លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សិរីរុងរឿងរបស់ព្រះយេហូវ៉ាភ្លឺទៅលើរាស្ត្រទ្រង់

សិរីរុងរឿងរបស់ព្រះយេហូវ៉ាភ្លឺទៅលើរាស្ត្រទ្រង់

សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ភ្លឺ​ទៅ​លើ​រាស្ត្រ​ទ្រង់

​«​ព្រះ​យេហូវ៉ា​នឹង​ជា​ពន្លឺ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​ដល់​ឯង​»។—អេសាយ ៦០:២០

១. តើ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ទៅ​លើ​រាស្ត្រ​ស្មោះ​ត្រង់​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច​ខ្លះ?

 «ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​រាស្ត្រ​ទ្រង់។ ទ្រង់​តាក់​តែង​មនុស្ស​រាប​សា ដោយ​សេចក្ដី​សង្គ្រោះ​»។ (​ទំនុក​ដំកើង ១៤៩:៤​) នេះ​ជា​ពំនោល​របស់​អ្នក​តែង​បទ​ទំនុក​ដំកើង​កាល​ពី​បុរាណកាល ហើយ​ប្រវត្ដិសាស្ត្រ​បាន​បញ្ជាក់​ថា ពំនោល​នេះ​គឺ​ជា​ការ​ពិត​មែន។ ពេល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្មោះ​ត្រង់​នឹង​ទ្រង់ នោះ​ទ្រង់​ថែ​រក្សា​ពួក​គេ ធ្វើ​ឲ្យ​ពួក​គេ​រីក​ចំរើន និង​ការ​ពារ​ពួក​គេ​ទៀត​ផង។ នៅ​សម័យ​បុរាណ ព្រះ​យេហូវ៉ា​ធ្លាប់​ជួយ​រាស្ត្រ​ទ្រង់​ឈ្នះ​ពួក​សត្រូវ​របស់​ពួក​គេ។ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ជួយ​រាស្ត្រ​ទ្រង់​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​ជា​និច្ច និង​ធានា​ពួក​គេ​ថា ទ្រង់​នឹង​សង្គ្រោះ​ពួក​គេ​ដែរ​ដោយ​ផ្អែក​លើ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ​ជា​មូលដ្ឋាន។ (​រ៉ូម ៥:៩​) ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ ពីព្រោះ​ទ្រង់​ចាត់​ទុក​រាស្ត្រ​ទ្រង់​ថា​ល្អ​ស្អាត។

២. ទោះ​ជា​រាស្ត្រ​របស់​ព្រះ​ជួប​ប្រទះ​នឹង​ការ​ប្រឆាំង​ក៏​ដោយ តើ​ពួក​គេ​ជឿ​ជាក់​ទៅ​លើ​អ្វី?

ប៉ុន្តែ ក្នុង​របប​លោកីយ៍​នេះ​ដែល​ស្ថិត​ក្នុង​ភាព​ងងឹត​នោះ អស់​អ្នក​ដែល​«​រស់​ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​»​ នឹង​ពើប​ប្រទះ​នឹង​ការ​ប្រឆាំងជា​មិន​ខាន។ (​ធីម៉ូថេ​ទី​២ ៣:១២​) យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​ទត​ឃើញ​អ្នក​ប្រឆាំង​ទាំង​នេះ ហើយ​ទ្រង់​ព្រមាន​ពួក​គេ​ថា​៖ ​«​សាសន៍​ណា នឹង​នគរ​ណា​ដែល​មិន​ព្រម​គោរព​ដល់​ឯង នោះ​នឹង​ត្រូវ​វិនាស អើ! សាសន៍​ទាំង​នោះ​នឹង​ត្រូវ​សាប​សូន្យ​បាត់​ទៅ​អស់​រលីង​»។ (​អេសាយ ៦០:១២​) សព្វ​ថ្ងៃ​នេះ ការ​ប្រឆាំង​មាន​ច្រើន​យ៉ាង។ នៅ​ប្រទេស​ខ្លះ អ្នក​ប្រឆាំង​ខំ​ដាក់​កំហិត​ឬ​ក៏​ដាក់​បំរាម​ទៅ​លើ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​របស់​ជន​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់។ នៅ​ប្រទេស​ឯ​ទៀត អ្នក​និយម​ជ្រុល​ខាង​សាសនា​ធ្វើ​បាប​រាស្ត្រ​ព្រះ​យេហូវ៉ា​ខាង​ផ្លូវ​កាយ​និង​ដុត​ចោល​ផ្ទះ​របស់​ពួក​គេ។ ប៉ុន្តែ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​បាន​សម្រេច​ព្រះ​ទ័យ​រួច​ទៅ​ហើយ​អំពី​លទ្ធផល​នៃ​ការ​ប្រឆាំង​ដើម្បី​រា​រាំង​ការ​សម្រេច​នៃ​ព្រះ​ហឫទ័យ​របស់​ទ្រង់។ អ្នក​ប្រឆាំង​នឹង​ទទួល​បរាជ័យ​ពុំ​ខាន។ អស់​អ្នក​ដែល​ត​យុទ្ធ​នឹង​ស៊ីយ៉ូន​ដោយ​ប្រឆាំង​នឹង​កូន​ស៊ីយ៉ូន​នៅ​លើ​ផែនដី​នេះ មិន​អាច​បាន​ជោគ​ជ័យ​ទេ។ ការ​ធានា​នេះ​ពី​ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ឧត្តម​របស់​យើង ពិត​ជា​លើក​ទឹក​ចិត្ត​និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ​ណាស់ មែន​ទេ?

បាន​ទទួល​ពរ​លើស​ពី​ការ​សង្ឃឹម​ទៅ​ទៀត

៣. តើ​សោភ័ណភាព​និង​ភាព​រីក​ចំរើន​នៃ​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​តំណាង​ដោយ​និមិត្តរូប​អ្វី?

តាម​ការ​ពិត នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នៃ​របប​លោកីយ៍​នេះ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ទៅ​លើ​រាស្ត្រ​ទ្រង់​លើស​ពី​អ្វី​ដែល​ពួក​គេ​បាន​សង្ឃឹម​ទៅ​ទៀត។ ជា​ពិសេស ទ្រង់​បាន​តាក់​តែង​ជា​បណ្ដើរ​ៗ​នូវ​ដំណាក់​ទ្រង់ និង​អ្នក​ក្នុង​ដំណាក់​ទ្រង់​ដែល​មាន​ព្រះ​នាម​ទ្រង់​នៅ​ជាប់​នឹង​ពួក​គេ។ យោង​ទៅ​តាម​ទំនាយ​របស់​អេសាយ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​កាន់​ស៊ីយ៉ូន​ថា​៖ ​«​សេចក្ដី​លំអ​នៃ​ព្រៃ​ល្បាណូន​នឹង​មក​ឯ​ឯង គឺ​ជា​ឈើ​កកោះ ឈើ​ស្រល់ នឹង​ឈើ​ស្រឡៅ​ផង ដើម្បី​នឹង​តុប​តែង​កន្លែង​នៃ​ទី​បរិសុទ្ធ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​ទី​នៃ​ជើង​អញ​បាន​រុង​រឿង​ឧត្តម​»។ (​អេសាយ ៦០:១៣​) ភ្នំ​ដែល​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ស្តុក​ដុះ​ទ្រុប​ទ្រុល​គឺ​ជា​ទិដ្ឋភាព​ដ៏​សែន​ស្អាត។ ដើម​ឈើ​ធំ​ត្រសុំត្រសាយ​ខៀវ​ស្រងាត់​គឺ​ជា​និមិត្តរូប​ដ៏​សក្ដិ​សម​នឹង​សោភ័ណភាព​និង​ភាព​រីក​ចំរើន​ដែល​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​មាន​នោះ។—អេសាយ ៤១:១៩; ៥៥:១៣

៤. តើ​«​ទី​បរិសុទ្ធ​»​ និង​«​ទី​នៃ​ជើង[​ព្រះ​យេហូវ៉ា​]​»​ជា​អ្វី? ហើយ​តើ​កន្លែង​ទាំង​នេះ​បាន​ត្រូវ​តាក់​តែង​យ៉ាង​ដូច​ម្ដេច?

នៅ​អេសាយ ៦០:១៣ តើ​«​ទី​បរិសុទ្ធ​»​និង​«​ទី​នៃ​ជើង[​ព្រះ​យេហូវ៉ា​]​»​សំដៅ​ទៅ​លើ​អ្វី? ពាក្យ​នេះ​សំដៅ​ទៅ​ទី​ធ្លា​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា ដែល​ជា​ការ​រៀបចំ​សំរាប់​ការ​ថ្វាយ​បង្គំ​ទ្រង់​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ។ (​ហេព្រើរ ៨:១​-​៥; ៩:២​-​១០, ២៣​) ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា ទ្រង់​មាន​គោល​បំណង​ធ្វើ​ឲ្យ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ទ្រង់​រុង​រឿង ដោយ​នាំ​មនុស្ស​ចេញ​ពី​គ្រប់​ទាំង​សាសន៍​ឲ្យ​មក​ថ្វាយ​បង្គំ​នៅ​ទី​នោះ។ (​ហាកាយ ២:៧​) អេសាយ​ធ្លាប់​ឃើញ​ដោយ​ភ្នែក​ផ្ទាល់​នូវ​មនុស្ស​ទាំង​ហ្វូង​ៗ​ពី​គ្រប់​ទាំង​សាសន៍ ដើរ​ហូរហែ​ឆ្ពោះ​ទៅ​ដល់​ភ្នំ​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​លើក​ដំកើង​ឲ្យ​ខ្ពង់​ខ្ពស់​ឡើង។ (​អេសាយ ២:១​-​៤​) រាប់​រយ​ឆ្នាំ​ក្រោយ​មក សាវ័ក​យ៉ូហាន​មាន​ចក្ខុនិមិត្ត​ដែល​បង្ហាញ​ពី​«​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា​»។ អ្នក​ទាំង​នោះ​«​ស្ថិត​នៅ​ចំពោះ​បល្ល័ង្ក​ព្រះ . . . [​និង​]បំរើ​ទ្រង់ នៅ​ក្នុង​ព្រះ​វិហារ​ទាំង​យប់​ទាំង​ថ្ងៃ​»។ (​វិវរណៈ ៧:៩, ១៥​) នៅ​ពេល​ទំនាយ​ទាំង​នេះ​បាន​ត្រូវ​សម្រេច​នូវ​សម័យ​យើង​នេះ យើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ការ​តាក់​តែង​នូវ​ដំណាក់​របស់​ព្រះ​យេហូវ៉ា។

៥. តើ​កូន​របស់​ស៊ីយ៉ូន​មាន​ការ​កែ​លំអ​ដ៏​ធំ​អ្វី?

នេះ​ជា​ការ​កែ​លំអ​ដ៏​ធំ​ណាស់ សំរាប់​ស៊ីយ៉ូន! ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​៖ ​«​ទោះ​បើ​ឯង​បាន​ត្រូវ​ចោល​ស្ងាត់ ហើយ​ត្រូវ​គេ​ស្អប់ ដល់​ម្ល៉េះ​បាន​ជា​គ្មាន​មនុស្ស​ណា​ដើរ​កាត់​ឯង​ឡើយ គង់​តែ​អញ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​ជា​ទី​ប្រសើរ[​«​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​មោទនភាព​»​, ព.ថ.​] នៅ​អស់​កល្ប​ជា​និច្ច​វិញ ជា​ទី​អំណរ​ដល់​ច្រើន​ដំណ​ត​ទៅ​»។ (​អេសាយ ៦០:១៥​) ពេល​សង្គ្រាម​លោក​លើក​ទី​មួយ​ជិត​ចប់​នោះ ​«​អ៊ីស្រាអែល​នៃ​ព្រះ​»​បាន​នៅ​ស្ងាត់​ជ្រងំ​មួយ​គ្រា​ពិត​មែន។ (​កាឡាទី ៦:១៦​) ស៊ីយ៉ូន​ពិត​ជា​បាន​មាន​អារម្មណ៍​ថា គាត់​បាន​ត្រូវ​«​ចោល​ស្ងាត់​»​ដ្បិត​កូន​របស់​គាត់​នៅ​លើ​ផែនដី​មិន​បាន​យល់​ច្បាស់​លាស់​អំពី​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​ពួក​គេ​ឡើយ។ រួច​មក នៅ​ឆ្នាំ​១៩១៩ ព្រះ​យេហូវ៉ា​បាន​ប្រោស​អ្នក​បំរើ​ចាក់​ប្រេង​តាំង​របស់​ទ្រង់​ឲ្យ​មាន​សកម្មភាព​ឡើង​វិញ ហើយ​តាំង​ពី​គ្រា​នោះ​មក ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ឲ្យ​ពួក​គេ​រីក​ចំរើន​យ៉ាង​អស្ចារ្យ​ខាង​វិញ្ញាណ។ ម្យ៉ាង​ទៀត សេចក្ដី​សន្យា​ក្នុង​ខ​នេះ​ពិត​ជា​បណ្ដាល​ឲ្យ​យើង​រីក​រាយ​ណាស់ មែន​ទេ? ព្រះ​យេហូវ៉ា​នឹង​ចាត់​ទុក​ស៊ីយ៉ូន​ជា​«​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​មោទនភាព​»។ ពិត​មែន​ហើយ កូន​របស់​ស៊ីយ៉ូន​និង​ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់​នឹង​មាន​មោទនភាព​ចំពោះ​ស៊ីយ៉ូន។ ស៊ីយ៉ូន​នឹង​ជា​«​ទី​អំណរ​»​ គឺ​ថា ជា​ហេតុ​នាំ​ឲ្យ​មាន​ចិត្ត​រីក​រាយ​ក្រៃ​លែង។ ហើយ​អំណរ​នោះ​មិន​មាន​សំរាប់​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ទេ។ ព្រះ​គុណ​ដែល​កូន​ស៊ីយ៉ូន​នៅ​លើ​ផែនដី​នេះ​ទទួល​ពេល​ដែល​ពួក​គេ​តំណាង​ស៊ីយ៉ូន​នោះ នឹង​បន្ត​«​ច្រើន​ដំណ​ត​ទៅ​»​ ឬ​ថា នឹង​មិន​ដែល​ឈប់​ឡើយ។

៦. តើ​ជន​គ្រីស្ទាន​ដ៏​ពិត​ប្រើ​ទ្រព្យ​ធន​របស់​សាសន៍​នានា​យ៉ាង​ដូច​ម្ដេច​ខ្លះ?

ឥឡូវ​នេះ សូម​ស្ដាប់​នូវ​សេចក្ដី​សន្យា​មួយ​ទៀត​របស់​ព្រះ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​កាន់​ស៊ីយ៉ូន​ដោយ​ថា​៖ ​«​ឯង​នឹង​បាន​បឺត​ជញ្ជក់​ទឹក​ដោះ​នៃ​អស់​ទាំង​សាសន៍ ហើយ​នឹង​បឺត​ដោះ​នៃ​ពួក​ស្តេច​ដែរ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ឯង ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​នៃ​យ៉ាកុប​»។ (​អេសាយ ៦០:១៦​) តើ​ស៊ីយ៉ូន​ជញ្ជក់​«​ទឹក​ដោះ​នៃ​អស់​ទាំង​សាសន៍​»​ និង​«​បឺត​ដោះ​នៃ​ពួក​ស្តេច​»​យ៉ាង​ដូច​ម្ដេច? ក្នុង​ន័យ​ថា ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​និង​«​ចៀម​ឯ​ទៀត​»​ដែល​ជា​សហការី​របស់​ពួក​គេ នឹង​ប្រើ​ទ្រព្យ​ធន​របស់​សាសន៍​នានា​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​ពិត​ជឿន​ទៅ​មុខ។ (​យ៉ូហាន ១០:១៦​) វិភាគទាន​ស្ម័គ្រ​ចិត្ត​ដែល​ត្រូវ​ជូន ជួយ​ផ្ដល់​លទ្ធភាព​ឲ្យ​មាន​កិច្ច​ផ្សព្វ​ផ្សាយ​និង​កិច្ច​បង្រៀន​ដ៏​ធំ​ទូទាំង​ពិភព​លោក។ ការ​ប្រើ​ប្រាស់​នូវ​បច្ចេកទេស​ទំនើប​ៗ​យ៉ាង​ឈ្លាស​វៃ​ជួយ​ផ្ដល់​លទ្ធភាព​បោះ​ពុម្ព​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​បាន​រាប់​រយ​ភាសា។ សព្វ​ថ្ងៃ​នេះ ជាង​មុន​ៗ​ទៅ​ទៀត​ក្នុង​ប្រវត្ដិ​សាស្ត្រ មនុស្ស​ច្រើន​បំផុត​អាច​ទទួល​នូវ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​បាន។ ជន​ជាតិ​ជា​ច្រើន​កំពុង​តែ​រៀន​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​អង្គ​សង្គ្រោះ​ដ៏​ពិត និង​ជា​ព្រះ​ដែល​បាន​ប្រោស​លោះ​អ្នក​បំរើ​ចាក់​ប្រេង​តាំង​របស់​ទ្រង់​ចេញ​ពី​ការ​ឃុំ​ឃាំង​ខាង​វិញ្ញាណ​នោះ។

ការ​រីក​ចំរើន​ជឿន​ទៅ​មុខ​ក្នុង​អង្គការ​របស់​ព្រះ

៧. តើ​កូន​របស់​ស៊ីយ៉ូន​បាន​ជឿន​ទៅ​មុខ​យ៉ាង​អស្ចារ្យ​ដោយ​ដូច​ម្ដេច​ខ្លះ?

ព្រះ​យេហូវ៉ា​បាន​តាក់​តែង​រាស្ត្រ​របស់​ទ្រង់ តាម​របៀប​មួយ​ទៀត គឺ​ទ្រង់​បាន​ប្រទាន​ពរ​ឲ្យ​មាន​ការ​ជឿន​ទៅ​មុខ​ផ្នែក​អង្គការ​របស់​ទ្រង់។ នៅ​អេសាយ ៦០:១៧ យើង​អាន​បន្ទូល​ដែល​ថា​៖ ​«​អញ​នឹង​នាំ​មាស​មក​ឲ្យ​ជំនួស​លង្ហិន ប្រាក់​ឲ្យ​ជំនួស​ដែក លង្ហិន​ឲ្យ​ជំនួស​ឈើ ហើយ​ដែក​ឲ្យ​ជំនួស​ថ្ម​ផង អញ​នឹង​យក​សេចក្ដី​សុខ​ធ្វើ​ជា​រដ្ឋបាល​ឯង ហើយ​ឲ្យ​សេចក្ដី​សុចរិត​ជា​អ្នក​គ្រប់​គ្រង​លើ​ឯង​ផង​»។ ការ​ដាក់​មាស​ជំនួស​លង្ហិន​គឺ​ជា​ការ​កែ​លំអ​ម្យ៉ាង ហើយ​គឺ​ដូច​គ្នា​ដែរ​ចំពោះ​សំភារៈ​ឯ​ទៀត​ដែល​ត្រូវ​រៀប​រាប់​ក្នុង​ខ​ទាំង​នោះ។ សម​ស្រប​នឹង​នេះ អ៊ីស្រាអែល​នៃ​ព្រះ​បាន​មាន​ការ​កែ​លំអ​ជា​បណ្ដើរ​ៗ​នូវ​ផ្នែក​នៃ​របៀប​រៀបចំ​ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​ៗ។

៨​-​១០. សូម​រៀប​រាប់​នូវ​ការ​កែ​លំអ​ខ្លះ​ៗ​ផ្នែក​អង្គការ​របស់​ព្រះ ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩១៩​មក។

មុន​ឆ្នាំ​១៩១៩ ក្រុម​ជំនុំ​នៃ​រាស្ត្រ​របស់​ព្រះ​ត្រូវ​ត្រួត​ពិនិត្យ​ដោយ​អ្នក​ចាស់​ទុំ​និង​គ្រូ​គង្វាល​ដែល​ក្រុម​ជំនុំ​បោះ​ឆ្នោត​ជ្រើស​រើស។ ចាប់​ពី​ឆ្នាំ​នោះ ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›បាន​ចាប់​ផ្ដើម​ជ្រើស​តាំង​នាយក​កិច្ច​បំរើ​ប្រចាំ​ក្រុម​ជំនុំ​និមួយ​ៗ ដើម្បី​ចាត់​ចែង​កិច្ច​ផ្សព្វ​ផ្សាយ។ (​ម៉ាថាយ ២៤:៤៥​-​៤៧​) ប៉ុន្តែ ក្នុង​ក្រុម​ជំនុំ​ជា​ច្រើន ការ​រៀបចំ​បែប​នេះ​មិន​បាន​ជឿន​ទៅ​មុខ​បាន​ល្អ​ឡើយ ដោយ​ព្រោះ​អ្នក​ចាស់​ទុំ​ខ្លះ​ដែល​បាន​ត្រូវ​ជ្រើស​រើស​នោះ មិន​បាន​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ពេញ​លេញ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា នៅ​ឆ្នាំ​១៩៣២ ក្រុម​ជំនុំ​ទាំង​ឡាយ​បាន​ត្រូវ​ណែនាំ​ឲ្យ​ឈប់​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​ចាស់​ទុំ​និង​គ្រូ​គង្វាល​ទៀត។ ផ្ទុយ​ទៅ​វិញ ក្រុម​ជំនុំ​ទាំង​ឡាយ​ត្រូវ​ជ្រើស​រើស​គណៈ​កម្មាធិការ​ខាង​កិច្ច​បំរើ ដើម្បី​សហការ​ជា​មួយ​នាយក​កិច្ច​បំរើ។ ការ​រៀបចំ​នោះ​គឺ​ប្រៀប​ដូច​ជា​«​លង្ហិន​»​ជំនួស​«​ឈើ​»​ ជា​ការ​កែ​លំអ​ដ៏​ប្រសើរ​ណាស់!

នៅ​ឆ្នាំ​១៩៣៨ ក្រុម​ជំនុំ​ទាំង​ឡាយ​បាន​សម្រេច​ចិត្ត​សម្រប​សម្រួល​ទៅ​តាម​ការ​រៀបចំ​មួយ​ដ៏​ល្អ​ជាង និង​ដែល​សម​ស្រប​ទៅ​តាម​គំរូ​ក្នុង​ព្រះ​គម្ពីរ​ជាង​មុន។ កិច្ច​ការ​ចាត់​ចែង​ក្រុម​ជំនុំ​ត្រូវ​ប្រគល់​ដល់​អ្នក​ដែល​ត្រូវ​ហៅ​ថា អ្នក​បំរើ​ក្រុម​ជំនុំ និង​អ្នក​បំរើ​ឯ​ទៀត ដែល​ទាំង​អស់​គ្នា​សុទ្ធ​តែ​ត្រូវ​រើស​តាំង​ដោយ​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ។ គ្មាន​ការ​បោះ​ឆ្នោត​ទៀត​ហើយ! តាម​វិធី​នេះ អ្នក​បំរើ​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​ត្រូវ​តែង​តាំង​តាម​បែប​បទ​នៃ​ព្រះ​ធិបតេយ្យ។ នោះ​ប្រៀប​ដូច​ជា​«​ដែក​ឲ្យ​ជំនួស​ថ្ម​»​ឬ​ក៏​«​មាស​»​ជំនួស​«​លង្ហិន​»។

១០ តាំង​ពី​ពេល​នោះ​មក មាន​ការ​រីក​ចំរើន​ទៅ​មុខ​ជា​បន្ត​បន្ទាប់​ទៀត​ដែរ។ តួយ៉ាង​ដូច​ជា​នៅ​ឆ្នាំ​១៩៧២ អង្គការ​របស់​ព្រះ​បាន​ទទួល​ស្គាល់​ថា វិធី​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ​ឲ្យ​ដូច​តាម​គំរូ​នៃ​ជន​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ គឺ​តាម​រយៈ​ក្រុម​អ្នក​ចាស់​ទុំ​ដែល​រួម​ធ្វើ​ការ​ជា​មួយ​គ្នា និង​ដែល​ត្រូវ​រើស​តាំង​តាម​លំនាំ​ព្រះ​ធិបតេយ្យ ហើយ​ដោយ​គ្មាន​អ្នក​ចាស់​ទុំ​ណា​ម្នាក់​មាន​អំណាច​លើ​អ្នក​ចាស់​ទុំ​ឯ​ទៀត​ឡើយ។ បន្ថែម​ទៅ​ទៀត ជិត​ពីរ​ឆ្នាំ​មុន​នេះ អង្គការ​របស់​ព្រះ​បាន​បោះ​មួយ​ជំហាន​ទៅ​មុខ​ទៀត។ មាន​ការ​កែ​ប្រែ​ផ្លាស់​ប្ដូរ​ក្នុង​ស្រទាប់​ដឹក​នាំ​នៃ​អង្គភាព​សាជីវកម្ម​មួយ​ចំនួន ដើម្បី​ឲ្យ​គណៈ​អភិបាល​ប្រមូល​អារម្មណ៍​ទៅ​លើ​រឿង​ខាង​វិញ្ញាណ​របស់​រាស្ត្រ​ព្រះ​ឲ្យ​បាន​ច្រើន​ជាង​មុន ជា​ជាង​បំបែរ​អារម្មណ៍​ទៅ​លើ​រឿង​ដឹក​នាំ​សាជីវកម្ម​វិញ។

១១. តើ​អ្នក​ណា​បាន​បណ្ដាល​ឲ្យ​មាន​ការ​កែ​ប្រែ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា? ហើយ​តើ​ការ​កែ​ប្រែ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​លទ្ធផល​អ្វី?

១១ តើ​អ្នក​ណា​កំពុង​តែ​បណ្ដាល​ឲ្យ​មាន​ការ​កែ​ប្រែ​ដោយ​ធ្វើ​ឲ្យ​រីក​ចំរើន​នេះ? គឺ​ជា​ព្រះ​យេហូវ៉ា។ គឺ​ជា​ព្រះ​យេហូវ៉ា​ទេ​ដែល​មាន​បន្ទូល​ថា​៖ ​«​អញ​នឹង​នាំ​មាស​មក​»។ (​កំណែ​ជា​អក្សរ​ទ្រេត​) ហើយ​គឺ​ជា​ព្រះ​យេហូវ៉ា​ទេ​ដែល​មាន​បន្ទូល​ថា​៖ ​«​អញ​នឹង​យក​សេចក្ដី​សុខ​ធ្វើ​ជា​រដ្ឋបាល​ឯង ហើយ​ឲ្យ​សេចក្ដី​សុចរិត​ជា​អ្នក​គ្រប់​គ្រង​លើ​ឯង​»។ (​កំណែ​ជា​អក្សរ​ទ្រេត​) ពិត​ណាស់ គឺ​ជា​ព្រះ​យេហូវ៉ា​ដែល​គ្រប់​គ្រង​រាស្ត្រ​របស់​ទ្រង់។ ការ​ជឿន​ទៅ​មុខ​នៃ​អង្គការ​របស់​ទ្រង់​ដែល​បាន​ត្រូវ​ទាយ​ទុក​ជា​មុន​នោះ គឺ​ជា​វិធី​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​តាក់​តែង​រាស្ត្រ​របស់​ទ្រង់។ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​ទទួល​ពរ​ជា​ច្រើន​ដោយ​សារ​ការ​ជឿន​ទៅ​មុខ​នោះ។ នៅ​អេសាយ ៦០:១៨ យើង​អាន​បន្ទូល​ថា​៖ ​«​នៅ​ក្នុង​ស្រុក​ឯង​នឹង​មិន​ដែល​ឮ​និយាយ​ពី​សេចក្ដី​ច្រឡោត​ទៀត ឬ​ពី​ការ​រឹប​ជាន់ ឬ​ពី​ការ​បំផ្លាញ​នៅ​ក្នុង​ព្រំ​ដែន​ឯង​ឡើយ គឺ​ឯង​នឹង​ហៅ​កំផែង​ឯង​ថា‹សេចក្ដី​សង្គ្រោះ›ហើយ​ទ្វារ​ឯង​ថា‹សេចក្ដី​សរសើរ›​»។ បន្ទូល​នោះ​គឺ​ពីរោះ​ស្ដាប់​ណាស់! ប៉ុន្តែ តើ​បន្ទូល​នោះ​អាច​ទៅ​ជា​សច្ចភាព​យ៉ាង​ដូច​ម្ដេច?

១២. តើ​សន្ដិភាព​បាន​គ្រប់​គ្រង​ជន​គ្រីស្ទាន​ដ៏​ពិត​យ៉ាង​ដូច​ម្ដេច?

១២ ជន​គ្រីស្ទាន​ដ៏​ពិត​ពឹង​ពាក់​ព្រះ​យេហូវ៉ា​ទាំង​ស្រុង​ឲ្យ​បាន​ការ​ណែនាំ ហើយ​អេសាយ​បាន​ទាយ​អំពី​លទ្ធផល​ដោយ​ថា​៖ ​«​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្ដិសុខ​ជា​បរិបូរ​»។ (​អេសាយ ៥៤:១៣​) ម្យ៉ាង​ទៀត វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​រាស្ត្រ​ទ្រង់ ហើយ​ផល​ផ្លែ​មួយ​នៃ​វិញ្ញាណ​នោះ​គឺ​ជា​សេចក្ដី​សុខ​សាន្ត។ (​កាឡាទី ៥:២២, ២៣, ព្រះគម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) សេចក្ដី​សុខ​សាន្ត​ដែល​មាន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ធ្វើ​ឲ្យ​រាស្ត្រ​របស់​ព្រះ​ក្លាយ​ជា​ទី​ជ្រក​កោន​មួយ​ក្នុង​ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ។ សេចក្ដី​សុខ​សាន្ត​របស់​រាស្ត្រ​ព្រះ​ដែល​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស​ស្រឡាញ់​ដែល​ជន​គ្រីស្ទាន​មាន​ចំពោះ​គ្នា​នឹង​គ្នា​នោះ គឺ​ប្រៀប​ដូច​ជា​ការ​ពិសោធន៍​ទុក​ជា​មុន​នូវ​ជីវភាព​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី។ (​យ៉ូហាន ១៥:១៧; កូល៉ុស ៣:១៤​) យើង​ទាំង​អស់​គ្នា​ពិត​ជា​រំភើប​ចិត្ត​ណាស់! ដែល​យើង​អាច​ពិសោធ និង​ជួយ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​សន្ដិភាព​ដែល​នាំ​មក​នូវ​សេចក្ដី​សរសើរ​និង​កិត្ដិយស​ចំពោះ​ព្រះ​របស់​យើង ហើយ​ក៏​ជា​ផ្នែក​ដ៏​ធំ​នៃ​ទី​មនោរម្យ​ខាង​វិញ្ញាណ​របស់​យើង​ផង​ដែរ។—អេសាយ ១១:៩

ពន្លឺ​របស់​ព្រះ​យេហូវ៉ា​នឹង​បន្ត​ភ្លឺ​ជា​និច្ច

១៣. ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​អាច​ជឿ​ជាក់​ថា ពន្លឺ​របស់​ព្រះ​យេហូវ៉ា​នឹង​មិន​ឈប់​ភ្លឺ​ទៅ​លើ​រាស្ត្រ​ទ្រង់?

១៣ តើ​ពន្លឺ​របស់​ព្រះ​យេហូវ៉ា​នឹង​បន្ត​ភ្លឺ​មក​លើ​រាស្ត្រ​របស់​ទ្រង់​ឬ​ទេ? ប្រាកដ​ជា​នឹង​បន្ត​ភ្លឺ​មែន! នៅ​អេសាយ ៦០:១៩, ២០ យើង​អាន​បន្ទូល​ថា​៖ ​«​គ្រា​នោះ​ព្រះ​អាទិត្យ​នឹង​លែង​ធ្វើ​ជា​ពន្លឺ​ដល់​ឯង​នៅ​ពេល​ថ្ងៃ ឯ​ព្រះ​ចន្ទ​ក៏​នឹង​លែង​បាន​សំរាប់​ជា​ពន្លឺ​ដល់​ឯង​ត​ទៅ គឺ​ព្រះ​យេហូវ៉ា ទ្រង់​នឹង​ជា​ពន្លឺ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​ដល់​ឯង​វិញ ហើយ​ព្រះ​នៃ​ឯង​នឹង​ជា​សិរី​ល្អ​ដល់​ឯង​ដែរ ព្រះ​អាទិត្យ​របស់​ឯង​នឹង​លែង​លិច ហើយ​ព្រះ​ចន្ទ​របស់​ឯង​នឹង​មិន​ជ្រេ​ទៀត​ឡើយ ពីព្រោះ​ព្រះ​យេហូវ៉ា​នឹង​ជា​ពន្លឺ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​ដល់​ឯង ហើយ​គ្រា​នៃ​សេចក្ដី​សោក​សៅ​របស់​ឯង​នឹង​ផុត​ទៅ​»។ នៅ​ឆ្នាំ​១៩១៩ ពេល​គ្រា​នៃ​«​សេចក្ដី​សោក​សៅ​»​របស់​ជន​ដែល​បាន​ធ្វើ​និរទេស​ខាង​វិញ្ញាណ​បាន​ចប់​ហើយ​នោះ ពន្លឺ​របស់​ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ភ្លឺ​មក​លើ​ពួក​គេ។ ជាង​៨០​ឆ្នាំ​ក្រោយ​មក អ្នក​ទាំង​នោះ​នៅ​តែ​ទទួល​ព្រះ​គុណ​ពី​ព្រះ ហើយ​ពន្លឺ​របស់​ទ្រង់​បន្ត​ភ្លឺ​មក​លើ​ពួក​គេ។ ពន្លឺ​នោះ​នឹង​មិន​ឈប់​ភ្លឺ​នោះ​ទេ។ សំរាប់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ទ្រង់​នឹង​មិន​«​លិច​»​ដូច​ជា​ព្រះ​អាទិត្យ ឬ​ក៏​«​ជ្រេ​»​ដូច​ជា​ព្រះ​ចន្ទ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​នឹង​បន្ត​តាក់​តែង​រាស្ត្រ​របស់​ទ្រង់​ដោយ​បញ្ចាំង​ពន្លឺ​មក​លើ​ពួក​គេ​ជា​និច្ច​និរន្តរ៍​ត​ទៅ។ នេះ​ជា​ការ​ធានា​ដ៏​ប្រសើរ​ណាស់! ចំពោះ​យើង​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នៃ​លោកីយ៍​ដ៏​ងងឹត​នេះ។

១៤, ១៥. (​ក​) តើ​រាស្ត្រ​ទាំង​ឡាយ​របស់​ព្រះ​ត្រូវ​រាប់​ជា​«​សុចរិត​»​ក្នុង​ន័យ​អ្វី? (​ខ​) តើ​ចៀម​ឯ​ទៀត​រង់​ចាំ​ការ​សម្រេច​ដ៏​សំខាន់​អ្វី ស្តី​អំពី​អេសាយ ៦០:២១?

១៤ សូម​ស្ដាប់​នូវ​សេចក្ដី​សន្យា​មួយ​ទៀត​របស់​ព្រះ​យេហូវ៉ា ចំពោះ​ពួក​អ្នក​នៅ​លើ​ផែនដី​ដែល​តំណាង​ស៊ីយ៉ូន ពោល​គឺ អ៊ីស្រាអែល​នៃ​ព្រះ។ អេសាយ ៦០:២១ ចែង​ថា​៖ ​«​ពួក​អ្នក​នៅ​ក្នុង​ឯង​នឹង​បាន​ជា​មនុស្ស​សុចរិត​ទាំង​អស់ គេ​នឹង​គ្រង​បាន​ស្រុក​ជា​មរដក​នៅ​ជា​ដរាប គេ​ជា​មែក​ដែល​អញ​បាន​ផ្សាំ ជា​ការ​ដែល​ដៃ​អញ​បាន​ធ្វើ ដើម្បី​ឲ្យ​អញ​បាន​ដំកើង[​«​តាក់​តែង​»​, ព.ថ.​]ឡើង​»។ នៅ​ឆ្នាំ​១៩១៩ ពេល​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​សកម្មភាព​ឡើង​វិញ ពួក​គេ​ជា​រាស្ត្រ​មួយ​ក្រុម​ដ៏​ប្លែក​ណាស់។ ក្នុង​របប​លោកីយ៍​នេះ​ដែល​ស​ឲ្យ​ឃើញ​ថា​មាន​ពេញ​ទៅ​ដោយ​អំពើ​បាប នោះ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ត្រូវ​«​រាប់​ជា​សុចរិត​»​ដោយ​សារ​ជំនឿ​មុត​មាំ​របស់​ពួក​គេ​ទៅ​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​គ្រីស្ទ​យេស៊ូ។ (​រ៉ូម ៣:២៤; ៥:១​) រួច​មក ដូច​ជា​សាសន៍​អ៊ីស្រាអែល​ដែល​បាន​ត្រូវ​រំដោះ​ពី​ការ​ឃុំ​ឃាំង​នៅ​បាប៊ីឡូន នោះ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​យក​«​ស្រុក​»​មួយ គឺ​ជា​ស្រុក​ឬ​ក៏​វិស័យ​សកម្មភាព​ខាង​វិញ្ញាណ ដែល​មាន​ទី​មនោរម្យ​ខាង​វិញ្ញាណ​សំរាប់​ពួក​គេ។ (​អេសាយ ៦៦:៨​) ស្រុក​នោះ​គឺ​ខុស​គ្នា​ពី​អ៊ីស្រាអែល​ពី​បុរាណ ពីព្រោះ​ភាព​ស្រស់បំព្រង​នៃ​ស្រុក​នោះ នឹង​មិន​ដែល​ស្រពាប់​ស្រពោន​ទេ ពីព្រោះ​អ៊ីស្រាអែល​នៃ​ព្រះ​នឹង​មិន​ប្រព្រឹត្ត​ដោយ​ឥត​ស្មោះ​ត្រង់ ដូច​អ៊ីស្រាអែល​ពី​បុរាណ​នោះ​ឡើយ។ ជំនឿ ការ​ស៊ូ​ទ្រាំ និង​ចិត្ត​ខ្នះ​ខ្នែង​របស់​ពួក​គេ​នឹង​មិន​ដែល​ឈប់​នាំ​មក​នូវ​កិត្ដិយស​ចំពោះ​ព្រះ​នាម​របស់​ព្រះ​ឡើយ។

១៥ សមាជិក​ទាំង​អស់​នៃ​សាសន៍​ខាង​វិញ្ញាណ​នេះ​បាន​ចូល​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី។ អស់​អ្នក​ទាំង​នោះ​មាន​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​ដិត​ជាប់​ក្នុង​ចិត្ត​របស់​ពួក​គេ ហើយ​ព្រះ​យេហូវ៉ា​បាន​អត់​ឱន​ទោស​ចំពោះ​បាប​របស់​ពួក​គេ​ដោយ​ផ្អែក​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ។ (​យេរេមា ៣១:៣១​-​៣៤​) ព្រះ​យេហូវ៉ា​រាប់​អ្នក​ទាំង​នោះ​ថា​សុចរិត និង​ជា​«​កូន​»​ ហើយ​ទ្រង់​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​ដូច​ជា​ពួក​គេ​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​ហើយ។ (​រ៉ូម ៨:១៥, ១៦, ២៩, ៣០​) ចៀម​ឯ​ទៀត​ដែល​ជា​សហការី​របស់​អ្នក​ចាក់​ប្រេង​តាំង ក៏​បាន​ទទួល​ការ​អត់​ឱន​ទោស​តាម​រយៈ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ ហើយ​ពួក​គេ​ក៏​ត្រូវ​រាប់​ជា​សុចរិត​និង​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​ដោយ​សារ​ជំនឿ​របស់​ពួក​គេ ដូច​លោក​អ័ប្រាហាំ​ដែរ។ ​«​គេ​បាន​បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម​»។ ហើយ​ចៀម​ឯ​ទៀត​នេះ​កំពុង​តែ​រង់​ចាំ​ពរ​ដ៏​ប្រសើរ​មួយ​ទៀត​ដែរ។ ក្រោយ​អ្នក​ទាំង​នេះ​រួច​រស់​ផុត​ពី​«​គ្រា​វេទនា​យ៉ាង​ធំ​»​ ឬ​ក៏​ក្រោយ​ពួក​គេ​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ ពួក​គេ​នឹង​មើល​ឃើញ​បន្ទូល​នៅ​អេសាយ ៦០:២១ ក្លាយ​ជា​ការ​ពិត​ដោយ​អត្ថានុរូប ពេល​ផែនដី​ទាំង​មូល​ក្លាយ​ជា​សួន​មនោរម្យ។ (​វិវរណៈ ៧:១៤; រ៉ូម ៤:១​-​៣​) នៅ​ពេល​នោះ ​«​មនុស្ស​រាប​សា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីក​រាយ ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ​»។—ទំនុក​ដំកើង ៣៧:១១, ២៩

ការ​រីក​ចំរើន​នៅ​តែ​មាន​ជា​បន្ត

១៦. តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី​ដ៏​អស្ចារ្យ? ហើយ​តើ​នេះ​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៦ ក្នុង​ខ​ចុង​ក្រោយ​ក្នុង​អេសាយ​ជំពូក​ទី​៦០ យើង​អាន​សេចក្ដី​សន្យា​ចុង​បញ្ចប់​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​កាន់​ស៊ីយ៉ូន​ថា​៖ ​«​អ្នក​តូច​បំផុត​នឹង​ត្រឡប់​ជា​មនុស្ស​១​ពាន់ ហើយ​ពួក​មាន​គ្នា​តិច នឹង​ត្រឡប់​ទៅ​ជា​សាសន៍​១​យ៉ាង​ពូកែ អញ​នេះ​គឺ​ព្រះ​យេហូវ៉ា អញ​នឹង​បញ្ជឿន​ឲ្យ​ការ​នេះ​ឆាប់​កើត​ឡើង​នៅ​ពេល​កំណត់​»។ (​អេសាយ ៦០:២២​) នៅ​សម័យ​យើង​នេះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សេចក្ដី​សន្យា​ទ្រង់​ពិត​មែន។ ពេល​អ្នក​ចាក់​ប្រេង​តាំង​ត្រូវ​ប្រោស​ឲ្យ​មាន​សកម្មភាព​ឡើង​វិញ​នៅ​ឆ្នាំ​១៩១៩ ពួក​គេ​មាន​ចំនួន​តិច គឺ​ពិត​ជា​«​អ្នក​តូច​បំផុត​»។ ចំនួន​របស់​អ្នក​ទាំង​នោះ​បាន​ចំរើន​ឡើង​ពេល​អ្នក​ផ្សេង​ទៀត​ដែល​ជា​អ៊ីស្រាអែល​ខាង​វិញ្ញាណ​បាន​ត្រូវ​នាំ​ចូល រួច​ក្រោយ​មក​ចៀម​ឯ​ទៀត​មួយ​ចំនួន​កាន់​តែ​ច្រើន​ឡើង​ៗ​ចាប់​ផ្ដើម​ចូល​ជា​មួយ​ពួក​គេ​ដែរ។ សន្ដិភាព​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ និង​ទី​មនោរម្យ​ខាង​វិញ្ញាណ​នៅ​«​ស្រុក​»​របស់​ពួក​គេ បាន​ទាក់​ទាញ​មនុស្ស​ចិត្ត​ស្មោះ​ជា​ច្រើន​ដល់​ម្ល៉េះ បាន​ជា​«​អ្នក​តូច​បំផុត​»​បាន​ក្លាយ​ជា​«​សាសន៍​១​យ៉ាង​ពូកែ​»។ នៅ​ពេល​បច្ចុប្បន្ន ​«​សាសន៍​»​នេះ​គឺ​ធំ​ជាង​ប្រទេស​ខ្លះ​លើ​ពិភព​លោក​នេះ ដោយ​មាន​សមាសភាព​ជា​អ៊ីស្រាអែល​នៃ​ព្រះ​ព្រម​ជា​មួយ​មនុស្ស​ជាង​៦​លាន​នាក់​ទៀត​ដែល​ជា​«​សាសន៍​ដទៃ​»​ដែល​បាន​ថ្វាយ​ខ្លួន​រួច​ហើយ។ (​អេសាយ ៦០:១០​) អស់​អ្នក​ដែល​ជា​អនុ​រាស្ត្រ​នោះ ក៏​ចូល​រួម​ភ្លឺ​ដោយ​រស្មី​របស់​ព្រះ​យេហូវ៉ា ដែល​ធ្វើ​ឲ្យ​ពួក​គេ​ល្អ​ស្អាត​នៅ​ចំពោះ​ទ្រង់។

១៧. តើ​ការ​ពិចារណា​នូវ​អេសាយ​ជំពូក​ទី​៦០​បាន​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​អ្នក?

១៧ ពិត​ណាស់ ការ​ពិចារណា​នូវ​ចំណុច​សំខាន់​ៗ​ក្នុង​អេសាយ​ជំពូក​ទី​៦០ បាន​ជួយ​ពង្រឹង​ជំនឿ​របស់​យើង។ យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​មែន ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ជ្រាប​ជា​យូរ​មក​ហើយ​ថា រាស្ត្រ​របស់​ទ្រង់​នឹង​ធ្វើ​និរទេស​ខាង​វិញ្ញាណ ហើយ​រួច​មក​នឹង​ត្រូវ​នាំ​មក​វិញ។ យើង​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​បាន​ទាយ​ជា​មុន​អំពី​ការ​រីក​ចំរើន​ដ៏​ធំ​ក្រៃ​លែង​ក្នុង​ចំនួន​អ្នក​ថ្វាយ​បង្គំ​ពិត​សព្វ​ថ្ងៃ​នេះ។ ម្យ៉ាង​ទៀត ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ចាក​ចេញ​ពី​យើង​ឡើយ ជា​អ្វី​ដែល​សម្រាល​ទុក្ខ​យើង​ណាស់! សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​គឺ​ស​ឲ្យ​ឃើញ​ក្នុង​ការ​ធានា​ថា ទ្វារ​កំផែង​នៃ​«​ទី​ក្រុង​»​នោះ​នឹង​នៅ​ចំហ​ជា​និច្ច ដើម្បី​ទទួល​យ៉ាង​រាក់​ទាក់​អស់​អ្នក​«​សម​ទទួល​ជីវិត​ជា​រៀង​រហូត​»​! (​កិច្ច​ការ ១៣:៤៨, ព.ថ.​) ព្រះ​យេហូវ៉ា​នឹង​បន្ត​ភ្លឺ​មក​លើ​រាស្ត្រ​របស់​ទ្រង់។ ស៊ីយ៉ូន​នឹង​បន្ត​ធ្វើ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​មោទនភាព​ពេល​កូន​របស់​គាត់​ភ្លឺ​ដោយ​រស្មី​ដែល​កាន់​តែ​ភ្លឺ​ចិញ្ចាច​ឡើង​ៗ។ (​ម៉ាថាយ ៥:១៦​) នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​ប្ដេជ្ញា​ខ្លាំង​ជាង​មុន​ទៅ​ទៀត ដើម្បី​នៅ​ជិត​ស្និទ្ធ​នឹង​អ៊ីស្រាអែល​នៃ​ព្រះ​និង​បង្ហាញ​ថា យើង​ស្រឡាញ់​ឯកសិទ្ធិ​ភ្លឺ​ដោយ​ពន្លឺ​របស់​ព្រះ​យេហូវ៉ា!

តើ​អ្នក​ចេះ​ពន្យល់​ទេ?

• តើ​យើង​ជឿ​ជាក់​អ្វី ស្តី​អំពី​ការ​ប្រឆាំង?

• តើ​កូន​របស់​ស៊ីយ៉ូន​បាន​«​បឺត​ទឹក​ដោះ​នៃ​អស់​ទាំង​សាសន៍​»​យ៉ាង​ដូច​ម្ដេច?

• តើ​តាម​វិធី​ណា​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​បាន‹នាំ​លង្ហិន​ឲ្យ​ជំនួស​ឈើ›?

• តើ​លក្ខណៈ​ពីរ​ណា ដែល​ត្រូវ​បញ្ជាក់​នៅ​អេសាយ ៦០:១៧, ២១?

• តើ​«​អ្នក​តូច​បំផុត​»​បាន​«​ត្រឡប់​ទៅ​ជា​សាសន៍​១​យ៉ាង​ពូកែ​»​យ៉ាង​ដូច​ម្ដេច?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​១៥​]

ទោះ​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ដ៏​ឃោរ​ឃៅ​ក៏​ដោយ ‹ព្រះ​យេហូវ៉ា​តាក់​តែង​រាស្ត្រ​ទ្រង់​ដោយ​សេចក្ដី​សង្គ្រោះ›

[​រូប​ភាព​នៅ​ទំព័រ​១៦​]

រាស្ត្រ​របស់​ព្រះ​ប្រើ​ទ្រព្យ​ធន​របស់​សាសន៍​នានា ដើម្បី​ជួយ​ឲ្យ​ការ​ថ្វាយ​បង្គំ​ពិត​ជឿន​ទៅ​មុខ

[​រូប​ភាព​នៅ​ទំព័រ​១៧​]

ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ទៅ​លើ​រាស្ត្រ​ទ្រង់​ឲ្យ​មាន ការ​រីក​ចំរើន​និង​មាន​សន្ដិភាព​ក្នុង​អង្គការ​របស់​ទ្រង់