លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រូបភាពសាសនាមានតាំងពីបុរាណរហូតមក

រូបភាពសាសនាមានតាំងពីបុរាណរហូតមក

រូប​ភាព​សាសនា​មាន​តាំង​ពី​បុរាណ​រហូត​មក

​«​រូប​ភាព​សាសនា​ជួយ​បើក​ផ្លូវ​ឲ្យ​យើង​មាន​ភាព​បរិសុទ្ធ​និង​ចិត្ត​ល្អ​រួម​ជា​មួយ​ព្រះ​និង​ពួក​បរិស័ទ​របស់​ទ្រង់​»។សាសនា​គ្រីស្ទ​និកាយ​អូធូដុក្ស​សាសន៍​ក្រិច​នៅ​ប្រទេស​អូស្ដ្រាលី

នៅ​ថ្ងៃ​មួយ​ក្នុង​ខែ​សីហា មាន​ធាតុ​អាកាស​ក្ដៅ​ស្អុះស្អាប់​ណាស់ ហើយ​រស្មី​ព្រះ​អាទិត្យ​បញ្ចាំង​ចំ​កាំ​ជណ្ដើរ​ថ្ម​ដែល​ជា​ផ្លូវ​ទៅ​ឯ​ទី​សំណាក់​របស់​ពួក​សង្ឃ​នៅ​កោះ​ទីន័រ នា​សមុទ្រ​អេ​ជេន ដែល​ទី​នោះ​ហៅ​ថា ​«​មាតា​បរិសុទ្ធ​បំផុត​របស់​ព្រះ​»។ ទោះ​បី​ជា​មាន​ធាតុ​អាកាស​ក្ដៅ​ស្អុះស្អាប់​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​បន្ថយ​នូវ​ចិត្ត​ខ្នះ​ខ្នែង​របស់​មនុស្ស​២៥.០០០​នាក់ ដែល​កំពុង​តែ​ហែ​ដោយ​ដើរ​តំរៀប​ជួរ​គ្នា​នោះ​ទេ ពួក​គេ​ធ្វើ​ដូច្នេះ​តាម​ទំនៀម​ទំលាប់​ខាង​សាសនា​គ្រីស្ទ​និកាយ​អូធូដុក្ស​សាសន៍​ក្រិច។ ពួក​គេ​ដើរ​យឺត​ៗ​ឆ្ពោះ​ទៅ​រក​រូប​ភាព​សាសនា ជា​រូប​គំនូរ​មាតា​របស់​ព្រះ​យេស៊ូ​ដែល​តុប​តែង​យ៉ាង​ល្អ​ប្រណីត។

យុវនារី​ពិការ​ជើង​ម្នាក់​ដែល​មាន​ទឹក​មុខ​ស្រពាប់​ស្រពោន​នោះ នាង​វារ​ទៅ​មុខ​មាន​ឈាម​ហូរ​ចេញ​ពី​ជង្គង់​ទាំង​ឈឺ​ពើត​ផ្សា​ផង។ នៅ​ក្បែរ​នាង ក៏​មាន​លោក​យាយ​ម្នាក់​ហត់​ដក​ដង្ហើម​មិន​ដល់​គ្នា​លោក​យាយ​បាន​ធ្វើ​ដំណើរ​តាំង​ពី​ឆ្ងាយ​មក ហើយ​គាត់​ខំ​ពុះ​ពារ​ដើរ​ជា​បន្ត។ ហើយ​ក៏​មាន​បុរស​វ័យ​កណ្ដាល​ម្នាក់​មាន​ចិត្ត​ខ្នះ​ខ្នែង​ផង​ដែរ គាត់​ហត់​បែក​ញើស​សស្រាក់​ពេល​ខំ​ប្រឹង​ដើរ​កាត់​មនុស្ស​មួយ​ហ្វូង​ដែល​កំពុង​តែ​ច្រាន​ទៅ​ច្រាន​មក។ ពួក​គេ​មាន​គោល​ដៅ​ចង់​ថើប​រូប​ភាព​នាង​ម៉ារា និង​ចង់​លុត​ជង្គង់​ពី​មុខ​រូប​ភាព​សាសនា​នោះ។

មនុស្ស​ទាំង​ប៉ុន្មាន​នោះ​ច្បាស់​ជា​កាន់​សាសនា​របស់​គេ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ។ ក៏​ប៉ុន្តែ តើ​ពួក​គេ​យល់​ដឹង​ថា ការ​ថ្វាយ​បង្គំ​តាម​រូប​ភាព​សាសនា​បែប​នោះ​មាន​ដើម​កំណើត​អស់​រាប់​រយ​ឆ្នាំ​មុន​សាសនា​គ្រីស្ទ​មាន​ទៅ​ទៀត​ឬ​ទេ?

ការ​និយម​តាម​រូប​ភាព​សាសនា

ទូទៅ​ក្នុង​លោកីយ៍​នេះ​មាន​រូប​ភាព​សាសនា​ច្រើន​ណាស់។ រូប​ភាព​សាសនា​ច្រើន​តែ​បាន​ត្រូវ​ចាត់​ទុក​ជា​វត្ថុ​ចាំ​បាច់​ក្នុង​ការ​ថ្វាយ​បង្គំ។ ពួក​អ្នក​ជឿ​តែង​លើក​កិត្ដិយស​ដល់​រូប​ភាព​បែប​នេះ​ដោយ​ថើប​និង​អុជ​ធូប​អុជ​ទៀន​ពី​មុខ​រូប​ភាព​នោះ​ផង។ ម្យ៉ាង​ទៀត ក្នុង​ផ្ទះ​ភាគ​ច្រើន​ក៏​មាន​កន្លែង​ដាក់​រូប​ភាព​សាសនា​សំរាប់​បន់​ស្រន់​ដល់​ព្រះ​ផង​ដែរ។ មនុស្ស​ជា​ច្រើន​អះអាង​ថា ពេល​គេ​ក្រាប​សំពះ​មុខ​រូប​ភាព​នេះ គេ​មាន​អារម្មណ៍​ថា​គេ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ព្រះ។ មនុស្ស​ជា​ច្រើន​ទៀត​ជឿ​ថា បើ​មាន​រូប​ភាព​សាសនា​នោះ​គេ​អាច​ទទួល​ព្រះ​ពរ​ពី​ព្រះ​និង​រូប​ទាំង​នេះ​មាន​ឥទ្ធិឫទ្ធិ​ទៀត​ផង។

ជន​គ្រីស្ទាន​ច្រើន​នាក់​ពិត​ជា​នឹង​ភ្ញាក់​ផ្អើល​ដោយ​ដឹង​ថា បណ្ដា​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​មិន​បាន​យល់​ព្រម​នឹង​ការ​ប្រើ​រូប​ភាព​សាសនា​ក្នុង​ការ​ថ្វាយ​បង្គំ​ទេ។ សៀវភៅ​មួយ​ចែង​ថា​៖ ​«​ពួក​គ្រីស្ទាន​សម័យ​ដើម​បាន​ស្អប់​ខ្ពើម​នូវ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ដូច​ពួក​សាសន៍​យូដា​ស្អប់​ដែរ ហើយ​ក៏​មិន​ព្រម​ក្រាប​សំពះ​ចំពោះ​រូប​ភាព​បុគ្គល​បរិសុទ្ធ​ណា​សោះ​»។ (Byzantium)សៀវភៅ​នោះ​រៀប​រាប់​ទៀត​ថា​៖ ​«​ចាប់​ពី​សតវត្ស​ទី​ប្រាំ​មក​ម្ល៉េះ រូប​ភាព​សាសនា​និង​រូប​បដិមាករ​ផ្សេង​ៗ​ . . . បាន​ត្រូវ​និយម​ប្រើ​ក្នុង​ការ​ថ្វាយ​បង្គំ មិន​ថា​ថ្វាយ​បង្គំ​ផ្ទាល់​ខ្លួន ឬ​ជា​សាធារណៈ​ក្ដី​»។ ការ​ប្រើ​រូប​ភាព​សាសនា​ដូច​នេះ តើ​បាន​ចាប់​ផ្ដើម​ពី​ណា​មក?

ការ​ពិនិត្យ​មើល​ប្រវត្ដិសាស្ត្រ​នៃ​រូប​ភាព​សាសនា

អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ឈ្មោះ​វិតាលី អ៊ីវ៉ានណូវិច​ពីត្រេងកូ បាន​សរសេរ​ថា​៖ ​«​ទំនៀម​ទំលាប់​ប្រើ​រូប​បដិមាករ​មាន‹តាំង​ពី​សម័យ​ពួក​ពាហិរជន› គឺ​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ មុន​សម័យ​របស់​ពួក​គ្រីស្ទាន​មាន​ទៅ​ទៀត​»។ អ្នក​ប្រវត្ដិសាស្ត្រ​ច្រើន​នាក់​ឯកភាព​គ្នា​ថា ការ​គោរព​ចំពោះ​រូប​ភាព​សាសនា​មាន​ដើម​កំណើត​ពី​សាសនា​នៃ​សាសន៍​ដែល​មាន​តាំង​ពី​បុរាណ ពោល​គឺ សាសន៍​បាប៊ីឡូន អេស៊ីប និង​សាសន៍​ក្រិច។ ឧទាហរណ៍ នៅ​ប្រទេស​ក្រិច​ពី​បុរាណ គេ​បាន​ឆ្លាក់​រូប​ផ្សេង​ៗ​ធ្វើ​ជា​រូប​បដិមាករ​ខាង​សាសនា​គេ។ ពួក​សាសន៍​ក្រិច​បាន​ជឿ​ថា រូប​បដិមាករ​ទាំង​នោះ​មាន​ឫទ្ធានុភាព​ដូច​ព្រះ។ មនុស្ស​នានា​ធ្លាប់​គិត​ថា រូប​ឆ្លាក់​ខ្លះ​ៗ​នោះ​បាន​ធ្លាក់​មក​ពី​ស្ថាន​សួគ៌ មិន​មែន​ជា​អ្វី​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ។ ក្នុង​កំឡុង​ពេល​បុណ្យ​ពិសេស​ផ្សេង​ៗ រូប​បដិមាករ​បែប​នោះ​បាន​ត្រូវ​គេ​ដង្ហែ​ក្រឡឹង​ជុំ​វិញ​ទី​ក្រុង ហើយ​គេ​បាន​ធ្វើ​យញ្ញ​បូជា​ថ្វាយ​ដល់​រូប​ទាំង​នោះ​ដែរ។ លោក​ពីត្រេងកូ​មាន​ប្រសាសន៍​ទៀត​ថា​៖ ​«​ពួក​អ្នក​ជឿ​បាន​ចាត់​ទុក​រូប​ឆ្លាក់​នោះ​ជា​ព្រះ​អង្គ ទោះ​ជា​អ្នក​ខ្លះ​ចង់ . . . បែង​ចែក​ព្រះ​និង​រូប​ព្រះ​នោះ​ឯង​ថា​ផ្សេង​ពី​គ្នា​ក្ដី​»។

តើ​គំនិត​និង​ការ​ប្រព្រឹត្ត​បែប​នេះ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​គ្រីស្ទ​សាសនា​យ៉ាង​ណា​ដែរ? អ្នក​ស្រាវ​ជ្រាវ​លោក​ពីត្រេងកូ​បាន​សង្កេត​មើល​ថា ក្នុង​កំឡុង​ប៉ុន្មាន​សតវត្ស​បន្ទាប់​ពី​ពួក​សាវ័ក​របស់​ព្រះ​គ្រីស្ទ​បាន​ទទួល​មរណភាព​នោះ ​«​គំនិត​របស់​ពួក​គ្រីស្ទាន​បាន​ចូល​នឹង‹ជំនឿ​លាយ​ឡំ​របស់​ពួក​ពាហិរជន› ជា​ពិសេស​នៅ​ប្រទេស​អេស៊ីប ជំនឿ​និង​ការ​ប្រព្រឹត្ត​របស់​សាសន៍​អេស៊ីប ក្រិច យូដា អាស៊ី និង​រ៉ូម​បាន​លាយ​ឡំ​គ្នា ហើយ​ជំនឿ​និង​ការ​ប្រព្រឹត្ត​ទាំង​នេះ​គេ​បាន​យក​មក​ប្រើ​ដំណាល​គ្នា​នឹង​ជំនឿ​និង​ទំនៀម​ទំលាប់​របស់​ពួក​គ្រីស្ទាន​ដែរ​»។ ជា​លទ្ធផល ​«​ពួក​សិប្បករ​បាន​ចាប់​ផ្ដើម​ប្រើ​វិធី[​លាយ​ឡំ​ជំនឿ​] ហើយ​បាន​កែ​ច្នៃ​រូប​សញ្ញា​របស់​ពួក​ពាហិរជន​ឲ្យ​ទៅ​ជា​រូប​សញ្ញា​ខាង​សាសនា​គ្រីស្ទ​វិញ តែ​ការ​ធ្វើ​ដូច្នេះ​មិន​បាន​រក្សា​ការ​ពារ​រូប​សញ្ញា​ថ្មី​ទាំង​នេះ​ពី​ឥទ្ធិពល​នៃ​សាសនា​ពួក​ពាហិរជន​ឡើយ​»។

មិន​យូរ​ប៉ុន្មាន​ទៀត រូប​ភាព​សាសនា​បាន​ក្លាយ​ជា​អ្វី​ដ៏​សំខាន់​ក្នុង​ជំនឿ​របស់​មនុស្ស​ម្នាក់​ៗ និង​ក្នុង​សាសនា​ធំ​ៗ​ផង​ដែរ។ អ្នក​ប្រវត្ដិវិទូ​ម្នាក់​ឈ្មោះ​វិល ឌូរ៉ាន ក្នុង​សៀវភៅ​របស់​គាត់​ជា​ភាសា​អង់គ្លេស ដែល​មាន​ចំណង​ជើង​ថា សម័យ​របស់​ពួក​អ្នក​ជឿ គាត់​រៀប​រាប់​អំពី​របៀប​ដែល​រូប​ភាព​សាសនា​បាន​ក្លាយ​ជា​អ្វី​ដ៏​សំខាន់​ដូច្នេះ​មែន​ដោយ​ថា​៖ ​«​ពេល​មនុស្ស​ចាប់​ផ្ដើម​គោរព​ថ្វាយ​បង្គំ​ពួក​បរិស័ទ​របស់​ព្រះ​យេស៊ូ​កាន់​តែ​ច្រើន​នាក់ នោះ​គេ​ក៏​ត្រូវ​ការ​របៀប​សម្គាល់​និង​ចំណាំ​មិន​ឲ្យ​ច្រឡំ​មុខ​បរិស័ទ​ម្នាក់​ៗ​នោះ​ដែរ។ គេ​បាន​ចាប់​ផ្ដើម​គូរ​គំនូរ​នាង​ម៉ារា​និង​បរិស័ទ​និមួយ​ៗ​យ៉ាង​ច្រើន ហើយ​ក៏​បាន​គូរ​គំនូរ​រូប​ព្រះ​យេស៊ូ​តាម​ដែល​គេ​ប៉ាន់​ស្មាន និង​គំនូរ​នោះ​ព្រម​ទាំង​ឈើ​ឆ្កាង​របស់​ទ្រង់​បាន​ក្លាយ​ជា​អ្វី​ដែល​គេ​ក្រាប​សំពះ រហូត​ដល់​អ្នក​ឆាប់​ជឿ​ខ្លះ​បាន​ចាត់​ទុក​គំនូរ​នោះ​ជា​វត្ថុ​ស័ក្ដិ​សិទ្ធិ​ដែល​មាន​ឫទ្ធានុភាព​ផង។ បណ្ដា​មនុស្ស​ដែល​ចេះ​តែ​ស្រមៃ​គិត​ហួស​ហេតុ​ពេក​នោះ បាន​បណ្ដាល​ឲ្យ​វត្ថុ​បរិសុទ្ធ ព្រម​ទាំង​រូប​ភាព និង​រូប​ឆ្លាក់​ក្លាយ​ជា​ទី​គោរព​ដែល​គួរ​ឲ្យ​ស្រឡាញ់។ បណ្ដា​ជន​នោះ​បាន​លុត​ជង្គង់​មុខ​រូប​ទាំង​នោះ ក៏​បាន​ថើប និង​អុជ​ធូប​អុជ​ទៀន​នៅ​មុខ​រូប​នោះ​ផង​ដែរ។ ពួក​គេ​ក៏​បាន​តុប​តែង​លំអ​រូប​នោះ​ដោយ​ផ្កា​ភ្ញី និង​បាន​សុំ​ឲ្យ​កើត​មាន​អព្ភូតហេតុ​ពី​ឥទ្ធិពល​អាថ៌​កំបាំង​របស់​រូប​នោះ។ . . . ពួក​មេ​សាសនា​គ្រីស្ទ​រួម​ជា​មួយ​ក្រុម​ប្រឹក្សា​ផ្សេង​ៗ បាន​ពន្យល់​បក​ស្រាយ​ថា រូប​បដិមាករ​នានា​មិន​មែន​ជា​រូប​ព្រះ​អង្គ​ទេ តែ​ជា​តំណាង​ទ្រង់​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ បណ្ដា​មនុស្ស​មិន​រវល់​បែង​ចែក​ភាព​ខុស​គ្នា​នោះ​ទេ​»។

សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​នាក់​ដែល​ប្រើ​រូប​ភាព​សាសនា​ក៏​បដិសេធ​ដែរ​ថា រូប​បដិមាករ​ជា​អ្វី​ដែល​គេ​មាន​ចិត្ត​គោរព​ប៉ុណ្ណោះ តែ​មិន​មែន​ក្រាប​ថ្វាយ​បង្គំ​ទេ។ ពួក​គេ​ប្រហែល​ជា​អះអាង​ថា គំនូរ​ខាង​សាសនា​ក៏​ជា​ជំនួយ​ដ៏​ល្អ​ត្រឹម​ត្រូវ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ ហើយ​ចាំ​បាច់​បំផុត។ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​នេះ​ដែរ។ ក៏​ប៉ុន្តែ សូម​គិត​ទៅ​មើល​ថា តើ​ព្រះ​អាទិទេព​សព្វ​ព្រះ​ហឫទ័យ​ឬ​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ? តើ​ការ​គោរព​ចំពោះ​រូប​ភាព​សាសនា​ដូច​គ្នា​នឹង​ការ​ក្រាប​ថ្វាយ​បង្គំ​រូប​ភាព​នោះ​ឬ​ទេ? តើ​ការ​ប្រព្រឹត្ត​បែប​នេះ​អាច​មាន​គ្រោះ​ថ្នាក់​ដែល​មើល​មិន​ឃើញ​ឬ​ទេ?

[​រូប​ភាព​នៅ​ទំព័រ​៤​]

ការ​គោរព​រូប​បដិមាករ​មាន​ដើម​កំណើត​មក​ពី​ទំនៀម​ទំលាប់​របស់​សាសនា​ពាហិរជន

[​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៣​]

© AFP/CORBIS