លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការបំពេញតម្រូវការរបស់ព្រះ តែងលើកដំកើងព្រះយេហូវ៉ា

ការបំពេញតម្រូវការរបស់ព្រះ តែងលើកដំកើងព្រះយេហូវ៉ា

ការ​បំពេញ​តម្រូវ​ការ​របស់​ព្រះ តែង​លើក​ដំកើង​ព្រះ​យេហូវ៉ា

​«​ទូល​បង្គំ​នឹង . . . លើក​ដំកើង​ទ្រង់​ដោយ​អរ​ព្រះ​គុណ​»។—ទំនុក​ដំកើង ៦៩:៣០

១. (​ក​) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​គួរ​នឹង​ដំកើង? (​ខ​) តើ​យើង​លើក​ដំកើង​ព្រះ​យេហូវ៉ា​ដោយ​អរ​ព្រះ​គុណ​យ៉ាង​ដូច​ម្ដេច?

 ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា ជា​ព្រះ​មហា​ក្សត្រ​សកល​លោក ហើយ​ថែម​ទាំង​ជា​អ្នក​បង្កើត​ទៀត​ផង។ ហេតុ​នេះ​ហើយ​ព្រះ​នាម​ទ្រង់ និង​គោល​បំណង​របស់​ទ្រង់​ជា​អ្វី​ដែល​គួរ​នឹង​លើក​ដំកើង។ ការ​លើក​ដំកើង​ព្រះ​យេហូវ៉ា​បាន​សេចក្ដី​ថា យើង​គោរព​ទ្រង់​យ៉ាង​ជ្រាល​ជ្រៅ​បំផុត ហើយ​សរសើរ​ទ្រង់​តាម​រយៈ​ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ត​របស់​យើង។ ការ​ធ្វើ​យ៉ាង​នេះ​«​ដោយ​អរ​ព្រះ​គុណ​»​ តម្រូវ​ឲ្យ​យើង​មាន​កតញ្ញូ​ធម៌​ជា​រៀង​រហូត ចំពោះ​អ្វី​ដែល​ទ្រង់​កំពុង​តែ​ធ្វើ​ដើម្បី​យើង​នៅ​ពេល​ឥឡូវ​នេះ ហើយ​ចំពោះ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ​នា​ពេល​អនាគត​ផង​ដែរ។ យើង​ត្រូវ​មាន​ទស្សនៈ​ដូច​បាន​បង្ហាញ​ក្នុង​វិវរណៈ ៤:១១ ពេល​សត្តនិករ​វិញ្ញាណ​ស្មោះ​ត្រង់​នៅ​ស្ថាន​សួគ៌​ប្រកាស​ថា​៖ ​«​ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ! ទ្រង់​គួរ​នឹង​ទទួល​សិរី​ល្អ កិត្ដិនាម នឹង​ព្រះ​ចេស្ដា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង​»។ ក៏​ប៉ុន្តែ តើ​យើង​អាច​លើក​ដំកើង​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? យើង​អាច​លើក​ដំកើង​ទ្រង់​ដោយ​រៀន​អំពី​ទ្រង់ និង​ប្រព្រឹត្ត​តាម​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​យើង។ យើង​ត្រូវ​មាន​អារម្មណ៍​ដូច​គ្នា​នឹង​អ្នក​តែង​បទ​ទំនុក​ដំកើង ពេល​គាត់​និយាយ​ថា​៖ ​«​សូម​បង្ហាត់​បង្រៀន​ឲ្យ​ទូល​បង្គំ​បាន​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​ទ្រង់ ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​ទូល​បង្គំ​ពិត​»។—ទំនុក​ដំកើង ១៤៣:១០

២. តើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​អ្នក​ដែល​លើក​ដំកើង​ទ្រង់ និង​អ្នក​ដែល​មិន​លើក​ដំកើង​ទ្រង់?

ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​ដែល​លើក​ដំកើង​ទ្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​«​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​»។ (​ហេព្រើរ ១១:៦​) តើ​រង្វាន់​នោះ​ជា​អ្វី​ទៅ? ព្រះ​យេស៊ូ​បាន​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​វរបិតា​សួគ៌ា​របស់​ទ្រង់​ថា​៖ ​«​នេះ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង​»។ (​យ៉ូហាន ១៧:៣​) ពិត​មែន​ហើយ អស់​អ្នក​ដែល​«​លើក​ដំកើង[​ព្រះ​យេហូវ៉ា​]ដោយ​អរ​ព្រះ​គុណ​»​ នឹង​«​បាន​ផែនដី​ជា​មរតក ហើយ​នឹង​នៅ​លើ​ផែនដី​ជា​និច្ច​»។ (​ទំនុក​ដំកើង ៣៧:២៩, ព.ថ.​) ផ្ទុយ​ទៅ​វិញ ​«​គ្មាន​រង្វាន់​ណា ឲ្យ​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ​»។ (​សុភាសិត ២៤:២០​) បន្ថែម​ទៅ​ទៀត យើង​ត្រូវ​លើក​ដំកើង​ព្រះ​យេហូវ៉ា​ជា​ចាំ​បាច់​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ ពីព្រោះ​បន្ដិច​ទៀត​ទ្រង់​នឹង​បំផ្លាញ​ចោល​មនុស្ស​ទុច្ចរិត តែ​ទ្រង់​នឹង​រក្សា​ទុក​មនុស្ស​សុចរិត​ឲ្យ​គង់​នៅ។ ​«​លោកីយ​នេះ នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជា​និច្ច​វិញ​»។—យ៉ូហាន​ទី​១ ២:១៧; សុភាសិត ២:២១, ២២

៣. ហេតុ​អ្វី​បាន​ជា​យើង​គួរ​ផ្ចង់​អារម្មណ៍​ទៅ​លើ​សៀវភៅ​ម៉ាឡាគី?

ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ ដ្បិត​«​គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​»។ (​ធីម៉ូថេ​ទី​២ ៣:១៦​) បន្ទូល​របស់​ព្រះ​មាន​កំណត់​ហេតុ​ជា​ច្រើន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ទៅ​លើ​អ្នក​ដែល​លើក​ដំកើង​ទ្រង់ ហើយ​អំពី​អ្វី​ដែល​កើត​ឡើង​ដល់​អ្នក​ដែល​មិន​ព្រម​ធ្វើ​ដូច្នេះ។ កំណត់​ហេតុ​មួយ​បែប​នេះ​ទាក់​ទង​នឹង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ស្រុក​អ៊ីស្រាអែល​នា​សម័យ​ព្យាការី​លោក​ម៉ាឡាគី។ លោក​ម៉ាឡាគី​បាន​សរសេរ​សៀវភៅ​ឈ្មោះ​ម៉ាឡាគី ប្រមាណ​ឆ្នាំ​៤៤៣ មុន​ស.យ. ពេល​អភិបាល​នេហេមា​គ្រប់​គ្រង​ស្រុក​យូដា។ សៀវភៅ​នេះ​មាន​បន្ទូល​ដ៏​ធ្ងន់​របស់​ព្រះ​និង​ជា​បន្ទូល​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត ហើយ​ក៏​មាន​ទំនាយ​និង​ពត៌មាន​ដែល​«​បាន​កត់​ទុក សំរាប់​ជា​សេចក្ដី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​គ្នា ដែល​យើង​នៅ​គ្រា​ចុង​បំផុត​នៃ​អស់​ទាំង​កល្ប​»។ (​កូរិនថូស​ទី​១ ១០:១១​) ការ​ផ្ដោត​ចិត្ត​ផ្ដិត​អារម្មណ៍​ទៅ​លើ​ពាក្យ​របស់​ម៉ាឡាគី​អាច​ជួយ​យើង​រៀបចំ​សំរាប់​«​ថ្ងៃ​ដ៏​ធំ​ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​»​ ជា​ពេល​ដែល​ទ្រង់​នឹង​បំផ្លាញ​ចោល​របប​លោកីយ៍​ដ៏​អាក្រក់​នេះ។—ម៉ាឡាគី ៤:៥

៤. តើ​ចំណុច​ប្រាំ​មួយ​ណា ដែល​ត្រូវ​ឆ្លុះ​បញ្ចាំង​ក្នុង​ម៉ាឡាគី​ជំពូក​ទី​១?

សៀវភៅ​ម៉ាឡាគី​ដែល​បាន​ត្រូវ​សរសេរ​ជាង​២.៤០០​ឆ្នាំ​មុន​នេះ អាច​ជួយ​យើង​នៅ​សតវត្ស​ទី​២១​នេះ ឲ្យ​ប្រុង​ប្រៀប​សំរាប់​ថ្ងៃ​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា។ តើ​យ៉ាង​ដូច​ម្ដេច? ជំពូក​ទី​មួយ​ឆ្លុះ​បញ្ចាំង​នូវ​ចំណុច​ប្រាំ​មួយ​យ៉ាង​ដែល​ពិត​ជា​ចាំ​បាច់​ដើម្បី​ឲ្យ​យើង​លើក​ដំកើង​ព្រះ​យេហូវ៉ា​ដោយ​អរ​ព្រះ​គុណ ហើយ​ដើម្បី​ពេញ​ព្រះ​ហឫទ័យ​ទ្រង់​និង​ទទួល​ជីវិត​ជា​រៀង​រហូត។ ពោល​គឺ: (​១​) ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ស្រឡាញ់​រាស្ត្រ​របស់​ទ្រង់។ (​២​) យើង​ត្រូវ​តែ​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​អ្វី​ៗ​ដ៏​ពិសិដ្ឋ។ (​៣​) ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​បំរើ​ទ្រង់​អស់​ពី​សមត្ថភាព។ (​៤​) ការ​ថ្វាយ​បង្គំ​ពិត​កើត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​មិន​សួន​តួ មិន​មែន​ពី​ចិត្ត​លោភ​លន់​ទេ។ (​៥​) កិច្ច​បំរើ​ដែល​ពេញ​ព្រះ​ទ័យ​ព្រះ​មិន​មែន​ជា​ការ​បង្គ្រប់​កិច្ច​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ។ (​៦​) យើង​ម្នាក់​ៗ​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះ។ ដូច្នេះ ក្នុង​អត្ថបទ​ទី​មួយ​នេះ​ដែល​មាន​ក្នុង​ចំណោម​បី​អត្ថបទ​អំពី​សៀវភៅ​ម៉ាឡាគី នោះ​យើង​នឹង​ពិនិត្យ​ពិច័យ​ម៉ាឡាគី​ជំពូក​ទី​១​ដើម្បី​ពិចារណា​ចំណុច​និមួយ​ៗ​ខាង​លើ​នេះ។

ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ស្រឡាញ់​រាស្ត្រ​របស់​ទ្រង់

៥, ៦. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ស្រឡាញ់​យ៉ាកុប​ដោយ​ព្រោះ​ហេតុ​អ្វី? (​ខ​) បើ​យើង​យក​តម្រាប់​តាម​ភាព​ស្មោះ​ត្រង់​របស់​យ៉ាកុប​តើ​យើង​អាច​សង្ឃឹម​នឹង​ទទួល​អ្វី?

ខ​ដើម​នៃ​សៀវភៅ​ម៉ាឡាគី​លើក​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។ សៀវភៅ​នេះ​ចាប់​ផ្ដើម​ដោយ​ពាក្យ​ថា​៖ ​«​នេះ​ជា​ព្រះ​បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ​យេហូវ៉ា​ដល់​អ៊ីស្រាអែល​»។ ព្រះ​មាន​បន្ទូល​ត​ទៅ​ទៀត​ថា​៖ ​«​អញ​បាន​ស្រឡាញ់​ឯង​រាល់​គ្នា​»។ ព្រះ​យេហូវ៉ា​លើក​ឧទាហរណ៍​ក្នុង​ខ​ដដែល​នោះ​ថា​៖ ​«​អញ​បាន​ស្រឡាញ់​យ៉ាកុប​»។ យ៉ាកុប​ជា​បុរស​ម្នាក់​ដែល​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ដូរ​ឈ្មោះ​យ៉ាកុប​ទៅ​ជា​អ៊ីស្រាអែល​វិញ ហើយ​គាត់​ក្លាយ​ជា​បុព្វ​បុរស​នៃ​សាសន៍​អ៊ីស្រាអែល​តែ​ម្ដង។ ព្រះ​យេហូវ៉ា​បាន​ស្រឡាញ់​យ៉ាកុប​ដោយ​សារ​គាត់​មាន​ជំនឿ។ ព្រះ​យេហូវ៉ា​ក៏​បាន​ស្រឡាញ់​ជន​ជាតិ​អ៊ីស្រាអែល​ណា​ដែល​បង្ហាញ​ជំនឿ​ដូច​យ៉ាកុប​ដែរ។—ម៉ាឡាគី ១:១, ២

បើ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​នៅ​ជាប់​នឹង​រាស្ត្រ​របស់​ទ្រង់ នោះ​យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ពាក្យ​នៅ​សាំយូអែល​ទី​១ ២:២២ ដែល​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​មិន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់​ឡើយ ដោយ​ព្រោះ​ទ្រង់​យល់​ដល់​ព្រះ​នាម​ទ្រង់​ដ៏​ជា​ធំ​»។ ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ស្រឡាញ់​រាស្ត្រ​របស់​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់​គេ ជា​ពិសេស​ទ្រង់​នឹង​ប្រទាន​ជីវិត​រស់​ជា​និរន្តរ៍​ដល់​គេ​នៅ​ទី​បំផុត។ ហេតុ​នេះ​ហើយ​យើង​អាន​ថា​៖ ​«​ចូរ​ទុក​ចិត្ត​នឹង​ព្រះ​យេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ! យ៉ាង​នោះ​អ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​ចំអែត​ខ្លួន​ដោយ​សេចក្ដី​ពិត។ ចូរ​យក​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត​»។ (​ទំនុក​ដំកើង ៣៧:៣, ៤​) ការ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ក៏​ទាក់​ទង​នឹង​ចំណុច​មួយ​ទៀត​ដែល​ត្រូវ​លើក​ឡើង​ក្នុង​ម៉ាឡាគី​ជំពូក​ទី​១

ចូរ​បង្ហាញ​កតញ្ញូ​ធម៌​ចំពោះ​អ្វី​ៗ​ដ៏​ពិសិដ្ឋ

៧. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ស្អប់​អេសាវ?

នៅ​ម៉ាឡាគី ១:២, ៣ ក្រោយ​ពី​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​«​អញ​បាន​ស្រឡាញ់​យ៉ាកុប​»​ នោះ​ទ្រង់​មាន​បន្ទូល​ថា ​«​ចំណែក​អេសាវ​នោះ អញ​បាន​ស្អប់​»។ ហេតុ​អ្វី​ខុស​គ្នា​ម្ល៉េះ? យ៉ាកុប​បាន​លើក​ដំកើង​ព្រះ​យេហូវ៉ា ប៉ុន្តែ​អេសាវ​បង​ប្រុស​ភ្លោះ​របស់​គាត់​មិន​បាន​លើក​ដំកើង​ទ្រង់​ទេ។ អេសាវ​ក៏​មាន​ឈ្មោះ​ថា អេដំម​ដែរ។ នៅ​ម៉ាឡាគី ១:៤ ស្រុក​អេដំម​ត្រូវ​ហៅ​ជា​ព្រំ​ស្រុក​នៃ​សេចក្ដី​អាក្រក់ ហើយ​អ្នក​ដែល​រស់​នៅ​ទី​នោះ​ត្រូវ​ទ្រង់​ប្រកាស​ថា ជា​មនុស្ស​អាក្រក់។ ឈ្មោះ​អេដំម (​ដែល​មាន​ន័យ​ថា ​«​ក្រហម​»​) បាន​ត្រូវ​ដាក់​ឲ្យ​អេសាវ​ពីព្រោះ​គាត់​បាន​លក់​ចោល​សិទ្ធិ​វិសេស​ជា​កូន​ច្បង ឲ្យ​ដល់​យ៉ាកុប​ដើម្បី​បាន​សម្ល​ក្រហម។ លោកុប្បត្តិ ២៥:៣៤ ចែង​ថា​៖ ​«​អេសាវ​បាន​មើល​ងាយ​អំណាច​មរដក​នៃ​បង​ច្បង​របស់​ខ្លួន​»។ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​អ្នក​ជឿ​គ្នី​គ្នា​ឲ្យ​ប្រុង​ប្រយ័ត្ន​«​ក្រែង​មាន​អ្នក​កំផិត ឬ​មនុស្ស​ទមិល​ណា ដូច​ជា​អេសាវ ដែល​លក់​ច្បាប់​បង​ច្បង​របស់​ខ្លួន សង្វាត​ឲ្យ​បាន​តែ​ម្ហូប​១​មុខ​ប៉ុណ្ណោះ​ដែរ​»។—ហេព្រើរ ១២:១៤​-​១៦

៨. ហេតុ​អ្វី​បាន​ជា​ប៉ុល​ប្រៀប​ប្រដូច​អេសាវ​ទៅ​នឹង​អ្នក​កំផិត?

ហេតុ​អ្វី​បាន​ជា​ប៉ុល​និយាយ​ភ្ជាប់​ការ​ប្រព្រឹត្ត​របស់​អេសាវ​ជា​មួយ​នឹង​ការ​ផិត​ដូច្នេះ? ពីព្រោះ​បើ​សិន​ជា​បុគ្គល​ម្នាក់​មាន​គំនិត​ដូច​អេសាវ នោះ​អាច​នាំ​ឲ្យ​គាត់​បាត់​បង់​កតញ្ញូ​ធម៌​ចំពោះ​អ្វី​ៗ​ដ៏​ពិសិដ្ឋ។ជា​លទ្ធផល នេះ​អាច​នាំ​ទៅ​ដល់​បាប​ធ្ងន់​ធ្ងរ ដូច​ជា​អំពើ​កំផិត។ ដូច្នេះ យើង​ម្នាក់​ៗ​អាច​ដណ្ដឹង​សួរ​ខ្លួន​យើង​ថា​៖‹តើ​ខ្ញុំ​ធ្លាប់​មាន​ចិត្ត​ចង់​ប្ដូរ​មរតក​គ្រីស្ទាន ដែល​ជា​ជីវិត​រស់​ជា​រៀង​រហូត​នោះ ដើម្បី​ទទួល​អ្វី​ដ៏​បណ្ដោះ​អាសន្ន​ប្រៀប​ដូច​ជា​សម្ល​មួយ​ចាន​ទេ? តើ​ខ្ញុំ​ប្រហែល​ជា​មើល​ងាយ​អ្វី​ៗ​ដ៏​ពិសិដ្ឋ​ដោយ​មិន​ដឹង​ខ្លួន​ទេ?›។ អេសាវ​មាន​ចិត្ត​អន្ទះអន្ទែង​ចង់​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម។ គាត់​បាន​និយាយ​ទៅ​យ៉ាកុប​ថា​៖ ​«​ឆាប់​ឡើង! សូម​ចែក​សម្ល​ក្រហម​នោះ​ឲ្យ​បងបរិភោគ​ផង​»។ (​លោកុប្បត្តិ ២៥:៣០, ព.ថ.​) គួរ​ឲ្យ​សោក​ស្ដាយ​មែន​ដែល​ថា បង​ប្អូន​ខ្លះ​របស់​យើង​ក៏​បាន​ធ្វើ​ស្រដៀង​នេះ​ដែរ ដូច​ជា​និយាយ​ថា ​«​ឆាប់​ឡើង! យើង​មិន​បាច់​ចាំ​រៀប​ការ​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​ទេ​»។ ការ​រក​បំពេញ​កាម​តណ្ហា​តាម​វិធី​ណា​ឲ្យ​តែ​បាន​នោះ គឺ​ប្រៀប​ដូច​ជា​សម្ល​មួយ​ចាន​របស់​គេ។

៩. តើ​យើង​អាច​រក្សា​ឲ្យ​មាន​ចិត្ត​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

កុំ​បី​ឲ្យ​យើង​មើល​ងាយ​ដល់​អ្វី​ៗ​ដ៏​ពិសិដ្ឋ មើល​ងាយ​ដល់​ភាព​បរិសុទ្ធ ភាព​ស្មោះ​ត្រង់ និង​មរតក​ខាង​វិញ្ញាណ​ដែល​យើង​មាន​នោះ​ឲ្យ​សោះ។ ជា​ជាង​ធ្វើ​ដូច​អេសាវ ចូរ​ឲ្យ​យើង​ធ្វើ​ដូច​យ៉ាកុប​ដ៏​ជា​អ្នក​ស្មោះ​ត្រង់​នោះ ហើយ​កោត​ខ្លាច​ចំពោះ​ព្រះ​ជា​និច្ច​ដោយ​បង្ហាញ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្វី​ៗ​ដ៏​ពិសិដ្ឋ។ តើ​យើង​អាច​ធ្វើ​យ៉ាង​នេះ​ដោយ​ដូច​ម្ដេច? គឺ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំពេញ​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា។ នេះ​ជាប់​ទាក់​ទង​នឹង​ចំណុច​ទី​បី​ក្នុង​ម៉ាឡាគី​ជំពូក​ទី​១។ តើ​ចំណុច​នោះ​ជា​អ្វី?

ការ​បំរើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព​យើង

១០. តើ​ពួក​សង្ឃ​បាន​មើល​ងាយ​តុ​នៃ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១០ ពួក​សង្ឃ​សាសន៍​យូដា ដែល​បាន​បំរើ​ការ​នៅ​ព្រះ​វិហារ​នា​សម័យ​លោក​ម៉ាឡាគី នោះ​មិន​បាន​ថ្វាយ​ដង្វាយ​ល្អ​បំផុត​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ ម៉ាឡាគី ១:៦​-​៨ ចែង​ថា​៖ ​«​‹ឯ​កូន នោះ​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បំរើ​ក៏​កោត​ខ្លាច​ដល់​ចៅហ្វាយ។ ដូច្នេះ បើ​អញ​ជា​ឪពុក នោះ​តើ​សេចក្ដី​គោរព​ដល់​អញ​នៅ​ឯ​ណា? ហើយ​បើ​អញ​ជា​ចៅហ្វាយ តើ​សេចក្ដី​កោត​ខ្លាច​ដល់​អញ​នៅ​ឯ​ណា?›។ នេះ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ដល់​ឯង​រាល់​គ្នា ជា​ពួក​សង្ឃ​ដែល​មើល​ងាយ​ឈ្មោះ​អញ​»។ ពួក​សង្ឃ​បាន​សួរ​ថា​៖ ​«​យើង​រាល់​គ្នា​មាន​មើល​ងាយ​ដល់​ព្រះ​នាម​ទ្រង់​ឯ​ណា?​»។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​តប​ទៅ​វិញ​ថា​៖ ​«​គឺ​ឯង​រាល់​គ្នា​ថ្វាយ​នំ​ប៉័ង ដែល​មិន​បរិសុទ្ធ​នៅ​លើ​អាសនា​របស់​អញ​»។ ពួក​សង្ឃ​ក៏​សួរ​វិញ​ថា​៖ ​«​តើ​យើង​បាន​បង្អាប់​ដល់​ទ្រង់​ឯ​ណា?​»។ ដូច្នេះ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​គេ​ថា​៖ ​«​គឺ​ដោយ​ឯង​រាល់​គ្នា​ថា‹តុ​នៃ​ព្រះ​យេហូវ៉ា​គួរ​មើល​ងាយ!›​»។ ពួក​សង្ឃ​ទាំង​នោះ​បង្ហាញ​ថា គេ​មើល​ងាយ​ដល់​តុ​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ដង​ដែល​គេ​ថ្វាយ​ដង្វាយ​ជា​សត្វ​ពិការ ដោយ​ថា​៖ ​«​នោះ​ក៏​មិន​អាក្រក់​ដែរ!​»។

១១. (​ក​) តើ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​យ៉ាង​ណា​អំពី​ដង្វាយ​ដ៏​មិន​ល្អ​នោះ? (​ខ​) តើ​ដូច​ម្ដេច​ដែល​ប្រជាជន​ជា​ទូទៅ​ក៏​មាន​ទោស​ដែរ​នោះ?

១១ ព្រះ​យេហូវ៉ា​បាន​វែក​ញែក​ជា​មួយ​គេ​អំពី​ដង្វាយ​មិន​សម​គួរ​នេះ​ថា​៖ ​«​ចូរ​ជូន​ដល់​ចៅហ្វាយ​ឯង​ល​មើល បើ​លោក​សុខ​ចិត្ត​នឹង​ឯង ឬ​យ៉ាង​ណា ឬ​បើ​លោក​នឹង​ទទួល​ឯង​ឬ​ទេ?​»។ មិន​មែន​ទេ! អភិបាល​របស់​គេ​នឹង​មិន​ពេញ​ចិត្ត​នឹង​អំណោយ​បែប​នោះ​ទេ។ សោតឯ​ព្រះ​មហា​ក្សត្រ​សកល​លោក​វិញ ទ្រង់​ពិត​ជា​នឹង​បដិសេធ​ជាង​អំបាលម៉ាន​ទៅ​ទៀត​នូវ​ដង្វាយ​ពិការ​បែប​នេះ! ម្យ៉ាង​ទៀត គឺ​មិន​គ្រាន់​តែ​ជា​ពួក​សង្ឃ​ប៉ុណ្ណោះ​ដែល​មាន​កំហុស​នោះ។ ពួក​សង្ឃ​បាន​មើល​ងាយ​ព្រះ​យេហូវ៉ា​មែន ដោយ​សារ​គេ​ព្រម​ថ្វាយ​ដង្វាយ​ទាំង​នោះ។ ក៏​ប៉ុន្តែ តើ​ប្រជាជន​ទូទៅ​គ្មាន​ទោស​ឬ? គេ​ពិត​ជា​មាន​ទោស​មែន! យ៉ាង​ណា​មិញ គឺ​ជា​ពួក​គេ​ទេ ដែល​នាំ​យក​សត្វ​ខ្វាក់ ពិការ និង​ឈឺ​មក​ពួក​សង្ឃ​ឲ្យ​គេ​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា។ នោះ​គឺ​ជា​បាប​ដ៏​ធ្ងន់​ធ្ងរ​ណាស់!

១២. តើ​យើង​ទទួល​ជំនួយ​អ្វី​ខ្លះ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព?

១២ ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព គឺ​ជា​របៀប​ដែល​យើង​បង្ហាញ​ថា យើង​ពិត​ជា​ស្រឡាញ់​ទ្រង់។ (​ម៉ាថាយ ២២:៣៧, ៣៨​) សព្វ​ថ្ងៃ​នេះ អង្គការ​របស់​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ខុស​គ្នា​ពី​ពួក​សង្ឃ​វៀច​វេរ​នៅ​សម័យ​លោក​ម៉ាឡាគី ដោយ​ផ្ដល់​ការ​ណែនាំ​ល្អ​ៗ​ជា​ច្រើន​ខាង​វិញ្ញាណ ដែល​ជួយ​យើង​លើក​ដំកើង​ព្រះ​យេហូវ៉ា​ដោយ​អរ​ព្រះ​គុណ ដោយ​បំពេញ​តម្រូវ​ការ​របស់​ទ្រង់។ ចំណុច​សំខាន់​ទី​បួន​ក្នុង​ម៉ាឡាគី​ជំពូក​ទី​១ ក៏​ទាក់​ទង​នឹង​នេះ​ដែរ។

ការ​ថ្វាយ​បង្គំ​ពិត​ត្រូវ​កើត​ចេញ​ពី​សេចក្ដី​ស្រឡាញ់ មិន​មែន​ពី​ចិត្ត​លោភ​លន់​ទេ

១៣. តើ​ពួក​សង្ឃ​ធ្លាប់​ធ្វើ​អ្វី ដែល​បង្ហាញ​ថា​គេ​មាន​ចិត្ត​លោភ​លន់​នោះ?

១៣ ពួក​សង្ឃ​នៅ​សម័យ​លោក​ម៉ាឡាគី​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់ ក៏​មាន​គំនិត​សួន​តួ និង​ខំ​រក​ប្រាក់​យ៉ាង​រវះ​រវាម។ តើ​ដូច​ម្ដេច​ដែល​យើង​ដឹង? ម៉ាឡាគី ១:១០ ចែង​ថា​៖ ​«​‹អ្នក​ណា​មួយ ក្នុង​ពួក​ឯង​រាល់​គ្នា​នឹង​បិទ​ទ្វារ​ទៅ? និង​ពួក​ប្រុស​ឯង​មិន​ព្រម​បង្កាត់​ភ្លើង នៅ​លើ​អាសនៈ​របស់​អញ ដោយ​មិន​គិត​ថ្លៃ​ទេ›។ ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា​៖ ‹អញ​មិន​ចូល​ចិត្ត​នឹង​ឯង​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​ដង្វាយ​ណា​ពី​ដៃ​ឯង​រាល់​គ្នា​ដែរ›​»។ ពិត​មែន​ហើយ ពួក​សង្ឃ​ដ៏​លោភ​លន់​នេះ បាន​ទារ​លុយ​ពី​គេ​ពេល​ធ្វើ​កិច្ច​បំរើ​តូច​តាច​នៅ​ឯ​ព្រះ​វិហារ! ជាក់​ស្តែង​ដូច​ជា​ការ​ទារ​លុយ​ពេល​បិទ​ទ្វារ​និង​បង្កាត់​ភ្លើង​លើ​អាសនៈ! គ្មាន​ហេតុ​ឆ្ងល់​ទេ ថា​ព្រះ​យេហូវ៉ា​មិន​ព្រម​ទទួល​ដង្វាយ​ណា​ពី​ដៃ​គេ​នោះ!

១៤. ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​គេ?

១៤ ចិត្ត​លោភ​លន់​និង​ភាព​សួន​តួ​របស់​ពួក​សង្ឃ​ទាំង​នោះ ដែល​ប្រព្រឹត្ត​បាប​នៅ​ទី​ក្រុង​យេរូសាឡិម​ពី​បុរាណ ក៏​រំឭក​យើង​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​ចែង​ថា ពួក​មនុស្ស​លោភ​នឹង​មិន​គ្រង​នគរ​ព្រះ​ទុកជា​មរដក​ឡើយ។ (​កូរិនថូស​ទី​១ ៦:៩, ១០​) ការ​ពិចារណា​មើល​របៀប​ពួក​សង្ឃ​ទាំង​នោះ​ស្វែង​រក​តែ​ប្រយោជន៍​សំរាប់​ខ្លួន ក៏​ជួយ​យើង​មាន​ចិត្ត​អប​អរ​កាន់​តែ​ខ្លាំង​ឡើង​នឹង​កិច្ច​ផ្សព្វ​ផ្សាយ​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​ទៅ​នោះ។ នោះ​គឺ​ជា​កិច្ច​ការ​ស្ម័គ្រ​ចិត្ត ហើយ​យើង​មិន​ដែល​គិត​លុយ​សំរាប់​កិច្ច​បំរើ​យើង​ទេ។ ដូច​សាវ័ក​ប៉ុល យើង​អាច​និយាយ​ដោយ​ពិត​ត្រង់​ថា​៖ ​«​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​មក​អ្នក​រាល់​គ្នា​ទទេ[​«​ដោយ​ចិត្ត​សប្បាយ​»​, ព.ថ.​]​»។ (​កូរិនថូស​ទី​២ ១១:៧​) សូម​កត់​សម្គាល់​ថា ប៉ុល‹បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដោយ​ចិត្ត​សប្បាយ›។ នេះ​នាំ​ទៅ​ដល់​ចំណុច​ទី​៥​ក្នុង​ម៉ាឡាគី​ជំពូក​ទី​១

ការ​បំរើ​ព្រះ​មិន​មែន​ជា​ការ​បង្គ្រប់​កិច្ច​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​នោះ​ទេ

១៥, ១៦. (​ក​) តើ​ពួក​សង្ឃ​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ការ​ថ្វាយ​ដង្វាយ? (​ខ​) តើ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ថ្វាយ​ដង្វាយ​របស់​គេ​យ៉ាង​ដូច​ម្ដេច?

១៥ នៅ​ក្រុង​យេរូសាឡិម​ពី​បុរាណ ពួក​សង្ឃ​ទាំង​នោះ​គ្មាន​ជំនឿ​ទាល់​តែ​សោះ ពួក​គេ​បាន​ចាត់​ទុក​ការ​ថ្វាយ​ដង្វាយ​ជា​ក្បួន​រីតិ៍​មួយ​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់។ ចំពោះ​គេ ការ​ថ្វាយ​ដង្វាយ​ទាំង​នោះ​ជា​បន្ទុក​មួយ។ ដូច​បាន​កត់​ទុក​នៅ​ម៉ាឡាគី ១:១៣ ព្រះ​មាន​បន្ទូល​ទៅ​កាន់​គេ​ថា​៖ ​«​ឯង​រាល់​គ្នា​ក៏​ថា ‹យីះ! ការ​នេះ​រអា​ចិត្ត​ណាស់!› ហើយ​បាន​ធ្វើ​សូរ​ហ៊ឹះ​ៗ​ដាក់​ការ​ទាំង​នោះ​»។ ពួក​សង្ឃ​ទាំង​នោះ​បាន​មើល​ងាយ​ដល់​អ្វី​ៗ​ដ៏​ពិសិដ្ឋ​របស់​ព្រះ។ ចូរ​ឲ្យ​យើង​អធិស្ឋាន​សូម​កុំ​ឲ្យ​យើង​ទៅ​ជា​ដូច​គេ​ឲ្យ​សោះ។ ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​យើង​បង្ហាញ​អាកប្បកិរិយា​ដែល​ត្រូវ​រៀប​រាប់​ក្នុង​ពាក្យ​នៅ​យ៉ូហាន​ទី​១ ៥:៣ ដែល​ថា​៖ ​«​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់​នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ​»។

១៦ ចូរ​ឲ្យ​យើង​អរ​សប្បាយ​នឹង​ការ​ថ្វាយ​ដង្វាយ​ខាង​វិញ្ញាណ​ចំពោះ​ព្រះ និង​មិន​ចាត់​ទុក​នោះ​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ។ ចូរ​ឲ្យ​យើង​ស្ដាប់​តាម​ទំនាយ​ថា​៖ ​«​ត្រូវ​ឲ្យ​ទូល​ដល់​ព្រះ​យេហូវ៉ា​ថា ‹សូម​លើក​អស់​ទាំង​អំពើ​ទុច្ចរិត​ចោល​ចេញ ហើយ​ទទួល​យើង​ខ្ញុំ​ដោយ​ព្រះ​គុណ យ៉ាង​នោះ យើង​ខ្ញុំ​នឹង​ថ្វាយ​ដង្វាយ​នៃ​បបូរ​មាត់​យើង​ខ្ញុំ ជំនួស​គោ​ឈ្មោល​ដែល​សំរាប់​យញ្ញ​បូជា›​»។ (​ហូសេ ១៤:២​) ពាក្យ​ដែល​ថា ​«​បបូរ​មាត់​យើង​ខ្ញុំ ជំនួស​គោ​ឈ្មោល​»​ សំដៅ​ទៅ​លើ​យញ្ញ​បូជា​ខាង​វិញ្ញាណ គឺ​ជា​ពាក្យ​ដែល​យើង​ពោល​ដើម្បី​លើក​សរសើរ​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់។ ហេព្រើរ ១៣:១៥ ចែង​ថា​៖ ​«​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ថ្វាយ​ពាក្យ​សរសើរ ដោយ​សារ[​ព្រះ​យេស៊ូ​គ្រីស្ទ​] ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជា​និច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះ​នាម​ទ្រង់​»។ យើង​មាន​ចិត្ត​សប្បាយ​អ្វី​ម្ល៉េះ​ទេ! ពីព្រោះ​យញ្ញ​បូជា​ខាង​វិញ្ញាណ​ដែល​យើង​ថ្វាយ មិន​មែន​ជា​ការ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​ទេ តែ​គឺ​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​អស់​ពី​ដួង​ចិត្ត​យើង​ចំពោះ​ព្រះ​ទៅ​វិញ។ នេះ​នាំ​យើង​ទៅ​ដល់​ចំណុច​ទី​៦​ដែល​បាន​ត្រូវ​ស្រង់​ចេញ​ពី​ម៉ាឡាគី​ជំពូក​ទី​១

យើង​ម្នាក់​ៗ​ត្រូវ​ទទួល​ខុស​ត្រូវ

១៧, ១៨. (​ក​) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ដាក់​បណ្ដា​សា​លើ​«​អ្នក​បញ្ឆោត​»​? (​ខ​) អ្នក​ដែល​បាន​ធ្វើ​ការ​បញ្ឆោត​នេះ តើ​គេ​បាន​ភ្លេច​គិត​អំពី​អ្វី?

១៧ បុគ្គល​ម្នាក់​ៗ​នៅ​សម័យ​លោក​ម៉ាឡាគី បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​គេ​រៀង​ៗ​ខ្លួន ហើយ​យើង​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។ (​រ៉ូម ១៤:១២; កាឡាទី ៦:៥​) ត្រង់​ចំណុច​នេះ ម៉ាឡាគី ១:១៤ ចែង​ថា​៖ ​«​ត្រូវ​បណ្ដា​សា​ហើយ! អ្នក​បញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល[​ដែល​គ្មាន​ពិការ​ស្លាក​ស្នាម​អ្វី​សោះ​]នៅ​ក្នុង​ហ្វូង ហើយ​ក៏​បន់​ព្រះ រួច​យក​សត្វ​មាន​ស្លាក​ស្នាម​មក​ថ្វាយ​ជា​យញ្ញ​បូជា​ដល់​ព្រះ​អម្ចាស់​វិញ​»។ បុរស​ណា​ដែល​មាន​សត្វ​មួយ​ហ្វូង នោះ​មិន​មាន​សត្វ​តែ​មួយ​គត់ ដូច​ជា​មាន​ចៀម​តែ​មួយ​ក្បាល ដែល​គាត់​គ្មាន​លទ្ធភាព​ជ្រើស​រើស​នោះ​ទេ។ ពេល​គាត់​ជ្រើស​រើស​សត្វ​មួយ​ដើម្បី​បូជា នោះ​គាត់​មិន​ចាំ​បាច់​ជ្រើស​មួយ​ដែល​ខ្វាក់ ពិការ ឬ​ក៏​ឈឺ​នោះ​ទេ។ បើ​សិន​ជា​គាត់​ជ្រើស​យក​សត្វ​មួយ​ដែល​មាន​បញ្ហា​យ៉ាង​នេះ នោះ​នឹង​បង្ហាញ​ថា​គាត់​មើល​ងាយ​របៀប​រៀបចំ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ថ្វាយ​ដង្វាយ ពីព្រោះ​បុរស​ម្នាក់​ដែល​មាន​សត្វ​មួយ​ហ្វូង ពិត​ជា​អាច​រក​មួយ​ដែល​ល្អ​គ្មាន​ពិការ​បាន!

១៨ ដូច្នេះ ដោយ​មាន​ហេតុ​ត្រឹម​ត្រូវ ព្រះ​យេហូវ៉ា​បាន​ដាក់​បណ្ដា​សា​លើ​អ្នក​បញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល​មួយ​ដ៏​ល្អ តែ​យក​ឬ​ក៏​ដឹក​សត្វ​ខ្វាក់ ខ្វិន ឬ​ឈឺ​មក​ឲ្យ​ពួក​សង្ឃ​ថ្វាយ​ជា​ដង្វាយ​នោះ។ ប៉ុន្តែ គ្មាន​អ្វី​សោះ​ដែល​បង្ហើប​ថា​ពួក​សង្ឃ​បាន​បើក​ក្រិត្យ​វិន័យ​ពន្យល់​ថា សត្វ​ពិការ​បែប​នោះ គឺ​មិន​សមរម្យ​ឡើយ។ (​លេវីវិន័យ ២២:១៧​-​២០​) មនុស្ស​ដែល​ចេះ​គិត​នោះ​ត្រូវ​យល់​ដឹង​ថា គេ​នឹង​មាន​ទោស​បើ​យក​អំណោយ​មួយ​បែប​នេះ​ថ្វាយ​អភិបាល​របស់​គេ។ តែ​តាម​ពិត​គេ​កំពុង​តែ​ថ្វាយ​នោះជូន​ព្រះ​យេហូវ៉ា ជា​ព្រះ​មហា​ក្សត្រ​សកល​លោក​ដែល​ធំ​ជាង​អភិបាល​របស់​មនុស្សជាតិ​ឆ្ងាយ​ណាស់! ម៉ាឡាគី ១:១៤ ចែង​ថា​៖ ​«​‹អញ​ជា​ស្តេច​ដ៏​ធំ ហើយ​ឈ្មោះ​អញ​ជា​ទី​ស្ញែង​ខ្លាច នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ› នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​»។

១៩. តើ​យើង​ទន្ទឹង​ចាំ​ពេល​ណា? ហើយ​តើ​យើង​គួរ​ធ្វើ​អ្វី​ក្នុង​ចន្លោះ​ពេល​នេះ?

១៩ ក្នុង​នាម​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​នោះ យើង​ក៏​ទន្ទឹង​ចាំ​សង្ឃឹម​ដល់​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា ជា​ស្តេច​ដ៏​ធំ នឹង​មាន​មនុស្សជាតិ​ទាំង​ឡាយ​គោរព​ទ្រង់។ នៅ​ពេល​នោះ ​«​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា នៅ​ពេញ​ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ​ពាស​ក្នុង​សមុទ្រ​ដែរ​»។ (​អេសាយ ១១:៩​) ក្នុង​ចន្លោះ​ពេល​នេះ ចូរ​ឲ្យ​យើង​ខំ​ប្រឹង​បំពេញ​តម្រូវ​ការ​របស់​ទ្រង់ ដោយ​យក​តម្រាប់​តាម​អ្នក​តែង​បទ​ទំនុក​ដំកើង ដែល​បាន​ពោល​ថា​៖ ​«​ទូល​បង្គំ​នឹង . . . លើក​ដំកើង​ទ្រង់​ដោយ​អរ​ព្រះ​គុណ​»។ (​ទំនុក​ដំកើង ៦៩:៣០​) ចំពោះ​រឿង​នោះ ទំនាយ​របស់​ម៉ាឡាគី​មាន​ឱវាទ​ថែម​ទៀត​ដែល​មាន​ប្រយោជន៍​ច្រើន​សំរាប់​យើង។ ក្នុង​អត្ថបទ​ពីរ​ជា​បន្ត​បន្ទាប់​នេះ ចូរ​ឲ្យ​យើង​ផ្ចង់​អារម្មណ៍​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​សៀវភៅ​ម៉ាឡាគី។

តើ​អ្នក​ចាំ​ទេ?

• ហេតុ​អ្វី​បាន​ជា​យើង​គួរ​លើក​ដំកើង​ព្រះ​យេហូវ៉ា?

• ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មិន​ព្រម​ទទួល​ដង្វាយ​របស់​ពួក​សង្ឃ​នៅ​សម័យ​លោក​ម៉ាឡាគី?

• តើ​យើង​អាច​ថ្វាយ​សេចក្ដី​សរសើរ​ជា​យញ្ញ​បូជា​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

• តើ​អ្វី​គួរ​ជំរុញ​ចិត្ត​យើង​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]