លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកគេបន្តប្រព្រឹត្តតាមសេចក្ដីពិត

ពួកគេបន្តប្រព្រឹត្តតាមសេចក្ដីពិត

ពួក​គេ​បន្ត​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត

​«​គ្មាន​សេចក្ដី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ លើស​ជាង​សេចក្ដី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នោះ​ឯង​»។—យ៉ូហាន​ទី​៣ ៤

១. តើ​«​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​»​សំដៅ​ទៅ​លើ​អ្វី?

 ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​តែ​នឹង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ទ្រង់​«​ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត​»​តែ​ប៉ុណ្ណោះ។ (​យ៉ូហាន ៤:២៤​) អ្នក​ទាំង​នោះ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត ដោយ​ជឿ​តាម​សេចក្ដី​បង្រៀន​គ្រីស្ទាន​ទាំង​អស់ ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​បន្ទូល​របស់​ព្រះ។ ​«​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​»​នេះ សំដៅ​យ៉ាង​ចំ​ទៅ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ និង​ការ​បង្ហាញ​ភាព​ត្រឹម​ត្រូវ​នៃ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ (​កាឡាទី ២:១៤​) ព្រះ​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ដែល​និយម​សេចក្ដី​មិន​ពិត​នោះ ជឿ​ទៅ​លើ​«​សេចក្ដី​ខុស​ឆ្គង​»​ សោត​ឯ​សេចក្ដី​សង្គ្រោះ​វិញ នោះ​អាស្រ័យ​លើ​ការ​មាន​ជំនឿ​ទៅ​លើ​ដំណឹង​ល្អ​និង​ការ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត។—ថែស្សាឡូនីច​ទី​២ ២:៩​-​១២; អេភេសូរ ១:១៣, ១៤

២. តើ​មាន​ហេតុ​ពិសេស​អ្វី​ដែល​សាវ័ក​យ៉ូហាន​មាន​អំណរ​គុណ? ហើយ​តើ​យ៉ូហាន​មាន​ទំនាក់​ទំនង​បែប​ណា​នឹង​កៃយុស?

ពួក​អ្នក​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​អ្នក‹ធ្វើ​ការ​ជា​មួយ​គ្នា​ក្នុង​សេចក្ដី​ពិត›។ ដូច​សាវ័ក​យ៉ូហាន​និង​មិត្ត​សំឡាញ់​ម្នាក់​របស់​គាត់​ឈ្មោះ​កៃយុស​នោះ ពួក​អ្នក​ផ្សព្វ​ផ្សាយ​បាន​តាំង​ចិត្ត​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​និង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នោះ។ យ៉ូហាន​កំពុង​តែ​គិត​អំពី​លោក​កៃយុស​ពេល​គាត់​សរសេរ​ថា​៖ ​«​គ្មាន​សេចក្ដី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ លើស​ជាង​សេចក្ដី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នោះ​ឯង​»។ (​យ៉ូហាន​ទី​៣ ៣​-​៨​) ទោះ​បើ​សាវ័ក​យ៉ូហាន​មិន​បាន​បង្រៀន​កៃយុស​ដោយ​ផ្ទាល់​ខ្លួន​អំពី​សេចក្ដី​ពិត​ក៏​ដោយ តែ​គឺ​ជា​ការ​សមរម្យ​ដែល​យ៉ូហាន​ចាត់​ទុក​កៃយុស​ដែល​មាន​អាយុ​ក្មេង​ជាង​គាត់​ជា​កូន​ខាង​វិញ្ញាណ ដោយ​សារ​យ៉ូហាន​មាន​អាយុ​ច្រើន​ជាង មាន​ភាព​ចាស់​ទុំ​ខាង​ជំនឿ​គ្រីស្ទាន និង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​កៃយុស​ដូច​ជា​ឪពុក​មាន​ចំពោះ​កូន។

សេចក្ដី​ពិត​និង​ការ​ថ្វាយ​បង្គំ​គ្រីស្ទាន

៣. តើ​អ្វី​ជា​គោល​បំណង​និង​ផល​ប្រយោជន៍​ដែល​មក​ពី​កិច្ច​ប្រជុំ​របស់​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម?

ដើម្បី​រៀន​នូវ​សេចក្ដី​ពិត ជន​គ្រីស្ទាន​សម័យ​ដើម​បាន​ជួប​ជុំ​គ្នា​ជា​ក្រុម​ជំនុំ ច្រើន​តែ​ក្នុង​ផ្ទះ​ឯកជន។ (​រ៉ូម ១៦:៣​-​៥​) យ៉ាង​នេះ គ្រីស្ទាន​ទាំង​នោះ​បាន​ទទួល​នូវ​ការ​លើក​ទឹក​ចិត្ត និង​បាន​ជំរុញ​ទឹក​ចិត្ត​គ្នា​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ប្រព្រឹត្ត​ការ​ល្អ។ (​ហេព្រើរ ១០:២៤, ២៥​) លោក​ធើធូលាន(​ប្រមាណ​ឆ្នាំ​១៥៥ ស.យ. ដល់​ក្រោយ​ឆ្នាំ​២២០ ស.យ.​)បាន​សរសេរ​អំពី​បុគ្គល​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន​នៅ​សម័យ​ក្រោយ​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​នោះ​ថា​៖ ​«​យើង​ជួប​ជុំ​គ្នា​ដើម្បី​អាន​សៀវភៅ​របស់​ព្រះ . . . តាម​រយៈ​បន្ទូល​ដ៏​បរិសុទ្ធ​ទាំង​នេះ យើង​ពង្រឹង​ជំនឿ​របស់​យើង​ឲ្យ​កាន់​តែ​មុត​មាំ យើង​លើក​ទឹក​ចិត្ត​ខ្លួន និង​បញ្ជាក់​នូវ​ជំនឿ​របស់​យើង​»។—សៀវភៅ​ការ​សុំ​អភ័យ​ទោស, ជំពូក​ទី​៣​៩

៤. រហូត​ដល់​ឥឡូវ​នេះ តើ​ការ​ច្រៀង​ចំរៀង​ធ្លាប់​មាន​សារ​សំខាន់​យ៉ាង​ណា​នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន?

ការ​ច្រៀង​ចំរៀង​ទំនង​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រជុំ​គ្រីស្ទាន​ជំនាន់​ដើម។ (​អេភេសូរ ៥:១៩; កូល៉ុស ៣:១៦​) លោក ហេនរី ឆាតវិច សាស្ដ្រាចារ្យ​ម្នាក់​បាន​សរសេរ​ថា លោក សេលសឺស ជា​អ្នក​វាយ​តម្លៃ​សមិទ្ធផល​នៅ​សតវត្ស​ទី​ពីរ បាន​ចាត់​ទុក​បទ​ចំរៀង​ដែល​ជន​ខ្លះ​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន​ធ្លាប់​ច្រៀង​នោះ គឺ​«​ពីរោះ​ដ៏​ម្ល៉េះ ដែល​គាត់​បាន​ខឹង​ដោយ​សារ​ចំរៀង​នោះ​មាន​ឥទ្ធិពល​លើ​ទឹក​ចិត្ត​របស់​គាត់​ផ្ទាល់​»។ លោក​ឆាតវិច​បាន​និយាយ​បន្ថែម​ថា​៖ ​«​លោក​ខ្លិម៉ង់ ពី​ទី​ក្រុង​អ័លេក្សានទ្រា​គឺ​ជា​ជន​គ្រីស្ទាន​មុន​គេ​បង្អស់​ដែល​បាន​ពណ៌នា​អំពី​ប្រភេទ​ភ្លេង​ដែល​សមរម្យ​សំរាប់​ជន​គ្រីស្ទាន។ លោក​ខ្លិម៉ង់​បាន​សរសេរ​ថា ភ្លេង​នោះ​មិន​ត្រូវ​ជា​ភ្លេង​រាំ​រែក​ឲ្យ​ស្រើប​ស្រាល​នោះ​ទេ​»។ (​សៀវភៅ​គ្រីស្ទ​សាសនា​ជំនាន់​ដើម ទំព័រ​២៧៤​-​២៧៥​) ដូច​ជា​ជន​គ្រីស្ទាន​នៅ​ជំនាន់​ដើម​ទំនង​ជា​បាន​ច្រៀង​ពេល​ពួក​គេ​ជួប​ជុំ​គ្នា​នោះ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ក៏​ច្រៀង​ជា​ញឹក​ញយ​នូវ​ចំរៀង​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ ដូច​ជា​ចំរៀង​ដែល​សរសើរ​ដំកើង​ព្រះ​និង​ព្រះ​រាជាណាចក្រ ដោយ​ពាក្យ​ពេចន៍​ជំរុញ​ទឹក​ចិត្ត​និង​ភ្លេង​រងំ​ពីរោះ​រណ្ដំ។

៥. (​ក​) តើ​ក្រុម​ជំនុំ​គ្រីស្ទាន​នៅ​សម័យ​ដើម​បាន​ទទួល​ការ​ណែនាំ​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​គ្រីស្ទាន​ដ៏​ពិត​បាន​អនុវត្ត​តាម​បន្ទូល​ព្រះ​យេស៊ូ​នៅ​ម៉ាថាយ ២៣:៨, ៩ យ៉ាង​ដូច​ម្ដេច?

នៅ​ក្រុម​ជំនុំ​គ្រីស្ទាន​សម័យ​ដើម អ្នក​ត្រួត​ពិនិត្យ​បាន​បង្រៀនសេចក្ដី​ពិត និង​អ្នក​ងារ​ជំនួយ​បាន​ជួយ​អ្នក​ជឿ​គ្នី​គ្នា​តាម​វិធី​ផ្សេង​ៗ​ដែរ។ (​ភីលីព ១:១​) គណៈ​អភិបាល​ដែល​ពឹង​ពាក់​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​និង​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ បាន​ផ្ដល់​ការ​ណែនាំ​ខាង​វិញ្ញាណ។ (​កិច្ច​ការ ១៥:៦, ២៣​-​៣១​) គ្មាន​អ្នក​ណា​មាន​ឋានន្តរ​សក្ដិ​ទេ ពីព្រោះ​ព្រះ​យេស៊ូ​បាន​បង្គាប់​ពួក​សិស្ស​របស់​ទ្រង់​ថា​៖ ​«​ឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ហៅ​ខ្លួន​ជា​លោក​គ្រូ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​សាស្ដា​តែ​១ ហើយ​ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់។ ក៏​កុំ​ឲ្យ​ហៅ​អ្នក​ណា​ជា​ឪពុក នៅ​ផែនដី​នេះ​ដែរ ដ្បិត​មាន​ឪពុក​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​សួគ៌​»។ (​ម៉ាថាយ ២៣:៨, ៩​) ក្នុង​រឿង​នេះ​និង​រឿង​ផ្សេង​ទៀត មាន​ភាព​ដូច​គ្នា​រវាង​ជន​គ្រីស្ទាន​សម័យ​ដើម​និង​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។

ជន​គ្រីស្ទាន​ត្រូវ​បៀត​បៀន​ដោយ​សារ ការ​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត

៦, ៧. ទោះ​បី​ជន​គ្រីស្ទាន​ប្រកាស​សារ​អំពី​សេចក្ដី​សុខ​សាន្ត​ក៏​ដោយ តើ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​ពួក​គេ?

ទោះ​ជា​ជន​គ្រីស្ទាន​ជំនាន់​ដើម​បាន​ប្រកាស​សារ​អំពី​សេចក្ដី​សុខ​សាន្ត​ដែល​នឹង​មក​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ក៏​ដោយ ពួក​គេ​បាន​ត្រូវ​បៀត​បៀន​ដូច​ជា​ព្រះ​យេស៊ូ​ដែរ។ (​យ៉ូហាន ១៥:២០; ១៧:១៤​) លោក ចន វ៉ន ម៉ូហ្ស៊ីម ប្រវត្ដិវិទូ​ម្នាក់​បាន​ចាត់​ទុក​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​ជា​«​មនុស្ស​មួយ​ក្រុម​ដ៏​ស្លូត​ជា​ទី​បំផុត និង​មិន​ដែល​ព្យាបាទ ឬ​ក៏​មាន​គំនិត​អាក្រក់​ចំពោះ​រដ្ឋ​ទេ​»។ លោក​ម៉ូហ្ស៊ីម​បាន​មាន​ប្រសាសន៍​ថា អ្វី​«​ដែល​បាន​ធ្វើ​ឲ្យ​ពួក​រ៉ូម​មួម៉ៅ​ចិត្ត​ចង់​ប្រឆាំង​នឹង​ពួក​គ្រីស្ទាន គឺ​ការ​ថ្វាយ​បង្គំ​របស់​ជន​គ្រីស្ទាន​មាន​បែប​បទ​ដែល​ស្រួល​មិន​ស្មុគ​ស្មាញ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​របស់​ពួក​គេ​ខុស​គ្នា​ស្រឡះ​ពី​ក្បួន​រីតិ៍​ដ៏​ពិសិដ្ឋ​របស់​សាសន៍​ឯ​ទៀត​»។ លោក​បាន​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា​៖ ​«​ជន​គ្រីស្ទាន​មិន​ធ្វើ​យញ្ញ​បូជា គ្មាន​វិហារ គ្មាន​រូប​ព្រះ គ្មាន​គ្រូ​ទាយ ក៏​គ្មាន​គណៈ​សង្ឃ​ទេ។ នេះ​ផ្ដល់​ហេតុ​គ្រប់​គ្រាន់​ឲ្យ​មនុស្ស​ខ្លៅ​ល្ងើ​ជា​ច្រើន​នាក់​តិះ​ដៀល​មើល​ងាយ​ពួក​គេ​ដោយ​នឹក​ស្មាន​ថា មិន​អាច​មាន​សាសនា​ដែល​គ្មាន​អ្វី​ៗ​ទាំង​នោះ​បាន​ឡើយ។ ដូច្នេះ ជន​គ្រីស្ទាន​បាន​ត្រូវ​គេ​សង្ស័យ​ថា ពួក​គេ​ជា​អ្នក​ដែល​មិន​ជឿ​ថា​មាន​ព្រះ​ឡើយ ហើយ​តាម​ច្បាប់​រ៉ូម ពួក​អ្នក​ដែល​ត្រូវ​គេ​សង្ស័យ​ថា​មិន​ជឿ​ទៅ​លើ​ព្រះ​នោះ ត្រូវ​ចាត់​ទុក​ជា​មនុស្ស​ចង្រៃ​»។

ពួក​សង្ឃ ពួក​សិប្បករ និង​ពួក​អ្នក​ឯ​ទៀត​ដែល​ប្រកប​របរ​ផ្អែក​លើ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ បាន​អុជ​អាល​ញុះញង់​ប្រជាជន​ឲ្យ​ប្រឆាំង​ជន​គ្រីស្ទាន ពីព្រោះ​ពួក​គេ​មិន​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ឡើយ។ (​កិច្ច​ការ ១៩:២៣​-​៤០; កូរិនថូស​ទី​១ ១០:១៤​) លោក​ធើធូលាន​បាន​សរសេរ​ថា​៖ ​«​ពួក​គេ​ចាត់​ទុក​ជន​គ្រីស្ទាន​ជា​ដើម​ហេតុ​នៃ​អន្តរាយ​ទាំង​អស់​ដែល​មាន​មក​លើ​រដ្ឋ ព្រម​ទាំង​គ្រោះ​កាច​ទាំង​អស់​ដែល​មាន​មក​លើ​ប្រជាជន។ ប្រសិន​បើ​ទន្លេ​ថៃបឺ​ជន់​លិច​ឡើង​ដល់​ជាយ​កំផែង ប្រសិន​បើ​ទន្លេ​នីល​មិន​មាន​ទឹក​ឡើង​ហៀរ​ហូរ​ចូល​ក្នុង​ស្រែ ប្រសិន​បើ​មេឃ​មិន​បង្អុរ​ភ្លៀង​ឬ​ក៏​ផែនដី​ត្រូវ​ភ្លាត់​ចេញ​ពី​រង្វិល​ជុំ​របស់​វា ប្រសិន​បើ​មាន​ទុ​រ្ភឹ​ក្ស​ ប្រសិន​បើ​មាន​ជម្ងឺ​រាតត្បាត ពួក​គេ​នាំ​គ្នា​ស្រែក​ភ្លាម​ថា​៖ ‹បោះ​ពួក​គ្រីស្ទាន​ទៅ​ក្នុង​រូង​សិង្ហ​ទៅ!›​»។ ទោះ​ជា​កើត​មាន​លទ្ធផល​អ្វី​ក៏​ដោយ ជន​គ្រីស្ទាន​ពិត​«​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​រូប​ព្រះ​ចេញ​»។—យ៉ូហាន​ទី​១ ៥:២១

សេចក្ដី​ពិត​និង​ទំនៀម​ទំលាប់​សាសនា

៨. ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត មិន​ធ្វើ​បុណ្យ​ណូអែល?

ពួក​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នឹង​ជៀស​វាង​ទំនៀម​ទំលាប់​ដែល​ខុស​ពី​បទ​គម្ពីរ ពីព្រោះ‹ពន្លឺ​និង​ងងឹត​មិន​អាច​ត្រូវ​លាយ​ឡំ​គ្នា​បាន​ឡើយ›។ (​កូរិនថូស​ទី​២ ៦:១៤​-​១៨​) ជា​ឧទាហរណ៍ ជន​គ្រីស្ទាន​មិន​ធ្វើ​បុណ្យ​ណូអែល​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ ​ខែ​ធ្នូ​ទេ។ សព្វ​វចនាធិប្បាយ​មួយ​សារភាព​ថា​៖ ​«​គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​ខែ​ពិត​ប្រាកដ​នៃ​កំណើត​ព្រះ​គ្រីស្ទ​ទេ​»។ (​The World Book Encyclopedia​) សព្វ​វចនាធិប្បាយ​មួយ​ទៀត​ចែង​ថា​៖ ​«​បុណ្យ​កំណើត​ព្រះ​អាទិត្យ​របស់​សាសន៍​រ៉ូម ដែល​ពួក​គេ​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ គឺ​ជា​គំរូ​ដើម​សំរាប់​ទំលាប់​លេង​សប្បាយ​អ៊ូអរ​គគ្រឹក​គគ្រេង​ដូច​ដែល​មាន​នៅ​ថ្ងៃ​បុណ្យ​ណូអែល​»។ (​The Encyclopedia Americana—1956 Edition​) សព្វ​វចនាធិប្បាយ​មួយ​ទៀត​ចែង​ថា​៖ ​«​ព្រះ​មិន​បាន​បង្គាប់​ឲ្យ​ធ្វើ​បុណ្យ​ណូអែល ហើយ​បុណ្យ​ណូអែល​ក៏​មិន​មាន​ក្នុង​បទ​គម្ពីរ​សញ្ញា​ថ្មី​ដែរ​»។ (​M’Clintock and Strong’s Cyclop​æ​dia​) ហើយ​សៀវភៅ​ភាសា​អង់គ្លេស​ចំណង​ជើង​ថា ជីវិត​ប្រចាំ​ថ្ងៃ​នៅ​សម័យ​ព្រះ​យេស៊ូ កត់​សម្គាល់​ថា​៖ ​«​ក្នុង​កំឡុង​ខែ​រងា ហ្វូង​សត្វ . . . បាន​ចូល​ទៅ​រក​ទី​ជំរក​របស់​វា។ ហេតុ​នោះ​ឯង​បាន​ជា​ថ្ងៃ​ខែ​បុណ្យ​ណូអែល​ក្នុង​ខែ​រងា​តាម​ទំនៀម​ទំលាប់​មិន​អាច​ត្រឹម​ត្រូវ​បាន​ទេ ដោយ​ព្រោះ​សៀវភៅ​ដំណឹង​ល្អ​ចែង​ថា ពួក​អ្នក​គង្វាល​បាន​នៅ​ឯ​វាល​»។—លូកា ២:៨​-​១១

៩. ហេតុ​អ្វី​បាន​ជា​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នៅ​អតីតកាល​និង​ឥឡូវ​នេះ មិន​ធ្វើ​បុណ្យ​អ៊ីស្ទើរ៍?

បុណ្យ​អ៊ីស្ទើរ៍​ជា​បុណ្យ​ដែល​ត្រូវ​គេ​អះអាង​ថា ជា​ការ​រំឭក​នៅ​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ តែ​ប្រភព​ដែល​អាច​យក​ជា​ការ​បាន បាន​បញ្ជាក់​ថា បុណ្យ​នោះ​ជាប់​ទាក់​ទង​នឹង​សាសនា​មិន​ពិត។ វចនានុក្រម​មួយ​ខាង​ព្រះ​គម្ពីរ​ចែង​ថា បុណ្យ​អ៊ីស្ទើរ៍​«​នៅ​ដើម​ដំបូង​គឺ​បុណ្យ​រដូវ​ផ្កា​រីក​របស់​កុលសម្ព័ន្ធ ធូថន ដើម្បី​គោរព​ព្រះ​នាង​ជា​ព្រះ​នៃ​ពន្លឺ​និង​រដូវ​ផ្កា​រីក។ ក្នុង​ភាសា​ពួក​អង់ក្លូ​សាក់សុង ព្រះ​នាង​នេះ​មាន​នាម អ៊ីស្ទើរ៍​»។ (​The Westminster Dictionary of the Bible​) យ៉ាង​ណា​ក៏​ដោយ សព្វ​វចនាធិប្បាយ​មួយ​ចែង​ថា​៖ ​«​ក្នុង​បទ​គម្ពីរ​សញ្ញា​ថ្មី​គ្មាន​អ្វី​ដែល​បង្ហាញ​ថា ជន​គ្រីស្ទាន​ធ្លាប់​ធ្វើ​បុណ្យ​អ៊ីស្ទើរ៍​ឡើយ​»។ (​Encyclop​æ​dia Britannica—11th Edition​) ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​មិន​បាន​ធ្វើ​បុណ្យ​អ៊ីស្ទើរ៍ ហើយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​ក៏​មិន​ធ្វើ​ដែរ។

១០. តើ​ព្រះ​យេស៊ូ​បាន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​អ្វី? ហើយ​តើ​អ្នក​ណា​បាន​ធ្វើ​បុណ្យ​នេះ​យ៉ាង​ត្រឹម​ត្រូវ?

១០ ព្រះ​យេស៊ូ​មិន​បាន​បង្គាប់​សិស្ស​របស់​ទ្រង់​ឲ្យ​រំឭក​ពី​កំណើត ឬ​មួយ​ក៏​ថ្ងៃ​ដែល​ទ្រង់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឡើយ តែ​ទ្រង់​បាន​ប្រារព្ធ​ធ្វើ​បុណ្យ​រំឭក​នូវ​ការ​សោយ​ទិវង្គត​របស់​ទ្រង់​ជា​យញ្ញ​បូជា។ (​រ៉ូម ៥:៨​) ពិត​មែន មាន​តែ​បុណ្យ​មួយ​នេះ​ប៉ុណ្ណោះ​ដែល​ព្រះ​យេស៊ូ​បាន​បង្គាប់​ឲ្យ​សិស្ស​របស់​ទ្រង់​ធ្វើ។ (​លូកា ២២:១៩, ២០​) បុណ្យ​នេះ​ក៏​ត្រូវ​ហៅ​ថា អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់ និង​ត្រូវ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ដោយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។—កូរិនថូស​ទី​១ ១១:២០​-​២៦

សេចក្ដី​ពិត​ត្រូវ​ផ្សាយ​ទូទាំង​ផែនដី

១១, ១២. តាំង​ពី​ដើម​មក ពួក​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ពិត​បាន​ឧបត្ថម្ភ​គាំទ្រ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ តើ​ដោយ​ដូច​ម្ដេច?

១១ អស់​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត ចាត់​ទុក​ការ​ចំណាយ​ពេល កម្លាំង និង​ធន​ធាន​ឯ​ទៀត​របស់​ខ្លួន​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ជា​ឯកសិទ្ធិ​ដ៏​វិសេស។ (​ម៉ាកុស ១៣:១០​) កិច្ច​ផ្សព្វ​ផ្សាយ​របស់​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​បាន​ត្រូវ​ឧបត្ថម្ភ​ដោយ​វិភាគទាន​ស្ម័គ្រ​ចិត្ត។ (​កូរិនថូស​ទី​២ ៨:១២; ៩:៧​) លោក​ធើធូលាន​បាន​សរសេរ​ថា​៖ ​«​ទោះ​បី​មាន​ហិប​តង្វាយ​មួយ​ក៏​ដោយ​នោះ លុយ​ក្នុង​ហិប​នោះ​មិន​មែន​ជា​ថ្លៃ​ចូល​ទេ ពីព្រោះ​សាសនា​មិន​មែន​ជា​អាជីវកម្ម​ឡើយ។ មនុស្ស​ម្នាក់​ៗ​យក​លុយ​បន្ដិច​បន្តួច​មក​មួយ​ខែ​មួយ​ដង ឬ​ក៏​នៅ​ពេល​ណា​គាត់​ចង់​យក​មក ឲ្យ​តែ​គាត់​ចង់​យក​មក និង​មាន​លទ្ធភាព​យក​មក​បាន ដ្បិត​គ្មាន​អ្នក​ណា​ដែល​ត្រូវ​បង្ខំ​ឡើយ។ នេះ​ជា​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត​»។—សៀវភៅ​ការ​សុំ​អភ័យ​ទោស ជំពូក​ទី​៣​៩

១២ កិច្ច​ការ​ផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ទូទាំង​ពិភព​លោក ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​នោះ ក៏​ត្រូវ​ឧបត្ថម្ភ​ដោយ​វិភាគទាន​ស្ម័គ្រ​ចិត្ត។ ក្រៅ​ពី​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា អ្នក​ចាប់​អារម្មណ៍​ដែល​មាន​ចិត្ត​កតញ្ញូ ក៏​ចាត់​ទុក​ការ​ជួយ​ឧបត្ថម្ភ​សកម្មភាព​នេះ ដោយ​ជូន​វិភាគទាន ជា​ឯកសិទ្ធិ​មួយ​ដែរ។ ក្នុង​រឿង​នេះ​ដែរ មាន​ភាព​ដូច​គ្នា​រវាង​ជន​គ្រីស្ទាន​ជំនាន់​ដើម​និង​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ។

សេចក្ដី​ពិត​និង​ការ​ប្រព្រឹត្ត​ផ្ទាល់​ខ្លួន

១៣. ស្តី​អំពី​ការ​ប្រព្រឹត្ត តើ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​តាម​ឱវាទ​អ្វី​របស់​ពេត្រុស?

១៣ ក្នុង​នាម​ជា​អ្នក​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត ជន​គ្រីស្ទាន​សម័យ​ដើម​បាន​អនុវត្ត​តាម​ឱវាទ​របស់​សាវ័ក​ពេត្រុស​ដែល​ថា​៖ ​«​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា ដែល​គេ​និយាយ​ដើម ពី​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក​ប្រោស ដោយ​គេ​ឃើញការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ​»។ (​ពេត្រុស​ទី​១ ២:១២​) ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​អនុវត្ត​តាម​ពាក្យ​នេះ។

១៤. តើ​ជន​គ្រីស្ទាន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​កំសាន្ត​ដ៏​អសីលធម៌?

១៤ សូម្បី​តែ​ក្រោយ​ការ​ក្បត់​ជំនឿ​បាន​ចាប់​ផ្ដើម​ក៏​ដោយ ពួក​អ្នក​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន បាន​ជៀស​វាង​អំពើ​អសីលធម៌។ លោក​វីលៀម ឌូល គីឡិន សាស្ដ្រាចារ្យ​ម្នាក់​ខាង​ប្រវត្ដិសាស្ត្រ​គ្រីស្ទ​សាសនា បាន​សរសេរ​ថា​៖ ​«​នៅ​សតវត្ស​ទី​ពីរ​និង​ទី​បី រោង​ល្ខោន​នៅ​ភូមិ​ធំ​ៗ​និមួយ​ៗ​គឺ​ជា​កន្លែង​ដែល​ទាក់​ទាញ​អារម្មណ៍​មនុស្ស​ច្រើន​ជាង​គេ។ ទោះ​ជា​តួ​ប្រុស​តួ​ស្រី​ទាំង​នោះ​ច្រើន​តែ​ជា​បុគ្គល​ដែល​មិន​សូវ​កាន់​តាម​គោល​ការណ៍​សីលធម៌​ប៉ុន្មាន​ក៏​ដោយ ការ​ដើរ​តួ​របស់​ពួក​គេ​តែង​តែ​រក​បំពេញ​ចំណង់​ខូច​អាក្រក់​របស់​មនុស្ស​នៅ​សម័យ​នោះ។ . . . ជន​គ្រីស្ទាន​ពិត​ទាំង​ឡាយ​បាន​ស្អប់​ខ្ពើម​នូវ​ល្ខោន​ទាំង​នោះ។ . . . ពួក​គេ​បាន​ខ្ពើម​រអើម​នូវ​ភាព​អាស​អាភាស​របស់​វា។ ហើយ​ការ​អំពាវនាវ​មិន​ចេះ​ឈប់​ដល់​ព្រះ​និង​ព្រះ​នាង​របស់​សាសនា​ពាហិរជន​ក្នុង​រឿង​ល្ខោន​ទាំង​នោះ បាន​រំលោភ​បំពាន​លើ​ជំនឿ​របស់​ពួក​គេ​ថែម​ទៀត​»។ (​The Ancient Church, ទំព័រ​៣១៨​-​៣១៩​) សព្វ​ថ្ងៃ​នេះ អ្នក​ដែល​ពិត​ជា​កាន់​តាម​ព្រះ​យេស៊ូ​ក៏​ជៀស​វាង​ពី​ការ​កំសាន្ត​ដ៏​អាស​អាភាស​និង​ទាប​ថោក​ដែរ។—អេភេសូរ ៥:៣​-​៥

សេចក្ដី​ពិត​និង​«​អាជ្ញាធរ​»​

១៥, ១៦. តើ​«​អាជ្ញាធរ​»​ជា​អ្នក​ណា? ហើយ​តើ​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អាជ្ញាធរ?

១៥ ថ្វី​បើ​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​មាន​កិរិយា​ល្អ​ក៏​ដោយ អធិរាជ​របស់​ចក្រភព​រ៉ូម​បាន​ស្មាន​ពួក​គេ​ខុស។ លោក អឺនិស ជោច ហាឌី ប្រវត្ដិវិទូ​ម្នាក់​បាន​ពន្យល់​ថា បណ្ដា​អធិរាជ​នោះ​បាន​ចាត់​ទុក​ជន​គ្រីស្ទាន​ជា​«​អ្នក​និយម​សាសនា​ដ៏​គួរ​ឲ្យ​មើល​ងាយ​»។ សំបុត្រ​ដែល​ត្រូវ​ផ្ញើ​ទៅ​វិញ​ទៅ​មក​រវាង​អភិបាល​ប្ល៉ាយនី ដែល​មក​ពី​តំបន់​ប៊ីធូនា និង​អធិរាជ​ត្រា​ជិន​បង្ហាញ​ថា ស្រទាប់​អ្នក​គ្រប់​គ្រង​មិន​សូវ​ដឹង​អំពី​ភាព​ពិត​នៃ​គ្រីស្ទ​សាសនា​ទេ។ តើ​ជន​គ្រីស្ទាន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​រដ្ឋ?

១៦ ដូច​អ្នក​បំរើ​ព្រះ​យេស៊ូ​នៅ​សម័យ​ដើម ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ចុះ​ចូល​មួយ​កំរិត​ក្រោម​បង្គាប់​«​រាជការ[​ឬ​«​អាជ្ញាធរ​»​, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​]​»។ (​រ៉ូម ១៣:១​-​៧​) ប្រសិន​បើ​មនុស្ស​ទាម​ទារ​អ្វី​ដែល​ប្រឆាំង​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ ជន​គ្រីស្ទាន​នឹង​«​ត្រូវ​តែ​ស្ដាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស​»។ (​កិច្ច​ការ ៥:២៩​) សៀវភៅ​ភាសា​អង់គ្លេស​ចំណង​ជើង​ថា ក្រោយ​ព្រះ​យេស៊ូ​សាសនា​គ្រីស្ទាន​ទទួល​ជ័យ​ជំនះ ចែង​ថា​៖ ​«​ទោះ​ជា​ជន​គ្រីស្ទាន​មិន​បាន​ថ្វាយ​បង្គំ​អធិរាជ​ក៏​ដោយ ពួក​គេ​មិន​មែន​ជា​អ្នក​បំបះ​បំបោរ​ទេ ហើយ​សាសនា​របស់​ពួក​គេ​មិន​បាន​គំរាម​កំហែង​ដល់​ចក្រភព​នោះ ទោះ​ជា​អ្នក​កាន់​សាសនា​ពាហិរជន​បាន​ខឹង​និង​រង្កៀស​ចិត្ត​ដោយ​សារ​សាសនា​របស់​គេ​ក៏​ដោយ​»។

១៧. (​ក​) តើ​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​បាន​គាំទ្រ​រដ្ឋាភិបាល​មួយ​ណា? (​ខ​) តើ​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​បាន​អនុវត្ត​តាម​បន្ទូល​នៅ​អេសាយ ២:៤ យ៉ាង​ដូច​ម្ដេច?

១៧ ជន​គ្រីស្ទាន​សម័យ​ដើម​គឺ​ជា​អ្នក​ដែល​គាំទ្រ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដូច​លោក​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​ដែល​បាន​មាន​ជំនឿ​ទៅ​លើ‹ក្រុង​១​ដែល​ព្រះ​ជា​អ្នក​សង់›។ (​ហេព្រើរ ១១:៨​-​១០​) ដូច​ព្រះ​អម្ចាស់​របស់​ពួក​គេ សិស្ស​របស់​ព្រះ​យេស៊ូ​«​មិន​មែន​ជា​របស់​លោកីយ​ទេ​»។ (​យ៉ូហាន ១៧:១៤​-​១៦​) ស្តី​អំពី​សង្គ្រាម​មនុស្សជាតិ​និង​ការ​ទាស់​ទែង​គ្នា​នោះ សិស្ស​ព្រះ​យេស៊ូ​បាន​ដេញ​តាម​សន្ដិភាព​ដោយ​«​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល​នង្គ័ល​»។ (​អេសាយ ២:៤​) លោក​ចេហ្វ្រី ណាថល លោក​ជា​វាគ្មិន​ម្នាក់​អំពី​ប្រវត្ដិសាស្ត្រ​គ្រីស្ទ​សាសនា​បាន​សម្គាល់​ភាព​ដូច​គ្នា​មួយ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ទស្សនៈ​របស់​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​ចំពោះ​សង្គ្រាម និង​ទស្សនៈ​របស់​ក្រុម​មនុស្ស​ដែល​ហៅ​ថា​ខ្លួន​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា មាន​ភាព​ដូច​គ្នា​ច្រើន​ជាង​យើង​ចង់​សារភាព​នោះ​ទៅ​ទៀត​»។

១៨. ហេតុ​អ្វី​បាន​ជា​គ្មាន​រដ្ឋាភិបាល​ណា​ដែល​ចាំ​បាច់​ខ្លាច​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​នោះ?

១៨ ក្នុង​នាម​ជា​បុគ្គល​អព្យាក្រឹត​ដែល​ចុះ​ចូល​ចំពោះ​«​អាជ្ញាធរ​»​នោះ ជន​គ្រីស្ទាន​ជំនាន់​ដើម​មិន​បង្ក​បញ្ហា​ដែល​គំរាម​កំហែង​ស្ថាប័ន​នយោបាយ​ឡើយ ហើយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ក៏​ធ្វើ​ដូច្នេះ​ដែរ។ អ្នក​វិចារណ៍​ម្នាក់​នៅ​អាមេរិក​ខាង​ជើង​បាន​សរសេរ​ថា​៖ ​«​មាន​តែ​បុគ្គល​ដែល​មាន​គំនិត​ក្រអឺត​ក្រទម និង​ពេញ​ទៅ​ដោយ​ការ​មន្ទិល​ដែល​ជឿ​ថា ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​គំរាម​កំហែង​ដល់​របប​នយោបាយ​ណា​មួយ។ ពួក​គេ​គឺ​ជា​ក្រុម​មួយ​ដែល​មិន​បង្ក​ចលាចល ហើយ​ជា​អ្នក​ស្រឡាញ់​សន្ដិភាព​ជាង​គេ​»។ អាជ្ញាធរ​ណា​ដែល​មាន​ពត៌មាន​គ្រប់​គ្រាន់​ដឹង​ថា ពួក​គេ​មិន​ចាំ​បាច់​ខ្លាច​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ទេ។

១៩. ស្តី​អំពី​ការ​បង់​ពន្ធ តើ​យើង​អាច​និយាយ​យ៉ាង​ដូច​ម្ដេច​អំពី​ជន​គ្រីស្ទាន​សម័យ​ដើម និង​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា?

១៩ វិធី​មួយ​ដែល​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​បាន​បង្ហាញ​ការ​គោរព​ចំពោះ​«​អាជ្ញាធរ​»​ គឺ​ដោយ​បង់​ពន្ធ។ លោក ចាស្ទីន ម៉ាទើ​បាន​សរសេរ​ទៅ​កាន់​អធិរាជ អាន់តូនិនឹស ផាយឹស (​ឆ្នាំ​១៣៨​-​១៦១ ស.យ.​) ថា​៖ ​«​គ្មាន​អ្នក​ណា​សុខ​ចិត្ត​បង់​ពន្ធ​»​ដូច​ជា​ជន​គ្រីស្ទាន​ឡើយ។ (​សៀវភៅ​ការ​សុំ​អភ័យ​ទោស​ដំបូង ជំពូក​ទី​១៧​) ហើយ​លោក​ធើធូលាន​បាន​ប្រាប់​អ្នក​គ្រប់​គ្រង​ជន​ជាតិ​រ៉ូម​ថា អ្នក​ប្រមូល​ពន្ធ​របស់​ពួក​គេ​ត្រូវ​មាន​«​ចិត្ត​កតញ្ញូ​ចំពោះ​ជន​គ្រីស្ទាន​»​ ដោយ​សារ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​បង់​ពន្ធ។ (​សៀវភៅ​ការ​សុំ​អភ័យ​ទោស ជំពូក​ទី​៤២​) ជន​គ្រីស្ទាន​បាន​ទទួល​ប្រយោជន៍​ពី​ប៉ាក់​រ៉ូម៉ាណា ដែល​បក​ប្រែ​ថា​សន្ដិភាព​រ៉ូម ដោយមាន​ច្បាប់​ទម្លាប់​ល្អ ផ្លូវ​ថ្នល់​ស្អាត និង​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ដោយ​សុវត្ថិភាព។ ដោយ​សារ​ជន​គ្រីស្ទាន​យល់​ពី​អ្វី​ដែល​ពួក​គេ​ជំពាក់​ចំពោះ​សង្គម នោះ​ពួក​គេ​បាន​ធ្វើ​តាម​បន្ទូល​ព្រះ​យេស៊ូ​ដែល​ថា​៖ ​«​ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ​»។ (​ម៉ាកុស ១២:១៧​) រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​ធ្វើ​តាម​ឱវាទ​នេះ ហើយ​ពួក​គេ​បាន​ត្រូវ​សរសើរ​ដោយសារ​ភាព​ទៀង​ត្រង់​របស់​ពួក​គេ​ក្នុង​ការ​បង់​ពន្ធ។—ហេព្រើរ ១៣:១៨

សេចក្ដី​ពិត​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​សាមគ្គី​ភាព

២០, ២១. ស្តី​អំពី​ភាតរភាព​ដែល​មាន​មេត្រី​ភាព តើ​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​និង​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ឥឡូវ​នេះ​មាន​លក្ខណៈ​អ្វី​ទៅ?

២០ ដោយ​ព្រោះ​ជន​គ្រីស្ទាន​សម័យ​ដើម​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត នោះ​ពួក​គេ​ត្រូវ​សង្រួប​សង្រួម​គ្នា​ឲ្យ​មាន​សាមគ្គី​ភាព​ជា​ភាតរភាព​ដែល​មាន​មេត្រី​ភាព ដូច​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​ដែរ។ (​កិច្ច​ការ ១០:៣៤, ៣៥​) សំបុត្រ​មួយ​ដែល​បាន​ត្រូវ​ចុះ​ផ្សាយ​ក្នុង​កាសែត​មួយ​នៅ​ទី​ក្រុង​មូស្គូ​បាន​ចែង​ថា​៖ ​«​[​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ត្រូវ​]ស្គាល់​ជា​ទូទៅ​ជា​មនុស្ស​រាក់​ទាក់ សប្បុរស រាប​ទាប​និង​ស្រួល​ទាក់​ទង មិន​ដែល​បង្ខំ​មនុស្ស​ឯ​ទៀត និង​តែង​តែ​បង្កើត​ឲ្យ​មាន​មេត្រី​ភាព​ក្នុង​ទំនាក់​ទំនង​របស់​ពួក​គេ​ជា​មួយ​មនុស្ស​ឯ​ទៀត។ . . . គ្មាន​អ្នក​ណា​ស៊ី​សំណូក ប្រមឹក ឬ​ញៀន​ថ្នាំ​ក្នុង​ចំណោម​ពួក​គេ ហើយ​ហេតុ​ដែល​គ្មាន​អំពើ​បែប​នោះ​គឺ​ស្រួល​យល់​ណាស់ គឺ​ដោយ​សារ​ពួក​គេ​អនុញ្ញាត​ឲ្យ​ជំនឿ​លើ​ព្រះ​គម្ពីរ​ណែនាំ​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​ធ្វើ​ឬ​ក៏​និយាយ។ បើ​មនុស្ស​ទាំង​អស់​ទូទាំង​ពិភព​លោក​យ៉ាង​ហោច​ណាស់​ខំ​រស់​នៅ​សម​ស្រប​ទៅ​តាម​ព្រះ​គម្ពីរ​ដូច​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា ពិភព​លោក​ដ៏​ឃោរ​ឃៅ​នេះ​នឹង​មាន​សភាព​ខុស​គ្នា​ទាំង​ស្រុង​»។ (​The Moscow Times​)

២១ សព្វ​វចនាធិប្បាយ​អំពី​គ្រីស្ទ​សាសនា​ជំនាន់​ដើម (​ជា​ភាសា​អង់គ្លេស​) ចែង​ថា​៖ ​«​គ្រីស្ទ​សាសនា​ដំបូង​ធ្លាប់​ចាត់​ទុក​ក្រុម​ពួក​គេ​ជា​ក្រុម​មនុស្ស​ថ្មី ដែល​ពី​មុន​ជា​មនុស្ស​ដែល​ស្អប់​គ្នា ពោល​គឺ សាសន៍​យូដា​និង​សាសន៍​ដទៃ ដែល​ក្រោយ​មក​អាច​រស់​នៅ​ជា​មួយ​គ្នា​ដោយ​មេត្រី​ភាព​»។ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ក៏​មាន​ភាតរភាព​អន្តរជាតិ​ដែល​ស្រឡាញ់​មេត្រី​ភាព​ផង​ដែរ ហើយ​ពិត​ជា​សង្គម​ពិភព​លោក​ថ្មី​មែន។ (​អេភេសូរ ២:១១​-​១៨; ពេត្រុស​ទី​១ ៥:៩; ពេត្រុស​ទី​២ ៣:១៣​) ពេល​ប្រធាន​សន្ដិសុខ​នៃ​ទី​លាន​ពិព័រណ៍​នៃ​រាជធានី​ប្រតូរីយ៉ា ប្រទេស​អាហ្វ្រិក​ខាង​ត្បូង បាន​ឃើញ​ថា ស្មរ​បន្ទាល់​គ្រប់​សាសន៍​ជួប​ជុំ​គ្នា​ចូល​រួម​មហា​សន្និបាត​នៅ​ទី​នោះ​ដោយ​សន្ដិភាព គាត់​បាន​និយាយ​ថា​៖ ​«​ពួក​គេ​ទាំង​អស់​គ្នា​មាន​សុភាវធម៌​និង​បាន​និយាយ​ប្រាស្រ័យ​ទាក់​ទង​គ្នា​តាម​របៀប​ស្លូត​បូត។ អាកប្បកិរិយា​របស់​ពួក​គេ​ក្នុង​កំឡុង​ពីរ​បី​ថ្ងៃ​កន្លង​ទៅ​ហើយ​នេះ គឺ​ជា​ភស្តុ​តាង​ដែល​បញ្ជាក់​នូវ​សីលធម៌​នៃ​សមាជិក​នៃ​សង្គម​របស់​ពួក​អ្នក ហើយ​ថា​ពួក​គេ​រស់​នៅ​ជា​មួយ​គ្នា​ដូច​ជា​ក្រុម​គ្រួសារ​មួយ​ដ៏​ធំ​និង​សប្បាយ​»។

ជន​គ្រីស្ទាន​ទទួល​រង្វាន់​ដោយ​សារ​ការ​បង្រៀន​សេចក្ដី​ពិត

២២. តើ​អ្វី​បាន​កើត​ឡើង​ដោយ​សារ​ជន​គ្រីស្ទាន​បាន​សម្ដែង​សេចក្ដី​ពិត?

២២ តាម​រយៈ​ការ​ប្រព្រឹត្ត​និង​ការ​ផ្សព្វ​ផ្សាយ​របស់​ប៉ុល​និង​ជន​គ្រីស្ទាន​ឯ​ទៀត ពួក​គេ​បាន​«​សំដែង​សេចក្ដី​ពិត​»។ (​កូរិនថូស​ទី​២ ៤:២​) តើ​អ្នក​យល់​ព្រម​ដែរ​ទេ​ថា ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​ធ្វើ​ដូច​គ្នា​ដែរ និង​កំពុង​តែ​បង្រៀន​គ្រប់​សាសន៍​នូវ​សេចក្ដី​ពិត​នោះ? មនុស្ស​កាន់​តែ​ច្រើន​ទូទាំង​ផែនដី​កំពុង​តែ​ស្ដាប់​តាម​សេចក្ដី​ពិត និង​កំពុង​តែ​ដើរ​ចូល​ហូរហែ​ទៅ​ដល់‹ភ្នំ​ដែល​ជា​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា›។ (​អេសាយ ២:២, ៣​) ជា​រៀង​រាល់​ឆ្នាំ មនុស្ស​រាប់​ពាន់​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដើម្បី​បង្ហាញ​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ។ ជា​លទ្ធផល ក្រុម​ជំនុំ​ថ្មី​ជា​ច្រើន​បាន​ត្រូវ​រៀបចំ​ឡើង។

២៣. តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​កំពុង​តែ​បង្រៀន​គ្រប់​សាសន៍​នូវ​សេចក្ដី​ពិត?

២៣ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​សាមគ្គី​ភាព​ក្នុង​ការ​ថ្វាយ​បង្គំ ទោះ​ជា​ពួក​គេ​មាន​ជីវប្រវត្ដិ​ខុស​ៗ​គ្នា​ក៏​ដោយ។ សេចក្ដី​ស្រឡាញ់​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​សម្ដែង​នោះ បង្ហាញ​ថា​ពួក​គេ​គឺ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ។ (​យ៉ូហាន ១៣:៣៥​) តើ​អ្នក​អាច​ឃើញ​ថា ‹ព្រះ​ទ្រង់​គង់​នៅ​ក្នុង​ចំណោម​ពួក​គេ›ឬ​ទេ? (​កូរិនថូស​ទី​១ ១៤:២៥​) តើ​អ្នក​បាន​ចូល​គាំទ្រ​ពួក​អ្នក​ដែល​កំពុង​តែ​បង្រៀន​គ្រប់​ទាំង​សាសន៍​នូវ​សេចក្ដី​ពិត​ហើយ​ឬ​នៅ? ប្រសិន​បើ​អ្នក​បាន​ធ្វើ​ដូច្នេះ​រួច​ហើយ ចូរ​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​ពិត​ជា​និច្ច និង​ទទួល​ឯកសិទ្ធិ​ដើរ​ក្នុង​សេចក្ដី​ពិត​នោះ​ជា​និច្ច។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ស្តី​អំពី​របៀប​ថ្វាយ​បង្គំ តើ​មាន​ភាព​ដូច​គ្នា​អ្វី​រវាង​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម និង​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា?

• តើ​អ្វី​ជា​បុណ្យ​សាសនា​តែ​មួយ​គត់ ដែល​បុគ្គល​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ត្រូវ​ធ្វើ​នោះ?

• តើ​«​អាជ្ញាធរ​»​ជា​អ្នក​ណា? ហើយ​តើ​ជន​គ្រីស្ទាន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​គេ?

• តើ​ដោយ​ដូច​ម្ដេច​ដែល​សេចក្ដី​ពិត​អាច​សង្រួប​សង្រួម​បាន?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​២៩​]

កិច្ច​ប្រជុំ​គ្រីស្ទាន​តែង​តែ​ជា​ពរ​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត