លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបន្តប្រព្រឹត្តតាមអ្វីដែលអ្នកបានរៀន

ចូរបន្តប្រព្រឹត្តតាមអ្វីដែលអ្នកបានរៀន

ចូរ​បន្ត​ប្រព្រឹត្ត​តាម​អ្វី​ដែល​អ្នក​បាន​រៀន

​«​សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ​ចុះ!ដូច្នេះ ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»។—ភីលីព ៤:៩

១, ២. បើ​និយាយ​ជា​ទូទៅ តើ​ព្រះ​គម្ពីរ​មាន​អានុភាព​លើ​ជីវិត​នៃ​មនុស្ស​ដែល​អះអាង​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា​ឬ​ទេ? សូម​ពន្យល់។

 ​«សាសនា​កំពុង​តែ​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​ៗ តែ​ការ​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​វិញ នោះ​កំពុង​តែ​អាប់​ឱន​ទៅ​ៗ​»។ ចំណង​ជើង​នេះ​ក្នុង​ឯកសារ​ដែល​មាន​ប្រធាន​ការ​និយម​ថ្មី​ៗ​នេះ (​ជា​ភាសា​អង់គ្លេស​) ជា​ការ​សង្ខេប​នូវ​លទ្ធផល​ពី​ការ​ស្ទង់​មតិ​ក្នុង​សហរដ្ឋ​អាមេរិក។ តាម​មើល​ទៅ មនុស្ស​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​ជា​អ្នក​ចូល​ព្រះ​វិហារ ហើយ​ចាត់​ទុក​សាសនា​ជា​អ្វី​ដែល​សំខាន់​ក្នុង​ជីវិត​របស់​ពួក​គេ។ ក៏​ប៉ុន្តែ របាយ​ការណ៍​នោះ​ចែង​ទៀត​ថា​៖ ​«​ថ្វី​បើ​ប្រជាជន​អាមេរិក​ភាគ​ច្រើន​គិត​ដូច្នេះ​ក្ដី ក៏​នៅ​តែ​មាន​ច្រើន​នាក់​ទៀត​ដែល​សង្ស័យ​អំពី​អានុភាព​ដែល​សាសនា​មាន​ទៅ​លើ​បុគ្គល​ម្នាក់​ៗ​និង​សង្គម​របស់​ពួក​គេ​»។

នេះ​មិន​មែន​ជា​ស្ថានការណ៍​នៅ​ប្រទេស​តែ​មួយ​ប៉ុណ្ណោះ​ទេ។ មនុស្ស​ទូទាំង​ពិភព​លោក​អះអាង​ថា ពួក​គេ​ជា​អ្នក​កាន់​សាសនា ហើយ​ក៏​ទទួល​ស្គាល់​ព្រះ​គម្ពីរ​ផង​ដែរ តែ​មិន​អនុញ្ញាត​ឲ្យ​បទ​គម្ពីរ​នោះ​មាន​អានុភាព​ទៅ​លើ​ជីវិត​របស់​គេ​ទេ។ (​ធីម៉ូថេ​ទី​២ ៣:៥​) ប្រមុខ​នៃ​ពួក​អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​ពោល​ថា​៖ ​«​យើង​នៅ​តែ​ចាត់​ទុក​ព្រះ​គម្ពីរ​ជា​សៀវភៅ​ដ៏​សំខាន់​មួយ តែ​យើង​លែង​ចំណាយ​ពេល​អាន សិក្សា ឬ​អនុវត្ត​តាម​ព្រះ​គម្ពីរ​ទៀត​ហើយ​»។

៣. (​ក​) តើ​ព្រះ​គម្ពីរ​មាន​អានុភាព​ណា​ខ្លះ​ទៅ​លើ​ពួក​អ្នក​ដែល​ក្លាយ​ជា​ជន​គ្រីស្ទាន​ពិត? (​ខ​) តើ​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​អនុវត្ត​តាម​ដំបូន្មាន​របស់​ប៉ុល​នៅ​ភីលីព ៤:៩ យ៉ាង​ដូច​ម្ដេច?

រីឯ​ពួក​គ្រីស្ទាន​ពិត​វិញ ពួក​គេ​ផ្ទុយ​ស្រឡះ​ពី​មនុស្ស​ទាំង​នោះ។ ការ​អនុវត្ត​តាម​ដំបូន្មាន​ពី​ព្រះ​បន្ទូល​របស់​ព្រះ​បាន​ជួយ​កែ​ប្រែ​ចិត្ត​គំនិត​និង​អាកប្បកិរិយា​របស់​ពួក​គេ។ ហើយ​មនុស្ស​ឯ​ទៀត​កត់​សម្គាល់​ឃើញ​ភ្លាម​នូវ​បុគ្គលិក​លក្ខណៈ​ថ្មី​ដែល​ពួក​គេ​បង្ហាញ។ (​កូល៉ុស ៣:៥​-​១០​) ចំពោះ​ពួក​អ្នក​ដែល​កាន់​តាម​ព្រះ​យេស៊ូ ព្រះ​គម្ពីរ​មិន​មែន​ជា​សៀវភៅ​ដែល​គេ​ទុក​ចោល​នៅ​លើ​ធ្នើរ​ឲ្យ​ប្រឡាក់​សុទ្ធ​តែ​ធូលី​ដី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​ភីលីព​ថា​៖ ​«​សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ​ចុះ! ដូច្នេះ ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»។ (​ភីលីព ៤:៩, កំណែ​ជា​អក្សរ​ទ្រេត​) ពួក​គ្រីស្ទាន​ពិត​មិន​ត្រឹម​តែ​ទទួល​ស្គាល់ នូវ​សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ប៉ុណ្ណោះ​ទេ។ តែ​ពួក​គេ​ធ្វើ​តាម​អ្វី​ដែល​គេ​រៀន ដោយអនុវត្ត​ជា​និច្ច​តាម​ដំបូន្មាន​ពី​ព្រះ​គម្ពីរ ក្នុង​ក្រុម​គ្រួសារ ពេល​ប្រកប​ការ​ងារ​ឬ​ធ្វើ​ការ ក្នុង​ក្រុម​ជំនុំ និង​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​គេ។

៤. ហេតុ​អ្វី​បាន​ជា​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ​ក្រម​របស់​ព្រះ​ពិបាក​ម្ល៉េះ?

ការ​ប្រព្រឹត្ត​តាម​ក្រិត្យ​ក្រម​និង​គោល​ការណ៍​នានា​របស់​ព្រះ មិន​តែង​តែ​ងាយ​ស្រួល​នោះ​ទេ។ យើង​រស់​នៅ​ក្នុង​លោកីយ៍​ដែល​ស្ថិត​ក្រោម​អំណាច​របស់​អារក្ស​សាតាំង ហើយ​ព្រះ​គម្ពីរ​ហៅ​វា​ជា ​«​ព្រះ​របស់​លោកីយ​នេះ​»។ (​កូរិនថូស​ទី​២ ៤:៤; យ៉ូហាន​ទី​១ ៥:១៩​) ហេតុ​នេះ​ហើយ​បាន​ជា​ចាំ​បាច់​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន​នឹង​អ្វី​ៗ​ក៏​ដោយ​ដែល​អាច​រា​រាំង​ផ្លូវ​របស់​យើង ក្នុង​ការ​រក្សា​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា។ តើ​យើង​អាច​ធ្វើ​ជា​អ្នក​រក្សា​ចិត្ត​ស្មោះ​ភក្ដី​បាន​យ៉ាង​ណា?

ចូរ​បន្ត​កាន់​តាម​«​ពាក្យ​គំរូ​ល្អ​ៗ​»​ចុះ!

៥. តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​ថា​៖ ​«​[​ចូរ​]មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ!​»​ មាន​ន័យ​អ្វី?

ការ​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​រៀន​នោះ តម្រូវ​ឲ្យ​យើង​គាំទ្រ​ការ​ថ្វាយ​បង្គំ​ពិត​ដោយ​ចិត្ត​ស្មោះ​ភក្ដី ទោះ​ជា​មាន​ការ​ប្រឆាំង​ពី​ពួក​អ្នក​មិន​ជឿ​ក្ដី។ យើង​ត្រូវ​ប្រឹង​ប្រែង​ដើម្បី​ស៊ូ​ទ្រាំ​ឲ្យ​បាន។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​បើ​អ្នក​ណា​ចង់​មក​ដើរ​តាម​ក្រោយ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​បង់​ខ្លួន​ឯង​ចោល និង​លី​បង្គោល​ទារុណកម្ម​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ!​»។ (​ម៉ាថាយ ១៦:២៤, ព.ថ.​) ព្រះ​យេស៊ូ​មិន​មាន​បន្ទូល​ថា យើង​ត្រូវ​កាន់​តាម​ទ្រង់​តែ​មួយ​អាទិត្យ មួយ​ខែ ឬ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​មាន​បន្ទូល​ថា​៖ ​«​[​ចូរ​]មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ!​»។ ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូ​បង្ហាញ​ថា ការ​ធ្វើ​ជា​សិស្ស​របស់​ទ្រង់​មិន​មែន​ជា​អ្វី​ដែល​យើង​ធ្វើ​តែ​មួយ​រយៈ​ពេល ឬ​គ្រាន់​តែ​កាន់​សាសនា​នោះ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​នោះ​ទេ។ ការ​គាំទ្រ​នូវ​ការ​ថ្វាយ​បង្គំ​ពិត​ដោយ​ចិត្ត​ស្មោះ​ភក្ដី តម្រូវ​ឲ្យ​យើង​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់​តាម​ដំណើរ​ជីវិត​ដែល​យើង​បាន​ជ្រើស​រើស ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​យ៉ាង​ណា​ក៏​ដោយ។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​ដូច​ម្ដេច?

៦. តើ​អ្វី​ទៅ​ជា​ពាក្យ​គំរូ​ល្អ​ៗ​ដែល​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​បាន​រៀន​ពី​ប៉ុល​នោះ?

ប៉ុល​បាន​ដាស់​តឿន​សហការី​របស់​គាត់ គឺ​ធីម៉ូថេ ថា​៖ ​«​ចូរ​បន្ត​កាន់​តាម​ពាក្យ​គំរូ​ល្អ​ៗ​ដែល​អ្នក​បាន​ទទួល​ពី​ខ្ញុំ​ចុះ! ព្រម​ជា​មួយ​សេចក្ដី​ស្រឡាញ់​និង​ជំនឿ​ខាង​ព្រះ​គ្រីស្ទ​យេស៊ូ​»។ (​ធីម៉ូថេ​ទី​២ ១:១៣, ព.ថ.​) តើ​ប៉ុល​ចង់​មាន​ន័យ​យ៉ាង​ណា? ពាក្យ​ភាសា​ក្រិច​នេះ​ដែល​បក​ប្រែ​ថា ​«​គំរូ​»​ មាន​ន័យ​ចំ​ៗ​សំដៅ​ទៅ​លើ​ការ​គូរ​ថើ​ៗ​របស់​ជាង​គំនូរ។ ថ្វី​បើ​ការ​គូរ​នោះ​មិន​ទាន់​ច្បាស់​នៅ​ឡើយ តែ​វា​មាន​រាង​ឬ​ទ្រង់​ទ្រាយ​ស្រមោល​ព្រាល​ៗ​ល្មម​នឹង​អាច​យល់​នូវ​គម្រោង​គំនូរ​នោះ​បាន។ ស្រដៀង​គ្នា​ដែរ ពាក្យ​គំរូ​ល្អ​ៗ​ដ៏​ពិត​ដែល​ប៉ុល​បាន​បង្រៀន​ដល់​ធីម៉ូថេ​និង​មនុស្ស​ឯ​ទៀត​នោះ មិន​មែន​សំរាប់​ការ​ឆ្លើយ​នូវ​សំនួរ​ទាំង​ឡាយ​ទេ។ តែ​សេចក្ដី​បង្រៀន​នេះ​ផ្ដល់​ការ​ណែនាំ​គ្រប់​គ្រាន់ ដូច​ជា​គម្រោង​ការ​មួយ ដើម្បី​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​អាច​យល់​ដឹង​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​ពួក​គេ។ ប៉ុន្តែ ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ ពួក​គេ​ត្រូវ​បន្ត​កាន់​តាម​ពាក្យ​គំរូ​ល្អ​ៗ​ដ៏​ពិត​ទាំង​នោះ​ដោយ​ប្រព្រឹត្ត​តាម​អ្វី​ដែល​គេ​បាន​រៀន។

៧. តើ​ពួក​គ្រីស្ទាន​អាច​កាន់​ខ្ជាប់​តាម​ពាក្យ​គំរូ​ល្អ​ៗ​បាន​យ៉ាង​ណា?

នៅ​សតវត្ស​ទី​មួយ មនុស្ស​ខ្លះ​ដូច​ជា​ហ៊ីមេនាស អ័លេក្សានត្រុស និង​ភីលេ​ត បាន​ផ្សាយ​គំនិត​ដែល​មិន​ស្រប​«​តាម​ពាក្យ​គំរូ​ល្អ​ៗ​»​នោះ​ទេ។ (​ធីម៉ូថេ​ទី​១ ១:១៨​-​២០; ធីម៉ូថេ​ទី​២ ២:១៦, ១៧​) តើ​ពួក​គ្រីស្ទាន​សម័យ​ដើម​អាច​ជៀស​វាង​កុំ​ឲ្យ​ពួក​អ្នក​ក្បត់​ជំនឿ​នាំ​គេ​ឲ្យ​វង្វេង​ដោយ​ដូច​ម្ដេច? ពួក​គេ​គប្បី​សិក្សា​យ៉ាង​ហ្មត់​ចត់ និង​អនុវត្ត​តាម​សំនេរ​នានា​ដែល​បាន​បណ្ដាល​មក​ពី​ព្រះ។ អស់​អ្នក​ដែល​ដើរ​តាម​លំអាន​របស់​ប៉ុល​និង​ពួក​អ្នក​ស្មោះ​ត្រង់​ឯ​ទៀត​នោះ ពួក​គេ​អាច​សម្គាល់​និង​បដិសេធ​ចោល​នូវ​អ្វី​ៗ​ដែល​មិន​ស្រប​ទៅ​តាម​ពាក្យ​គំរូ​ល្អ​ៗ​ដ៏​ពិត​ដែល​បាន​បង្រៀន​ដល់​គេ។ (​ភីលីព ៣:១៧; ហេព្រើរ ៥:១៤​) ជា​ជាង​«​វក់​តែ​នឹង​ជជែក ហើយ​ដេញ​ដោល​ពី​ន័យ​ពាក្យ​»​នោះ​ពួក​គ្រីស្ទាន​ពិត​បាន​បន្ត​ជឿន​ទៅ​មុខ​តាម​វិថី​ដ៏​ល្អ​ក្នុង​ការ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ។ (​ធីម៉ូថេ​ទី​១ ៦:៣​-​៦​) យើង​ធ្វើ​ដូច្នេះ​ដែរ ពេល​យើង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នានា​ដែល​យើង​រៀន។ ពេល​យើង​សង្កេត​ឃើញ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ផែនដី​កំពុង​តែ​កាន់​ខ្ជាប់​តាម​ពាក្យ​គំរូ​ល្អ​ៗ​ដ៏​ពិត​ដែល​គេ​បាន​រៀន​ពី​ព្រះ​គម្ពីរ នេះ​ក៏​ពង្រឹង​ជំនឿ​របស់​យើង​ផង​ដែរ។—ថែស្សាឡូនីច​ទី​១ ១:២​-​៥

ចូរ​បដិសេធ​«​រឿង​មិន​ពិត​»​

៨. (​ក​) តើ​សាតាំង​ខំ​បំបាក់​ជំនឿ​របស់​យើង​សព្វ​ថ្ងៃ​នេះ​ដោយ​វិធី​ណា​ខ្លះ? (​ខ​) តើ​ប៉ុល​ព្រមាន​យ៉ាង​ណា នៅ​ឯ​ធីម៉ូថេ​ទី​២ ៤:៣, ៤?

សាតាំង​តែង​រក​បំបាក់​ភក្ដី​ភាព​របស់​យើង ដោយ​សាប​ព្រោះ​គំនិត​សង្ស័យ​អំពី​អ្វី​ដែល​យើង​បាន​ត្រូវ​បង្រៀន។ សព្វ​ថ្ងៃ​នេះ​គឺ​ដូច​នឹង​សតវត្ស​ទី​មួយ​ដែរ ក៏​មាន​ពួក​អ្នក​ក្បត់​ជំនឿ​និង​មនុស្ស​ឯ​ទៀត​ចង់​បំបាក់​ជំនឿ​នៃ​អស់​អ្នក​ដែល​ងាយ​បញ្ឆោត។ (​កាឡាទី ២:៤; ៥:៧, ៨​) ជួន​កាល​ពួក​អ្នក​ក្បត់​ជំនឿ​ប្រើ​ប្រព័ន្ធ​ឃោសនា​សាធារណៈ​ដើម្បី​ផ្សាយ​ពត៌មាន​មិន​ពិត ឬ​រហូត​ដល់​ភូត​កុហក​អំពី​គោល​បំណង​របស់​រាស្ត្រ​នៃ​ព្រះ​យេហូវ៉ា​និង​វិធី​ដែល​ពួក​គេ​ប្រើ​ទៀត​ផង។ ប៉ុល​បាន​ព្រមាន​ថា មនុស្ស​ខ្លះ​នឹង​បែរ​ចេញ​ពី​សេចក្ដី​ពិត​វិញ។ ប៉ុល​បាន​សរសេរ​ថា​៖ ​«​នឹង​មាន​គ្រា​មក ដែល​គេ​មិន​ទ្រាំ​ទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀករមាស់ ហើយ​នឹង​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត គេ​នឹង​ងាក​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត បែរ​ទៅ​តាម[​«​រឿង​មិន​ពិត​»​, ព.ថ.​]វិញ​»។—ធីម៉ូថេ​ទី​២ ៤:៣, ៤

៩. តើ​ប៉ុល​ប្រហែល​ជា​សំដៅ​លើ​អ្វី ពេល​គាត់​ប្រាប់​អំពី​«​រឿង​មិន​ពិត​»​?

ជា​ជាង​កាន់​ខ្ជាប់​តាម​ពាក្យ​គំរូ​ល្អ​ៗ​ទាំង​នោះ មនុស្ស​ខ្លះ​បាន​ត្រូវ​«​រឿង​មិន​ពិត​»​ទាក់​ទាញ​ចិត្ត​គេ​វិញ។ តើ​រឿង​មិន​ពិត​នោះ​ជា​អ្វី​ទៅ? ប្រហែល​ជា​ប៉ុល​ចង់​សំដៅ​ទៅ​លើ​រឿង​មិន​ពិត​ដ៏​មិន​គួរ​ឲ្យ​ជឿ ដូច​មាន​ក្នុង​សៀវភៅ​ឈ្មោះ ថូបិត ដែល​ជា​សៀវភៅ​ដែល​មិន​រួម​ចំណែក​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ​ទេ។ a រឿង​មិន​ពិត​នោះ​ប្រហែល​ជា​បាន​រួម​បញ្ចូល​ពាក្យ​ចចាម​អារ៉ាម​ដែល​បំផ្លើស​ដែល​គ្រាន់​តែ​ស្មាន​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត អ្នក​ខ្លះ​ប្រហែល​ជា​បាន​ត្រូវ​បញ្ឆោត​ដោយ​ទស្សនៈ​ខ្ពង់​ខ្ពស់​ដែល​«​ត្រូវ​ចិត្ត​»​ ជា​ទស្សនៈ​របស់​ពួក​អ្នក​ដែល​មើល​ស្រាល​នូវ​ខ្នាត​តម្រា​របស់​ព្រះ ឬ​មួយ​ក៏​រិះ​គន់​ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ។ (​យ៉ូហាន​ទី​៣ ៩, ១០; យូដាស ៤​) ទោះ​ជា​មាន​ឧបសគ្គ​ណា​ក៏​ដោយ មនុស្ស​ខ្លះ​នោះ​ច្បាស់​ជា​ស្រឡាញ់​នូវ​សេចក្ដី​មិន​ពិត​ជា​ជាង​ពាក្យ​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពួក​គេ​បាន​ឈប់​ប្រព្រឹត្ត​តាម​អ្វី​ដែល​គេ​បាន​រៀន ហើយ​នេះ​ធ្វើ​ឲ្យ​គេ​ទទួល​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ។—ពេត្រុស​ទី​២ ៣:១៥, ១៦

១០. តើ​មាន​រឿង​មិន​ពិត​ណា​ខ្លះ​នា​បច្ចុប្បន្ន​នេះ? ហើយ​តើ​យ៉ូហាន​បាន​បញ្ជាក់​យ៉ាង​ណា ថា​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន?

១០ សព្វ​ថ្ងៃ​នេះ​យើង​អាច​ជៀស​ចេញ​ពី​រឿង​មិន​ពិត​បាន​ដែរ បើ​យើង​ពិនិត្យ​ពិច័យ​និង​ជ្រើស​រើស​ដោយ​ប្រយ័ត្ន​ប្រយែង​នូវ​អ្វី​ដែល​យើង​ស្ដាប់​និង​អាន។ ឧទាហរណ៍ ដូច​ជា​ប្រព័ន្ធ​ឃោសនា​នានា​នៅ​សព្វ​ថ្ងៃ​នេះ​ច្រើន​តែ​លើក​ដំកើង​ហើយ​ផ្សាយ​នូវ​អំពើ​អសីលធម៌។ មនុស្ស​ជា​ច្រើន​ចង់​ឲ្យ​យើង​សង្ស័យ​អំពី​អត្ថិភាព​នៃ​ព្រះ ឬ​មួយ​ក៏​និយម​ទៅ​លើ​លទ្ធិ​ថា​គ្មាន​ព្រះ​ណា​សោះ​ឡើយ។ អ្នក​ប្រាជ្ញ​ខ្លះ​ចោទ​ប្រឆាំង​នឹង​ការ​អះអាង​ថា ព្រះ​គម្ពីរ​បាន​បណ្ដាល​មក​ពី​ព្រះ។ ហើយ​ពួក​អ្នក​ក្បត់​ជំនឿ​ពេល​ថ្មី​ៗ​នេះ​ក៏​ខំ​បណ្ដុះ​ឲ្យ​ពួក​គ្រីស្ទាន​ពិត​មាន​គំនិត​សង្ស័យ ដើម្បី​បង្ខូច​ជំនឿ​របស់​ពួក​គេ។ សាវ័ក​យ៉ូហាន​បាន​ព្រមាន​អំពី​គ្រោះ​ថ្នាក់​ស្រដៀង​ៗ​គ្នា​នេះ​ដែរ ដែល​បណ្ដាល​មក​ពី​ព្យាការី​ក្លែង​ក្លាយ​នៅ​សតវត្ស​ទី​មួយ​នោះ គាត់​សរសេរ​ថា​៖ ​«​ពួក​ស្ងួន​ភ្ងា​អើយ! កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន ដ្បិត​មាន​ហោរា​ក្លែង​ក្លាយ​ជា​ច្រើន​កើត​មក​ក្នុង​លោកីយ​នេះ​ហើយ​»។ (​យ៉ូហាន​ទី​១ ៤:១​) ដូច្នេះ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ផង​ដែរ។

១១. តើ​យើង​អាច​ពិចារណា​ខ្លួន​យើង​យ៉ាង​ណា ដើម្បី​ដឹង​ថា​យើង​នៅ​កាន់​ខ្ជាប់​តាម​ជំនឿ​ពិត?

១១ ហេតុ​នេះ​ហើយ​បាន​ជា​ប៉ុល​សរសេរ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ជំនឿ​ឬ​ទេ?​»។ (​កូរិនថូស​ទី​២ ១៣:៥​) សាវ័ក​ប៉ុល​បាន​ដាស់​តឿន​យើង​ឲ្យ​បន្ត​ពិចារណា​ខ្លួន​យើង​ដើម្បី​ដឹង​ថា តើ​យើង​នៅ​តែ​កាន់​ខ្ជាប់​តាម​ជំនឿ​គ្រីស្ទាន​ឬ​ទេ? ប្រសិន​ណា​បើ​យើង​ផ្ទៀង​ត្រចៀក​ទៅ​តាម​សំដី​របស់​ពួក​អ្នក​ពូកែ​រិះ​គន់​នោះ យើង​ត្រូវ​ពិចារណា​ខ្លួន​យើង​និង​អធិស្ឋាន​ជា​ចាំ​បាច់​ផង​ដែរ។ (​ទំនុក​ដំកើង ១៣៩:២៣, ២៤​) តើ​យើង​ទោរ​ទន់​ទៅ​រក​ការ​ចាប់​កំហុស​នៃ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? បើ​ដូច្នេះ​មែន ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ធ្វើ​ដូច​នោះ? តើ​ពាក្យ​សំដី​ឬ​កិរិយា​របស់​នរ​ណា​ម្នាក់​បាន​បញ្ឈឺ​ចិត្ត​យើង​ឬ? កាល​បើ​មាន​រឿង​ដូច​នោះ តើ​យើង​ពិត​ជា​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ស្រប​តាម​កាលៈទេសៈ​ឬ​ទេ? ដ្បិត​ទុក្ខ​លំបាក​ណា​ដែល​យើង​ជួប​ប្រទះ​ក្នុង​របប​លោកីយ៍​នេះ នោះ​មាន​តែ​បណ្ដោះ​អាសន្ន​ទេ។ (​កូរិនថូស​ទី​២ ៤:១៧​) ថ្វី​បើ​យើង​ជួប​នឹង​ការ​ល្បង​ល​ណា​មួយ​ក្នុង​ក្រុម​ជំនុំ​យើង​ក្ដី តើ​មាន​ប្រយោជន៍​ទេ បើ​យើង​ឈប់​បំរើ​ព្រះ​នោះ? កាល​បើ​យើង​ខក​ចិត្ត​ដោយ​សារ​រឿង​ណា​មួយ យក​ល្អ​ឲ្យ​យើង​ខំ​ដោះ​ស្រាយ​បញ្ហា​នោះ​ដោយ​ខ្លួន​យើង​មុន​សិន ហើយ​ក្រោយ​មក​ផ្ទេរ​រឿង​នោះ​ឲ្យ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ មែន​ទេ?—ទំនុក​ដំកើង ៤:៤; សុភាសិត ៣:៥, ៦; អេភេសូរ ៤:២៦

១២. តើ​ពួក​បេរា​បាន​តាំង​គំរូ​ដ៏​ល្អ​អ្វី​ឲ្យ​យើង?

១២ ជា​ជាង​រក​កំហុស​ក្នុង​ពត៌មាន​ដែល​យើង​មើល​តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​កិច្ច​ប្រជុំ​តាម​ក្រុម​ជំនុំ ចូរ​ឲ្យ​យើង​មាន​ទស្សនៈ​ល្អ​ៗ​វិញ។ (​កូរិនថូស​ទី​១ ២:១៤, ១៥​) ជា​ជាង​សង្ស័យ​អំពី​ពត៌មាន​ក្នុង​ព្រះ​គម្ពីរ យក​ល្អ​បើ​យើង​មាន​ទស្សនៈ​ដូច​ពួក​បេរា​នៅ​សតវត្ស​ទី​មួយ ដែល​បាន​ពិចារណា​មើល​យ៉ាង​ផ្ចិត​ផ្ចង់​នូវ​បទ​គម្ពីរ​នានា! (​កិច្ច​ការ ១៧:១០, ១១​) រួច​មក ចូរ​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន ទាំង​បដិសេធ​រឿង​មិន​ពិត​ចោល ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​វិញ។

១៣. តើ​យើង​អាច​ប្រាប់​រឿង​មិន​ពិត​ត​ៗ​គ្នា​យ៉ាង​ណា ដោយ​មិន​ដឹង​ខ្លួន?

១៣ រឿង​មិន​ពិត​មួយ​ទៀត​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​នោះ​គឺ រឿង​បំផ្លើស​ច្រើន​បែប​ច្រើន​យ៉ាង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​យើង​និយម​ទទួល​តាម​អ៊ី​ម៉ែល។ ពិត​ជា​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​យ៉ាង​ណា​ទៅ! បើ​យើង​ប្រយ័ត្ន​នឹង​រឿង​ផ្សេង​ៗ​បែប​នេះ ជា​ពិសេស​ប្រសិន​បើ​យើង​មិន​ស្គាល់​ប្រភព​ដើម​នៃ​ពត៌មាន​នោះ​ទេ។ សូម្បី​តែ​បទ​ពិសោធន៍​ឬ​រឿង​នោះបាន​ត្រូវ​ផ្ញើ​ពី​បង​ប្អូន​គ្រីស្ទាន​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ក៏​ដោយ គាត់​ក៏​ប្រហែល​ជា​មិន​ស្គាល់​ហេតុ​ការណ៍​ពិត​ទាំង​ឡាយ​ផ្ទាល់​ខ្លួន​ដែរ។ ហេតុ​នោះ​ហើយ​បាន​ជា​សំខាន់​ឲ្យ​យើង​មិន​ប្រញាប់​រៀប​រាប់ ឬ​ផ្ញើ​ត​ៗ​គ្នា​នូវ​រឿង​បែប​នេះ​ដែល​គ្មាន​ទី​សំអាង​ថា​ជា​រឿង​ពិត​ឬ​មិន​ពិត​នោះ។ យើង​ពិត​ជា​មិន​ចង់​ប្រាប់​ត​ៗ​គ្នា​នូវ​«​រឿង​ព្រេង​ដ៏​ឥត​ខ្លឹម​សារ​»​ ឬ​«​រឿង​មិន​ពិត​»​ឡើយ។ (​ធីម៉ូថេ​ទី​១ ៤:៧, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) ដោយ​សារ​យើង​ត្រូវ​និយាយ​សេចក្ដី​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ យើង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​បើ​យើង​ជៀស​វាង​ពី​អ្វី​ៗ​ដែល​អាច​បណ្ដាល​ឲ្យ​យើង​ប្រាប់​រឿង​មិន​ពិត​ដល់​អ្នក​ដទៃ សូម្បី​តែ​ដោយ​អចេតនា​ក៏​ដោយ។—អេភេសូរ ៤:២៥

ផល​ប្រយោជន៍​ដែល​មក​ពី​ការ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត

១៤. តើ​មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ មក​ពី​ការ​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​រៀន​ពី​ព្រះ​បន្ទូល​របស់​ព្រះ?

១៤ ការ​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​រៀន​ដោយ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​និង​កិច្ច​ប្រជុំ​គ្រីស្ទាន​នោះ ពិត​ជា​នាំ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​យ៉ាង។ ឧទាហរណ៍ យើង​អាច​ពិសោធ​ថា យើង​មាន​ទំនាក់​ទំនង​កាន់​តែ​ល្អ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ជា​ដើម។ (​កាឡាទី ៦:១០​) ទំនោរ​ចិត្ត​របស់​យើង​ផ្ទាល់​នឹង​ទៅ​ជា​ល្អ​ឡើង​ៗ ពេល​យើង​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ។ (​ទំនុក​ដំកើង ១៩:៨​) ម្យ៉ាង​ទៀត ប្រសិន​ណា​បើ​យើង​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​រៀន​នោះ យើង​«​តាក់​តែង​សេចក្ដី​បង្រៀន​របស់​ព្រះ​»​ ហើយ​នឹង​ទាក់​ចិត្ត​ទាញ​អារម្មណ៍​របស់​អ្នក​ដទៃ​ទៀត ឲ្យ​ចូល​រួម​ការ​ថ្វាយ​បង្គំ​ពិត​នេះ​ដែរ។—ទីតុស ២:៦​-​១០

១៥. (​ក​) តើ​យុវនារី​ម្នាក់​បាន​ប្រមូល​ចិត្ត​ក្លាហាន​យ៉ាង​ណា ដើម្បី​ធ្វើ​បន្ទាល់​នៅ​សាលា​រៀន? (​ខ​) តើ​អ្នក​បាន​រៀន​អ្វី​ពី​បទ​ពិសោធន៍​នេះ?

១៥ ក្នុង​ចំណោម​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា មាន​ប្អូន​ៗ​យុវវ័យ​ច្រើន​នាក់​ដែល​ប្រព្រឹត្ត​តាម​អ្វី​ដែល​គេ​រៀន​តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន ព្រម​ទាំង​ការ​សិក្សា​ប្រកាសនវត្ថុ​គ្រីស្ទាន​នានា ហើយ​ការ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ជា​ទៀង​ទាត់​ដែរ។ អាកប្បកិរិយា​ដ៏​ល្អ​របស់​ពួក​គេ​តែង​ធ្វើ​បន្ទាល់​យ៉ាង​ប្រសើរ​ដល់​គ្រូ​បង្រៀន​និង​សិស្សានុសិស្ស​នៅ​សាលា។ (​ពេត្រុស​ទី​១ ២:១២​) សូម​គិត​អំពី​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​លេសលី មាន​អាយុ​១៣​ឆ្នាំ នៅ​សហរដ្ឋ​អាមេរិក។ ប្អូន​ស្រី​លេសលី​សារភាព​ថា ពី​មុន​នាង​ពិបាក​ចិត្ត​ណាស់ ពេល​ត្រូវ​និយាយ​ជា​មួយ​មិត្ត​រួម​ថ្នាក់​អំពី​ជំនឿ​របស់​នាង ស្រាប់​តែ​ដល់​ថ្ងៃ​មួយ​ស្ថានការណ៍​នោះ​បាន​ប្រែ​ប្រួល​ទៅ​វិញ។ ប្អូន​ស្រី​និយាយ​ថា​៖ ​«​ក្នុង​ថ្នាក់​រៀន​របស់​យើង​ៗ​បាន​ពិភាក្សា​អំពី​ពួក​អ្នក​ដែល​មក​លក់​អីវ៉ាន់​តាម​ផ្ទះ​ឲ្យ​យើង។ នារី​ម្នាក់​បាន​លើក​ដៃ ហើយ​ចោទ​ថា ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​ដែរ​»។ ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ តើ​ប្អូន​ស្រី​លេសលី​នឹង​ធ្វើ​យ៉ាង​ណា? ប្អូន​ស្រី​លេសលី​ពោល​ថា​៖ ​«​ខ្ញុំ​បាន​កាន់​ជំហរ​ការ​ពារ​សាសនា​របស់​ខ្ញុំ ដែល​ពិត​ជា​ធ្វើ​ឲ្យ​មិត្ត​រួម​ថ្នាក់​ភ្ញាក់​ផ្អើល​មែន ពីព្រោះ​តាម​ធម្មតា​ខ្ញុំ​ចេះ​តែ​នៅ​ស្ងៀម​នៅ​សាលា​»។ តើ​មាន​លទ្ធផល​អ្វី​មក​ពី​ប្អូន​ស្រី​លេសលី​បង្ហាញ​ចិត្ត​មោះ​មុត​ដូច្នេះ? ប្អូន​ស្រដី​ថា​៖ ​«​ខ្ញុំ​បាន​ជូន​សៀវភៅ​ស្តើង​មួយ​ក្បាល​និង​ខិត្តប័ណ្ណ​មួយ​សន្លឹក​ដល់​សិស្ស​ម្នាក់​នោះ ពីព្រោះ​គាត់​មាន​សំនួរ​ថែម​ទៀត​ដែរ​»។ ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ព្រះ​ទ័យ​រីក​រាយ​ពេល​ពួក​យុវវ័យ​ប្រព្រឹត្ត​តាម​អ្វី​ដែល​គេ​បាន​រៀន​នោះ ហើយ​ដែល​បាន​ប្រមូល​ចិត្ត​ក្លាហាន​ដើម្បី​ធ្វើ​បន្ទាល់​នៅ​សាលា!—សុភាសិត ២៧:១១; ហេព្រើរ ៦:១០

១៦. តើ​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ​បាន​ជួយ​ស្មរ​បន្ទាល់​យុវវ័យ​ម្នាក់​យ៉ាង​ដូច​ម្ដេច?

១៦ មាន​គំរូ​មួយ​ទៀត គឺ​ប្អូន​ស្រី​អេលីសាបិត។ ចាប់​ពី​អាយុ​ប្រាំ​ពីរ​ឆ្នាំ​រហូត​ដល់​រៀន​ចប់​បឋម​សិក្សា ប្អូន​ស្រី​នេះ​តែង​តែ​បាន​អញ្ជើញ​គ្រូ​បង្រៀន​និមួយ​ៗ​ឲ្យ​មក​សាល​ព្រះ​រាជាណាចក្រ ពេល​នាង​ត្រូវ​ថ្លែង​សុន្ទរកថា​តាម​កម្ម​វិធី​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ។ បើ​គ្រូ​បង្រៀន​មិន​អាច​ទៅ​បាន​ទេ ប្អូន​ស្រី​អេលីសាបិត​ថ្លែង​សុន្ទរកថា​ជូន​គ្រូ​បង្រៀន​ស្ដាប់ ក្រោយ​ពី​ម៉ោង​រៀន​នៅ​សាលា។ នៅ​ពេល​រៀន​ឆ្នាំ​ចុង​ក្រោយ​នៅ​វិទ្យាល័យ ប្អូន​ស្រី​អេលីសាបិត​បាន​សរសេរ​របាយ​ការណ៍​មួយ​អស់​ដប់​ទំព័រ អំពី​ប្រយោជន៍​ដែល​មក​ពី​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ ហើយ​បាន​ធ្វើ​ការ​សម្ដែង​មួយ​នៅ​មុខ​គ្រូ​បង្រៀន​បួន​នាក់។ ប្អូន​ស្រី​អេលីសាបិត​ក៏​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ថ្លែង​សុន្ទរកថា​តាម​បែប​បទ​កម្ម​វិធី​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ ហើយ​ប្អូន​ស្រី​បាន​ជ្រើស​រើស​ប្រធាន​មាន​ចំណង​ជើង​ថា​៖ ​«​តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​ជួជាតិ​ដូច្នេះ?​»។ ប្អូន​ស្រី​អេលីសាបិត​បាន​ទទួល​ប្រយោជន៍​ពី​កម្ម​វិធី​អប់រំ​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​រៀបចំ​តាម​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ។ ប្អូន​ស្រី​អេលីសាបិត​ក៏​រួម​ក្នុង​ចំណោម​ជន​គ្រីស្ទាន​យុវវ័យ​ច្រើន​នាក់ ដែល​លើក​ដំកើង​ព្រះ​យេហូវ៉ា​ដោយ​ប្រព្រឹត្ត​តាម​អ្វី​ៗ​ដែល​ពួក​គេ​រៀន​ពី​ព្រះ​បន្ទូល​របស់​ទ្រង់។

១៧, ១៨. (​ក​) តើ​ព្រះ​គម្ពីរ​ជូន​យោបល់​អ្វី​ខ្លះ​អំពី​ភាព​ទៀង​ត្រង់? (​ខ​) តើ​កិរិយា​ដ៏​ទៀង​ត្រង់​របស់​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​មាន​អានុភាព​អ្វី​ទៅ​លើ​បុរស​ម្នាក់​ទៀត?

១៧ ព្រះ​គម្ពីរ​ទូន្មាន​បណ្ដា​គ្រីស្ទាន​ឲ្យ​ប្រព្រឹត្ត​យ៉ាង​ទៀង​ត្រង់​ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់។ (​ហេព្រើរ ១៣:១៨​) ភាព​មិន​ទៀង​ត្រង់​អាច​បង្ខូច​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​អ្នក​ដទៃ ហើយ​សំខាន់​ជាង​នោះ​ទៅ​ទៀត គឺ​អាច​បង្ខូច​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​ទៀត​ផង។ (​សុភាសិត ១២:២២​) កិរិយា​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​របស់​យើង​ជា​ទី​សំអាងថា យើង​កំពុង​តែ​ប្រព្រឹត្ត​តាម​អ្វី​ៗ​ដែល​យើង​រៀន ហើយ​នេះ​ក៏​ជំរុញ​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ចិត្ត​គោរព​ពួក​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ច្រើន​ថែម​ទៀត។

១៨ សូម​គិត​អំពី​អ្វី​ដែល​ទាហាន​ម្នាក់​ឈ្មោះ​ភីលីព បាន​ពិសោធ​នោះ។ ភីលីព​បាន​បាត់​មូលប្បទានប័ត្រ​ដែល​ចុះ​ហត្ថលេខា​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​សរសេរ​ចំនួន​ទឹក​ប្រាក់​នៅ​ឡើយ ហើយ​គាត់​មិន​ដឹង​ទាល់​តែ​សោះ ទាល់​តែ​គាត់​បាន​ទទួល​មូលប្បទានប័ត្រ​នោះ​តាម​ប៉ុស្តិ៍ ទើប​គាត់​ដឹង។ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​បាន​រើស​បាន​មូលប្បទានប័ត្រ​នោះ ហើយ​បាន​ផ្ញើ​ទៅ​ឲ្យ​ភីលីព​វិញ ទាំង​សរសេរ​សំបុត្រ​ខ្លី​មួយ​ដើម្បី​ពន្យល់​ថា អ្វី​ដែល​ជំរុញ​ចិត្ត​អ្នក​រក​ឃើញ​មូលប្បទានប័ត្រ​នោះ​ឲ្យ​ផ្ញើ​វា​ដល់​ម្ចាស់​វិញ គឺ​ដោយ​សារ​ជំនឿ​សាសនា។ ភីលីព​បាន​ស្រឡាំងកាំង​មែន។ គាត់​ស្រដី​ថា​៖ ​«​បើ​គេ​ពិត​ជា​ចង់​បាន​មែន អ្នក​រក​ឃើញ​មូលប្បទានប័ត្រ​នេះ​អាច​ដក​លុយ​ខ្ញុំ​៩.០០០​ដុល្លារ​អាមេរិក​បាន!​»។ ភីលីព​ធ្លាប់​បាក់​ទឹក​ចិត្ត​ម្ដង​មុន​នោះ ពេល​គេ​បាន​លួច​មួក​គាត់​ពេល​គាត់​នៅ​ក្នុង​ព្រះ​វិហារ​មួយ។ តាម​មើល​ទៅ មនុស្ស​ម្នាក់​ដែល​ភីលីព​ស្គាល់​នោះ​បាន​លួច​មួក​របស់​គាត់ តែ​មនុស្ស​ម្នាក់​ដែល​គាត់​មិន​ស្គាល់​សោះ បាន​ផ្ញើ​មូលប្បទានប័ត្រ​មាន​តម្លៃ​ច្រើន​ពាន់​ដុល្លារ​ឲ្យ​គាត់​វិញ! ពួក​គ្រីស្ទាន​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ពិត​ជា​លើក​កិត្ដិយស​ថ្វាយ​ព្រះ​យេហូវ៉ា​មែន!

ចូរ​បន្ត​ប្រព្រឹត្ត​តាម អ្វី​ដែល​អ្នក​បាន​រៀន

១៩, ២០. តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន​ពី​បទ​គម្ពីរ?

១៩ ពួក​អ្នក​ដែល​ប្រព្រឹត្ត​តាម​អ្វី​ដែល​គេ​រៀន​ពី​ព្រះ​បន្ទូល​របស់​ព្រះ​នោះ ទទួល​ប្រយោជន៍​ច្រើន​ណាស់។ លោក​យ៉ាកុប​បាន​សរសេរ​ថា​៖ ​«​អ្នក​ណា​ដែល​ពិនិត្យ​មើល​ក្នុង​ក្រិត្យ​វិន័យ​ដ៏​គ្រប់​ល័ក្ខណ៍ គឺ​ជា​ក្រិត្យ​វិន័យ​ខាង​ឯ​សេរី​ភាព ហើយ​ក៏​ជាប់​ចិត្ត​ចំពោះ ឥត​បាន​ភ្លេច​សេចក្ដី​ដែល​ស្ដាប់​នោះ​ឡើយ គឺ​បាន​ប្រព្រឹត្ត​តាម​វិញ អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​ការ ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន​»។ (​យ៉ាកុប ១:២៥​) ត្រូវ​មែន កាល​បើ​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន​ពី​បទ​គម្ពីរ នោះ​យើង​នឹង​មាន​សុភមង្គល​ពិត ហើយ​អាច​ស៊ូ​ទ្រាំ​បាន​ស្រួល​ជាង​នូវ​អ្វី​ៗ​ដែល​គាប​សង្កត់​មក​លើ​ជីវិត​របស់​យើង។ សំខាន់​បំផុត យើង​នឹង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា ហើយ​អាច​សង្ឃឹម​នឹង​ទទួល​ជីវិត​ជា​រៀង​រហូត​បាន!—សុភាសិត ១០:២២; ធីម៉ូថេ​ទី​១ ៦:៦

២០ ដូច្នេះ ចូរ​ខំ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ចុះ! ចូរ​ជួប​ជុំ​យ៉ាង​ទៀង​ទាត់​ជា​មួយ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ហើយ​ប្រុង​ស្ដាប់​ពត៌មាន​ដែល​ថ្លែង​ជូន​យើង​ស្ដាប់​នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន​នោះ។ ចូរ​អនុវត្ត​តាម​អ្វី​ដែល​អ្នក​រៀន​ដោយ​ខំ​ប្រព្រឹត្ត​តាម​ចុះ!។ បើ​ធ្វើ​ដូច្នេះ ​«​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​»​ជាក់​ជា​ពុំ​ខាន។—ភីលីព ៤:៩

[​កំណត់​សម្គាល់​]

a សៀវភៅ​ថូបិត ដែល​បាន​ត្រូវ​សរសេរ​ប្រហែល​ជា​នៅ​សតវត្ស​ទី​បី មុន​ស.យ. រួម​មាន​រឿង​មួយ​តាម​ជំនឿ​ឆ្វេង​អំពី​បុរស​សាសន៍​យូដា​ម្នាក់​ឈ្មោះ ថូបាយឹស។ មនុស្ស​ខ្លះ​អះអាង​ថា លោក​ថូបាយឹស​មាន​សមត្ថភាព​ព្យាបាល​ជំងឺ​និង​ដេញ​អារក្ស​បាន ដោយ​អាង​អំណាច​មក​ពី​បេះ​ដូង ថង់​ប្រមាត់ និង​ថ្លើម​ពី​ត្រី​ធំ​សម្បើម​មួយ​ប្រភេទ។

តើ​អ្នក​នៅ​ចាំ​ទេ?

• តើ​«​ពាក្យ​គំរូ​ល្អ​ៗ​»​ជា​អ្វី? ហើយ​តើ​យើង​អាច​កាន់​តាម​ពាក្យ​គំរូ​នោះ​ជា​និច្ច​បាន​យ៉ាង​ណា?

• តើ​យើង​ត្រូវ​បដិសេធ​នឹង​«​រឿង​មិន​ពិត​»​ណា​ខ្លះ?

• តើ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​តាម​អ្វី​ដែល​គេ​រៀន​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​៣២​]

ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​តាម អ្វី​ដែល​គេ​អាន​ពី​ព្រះ​បន្ទូល​របស់​ព្រះ ទោះ​នៅ​កន្លែង​ធ្វើ​ការ​នៅ​សាលា ឬ​កន្លែង​ណា​ទៀត​ក៏​ដោយ