លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«នាងជាស្ត្រីល្អត្រឹមត្រូវណាស់»

«នាងជាស្ត្រីល្អត្រឹមត្រូវណាស់»

«​នាង​ជា​ស្ត្រី​ល្អ​ត្រឹម​ត្រូវ​ណាស់​»​

ពាក្យ​ទាំង​នេះ​បាន​ពោល​សរសើរ​ចំពោះ​យុវនារី​សាសន៍​ម៉ូអាប់​មួយ​រូប។ នាង​ជា​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ​រស់ និង​នាង​ត្រូវ​ជា​កូន​ប្រសា​របស់​ស្ត្រី​សាសន៍​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​ន៉ាអូមី។ នាង​រស់​បាន​រស់​នៅ​ស្រុក​អ៊ីស្រាអែល​ប្រមាណ​៣.០០០​ឆ្នាំ​មុន ពេល​ពួក​ចៅហ្វាយ​គ្រប់​គ្រង​ស្រុក ហើយ​គឺ​នៅ​ពេល​នោះ​ឯង​ដែល​នាង​មាន​កិត្ដិនាម​ជា​ស្ត្រី​ល្អ​ត្រឹម​ត្រូវ​នោះ (​នាង​រស់ ៣:១១​) ហេតុ​អ្វី​នាង​គួរ​នឹង​ទទួល​កិត្ដិនាម​ដូច្នេះ? តើ​អ្នក​ណា​ខ្លះ​អាច​ទទួល​ប្រយោជន៍​ពី​គំរូ​របស់​នាង?

ដោយ​សារ​នាង​មិន​«​បរិភោគ​អាហារ​ដោយ​សេចក្ដី​កំជិល​»​នោះ នាង​បាន​សង្វាត​ធ្វើ​ការ​ជា​ច្រើន​ម៉ោង​ជា​អ្នក​ប្រមូល​ទិន្នផល​សំណល់​ក្នុង​វាល​ស្រែ។ ការ​ព្យាយាម​របស់​នាង​រស់​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ដទៃ​សរសើរ​នាង។ សូម្បី​តែ​នៅ​ពេល​ដែល​មាន​គេ​សុំ​បន្ធូរ​បន្ថយ​ការ​ងារ​របស់​នាង​រស់​ក៏​ដោយ ក៏​នាង​នៅ​ធ្វើ​ការ​ទាំង​នឿយ​ទាំង​ហត់ លើស​ពី​អ្វី​ដែល​គេ​បាន​តម្រូវ​ពី​នាង​ទៅ​ទៀត។ នាង​គឺ​ជា​ស្ត្រី​ដូច​ដែល​បាន​ពណ៌នា​យ៉ាង​ចំ​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​ប្រពន្ធ​ដ៏​គួរ​ឲ្យ​សរសើរ ដែល​មាន​សមត្ថភាព​និង​ដែល​ឧស្សាហ៍​ព្យាយាម។—សុភាសិត ៣១:១០​-​៣១; នាង​រស់ ២:៧, ១៥​-​១៧

គុណ​សម្បត្ដិ​ខាង​វិញ្ញាណ​របស់​នាង​រស់ ដូច​ជា​ចិត្ត​រាប​ទាប ស្មារតី​លះ​បង់ និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ជា​ដើម​នោះ ជា​កត្ដា​សំខាន់​បំផុត​ដែល​នាំ​ឲ្យ​នាង​ទទួល​នូវ​ការ​សរសើរ​ជា​ចំហ។ នាង​រស់​បាន​នៅ​ជា​មួយ​នឹង​ន៉ាអូមី​ជាប់ ដោយ​ចាក​ចេញ​ពី​ស្រុក​កំណើត​និង​មាតា​បិតា​របស់​ខ្លួន និង​ប្រថុយ​លទ្ធភាព​ដើម្បី​ទទួល​បាន​នូវ​សេចក្ដី​សុខ​កាយ​សប្បាយ​ចិត្ត​ដោយ​រៀប​អាពាហ៍ពិពាហ៍​ម្ដង​ទៀត។ ដំណាល​គ្នា​នោះ នាង​រស់​បាន​បញ្ជាក់​ថា​នាង​ចង់​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​របស់​ម្ដាយ​ក្មេក​នាង។ កំណត់​ហេតុ​បទ​គម្ពីរ​បាន​បញ្ជាក់​តម្លៃ​របស់​នាង​រស់​ដោយ​ចែង​ថា នាង​គឺ​«​វិសេស​ដល់[​ន៉ាអូមី​]ជា​ជាង​កូន​ប្រុស​៧​នាក់​»។—នាង​រស់ ១:១៦, ១៧; ២:១១, ១២; ៤:១៥

ទោះ​ជា​នាង​រស់​ធ្លាប់​ទទួល​នូវ​សេចក្ដី​សរសើរ​អំពី​មនុស្សជាតិ​ក៏​ដោយ​នោះ អ្វី​ដ៏​សំខាន់​ជាង​គឺ​ថា ព្រះ​បាន​ពេញ​ព្រះ​ហឫទ័យ​នឹង​លក្ខណៈ​របស់​នាង និង​បាន​ប្រទាន​រង្វាន់​ឲ្យ​នាង​រួម​ជា​បុព្វ​បុរស​មួយ​រូប​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (​ម៉ាថាយ ១:៥; ពេត្រុស​ទី​១ ៣:៤​) នាង​រស់​គឺ​ជា​គំរូ​ល្អ​សំរាប់​ស្ត្រី​គ្រីស្ទាន​ទាំង​ឡាយ និង​អស់​អ្នក​ដែល​អះអាង​ថា​ខ្លួន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា!