លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បន្ថែមការគោរពប្រណិប័តន៍ព្រះពីលើការស៊ូទ្រាំរបស់អ្នក

បន្ថែមការគោរពប្រណិប័តន៍ព្រះពីលើការស៊ូទ្រាំរបស់អ្នក

បន្ថែម​ការ​គោរព​ប្រណិប័តន៍​ព្រះ​ពី​លើ​ការ​ស៊ូ​ទ្រាំ​របស់​អ្នក

​«​ពី​លើ​ជំនឿ . . . បន្ថែម​ការ​ព្យាយាម​ត​ស៊ូ . . . ពី​លើ​ការ​ព្យាយាម​ត​ស៊ូ[​«​ការ​ស៊ូ​ទ្រាំ​»​, ព.ថ.​] . . . បន្ថែម . . . ការ​គោរព​ប្រណិប័តន៍​ព្រះ​»។—២ពេ​ត្រុ​ស ១:៥, ៦, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១, ២. (​ក​) តើ​កុមារ​ម្នាក់​ត្រូវ​លូត​លាស់​យ៉ាង​ណា​ខ្លះ? (​ខ​) តើ​ការ​លូត​លាស់​ខាង​វិញ្ញាណ​គឺ​សំខាន់​យ៉ាង​ណា?

 កុមារ​គ្រប់​រូប​រមែង​ចង់​ធំ​ធាត់​ពេញ​រូប​ពេញ​រាង។ ប៉ុន្តែ ក្រៅ​ពី​ការ​ធំ​ធាត់​ពេញ​រូប​ពេញ​រាង មាន​អ្វី​ផ្សេង​ទៀត​ដ៏​សំខាន់​ដែរ គឺ ការ​ចំរើន​លូត​លាស់​ខាង​សតិបញ្ញា​និង​ខាង​ផ្លូវ​ចិត្ត។ ក្រោយ​មក កុមារ​ម្នាក់​នឹង​លះ​ចោល​គំនិត​ក្មេង​ខ្ចី​របស់​ខ្លួន និង​ស្រវា​យក​ទម្រង់​ជា​បុរស​ឬ​ស្ត្រី​ពេញ​វ័យ​មួយ​រូប។ សាវ័ក​ប៉ុល​បាន​សំដៅ​ទៅ​លើ​ចំណុច​នេះ​ពេល​គាត់​បាន​សរសេរ​ថា​៖ ​«​កាល​ដែល​ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ នោះ​ខ្ញុំ​បាន​និយាយ​ដូច​ជា​កូន​ក្មេង ក៏​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​បាន​ពិចារណា ដូច​ជា​កូន​ក្មេង​ដែរ លុះ​កាល​ខ្ញុំ​ធំ​ហើយ នោះ​ខ្ញុំ​បាន​លះ​ចោល​ការ​របស់​កូន​ក្មេង​ចេញ​ទៅ​»។—កូរិនថូស​ទី​១ ១៣:១១

សំដី​របស់​ប៉ុល​បញ្ជាក់​ចំណុច​ដ៏​សំខាន់​មួយ​ស្តី​អំពី​ការ​ចំរើន​លូត​លាស់​ខាង​វិញ្ញាណ។ ពួក​គ្រីស្ទាន​ត្រូវ​តែ​លូត​លាស់​ពី​ភាព​ក្មេង​ខ្ចី​ខាង​វិញ្ញាណ​ទៅ​ដល់​ភាព​«​ពេញ​វ័យ​ខាង​សមត្ថភាព​យល់​ដឹង​»។ (​កូរិនថូស​ទី​១ ១៤:២០, ព.ថ.​) ពួក​គ្រីស្ទាន​គួរ​ព្យាយាម​ចំរើន​លូត​លាស់​ដល់​«​ខ្នាត​កំពស់​នៃ​សេចក្ដី​ពោរ​ពេញ​ផង​ព្រះ​គ្រីស្ទ​»។ បើ​ពួក​គេ​ធ្វើ​បែប​នោះ​ពួក​គេ​នឹង​លែង​«​ជា​កូន​តូច​ទៀត ទាំង​ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក ហើយ​ផាត់[​ពួក​គេ​]ចុះ​ឡើង​»​ទៀត​ហើយ។—អេភេសូរ ៤:១៣, ១៤

៣, ៤. (​ក​) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ​ខាង​វិញ្ញាណ? (​ខ​) តើ​យើង​គួរ​បង្ហាញ​លក្ខណៈ​អ្វី​ខ្លះ​ដែល​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ? ហើយ​តើ​លក្ខណៈ​ទាំង​នេះ​សំខាន់​យ៉ាង​ណា?

តើ​យើង​អាច​លូត​លាស់​ទៅ​ជា​ពេញ​វ័យ​ខាង​វិញ្ញាណ​ដោយ​ធ្វើ​ដូច​ម្ដេច? តាម​ធម្មតា ការ​ធំ​ធាត់​ពេញ​រូប​ពេញ​រាង​ច្រើន​តែ​កើត​ឡើង​ដោយ​ស្វ័យ​ប្រវត្ដិ រីឯ​ការ​លូត​លាស់​ខាង​វិញ្ញាណ​វិញ នោះ​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង​ដោយ​ខ្លួន​ឯង។ ការ​ចំរើន​លូត​លាស់​ខាង​វិញ្ញាណ​ចាប់​ផ្ដើម​ដោយ​ការ​ក្រេប​ជញ្ជក់​ចំណេះ​ពី​ព្រះ​បន្ទូល​របស់​ព្រះ និង​ការ​អនុវត្ត​តាម​អ្វី​ដែល​យើង​បាន​រៀន។ (​ហេព្រើរ ៥:១៤; ពេត្រុស​ទី​២ ១:៣​) ជា​លទ្ធផល នេះ​ជួយ​យើង​សម្ដែង​លក្ខណៈ​ផ្សេង​ៗ​ដែល​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ។ ការ​ចំរើន​លូត​លាស់​ផ្នែក​លក្ខណៈ​ដែល​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ​ក៏​កើត​ឡើង​នៅ​ដំណាល​គ្នា​នោះ​ដែរ ដូច​ជា​លក្ខណៈ​ផ្សេង​ៗ​នៃ​ការ​លូត​លាស់​ធំ​ធាត់​ខាង​រាង​កាយ។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ហេតុ​នេះ​បង​ប្អូន​ត្រូវ​ខ្នះ​ខ្នែង​អោយ​អស់​ពី​សមត្ថភាព បន្ថែម​កិរិយា​ល្អ​ឥត​ខ្ចោះ​ពី​លើ​ជំនឿ បន្ថែម​ការ​ស្គាល់​ព្រះ​អង្គ​ពី​លើ​កិរិយា​ល្អ។ បន្ថែម​ការ​ចេះ​ទប់​ចិត្ត​ពី​លើ​ការ​ស្គាល់​ព្រះ​អង្គ បន្ថែម​ការ​ព្យាយាម​ត​ស៊ូ[​«​ការ​ស៊ូ​ទ្រាំ​»​, ព.ថ.​]ពី​លើ​ការ​ចេះ​ទប់​ចិត្ត បន្ថែម​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​ម្ចាស់​ពី​លើ​ការ​ព្យាយាម​ត​ស៊ូ[​«​ការ​ស៊ូ​ទ្រាំ​»​, ព.ថ.​]។ បន្ថែម​ភាតរភាព ពី​លើ​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​ម្ចាស់​និង បន្ថែម​សេចក្ដី​ស្រឡាញ់ ពី​លើ​ភាតរភាព​»។—២ពេ​ត្រុ​ស ១:៥​-​៧, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

គុណ​សម្បត្ដិ​មួយ​ៗ​ដែល​ពេត្រុស​រៀប​រាប់​គឺ​សំខាន់​ណាស់ មិន​ត្រូវ​បោះ​បង់​ចោល​គុណ​សម្បត្ដិ​ណា​មួយ​ឡើយ។ ពេត្រុស​ក៏​និយាយ​បន្ត​ថា​៖ ​«​បើ​មាន​សេចក្ដី​ទាំង​នោះ​ចំរើន​ឡើង ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ​»។ (​ពេត្រុស​ទី​២ ១:៨​) យើង​សូម​ពិចារណា​នូវ​ភាព​ចាំ​បាច់​នៃ​ការ​បន្ថែម​ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ​ពី​លើ​ការ​ស៊ូ​ទ្រាំ។

ភាព​ចាំ​បាច់​នៃ​ការ​ស៊ូ​ទ្រាំ

៥. ហេតុ​អ្វី​ក៏​យើង​ត្រូវ​ស៊ូ​ទ្រាំ?

ពេត្រុស​និង​ប៉ុល​បាន​ផ្សារ​ភ្ជាប់​ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ​ជា​មួយ​នឹង​ការ​ស៊ូ​ទ្រាំ ដែល​ព្រះ​គម្ពីរ​ជួន​កាល​បក​ស្រាយ​ថា​សេចក្ដី​ខ្ជាប់​ខ្ជួន។ (​ធីម៉ូថេ​ទី​១ ៦:១១​) ការ​ស៊ូ​ទ្រាំ​មាន​ន័យ​ទូលំ​ទូលាយ​ជាង​ការ​ទ្រាំ​នឹង​ការ​លំបាក និង​ការ​ប្ដេជ្ញា​ចិត្ត​ទៅ​ទៀត។ នេះ​រួម​បញ្ចូល​ការ​អត់​ធ្មត់ ក្លាហាន និង​ការ​ខ្ជាប់​ខ្ជួន​នៅ​ចំពោះ​មុខ​ការ​ល្បង​ល ឧបសគ្គ ការ​ល្បួង ឬ​មួយ​ក៏​ការ​បៀត​បៀន។ ក្នុង​នាម​ជា​អ្នក​ដែល​កំពុង​តែ​រស់​ដោយ​«​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូវ​»​ យើង​ដឹង​ទុក​ជា​មុន​ថា​យើង​នឹង​ត្រូវ​ទទួល​ការ​បៀត​បៀន​ជា​មិន​ខាន។ (​ធីម៉ូថេ​ទី​២ ៣:១២​) យើង​ត្រូវ​តែ​ស៊ូ​ទ្រាំ​ប្រសិន​បើ​យើង​ចង់​បញ្ជាក់​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា និង​បណ្ដុះ​នូវ​គុណ​សម្បត្ដិ​ដែល​ត្រូវ​ការ​ចាំ​បាច់​សំរាប់​សេចក្ដី​សង្គ្រោះ។ (​រ៉ូម ៥:៣​-​៥; ធីម៉ូថេ​ទី​២ ៤:៧, ៨; យ៉ាកុប ១:៣, ៤, ១២​) បើ​គ្មាន​ការ​ស៊ូ​ទ្រាំ យើង​នឹង​មិន​ទទួល​ជីវិត​ជា​រៀង​រហូត​បាន​ទេ។—រ៉ូម ២:៦, ៧; ហេព្រើរ ១០:៣៦

៦. តើ​ការ​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់​មាន​ន័យ​អ្វី?

មិន​ថា​យើង​ធ្លាប់​បំរើ​ព្រះ​បាន​ល្អ​យ៉ាង​ណា​ក៏​ដោយ​នៅ​ដើម​ដំបូង​នោះ អ្វី​ដ៏​សំខាន់​បំផុត​គឺ​ថា​យើង​ស៊ូ​ទ្រាំ​ក្នុង​ការ​នោះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​អ្នក​ណា​ដែល​កាន់​ខ្ជាប់[​«​ស៊ូ​ទ្រាំ​»​, ព.ថ.​] ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ​»។ (​ម៉ាថាយ ២៤:១៣​) ពិត​មែន​ហើយ យើង​ត្រូវ​តែ​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ មិន​ថា​នោះ​ជា​ចុង​បញ្ចប់​នៃ​ជីវិត​របស់​យើង ឬ​ក៏​ទី​បញ្ចប់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ​ក៏​ដោយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​យើង​ត្រូវ​តែ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​ឲ្យ​ខាង​តែ​បាន។ ប៉ុន្តែ ប្រសិន​បើ​យើង​មិន​បន្ថែម​ការ​គោរព​ប្រណិប័តន៍​ចំពោះ​ព្រះ នោះ​យើង​មិន​អាច​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ហើយ​នឹង​មិន​អាច​ទទួល​ជីវិត​ជា​រៀង​រហូត​បាន​នោះ​ទេ។ ប៉ុន្តែ តើ​ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ​ជា​អ្វី?

អត្ថន័យ​នៃ​ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ

៧. តើ​ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ​គឺ​ជា​អ្វី? ហើយ​តើ​នោះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​ធ្វើ​អ្វី?

ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ​គឺ​ជា​ការ​គោរព​ដោយ​ផ្ទាល់​ខ្លួន ការ​ថ្វាយ​បង្គំ និង​ការ​ថ្វាយ​កិច្ច​បំរើ​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​សារ​ភក្ដី​ភាព​ចំពោះ​អធិបតេយ្យ​សកល​លោក​របស់​ទ្រង់។ ដើម្បី​ប្រណិប័តន៍​ដល់​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​គោរព យើង​ត្រូវ​ការ​ចំណេះ​ពិត​អំពី​ទ្រង់ និង​អំពី​ការ​ប្រព្រឹត្ត​របស់​ទ្រង់​ដែរ។ យើង​គួរ​តែ​ស្គាល់​ព្រះ​ឲ្យ​បាន​ច្បាស់។ តាម​រយៈ​ការ​ស្គាល់​នេះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​នៅ​ជាប់​នឹង​ទ្រង់​ជា​និច្ច ហើយ​នេះ​នឹង​ស​ឲ្យ​ឃើញ​បាន​ដោយ​ការ​ប្រព្រឹត្ត និង​របៀប​រស់​នៅ​របស់​យើង។ យើង​គួរ​ប្រាថ្នា​ចង់​បាន​លក្ខណៈ​ដូច​ព្រះ​យេហូវ៉ា​បេះ​បិទ គឺ​ថា ប្រព្រឹត្ត​ដូច​ទ្រង់ និង​បង្ហាញ​គុណ​សម្បត្ដិ​និង​លក្ខណៈ​របស់​ទ្រង់។ (​អេភេសូរ ៥:១​) ពិត​មែន​ហើយ ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ទ្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។—កូរិនថូស​ទី​១ ១០:៣១

៨. តើ​សេចក្ដី​គោរព​ប្រណិប័តន៍​ដល់​ព្រះ​និង​ការ​ថ្វាយ​បង្គំ​ផ្ដាច់​មុខ​ទាក់​ទង​គ្នា​យ៉ាង​ដូច​ម្ដេច?

ដើម្បី​គោរព​ប្រណិប័តន៍​ដល់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ នោះ​យើង​ត្រូវ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​តែ​មួយ​អង្គ​ប៉ុណ្ណោះ មិន​អាច​ឲ្យ​អ្វី​ផ្សេង​ទៀត​មក​ដណ្ដើម​យក​កន្លែង​ទ្រង់​ក្នុង​ចិត្ត​យើង​បាន​ឡើយ។ ដោយ​សារ​ទ្រង់​ជា​អ្នក​បង្កើត​យើង នោះ​ទ្រង់​មាន​សិទ្ធិ​ទទួល​ការ​ថ្វាយ​បង្គំ​ផ្ដាច់​មុខ​ពី​យើង។ (​ចោទិយកថា ៤:២៤; អេសាយ ៤២:៨​) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​បង្ខំ​ឲ្យ​យើង​ថ្វាយ​បង្គំ​ទ្រង់​ទេ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ថ្វាយ​បង្គំ​ទ្រង់​ស្ម័គ្រ​ពី​ចិត្ត។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ដោយ​មាន​មូលដ្ឋាន​លើ​ចំណេះ​ពិត​អំពី​ទ្រង់ ជា​អ្វី​ដែល​ត្រូវ​ជំរុញ​យើង​ឲ្យ​កែ​ខ្លួន​រស់​មាន​របៀប​រស់​នៅ​ស្អាត​ស្អំ​អស់​មន្ទិល​មោះ​ហ្មង ថែម​ទាំង​ជួយ​ជំរុញ​យើង​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់​ដោយ​មិន​មាន​ល័ក្ខខ័ណ្ឌ​និង​រស់​នៅ​សម​ស្រប​ទៅ​តាម​ការ​ថ្វាយ​ខ្លួន​នោះ។

ចូរ​ចង​មេត្រី​ភាព​ជា​មួយ​នឹង​ព្រះ

៩, ១០. តើ​យើង​អាច​ចង​មេត្រី​ភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ និង​រក្សា​ចំណង​នោះ​ឲ្យ​រឹង​មាំ​ជា​និច្ច​យ៉ាង​ដូច​ម្ដេច?

ក្រោយ​ពី​យើង​បង្ហាញ​នូវ​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ យើង​នៅ​តែ​ត្រូវ​ពង្រឹង​ចំណង​មេត្រី​ភាព​របស់​យើង​ជា​មួយ​នឹង​ទ្រង់​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ឡើង​ៗ។ ការ​ប៉ង​ប្រាថ្នា​ធ្វើ​ដូច្នេះ​នឹង​ជួយ​ឲ្យ​យើង​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ ថែម​ទាំង​ជំរុញ​ឲ្យ​យើង​បន្ត​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​និង​រំពឹង​គិត​អំពី​បន្ទូល​នោះ។ ពេល​យើង​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​របស់​ព្រះ​មាន​ឥទ្ធិពល​មក​លើ​ចិត្ត​គំនិត​របស់​យើង នោះ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ចំណង​មេត្រី​ភាព​របស់​យើង​ជា​មួយ​នឹង​ទ្រង់ បន្ត​ធ្វើ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ យើង​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​មិត្ត​សំឡាញ់​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​យើង ហើយ​ចង់​បំពេញ​ព្រះ​ហឫទ័យ​របស់​ទ្រង់​គ្រប់​ពេល​វេលា។ (​យ៉ូហាន​ទី​១ ៥:៣​) យើង​រីក​រាយ​កាន់​តែ​ខ្លាំង​នឹង​ចំណង​មេត្រី​ភាព​ដែល​យើង​មាន​ជា​មួយ​នឹង​ព្រះ ហើយ​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ទ្រង់ ដែល​បាន​ណែនាំ​យើង​ដោយ​សេចក្ដី​ស្រឡាញ់ និង​កែ​តម្រង់​យើង​ពេល​ត្រូវ​ការ​ជា​ចាំ​បាច់។—ចោទិយកថា ៨:៥

១០ បើ​យើង​មិន​ព្យាយាម​ជា​និច្ច​ដើម្បី​ពង្រឹង​នូវ​ចំណង​មេត្រី​ភាព​ដែល​យើង​មាន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ទេ ចំណង​មេត្រី​ភាព​នោះ​នឹង​អាច​ប្រេះ​ឆា​បាន។ ប្រសិន​បើ​នេះ​កើត​ឡើង​មែន នេះ​មិន​មែន​ជា​កំហុស​របស់​ព្រះ​ឡើយ ដ្បិត ​«​ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​និមួយ​ៗ​»​ទេ។ (​កិច្ច​ការ ១៧:២៧​) យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ដែល​ព្រះ​មិន​ធ្វើ​ឲ្យ​ការ​ចូល​ទៅ​ជិត​ទ្រង់​ជា​អ្វី​ដ៏​ពិបាក! (​យ៉ូហាន​ទី​១ ៥:១៤, ១៥​) យើង​ត្រូវ​តែ​ខំ​ព្យាយាម​ពង្រឹង​ចំណង​មេត្រី​ភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ជិត​ស្និទ្ធ។ ប៉ុន្តែ ទ្រង់​ជួយ​យើង​ចូល​ទៅ​ជិត​ទ្រង់​ដោយ​ផ្ដល់​សំ​វិធានការ​សព្វ​បែប​យ៉ាង​ដែល​យើង​ត្រូវ​ការ ដើម្បី​បណ្ដុះ​និង​រក្សា​ការគោរព​ប្រណិប័តន៍​ដល់​ព្រះ​ជា​និច្ច។ (​យ៉ាកុប ៤:៨​) តើ​យើង​អាច​ឆ្លៀត​ប្រយោជន៍​ពេញ​លេញ​ពី​សំ​វិធានការ​ទាំង​អស់​នេះ​បាន​យ៉ាង​ដូច​ម្ដេច?

ការ​រក្សា​ភាព​ខាង​វិញ្ញាណ​ឲ្យ​រឹង​មាំ​ជា​និច្ច

១១. តើ​អ្វី​ខ្លះ​បង្ហាញ​ថា​យើង​គោរព​ប្រណិប័តន៍​ដល់​ព្រះ?

១១ សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​បង្ហាញ​ថា យើង​គោរព​ប្រណិប័តន៍​ដល់​ព្រះ​ដល់​កំរិត​ណា ដើម្បី​សម​ស្រប​ទៅ​តាម​ឱវាទ​របស់​ប៉ុល ដែល​ថា​៖ ​«​ចូរ​ខំ​ប្រឹង[​«​អស់​ពី​សមត្ថភាព​»​, ព.ថ.​]នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ​»។ (​ធីម៉ូថេ​ទី​២ ២:១៥​) នេះ​តម្រូវ​ឲ្យ​យើង​មាន​ទម្លាប់​ល្អ​ទៀង​ទាត់​សំរាប់​ការ​សិក្សា​ព្រះ​បន្ទូល ការ​ចូល​រួម​កិច្ច​ប្រជុំ និង​ការ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ យើង​ក៏​អាច​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​ដោយ ​«​អធិស្ឋាន​ឥត​ឈប់​ឈរ​»។ (​ថែស្សាឡូនីច​ទី​១ ៥:១៧​) ការ​ប្រព្រឹត្ត​ទាំង​នេះ​គឺ​ជា​វិធី​សំខាន់​ដែល​យើង​បង្ហាញ​ថា យើង​គោរព​ប្រណិប័តន៍​ដល់​ព្រះ។ ការ​អាក់​ខាន​ធ្វើ​តាម​ជំហាន​ណា​មួយ​អាច​នាំ​ឲ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ​ខាង​វិញ្ញាណ និង​ងាយ​រង​គ្រោះ​ពី​កិច្ច​កល​របស់​សាតាំង។—ពេត្រុស​ទី​១ ៥:៨

១២. តើ​យើង​អាច​ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល​យ៉ាង​ដូច​ម្ដេច​បាន?

១២ ការ​រក្សា​ភាព​ខាង​វិញ្ញាណ​ឲ្យ​រឹង​មាំ​ព្រម​ទាំង​ការ​មាន​សកម្មភាព​ជា​និច្ច​ក្នុង​ការ​បំរើ​ព្រះ ក៏​ជួយ​យើង​យក​ឈ្នះ​ការ​ល្បង​ល​ជា​ច្រើន​ដែល​យើង​ជួប​ប្រទះ។ ការ​ល្បង​ល​ខ្លះ​អាច​នាំ​ឲ្យ​យើង​លំបាក​ណាស់។ ភាព​ព្រងើយ​កន្តើយ ការ​ប្រឆាំង និង​ការ​បៀត​បៀន​គឺ​ពិបាក​ទ្រាំ​ជាង ជា​ពិសេស​បើ​ការ​ទាំង​នោះ​មាន​មក​ពី​សំណាក់​ក្រុម​គ្រួសារ សាច់​ញាតិ​ជិត ឬ​ក៏​អ្នក​ជិត​ខាង​របស់​យើង។ ការ​បង្ខិត​បង្ខំ​ឲ្យ​លះ​ចោល​គោល​ការណ៍​គ្រីស្ទាន​អាច​មក​ពី​កន្លែង​ធ្វើ​ការ​ឬ​ក៏​សាលា​រៀន។ ការ​ក្រៀម​ក្រំ​ចិត្ត ជំងឺ និង​ការ​បាក់​ទឹក​ចិត្ត​អាច​ធ្វើ​ឲ្យ​យើង​ខ្សោយ​កម្លាំង​កាយ​និង​ធ្វើ​ឲ្យ​យើង​រឹត​តែ​ពិបាក​ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល​នូវ​ជំនឿ​របស់​យើង។ ប៉ុន្តែ យើង​អាច​ស៊ូ​ទ្រាំ​ដោយ​មិន​ចុះ​ចាញ់​បាន​ប្រសិន​បើ​យើង​បន្ត​ព្យាយាម‹ប្រព្រឹត្ត​ក្នុង​កិរិយា​បរិសុទ្ធ​និង​សេចក្ដី​គោរព​ប្រណិប័តន៍ ទាំង​ទន្ទឹង​ចាំ​ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​បាន​ឆាប់​មក​ដល់​ផង›។ (​ពេត្រុស​ទី​២ ៣:១១, ១២​) ពេល​យើង​ធ្វើ​ដូច្នេះ យើង​ក៏​អាច​មាន​អំណរ​ជា​និច្ច​ដែរ​ដោយ​ដឹង​ជាក់​ថា ព្រះ​នឹង​ប្រទាន​ពរ​ដល់​យើង។—សុភាសិត ១០:២២

១៣. ប្រសិន​បើ​យើង​ចង់​បន្ត​គោរព​ប្រណិប័តន៍​ដល់​ព្រះ តើ​យើង​ត្រូវ​ធ្វើ​អ្វី?

១៣ ទោះ​ជា​សាតាំង​ព្យាបាទ​អ្នក​ណា​ដែល​គោរព​ប្រណិប័តន៍​ដល់​ព្រះ​ក៏​ដោយ យើង​មិន​ចាំ​បាច់​ខ្លាច​វា​ទេ។ ហេតុ​អ្វី? ពីព្រោះ‹ព្រះ​យេហូវ៉ា​ចេះ​ប្រោស​មនុស្ស​ដែល​គោរព​ប្រណិប័តន៍​ដល់​ទ្រង់ ឲ្យ​រួច​ពី​សេចក្ដី​ល្បួង›។ (​ពេត្រុស​ទី​២ ២:៩​) ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល ហើយ​ដើម្បី​ទទួល​ការ​ប្រោស​លោះ​ពី​ទ្រង់ យើង​ត្រូវ​«​លះ​ចោល​សេចក្ដី​ទមិល​ល្មើស នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្ដី​ធ្ងន់​ធ្ង សេចក្ដី​សុចរិត ហើយ​ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​វិញ​»។ (​ទីតុស ២:១២​) ក្នុង​នាម​ជា​គ្រីស្ទាន​ម្នាក់ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ភាព​ទន់​ខ្សោយ​ណា​ដែល​ទាក់​ទង​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​និង​អំពើ​ខាង​សាច់​ឈាម​បំផ្លាញ​នូវ​ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ។ ឥឡូវ យើង​សូម​ពិចារណា​នូវ​អ្វី​ខ្លះ​ដែល​អាច​បំផ្លាញ​នូវ​ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ។

ចូរ​ប្រុង​ប្រយ័ត្ន​នឹង​អ្វី​ដែល​អាច​បំផ្លាញ ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ

១៤. ប្រសិន​បើ​យើង​មាន​ចិត្ត​រេ​ទៅ​រក​ការ​ដេញ​តាម​ទ្រព្យ​សម្បត្ដិ តើ​យើង​ត្រូវ​ចាំ​អ្វី?

១៤ ការ​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ​គឺ​ជា​អន្ទាក់​ដែល​ទាក់​ជាប់​មនុស្ស​ជា​ច្រើន។ យើង​អាច​បញ្ឆោត​ខ្លួន​ដែរ​«​ដោយ​ស្មាន​ថា​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​ជា​ផ្លូវ​ឲ្យ​បាន​កំរៃ​»​ហើយ​ហ៊ាន​ប្រើ​ការ​ទុក​ចិត្ត​របស់​បង​ប្អូន​គ្នី​គ្នា​ជា​ឈ្នាន់​ឲ្យ​បាន​ប្រយោជន៍​ខ្លួន​ឯង។ (​ធីម៉ូថេ​ទី​១ ៦:៥​) យើង​អាច​រហូត​ដល់​ស្មាន​ថា គ្មាន​អ្វី​ខុស​ទេ​បើ​យើង​ទាម​ទារ​ឲ្យ​គ្រីស្ទាន​ម្នាក់​ដែល​ធូរ​ធារ​ឲ្យ​យើង​ខ្ចី​លុយ ទោះ​ជា​យើង​ទំនង​ជា​មិន​អាច​សង​លុយ​នោះ​វិញ​បាន​ក៏​ដោយ។ (​ទំនុក​ដំកើង ៣៧:២១​) ក៏​ប៉ុន្តែ ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ​ជា​អ្វី​ដែល​«​មាន​សេចក្ដី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ខាង​នាយ​ផង​»​ មិន​មែន​ជា​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទេ។ (​ធីម៉ូថេ​ទី​១ ៤:៨​) ដោយ​ព្រោះ​«​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ​»​នោះ ចូរ​យើង​តាំង​ចិត្ត​ព្យាយាម‹គោរព​ប្រណិប័តន៍​ដល់​ព្រះ ទាំង​ចិត្ត​ស្កប់​ស្កល់› ហើយ‹បើ​មាន​អាហារ​ទទួល​ទាន នឹង​សំលៀក​បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ›។—ធីម៉ូថេ​ទី​១ ៦:៦​-​១១

១៥. តើ​យើង​អាច​ធ្វើ​ដូច​ម្ដេច​ទៅ ប្រសិន​បើ​ការ​ដេញ​តាម​ការ​កំសាន្ត​កំពុង​តែ​ឃាត់​យើង​មិន​ឲ្យ​គោរព​ប្រណិប័តន៍​ដល់​ព្រះ​យ៉ាង​ពេញ​លេញ?

១៥ ការ​ដេញ​តាម​ការ​កំសាន្ត​អាច​ឃាត់​យើង​មិន​ឲ្យ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យ៉ាង​ពេញ​លេញ។ តើ​យើង​ត្រូវ​កែ​ប្រែ​ក្នុង​រឿង​នេះ​ឬ? តាម​ការ​ពិត យើង​ទទួល​ប្រយោជន៍​ខ្លះ​ពី​ការ​ហាត់​ប្រាណ​និង​ការ​កំសាន្ត​ពិត​មែន។ ប៉ុន្តែ ប្រយោជន៍​ដែល​យើង​ទទួល​គឺ​តែ​បន្ដិច​បន្តួច​ទេ បើ​យក​មក​ប្រៀប​ធៀប​នឹង​ជីវិត​ជា​រៀង​រហូត​វិញ។ (​យ៉ូហាន​ទី​១ ២:២៥​) សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​«​ចូល​ចិត្ត​នឹង​ល្បែង​លេង​ជា​ជាង​ព្រះ គេ​មាន​ឫកពា​ជា​អ្នក​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ចេស្ដា ដែល​មក​ដោយ​ការ​គោរព​ប្រតិបត្ដិ​នោះ​ទេ​»​ ហើយ​យើង​ត្រូវ​បែរ​ចេញ​ពី​ពួក​មនុស្ស​បែប​នេះ។ (​ធីម៉ូថេ​ទី​២ ៣:៤, ៥​) អស់​អ្នក​ដែល​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​គោរពប្រណិប័តន៍​ដល់​ព្រះ​កំពុង​តែ​«​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​ជា​គោល​យ៉ាង​ល្អ​សំរាប់​ខ្លួន​ដល់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​»។—ធីម៉ូថេ​ទី​១ ៦:១៩

១៦. តើ​សេចក្ដី​ប៉ង​ប្រាថ្នា​អ្វី​ខ្លះ​ដែល​អំពើ​បាប​រា​រាំង​មនុស្ស​មិន​ឲ្យ​ពួក​គេ​បំពេញ​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ? ហើយ​តើ​យើង​អាច​ឈ្នះ​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច?

១៦ អំពើ​អសីលធម៌ ការ​ញៀន​ទឹក​ស្រវឹង ញៀន​ថ្នាំ និង​សេចក្ដី​ប៉ង​ប្រាថ្នា​ធ្វើ​អំពើ​បាប​អាច​បំផ្លាញ​នូវ​ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ។ ការ​បណ្ដោយ​ខ្លួន​តាម​ចំណង់​ទាំង​នេះ​អាច​រា​រាំង​យើង​មិន​ឲ្យ​បំពេញ​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ។ (​កូរិនថូស​ទី​១ ៦:៩, ១០; កូរិនថូស​ទី​២ ៧:១​) សូម្បី​តែ​ប៉ុល​ក៏​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​ត​យុទ្ធ​ក្នុង​រូប​កាយ​របស់​គាត់​ដែរ។ (​រ៉ូម ៧:២១​-​២៥​) យើង​ត្រូវ​តែ​ចាត់​វិធានការ​ដ៏​តឹង​រ៉ឹង​បំផុត ដើម្បី​បំបាត់​នូវ​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ខុស​ពី​ចិត្ត​យើង។ អ្វី​មួយ​ដ៏​សំខាន់​នោះ​គឺ​យើង​ត្រូវ​តាំង​ចិត្ត​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌។ ប៉ុល​ប្រាប់​យើង​ថា​៖ ​«​ចូរ​សំឡាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​ជា​ការ​សហាយ​ស្មន់ ស្មោក​គ្រោក សំរើប​សំរាល ប៉ង​ប្រាថ្នា​អាក្រក់ នឹង​សេចក្ដី​លោភ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​»។ (​កូល៉ុស ៣:៥​) ការ​សម្លាប់​និស្ស័យ​សាច់​ឈាម​របស់​យើង​ចំពោះ​អំពើ​បាប​ទាំង​នេះ តម្រូវ​ឲ្យ​យើង​តាំង​ចិត្ត​បំបាត់​នោះ​ចេញ​ពី​ចិត្ត​យើង​តែ​ម្ដង។ ការ​អធិស្ឋាន​ស្មោះ​អស់​ពី​ចិត្ត​ចំពោះ​ព្រះ​នឹង​ផ្ដល់​សមត្ថភាព​ឲ្យ​យើង​បដិសេធ​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ខុស និង​ដេញ​តាម​សេចក្ដី​សុចរិត​និង​ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ ទោះ​ជា​យើង​នៅ​ក្នុង​ចំណោម​របប​លោកីយ៍​ដ៏​អាក្រក់​នេះ​ក៏​ដោយ។

១៧. តើ​យើង​គួរ​មាន​ទស្សនៈ​អ្វី​ចំពោះ​ការ​ប្រដៅ?

១៧ ការ​ធ្លាក់​ទឹក​ចិត្ត​អាច​ធ្វើ​ឲ្យ​ការ​ស៊ូ​ទ្រាំ​របស់​យើង​ខ្សោយ ហើយ​មាន​ឥទ្ធិពល​អាក្រក់​មក​លើ​ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ។ អ្នក​បំរើ​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា​ធ្លាប់​ធ្លាក់​ទឹក​ចិត្ត​ដែរ។ (​ជន​គណនា ១១:១១​-​១៥; អែសរ៉ា ៤:៤; យ៉ូណាស ៤:៣​) ការ​ធ្លាក់​ទឹក​ចិត្ត​អាច​មាន​ឥទ្ធិពល​អាក្រក់​មក​លើ​យើង ជា​ពិសេស​បើ​ការ​ធ្លាក់​ទឹក​ចិត្ត​នោះ​មាន​ព្រម​ជា​មួយ​នឹង​ការ​តូច​ចិត្ត​ដែរ ពីព្រោះ​យើង​មាន​ការ​ថ្នាំង​ថ្នាក់​ក្នុង​ចិត្ត ឬ​ក៏​បាន​ត្រូវ​ប្រដៅ​តម្រង់ ឬ​ទូន្មាន​ខ្លាំង​ៗ។ ប៉ុន្តែ ការ​ប្រដៅ​តម្រង់​និង​ការ​ទូន្មាន​ជា​ភស្តុ​តាង​បញ្ជាក់​ថា ព្រះ​ស្រឡាញ់​យើង​និង​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង។ (​ហេព្រើរ ១២:៥​-​៧, ១០, ១១​) ការ​ប្រដៅ​មិន​គួរ​ត្រូវ​ចាត់​ទុក​ជា​ការ​ដាក់​ទណ្ឌកម្ម​ឡើយ ប៉ុន្តែ ត្រូវ​ចាត់​ទុក​ជា​វិធី​បង្ហាត់​បង្រៀន​យើង​តាម​ផ្លូវ​សុចរិត​វិញ។ បើ​យើង​មាន​ចិត្ត​រាប​ទាប នោះ​យើង​នឹង​មាន​ចិត្ត​កតញ្ញូ ហើយ​និង​ព្រម​ទទួល​ឱវាទ​ដោយ​ទទួល​ស្គាល់​ថា​«​សេចក្ដី​បន្ទោស​នៃ​ពាក្យ​ប្រៀន​ប្រដៅ នោះ​ជា​ផ្លូវ​ជីវិត​»។ (​សុភាសិត ៦:២៣​) នេះ​អាច​ជួយ​យើង​រីក​ចំរើន​យ៉ាង​ប្រសើរ​ក្នុង​ការ​ព្យាយាម​គោរព​ប្រណិប័តន៍​ដល់​ព្រះ។

១៨. តើ​យើង​មាន​ភារកិច្ច​អ្វី​ស្តី​អំពី​ការ​អាក់​អន់​ចិត្ត​ជា​មួយ​គ្នា?

១៨ ការ​យល់​ច្រឡំ​និង​ការ​អាក់​អន់​ចិត្ត​អាច​ជា​ឧបសគ្គ​ដល់​ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ។ នេះ​អាច​ធ្វើ​ឲ្យ​យើង​តាន​តឹង​ក្នុង​ចិត្ត​ឬ​ក៏​ធ្វើ​អ្វី​ដ៏​មិន​សម​គួរ គឺ​ការ​នៅ​ដោយ​ឡែក​ពី​បង​ប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ។ (​សុភាសិត ១៨:១​) ប៉ុន្តែ យើង​គួរ​តែ​ចង​ចាំ​ថា ការ​ចង​គំនុំ និង​ការ​ព្យាបាទ​ចំពោះ​អ្នក​ឯ​ទៀត​អាច​មាន​ឥទ្ធិពល​មិន​ល្អ​មក​លើ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​លេវីវិន័យ ១៩:១៨​) តាម​ពិត ​«​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន ដែល​បាន​មើល​ឃើញ​ទៅ​ហើយ នោះ​ធ្វើ​ដូច​ម្ដេច​ឡើយ ឲ្យ​ស្រឡាញ់​ដល់​ព្រះ ដែល​មើល​មិន​ឃើញ​ទៅ​បាន​»។ (​យ៉ូហាន​ទី​១ ៤:២០​) ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ ទ្រង់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ភាព​ចាំ​បាច់​នៃ​ការ​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​រវាង​បង​ប្អូន។ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​កាន់​អ្នក​ស្ដាប់​ទ្រង់​ថា​៖ ​«​បើ​កាល​ណា​អ្នក​នាំ​យក​ដង្វាយ​មក​ដល់​អាសនា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា បង​ប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​អ្នក នោះ​ត្រូវ​ទុក​ដង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​រក​ជា​នឹង​បង​ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​ដង្វាយ​អ្នក​ចុះ​»។ (​ម៉ាថាយ ៥:២៣, ២៤​) ការ​សុំ​អភ័យ​ទោស​អាច​ជួយ​ផ្សះ​របួស​ខាង​ផ្លូវ​ចិត្ត​ដែល​កើត​ចេញ​ពី​ពាក្យ​សំដី ឬ​ក៏​ការ​ប្រព្រឹត្ត​មិន​ល្អ​លើ​អ្នក​ផ្សេង​ទៀត។ ទំនាក់​ទំនង​ប្រេះ​ឆា​អាច​ផ្សះ​ផ្សា​ឡើង​វិញ​បាន​និង មេត្រី​ភាព​អាច​មាន​សា​ជា​ថ្មី​ឡើង​វិញ បើ​យើង​សុំ​អភ័យ​ទោស​និង​សារភាព​ថា យើង​មិន​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ទេ។ ព្រះ​យេស៊ូ​ក៏​បាន​ប្រទាន​នូវ​ឱវាទ​ផ្សេង​ទៀត​អំពី​របៀប​ដោះ​ស្រាយ​ការ​ពិបាក។ (​ម៉ាថាយ ១៨:១៥​-​១៧​) ពេល​ការ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​បាន​ជោគ​ជ័យ នេះ​ជា​អ្វី​ដ៏​គួរ​ឲ្យ​សប្បាយ​ម្ល៉េះ​ទេ!—រ៉ូម ១២:១៨; អេភេសូរ ៤:២៦, ២៧

ការ​ត្រង​ត្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ

១៩. ហេតុ​អ្វី​សំខាន់​ដែល​យើង​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ?

១៩ យើង​នឹង​ជួប​ការ​ល្បង​ល​ជា​ប្រាកដ ប៉ុន្តែ យើង​មិន​ចាំ​បាច់​ឲ្យការ​ល្បង​ល​បំបែរ​យើង​ចេញ​ពី​ការ​រត់​ប្រណាំង ឲ្យ​បាន​ជីវិត​ជា​រៀង​រហូត​ឡើយ។ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​អាច​សង្គ្រោះ​យើង​ពី​ការ​ល្បង​ល​បាន។ ពេល​ដែល​យើង​«​ចោល​អស់​ទាំង​បន្ទុក​»​ ហើយ​«​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់[​«​ដោយ​ស៊ូ​ទ្រាំ​»​, ព.ថ.​]​»​ នោះ​ចូរ​យើង​«​រំពឹង​មើល​ដល់​ព្រះ​យេស៊ូវ​ដ៏​ជា​មេ​ផ្ដើម ហើយ​ជា​មេ​សំរេច​សេចក្ដី​ជំនឿ​របស់​យើង​»។ (​ហេព្រើរ ១២:១​-​៣​) ការ​ពិនិត្យ​ពិច័យ​នូវ​គំរូ​របស់​ព្រះ​យេស៊ូ​និង​ការ​ព្យាយាម​យក​តម្រាប់​តាម​ការ​ប្រព្រឹត្ត​និង​ពាក្យ​សំដី​របស់​ទ្រង់ នឹង​ជួយ​យើង​បណ្ដុះ​ហើយ​បង្ហាញ​នូវ​ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ​បាន​ច្រើន​ជាង។

២០. តើ​រង្វាន់​អ្វី​ដែល​បាន​មក​ពី​ការ​ដេញ​តាម​ការ​ស៊ូ​ទ្រាំ​និង​ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ?

២០ ការ​ស៊ូ​ទ្រាំ​និង​ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ​រួម​គ្នា​ជួយ​យើង​ទទួល​សេចក្ដី​សង្គ្រោះ​ជា​ប្រាកដ។ ដោយ​បង្ហាញ​គុណ​សម្បត្ដិ​ដ៏​វិសេស​នេះ យើង​អាច​បន្ត​ស្មោះ​ត្រង់​ក្នុង​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​ចំពោះ​ព្រះ។ សូម្បី​តែ​នៅ​ក្រោម​កាលៈទេសៈ​ពិបាក​ក៏​ដោយ យើង​នៅ​តែ​ទទួល​សុភមង្គល ពេល​យើង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា និង​ព្រះ​ពរ​ពី​ទ្រង់​ដោយ​ព្រោះ​យើង​បាន​ស៊ូ​ទ្រាំ និង​គោរព​ប្រណិប័តន៍​ដល់​ព្រះ។ (​យ៉ាកុប ៥:១១​) ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​ធានា​យើង​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​បាន​ជីវិត​គង់​នៅ​វិញ ដោយ​មាន​ចិត្ត​ខ្ជាប់​ខ្ជួន[​«​ស៊ូ​ទ្រាំ​»​, ព.ថ.​]​»។—លូកា ២១:១៩

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ហេតុ​អ្វី​បាន​ជា​ការ​ស៊ូ​ទ្រាំ​គឺ​សំខាន់​ម្ល៉េះ?

• តើ​ដូច​ម្ដេច​ដែល​ហៅ​ថា​ការ​គោរព​ប្រណិប័តន៍​ដល់​ព្រះ? ហើយ​តើ​នោះ​ត្រូវ​សម្ដែង​យ៉ាង​ដូច​ម្ដេច​ខ្លះ?

• តើ​យើង​អាច​ចង​និង​រក្សា​មេត្រី​ភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យ៉ាង​ដូច​ម្ដេច?

• តើ​អ្វី​ខ្លះ​អាច​បំផ្លាញ​នូវ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ចំពោះ​ព្រះ? ហើយ​តើ​យើង​អាច​ជៀស​វាង​ពី​នោះ​យ៉ាង​ដូច​ម្ដេច​បាន?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]