លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបង្ហាញសេចក្ដីសប្បុរសដ៏ស្មោះចំពោះអស់អ្នកដែលមានសេចក្ដីត្រូវការ

ចូរបង្ហាញសេចក្ដីសប្បុរសដ៏ស្មោះចំពោះអស់អ្នកដែលមានសេចក្ដីត្រូវការ

ចូរ​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​អស់​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ

​«​[​ចូរ​]សំដែង​សេចក្ដី​សប្បុរស[​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​, ព.ថ.​] . . . ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ!​»។—សាការី ៧:៩

១, ២. (​ក​) ហេតុ​អ្វី​បាន​ជា​យើង​គួរ​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ? (​ខ​) តើ​យើង​នឹង​ពិចារណា​សំនួរ​អ្វី​ខ្លះ?

 ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ដាស់​តឿន​ឲ្យ​យើង​ស្រឡាញ់​«​សេចក្ដី​សប្បុរស[​«​ដ៏​ស្មោះ​»​, ព.ថ.​]​»។ (​មីកា ៦:៨​) ព្រះ​បន្ទូល​ព្រះ​យេហូវ៉ា​ក៏​បញ្ជាក់​នូវ​មូលហេតុ​ដែល​យើង​ត្រូវ​ធ្វើ​ដូច្នេះ។ ហេតុ​មួយ​គឺ​ថា ​«​មនុស្ស​ដែល​មាន​ចិត្ត​មេត្ដា[​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​, ព.ថ.​] នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន​»។ (​សុភាសិត ១១:១៧​) នេះ​ជា​ការ​ពិត​មែន! ការ​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ឬ​ក៏​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ ជួយ​យើង​បង្កើត​មេត្រី​ភាព​យ៉ាង​កក់​ក្ដៅ​មិន​ចេះ​រសាយ​ជា​មួយ​អ្នក​ឯ​ទៀត។ ជា​លទ្ធផល​នោះ យើង​នឹង​មាន​មិត្ត​សំឡាញ់​ចិត្ត​ភក្ដី ជា​រង្វាន់​ដ៏​វិសេស​មែន!—សុភាសិត ១៨:២៤

ម្យ៉ាង​ទៀត បទ​គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត នឹង​សេចក្ដី​សប្បុរស[​«​ដ៏​ស្មោះ​»​, ព.ថ.​]នោះ​រមែង​បាន​ជីវិត​»។ (​សុភាសិត ២១:២១​) ពិត​មែន​ហើយ ព្រះ​នឹង​ស្រឡាញ់​យើង​បើ​យើង​ព្យាយាម​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ ហើយ​នេះ​ក៏​នឹង​បើក​ផ្លូវ​ឲ្យ​យើង​ទទួល​ពរ​នៅ​អនាគត​ផង​ដែរ ដូច​ជា​ជីវិត​ជា​រៀង​រហូត​ជា​ដើម។ ប៉ុន្តែ តើ​យើង​អាច​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​តាម​របៀប​ណា​ខ្លះ? តើ​យើង​គួរ​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​អ្នក​ណា​ខ្លះ? ហើយ​តើ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ការ​មាន​មនុស្ស​ធម៌​និង​សេចក្ដី​សប្បុរស​ធម្មតា​យ៉ាង​ដូច​ម្ដេច​ខ្លះ?

ការ​មាន​មនុស្ស​ធម៌​និង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ

៣. តើ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ការ​មាន​មនុស្ស​ធម៌​យ៉ាង​ដូច​ម្ដេច​ខ្លះ?

ការ​មាន​មនុស្ស​ធម៌​និង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​មាន​លក្ខណៈ​ខុស​ៗ​គ្នា។ ជា​ឧទាហរណ៍ មនុស្ស​ច្រើន​តែ​ប្រព្រឹត្ត​ដោយ​មនុស្ស​ធម៌​ទៅ​លើ​បុគ្គល​ដែល​គេ​គ្មាន​ទំនាក់​ទំនង​ឬ​គ្មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នោះ​ទេ។ ប៉ុន្តែ ប្រសិន​បើ​យើង​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​បុគ្គល​ណា​ម្នាក់​វិញ សេចក្ដី​ស្រឡាញ់​របស់​យើង​នឹង​នៅ​ជាប់​នឹង​អ្នក​នោះ។ ក្នុង​ព្រះ​គម្ពីរ ពេល​បុគ្គល​ផ្សេង​ៗ​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​រវាង​គ្នា​នឹង​គ្នា​នោះ ពួក​គេ​ប្រហែល​ជា​ធ្វើ​ដូច្នេះ​ដោយ​សារ​ពួក​គេ​មាន​ទំនាក់​ទំនង​គ្នា​រួច​ទៅ​ហើយ។ (​លោកុប្បត្តិ ២០:១៣; សាំយូអែល​ទី​២ ៣:៨; ១៦:១៧​) មួយ​វិញ​ទៀត ការ​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​នោះ​ប្រហែល​ជា​មាន​មូលដ្ឋាន​ទៅ​លើ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដែល​បាន​ត្រូវ​បង្ហាញ​ចំពោះ​គេ​ពី​មុន​មក។ (​យ៉ូស្វេ ២:១, ១២​-​១៤; សាំយូអែល​ទី​១ ១៥:៦; សាំយូអែល​ទី​២ ១០:១, ២​) ដើម្បី​បញ្ជាក់​នូវ​ភាព​ខុស​គ្នា​នេះ យើង​សូម​ប្រៀប​ធៀប​កំណត់​ហេតុ​ពីរ​ក្នុង​បទ​គម្ពីរ ដែល​បង្ហាញ​អំពី​ការ​មាន​មនុស្ស​ធម៌​និង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​រវាង​មនុស្ស​ផ្សេង​ៗ។

៤, ៥. តើ​ឧទាហរណ៍​ពីរ​ក្នុង​ព្រះ​គម្ពីរ​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​នូវ​ភាព​ខុស​គ្នា​រវាង​ការ​មាន​មនុស្ស​ធម៌​និង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ?

ឧទាហរណ៍​មួយ​ដែល​បញ្ជាក់​អំពី​ការ​មាន​មនុស្ស​ធម៌ គឺ​មាន​នៅ​ក្នុង​កំណត់​ហេតុ​មួយ​អំពី​ក្រុម​មនុស្ស​ដែល​លិច​សំពៅ​ជា​មួយ​សាវ័ក​ប៉ុល។ ពួក​គេ​បាន​ត្រូវ​រលក​សមុទ្រ​បោក​គេ​ទៅ​លើ​ឆ្នេរ​កោះ​មេលីត។ (​កិច្ច​ការ ២៧:៣៧–២៨:១​) ទោះ​ជា​បណ្ដា​ជន​នៅ​កោះ​មេលីត​គ្មាន​ភារកិច្ច​ជួយ​អ្នក​ដំណើរ​ទាំង​នេះ ថែម​ទាំង​ពួក​គេ​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ទាំង​នោះ​ពី​មុន​មក​ក្ដី បណ្ដា​ជន​នៅ​កោះ​មេលីត​នោះ​បាន​ទទួល​អ្នក​ចម្លែក​ទាំង​នេះ​យ៉ាង​រាក់​ទាក់​ដោយ​បង្ហាញ​«​ចិត្ត​សប្បុរស​លើស​ជាង​ធម្មតា​»។ (​កិច្ច​ការ ២៨:២,​) ពួក​គេ​បាន​ទទួល​អ្នក​ដំណើរ​នោះ​យ៉ាង​រាក់​ទាក់ នេះ​ជា​សេចក្ដី​សប្បុរស​មែន ប៉ុន្តែ សេចក្ដី​សប្បុរស​នេះ​បាន​ត្រូវ​សម្ដែង​ដោយ​គ្មាន​ការ​គ្រោង​ទុក​ជា​មុន និង​បាន​ត្រូវ​សម្ដែង​ចំពោះ​អ្នក​ដែល​គេ​ពុំ​ស្គាល់។ ដូច្នេះ នេះ​ត្រូវ​ចាត់​ទុក​ជា​ការ​មាន​មនុស្ស​ធម៌​វិញ។

សូម​ប្រៀប​ធៀប​ហេតុ​ការណ៍​នេះ​ទៅ​នឹង​ភាព​រាក់​ទាក់​របស់​ស្តេច​ដាវីឌ​វិញ ដែល​ទ្រង់​បាន​សម្ដែង​ចំពោះ​មភីបូសែត ជា​កូន​ប្រុស​របស់​យ៉ូណាថាន មិត្ត​សំឡាញ់​មួយ​រូប​របស់​ដាវីឌ។ ដាវីឌ​បាន​មាន​បន្ទូល​ទៅ​កាន់​មភីបូសែត​ថា​៖ ​«​ខ្លួន​អ្នក​នឹង​បរិភោគ​នៅ​តុ​ជា​មួយ​នឹង​យើង​ជា​និច្ច​»។ ដាវីឌ​បាន​ពន្យល់​នូវ​មូលហេតុ​ដែល​ទ្រង់​បាន​រៀបចំ​ដូច្នេះ ដោយ​មាន​បន្ទូល​ទៅ​កាន់​មភីបូសែត​ថា​៖ ​«​យើង​នឹង​សំដែង​សេចក្ដី​ករុណា[​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​, ព.ថ.​]ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណាថាន​បិតា​អ្នក​»។ (​សាំយូអែល​ទី​២ ៩:៦, ៧, ១៣​) ភាព​រាក់​ទាក់​ដែល​មិន​ចេះ​រសាយ​របស់​ដាវីឌ អាច​ត្រូវ​ពណ៌នា​យ៉ាង​ត្រឹម​ត្រូវ​ថា​ជា​សេចក្ដី​សប្បុរស​ដ៏​ស្មោះ មិន​មែន​គ្រាន់​តែ​មាន​មនុស្ស​ធម៌​ប៉ុណ្ណោះ​ទេ ដ្បិត​ភាព​រាក់​ទាក់​នោះ​បាន​ត្រូវ​សម្ដែង​ដើម្បី​បញ្ជាក់​ភាព​ស្មោះ​ត្រង់​របស់​ដាវីឌ​ចំពោះ​ទំនាក់​ទំនង​មួយ​ដែល​ទ្រង់​មាន​រួច​ហើយ។ (​សាំយូអែល​ទី​១ ១៨:៣; ២០:១៥, ៤២​) សព្វ​ថ្ងៃ​នេះ អ្នក​បំរើ​របស់​ព្រះ​ក៏​ប្រព្រឹត្ត​ដោយ​មនុស្ស​ធម៌​ទៅ​លើ​មនុស្ស​ទូទៅ​ដែរ។ ប៉ុន្តែ ពួក​គេ​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ឬ​ក៏​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ឥត​នឿយ​ណាយ ចំពោះ​ពួក​គ្នី​គ្នា​ដែល​មាន​ទំនាក់​ទំនង​ដ៏​ត្រឹម​ត្រូវ​តាម​ខ្នាត​តម្រា​របស់​ព្រះ។—ម៉ាថាយ ៥:៤៥; កាឡាទី ៦:១០

៦. ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ស្តី​ពី​មនុស្ស​ដែល​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​មនុស្ស​ឯ​ទៀត តើ​មាន​លក្ខណៈ​អ្វី​ខ្លះ​ដែល​លេច​ធ្លោ​ជាង​គេ?

ដើម្បី​សម្គាល់​លក្ខណៈ​ថែម​ទៀត​នៃ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​នោះ យើង​សូម​ពិចារណា​យ៉ាង​ខ្លី​នូវ​កំណត់​ហេតុ​បី​ក្នុង​ព្រះ​គម្ពីរ​ស្តី​ពី​គុណ​សម្បត្ដិ​នេះ។ ក្នុង​កំណត់​ហេតុ​ទាំង​បី​នេះ យើង​នឹង​ឃើញ​ថា សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដែល​មនុស្ស​បង្ហាញ​នោះ (​១​) ត្រូវ​សម្ដែង​ដោយ​ការ​ប្រព្រឹត្ត​ដ៏​ពិសេស (​២​) ត្រូវ​សម្ដែង​ដោយ​ស្មោះ​ស្ម័គ្រ​អំពី​ចិត្ត និង(​៣​) ត្រូវ​សម្ដែង​ជា​ពិសេស​ចំពោះ​ពួក​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ។ ម្យ៉ាង​ទៀត កំណត់​ហេតុ​ទាំង​នេះ​នឹង​បង្ហាញ​ពី​របៀប​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។

ឪពុក​មួយ​រូប​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ

៧. តើ​អ្នក​បំរើ​របស់​អ័ប្រាហាំ​បាន​ប្រាប់​បេធូអែល​និង​ឡាបាន់​អ្វី​ខ្លះ? ហើយ​តើ​នេះ​បាន​លើក​ឡើង​រឿង​អ្វី?

លោកុប្បត្តិ ២៤:២៨​-​៦៧ រៀប​រាប់​កំណត់​ហេតុ​ចុង​បញ្ចប់​ស្តី​ពី​អ្នក​បំរើ​របស់​អ័ប្រាហាំ​ដែល​ត្រូវ​រៀប​រាប់​ក្នុង​អត្ថបទ​មុន។ ក្រោយ​ពី​អ្នក​បំរើ​នេះ​បាន​ជួប​នាង​រេបិកា​ហើយ គាត់​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​លោក​បេធូអែល ជា​ឪពុក​រេបិកា។ (​ខ​២៨​-​៣២​) ទី​នោះ​អ្នក​បំរើ​នេះ​បាន​លំអិត​រៀប​រាប់​អំពី​គាត់​កំពុង​តែ​ស្វែង​រក​ភរិយា​ម្នាក់​ឲ្យ​កូន​របស់​លោក​អ័ប្រាហាំ​ជា​ចៅហ្វាយ​គាត់។ (​ខ​៣៣​-​៤៧​) អ្នក​បំរើ​នេះ​បាន​បញ្ជាក់​ច្បាស់​ថា គាត់​ចាត់​ទុក​ជោគ​ជ័យ​របស់​គាត់​ក្នុង​រឿង​នេះ​ជា​សញ្ញា​មួយ​ពី​ព្រះ​យេហូវ៉ា ដោយ​ថា​៖​«​ទ្រង់​បាន​នាំ​ដំរង់​ខ្ញុំ​តាម​ផ្លូវ​រៀង​មក ដើម្បី​ឲ្យ​បាន​កូន​ស្រី​របស់​បង​ប្អូន​ចៅហ្វាយ​ខ្ញុំ យក​ទៅ​ជូន​ដល់​កូន​លោក​»។ (​ខ​៤៨​) អ្នក​បំរើ​នេះ​ទំនង​ជា​បាន​សង្ឃឹម​ថា ការ​រ៉ាយរ៉ាប់​រឿង​នេះ​អស់​ពី​ចិត្ត​ដូច្នេះ នឹង​ជួយ​បេធូអែល​និង​កូន​គាត់​ឈ្មោះ​ឡាបាន់​ឲ្យ​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​កំពុង​តែ​ដឹក​នាំ​ការ​ស្វែង​រក​នេះ។ នៅ​ទី​បំផុត អ្នក​បំរើ​នេះ​បាន​ពោល​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​គិត​ប្រព្រឹត្ត​នឹង​ចៅហ្វាយ​ខ្ញុំ​ដោយ​សប្បុរស​ស្មោះ​ត្រង់ នោះ​សូម​តប​មក​ខ្ញុំ​ចុះ! ពុំ​នោះ​ទេ សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​ខ្ញុំ​ងាក​បែរ​ទៅ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង​ទៀត​»។—ខ​៤៩

៨. តើ​បេធូអែល​បាន​តប​ឆ្លើយ​យ៉ាង​ណា​ចំពោះ​រឿង​នេះ​ដែល​ទាក់​ទង​នឹង​រេបិកា?

ព្រះ​យេហូវ៉ា​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​អ័ប្រាហាំ​រួច​ហើយ។ (​លោកុប្បត្តិ ២៤:១២, ១៤, ២៧​) តើ​បេធូអែល​នឹង​សុខ​ចិត្ត​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ផង​ដែរ​ដោយ​អនុញ្ញាត​ឲ្យ​រេបិកា​ទៅ​ជា​មួយ​អ្នក​បំរើ​របស់​អ័ប្រាហាំ​ទេ? តើ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ពី​មនុស្ស​នឹង​ផ្ដុំ​គ្នា​ជា​មួយ​នឹង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ពី​ព្រះ ដើម្បី​សម្រេច​គោល​បំណង​ព្រះ​ឬ​ទេ? ឬ​ក៏​តើ​អ្នក​បំរើ​នោះ​បាន​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​ឥត​អំពើ​ទៅ​វិញ​នោះ? ពេល​ឡាបាន់​និង​បេធូអែល​ពោល​ថា​៖ ​«​ការ​នេះ​សំរេច​តែ​ពី​ព្រះ​យេហូវ៉ា​ទេ​»​ នេះ​ច្បាស់​ជា​បាន​ជួយ​ធ្វើ​ឲ្យ​អ្នក​បំរើ​របស់​អ័ប្រាហាំ​មាន​ចិត្ត​រីក​រាយ។ (​ខ​៥០​) ពួក​គេ​បាន​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​កំពុង​តែ​ដឹក​នាំ​រឿង​នេះ ហើយ​ពួក​គាត់​បាន​យល់​ព្រម​ដោយ​មិន​ទើស​ទាល់​នឹង​ការ​សម្រេច​របស់​ព្រះ។ ជា​បន្ត​បន្ទាប់ បេធូអែល​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដោយ​និយាយ​ត​ទៅ​ទៀត​ថា​៖ ​«​មើល! រេបិកា​នៅ​មុខ​អ្នក​ស្រាប់​ហើយ។ ចូរ​យក​វា​ទៅ ឲ្យ​វា​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ចៅហ្វាយ​អ្នក​ចុះ! ដូច​ជា​ព្រះ​យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​មក​»។ (​ខ​៥១​) រេបិកា​សុខ​ចិត្ត​ទៅ​ជា​មួយ​អ្នក​បំរើ​របស់​អ័ប្រាហាំ ហើយ​មិន​យូរ​ក្រោយ​មក​នាង​បាន​ក្លាយ​ជា​ភរិយា​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ៊ីសាក។—ខ​៤៩, ៥២​-​៥៨, ៦៧

កូន​មួយ​រូប​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ

៩, ១០. (​ក​) តើ​យ៉ាកុប​បាន​សុំ​យ៉ូសែប​ជា​កូន​របស់​គាត់​ឲ្យ​ធ្វើ​អ្វី​សំរាប់​គាត់? (​ខ​) តើ​យ៉ូសែប​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​ឪពុក​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

យ៉ាកុប ជា​ចៅ​ប្រុស​របស់​អ័ប្រាហាំ ក៏​បាន​ទទួល​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដែរ។ ដូច​លោកុប្បត្តិ​ជំពូក​ទី​៤៧​រៀប​រាប់​នោះ យ៉ាកុប​កំពុង​តែ​រស់​នៅ​ស្រុក​អេស៊ីប និង​«​វេលា​ដែល[​យ៉ាកុប​]ត្រូវ​ស្លាប់ នោះ​កាន់​តែ​ជិត​ដល់​»។ (​ខ​២៧​-​២៩​) យ៉ាកុប​បាន​បារម្ភ​ពីព្រោះ​គាត់​ជិត​ទទួល​មរណភាព​នៅ​ក្រៅ​ស្រុក​ដែល​ព្រះ​បាន​សន្យា​ចំពោះ​អ័ប្រាហាំ។ (​លោកុប្បត្តិ​១៥:១៨; ៣៥:១០, ១២; ៤៩:២៩​-​៣២​) ក៏​ប៉ុន្តែ យ៉ាកុប​មិន​ចង់​ឲ្យ​គេ​បញ្ចុះ​សព​គាត់​នៅ​ស្រុក​អេស៊ីប​ឡើយ ដូច្នេះ យ៉ាកុប​រៀបចំ​ឲ្យ​សព​របស់​គាត់​ត្រូវ​យក​ទៅ​ស្រុក​កាណាន​វិញ។ យ៉ូសែប ជា​កូន​របស់​យ៉ាកុប​ដែល​មាន​ឋានៈ​ធំ​នោះ មាន​អំណាច​ដើម្បី​សម្រេច​តាម​សំណូម​ពរ​នេះ។

១០ កំណត់​ហេតុ​នេះ​ចែង​ថា​៖ ​«​[​យ៉ាកុប​]ហៅ​យ៉ូសែប​ជា​កូន​មក​ផ្ដាំ​ថា​៖ ‹បើ​ឯង​អាណិត​ដល់​អញ​ឥឡូវ . . . ឯង​នឹង​ប្រព្រឹត្ត​ចំពោះ​អញ​ដោយ​សប្បុរស[​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​, ព.ថ.​]ហើយ​ពិត​ត្រង់ គឺ​មិន​កប់​សព​អញ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ​ឡើយ។ តែ​កាល​ណា​អញ​បាន​ដេក​លក់ ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​អញ​ហើយ នោះ​ចូរ​ឯង​យក​សព​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​កប់​នៅ​ក្នុង​ផ្នូរ​របស់​ពួក​ឰយុកោ​ទៅ›​»។ (​លោកុប្បត្តិ ៤៧:២៩, ៣០​) យ៉ូសែប​សន្យា​ថា គាត់​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​ឪពុក រួច​មិន​យូរ​ក្រោយ​មក យ៉ាកុប​បាន​ស្លាប់​ទៅ។ យ៉ូសែប​និង​កូន​ប្រុស​ឯ​ទៀត​របស់​យ៉ាកុប បាន​យក​សព​យ៉ាកុប​«​ទៅ​ដល់​ស្រុក​កាណាន ហើយ​បញ្ចុះ​នៅ​ក្នុង​រអាង នា​ចំការ​ម៉ាក់ពេឡា ខាង​មុខ​ម៉ាមរេ ដែល​អ័ប្រាហាំ​បាន​ទិញ​»។ (​លោកុប្បត្តិ ៥០:៥​-​៨, ១២​-​១៤​) ដោយ​ធ្វើ​ដូច​នេះ យ៉ូសែប​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​ឪពុក​របស់​គាត់។

កូន​ប្រសា​ស្រី​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ

១១, ១២. (​ក​) តើ​នាង​រស់​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ន៉ាអូមី? (​ខ​) ហេតុ​ដូច​ម្ដេច​បាន​ជា​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដែល​នាង​រស់​សម្ដែង​នៅ​«​ជាន់​ក្រោយ​»​ប្រសើរ​ជាង​«​មុន​»​នោះ?

១១ សៀវភៅ​នាង​រស់​ចែង​ថា ន៉ាអូមី​ជា​ស្ត្រី​មេម៉ាយ​មួយ​រូប​បាន​ទទួល​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​អំពី​នាង​រស់ ជា​កូន​ប្រសា​ស្រី​សាសន៍​ម៉ូអាប់ ក៏​ជាស្ត្រី​មេម៉ាយ​ដែរ។ ពេល​ន៉ាអូមី​សម្រេច​ចិត្ត​ត្រឡប់​ទៅ​បេថ្លេហិម​នៅ​ស្រុក​យូដា នោះ​នាង​រស់​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ និង​ប្ដេជ្ញា​ចិត្ត​ថា​៖ ​«​កន្លែង​ណា​ដែល​អ្នក​ម្ដាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្ដាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ។ សាសន៍​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ​»។ (​នាង​រស់ ១:១៦​) ក្រោយ​មក នាង​រស់​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ថែម​ទៀត​ពេល​នាង​បញ្ជាក់​ថា នាង​សុខ​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​លោក​បូអូស​ជា​សាច់​ញាតិ​វ័យ​ចាស់​របស់​ន៉ាអូមី។ a (​ចោទិយកថា ២៥:៥, ៦; នាង​រស់ ៣:៦​-​១០​) បូអូស​បាន​ប្រាប់​នាង​រស់​ថា​៖ ​«​នាង​បាន​សំដែង​ទឹក​ចិត្ត​ដ៏​សប្បុរស[​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​, ព.ថ.​] នៅ​ជាន់​ក្រោយ​នេះ វិសេស​ជាង​មុន​ណាស់ ដោយ​នាង​មិន​បាន​ទៅ​តាម​កំឡោះ​ៗ ទោះ​ក្រ​ឬ​មាន​ផង​»។—នាង​រស់ ៣:១០

១២ លើក​«​មុន​»​ដែល​នាង​រស់​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ គឺ​ជា​ពេល​ដែល​នាង​ចាក​ចេញ​ពី​ចំណោម​សាសន៍​ខ្លួន​មក​នៅ​ជាប់​នឹង​ន៉ាអូមី។ (​នាង​រស់ ១:១៤; ២:១១​) សូម្បី​តែ​ការ​ប្រព្រឹត្ត​នោះ​ក៏​ដោយ គឺ​មិន​ស្មើ​នឹង​«​ជាន់​ក្រោយ​»​ដែល​នាង​រស់​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ ពេល​នាង​សុខ​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​បូអូស។ យ៉ាង​នេះ នាង​រស់​អាច​បង្កើត​កូន​ម្នាក់​ឲ្យ​ន៉ាអូមី​ដើម្បី​ស្នង​ត្រកូល ដោយ​ព្រោះ​ន៉ាអូមី​មាន​អាយុ​ច្រើន​ពេក​មិន​អាច​បង្កើត​កូន​ទៀត​នោះ។ នាង​រស់​និង​បូអូស​បាន​រៀប​អាពាហ៍ពិពាហ៍ ហើយ​ពេល​នាង​រស់​កើត​កូន​ប្រុស​ម្នាក់ ពួក​ស្ត្រី​នៃ​ទី​ក្រុង​បេថ្លេហិម​បាន​ឧទាន​ថា​៖ ​«​មាន​កូន​ប្រុស​១​កើត​មក​ឲ្យ​ន៉ាអូមី!​»។ (​នាង​រស់ ៤:១៤, ១៧​) នាង​រស់​ពិត​ជា​ស្ត្រី​ដ៏​«​ល្អ​ត្រឹម​ត្រូវ​ណាស់​»​ ដែល​បាន​ទទួល​រង្វាន់​ពី​ព្រះ​យេហូវ៉ា​ជា​ឯកសិទ្ធិ​ធ្វើ​ជា​ឰ​យុ​ការ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។—នាង​រស់ ២:១២; ៣:១១; ៤:១៨​-​២២; ម៉ាថាយ ១:១, ៥, ៦

សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ត្រូវ​សម្ដែង​ដោយ​ការ​ប្រព្រឹត្ត

១៣. តើ​បេធូអែល យ៉ូសែប និង​នាង​រស់​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​យ៉ាង​ដូច​ម្ដេច?

១៣ តើ​អ្នក​កត់​សម្គាល់​នូវ​របៀប​ដែល​បេធូអែល យ៉ូសែប និង​នាង​រស់​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ទេ? ពួក​គាត់​មិន​គ្រាន់​តែ​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដោយ​ពាក្យ​សំដី​ស្លូត​ហើយ​សប្បុរស​ប៉ុណ្ណោះ​ទេ តែ​ដោយ​ការ​ប្រព្រឹត្ត​ដ៏​ពិសេស​មួយ​ទេ​តើ។ បេធូអែល​មិន​គ្រាន់​តែ​បាន​ពោល​ថា​៖ ​«​មើល! រេបិកា​នៅ​មុខ​អ្នក​ស្រាប់​ហើយ​»​ប៉ុណ្ណោះ​ទេ តែ​គាត់​បាន​រហូត​ដល់​«​ឲ្យ​រេបិកា​»​តែ​ម្ដង។ (​លោកុប្បត្តិ ២៤:៥១, ៥៩​) យ៉ូសែប​មិន​គ្រាន់​តែ​បាន​ពោល​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​សំរេច​តាម​ពាក្យ​របស់​លោក​ឪពុក​»​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យ៉ូសែប​និង​បង​ប្អូន​ប្រុស​ៗ​របស់​គាត់​បាន​ធ្វើ​«​ដូច​ជា[​យ៉ាកុប​]បាន​ផ្ដាំ​ទុក​»​នោះ​ទាំង​អស់។ (​លោកុប្បត្តិ ៤៧:៣០; ៥០:១២, ១៣​) នាង​រស់​មិន​គ្រាន់​តែ​បាន​ពោល​ថា​៖ ​«​កន្លែង​ណា​ដែល​អ្នក​ម្ដាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម​»​ប៉ុណ្ណោះ​ទេ តែ​នាង​រស់​បាន​ចាក​ចេញ​ពី​ចំណោម​សាសន៍​របស់​ខ្លួន​ទៅ​ជា​មួយ​ន៉ាអូមី រួច​«​ទាំង​២​នាក់​ក៏​នាំ​គ្នា ទៅ​ដល់​ក្រុង​បេថ្លេហិម​»។ (​នាង​រស់ ១:១៦, ១៩​) នៅ​ស្រុក​យូដា នាង​រស់​ក៏​បាន​«​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ម្ដាយ​ក្មេក​បាន​បង្គាប់​មក​»​ដែរ។ (​នាង​រស់ ៣:៦​) ពិត​មែន​ហើយ សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​នាង​រស់ បាន​ដូច​ជា​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​អ្នក​ឯ​ទៀត​ដែល​បាន​ត្រូវ​សម្ដែង​ដោយ​ការ​ប្រព្រឹត្ត។

១៤. (​ក​) សព្វ​ថ្ងៃ​នេះ តើ​អ្នក​បំរើ​របស់​ព្រះ​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដោយ​ការ​ប្រព្រឹត្ត​បែប​ណា?(​ខ​) តើ​បង​ប្អូន​នៅ​តំបន់​របស់​អ្នក​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

១៤ យើង​មាន​ចិត្ត​រីក​រាយ​ណាស់​ពេល​យើង​ឃើញ​អ្នក​បំរើ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ​បន្ត​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដោយ​ការ​ប្រព្រឹត្ត​របស់​គេ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​បង​ប្អូន​ដែល​សុខ​ចិត្ត​ជួយ​ធ្វើ​ជា​ពំនឹង​របស់​អ្នក​ជឿ​គ្នី​គ្នា​ដែល​ឈឺ បាក់​ទឹក​ចិត្ត ឬ​ក៏​មាន​ទុក្ខ​សោក​នោះ។ (​សុភាសិត ១២:២៥​) មួយ​ទៀត សូម​គិត​អំពី​ស្មរ​បន្ទាល់​ជា​ច្រើន​នាក់​ដែល​បាន​ជួយ​ដឹក​បង​ប្អូន​វ័យ​ចាស់​ទៅ​សាល​ព្រះ​រាជាណាចក្រ​ជា​រៀង​រាល់​សប្ដាហ៍​មិន​ដែល​ខាន​ដើម្បី​មក​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ មាន​បង​ស្រី​ម្នាក់​ឈ្មោះ​អាណា​ដែល​មាន​អាយុ​៨២​ឆ្នាំ​ឈឺ​ចុក​ចាប់​សព្វ​សារពាង្គកាយ​ដោយ​សារ​ជម្ងឺ​សន្លាក់​ឆ្អឹង។ បង​ស្រី​អាណា​មាន​អារម្មណ៍​ដូច​គ្នា​នឹង​អ្នក​ជា​ច្រើន​ទៀត​ដែរ ពេល​គាត់​ពោល​ថា​៖ ​«​ការ​មាន​បង​ប្អូន​ដឹក​ខ្ញុំ​ទៅ​កិច្ច​ប្រជុំ​ទាំង​អស់​គឺ​ជា​ពរ​មួយ​ពី​ព្រះ​យេហូវ៉ា។ ខ្ញុំ​សូម​អរ​ព្រះ​គុណ​ទ្រង់​អស់​ពី​ដួង​ចិត្ត​ចំពោះ​ការ​ប្រទាន​បង​ប្អូន​ទាំង​នេះ​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​រូប​ខ្ញុំ​»។ តើ​អ្នក​ធ្វើ​ដូច្នេះ​ដែរ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ឬ​ទេ? (​យ៉ូហាន​ទី​១ ៣:១៧, ១៨​) ប្រសិន​បើ​អ្នក​កំពុង​តែ​ធ្វើ​ដូច្នេះ​មែន អ្នក​អាច​ជឿ​ជាក់​ថា​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​អ្នក​ត្រូវ​ទទួល​ដោយ​កតញ្ញុតាធម៌​ដ៏​ជ្រាល​ជ្រៅ។

សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ត្រូវ​សម្ដែង​ដោយ​ស្ម័គ្រ​ពី​ចិត្ត

១៥. ក្នុង​កំណត់​ហេតុ​ព្រះ​គម្ពីរ​បី​ដែល​យើង​បាន​ពិចារណា​នោះ តើ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​មាន​លក្ខណៈ​អ្វី​ទៀត?

១៥ កំណត់​ហេតុ​ព្រះ​គម្ពីរ​ដែល​យើង​បាន​ពិចារណា​នោះ បញ្ជាក់​ថា​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ត្រូវ​សម្ដែង​ស្មោះ​ស្ម័គ្រ​ពី​ចិត្ត​ដោយ​មិន​ទើស​ទាល់ និង​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ទេ។ បេធូអែល​បាន​ប្រព្រឹត្ត​ដោយ​ស្មោះ​ស្ម័គ្រ​ពី​ចិត្ត​ទៅ​តាម​សំណូម​ពរ​របស់​អ្នក​បំរើ​អ័ប្រាហាំ ហើយ​រេបិកា​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ (​លោកុប្បត្តិ ២៤:៥១, ៥៨​) យ៉ូសែប​ក៏​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដោយ​គ្មាន​អ្នក​ណា​ចាំ​បាច់​បង្គាប់​ទេ។ (​លោកុប្បត្តិ ៥០:៤, ៥​) នាង​រស់​បាន​«​ផ្ដាច់​ចិត្ត​នឹង​ទៅ​តាម[​ន៉ាអូមី​]​»។ (​នាង​រស់ ១:១៨​) ពេល​ន៉ាអូមី​បាន​ជូន​យោបល់​ឲ្យ​នាង​រស់​ជួប​នឹង​លោក​បូអូស​នោះ ចិត្ត​របស់​នាង​រស់​ដែល​ជា​សាសន៍​ម៉ូអាប់​បាន​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ឲ្យ​ពោល​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អ្នក​ម្ដាយ​មាន​ប្រសាសន៍​មក​នោះ​»។—នាង​រស់ ៣:១​-​៥

១៦, ១៧. ហេតុ​អ្វី​បាន​ជា​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​បេធូអែល យ៉ូសែប និង​នាង​រស់​គឺ​គួរ​ឲ្យ​កត់​សម្គាល់? ហើយ​តើ​អ្វី​បាន​ជំរុញ​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​ធ្វើ​ដូច្នេះ?

១៦ សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​បេធូអែល យ៉ូសែប និង​នាង​រស់​គឺ​ល្អ​ប្រសើរ​គួរ​ឲ្យ​កត់​សម្គាល់​ណាស់ ពីព្រោះ​អ័ប្រាហាំ យ៉ាកុប និង​ន៉ាអូមី​គ្មាន​សមត្ថភាព​បង្ខំ​អ្នក​ទាំង​នោះ​ទេ។ យ៉ាង​ណា​មិញ បេធូអែល​គ្មាន​ភារកិច្ច​អ្វី​ប្រគល់​កូន​ស្រី​របស់​គាត់​ឲ្យ​នោះ​ទេ។ គាត់​អាច​ប្រាប់​អ្នក​បំរើ​របស់​អ័ប្រាហាំ​យ៉ាង​ងាយ​ស្រួល​ថា​៖ ‹ខ្ញុំ​មិន​ព្រម​ទេ! កូន​ស្រី​ខ្ញុំ​ឧស្សាហ៍​ណាស់ ខ្ញុំ​ចង់​ឲ្យ​នាង​នៅ​ជា​មួយ​ខ្ញុំ›។ (​លោកុប្បត្តិ ២៤:១៨​-​២០​) ដូច​គ្នា​ដែរ យ៉ូសែប​អាច​សម្រេច​ចិត្ត​ធ្វើ​តាម​ឬ​ក៏​មិន​ធ្វើ​តាម​សំណូម​ពរ​របស់​ឪពុក​របស់​គាត់​ដោយ​ចិត្ត​សេរី​បាន ពីព្រោះ​យ៉ាកុប​ហៀប​នឹង​ស្លាប់ ហើយ​មិន​អាច​បង្ខំ​យ៉ូសែប​ឲ្យ​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់​បាន​ទេ។ ន៉ាអូមី​ក៏​បាន​ប្រាប់​នាង​រស់​ថា នាង​អាច​បន្ត​នៅ​ស្រុក​ម៉ូអាប់​បាន។ (​នាង​រស់ ១:៨​) នាង​រស់​ក៏​មាន​សេរី​ភាព​រៀប​ការ​នឹង​«​កំឡោះ​ៗ​»​ដែរ ជា​ជាង​រៀប​ការ​ជា​មួយ​លោក​បូអូស​ដែល​មាន​អាយុ​ច្រើន​នោះ។

១៧ បេធូអែល យ៉ូសែប និង​នាង​រស់​បាន​ស្ម័គ្រ​ចិត្ត​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ គឺ​ថា ពួក​គាត់​មាន​ទឹក​ចិត្ត​ចង់​សម្ដែង​សេចក្ដី​នោះ។ ពួក​គាត់​មាន​អារម្មណ៍​ថា ការ​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​អ្នក​ដែល​គេ​មាន​ទំនាក់​ទំនង​ជា​មួយ​នោះ គឺ​ជា​ការ​ធ្វើ​តាម​គោល​ការណ៍​សីលធម៌ ដូច​ជា​ស្តេច​ដាវីឌ​បាន​មាន​អារម្មណ៍​ថា ទ្រង់​ត្រូវ​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​មភីបូសែត។

១៨. (​ក​) តើ​អ្នក​ចាស់​ទុំ​គ្រីស្ទាន​«​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​»​ដោយ​មាន​ទស្សនៈ​អ្វី? (​ខ​) តើ​អ្នក​ចាត់​ទុំ​ម្នាក់​បាន​និយាយ​ដូច​ម្ដេច​អំពី​អារម្មណ៍​របស់​គាត់​ក្នុង​ការ​ជួយ​អ្នក​ជឿ​គ្នី​គ្នា?

១៨ សេចក្ដី​សប្បុរស​ដ៏​ស្មោះ​នៅ​តែ​ជា​សញ្ញា​សម្គាល់​រាស្ត្រ​របស់​ព្រះ រួម​មាន​ពួក​បុរស​ដែល​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ។ (​ទំនុក​ដំកើង ១១០:៣; ថែស្សាឡូនីច​ទី​១ ៥:១២​) អ្នក​ចាស់​ទុំ​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​នោះ​មាន​អារម្មណ៍​ថា គាត់​មាន​កាតព្វកិច្ច​បំពេញ​មុខ​ងារ​ដែល​បាន​ត្រូវ​ប្រគល់​ឲ្យ​ពួក​គាត់​នោះ ពេល​ដែល​គាត់​បាន​ទទួល​មុខ​តំណែង​នេះ។ (​កិច្ច​ការ ២០:២៨​) យ៉ាង​ណា​ក៏​ដោយ ការ​គង្វាល​និង​ការ​ប្រព្រឹត្ត​ឯ​ទៀត​ដែល​ជា​ការ​សម្ដែង​នូវ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ដើម្បី​បំរើ​ប្រយោជន៍​ក្រុម​ជំនុំ ត្រូវ​បំពេញ​«​ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ​ទេ​»។ (​ពេត្រុស​ទី​១ ៥:២​) ពួក​អ្នក​ចាស់​ទុំ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ពីព្រោះ​ពួក​គាត់​មាន​ភារកិច្ច​ធ្វើ​ដូច្នេះ និង​ពីព្រោះ​ពួក​គាត់​ចង់​ធ្វើ​កិច្ច​ការ​នេះ​ដែរ។ ពួក​គាត់​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​ហ្វូង​ចៀម​របស់​ព្រះ​គ្រីស្ទ ពីព្រោះ​ការ​ធ្វើ​ដូច្នេះ​គឺ​ត្រឹម​ត្រូវ ហើយ​ក៏​ជា​អ្វី​ដែល​ពួក​គាត់​ចង់​ធ្វើ​ដែរ។ (​យ៉ូហាន ២១:១៥​-​១៧​) អ្នក​ចាស់​ទុំ​គ្រីស្ទាន​ម្នាក់​បាន​ពោល​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​នៅ​ផ្ទះ​របស់​គេ ឬ​ក៏​និយាយ​តាម​ទូរស័ព្ទ​ដោយ​ចង់​បង្ហាញ​គេ​ថា ខ្ញុំ​នឹក​នា​ដល់​ពួក​គេ។ ចំពោះ​ខ្ញុំ ការ​ជួយ​បង​ប្អូន​ឯ​ទៀត​គឺ​ជា​ប្រភព​មួយ​នៃ​អំណរ​និង​ខ្ញុំ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង!​»។ អ្នក​ចាស់​ទុំ​ទូទាំង​ផែនដី​ដែល​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បង​ប្អូន ក៏​យល់​ស្រប​នឹង​គំនិត​នេះ​ដែរ។

ការ​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ

១៩. តើ​កំណត់​ហេតុ​ព្រះ​គម្ពីរ​ក្នុង​អត្ថបទ​នេះ​ជួយ​គូស​បញ្ជាក់​ការ​ពិត​អ្វី​អំពី​សេចក្ដី​សប្បុរស​ដ៏​ស្មោះ?

១៩ កំណត់​ហេតុ​ព្រះ​គម្ពីរ​ដែល​យើង​បាន​ពិគ្រោះ​ខាង​ដើម​នេះ ក៏​គូស​បញ្ជាក់​ការ​ពិត​ថា សេចក្ដី​សប្បុរស​ដ៏​ស្មោះ​គួរ​ត្រូវ​សម្ដែង​ចំពោះ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ម្យ៉ាង ដែល​គេ​មិន​អាច​បំពេញ​ដោយ​ខ្លួន​ឯង​បាន​ទេ។ អ័ប្រាហាំ​ត្រូវ​ការ​ជំនួយ​ពី​បេធូអែល​ដើម្បី​បន្ត​វង្ស​ត្រកូល​របស់​គាត់។ យ៉ាកុប​ត្រូវ​ការ​ជំនួយ​ពី​យ៉ូសែប​ដើម្បី​ដឹក​សព​របស់​គាត់​ទៅ​ស្រុក​កាណាន។ ន៉ាអូមី​ត្រូវ​ការ​ជំនួយ​ពី​នាង​រស់ ដើម្បី​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​ស្នង​ត្រកូល​គ្រួសារ។ អ័ប្រាហាំ យ៉ាកុប និង​ន៉ាអូមី​មិន​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​បាន​ឡើយ ប្រសិន​បើ​គ្មាន​អ្នក​ជំនួយ​ទេ​នោះ។ ស្រដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ សេចក្ដី​សប្បុរស​ដ៏​ស្មោះ​គួរ​ត្រូវ​សម្ដែង​ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ។ (​សុភាសិត ១៩:១៧​) យើង​គួរ​យក​តម្រាប់​តាម​លោក​យ៉ូប​ដែល​ជា​មេ​គ្រួសារ​នោះ។ យ៉ូប​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ‹មនុស្ស​វេទនា​ដែល​ស្រែក​អង្វរ និង​ក្មេង​កំព្រា​គ្មាន​ទី​ពឹង› ព្រម​ទាំង​«​អ្នក​ដែល​ហៀប​នឹង​ស្លាប់​»។ យ៉ូប​ក៏​បាន​«​លើក​ទឹក​ចិត្ត​ស្ត្រី​មេម៉ាយ​អោយ​មាន​អំណរ​សប្បាយ​»​ និង​បាន​«​ធ្វើ​ជា​ភ្នែក​របស់​មនុស្ស​ខ្វាក់ និង​ជា​ជើង​របស់​មនុស្ស​ខ្វិន​»​ដែរ។—យ៉ូប ២៩:១២​-​១៥, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

២០, ២១. តើ​អ្នក​ណា​ត្រូវ​ការ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ពី​យើង? ហើយ​តើ​យើង​ម្នាក់​ៗ​ត្រូវ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី?

២០ តាម​ពិត ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​និមួយ​ៗ ក៏​មាន‹មនុស្ស​វេទនា​ដែល​ស្រែក​អង្វរ›ផង​ដែរ។ នេះ​អាច​បណ្ដាល​មក​ពី​ហេតុ​ផ្សេង​ៗ​ដូច​ជា​អារម្មណ៍​កណ្ដោច​កណ្ដែង ការ​ធ្លាក់​ទឹក​ចិត្ត ការ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ ការ​ខក​ចិត្ត​ដោយ​សារ​អ្នក​ឯ​ទៀត មាន​ជម្ងឺ​ជា​ទម្ងន់ ឬ​ក៏​មរណភាព​របស់​អ្នក​ជា​ទី​ស្រឡាញ់។ មិន​ថា​ភាព​វេទនា​នោះ​ផ្ដើម​ចេញ​ពី​ហេតុ​ណា​ក៏​ដោយ បង​ប្អូន​ជា​ទី​ស្រឡាញ់​ទាំង​អស់​នេះ​មាន​សេចក្ដី​ត្រូវ​ការ​ដែល​អាច​ត្រូវ​បំពេញ និង​គួរ​ត្រូវ​បំពេញ​ដោយ​យើង​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ស្ម័គ្រ​ពី​ចិត្ត​ជា​និច្ច​ជា​កាល។—ថែស្សាឡូនីច​ទី​១ ៥:១៤

២១ ដូច្នេះ ចូរ​ឲ្យ​យើង​បន្ត​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា ដែល​«​មាន​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ជា​បរិបូរ​»។ (​និក្ខមនំ ៣៤:៦, ព.ថ.; អេភេសូរ ៥:១​) យើង​អាច​ធ្វើ​ដូច្នេះ ដោយ​ធ្វើ​អ្វី​មួយ​ស្ម័គ្រ​ពី​ចិត្ត សំរាប់​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ។ កាល​បើ​យើង​«​សំដែង​សេចក្ដី​សប្បុរស[​«​ដ៏​ស្មោះ​»​, ព.ថ.​] . . . ដល់​គ្នា​ទៅ​វិញ​ទៅ​មក​»​ យើង​ច្បាស់​ជា​នឹង​លើក​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា ថែម​ទាំង​យើង​នឹង​ទទួល​នូវ​អំណរ​យ៉ាង​ក្រៃ​លែង​ផង។—សាការី ៧:៩

[​កំណត់​សម្គាល់​]

a ដើម្បី​មាន​ការ​លំអិត​ស្តី​ពី​អាពាហ៍ពិពាហ៍​បែប​នេះ សូម​មើល​សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ ក្បាល​ទី​១ ទំព័រ​៣៧០ បោះ​ពុម្ព​ដោយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា (​ជា​ភាសា​អង់គ្លេស​)

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ការ​មាន​មនុស្ស​ធម៌​យ៉ាង​ដូច​ម្ដេច?

• តើ​បេធូអែល យ៉ូសែប និង​នាង​រស់​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

• តើ​យើង​ត្រូវ​មាន​ទស្សនៈ​យ៉ាង​ណា​ក្នុង​ការ​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ?

• តើ​អ្នក​ណា​ខ្លះ​ត្រូវ​ការ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ពី​យើង?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​២៨​]

តើ​បេធូអែល​បាន​សម្ដែង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​យ៉ាង​ដូច​ម្ដេច?

[​រូប​ភាព​នៅ​ទំព័រ​៣២​]

សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​មនុស្ស​ត្រូវ​សម្ដែង​ដោយ​ស្មោះ​ស្ម័គ្រ​ពី​ចិត្ត ត្រូវ​សម្ដែង​ដោយ​ការ​ប្រព្រឹត្ត​ដ៏​ពិសេស​ត្រូវ​សម្ដែង​ចំពោះ​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ