លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវិតដែលត្រូវកាន់កាប់ដោយជំនឿឆ្វេង

ជីវិតដែលត្រូវកាន់កាប់ដោយជំនឿឆ្វេង

ជីវិត​ដែល​ត្រូវ​កាន់​កាប់​ដោយ​ជំនឿ​ឆ្វេង

ឧបមា​ថា អ្នក​ជួប​មនុស្ស​ម្នាក់​ដោយ​ចៃដន្យ​ពេល​ដែល​អ្នក​ចេញ​ពី​ផ្ទះ។ ឧបមា​ថា​អ្នក​ជំពប់​ជើង​នឹង​ថ្ម ឬ​ឮ​សត្វ​ស្លាប​ណា​មួយ​យំ​ពេល​យប់ ឬ​មួយ​ក៏​យល់​សប្ដិ​ឃើញ​អ្វី​ដដែល​ៗ​ជា​ច្រើន​ដង។ មនុស្ស​ជា​ច្រើន​ចាត់​ទុក​ហេតុ​ការណ៍​ទាំង​នេះ​ជា​ការ​ធម្មតា​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ទេ។ ប៉ុន្តែ ចំពោះ​ជន​ជាតិ​អាព្រិច​ខ្លះ ហេតុ​ការណ៍​ទាំង​នេះ​ត្រូវ​ចាត់​ទុក​ជា​ប្រផ្នូល បុព្វនិមិត្ត ឬ​ក៏​ពត៌មាន​បញ្ជូន​មក​ពី​ស្ថាន​មនុស្ស​ស្លាប់។ ពួក​អ្នក​ទាំង​នេះ​យល់​ថា ខ្លួន​គេ​នឹង​មាន​សំណាង​ល្អ​ឬ​មួយ​ក៏​អន្តរាយ​នៅ​ពេល​ខាង​មុខ នេះ​អាស្រ័យ​លើ​ប្រផ្នូល​និង​អត្ថន័យ​នៃ​ប្រផ្នូល​នោះ។

តាម​ពិត ជំនឿ​ឆ្វេង​ក៏​មាន​នៅ​ប្រទេស​ឯ​ទៀត​ក្រៅ​ពី​ទ្វីប​អាព្រិច​ផង​ដែរ។ គឺ​ចំ​លែ​ក​ណាស់ ដែល​មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​ចិន និង​បណ្ដា​សាធារណរដ្ឋ​នៃ​អតីត​សហភាព​សូវៀត ក៏​នៅ​តែ​ជឿ​ទៅ​លើ​ជំនឿ​ឆ្វេង ទោះ​ជា​ការ​បដិសេធ​ថា​គ្មាន​ព្រះ​ជា​ជំនឿ​ជាតិ​នៃ​ប្រទេស​ទាំង​នោះ​តាំង​ពី​យូរ​យារ​មក​ហើយ​ក៏​ដោយ។ នៅ​ប្រទេស​ជឿន​លឿន មនុស្ស​ជា​ច្រើន​ពឹង​ផ្អែក​លើ​យោបល់​ហោរា​សាស្ត្រ ភ័យ​ខ្លាច​ពេល​ថ្ងៃ​ទី​១៣​ចំ​ថ្ងៃ​សុក្រ ហើយ​ជៀស​វាង​ពី​ឆ្មា​ពណ៌​ខ្មៅ។ មនុស្ស​ខ្លះ​នៅ​ភូមិ​ភាគ​អឌ្ឍគោល​ខាង​ជើង​ចាត់​ទុក​ថា​បាតុភូត​ធម្មជាតិ​មួយ​ដែល​នាំ​ឲ្យ​មាន​ពន្លឺ​ខុស​ពី​ធម្មតា​គឺ​ជា​ប្រផ្នូល​មួយ​ថា​នឹង​កើត​មាន​សង្គ្រាម​និង​ជំងឺ​រាតត្បាត។ នៅ​ប្រទេស​ឥណ្ឌា ជំងឺ​អេដស៍​កំពុង​តែ​ឆ្លង​រាល​ដាល​តាម​រយៈ​អ្នក​បើក​ឡាន​ដឹក​ទំនិញ​ដែល​ជឿ​ថា​ពួក​គេ​ត្រូវ​តែ​រួម​ភេទ ដើម្បី​ឲ្យ​ត្រជាក់​ខ្លួន​នៅ​ពេល​ថ្ងៃ​ក្ដៅ។ នៅ​ប្រទេស​ជប៉ុន អ្នក​ធ្វើ​ការ​សាង​សង់​ផ្លូវ​រូង​ជឿ​ថា ពួក​គេ​នឹង​ស៊យ​កាល​បើ​មាន​ស្ត្រី​ណា​ម្នាក់​ចូល​ក្នុង​រូង​នោះ​មុន​សង់​រួច។ កីឡាករ​ក៏​មាន​ជំនឿ​ឆ្វេង​ដែរ។ កីឡាករ​បាល់​ទះ​ម្នាក់​បាន​អះអាង​ថា គាត់​បាន​ឈ្នះ​ជា​ច្រើន​លើក​ផ្ទួន​ៗ​គ្នា​ដោយ​សារ​គាត់​ពាក់​ស្រោម​ជើង​ពណ៌​ខ្មៅ​ជា​ជាង​ពាក់​ពណ៌​ស។ នេះ​បង្ហាញ​ថា ជំនឿ​ឆ្វេង​គឺ​មាន​ច្រើន​រាប់​ពុំ​អស់។

ចុះ​អ្នក​វិញ តើ​អ្នក​មាន​ខ្លាច​អ្វី​មួយ​ដែល​អ្នក​ពន្យល់​មិន​បាន​ឬ​ទេ? តើ​អ្នក​ទទួល​ឥទ្ធិពល​ពី​អ្វី​ដែល​អ្នក​«​ជឿ​ទាំង​ស្រុង ឬ​ជឿ​ខ្លះ​ៗ ឬ​មួយ​ក៏​ប្រព្រឹត្ត​ដោយ​គ្មាន​ហេតុ​សម​ទំនង​»​ឬ​ទេ? នេះ​ជា​និយមន័យ​ដែល​ឯកសារ​យោង​មួយ​បក​ស្រាយ​សំរាប់​ពាក្យ​ថា​ជំនឿ​ឆ្វេង។ ចំ​លើយ​របស់​អ្នក​ចំពោះ​សំនួរ​ទាំង​នេះ​អាច​បង្ហាញ​ថា តើ​ជីវិត​របស់​អ្នក​ត្រូវ​កាន់​កាប់​ដោយ​ជំនឿ​ឆ្វេង​ឬ​ក៏​មិន​មែន។

បើ​មនុស្ស​ម្នាក់​អនុញ្ញាត​ឲ្យ​ជំនឿ​ឆ្វេង​មាន​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ចិត្ត និង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គាត់ នោះ​គាត់​កំពុង​តែ​អនុញ្ញាត​ឲ្យ​ខ្លួន​គាត់​ត្រូវ​កាន់​កាប់​ដោយ​អ្វី​ដែល​គាត់​មិន​យល់​នោះ​ទេ។ តើ​នេះ​ជា​អ្វី​ដែល​គួរ​ធ្វើ​ឬ​ទេ? តើ​យើង​គួរ​ចុះ​ចូល​តាម​ជំនឿ​មួយ​ដ៏​ស្រ​ពិច​ស្រពិល និង​អាច​នាំ​ទៅ​ដល់​ក្ដី​អន្តរាយ​ឬ​ទេ? តើ​ការ​ជឿ​លើ​ជំនឿ​ឆ្វេង​គ្រាន់​តែ​ជា​ចំណុច​ខ្សោយ​មួយ​ដែល​មិន​សំខាន់​របស់​មនុស្ស​ឬ? ឬ​មួយ​ក៏​ផ្ទុយ​ទៅ​វិញ តើ​ជំនឿ​ឆ្វេង​ជា​អ្វី​ដែល​បង្កប់​នូវ​គ្រោះ​ថ្នាក់​ដ៏​គួរ​ឲ្យ​ខ្លាច​ទៅ​វិញ​ទេ?