លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«មកតាមខ្ញុំជាដរាបចុះ!»

«មកតាមខ្ញុំជាដរាបចុះ!»

«​មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ!​»​

​«​ព្រះ​អង្គ​ម្ចាស់​ត្រាស់​ហៅ​បង​ប្អូន​មក អោយ​រង​ទុក្ខ​លំបាក​យ៉ាង​នេះ ព្រោះ​ព្រះ​គ្រី​ស្ត​ក៏​បាន​រង​ទុក្ខ​លំបាក​សំរាប់​បង​ប្អូន ទុក​ជា​គំរូ​អោយ​បង​ប្អូន​ដើរ​តាម​គន្លង​របស់​ព្រះ​អង្គ​»។—ពេត្រុស​ទី​១ ២:២១, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១, ២. ហេតុ​ដូច​ម្ដេច​បាន​ជា​គំរូ​គ្រប់​ល័ក្ខណ៍​របស់​ព្រះ​យេស៊ូ​ជា​អ្នក​បង្រៀន​នោះ មិន​មែន​ជា​គំរូ​ខ្ពស់​ពន់​ពេក​ឲ្យ​យើង​យក​តម្រាប់​តាម?

 ព្រះ​យេស៊ូ​គ្រីស្ទ​ជា​អ្នក​បង្រៀន​ដ៏​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ​លើ​ផែនដី។ ម្យ៉ាង​ទៀត ក្នុង​មួយ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍ ទ្រង់​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ។ (​ពេត្រុស​ទី​១ ២:២២​) បើ​ដូច្នេះ តើ​នេះ​បាន​សេចក្ដី​ថា ព្រះ​យេស៊ូ​តាំង​គំរូ​ខ្ពស់​ពន់​ពេក​ឲ្យ​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍​យើង​ធ្វើ​តាម​ឬ? មិន​មែន​ដូច្នោះ​ឡើយ!។

ដូច​អត្ថបទ​មុន​នេះ​បាន​បញ្ជាក់ មូលដ្ឋាន​នៃ​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ គឺ​សេចក្ដី​ស្រឡាញ់។ រីឯ​សេចក្ដី​ស្រឡាញ់ នេះ​ជា​អ្វី​ដែល​យើង​រាល់​គ្នា​អាច​បណ្ដុះ​ឲ្យ​មាន​ដែរ។ ព្រះ​បន្ទូល​របស់​ព្រះ​តែង​ដាស់​តឿន​យើងឲ្យ​បង្កើន​សេចក្ដី​ស្រឡាញ់​ឲ្យ​កាន់​តែ​ច្រើន​ៗ និង​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​ទៅ​ទៀត​ចំពោះ​មនុស្ស​ដទៃ។ (​ភីលីព ១:៩; កូល៉ុស ៣:១៤​) ព្រះ​យេហូវ៉ា​មិន​តម្រូវ​ពី​សត្តនិករ​របស់​ទ្រង់ នូវ​អ្វី​ដែល​គេ​មិន​អាច​ធ្វើ​បាន​ឡើយ។ តាម​ពិត ដោយ​សារ ​«​ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង​»​ ហើយ​ទ្រង់​បាន​បង្កើត​យើង​ដូច​រូប​អង្គ​ទ្រង់​ដែរ នោះ​បាន​សេចក្ដី​ថា ព្រះ​យេហូវ៉ា​បាន​គ្រោង​បង្កើត​យើង​ឲ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ (​យ៉ូហាន​ទី​១ ៤:៨; លោកុប្បត្តិ ១:២៧​) ដូច្នេះ ពេល​យើង​អាន​ពាក្យ​របស់​សាវ័ក​ពេត្រុស​ដែល​ជា​ប្រធានបទ​គម្ពីរ​សំរាប់​អត្ថបទ​នេះ នោះ​យើង​អាច​មាន​ទំនុក​ចិត្ត​ជឿ​ថា យើង​អាច​យក​តម្រាប់​តាម​គន្លង​របស់​ព្រះ​គ្រីស្ទ​បាន។ យើង​ពិត​ជា​អាច​ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ ​«​មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ!​»។ (​លូកា ៩:២៣, ព.ថ.​) យើង​សូម​ពិចារណា​មើល​នូវ​របៀប​ដែល​យើង​អាច​យក​តម្រាប់​តាម​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​គ្រីស្ទ​បង្ហាញ​ចំពោះ​សេចក្ដី​ពិត​ទាំង​ឡាយ​ដែល​ទ្រង់​បង្រៀន​នោះ ហើយ​ក៏​ចំពោះ​ពួក​បណ្ដា​ជន​ដែល​ទ្រង់​បង្រៀន​ដែរ។

ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ចំពោះ​សេចក្ដី​ពិត​ទាំង​ឡាយ​ដែល​យើង​រៀន

៣. ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​មិន​ចូល​ចិត្ត​រៀន​សូត្រ? ហើយ​តើ​សុភាសិត ២:១​-​៥ ដាស់​តឿន​យ៉ាង​ណា?

ដើម្បី​ស្រឡាញ់​នូវ​សេចក្ដី​ពិត​ដែល​យើង​បង្រៀន​ដល់​អ្នក​ដទៃ យើង​ក៏​ត្រូវ​ចូល​ចិត្ត​រៀន​នូវ​សេចក្ដី​ពិត​ទាំង​ឡាយ​នោះ​ជា​មុន​សិន។ ក្នុង​លោកីយ៍​សព្វ​ថ្ងៃ​នេះ ការ​ចូល​ចិត្ត​រៀន​បែប​នោះ​មិន​ងាយ​បណ្ដុះ​ឡើង​ទេ។ កត្ដា​ផ្សេង​ៗ​ដូច​ជា​ការ​ខ្វះ​នូវ​ការ​អប់រំ​គ្រប់​គ្រាន់ ឬ​ទំលាប់​មិន​ល្អ​ជា​ដើម ដែល​មាន​តាំង​ពី​នៅ​ជា​យុវវ័យ​នោះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​រៀន​ទេ។ ក៏​ប៉ុន្តែ គឺ​ជា​ការ​ចាំ​បាច់​ណាស់​ដែល​យើង​រៀន​ពី​ព្រះ​យេហូវ៉ា។ សុភាសិត ២:១​-​៥ ចែង​ថា​៖ ​«​កូន​អើយ! បើ​ឯង​នឹង​ទទួល​ពាក្យ​អញ ហើយ​នឹង​ប្រមូល​ពាក្យ​បណ្ដាំ​របស់​អញ ទុក​នៅ​ជាប់​នឹង​ឯង ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្ដាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោបល់ អើ! បើ​ឯង​ស្រែក​ហៅ​រក​ដំរិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោបល់ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ​អង្គ​»។

៤. តើ​ការ​«​ផ្ចង់​ចិត្ត​»​រួម​បញ្ចូល​អ្វី​ទៅ? ហើយ​តើ​ទស្សនៈ​បែប​ណា​អាច​ជួយ​យើង​ធ្វើ​ដូច្នេះ​បាន?

សូម​កត់​សម្គាល់​ថា ខ​១​ដល់​៤​តឿន​យើង​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ខំ​ប្រឹង​ប្រែង​«​ទទួល​»​និង​«​ប្រមូល​»​ពាក្យ​បណ្ដាំ ប៉ុន្តែ​មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ឡើយ គឺ​ឲ្យ​«​ខំ​រក​»​និង​«​ស្វែង​រក​»​ផង​ដែរ។ តើ​អ្វី​ទៅ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​ខំ​ប្រឹង​យ៉ាង​នេះ? សូម​កត់​សម្គាល់​ឃ្លា​ដែល​ថា ​«​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោបល់​»។ ឯកសារ​មួយ​ពន្យល់​ថា ការ​ដាស់​តឿន​នេះ​«​មិន​មែន​ជា​ការ​សូម​ឲ្យ​ប្រុង​ស្មារតី​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​ទាម​ទារ​ឲ្យ​មាន​ចិត្ត​គំនិត​បែប​ម្យ៉ាង ពោល​គឺ ចិត្ត​ចង់​ទទួល​ការ​បង្រៀន​នោះ​»។ តើ​អ្វី​អាច​ជួយ​យើង​មាន​ចិត្ត​ប្ដេជ្ញា​ចង់​រៀន​អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្រៀន​ដល់​យើង? គឺ​ទស្សនៈ​របស់​យើង​ផ្ទាល់។ យើង​ត្រូវ​តែ​ចាត់​ទុក​«​សេចក្ដី​ស្គាល់​ដល់​ព្រះ​អង្គ​»​ ជា​«​ប្រាក់​»​ហើយ​«​កំណប់​ទ្រព្យ​»។

៥, ៦. (​ក​) យូរ​ៗ​ទៅ តើ​អ្វី​អាច​កើត​មាន​ឡើង? ហើយ តើ​យើង​អាច​បង្ការ​កុំ​ឲ្យ​ការ​នេះ​កើត​ឡើង​បាន​យ៉ាង​ណា? (​ខ​) ហេតុ​អ្វី​បាន​ជា​យើង​គួរ​តែ​បន្ត​បន្ថែម​ចំណេះ​ពី​ព្រះ​គម្ពីរ ដែល​ប្រៀប​ដូច​ជា​រតនវត្ថុ​នោះ?

ការ​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​បែប​នោះ​មិន​សូវ​ពិបាក​ទេ។ ជាក់​ស្តែង​ដូច​ជា​«​សេចក្ដី​ស្គាល់​ដល់​ព្រះ​អង្គ​»​ដែល​អ្នក​បាន​រៀន​រួច​ទៅ​ហើយ ដែល​រួម​បញ្ចូល​សេចក្ដី​ពិត​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​ស្មោះ​ត្រង់ ឲ្យ​គេ​រស់​ជា​រៀង​រហូត​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ (​ទំនុក​ដំកើង ៣៧:២៨, ២៩​) ពេល​អ្នក​បាន​រៀន​សេចក្ដី​ពិត​នេះ​ពី​ដំបូង​នោះ អ្នក​ច្បាស់​ជា​ចាត់​ទុក​ចំណេះ​នោះ​ជា​រតនសម្បត្ដិ​មែន គឺ​ថា ជា​ចំណេះ​ដែល​បំពេញ​ចិត្ត​គំនិត​យើង​ឲ្យ​ពេញ​ទៅ​ដោយ​សេចក្ដី​សង្ឃឹម​និង​អំណរ។ ចុះ​ឥឡូវ​នេះ​យ៉ាង​ណា​វិញ? ក្នុង​កំឡុង​ពេល​កន្លង​ក្រោយ​មក តើ​ចិត្ត​អប​អរ​ចំពោះ​ចំណេះ​នេះ​បាន​ក្លាយ​ជា​ធម្មតា​វិញ ដូច​ជា​រតនវត្ថុ​ធ្វើ​ពី​ប្រាក់​ដែល​ពណ៌​ទៅ​ជា​ស្រអាប់​ឬ? បើ​ដូច្នេះ​មែន សូម​សាក​ធ្វើ​តាម​ជំហាន​ពីរ​យ៉ាង​ចុះ។ ទី​មួយ សូម​បណ្ដុះ​ឲ្យ​មាន​ចិត្ត​អប​អរ​សារ​ជា​ថ្មី​វិញ គឺ​ថា រំឭក​ខ្លួន​ជា​ញឹក​ញយ​អំពី​មូលហេតុ​ដែល​អ្នក​ចាត់​ទុក​សេចក្ដី​ពិត​និមួយ​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្រៀន​អ្នក​ជា​អ្វី​ដ៏​សំខាន់ រួម​ទាំង​សេចក្ដី​ពិត​នានា​ដែល​អ្នក​បាន​រៀន​ច្រើន​ឆ្នាំ​មុន​នោះ។

ទី​ពីរ ចូរ​រក​រតនវត្ថុ​បន្ថែម​ជា​និច្ច។ ចូរ​គិត​ទៅ​មើល ប្រសិន​បើ​អ្នក​ជីក​រក​ឃើញ​ត្បូង​ពេជ្រ​មួយ​គ្រាប់ តើ​អ្នក​នឹង​ស្កប់​ស្កល់​ចិត្ត​បាន​មួយ​គ្រាប់​ប៉ុណ្ណោះ ហើយ​ដាក់​វា​ក្នុង​ហោប៉ៅ រួច​ដើរ​ចេញ​ទៅ​វិញ​ឬ? ឬ​ក៏ តើ​អ្នក​នឹង​ជីក​រក​ត្បូង​ថែម​ទៀត​នៅ​ទី​កន្លែង​នោះ? ព្រះ​បន្ទូល​របស់​ព្រះ​ពេញ​ទៅ​ដោយ​សេចក្ដី​ពិត​ដែល​ប្រៀប​ដូច​ជា​ត្បូង​ពេជ្រ​និង​ដុំ​ប្រាក់។ មិន​ថា​អ្នក​បាន​ជីក​រក​សេចក្ដី​ពិត​ប៉ុន្មាន​រួច​ហើយ​ក៏​ដោយ អ្នក​នៅ​តែ​អាច​រក​សេចក្ដី​ពិត​ថែម​ទៀត​បាន​ដែរ។ (​រ៉ូម ១១:៣៣​) ពេល​អ្នក​រក​ឃើញ​សេចក្ដី​ពិត​មួយ​ដែល​ប្រៀប​ដូច​ជា​ត្បូង​ពេជ្រ​នោះ សូម​ដណ្ដឹង​សួរ​ខ្លួន​ថា​៖ ‹តើ​ដូច​ម្ដេច​បាន​ជា​ចំណុច​នេះ​មាន​តម្លៃ​ដូច​ជា​រតនវត្ថុ? តើ​ចំណុច​នេះ​ជួយ​ខ្ញុំ​យល់​រឹត​តែ​ច្រើន​ជាង​អំពី​បុគ្គលិក​លក្ខណៈ​ឬ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​បាន​ទេ? តើ​ចំណុច​នេះ​ផ្ដល់​សេចក្ដី​ណែនាំ​ដើម្បី​ជួយ​ខ្ញុំ​ដើរ​តាម​គន្លង​របស់​ព្រះ​យេស៊ូ​ឬ​ទេ?›។ ការ​រំពឹង​គិត​តាម​សំនួរ​បែប​នេះ នឹង​ជួយ​អ្នក​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ឡើង ចំពោះ​សេចក្ដី​ពិត​នានា​ដែល​ព្រះ​យេហូវ៉ា​បាន​បង្រៀន​អ្នក។

ការ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​សេចក្ដី​ពិត​ដែល​យើង​បង្រៀន

៧, ៨. តើ​យើង​អាច​បង្ហាញ​ដល់​អ្នក​ដទៃ​យ៉ាង​ណា​ខ្លះ ថា​យើង​ស្រឡាញ់​នូវ​សេចក្ដី​ពិត​ទាំង​ឡាយ​ដែល​យើង​បាន​រៀន​ពី​ព្រះ​គម្ពីរ? សូម​ប្រាប់​ឧទាហរណ៍។

ពេល​យើង​បង្រៀន​អ្នក​ដទៃ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​បង្ហាញ​ថា យើង​ស្រឡាញ់​នូវ​សេចក្ដី​ពិត​នានា​ដែល​យើង​បាន​រៀន​ពី​ព្រះ​បន្ទូល​របស់​ព្រះ? យើង​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ ដោយ​ពឹង​ផ្អែក​ហើយ​សង្កត់​ធ្ងន់ទៅ​លើ​ព្រះ​គម្ពីរ​ក្នុង​ការ​បង្រៀន​និង​ការ​ផ្សព្វ​ផ្សាយ​របស់​យើង។ ពេល​ថ្មី​ៗ​នេះ រាស្ត្រ​របស់​ព្រះ​ទូទាំង​ពិភព​លោក​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ព្រះ​គម្ពីរ​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​សាធារណៈ​របស់​ពួក​គេ។ ពេល​អ្នក​ធ្វើ​តាម​យោបល់​នោះ សូម​រក​វិធី​ឲ្យ​ម្ចាស់​ផ្ទះ​ដឹង​ថា អ្នក​ផ្ទាល់​ខ្លួន​ទទួល​ស្គាល់​នូវ​តម្លៃ​នៃ​អ្វី​ដែល​អ្នក​កំពុង​តែ​ប្រាប់​ដល់​គាត់​ពី​ព្រះ​គម្ពីរ។—ម៉ាថាយ ១៣:៥២

ឧទាហរណ៍ បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​ពួក​ភេរវជន​នៅ​ទី​ក្រុង​ញូវយ៉ក​នា​ឆ្នាំ​មុន​នេះ បង​ស្រី​គ្រីស្ទាន​ម្នាក់​បាន​អាន​ទំនុក​ដំកើង ៤៦:១, ១១ ជូន​ចំពោះ​មនុស្ស​ដែល​គាត់​ជួប​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​គាត់។ មុន​ដំបូង បង​ស្រី​សួរ​អ្នក​នោះ​ថា បន្ទាប់​ពី​ព្រឹត្ដិការណ៍​ដ៏​ខ្លោច​ផ្សា​ទើប​តែ​កន្លង​ទៅ ឥឡូវ​នេះ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ? បង​ស្រី​ស្ដាប់​គាត់​ឆ្លើយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ក៏​យល់​ស្រប​នឹង​គំនិត​គាត់​ដែរ ថែម​ទាំង​និយាយ​ទៀត​ថា​៖ ​«​ខ្ញុំ​សូម​អាន​បទ​គម្ពីរ​មួយ​ជូន​អ្នក​ស្ដាប់ ជា​បទ​គម្ពីរ​ដែល​ពិត​ជា​សំរាល​ទុក្ខ​ខ្ញុំ​ក្នុង​កំឡុង​គ្រា​លំបាក​នេះ​»។ មាន​មនុស្ស​តិច​ណាស់​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់​បង​ស្រី​យើង ហើយ​បង​ស្រី​ក៏​មាន​ឱកាស​ពិគ្រោះ​គ្នា​យ៉ាង​ល្អ​បាន​ច្រើន​ដង​ផង​ដែរ។ ពេល​បង​ស្រី​នេះ​និយាយ​ជា​មួយ​ពួក​យុវវ័យ​វិញ បង​ស្រី​ច្រើន​តែ​និយាយ​ថា​៖ ​«​មីង​បាន​បង្រៀន​ព្រះ​គម្ពីរ​ជាង​៥០​ឆ្នាំ​ហើយ។ ក្មួយ​ដឹង​ទេ​ថា មីង​មិន​ដែល​ជួប​ប្រទះ​បញ្ហា​ណា​សោះ ដែល​ព្រះ​គម្ពីរ​មិន​អាច​ជួយ​ដោះ​ស្រាយ​បាន​ឡើយ​»។ ដោយ​និយាយ​ស្មោះ​អស់​ពី​ចិត្ត និង​ដោយ​រំភើប​ចិត្ត​ផង​នោះ យើង​បង្ហាញ​ដល់​មនុស្ស​ថា យើង​ស្រឡាញ់​អ្វី​ដែល​យើង​បាន​រៀន​ពី​ព្រះ​គម្ពីរ ហើយ​ចាត់​ទុក​ចំណេះ​នោះ​ជា​អ្វី​ដែល​មាន​តម្លៃ​ដែរ។—ទំនុក​ដំកើង ១១៩:៩៧, ១០៥

៩, ១០. ពេល​យើង​ឆ្លើយ​សំនួរ​អំពី​ជំនឿ​របស់​យើង តើ​ហេតុ​អ្វី​បាន​ជា​សំខាន់​ឲ្យ​យើង​ប្រើ​ព្រះ​គម្ពីរ?

ពេល​មនុស្ស​សួរ​យើង​សំនួរ​អំពី​ជំនឿ​របស់​យើង នេះ​ហុច​ឱកាស​ដ៏​ល្អ​ឲ្យ​យើង​បង្ហាញ​ថា យើង​ស្រឡាញ់​ព្រះ​បន្ទូល​របស់​ព្រះ។ ដោយ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ យើង​មិន​ឆ្លើយ​សំនួរ​ដោយ​អាង​តែ​គំនិត​របស់​យើង​ផ្ទាល់​ទេ។ (​សុភាសិត ៣:៥, ៦​) ផ្ទុយ​ទៅ​វិញ យើង​ប្រើ​ព្រះ​គម្ពីរ​ពេល​ឆ្លើយ​តប​ទៅ​វិញ។ តើ​អ្នក​ខ្លាច​ថា នរ​ណា​ម្នាក់​នឹង​សួរ​សំនួរ​ដែល​អ្នក​មិន​អាច​ឆ្លើយ​បាន​ទេ? អ្នក​អាច​ធ្វើ​តាម​ជំហាន​ពីរ​យ៉ាង ដើម្បី​ដោះ​ស្រាយ​ការ​ពិបាក​នេះ។ ឥឡូវ សូម​ពិនិត្យ​មើល។

១០ ចូរ​ត្រៀម​ខ្លួន​ដោយ​រៀបចំ​ជា​មុន។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ចូរ​ឲ្យ​តាំង​ព្រះ​គ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ​អម្ចាស់​ចុះ! ហើយ​ឲ្យ​ប្រុង​ប្រៀប​ជា​និច្ច ដោយ​សុភាព​ហើយ​កោត​ខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​»។ (​ពេត្រុស​ទី​១ ៣:១៥​) តើ​អ្នក​បាន​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​គាំទ្រ​ជំនឿ​របស់​អ្នក​ឬ​ទេ? ឧបមា​ថា ប្រសិន​ណា​បើ​នរ​ណា​ម្នាក់​ចង់​ដឹង​នូវ​មូលហេតុ​ដែល​អ្នក​មិន​ព្រម​ធ្វើ​តាម​ទំនៀម​ទំលាប់ ឬ​ការ​ប្រព្រឹត្ត​ណា​ដែល​មិន​ស្រប​តាម​ព្រះ​គម្ពីរ សូម​កុំ​ស្កប់​ចិត្ត​ដោយ​ឆ្លើយ​ថា​៖ ​«​ពីព្រោះ​នោះ​ប្រឆាំង​នឹង​សាសនា​ខ្ញុំ​»។ ចម្លើយ​បែប​នេះ​ប្រហែល​ជា​នាំ​ឲ្យ​អ្នក​ដទៃ​គិត​ថា អ្នក​អនុញ្ញាត​ឲ្យ​មនុស្ស​ផ្សេង​ធ្វើ​ការ​សម្រេច​ជំនួស​អ្នក ដូច្នេះ អ្នក​ជា​សមាជិក​នៃ​និកាយ​មួយ​ដែល​ខុស​ប្រក្រតី។ គឺ​ប្រហែល​ជា​ប្រសើរ​ជាង​បើ​អ្នក​ឆ្លើយ​ថា​៖ ​«​ព្រះ​គម្ពីរ ព្រះ​បន្ទូល​របស់​ព្រះ ហាម​មិន​ឲ្យ​ធ្វើ​ដូច្នេះ​»​ ឬ​ក៏ ​«​ការ​ធ្វើ​ដូច្នេះ​មិន​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ​របស់​ខ្ញុំ​»។ ក្រោយ​មក សូម​ពន្យល់​យ៉ាង​សម​ហេតុ​សម​ផល​អំពី​មូលហេតុ។—រ៉ូម ១២:១

១១. តើ​មាន​ឧបករណ៍​ស្រាវ​ជ្រាវ​អ្វី ដែល​អាច​ជួយ​យើង​ប្រុង​ប្រៀប​ដើម្បី​ឆ្លើយ​សំនួរ​អំពី​សេចក្ដី​ពិត​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ?

១១ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​មិន​ទាន់​បាន​ប្រុង​ប្រៀប​ខ្លួន​គ្រប់​គ្រាន់​ទេ សូម​ឆ្លៀត​ពេល​មើល​កូន​សៀវភៅ​ប្រធានបទ​គម្ពីរ​សំរាប់​ការ​ពិគ្រោះ។ a សូម​ជ្រើស​រើស​ប្រធាន​ខ្លះ​ដែល​មនុស្ស​ច្រើន​តែ​សួរ ហើយ​ខំ​ទន្ទេញ​ឲ្យ​ចាំ​ចំណុច​ខ្លះ​ពី​បទ​គម្ពីរ​នានា។ ចូរ​យក​កូន​សៀវភៅ​ប្រធានបទ​គម្ពីរ​សំរាប់​ការ​ពិគ្រោះ និង​ព្រះ​គម្ពីរ​មក​ជា​មួយ​ដើម្បី​ស្រួល​យក​មក​មើល​នៅ​ពេល​ណា​ក៏​បាន។ កុំ​ស្ទាក់​ស្ទើរ​ប្រើ​សៀវភៅ​ទាំង​ពីរ​នេះ​ដោយ​ប្រាប់​ថា អ្នក​មាន​ឧបករណ៍​សំរាប់​ការ​ស្រាវ​ជ្រាវ ដែល​អ្នក​ចូល​ចិត្ត​ប្រើ​ដើម្បី​រក​ចម្លើយ​ពី​ព្រះ​គម្ពីរ។

១២. តើ​យើង​អាច​និយាយ​យ៉ាង​ណា បើ​យើង​មិន​ចេះ​ឆ្លើយ​សំនួរ​ណា​មួយ​អំពី​ព្រះ​គម្ពីរ?

១២ កុំ​ខ្វល់​ខ្វាយ​ច្រើន​ពេក។ គ្មាន​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍​ណា​ដែល​អាច​ឆ្លើយ​សំនួរ​ទាំង​អស់​បាន​ឡើយ។ ដូច្នេះ ពេល​មាន​សំនួរ​ដែល​អ្នក​មិន​អាច​ឆ្លើយ​បាន​នោះ អ្នក​ក៏​អាច​ឆ្លើយ​ដូច​ត​ទៅ​ថា​៖ ​«​លោក​សួរ​ដូច្នេះ គួរ​ចាប់​អារម្មណ៍​ណាស់ ប៉ុន្តែ ខ្ញុំ​អត់​ដឹង​ឆ្លើយ​យ៉ាង​ណា​ទេ។ យ៉ាង​ណា​ក្ដី ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា ព្រះ​គម្ពីរ​ពិគ្រោះ​អំពី​រឿង​នេះ​មែន ហើយ​ខ្ញុំ​ចូល​ចិត្ត​ស្រាវ​ជ្រាវ​ព្រះ​គម្ពីរ ដូច្នេះ​ខ្ញុំ​នឹង​ខំ​ស្វែង​រក​ចម្លើយ​ហើយ​ត្រឡប់​មក​ជួប​លោក​ម្ដង​ទៀត​»។ ការ​និយាយ​យ៉ាង​ទៀង​ត្រង់ ហើយ​ដោយ​ចិត្ត​រាប​ទាប​បែប​នេះ អាច​បើក​ឱកាស​ដើម្បី​ពិគ្រោះ​គ្នា​បន្ត​បន្ទាប់​ទៀត។—សុភាសិត ១១:២

សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដែល​យើង​បង្រៀន

១៣. យើង​គួរ​មាន​ទស្សនៈ​សុទិដ្ឋិនិយម​ចំពោះ​ពួក​អ្នក​ដែល​យើង​ផ្សាយ​ដល់​នោះ តើ​ដោយ​ព្រោះ​ហេតុ​អ្វី?

១៣ ព្រះ​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដែល​ទ្រង់​បង្រៀន។ ស្តី​អំពី​សេចក្ដី​ស្រឡាញ់​នេះ តើ​យើង​អាច​យក​តម្រាប់​តាម​គំរូរបស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច? កុំ​បី​ឲ្យ​យើង​កើត​មាន​ទស្សនៈ​ឥត​មេត្ដា​ចំពោះ​មនុស្សជាតិ​ជុំ​វិញ​យើង​ឡើយ។ ​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​»​កំពុង​តែ​ឆ្ពោះ​មក​ដល់​មែន ហើយ​មនុស្ស​ច្រើន​ក្នុង​លោកីយ៍​នេះ​ច្បាស់​ជា​នឹង​ត្រូវ​វិនាស​ទៅ​ដែរ។ (​វិវរណៈ ១៦:១៤; យេរេមា ២៥:៣៣​) ប៉ុន្តែ យើង​មិន​ដឹង​ថា អ្នក​ណា​នឹង​រស់ ហើយ​អ្នក​ណា​ត្រូវ​ស្លាប់​ទេ។ ការ​ជំនុំ​ជំរះ​នោះ​គឺ​នៅ​មុខ​យើង​នៅ​ឡើយ ហើយ​ស្រេច​តែ​បុគ្គល​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ឲ្យ​ជំនុំ​ជំរះ​ប៉ុណ្ណោះ បុគ្គល​នោះ​គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ ទាល់​តែ​ការ​ជំនុំ​ជំរះ​នោះ​បាន​កន្លង​ផុត​ទៅ​សិន ទើប​យើង​ចាត់​ទុក​មនុស្ស​ម្នាក់​ៗ​ជា​បុគ្គល​ដែល​អាច​ក្លាយ​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​បាន។—ម៉ាថាយ ១៩:២៤​-​២៦; ២៥:៣១​-​៣៣; កិច្ច​ការ ១៧:៣១

១៤. (​ក​) តើ​យើង​អាច​ពិនិត្យ​ខ្លួន​យើង​យ៉ាង​ដូច​ម្ដេច ដើម្បី​ដឹង​ថា យើង​ចេះ​យល់​ចិត្ត​មនុស្ស​ឬ​យ៉ាង​ណា? (​ខ​) តើ​តាម​របៀប​ណា​ខ្លះ ដែល​យើង​អាច​បង្ហាញ​នូវ​ការ​យល់​ចិត្ត និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដទៃ?

១៤ បើ​ដូច្នេះ យើង​ខំ​យល់​ចិត្ត​មនុស្ស ដូច​ព្រះ​យេស៊ូ​បាន​ធ្វើ​ដែរ។ យើង​អាច​សួរ​ខ្លួន​ថា​៖ ‹តើ​ខ្ញុំ​អាណិត​មនុស្ស​ដែល​បាន​ត្រូវ​បោក​បញ្ឆោត​ដោយ​ពាក្យ​កុហក​និង​សំដី​បំភាន់​យ៉ាង​ប៉ិន​ប្រសប់​របស់​សាសនា ពួក​នយោបាយ និង​ពួក​ពាណិជ្ជករ​ឬ​ទេ? បើ​ពួក​គេ​ទំនង​ជា​មិន​អើពើ​នឹង​សារ​ដែល​ខ្ញុំ​ប្រាប់​ដល់​គេ តើ​ខ្ញុំ​រិះ​រក​ស្រាវ​ជ្រាវ​ឲ្យ​យល់​នូវ​មូលហេតុ​ដែល​គេ​គិត​ដូច​នោះ​ដែរ​ឬ​ទេ? តើ​ខ្ញុំ​ទទួល​ស្គាល់​ថា ខ្លួន​ខ្ញុំ​ឬ​អ្នក​ដទៃ​ដែល​កំពុង​តែ​បំរើ​ព្រះ​យេហូវ៉ា ក៏​ធ្លាប់​មាន​អារម្មណ៍​ដូច​អ្នក​នោះ​ពី​មុន​ដែរ​ឬ​ទេ? តើ​ខ្ញុំ​បាន​កែ​ប្រែ​របៀប​ផ្សព្វ​ផ្សាយ​សម​ស្រប​ទៅ​តាម​ទស្សនៈ​របស់​អ្នក​នោះ​ឬ​ទេ? ឬ​មួយ​ក៏ តើ​ខ្ញុំ​មើល​ងាយ​មនុស្ស​បែប​នោះ​ដោយ​ថា គ្មាន​លទ្ធភាព​ជួយ​គេ​ទេ?›។ (​វិវរណៈ ១២:៩​) នៅ​ពេល​ដែល​មនុស្ស​គិត​ថា យើង​យល់​ដល់​ចិត្ត​គេ​នោះ ពួក​គេ​ក៏​ប្រហែល​ជា​នឹង​ស្ដាប់​តាម​សារ​របស់​យើង​វិញ។ (​ពេត្រុស​ទី​១ ៣:៨​) ការ​យល់​ចិត្ត​មនុស្ស​ដទៃ​ក៏​អាច​ជំរុញ​ឲ្យ​យើង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​ទៅ​លើ​មនុស្ស​ដែល​យើង​ជួប​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង។ យើង​អាច​ប្រុង​ស្ដាប់​សំនួរ​និង​កង្វល់​របស់​ពួក​គេ។ ពេល​យើង​ត្រឡប់​ទៅ​ជួប​គេ​វិញ យើង​ប្រហែល​ជា​ចង់​បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​បាន​គិត​អំពី​អ្វី​ដែល​ពួក​គេ​និយាយ​លើក​មុន ហើយ​បើ​គេ​ត្រូវ​ការ​ជំនួយ​ណា​ឥឡូវ​នេះ យើង​ប្រហែល​ជា​អាច​ជួយ​បន្ដិច​បន្តួច​បាន​ដែរ។

១៥. ហេតុ​អ្វី​បាន​ជា​យើង​គួរ​រក​គុណ​សម្បត្ដិ​ដ៏​ល្អ​របស់​មនុស្ស? ហើយ​តើ​យើង​អាច​ធ្វើ​ដូច​នេះ​យ៉ាង​ដូច​ម្ដេច​បាន?

១៥ យើង​ចង់​រក​គុណ​សម្បត្ដិ​ដ៏​ល្អ​របស់​មនុស្ស ដូច​ព្រះ​យេស៊ូ​បាន​ធ្វើ​ដែរ។ ប្រហែល​ជា​មាន​បិតា​ឬ​មាតា​ដែល​គ្មាន​គូ កំពុង​តែ​ព្យាយាម​យ៉ាង​ល្អ​ក្នុង​ការ​អប់រំ​កូន​ៗ។ ប្រហែល​ជា​មាន​ប្ដី​ម្នាក់​ខំ​ពុះ​ពារ​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​គាត់។ ឬ​ក៏​មាន​អ្នក​វ័យ​ចាស់​ម្នាក់​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​ខាង​វិញ្ញាណ។ តើ​យើង​ទទួល​ស្គាល់​គុណ​សម្បត្ដិ​បែប​នេះ​នៃ​មនុស្ស​ដែល​យើង​ជួប ហើយ​សរសើរ​ពួក​គេ​ស្រប​តាម​គុណ​សម្បត្ដិ​នោះ​ឬ​ទេ? ដោយ​ធ្វើ​ដូច្នេះ យើង​បញ្ជាក់​នូវ​ចំណុច​ណា​ដែល​យើង​និង​អ្នក​នោះ​យល់​ស្រប​គ្នា ហើយ​នេះ​អាច​បើក​ឱកាស​ឲ្យ​យើង​ធ្វើ​បន្ទាល់​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន។—កិច្ច​ការ ២៦:២, ៣

ចិត្ត​រាប​ទាប​ត្រូវ​ការ​ជា​ចាំ​បាច់​ក្នុង​ការ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់

១៦. ហេតុ​អ្វី​បាន​ជា​សំខាន់​ឲ្យ​យើង​រក្សា​លក្ខណៈ​សុភាព​និង​ចេះ​គោរព​សិទ្ធិ​របស់​ពួក​អ្នក​ដែល​យើង​ផ្សព្វ​ផ្សាយ​ដល់​នោះ?

១៦ សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដែល​យើង​បង្រៀន​នោះ នឹង​ជំរុញ​យើង​ឲ្យ​ធ្វើ​តាម​ការ​ព្រមាន​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ​ថា​៖ ​«​រីឯ​ចំណេះ នោះ​នាំ​ឲ្យ​ចិត្ត​ប៉ោង​ឡើង តែ​សេចក្ដី​ស្រឡាញ់​ស្អាង​ចិត្ត​ឡើង​វិញ​»។ (​កូរិនថូស​ទី​១ ៨:១​) ព្រះ​យេស៊ូ​មាន​ចំណេះ​ដ៏​ខ្ពង់​ខ្ពស់ តែ​ទ្រង់​គ្មាន​អំនួត​ទេ។ ពេល​អ្នក​ទៅ​ផ្សព្វ​ផ្សាយ​និង​ប្រាប់​អំពី​ជំនឿ​របស់​អ្នក ចូរ​ជៀស​វាង​ការ​ផ្ចាញ់​ផ្ចាល ឬ​មួយ​ក៏​ឫកពា​ឆ្មើង​ឆ្មៃ។ យើង​មាន​គោល​ដៅ​ចង់​មាន​អានុភាព​លើ​ចិត្ត​របស់​មនុស្ស ហើយ​ទាក់​ទាញ​ឲ្យ​មនុស្ស​ទទួល​ស្គាល់​នូវ​សេចក្ដី​ពិត​ទាំង​ឡាយ​ដែល​យើង​ស្រឡាញ់។ (​កូល៉ុស ៤:៦​) សូម​ចាំ​មិន​ភ្លេច​ថា ពេល​ពេត្រុស​បាន​ទូន្មាន​បណ្ដា​គ្រីស្ទាន​ឲ្យ​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​គាំទ្រ​ជំនឿ នោះ​គាត់​បាន​ទាំង​រំឭក​ពួក​គេ​ថា ត្រូវ​ធ្វើ​ដូច្នេះ​«​ដោយ​សុភាព ហើយ​កោត​ខ្លាច​»។ (​ពេត្រុស​ទី​១ ៣:១៥​) ប្រសិន​បើ​យើង​មាន​លក្ខណៈ​សុភាព​និង​ចេះ​គោរព​សិទ្ធិ​អ្នក​ដទៃ នោះ​យើង​អាច​មាន​សមត្ថភាព​ច្រើន​ជាង​ក្នុង​ការ​បណ្ដាល​ឲ្យ​មនុស្ស​ចង់​មក​ឯ​ព្រះ​ដែល​យើង​បំរើ។

១៧, ១៨. (​ក​) ពេល​អ្នក​ខ្លះ​មាន​អាកប្បកិរិយា​ចង់​មើល​ងាយ​សមត្ថភាព​បង្រៀន​របស់​យើង​ជា​អ្នក​ផ្សព្វ​ផ្សាយ តើ​យើង​គួរ​មាន​ទឹក​ចិត្ត​យ៉ាង​ណា? (​ខ​) ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​សិក្សា​ព្រះ​គម្ពីរ​មិន​ចាំ​បាច់​ចេះ​ភាសា​បុរាណ​របស់​ព្រះ​គម្ពីរ​ទេ?

១៧ យើង​មិន​ត្រូវ​មាន​ចិត្ត​ចង់​ធ្វើ​ឲ្យ​មនុស្ស​កោត​ស្ងើច​នឹង​ចំណេះ​របស់​យើង ឬ​ការ​អប់រំ​ដែល​យើង​បាន​ទទួល​នោះ​ឡើយ។ កាល​បើ​មនុស្ស​ខ្លះ​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក​មិន​ព្រម​ស្ដាប់​មនុស្ស​ដែល​គ្មាន​សញ្ញា​ប័ត្រ​ពី​សកល​វិទ្យាល័យ​ឬ​មុខ​ងារ​ធំ​ដុំ​ទេ កុំ​អនុញ្ញាត​ឲ្យ​ទស្សនៈ​របស់​គេ​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ ព្រះ​យេស៊ូ​មិន​បាន​រវល់​សណ្ដាប់​ពួក​អ្នក​ដែល​ជំទាស់​ថា ទ្រង់​មិន​បាន​ចូល​សាលា​របស់​ពួក​គ្រូ​ធំ​ដុំ​នៅ​ជំនាន់​ទ្រង់​ឡើយ។ ព្រះ​យេស៊ូ​ក៏​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​កោត​ស្ងើច​នឹង​ចំណេះ​ដ៏​ច្រើន​របស់​ទ្រង់ ដោយ​ធ្វើ​តាម​ទស្សនៈ​របស់​មនុស្ស​នៅ​ជំនាន់​នោះ​ទេ។—យ៉ូហាន ៧:១៥

១៨ ជន​គ្រីស្ទាន​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​នោះ ចាត់​ទុក​ចិត្ត​រាប​ទាប​និង​សេចក្ដី​ស្រឡាញ់ ជា​អ្វី​ដែល​សំខាន់​ជាង​ការ​អប់រំ​ខ្ពស់​ប៉ុន​ណា​ពី​លោកីយ៍​នេះ​ទៅ​ទៀត។ ព្រះ​យេហូវ៉ា ជា​អ្នក​អប់រំ​ដ៏​ឧត្តម ទ្រង់​ជួយ​យើង​ឲ្យ​មាន​លក្ខណៈ​គ្រប់​គ្រាន់​សំរាប់​កិច្ច​បំរើ​ផ្សាយ។ (​កូរិនថូស​ទី​២ ៣:៥, ៦​) ទោះ​ជា​បព្វជិត​នៃ​ពិភព​គ្រីស្ទ​សាសនា​និយាយ​យ៉ាង​ណា​ក៏​ដោយ យើង​មិនចាំ​បាច់​រៀន​ភាសា​បុរាណ​របស់​ព្រះ​គម្ពីរ ដើម្បី​ធ្វើ​ជា​អ្នក​បង្រៀន​ព្រះ​បន្ទូល​របស់​ព្រះ​នោះ​ទេ។ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​សរសេរ​ព្រះ​គម្ពីរ​ដោយ​ប្រើ​ពាក្យ​ជាក់​ច្បាស់​ដល់​ម្ល៉េះ​ដែល​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​អាច​យល់​នូវ​សេចក្ដី​ពិត​នានា​នោះ​ដែល​មាន​តម្លៃ។ សូម្បី​តែ​ពេល​បក​ប្រែ​សេចក្ដី​ពិត​ទាំង​នោះ​ទៅ​ជា​រាប់​រយ​ភាសា​ក្ដី នោះ​បន្ទូល​ទ្រង់​នៅ​តែ​ច្បាស់​លាស់​ដដែល។ ដូច្នេះ ថ្វី​បើ​ការ​ចេះ​ភាសា​បុរាណ​អាច​ជួយ​បាន​យូរ​ៗ​ម្ដង​ក្ដី ចំណេះ​នោះ​មិន​ចាំ​បាច់​ណាស់​ណា​ទេ។ ម្យ៉ាង​ទៀត អំនួត​ដែល​មក​ពី​ការ​ចេះ​ភាសា​ផ្សេង​ៗ​នោះ អាច​បណ្ដាល​ឲ្យ​យើង​បាត់​នូវ​លក្ខណៈ​ដ៏​សំខាន់​សំរាប់​ខ្លួន​ជា​ជន​គ្រីស្ទាន ពោល​គឺ ចិត្ត​រាប​ទាប​ដែល​យល់​ព្រម​រៀន។—ធីម៉ូថេ​ទី​១ ៦:៤

១៩. កិច្ច​បំរើ​ផ្សាយ​គ្រីស្ទាន​របស់​យើង ជា​កិច្ច​ការ​បំរើ​មនុស្សជាតិ។ តើ​តាម​របៀប​ណា?

១៩ កិច្ច​បំរើ​ផ្សាយ​គ្រីស្ទាន​របស់​យើង​ពិត​ជា​កិច្ចការ​ដែល​តម្រូវ​ឲ្យ​យើង​មាន​អាកប្បកិរិយា​រាប​ទាប។ យើង​សុខ​ចិត្ត​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង ភាព​កន្តើយ ឬ​រហូត​ដល់​ទទួល​ការ​បៀត​បៀន​ជា​ញឹក​ញយ​ក៏​មាន។ (​យ៉ូហាន ១៥:២០​) ប៉ុន្តែ ដោយ​យើង​បន្ត​ធ្វើ​កិច្ច​បំរើ​ផ្សាយ​របស់​យើង​យ៉ាង​ស្មោះ​ត្រង់​នោះ យើង​កំពុង​តែ​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់។ ប្រសិន​បើ​យើង​បន្ត​បំរើ​មនុស្ស​ដទៃ​ក្នុង​កិច្ច​ការ​នេះ​ដោយ​មាន​ចិត្ត​រាប​ទាប នោះ​យើង​យក​តម្រាប់​តាម​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​បង្ហាញ​ដល់​មនុស្ស។ សូម​គិត​ទៅ​មើល ប្រសិន​បើ​យើង​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​មួយ​ពាន់​នាក់​ដែល​មាន​ភាព​កន្តើយ ឬ​មួយ​ក៏​ប្រឆាំង​យើង តែ​ដើម្បី​រក​ឃើញ​មនុស្ស​តែ​ម្នាក់​ដែល​អាច​ប្រៀប​ដូច​ជា​ចៀម នោះ​នៅ​តែ​ជា​លទ្ធផល​សម​ល្មម មែន​ទេ? ពិត​ជា​សម​មែន! ដូច្នេះ បើ​យើង​ខំ​ព្យាយាម​ក្នុង​កិច្ច​ការ​នេះ ដោយ​មិន​ចេះ​ឈប់​ឡើយ នោះ​បង្ហាញ​ថា​យើង​កំពុង​តែ​បន្ត​ធ្វើ​ស្មោះ​អស់​ពី​ចិត្ត​ក្នុង​ការ​បំរើ​មនុស្ស​ទាំង​ឡាយ​ដែល​ប្រៀប​ដូច​ចៀម ដែល​យើង​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ។ ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​ច្បាស់​ជា​នឹង​នាំ​ឲ្យ​យើង​ជួប​មនុស្ស​ច្រើន​ទៀត​បែប​នេះ​ដែល​មាន​តម្លៃ ដើម្បី​ជួយ​គេ​មុន​នឹង​ទី​បញ្ចប់​មក​ដល់។—ហាកាយ ២:៧

២០. តើ​យើង​អាច​បង្រៀន​យ៉ាង​ណា​ខ្លះ ដោយ​គំរូ​របស់​យើង?

២០ ការ​បង្រៀន​ដោយ​តាំង​ជា​គំរូ នេះ​ជា​វិធី​មួយ​ទៀត​ដែល​យើង​បង្ហាញ​ថា យើង​សុខ​ចិត្ត​បំរើ​អ្នក​ដទៃ។ ឧទាហរណ៍ យើង​ចង់​បង្រៀន​ដល់​អ្នក​ដទៃ​ថា ការ​បំរើ​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​មាន​ព្រះ​ទ័យ​សប្បាយ​»​ គឺ​ជា​របៀប​រស់​នៅ​ដ៏​ប្រសើរ​បំផុត ហើយ​ពេញ​ចិត្ត​ផង។ (​ធីម៉ូថេ​ទី​១ ១:១១, ព.ថ.​) ពេល​ពួក​គេ​មើល​ចរិយា​របស់​យើង ព្រម​ទាំង​របៀប​ដែល​យើង​ប្រព្រឹត្ត​លើ​ពួក​អ្នក​ជិត​ខាង មិត្ត​រួម​ថ្នាក់ និង​អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា តើ​គេ​នឹង​ឃើញ​ថា យើង​មាន​សុភមង្គល​និង​ស្កប់​ស្កល់​ចិត្ត​ឬ​ទេ? ស្រដៀង​គ្នា​ដែរ យើង​ក៏​បង្រៀន​សិស្ស​សិក្សា​ព្រះ​គម្ពីរ​ឲ្យ​ដឹង​ថា ក្រុម​ជំនុំ​គ្រីស្ទាន​ជា​ទី​ជ្រក​កោន​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ក្នុង​លោកីយ៍​ដ៏​កាច​សាហាវ​នេះ​ដែល​មិន​ចេះ​ស្រឡាញ់​ឡើយ។ តើ​សិស្ស​សិក្សា​ជា​មួយ​យើង​ពិត​ជា​អាច​ឃើញ​ទេ​ថា យើង​ស្រឡាញ់​បង​ប្អូន​ទាំង​ឡាយ​ក្នុង​ក្រុម​ជំនុំ​យើង និង​ព្យាយាម​រក្សា​ឲ្យ​មាន​មិត្តភាព​រវាង​គ្នា​និង​គ្នា?—ពេត្រុស​ទី​១ ៤:៨

២១, ២២. (​ក​) តើ​ការ​ពិនិត្យ​មើល​ខ្លួន​យើង ស្តី​អំពី​កិច្ច​បំរើ​ផ្សាយ​របស់​យើង អាច​ជំរុញ​ឲ្យ​យើង​ឆ្លៀត​យក​ឱកាស​ធ្វើ​អ្វី​ខ្លះ? (​ខ​) ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ខែ​ក្រោយ តើ​នឹង​មាន​អត្ថបទ​ពិគ្រោះ​អំពី​អ្វី​ខ្លះ?

២១ យូរ​ៗ​ម្ដង ចិត្ត​ស្មោះ​ស្ម័គ្រ​ចំពោះ​កិច្ច​បំរើ​ផ្សាយ​របស់​យើង អាច​ជំរុញ​ឲ្យ​យើង​ពិនិត្យ​មើល​ខ្លួន​យើង​សារ​ជា​ថ្មី។ បង​ប្អូន​ជា​ច្រើន​ដែល​ធ្វើ​ដូច្នេះ​យ៉ាង​ស្មោះ ឃើញ​ថា ពួក​គេ​មាន​កាលៈទេសៈ​អាច​ពង្រីក​កិច្ច​បំរើ​ផ្សាយ​របស់​ខ្លួន ដោយ​ចាប់​ផ្ដើម​ធ្វើ​កិច្ច​បំរើ​ផ្សាយ​ពេញ​ពេល ឬ​ដោយ​រើ​ទៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង។ បង​ប្អូន​ឯ​ទៀត​សម្រេច​ចិត្ត​រៀន​ភាសា​បរទេស ដើម្បី​ជួយ​ផ្សាយ​ដល់​មនុស្ស​សាសន៍​ផ្សេង ដែល​មាន​រឹត​តែ​ច្រើន​ឡើង​ក្នុង​តំបន់​ផ្សាយ​របស់​ក្រុម​ជំនុំ​ផ្ទាល់។ ប្រសិន​បើ​អ្នក​អាច​ធ្វើ​ដូច​នេះ​ដែរ សូម​គិត​ពិចារណា​យ៉ាង​ហ្មត់​ចត់ និង​ដោយ​សេចក្ដី​អធិស្ឋាន។ ជីវិត​ដែល​ពេញ​ទៅ​ដោយ​កិច្ច​ការ​បំរើ​នោះ នាំ​ឲ្យ​មាន​អំណរ ចិត្ត​ស្កប់​ស្កល់ និង​អារម្មណ៍​ស្ងប់​ក្នុង​ចិត្ត​ផង​ដែរ។—សាស្ដា ៥:១២

២២ ចូរ​ឲ្យ​យើង​បន្ត​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ​គ្រប់​បែប​គ្រប់​យ៉ាង ដោយ​បង្កើន​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​សេចក្ដី​ពិត​ទាំង​ឡាយ​ដែល​យើង​បង្រៀន ព្រម​ទាំង​ស្រឡាញ់​ពួក​អ្នក​ដែល​យើង​បង្រៀន​ដែរ។ ការ​បណ្ដុះ​និង​ការ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​តាម​វិធី​ពីរ​នេះ នឹង​ជួយ​យើង​ស្ថាបនា​នូវ​មូលដ្ឋាន​ដ៏​ល្អ​ដើម្បី​ធ្វើ​ជា​អ្នក​បង្រៀន​ដូច​ព្រះ​គ្រីស្ទ។ ប៉ុន្តែ តើ​ដោយ​ដូច​ម្ដេច​ដែល​យើង​អាច​បន្ថែម​ទៅ​លើ​មូលដ្ឋាន​នេះ? ទស្សនាវដ្ដី​ប៉ម​យាម​ខែ​ក្រោយ​នឹង​មាន​អត្ថបទ​មួយ​ចំនួន​ដែល​នឹង​ពិគ្រោះ​អំពី​វិធី​ជាក់​លាក់​ខ្លះ​ដែល​ព្រះ​យេស៊ូ​ប្រើ​ក្នុង​ការ​បង្រៀន។

[​កំណត់​សម្គាល់​]

a បោះ​ពុម្ព​ដោយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​អ្វី​បញ្ជាក់​ថា គំរូ​របស់​ព្រះ​យេស៊ូ​ជា​អ្នក​បង្រៀន​នោះ មិន​មែន​ខ្ពស់​ពន់​ពេក​ឲ្យ​យើង​ត្រាប់​តាម​ទេ?

• តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា យើង​ស្រឡាញ់​នូវ​សេចក្ដី​ពិត​ទាំង​ឡាយ​ដែល​យើង​បាន​រៀន​ពី​ព្រះ​គម្ពីរ?

• ហេតុ​អ្វី​បាន​ជា​សំខាន់​ឲ្យ​យើង​រក្សា​ចិត្ត​រាប​ទាប​ពេល​យើង​មាន​ចំណេះ​ចំរើន​ឡើង?

• តើ​តាម​របៀប​ណា​ខ្លះ ដែល​យើង​អាច​បង្ហាញ​ថា យើង​ស្រឡាញ់​ពួក​អ្នក​ដែល​យើង​ចង់​បង្រៀន​នោះ?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​២៤​]

ចូរ​ត្រៀម​ខ្លួន​ដើម្បី ប្រុង​ប្រៀប​ឆ្លើយ​ជា​និច្ច

[​រូប​ភាព​នៅ​ទំព័រ​២៥​]

បើ​អ្នក​ចាត់​ទុក​«​សេចក្ដី​ស្គាល់​ដល់​ព្រះ​»​ជា​រតនវត្ថុ អ្នក​ក៏​អាច​ប្រើ ព្រះ​គម្ពីរ​ដោយ​មាន​ប្រសិទ្ធិភាព​ដែរ