ព្រះយេហូវ៉ាស្អប់ការក្បត់
ព្រះយេហូវ៉ាស្អប់ការក្បត់
‹កុំក្បត់គ្នាឲ្យសោះ›។—ម៉ាឡាគី ២:១០
១. បើយើងចង់ទទួលជីវិតជារៀងរហូត តើព្រះតម្រូវអ្វីពីយើង?
តើអ្នកចង់បានជីវិតជារៀងរហូតទេ? បើសិនជាអ្នកជឿទៅលើសេចក្ដីសង្ឃឹមនោះដែលត្រូវបញ្ជាក់ក្នុងព្រះគម្ពីរ អ្នកប្រហែលជានឹងឆ្លើយថា ‹ប្រាកដហើយ!›។ ប៉ុន្តែ ប្រសិនបើអ្នកចង់ឲ្យព្រះប្រទានពរឲ្យអ្នករស់ជារៀងរហូតក្នុងពិភពលោកថ្មីរបស់ទ្រង់ អ្នកត្រូវបំពេញតម្រូវការរបស់ទ្រង់។ (សាស្ដា ១២:១៣; យ៉ូហាន ១៧:៣) តើការតម្រូវឲ្យមនុស្សមិនគ្រប់ល័ក្ខណ៍ធ្វើដូច្នេះ ជាអ្វីដ៏មិនសមហេតុសមផលឬ? មិនមែនទេ! ពីព្រោះព្រះយេហូវ៉ាមានបន្ទូលលើកទឹកចិត្តយើងថា៖ «អញពេញចិត្តចំពោះសេចក្ដីសប្បុរស មិនមែនចំពោះយញ្ញបូជាទេ ហើយពេញចិត្តចំពោះការស្គាល់ព្រះ ជាជាងការថ្វាយដង្វាយដុតទៅទៀត»។ (ហូសេ ៦:៦) ដូច្នេះ សូម្បីតែមនុស្សឥតគ្រប់ល័ក្ខណ៍ក៏អាចបំពេញតម្រូវការរបស់ព្រះបានដែរ។
២. តើជនជាតិអ៊ីស្រាអែលជាច្រើននាក់បានក្បត់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
២ ក៏ប៉ុន្តែ មិនមែនមនុស្សទាំងអស់ទេ ដែលចង់ធ្វើតាមព្រះហឫទ័យព្រះយេហូវ៉ា។ លោកហូសេបញ្ជាក់ថា សូម្បីតែសាសន៍អ៊ីស្រាអែលជាច្រើននាក់ក៏មិនចង់ធ្វើតាមព្រះហឫទ័យព្រះផងដែរ។ ជាសាសន៍មួយ ពួកអ៊ីស្រាអែលបានយល់ព្រមធ្វើកិច្ចព្រមព្រៀងឬកិច្ចសន្យាមួយ ថាគេនឹងស្ដាប់តាមច្បាប់របស់ព្រះ។ (និក្ខមនំ ២៤:១-៨) ប៉ុន្តែ មិនយូរក្រោយមក ពួកគេបាន«កន្លងនឹងសេចក្ដីសញ្ញា»ដោយរំលងច្បាប់ទ្រង់។ ដូច្នេះ ព្រះយេហូវ៉ាបានមានបន្ទូលថា ពួកអ៊ីស្រាអែលនោះបាន«ក្បត់»ទ្រង់។ (ហូសេ ៦:៧) ហើយមនុស្សជាច្រើនតាំងតែពីពេលនោះមកក៏បានធ្វើដូច្នេះដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាស្អប់ការក្បត់ មិនថាការក្បត់នោះប៉ះពាល់ដល់ទ្រង់ ឬក៏អ្នកដែលស្រឡាញ់និងបំរើទ្រង់ក៏ដោយ។
៣. តើយើងនឹងវិភាគអ្វីក្នុងអត្ថបទនេះ?
៣ មិនមានតែព្យាការីហូសេប៉ុណ្ណោះទេ ដែលបានបញ្ជាក់ពីទស្សនៈរបស់ព្រះចំពោះការក្បត់។ យើងក៏ត្រូវមានទស្សនៈដូចទ្រង់ផងដែរ ប្រសិនបើយើងចង់មានជីវិតប្រកបទៅដោយសុភមង្គល។ ក្នុងអត្ថបទមុន យើងបានចាប់ផ្ដើមវិភាគមើលបទទំនាយរបស់លោកម៉ាឡាគីពីជំពូកទីមួយ។ ឥឡូវសូមយើងពិចារណាជំពូកទីពីរក្នុងសៀវភៅនោះ ហើយមើលការបញ្ជាក់អំពីទស្សនៈរបស់ព្រះចំពោះការក្បត់។ ទោះជាលោកម៉ាឡាគីកំពុងតែសំដៅទៅលើ ស្ថានភាពទូទៅក្នុងចំណោមរាស្ត្ររបស់ព្រះអស់រាប់ទសវត្សក្រោយពីគេបានត្រឡប់មកពីការជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូនក៏ដោយ ជំពូកទីពីរនោះក៏ជាប់ទាក់ទងនឹងជីវិតរបស់យើងសព្វថ្ងៃនេះផងដែរ។
ពួកសង្ឃដែលគួរនឹងទទួលទោស
៤. តើព្រះយេហូវ៉ាបានព្រមានពួកសង្ឃយ៉ាងដូចម្ដេច?
៤ ជំពូកទីពីរចាប់ផ្ដើមដោយព្រះយេហូវ៉ាស្តីបន្ទោសពួកសង្ឃសាសន៍យូដា ដោយសារគេបានលះចោលការប្រព្រឹត្តដ៏សុចរិតរបស់ទ្រង់។ កាលបើពួកសង្ឃមិនស្ដាប់តាមឱវាទរបស់ទ្រង់ និងកែប្រែការប្រព្រឹត្តរបស់គេ នោះគេនឹងមានទោសធ្ងន់ជាមិនខាន។ សូមកត់សម្គាល់ពីរខនៅខាងដើមជំពូកទីពីរនោះដែលថា៖ «‹ឱពួកសង្ឃអើយ! សេចក្ដីបង្គាប់នេះ គឺដល់ឯងរាល់គ្នា។ ដូច្នេះ បើឯងរាល់គ្នាមិនព្រមស្ដាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះអញទេ› នោះព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា៖ ‹អញនឹងចាត់សេចក្ដីបណ្ដាសា ឲ្យមកលើឯងរាល់គ្នា អញនឹងដាក់បណ្ដាសាដល់ពររបស់ឯង›»។ បើពួកសង្ឃបានបង្រៀនក្រិត្យវិន័យរបស់ព្រះដល់ប្រជាជននោះ គេនឹងទទួលពរហើយ។ តែដោយព្រោះគេបានធ្វើព្រងើយមិនព្រមស្ដាប់តាមព្រះហឫទ័យរបស់ព្រះ នោះគេនឹងត្រូវបណ្ដាសាវិញ។ សូម្បីតែពេលពួកសង្ឃខំប្រទានពរដល់អ្នកឯទៀត នោះនឹងក្លាយជាសេចក្ដីបណ្ដាសាវិញដែរ។
៥, ៦. (ក) ហេតុអ្វីបានជាពួកសង្ឃគួរទទួលទោសធ្ងន់ជាងគេ? (ខ) តើព្រះយេហូវ៉ាបង្ហាញថាទ្រង់ស្អប់ពួកសង្ឃនោះយ៉ាងដូចម្ដេច?
៥ តើហេតុអ្វីពួកសង្ឃគួរនឹងទទួលទោសធ្ងន់ជាងគេ? ខទី៧ប្រាប់យ៉ាងច្បាស់ថា៖ «គួរឲ្យបបូរមាត់របស់សង្ឃបានរក្សាទុកនូវយោបល់ ហើយគួរឲ្យមនុស្សស្វែងរកក្រិត្យវិន័យពីមាត់គេ ដ្បិតគេជាទូតរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។ ជាងមួយពាន់ឆ្នាំមុនគ្រានោះ ច្បាប់ដែលព្រះបានប្រទានដល់អ៊ីស្រាអែលតាមរយៈលោកម៉ូសេបានចែងថា ពួកសង្ឃមានភារកិច្ច«បង្រៀនបញ្ញត្តច្បាប់ទាំងប៉ុន្មាន ដល់ពួកកូនចៅអ៊ីស្រាអែល ជាបញ្ញត្ត ដែលព្រះយេហូវ៉ា ទ្រង់បានមានបន្ទូលប្រាប់គេ»។ (លេវីវិន័យ ១០:១១) គួរឲ្យសោកស្ដាយមែនដែលក្រោយមក អ្នកសរសេររបាក្សត្រទី២ ១៥:៣ រាយការណ៍ថា៖ «នៅគ្រានោះ ពួកអ៊ីស្រាអែលឥតមានព្រះដ៏ជាពិតទេ ក៏គ្មានពួកសង្ឃដែលបង្ហាត់បង្រៀន ហើយគ្មានក្រិត្យវិន័យដែរ នៅអស់កាលជាយូរមកហើយ»។
៦ នៅសម័យលោកម៉ាឡាគី នៅសតវត្សទី៥ មុនស.យ. ពួកសង្ឃគឺដូចគ្នាដែរ។ ពួកគេគួរនឹងទទួលទោសពីព្រះយេហូវ៉ា ដោយព្រោះគេបានខានបង្រៀនក្រិត្យវិន័យរបស់ព្រះ។ សូមកត់សម្គាល់នូវការស្តីបន្ទោសយ៉ាងខ្លាំងពីព្រះយេហូវ៉ាទៅលើគេ។ ម៉ាឡាគី ២:៣ ប្រកាសថា៖ «អញនឹងជះលាមកទៅលើមុខឯងរាល់គ្នា គឺជាលាមកពីដង្វាយយញ្ញបូជារបស់ឯង»។ នេះជាការស្តីបន្ទោសយ៉ាងខ្លាំងមែន! លាមករបស់សត្វដែលត្រូវថ្វាយជាដង្វាយនោះ គួរត្រូវយកទៅក្រៅជំរំនិងដុតចោល។ (លេវីវិន័យ ១៦:២៧) ប៉ុន្តែ ពេលព្រះយេហូវ៉ាបានមានបន្ទូលថាលាមកនោះនឹងត្រូវជះទៅលើមុខគេវិញ នេះបង្ហាញយ៉ាងជាក់ច្បាស់ថាព្រះបានបដិសេធដង្វាយដែលគេថ្វាយ ថែមទាំងអ្នកដែលបានថ្វាយនោះផង។
៧. ហេតុអ្វីបានជាព្រះយេហូវ៉ាក្រោធនឹងគ្រូបង្រៀនក្រិត្យវិន័យ?
៧ រាប់សតវត្សមុនសម័យលោកម៉ាឡាគីទៅទៀតនោះ ព្រះយេហូវ៉ាបានប្រគល់ការងារដល់ពួកលេវី ឲ្យពួកគេថែទាំរោងឧបោសថនិងព្រះវិហារ ថែមទាំងកិច្ចបំរើដ៏ពិសិដ្ឋដែលត្រូវធ្វើក្នុងនោះ។ ពួកលេវីជាគ្រូបង្រៀនសាសន៍អ៊ីស្រាអែលនោះតែម្ដង។ បើពួកលេវីបានបំពេញការងារនោះ ពួកគេនឹងបានជីវិតនិងសន្ដិភាពសំរាប់ខ្លួនគេផង ថែមទាំងសំរាប់សាសន៍អ៊ីស្រាអែលទាំងមូលដែរ។ (ជនគណនា ៣:៥-៨) ក៏ប៉ុន្តែ ពួកលេវីលែងមានចិត្តកោតខ្លាចព្រះដូចដែលគេធ្លាប់មានពីមុនហើយ។ ដូច្នេះ ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់គេថា៖ «ឯងរាល់គ្នាបានទាសចេញពីផ្លូវ ក៏បាននាំឲ្យមនុស្សជាច្រើនជំពប់ដួល ក្នុងក្រិត្យវិន័យដែរ . . . .ឯងរាល់គ្នាបានបង្ខូចសេចក្ដីសញ្ញារបស់លេវីហើយ . . . ឯងរាល់គ្នាមិនបានកាន់តាមអស់ទាំងផ្លូវរបស់អញ»ឡើយ។ (ម៉ាឡាគី ២:៨, ៩) ពួកសង្ឃបាននាំមនុស្សជាច្រើនឲ្យវង្វេងចេញ ដោយសារគេខានបង្រៀននូវសេចក្ដីពិត និងដោយសារគំរូដ៏អាក្រក់របស់គេ។ ម្ល៉ោះហើយ ព្រះយេហូវ៉ាមានហេតុក្រោធនឹងគេមែន។
ការកាន់តាមខ្នាតតម្រារបស់ព្រះ
៨. តើការតម្រូវឲ្យមនុស្សកាន់តាមខ្នាតតម្រារបស់ព្រះ គឺមិនសមហេតុសមផលទេឬ? សូមពន្យល់។
៨ កុំបីឲ្យយើងនឹកស្មានថា ពួកសង្ឃទាំងនោះគឺគួរឲ្យអាណិត ហើយគួរនឹងទទួលការលើកលែងទោស ដោយព្រោះគេគ្រាន់តែជាមនុស្សជាតិមិនគ្រប់ល័ក្ខណ៍ ដែលមិនអាចកាន់តាមខ្នាតតម្រារបស់ព្រះនោះឡើយ។ តាមការពិត មនុស្សជាតិអាចកាន់តាមក្រិត្យវិន័យរបស់ព្រះបាន ពីព្រោះព្រះយេហូវ៉ាមិនតម្រូវឲ្យគេធ្វើអ្វីដែលគេគ្មានសមត្ថភាពធ្វើទៅបាននោះទេ។ ប្រហែលជាសង្ឃខ្លះនៅសម័យនោះបានកាន់តាមទេដឹង ហើយក្រោយៗមក គឺច្បាស់ជាមានសង្ឃមួយរូបដែលបានកាន់តាមខ្នាតតម្រាទាំងអស់នោះ គឺជាព្រះយេស៊ូដែលជា«សំដេចសង្ឃ»ដ៏ឧត្តម។ (ហេព្រើរ ៣:១) ហេតុនេះហើយបានជាអាចពណ៌នាសំដៅលើទ្រង់ដោយពិតថា៖ ‹ទ្រង់មានច្បាប់ដ៏ពិតនៅក្នុងព្រះឱស្ឋទ្រង់ ហើយមិនឃើញមានសេចក្ដីទុច្ចរិតនៅបបូរមាត់ទ្រង់ឡើយ។ ទ្រង់បានដើរជាមួយនឹងអញដោយសេចក្ដីសុខនឹងសេចក្ដីទៀងត្រង់ ក៏បានបំបែរមនុស្សជាច្រើន ចេញពីសេចក្ដីទុច្ចរិត›។—ម៉ាឡាគី ២:៦
៩. តើអ្នកណាបានផ្សាយសេចក្ដីពិតយ៉ាងស្មោះត្រង់នៅសម័យយើងនេះ?
៩ ស្រដៀងគ្នាដែរ ជាងមួយរយឆ្នាំហើយ បងប្អូនចាក់ប្រេងតាំងរបស់ព្រះគ្រីស្ទដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌បានបំរើជា«ពួកសង្ឃបរិសុទ្ធ សំរាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល»។ (ពេត្រុសទី១ ២:៥) ពួកគាត់បាននាំមុខក្នុងការវិភាគប្រាប់អ្នកឯទៀតអំពីសេចក្ដីពិតពីព្រះគម្ពីរ។ ពេលអ្នករៀនសេចក្ដីពិតដែលគេបង្រៀននោះ អ្នកបានឃើញដោយបទពិសោធន៍ថាច្បាប់ដ៏ពិតគឺនៅក្នុងមាត់របស់គេ មែនទេ? ពួកគេបានជួយមនុស្សជាច្រើនបែរចេញពីការភាន់ច្រឡំខាងសាសនា រហូតដល់ឥឡូវនេះមានរាប់លាននាក់ទូទាំងពិភពលោកដែលបានរៀននូវសេចក្ដីពិតពីព្រះគម្ពីរ ហើយមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត។ អ្នកទាំងនេះក៏មានឯកសិទ្ធិបង្រៀនច្បាប់ដ៏ពិតដល់មនុស្សរាប់លាននាក់ឯទៀត។—យ៉ូហាន ១០:១៦; វិវរណៈ ៧:៩
មូលហេតុដែលយើងត្រូវប្រុងប្រយ័ត្ន
១០. ហេតុអ្វីយើងត្រូវប្រុងប្រយ័ត្ន?
១០ ក៏ប៉ុន្តែ មានហេតុដែលយើងត្រូវប្រុងប្រយ័ត្ន។ យើងអាចខកខានយល់មេរៀនដែលម៉ាឡាគី ២:១-៩ បង្កប់ន័យនោះ។ តើយើងប្រុងប្រយ័ត្នកុំឲ្យមានសេចក្ដីទុច្ចរិតណាជាប់នឹងបបូរមាត់របស់យើងឬទេ? ជាឧទាហរណ៍ តើសមាជិកគ្រួសាររបស់យើងពិតជាអាចទុកចិត្តអ្វីដែលយើងនិយាយបានទេ? ចុះបងប្អូនប្រុសស្រីក្នុងក្រុមជំនុំ តើពួកគេអាចទុកចិត្តនឹងយើងដែរទេ? យើងអាចចាប់ផ្ដើមមានទម្លាប់យ៉ាងងាយស្រួល ក្នុងការនិយាយដោយប្រើពាក្យដែលមិនមែនជាសេចក្ដីភូតភរ តែដោយចេតនារៀបចំតាមរបៀបមួយដើម្បីនាំឲ្យមនុស្សយល់ច្រឡំនោះ។ ឬក៏ប្រហែលជាមនុស្សម្នាក់នឹងនិយាយពន្លើស ឬក៏លាក់ទុកពត៌មានខ្លះស្តីពីរឿងពាណិជ្ជកម្ម។ ព្រះយេហូវ៉ាប្រាកដជានឹងជ្រាបដឹង មែនទេ? ហើយប្រសិនជាយើងប្រព្រឹត្តបែបនេះ តើទ្រង់នឹងទទួលសេចក្ដីសរសើរពីបបូរមាត់របស់យើងទេ?
១១. តើអ្នកណាត្រូវប្រុងប្រយ័ត្នជាពិសេស?
១១ ម៉ាឡាគី ២:៧ គួរជាការព្រមានពិតប្រាកដចំពោះបងប្អូនប្រុសៗណាដែលមានឯកសិទ្ធិនាំមុខបង្រៀនក្នុងក្រុមជំនុំ។ ខនោះចែងថា បបូរមាត់របស់ពួកបុរសទាំងនេះត្រូវ«រក្សាទុកនូវយោបល់ ហើយគួរឲ្យមនុស្សស្វែងរកក្រិត្យវិន័យ»ពីមាត់ពួកគេ។ អ្នកដែលបង្រៀនបែបនេះ មានភារកិច្ចទទួលខុសត្រូវធ្ងន់ធ្ងរ ដូចត្រូវបញ្ជាក់នៅយ៉ាកុប ៣:១ ថាអ្នកនោះ«នឹងត្រូវទោសធ្ងន់ជាងគេ»។ ទោះជាពួកបុរសទាំងនេះត្រូវតែបង្រៀនដោយចិត្តខ្នះខ្នែងនិងចិត្តរំភើបក៏ដោយនោះ សេចក្ដីបង្រៀនរបស់ពួកគេត្រូវមានមូលដ្ឋានមាំមួនទៅលើព្រះបន្ទូលរបស់ព្រះ ហើយការណែនាំដែលមកពីអង្គការរបស់ព្រះយេហូវ៉ា។ តាមវិធីនេះ ពួកបុរសនេះនឹង‹មានសមត្ថភាពអាចបង្វឹកបង្រៀនតទៅអ្នកឯទៀត›។ ហេតុនេះហើយ ពួកបុរសនេះត្រូវបានទូន្មានឲ្យ៖ «ខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។—ធីម៉ូថេទី២ ២:២, ១៥
១២. អ្នកដែលបង្រៀនអ្នកឯទៀត តើពួកអ្នកនោះត្រូវប្រុងប្រយ័ត្ននឹងអ្វី?
១២ បើយើងមិនប្រុងប្រយ័ត្ន ជួនកាលយើងប្រហែលជាចង់រួមបញ្ចូលគំនិតឬមតិផ្ទាល់ខ្លួនក្នុងការបង្រៀនរបស់យើង។ អ្នកដែលប្រកាន់យ៉ាងខ្លាំងតាមទស្សនៈរបស់ខ្លួន ឬក៏ដែលជឿជាក់ទៅលើការសន្និដ្ឋានរបស់ខ្លួនពេក ទោះជានោះខុសផ្ទុយពីការបង្រៀននៃអង្គការព្រះយេហូវ៉ាក្ដី នោះគេកំពុងតែផ្សងគ្រោះថ្នាក់ហើយ។ ក៏ប៉ុន្តែ ម៉ាឡាគីជំពូកទីពីរគូសបញ្ជាក់ថា អ្នកដែលបង្រៀនក្នុងក្រុមជំនុំនោះនឹងបង្រៀនយ៉ាងផ្ចិតផ្ចង់តាមចំណេះរបស់ព្រះ មិនមែនតាមគំនិតផ្ទាល់ខ្លួនឡើយ ដែលអាចជាហេតុធ្វើឲ្យចៀមខ្លះរវាតចិត្តចេញ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «បើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះ ដែលជឿដល់ខ្ញុំ រវាតចិត្តចេញ នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំ ចងកអ្នកនោះ ហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញ ធ្វើយ៉ាងនោះនឹងមានប្រយោជន៍ដល់អ្នកនោះជាជាង»។—ម៉ាថាយ ១៨:៦
ការរៀបការជាមួយអ្នកមិនជឿ
១៣, ១៤. តើលោកម៉ាឡាគីបានលើកបញ្ជាក់ពីការប្រព្រឹត្តអ្វី ដែលជាការក្បត់?
១៣ ចាប់ពីខ១០ទៅ ម៉ាឡាគីជំពូកទីពីរបញ្ជាក់យ៉ាងចំៗនូវអ្វីដែលជាការក្បត់។ លោកម៉ាឡាគីនិយាយអំពីការប្រព្រឹត្តពីរយ៉ាង ដែលគាត់បានសំដៅទៅនោះម្ដងហើយម្ដងទៀតជា«ការក្បត់»។ មុនបង្អស់សូមកត់សម្គាល់ថា ម៉ាឡាគីបានចាប់ផ្ដើមជូនឱវាទដោយប្រើសំនួរថា៖ «យើងទាំងអស់គ្នា តើមិនមានឪពុកតែ១ទេឬ? តើមិនមែនជាព្រះតែ១ ដែលបង្កើតយើងរាល់គ្នាមកទេឬអី? ហេតុអ្វីបានជាយើងប្រព្រឹត្តដោយក្បត់ ចំពោះបងប្អូនយើងរៀងខ្លួន ទាំងធ្វើបង្អាប់ដល់សេចក្ដីសញ្ញារបស់ពួកឰយុកោយើងផងដូច្នេះ?»។ ក្រោយនោះ ក្នុងខ១១គាត់បានបន្ថែមថា ការក្បត់របស់សាសន៍អ៊ីស្រាអែលគឺមិនខុសពីការបង្អាប់នូវ«សេចក្ដីដែលបរិសុទ្ធដល់ព្រះយេហូវ៉ា»នោះទេ។ តើគេបានប្រព្រឹត្តយ៉ាងណា ដែលជាកំហុសធ្ងន់នោះ? ខនោះបញ្ជាក់នូវកំហុសមួយរបស់គេគឺថា គេបាន«យកកូនស្រីរបស់ព្រះដទៃធ្វើជាប្រពន្ធ»។
១៤ បើនិយាយឲ្យចំទៅ ជនជាតិអ៊ីស្រាអែលខ្លះដែលរួមជាសាសន៍មួយដែលបានថ្វាយខ្លួនដល់ព្រះយេហូវ៉ា នោះបានរៀបការនឹងអ្នកដែល មិនមែនជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាទេ។ ខមុននិងក្រោយជួយយើងយល់ដឹងពីមូលហេតុដែលនេះជាកំហុសដ៏ធ្ងន់ធ្ងរ។ ខ១០រៀបរាប់ថា ពួកគេមានឪពុកតែមួយ។ នេះមិនសំដៅលើយ៉ាកុប (ដែលក្រោយមកមានឈ្មោះអ៊ីស្រាអែល) ក៏មិនសំដៅទៅអ័ប្រាហាំឬអ័ដាមដែរនោះទេ។ ម៉ាឡាគី ១:៦ បង្ហាញថា ព្រះយេហូវ៉ាគឺជា«ឪពុកតែ១»នោះ។ សាសន៍អ៊ីស្រាអែលមានសម្ព័ន្ធភាពជាមួយទ្រង់ គឺជាអ្នកដែលជាប់ក្នុងកិច្ចសន្យារបស់ពួកឰយុកោគេ។ ច្បាប់មួយក្នុងកិច្ចព្រមព្រៀងនោះចែងថា៖ «មិនត្រូវរៀបការជាមួយនឹងគេ ឬឲ្យកូនស្រីឯងទៅកូនប្រុសគេ ហើយយកកូនស្រីគេមកឲ្យកូនប្រុសឯងនោះដែរ»។—ចោទិយកថា ៧:៣
១៥. (ក) តើបុគ្គលខ្លះខំវែកញែកយ៉ាងណាអំពីការរៀបការជាមួយអ្នកមិនជឿ? (ខ) តើព្រះយេហូវ៉ាមានបន្ទូលយ៉ាងណាអំពីការរៀបអាពាហ៍ពិពាហ៍?
១៥ សព្វថ្ងៃនេះ ប្រហែលជាមានអ្នកខ្លះគិតវែកញែកថា៖ ‹អ្នកដែលខ្ញុំជាប់ចិត្តនោះគឺជាមនុស្សល្អណាស់។ មើលទៅដូចជាគាត់នឹងព្រមចូលការថ្វាយបង្គំពិត›។ ការគិតបែបនេះបង្ហាញនូវភាពពិតនៃបន្ទូលពីព្រះដែលព្រមានថា៖ «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង»។ (យេរេមា ១៧:៩) ទស្សនៈរបស់ព្រះចំពោះការរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកដែលមិនមែនជាអ្នកជឿនោះ ត្រូវរៀបរាប់នៅម៉ាឡាគី ២:១២ ថា៖ «ព្រះយេហូវ៉ា ទ្រង់នឹងកាត់មនុស្សដែលប្រព្រឹត្តអំពើយ៉ាងនោះចេញ»។ ដូច្នេះ ជនគ្រីស្ទានត្រូវបានទូន្មានឲ្យរៀបការ‹តែក្នុងព្រះអម្ចាស់›។ (កូរិនថូសទី១ ៧:៣៩) ក្នុងរបៀបរៀបចំគ្រីស្ទាន អ្នកជឿមិនត្រូវ‹កាត់ចេញ›បើគេរៀបការជាមួយអ្នកមិនជឿទេ។ ប៉ុន្តែ បើអ្នកមិនជឿនោះនៅតែមិនជឿនៅឡើយ តើអ្វីនឹងកើតឡើងដល់គាត់នៅពេលបន្ដិចទៀតនេះ ដែលជាពេលព្រះបំផ្លាញរបបលោកីយ៍នេះចោល?—ទំនុកដំកើង ៣៧:៣៧, ៣៨
ការធ្វើបាបទៅលើគូអាពាហ៍ពិពាហ៍
១៦, ១៧. តើបុគ្គលខ្លះបានក្បត់គ្នាយ៉ាងណា?
១៦ លោកម៉ាឡាគីក៏បញ្ជាក់នូវការប្រព្រឹត្តមួយទៀតដែលជាការក្បត់ ពោលគឺ ការធ្វើបាបដល់គូអាពាហ៍ពិពាហ៍របស់ខ្លួន ជាពិសេសដោយការលែងលះដ៏អយុត្ដិធម៌។ ជំពូកទីពីរខ១៤ចែងថា៖ «ព្រះយេហូវ៉ា ទ្រង់ជាសាក្សីពីឯង នឹងប្រពន្ធដែលឯងបានគ្នាពីកាលក្រមុំកំឡោះនោះ ហើយទោះបើនាងជាគូរបស់ឯង នឹងជាប្រពន្ធ ដែលឯងបានចុះសញ្ញានឹងគ្នាក៏ដោយ គង់តែឯងបានប្រព្រឹត្ត ដោយក្បត់ចំពោះនាងដែរ»។ ដោយសារស្វាមីសាសន៍យូដាបានក្បត់ភរិយារបស់គេ នោះគេបានធ្វើឲ្យអាសនៈរបស់ព្រះ‹គ្របបាំងដោយទឹកភ្នែក›។ (ម៉ាឡាគី ២:១៣) បុរសទាំងនោះបានលែងលះភរិយារបស់ខ្លួនដោយហេតុមិនត្រឹមត្រូវសព្វបែបយ៉ាង ទាំងធ្វើខុសដោយចេញចោលភរិយាពីកាលក្រមុំកំលោះ ប្រហែលជាដើម្បីរៀបការស្រីក្មេងជាងឬក៏ស្រីដែលកាន់សាសនាពាហិរជន។ និងពួកសង្ឃបានបណ្ដោយឲ្យពួកគេធ្វើអំពើទាំងនោះទៀត! ប៉ុន្តែ ម៉ាឡាគី ២:១៦ ប្រកាសថា៖ «‹អញស្អប់ការលះលែងគ្នាណាស់› នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល»។ ក្រោយមក ព្រះយេស៊ូបានបញ្ជាក់ថា អំពើអសីលធម៌គឺជាហេតុតែមួយគត់ដែលគូស្វាមីភរិយាអាចលែងលះគ្នាបាន និងបើកឲ្យគូគ្មានទោសនោះរៀបការម្ដងទៀតដោយសេរី។—ម៉ាថាយ ១៩:៩
១៧ សូមគិតអំពីពាក្យរបស់ម៉ាឡាគី ដែលជំរុញឲ្យមានចិត្តមេត្ដា និងចិត្តសប្បុរសយ៉ាងណា។ គាត់និយាយអំពី«គូរបស់ឯង នឹងជាប្រពន្ធ ដែលឯងបានចុះសញ្ញានឹងគ្នា»។ បុរសនិមួយៗដែលពាក់ព័ន្ធក្នុងរឿងនេះបានរៀបការនឹងអ្នកជឿគ្នីគ្នា គឺជាស្ត្រីសាសន៍អ៊ីស្រាអែលដូចគ្នា ហើយបានជ្រើសយកនាងជាគូជីវិត។ ពួកគេប្រហែលជាបានរៀបអាពាហ៍ពិពាហ៍នោះនៅពេលដែលគេទាំងពីរនាក់នៅជាយុវវ័យ តែពេលវេលាដែលបានកន្លងទៅហើយនោះ មិនបានធ្វើឲ្យកិច្ចសន្យារបស់អាពាហ៍ពិពាហ៍ក្លាយជាមោឃៈនោះទេ។
១៨. តើឱវាទរបស់លោកម៉ាឡាគីស្តីពីការក្បត់ទាក់ទងនឹងយើងសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
១៨ ឱវាទនេះក៏ត្រូវអនុវត្តនៅសព្វថ្ងៃនេះដូចគ្នាដែរ។ គួរឲ្យស្ដាយមែន ដែលអ្នកខ្លះមិនអើពើនឹងឱវាទរបស់ព្រះឲ្យរៀបការតែក្នុងព្រះអម្ចាស់ឡើយ។ ក៏ជាការសោកស្ដាយទៀតដែរ ដែលអ្នកខ្លះមិនបន្តប្រឹងប្រែងរក្សាឲ្យអាពាហ៍ពិពាហ៍របស់ខ្លួនបានរឹងមាំនោះទេ។ ផ្ទុយទៅវិញ អ្នកទាំងនោះខំដោះសារកលេសនិងធ្វើអ្វីដែលព្រះស្អប់ដោយលែងលះគ្នាខុសបទគម្ពីរដើម្បីរៀបការគូថ្មីទៀត។ ដោយធ្វើដូច្នេះ ពួក គេ«នាំឲ្យព្រះយេហូវ៉ារំខានព្រះហឫទ័យ»។ នៅសម័យលោកម៉ាឡាគី ពួកអ្នកដែលបានធ្វើព្រងើយនឹងឱវាទពីព្រះ នោះក៏ហ៊ានដោយមានអារម្មណ៍ថា ទស្សនៈរបស់ព្រះយេហូវ៉ាគឺមិនត្រឹមត្រូវទៅវិញ។ គឺដូចជាគេនិយាយថា៖ «តើព្រះនៃសេចក្ដីយុត្ដិធម៌ទ្រង់នៅឯណា?»។ ការគិតបែបនេះគឺខុសឆ្គងណាស់! សូមកុំឲ្យយើងធ្លាក់ចូលក្នុងអន្ទាក់នេះឡើយ។—ម៉ាឡាគី ២:១៧
១៩. តើគូស្វាមីភរិយាអាចទទួលវិញ្ញាណបរិសុទ្ធរបស់ព្រះយ៉ាងដូចម្ដេច?
១៩ ប្រសិនបើយើងគិតអំពីអ្វីដ៏ល្អវិញ ម៉ាឡាគីបានបញ្ជាក់ថា ស្វាមីខ្លះនៅសម័យរបស់គាត់មិនបានក្បត់ភរិយារបស់គេឡើយ។ ពួកគេ‹មានព្រះវិញ្ញាណដែលនៅសល់›។ (ខ១៥) គួរឲ្យសប្បាយមែន ដែលអង្គការរបស់ព្រះយេហូវ៉ាសព្វថ្ងៃនេះ មានបុរសច្រើននាក់បែបនេះដែល«ផ្ដល់កិត្ដិយសឲ្យភរិយារបស់គេ»។ (ពេត្រុសទី១ ៣:៧, ព.ថ.) ស្វាមីទាំងនេះមិនធ្វើបាបដល់ភរិយារបស់គេតាមរយៈការនិយាយស្តីឬខាងផ្លូវកាយទេ។ ពួកគេក៏មិនទាមទារឲ្យភរិយាធ្វើអ្វីដ៏ស្មោកគ្រោកខាងកាមដែរ និងគេមិនធ្វើឲ្យភរិយារបស់គេអាប់កិត្ដិយសដោយនិយាយឡែបខាយចែចង់ស្ត្រីដទៃ ឬដោយមើលរូបអាសអាភាសទេ។ គួរឲ្យសប្បាយដែរគឺថា ក្នុងអង្គការរបស់ព្រះយេហូវ៉ាមានភរិយាគ្រីស្ទានជាច្រើននាក់ដែលស្មោះត្រង់ចំពោះព្រះនិងច្បាប់របស់ទ្រង់។ បុរសស្ត្រីបែបនេះដឹងអំពីអ្វីដែលព្រះស្អប់ ហើយពួកគេក៏គិតនិងប្រព្រឹត្តសមស្របតាមដំរិះនោះ។ ចូរឲ្យយើងធ្វើដូចគេដែរ ដោយ«ស្ដាប់បង្គាប់របស់ព្រះ» ទាំងទទួលពរជាច្រើនដោយមានវិញ្ញាណបរិសុទ្ធរបស់ព្រះ។—កិច្ចការ ៥:២៩
២០. តើគ្រាណាជិតមកដល់សំរាប់មនុស្សជាតិ?
២០ បន្ដិចទៀត ព្រះយេហូវ៉ានឹងជំនុំជំរះរបបលោកីយ៍ទាំងមូលនេះតែម្ដង។ មនុស្សម្នាក់ៗនឹងទទួលខុសត្រូវអាស្រ័យនឹងជំនឿនិងការប្រព្រឹត្តរបស់គេ។ «យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន»។ (រ៉ូម ១៤:១២) ឥឡូវនេះយើងសូមសួរសំនួរមួយដ៏គួរឲ្យចង់ដឹងថា តើអ្នកណានឹងរួចរស់ជីវិតនៅថ្ងៃរបស់ព្រះយេហូវ៉ា? អត្ថបទទីបីដែលជាអត្ថបទចុងក្រោយស្តីពីរឿងនេះ នឹងពន្យល់ប្រធាននោះ។
តើអ្នកអាចពន្យល់បានទេ?
• តើមានហេតុបឋមអ្វី បានជាព្រះយេហូវ៉ាស្តីបន្ទោសពួកសង្ឃសាសន៍អ៊ីស្រាអែល?
• ហេតុអ្វីខ្នាតតម្រារបស់ព្រះមិនខ្ពស់ដល់ថ្នាក់ដែលមនុស្សកាន់តាមមិនបាននោះ?
• សព្វថ្ងៃនេះ ហេតុអ្វីបានជាយើងត្រូវប្រុងប្រយ័ត្ននឹងការបង្រៀនរបស់យើង?
• ព្រះយេហូវ៉ាបានផ្ដន្ទាទោសទៅលើការប្រព្រឹត្តពីរយ៉ាង តើការប្រព្រឹត្តនោះជាអ្វី?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៦]
ព្រះយេហូវ៉ាបានផ្ដន្ទាទោសជនជាតិអ៊ីស្រាអែលដែលរៀបការយកភរិយាជាពាហិរជន ឬដែលលែងលះភរិយាដើមរបស់គេដោយអាងហេតុតូចតាច និងរៀបការយកភរិយាជាពាហិរជននោះ
[រូបភាពនៅទំព័រ១៦]
ជនគ្រីស្ទានសព្វថ្ងៃនេះ តែងគោរពតាម កិច្ចសន្យាអាពាហ៍ពិពាហ៍ជានិច្ច