លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជនគ្រីស្ទានថ្វាយបង្គំដោយវិញ្ញាណនិងសេចក្ដីពិត

ជនគ្រីស្ទានថ្វាយបង្គំដោយវិញ្ញាណនិងសេចក្ដីពិត

ជន​គ្រីស្ទាន​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ​និង​សេចក្ដី​ពិត

​«​ព្រះ​ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ​បង្គំ ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត​ដែរ​»។—យ៉ូហាន ៤:២៤

១. តើ​ព្រះ​ពេញ​ព្រះ​ហឫទ័យ​នឹង​ការ​ថ្វាយ​បង្គំ​បែប​ណា?

 ព្រះ​យេស៊ូ ជា​ព្រះ​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​យេហូវ៉ា​បង្កើត​ផ្ទាល់ ទ្រង់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ដោយ​គ្មាន​កន្លែង​សង្ស័យ អំពី​របៀប​ថ្វាយ​បង្គំ​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌។ ពេល​ព្រះ​យេស៊ូ​ធ្វើ​បន្ទាល់​ផ្សព្វ​ផ្សាយ​ដោយ​មាន​ព្រះ​ទ័យ​កក់​ក្ដៅ​ចំពោះ​ស្ត្រី​ម្នាក់​សាសន៍​សាម៉ារី​នៅ​អណ្ដូង​ទឹក​ជិត​ទី​ក្រុង​ស៊ូខារ​នោះ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្លួន​ថ្វាយ​បង្គំ​អ្វី​ទេ ឯ​យើង​វិញ យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ ដ្បិត​សេចក្ដី​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា។ តែ​នឹង​មាន​ពេល​វេលា​មក ក៏​នៅ​ឥឡូវ​នេះ​ហើយ នោះ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត ពីព្រោះ​ព្រះ​វរបិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​ថ្វាយ​បង្គំ​ទ្រង់។ ឯ​ព្រះ ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ​បង្គំ ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត​ដែរ​»។ (​យ៉ូហាន ៤:២២​-​២៤​) តើ​យើង​អាច​រៀន​អ្វី​ពី​បន្ទូល​នេះ?

២. តើ​សាសនា​របស់​សាសន៍​សាម៉ារី​មាន​មូលដ្ឋាន​ទៅ​លើ​អ្វី?

សាសន៍​សាម៉ារី​ធ្លាប់​ជឿ​លទ្ធិ​សាសនា​មិន​ពិត។ សាសន៍​នេះ​ធ្លាប់​ជឿ​ថា​មាន​តែ​សៀវភៅ​ប្រាំ​ដំបូង​ប៉ុណ្ណោះ​នៃ​បទ​គម្ពីរ​បរិសុទ្ធ ដែល​គួរ​ចាត់​ទុក​ជា​សៀវភៅ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​មក ហើយ​ពួក​គេ​ក៏​ជឿ​លើ​តែ​កំណែ​របស់​ពួក​គេ​ប៉ុណ្ណោះ ដែល​ត្រូវ​ហៅ​ថា សៀវភៅ​ប្រាំ​ក្បាល​របស់​សាសន៍​សាម៉ារី។ សាសន៍​យូដា​មាន​ចំណេះ​ពិត​អំពី​បទ​គម្ពីរ សោតឯ​ជន​សាសន៍​សាម៉ារី​វិញ ពួក​គេ​មិន​សូវ​ស្គាល់​ព្រះ​ឡើយ។ (​រ៉ូម ៣:១, ២​) ជន​យូដា​ដ៏​ស្មោះ​ត្រង់​និង​មនុស្ស​ពី​សាសន៍​ផ្សេង​ទៀត អាច​ទទួល​ព្រះ​គុណ​ពី​ព្រះ​បាន។ ប៉ុន្តែ តើ​នេះ​តម្រូវ​ឲ្យ​អ្នក​ទាំង​នោះ​ធ្វើ​អ្វី?

៣. ដើម្បី​ថ្វាយ​បង្គំ​ព្រះ​ដោយ​«​វិញ្ញាណ​និង​សេចក្ដី​ពិត​»​ តើ​អ្វី​គឺ​ចាំ​បាច់?

ដើម្បី​គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា តើ​សាសន៍​យូដា សាសន៍​សាម៉ារី និង​អ្នក​ឯ​ទៀត​នៅ​សម័យ​នោះ​ត្រូវ​ធ្វើ​អ្វី? អ្នក​ទាំង​នោះ​ត្រូវ​តែ​ថ្វាយ​បង្គំ​ព្រះ​«​ដោយ​វិញ្ញាណ​និង​សេចក្ដី​ពិត​»។ យើង​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។ ទោះ​ជា​យើង​ត្រូវ​តែ​បំរើ​ព្រះ​ដោយ​ចិត្ត​ខ្នះ​ខ្នែង ហើយ​មាន​សេចក្ដី​ស្រឡាញ់​និង​ជំនឿ​ជំរុញ​ចិត្ត​យើង​ក៏​ដោយ ការ​ថ្វាយ​បង្គំ​ព្រះ​ដោយ​វិញ្ញាណ​តម្រូវ​ជា​ពិសេស​ឲ្យ​យើង​មាន​វិញ្ញាណ​បរិសុទ្ធ​សណ្ឋិត​លើ​យើង និង​តម្រូវ​ឲ្យ​យើង​អនុញ្ញាត​ឲ្យ​វិញ្ញាណ​នោះ​ដឹក​នាំ​យើង​ត​ទៅ​ទៀត។ តាម​រយៈ​ការ​សិក្សា​និង​ការ​អនុវត្ត​តាម​ព្រះ​បន្ទូល​របស់​ព្រះ នោះ​វិញ្ញាណ​ឬ​មួយ​ក៏​ចិត្ត​គំនិត​របស់​យើង ត្រូវ​សម្រប​នឹង​វិញ្ញាណ​របស់​ព្រះ។ (​កូរិនថូស​ទី​១ ២:៨​-​១២​) បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ព្រះ​ហឫទ័យ​នឹង​ការ​ថ្វាយ​បង្គំ​របស់​យើង នោះ​យើង​ក៏​ត្រូវ​ថ្វាយ​បង្គំ​ទ្រង់​ដោយ​សេចក្ដី​ពិត​ដែរ។ ការ​ថ្វាយ​បង្គំ​នោះ​ត្រូវ​សម​ស្រប​ទៅ​តាម​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​លក្ខណៈ​របស់​ទ្រង់​និង​គោល​បំណង​របស់​ទ្រង់។

អ្នក​អាច​រក​ឃើញ​សេចក្ដី​ពិត​បាន

៤. តើ​អ្វី​ជា​ទស្សនៈ​របស់​មនុស្ស​ខ្លះ​ចំពោះ​សេចក្ដី​ពិត?

សិស្សានុសិស្ស​ដែល​រៀន​ទស្សនៈ​វិជ្ជា​បាន​ផ្ដើម​គំនិត​ថា មនុស្សជាតិ​អាច​រក​ឃើញ​នូវ​អ្វី​ដ៏​ពិត​សុទ្ធ​សាធ​ពុំ​បាន​ឡើយ។ តាម​ពិត លោក អហ្វ អលបឺក អ្នក​និពន្ធ​ម្នាក់​ជន​ជាតិ​ស៊ុយអែត​បាន​សរសេរ​ថា​៖ ​«​មាន​សំនួរ​ជា​ច្រើន​ខាង​ទស្សនៈ​វិជ្ជា​ដែល​ស្មុគ​ស្មាញ​ដល់​ម្ល៉េះ ដែល​គ្មាន​អ្នក​ណា​មាន​លទ្ធភាព​ឆ្លើយ​សំនួរ​នោះ​យ៉ាង​ដាច់​ស្រេច​បាន​ឡើយ​»។ ទោះ​ជា​មនុស្ស​ខ្លះ​និយាយ​ថា មាន​តែ​សេចក្ដី​ពិត​ដ៏​មិន​ជាក់​លាក់​ក៏​ដោយ តើ​នេះ​គឺ​ជា​ការ​ពិត​ឬ​ទេ? យោង​ទៅ​តាម​ព្រះ​យេស៊ូ​គ្រីស្ទ ទស្សនៈ​នេះ​គឺ​មិន​ពិត​ទេ។

៥. តើ​ព្រះ​យេស៊ូ​បាន​ចូល​មក​ក្នុង​លោកីយ៍​សំរាប់​កិច្ច​ការ​អ្វី?

សូម​គិត​ក្នុង​ចិត្ត​ថា អ្នក​កំពុង​តែ​មើល​ទិដ្ឋភាព​ដែល​មាន​ដូច​ត​ទៅ​នេះ។ គឺ​នៅ​ដើម​ឆ្នាំ​៣៣ ស.យ. ព្រះ​យេស៊ូ​កំពុង​តែ​ឈរ​នៅ​ចំពោះ​មុខ​លោក​ប៉ុនទាស ពីឡាត់​អភិបាល​ស្រុក​ជន​ជាតិ​រ៉ូម​ម្នាក់។ ព្រះ​យេស៊ូ​មាន​បន្ទូល​នឹង​លោក​ពីឡាត់​ថា​៖ ‹ខ្ញុំ​បាន​ចូល​ក្នុង​លោកីយ​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត›។ លោក​ពីឡាត់​សួរ​ថា​៖ ​«​តើ​យ៉ាង​ណា​ដែល​ហៅ​ថា​សេចក្ដី​ពិត​នោះ?​»។ ប៉ុន្តែ លោក​មិន​ចាំ​ឲ្យ​ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ឆ្លើយ​ទេ។—យ៉ូហាន ១៨:៣៦​-​៣៨

៦. (​ក​) តើ​ពាក្យ​ថា សេចក្ដី​ពិត បាន​ត្រូវ​បក​ស្រាយ​ថា​ជា​អ្វី? (​ខ​) តើ​ព្រះ​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ធ្វើ​អ្វី?

សេចក្ដី​ពិត​អាច​ត្រូវ​បក​ស្រាយ​ជា​អ្វី​ៗ​ដ៏​«​មែន, ប្រាកដ, ទៀង​»។ (​វចនានុក្រម​ខ្មែរ​) ប៉ុន្តែ តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត​អំពី​រឿង​សព្វ​បែប​យ៉ាង​ឬ? អត់​ទេ!។ ព្រះ​យេស៊ូ​បាន​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​មួយ​ដ៏​ពិសេស។ ព្រះ​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ប្រកាស​សេចក្ដី​ពិត​បែប​នេះ ដ្បិត​ទ្រង់​មាន​បន្ទូល​នឹង​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ! ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង​»។ (​ម៉ាថាយ ២៨:១៩, ២០​) មុន​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ​មក​ដល់​នោះ អ្នក​កាន់​តាម​ដ៏​ពិត​របស់​ព្រះ​យេស៊ូ​នឹង​ប្រកាស​«​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​»​ទូទាំង​ពិភព​លោក។ (​កាឡាទី ២:១៤​) នេះ​នឹង​ត្រូវ​ធ្វើ​ដើម្បី​សម្រេច​បន្ទូល​ព្រះ​យេស៊ូ​ដែល​ថា​៖ ​«​ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត​»។ (​ម៉ាថាយ ២៤:១៤​) ដូច្នេះ គឺ​សំខាន់​ចាំ​បាច់​ណាស់​ដែល​យើង​សម្គាល់​អ្នក​ដែល​កំពុង​តែ​បង្រៀន​គ្រប់​សាសន៍​នូវ​សេចក្ដី​ពិត​ដោយ​ប្រកាស​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

តើ​យើង​អាច​រៀន​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច?

៧. តើ​អ្នក​អាច​បញ្ជាក់​ភស្តុ​តាង​អ្វី​ដើម្បី​បង្ហាញ​ថា ព្រះ​យេហូវ៉ា​គឺ​ជា​ប្រភព​នៃ​សេចក្ដី​ពិត?

ព្រះ​យេហូវ៉ា​គឺ​ជា​ប្រភព​នៃ​សេចក្ដី​ពិត​អំពី​ទ្រង់​និង​គោល​បំណង​របស់​ទ្រង់។ តាម​ពិត ស្តេច​ដាវីឌ អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​ពោល​ថា ព្រះ​យេហូវ៉ា​គឺ​ជា​«​ព្រះ​នៃ​សេចក្ដី​ពិត​»។ (​ទំនុក​ដំកើង ៣១:៥; ៤៣:៣​) ព្រះ​យេស៊ូ​បាន​បញ្ជាក់​ថា បន្ទូល​របស់​ព្រះ​វរបិតា​ទ្រង់​គឺ​ជា​សេចក្ដី​ពិត ហើយ​ព្រះ​យេស៊ូ​បាន​ប្រកាស​ថា​៖ ​«​នៅ​ក្នុង​គម្ពីរ​ពួក​ហោរា​មាន​សេចក្ដី​ចែង​ទុក​មក​ថា ‹ព្រះ​ទ្រង់​បង្រៀន​គេ​ទាំង​អស់​គ្នា› ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ព្រះ​វរបិតា ហើយ​បាន​រៀន​ពី​ទ្រង់ នោះ​ក៏​មក​ឯ​ខ្ញុំ​»។ (​យ៉ូហាន ៦:៤៥; ១៧:១៧; អេសាយ ៥៤:១៣​) ដូច្នេះ គឺ​ជាក់​ស្តែង​ហើយ​ដែល​អស់​អ្នក​ដែល​កំពុង​តែ​ស្វះ​ស្វែង​រក​សេចក្ដី​ពិត ត្រូវ​តែ​មាន​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្ហាត់​បង្រៀន​ដ៏​ឧត្តម មក​បង្រៀន​ពួក​គេ។ (​អេសាយ ៣០:២០, ២១​) ពួក​អ្នក​ដែល​កំពុង​តែ​ស្វែង​រក​សេចក្ដី​ពិត ត្រូវ​តែ​«​ស្គាល់​ដល់​ព្រះ​អង្គ​»។ (​សុភាសិត ២:៥​) ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា នោះ​ទ្រង់​បាន​បង្រៀន​ឬ​ផ្ដល់​សេចក្ដី​ពិត​តាម​វិធី​ផ្សេង​ៗ។

៨. តើ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​ឬ​ក៏​បញ្ជូន​សេចក្ដី​ពិត​មក​តាម​វិធី​ណា​ខ្លះ?

ជា​ឧទាហរណ៍ ព្រះ​បាន​ប្រទាន​ក្រិត្យ​វិន័យ​ដល់​សាសន៍​អ៊ីស្រាអែល​តាម​រយៈ​បណ្ដា​ទេវតា​របស់​ទ្រង់។ (​កាឡាទី ៣:១៩​) ក្នុង​ការ​យល់​សប្ដិ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ពរ​ទៅ​លើ​អ័ប្រាហាំ​និង​យ៉ាកុប​ដែល​ជា​មេ​គ្រួសារ​នោះ។ (​លោកុប្បត្តិ ១៥:១២​-​១៦; ២៨:១០​-​១៩​) ព្រះ​បាន​រហូត​ដល់​មាន​បន្ទូល​ពី​ស្ថាន​សួគ៌​មក ដូច​នៅ​ពេល​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​មនុស្ស​នៅ​លើ​ផែនដី​បាន​មាន​ចិត្ត​រំភើប​ដោយ​ឮ​បន្ទូល​ថា​៖ ​«​នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់​»។ (​ម៉ាថាយ ៣:១៧​) ម្យ៉ាង​ទៀត យើង​គួរ​មាន​អំណរ​គុណ​ដែល​ព្រះ​បាន​សំដែង​នូវ​សេចក្ដី​ពិត​ដោយ​បណ្ដាល​ឲ្យ​បុគ្គល​ផ្សេង​ៗ​សរសេរ​ព្រះ​គម្ពីរ។ (​ធីម៉ូថេ​ទី​២ ៣:១៦, ១៧​) ដូច្នេះ ដោយ​រៀន​ពី​ព្រះ​បន្ទូល​របស់​ព្រះ យើង​អាច​មាន​«​ចិត្ត​ជឿ​តាម​សេចក្ដី​ពិត​»។—ថែស្សាឡូនីច​ទី​២ ២:១៣

សេចក្ដី​ពិត​និង​ព្រះ​រាជបុត្រា​របស់​ព្រះ

៩. តើ​ព្រះ​បាន​ប្រើ​ព្រះ​រាជបុត្រា​របស់​ទ្រង់​ដើម្បី​សម្ដែង​ឲ្យ​ឃើញ​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច?

ជា​ពិសេស ព្រះ​បាន​ប្រើ​ព្រះ​យេស៊ូ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​របស់​ទ្រង់​ដើម្បី​សម្ដែង​សេចក្ដី​ពិត​ដល់​មនុស្សជាតិ។ (​ហេព្រើរ ១:១​-​៣​) ការ​ពិត ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ពី​សេចក្ដី​ពិត​តាម​របៀប​ដែល​មនុស្សជាតិ​មិន​ធ្លាប់​ធ្វើ​ឡើយ។ (​យ៉ូហាន ៧:៤៦​) សូម្បី​តែ​ក្រោយ​ព្រះ​យេស៊ូ​បាន​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ​នោះ ទ្រង់​នៅ​តែ​សម្ដែង​សេចក្ដី​ពិត​ពី​ព្រះ​វរបិតា​របស់​ទ្រង់។ ជាក់​ស្តែង​ដូច​ជា​ពេល​សាវ័ក​យ៉ូហាន​ទទួល​«​សេចក្ដី ដែលព្រះ​យេស៊ូវ​គ្រីស្ទ បាន​បើក​ឲ្យ​ឃើញ ជា​សេចក្ដី​ដែល​ព្រះ​បាន​ប្រទាន​មក​ទ្រង់ ដើម្បី​នឹង​បង្ហាញ​ដល់​ពួក​បាវ​បំរើ​ទ្រង់ ឲ្យ​ដឹង​ពី​អស់​ទាំង​ការ ដែល​បន្ដិច​ទៀត​ត្រូវ​កើត​មាន​មក​»។—វិវរណៈ ១:១​-​៣

១០, ១១. (​ក​) សេចក្ដី​ពិត​ដែល​ព្រះ​យេស៊ូ​បាន​ប្រកាស​ផ្សាយ​នោះ បាន​ទាក់​ទង​នឹង​អ្វី? (​ខ​) តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ក្លាយ​ជា​សច្ចភាព​យ៉ាង​ដូច​ម្ដេច?

១០ ព្រះ​យេស៊ូ​មាន​បន្ទូល​នឹង​លោក​ប៉ុនទាស ពីឡាត់ ថា ទ្រង់​បាន​យាង​មក​ផែនដី​ដើម្បី​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត។ ក្នុង​កំឡុង​កិច្ច​បំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ ទ្រង់​បាន​សម្ដែង​ឲ្យ​ឃើញ​ថា សេចក្ដី​ពិត​នោះ​ជាប់​ទាក់​ទង​នឹង​ការ​បង្ហាញ​ភាព​ត្រឹម​ត្រូវ​នៃ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា តាម​រយៈ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​មាន​ព្រះ​យេស៊ូ​ជា​ស្តេច​នោះ។ ប៉ុន្តែ ការ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​តម្រូវ​ឲ្យ​ព្រះ​យេស៊ូ​ធ្វើ​ច្រើន​ជាង​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​ទៅ​ទៀត។ ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​សេចក្ដី​ពិត​នោះ​ក្លាយ​ជា​សច្ចភាព​ដោយ​សម្រេច​តាម​សេចក្ដី​ពិត​នោះ។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ ​«​កុំ​ទុក​ឲ្យ​អ្នក​ណា​និន្ទា​អ្នក​រាល់​គ្នា ពី​រឿង​ចំណី​អាហារ ឬ​គ្រឿង​ផឹក ឬ​ពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សំរាក​ឡើយ សេចក្ដី​ទាំង​នេះ​ជា​ស្រមោល នៃ​ការ​ដែល​ត្រូវ​មក តែ​តួ​រូប​អង្គ​នោះ គឺ​ជា​ព្រះ​គ្រីស្ទ​»។—កូល៉ុស ២:១៦, ១៧

១១ វិធី​មួយ​ដែល​សេចក្ដី​ពិត​បាន​ក្លាយ​ជា​សច្ចភាព គឺ​ដោយ​កំណើត​ព្រះ​យេស៊ូ​នៅ​ភូមិ​បេថ្លេហិម​បាន​សំរេច​ដូច​បាន​ទាយ​ទុក​ជា​មុន​នោះ។ (​មីកា ៥:១; លូកា ២:៤​-​១១​) សេចក្ដី​ពិត​ក៏​បាន​ក្លាយ​ជា​សច្ចភាព​ពេល​ទំនាយ​របស់​លោក​ដានីយ៉ែល ស្តី​អំពី​កាល​ដែល​ព្រះ​មេស្ស៊ី​នឹង​លេច​មក​ក្រោយ​៦៩‹អាទិត្យ​នៃ​ឆ្នាំ›បាន​សំរេច។ នេះ​បាន​កើត​ឡើង​ពេល​ព្រះ​យេស៊ូ​បាន​ប្រទាន​អង្គ​ទ្រង់​ចំពោះ​ព្រះ ពេល​ទ្រង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​និង​ត្រូវ​ចាក់​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ នៅ​ចំ​ពេល​ដែល​បាន​ត្រូវ​ទាយ គឺ​នៅ​ឆ្នាំ​២៩ ស.យ.។ (​ដានីយ៉ែល ៩:២៥; លូកា ៣:១, ២១, ២២​) ម្យ៉ាង​ទៀត សេចក្ដី​ពិត​បាន​ក្លាយ​ជា​សច្ចភាព​ដោយ​សារ​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ​ជា​អ្នក​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (​អេសាយ ៩:១, ២, ៦, ៧; ៦១:១, ២; ម៉ាថាយ ៤:១៣​-​១៧; លូកា ៤:១៨​-​២១​) សេចក្ដី​ពិត​ក៏​បាន​ក្លាយ​ជា​សច្ចភាព​ដែរ ដោយ​ការ​សោយ​ទិវង្គត​របស់​ទ្រង់​និង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—ទំនុក​ដំកើង ១៦:៨​-​១១; អេសាយ ៥៣:៥, ៨, ១១, ១២; ម៉ាថាយ ២០:២៨; យ៉ូហាន ១:២៩; កិច្ច​ការ ២:២៥​-​៣១

១២. ហេតុ​អ្វី​ព្រះ​យេស៊ូ​អាច​មាន​បន្ទូល​ថា​៖ ‹ខ្ញុំ​ជា​សេចក្ដី​ពិត›?

១២ ដោយ​សារ​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​មូលដ្ឋាន​នៃ​សេចក្ដី​ពិត​នោះ ព្រះ​យេស៊ូ​អាច​មាន​បន្ទូល​ថា​៖ ​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត។ បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ​វរបិតា​បាន​ឡើយ​»។ (​យ៉ូហាន ១៤:៦​) មនុស្ស​មាន​សេរី​ភាព​ខាង​វិញ្ញាណ ពេល​ពួក​គេ​«​កើត​ចេញ​ពី​សេចក្ដី​ពិត[​«​គាំទ្រ​ខាង​សេចក្ដី​ពិត​»​, ព.ថ.​]​»​ ដោយ​ទទួល​ស្គាល់​តួ​នាទី​របស់​ព្រះ​យេស៊ូ​ក្នុង​គោល​បំណង​របស់​ព្រះ។ (​យ៉ូហាន ៨:៣២​-​៣៦; ១៨:៣៧​) ដោយ​ព្រោះ​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប​ស្មោះ​ស​ព្រម​ស្ដាប់​សេចក្ដី​ពិត និង​កាន់​តាម​ព្រះ​យេស៊ូ​ដោយ​មាន​ជំនឿ​មុត​មាំ​នោះ ពួក​គេ​នឹង​ទទួល​ជីវិត​ជា​រៀង​រហូត។—យ៉ូហាន ១០:២៤​-​២៨

១៣. តើ​យើង​នឹង​ពិចារណា​នូវ​សេចក្ដី​ពិត​ពី​បទ​គម្ពីរ​ស្តី​អំពី​រឿង​បី​មុខ​អ្វី?

១៣ សេចក្ដី​ពិត​ទាំង​ឡាយ​ដែល​បាន​ត្រូវ​បញ្ជូន​មក​ដោយ​ព្រះ​យេស៊ូ និង​បណ្ដា​សិស្ស​របស់​ទ្រង់​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​ស្គាល់​សេចក្ដី​ពិត គឺ​ជា​ជំនឿ​គ្រីស្ទាន​ដ៏​ពិត។ ដូច្នេះ អស់​អ្នក​ដែល​«​ប្រតិបត្ដិ​តាម​ជំនឿ​»​ នោះ​ក៏​«​ប្រតិបត្ដិ​តាម​សេចក្ដី​ពិត​ជា​និច្ច​»។ (​កិច្ច​ការ ៦:៧, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ; យ៉ូហាន​ទី​៣ ៣, ៤, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) ដូច្នេះ តើ​អ្នក​ណា​កំពុង​តែ​ប្រតិបត្ដិ​តាម​សេចក្ដី​ពិត​សព្វ​ថ្ងៃ​នេះ? តើ​អ្នក​ណា​ពិត​ជា​កំពុង​តែ​បង្រៀន​សាសន៍​ទាំង​ឡាយ​នូវ​សេចក្ដី​ពិត? ដើម្បី​ឆ្លើយ​សំនួរ​ទាំង​នេះ យើង​នឹង​ផ្ចង់​អារម្មណ៍​សម្លឹង​មើល​គំរូ​របស់​ជន​គ្រីស្ទាន​ពី​សម័យ​ដើម និង​ពិចារណា​នូវ​សេចក្ដី​ពិត​ក្នុង​បទ​គម្ពីរ​ដែល​ទាក់​ទង​នឹង (​១​) ជំនឿ (​២​) របៀប​ថ្វាយ​បង្គំ និង (​៣​) ការ​ប្រព្រឹត្ត​ផ្ទាល់​ខ្លួន។

សេចក្ដី​ពិត​និង​ជំនឿ

១៤, ១៥. តើ​យល់​ដូច​ម្ដេច​អំពី​ទស្សនៈ​របស់​ពួក​គ្រីស្ទាន​ជំនាន់​ដើម​និង​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ចំពោះ​បទ​គម្ពីរ?

១៤ ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​បាន​គោរព​យ៉ាង​ជ្រាល​ជ្រៅ នូវ​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​ជា​លាយ​ល័ក្ខ​អក្សរ។ (​យ៉ូហាន ១៧:១៧​) ព្រះ​បន្ទូល​នោះ​ជា​តម្រា​របស់​ពួក​គេ​ស្តី​អំពី​ជំនឿ​និង​ការ​ប្រព្រឹត្ត។ លោក ខ្លិម៉ង់ នៅ​ទី​ក្រុង​អ័លេក្សានទ្រា ដែល​រស់​នៅ​សតវត្សទី​២​និង​ទី​បី បាន​ពោល​ថា​៖ ​«​អស់​អ្នក​ដែល​កំពុង​តែ​ប្រឹង​ប្រែង​ព្យាយាម​ដេញ​ចាប់​បាន​ភាព​ល្អ​ប្រសើរ​នោះ នឹង​មិន​ឈប់​ស្វះ​ស្វែង​រក​សេចក្ដី​ពិត​ទាល់​តែ​ពួក​គេ​បាន​រក​ឃើញ​នូវ​ភស្តុ​តាង​ពី​បទ​គម្ពីរ​ដែល​បញ្ជាក់​នូវ​អ្វី​ដែល​ពួក​គេ​ជឿ​»។

១៥ ដូច​គ្នា​នឹង​ជន​គ្រីស្ទាន​នៅ​ជំនាន់​ដើម​នោះ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ក៏​គោរព​ព្រះ​គម្ពីរ​យ៉ាង​ជ្រាល​ជ្រៅ​ដែរ។ ស្មរ​បន្ទាល់​ជឿ​ថា ​«​គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន​»។ (​ធីម៉ូថេ​ទី​២ ៣:១៦​) ដូច្នេះ យើង​សូម​ពិចារណា​នូវ​ជំនឿ​ខ្លះ​ៗ​របស់​ជន​គ្រីស្ទាន​សម័យ​ដើម និង​ប្រៀប​ធៀប​ជំនឿ​ទាំង​នោះ​ទៅ​នឹង​អ្វី​ដែល​អ្នក​បំរើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ​បាន​រៀន​ដោយ​សារ​ពួក​គេ​ប្រើ​ព្រះ​គម្ពីរ​ជា​សៀវភៅ​ចំបង​របស់​ពួក​គេ​នោះ។

សេចក្ដី​ពិត​អំពី​ព្រលឹង

១៦. តើ​អ្វី​ជា​សេចក្ដី​ពិត​ស្តី​អំពី​ព្រលឹង?

១៦ ដោយ​សារ​ជន​គ្រីស្ទាន​ជំនាន់​ដើម​ជឿ​អ្វី​ក្នុង​បទ​គម្ពីរ នោះ​ពួក​គេ​បាន​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រលឹង។ ជន​គ្រីស្ទាន​ទាំង​នោះ​ដឹង​ថា យោង​ទៅ​តាម​ភាសា​ហេ​ព្រើ​ជា​ភាសា​ដើម​នោះ មនុស្ស‹បាន​ទៅ​ជា​ព្រលឹង​មួយ›ពេល​ព្រះ​បង្កើត​មនុស្ស។ (​លោកុប្បត្តិ ២:៧​) ម្យ៉ាង​ទៀត គ្រីស្ទាន​ទាំង​នេះ​បាន​ទទួល​ស្គាល់​ថា ព្រលឹង​ក៏​ចេះ​ស្លាប់​ដែរ។ (​អេសេគាល ១៨:៤; យ៉ាកុប ៥:២០​) អ្នក​ទាំង​នេះ​ក៏​បាន​ដឹង​ថា ​«​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ​»។—សាស្ដា ៩:៥, ១០

១៧. តើ​អ្នក​នឹង​ពន្យល់​សេចក្ដី​សង្ឃឹម​អំពី​ដំណើរ​រស់​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច?

១៧ ប៉ុន្តែ សិស្ស​ដំបូង​របស់​ព្រះ​យេស៊ូ​មាន​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​មួយ​ថា មនុស្ស​ស្លាប់​ដែល​ព្រះ​នៅ​នឹក​ចាំ​នោះ នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ប៉ុល​បាន​ពន្យល់​ជំនឿ​នេះ​យ៉ាង​ច្បាស់​ពេល​គាត់​ប្រកាស​ថា​៖ ​«​ខ្ញុំ​ប្របាទ​មាន​សេចក្ដី​សង្ឃឹម​ដល់​ព្រះ . . . គឺ​ថា ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា​»។ (​កិច្ច​ការ ២៤:១៥​) សូម្បី​តែ​ក្រោយ​មក លោក មីនូគាស ហ្វីឡិច បាន​សរសេរ​ថា​៖ ​«​តើ​អ្នក​ណា​ខ្លៅ​ល្ងង់​ដល់​ម្ល៉េះ​ដែល​គេ​ហ៊ាន​ប្រកែក​ថា ព្រះ​ដែល​បាន​បង្កើត​មនុស្ស​ដំបូង​នោះ មិន​អាច​បង្កើត​មនុស្ស​មួយ​សារ​ទៀត​បាន?​»។ ដូច​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​នោះ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ជឿ​ជាក់​ទៅ​លើ​សេចក្ដី​ពិត​ក្នុង​បទ​គម្ពីរ​ស្តី​អំពី​ព្រលឹង​មនុស្ស សេចក្ដី​ស្លាប់ និង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ដូច្នេះ ឥឡូវ​យើង​សូម​ពិចារណា​នូវ​អត្តសញ្ញាណ​នៃ​ព្រះ​និង​ព្រះ​គ្រីស្ទ។

សេចក្ដី​ពិត​និង​លទ្ធិ​ព្រះ​ឯក ត្រី​អង្គ

១៨, ១៩. ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា លទ្ធិ​ព្រះ​ឯក​ត្រី​អង្គ​មិន​សម​ស្រប​ទៅ​តាម​បទ​គម្ពីរ?

១៨ ជន​គ្រីស្ទាន​ជំនាន់​ដើម​មិន​ដែល​ចាត់​ទុក​ព្រះ ព្រះ​គ្រីស្ទ និង​វិញ្ញាណ​បរិសុទ្ធ​ជា​ព្រះ​ឯក​ត្រី​អង្គ​ឡើយ។ សព្វ​វចនាធិប្បាយ​មួយ​ពន្យល់​ថា​៖ ​«​ក្នុង​បទ​គម្ពីរ​សញ្ញា​ថ្មី គ្មាន​ពាក្យ​ថា ព្រះ​ឯក​ត្រី​អង្គ ឬ​មួយ​ក៏​លទ្ធិ​អំពី​ព្រះ​ឯក​ត្រី​អង្គ​ឡើយ។ ព្រះ​យេស៊ូ​និង​អ្នក​កាន់​តាម​ទ្រង់​ក៏​មិន​បាន​និយាយ​ផ្ទុយ​ពី​សេចក្ដី​អធិស្ឋាន​ហៅ​ថា ហ្សិម៉ា [​សេចក្ដី​អធិស្ឋាន​មួយ​ជា​ភាសា​ហេព្រើរ​] ក្នុង​សញ្ញា​ចាស់​ដែល​ថា​៖ ‹ចូរ​ស្ដាប់​ចុះ! ឱ​អ៊ីស្រាអែល​អើយ! ព្រះ​អម្ចាស់​ដែល​ជា​ព្រះ​របស់​យើង ទ្រង់​ជា​ព្រះ​អម្ចាស់​តែ​មួយ​អង្គ​ប៉ុណ្ណោះ›។ (​ចោ​ទិ​. ៦:៤​)​»។ (​The Encyclop​æ​dia Britannica​) ជន​គ្រីស្ទាន​មិន​បាន​ថ្វាយ​បង្គំ​ព្រះ​បី​អង្គ​របស់​សាសន៍​រ៉ូម ឬ​មួយ​ក៏​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។ ពួក​គេ​បាន​ជឿ​បន្ទូល​របស់​ព្រះ​យេស៊ូ​ថា មាន​តែ​ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់​ដែល​គួរ​ត្រូវ​ថ្វាយ​បង្គំ។ (​ម៉ាថាយ ៤:១០​) ម្យ៉ាង​ទៀត គ្រីស្ទាន​ទាំង​នោះ​បាន​ជឿ​បន្ទូល​របស់​ព្រះ​គ្រីស្ទ​ដែល​ថា​៖ ​«​ដ្បិត​ព្រះ​វរបិតា​ទ្រង់​ធំ​លើស​ជាង​ខ្ញុំ​»។ (​យ៉ូហាន ១៤:២៨​) ស្មរ​បន្ទាល់​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​មាន​ទស្សនៈ​ដូច្នេះ​ដែរ។

១៩ អ្នក​កាន់​តាម​ព្រះ​យេស៊ូ​នៅ​សម័យ​ដើម​បែង​ចែក​យ៉ាង​ច្បាស់​លាស់​នូវ​ភាព​ខុស​គ្នា​រវាង​ព្រះ ព្រះ​គ្រីស្ទ និង​វិញ្ញាណ​បរិសុទ្ធ។ តាម​ពិត អ្នក​ទាំង​នោះ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក (​១​) ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា (​២​) ដោយ​នូវ​ព្រះ​នាម​ព្រះ​រាជបុត្រា និង (​៣​) ក្នុង​នាម​វិញ្ញាណ​បរិសុទ្ធ មិន​មែន​ក្នុង​នាម​នៃ​ព្រះ​ឯក​ត្រី​អង្គ​ឡើយ។ ដូច​គ្នា​ដែរ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បង្រៀន​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ និង​ហេតុ​នេះ​ហើយ​ពួក​គេ​បង្ហាញ​ភាព​ខុស​គ្នា​រវាង​ព្រះ ព្រះ​រាជបុត្រា​របស់​ទ្រង់ និង​វិញ្ញាណ​បរិសុទ្ធ។—ម៉ាថាយ ២៨:១៩

សេចក្ដី​ពិត​និង​បុណ្យ​ជ្រមុជ​ទឹក

២០. តើ​អ្នក​ដែល​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ត្រូវ​មាន​ចំណេះ​អ្វី?

២០ ព្រះ​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​ដោយ​បង្រៀន​មនុស្ស​នូវ​សេចក្ដី​ពិត។ ដើម្បី​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បីទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ អ្នក​ទាំង​នោះ​ត្រូវ​ការ​ចំណេះ​បឋម​អំពី​បទ​គម្ពីរ។ ជា​ឧទាហរណ៍ អ្នក​នោះ​ត្រូវ​ទទួល​ស្គាល់​ឋានៈ​និង​អំណាច​នៃ​ព្រះ​វរបិតា និង​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​រាជបុត្រា​របស់​ទ្រង់។ (​យ៉ូហាន ៣:១៦​) អ្នក​ដែល​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ក៏​ត្រូវ​យល់​ថា វិញ្ញាណ​បរិសុទ្ធ​មិន​មែន​ជា​បុគ្គល​មួយ​រូប​ទេ ប៉ុន្តែ គឺ​ជា​សកម្មពល​របស់​ព្រះ​វិញ។—លោកុប្បត្តិ ១:២

២១, ២២. ហេតុ​អ្វី​អ្នក​ជឿ​ថា បុណ្យ​ជ្រមុជ​ទឹក​គឺ​សំរាប់​តែ​អ្នក​ជឿ?

២១ ពួក​គ្រីស្ទាន​សម័យ​ដើម​នោះ បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​តែ​បុគ្គល​ដែល​មាន​ចំណេះ​គ្រប់​គ្រាន់ និង​បាន​ប្រែ​ចិត្ត​ហើយ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​ដោយ​មិន​ដាក់​ល័ក្ខខ័ណ្ឌ​ឡើយ។ សាសន៍​យូដា​និង​ជន​សាសន៍​ផ្សេង​ដែល​បាន​កាន់​សាសនា​យូដា​ដែល​បាន​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៣៣ ស.យ. បាន​មាន​ចំណេះ​អំពី​បទ​គម្ពីរ​ហេព្រើរ​រួច​ទៅ​ហើយ។ ពេល​ដែល​អ្នក​ទាំង​នោះ​ឮ​ពេត្រុស​ពន្យល់​អំពី​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី​នោះ មនុស្ស​ប្រមាណ​៣.០០០​នាក់​«​ទទួល​ពាក្យ​របស់​គាត់​ដោយ​អំណរ​»​ និង​«​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​»។—កិច្ច​ការ ២:៤១; ៣:១៩–៤:៤; ១០:៣៤​-​៣៨

២២ បុណ្យ​ជ្រមុជ​ទឹក​គ្រីស្ទាន​គឺ​សំរាប់​អ្នក​ជឿ​តែ​ប៉ុណ្ណោះ។ មនុស្ស​នៅ​ស្រុក​សាម៉ារី​បាន​ទទួល​សេចក្ដី​ពិត និង​«​កាល​មនុស្ស​ទាំង​អស់​បាន​ជឿ​តាម​ភីលីព ដែល​គាត់​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​នៃ​ព្រះ ហើយ​ពី​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ​វិញ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទាំង​ប្រុស​ទាំង​ស្រី​»។ (​កិច្ច​ការ ៨:១២​) បុរស​កំរៀវ​ជន​ជាតិ​អេធីយ៉ូពី​គឺ​ជា​អ្នក​សាសន៍​ផ្សេង​ដែល​កាន់​សាសនា​យូដា តែ​គាត់​បាន​ស្ដាប់​តាម​ការ​ពន្យល់​របស់​ភីលីព​ស្តី​ពី​ទំនាយ​អំពី​ព្រះ​មេស្ស៊ី ទើប​គាត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ (​កិច្ច​ការ ៨:៣៤​-​៣៦​) ក្រោយ​មក ពេត្រុស​បាន​ប្រាប់​លោក​កូនេលាស​និង​អ្នក​ឯ​ទៀត​ជា​សាសន៍​ផ្សេង​ថា​៖ ​«​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់[​ព្រះ​] ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ​»​ និង​អស់​អ្នក​ដែល​ជឿ​ទៅ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ​អាច​ទទួល​ការ​អត់​ឱន​ទោស​ចំពោះ​បាប​របស់​ខ្លួន។ (​កិច្ច​ការ ១០:៣៥, ៤៣; ១១:១៨​) ទាំង​អស់​នេះ​សម​ស្រប​ទៅ​តាម​បញ្ជា​របស់​ព្រះ​យេស៊ូ​ថា ‹ចូរ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ទ្រង់​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង›។ (​ម៉ាថាយ ២៨:១៩, ២០; កិច្ច​ការ ១:៨​) ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​តាម​បញ្ជា​ដដែល​នេះ ដោយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​តែ​អ្នក​ដែល​មាន​ចំណេះ​បឋម​អំពី​បទ​គម្ពីរ​រួច​ហើយ និង​ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​ប៉ុណ្ណោះ។

២៣, ២៤. តើ​បុណ្យ​ជ្រមុជ​ទឹក​គ្រីស្ទាន​ដ៏​ត្រឹម​ត្រូវ ត្រូវ​មាន​លំនាំ​បែប​ណា?

២៣ ការ​ពន្លិច​ទៅ​ក្នុង​ទឹក​ទាំង​ស្រុង​គឺ​ជា​វិធី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ត្រឹម​ត្រូវ​សំរាប់​អ្នក​ជឿ។ ក្រោយ​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់ នោះ​ទ្រង់​បាន​«​យាង​ឡើង​ពី​ទឹក​មក​»។ (​ម៉ាកុស ១:១០​) បុរស​កំរៀវ​ជន​ជាតិ​អេធីយ៉ូពី​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​«​ទី​ទឹក​»។ បុរស​នោះ​និង​ភីលីព​បាន​«​ចុះ​ទៅ​ក្នុង​ទឹក​»​រួច​បាន​«​ឡើង​ពី​ទឹក​មក​»។ (​កិច្ច​ការ ៨:៣៦​-​៤០​) ដោយ​សារ​បទ​គម្ពីរ​ភ្ជាប់​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជា​មួយ​នឹង​ការ​កប់ ជា​ន័យ​អត្ថបដិរូប នេះ​ក៏​បង្ហាញ​ថា បុគ្គល​ម្នាក់​ត្រូវ​ពន្លិច​ទៅ​ក្នុង​ទឹក​នូវ​រូប​កាយ​ទាំង​មូល​តែ​ម្ដង។—រ៉ូម ៦:៤​-​៦; កូល៉ុស ២:១២

២៤ សៀវភៅ​ស្រាវ​ជ្រាវ​មួយ​ចែង​ថា​៖ ​«​ការ​ពណ៌នា​ក្នុង​សញ្ញា​ថ្មី​ស្តី​អំពី​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក បញ្ជាក់​ថា​បុគ្គល​នោះ​ត្រូវ​ពន្លិច​ទៅ​ក្នុង​ទឹក​នូវ​រូប​កាយ​ទាំង​មូល​តែ​ម្ដង​»។ (​The Oxford Companion to the Bible​) យោង​ទៅ​តាម​សៀវភៅ​មួយ​ជា​ភាសា​បារាំង ​«​ជន​គ្រីស្ទាន​ដើម​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ពន្លិច​ទៅ​ក្នុង​ទឹក​នៅ​កន្លែង​ណា​ដែល​មាន​ទឹក​»។ (​Larousse du XXe Si​è​cle—Paris, 1928​) ហើយ​សៀវភៅ​ភាសា​អង់គ្លេស​ចំណង​ជើង​ថា ក្រោយ​ព្រះ​យេស៊ូ​សាសនា​គ្រីស្ទាន​ទទួល​ជ័យ​ជំនះ ក៏​កត់​សម្គាល់​ថា​៖ ​«​ជា​បឋម [​បុណ្យ​ជ្រមុជ​ទឹក​]តម្រូវ​ឲ្យ​មាន​ការ​ប្រកាស​ថា ខ្លួន​មាន​ជំនឿ និង​រួច​មក​មាន​ការ​ពន្លិច​ទាំង​ស្រុង​ទៅ​ក្នុង​ទឹក​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូ​»។

២៥. តើ​អ្វី​នឹង​ត្រូវ​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២៥ ចំណុច​ខាង​លើ​នេះ​ស្តី​អំពី​ជំនឿ​និង​ការ​ប្រព្រឹត្ត​របស់​ជន​គ្រីស្ទាន​ជំនាន់​ដើម​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ​នោះ គ្រាន់​តែ​ជា​ឧទាហរណ៍​ប៉ុណ្ណោះ។ មាន​ដំណូច​ផ្សេង​ទៀត​រវាង​ជំនឿ​ជន​គ្រីស្ទាន​សម័យ​ដើម​និង​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។ ក្នុង​អត្ថបទ​ជា​បន្ទាប់ យើង​នឹង​ពិចារណា​នូវ​វិធី​ផ្សេង​ទៀត​ដែល​យើង​អាច​សម្គាល់​អ្នក​ដែល​កំពុង​តែ​បង្រៀន​នូវ​សេចក្ដី​ពិត។

តើ​អ្នក​នឹង​ឆ្លើយ​ដូច​ម្ដេច?

• តើ​ព្រះ​តម្រូវ​ឲ្យ​យើង​ថ្វាយ​បង្គំ​យ៉ាង​ណា?

• តើ​សេចក្ដី​ពិត​បាន​ក្លាយ​ជា​សច្ចភាព​យ៉ាង​ដូច​ម្ដេច​ដោយ​សារ​ព្រះ​យេស៊ូ​គ្រីស្ទ?

• តើ​អ្វី​ជា​សេចក្ដី​ពិត​អំពី​ព្រលឹង​និង​សេចក្ដី​ស្លាប់?

• តើ​បុណ្យ​ជ្រមុជ​ទឹក​គ្រីស្ទាន​ត្រូវ​មាន​លំនាំ​បែប​ណា? ហើយ​តើ​នេះ​តម្រូវ​អ្វី​ពី​អ្នក​ដែល​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​២៥​]

តើ​អ្នក​អាច​ពន្យល់​នូវ​មូលហេតុ​ដែល​ព្រះ​យេស៊ូ មាន​បន្ទូល​ថា​៖ ‹ខ្ញុំ​ជា​សេចក្ដី​ពិត›ឬ​ទេ?

[​រូប​ភាព​នៅ​ទំព័រ​២៦​]

តើ​អ្វី​ជា​សេចក្ដី​ពិត​អំពី បុណ្យ​ជ្រមុជ​ទឹក​គ្រីស្ទាន?