លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ដំណើរដ៏វែងឆ្ងាយរបស់ខ្ញុំចាកចេញពីជីវិតស្លាប់រស់នៅប្រទេសកម្ពុជា

ដំណើរដ៏វែងឆ្ងាយរបស់ខ្ញុំចាកចេញពីជីវិតស្លាប់រស់នៅប្រទេសកម្ពុជា

ដំណើរ​ដ៏​វែង​ឆ្ងាយ​របស់​ខ្ញុំ​ចាក​ចេញ​ពី​ជីវិត​ស្លាប់​រស់​នៅ​ប្រទេស​កម្ពុជា

រៀប​រាប់​ដោយ មាស វឌ្ឍនា

ឆ្នាំ​១៩៧៤ ខ្ញុំ​កំពុង​តែ​ប្រយុទ្ធ​តតាំង​នឹង​ខ្មែរ​ក្រហម​នៅ​ប្រទេស​កម្ពុជា។ នៅ​ពេល​នោះ ខ្ញុំ​ជា​កូន​ទាហាន​ក្នុង​ទ័ព​កម្ពុជា។ នៅ​គ្រា​មួយ ពេល​យើង​កំពុង​តែ​ប្រយុទ្ធ​នោះ យើង​ចាប់​បាន​ទាហាន​ម្នាក់​របស់​ខ្មែរ​ក្រហម។ អ្វី​ដែល​ទាហាន​ម្នាក់​នេះ​រៀប​រាប់​ប្រាប់​ខ្ញុំ​អំពី​ផែន​ការ​របស់​ប៉ុល ពត a សំរាប់​ពេល​ខាង​មុខ​នោះ នេះ​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្ញុំ​ប្រែ​ប្រួល​ទាំង​ស្រុង ថែម​ទាំង​បាន​ញ៉ាំង​ឲ្យ​ខ្ញុំ​ចាប់​ផ្ដើម​ដើរ​តាម​វិថី​ជីវិត​មួយ​ដែល​ប្រៀប​ដូច​ជា​ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​ឆ្លង​កាត់​ប្រទេស​ជាតិ​ផង​និង​ខាង​ជំនឿ​សាសនា​ផង។

ប៉ុន្តែ ខ្ញុំ​សូម​រៀប​រាប់​ពី​ទី​ចាប់​ផ្ដើម​នៃ​ដំណើរ​ជីវិត​របស់​ខ្ញុំ​សិន។ ខ្ញុំ​កើត​នៅ​ឆ្នាំ​១៩៤៥ នៅ​ប្រទេស​កម្ពុជា​ក្នុង​រាជធានី​ភ្នំ​ពេញ។ នៅ​ក្រោយ​មក ម្ដាយ​ខ្ញុំ​បាន​កាន់​មុខ​តំណែង​ដ៏​សំខាន់​ក្នុង​ផ្នែក​ប៉ូលិស​សម្ងាត់។ គាត់​ជា​ភ្នាក់ងារ​ពិសេស​របស់​សម្ដេច​នរោត្តម សីហនុ ដែល​ជា​ប្រមុខ​ប្រទេស។ ដោយ​សារ​ម្ដាយ​ខ្ញុំ​រវល់​ពេក​និង​ត្រូវ​ចិញ្ចឹម​ខ្ញុំ​តែ​ម្នាក់​ឯង​នោះ គាត់​សម្រេច​ចិត្ត​ឲ្យ​ខ្ញុំ​ទៅ​រៀន​សូត្រ​នៅ​ឯ​វត្ត។

ការ​អប់រំ​របស់​ខ្ញុំ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា

ខ្ញុំ​បាន​ទៅ​នៅ​ជា​មួយ​សម្ដេច​សង្ឃ ពេល​ខ្ញុំ​មាន​អាយុ​ប្រាំ​បី​ឆ្នាំ។ ចាប់​តាំង​ពី​ឆ្នាំ​នោះ​រហូត​ទៅ​ដល់​ឆ្នាំ​១៩៦៩ ខ្ញុំ​បាន​ចំណាយ​ពេល​វេលា​នៅ​វត្ត​ខ្លះ​និង​នៅ​ផ្ទះ​ខ្លះ។ លោក​សង្ឃ​ដែល​ខ្ញុំ​ធ្លាប់​បំរើ​គឺ​ជា​សម្ដេច​សង្ឃរាជ​ជួន ណាត ជា​អ្នក​ចេះ​ដឹង​ជ្រៅ​ជ្រះ​បំផុត​អំពី​ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​កម្ពុជា​នៅ​សម័យ​នោះ។ ខ្ញុំ​បាន​ធ្វើ​ការ​ជា​ស្មៀន​របស់​សម្ដេច​អស់​មួយ​រយៈ​ពេល និង​បាន​ជួយ​សម្ដេច​បក​ប្រែ​សៀវភៅ​បរិសុទ្ធ​របស់​ព្រះ​ពុទ្ធ​សាសនា​ពី​ភាសា​ឥណ្ឌា​បុរាណ​មួយ​មក​ជា​ភាសា​ខ្មែរ។ សៀវភៅ​នោះ​ចំណង​ជើង​ថា​«​ល្អី​បី​»​ ដែល​តាម​ភាសា​បាលី​ហៅ​ថា​«​តិ​បិដក​»​ ឬ​តាម​សំស្ក្រឹត​ហៅ​ថា​«​ត្រៃ​បិដក​»។

នៅ​ឆ្នាំ​១៩៦៤ ខ្ញុំ​បាន​បួស​ជា​លោក​សង្ឃ​ហើយ​បាន​បំរើ​ជា​សង្ឃ​រហូត​ដល់​ឆ្នាំ​១៩៦៩។ ក្នុង​រយៈ​ពេល​នោះ ខ្ញុំ​ធ្លាប់​ឆ្ងល់​នឹង​សំនួរ​ដែល​នាំ​ឲ្យ​ខ្លួន​ខ្វល់​ចិត្ត ដូច​សំនួរ​ថា ហេតុ​អ្វី​មាន​ការ​ឈឺ​ចាប់​ច្រើន​ម្ល៉េះ​ក្នុង​ពិភព​លោក​យើង​នេះ? តើ​ការ​ឈឺ​ចាប់​នេះ​បាន​ចាប់​ផ្ដើម​ដូច​ម្ដេច? ខ្ញុំ​បាន​សង្កេត​ឃើញ​មនុស្ស​ជា​ច្រើន​ខិត​ខំ​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ​របស់​ខ្លួន តែ​ពួក​គេ​មិន​ដឹង​ថា​តើ​បណ្ដា​ព្រះ​ទាំង​នោះ​អាច​នឹង​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច​បាន​នោះ​ទេ។ ខ្ញុំ​រក​មិន​ឃើញ​ចម្លើយ​ក្នុង​គម្ពីរ​របស់​ព្រះ​ពុទ្ធ​សាសនា​ឡើយ ហើយ​លោក​សង្ឃ​ឯ​ទៀត​ក៏​រក​ចម្លើយ​ពុំ​ឃើញ​ដូច​គ្នា​ដែរ។ ខ្ញុំ​បាន​ស្រយុត​ចិត្ត​ដល់​ម្ល៉េះ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​លា​ចាក​សិក្ខាបទ ហើយ​ឈប់​បំរើ​ជា​សង្ឃ​ទៀត។

នៅ​ឆ្នាំ​១៩៧១ ខ្ញុំ​បាន​ចូល​ធ្វើ​ជា​ទាហាន​ក្នុង​ទ័ព​កម្ពុជា។ គេ​ចាត់​ខ្ញុំ​ទៅ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​១៩៧១ ហើយ​ដោយ​ព្រោះ​កំរិត​វប្បធម៌​របស់​ខ្ញុំ ពួក​គេ​បាន​ដំឡើង​ស័ក្ដិ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​អនុសេនីយ៍ទោ ហើយ​ដាក់​ខ្ញុំ​ក្នុង​កង​កម្លាំង​ពិសេស។ ពេល​នោះ​យើង​កំពុង​តែ​ច្បាំង​នឹង​កង​ទ័ព​កុម្មុយនិស្ត គឺ​ខ្មែរ​ក្រហម​និង​វៀតកុង។

សង្គ្រាម​និង​ការ​ប្រែ​ប្រួល​នៅ​ប្រទេស​កម្ពុជា

យូរ​ៗ​ទៅ សង្គ្រាម​បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ស្ពឹក​ស្រយុត​ស្រយង់។ ស្ទើរ​តែ​រាល់​ថ្ងៃ ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់​ច្រើន​ដល់​ម្ល៉េះ​រហូត​ដល់​ស៊ាំ​ភ្នែក។ ខ្ញុំ​បាន​ចូល​ច្បាំង​ដោយ​ផ្ទាល់​អស់​១៥៧​ដង។ ធ្លាប់​មាន​គ្រា​មួយ​ដែល​យើង​ត្រូវ​ពួន​សម្ងំ​យ៉ាង​ជ្រៅ​ក្នុង​ព្រៃ​ស្តុក​ជាង​មួយ​ខែ​ដោយ​មាន​ខ្មែរ​ក្រហម​ឡោម​ព័ទ្ធ។ កូន​ទាហាន​ជាង​៧០០​នាក់​បាន​ស្លាប់។ មាន​តែ​១៥​នាក់​ដែល​បាន​រួច​រស់​ជីវិត ក្នុង​នោះ​រួម​មាន​ខ្ញុំ​ផង​ដែរ ហើយ​ខ្ញុំ​មាន​របួស​ទៀត​ផង។ ប៉ុន្តែ ខ្ញុំ​បាន​រួច​រស់។

នៅ​គ្រា​មួយ​ទៀត នៅ​ឆ្នាំ​១៩៧៤ យើង​បាន​ចាប់​កូន​ទាហាន​ម្នាក់​របស់​ខ្មែរ​ក្រហម។ ពេល​ខ្ញុំ​ជំរិត​សួរ​ចម្លើយ​គាត់ គាត់​ប្រាប់​ខ្ញុំ​អំពី​ផែន​ការ​របស់​ប៉ុល ពត ដែល​មាន​គម្រោង​សម្លាប់​ចោល​មន្ត្រី​រាជរដ្ឋាភិបាល​ទាំង​អស់ រួម​ទាំង​ទាហាន​ផង​ដែរ។ ទាហាន​ខ្មែរ​ក្រហម​ម្នាក់​នេះ​ប្រាប់​ឲ្យ​ខ្ញុំ​ឈប់​ពី​ការ​ងារ​ទាំង​អស់ ហើយ​រត់​ចេញ​យ៉ាង​ឆាប់​ជា​ទី​បំផុត។ គាត់​ប្រាប់​ខ្ញុំ​ថា​៖ ​«​អ្នក​ត្រូវ​ប្ដូរ​ឈ្មោះ​ផ្សេង​ៗ​ជា​និច្ច។ កុំ​ឲ្យ​អ្នក​ណា​ស្គាល់​អត្តសញ្ញាណ​ពិត​របស់​អ្នក​ឡើយ។ ត្រូវ​ធ្វើ​ពុត​ជា​អ្នក​ល្ងង់​មិន​ដែល​រៀន​សូត្រ។ កុំ​ប្រាប់​អ្នក​ណា​អំពី​ជីវប្រវត្ដិ​របស់​អ្នក​ឲ្យ​សោះ​»។ ក្រោយ​ខ្ញុំ​ដោះ​លែង​គាត់​ឲ្យ​ទៅ​ផ្ទះ​វិញ ពាក្យ​សំដី​របស់​គាត់​បាន​នៅ​ដិត​ជាប់​ក្នុង​គំនិត​ខ្ញុំ​រហូត។

ជា​ទាហាន​យើង​បាន​ត្រូវ​គេ​ប្រាប់​ថា យើង​កំពុង​តែ​ច្បាំង​ដើម្បី​ការ​ពារ​ជាតិ​របស់​យើង ប៉ុន្តែ យើង​កំពុង​តែ​សម្លាប់​ជន​ជាតិ​ឯងទៅ​វិញ។ ខ្មែរ​ក្រហម គណៈ​បក្ស​កុម្មុយនិស្ត​ដែល​បាន​ដណ្ដើម​យក​អំណាច គឺ​ជា​ជន​ជាតិ​ខ្មែរ​ដែរ។ តាម​ពិត ប្រជាជន​ប្រាំ​បួន​លាន​នាក់​ដែល​រស់​នៅ​ប្រទេស​កម្ពុជា​នៅ​ពេល​នោះ ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ ទោះ​ជា​ពួក​គេ​ភាគ​ច្រើន​មិន​មែន​ជា​ខ្មែរ​ក្រហម​ក៏​ដោយ។ ចំពោះ​ខ្ញុំ រឿង​សង្គ្រាម​នេះ​មិន​សម​ទំនង​សោះ។ យើង​កំពុង​តែ​សម្លាប់​កសិករ​ស្លូត​ត្រង់​ដែល​គ្មាន​កាំភ្លើង និង​មិន​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​ទេ។

ការ​ត្រឡប់​មក​ពី​ចំបាំង​វិញ តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ព្រួយ​រាល់​ដង។ ប្រពន្ធ​គេ កូន​គេ នាំ​គ្នា​រង់​ចាំ​ទាំង​ភិត​ភ័យ​ចង់​មើល​ថា​តើ​ប្ដី​ឬ​ក៏​ឪពុក​ខ្លួន​បាន​ត្រឡប់​មក​វិញ​ដែរ​ឬ​អត់។ ខ្ញុំ​ត្រូវ​ប្រាប់​ពួក​គេ​ជា​ច្រើន​នាក់​ថា សមាជិក​ម្នាក់​នៃ​ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​ស្លាប់​ហើយ។ ក្នុង​រឿង​ទាំង​អស់​នេះ ចំណេះ​ដឹង​ពី​សាសនា​ព្រះ​ពុទ្ធ​មិន​បាន​សម្រាល​ទុក្ខ​ខ្ញុំ​សោះ​ឡើយ។

ឥឡូវ​នេះ ខ្ញុំ​ក្រឡេក​មើល​ទៅ​អតីតកាល​គិត​អំពី​របៀប​រស់​នៅ​បាន​កែ​ប្រែ​ទាំង​ស្រុង​នៅ​ប្រទេស​កម្ពុជា។ មុន​ឆ្នាំ​១៩៧០ មាន​សន្ដិសុខ​និង​សន្ដិភាព​មួយ​កំរិត។ មនុស្ស​ភាគ​ច្រើន​មិន​មាន​កាំភ្លើង​ទេ ព្រោះ​ការ​កាន់​កាំភ្លើង គឺ​ខុស​ច្បាប់​លើក​លែង​តែ​មាន​លិខិត​អនុញ្ញាត។ មាន​ការ​ឆក់​ប្លន់​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយ​មាន​សង្គ្រាម​ស៊ីវិល​ដោយ​សារ​ចលនា​បះ​បោរ​របស់​ប៉ុល ពត​និង​កង​កម្លាំង​របស់​គាត់ នោះ​ជីវិត​បាន​ប្រែ​ប្រួល​ទាំង​ស្រុង។ កន្លែង​ណា​ក៏​គេ​មាន​កាំភ្លើង​ដែរ។ សូម្បី​តែ​ក្មេង​ៗ​អាយុ​១២​និង​១៣​ឆ្នាំ​ក្ដី ក៏​ត្រូវ​ហ្វឹក​ហាត់​ឲ្យ​ធ្វើ​ទាហាន និង​រៀន​បាញ់​ហើយ​សម្លាប់​មនុស្ស។ កូន​ចៅ​របស់​ប៉ុល ពត​បាន​បញ្ចេះ​ក្មេង​ខ្លះ​ឲ្យ​ទៅ​សម្លាប់​ឪពុក​ម្ដាយ​ខ្លួន។ ពួក​ទាហាន​ធ្លាប់​ប្រាប់​ក្មេង​ៗ​ថា​«​បើ​ឯង​ស្រឡាញ់​ប្រទេស​ជាតិ​ឯង ឯង​ត្រូវ​សម្លាប់​សត្រូវ​របស់​ឯង។ បើ​ឪពុក​ម្ដាយ​ឯង​ធ្វើ​ការ​រាជការ ពួក​គេ​ជា​សត្រូវ​របស់​យើង ហើយ​ឯង​ត្រូវ​សម្លាប់​គេ ឬ​បើ​មិន​អ៊ីចឹង​ទេ យើង​នឹង​សម្លាប់​ឯង​វិញ​»។

ប៉ុល ពត​និង​ការ​ប្រល័យ​ពូជ​សាសន៍

នៅ​ឆ្នាំ​១៩៧៥ ប៉ុល ពត​ឈ្នះ​សង្គ្រាម​និង​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​កុម្មុយនិស្ត។ ប៉ុល ពត​ចាប់​ផ្ដើម​សម្លាប់​និស្សិត គ្រូ​បង្រៀន មន្ត្រី​រាជការ និង​អ្នក​ឯ​ទៀត​ដែល​ជា​មនុស្ស​ចេះ​ដឹង។ បើ​អ្នក​ណា​ពាក់​វ៉ែនតា គាត់​នឹង​ត្រូវ​គេ​សម្លាប់​ចោល ដោយ​សារ​ពួក​ប៉ុល ពត​គិត​ស្មាន​ថា​គាត់​ជា​អ្នក​ចេះ​ដឹង! របប​ប៉ុល​ពត​បាន​បង្ខំ​មនុស្ស​ចេញ​ពី​ទី​ក្រុង ទៅ​នៅ​ស្រុក​ស្រែ​ដើម្បី​ធ្វើ​ស្រែ។ មនុស្ស​ទាំង​អស់​ត្រូវ​ស្លៀក​ពាក់​ដូច​គ្នា។ មួយ​ថ្ងៃ​ៗ យើង​ត្រូវ​ធ្វើ​ការ​១៥​ម៉ោង​ដោយ​គ្មាន​ម្ហូប​អាហារ​គ្រប់​គ្រាន់ គ្មាន​ថ្នាំ​ពេទ្យ គ្មាន​សំលៀក​បំពាក់ និង​ដេក​បាន​តែ​២​ឬ​៣​ម៉ោង​ប៉ុណ្ណោះ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​មាតុ​ភូមិ​ខ្ញុំ ព្រោះ​ខ្លាច​ក្រែង​ខ្ញុំ​ត្រូវ​ស្លាប់​ដែរ។

ខ្ញុំ​នឹក​ចាំ​ពី​ពាក្យ​សំដី​របស់​កូន​ទាហាន​ខ្មែរ​ក្រហម​នោះ។ ខ្ញុំ​ប្រមូល​រូប​ថត ឯកសារ និង​អ្វី​ផ្សេង​ទៀត​ដែល​អាច​បញ្ជាក់​អត្តសញ្ញាណ​របស់​ខ្ញុំ យក​ទៅ​បោះ​ចោល​ទាំង​អស់។ ខ្ញុំ​ជីក​រណ្ដៅ​កប់​ឯកសារ​ខ្លះ​ៗ​របស់​ខ្ញុំ។ រួច​មក​ខ្ញុំ​ក៏​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច​ឆ្ពោះ​ទៅ​ប្រទេស​ថៃ។ ដំណើរ​នោះ​មាន​គ្រោះ​ថ្នាក់​ណាស់។ ខ្ញុំ​ត្រូវ​វាង​កន្លែង​កុងត្រូល​ទាហាន និង​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​ក្នុង​ម៉ោង​ដែល​មាន​បំរាម​គោចរ ដោយ​សារ​មាន​តែ​ទាហាន​ខ្មែរ​ក្រហម​ដែល​អាច​ធ្វើ​ដំណើរ​ដោយ​មាន​ការ​អនុញ្ញាត។

ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​តំបន់​មួយ និង​រស់​នៅ​ជា​មួយ​មិត្ត​ភក្ដិ​ម្នាក់​របស់​ខ្ញុំ​មួយ​រយៈ។ រួច​មក​ខ្មែរ​ក្រហម​មក​ជម្លៀស​ប្រជាជន​ទាំង​អស់​ពី​កន្លែង​នោះ​ឲ្យ​រើ​ទៅ​កន្លែង​ថ្មី​វិញ។ ខ្មែរ​ក្រហម​ចាប់​ផ្ដើម​សម្លាប់​គ្រូ​បង្រៀន​និង​គ្រូ​ពេទ្យ។ ខ្ញុំ​បាន​ភៀស​ខ្លួន​ចេញ​ជា​មួយ​មិត្ត​ភក្ដិ​បី​នាក់។ យើង​បាន​ពួន​សម្ងំ​នៅ​ក្នុង​ព្រៃ និង​ញ៉ាំ​ផ្លែ​ឈើ​ណា​ដែល​យើង​រក​ឃើញ។ នៅ​ទី​បំផុត ខ្ញុំ​បាន​ទៅ​ដល់​ភូមិ​តូច​មួយ​នៅ​ខេត្ត​បាត់ដំបង​ដែល​ជា​លំនៅ​នៃ​មិត្ត​ភក្ដិ​ម្នាក់​របស់​ខ្ញុំ។ ខ្ញុំ​បាន​ភ្ញាក់​ផ្អើល​ណាស់ ដោយ​ឃើញ​ថា​អតីត​កូន​ទាហាន​ម្នាក់ ដែល​បាន​ប្រាប់​ខ្ញុំ​ឲ្យ​រត់​គេច​ខ្លួន​នោះ ក៏​នៅ​ទី​នេះ​ដែរ! ដោយ​ព្រោះ​ខ្ញុំ​បាន​ដោះ​លែង​គាត់​ឲ្យ​រួច​ខ្លួន គាត់​បាន​ជួយ​លាក់​បំពួន​ខ្ញុំ​ក្នុង​រណ្ដៅ​មួយ​អស់​រយៈ​ពេល​បី​ខែ។ គាត់​បាន​បង្គាប់​ក្មេង​ម្នាក់​ឲ្យ​ទម្លាក់​ម្ហូប​ទៅ​ក្នុង​រណ្ដៅ​នោះ ប៉ុន្តែ​ប្រាប់​ក្មេង​នោះ​ថា​កុំ​ឲ្យ​មើល​ទៅ​ក្នុង​រណ្ដៅ​នោះ​ឲ្យ​សោះ។

ក្រោយ​មក ខ្ញុំ​បាន​គេច​ខ្លួន​រួច ហើយ​បាន​ជួប​ម្ដាយ​ខ្ញុំ មីង​ខ្ញុំ និង​ប្អូន​ស្រី​ខ្ញុំ​ដែល​កំពុង​តែ​ភៀស​ខ្លួន​ចេញ​ទៅ​ព្រំ​ប្រទល់​ថៃ​ដែរ។ គ្រា​នោះ​ខ្ញុំ​បាន​សោយ​សោក​ណាស់។ នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​មួយ ម្ដាយ​ខ្ញុំ​ឈឺ ហើយ​នៅ​ទី​បំផុត​បាន​ស្លាប់​ដោយ​សារ​ជំងឺ​និង​កង្វះ​ម្ហូប​អាហារ។ ប៉ុន្តែ មាន​ពន្លឺ​រះ​ជា​ថ្មី​ក្នុង​ជីវិត​ខ្ញុំ​ដែល​បណ្ដាល​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម។ ខ្ញុំ​បាន​ជួប​អ៊ុ​ម សុភាព​ដែល​បាន​ក្លាយ​ជា​ភរិយា​របស់​ខ្ញុំ។ យើង​ទាំង​ពីរ​នាក់​ជា​មួយ​មីង​ខ្ញុំ និង​ប្អូន​ស្រី​ខ្ញុំ បាន​ភៀស​ខ្លួន​ឆ្លង​កាត់​ព្រំ​ប្រទល់​ប្រទេស​ថៃ​និង​ចូល​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ។ ក្រុម​គ្រួសារ​ខ្ញុំ​ទទួល​បាន​ផល​វិបាក​យ៉ាង​ខ្លាំង​ពី​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា។ យើងបាត់​បង់​សមាជិក​ក្នុង​ក្រុម​គ្រួសារ​អស់​១៨​នាក់ រួម​មាន​ប្អូន​ប្រុស​និង​ប្រពន្ធ​របស់​គាត់។

ជីវិត​ថ្មី​នៅ​សហរដ្ឋ​អាមេរិក

នៅ​ជំរំ​ជន​ភៀស​ខ្លួន មាន​គេ​សួរ​ប្រវត្ដិរូប​យើង​ម្នាក់​ៗ ហើយ​អង្គការ​សហប្រជាជាតិ​ខំ​រក​អ្នក​ធានា​យើង​ទៅ​សហរដ្ឋ​អាមេរិក។ នៅ​ទី​បំផុត​ទទួល​បាន​ជោគ​ជ័យ​មែន! នៅ​ឆ្នាំ​១៩៨០ យើង​បាន​ទៅ​ទី​ក្រុង​សេន្ត ប៉ុល រដ្ឋ​មីណេសូតា។ ខ្ញុំ​ដឹង​ថា បើ​ខ្ញុំ​ចង់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​នៅ​ប្រទេស​ថ្មី​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​រៀន​ភាសា​អង់គ្លេស​ឲ្យ​បាន​ចេះ​ឆាប់​បំផុត។ អ្នក​ធានា​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ចូល​សាលា​រៀន​តែ​ពីរ​បី​ខែ​ប៉ុណ្ណោះ ទោះ​ជា​ខ្ញុំ​ត្រូវ​រៀន​យូរ​ជាង​នោះ​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ គាត់​ជួយ​ឲ្យ​ខ្ញុំ​បាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​សណ្ឋាគារ​មួយ។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​មិន​សូវ​ចេះ​ភាសា​អង់គ្លេស ខ្ញុំ​តែង​តែ​ធ្វើ​ការ​ថ្លោះ​ធ្លោយ​គួរ​ឲ្យ​អស់​សំណើច​មែន។ ម្ចាស់​សណ្ឋាគារ​សុំ​ខ្ញុំ​ឲ្យ​ទៅ​យក​កាំ​ជណ្ដើរ តែ​ខ្ញុំ​បែរ​ជា​ទៅ​យក​ធុង​សម្រាម​ទៅ​វិញ!

ភ្ញៀវ​ដ៏​គួរ​ឲ្យ​ខ្លាច

នៅ​ឆ្នាំ​១៩៨៤ ខ្ញុំ​ធ្វើ​ការ​ពេល​យប់​និង​គេង​ពេល​ថ្ងៃ។ យើង​ធ្លាប់​រស់​នៅ​តំបន់​មួយ​ដែល​មាន​ការ​ស្អប់​គ្នា​រវាង​សាសន៍​អាស៊ី និង​សាសន៍​អាមេរិក​ស្បែក​ខ្មៅ។ ឧក្រិដ្ឋកម្ម ការ​ជួញ​ដូរ និង​ការ​ប្រើ​ថ្នាំ​ញៀន​គឺ​មាន​ជា​ទូទៅ។ នៅ​ពេល​ព្រឹក​មួយ​នៅ​ម៉ោង​ដប់ ប្រពន្ធ​ខ្ញុំ​ដាស់​ខ្ញុំ​ពី​គេង និង​ប្រាប់​ថា​មាន​បុរស​ជន​ជាតិ​ស្បែក​ខ្មៅ​ម្នាក់​នៅ​ខាង​មុខ​ទ្វារ។ ប្រពន្ធ​ខ្ញុំ​ខ្លាច​ណាស់​ពីព្រោះ​គាត់​នឹក​ស្មាន​ថា បុរស​នោះ​មក​ប្លន់​យើង។ ខ្ញុំ​បើក​ទ្វារ​បន្ដិច​លប​មើល​ទៅ​ក្រៅ​ឃើញ​បុរស​ម្នាក់​ជន​ជាតិ​ស្បែក​ខ្មៅ​ស្លៀក​ពាក់​ស្អាត​បាត​កាន់​កាតាប​ឈរ​ជា​មួយ​បុរស​ម្នាក់​ជន​ជាតិ​ស្បែក​ស។ ខ្ញុំ​សន្និដ្ឋាន​ថា​គ្មាន​បញ្ហា​អ្វី​ទេ។

ខ្ញុំ​សួរ​គាត់​ថា គាត់​មក​លក់​អ្វី។ បុរស​នោះ​បង្ហាញ​ខ្ញុំ​នូវ​ទស្សនាវដ្ដី​ប៉ម​យាម​និង​ភ្ញាក់​រឭក!។ អ្វី​គាត់​និយាយ ខ្ញុំ​ស្ដាប់​ពុំ​បាន​សោះ។ ខ្ញុំ​ខំ​បដិសេធ​ដោយ​សារ​ពីរ​ខែ​មុន ខ្ញុំ​បាន​ចាញ់​បោក​អ្នក​លក់​សៀវភៅ​សាសនា​ប្រូតេស្តង់ ដែល​បាន​បោក​ខ្ញុំ​ឲ្យ​ទិញ​សៀវភៅ​ប្រាំ​ក្បាល​អស់​១៦៥​ដុល្លារ​អាមេរិក។ ប៉ុន្តែ បុរស​ស្បែក​ខ្មៅ​នោះ​បង្ហាញ​ខ្ញុំ​រូប​ភាព​ក្នុង​ទស្សនាវដ្ដី។ រូប​ភាព​ទាំង​នោះ​បង្ហាញ​ទិដ្ឋភាព​ដ៏​សែន​ស្អាត​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ក្សេម​ក្សាន្ត! ហើយ​បុរស​ស្បែក​ខ្មៅ​នោះ​ញញឹម​ពព្រាយ​មក​កាន់​ខ្ញុំ។ ដូច្នេះ ខ្ញុំ​ជួយ​ជា​វិភាគទាន​១​ដុល្លារ និង​យក​ទស្សនាវដ្ដី​ទាំង​នោះ។

ប្រហែល​ជា​ពីរ​សប្ដាហ៍​ក្រោយ​មក បុរស​នោះ​ត្រឡប់​មក​វិញ ហើយ​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​មាន​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​ឬ​ក៏​អត់។ ខ្ញុំ​មាន​ព្រះ​គម្ពីរ​មួយ​ក្បាល​មែន ពីព្រោះ​ខ្ញុំ​បាន​មួយ​ក្បាល​ពី​សាសនា​ណាសារ៉ែត ទោះ​ជា​ខ្ញុំ​អាន​មិន​យល់​ក៏​ដោយ។ ប៉ុន្តែ ខ្ញុំ​បាន​នឹក​ស្ងើច​ក្នុង​ចិត្ត​មែន​ទែន ដោយ​សារ​បុរស​ពីរ​នាក់​ដែល​មាន​សាសន៍​ផ្សេង​គ្នា​មក​លេង​ផ្ទះ​ខ្ញុំ។ រួច​មក​គាត់​សួរ​ខ្ញុំ​ថា​៖ ​«​តើ​លោក​ចង់​រៀន​ភាសា​អង់គ្លេស​ទេ​»​? ខ្ញុំ​ចង់​រៀន​ណាស់ តែ​ខ្ញុំ​ពន្យល់​បុរស​នោះ​ថា ខ្ញុំ​គ្មាន​លុយ​បង់​ឲ្យ​គាត់​បង្រៀន​ខ្ញុំ​ទេ។ បុរស​នោះ​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​បង្រៀន​ខ្ញុំ​ដោយ​ឥត​គិត​ថ្លៃ​ទេ ដោយ​ប្រើ​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​មួយ។ ទោះ​ជា​ខ្ញុំ​មិន​ដឹង​ថា​គាត់​កាន់​សាសនា​មួយ​ណា​ក៏​ដោយ តែខ្ញុំ​នឹក​គិត​ក្នុង​ចិត្ត​ថា​៖ ‹យ៉ាង​ហោច​ណាស់​ខ្ញុំ​អាច​រៀន​អាន​និង​សរសេរ​ភាសា​អង់គ្លេស​ដោយ​ឥត​គិត​ថ្លៃ›។

ការ​រៀន​ភាសា​អង់គ្លេស​និង​ព្រះ​គម្ពីរ

ខ្ញុំ​បាន​រៀន​សន្សឹម​ៗ។ បុរស​នោះ​បង្ហាញ​ខ្ញុំ​សៀវភៅ​ទី​មួយ​ក្នុង​ព្រះ​គម្ពីរ​ដែល​អង់គ្លេស​ហៅ​ថា​«​ចេនេសិស​»​ ហើយ​ខ្ញុំ​អាន​ជា​ភាសា​ខ្មែរ​ថា​«​លោកុប្បត្តិ​»។ គាត់​និយាយ​អង់គ្លេស​ថា​«​បែបិល​»​ រួច​ខ្ញុំ​ថា​«​គម្ពីរ​»។ ខ្ញុំ​ចាប់​ផ្ដើម​រីក​ចំរើន ហើយ​មាន​សន្ទុះ​ចិត្ត​ទៀត​ផង។ ខ្ញុំ​ធ្លាប់​យក​វចនានុក្រម​អង់គ្លេស​-​ខ្មែរ ទស្សនាវដ្ដី​ប៉ម​យាម ព្រះ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី និង​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​ទៅ​កន្លែង​ធ្វើ​ការ។ ក្នុង​ម៉ោង​ឈប់​សំរាក ខ្ញុំ​សិក្សា​និង​រៀន​ភាសា​អង់គ្លេស​មួយ​ម៉ាត់​ម្ដង​ៗ ដោយ​ប្រៀប​ធៀប​សៀវភៅ​ទាំង​នោះ។ ការ​រៀន​បន្ដិច​ម្ដង​ៗ​យ៉ាង​នេះ ព្រម​ជា​មួយ​នឹង​ការ​បង្ហាត់​រាល់​សប្ដាហ៍​បាន​បន្លាយ​ពេល​អស់​បី​ឆ្នាំ។ ប៉ុន្តែ នៅ​ទី​បំផុត ខ្ញុំ​អាន​ភាសា​អង់គ្លេស​បាន!

ប្រពន្ធ​ខ្ញុំ​នៅ​តែ​ទៅ​វត្ត​ហើយ​ដាក់​ម្ហូប​សែន​ជីដូន​ជីតា។ ការ​ពិត មាន​តែ​រុយ​ទេ​ដែល​បាន​ប្រយោជន៍​ពី​ម្ហូប​នោះ! ខ្ញុំ​មាន​ទម្លាប់​អាក្រក់​ជា​ច្រើន​ជាប់​មក តាំង​ពី​ពេល​ដែល​ខ្ញុំ​នៅ​ជា​ទាហាន និង​ជា​សង្ឃ។ ពេល​ខ្ញុំ​ជា​លោក​សង្ឃ​នោះ មនុស្ស​ជា​ច្រើន​ធ្លាប់​យក​សំណែន​មក​ប្រគេន រួម​មាន​បារី​ផង​ដែរ។ ពួក​គេ​ធ្លាប់​ជឿ​ថា បើ​លោក​សង្ឃ​ជក់​បារី គឺ​ដូច​ជា​ជីដូន​ជីតា​របស់​ពួក​គេ​កំពុង​តែ​ជក់​ដែរ។ ដូច្នេះ ខ្ញុំ​ក្លាយ​ជា​អ្នក​ញៀន​ថ្នាំ​ជក់​ទៅ។ ម្យ៉ាង​ទៀត ខ្ញុំ​ធ្លាប់​ផឹក​ស្រា​ច្រើន​ហើយ​ជក់​អាភៀន​ដើម្បី​មាន​ចិត្ត​ក្លាហាន​ចូល​ច្បាំង។ ដូច្នេះ ពេល​ខ្ញុំ​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ ខ្ញុំ​ត្រូវ​កែ​ប្រែ។ ពេល​នោះ​ខ្ញុំ​ឃើញ​ថា ការ​អធិស្ឋាន​ជា​ជំនួយ​ដ៏​ប្រសើរ​ណាស់។ ក្នុង​រយៈ​ពេល​តែ​ពីរ​បី​ខែ ខ្ញុំ​បាន​លះ​ចោល​ទម្លាប់​អាក្រក់​ទាំង​អស់​របស់​ខ្ញុំ។ ពេល​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ឃើញ​ដូច្នេះ ពួក​គេ​សប្បាយ​ចិត្ត​ណាស់!

ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​ស្មរ​បន្ទាល់​ម្នាក់ នៅ​ឆ្នាំ​១៩៨៩​នៅ​រដ្ឋ​មីណេសូតា។ ចន្លោះ​ពេល​នោះ​ដែរ ខ្ញុំ​ឮ​ថា​មាន​ក្រុម​ស្មរ​បន្ទាល់​ជន​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​ឡុង ប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា ថែម​ទាំង​មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់។ ក្រោយ​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​ពិភាក្សា​គ្នា​រួច​ហើយ យើង​សម្រេច​ចិត្ត​ផ្លាស់​ទៅ​នៅ​ទី​ក្រុង​ឡុង ប៊ិច​វិញ។ ការ​ផ្លាស់​ទី​លំនៅ​នោះ​បាន​កែ​ប្រែ​ជីវិត​របស់​យើង​ទាំង​ស្រុង! មុន​បង្អស់ ប្អូន​ស្រី​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក រួច​មក​មីង​ខ្ញុំ(​ដែល​ឥឡូវ​មាន​អាយុ​ជាង​៨៥​ឆ្នាំ​ហើយ​) ហើយ​ក្រោយ​មក​ប្រពន្ធ​ខ្ញុំ។ កូន​បី​នាក់​របស់​ខ្ញុំ​បន្ត​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ក្រោយ​ៗ​មក​ជា​បន្ត​បន្ទាប់។ នៅ​ទី​បំផុត ប្អូន​ស្រី​របស់​ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​ស្មរ​បន្ទាល់​ម្នាក់​ដែល​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។

នៅ​សហរដ្ឋ​អាមេរិក យើង​បាន​ហែល​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​យ៉ាង។ យើង​ធ្លាប់​ខ្វះ​ខាត​លុយ​កាក់​យ៉ាង​ខ្លាំង ហើយ​ក៏​មាន​បញ្ហា​សុខភាព​ផង​ដែរ។ ប៉ុន្តែ ដោយ​កាន់​ខ្ជាប់​តាម​គោល​ការណ៍​ព្រះ​គម្ពីរ យើង​បាន​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​និច្ច។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ទៅ​លើ​ការ​ព្យាយាម​របស់​ខ្ញុំ​ក្នុង​កិច្ច​បំរើ​ខាង​វិញ្ញាណ។ នៅ​ឆ្នាំ​១៩៩២ ខ្ញុំ​ត្រូវ​តែង​តាំង​ជា​អ្នក​ងារ​ជំនួយ​ក្នុង​ក្រុម​ជំនុំ ហើយ​នៅ​ឆ្នាំ​១៩៩៥ ខ្ញុំ​បាន​ក្លាយ​ជា​អ្នក​ចាស់​ទុំ​ម្នាក់​នៅ​ទី​ក្រុង​ឡុង​ប៊ិច។

ឥឡូវ​នេះ ដំណើរ​វែង​ឆ្ងាយ​របស់​ខ្ញុំ​តាម​វិថី​ជីវិត​ដែល​បាន​ចាប់​ផ្ដើម​ពេល​ខ្ញុំ​ជា​លោក​សង្ឃ​រួច​មក​ជា​កូន​ទាហាន​នៅ​ប្រទេស​កម្ពុជា​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នោះ គឺ​ជា​ដំណើរ​ដែល​បាន​ចប់​សព្វ​គ្រប់​ហើយ ដោយ​ជំនួស​នូវ​សេចក្ដី​សុខ​និង​សុភមង្គល​នៅ​ប្រទេស​ថ្មី​របស់​ខ្ញុំ។ ហើយ​យើង​ក៏​មាន​ជំនឿ​ថ្មី គឺ​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ។ ខ្ញុំ​ពិបាក​ចិត្ត​មែន​ពេល​ខ្ញុំ​នឹក​ចាំ​ថា មនុស្ស​ធ្លាប់​សម្លាប់​គ្នា​នៅ​ប្រទេស​កម្ពុជា។ ហេតុ​នោះ​ឯង​បាន​ជា​សំខាន់​ដែល​ខ្ញុំ​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ ផ្សព្វ​ផ្សាយ​និង​ទន្ទឹង​ចាំ​ពិភព​លោក​ថ្មី ដែល​ព្រះ​បាន​សន្យា​ថា​នៅ​ទី​នោះ​នឹង​គ្មាន​សង្គ្រាម ហើយ​មនុស្ស​ទាំង​អស់​នឹង​ពិត​ជា​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​ឯង!—អេសាយ ២:២​-​៤; ម៉ាថាយ ២២:៣៧​-​៣៩; វិវរណៈ ២១:១​-​៤

[​កំណត់​សម្គាល់​]

a ប៉ុល ពត​គឺ​ជា​មេ​ដឹក​នាំ​ខ្មែរ​ក្រហម កង​ទ័ព​កុម្មុយនិស្ត​ដែល​ឈ្នះ​សង្គ្រាម​និង​ដណ្ដើម​កាន់​កាប់​ប្រទេស​កម្ពុជា។

[​ផែនទី​/រូប​ភាព​នៅ​ទំព័រ​៣១​]

វៀតណាម

ឡាវ

ថៃ

កម្ពុជា

បាត់ដំបង

ភ្នំ​ពេញ

រូប​ខ្ញុំ ពេល​ខ្ញុំ​ជា​សង្ឃ

[​អ្នក​ផ្ដល់​សិទ្ធិ​]

Mountain High Maps​® Copyright © 1997 Digital Wisdom, Inc

[​រូប​ភាព​នៅ​ទំព័រ​៣២​]

ជា​មួយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ នៅ​សាល​ព្រះ​រាជាណាចក្រ