ចូរអរសប្បាយនឹងសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ា
ចូរអរសប្បាយនឹងសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ា
«អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នឹងសេចក្ដីសប្បុរស នោះរមែងបានជីវិត សេចក្ដីសុចរិត នឹងកិត្ដិសព្ទ»។—សុភាសិត ២១:២១
១. សព្វថ្ងៃនេះ តើមនុស្សប្រព្រឹត្តបែបណាខ្លះដែលនាំទៅដល់អន្តរាយ?
«មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្ដីស្លាប់»។ (សុភាសិត ១៦:២៥) ប្រសិនបើយើងគិតអំពីការប្រព្រឹត្តរបស់មនុស្សភាគច្រើនសព្វថ្ងៃនេះ ការពន្យល់នេះគឺត្រឹមត្រូវណាស់! ជាទូទៅ មនុស្សច្រើនតែចង់ធ្វើអ្វីដែលខ្លួនគេចាត់ទុកថាត្រឹមត្រូវ ដោយធ្វើព្រងើយនឹងសេចក្ដីត្រូវការបឋមរបស់អ្នកឯទៀត។ (សុភាសិត ២១:២) មនុស្សអះអាងថាខ្លួនគេគោរពតាមច្បាប់និងខ្នាតតម្រារបស់ប្រទេសខ្លួន តែរមែងរកវិធីវាងពីច្បាប់វិន័យឲ្យតែមានឱកាសហុចឲ្យ។ លទ្ធផលបានទៅជាសង្គមមួយដែលបែកបាក់គ្នា ច្របូកច្របល់ និងសុញគំនិត។—ធីម៉ូថេទី២ ៣:១-៥
២. ដើម្បីផ្ដល់ជាប្រយោជន៍ដល់មនុស្សជាតិ តើមនុស្សត្រូវការអ្វីជាបន្ទាន់?
២ ដើម្បីជួយជាប្រយោជន៍ដល់យើងផ្ទាល់ខ្លួន និងដើម្បីផ្ដល់ជាសេចក្ដីសុខនិងសន្ដិភាពដល់មនុស្សជាតិទូទៅ យើងត្រូវការជាបន្ទាន់នូវក្របខ័ណ្ឌច្បាប់ ឬក៏ខ្នាតតម្រាដែលប្រកបដោយយុត្ដិធម៌និងសេចក្ដីសុចរិតគឺថា ក្របខ័ណ្ឌច្បាប់ដែលមនុស្សគ្រប់រូបនឹងសុខចិត្តទទួលព្រមស្ដាប់តាម។ ជាក់ស្តែងហើយ មនុស្សជាតិមិនអាចបង្កើតច្បាប់ឬខ្នាតតម្រាណាមួយដោយខ្លួនឯង ដែលអាចបំពេញនូវសេចក្ដីត្រូវការនេះបានឡើយ ទោះជាអ្នកដែលតែងច្បាប់នោះមានប្រាជ្ញាឬក៏មានចិត្តស្មោះសប៉ុនណាក៏ដោយ។ (យេរេមា ១០:២៣; រ៉ូម ៣:១០, ២៣) ប្រសិនបើមានខ្នាតតម្រាបែបនេះពិតមែន តើយើងអាចរកឃើញខ្នាតតម្រានេះនៅកន្លែងណា? ហើយតើខ្នាតតម្រានេះនឹងមានលក្ខណៈដូចម្ដេចខ្លះ? ប្រហែលជាសំនួរសំខាន់បំផុតគឺថា ប្រសិនបើមានខ្នាតតម្រាបែបនេះពិតមែន តើអ្នកនឹងសប្បាយចិត្តធ្វើតាមខ្នាតតម្រានេះឬទេ?
ការស្វែងរកនូវខ្នាតតម្រាដ៏សុចរិត
៣. ស្តីអំពីការបង្កើតខ្នាតតម្រាដែលមនុស្សទាំងអស់គ្នានឹងព្រមស្ដាប់តាមហើយដែលមានប្រយោជន៍នោះ តើអ្នកណាមានសមត្ថភាពដ៏ឆ្នើមបំផុត? ហេតុអ្វី?
៣ ដើម្បីរកឃើញខ្នាតតម្រាដែលមនុស្សទាំងអស់នឹងព្រមស្ដាប់តាម ហើយដែលនឹងផ្ដល់ជាប្រយោជន៍ដល់មនុស្សជាតិទាំងឡាយនោះ យើង នឹងត្រូវពឹងពាក់បុគ្គលមួយរូបដែលមិនរើសអើងសាសន៍ វប្បធម៌ ឬនយោបាយ ព្រមទាំងជាបុគ្គលខុសគ្នាពីមនុស្សជាតិដោយសារអ្នកនោះមានសមត្ថភាពសម្លឹងមើលវែងឆ្ងាយ ថែមទាំងគ្មានភាពទន់ខ្សោយឡើយ។ ពុំមានការសង្ស័យអ្វីឡើយដែលព្រះយេហូវ៉ាជាអ្នកបង្កើតមានគ្រប់ព្រះចេស្ដា ទ្រង់មានសមត្ថភាពដ៏ឆ្នើមបំផុត។ ព្រះយេហូវ៉ាមានបន្ទូលប្រកាសថា៖ «ដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញ ខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ»។ (អេសាយ ៥៥:៩) ម្យ៉ាងទៀត ព្រះគម្ពីរពន្យល់អំពីព្រះយេហូវ៉ាថា «ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់»។ (ចោទិយកថា ៣២:៤) ក្នុងព្រះគម្ពីរទាំងមូល យើងឃើញបន្ទូលដែលចែងថា ‹ព្រះយេហូវ៉ាទ្រង់សុចរិត›។ (និក្ខមនំ ៩:២៧; របាក្សត្រទី២ ១២:៦; ទំនុកដំកើង ១១:៧; ១២៩:៤; បរិទេវ ១:១៨) យើងអាចពឹងពាក់ព្រះយេហូវ៉ាបានពិតមែន ដើម្បីបានខ្នាតតម្រាដ៏ល្អបំផុត ពីព្រោះទ្រង់គឺស្មោះត្រង់ សុចរិត និងប្រព្រឹត្តដោយយុត្ដិធម៌។
៤. ក្នុងព្រះគម្ពីរ តើពាក្យ«សុចរិត»មានន័យអ្វី?
៤ បុគ្គលដែលចាត់ទុកថាខ្លួនគេគឺសុចរិតឬក៏បរិសុទ្ធជាងអ្នកដទៃនោះ មនុស្សភាគច្រើនមិនសូវចូលចិត្តប៉ុន្មានទេ។ ប៉ុន្តែ អត្ថន័យនៃពាក្យសុចរិតក្នុងព្រះគម្ពីរបានសេចក្ដីថា យុត្ដិធម៌ ទៀងត្រង់ ប្រកបដោយគុណធម៌ គ្មានទោស គ្មានបាប ប្រព្រឹត្តតាមគោលការណ៍នៃច្បាប់របស់ព្រះឬក៏ខ្នាតតម្រាដែលទ្រង់អនុម័តស្តីពីសីលធម៌ ថែមទាំងការប្រព្រឹត្តយ៉ាងត្រឹមត្រូវឬក៏ដោយយុត្ដិធម៌។ អ្នកច្បាស់ជានឹងអរសប្បាយនឹងក្របខ័ណ្ឌច្បាប់ឬក៏ខ្នាតតម្រាដែលមានលក្ខណៈល្អៗទាំងនេះ មែនទេ?
៥. សូមប្រាប់ពីរបៀបព្រះគម្ពីរពណ៌នាអំពីសេចក្ដីសុចរិត។
៥ សព្វវចនាធិប្បាយមួយបានបកស្រាយសេចក្ដីសុចរិតថា៖ «សេចក្ដីសុចរិតមិនមែនជាមតិមួយនោះទេ តែផ្ទុយទៅវិញគឺជាការប្រព្រឹត្តដោយយុត្ដិធម៌និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវក្នុងគ្រប់ការទាំងអស់»។ (Encyclopaedia Judaica) ជាឧទាហរណ៍ សេចក្ដីសុចរិតរបស់ព្រះជាគុណសម្បត្ដិមួយដែលមាននៅក្នុងអង្គទ្រង់ដូចជាភាពបរិសុទ្ធឬភាពវិសុទ្ធដែរ។ ក៏ប៉ុន្តែ សេចក្ដីសុចរិតគឺជាការបង្ហាញនូវគុណសម្បត្ដិរបស់ទ្រង់ ដោយធ្វើអ្វីៗដ៏ត្រឹមត្រូវនិងប្រកបដោយយុត្ដិធម៌។ យើងអាចនិយាយថា អ្វីៗទាំងអស់ដែលព្រះយេហូវ៉ាធ្វើ និងអ្វីៗទាំងអស់ដែលចេញពីព្រះទ័យរបស់ទ្រង់ គឺសុចរិត ដោយព្រោះទ្រង់វិសុទ្ធនិងបរិសុទ្ធ ដូចព្រះគម្ពីរចែងថា៖ «ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ»។—ទំនុកដំកើង ១៤៥:១៧
៦. តើប៉ុលបាននិយាយយ៉ាងណាអំពីសាសន៍យូដាខ្លះៗនៅសម័យរបស់គាត់? ហើយហេតុអ្វីបានជាប៉ុលនិយាយដូច្នេះ?
៦ ក្នុងសំបុត្ររបស់សាវ័កប៉ុលទៅកាន់ជនគ្រីស្ទាននៅទីក្រុងរ៉ូម គាត់បានសង្កត់ធ្ងន់ទៅលើចំណុចនេះ។ ប៉ុលបានពណ៌នាអំពីសាសន៍យូដាខ្លះដែលមិនជឿនោះថា៖ «ពីព្រោះគេមិនបានចុះចូលតាម[ឬ«ពុំស្គាល់», ព.ថ.]សេចក្ដីសុចរិតនៃព្រះ ដោយគេរកតាំងសេចក្ដីសុចរិតរបស់ខ្លួនគេ ឥតស្គាល់សេចក្ដីសុចរិតរបស់ទ្រង់ឡើយ»។ (រ៉ូម ១០:៣) ហេតុអ្វីបានជាប៉ុលនិយាយអំពីអ្នកទាំងនោះថា «ពុំស្គាល់សេចក្ដីសុចរិតនៃព្រះ»? ពួកគេបានរៀនក្រិត្យវិន័យនិងខ្នាតតម្រាដ៏សុចរិតរបស់ព្រះរួចទៅហើយ មែនទេ? អ្នកទាំងនោះបានរៀនពិតមែន។ ប៉ុន្តែ អ្នកនោះភាគច្រើនបានចាត់ទុកសេចក្ដីសុចរិតគ្រាន់តែជាគុណសម្បត្ដិដែលពួកគេត្រូវមានផ្ទាល់ខ្លួន ថែមទាំងជាគុណសម្បត្ដិដែលមកពីការកាន់តាមវិន័យសាសនាយ៉ាងម៉ឺងម៉ាត់ ជាជាងអនុញ្ញាតឲ្យខ្នាតតម្រាធ្វើជាប្រមុខរបស់ខ្លួន ពេលទាក់ទងអ្នកឯទៀត។ ដូចពួកផារិស៊ីនៅសម័យព្រះយេស៊ូ ពួកអ្នកមិនជឿទាំងនោះពុំទាន់យល់អត្ថន័យពិតប្រាកដនៃយុត្ដិធម៌និងសេចក្ដីសុចរិតនៅឡើយទេ។—ម៉ាថាយ ២៣:២៣-២៨
៧. តើសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ាត្រូវសម្ដែងឲ្យឃើញដោយដូចម្ដេច?
៧ ផ្ទុយទៅវិញ សេចក្ដីសុចរិតរបស់ព្រះយេហូវ៉ាត្រូវសឲ្យឃើញយ៉ាងជាក់ដោយការប្រព្រឹត្តទាំងឡាយរបស់ទ្រង់។ ទោះជាសេចក្ដីសុចរិតរបស់ទ្រង់មិនអនុញ្ញាតឲ្យទ្រង់ធ្វើមិនដឹងមិនឮចំពោះអំពើបាបដែលមនុស្សធ្វើដោយមិនប្រែចិត្តក៏ដោយនោះ តែនេះមិនបានន័យថា ទ្រង់ជាព្រះមួយអង្គដែលគ្មានមេត្ដាដែលគួរឲ្យខ្លាច ឬក៏ដែលមិនគួរឲ្យចូលទៅជិតនោះឡើយ។ ផ្ទុយទៅវិញ ការប្រព្រឹត្តដ៏សុចរិតរបស់ទ្រង់ជាមូលដ្ឋានសំរាប់ឲ្យមនុស្សចូលទៅជិតទ្រង់ និងទទួលសេចក្ដីសង្គ្រោះពីលទ្ធផលខ្លោចផ្សានៃអំពើបាប។ ដូច្នេះ គឺសមរម្យណាស់ដែលព្រះយេហូវ៉ាត្រូវពណ៌នាជា«ព្រះសុចរិតហើយជាព្រះអង្គសង្គ្រោះ»។—អេសាយ ៤៥:២១
សេចក្ដីសុចរិតនិងសេចក្ដីសង្គ្រោះ
៨, ៩. តើក្រិត្យវិន័យបានសម្ដែងនូវសេចក្ដីសុចរិតរបស់ព្រះយ៉ាងដូចម្ដេច?
៨ ដើម្បីយល់នូវទំនាក់ទំនងរវាងសេចក្ដីសុចរិតរបស់ព្រះ និងអ្វីដែលទ្រង់បានប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ដើម្បីសង្គ្រោះមនុស្សជាតិនោះ សូមពិចារណានូវក្រិត្យវិន័យដែលព្រះបានប្រទានចំពោះអ៊ីស្រាអែលតាមរយៈលោកម៉ូសេ។ គ្មានការសង្ស័យទេថាច្បាប់នោះគឺសុចរិតពិតមែន។ ពំនោលចុងក្រោយរបស់លោកម៉ូសេទៅកាន់ជនអ៊ីស្រាអែល បានជួយរំឭកពួកគេដោយសំនួរថា៖ «តើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ នឹងបញ្ញត្តដ៏ត្រឹមត្រូវ[«សុចរិត», ព.ថ.] ឲ្យដូចជាក្រិត្យព្រះវិន័យនេះ ដែលអញដាក់នៅមុខឯងរាល់គ្នានៅថ្ងៃនេះដូច្នេះ?»។ (ចោទិយកថា ៤:៨) រាប់សតវត្សក្រោយមក ដាវីឌ ស្តេចនៃស្រុកអ៊ីស្រាអែលបានប្រកាសថា៖ «អស់ទាំងខច្បាប់របស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក»។—ទំនុកដំកើង ១៩:៩
៩ តាមរយៈក្រិត្យវិន័យលោកម៉ូសេ ព្រះយេហូវ៉ាបានបញ្ជាក់យ៉ាងច្បាស់នូវខ្នាតតម្រាដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់ស្តីពីអ្វីខុសនិងអ្វីត្រូវ។ ក្រិត្យវិន័យនេះបានលំអិតអំពីរបៀបជនជាតិអ៊ីស្រាអែលត្រូវប្រព្រឹត្ត មិនគ្រាន់តែក្នុងរឿងសាសនាទេ តែខាងពាណិជ្ជកម្ម អាពាហ៍ពិពាហ៍ ការបរិភោគ អនាម័យ និង ការជំនុំជំរះក្ដី។ ក្រិត្យវិន័យនេះក៏បានកំណត់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរសំរាប់អ្នកដែលបំពានច្បាប់ និងមានរហូតដល់ការកាត់ទោសប្រហារជីវិតក្នុងករណីខ្លះៗ។ a ប៉ុន្តែ តើខ្នាតតម្រាដ៏សុចរិតរបស់ព្រះដែលមានក្នុងក្រិត្យវិន័យនេះ ជាបន្ទុកដ៏ធ្ងន់គួរឲ្យធុញទ្រាន់ដែលដកហូតនូវសិទ្ធិសេរីភាពនិងអំណររបស់ប្រជាជន ដូចមនុស្សជាច្រើនសព្វថ្ងៃនេះអះអាងឬទេ?
១០. តើពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា ធ្លាប់មានអារម្មណ៍យ៉ាងណាចំពោះច្បាប់របស់ទ្រង់?
១០ ពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ាបានអរសប្បាយនឹងច្បាប់និងក្រិត្យក្រមដ៏សុចរិតរបស់ទ្រង់។ ជាឧទាហរណ៍ ស្តេចដាវីឌមិនគ្រាន់តែបានទទួលស្គាល់ថា ការវិនិច្ឆ័យសម្រេចសេចក្ដីរបស់ព្រះយេហូវ៉ាគឺពិតត្រង់និងសុចរិត ដូចយើងបានឃើញរួចហើយនោះប៉ុណ្ណោះទេ តែស្តេចដាវីឌក៏បានមានព្រះទ័យស្រឡាញ់ចេញពីដួងចិត្ត និងមានព្រះទ័យកតញ្ញូចំពោះការវិនិច្ឆ័យសម្រេចសេចក្ដីនោះ។ ស្តេចដាវីឌបានសរសេរអំពីច្បាប់និងការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាថា៖ «សេចក្ដីទាំងនោះគួរចង់បានលើសជាងមាស អើ! ជាជាងមាសសុទ្ធជាច្រើនផង ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង។ មួយទៀត ទូលបង្គំជាអ្នកបំរើទ្រង់ ក៏ចេះប្រយ័ត ដោយសារសេចក្ដីទាំងនោះដែរ ហើយដែលកាន់តាម នោះក៏មានរង្វាន់យ៉ាងធំ»។—ទំនុកដំកើង ១៩:៧, ១០, ១១
១១. តើក្រិត្យវិន័យបានសម្ដែងចេញជា«អ្នកដឹកនាំ[ឬ«គ្រូឯកជនដោយនាំ», ព.ថ.]ទៅដល់ព្រះគ្រីស្ទ»យ៉ាងដូចម្ដេច?
១១ ជាច្រើនសតវត្សក្រោយៗមក ប៉ុលបានចង្អុលបញ្ជាក់នូវគុណប្រយោជន៍ម្យ៉ាងដ៏សំខាន់ជាងនៃក្រិត្យវិន័យ។ ប៉ុលបានសរសេរក្នុងសំបុត្ររបស់គាត់ទៅកាន់ជនដែលនៅទីក្រុងកាឡាទីថា៖ «ក្រិត្យវិន័យធ្វើជាអ្នកដឹកនាំ[ឬ«គ្រូឯកជនដោយនាំ», ព.ថ.]យើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ ដើម្បីឲ្យយើងបានរាប់ជាសុចរិត ដោយអាងសេចក្ដីជំនឿ»។ (កាឡាទី ៣:២៤) នៅសម័យរបស់ប៉ុល គ្រូឯកជនម្នាក់គឺជាបាវបំរើមួយរូបក្នុងក្រុមគ្រួសារដ៏ធំ។ បាវបំរើនោះមានភារកិច្ចការពារកូនរបស់ម្ចាស់និងនាំកូននោះទៅសាលារៀន។ ស្រដៀងគ្នាដែរ ក្រិត្យវិន័យនោះបានការពារពួកអ៊ីស្រាអែលពីការប្រព្រឹត្តដ៏ទាបថោកខាងសីលធម៌ និងពីទម្លាប់សាសនារបស់សាសន៍ជិតខាង។ (ចោទិយកថា ១៨:៩-១៣; កាឡាទី ៣:២៣) ម្យ៉ាងទៀត ក្រិត្យវិន័យនេះបានបង្ហាញឲ្យជនជាតិអ៊ីស្រាអែលឃើញនូវភាពឥតគ្រប់ល័ក្ខណ៍របស់ខ្លួន និងសេចក្ដីត្រូវការរបស់ពួកគេឲ្យបានការអត់ឱនទោសនិងទទួលសេចក្ដីសង្គ្រោះ។ (កាឡាទី ៣:១៩, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ការរៀបចំសំរាប់ការថ្វាយយញ្ញបូជាបានបញ្ជាក់នូវសេចក្ដីត្រូវការសំរាប់តម្លៃលោះមួយ ថែមទាំងបានផ្ដល់ជាគំរូដើមជាទំនាយដែលបានណែនាំពួកគេឲ្យសម្គាល់ព្រះមេស្ស៊ីពិតមួយអង្គ។ (ហេព្រើរ ១០:១, ១១, ១២) ដូច្នេះ ទោះជាព្រះយេហូវ៉ាបានសម្ដែងសេចក្ដីសុចរិតរបស់ទ្រង់តាមរយៈក្រិត្យវិន័យក៏ដោយនោះ តែទ្រង់បានធ្វើដូច្នេះដោយគិតពីប្រយោជន៍របស់រាស្ត្រទ្រង់ និងសេចក្ដីសង្គ្រោះឲ្យគេរស់ជារៀងរហូត។
បុគ្គលដែលព្រះបានចាត់ទុកជាមនុស្សសុចរិត
១២. ប្រសិនបើជនជាតិអ៊ីស្រាអែលបានកាន់តាមក្រិត្យវិន័យយ៉ាងហ្មត់ចត់នោះ តើពួកគេអាចបានប្រយោជន៍អ្វី?
១២ ដោយព្រោះក្រិត្យវិន័យដែលព្រះយេហូវ៉ាបានប្រទានចំពោះសាសន៍អ៊ីស្រាអែលគឺសុចរិតគ្រប់ប្រការ នោះព្រះសព្វព្រះហឫទ័យចាត់ទុកជនជាតិអ៊ីស្រាអែលជាមនុស្សសុចរិត ប្រសិនបើពួកគេកាន់តាមក្រិត្យវិន័យនោះ។ ម៉ូសេបានរំឭកជនជាតិអ៊ីស្រាអែលពេលពួកគេជិតចូលទៅក្នុង ស្រុកសន្យាថា៖ «បើយើងប្រយ័តនឹងកាន់តាមបញ្ញត្តទាំងនេះ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃយើង ដូចជាទ្រង់បានបង្គាប់មក នោះនឹងបានរាប់ជាសេចក្ដីសុចរិតដល់យើងហើយ»។ (ចោទិយកថា ៦:២៥) ម្យ៉ាងទៀត ព្រះយេហូវ៉ាបានសន្យាថា៖ «ត្រូវឲ្យឯងរាល់គ្នាកាន់តាមអស់ទាំងច្បាប់ នឹងបញ្ញត្តទាំងប៉ុន្មានរបស់អញ បើអ្នកណាកាន់តាម នោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះឯង។ អញនេះគឺជាព្រះយេហូវ៉ា»។—លេវីវិន័យ ១៨:៥; រ៉ូម ១០:៥
១៣. ដោយសារព្រះយេហូវ៉ាបានតម្រូវឲ្យរាស្ត្រទ្រង់កាន់តាមច្បាប់ដ៏គ្រប់ល័ក្ខណ៍មួយ តើនេះបានន័យថាទ្រង់ប្រព្រឹត្តដោយអយុត្ដិធម៌ឬ? សូមពន្យល់។
១៣ គួរឲ្យសោកស្ដាយណាស់ សាសន៍អ៊ីស្រាអែលបានអាក់ខាន«កាន់តាមបញ្ញត្តទាំងនេះនៅចំពោះព្រះយេហូវ៉ា» និងហេតុនេះហើយ ពួកគេបានបាត់បង់នូវលទ្ធភាពទទួលពរដែលព្រះសន្យានឹងប្រទាននោះ។ ពួកគេបានអាក់ខានកាន់តាមច្បាប់ទាំងអស់របស់ព្រះ ពីព្រោះច្បាប់របស់ព្រះគឺគ្រប់ល័ក្ខណ៍ តែពួកគេមិនមានភាពគ្រប់ល័ក្ខណ៍ទេ។ តើនេះបានន័យថា ព្រះប្រព្រឹត្តដោយអយុត្ដិធម៌ ឬក៏ប្រព្រឹត្តអំពើទុច្ចរិតឬ? មិនមែនទាល់តែសោះ!។ ប៉ុលបានសរសេរថា៖ «ដូច្នេះ យើងនឹងថាដូចម្ដេច តើព្រះមានសេចក្ដីទុច្ចរិតឬអី? ទេ! គ្មានសោះ!»។ (រ៉ូម ៩:១៤) ការពិត បុគ្គលផ្សេងៗដែលធ្លាប់រស់នៅមុនឬក៏ក្រោយព្រះបានប្រទានក្រិត្យវិន័យនេះ ក៏បានត្រូវរាប់ជាសុចរិតដោយព្រះដែរ ទោះជាពួកគេគឺមិនគ្រប់ល័ក្ខណ៍និងមានបាបក៏ដោយ។ បុគ្គលផ្សេងៗដែលបានកោតខ្លាចព្រះ រួមមានណូអេ អ័ប្រាហាំ យ៉ូប រ៉ាហាប និងដានីយ៉ែល។ (លោកុប្បត្តិ ៧:១; ១៥:៦; យ៉ូប ១:១; អេសេគាល ១៤:១៤; យ៉ាកុប ២:២៥) ដូច្នេះ សំនួរដែលយើងត្រូវសួរគឺថា៖ ហេតុដូចម្ដេចបានជាព្រះចាត់ទុកបុគ្គលទាំងនេះថាសុចរិត?
១៤. ពេលព្រះគម្ពីរចែងថាមនុស្សម្នាក់គឺ«សុចរិត» តើចំណែងនេះមានន័យដូចម្ដេច?
១៤ ពេលព្រះគម្ពីរពណ៌នាអំពីមនុស្សជាតិណាម្នាក់ថាគាត់«សុចរិត» នេះមិនបានសេចក្ដីថាអ្នកនោះគ្មានបាប ឬក៏ជាមនុស្សគ្រប់ល័ក្ខណ៍នោះទេ។ ផ្ទុយទៅវិញ នេះបានន័យថា អ្នកនោះបំពេញភារកិច្ចរបស់ខ្លួននៅចំពោះព្រះនិងមនុស្ស។ ជាឧទាហរណ៍ លោកណូអេបានត្រូវហៅជា«អ្នកសុចរិត» និង«គ្រប់លក្ខណ៍នៅក្នុងដំណវង្សខ្លួន» ដោយព្រោះ«គ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់ គាត់ធ្វើការនោះសំរេចទាំងអស់»។ (លោកុប្បត្តិ ៦:៩, ២២; ម៉ាឡាគី ៣:១៨) សាការីនិងអេលីសាបិត មាតាបិតារបស់យ៉ូហានដែលធ្វើបុណ្យជ្រមុជទឹកឲ្យអ្នកដទៃ ក៏ត្រូវចាត់ទុក«ជាមនុស្សសុចរិតនៅចំពោះព្រះ [ពីព្រោះ]បានកាន់តាមក្រិត្យក្រមនឹងច្បាប់នៃព្រះអម្ចាស់ទាំងប៉ុន្មាន ឥតកន្លែងបន្ទោសបានទេ»។ (លូកា ១:៦) ម្យ៉ាងទៀត លោកកូនេលាស បុរសម្នាក់ដែលមិនមែនជាសាសន៍អ៊ីស្រាអែល និងជាមេទ័ពសាសន៍អ៊ីតាលីនោះ លោកក៏បានត្រូវពណ៌នាជា«មនុស្សសុចរិត ហើយកោតខ្លាចដល់ព្រះ»ដែរ។—កិច្ចការ ១០:២២
១៥. តើសេចក្ដីសុចរិតជាប់ទាក់ទងនឹងអ្វី?
១៥ បន្ថែមទៅទៀត ភាពសុចរិតរបស់មនុស្សមិនគ្រាន់តែមកពីការធ្វើអ្វីដែលព្រះទ្រង់តម្រូវប៉ុណ្ណោះទេ តែក៏ជាប់ទាក់ទងនឹងអ្វីដែលនៅក្នុងចិត្តរបស់ខ្លួនដែរគឺថា សេចក្ដីស្រឡាញ់ ជំនឿ និងចិត្តកតញ្ញូចំពោះព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់ទ្រង់។ បទគម្ពីរចែងថា អ័ប្រាហាំបាន«ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្ដីជំនឿនោះ ទុកជាសេចក្ដីសុចរិតដល់គាត់»។ (លោកុប្បត្តិ ១៥:៦) អ័ប្រាហាំមិនគ្រាន់តែមានជំនឿថាមានព្រះពិតមែនប៉ុណ្ណោះទេ តែអ័ប្រាហាំក៏ជឿទៅលើសេចក្ដីសន្យារបស់ទ្រង់ស្តីពី«ពូជ»ដែរ។ (លោកុប្បត្តិ ៣:១៥; ១២:២; ១៥:៥; ២២:១៨) ព្រះយេហូវ៉ាអាចមានទំនាក់ទំនងនិងប្រទានពរទៅលើអ័ប្រាហាំនិងអ្នកស្មោះត្រង់ឯទៀត ទោះជាពួកគេឥតគ្រប់ល័ក្ខណ៍ក៏ដោយនោះ ដោយព្រោះជំនឿនិងការប្រព្រឹត្តរបស់អ្នកនោះគឺសមស្របទៅតាមជំនឿពិត។—ទំនុកដំកើង ៣៦:១០; រ៉ូម ៤:២០-២២
១៦. តើអ្វីជាលទ្ធផលពីការជឿទៅលើយញ្ញបូជាលោះ?
១៦ នៅទីបំផុត ភាពសុចរិតនៃមនុស្សជាតិពឹងផ្អែកទាំងស្រុងទៅលើយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទជាមូលដ្ឋាន។ ប៉ុលបានសរសេរអំពីជនគ្រីស្ទាននៅសតវត្សទីមួយថា៖ «ដោយពឹងដល់ព្រះគុណ[របស់ព្រះ] នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ (រ៉ូម ៣:២៤) ប៉ុលកំពុងតែនិយាយអំពីពួកអ្នកដែលបានត្រូវជ្រើសរើសឲ្យគ្រងមរតកជាមួយព្រះគ្រីស្ទក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌។ ប៉ុន្តែ យញ្ញបូជាលោះរបស់ព្រះយេស៊ូក៏បានបើកផ្លូវឲ្យមនុស្សរាប់លាននាក់ឯទៀតមានលទ្ធភាពរាប់ទុកជាមនុស្សសុចរិតដោយព្រះដែរ។ សាវ័កយ៉ូហានបានឃើញចក្ខុនិមិត្តមួយដែលមាន«មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ . . . ឈរនៅមុខបល្ល័ង្ក នឹងកូនចៀមទាំងពាក់អាវសវែង»។ អាវសវែងនោះតំណាងថា អ្នកទាំងនោះត្រូវចាត់ទុកថាស្អាតស្អំនិងសុចរិតនៅចំពោះព្រះ ដោយព្រោះ«អ្នកទាំងនោះ . . . បានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»។—វិវរណៈ ៧:៩, ១៤
ចូរអរសប្បាយនឹងសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ា
១៧. តើយើងត្រូវធ្វើតាមជំហានអ្វីខ្លះដើម្បីដេញតាមសេចក្ដីសុចរិត?
១៧ ទោះជាព្រះយេហូវ៉ាបានប្រទានព្រះយេស៊ូគ្រីស្ទ ព្រះរាជបុត្រារបស់ទ្រង់ជាខ្សែរយៈឲ្យមនុស្សជាតិមានភាពសុចរិតនៅចំពោះទ្រង់ក៏ដោយនោះ នេះមិនកើតឡើងដោយស្វ័យប្រវត្ដិទេ។ មនុស្សម្នាក់ត្រូវអនុវត្តជំនឿទៅលើយញ្ញបូជាលោះ ក៏ត្រូវកែប្រែគន្លងជីវិតសមស្របទៅតាមព្រះហឫទ័យរបស់ព្រះ ហើយឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ា និងបង្ហាញពីការថ្វាយខ្លួននោះដោយទទួលបុណ្យជ្រមុជទឹក។ រួចមក គាត់ត្រូវបន្តព្យាយាមបណ្ដុះបណ្ដាលភាពសុចរិត ព្រមទាំងគុណសម្បត្ដិឯទៀតខាងវិញ្ញាណ។ លោកធីម៉ូថេជាគ្រីស្ទានម្នាក់ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ បានត្រូវដាស់តឿនដោយប៉ុលថា៖ «[ចូរ]ដេញតាមសេចក្ដីសុចរិត សេចក្ដីគោរពប្រតិបត្ដិដល់ព្រះ សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីសំឡូតវិញ»។ (ធីម៉ូថេទី១ ៦:១១; ធីម៉ូថេទី២ ២:២២) ព្រះយេស៊ូក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការបន្តព្យាយាម ពេលទ្រង់មានបន្ទូលថា៖ «ចូរ[«បន្ត», ព.ថ.]ស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន»។ យើងប្រហែលជាខំព្យាយាមដើម្បីទទួលពរពីព្រះរាជាណាចក្ររបស់ព្រះ ប៉ុន្តែ តើយើងខំព្យាយាមដូច្នេះដើម្បីដេញតាមសេចក្ដីសុចរិតនៃព្រះយេហូវ៉ាឬទេ?—ម៉ាថាយ ៦:៣៣
១៨. (ក) ហេតុអ្វីបានជាការដេញតាមសេចក្ដីសុចរិតគឺមិនងាយស្រួល? (ខ) តើយើងអាចទាញយកមេរៀនអ្វីពីគំរូរបស់ឡុត?
១៨ ការដេញតាមសេចក្ដីសុចរិតគឺមិនងាយស្រួលទេ។ នេះគឺដោយសារយើងទាំងអស់គ្នាមានភាពមិនគ្រប់ល័ក្ខណ៍ ហើយទំនោរចិត្តធម្មតារបស់យើងតែងតែរេទៅរកភាពទុច្ចរិត។ (អេសាយ ៦៤:៦) ម្យ៉ាងទៀត យើងនៅក្នុងចំណោមមនុស្សដែលមិនយកចិត្តទុកដាក់អ្វីបន្ដិចសោះនឹងផ្លូវដ៏សុចរិតរបស់ព្រះយេហូវ៉ា។ កាលៈទេសៈរបស់យើងគឺដូចគ្នាបេះបិទនឹងកាលៈទេសៈរបស់លោកឡុត ពេលលោករស់នៅក្នុងទីក្រុងសូដុំម ដែលជាទីក្រុងមួយដ៏ល្បីខាងអំពើទុច្ចរិត។ សាវ័កពេត្រុសបានពន្យល់នូវមូលហេតុដែលព្រះយេហូវ៉ាបានសព្វព្រះហឫទ័យសង្គ្រោះឡុតឲ្យរួចពីសេចក្ដីហិនវិនាសនោះ។ ពេត្រុសបានពន្យល់ថា៖ «អ្នកសុចរិតនោះ ដែលនៅជាមួយនឹងគេ ក៏កើតទុក្ខក្នុងចិត្តសុចរិតរបស់លោករាល់តែថ្ងៃ ដោយបានឮ ហើយឃើញការទទឹងច្បាប់ ដែលគេប្រព្រឹត្តធ្វើ»។ (ពេត្រុសទី២ ២:៧, ៨) ដូច្នេះ យកល្អឲ្យយើងម្នាក់ៗសួរខ្លួនថា៖ ‹តើខ្ញុំលួចពេញចិត្តនឹងអំពើអសីលធម៌ក្នុងរបបលោកីយ៍នេះទេ? តើខ្ញុំចាត់ទុកនាទីកំសាន្តនិងនាទីកីឡាដ៏ឃោរឃៅហិង្សាជាអ្វីដែលគ្រាន់តែឥតថ្លៃថ្នូរប៉ុណ្ណោះឬ? ឬក៏តើខ្ញុំកើតទុក្ខក្នុងចិត្តដូចជាឡុតដោយសារអំពើអាក្រក់ទាំងនេះ?
១៩. ប្រសិនបើយើងអរសប្បាយនឹងសេចក្ដីសុចរិតរបស់ព្រះ តើយើងអាចទទួលពរអ្វីខ្លះ?
១៩ ក្នុងគ្រានេះដែលប្រកបទៅដោយគ្រោះថ្នាក់និងភាពមិនទៀងទាត់នោះ ការអរសប្បាយនឹងសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ាជាអ្វីដែលការពារយើងនិងផ្ដល់សេចក្ដីសុខ។ សំនួរដែលសួរថា៖ «ឱព្រះយេហូវ៉ាអើយ! តើអ្នកណានឹងនៅក្នុងរោងឧបោសថរបស់ទ្រង់? តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន?» ស្តេចដាវីឌបានឆ្លើយដោយបន្ទូលថា៖ «អ្នកណាដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តសេចក្ដីសុចរិត»។ (ទំនុកដំកើង ១៥:១, ២) ដោយដេញតាមសេចក្ដីសុចរិតរបស់ព្រះ និងដោយអរសប្បាយនឹងសេចក្ដីសុចរិតនោះ យើងអាចរក្សាឲ្យមានទំនាក់ទំនងដ៏ល្អជាមួយនឹងព្រះយេហូវ៉ា និងបន្តទទួលពរនិងព្រះគុណពីទ្រង់។ ដូច្នេះ ជីវិតរបស់យើងនឹងប្រកបទៅដោយការពេញចិត្ត ការស្រឡាញ់ខ្លួន និងចិត្តស្ងប់រំងាប់។ ព្រះបន្ទូលរបស់ព្រះចែងថា៖ «អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នឹងសេចក្ដីសប្បុរស នោះរមែងបានជីវិត សេចក្ដីសុចរិត នឹងកិត្ដិសព្ទ»។ (សុភាសិត ២១:២១) ម្យ៉ាងទៀត ការព្យាយាមធ្វើអស់ពីសមត្ថភាពដើម្បីធ្វើអ្វីៗដ៏ត្រឹមត្រូវនិងយុត្ដិធម៌ក្នុងការប្រព្រឹត្តគ្រប់ប្រការ នឹងផ្ដល់ឲ្យយើងនូវទំនាក់ទំនងល្អនិងគួរឲ្យសប្បាយចិត្តជាមួយនឹងអ្នកឯទៀត ថែមទាំងនឹងលើកស្ទួយជីវភាពរស់នៅឲ្យប្រសើរថែមទៀតខាងសីលធម៌និងខាងវិញ្ញាណ។ អ្នកតែងបទទំនុកដំកើងបានប្រកាសថា៖ «មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្ដិធម៌ ហើយអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិតគ្រប់ពេលគ្រប់វេលា»។—ទំនុកដំកើង ១០៦:៣
[កំណត់សម្គាល់]
a ដើម្បីពិចារណាយ៉ាងល្អិតល្អន់នូវភាពទូលំទូលាយនៃក្រិត្យវិន័យលោកម៉ូសេ សូមមើលអត្ថបទចំណងជើងថា៖ «លក្ខណៈខ្លះៗនៃកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ» នៅទំព័រ២១៤-២២០ ក្នុងក្បាលទីពីរនៃសៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា(ជាភាសាអង់គ្លេស)
តើអ្នកអាចពន្យល់បានទេ?
• តើសេចក្ដីសុចរិតជាអ្វី?
• តើសេចក្ដីសង្គ្រោះជាប់ទាក់ទងនឹងសេចក្ដីសុចរិតរបស់ព្រះយ៉ាងដូចម្ដេច?
• តើព្រះរាប់ទុកមនុស្សជាតិខ្លះថាសុចរិត ដោយមានមូលដ្ឋានទៅលើអ្វី?
• តើយើងអាចអរសប្បាយនឹងសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១១]
ស្តេចដាវីឌ បានមានបន្ទូល ចេញពីដួងចិត្ត ដោយសម្ដែងថា ទ្រង់ស្រឡាញ់ច្បាប់របស់ព្រះ
[រូបភាពនៅទំព័រ១២]
ព្រះបានចាត់ទុកលោកណូអេ អ័ប្រាហាំ សាការីនិងអេលីសាបិត ព្រមទាំងកូនេលាស ជាមនុស្សសុចរិត។ តើអ្នកដឹងមូលហេតុអ្វីទេ?