លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបង្រៀនខ្លួននិងអ្នកឯទៀតអំពីសីលធម៌គ្រីស្ទាន

ចូរបង្រៀនខ្លួននិងអ្នកឯទៀតអំពីសីលធម៌គ្រីស្ទាន

ចូរ​បង្រៀន​ខ្លួន​និង​អ្នក​ឯ​ទៀត​អំពី​សីលធម៌​គ្រីស្ទាន

​«​អ្នក​ឯង ដែល​បង្រៀន​គេ តើ​មិន​បង្រៀន​ដល់​ខ្លួន​ឯង​ទេ​ឬ?​»។—រ៉ូម ២:២១

១, ២. តើ​អ្នក​ចង់​សិក្សា​ព្រះ​គម្ពីរ​ដោយ​ព្រោះ​តែ​មាន​ហេតុ​អ្វី​ខ្លះ?

 មាន​ហេតុ​ជា​ច្រើន​ដែល​អ្នក​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ។ អ្នក​ប្រហែល​ជា​ចង់​ដឹង​ពត៌មាន​ដែល​នៅ​ក្នុង​ព្រះ​បន្ទូល ដូច​ជា​ពត៌មាន​ស្តី​អំពី​មនុស្ស ព្រឹត្ដិការណ៍ និង​ទី​កន្លែង​ជា​ដើម។ អ្នក​ចង់​រៀន​លទ្ធិ​ជំនឿ​ពិត មិន​មែន​លទ្ធិ​ជំនឿ​មិន​ពិត ដូច​ជា​លទ្ធិ​ព្រះ​ឯក​ត្រី​អង្គ ឬ​ក៏​លទ្ធិ​ស្តី​អំពី​ភ្លើង​នរក​ជា​ដើម​នោះ​ទេ។ (​យ៉ូហាន ៨:៣២​) ម្យ៉ាង​ទៀត អ្នក​ក៏​គួរ​សិក្សា​ដោយ​មាន​បំណង​ចង់​ស្គាល់​ព្រះ​យេហូវ៉ា​ឲ្យ​កាន់​តែ​ច្បាស់ ដើម្បី​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​ដូច​ទ្រង់​ឲ្យ​បាន​ច្រើន​ជាង និង​ប្រព្រឹត្ត​ដោយ​សុចរិត​នៅ​ចំពោះ​ទ្រង់​ដែរ។—ពង្សាវតារ​ក្សត្រ​ទី​១ ១៥:៤, ៥

ហេតុ​សំខាន់​មួយ​ទៀត​ដែល​អ្នក​គួរ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ គឺ​ដើម្បី​មាន​សមត្ថភាព​បង្រៀន​អ្នក​ដទៃ ដូច​ជា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក មនុស្ស​ដែល​អ្នក​ស្គាល់ និង​រហូត​ដល់​មនុស្ស​ដែល​អ្នក​ពុំ​ស្គាល់​ទៅ​ទៀត។ នេះ​មិន​មែន​ជា​កិច្ច​ការ​មួយ​ដែល​ជន​គ្រីស្ទាន​ពិត​អាច​សម្រេច​ចិត្ត​ថា ខ្លួន​ចង់​ធ្វើ​ឬ​ក៏​មិន​ចង់​ធ្វើ​នោះ​ឡើយ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​សិស្ស​ទ្រង់​ថា​៖ ​«​ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំងសាសន៍ . . . ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង​»។—ម៉ាថាយ ២៨:១៩, ២០

៣, ៤. បើ​អ្នក​បង្រៀន​ដូច​ព្រះ​យេស៊ូ​បាន​បង្គាប់​នោះ តើ​ហេតុ​អ្វី​បាន​ជា​នោះ​ជា​អ្វី​ដ៏​ប្រសើរ?

ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​មាន​បំណង​បង្រៀន​អ្នក​ឯ​ទៀត គឺ​ជា​បំណង​មួយ​ដ៏​ប្រសើរ​គួរ​ឲ្យ​សរសើរ​ណាស់ និង​ក៏​អាច​នាំ​ឲ្យ​មាន​អំណរ​ដែល​មិន​ចេះ​រសាយ​ផង​ដែរ។ ការ​បង្រៀន​ជា​អាជីព​មួយ​ដែល​មនុស្ស​ធ្លាប់​គោរព​តាំង​ពី​យូរ​យារ​មក​ហើយ។ សព្វ​វចនាធិប្បាយ​មួយ​ចែង​ថា​៖ ​«​ជនជាតិ​យូដា​ជា​ច្រើន​នាក់​ដែល​ពេញ​វ័យ បាន​ចាត់​ទុក​លោក​គ្រូ​អ្នក​គ្រូ​ជា​អ្នក​ដឹក​នាំ​កុមារ​ទៅ​កាន់​សេចក្ដី​សង្គ្រោះ ហើយ​ក៏​បាន​ជំរុញ​កុមារ​ឲ្យ​គោរព​គ្រូ​របស់​ខ្លួន​ឲ្យ​ច្រើន​ជាង​មាតា​បិតា​ទៅ​ទៀត​»។ (Encarta Encyclopedia) គឺ​ជា​អ្វី​ដ៏​ប្រសើរ​គួរ​ឲ្យ​សរសើរ​ជា​ពិសេស ប្រសិន​បើ​ជន​គ្រីស្ទាន​បង្រៀន​ខ្លួន​ដោយ​សិក្សា​ព្រះ​គម្ពីរ រួច​បង្រៀន​អ្នក​ឯ​ទៀត។

​«​មនុស្ស​ដែល​ធ្វើ​ការ​ជា​គ្រូ​បង្រៀន​មាន​ចំនួន​ច្រើន​ជាង​មនុស្ស​ដែល​ប្រកប​មុខ​របរ​ដទៃ​ទៀត។ មនុស្ស​ប្រុស​ស្រី​ប្រមាណ​៤៨​លាន​នាក់​ទូទាំង​ផែនដី​គឺ​ជា​គ្រូ​បង្រៀន​»។ (The World Book Encyclopedia) គ្រូ​បង្រៀន​មាន​ភារកិច្ច​បង្វឹក​បង្វឺន​សតិ​ក្មេង​ៗ ហើយ​ការ​បង្រៀន​របស់​គ្រូ​នោះ​អាច​មាន​អានុភាព​ទៅ​លើ​ក្មេង​ៗ​ជា​យូរ​ឆ្នាំ​ក្រោយ​ៗ​មក។ ពេល​អ្នក​ស្ដាប់​តាម​បង្គាប់​ព្រះ​យេស៊ូ​និង​បង្រៀន​អ្នក​ឯ​ទៀត​នោះ ការ​បង្រៀន​របស់​អ្នក​អាច​មាន​អានុភាព​យូរ​បំផុត ពីព្រោះ​ការ​បង្រៀន​នេះ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ពួក​គេ​ជា​និរន្តរ៍។ សាវ័ក​ប៉ុល​បាន​លើក​បញ្ជាក់​ចំណុច​នេះ ពេល​គាត់​ទូន្មាន​ដោយ​ជំរុញ​ធីម៉ូថេ​ថា​៖ ​«​ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​អ្នក ហើយ​នឹង​សេចក្ដី​បង្រៀន។ ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​ផង​»។ (​ធីម៉ូថេ​ទី​១ ៤:១៦, កំណែ​ជា​អក្សរ​ទ្រេត​) ពិត​ណាស់ ការ​បង្រៀន​របស់​អ្នក​ទាក់​ទង​នឹង​សេចក្ដី​សង្គ្រោះ។

៥. ហេតុ​អ្វី​បាន​ជា​ការ​បង្រៀន​របស់​ជន​គ្រីស្ទាន​គឺ​ជា​ការ​បង្រៀន​ដែល​មាន​កិត្ដិយស​ខ្ពង់​ខ្ពស់​បំផុត​នោះ?

ការ​បង្រៀន​ខ្លួន​និង​អ្នក​ឯ​ទៀត​ត្រូវ​អនុម័ត​និង​ដឹក​នាំ​ដោយ​បុគ្គល​ដែល​មាន​ឋានៈ​ខ្ពស់​បំផុត គឺ​ព្រះ​មហា​ក្សត្រ​សកល​លោក​តែ​ម្ដង។ ហេតុ​នេះ​ហើយ​បាន​ជា​កិច្ច​ការ​បង្រៀន​បែប​នេះ​គឺ​សំខាន់​ជាង​ការ​បង្រៀន​ណា​ផ្សេង​ទៀត​ក្នុង​របប​លោកីយ៍​នេះ មិន​ថា​ការ​បង្រៀន​ខាង​បឋម​សិក្សា វិជ្ជា​ជីវៈ ឬ​ជំនាញ​ខាង​វេជ្ជសាស្ត្រ​ណា​ក៏​ដោយ។ ការ​បង្រៀន​របស់​ជន​គ្រីស្ទាន​រួម​បញ្ចូល​ការ​បង្រៀន​ខ្លួន​ឯង​ជា​មុន​សិន ឲ្យ​យក​តម្រាប់​តាម​ព្រះ​រាជបុត្រា​របស់​ព្រះ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ រួច​មក​ត្រូវ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច​គ្នា​ដែរ។—យ៉ូហាន ១៥:១០

ហេតុ​អ្វី​អ្នក​គួរ​បង្រៀន​ខ្លួន​ឯង?

៦, ៧. (​ក​) ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​បង្រៀន​ខ្លួន​ជា​មុន​សិន? (​ខ​) ហេតុ​ដូច​ម្ដេច​បាន​ជា​ជនជាតិ​យូដា​នៅ​សតវត្ស​ទី​មួយ​ធ្វើ​ជា​គ្រូ​បង្រៀន​មិន​កើត​នោះ?

ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​និយាយ​ថា យើង​គួរ​បង្រៀន​ខ្លួន​ឯងមុន​សិន? គឺ​ពីព្រោះ​យើង​មិន​អាច​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​បាន​ត្រឹម​ត្រូវ​ប្រសិន​បើ​យើង​ពុំ​ទាន់​បាន​បង្រៀន​ខ្លួន​ឯង​ជា​មុន​នោះ​ទេ។ ប៉ុល​បាន​សង្កត់​ធ្ងន់​លើ​ចំណុច​នេះ​ក្នុង​ខ​គម្ពីរ​មួយ​ដែល​នាំ​ឲ្យ​ត្រិះរិះ​ពិចារណា។ ពំនោល​របស់​ប៉ុល​នោះ​ធ្លាប់​មាន​ខ្លឹម​សារ​សំខាន់​ចំពោះ​ពួក​សាសន៍​យូដា​នៅ​សម័យ​នោះ ថែម​ទាំង​មាន​ខ្លឹម​សារ​រឹត​តែ​សំខាន់​សំរាប់​ជន​គ្រីស្ទាន​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ប៉ុល​បាន​សួរ​ថា​៖ ​«​អ្នក​ឯង ដែល​បង្រៀន​គេ តើ​មិន​បង្រៀន​ដល់​ខ្លួន​ឯង​ទេ​ឬ​អី? អ្នក​ឯង​ដែល​ប្រដៅ​ថា​៖ ‹កុំ​ឲ្យ​លួច​គេ› តើ​អ្នក​លួច​ឬ​ទេ? អ្នក​ឯង​ដែល​ថា​៖ ‹កុំ​ឲ្យ​ផិត​គ្នា› តើ​អ្នក​ផិត​ឬ​ទេ? អ្នក​ឯង​ដែល​ស្អប់​ខ្ពើម​រូប​ព្រះ តើ​អ្នក​ប្លន់​វិហារ​ឬ​ទេ? អ្នក​ឯង​ដែល​អួត​ពី​ក្រិត្យ​វិន័យ តើ​អ្នក​បង្អាប់​ព្រះ ដោយ​ប្រព្រឹត្ត​រំលង​នឹង​ក្រិត្យ​វិន័យ​ឬ​ទេ?​»។—រ៉ូម ២:២១​-​២៣

ដោយ​ប្រើ​សំនួរ​ត្រិះរិះ ប៉ុល​បាន​លើក​ឡើង​អំពើ​បាប​ពីរ​យ៉ាង​ដែល​ក្រិត្យ​វិន័យ​ដប់​ប្រការ​បាន​ហាម​យ៉ាង​ចំ​ៗ គឺ​ថា កុំ​លួច​ប្លន់​ឲ្យ​សោះ និង​កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ។ (​និក្ខមនំ ២០:១៤, ១៥​) ជនជាតិ​យូដា​ខ្លះ​នៅ​សម័យ​ប៉ុល​បាន​អួត​ខ្លួន ដោយ​សារ​ពួក​គេ​មាន​ក្រិត្យ​វិន័យ​របស់​ព្រះ។ អ្នក​ទាំង​នោះ‹បាន​រៀន​តាម​ក្រិត្យ​វិន័យ​ទាំង​ជឿ​ប្រាកដ​ថា ខ្លួន​ជា​អ្នក​ដឹក​នាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​ដល់​ពួក​អ្នក​ដែល​ងងឹត និង​ជា​គ្រូ​បង្រៀន​ដល់​កូន​ក្មេង›។ (​រ៉ូម ២:១៧​-​២០​) ប៉ុន្តែ ជន​យូដា​ទាំង​នោះ​ជា​មនុស្ស​មាន​ពុត​ត្បុត ពីព្រោះ​ពួក​គេ​លួច​និង​ផិត​គ្នា​ដោយ​សម្ងាត់។ ទង្វើ​បែប​នេះ​បង្អាប់​បង្អោន​ដល់​កិត្ដិយស​នៃ​ក្រិត្យ​វិន័យ​និង​បុគ្គល​នៅ​ស្ថាន​សួគ៌​ដែល​បាន​និពន្ធ​ក្រិត្យ​វិន័យ​នោះ។ នេះ​ស​ឲ្យ​ឃើញ​ថា ជន​យូដា​ទាំង​នោះ​ប្រាកដ​ជា​មិន​គួរ​បង្រៀន​អ្នក​ឯ​ទៀត ពីព្រោះ​ពួក​គេ​ពុំ​ទាន់​បាន​បង្រៀន​ខ្លួន​នៅ​ឡើយ​ទេ។

៨. នៅ​សម័យ​របស់​ប៉ុល តើ​ជនជាតិ​យូដា​ប្រហែល​ជា​បាន‹ប្លន់​វិហារ›ក្នុង​ន័យ​អ្វី?

ប៉ុល​បាន​និយាយ​អំពី​ការ​ប្លន់​វិហារ។ តើ​ជន​យូដា​ពិត​ជា​បាន​ធ្វើ​ដូច្នេះ​ឬ​ទេ? តើ​សំដី​ប៉ុល​សំដៅ​ទៅ​លើ​អ្វី? បើ​និយាយ​ឲ្យ​ចំ​ទៅ យើង​មិន​អាច​ប្រាកដ​ថា សាសន៍​យូដា​ធ្លាប់‹ប្លន់​វិហារ›ក្នុង​ន័យ​អ្វី ដោយ​សារ​ពត៌មាន​ក្នុង​ខ​នេះ​មិន​សូវ​មាន​ច្រើន​ទេ។ មុន​ពេល​នោះ អនុរដ្ឋលេខាធិការ​នៃ​ទី​ក្រុង​អេភេសូរ​បាន​ប្រកាស​ថា ប៉ុល​និង​ពួក​សហការី​របស់​ប៉ុល​មិន​មែន​ជា​«​ចោរ​លួច​វិហារ​»​ទេ។ នេះ​បង្ហើប​ឲ្យ​ដឹង​ថា ប្រហែល​ជា​មាន​មនុស្ស​ខ្លះ​សង្ស័យ​ថា ជន​យូដា​អាច​ជា​អ្នក​ប្លន់​វិហារ​មែន។ (​កិច្ច​ការ ១៩:២៩​-​៣៧​) តើ​ជន​យូដា​បាន​យក​របស់​ក្នុង​ព្រះ​វិហារ​មក​ប្រើ​ផ្ទាល់​ខ្លួន ឬ​មួយ​ក៏​លក់​នូវ​វត្ថុ​ទ្រព្យ​ថ្លៃ​ៗ ដែល​បាន​ត្រូវ​លួច​ពី​វិហារ​សាសនា​មិន​ពិត​ដោយ​ទាហាន​សត្រូវ ឬ​ដោយ​ជន​និយម​ជ្រុល​ខាង​សាសនា​ឬ? យោង​ទៅ​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ មាស​និង​ប្រាក់​ពី​រូប​ចម្លាក់​ត្រូវ​បំផ្លាញ​ចោល មិន​មែន​យក​មក​ប្រើ​ផ្ទាល់​ខ្លួន​ទេ។ (​ចោទិយកថា ៧:២៥​) a ដូច្នេះ ប៉ុល​ប្រហែល​ជា​បាន​សំដៅ​ទៅ​លើ​ជនជាតិ​យូដា​ដែល​មិន​បាន​គោរព​តាម​ច្បាប់​របស់​ព្រះ និង​បាន​ប្រើ​ឬ​ក៏​លក់​នូវ​វត្ថុ​ដែល​មក​ពី​វិហារ​ពាហិរជន។

៩. តើ​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​ណា​ខ្លះ​នៅ​ទី​ក្រុង​យេរូសាឡិម អាច​ប្រៀប​ដូច​ជា​ការ​ប្លន់​ព្រះ​វិហារ?

ម្យ៉ាង​វិញ​ទៀត យ៉ូសេហ្វឺស​បាន​រៀប​រាប់​អំពី​រឿង​អាស្រូវ​នៅ​ចក្រភព​រ៉ូម​ដែល​មាន​ជនជាតិ​យូដា​បួន​នាក់​ជា​មេ​ផ្ដើម​នោះ។ មេ​ខ្លោង​របស់​ពួក​គេ​ជា​អ្នក​បង្រៀន​ក្រិត្យ​វិន័យ។ ស្ត្រី​សាសន៍​រ៉ូម​ម្នាក់​ដែល​បាន​ផ្លាស់​សាសនា​ទៅ​កាន់​សាសនា​យូដា បាន​ត្រូវ​ជន​បួន​នាក់​នេះ​បញ្ចុះ​បញ្ចូល​ឲ្យ​ប្រគល់​មាស​និង​វត្ថុ​ថ្លៃ​ៗ​ឯ​ទៀត ជា​វិភាគទាន​សំរាប់​ព្រះ​វិហារ​នៅ​ទី​ក្រុង​យេរូសាឡិម។ ពេល​អ្នក​ទាំង​បួន​នេះ​បាន​ទ្រព្យ​សម្បត្ដិ​ពី​ស្ត្រី​នោះ​រួច​ហើយ ពួក​គេ​ប្រើ​នោះ​សំរាប់​តែ​ខ្លួន​គេ។ ការ​ប្រព្រឹត្ត​នេះ​គឺ​មិន​សូវ​ខុស​គ្នា​ពី​ការ​ប្លន់​ព្រះ​វិហារ​នោះ​ទេ។ b ជន​ឯ​ទៀត​បាន​ប្រព្រឹត្ត​ប្រៀប​ដូច​ជា​ប្លន់​ព្រះ​វិហារ​របស់​ព្រះ ដោយ​ថ្វាយ​ដង្វាយ​ពិការ​និង​ដោយ​លក់​ដូរ​យ៉ាង​លោភ​លន់​ក្នុង​បរិវេណ​ព្រះ​វិហារ ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះ​វិហារ​ទៅ​ជា​«​រោង​ចោរ​»​វិញ។—ម៉ាថាយ ២១:១២, ១៣; ម៉ាឡាគី ១:១២​-​១៤; ៣:៨, ៩

ចូរ​បង្រៀន​សីលធម៌​គ្រីស្ទាន

១០. តើ​អ្វី​ជា​ចំណុច​សំខាន់​ដែល​ប៉ុល​បាន​បញ្ជាក់​នៅ​រ៉ូម ២:២១​-​២៣?

១០ នៅ​សតវត្ស​ទី​មួយ មិន​ថា​ប៉ុល​បាន​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​ណា​ក៏​ដោយ ពេល​គាត់​និយាយ​អំពី​ការ​លួច ការ​ផិត និង​ការ​ប្លន់​ព្រះ​វិហារ​នោះ យើង​ត្រូវ​យល់​នូវ​ចំណុច​សំខាន់​ដែល​ប៉ុល​ចង់​បញ្ជាក់។ ប៉ុល​បាន​សួរ​ថា​៖ ​«​អ្នក​ឯង ដែល​បង្រៀន​គេ តើ​មិនបង្រៀន​ដល់​ខ្លួន​ឯង​ទេ​ឬ?​»។ គួរ​ឲ្យ​កត់​សម្គាល់​ថា ឧទាហរណ៍​ដែល​ប៉ុល​បាន​លើក​ឡើង​បាន​ជាប់​ទាក់​ទង​នឹង​សីលធម៌។ នៅ​ទី​នេះ ប៉ុល​មិន​បាន​បញ្ជាក់​អំពី​លទ្ធិ​ព្រះ​គម្ពីរ ឬ​ក៏​ប្រវត្ដិសាស្ត្រ​ព្រះ​គម្ពីរ​ឡើយ។ ការ​បង្រៀន​ខ្លួន​ឯង​និង​អ្នក​ឯ​ទៀត​ដែល​ប៉ុល​បាន​បញ្ជាក់​ក្នុង​នេះ ទាក់​ទង​នឹង​សីលធម៌​គ្រីស្ទាន។

១១. ហេតុ​អ្វី​បាន​ជា​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​សីលធម៌​គ្រីស្ទាន​ពេល​អ្នក​សិក្សា​ព្រះ​គម្ពីរ?

១១ ការ​អនុវត្ត​តាម​មេ​រៀន​ក្នុង​រ៉ូម ២:២១​-​២៣ បាន​ន័យ​ថា យើង​ត្រូវ​រៀន​សីលធម៌​គ្រីស្ទាន​ពី​ព្រះ​បន្ទូល​របស់​ព្រះ អនុវត្ត​តាម​អ្វី​ដែល​យើង​រៀន រួច​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច​គ្នា​ដែរ។ ដូច្នេះ ពេល​អ្នក​សិក្សា​ព្រះ​គម្ពីរ ចូរ​ខំ​សម្គាល់​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា ដែល​ជា​មូលដ្ឋាន​នៃ​សីលធម៌​គ្រីស្ទាន​ដ៏​ពិត។ រំពឹង​គិត​អំពី​ឱវាទ​និង​មេ​រៀន​ដែល​អ្នក​ឃើញ​ក្នុង​ព្រះ​គម្ពីរ។ រួច​បង្ហាញ​ចិត្ត​ក្លាហាន​ក្នុង​ការ​អនុវត្ត​តាម​អ្វី​ដែល​អ្នក​រៀន។ ការ​ធ្វើ​ដូច្នេះ​ពិត​ជា​តម្រូវ​ឲ្យ​ប្រមូល​ភាព​ក្លាហាន​និង​តាំង​ចិត្ត។ មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ពូកែ​រក​លេស​រក​ហេតុ​ដែល​ខ្លួន​គួរ​រំលង​ឬ​មួយ​ក៏​ចាំ​បាច់​រំលង​នូវ​ខ្នាត​តម្រា​សីលធម៌​គ្រីស្ទាន​ក្នុង​ករណី​ណា​មួយ។ ប្រហែល​ជា​ពួក​យូដា​ដែល​ប៉ុល​បាន​សំដៅ​ទៅ​លើ​នោះ ធ្លាប់​គិត​ដូច្នេះ​ដើម្បី​វែក​ញែក​រក​លេស​ឬ​ក៏​បញ្ឆោត​អ្នក​ឯ​ទៀត។ ប៉ុន្តែ សំដី​របស់​ប៉ុល​បង្ហាញ​ថា យើង​មិន​ត្រូវ​មើល​ស្រាល ឬ​ធ្វើ​ព្រងើយ​នឹង​សីលធម៌​គ្រីស្ទាន​ឲ្យ​តែ​ចិត្ត​ខ្លួន​ចង់​នោះ​ឡើយ។

១២. តើ​ចរិយា​ល្អ​ឬ​ក៏​ចរិយា​មិន​ល្អ ទាក់​ទង​នឹង​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​បាន​ជា​យើង​គួរ​នឹក​ចាំ​ពី​ហេតុ​ការណ៍​នេះ?

១២ សាវ័ក​ប៉ុល​បាន​លើក​បញ្ជាក់​ហេតុ​ចំបង​ដែល​អ្នក​ត្រូវ​រៀន​និង​អនុវត្ត​តាម​សីលធម៌​ក្នុង​ព្រះ​គម្ពីរ។ កិរិយា​អាក្រក់​របស់​សាសន៍​យូដា​បាន​នាំ​មក​នូវ​ការ​តិះ​ដៀល​ដល់​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​៖ ​«​អ្នក​ឯង​ដែល​អួត​ពី​ក្រិត្យ​វិន័យ តើ​អ្នក​បង្អាប់​ព្រះ ដោយ​ប្រព្រឹត្ត​រំលង​នឹង​ក្រិត្យ​វិន័យ​ឬ​ទេ? ដ្បិត​ពួក​សាសន៍​ដទៃ គេ​ប្រមាថ​ដល់​ព្រះ​នាម​ព្រះ ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា​»។ (​រ៉ូម ២:២៣, ២៤​) នៅ​សម័យ​នេះ គឺ​ពិត​ដូច​គ្នា​ដែរ​ថា បើ​យើង​ធ្វើ​ព្រងើយ​នឹង​សីលធម៌​គ្រីស្ទាន នេះ​បាន​ន័យ​ថា យើង​ក៏​ធ្វើ​ព្រងើយ​នឹង​ប្រភព​នៃ​សីលធម៌​គ្រីស្ទាន​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​យើង​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​របស់​ព្រះ នេះ​លើក​កិត្ដិយស​ចំពោះ​ទ្រង់។ (​អេសាយ ៥២:៥; អេសេគាល ៣៦:២០​) ការ​យល់​នូវ​ចំណុច​នេះ​អាច​ជួយ​អ្នក​ប្ដេជ្ញា​ចិត្ត​នៅ​ចំពោះ​មុខ​ការ​ល្បួង ឬ​ក៏​កាលៈទេសៈ​ណា​ដែល​បណ្ដាល​ឲ្យ​អ្នក​គិត​ថា ការ​ធ្វើ​ព្រងើយ​នឹង​សីលធម៌​គ្រីស្ទាន​គឺ​ជា​ផ្លូវ​ដោះ​ស្រាយ​ដ៏​ស្រួល​បំផុត។ ម្យ៉ាង​ទៀត សំដី​របស់​ប៉ុល​បង្រៀន​យើង​អ្វី​មួយ​ទៀត។ ក្រៅ​ពី​ការ​យល់​ដឹង​ថា ការ​ប្រព្រឹត្ត​របស់​ខ្លួន​ទាក់​ទង​នឹង​ព្រះ​នោះ ចូរ​ជួយ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​យល់​ដឹង​ពី​របៀប​ដែល​ការ​អនុវត្ត​តាម​គោល​ការណ៍​សីលធម៌​ដែល​ពួក​គេ​កំពុង​តែ​រៀន ក៏​ទាក់​ទង​នឹង​ព្រះ​យេហូវ៉ា​ដែរ។ មិន​គ្រាន់​តែ​ថា សីលធម៌​គ្រីស្ទាន​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត និង​ជួយ​ការ​ពារ​សុខភាព​របស់​យើង​ទេ។ សីលធម៌​គ្រីស្ទាន​ក៏​ទាក់​ទង​នឹង​បុគ្គល​ដែល​បាន​ផ្ដល់​និង​លើក​ទឹក​ចិត្ត​ឲ្យ​កាន់​តាម​សីលធម៌​នោះ។—ទំនុក​ដំកើង ៧៤:១០; យ៉ាកុប ៣:១៧

១៣. (​ក​) តើ​ព្រះ​គម្ពីរ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ស្តី​អំពី​សីលធម៌? (​ខ​) សូម​លើក​បញ្ជាក់​ចំណុច​សំខាន់​ៗ​ពី​ថែស្សាឡូនីច​ទី​១ ៤:៣​-​៧

១៣ សីលធម៌​ក៏​ប៉ះ​ពាល់​លើ​មនុស្ស​ឯ​ទៀត​ដែរ។ អ្នក​អាច​ឃើញ​ថា​នេះ​ជា​ការ​ពិត​មែន ដោយ​មើល​គំរូ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ ដែល​បង្ហាញ​ប្រយោជន៍​ពី​ការ​អនុវត្ត​តាម​សីលធម៌​របស់​ព្រះ និង​លទ្ធផល​ដែល​មក​ពី​ការ​មិន​អនុវត្ត​តាម។ (​លោកុប្បត្តិ ៣៩:១​-​៩, ២១; យ៉ូស្វេ ៧:១​-​២៥​) អ្នក​ក៏​អាច​រក​ឃើញ​នូវ​ឱវាទ​ចំ​ៗ​អំពី​សីលធម៌​ដូច​ត​ទៅ​នេះ: ​«​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់ គឺ​អោយ​បង​ប្អូន​បាន​វិសុទ្ធ អោយ​បង​ប្អូន​ចៀស​វាង​អំពើ​ប្រាស​ចាក​សីលធម៌[​«​អំពើ​សហាយ​ស្មន់​»​, ព.ថ.​]។ ម្នាក់​ៗ​ត្រូវ​ចេះ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ដោយ​វិសុទ្ធ និង​ថ្លៃ​ថ្នូរ ឥត​បណ្ដោយ​ខ្លួន​ទៅ​តាម​ចំណង់​តណ្ហា ដូច​សាសន៍​ដទៃ ដែល​មិន​ស្គាល់​ព្រះ​ជា​ម្ចាស់​នោះ​ឡើយ។ មិន​ត្រូវ​អោយ​បង​ប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​បង​ប្អូន​ឯ​ទៀត​ៗ ឬ​រំលោភ​លើ​សិទ្ធិ​គេ​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​ព្រះ​អម្ចាស់ . . . ត្រាស់​ហៅ​យើង​មក មិន​មែន​អោយ​រស់​នៅ​ក្នុង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​អោយ​យើង​បាន​វិសុទ្ធ​វិញ​»។—ថែស្សាឡូនីច​ទី​១ ៤:៣​-​៧, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១៤. តើ​អ្នក​អាច​សួរ​ខ្លួន​នូវ​សំនួរ​អ្វី​ខ្លះ​ស្តី​អំពី​ឱវាទ​នៅ​ថែស្សាឡូនីច​ទី​១ ៤:៣​-​៧?

១៤ អ្នក​ណា​ក៏​ដោយ​អាច​ឃើញ​ថា អំពើ​អសីលធម៌​ខាង​ការ​រួម​ដំណេក​គឺ​ជា​ការ​បំពាន​គោល​ការណ៍​សីលធម៌​គ្រីស្ទាន។ ប៉ុន្តែ អ្នក​អាច​យល់​ធ្លុះ​ជ្រៅ​ថែម​ទៀត​អំពី​ខ​នេះ។ ខ​គម្ពីរ​ខ្លះ​បើក​ឱកាស​ឲ្យ​យើង​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ការ​រំពឹង​គិត​ជា​ច្រើន​ដែល​ផ្ដល់​ជា​ការយល់​ដឹង​ដ៏​ជ្រៅ​ជ្រះ។ ជា​ឧទាហរណ៍ អ្នក​អាច​រំពឹង​គិត​អំពី​អ្វី​ដែល​ប៉ុល​បាន​និយាយ​ពេល​គាត់​ថា ការ​សហាយ​ស្មន់​អាច​នាំ​ឲ្យ​អ្នក​ណា​ម្នាក់‹រំលោភ​លើ​សិទ្ធិ​បង​ប្អូន​ក្នុង​រឿង​នេះ›។ តើ​នេះ​ទាក់​ទង​នឹង​សិទ្ធិ​អ្វី​ខ្លះ? ហើយ​តើ​ការ​យល់​ដឹង​ច្បាស់​ជាង​អំពី​រឿង​នេះ នឹង​ជួយ​ជំរុញ​ចិត្ត​យើង​យ៉ាង​ដូច​ម្ដេច ឲ្យ​កាន់​តាម​សីលធម៌​គ្រីស្ទាន​កាន់​តែ​ខ្ជាប់​ខ្ជួន? តើ​លទ្ធផល​ពី​ការ​ស្រាវ​ជ្រាវ​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច ឲ្យ​មាន​សមត្ថភាព​ថែម​ទៀត​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត និង​ជួយ​ពួក​គេ​លើក​កិត្ដិយស​ចំពោះ​ព្រះ?

ចូរ​សិក្សា​ដើម្បី​ចេះ​បង្រៀន

១៥. តើ​អ្នក​អាច​ប្រើ​ឧបករណ៍​ណា​ខ្លះ​ដើម្បី​បង្រៀន​ខ្លួន​តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន?

១៥ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​មាន​ឧបករណ៍​ផ្សេង​ៗ​ដែល​ពួក​គេ​ប្រើ សំរាប់​ការ​ស្រាវ​ជ្រាវ​រក​ចម្លើយ​ឬ​ក៏​ពត៌មាន អំពី​រឿង​ណា​ដែល​ពួក​គេ​ជួប​ប្រទះ​ក្នុង​កំឡុង​ពេល​សិក្សា ដើម្បី​បង្រៀន​ខ្លួន​ឬ​អ្នក​ឯ​ទៀត។ ឧបករណ៍​មួយ​ដែល​មាន​ជា​ភាសា​ជា​ច្រើន​គឺ​ជា លិបិក្រម​ប្រកាសនវត្ថុ​ប៉ម​យាម។ ប្រសិន​បើ​សៀវភៅ​នេះ​មាន​ជា​ភាសា​របស់​អ្នក អ្នក​អាច​ប្រើ​សៀវភៅ​នោះ​ដើម្បី​រក​ពត៌មាន​ដែល​មាន​ក្នុង​ប្រកាសនវត្ថុ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។ អ្នក​ក៏​អាច​រក​ដោយ​មើល​ប្រធាន​ឬ​ក៏​ខ​គម្ពីរ។ ឧបករណ៍​មួយ​ទៀត​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ប្រើ​ក្នុង​ភាសា​សំខាន់​ៗ​គឺ​ជា បណ្ណាល័យ​ប៉ម​យាម។ ស៊ីឌី​ប្រូ​ក្រាម​កុំព្យូទ័រ​នេះ​មាន​ប្រកាស​វត្ថុ​ច្រើន​ជា​ឯកសារ​កុំព្យូទ័រ។ ប្រូ​ក្រាម​នេះ​ផ្ដល់​សមត្ថភាព​ស្រាវ​ជ្រាវ​រឿង​ផ្សេង​ៗ និង​រក​ការ​ពន្យល់​អំពី​ខ​គម្ពីរ។ ប្រសិន​បើ​ឧបករណ៍​មួយ​ឬ​ក៏​ទាំង​ពីរ​នេះ​អាច​ត្រូវ​ទទួល​ជា​ភាសា​របស់​អ្នក ចូរ​ប្រើ​នោះ​ដើម្បី​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត។

១៦, ១៧. (​ក​) តើ​អ្នក​អាច​រក​ឃើញ​ការ​ពន្យល់​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​យល់​អំពី​សិទ្ធិ​ដែល​ត្រូវ​រៀប​រាប់​នៅ​ថែស្សាឡូនីច​ទី​១ ៤:៦​ឬ​ទេ? (​ខ​) តើ​ការ​សហាយ​ស្មន់​អាច​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​អ្នក​ដទៃ​យ៉ាង​ដូច​ម្ដេច?

១៦ យើង​សូម​ប្រើ​ថែស្សាឡូនីច​ទី​១ ៤:៣​-​៧ ជា​ឧទាហរណ៍។ យើង​បាន​សួរ​សំនួរ​អំពី​សិទ្ធិ។ តើ​សិទ្ធិ​របស់​អ្នក​ណា? តើ​សិទ្ធិ​ទាំង​នេះ​អាច​ត្រូវ​រំលោភ​យ៉ាង​ដូច​ម្ដេច​បាន? ដោយ​ប្រើ​ឧបករណ៍​ទាំង​នេះ អ្នក​ប្រហែល​ជា​អាច​រក​ឃើញ​ការ​ពន្យល់​ជា​ច្រើន​អំពី​ខ​នោះ សូម្បី​តែ​អំពី​សិទ្ធិ​ដែល​ប៉ុល​បាន​ពន្យល់​ក៏​ដោយ។ អ្នក​ក៏​អាច​អាន​ការ​ពន្យល់​បែប​នេះ​ក្នុង​ប្រកាសនវត្ថុ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ដូច​ត​ទៅ​នេះ: សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ ក្បាល​ទី​១ ទំព័រ​៨៦៣​-​៨៦៤; សៀវភៅ​តើ​អ្នក​អាច​រក​ឃើញ​នូវ​សន្ដិភាព​និង​សេចក្ដី​សុខ​ដ៏​ពិត​យ៉ាង​ដូច​ម្ដេច? ទំព័រ​ទី​១៤៥; ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩ ទំព័រ​៣១។

១៧ ដោយ​សិក្សា​តាម​រយៈ​នោះ អ្នក​នឹង​ឃើញ​ថា សំដី​របស់​ប៉ុល​គឺ​ពិត​ណាស់។ អ្នក​សហាយ​ស្មន់​នោះ​ធ្វើ​បាប​ប្រឆាំង​នឹង​ព្រះ ហើយ​ក៏​ធ្វើ​ឲ្យ​ខ្លួន​ងាយ​ឆ្លង​ជម្ងឺ។ (​កូរិនថូស​ទី​១ ៦:១៨, ១៩; ហេព្រើរ ១៣:៤​) បុរស​ម្នាក់​ដែល​សហាយ​ស្មន់​នោះ រំលោភ​ទៅ​លើ​សិទ្ធិ​របស់​ស្ត្រី​ដែល​រួម​ធ្វើ​អំពើ​បាប​នេះ​ជា​មួយ​នឹង​គាត់។ បុរស​នោះ​ក៏​បង្ខូច​នូវ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​និង​មនសិការ​ជ្រះ​ថ្លា​របស់​ស្រី​នោះ។ បើ​ស្រី​នោះ​គ្មាន​គ្រួសារ បុរស​នោះ​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​នាង​ឲ្យ​រៀប​ការ​ជា​ស្រី​បរិសុទ្ធ ថែម​ទាំង​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​បុរស​ដែល​នឹង​ក្លាយ​ជា​ប្ដី​នាង​នៅ​អនាគត ដោយ​ព្រោះ​គាត់​សង្ឃឹម​ថា​នាង​នៅ​បរិសុទ្ធ។ បុរស​ដែល​សហាយ​ស្មន់​នោះ​ក៏​ធ្វើ​ឲ្យ​មាតា​បិតា​របស់​ស្រី​នោះ​ខូច​ចិត្ត និង​បញ្ឈឺ​ចិត្ត​របស់​ស្វាមី​នាង បើ​សិន​ជា​ស្រី​នោះ​បាន​រៀប​ការ​រួច​ហើយ។ បុរស​អសីលធម៌​នេះ​ក៏​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​ក្រុម​គ្រួសារ​ខ្លួន ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ខាង​សីលធម៌។ បើ​គាត់​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន គាត់​នាំ​មក​នូវ​ការ​តិះ​ដៀល​ចំពោះ​ក្រុម​ជំនុំ​និង​បង្ខូច​ឈ្មោះ​ល្អ​របស់​ក្រុម​ជំនុំ​នោះ។—កូរិនថូស​ទី​១ ៥:១

១៨. តើ​អ្នក​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​សិក្សា​ព្រះ​គម្ពីរ​និង​សីលធម៌​គ្រីស្ទាន?

១៨ ការ​ពន្យល់​នេះ​ស្តី​អំពី​សិទ្ធិ ជួយ​បើក​សម្ដែង​អត្ថន័យ​នៃ​ខ​នោះ មែន​ទេ? ការ​សិក្សា​បែប​នេះ​ពិត​ជា​មាន​តម្លៃ​ណាស់។ ពេល​អ្នក​ធ្វើការ​សិក្សា​បែប​នេះ អ្នក​កំពុង​តែ​បង្រៀន​ខ្លួន។ ការ​យល់​ដឹង​របស់​អ្នក​ស្តី​អំពី​ភាព​ពិត​នៃ​សារ​របស់​ព្រះ គឺ​រឹត​តែ​ជ្រៅ​ជ្រះ។ អ្នក​ប្ដេជ្ញា​កាន់​តែ​ខ្លាំង​ដើម្បី​កាន់​ខ្ជាប់​តាម​សីលធម៌​គ្រីស្ទាន មិន​ថា​មាន​ការ​ល្បួង​យ៉ាង​ណា​ក៏​ដោយ។ ម្យ៉ាង​ទៀត អ្នក​នឹង​មាន​ប្រសិទ្ធិភាព​ច្រើន​ជាង​ឆ្ងាយ​ណាស់​ក្នុង​ការ​បង្រៀន​អ្នក​ឯ​ទៀត! ជា​ឧទាហរណ៍ ពេល​អ្នក​កំពុង​តែ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ព្រះ​គម្ពីរ អ្នក​អាច​ជួយ​ពួក​គេ​យល់​ធ្លុះ​ជ្រៅ​អំពី​ថែស្សាឡូនីច​ទី​១ ៤:៣​-​៧ និង​ធ្វើ​ឲ្យ​ពួក​គេ​យល់​ដឹង​ច្រើន​ជាង និង​យល់​តម្លៃ​នៃ​សីលធម៌​គ្រីស្ទាន។ ដូច្នេះ ការ​សិក្សា​របស់​អ្នក​អាច​ជួយ​ខ្លួន​អ្នក និង​មនុស្ស​ជា​ច្រើន​ឯ​ទៀត ឲ្យ​លើក​កិត្ដិយស​ចំពោះ​ព្រះ។ ទី​នេះ​យើង​បាន​លើក​ឡើង​គំរូ​តែ​មួយ​គត់ ពី​សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​ជន​គ្រីស្ទាន​នៅ​ថែស្សាឡូនីច។ មាន​ផ្នែក​ជា​ច្រើន​ឯ​ទៀត​នៃ​សីលធម៌​គ្រីស្ទាន ព្រម​ទាំង​គំរូ​និង​ឱវាទ​ជា​ច្រើន​ថែម​ទៀត​ក្នុង​ព្រះ​គម្ពីរ​ដែល​អ្នក​អាច​សិក្សា អនុវត្ត​តាម និង​បង្រៀន។

១៩. ហេតុ​អ្វី​គឺ​សំខាន់​ដែល​អ្នក​កាន់​តាម​សីលធម៌​គ្រីស្ទាន?

១៩ គ្មាន​ការ​សង្ស័យ​អ្វី​ឡើយ ថា​ការ​ធ្វើ​ដូច្នេះ​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា។ យ៉ាកុប ៣:១៧ បាន​ចែង​ថា​៖ ​«​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​»​ ពី​ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់ ​«​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ​»។ នេះ​បញ្ជាក់​ច្បាស់​ថា យើង​ត្រូវ​កាន់​តាម​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ។ តាម​ពិត​ក្នុង​ការ​បង្រៀន​ព្រះ​គម្ពីរ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​ដែល​តំណាង​ទ្រង់ ធ្វើ​ជា​គំរូ​ល្អ​ស្តី​អំពី​«​សេចក្ដី​បរិសុទ្ធ​»។ (​ធីម៉ូថេ​ទី​១ ៤:១២​) គន្លង​ជីវិត​នៃ​សិស្ស​ព្រះ​យេស៊ូ​នៅ​សម័យ​ដើម ដូច​ជា​ប៉ុល​និង​ធីម៉ូថេ​ជា​ដើម​បង្ហាញ​ថា ពួក​គេ​បាន​ជៀស​វាង​ពី​អំពើ​អសីលធម៌ និង​ប៉ុល​រហូត​ដល់​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​កំផិត[​«​ការ​សហាយ​ស្មន់​»​, ព.ថ.​] សេចក្ដី​ស្មោក​គ្រោក​គ្រប់​យ៉ាង នឹង​សេចក្ដី​លោភ នោះ​មិន​ត្រូវ​ទាំង​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ផង ដូច​ជា​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ ព្រម​ទាំង​រឿង​គួរ​ខ្មាស ពាក្យ​សំដី​ចំ​កួត នឹង​ពាក្យ​កំប្លែង[​«​ដ៏​អាស​អាភាស​»​, ព.ថ.​]​»។—អេភេសូរ ៥:៣, ៤

២០, ២១. ហេតុ​អ្វី​អ្នក​យល់​ព្រម​នឹង​អ្វី​ដែល​សាវ័ក​យ៉ូហាន​បាន​សរសេរ​នៅ​យ៉ូហាន​ទី​១ ៥:៣?

២០ ទោះ​ជា​ខ្នាត​តម្រា​សីលធម៌​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​គឺ​ច្បាស់ និង​ជាក់​លាក់​យ៉ាង​ណា​ក៏​ដោយ​នោះ ខ្នាត​តម្រា​នោះ​គឺ​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ។ សាវ័ក​យ៉ូហាន ជា​សាវ័ក​ដែល​បាន​រស់​យូរ​ជាង​គេ បាន​យល់​ចំណុច​នេះ​យ៉ាង​ច្បាស់។ ដោយ​ផ្អែក​លើ​អ្វី​ដែល​គាត់​បាន​រៀន​អស់​រាប់​ទសវត្ស​នោះ គាត់​ដឹង​ថា សីលធម៌​គ្រីស្ទាន​មិន​មែន​នាំ​មក​នូវ​ការ​ពិបាក​ទេ។ ផ្ទុយ​ទៅ​វិញ សីលធម៌​គ្រីស្ទាន​គឺ​ល្អ ផ្ដល់​ជា​ផល​ប្រយោជន៍ និង​ជា​ពរ​មួយ។ យ៉ូហាន​បាន​បញ្ជាក់​ចំណុច​នេះ​ដោយ​សរសេរ​ថា​៖ ​«​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់។ ឯ​បញ្ញត្ត​ទ្រង់​នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ​»។—យ៉ូហាន​ទី​១ ៥:៣

២១ ប៉ុន្តែ សូម​កត់​សម្គាល់​ថា យ៉ូហាន​មិន​គ្រាន់​តែ​ថា ការ​ស្ដាប់​បង្គាប់​ព្រះ​ដោយ​កាន់​តាម​សីលធម៌​គ្រីស្ទាន​គឺ​ជា​អ្វី​ដ៏​ល្អ​បំផុត ដោយ​សារ​តែ​នោះ​ជួយ​យើង​រួច​ពី​បញ្ហា​និង​លទ្ធផល​អាក្រក់​ពី​អំពើ​អសីលធម៌​ប៉ុណ្ណោះ​នោះ​ទេ។ យ៉ូហាន​បាន​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ដោយ​មុន​ដំបូង​ទទួល​ស្គាល់​ថា ការ​គោរព​តាម​សីលធម៌​គ្រីស្ទាន​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា និង​ជា​ឱកាស​ពិសេស​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់។ ពិត​មែន​ហើយ ការ​បង្រៀន​ខ្លួន​ឬ​អ្នក​ឯ​ទៀត​ឲ្យ​ស្រឡាញ់​ព្រះ តម្រូវ​ឲ្យ​យើង​អនុវត្ត​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​ទ្រង់។ ពិត​មែន​ហើយ នេះ​តម្រូវ​ឲ្យ​យើង​បង្រៀន​ខ្លួន​និង​អ្នក​ឯ​ទៀត​ឲ្យ​កាន់​តាម​សីលធម៌​គ្រីស្ទាន។

[​កំណត់​សម្គាល់​]

a ទោះ​ជា​លោក​យ៉ូសេហ្វឺស​បាន​ពណ៌នា​ថា សាសន៍​យូដា​មិន​ដែល​ប្រមាថ​ដល់​វត្ថុ​ពិសិដ្ឋ​ក៏​ដោយ​នោះ តែ​លោក​បាន​រំឭក​ពួក​គេ​អំពី​ក្រិត្យ​វិន័យ​របស់​ព្រះ​ដែល​ថា​៖ ​«​កុំ​ប្រមាថ​ដល់​ព្រះ​ដែល​សាសន៍​ផ្សេង​ទៀត​ថ្វាយ​បង្គំ ឬ​មួយ​ក៏​ប្លន់​ព្រះ​វិហារ ឬ​មួយ​ក៏​យក​រតនវត្ថុ​ដែល​បាន​ត្រូវ​ថ្វាយ​ចំពោះ​ព្រះ​ណា​មួយ​ឲ្យ​សោះ​»។ (​កំណែ​ជា​អក្សរ​ទ្រេត​)—ប្រវត្ដិសាស្ត្រ​បុរាណ​របស់​សាសន៍​យូដា សៀវភៅ​ទី​៤ ជំពូក​៨ វគ្គ​១០ (​ជា​ភាសា​អង់គ្លេស​)

b ប្រវត្ដិសាស្ត្រ​បុរាណ​របស់​សាសន៍​យូដា សៀវភៅ​ទី​១៨ ជំពូក​៣ វគ្គ​៥

តើ​អ្នក​ចាំ​ទេ?

• ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​សិក្សា​ដើម្បី​បង្រៀន​ខ្លួន មុន​ដែល​យើង​បង្រៀន​អ្នក​ឯ​ទៀត?

• តើ​ទង្វើ​របស់​យើង​អាច​ទាក់​ទង​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

• តើ​អ្នក​សហាយ​ស្មន់​ប្រហែល​ជា​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​អ្នក​ណា​ខ្លះ?

• តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី​ស្តី​អំពី​សីលធម៌​គ្រីស្ទាន?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​៣០​]

​«​បញ្ញត្ត​ទ្រង់​នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ​»​