លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការពិនិត្យមើលជំនឿមិនពិតផ្សេងៗអំពីសេចក្ដីស្លាប់

ការពិនិត្យមើលជំនឿមិនពិតផ្សេងៗអំពីសេចក្ដីស្លាប់

ការ​ពិនិត្យ​មើល​ជំនឿ​មិន​ពិត​ផ្សេង​ៗ​អំពី​សេចក្ដី​ស្លាប់

ទូទាំង​ប្រវត្ដិសាស្ត្រ មនុស្សជាតិ​ថប់​បារម្ភ សុញ​គំនិត​ដោយ​ព្រោះ​ហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​ក្រៀម​ក្រំ​និង​ធ្វើ​ឲ្យ​មនុស្ស​ស្រពាប់​ស្រពោន ពេល​ដែល​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន​នោះ។ ម្យ៉ាង​ទៀត លទ្ធិ​សាសនា​មិន​ពិត ទំនៀម​ទម្លាប់​ដែល​ប្រជាប្រិយ និង​ជំនឿ​ផ្ទាល់​ខ្លួន​ដែល​មនុស្ស​បាន​កាន់​តាំង​ពី​តូច​មក ផ្គួប​ផ្សំ​គ្នា​រឹង​រឹត​តែ​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ខ្លាច​ខ្លាំង​ឡើង​ចំពោះ​សេចក្ដី​ស្លាប់។ ការ​ភ័យ​ខ្លាច​ជា​បញ្ហា​មួយ​ពីព្រោះ​វា​ឃាត់​ឃាំង​មិន​ឲ្យ​មនុស្ស​សប្បាយ​នឹង​ជីវិត ថែម​ទាំង​ពង្រេច​ពង្រឹល​ជំនឿ​ថា​ជីវិត​មាន​គោល​បំណង។

សាសនា​ធំ​ៗ​មាន​ទោស​កំហុស​ធ្ងន់​ជាង​គេ​បំផុត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​មតិ​មិន​ពិត​ជា​ច្រើន​អំពី​សេចក្ដី​ស្លាប់។ យើង​សូម​ពិនិត្យ​ពិចារណា​ជំនឿ​ខ្លះ​ៗ​បែប​នេះ​ដោយ​ប្រើ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​ជា​ជំនួយ ហើយ​សូម​មើល​ថា តើ​នេះ​ជួយ​អ្នក​យល់​ដឹង​ច្បាស់​ត្រឹម​ត្រូវ​ជាង​មុន​អំពី​សេចក្ដី​ស្លាប់​ឬ​ទេ?

ជំនឿ​មិន​ពិត​ទី​មួយ: សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​ធម្មតា​នៃ​ជីវិត។

សៀវភៅ​ភាសា​អង់គ្លេស​ចំណង​ជើង​ថា សេចក្ដី​ស្លាប់​ជា​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ធំ​ធាត់​ឡើង ចែង​ប្រាប់​ថា​៖ ​«​សេចក្ដី​ស្លាប់ . . . គឺ​ជា​ផ្នែក​ដ៏​ចាំ​បាច់​មួយ​នៃ​ជីវិត​របស់​យើង​»។ ពាក្យ​នេះ​ផ្ដើម​ចេញ​ពី​ជំនឿ​ថា សេចក្ដី​ស្លាប់​គឺ​ជា​អ្វី​ដ៏​ធម្មតា និង​ជា​ទី​បញ្ចប់​ធម្មតា​សំរាប់​ភាវៈ​រស់​ទាំង​អស់។ ជា​លទ្ធផល ជំនឿ​បែប​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​មាន​ទស្សនៈ​ថា​ជីវិត​គ្មាន​ន័យ ថែម​ទាំង​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ក្លាយ​ជា​អត្តទត្ថបុគ្គល។

ប៉ុន្តែ តើ​សេចក្ដី​ស្លាប់​ពិត​ជា​ទី​បញ្ចប់​ធម្មតា​នៃ​ជីវិត​ឬ​ទេ? អ្នក​ស្រាវ​ជ្រាវ​ខ្លះ​មិន​ជឿ​ដូច្នេះ​ទេ។ ជាក់​ស្តែង លោក ខាលវិន ហាវី អ្នក​ជីវសាស្ត្រ​ដែល​ស្រាវ​ជ្រាវ​ភាព​ចាស់​ជរា​នៃ​មនុស្សជាតិ បាន​មាន​ប្រសាសន៍​ក្នុង​ការ​សម្ភាសន៍​ថា គាត់​មិន​ជឿ​ថា​មនុស្ស​«​មាន​ប្រព័ន្ធ​ធម្មជាតិ​ណា​ក្នុង​ខ្លួន​ដែល​បញ្ជា​ឲ្យ​ខ្លួន​ឯង​ត្រូវ​ស្លាប់​នោះ​ឡើយ​»។ លោក វីលៀម ខ្លាក អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ភាព​ស៊ាំ​នឹង​ជម្ងឺ បាន​មាន​ប្រសាសន៍​ថា​៖ ​«​សេចក្ដី​ស្លាប់​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ជីវិត ដែល​មិន​អាច​ត្រូវ​បំបាត់​បាន​នោះ​ឡើយ​»។ បន្ថែម​ទៅ​ទៀត លោក ស៊ីម័រ បិន​សឺ នៅ​វិទ្យាស្ថាន​បច្ចេកទេស​រដ្ឋ​កាលីហ្វ័រញ៉ា បាន​ជញ្ជឹង​គិត​បណ្ដើរ​មាន​ប្រសាសន៍​បណ្ដើរ​ថា​៖ ​«​ការ​ក្លាយ​ទៅ​ជា​ចាស់​នោះ​មិន​គួរ​ត្រូវ​ប្រដូច​ទៅ​នឹង​នាឡិកា​មួយ​ទេ តែ​គួរ​ត្រូវ​ប្រដូច​ទៅ​នឹង​កម្ម​វិធី​មួយ​ដែល​យើង​សង្ឃឹម​ថា​យើង​អាច​កែ​ប្រែ​បាន​»។

ពេល​អ្នក​វិទ្យា​សាស្ត្រ​វិភាគ​សិក្សា​រាង​កាយ​មនុស្ស ពួក​គេ​តែង​តែ​ងឿង​ឆ្ងល់។ អ្នក​វិទ្យា​សាស្ត្រ​ឃើញ​ថា មនុស្សជាតិ​មាន​សមត្ថភាព​និង​ប្រព័ន្ធ​ទ្រ​ទ្រង់​ជីវិត ដែល​គួរ​ធ្វើ​ឲ្យ​មនុស្ស​អាច​រស់​លើស​ពី​អាយុ​មធ្យម​ដែល​មាន​ត្រឹម​តែ​៧០ ឬ​៨០​ឆ្នាំ​ទៅ​ទៀត។ ជា​ឧទាហរណ៍ អ្នក​វិទ្យា​សាស្ត្រ​បាន​ស្រាវ​ជ្រាវ​ឃើញ​ថា ខួរ​ក្បាល​របស់​មនុស្សជាតិ​មាន​សមត្ថភាព​ចង​ចាំ​ពត៌មាន​ជា​ច្រើន​អនេក។ អ្នក​ស្រាវ​ជ្រាវ​មួយ​រូប​ប៉ាន់​ស្មាន​ថា ខួរ​ក្បាល​របស់​យើង​អាច​ផ្ទុក​ពត៌មាន​«​ល្មម​បំពេញ​សៀវភៅ​២០​លាន​ក្បាល គឺ​ថា ស្មើ​នឹង​បណ្ណាល័យ​ធំ​បំផុត​លើ​ពិភព​លោក​»។ អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ប្រសាទ​ប៉ាន់​ស្មាន​ថា មនុស្ស​ម្នាក់​ប្រើ​តែ​១/១០០​ភាគ​រយ(​០,០០០១​)នៃ​សមត្ថភាព​ខួរ​ក្បាល​របស់​ខ្លួន​ក្នុង​មួយ​ជីវិត។ ដូច្នេះ គឺ​សម​ហេតុ​សម​ផល​ដែល​យើង​គួរ​សួរ​សំនួរ​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​យើង​មាន​ខួរ​ក្បាល​ដែល​មាន​សមត្ថភាព​ច្រើន​ក្រៃ​លែង​ដូច្នេះ ប្រសិន​បើ​យើង​ប្រើ​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ​ក្នុង​មួយ​ជីវិត?›។

ម្យ៉ាង​ទៀត សូម​ពិចារណា​ប្រតិកម្ម​មិន​ធម្មតា​របស់​មនុស្ស​ពេល​អ្នក​ណា​ម្នាក់​ស្លាប់​ទៅ! សំរាប់​មនុស្ស​ភាគ​ច្រើន មរណភាព​នៃ​ស្វាមី ភរិយា ឬ​ក៏​កូន​ម្នាក់​អាច​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ក្រៀម​ក្រំ​ចិត្ត​ជា​ទី​បំផុត​ក្នុង​មួយ​ជីវិត។ នេះ​ច្រើន​តែ​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ពិបាក​ខាង​ផ្លូវ​ចិត្ត សូម្បី​តែ​អ្នក​ជា​ទី​ស្រឡាញ់​នោះ​បាន​ស្លាប់​ទៅ​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ។ សូម្បី​តែ​អ្នកដែល​អះអាង​ថា​សេចក្ដី​ស្លាប់​គឺ​ជា​ហេតុ​ធម្មតា​សំរាប់​មនុស្ស​ក្ដី ក៏​សាមី​ខ្លួន​ផ្ទាល់​ពិបាក​ទទួល​ស្គាល់​ថា សេចក្ដី​ស្លាប់​របស់​ខ្លួន​ជា​ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​ណាស់។ សារ​ពត៌មាន​វេជ្ជសាស្ត្រ​ប្រទេស​អង់គ្លេស​បាន​ចែង​អំពី​«​ការ​សន្មត​របស់​អ្នក​ជំនាញ​ទាំង​ឡាយ​ថា មនុស្ស​ទាំង​អស់​ចង់​រស់​ជា​យូរ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​»។

ប្រសិន​បើ​យើង​ពិចារណា​ប្រតិកម្ម​ទូទៅ​របស់​មនុស្ស​ចំពោះ​សេចក្ដី​ស្លាប់ សមត្ថភាព​ចង​ចាំ​និង​សមត្ថភាព​រៀន​ដ៏​គួរ​ឲ្យ​អស្ចារ្យ ថែម​ទាំង​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​រស់​ជា​រៀង​រហូត​នោះ គឺ​ជាក់​ស្តែង​ហើយ​ដែល​មនុស្ស​បាន​ត្រូវ​បង្កើត​ឲ្យ​រស់​ជា​បន្ត មែន​ទេ? ពិត​មែន​ហើយ ព្រះ​បាន​បង្កើត​មនុស្ស​ដោយ​មាន​លទ្ធភាព​រស់​ជា​រៀង​រហូត មិន​មែន​រៀបចំ​ឲ្យ​មាន​សេចក្ដី​ស្លាប់​ជា​យថាហេតុ​ធម្មតា​នោះ​ទេ។ សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​ព្រះ​បាន​រៀបចំ​សំរាប់​អនាគត​របស់​មនុស្សជាតិ​ពីរ​នាក់​ដំបូង​នោះ: ​«​ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ! ត្រូវ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស​នឹង​ជីវិត​ផង​ទាំង​ឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង​»។ (​លោកុប្បត្តិ ១:២៨​) នេះ​ជា​អនាគត​មួយ​ដ៏​អស្ចារ្យ​ណាស់ និង​អាច​បន្ត​ជា​និរន្តរ៍!

ជំនឿ​មិន​ពិត​ទី​ពីរ: ព្រះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ទៅ​ដើម្បី​យក​ពួក​គេ​ទៅ​រស់​នៅ​ជា​មួយ​នឹង​ទ្រង់។

ពេល​ស្ត្រី​ម្នាក់​អាយុ​២៧​ឆ្នាំ​ហៀប​នឹង​ស្លាប់​ចោល​កូន​បី​នាក់​របស់​គាត់ ស្ត្រី​នោះ​ប្រាប់​ដូន​ជី​សាសនា​កាតូលិក​ថា​៖ ​«​កុំ​មក​ប្រាប់​ខ្ញុំ​ថា ព្រះ​ចង់​ឲ្យ​ខ្ញុំ​ស្លាប់​នោះ។ . . . ខ្ញុំ​ស្អប់​ណាស់​ពេល​មនុស្ស​ប្រាប់​ខ្ញុំ​អ៊ីចឹង!​»។ ប៉ុន្តែ នេះ​ជា​អ្វី​ដែល​សាសនា​ជា​ច្រើន​បង្រៀន​អំពី​សេចក្ដី​ស្លាប់ គឺ​ថា ព្រះ​ចង់​ឲ្យ​មនុស្ស​ស្លាប់​ដើម្បី​ឲ្យ​ពួក​គេ​ទៅ​នៅ​ជិត​ទ្រង់។

តើ​អ្នក​បង្កើត​ពិត​ជា​កាច​សាហាវ​ដល់​ម្ល៉េះ ដែល​ទ្រង់​នឹង​បង្ខំ​ឲ្យ​យើង​ស្លាប់​ទៅ​យ៉ាង​គ្មាន​មេត្ដា​ដូច្នេះ ទោះ​ជា​ទ្រង់​ជ្រាប​ថា​យើង​នឹង​មាន​ចិត្ត​ខ្ទេច​ខ្ទាំ​ក៏​ដោយ​នោះ​ឬ? ព្រះ​នៃ​ព្រះ​គម្ពីរ​មិន​ដែល​ធ្វើ​ដូច្នេះ​ទេ។ យោង​ទៅ​តាម​យ៉ូហាន​ទី​១ ៤:៨ ​«​ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​»។ សូម​កត់​សម្គាល់​ថា ខ​នេះ​មិន​ចែង​ថា ព្រះ​មាន​សេចក្ដី​ស្រឡាញ់ ឬ​មួយ​ក៏​ទ្រង់​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ទេ តែ​ខ​នេះ​ចែង​ថា ទ្រង់​ជា​សេចក្ដី​ស្រឡាញ់។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គឺ​ជ្រាល​ជ្រៅ បរិសុទ្ធ គ្រប់​ល័ក្ខណ៍ និង​ត្រូវ​សម្ដែង​ឲ្យ​ឃើញ​ក្នុង​លក្ខណៈ​សម្បត្ដិ​និង​ការ​ប្រព្រឹត្ត​របស់​ទ្រង់​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​អាច​ត្រូវ​ពណ៌នា​យ៉ាង​ត្រឹម​ត្រូវ​ថា តួ​អង្គ​ទ្រង់​គឺ​ជា​សេចក្ដី​ស្រឡាញ់​តែ​ម្ដង។ ព្រះ​មួយ​អង្គ​បែប​នេះ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដើម្បី​យក​ពួក​គេ​ទៅ​នៅ​ជិត​ទ្រង់​ឡើយ។

សាសនា​មិន​ពិត​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភាន់​ច្រឡំ​អំពី​សភាព​និង​ទី​កន្លែង​នៃ​មនុស្ស​ស្លាប់។ កន្លែង​ផ្សេង​ៗ​ដូច​ជា​ស្ថាន​សួគ៌ ស្ថាន​នរក ស្ថាន​កណ្ដាល និព្វាន​និង​កន្លែង​ផ្សេង​ៗ​ទៀត គឺ​ជា​កន្លែង​ដែល​ពិបាក​យល់ ឬ​មួយ​ក៏​គួរ​ឲ្យ​រន្ធត់​តែ​ម្ដង។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​ចែង​ថា មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​ឡើយ ថែម​ទាំង​ចែង​ថា ពួក​គេ​អាច​ប្រដូច​ទៅ​នឹង​មនុស្ស​ដែល​កំពុង​តែ​ដេក​លក់។ (​សាស្ដា ៩:៥, ១០; យ៉ូហាន ១១:១១​-​១៤​) ដូច្នេះ យើង​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​អំពី​អ្វី​ដែល​កើត​ឡើង​ក្រោយ​យើង​ស្លាប់​នោះ​ទេ ក៏​ដូច​ជា​យើង​មិន​ព្រួយ​បារម្ភ​ពេល​យើង​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ដេក​លក់​ស៊ប់​នោះ​ដែរ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​ពេល​មួយ​ដែល​«​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​»​នឹង​«​ចេញ​មក​»​ គឺ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ​ក្នុង​ផែនដី​មនោរម្យ។—យ៉ូហាន ៥:២៨, ២៩; លូកា ២៣:៤៣

ជំនឿ​មិន​ពិត​ទី​បី: ព្រះ​យក​កុមារ​ទៅ​ដើម្បី​ឲ្យ​ក្លាយ​ជា​ទេវតា។

វេជ្ជបណ្ឌិត អេលីសាបិត ឃឺប្លារ៉ស ដែល​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​បុគ្គល​ដែល​មាន​ជម្ងឺ​យ៉ាង​ទម្ងន់​ដែល​បណ្ដាល​ឲ្យ​ស្លាប់ គាត់​បាន​និយាយ​អំពី​មតិ​ធម្មតា​មួយ​ទៀត​ដែល​មនុស្ស​កាន់​សាសនា​តែង​តែ​មាន​នោះ។ លោក​ស្រី​បាន​និយាយ​អំពី​ហេតុ​ពិត​មួយ​ពេល​គាត់​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ក្មេង​ស្រី​តូច​ម្នាក់​ទើប​តែ​បាត់​បង់​ប្អូន​ប្រុស​របស់​នាង​នោះ គឺ​មិន​ល្អ​ទេ​បើ​ប្រាប់​នាង​ថា ព្រះ​ស្រឡាញ់​ក្មេង​ប្រុស​ៗ​ខ្លាំង​ដល់​ម្ល៉េះ​ដែល​ទ្រង់​បាន​យក​ប្អូន​ប្រុស​របស់​នាង​ទៅ​ស្ថាន​សួគ៌​»។ ពាក្យ​នេះ​ធ្វើ​ឲ្យ​មនុស្ស​យល់​ខុស​អំពី​ព្រះ និង​មិន​បញ្ជាក់​នូវ​លក្ខណៈ​សម្បត្ដិ​ឬ​ការ​ប្រព្រឹត្ត​ដ៏​ពិត​របស់​ព្រះ​ឡើយ។ វេជ្ជបណ្ឌិត ឃឺប្លារ៉ស​បាន​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ពេល​ក្មេង​ស្រី​នេះ​បាន​ពេញ​វ័យ​ហើយ នាង​មិន​ទាន់​បាន​រំលត់​កំហឹង​របស់​នាង​ចំពោះ​ព្រះ​ឡើយ។ ជា​លទ្ធផល នាង​បាន​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​រហូត​ដល់​មាន​ជំងឺ​វិកល​ចរិត ពេល​កូន​ប្រុស​តូច​របស់​នាង​បាន​ស្លាប់ ក្រោយ​ពី​ប្អូន​ប្រុស​នាង​ស្លាប់​ទៅ​ជាង​៣០​ឆ្នាំ​ហើយ​នោះ​»។

តើ​ព្រះ​ពិត​ជា​ចេះ​កញ្ឆក់​យក​កុមារ​ម្នាក់ ដើម្បី​ឲ្យ​បាន​ក្លាយ​ជា​ទេវតា​មួយ​ទៀត ដូច​ជា​ព្រះ​ទ្រង់​ត្រូវ​ការ​កូន​នោះ​ច្រើន​ជាង​មាតា​បិតា​របស់​កូន​នោះ​ឬ? ប្រសិន​បើ​នេះ​ជា​ការ​ពិត​ដែល​ថា ព្រះ​យក​កុមារ​ទៅ​មែន នេះ​បាន​ន័យ​ថា​ព្រះ​ជា​អ្នក​បង្កើត​គឺ​គ្មាន​សេចក្ដី​ស្រឡាញ់​និង​ជា​អត្តទត្ថបុគ្គល មែន​ទេ? ព្រះ​គម្ពីរ​បញ្ជាក់​ការ​ពិត​ដ៏​ផ្ទុយ​ស្រឡះ​ពី​ទស្សនៈ​នេះ​ដោយ​ចែង​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ​»។ (​យ៉ូហាន​ទី​១ ៤:៧​) តើ​ព្រះ​មួយ​អង្គ​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​ធ្វើ​អ្វី​ដែល​សូម្បី​តែ​មនុស្សជាតិ​ដែល​កាន់​តាម​សីលធម៌​តែ​បន្ដិច​ប៉ុណ្ណោះ​ក៏​នឹង​មិន​ព្រម​ធ្វើ​ដែរ​នោះ​ឬ?

ដូច្នេះ ហេតុ​អ្វី​បាន​ជា​កុមារ​ស្លាប់​ដូច្នេះ? ចម្លើយ​មួយ​របស់​ព្រះ​គម្ពីរ​សំរាប់​សំនួរ​នេះ​មាន​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ​នៅ​សាស្ដា ៩:១១ ដែល​ចែង​ថា​៖ ​«​គេ​គ្រប់​គ្នា​ជួប​គ្រា​និង​ព្រឹត្ដិការណ៍​ដ៏​មើល​មិន​ឃើញ​ជា​មុន​»។ ម្យ៉ាង​ទៀត ទំនុក​ដំកើង ៥១:៥ ចែង​ថា យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​និង​មាន​បាប​តាំង​ពី​ពេល​យើង​ចាប់​ផ្ដើម​លូត​លាស់​ក្នុង​ផ្ទៃ​ម្ដាយ ដូច្នេះ​ឥឡូវ​នេះ មនុស្ស​ទាំង​អស់​គ្នា​នឹង​ស្លាប់​ជា​យថាហេតុ​ដោយ​សារ​ហេតុ​ផ្សេង​ៗ។ ជួន​កាល​សេចក្ដី​ស្លាប់​លេប​បំបាត់​ជីវិត​ទារក​មុន​វា​កើត​ពី​ផ្ទៃ​ម្ដាយ​ទៅ​ទៀត។ ក្នុង​ករណី​ឯ​ទៀត កុមារ​ស្លាប់​ដោយ​សារ​ជួប​នឹង​គ្រោះ​ថ្នាក់។ ព្រះ​មិន​មែន​ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​មាន​ហេតុ​ទាំង​នេះ​កើត​ឡើង​នោះ​ឡើយ។

ជំនឿ​មិន​ពិត​ទី​៤: មនុស្ស​ខ្លះ​ទទួល​ទារុណកម្ម​ក្រោយ​ពួក​គេ​ស្លាប់​ទៅ។

សាសនា​ជា​ច្រើន​បង្រៀន​ថា មនុស្ស​ទុច្ចរិត​នឹង​ទៅ​ស្ថាន​រក​និង​រង​ទារុណកម្ម​ក្នុង​ភ្លើង​ជា​និរន្តរ៍។ តើ​សេចក្ដី​បង្រៀន​នេះ​សម​ហេតុ​សម​ផល​និង​សម​ស្រប​ទៅ​តាម​បទ​គម្ពីរ​ឬ​ទេ? អាយុ​កាល​មធ្យម​ធម្មតា​របស់​មនុស្សជាតិ​មាន​ត្រឹម​តែ​៧០​ទៅ​៨០​ឆ្នាំ​ប៉ុណ្ណោះ។ សូម្បី​តែ​ក្នុង​ករណី​ដែល​មនុស្ស​ម្នាក់​បាន​ធ្វើ​អំពើ​អាក្រក់​អស់​មួយ​ជីវិត​ក្ដី តើ​ទារុណកម្ម​ជា​រៀង​រហូត​ជា​ទណ្ឌកម្ម​ដ៏​យុត្ដិធម៌​សម​នឹង​អំពើ​នោះ​ទេ? អត់​ទេ! តែ​គឺ​អយុត្ដិធម៌​ខ្លាំង​ណាស់ ប្រសិន​បើ​មនុស្ស​ម្នាក់​ទទួល​ទារុណកម្ម​ជា​រៀង​រហូត​សំរាប់​បាប​ដែល​គាត់​បាន​ប្រព្រឹត្ត​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

មាន​តែ​ព្រះ​ទេ ដែល​អាច​ពន្យល់​នូវ​អ្វី​ដែល​កើត​ឡើង​ក្រោយ​មនុស្ស​ស្លាប់​ទៅ ហើយ​ទ្រង់​បាន​ពន្យល់​ក្នុង​ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ទ្រង់។ ព្រះ​គម្ពីរ​ចែង​ដូច​ត​ទៅ​នេះ​ថា​៖ ​«​[​សត្វ​]ស្លាប់​យ៉ាង​ណា [​មនុស្ស​]ក៏​ស្លាប់​យ៉ាង​នោះ អើ! គេ​មាន​ដង្ហើម​ជីវិត​ដូច​គ្នា​ទាំង​អស់ . . . គ្រប់​ទាំង​អស់​ទៅ​ឯ​កន្លែង​តែ​១​ប៉ុណ្ណោះ ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រូវ​ត្រឡប់​ទៅ​ឯ​ធូលី​ដី​វិញ​ទៀត​»។ (​សាស្ដា ៣:១៩, ២០​) គ្មាន​ចំណែង​អំពី​ភ្លើង​នរក​ទេ។ មនុស្សជាតិ​ត្រឡប់​ទៅ​ធូលី​ដី​ពេល​ពួក​គេ​ស្លាប់​ទៅ គឺ​ថា មនុស្ស​នឹង​សូន្យ​ទៅ​លែង​មាន​ទៀត។

ដើម្បី​ទទួល​ទារុណកម្ម មនុស្ស​ម្នាក់​ត្រូវ​ដឹង​ខ្លួន។ តើ​មនុស្ស​ស្លាប់​ដឹង​ខ្លួន​ទេ? ព្រះ​គម្ពីរ​ឆ្លើយ​ម្ដង​ទៀត​ថា​៖ ​«​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ពីព្រោះ​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ​»។ (​សាស្ដា ៩:៥​) ដោយ​ព្រោះ​មនុស្ស​ស្លាប់​«​ឥត​ដឹង​អ្វី​ឡើយ​»​ នោះ​ពួក​គេ​មិន​អាច​រង​ទុក្ខ​ទាល់​តែ​សោះ។

ជំនឿ​មិន​ពិត​ទី​៥: សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​នៃ​ជីវិត។

ជីវិត​យើង​នឹង​សាប​សូន្យ​ពេល​យើង​ស្លាប់​ទៅ។ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា យើង​គ្មាន​សេចក្ដី​សង្ឃឹម​នោះ​ទេ។ លោក​យ៉ូប បុរស​ម្នាក់​ដ៏​ស្មោះ​ត្រង់​នឹង​ព្រះ​បាន​ដឹង​ថា ពេល​គាត់​ស្លាប់​ទៅ គាត់​ត្រូវ​បញ្ចុះ​ទៅ​ក្នុង​ផ្នូរ ឬ​ហៅ​ថា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។ ប៉ុន្តែ សូម​អាន​នូវ​សេចក្ដី​អធិស្ឋាន​ដែល​យ៉ូប​ទូល​ថ្វាយ​ព្រះ​ថា​៖ ​«​ឱ! បើ​ទ្រង់​នឹង​លាក់​ទូល​បង្គំ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ​អេះ ហើយ​ទុក​ទូល​បង្គំ​នៅ​ទី​ស្ងាត់​កំបាំង​ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ទ្រង់ កន្លង​បាត់​ទៅ ហើយ​ដំរូវ​ឲ្យមាន​ពេល​កំណត់​ដល់​ទូល​បង្គំ រួច​នឹក​ចាំ​ពី​ទូល​បង្គំ​ផង។ បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ? . . . ទ្រង់​នឹង​ហៅ ហើយ​ទូល​បង្គំ​នឹង​ទូល​តប​»។—យ៉ូប ១៤:១៣​-​១៥

យ៉ូប​បាន​ជឿ​ថា ព្រះ​ទ្រង់​នឹង​នឹក​ចាំ​ពី​គាត់​ហើយ​ក្រោយ​មក​ប្រោស​ឲ្យ​គាត់​រស់​ឡើង​វិញ ប្រសិន​បើ​គាត់​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​រហូត​ដល់​ស្លាប់។ អ្នក​បំរើ​ទាំង​ឡាយ​របស់​ព្រះ​នៅ​បុរាណកាល​បាន​ជឿ​ដូច​នេះ​ដែរ។ ព្រះ​យេស៊ូ​បាន​បញ្ជាក់​ដោយ​អង្គ​ទ្រង់​ផ្ទាល់​ថា នេះ​នឹង​កើត​ឡើង​ពិត​មែន ថែម​ទាំង​បាន​បង្ហាញ​ថា​ព្រះ​នឹង​ប្រើ​ទ្រង់​ដើម្បី​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ បន្ទូល​របស់​ព្រះ​គ្រីស្ទ​ធានា​យើង​ថា​៖ ​«​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ នឹង​ឮ​សំឡេង[​ព្រះ​យេស៊ូ​] ហើយ​នឹង​ចេញ​មក គឺ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​វិញ គេ​នឹង​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស។—យ៉ូហាន ៥:២៨, ២៩

បន្ដិច​ទៀត ព្រះ​នឹង​បំបាត់​អំពើ​អាក្រក់​ទាំង​អស់​ចេញ រួច​បង្កើត​ពិភព​លោក​ថ្មី​មួយ​ដែល​ត្រូវ​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​មក។ (​ទំនុក​ដំកើង ៣៧:១០, ១១; ដានីយ៉ែល ២:៤៤; វិវរណៈ ១៦:១៤, ១៦​) ជា​លទ្ធផល​នឹង​មាន​សួន​មនោរម្យ​មួយ​ពេញ​ផែនដី​ដែល​មាន​តែ​មនុស្ស​បំរើ​ព្រះ​ប៉ុណ្ណោះ។ ក្នុង​ព្រះ​គម្ពីរ​យើង​អាន​ថា​៖ ​«​ខ្ញុំ​មាន​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន​សួគ៌​មក​ថា​៖ ‹មើល! រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ​អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ›​»។—វិវរណៈ ២១:៣, ៤

គ្មាន​ហេតុ​ភ័យ​ខ្លាច​ទៀត

ចំណេះ​អំពី​ដំណើរ​រស់​ឡើង​វិញ ព្រម​ទាំង​ចំណេះ​អំពី​បុគ្គល​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​ចំពោះ​ការ​រស់​ឡើង​វិញ​នោះ អាច​ផ្ដល់​ជា​ការ​សម្រាល​ទុក្ខ​ដល់​យើង។ ព្រះ​យេស៊ូ​បាន​សន្យា​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​»។ (​យ៉ូហាន ៨:៣២​) នេះ​រួម​បញ្ចូល​ការ​ប្រោស​ឲ្យ​យើង​រួច​ពី​ការ​ខ្លាច​ចំពោះ​សេចក្ដី​ស្លាប់។ ព្រះ​យេហូវ៉ា​គឺ​ជា​បុគ្គល​តែ​មួយ​អង្គ​គត់​ដែល​អាច​កែ​ប្រែ​ដំណើរ​នៃ​ការ​ក្លាយ​ទៅ​ជា​ចាស់​ជរា​និង​សេចក្ដី​ស្លាប់​បាន ហើយ​ទ្រង់​ប្រទាន​ជីវិត​ជា​រៀង​រហូត​ដល់​យើង។ តើ​អ្នក​អាច​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​បាន​ទេ? អ្នក​អាច​ជឿ​បាន! ពីព្រោះ​ព្រះ​បន្ទូល​របស់​ព្រះ​រមែង​តែង​តែ​កើត​ឡើង​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​ជា​និច្ច។ (​អេសាយ ៥៥:១១​) យើង​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​រៀន​ថែម​ទៀត​អំពី​គោល​បំណង​របស់​ព្រះ​សំរាប់​មនុស្សជាតិ។ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​នឹង​សប្បាយ​ចិត្ត​ជួយ​អ្នក។

[​តារាង​នៅ​ទំព័រ​៧​]

ជំនឿ​មិន​ពិត​ខ្លះ​ៗ​អំពី​សេចក្ដី​ស្លាប់ តើ​បទ​គម្ពីរ​ចែង​ដូច​ម្ដេច?

● សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​ធម្មតា​នៃ​ជីវិត លោកុប្បត្តិ ១:២៨; ២:១៧

● ព្រះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដើម្បី​យក យ៉ូប ៣៤:១៥; ទំនុក​ដំកើង ៣៧:១១, ២៩; ១១៥:១៦

ពួក​គេ​ទៅ​រស់​នៅ​ជា​មួយ​ទ្រង់

● ព្រះ​យក​កុមារ​ដើម្បី​ឲ្យ​ក្លាយ​ជា​ទេវតា ទំនុក​ដំកើង ៥១:៥; ១០៤:១, ៤; ហេព្រើរ ១:៧, ១៤

● មនុស្ស​ខ្លះ​ទទួល​ទារុណកម្ម​ក្រោយ​ពួក ទំនុក​ដំកើង ១៤៦:៤; សាស្ដា ៩:៥, ១០; រ៉ូម ៦:២៣

គេ​ស្លាប់​ទោ

● សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​នៃ​ជីវិត យ៉ូប ១៤:១៤, ១៥; យ៉ូហាន ៣:១៦; ១៧:៣; កិច្ច​ការ ២៤:១៥

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៦​]

ការ​ភ័យ​ខ្លាច​ជា​បញ្ហា​មួយ ពីព្រោះ​វា​ឃាត់​ឃាំង មិន​ឲ្យ​មនុស្ស​សប្បាយ​នឹង​ជីវិត

[​រូប​ភាព​នៅ​ទំព័រ​៨​]

ការ​ស្គាល់​សេចក្ដី​ពិត​អំពី​សេចក្ដី​ស្លាប់ ជួយ​រំដោះ​យើង​ពី​ការ​ភ័យ​ខ្លាច

[​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៥​]

Barrators—Giampolo/The Doré Illustrations For Dante’s Divine Comedy/Dover Publications Inc.