លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរថ្វាយបង្គំព្រះពិត«ដោយវិញ្ញាណ»

ចូរថ្វាយបង្គំព្រះពិត«ដោយវិញ្ញាណ»

ចូរ​ថ្វាយ​បង្គំ​ព្រះ​ពិត​«​ដោយ​វិញ្ញាណ​»​

​«​តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​ព្រះ​ជា​ម្ចាស់​ទៅ​នឹង​ព្រះ​ណា? តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ព្រះ​អង្គ?​»។អេសាយ ៤០:១៨, ​«​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​»​

អ្នក​ប្រហែល​ជា​ជឿ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ថា ព្រះ​ពិត​សព្វ​ព្រះ​ហឫទ័យ​ពេល​អ្នក​ប្រើ​រូប​ភាព​សាសនា​ក្នុង​ការ​ថ្វាយ​បង្គំ​ទ្រង់។ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា ការ​ប្រើ​រូប​ភាព​សាសនា​ក៏​នាំ​ឲ្យ​អ្នក​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​អង្គ​ដែល​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​អ្នក ដែល​ទ្រង់​ជា​បុគ្គល​មាន​រូប​តែ​មើល​មិន​ឃើញ​ដែល​ពិបាក​ស្គាល់​និង​ពិបាក​និយាយ​សំណេះ​សំណាល​គ្នា។

ប៉ុន្តែ តើ​យើង​មាន​សេរី​ភាព​ពេញ​ទី​ក្នុង​ការ​ជ្រើស​រើស​នូវ​របៀប​ណា​ដែល​យើង​ចង់​ទាក់​ទង​នឹង​ព្រះ​ឬ? ឬ​មួយ​ក៏ តើ​ព្រះ​ពិត​ត្រូវ​សម្រេច​ព្រះ​ទ័យ​ដោយ​អង្គ​ទ្រង់​ផ្ទាល់ អំពី​អ្វី​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​និង​អ្វី​ដែល​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ? ព្រះ​យេស៊ូ​បាន​ពន្យល់​អំពី​ទស្សនៈ​របស់​បិតា​ទ្រង់ ដោយ​មាន​បន្ទូល​ថា​៖ ​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត។ បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ​វរបិតា​បាន​ឡើយ​»។ (​យ៉ូហាន ១៤:៦​) បន្ទូល​នោះ​តែ​មួយ​ប៉ុណ្ណោះ អាច​ជា​បំរាម​កុំ​ឲ្យ​ប្រើ​រូប​ភាព​សាសនា​ឬ​វត្ថុ​ពិសិដ្ឋ​ណា​ផ្សេង​ទៀត។

ត្រូវ​មែន ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​ការ​ថ្វាយ​បង្គំ​ដ៏​ជាក់​លាក់​ម្យ៉ាង។ តើ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ការ​ថ្វាយ​បង្គំ​បែប​ណា? ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ពន្យល់​ថា​៖ ​«​នឹង​មាន​ពេល​វេលា​មក ក៏​នៅ​ឥឡូវ​នេះ​ហើយ នោះ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត ពីព្រោះ​ព្រះ​វរបិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​ថ្វាយ​បង្គំ​ទ្រង់។ ឯ​ព្រះ ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ​បង្គំ ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត​ដែរ​»។—យ៉ូហាន ៤:២៣, ២៤

តើ​រូប​បដិមាករ​អាច​តំណាង​ព្រះ​ដែល​«​ជា​វិញ្ញាណ​»​បាន​មែន​ឬ? គឺ​មិន​អាច​បាន​ឡើយ! មិន​ថា​រូប​ភាព​សាសនា​មាន​ក្បាច់​រចនា​លំអ​ដ៏​ប្រណីត​យ៉ាង​ណា​ក៏​ដោយ រូប​នោះ​មិន​មាន​ភាព​ស្មើ​នឹង​សិរី​លំអ​របស់​ព្រះ​ឡើយ។ ដូច្នេះ រូប​បដិមាករ​មិន​អាច​តំណាង​ទ្រង់​យ៉ាង​ពិត​បាន​ឡើយ។ (​រ៉ូម ១:២២, ២៣​) តើ​មនុស្ស​ពិត​ជា‹ថ្វាយ​បង្គំ​ព្រះ​ដោយ​សេចក្ដី​ពិត›មែន​ឬ បើ​គេ​ទូល​ថ្វាយ​ទ្រង់​តាម​រយៈ​រូប​ណា​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​នោះ?

សេចក្ដី​បង្រៀន​មួយ​ក្នុង​ព្រះ​គម្ពីរ ដែល​ច្បាស់​លាស់

ក្រិត្យ​វិន័យ​របស់​ព្រះ​បាន​ហាម​ដាច់​ខាត​នូវ​ការ​ឆ្លាក់​រូប​ណា​ដើម្បី​ប្រើ​ក្នុង​ការ​ថ្វាយ​បង្គំ។ ក្រិត្យ​វិន័យ​ទី​ពីរ​ក្នុង​ចំណោម​ក្រិត្យ​វិន័យ​ទាំង​ដប់​ប្រការ បាន​បង្គាប់​ថា​៖ ​«​កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន​សួគ៌​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ផង ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិបត្ដិ​តាម​នោះ​ឡើយ​»។ (​និក្ខមនំ ២០:៤, ៥​) បទ​គម្ពីរ​សំរាប់​គ្រីស្ទាន​ដែល​បាន​បណ្ដាល​មក​ពី​ព្រះ​ក៏​បង្គាប់​ដែរ​ថា​៖ ​«​ចូរ​រត់​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ចេញ​»។—កូរិនថូស​ទី​១ ១០:១៤

មនុស្ស​ច្រើន​តែ​ប្រកែក​ថា ការ​ប្រើ​រូប​បដិមាករ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ នោះ​មិន​ត្រូវ​ចាត់​ទុក​ជា​ការ​ថ្វាយ​បង្គំ​រូប​ទេ។ ហើយ​ពួក​គេ​ច្រើន​តែ​បដិសេធ​ថា ការ​ឱន​ក្បាល លុត​ជង្គង់ និង​បន់​ព្រះ​ពី​មុខ​រូប​ភាព​សាសនា​នោះ ក៏​មិន​មែន​ជា​ការ​ថ្វាយ​បង្គំ​រូប​នោះ​ដែរ។ បព្វជិត​ម្នាក់​បាន​សរសេរ​ថា​៖ ​«​យើង​ក្រាប​សំពះ​ចំពោះ​រូប​ភាព​សាសនា​ពីព្រោះ​រូប​ភាព​នោះ​ជា​វត្ថុ​បរិសុទ្ធ ហើយ​ដោយ​ព្រោះ​យើង​គោរព​តាម​អ្វី​ដែល​រូប​នោះ​តំណាង​»។

ក៏​ប៉ុន្តែ យើង​នៅ​តែ​គួរ​សួរ​ខ្លួន​ឯង​ថា​៖ តើ​ព្រះ​ពិត​សព្វ​ព្រះ​ហឫទ័យ​នឹង​ការ​ប្រើ​រូប​ភាព​សាសនា សូម្បី​តែ​ជា​វត្ថុ​តំណាង​ប៉ុណ្ណោះ​ឬ? គ្មាន​ខ​ណា​សោះ​ក្នុង​ព្រះ​គម្ពីរ ដែល​យល់​ព្រម​នឹង​ការ​ប្រព្រឹត្ត​បែប​នោះ។ នៅ​ពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​បាន​ធ្វើ​រូប​កូន​គោ​មួយ ទាំង​អះអាង​ថា​ជា​របៀប​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា នោះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​កាត់​ទោស​គេ​យ៉ាង​ខ្លាំង ថា​ពួក​គេ​បាន​ក្បត់​ជំនឿ​ពិត។—និក្ខមនំ ៣២:៤​-​៧

គ្រោះ​ថ្នាក់​ដែល​យើង​ស្មាន​មិន​ដល់

ការ​ប្រើ​រូប​ឆ្លាក់​និង​រូប​ភាព​សាសនា​ក្នុង​ការ​ថ្វាយ​បង្គំ គឺ​ជា​ការ​ប្រព្រឹត្ត​ដែល​មាន​គ្រោះ​ថ្នាក់។ ការ​ធ្វើ​ដូច្នេះ​អាច​ល្បួង​មនុស្ស​ឲ្យ​ថ្វាយ​បង្គំ​វត្ថុ​នោះ ជា​ជាង​គោរព​ថ្វាយ​បង្គំ​ព្រះ​ដែល​វត្ថុ​នោះ​ត្រូវ​តំណាង។ នេះ​បាន​សេចក្ដី​ថា រូប​ភាព​សាសនា​អាច​ក្លាយ​ជា​រូប​ដែល​មនុស្ស​ក្រាប​សំពះ​និង​ថ្វាយ​បង្គំ។

នៅ​ជំនាន់​ពួក​អ៊ីស្រាអែល ពួក​គេ​បាន​ប្រើ​វត្ថុ​ផ្សេង​ៗ​ដោយ​ធ្វើ​ដូច​គ្នា​ដែរ។ ជាក់​ស្តែង​ដូច​ជា​ក្នុង​កំឡុង​ពេល​ដែល​អ៊ីស្រាអែល​កំពុង​តែ​ធ្វើ​ដំណើរ​កាត់​ទី​រហោ​ស្ថាន​នោះ លោក​ម៉ូសេ​បាន​ធ្វើ​រូប​ពស់​ពី​ស្ពាន់ ពេល​សាសន៍​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេស៊ីប។ មុន​ដំបូង រូប​ពស់​នោះ​លើ​បង្គោល ជា​អ្វី​ដែល​អាច​នាំ​ឲ្យ​ប្រជាជន​ទទួល​ការ​ព្យាបាល​បាន។ ពួក​អ្នក​ដែល​បាន​ទទួល​ទោស​ដោយ​ពស់​ចឹក​នោះ អាច​សម្លឹង​មើល​ពស់​ស្ពាន់​នោះ ហើយ​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​បាន។ ប៉ុន្តែ ដល់​ពេល​ដែល​សាសន៍​អ៊ីស្រាអែល​បាន​រើ​ទៅ​នៅ​ក្នុង​ស្រុក​សន្យា​រួច​ហើយ ពួក​គេ​ទំនង​ជា​បាន​ចាប់​ផ្ដើម​ប្រើ​វត្ថុ​តំណាង​នោះ​ជា​រូប​ព្រះ​មួយ ដូច​ជា​ពស់​ស្ពាន់​នោះ​ឯង​មាន​សមត្ថភាព​ព្យាបាល​ជម្ងឺ​ដូច្នោះ​ដែរ។ បណ្ដា​ជន​នោះ​បាន​អុជ​ធូប​ថ្វាយ​ដល់​ពស់​ស្ពាន់ ក៏​បាន​ថ្វាយ​ព្រះ​នាម​ហៅ​វា​នេហ៊ូសថាន់។—ជន​គណនា ២១:៨, ៩; ពង្សាវតារ​ក្សត្រ​ទី​២ ១៨:៤

ពួក​អ៊ីស្រាអែល​ក៏​បាន​សាក​ប្រើ​ហិប​នៃ​កិច្ច​ព្រម​ព្រៀង​ជា​វត្ថុ​ស័​ក្ដ​សិទ្ធិ​ប្រឆាំង​នឹង​ខ្មាំង​សត្រូវ​របស់​គេ​ដែរ តែ​បាន​អន្តរាយ​វិញ។ (​សាំយូអែល​ទី​១ ៤:៣, ៤; ៥:១១​) ហើយ​នៅ​ជំនាន់​លោក​យេរេមា ពលរដ្ឋ​នៅ​ទី​ក្រុង​យេរូសាឡិម​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​វិហារ​ច្រើន​ជាង​គិត​អំពី​ព្រះ​ដែល​គេ​ថ្វាយ​បង្គំ​នៅ​ទី​នោះ​ទៅ​ទៀត។—យេរេមា ៧:១២​-​១៥

នា​បច្ចុប្បន្នកាល​នេះ មនុស្ស​ទូទៅ​នៅ​តែ​មាន​ទំនោរ​ចិត្ត​ចង់​ថ្វាយ​បង្គំ​វត្ថុ​ផ្សេង​ៗ ជា​ជាង​គោរព​ថ្វាយ​បង្គំ​ព្រះ។ អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ឈ្មោះ​វិតាលី អ៊ីវ៉ានណូវិច ពីត្រេងកូ បាន​មាន​ប្រសាសន៍​ថា​៖ ​«​រូប​ភាព​សាសនា . . . ក្លាយ​ជា​អ្វី​ដែល​មនុស្ស​ក្រាប​ថ្វាយ​បង្គំ ហើយ​នៅ​ទី​បំផុត​ក៏​អាច​នាំ​ឲ្យ​ធ្លាក់​ខ្លួន​ទៅ​ថ្វាយ​បង្គំ​រូប​បដិមាករ​វិញ . . . យើង​ត្រូវ​ទទួល​ស្គាល់​ថា ការ​គោរព​ចំពោះ​រូប​ភាព​សាសនា​មក​ពី​ជំនឿ​ដែល​គេ​និយម​ទូទៅ​តាម​ទំលាប់​របស់​ពួក​ពាហិរជន​»។

ការ​អះអាង​ថា រូប​ភាព​សាសនា​គ្រាន់​តែ​ជា​ជំនួយ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​ប៉ុណ្ណោះ គឺ​ពិបាក​ជឿ​ណាស់។ ហេតុ​អ្វី​បាន​ជា​ពិបាក​ជឿ? គឺ​ពីព្រោះ​មនុស្ស​គោរព​និង​ស្រឡាញ់​រូប​ភាព​ខ្លះ​ៗ ថា​មាន​ឫទ្ធានុភាព​ច្រើន​ជាង​រូប​ភាព​ឯ​ទៀត​នៃ​បុគ្គល​ដែល​បាន​ស្លាប់​យូរ​យារ​មក​ហើយ មែន​ទេ? ឧទាហរណ៍ មនុស្ស​សាសនា​គ្រីស្ទ​និកាយ​អូធូដុក្ស​មួយ​ចំនួន ពួក​គេ​ប្រកាន់​គោរព​តាម​រូប​ភាព​នាង​ម៉ារា​នៅ​កោះ​ទីន័រ ប្រទេស​ក្រិច។ ប៉ុន្តែ មនុស្ស​សាសនា​ដូច​គ្នា​ដែល​មាន​ជំនឿ​ស៊ប់​ដែរ​នោះ តែ​ទី​សំណាក់​សាសនា​របស់​គេ​ឈ្មោះ​ថា ស៊ូមីឡា នៅ​ប្រទេស​ក្រិច​ខាង​ជើង​វិញ គេ​ក៏​គោរព​តាម​រូប​ភាព​នាង​ម៉ារា​មួយ​ផ្សេង​ទៀត។ ក្រុម​ទាំង​ពីរ​នេះ​ជឿ​ថា រូប​ភាព​សាសនា​របស់​គេ​មាន​អំណាច​ខ្លាំង​រៀង​ខ្លួន​ៗ ហើយ​ថា​រូប​នោះ​អាច​ធ្វើ​អព្ភូតហេតុ​ដ៏​អច្ឆរិយ​ជាង​រូប​មួយ​ទៀត​នោះ ទោះ​បី​រូប​ទាំង​ពីរ​តំណាង​បុគ្គល​តែ​ម្នាក់​ដែល​បាន​ស្លាប់​ជា​យូរ​យារ​មក​ហើយ​ក្ដី។ ដូច្នេះ តាម​ពិត មនុស្ស​ចាត់​ទុក​រូប​ភាព​សាសនា​ខ្លះ​មាន​ឫទ្ធានុភាព ហើយ​ក៏​គោរព​ថ្វាយ​បង្គំ​វា​ផង​ដែរ។

តើ​យើង​គួរ​អធិស្ឋាន​ទូល​ថ្វាយ​បុគ្គល​ផ្សេង​ៗ​ឬ​ទេ?

ចុះ​យ៉ាង​ណា​ការ​គោរព​បុគ្គល​ផ្សេង​ៗ​វិញ? ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​កាន់​សាតាំង បន្ទាប់​ពី​វា​បាន​ល្បួង​ទ្រង់​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​សំដៅ​ទៅ​លើ​សៀវភៅ​ចោទិយកថា ៦:១៣ ថា​៖ ​«​ឯង​ត្រូវ​ថ្វាយ​បង្គំ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ​»។ (​ម៉ាថាយ ៤:១០​) ក្រោយ​ៗ​មក ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ពួក​អ្នក​ថ្វាយ​បង្គំ​ពិត​នឹង​ថ្វាយ​បង្គំ​«​ព្រះ​វរបិតា​»​តែ​ប៉ុណ្ណោះ។ (​យ៉ូហាន ៤:២៣​) ទេវតា​មួយ​រូប​បាន​យល់​ដូច្នេះ​ដែរ ក៏​បាន​បន្ទោស​សាវ័ក​យ៉ូហាន​ពេល​លោក​ចង់​ទំលាក់​ខ្លួន​ថ្វាយ​បង្គំ ទេវតា​ពោល​ថា​៖ ​«​កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ . . . ចូរ​ថ្វាយ​បង្គំ​ដល់​ព្រះ​វិញ​ចុះ!​»។—វិវរណៈ ២២:៨​-​៩

តើ​ការ​អធិស្ឋាន​ទូល​ថ្វាយ​មាតា​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី ឬ​ដល់​បរិស័ទ​ផ្សេង​ៗ​ក្នុង​ការ​សុំ​ពួក​គេ​ជួយ​សុំ​អធ្យាស្រ័យ​ពី​ព្រះ​ជំនួស​យើង ជា​ការ​សម​ត្រឹម​ត្រូវ​ឬ​ទេ? ចម្លើយ​ចំ​ៗ​ពី​ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​មាន​ស្ពាន​មេត្រី​តែ​មួយ​រវាង​ព្រះ​ជា​ម្ចាស់ និង​មនុស្ស​លោក គឺ​ព្រះ​គ្រី​ស្ត​យេស៊ូ​ដែល​ជា​មនុស្ស​»។—ធីម៉ូថេ​ទី​១ ២:៥, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

ចូរ​រក្សា​ការ​ពារ​ទំនាក់​ទំនង​របស់​អ្នក​ជា​មួយ​នឹង​ព្រះ

ដោយ​សារ​ការ​ប្រើ​រូប​ភាព​សាសនា​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​ពិត​ជា​អ្វី​ដែល​ប្រឆាំង​នឹង​សេចក្ដី​បង្រៀន​ដ៏​ច្បាស់​ក្នុង​ព្រះ​គម្ពីរ នោះ​ការ​ប្រើ​រូប​ភាព​សាសនា​មិន​អាច​ជួយ​យើង​ទទួល​ព្រះ​គុណ​ពី​ព្រះ ឬ​សេចក្ដី​សង្គ្រោះ​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ជីវិត​ជា​រៀង​រហូត​ស្រេច​តែ​យើង​ទទួល​ចំណេះ​អំពី​ព្រះ​ពិត​តែ​មួយ ហើយ​ស្គាល់​បុគ្គលិក​លក្ខណៈ​ដ៏​ល្អ​ឯក​របស់​ទ្រង់ ព្រម​ទាំង​រៀន​អំពី​គោល​បំណង​ទ្រង់ និង​របៀប​ដែល​ទ្រង់​ធ្លាប់​មាន​ទំនាក់​ទំនង​ជា​មួយ​មនុស្សជាតិ។ (​យ៉ូហាន ១៧:៣​) រូប​ភាព​សាសនា​មាន​ភ្នែក​តែ​មើល​មិន​ឃើញ មាន​ដៃ​មិន​អាច​កំរើក​បាន ហើយ​និយាយ​អត់​កើត នោះ​មិន​អាច​ជួយ​យើង​ស្គាល់​ព្រះ ឬ​មិន​អាច​ជួយ​យើង​ថ្វាយ​បង្គំ​ទ្រង់​តាម​របៀប​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ទ្រង់​បាន​ដែរ។ (​ទំនុក​ដំកើង ១១៥:៤​-​៨​) យើង​អាច​ទទួល​ការ​អប់រំ​អំពី​ព្រះ​ពិត​តាម​របៀប​តែ​មួយ​គត់​ប៉ុណ្ណោះ គឺ​តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ព្រះ។

ការ​គោរព​ថ្វាយ​បង្គំ​រូប​ភាព​សាសនា​មិន​គ្រាន់​តែ​ជា​អសារ​ឥត​ការ​ប៉ុណ្ណោះ​ទេ តែ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ​ផង​ដែរ។ តើ​អាច​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា? សំខាន់​ទី​មួយ គឺ​អាច​បណ្ដាល​ឲ្យ​បែក​បាក់​នូវ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​អំពី​សាសន៍​អ៊ីស្រាអែល​ដែល​បាន​«​បណ្ដាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ដោយ​សារ​រូប​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​»​ ទ្រង់​មាន​បន្ទូល​ទាយ​ថា​៖ ​«​យើង​នឹង​បាំង​ព្រះ​ភក្ដ្រ​កុំ​ឲ្យ​គេ​ស្គាល់​»។ (​ចោទិយកថា ៣២:១៦, ២០, The New American Bible​) ការ​ស្ថាបនា​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ជា​មួយ​ព្រះ នោះ​អាស្រ័យ​ទៅ​លើ​គេ‹បោះ​ចោល​រូប​ព្រះ​ដែល​រាប់​ជា​អំពើ​បាប›សិន។—អេសាយ ៣១:៦, ៧

អាស្រ័យ​ហេតុ​នេះ​ហើយ បាន​ជា​ឱវាទ​ពី​ព្រះ​គម្ពីរ​មាន​ប្រយោជន៍​មែន! ពោល​គឺ​៖ ​«​កូន​តូច​ៗ​រាល់​គ្នា​អើយ! ចូរ​ឲ្យ​អ្នក​រាល់​គ្នា​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​រូប​ព្រះ​ចេញ​»។—យ៉ូហាន​ទី​១ ៥:២១

[​ប្រអប់​នៅ​ទំព័រ​៦​]

ពួក​អ្នក​ដែល​បាន​ទទួល​ជំនួយ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​ដោយ​វិញ្ញាណ

តាំង​តែ​ពី​ដើម​មក ស្ត្រី​ម្នាក់​ឈ្មោះ​អូលីវេរ៉ា​ជា​សមាជិក​ដែល​ជឿ​ស៊ប់​តាម​សាសនា​គ្រីស្ទ​និកាយ​អូធូដុក្ស នៅ​ប្រទេស​អាល់បានី។ នៅ​ឆ្នាំ​១៩៦៧ ពេល​រដ្ឋាភិបាល​នៅ​ស្រុក​នោះ​បាន​ដាក់​បំរាម​លើ​សាសនា​នានា អូលីវេរ៉ា​បាន​បន្ត​ធ្វើ​តាម​ទំនៀម​ទំលាប់​សាសនា​គាត់​ដោយ​លួច​លាក់។ គាត់​បាន​ទទួល​ប្រាក់​និវត្តន៍​បន្ដិច​បន្តួច​ប៉ុណ្ណោះ ហើយ​បាន​ចំណាយ​លុយ​កាក់​ភាគ​ច្រើន​នោះ​ដើម្បី​ទិញ​រូប​ភាព​សាសនា​ដែល​មាន​ស៊ុម​មាស​និង​ប្រាក់ និង​បាន​ប្រើ​លុយ​នោះ​ផង​ដែរ​ដើម្បី​ទិញ​ធូប​និង​ទៀន។ របស់​ទាំង​នេះ​គាត់​បាន​លាក់​ទុក​ក្រោម​ភួយ​លើ​គ្រែ​គាត់ ហើយ​ជា​ញឹក​ញយ​នោះ​គាត់​ដេក​អង្គុយ​លើ​កៅអី​ជិត​គ្រែ​គាត់ ដោយ​សារ​ខ្លាច​មាន​អ្នក​ឃើញ​ឬ​លួច​រូប​ភាព​សាសនា​ទាំង​នោះ។ នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៩០ ពួក​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​ជួប​អូលីវេរ៉ា នៅ​ពេល​នោះ​គាត់​បាន​ទទួល​ស្គាល់​ថា សារ​ដែល​ពួក​គេ​កំពុង​តែ​ផ្សព្វ​ផ្សាយ​គឺ​ជា​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ។ អូលីវេរ៉ា​បាន​មើល​អ្វី​ដែល​ចែង​ទុក​ក្នុង​ព្រះ​គម្ពីរ​អំពី​ការ​ថ្វាយ​បង្គំ​ពិត​«​ដោយ​វិញ្ញាណ​»​ ហើយ​គាត់​ក៏​បាន​រៀន​អំពី​ទស្សនៈ​របស់​ព្រះ​ពិត​ចំពោះ​ការ​ប្រើ​រូប​ភាព​សាសនា​ដែរ។ (​យ៉ូហាន ៤:២៤​) ស្មរ​បន្ទាល់​ម្នាក់​ដែល​បាន​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​អូលីវេរ៉ា បាន​កត់​សម្គាល់​ថា ជា​រៀង​រាល់​ដង​ដែល​គាត់​ទៅ​ផ្ទះ​របស់​អូលីវេរ៉ា នៅ​ទី​នោះ​តែង​បាត់​រូប​ភាព​សាសនា​ខ្លះ​ៗ។ ក្រោយ​ៗ​មក រូប​ភាព​សាសនា​បាន​បាត់​អស់​រលីង។ ក្រោយ​ពី​អូលីវេរ៉ា​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ គាត់​មាន​ប្រសាសន៍​ថា​៖ ​«​សព្វ​ថ្ងៃ​នេះ ជា​ជាង​មាន​រូប​ភាព​សាសនា​ដែល​គ្មាន​ប្រយោជន៍​សោះ ឥឡូវ​ខ្ញុំ​មាន​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​វិញ។ ខ្ញុំ​ត្រេក​អរ​ណាស់​ដែល​ខ្ញុំ​អាច​ទទួល​វិញ្ញាណ​របស់​ព្រះ​បាន ទោះ​ជា​លែង​មាន​រូប​ភាព​សាសនា​ក៏​ដោយ​»។

ស្ត្រី​ម្នាក់​ឈ្មោះ​អាធីណា​នៅ​កោះ​ឡេវ៉ស ប្រទេស​ក្រិច ជា​អ្នក​កាន់​សាសនា​គ្រីស្ទ​និកាយ​អូធូដុក្ស​យ៉ាង​សកម្ម​ណាស់។ អាធីណា​គាត់​នៅ​ក្នុង​ក្រុម​អ្នក​ចម្រៀង​ក្នុង​វិហារ ហើយ​បាន​ធ្វើ​តាម​ទំនៀម​ទំលាប់​សាសនា​នោះ​យ៉ាង​ហ្មត់​ចត់ ដែល​រួម​ទាំង​ការ​គោរព​រូប​ភាព​សាសនា​ផង​ដែរ។ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​ជួយ​ឲ្យ​អាធីណា​ទទួល​ស្គាល់​ថា អ្វី​ៗ​ដែល​គាត់​បាន​រៀន​ពី​មុន​មក មាន​អ្វី​ខ្លះ​ៗ​ដែល​មិន​ស្រប​គ្នា​នឹង​ព្រះ​គម្ពីរ​ទេ។ នេះ​រួម​បញ្ចូល​ការ​ថ្វាយ​បង្គំ​ដោយ​ប្រើ​រូប​ភាព​សាសនា​និង​រូប​ឈើ​ឆ្កាង។ អាធីណា​សម្រេច​ចិត្ត​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ស្តី​ពី​ដើម​កំណើត​នៃ​រូប​សាសនា​ទាំង​នោះ។ ក្រោយ​ពី​បាន​ស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​ឯកសារ​ជា​ច្រើន​មក អាធីណា​ជឿ​ស៊ប់​ថា រូប​ផ្សេង​ៗ​នោះ​ពុំ​មាន​ឫសគល់​មក​ពី​សាសនា​គ្រីស្ទាន​ទេ។ អាធីណា​ប្រាថ្នា​ចង់​ថ្វាយ​បង្គំ​ព្រះ​ពិត​«​ដោយ​វិញ្ញាណ​»​ ដល់​ម្ល៉េះ​បាន​ជា​គាត់​បោះ​បង់​ចោល​រូប​ភាព​សាសនា​របស់​គាត់ ទោះ​ជា​វា​មាន​តម្លៃ​ដ៏​ថ្លៃ​លើស​លប់​ក្ដី។ ទោះ​ជា​យ៉ាង​ណា​ក្ដី អាធីណា​បាន​សុខ​ចិត្ត​ខាត​បង់​របស់​ទាំង​នោះ ប្រយោជន៍​ឲ្យ​គាត់​អាច​ថ្វាយ​បង្គំ​ព្រះ​ពិត​តាម​របៀប​ស្អាត​ស្អំ​ខាង​វិញ្ញាណ ហើយ​ដើម្បី​អាច​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​បាន។—កិច្ច​ការ ១៩:១៩

[​ប្រអប់​នៅ​ទំព័រ​៧​]

រូប​គំនូរ​ខាង​សាសនា តើ​គ្រាន់​តែ​ជា​គំនូរ​សិល្បៈ​ឬ?

ពេល​ថ្មី​ៗ​នេះ មនុស្ស​ទូទាំង​ផែនដី​បាន​ចាប់​ផ្ដើម​ប្រមូល​ទុក​រូប​ភាព​សាសនា​គ្រីស្ទ​និកាយ​អូធូដុក្ស។ តាម​ធម្មតា ពួក​អ្នក​ដែល​ប្រមូល​ទុក​រូប​ភាព​សាសនា​ទាំង​នេះ មិន​ចាត់​ទុក​វា​ជា​វត្ថុ​ពិសិដ្ឋ​ខាង​សាសនា​ទេ តែ​ជា​គំនូរ​សិល្បៈ​ខាង​វប្បធម៌​បែហ្សងទីន។ គឺ​មិន​មែន​ជា​រឿង​ចម្លែក​ណាស់​ណា​ទេ ដែល​រូប​ភាព​សាសនា​ជា​ច្រើន​នេះ​កំពុង​តែ​ត្រូវ​យក​មក​ដាក់​តាំង​ក្នុង​ផ្ទះ ឬ​ការិយាល័យ​របស់​មនុស្ស​ដែល​សារភាព​ថា​ខ្លួន​គេ​មិន​ជឿ​ទៅ​លើ​ព្រះ​ណា​សោះ។

ក៏​ប៉ុន្តែ ចំពោះ​ជន​គ្រីស្ទាន​ស្មោះ​ត្រង់​វិញ ពួក​គេ​តែង​ចាំ​មិន​ភ្លេច​ថា មនុស្ស​ច្រើន​តែ​មាន​រូប​ភាព​សាសនា​ជា​អ្វី​ដែល​គេ​គោរព​ថ្វាយ​បង្គំ។ បណ្ដា​គ្រីស្ទាន​ពិត​មិន​មាន​រូប​ភាព​សាសនា​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ទេ ថ្វី​បើ​គ្រាន់​តែ​សន្សំ​ទុក​សំរាប់​ដាក់​តាំង​ក្ដី តែ​ពួក​គេ​ក៏​មិន​ប្រឆាំង​នឹង​សិទ្ធិ​របស់​មនុស្ស​ដទៃ​ក្នុង​ការ​មាន​រូប​ភាព​សាសនា​ជា​កម្មសិទ្ធិ​នោះ​ដែរ។ នេះ​គឺ​សម​ស្រប​ទៅ​តាម​គោល​ការណ៍​ក្នុង​សៀវភៅ​ចោទិយកថា ៧:២៦ ដែល​ចែង​ថា​៖ ​«​មិន​ត្រូវ​ឲ្យ​ឯង​នាំ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម[​ដែល​ជា​រូប​ព្រះ​សំរាប់​ការ​ថ្វាយ​បង្គំ​] មក​ក្នុង​ផ្ទះ​ឯង​ឡើយ ក្រែង​ឯង​ត្រឡប់​ទៅ​ជា​ត្រូវ​វិនាស ដូច​របស់​ទាំង​នោះ​ដែរ។ ត្រូវ​ឲ្យ​ឯង​ស្អប់​អស់​ពី​ចិត្ត ហើយ​ខ្ពើម​របស់​យ៉ាង​នោះ​ឲ្យ​អស់​ពី​ចិត្ត​ដែរ​»។

[​រូប​ភាព​នៅ​ទំព័រ​៧​]

ព្រះ​ពិត​មិន​ដែល​សព្វ​ព្រះ​ហឫទ័យ​នឹង ការ​ប្រើ​រូប​ព្រះ​ក្នុង​ការ​ថ្វាយ​បង្គំ​ឡើយ

[​រូប​ភាព​នៅ​ទំព័រ​៨​]

ចំណេះ​ពី​ព្រះ​គម្ពីរ​អាច​ជួយ​យើង ថ្វាយ​បង្គំ​ព្រះ​ពិត ដោយ​វិញ្ញាណ