ពិការភាពមិនរើសមុខមិនរើសកន្លែង
ពិការភាពមិនរើសមុខមិនរើសកន្លែង
បុរសម្នាក់ឈ្មោះគ្រីស្ទៀនរស់នៅប្រទេសមួយនៅទ្វីបអាហ្វ្រិច។ គាត់បានត្រូវទាហានឈ្លៀសកេណ្ឌបង្ខំឲ្យចូលធ្វើទ័ព។ ប៉ុន្តែ គាត់បដិសេធមិនព្រមដោយសារមនសិការរបស់គាត់បានត្រូវបង្ហាត់បង្រៀនតាមព្រះគម្ពីរ។ ដូច្នេះ ពលទ័ពទាំងនោះយកគាត់ទៅជំរំរបស់គេ។ លុះក្រោយគេវាយគាត់អស់បួនថ្ងៃ សេនាម្នាក់បាញ់កំទេចជើងរបស់គាត់។ គ្រីស្ទៀនបានទៅដល់មន្ទីរពេទ្យ តែពេទ្យត្រូវកាត់ជើងរបស់គាត់ត្រឹមជង្គង់ចុះក្រោម។ នៅប្រទេសមួយទៀតនៅទ្វីបអាហ្វ្រិច សូម្បីតែក្មេងតូចៗក្ដី ក៏ត្រូវពួកឧទ្ទាមប្រដាប់អាវុធកាត់បណ្ដាច់អវយវៈរបស់គេដែរ។ ម្យ៉ាងទៀត នៅប្រទេសមួយចំនួនដូចជាប្រទេសកម្ពុជា ប្រទេសអាហ្វហ្គានីស្ថាន ប្រទេសអង់ហ្គោឡា និងតំបន់បាល់កង់ជាដើម ការផ្ទុះគ្រាប់មីនបណ្ដាលឲ្យដាច់ដៃដាច់ជើងជនានុជនទាំងចាស់ទាំងក្មេង និងធ្វើឲ្យគេពិការដោយមិនរើសមុខមិនរើសអាយុទេ។
គ្រោះថ្នាក់និងជម្ងឺផ្សេងៗដូចជាជម្ងឺទឹកនោមផ្អែមជាដើម ក៏ធ្វើឲ្យមនុស្សរបួសនិងពិការផងដែរ។ សូម្បីតែជាតិពុលក្នុងបរិស្ថានក៏ដោយ អាចជាហេតុធ្វើឲ្យមនុស្សមានភាពពិការដែរ។ តួយ៉ាងដូចជានៅក្នុងទីក្រុងមួយនៅទ្វីបអឺរ៉ុបខាងកើត ក្នុងម្ដុំផ្សេងៗដែលនៅជិតៗគ្នានោះ មានកុមារជាច្រើនដែលកើតមកទាំងកំបុតដៃស្ដាំតែម្ដង។ ពួកគេសល់ត្រឹមតែកែងដៃឡើងលើប៉ុណ្ណោះ។ ភស្តុតាងឆ្លុះបញ្ចាំងឲ្យឃើញថា ដើមហេតុនៃបញ្ហានេះគឺបណ្ដាលមកពីជាតិគីមីពុលក្នុងបរិស្ថានដែលបានបង្ខូចហ្សែនរបស់ក្មេងទាំងនេះ។ បុគ្គលឯទៀតជាច្រើនឥតគណនាមានអវយវៈគ្រប់ចំនួន ប៉ុន្តែគេនៅតែពិការដោយព្រោះគេស្លាប់ដៃស្លាប់ជើង ឬមួយក៏មានជម្ងឺណាមួយផ្សេងទៀត។ ពិការភាពមិនរើសមុខមិនរើសកន្លែងពិតមែន។
មិនថាពិការភាពនោះកើតចេញពីហេតុណាក៏ដោយ វានៅតែធ្វើឲ្យមនុស្សមានចិត្តខ្ទេចខ្ទាំយ៉ាងខ្លាំង។ លោកជូនយ័របាត់បង់ជើងខាងឆ្វេងរបស់គាត់ត្រឹមជង្គង់ពេលគាត់មានអាយុតែ២០ឆ្នាំ។ ក្រោយមកគាត់ស្រដីថា៖ «ខ្ញុំកើតមានបញ្ហាផ្លូវចិត្តជាច្រើនណាស់ ហើយក៏ធ្លាប់យំយ៉ាងច្រើនដែរ ដោយព្រោះខ្ញុំមិនអាចបានជើងខ្ញុំមកវិញទេ។ ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេ ហើយក៏សុញសាញក្នុងគំនិតទៀតផង»។ ប៉ុន្តែ បន្ទាប់មក ទស្សនៈរបស់ជូនយ័របានផ្លាស់ប្ដូរទាំងស្រុង។ គាត់ចាប់ផ្ដើមសិក្សាព្រះគម្ពីរ និងរៀនអ្វីជាច្រើនដែលមិនគ្រាន់តែជួយគាត់ស៊ូទ្រាំប៉ុណ្ណោះ តែក៏ជួយគាត់មានសេចក្ដីសង្ឃឹមឲ្យបានអនាគតមួយដ៏ភ្លឺស្វាង និងប្រកបទៅដោយសុភមង្គលនៅលើផែនដីនេះ។ បើអ្នកជាជនពិការ តើអ្នកចង់មានសេចក្ដីសង្ឃឹមបែបនេះដែរឬទេ?
បើចង់បានមែន សូមអានអត្ថបទជាបន្តបន្ទាប់នេះ។ យើងសូមលើកទឹកចិត្តអ្នកឲ្យបើកមើលខគម្ពីរខ្លួនឯង ដើម្បីអាចយល់ឃើញដោយខ្លួនឯងនូវអ្វីៗដែលអ្នកបង្កើតនឹងធ្វើសំរាប់អស់អ្នកដែលរៀនអំពីគោលបំណងទ្រង់ ហើយសម្របជីវិតរបស់គេទៅតាមគោលបំណងនោះ។