លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នកដែលត្រូវទឹកចិត្តជំរុញដោយ«អស់ទាំងការអស្ចារ្យរបស់ព្រះ»

អ្នកដែលត្រូវទឹកចិត្តជំរុញដោយ«អស់ទាំងការអស្ចារ្យរបស់ព្រះ»

អ្នក​ដែល​ត្រូវ​ទឹក​ចិត្ត​ជំរុញ​ដោយ​«​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​»​

​«​យើង​ទាំង​អស់​គ្នា​ឮ​គេ​និយាយ​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​រៀង​ខ្លួន​»។—កិច្ច​ការ ២:១១

១, ២. នៅ​ទី​ក្រុង​យេរូសាឡិម​ក្នុង​កំឡុង​បុណ្យ​ថ្ងៃ​ទី​៥០ នៅ​ឆ្នាំ​៣៣​ស.យ. តើ​ការ​ដ៏​អស្ចារ្យ​អ្វី​បាន​កើត​ឡើង?

 នៅ​ថ្ងៃ​អាទិត្យ​ពេល​ព្រឹក​នៅ​ឆ្នាំ​៣៣​ស.យ. មាន​អ្វី​ដ៏​អស្ចារ្យ​បាន​កើត​ឡើង​ដល់​ពួក​សិស្ស​មួយ​ក្រុម​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ពេល​ដែល​ពួក​គេ​កំពុង​ជួប​ជុំ​គ្នា​ក្នុង​ផ្ទះ​ឯកជន​មួយ​នៅ​ទី​ក្រុង​យេរូសាឡិម។ ​«​ស្រាប់​តែ​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ ក៏​មាន​អណ្ដាត ដូច​ជា​អណ្ដាត​ភ្លើង ដែល​បែក​ចេញ​ពី​គ្នា លេច​មក​ឲ្យ​គេ​ឃើញ . . . រួច​គេ​បាន​ពេញ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់ ក៏​តាំង​និយាយ​ភាសា​ផ្សេង​ៗ​»។—កិច្ច​ការ ២:២​-​៤, ១៥

មនុស្ស​មក​កក​កុញ​ជុំ​គ្នា​នៅ​មុខ​ផ្ទះ​នោះ។ ក្នុង​ចំណោម​អ្នក​ទាំង​នេះ មាន​ជនជាតិ​យូដា​ដែល​កើត​នៅ​ប្រទេស​ផ្សេង​ទៀត និង​ជា​«​អ្នក​កោត​ខ្លាច​ដល់​ព្រះ​»​ ហើយ​បាន​មក​ទី​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​ថ្ងៃ​ទី​៥០។ អ្នក​ទាំង​នេះ​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ដោយ​សារ​ពួក​គេ​ឮ​សិស្ស​របស់​ព្រះ​យេស៊ូ​និយាយ​ជា​ភាសា​ពួក​គេ​រៀង​ខ្លួន​អំពី​«​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​»។ បើ​សិស្ស​ទាំង​នេះ​របស់​ព្រះ​យេស៊ូ​មក​ពី​ស្រុក​កាលីឡេ​នោះ តើ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច​បាន?—កិច្ច​ការ ២:៥​-​៨, ១១

៣. តើ​សាវ័ក​ពេត្រុស​បាន​ពន្យល់​ដូច​ម្ដេច ដល់​ហ្វូង​មនុស្ស​នៅ​បុណ្យ​ថ្ងៃ​ទី​៥០​នោះ?

ក្នុង​ចំណោម​អ្នក​និយាយ​ភាសា​ផ្សេង​ៗ​ដែល​មក​ពី​ស្រុក​កាលីឡេ​នោះ មាន​សាវ័ក​ពេត្រុស។ ពេត្រុស​បាន​ពន្យល់​ថា​ពីរ​បី​សប្ដាហ៍​មុន ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ត្រូវ​បុរស​ទុច្ចរិត​ធ្វើ​គុត។ ប៉ុន្តែ ព្រះ​បាន​ប្រោស​រាជបុត្រា​របស់​ទ្រង់​ឲ្យ​មាន​ព្រះ​ជន្ម​ឡើង​វិញ។ ក្រោយ​នោះ ព្រះ​យេស៊ូ​បាន​លេច​មក​ឲ្យ​សិស្ស​ជា​ច្រើន​របស់​ទ្រង់​ឃើញ រួម​មាន​ពេត្រុស​និង​សិស្ស​ឯ​ទៀត​ដែល​មាន​វត្តមាន​នៅ​បុណ្យ​ថ្ងៃ​ទី​៥០​នោះ​ដែរ។ គ្រាន់​តែ​១០​ថ្ងៃ​មុន​នោះ ព្រះ​យេស៊ូ​បាន​ឡើង​ទៅ​ស្ថាន​សួគ៌។ គឺ​ជា​ព្រះ​យេស៊ូ​ទេ​ដែល​បាន​ប្រទាន​វិញ្ញាណ​បរិសុទ្ធ​ដល់​ពួក​សិស្ស​របស់​ទ្រង់។ តើ​នេះ​គួរ​មាន​សារ:សំខាន់​ចំពោះ​អ្នក​ដែល​បាន​មក​ចូល​រួម​បុណ្យ​ថ្ងៃ​ទី​៥០​ឬ​ទេ? ពិត​ជា​មាន​សារ​សំខាន់​មែន។ ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​បាន​ផ្ដល់​មូលដ្ឋាន​គ្រឹះ សំរាប់​ការ​ទទួល​នូវ​ការ​អត់​ឱន​ទោស​ចំពោះ​អំពើ​បាប​របស់​ខ្លួន និង​ទទួល​«​អំណោយ​ទាន ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​»​បើ​ពួក​គេ​បង្ហាញ​ជំនឿ​ទៅ​លើ​ទ្រង់។ (​កិច្ច​ការ ២:២២​-​២៤, ៣២, ៣៣, ៣៨​) ដូច្នេះ តើ​អ្នក​ដែល​បាន​ឃើញ​នេះ​មាន​ប្រតិកម្ម​យ៉ាង​ណា ចំពោះ​«​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​»​ដែល​ពួក​គេ​បាន​ឮ​នេះ? ហើយ​តើ​កំណត់​ហេតុ​នេះ​អាច​ជួយ​យើង​វាយ​តម្លៃ​កិច្ច​បំរើ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

ទឹក​ចិត្ត​របស់​ពួក​គេ​ត្រូវ​ជំរុញ​ឲ្យ​ចាប់​ផ្ដើម​មាន​សកម្មភាព!

៤. តើ​ទំនាយ​អ្វី​របស់​យ៉ូអែល​បាន​ត្រូវ​សម្រេច​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ នៅ​ឆ្នាំ​៣៣​ស.យ.?

ដោយ​សារ​ពួក​សិស្ស​នៅ​ទី​ក្រុង​យេរូសាឡិម​បាន​ទទួល​វិញ្ញាណ​បរិសុទ្ធ​នោះ ពួក​គេ​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ភ្លាម​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់​នូវ​ដំណឹង​ល្អ​អំពី​សេចក្ដី​សង្គ្រោះ ដោយ​ផ្សព្វ​ផ្សាយ​ដល់​ហ្វូង​មនុស្ស​ដែល​បាន​ជួប​ជុំ​គ្នា នា​ព្រឹក​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣​ស.យ.។ ការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ​បាន​សម្រេច​នូវ​ទំនាយ​ដ៏​អស្ចារ្យ ដែល​បាន​កត់​ទុក​អស់​រយៈ​ពេល​ប្រាំ​បី​សតវត្ស​មុន​ដោយ​យ៉ូអែល​ជា​កូន​ពេធូអែល​ថា​៖ ​«​អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ​ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​ស្រី​របស់​ឯង​នឹង​ទាយ ពួក​ចាស់​ៗ​របស់​ឯង​នឹង​យល់​សប្ដិ​ឃើញ ហើយ​ពួក​កំឡោះ​ៗ​របស់​ឯង​នឹង​ឃើញ​ការ​ជាក់​ស្តែង។ នៅ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ ទៅ​លើ​ទាំង​ពួក​ទាសា​ទាសី​ដែរ . . . មុន​ដែល​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់​»។—យ៉ូអែល ១:១; ២:២៨, ២៩, ៣១; កិច្ច​ការ ២:១៧, ១៨, ២០

៥. តើ​ដូច​ម្ដេច​ដែល​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​បាន​ទាយ? (​សូម​មើល​សម្គាល់​ហេតុ​ខាង​លើ​)

តើ​នេះ​មាន​ន័យ​ថា​ព្រះ​នឹង​បង្កើត​ព្យាការី​មួយ​ក្រុម​ទាំង​ប្រុស​ទាំង​ស្រី​ដូច​ជា​ដាវីឌ យ៉ូអែល និង​ដេបូរ៉ា ហើយ​ប្រើ​ពួក​គេ​ដើម្បី​ទាយ​អំពីរឿង​អនាគត​ឬ? អត់​ទេ!។ ពួក​គ្រីស្ទាន​ដែល​ជា‹កូន​ប្រុស​ស្រី​និង​ពួក​ទាសា​ទាសី›នឹង​ទាយ​ក្នុង​ន័យ​ថា ពួក​គេ​នឹង​ត្រូវ​ជំរុញ​ដោយ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា ឲ្យ​ប្រកាស​ផ្សាយ​«​អស់​ទាំង​ការ​អស្ចារ្យ​»​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​នៅ​អតីតកាល​ហើយ​នឹង​ធ្វើ​នៅ​អនាគត។ ដូច្នេះ អ្នក​ទាំង​នេះ​នឹង​បំរើ​ជា​អ្នក​នាំ​សារ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត។ a ប៉ុន្តែ តើ​ហ្វូង​មនុស្ស​ដែល​កំពុង​តែ​ស្ដាប់​នោះ​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា?—ហេព្រើរ ១:១, ២

៦. ពេល​ហ្វូង​មនុស្ស​រំជួល​ចិត្ត​នឹង​ការ​ពន្យល់​របស់​ពេត្រុស តើ​ពួក​គេ​បាន​ធ្វើ​អ្វី?

ក្រោយ​ហ្វូង​មនុស្ស​បាន​ឮ​ការ​ពន្យល់​របស់​ពេត្រុស នោះ​ពួក​គេ​ជា​ច្រើន​នាក់​បាន​រំជួល​ចិត្ត​ចង់​ធ្វើ​តាម​ជា​ខ្លាំង។ អ្នក​ទាំង​នោះ​បាន​«​ទទួល​ពាក្យ​របស់​គាត់​ដោយ​អំណរ​»​រួច​«​ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​ដដែល​នោះ មាន​ប្រហែល​ជា​៣​ពាន់​នាក់​ថែម​កើន​ឡើង​ទៀត​»។ (​កិច្ច​ការ ២:៤១​) ដោយ​សារ​អ្នក​ទាំង​នេះ​ជា​សាសន៍​យូដា​និង​សាសន៍​ផ្សេង​ទៀត​ដែល​បាន​ផ្លាស់​សាសនា​កាន់​សាសនា​យូដា​នោះ ពួក​គេ​មាន​ចំណេះ​បឋម​អំពី​បទ​គម្ពីរ​រួច​ហើយ។ ចំណេះ​នោះ​ផ្សំ​គ្នា​ជា​មួយ​នឹង​ជំនឿ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​បាន​រៀន​ពី​ពេត្រុស នោះ​បាន​ក្លាយ​ជា​មូលដ្ឋាន​ឲ្យ​ពួក​គេ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​«​ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​»។ (​ម៉ាថាយ ២៨:១៩​) ក្រោយ​ពួក​គេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​«​អ្នក​ទាំង​នោះ​ក៏​នៅ​តែ​ព្យាយាម​ក្នុង​សេចក្ដី​បង្រៀន​របស់​ពួក​សាវក​»។ នៅ​ពេល​ជា​មួយ​គ្នា​នឹង​នេះ ពួក​គេ​ចាប់​ផ្ដើម​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​ថ្មី​របស់​ខ្លួន។ ​«​រាល់​តែ​ថ្ងៃ គេ​នៅ​តែ​ព្យាយាម​ក្នុង​ព្រះ​វិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា . . . សរសើរ​ដល់​ព្រះ ហើយ​បណ្ដា​ជន​ទាំង​អស់​គ្នា​ក៏​រាប់​អាន​គេ​»។ ជា​លទ្ធផល​នៃ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នេះ​«​[​ព្រះ​យេហូវ៉ា​]ទ្រង់​ក៏​បន្ថែម​នូវ​អស់​អ្នក ដែល​កំពុង​តែ​បាន​សង្គ្រោះ​រាល់​តែ​ថ្ងៃ ទៅ​ក្នុង​ពួក​ជំនុំ​ថែម​ទៀត​»។ (​កិច្ច​ការ ២:៤២, ៤៦, ៤៧​) ក្រុម​ជំនុំ​គ្រីស្ទាន​បាន​ផុស​ឡើង​នៅ​ប្រទេស​ជា​ច្រើន​ដែល​អ្នក​ជឿ​ថ្មី​ៗ​នេះ​រស់​នៅ។ ហេតុ​មួយ​ដែល​បាន​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​នេះ គឺ​ជា​ការ​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​»​របស់​ពួក​គេ​ពេល​ត្រឡប់​ទៅ​ស្រុក​ខ្លួន​វិញ។—កូល៉ុស ១:២៣

ព្រះ​បន្ទូល​របស់​ព្រះ​ពូកែ​ណាស់

៧. (​ក​) តើ​អ្វី​ដែល​ទាក់​ទាញ​មនុស្ស​គ្រប់​សាសន៍​មក​អង្គការ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ? (​ខ​) តើ​អ្នក​សង្កេត​ឃើញ​ថា​កិច្ច​ផ្សព្វ​ផ្សាយ​ទូទាំង​ពិភព​លោក​និង​នៅ​តំបន់​របស់​អ្នក​សព្វ​ថ្ងៃ​នេះ​មាន​លទ្ធភាព​រីក​ចំរើន​ដល់​កំរិត​ណា? (​សូម​មើល​សម្គាល់​ហេតុ​ខាង​លើ​)

ចុះ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​ចង់​បំរើ​ព្រះ​សព្វ​ថ្ងៃ​នេះ? អ្នក​ទាំង​នេះ​ក៏​ត្រូវ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ហ្មត់​ចត់​ដែរ។ ពេល​អ្នក​ទាំង​នេះ​សិក្សា ពួក​គេ​នឹង​ស្គាល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​«​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ​»។ (​និក្ខមនំ ៣៤:៦; កិច្ច​ការ ១៣:៤៨​) ពួក​គេ​ក៏​នឹង​រៀន​អំពី​តម្លៃ​លោះ​ដែល​ជា​សំ​វិធានការ​ដ៏​សប្បុរស​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​អាច​លាង​បាប​យើង​ដោយ​ព្រះ​លោហិត​របស់​ទ្រង់។ (​យ៉ូហាន​ទី​១ ១:៧​) អ្នក​ទាំង​នោះ​ក៏​មាន​ចិត្ត​កតញ្ញូ​ដោយ​សារ​ពួក​គេ​អាច​យល់​ថា ព្រះ​មាន​គោល​បំណង​ឲ្យ‹មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត​រស់​ឡើង​វិញ​ទាំង​អស់​គ្នា›។ (​កិច្ច​ការ ២៤:១៥​) សេចក្ដី​ស្រឡាញ់​ចំពោះ​ប្រភព​នៃ​«​អស់​ទាំង​ការ​អស្ចារ្យ​»​ទាំង​នេះ នឹង​ផុស​ឡើង​ក្នុង​ចិត្ត​របស់​ពួក​គេ​និង​ជំរុញ​ពួក​គេ​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដ៏​វិសេស​នេះ។ ពួក​គេ​ក្លាយ​ជា​អ្នក​បំរើ​ព្រះ​ដែល​បាន​ថ្វាយ​ខ្លួន​និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​និង​បន្ត​«​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង​»។ bកូល៉ុស ១:១០​ខ; កូរិនថូស​ទី​២ ៥:១៤

៨​-​១០. (​ក​) តើ​បទ​ពិសោធន៍​របស់​ស្ត្រី​គ្រីស្ទាន​ម្នាក់​បញ្ជាក់​ដូច​ម្ដេច​ថា​បន្ទូល​របស់​ព្រះ​គឺ​«​ពូកែ​»​? (​ខ​) តើ​បទ​ពិសោធន៍​នេះ​បាន​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា និង​របៀប​ទ្រង់​ប្រព្រឹត្ត​ទៅ​លើ​អ្នក​បំរើ​របស់​ទ្រង់? (​និក្ខមនំ ៤:១២​)

ចំណេះ​ដែល​អ្នក​បំរើ​របស់​ព្រះ​ទទួល​ពី​ការ​សិក្សា​ព្រះ​គម្ពីរ គឺ​មិន​មែន​រាក់​ៗ​នោះ​ទេ។ ចំណេះ​បែប​នេះ​ជំរុញ​ចិត្ត​របស់​ពួក​គេ​ឲ្យ​កែ​ប្រែ​របៀប​ដែល​ពួក​គេ​គិត និង​នៅ​ដិត​ជាប់​ក្នុង​ចិត្ត​របស់​ពួក​គេ។ (​ហេព្រើរ ៤:១២​) ជាក់​ស្តែង​ដូច​ជា​ស្ត្រី​ម្នាក់​ឈ្មោះ ខាមីល​ដែល​ប្រកប​មុខ​របរ​ជា​អ្នក​ថែ​រក្សា​ជន​ចាស់​ជរា។ បុគ្គល​ម្នាក់​ដែល​គាត់​ត្រូវ​ថែ​រក្សា​គឺ​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ឈ្មោះ ម៉ាថា។ ដោយ​សារ​ម៉ាថា​មាន​ជំងឺ​វិកល​ចរិត​យ៉ាង​ធ្ងន់​ធ្ងរ នោះ​គាត់​ត្រូវ​ការ​មាន​អ្នក​ថែ​រក្សា​ជា​និច្ច។ ម៉ាថា​ត្រូវ​ការ​មនុស្ស​រំឭក​គាត់​ឲ្យ​បរិភោគ​អាហារ និង​សូម្បី​តែ​លេប​ម្ហូប​ក៏​គាត់​ត្រូវ​ការ​ឲ្យ​គេ​រំឭក​គាត់​ដែរ។ ប៉ុន្តែ ដូច​យើង​នឹង​ឃើញ​ខាង​ក្រោម​នេះ គឺ​មាន​អ្វី​មួយ​ដែល​នៅ​ដិត​ជាប់​នៅ​ក្នុង​គំនិត​របស់​ម៉ាថា។

នៅ​ថ្ងៃ​មួយ ម៉ាថា​ឃើញ​ខាមីល​កំពុង​តែ​យំ​ដោយ​សារ​គាត់​ពិបាក​ចិត្ត​នឹង​បញ្ហា​ផ្ទាល់​ខ្លួន​មួយ។ ម៉ាថា​ទៅ​ឱប​ខាមីល​និង​អញ្ជើញ​គាត់​ឲ្យ​មក​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គាត់។ ប៉ុន្តែ តើ​មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​ជា​ទម្ងន់​ដូច​ម៉ាថា​អាច​ដឹក​នាំ​ការ​សិក្សា​បាន​ដែរ​ឬ​ទេ? ម៉ាថា​ពិត​ជា​អាច​ដឹក​នាំ​បាន! ទោះ​ជា​ម៉ាថា​បាន​ភ្លេច​អ្វី​ៗ​ស្ទើរ​តែ​ទាំង​អស់​ក៏​ដោយ ម៉ាថា​មិន​បាន​ភ្លេច​នូវ​ព្រះ​ដ៏​អស្ចារ្យ​របស់​ខ្លួន​ទេ ហើយ​ក៏​មិន​បាន​ភ្លេច​នូវ​សេចក្ដី​ពិត​ដែល​គាត់​បាន​រៀន​ពី​ព្រះ​គម្ពីរ​ដែរ។ ក្នុង​កំឡុង​ការ​សិក្សា ម៉ាថា​សុំ​ខាមីល​អាន​វគ្គ​នានា​ៗ អាន​ខ​គម្ពីរ​ក្នុង​នោះ និង​អាន​សំនួរ​នៅ​ខាង​ក្រោម ហើយ​ឆ្លើយ។ ពួក​គាត់​បាន​សិក្សា​តាម​វិធី​នេះ​អស់​មួយ​រយៈ ទោះ​ជា​ម៉ាថា​ឈឺ​ក៏​ដោយ ខាមីល​បាន​រីក​ចំរើន​ខាង​ចំណេះ​ព្រះ​គម្ពីរ។ ម៉ាថា​បាន​ទទួល​ស្គាល់​ថា​ខាមីល​ដែល​ជា​សិស្ស​របស់​គាត់ ត្រូវ​តែ​សេព​គប់​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​ចង់​បំរើ​ព្រះ។ ដោយ​គិត​អំពី​ចំណុច​នោះ ម៉ាថា​ឲ្យ​រ៉ូប​មួយ​និង​ស្បែក​ជើង​មួយ​គូ​ដល់​សិស្ស​របស់​គាត់ ដើម្បី​ឲ្យ​ខាមីល​មាន​អ្វី​សមរម្យ​សំរាប់​ស្លៀក​ពាក់​ទៅ​ប្រជុំ​ជា​លើក​ទី​មួយ។

១០ ខាមីល​រំជួល​ចិត្ត​ជា​ខ្លាំង​ពេល​ឃើញ​ម៉ាថា​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​សេចក្ដី​ស្រឡាញ់ គំរូ​ល្អ និង​ជំនឿ​ដូច្នេះ។ ខាមីល​បាន​សន្និដ្ឋាន​ថា អ្វី​ដែល​ម៉ាថា​ខំ​បង្រៀន​គាត់​ពី​ព្រះ​គម្ពីរ​គឺ​សំខាន់​ណាស់ ដោយ​ព្រោះ​ម៉ាថា​បាន​ភ្លេច​អ្វី​ទាំង​អស់​លើក​លែង​តែ​អ្វី​ក្នុង​បទ​គម្ពីរ។ ក្រោយ​មក ពេល​ខាមីល​ត្រូវ​ដូរ​ទៅ​ធ្វើ​ការ​នៅ​មណ្ឌល​ថែ​ទាំ​មួយ​ទៀត ខាមីល​ទទួល​ស្គាល់​ថា​គឺ​ដល់​ពេល​គាត់​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​រៀន​ហើយ។ ភ្លាម​ៗ​នោះ ពេល​មាន​ឱកាស ខាមីល​ចូល​សាល​ប្រជុំ​មួយ​ដោយ​ស្លៀក​រ៉ូប​និង​ពាក់​ស្បែក​ជើង​ដែល​ម៉ាថា​បាន​ឲ្យ​គាត់ រួច​គាត់​សុំ​សិក្សា​ព្រះ​គម្ពីរ។ ខាមីល​បាន​លូត​លាស់​យ៉ាង​ល្អ​និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក។

ត្រូវ​ទឹក​ចិត្ត​ជំរុញ​ឲ្យ​កាន់​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា

១១. ព្រម​ជា​មួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា សារ​ព្រះ​រាជាណាចក្រ​បាន​ជំរុញ​ទឹក​ចិត្ត​យើង?

១១ សព្វ​ថ្ងៃ​នេះ ទូទាំង​ពិភព​លោក​មាន​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ជាង​ប្រាំ​មួយ​លាន​នាក់ ដែល​កំពុង​តែ​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​នេះ​ដែល​សំដែង​ពី​នគរ​»​ដូច​ជា​ខាមីល​និង​ម៉ាថា​ដែរ។ (​ម៉ាថាយ ២៤:១៤; ២៨:១៩, ២០​) ពួក​គេ​រំជួល​ចិត្ត​ដោយ​សារ​«​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​»​ដូច​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​ដែរ។ ស្មរ​បន្ទាល់​ទាំង​នេះ​មាន​ចិត្ត​កតញ្ញូ​ដោយ​សារ​ពួក​គេ​មាន​ឯកសិទ្ធិ​តំណាង​ព្រះ​នាម​ព្រះ​យេហូវ៉ា និង​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​វិញ្ញាណ​បរិសុទ្ធ​លើ​ពួក​គេ។ ហេតុ​នេះ ស្មរ​បន្ទាល់​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​«​រស់​នៅ​បាន​សមរម្យ​នឹង​ព្រះ​អម្ចាស់ ដើម្បី​អោយ​បាន​គាប់​ព្រះ​ហឫទ័យ​ព្រះ​អង្គ ក្នុង​គ្រប់​វិស័យ​ទាំង​អស់​»​ ដោយ​អនុវត្ត​តាម​ខ្នាត​តម្រា​របស់​ទ្រង់​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​ពួក​គេ។ នេះ​រួម​បញ្ចូល​ការ​គោរព​ខ្នាត​តម្រា​របស់​ទ្រង់​ស្តី​អំពី​ការ​ស្លៀក​ពាក់ និង​ការ​សំអិត​សំអាង​ខ្លួន​ជា​ដើម។—កូឡូស ១:១០​ក, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ; ទីតុស ២:១០

១២. តើ​ធីម៉ូថេ​ទី​១ ២:៩, ១០ មាន​ដំបូន្មាន​ដ៏​ជាក់​លាក់​អ្វី​ស្តី​អំពី​ការ​ស្លៀក​ពាក់​និង​សំអិត​សំអាង​ខ្លួន?

១២ ពិត​ណាស់ ព្រះ​យេហូវ៉ា​បាន​ដាក់​ខ្នាត​តម្រា​ស្តី​អំពី​អាការ​ក្រៅ​របស់​យើង។ សាវ័ក​ប៉ុល​បាន​បញ្ជាក់​ខ្នាត​តម្រា​ខ្លះ​ស្តី​អំពី​រឿង​នេះ​ដោយ​ពោល​ថា ​«​ពួក​ស្រី​ៗ នោះ​ខ្ញុំ​ក៏​ចង់​ឲ្យ​គេ​តែង​ខ្លួន​តាម​បែប​គួរ​សម ឲ្យ​ចេះ​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន មិន​មែន​ជា​អ្នក​តែង​ខ្លួន​ដោយ​ក្រង​សក់ ឬ​ពាក់​មាស កែវ​មុក្ដា ឬ​សំលៀក​បំពាក់​យ៉ាង​ថ្លៃ​ពេក​នោះ​ឡើយ តែ​ឲ្យ​សំណំ​នឹង​ពួក​ស្ត្រី ដែល​រាប់​ខ្លួន​ជា​អ្នក​កោត​ខ្លាច​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​ល្អ​វិញ​»។ c តើ​យើង​រៀន​អ្វី​ពី​សំដី​នេះ?—ធីម៉ូថេ​ទី​១ ២:៩, ១០

១៣. (​ក​) តើ​ពាក្យ​ថា​«​តែង​ខ្លួន​បែប​គួរ​សម​»​មាន​ន័យ​យ៉ាង​ណា? (​ខ​) ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​គឺ​មិន​ពិបាក​កាន់​តាម​ទេ?

១៣ សំដី​របស់​ប៉ុល​បង្ហាញ​ថា ពួក​គ្រីស្ទាន​គួរ​«​តែង​ខ្លួន​បែប​គួរ​សម​»។ នេះ​បាន​ន័យ​ថា​ពួក​គ្រីស្ទាន​មិន​ស្លៀក​ពាក់​រយីក​រយាក សាកត្រាក ឬ​មិន​ស្អាត​បាត​ឡើយ។ មនុស្ស​ទាំង​អស់ សូម្បី​តែ​ទុគ៌ត​ក៏ដោយ ក៏​អាច​កាន់​តាម​ខ្នាត​តម្រា​ដ៏​សម​ហេតុ​សម​ផល​ទាំង​នេះ​បាន​ដែរ ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច ឲ្យ​សំលៀក​បំពាក់​របស់​ខ្លួន​មាន​សណ្ដាប់​ធ្នាប់ ស្អាត​ឥត​ប្រឡាក់ និង​សមរម្យ។ ជា​ឧទាហរណ៍ រាល់​ឆ្នាំ​ស្មរ​បន្ទាល់​នៅ​ប្រទេស​មួយ​ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង ដើរ​ជា​ច្រើន​គីឡូ​ម៉ែត្រ​កាត់​ព្រៃ​ស្តុក រួច​អុំទូក​តូច​ៗ​អស់​រាប់​ម៉ោង​ដើម្បី​ទៅ​មហា​សន្និបាត​តាម​តំបន់។ ធម្មតា មាន​អ្នក​ណា​ម្នាក់​ធ្លាក់​ចូល​ទឹក​ទន្លេ​ឬ​ក៏​មាន​ឈើ​ទាក់​សំលៀក​បំពាក់​រហែក​ក្នុង​កំឡុង​ធ្វើ​ដំណើរ។ ដូច្នេះ ពេល​អ្នក​ទាំង​នេះ​ទៅ​ដល់​កន្លែង​មហា​សន្និបាត​ហើយ​នោះ អាការ​ក្រៅ​របស់​ពួក​គេ​គ្មាន​សណ្ដាប់​ធ្នាប់​ទេ។ ហេតុ​នេះ អ្នក​នោះ​ចំណាយ​ពេល​ដើម្បី​ដេរ​ឡេវ ដេរ​ខ្សែ​រូត និង​បោក​អ៊ុត​សំលៀក​បំពាក់​ដែល​ពួក​គេ​នឹង​ស្លៀក​សំរាប់​មហា​សន្និបាត។ អ្នក​ទាំង​នោះ​ចាត់​ទុក​ឯកសិទ្ធិ​ទទួល​ម្ហូប​អាហារ​ខាង​វិញ្ញាណ​នៅ​តុ​របស់​ព្រះ​យេហូវ៉ា ជា​អ្វី​ដ៏​វិសេស ហើយ​ពួក​គេ​ចង់​ស្លៀក​ពាក់​ឲ្យ​សម​នឹង​ឯកសិទ្ធិ​នេះ។

១៤. (​ក​) តើ​ការ​ស្លៀក​ពាក់​ដោយ​«​ចេះ​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន​»​សំដៅ​ទៅ​លើ​អ្វី? (​ខ​) តើ​យើង​ស្លៀក​ពាក់​បែប​បង្ហាញ​ថា​យើង​«​កោត​ខ្លាច​ដល់​ព្រះ​»​យ៉ាង​ដូច​ម្ដេច?

១៤ ប៉ុល​ក៏​បាន​បញ្ជាក់​ថា​យើង​ត្រូវ​ស្លៀក​ពាក់​ដោយ​«​ចេះ​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន​»។ នេះ​បាន​ន័យ​ថា អាការ​ក្រៅ​របស់​យើង​មិន​ត្រូវ​សំញែង​ហួស​ហេតុ​ពេក មិន​ត្រូវ​ខុស​ប្រក្រតី ធ្វើ​ឲ្យ​ស្រើប​ស្រាល លេច​លើ​លេច​ក្រោម ឬ​ក៏​តាម​ម៉ូដ​ពេញ​និយម​ហួស​ហេតុ​នោះ​ទេ។ ម្យ៉ាង​ទៀត យើង​គួរ​ស្លៀក​ពាក់​បែប​បង្ហាញ​ថា យើង​«​កោត​ខ្លាច​ដល់​ព្រះ​»។ នេះ​ជា​ចំណុច​មួយ​ដែល​យើង​គួរ​យក​មក​ពិចារណា មែន​ទេ? នេះ​មិន​បាន​ន័យ​ថា​យើង​ស្លៀក​ពាក់​សមរម្យ​ពេល​យើង​ទៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ប៉ុណ្ណោះ ហើយ​លែង​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​ផ្សេង​ទៀត​ឡើយ។ អាការ​ក្រៅ​ផ្ទាល់​ខ្លួន​គួរ​បង្ហាញ​ជា​និច្ច​ថា យើង​កោត​ខ្លាច​ចំពោះ​ព្រះ និង​ក៏​ត្រូវ​ប្រកប​ទៅ​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ​ផង​ដែរ ដោយ​ព្រោះ​យើង​ជា​គ្រីស្ទាន និង​ជា​អ្នក​បំរើ​ព្រះ​រាល់​ថ្ងៃ​២៤​ម៉ោង។ ជាក់​ស្តែង​ហើយ សំលៀក​បំពាក់​របស់​យើង​នៅ​កន្លែង​ធ្វើ​ការ​និង​នៅ​សាលា​រៀន ត្រូវ​សម​នឹង​ស្ថានភាព​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ សំលៀក​បំពាក់​របស់​យើង​ត្រូវ​សមរម្យ​និង​ថ្លៃ​ថ្នូរ។ បើ​សំលៀក​បំពាក់​របស់​យើង​បង្ហាញ​ថា យើង​មាន​ជំនឿ​ទៅ​លើ​ព្រះ​នោះ យើង​នឹង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​ទេ ពីព្រោះ​អាការ​ក្រៅ​របស់​យើង​នឹង​មិន​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ​ឡើយ។—ពេត្រុស​ទី​១ ៣:១៥

«​កុំ​ឲ្យ​ស្រឡាញ់​លោកីយ​»​

១៥, ១៦. (​ក​) ម្ដេច​បាន​ជា​សំខាន់​ដែល​យើង​មិន​ត្រាប់​តាម​របៀប​ស្លៀក​ពាក់ និង​របៀប​សំអិត​សំអាង​របស់​លោកីយ៍​នេះ? (​យ៉ូហាន​ទី​១ ៥:១៩​) (​ខ​) ហេតុ​អ្វី​បាន​ជា​សម​ហេតុ​សម​ផល​ដែល​យើង​ជៀស​វាង​ពី​ការ​តាម​តែ​ម៉ូដ​ដែល​ពេញ​និយម​នោះ?

១៥ ដំបូន្មាន​នៅ​យ៉ូហាន​ទី​១ ២:១៥, ១៦ ក៏​ណែនាំ​យើង​ក្នុង​ការ​ជ្រើស​រើស​សំលៀក​បំពាក់​និង​របៀប​សំអិត​សំអាង​ខ្លួន​ដែរ។ ខ​នោះ​ចែង​ថា​៖ ​«​កុំ​ឲ្យ​ស្រឡាញ់​លោកីយ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ​នេះ​ឲ្យ​សោះ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ អ្នក​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា​នៅ​ក្នុង​ខ្លួន​ឡើយ ដ្បិត​អស់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​លោកីយ​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះ​វរបិតា​ទេ គឺ​មក​តែ​ពី​លោកីយ​នេះ​វិញ​»។

១៦ ដំបូន្មាន​នេះ​គឺ​ត្រូវ​ពេល​ណាស់! នៅ​សម័យ​នេះ យើង​មាន​ការ​គាប​សង្កត់​ខ្លាំង​ជា​ទី​បំផុត​ពី​ពួក​ស្រករ​យើង តែ​យើង​មិន​ត្រូវ​ឲ្យ​លោកីយ៍​នេះ​បង្គាប់​យើង​ថា យើង​ត្រូវ​ស្លៀក​ពាក់​យ៉ាង​ណា​ទេ នៅ​ឆ្នាំ​ថ្មី​ៗ​នេះ ម៉ូដ​ស្លៀក​ពាក់​និង​របៀប​សំអិត​សំអាង​ខ្លួន​បាន​អាប់​ឱន​អន់​ថយ​ទៅ​បន្ដិច​ម្ដង​ៗ។ សព្វ​ថ្ងៃ​របៀប​ពាណិជ្ជករ​ឬ​អ្នក​ធ្វើ​ការ​ធំ​ស្លៀក​ពាក់​មិន​អាច​ត្រូវ​ផ្អែក​យក​ធ្វើ​ជា​ខ្នាត​តម្រា​សំរាប់​ពួក​គ្រីស្ទាន​ជា​និច្ច​បាន​ឡើយ។ នេះ​ជា​ហេតុ​មួយ​ទៀត​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​«​កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ​»​បើ​យើង​ចង់​រស់​នៅ​សម​ស្រប​ទៅ​តាម​ខ្នាត​តម្រា​របស់​ព្រះ ហើយ‹តាក់​តែង​សេចក្ដី​បង្រៀន​របស់​ព្រះ​ក្នុង​គ្រប់​ការ​ទាំង​អស់›។—រ៉ូម ១២:២; ទីតុស ២:១០

១៧. (​ក​) តើ​យើង​អាច​ពិចារណា​សំនួរ​អ្វី​ខ្លះ​ពេល​រក​ទិញ​ឬ​ក៏​កំពុង​តែ​ជ្រើស​រើស​ម៉ូដ​សំលៀក​បំពាក់? (​ខ​) ហេតុ​អ្វី​មេ​គ្រួសារ​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អាការ​ក្រៅ​របស់​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន?

១៧ មុន​ដែល​យើង​សម្រេច​ចិត្ត​ទិញ​ឬ​មិន​ទិញ​សំលៀក​បំពាក់​ណា​មួយ យក​ល្អ​យើង​សួរ​ខ្លួន​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចូល​ចិត្ត​ម៉ូដ​នេះ? តើ​ម៉ូដ​នេះ​ជាប់​ទាក់​ទង​នឹង​តួ​ល្បី​ល្បាញ​ដែល​ខ្ញុំ​ចូល​ចិត្ត​ឬ​ទេ? តើ​ម៉ូដ​នេះ​ជា​ម៉ូដ​របស់​ក្រុម​ជន​ពាល ឬ​ក្រុម​មនុស្ស​ណា​ដែល​សម្ដែង​ចិត្ត​គំនិត​អស្មិមានះ​ទេ?› យើង​ក៏​ត្រូវ​ពិនិត្យ​ពិច័យ​សំលៀក​បំពាក់​នោះ​ផង​ដែរ។ បើ​សំលៀក​បំពាក់​នោះ​ជា​រ៉ូប​ឬ​ជា​សំពត់ តើ​វា​មាន​ប្រវែង​សមរម្យ​ឬ​ទេ? ចុះ​រាង? តើ​សំលៀក​បំពាក់​នោះ​សមរម្យ​និង​ថ្លៃ​ថ្នូរ​ទេ? ឬ​តើ​វា​រឹប ធ្វើ​ឲ្យ​ស្រើប​ស្រាល ឬ​មួយ​ក៏​ខ្ជី​ខ្ជា​វិញ? សូម​សួរ​ខ្លួន​ថា​៖ ‹បើ​ខ្ញុំ​ស្លៀក​ពាក់​ម៉ូដ​នេះ តើ​នេះ​អាច​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ជំពប់​ដួល​ឬ​ទេ?› (​កូរិនថូស​ទី​២ ៦:៣, ៤​) ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​នោះ? ដោយ​ព្រោះ​ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​ដ្បិត​ព្រះ​គ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះ​ហឫទ័យ​ទ្រង់​ដែរ​»។ (​រ៉ូម ១៥:៣​) មេ​គ្រួសារ​គ្រីស្ទាន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​អាការ​ក្រៅ​របស់​សមាជិក​ក្រុម​គ្រួសារ​ខ្លួន។ ដើម្បី​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ​ដ៏​រុង​រឿង​របស់​ខ្លួន នោះ​មេ​គ្រួសារ​មិន​គួរ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្ដល់​ដំបូន្មាន​ដ៏​ត្រង់​ៗ​តែ​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ពេល​ឱវាទ​បែប​នោះ​គឺ​ចាំ​បាច់។—យ៉ាកុប ៣:១៣

១៨. តើ​អ្វី​ជំរុញ​ចិត្ត​អ្នក​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សំលៀក​បំពាក់​និង​របៀប​អ្នក​សំអិត​សំអាង​ខ្លួន?

១៨ សារ​ដែល​យើង​ផ្សព្វ​ផ្សាយ​មក​ពី​ព្រះ​យេហូវ៉ា ហើយ​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ថ្លៃ​ថ្នូរ​និង​បរិសុទ្ធ​បំផុត។ (​អេសាយ ៦:៣​) ព្រះ​គម្ពីរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ត្រាប់​តាម​ទ្រង់​«​ដូច​ជា​កូន​ស្ងួន​ភ្ងា​»។ (​អេភេសូរ ៥:១​) សំលៀក​បំពាក់​របស់​យើង​អាច​នាំ​មក​នូវ​សេចក្ដី​សរសើរ ឬ​សេចក្ដី​តិះ​ដៀល​ចំពោះ​ព្រះ​វរបិតា​សួគ៌ា​របស់​យើង​បាន។ យើង​ប្រាកដ​ជា​ចង់​ធ្វើ​ឲ្យ​ទ្រង់​មាន​ព្រះ​ទ័យ​រីក​រាយ!—សុភាសិត ២៧:១១

១៩. តើ​ប្រយោជន៍​អ្វី​ដែល​មក​ពី​ការ​ប្រកាស​«​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​»​?

១៩ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​«​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​»​ដែល​អ្នក​បាន​រៀន? ការ​ពិត យើង​ត្រូវ​មាន​ចិត្ត​កតញ្ញូ​ដែល​យើង​បាន​រៀន​សេចក្ដី​ពិត! ដោយ​សារ​យើង​មាន​ជំនឿ​លើ​ព្រះ​លោហិត​ដែល​ព្រះ​យេស៊ូ​បាន​បូជា នោះ​បាប​របស់​យើង​ត្រូវ​អត់​ឱន​ទោស​ឲ្យ។ (​កិច្ច​ការ ២:៣៨​) ជា​លទ្ធផល យើង​អាច​ទូល​ព្រះ​ដោយ​សេរី​បាន។ យើង​មិន​ខ្លាច​សេចក្ដី​ស្លាប់​ដូច​ជា​អ្នក​ដែល​គ្មាន​សេចក្ដី​សង្ឃឹម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​មាន​ការ​ធានា​ពី​ព្រះ​យេស៊ូ​ថា នៅ​ថ្ងៃ​មួយ​«​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក​»។ (​យ៉ូហាន ៥:២៨, ២៩​) ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ព្រះ​ទ័យ​សទ្ធា​ដោយ​សម្ដែង​ការ​អស្ចារ្យ​ដល់​យើង។ ម្យ៉ាង​ទៀត ទ្រង់​បាន​ប្រទាន​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​មក​លើ​យើង។ ដូច្នេះ ចិត្ត​កតញ្ញូ​ចំពោះ​អំណោយ​ដ៏​វិសេស​ទាំង​នេះ គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​គោរព​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា និង​សរសើរ​ទ្រង់​ដោយ​ចិត្ត​ខ្នះ​ខ្នែង ទាំង​ប្រកាស​«​អស់​ទាំង​ការ​អស្ចារ្យ​»​នេះ​ដល់​អ្នក​ឯ​ទៀត។

[​កំណត់​សម្គាល់​]

a ពេល​ព្រះ​យេហូវ៉ា​តែង​តាំង​ម៉ូសេ​និង​អើរ៉ុន​ឲ្យ​ទៅ​ទូល​ស្តេច​ផារ៉ោន ក្នុង​នាម​ជា​រាស្ត្រ​របស់​ព្រះ នោះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​ម៉ូសេ​ថា​៖ ​«​យើង​នឹង​ធ្វើ​អោយ​អ្នក​បាន​ដូច​ជា​ព្រះ នៅ​ចំពោះ​មុខ​ស្តេច​ផារ៉ោន រីឯ​អ​រ៉ុន​ជា​បង​របស់​អ្នក នឹង​ប្រៀប​ដូច​ជា​ព្យាការី​របស់​អ្នក​»។ (​សេរី​ភាព [​និក្ខមនំ​] ៧:១, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) អើរ៉ុន​បាន​បំរើ​ជា​ព្យាការី មិន​មែន​ក្នុង​ន័យ​ថា​គាត់​នឹង​ទាយ​អំពី​អនាគត​ទេ តែ​គឺ​ដោយ​ក្លាយ​ជា​អ្នក​នាំ​ពាក្យ​របស់​ម៉ូសេ​វិញ។

b ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​មាន​វត្តមាន​សំរាប់​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០០២ មាន​រាប់​លាន​នាក់​មិន​ទាន់​ចាប់​ផ្ដើម​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​សកម្ម​នោះ​ឡើយ។ យើង​អធិស្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ចិត្ត​របស់​អ្នក​ចាប់​អារម្មណ៍​ជា​ច្រើន​ទាំង​នេះ ជំរុញ​ឲ្យ​ចង់​ទទួល​ឯកសិទ្ធិ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នា​ពេល​ឆាប់​ៗ​នេះ។

c ទោះ​ជា​ប៉ុល​បាន​និយាយ​ចំពោះ​ស្ត្រី​គ្រីស្ទាន​ក៏​ដោយ តែ​គោល​ការណ៍​ដដែល​នេះ​សំដៅ​ទៅ​លើ​បុរស​គ្រីស្ទាន​និង​យុវជន​ផង​ដែរ។

តើ​អ្នក​នឹង​ឆ្លើយ​ដូច​ម្ដេច?

• តើ​អ្វី​ជា​«​ការ​អស្ចារ្យ​»​ដែល​មនុស្ស​បាន​ឮ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣​ស.យ.? តើ​ពួក​គេ​មាន​ប្រតិកម្ម​ដូច​ម្ដេច?

• តើ​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ក្លាយ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ? ពេល​ដែល​ជា​សិស្ស​ព្រះ​យេស៊ូ​រួច​ហើយ តើ​ត្រូវ​ធ្វើ​អ្វី?

• ហេតុ​អ្វី​បាន​ជា​សំខាន់​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​របៀប​យើង​ស្លៀក​ពាក់​និង​សំអិត​សំអាង​ខ្លួន?

• តើ​កត្ដា​អ្វី​ខ្លះ​គួរ​យក​មក​ពិចារណា​ពេល​កំពុង​តែ​សម្រេច​ចិត្ត​ថា តើ​សំលៀក​បំពាក់​មួយ​ម៉ូដ​គឺ​សមរម្យ​ឬ​ក៏​មិន​សមរម្យ?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​១៤​]

ពេត្រុស​បាន​ប្រកាស​ថា ព្រះ​យេស៊ូ បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ

[​រូប​ភាព​នៅ​ទំព័រ​១៦​]

តើ​អាការ​ក្រៅ​របស់​អ្នក នាំ​មក​នូវ​សេចក្ដី​សរសើរ ចំពោះ​ព្រះ​របស់​អ្នក​ឬ​ទេ?

[​រូប​ភាព​នៅ​ទំព័រ​១៧​]

មាតា​បិតា​គ្រីស្ទាន​គួរ​យក​ចិត្ត​ទុក​ដាក់ ទៅ​លើ​អាការ​ក្រៅ​របស់ សមាជិក​ក្រុម​គ្រួសារ