រាស្ត្រមួយពួកដែលបានត្រូវសំអិតសំអាតដើម្បីធ្វើការល្អ
រាស្ត្រមួយពួកដែលបានត្រូវសំអិតសំអាតដើម្បីធ្វើការល្អ
«ត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្ដីបរិសុទ្ធ ដោយនូវសេចក្ដីកោតខ្លាចដល់ព្រះ»។—កូរិនថូសទី២ ៧:១
១. តើព្រះយេហូវ៉ាតម្រូវអ្វីអំពីអស់អ្នកដែលចង់ថ្វាយបង្គំទ្រង់?
«តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា? តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន?»។ ដាវីឌ ស្តេចនៃសាសន៍អ៊ីស្រាអែលពីបុរាណ បានលើកឡើងសំនួរនេះដែលគួរឲ្យត្រិះរិះពិចារណា ស្តីអំពីការថ្វាយបង្គំដែលពេញព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ ក្រោយនោះ ស្តេចដាវីឌបានផ្ដល់ចម្លើយដោយមានបន្ទូលថា៖ «អ្នកដែលមានដៃស្អាត នឹងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបណ្ដោយឲ្យព្រលឹងខ្លួនទៅតាមសេចក្ដីភូតភរ ហើយមិនបានស្បថប្រវ័ញ្ចគេឡើយ»។ (ទំនុកដំកើង ២៤:៣, ៤) ដើម្បីពេញព្រះហឫទ័យរបស់ព្រះយេហូវ៉ា ដែលជាតួអង្គនៃភាពបរិសុទ្ធនោះ យើងក៏ត្រូវស្អាតនិងបរិសុទ្ធផងដែរ។ មុនពេលដែលស្តេចដាវីឌបានសួរសំនួរនេះ ព្រះយេហូវ៉ាបានមានបន្ទូលរំឭកពួកជំនុំជនអ៊ីស្រាអែលថា៖ «ចូរឲ្យឯងរាល់គ្នាញែកខ្លួនចេញ ហើយឲ្យនៅជាបរិសុទ្ធចុះ! ដ្បិតអញជាបរិសុទ្ធ»។—លេវីវិន័យ ១១:៤៤, ៤៥; ១៩:២
២. ដើម្បីបញ្ជាក់សារៈសំខាន់នៃភាពស្អាតក្នុងការថ្វាយបង្គំដ៏ពិត តើប៉ុលនិងយ៉ាកុបបាននិយាយអ្វី?
២ រាប់រយឆ្នាំក្រោយមក សាវ័កប៉ុលបានសរសេរទៅកាន់ជនគ្រីស្ទាននៅទីក្រុងកូរិនថូសដែលជាទីកន្លែងអាប់ឱនផ្នែកសីលធម៌ ដោយសរសេរថា៖ «ពួកស្ងួនភ្ងាអើយ! ដែលមានសេចក្ដីសន្យាទាំងនេះ នោះត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្ដីបរិសុទ្ធ ដោយនូវសេចក្ដីកោតខ្លាចដល់ព្រះ»។ (កូរិនថូសទី២ ៧:១) ម្ដងទៀត នេះបញ្ជាក់ចំណុចថា យើងត្រូវស្អាតនិងឥតសៅហ្មងខាងវិញ្ញាណនិងខាងរូបកាយ ប្រសិនបើយើងចង់មានទំនាក់ទំនងជាមួយនឹងព្រះ និងចង់ទទួលពរដែលទ្រង់សន្យាប្រទានមកនោះ។ ដូចគ្នាដែរ យ៉ាកុបបានសរសេរ អំពីការថ្វាយបង្គំដែលពេញព្រះហឫទ័យរបស់ព្រះ ដោយមានប្រសាសន៍ថា៖ «សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា នឹងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្ដីវេទនា ហើយឲ្យរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយនេះឡើយ»។—យ៉ាកុប ១:២៧
៣. ប្រសិនបើយើងចង់ឲ្យព្រះពេញព្រះហឫទ័យនឹងការថ្វាយបង្គំរបស់យើង តើយើងត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើអ្វី?
៣ ដោយព្រោះភាពស្អាតឬភាពបរិសុទ្ធនិងភាពឥតសៅហ្មងគឺជាកត្ដាសំខាន់ក្នុងការថ្វាយបង្គំដ៏ពិតនោះ អ្នកណាដែលចង់ពេញព្រះហឫទ័យរបស់ព្រះគួរយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការបំពេញតាមខ្នាតតម្រារបស់ទ្រង់ក្នុងរឿងនេះ។ ក៏ប៉ុន្តែ ដោយព្រោះមនុស្សសព្វថ្ងៃនេះមានគោលការណ៍និងមតិខុសៗគ្នាទាំងអស់ស្តីអំពីភាពស្អាត នោះយើងត្រូវតែយល់និងអនុវត្តតាមជាចាំបាច់ នូវអ្វីដែលព្រះយេហូវ៉ាចាត់ទុកថាស្អាតនិងអ្វីដែលសព្វព្រះហឫទ័យទ្រង់។ យើងត្រូវតែយល់ដឹងនូវអ្វីដែលព្រះតម្រូវអំពីអ្នកដែលថ្វាយបង្គំទ្រង់ស្តីអំពីរឿងនេះ ថែមទាំងត្រូវយល់នូវអ្វីដែលទ្រង់បានធ្វើដើម្បីជួយអ្នកថ្វាយបង្គំទាំងនោះពេញព្រះហឫទ័យរបស់ទ្រង់ និងឲ្យបានស្អាតនិងនៅស្អាតជានិច្ច។—ទំនុកដំកើង ១១៩:៩; ដានីយ៉ែល ១២:១០
ត្រូវស្អាតស្អំសំរាប់ការថ្វាយបង្គំដ៏ពិត
៤. សូមពន្យល់អត្ថន័យនៃភាពស្អាតក្នុងព្រះគម្ពីរ។
៤ ចំពោះមនុស្សភាគច្រើន ភាពស្អាតគ្រាន់តែមានន័យថា គ្មានដីប្រឡាក់ឬគ្មានភាពក្រខ្វក់តែប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងព្រះគម្ពីរ ភាពស្អាតត្រូវបញ្ជាក់ដោយពាក្យភាសាហេព្រើរនិងពាក្យភាសាក្រិចមួយចំនួន ដែលមិនគ្រាន់តែសំដៅទៅលើភាពស្អាតក្នុងន័យថាមិនប្រឡាក់ឬក្រខ្វក់នោះទេ ប៉ុន្តែ ច្រើនតែសំដៅទៅលើភាពស្អាតខាងសីលធម៌និងខាងវិញ្ញាណ។ ដូច្នេះ វចនាធិប្បាយព្រះគម្ពីរមួយចែងប្រាប់ថា៖ «ពាក្យ‹ស្អាត› ឬ‹មិនស្អាត› កម្រសំដៅទៅលើតែអនាម័យប៉ុណ្ណោះណាស់ តែច្រើនតែទាក់ទងនឹងគោលការណ៍សាសនាវិញ។ បើយោងទៅតាមអត្ថន័យនេះ គោលការណ៍ស្តីអំពី‹ភាពស្អាត›នោះ គឺជាប់ទាក់ទងនឹងគ្រប់ផ្នែកនៃជីវិតទាំងអស់»។
៥. តើក្រិត្យវិន័យម៉ូសេរៀបរាប់យ៉ាងណាខ្លះ ស្តីអំពីភាពស្អាតក្នុងជីវិតរបស់ជនអ៊ីស្រាអែល?
៥ ពិតណាស់ ក្រិត្យវិន័យលោកម៉ូសេបានមានវិន័យនិងក្រិត្យក្រមដែលទាក់ទងស្ទើរតែគ្រប់ផ្នែកនៃជីវិតរបស់ពួកអ៊ីស្រាអែល ហើយក៏បញ្ជាក់ច្បាស់ពីអ្វីដ៏ស្អាតនិងពេញព្រះហឫទ័យរបស់ព្រះនិងអ្វីដ៏មិនស្អាត។ ជាឧទាហរណ៍ នៅលេវីវិន័យជំពូក១១ដល់១៥ មានការណែនាំល្អិតល្អន់ស្តីអំពីភាពស្អាតនិងភាពស្មោកគ្រោកនោះ។ សត្វខ្លះៗត្រូវចាត់ទុកថាមិនស្អាត និងពួកអ៊ីស្រាអែលមិនត្រូវបរិភោគសត្វទាំងនោះឡើយ។ ការសម្រាលកូនជាហេតុធ្វើឲ្យស្ត្រីម្នាក់មានភាពមិនស្អាតមួយរយៈ។ ជម្ងឺសើស្បែកខ្លះៗដូចជាជម្ងឺឃ្លង់ជាដើម និងការហូរខ្ទុះពីសរីរាង្គបន្តពូជរបស់បុរសឬស្ត្រី ក៏ជាហេតុធ្វើឲ្យមនុស្សម្នាក់ទៅជាមិនស្អាតផងដែរ។ ក្រិត្យវិន័យនេះក៏បានបញ្ជាក់ពីអ្វីដែលពួកគេត្រូវធ្វើក្នុងករណីដែលខ្លួនទៅជាមិនស្អាតនោះ។ ជាឧទាហរណ៍ នៅជនគណនា ៥:២ យើងអានថា៖ «ចូរបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេបណ្ដេញអស់អ្នកដែលកើតឃ្លង់ ឬមានហូរខ្ទុះ ឬដែលមិនស្អាតដោយព្រោះខ្មោចស្លាប់ ឲ្យចេញទៅក្រៅទីដំឡើងត្រសាលទៅ»។
៦. តើច្បាប់ស្តីពីភាពស្អាតបានត្រូវប្រគល់ដោយមានគោលបំណងអ្វី?
៦ ច្បាប់ទាំងនេះនិងច្បាប់ឯទៀតដែលព្រះយេហូវ៉ាបានប្រទាននោះ ច្បាស់ជាជាប់ទាក់ទងនឹងគោលការណ៍វេជ្ជសាស្ត្រនិងចិត្តសាស្ត្រ ដែលហួសពីការយល់ដឹងនៅសម័យនោះឆ្ងាយណាស់ ហើយប្រជារាស្ត្រនោះបានទទួលផលប្រយោជន៍ពីការអនុវត្តតាមច្បាប់ទាំងនោះ។ ប៉ុន្តែ ច្បាប់ទាំងនោះមិនត្រូវប្រទានដើម្បីបំរើជាការថែសុខភាព ឬក៏ការណែនាំផ្នែកវេជ្ជសាស្ត្រប៉ុណ្ណោះឡើយ។ ច្បាប់ទាំងនោះជាផ្នែកនៃការថ្វាយបង្គំដ៏ពិត។ ច្បាប់ទាំងនោះបានទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់ជនអ៊ីស្រាអែលដូចជាក្នុងការបរិភោគ ការសម្រាលកូន និងអាពាហ៍ពិពាហ៍ជាដើម ដូច្នេះនេះបញ្ជាក់យ៉ាងខ្លាំងថា ព្រះយេហូវ៉ាមានសិទ្ធិកំណត់នូវអ្វីដែលសមរម្យ និងមិនសមរម្យក្នុងគ្រប់ប្រការនៃជីវិតរបស់ពួកគេ ដែលពួកគេបានថ្វាយចំពោះព្រះយេហូវ៉ាតែមួយអង្គប៉ុណ្ណោះ។—ចោទិយកថា ៧:៦; ទំនុកដំកើង ១៣៥:៤
៧. ដោយកាន់តាមក្រិត្យវិន័យ តើសាសន៍អ៊ីស្រាអែលត្រូវទទួលពរអ្វី?
៧ កិច្ចព្រមព្រៀងខាងក្រិត្យវិន័យបានការពារមិនឲ្យជនអ៊ីស្រាអែលទទួលឥទ្ធិពលអាក្រក់ពីសាសន៍ទាំងប៉ុន្មានដែលនៅជុំវិញពួកគេ។ ដោយកាន់យ៉ាងស្មោះត្រង់តាមក្រិត្យវិន័យនេះ ដែលរួមមានខ្នាតតម្រាស្តីពីការរក្សាខ្លួនឲ្យស្អាតស្អំនៅចំពោះព្រះយេហូវ៉ាជាដើម នោះពួកអ៊ីស្រាអែលនឹងសមធ្វើជាអ្នកបំរើរបស់ព្រះ ហើយសមនឹងទទួលពរពីទ្រង់។ ចំពោះរឿងនេះ ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់សាសន៍អ៊ីស្រាអែលថា៖ «បើឯងរាល់គ្នានឹងស្ដាប់តាមអញឥឡូវ ហើយកាន់តាមសេចក្ដីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញ លើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ។ ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ»។—និក្ខមនំ ១៩:៥, ៦; ចោទិយកថា ២៦:១៩
៨. ហេតុអ្វីបានជាជនគ្រីស្ទានសព្វថ្ងៃនេះត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើអ្វីដែលត្រូវចែងក្នុងក្រិត្យវិន័យស្តីអំពីភាពស្អាតស្អំនោះ?
៨ ដោយព្រោះព្រះយេហូវ៉ាបានផ្ដល់ក្រិត្យវិន័យដ៏ល្អិតល្អន់យ៉ាងនេះ ដើម្បីណែនាំពួកអ៊ីស្រាអែលឲ្យដឹងពីរបៀបដែលនាំឲ្យស្អាតស្អំ និងបរិសុទ្ធ ហើយអំពីរបៀបពេញព្រះហឫទ័យរបស់ទ្រង់នោះ តើមិនគួរគប្បីឲ្យជនគ្រីស្ទានសព្វថ្ងៃនេះពិនិត្យខ្លួនយ៉ាងហ្មត់ចត់ដែរទេឬ? ថាតើពួកគេកំពុងតែបំពេញតាមខ្នាតតម្រានេះឬក៏យ៉ាងណា? ទោះជាជនគ្រីស្ទានមិននៅក្រោមបង្គាប់ក្រិត្យវិន័យនោះក៏ដោយ តែពួកគេត្រូវចាំមិនភ្លេចនូវអ្វីដែលប៉ុលបានពន្យល់ពេលគាត់ថា អ្វីៗទាំងអស់ដែលមានក្នុងក្រិត្យវិន័យនោះ បាន«ជាស្រមោល នៃការដែលត្រូវមក តែតួរូបអង្គនោះ គឺជាព្រះគ្រីស្ទ»។ (កូល៉ុស ២:១៧; ហេព្រើរ ១០:១) ប្រសិនបើព្រះយេហូវ៉ាមានបន្ទូលថា«អញមិនប្រែប្រួលឡើយ» នេះបានបង្ហាញថាភាពស្អាតស្អំនិងភាពឥតសៅហ្មងបានចាត់ទុកជាកត្ដាសំខាន់ក្នុងការថ្វាយបង្គំពិតនៅសម័យនោះ យើងសព្វថ្ងៃនេះក៏ត្រូវចាត់ទុកភាពស្អាតស្អំក្នុងជីវភាពរស់នៅ ខាងសីលធម៌ និងខាងវិញ្ញាណជាអ្វីដ៏សំខាន់ដែរ ប្រសិនបើយើងចង់ពេញព្រះហឫទ័យរបស់ព្រះនិងទទួលពរពីទ្រង់នោះ។—ម៉ាឡាគី ៣:៦; រ៉ូម ១៥:៤; កូរិនថូសទី១ ១០:១១, ៣១
ភាពស្អាតស្អំក្នុងជីវភាពរស់នៅ ជាសញ្ញាសម្គាល់ថា ខ្លួនជាអ្នកបំរើរបស់ព្រះ
៩, ១០. (ក) ហេតុអ្វីបានជាភាពស្អាតស្អំក្នុងជីវភាពរស់នៅ គឺសំខាន់ចំពោះជនគ្រីស្ទាន? (ខ) តើមនុស្សច្រើនតែនិយាយអ្វី អំពីមហាសន្និបាតរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា?
៩ តើភាពស្អាតស្អំនៅតែជាលក្ខណៈសំខាន់នៃការថ្វាយបង្គំពិតនៅសព្វថ្ងៃនេះឬទេ? ទោះជាជីវភាពស្អាតស្អំប៉ុណ្ណោះមិនមែនជាអ្វីដែលសម្គាល់អ្នកថ្វាយបង្គំពិតរបស់ព្រះក៏ដោយនោះ គឺជាការសមរម្យដែលអ្នកថ្វាយបង្គំពិតត្រូវស្អាតស្អំបំផុតក្នុងជីវភាពរស់នៅតាមតែលទ្ធភាព។ ជាពិសេសសព្វថ្ងៃនេះ អ្នកណាដែលយកចិត្តទុកដាក់រក្សាខ្លួន សំលៀកបំពាក់ និងបរិស្ថានឲ្យស្អាតបាតនោះ ច្រើនតែអ្នកដទៃកត់សម្គាល់ឃើញយ៉ាងច្បាស់ ដោយសារមនុស្សភាគច្រើនមិនសូវយកចិត្តទុកដាក់និងរឿងនេះឡើយ។ នេះអាចមានលទ្ធផលល្អៗដូចជាប៉ុលបានប្រាប់ជនគ្រីស្ទាននៅទីក្រុងកូរិនថូសថា៖ «យើងមិនចង់អោយកើតមានរឿងអ្វីមួយដែលបណ្ដោយអោយនរណាម្នាក់ជំពប់ចិត្ត បាត់ជំនឿឡើយ ដើម្បីកុំអោយគេបន្ទោសមុខងាររបស់យើង។ ផ្ទុយទៅវិញ យើងតាំងខ្លួនជាអ្នកបំរើរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កាលៈទេសៈទាំងអស់»។—កូរិនថូសទី២ ៦:៣, ៤, ព្រះគម្ពីរភាសាខ្មែរសម្រាយ
១០ ម្ដងហើយម្ដងទៀត មន្ត្រីរាជការសរសើរស្មរបន្ទាល់ព្រះយេហូវ៉ាត្រង់ទម្លាប់និងការប្រព្រឹត្តដ៏ស្អាតស្អំ មានសណ្ដាប់ធ្នាប់ និងបង្ហាញការគោរព ដែលអាចត្រូវឃើញជាក់ស្តែងជាពិសេសនៅឯមហាសន្និបាតរបស់ពួកគេ។ តួយ៉ាងដូចជា កាសែតមួយបានរៀបរាប់អំពីមហាសន្និបាតមួយដែលបានត្រូវធ្វើឡើងនៅក្នុងខេត្តសាវ៉ូណា ប្រទេសអ៊ីតាលីថា៖ «អ្វីដែលលេចធ្លោឡើងភ្លាមៗពេលអ្នកដើរចូលទៅក្នុងកន្លែងនេះ គឺជាភាពស្អាតបាតនិងសណ្ដាប់ធ្នាប់របស់មនុស្សដែលកំពុងតែជួបជុំគ្នានៅទីនេះ» (La Stampa)។ ក្រោយមហាសន្និបាតមួយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ានៅទីក្រុងសាវប៉ោឡូ នៅប្រទេសប្រេស៊ីល អ្នកមើលខុសត្រូវស្ដាតបានប្រាប់អ្នកត្រួតពិនិត្យបុគ្គលិកបោសសំអាតថា៖ «ចាប់ពីពេលនេះទៅ យើងចង់ឲ្យអ្នកសំអាតស្ដាតនេះដូចជាស្មរបន្ទាល់ព្រះយេហូវ៉ាបានសំអាតដែរ»។ បុគ្គលម្នាក់ទៀតដែលមើលខុសត្រូវនៅស្ដាតដដែលនោះ បានមានប្រសាសន៍ថា៖ «ពេលស្មរបន្ទាល់ព្រះយេហូវ៉ាចង់ជួលស្ដាតនេះ យើងគ្មានខ្វល់ខ្វាយរឿងអ្វីឡើយ គឺខ្វល់ខ្វាយតែថ្ងៃខែប៉ុណ្ណោះ»។
១១, ១២. (ក) តើយើងគួរនឹកចាំពីគោលការណ៍អ្វីខ្លះក្នុងព្រះគម្ពីរ ស្តីអំពីភាពស្អាតស្អំផ្ទាល់ខ្លួន? (ខ) តើយើងគួរពិចារណាសំនួរអ្វីខ្លះ អំពីទម្លាប់និងរបៀបរស់នៅរបស់យើងផ្ទាល់ខ្លួន?
១១ ប្រសិនបើភាពស្អាតស្អំនិងសណ្ដាប់ធ្នាប់នៅកន្លែងដែលយើងថ្វាយបង្គំ អាចនាំមកនូវសេចក្ដីសរសើរចំពោះព្រះដែលយើងថ្វាយបង្គំនោះ ការសម្ដែងលក្ខណៈនេះក្នុងរបៀបរស់នៅផ្ទាល់ខ្លួនគឺសំខាន់ដូចគ្នាដែរ។ ប៉ុន្តែ នៅក្នុងផ្ទះរបស់យើងផ្ទាល់ យើងប្រហែលជាគិតថា យើងអាចសំរាកធ្វើតាមចិត្តរបស់យើងបាន។ ហើយបើយើងគិតអំពីសំលៀកបំពាក់វិញ យើងច្បាស់ជាមានសេរីភាពជ្រើសរើសសំលៀកបំពាក់ដែលយើងចាត់ទុកថា ស្អាតនិងស្រួលពាក់! ប៉ុន្តែ ជាទូទៅ សេរីភាពនេះមានកំរិត។ សូមចងចាំនូវការព្រមានរបស់ប៉ុលទៅកាន់គ្រីស្ទានគ្នីគ្នា ស្តីពីការជ្រើសរើសម្ហូបអាហារ។ ប៉ុលបានព្រមានថា៖ «ត្រូវប្រយ័ត ក្រែងអំណាចយើងនេះ បានបង្កើតជាហេតុនាំឲ្យពួកកំសោយជំពប់ដួល»។ រួចមក គាត់បានបញ្ជាក់គោលការណ៍មួយដែលពិតជាមានតម្លៃមែនដោយថា៖ «យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្តែ ការទាំងនោះមិនមែនសុទ្ធតែមានប្រយោជន៍នោះទេ។ យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្តែ ការទាំងនោះមិនមែនសុទ្ធតែអ្វីដែលលើកទឹកចិត្តនោះទេ»។ (កូរិនថូសទី១ ៨:៩; ១០:២៣, ព.ថ.) តើឱវាទរបស់ប៉ុលស្តីអំពីភាពស្អាតស្អំ ទាក់ទងនឹងយើងយ៉ាងដូចម្ដេច?
១២ គឺសមហេតុសមផលដែលមនុស្សគិតថា អ្នកបំរើរបស់ព្រះត្រូវ ស្អាតស្អំ និងមានរបៀបរៀបរយល្អក្នុងជីវិតផ្ទាល់ខ្លួន។ ដូច្នេះ គួរគប្បីឲ្យយើងយកចិត្តទុកដាក់ទៅលើផ្ទះរបស់យើងនិងទីធ្លាជុំវិញនោះ ដើម្បីកុំឲ្យមានសភាពដែលធ្វើឲ្យមនុស្សម្នានៅជុំវិញយើង មិនជឿអ្វីដែលយើងអះអាងនោះ គឺថាយើងជាអ្នកផ្សាយព្រះបន្ទូលរបស់ព្រះ។ តើផ្ទះរបស់យើងធ្វើបន្ទាល់ឬជាសាក្សីបែបណា ស្តីអំពីយើងនិងអំពីជំនឿរបស់យើង? តើផ្ទះរបស់យើងបង្ហាញថា យើងពិតជាចង់រស់នៅក្នុងពិភពលោកថ្មីមួយដ៏សុចរិត ដែលប្រកបទៅដោយភាពស្អាតស្អំនិងមានរបៀបរៀបរយល្អ ដូចយើងខំជំរុញមនុស្សឯទៀតយ៉ាងខ្លាំងឲ្យចូលទៅរស់នៅនោះឬទេ? (ពេត្រុសទី២ ៣:១៣) ដូចគ្នាដែរ អាការក្រៅផ្ទាល់ខ្លួនរបស់យើង មិនថាពេលសំរាកកំសាន្តឬក៏ពេលកំពុងតែផ្សព្វផ្សាយក៏ដោយ ក៏អាចបន្ថែមឬក៏បន្ថយសមត្ថភាពទាក់ទាញនៃសារដែលយើងផ្សព្វផ្សាយនោះបានដែរ។ ជាឧទាហរណ៍ សូមពិចារណានូវប្រសាសន៍របស់អ្នកកាសែតម្នាក់នៅប្រទេសម៉ិកស៊ិកថា៖ «ស្មរបន្ទាល់ព្រះយេហូវ៉ាមានសមាជិកយុវវ័យជាច្រើន ហើយលក្ខណៈរបស់ពួកយុវវ័យដែលលេចធ្លោជាងគេ គឺជាម៉ូដសក់ ភាពស្អាតបាត និងសំលៀកបំពាក់ដ៏សមរម្យរបស់ពួកគេ»។ គួរឲ្យសប្បាយណាស់! ដែលមានយុវវ័យបែបនេះក្នុងចំណោមពួកយើង។
១៣. ដើម្បីមានជីវភាពរស់នៅដ៏ស្អាតស្អំនិងមានរបៀបរៀបរយល្អជានិច្ចនោះ តើយើងអាចធ្វើអ្វីខ្លះ?
១៣ ពិតមែនហើយ ការរក្សាខ្លួនប្រាណ របស់របរ និងផ្ទះរបស់យើងឲ្យស្អាតបាត និងមានរបៀបរៀបរយជានិច្ចនោះ មិនជាអ្វីដ៏ងាយស្រួលធ្វើឡើយ។ យើងមិនត្រូវការប្រដាប់ប្រដាទំនើបនិងថ្លៃៗនោះទេ តែយើងត្រូវរៀបចំឲ្យបានល្អនិងមានសណ្ដាប់ធ្នាប់ជានិច្ច។ យើងត្រូវឆ្លៀតពេលដើម្បីសំអាតខ្លួន បោកសំលៀកបំពាក់របស់យើង សំអាតផ្ទះ និងលាងសំអាតរថយន្តជាដើម។ ការរវល់នឹងកិច្ចផ្សព្វផ្សាយ កិច្ចប្រជុំ ការសិក្សាផ្ទាល់ខ្លួន និងភារកិច្ចផ្សេងទៀតក្នុងជីវិតប្រចាំថ្ងៃ មិនមែនជាហេតុធ្វើឲ្យយើងរួចពីភារកិច្ចរក្សាខ្លួនឲ្យស្អាតស្អំនិងសមរម្យនៅចំពោះព្រះនិងមនុស្សឡើយ។ គោលការណ៍ថា៖ «មានពេលសំរាប់គ្រប់ទាំងអស់»ដែលយើងធ្លាប់រៀនពីមុនមក ក៏សំដៅយ៉ាងចំៗទៅលើភាពស្អាតស្អំក្នុងរបៀបរស់នៅរបស់យើង។—សាស្ដា ៣:១
ចិត្តឥតសៅហ្មង
១៤. ហេតុអ្វីយើងអាចនិយាយថា ភាពស្អាតស្អំខាងសីលធម៌និងខាងវិញ្ញាណ គឺសំខាន់ជាងភាពស្អាតស្អំក្នុងជីវភាពរស់នៅទៅទៀត?
១៤ ទោះជាការយកចិត្តទុកដាក់ទៅលើភាពស្អាតស្អំក្នុងជីវភាពរស់នៅគឺសំខាន់ក៏ដោយនោះ ការយកចិត្តទុកដាក់ទៅលើភាពស្អាតស្អំខាងសីលធម៌ និងខាងវិញ្ញាណគឺសំខាន់ជាងនោះទៅទៀត។ យើងយល់ ដូច្នេះដោយចាំថា សាសន៍អ៊ីស្រាអែលបានត្រូវបដិសេធដោយព្រះយេហូវ៉ា មិនដោយព្រោះពួកគេមិនស្អាតស្អំក្នុងជីវភាពរស់នៅនោះទេ តែដោយសារពួកគេមិនស្អាតស្អំខាងសីលធម៌និងខាងវិញ្ញាណ។ តាមរយៈព្យាការីអេសាយ ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់សាសន៍អ៊ីស្រាអែលថា យញ្ញបូជា ការធ្វើបុណ្យចូលខែ ថ្ងៃឈប់សំរាក និងរហូតដល់សេចក្ដីអធិស្ឋានរបស់ពួកគេ បានរំខានព្រះហឫទ័យរបស់ទ្រង់ណាស់ ដោយសារពួកគេជា«ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត»។ តើពួកអ៊ីស្រាអែលត្រូវធ្វើអ្វីដើម្បីពេញព្រះហឫទ័យរបស់ព្រះយេហូវ៉ាវិញ? ព្រះយេហូវ៉ាមានបន្ទូលថា៖ «ចូរជំរះខ្លួនឲ្យស្អាតចុះ! ចូរបំបាត់អំពើអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្តពីចំពោះភ្នែកអញចេញ ហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅ»។—អេសាយ ១:៤, ១១-១៦
១៥, ១៦. តាមបន្ទូលព្រះយេស៊ូ តើអ្វីដែលធ្វើឲ្យបុគ្គលម្នាក់ស្មោកគ្រោកនោះ? ហើយតើយើងអាចទទួលផលប្រយោជន៍អ្វីពីបន្ទូលរបស់ព្រះយេស៊ូនោះ?
១៥ ដើម្បីយល់ថែមទៀតអំពីសារៈសំខាន់នៃភាពស្អាតស្អំខាងសីលធម៌និងខាងវិញ្ញាណ សូមពិចារណានូវព្រះបន្ទូលរបស់ព្រះយេស៊ូពេលពួកផារិស៊ីនិងពួកស្ក្រែបបានអះអាងថា សិស្សរបស់ទ្រង់មិនស្អាត ពីព្រោះពួកគេមិនលាងដៃមុនបរិភោគទេ។ ព្រះយេស៊ូបានប្រដៅពួកផារិស៊ីដោយមានបន្ទូលថា៖ «មិនមែនជារបស់ចូលតាមមាត់ ដែលធ្វើឲ្យមនុស្សស្មោកគ្រោកនោះទេ ឯរបស់ដែលធ្វើឲ្យគេស្មោកគ្រោកនោះគឺជាសេចក្ដីដែលចេញពីមាត់វិញទេតើ!»។ រួចព្រះយេស៊ូពន្យល់ថា៖ «សេចក្ដីដែលចេញពីមាត់មក នោះមកអំពីចិត្តវិញ គឺសេចក្ដីទាំងនោះហើយ ដែលធ្វើឲ្យមនុស្សស្មោកគ្រោក ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនឹងជេរប្រមាថ សេចក្ដីទាំងនេះទើបធ្វើឲ្យមនុស្សស្មោកគ្រោកមែន។ តែដែលបរិភោគឥតលាងដៃ នោះមិនមែនធ្វើឲ្យស្មោកគ្រោកទេ»។—ម៉ាថាយ ១៥:១១, ១៨-២០
១៦ តើយើងរៀនអ្វីខ្លះពីបន្ទូលរបស់ព្រះយេស៊ូ? ព្រះយេស៊ូបានបញ្ជាក់ថា ការប្រព្រឹត្តដ៏ទុច្ចរិត អសីលធម៌ និងការស្មោកគ្រោកនោះ ផ្ដើមចេញពីទំនោរចិត្តទៅរកអំពើទុច្ចរិត អំពើអសីលធម៌ និងការស្មោកគ្រោក។ ដូចជាយ៉ាកុបបានមានប្រសាសន៍ថា៖ «ដែលគ្រប់គ្នាកើតមានសេចក្ដីល្បួង នោះគឺដោយសារតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ»។ (យ៉ាកុប ១:១៤, ១៥) ដូច្នេះ ប្រសិនបើយើងមិនចង់ធ្លាក់ខ្លួនធ្វើអំពើបាបធ្ងន់ដែលព្រះយេស៊ូបានពណ៌នានោះ យើងត្រូវបំបាត់ចោលនូវទំនោរចិត្តរេទៅរកទង្វើបែបនេះ ហើយរក្សាការពារចិត្តយើងទៀតផង។ នេះបានន័យថា យើងត្រូវប្រុងប្រយ័ត្ននឹងអ្វីដែលយើងអាន មើល និងស្ដាប់។ សព្វថ្ងៃនេះ ដោយអាងសិទ្ធិសេរីភាពខាងការបញ្ចេញមតិនិងសិទ្ធិសេរីភាពរបស់សិល្បករ នោះ ក្រុមហ៊ុនផ្នែកនាទីកំសាន្តនិងការផ្សាយពាណិជ្ជកម្មកំពុងតែផលិតបញ្ចេញរូបភាពនិងពាក្យសំដីជាច្រើនដែលចំអែតសេចក្ដីប៉ងប្រាថ្នានៃសាច់ឈាមដ៏ឥតគ្រប់ល័ក្ខណ៍។ យើងគួរតាំងចិត្តមិនអនុញ្ញាតឲ្យគំនិតបែបនេះជ្រួតជ្រាបពេញក្នុងចិត្តរបស់យើងឡើយ។ ចំណុចចំបងគឺថា យើងត្រូវប្រុងប្រយ័ត្នជានិច្ចដើម្បីរក្សាចិត្តយើងឲ្យស្អាតស្អំនិងឥតសៅហ្មង ប្រសិនបើយើងចង់ពេញនិងគាប់ព្រះហឫទ័យរបស់ព្រះ។—សុភាសិត ៤:២៣
បានត្រូវសំអិតសំអាតដើម្បីធ្វើការល្អ
១៧. ហេតុអ្វីបានជាព្រះយេហូវ៉ាបានសំអិតសំអាតរាស្ត្ររបស់ទ្រង់?
១៧ ការមានព្រះយេហូវ៉ាជួយសំអិតសំអាតយើងឲ្យទៅជាស្អាតស្អំនៅចំពោះទ្រង់ជាឯកសិទ្ធិដ៏វិសេសមួយ ថែមទាំងជាអ្វីដែលការពារយើង។ (កូរិនថូសទី២ ៦:១៤-១៨) ប៉ុន្តែ យើងក៏យល់ថា ព្រះយេហូវ៉ាបានសំអិតសំអាតរាស្ត្ររបស់ទ្រង់ដោយមានគោលបំណងជាក់លាក់មួយ។ ប៉ុលបានប្រាប់ទីតុសថា ព្រះគ្រីស្ទព្រះយេស៊ូបាន«ថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយនឹងសំអាតមនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ»។ (ទីតុស ២:១៤) ក្នុងនាមជារាស្ត្រដ៏ស្អាតស្អំនោះ តើយើងត្រូវឧស្សាហ៍ធ្វើការអ្វី?
១៨. តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថា យើងឧស្សាហ៍ធ្វើការល្អ?
១៨ មុនបង្អស់និងសំខាន់បំផុត យើងគួរព្យាយាមក្នុងការប្រកាសប្រាប់ដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ២៤:១៤) ដោយធ្វើដូច្នេះ យើងផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សនៅគ្រប់ទីកន្លែងឲ្យរស់ជារៀងរហូតនៅលើផែនដីដែលគ្មានភាពស្មោកគ្រោកអ្វីសោះ។ (ពេត្រុសទី២ ៣:១៣) កិច្ចការល្អរបស់យើងរួមមានការបង្ហាញផលផ្លែនៃវិញ្ញាណបរិសុទ្ធក្នុងជីវិតប្រចាំថ្ងៃ ជាអ្វីដែលលើកសរសើរព្រះវរបិតាសួគ៌ារបស់យើង។ (កាឡាទី ៥:២២, ២៣; ពេត្រុសទី១ ២:១២) យើងក៏មិនភ្លេចបុគ្គលដែលមិនមែនជាអ្នកជឿដែលឆ្លងកាត់មហន្តរាយធម្មជាតិ ឬក៏ជួបប្រទះហេតុការណ៍ខ្លោចផ្សាផ្សេងទៀតដែរ។ យើងនឹកចាំពីការទូន្មានរបស់ប៉ុលថា៖ «ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។ (កាឡាទី ៦:១០) កិច្ចបំរើទាំងអស់នេះដែលត្រូវធ្វើចេញពីចិត្តដ៏ស្អាតស្អំនិងដោយមានបំណងល្អនោះ គឺជាអ្វីដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យ។—ធីម៉ូថេទី១ ១:៥
១៩. តើយើងនឹងទទួលពរអ្វី ប្រសិនបើយើងបន្តបំពេញខ្នាតតម្រាខ្ពង់ខ្ពស់ ស្តីអំពីភាពស្អាតស្អំក្នុងជីវភាពរស់នៅ ខាងសីលធម៌និងខាងវិញ្ញាណ?
១៩ ជាអ្នកបំរើព្រះដ៏ខ្ពស់បំផុត យើងស្ដាប់តាមពាក្យរបស់ប៉ុលថា៖ «បងប្អូនអើយ! ខ្ញុំទូន្មានអ្នករាល់គ្នាដោយសេចក្ដីមេត្ដាករុណានៃព្រះ ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង»។ (រ៉ូម ១២:១) ចូរយើងបន្តមានចិត្តកតញ្ញូចំពោះឯកសិទ្ធិមានព្រះយេហូវ៉ាសំអិតសំអាតយើង ហើយចូរយើងធ្វើអស់ពីសមត្ថភាពដើម្បីបំពេញតាមខ្នាតតម្រាខ្ពង់ខ្ពស់ ស្តីអំពីភាពស្អាតស្អំក្នុងជីវភាពរស់នៅ ខាងសីលធម៌ និងខាងវិញ្ញាណ។ ការធ្វើដូច្នេះនឹងនាំឲ្យយើងស្រឡាញ់ខ្លួន និងមានការពេញចិត្តមិនគ្រាន់តែឥឡូវនេះ តែក៏នឹងផ្ដល់នូវលទ្ធភាពមើលឃើញ«សេចក្ដីមុនទាំងប៉ុន្មាន» ដែលជារបបលោកីយ៍ដ៏អាក្រក់និងស្មោកគ្រោកនេះកន្លងបាត់ទៅ ពេលព្រះ«ធ្វើទាំងអស់ឡើងជាថ្មី»។—វិវរណៈ ២១:៤, ៥
តើអ្នកចាំទេ?
• សាសន៍អ៊ីស្រាអែលបានត្រូវប្រទានឲ្យច្បាប់ជាច្រើនស្តីអំពីភាពស្អាតស្អំ តើហេតុអ្វី?
• ហេតុដូចម្ដេចបានជាភាពស្អាតស្អំក្នុងជីវភាពរស់នៅ អាចធ្វើឲ្យមនុស្សចង់ស្ដាប់សារដែលយើងផ្សព្វផ្សាយ?
• ហេតុអ្វីបានជាភាពស្អាតស្អំខាងវិញ្ញាណគឺសំខាន់ជាងភាពស្អាតក្នុងជីវភាពរស់នៅ?
• តើយើងអាចបង្ហាញថា យើងជារាស្ត្រ«ឧស្សាហ៍ធ្វើការល្អ» យ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៧]
ភាពស្អាតស្អំ ក្នុងជីវភាពរស់នៅ ធ្វើឲ្យមនុស្សចង់ស្ដាប់ នូវសារដែលយើងផ្សព្វផ្សាយ
[រូបភាពនៅទំព័រ១៨]
ព្រះយេស៊ូបានព្រមានថា គំនិតអាក្រក់នាំទៅដល់ការប្រព្រឹត្តអាក្រក់
[រូបភាពនៅទំព័រ១៩]
ជារាស្ត្រដ៏ស្អាតស្អំ ស្មរបន្ទាល់ព្រះយេហូវ៉ាឧស្សាហ៍ធ្វើការល្អ