តើអ្នកមានទស្សនៈយ៉ាងណាចំពោះសេចក្ដីស្លាប់?
តើអ្នកមានទស្សនៈយ៉ាងណាចំពោះសេចក្ដីស្លាប់?
សេចក្ដីស្លាប់ធ្វើឲ្យកករល្អក់ដល់ជីវិតយើង មិនថាយើងមានទ្រព្យសម្បត្ដិស្តុកស្តម្ភប៉ុនណាក៏ដោយ ឬមានសុខភាពមាំទាំល្អប៉ុនណាក៏ដោយ។ សេចក្ដីស្លាប់អាចលេបបំបាត់យើងនៅថ្ងៃណាមួយ ប្រហែលពេលយើងដើរឆ្លងកាត់ផ្លូវឬក៏កំពុងតែដេកលក់ក៏មិនដឹង។ មហន្តរាយផ្សេងៗ ដូចជាការវាយប្រហារដោយភេរវជននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅទីក្រុងញូវយ៉កនិងវ៉ាស៊ីនតោននោះ បង្ខំឲ្យយើងទទួលស្គាល់ថា «ខ្មាំងសត្រូវក្រោយបង្អស់» គឺជាសេចក្ដីស្លាប់ វាកៀរប្រមូលមនុស្សពីគ្រប់ស្រទាប់សង្គមនិងពីគ្រប់វ័យគ្រប់អាយុ។ ពេលខ្លះវាកាវទាញយកមនុស្សរាប់ពាន់នាក់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។—កូរិនថូសទី១ ១៥:២៦
យ៉ាងណាក៏ដោយ មនុស្សមើលទៅដូចជាចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសេចក្ដីស្លាប់។ សេចក្ដីរាយការណ៍អំពីសេចក្ដីស្លាប់ ហាក់ដូចជាមានកម្លាំងទាក់ទាញមនុស្សច្រើនបំផុតឲ្យបែរមកមើលកញ្ចក់ទូរទស្សន៍ជាប់ឬក៏ទិញកាសែត ជាពិសេសពេលមានមនុស្សជាច្រើននាក់ស្លាប់យ៉ាងអាណោចអាធ័មដែលគួរឲ្យរន្ធត់នោះ។ មនុស្សមិនចេះធុញមិនចេះទ្រាន់នឹងសេចក្ដីរាយការណ៍អំពីសេចក្ដីស្លាប់ទេ មិនថាស្លាប់ដោយសារសង្គ្រាម មហន្តរាយធម្មជាតិ ឧក្រិដ្ឋកម្ម ឬជម្ងឺក៏ដោយ។ ការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសេចក្ដីស្លាប់ដូច្នេះ គឺប្លែកបំផុតពេលដែលឃើញនូវរបៀបដែលមនុស្សសំដែងអារម្មណ៍កាន់ទុក្ខយ៉ាងខ្លាំងចំពោះមរណភាពរបស់តួល្បីល្បាញ ឬក៏អ្នកមានឈ្មោះបោះសម្លេងនោះ។
ហេតុការណ៍ទាំងអស់នេះសុទ្ធតែជាការពិតដែលបដិសេធពុំបាន។ មនុស្សនៅតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសេចក្ដីស្លាប់ ឲ្យតែមិនមែនជាសេចក្ដីស្លាប់របស់ខ្លួន។ ប៉ុន្តែ បើនិយាយដល់សេចក្ដីស្លាប់របស់ខ្លួននោះ មនុស្សតែងតែញ័រព្រឺខ្លួនដោយខ្លាច។ មរណភាពរបស់ខ្លួនជារឿងមួយដែលពួកយើងភាគច្រើនមិនចង់គិតឡើយ។
តើអ្នកងឿងឆ្ងល់អំពីសេចក្ដីស្លាប់ទេ?
យើងមិនចូលចិត្តគិតអំពីមរណភាពរបស់ខ្លួនយើងទេ។ ម្យ៉ាងទៀត គ្មានពេលណាមួយដែលយើងនឹងចូលចិត្តគិតអំពីរឿងនោះឡើយ។ ហេតុអ្វី? ពីព្រោះព្រះបានបង្កើតឲ្យយើងមានចំណង់យ៉ាងខ្លាំងចង់រស់នៅជារៀងរហូត។ នៅសាស្ដា ៣:១១ ព្រះគម្ពីរអេង្ឃរចែងថា៖ «ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់ពេលអនន្ត»។ ដូច្នេះ ការពិតនេះថា មនុស្សជាតិគេចវេះពីសេចក្ដីស្លាប់ពុំបានឡើយ នោះនាំឲ្យមនុស្សមានទំនាស់ក្នុងចិត្តគឺថា ការប្រទាំងគ្នារវាងបំណងចិត្តនិងការទទួលស្គាល់នូវការពិតដែលថាខ្លួននឹងស្លាប់ជាមិនខាន។ ដើម្បីបន្ធូរអារម្មណ៍នេះ និងដើម្បីចំអែតសេចក្ដីប៉ងប្រាថ្នារស់ជានិរន្តរ៍នោះ មនុស្សបានប្រឌិតឡើងនូវជំនឿជាច្រើនយ៉ាងណាស់ តាំងពីលទ្ធិអំពីព្រលឹងអមតៈរហូតដល់លទ្ធិស្តីពីការចាប់ជាតិ។
ទោះជាយ៉ាងណាក៏ដោយ សេចក្ដីស្លាប់ជាហេតុការណ៍មួយដ៏គួរឲ្យខ្លាចណាស់និងដែលនាំឲ្យមានចិត្តសាន់វ៉័ណ្ឌ ហើយការភ័យខ្លាចចំពោះសេចក្ដីស្លាប់ជាអ្វីមួយដែលមានជាសកល។ ដូច្នេះ គ្មានហេតុភ្ញាក់ផ្អើលអ្វីឡើយដែលសង្គមមនុស្សជាតិជាទូទៅចាត់ទុកសេចក្ដីស្លាប់ជាសច្ចភាពមួយដ៏ពិបាកទទួលស្គាល់ណាស់។ ហេតុមួយគឺថា សេចក្ដីស្លាប់សម្ដែងឲ្យឃើញជាក់ច្បាស់ថា ការរស់នៅដោយយកទ្រព្យសម្បត្ដិ និងអំណាចជាធំនោះនាំឲ្យជីវិតទៅជាអសារឥតការ។
តីមរណកាលបង្ខំឲ្យនៅដាច់ពីមនុស្សទេ?
ពីបុរាណកាល បុគ្គលម្នាក់ដែលជិតស្លាប់ដោយរោគាពាធ ឬមួយក៏ដោយសារត្រូវរបួសជាទម្ងន់ ធម្មតាអ្នកនោះត្រូវអនុញ្ញាតឲ្យស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ក្នុងបរិយាកាសដែលគាត់ស្គាល់និងពេញចិត្ត។ នៅយុគសម័យព្រះគម្ពីរធ្លាប់មានទម្លាប់ធ្វើដូច្នេះ ហើយសព្វថ្ងៃនេះវប្បធម៌ខ្លះនៅតែធ្វើដូច្នេះដែរ។ (លោកុប្បត្តិ ៤៩:១, ២, ៣៣) ក្នុងករណីខ្លះក្រុមគ្រួសារជួបជុំគ្នា រួមមានកូនចៅទៀតផងដើម្បីសន្ទនាជាមួយគ្នា។ នេះធ្វើឲ្យសមាជិកម្នាក់ៗក្នុងក្រុមគ្រួសារមានអារម្មណ៍ថា ខ្លួនមិនសោយសោកតែម្នាក់ឯងឡើយ ហើយការជួបជុំនេះជួយសម្រាលទុក្ខពួកគេ ដោយសារពួកគេទាំងអស់យល់ទុក្ខធុរៈគ្នានិងរួមកាន់ទុក្ខជាមួយគ្នា។
នេះគឺខុសគ្នាឆ្ងាយពីអ្វីដែលកើតឡើងក្នុងសង្គមដែលចាត់ទុកសេចក្ដីស្លាប់ជាអ្វីដែលគួរឲ្យខ្លាច មិនគួរឲ្យនិយាយសោះ និងជាអ្វីដែលកូនក្មេងមិនគួរស្ដាប់ឮ ដោយនឹកស្មានថារឿងនេះនឹងធ្វើឲ្យកូនក្មេងពិបាកចិត្តក្រៃលែង។ សព្វថ្ងៃនេះ មរណភាពគឺខុសគ្នាពីសម័យមុនៗ ហើយពួកគេច្រើនតែត្រូវស្លាប់ដោយនៅម្នាក់ឯង។ ទោះជាមនុស្សភាគច្រើនប្រហែលជាចង់ស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ដោយមានសេចក្ដីសុខនិងដោយមានក្រុមគ្រួសារថែរក្សាបង្ហាញសេចក្ដីស្រឡាញ់យ៉ាងណាក៏ដោយ តែជីវិតមែនទែនគឺអភ័ព្វណាស់ ពីព្រោះធម្មតាមនុស្សភាគច្រើនស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយឈឺចាប់ម្នាក់ឯង និងជាប់រណែងរណោងនឹងម៉ាស៊ីនទំនើបៗផ្សេងៗជាច្រើនគួរឲ្យខ្លាច។ ម្យ៉ាងទៀត រាប់លាននាក់ស្លាប់ដោយគ្មានអ្នកណាដឹង ដូចជាមកពីការប្រល័យពូជសាសន៍ ទុរ្ភឹក្ស ជម្ងឺអេដស៍ សង្គ្រាមស៊ីវិល ឬក៏ភាពក្រតោកយ៉ាក។
រឿងមួយដែលគួរយកមកពិចារណា
ព្រះគម្ពីរមិនដែលចែងថា យើងមិនគួរគិតអំពីសេចក្ដីស្លាប់ឡើយ។ តាមពិត សាស្ដា ៧:២ ចែងប្រាប់យើងថា៖ «ស៊ូទៅឯផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅឯផ្ទះដែលមានការជប់លៀង ដ្បិតមរណភាពជាចុងបំផុតរបស់មនុស្សទាំងឡាយ»។ ពេលយើងត្រូវទទួលស្គាល់ការពិតថា យើងនឹងស្លាប់នោះ យើងប្រហែលជានឹងឈប់គិតអំពីកង្វល់កង្វាយនិងសកម្មភាពផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ និងប្រមូលអារម្មណ៍ទៅលើភាពខ្លីនៃជីវិតវិញ។ នេះអាចជួយយើងរស់នៅតាមរបៀបមួយដែលមានគោលបំណង ជាជាងតែលតោលគ្មានទីដៅឬក៏គ្មានគោលបំណង។
តើអ្នកមានទស្សនៈយ៉ាងណាចំពោះសេចក្ដីស្លាប់? តើអ្នកធ្លាប់គិតអំពីអារម្មណ៍ ជំនឿ សេចក្ដីសង្ឃឹម ការភ័យខ្លាចរបស់អ្នកអំពីទីបញ្ចប់នៃជីវិតរបស់ខ្លួនឬទេ?
មនុស្សជាតិគ្មានសមត្ថភាពយល់ឬពន្យល់ភាពពិតនៃសេចក្ដីស្លាប់ ដូចជាពួកគេមិនអាចយល់នូវភាពពិតនៃជីវិតដែរ។ មានតែអ្នកបង្កើតទេដែលអាចមានបន្ទូលដែលយើងអាចយកជាការបាន។ ទ្រង់ជា«ប្រភពនៃជីវិត» ហើយ«សេចក្ដីរួចពីស្លាប់»ក៏ស្រេចនៅទ្រង់ដែរ។ (ទំនុកតម្កើង ៣៦:១០, ព្រះគម្ពីរភាសាខ្មែរសម្រាយ; ៦៨:២០) អ្នកប្រហែលជានឹងភ្ញាក់ផ្អើលដោយដឹងថា ការពិចារណានូវជំនឿដែលពេញនិយមខ្លះៗស្តីពីសេចក្ដីស្លាប់ ដោយមើលព្រះបន្ទូលរបស់ព្រះ នឹងជួយសម្រាលទុក្ខអ្នក ថែមទាំងលើកទឹកចិត្តអ្នកផងដែរ។ នេះនឹងបង្ហាញថា សេចក្ដីស្លាប់មិនមែនជាទីបញ្ចប់នៃអ្វីៗទាំងអស់ឡើយ។
[ឃ្លាអក្សរធំនៅទំព័រ៤]
ការដឹងថាយើងអាចស្លាប់មែន នោះជួយជំរុញចិត្តយើងឲ្យរស់នៅ តាមរបៀបដែលមានគោលបំណងជាង