គុណ​សម្បត្ដិ​ដ៏​ល្អ​ដែរ។ ពេល​ទេវតា​ពីរ​រូប​របស់​ព្រះ​បាន​មក​ដល់​ទី​ក្រុង​សូដុំម គាត់​បាន​ទទួល​ទេវតា​នោះ​យ៉ាង​រាក់​ទាក់។ (​លោកុប្បត្តិ ១៩:១​-​៣​) គាត់​បាន​បង្ហាញ​ជំនឿ​ដោយ​ព្រមាន​គូរ​ដណ្ដឹង​របស់​កូន​ស្រី​ពីរ​នាក់​របស់​គាត់​អំពី​សេចក្ដី​ហិន​វិនាស​ដែល​ជិត​ដល់​ទី​ក្រុង​សូដុំម​ហើយ។ (​លោកុប្បត្តិ ១៩:១៤​) ទស្សនៈ​របស់​ព្រះ​ចំពោះ​រូប​គាត់ គឺ​ជាក់​ស្តែង​នៅ​ពេត្រុស​ទី​២ ២:៧​-​៩ ដែល​ចែង​ថា​៖ ​«​[​ព្រះ​យេហូវ៉ា​]បាន​ប្រោស​លោក​ឡុត ជា​អ្នក​សុចរិត​ឲ្យ​រួច​វិញ ដែល​លោក​មាន​ចិត្ត​ព្រួយ​លំបាក ដោយ​ព្រោះ​កិរិយា​ខូច​អាក្រក់​របស់​មនុស្ស​ទទឹង​ច្បាប់​ទាំង​នោះ ដ្បិត​អ្នក​សុចរិត​នោះ ដែល​នៅ​ជា​មួយ​នឹង​គេ ក៏​កើត​ទុក្ខ​ក្នុង​ចិត្ត​សុចរិត​របស់​លោក​រាល់​តែ​ថ្ងៃ ដោយ​បាន​ឮ ហើយ​ឃើញ​ការ​ទទឹង​ច្បាប់ ដែល​គេ​ប្រព្រឹត្ត​ធ្វើ បើ​ដូច្នេះ​ឃើញ​ថា ព្រះ​អម្ចាស់​ទ្រង់​ចេះ​ប្រោស​មនុស្ស​ដែល​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់ ឲ្យ​រួច​ពី​សេចក្ដី​ល្បួង​»។ ត្រូវ​ហើយ ឡុត​ជា​បុរស​ដ៏​សុចរិត​ម្នាក់ ហើយ​បន្ទូល​ក្នុង​ខ​នេះ​ក៏​បញ្ជាក់​ថា ឡុត​ជា​បុគ្គល​ដែល​គោរព​ប្រតិបត្ដិ​ដល់​ព្រះ។ ដូច​ឡុត​ដែរ យើង​ក៏​ទទួល​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ពី​ព្រះ​ពេល​យើង​ប្រព្រឹត្ត​ដោយ​«​កិរិយា​បរិសុទ្ធ នឹង​សេចក្ដី​គោរព​ប្រតិបត្ដិ​»​ដល់​ព្រះ។—ពេត្រុស​ទី​២ ៣:១១, ១២

១៦. តើ​ព្រះ​គម្ពីរ​សរសើរ​អ័ប្រាហាំ​និង​យ៉ូសែប​យ៉ាង​ណា?

១៦ កំណត់​ហេតុ​នៅ​លោកុប្បត្តិ​ជំពូក​ទី​២៤​ក៏​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​អំពី​ទំនាក់​ទំនង​ជិត​ស្និទ្ធ​របស់​អ័ប្រាហាំ​ជា​មួយ​ព្រះ​យេហូវ៉ា។ ខ​ទី​មួយ​ចែង​ថា​៖​«​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់[​អ័ប្រាហាំ​]ក្នុង​គ្រប់​ការ​ទាំង​អស់​»។ អ្នក​បំរើ​របស់​អ័ប្រាហាំ​បាន​ហៅ​ព្រះ​យេហូវ៉ា ជា​«​ព្រះ​នៃ​អ័ប្រាហាំ ចៅហ្វាយ​ទូល​បង្គំ​»។ (​ខ​១២, ២៧​) ហើយ​លោក​យ៉ាកុប​ដែល​ជា​សិស្ស​ព្រះ​យេស៊ូ​បាន​បញ្ជាក់​ថា អ័ប្រាហាំ​បាន​ត្រូវ​«​រាប់​ជា​សុចរិត​»​ ហើយ​បាន​ត្រូវ​ហៅ​ជា​«​សំឡាញ់​របស់[​ព្រះ​យេហូវ៉ា​]​»។ (​យ៉ាកុប ២:២១​-​២៣​) យ៉ូសែប​គឺ​ស្រដៀង​គ្នា​ដែរ។ លោកុប្បត្តិ​ជំពូក​ទី​៣​៩​មាន​បញ្ជាក់​ពី​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រវាង​ព្រះ​យេហូវ៉ា​និង​យ៉ូសែប។ (​ខ​២, ៣, ២១, ២៣​) ម្យ៉ាង​ទៀត ស្ទេផាន​ដែល​ជា​សិស្ស​ព្រះ​យេស៊ូ​នោះ បាន​រៀប​រាប់​អំពី​យ៉ូសែប​ថា​៖ ​«​ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង[​យ៉ូសែប​]​»។—កិច្ច​ការ ៧:៩

១៧. តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​ឡុត អ័ប្រាហាំ និង​យ៉ូសែប?

១៧ អ្នក​ទាំង​នេះ​ដែល​បាន​ទទួល​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​អំពី​ព្រះ​ដែល​យើង​ទើប​តែ​ពិចារណា​នោះ ពួក​គាត់​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​បាន​ជួយ​សម្រេច​គោល​បំណង​របស់​ទ្រង់​តាម​វិធី​ផ្សេង​ៗ។ អ្នក​ទាំង​នោះ​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ផ្សេង​ៗ​ដែល​គេ​មិន​អាច​ឈ្នះ​បាន​ម្នាក់​ឯង​ទេ។ ជីវិត​របស់​ឡុត និរន្តរភាព​នៃ​វង្ស​ត្រកូល​របស់​អ័ប្រាហាំ និង​តួ​នាទី​របស់​យ៉ូសែប​អាច​បាត់​បង់​បាន។ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​នៃ​បុរស​ទាំង​នេះ​ដែល​គោរព​ព្រះ ហើយ​ទ្រង់​បាន​ប្រព្រឹត្ត​ដូច្នេះ​មែន​ពេល​ទ្រង់​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ដល់​សេចក្ដី​សប្បុរស​ដ៏​ស្មោះ។ ប្រសិន​បើ​យើង​ចង់​ទទួល​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​អំពី​ព្រះ​ជា​និច្ច យើង​ក៏​ត្រូវ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ទ្រង់​ដែរ ព្រម​ទាំង​បន្ត​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។—អែសរ៉ា ៧:២៨; ទំនុក​ដំកើង ១៨:៥០

អ្នក​បំរើ​របស់​ព្រះ​ទទួល​ព្រះ​គុណ​ពី​ទ្រង់

១៨. តើ​ខ​គម្ពីរ​ផ្សេង​ៗ​បញ្ជាក់​យ៉ាង​ណា​អំពី​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា?

១៨ ​«​ផែនដី​មាន​ពេញ​»​ទៅ​ដោយ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​កតញ្ញូ​ធម៌​ដ៏​ជ្រាល​ជ្រៅ​ណាស់! (​ទំនុក​ដំកើង ១១៩:៦៤​) យើង​តប​ឆ្លើយ​អស់​ពី​ដួង​ចិត្ត​ចំពោះ​បទ​បន្ទរ​របស់​អ្នក​តែង​បទ​ទំនុក​ដំកើង​ដែល​ថា​៖ ​«​ឱ! សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​សរសើរ​ដល់​ព្រះ​យេហូវ៉ា ដោយ​ព្រោះ​សេចក្ដី​សប្បុរស[​«​ដ៏​ស្មោះ​»​,ព.ថ.​]របស់​ទ្រង់ ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្សជាតិ​»។ (​ទំនុក​ដំកើង ១០៧:៨, ១៥, ២១, ៣១​) យើង​អរ​សប្បាយ​ចំពោះ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដែល​ព្រះ​យេហូវ៉ា​សម្ដែង​ចំពោះ​អ្នក​បំរើ​របស់​ទ្រង់ មិន​ថា​ជា​ក្រុម​ឬ​ក៏​បុគ្គល​ម្នាក់​ៗ​ក៏​ដោយ។ ក្នុង​សេចក្ដី​អធិស្ឋាន ព្យាការី​ដានីយ៉ែល​បាន​ហៅ​ព្រះ​យេហូវ៉ា ជា​«​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា នឹង​សេចក្ដី​សប្បុរស[​«​ដ៏​ស្មោះ​»​, ព.ថ.​] ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ទ្រង់ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​»។ (​ដានីយ៉ែល ៩:៤​) ស្តេច​ដាវីឌ​បាន​អធិស្ឋាន​ថា​៖ ​«​សូម​ទ្រង់​ចេះ​តែ​ផ្ដល់​សេចក្ដី​សប្បុរស[​«​ដ៏​ស្មោះ​»​, ព.ថ.​] ដល់​អស់​អ្នក​ដែល​ស្គាល់​ទ្រង់​»។ (​ទំនុក​ដំកើង ៣៦:១០​) យើង​មាន​កតញ្ញូ​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ចំពោះ​អ្នក​បំរើ​ទ្រង់!—ពង្សាវតារ​ក្សត្រ​ទី​១ ៨:២៣; របាក្សត្រ​ទី​១ ១៧:១៣

១៩. ក្នុង​អត្ថបទ​ជា​បន្ទាប់ តើ​យើង​នឹង​ឆ្លើយ​សំនួរ​អ្វី​ខ្លះ?

១៩ ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា យើង​ពិត​ជា​ទទួល​ព្រះ​គុណ​ជា​ច្រើន​អនេក​មែន! បន្ថែម​ទៅ​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ដែល​ទ្រង់​សម្ដែង​ចំពោះ​មនុស្សជាតិ​ជា​ទូទៅ​នោះ យើង​ក៏​ទទួល​ពរ​ដ៏​ពិសេស​ទៀត​ដែល​មក​ពី​សេចក្ដី​សប្បុរស​ដ៏​ស្មោះ ឬ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​នៃ​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ (​យ៉ូហាន ៣:១៦​) ពេល​យើង​មាន​សេចក្ដី​ត្រូវ​ការ​នោះ យើង​ទទួល​ប្រយោជន៍​យ៉ាង​ពិសេស​ពី​គុណ​សម្បត្ដិ​ដ៏​វិសេស​នេះ​របស់​ព្រះ​យេហូវ៉ា។ (​ទំនុក​ដំកើង ៣៦:៧​) ប៉ុន្តែ តើ​យើង​អាច​យក​តម្រាប់​តាម​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​ខ្លះ? តើ​យើង​ម្នាក់​ៗ​កំពុង​តែ​សម្ដែង​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​នេះ​ទេ? សំនួរ​ទាំង​នេះ​និង​សំនួរ​ឯ​ទៀត​ដែល​ជាប់​ទាក់​ទង​នឹង​ប្រធាន​នេះ នឹង​ត្រូវ​ឆ្លើយ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

តើ​អ្នក​ចាំ​ទេ?

• ក្នុង​បទ​គម្ពីរ តើ​ពាក្យ​អ្វី​អាច​ត្រូវ​ប្រើ​ជំនួស​ពាក្យ​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​?

• តើ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​គឺ​ខុស​គ្នា​ពី​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​ស្មោះ​ត្រង់​យ៉ាង​ដូច​ម្ដេច​ខ្លះ?

• តើ​តាម​វិធី​ណា​ខ្លះ ដែល​ព្រះ​យេហូវ៉ា​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​ឡុត អ័ប្រាហាំ និង​យ៉ូសែប?

• របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​នៅ​អតីតកាល​នោះ តើ​អាច​ជួយ​យើង​ឲ្យ​មាន​ជំនឿ​ជឿ​ជាក់​ទៅ​លើ​អ្វី?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​២៥​]

ព្រះ​យេហូវ៉ា​បាន​ណែនាំ​អ្នក​បំរើ​របស់​អ័ប្រាហាំ ដោយ​សារ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ទ្រង់