លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ចូរយកចិត្តទុកដាក់អោយមែនទែន›

‹ចូរយកចិត្តទុកដាក់អោយមែនទែន›

‹ចូរ​យក​ចិត្ត​ទុក​ដាក់​អោយ​មែន​ទែន›

​«​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀន​ប្រដៅ​ដែល​យើង​បាន​ស្ដាប់​អោយ​មែន​ទែន ក្រែង​លោ​យើង​ត្រូវ​រសាត់​បាត់​ទៅ​»។—ហេប្រឺ ២:១, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១. សូម​រៀប​រាប់​នូវ​របៀប​ដែល​ការ​មាន​ស្មារតី​មិន​មូល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។

 មនុស្ស​ប្រមាណ​៣៧.០០០​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍។ ពួក​អ្នក​ជំនាញ​ផ្នែក​ចរាចរណ៍​ប្រាប់​យើង​ថា មនុស្ស​ភាគ​ច្រើន​ទាំង​នេះ​មិន​ត្រូវ​ស្លាប់​ទេ បើ​អ្នក​បើក​បរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​មែន​ទែន​ពេល​បើក​បរ​រថ​យន្ត​នោះ។ អ្នក​បើក​បរ​ខ្លះ​មាន​ស្មារតី​មិន​មូល​ដោយ​ព្រោះ​មើល​បដា​ឃោសនា​អ្វី​មួយ ឬ​ដោយ​ប្រើ​ទូរស័ព្ទ​ដៃ។ អ្នក​ខ្លះ​រវល់​បរិភោគ​អាហារ​ពេល​កំពុង​បើក​បរ។ ក្នុង​គ្រប់​កាលៈទេសៈ​បែប​នេះ អ្វី​ៗ​ដែល​ធ្វើ​ឲ្យ​ស្មារតី​មិន​មូល​នោះ អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជាក់​ជា​ពុំ​ខាន។

២, ៣. តើ​ប៉ុល​ដាស់​តឿន​បណ្ដា​គ្រីស្ទាន​សាសន៍​ហេព្រើរ​យ៉ាង​ណា? ហើយ តើ​ហេតុ​អ្វី​បាន​ជា​ដំបូន្មាន​នោះ​គឺ​ល្អ​ចំពោះ​ពួក​គេ?

ជិត​២.០០០​ឆ្នាំ​មុន​មាន​រថ​យន្ត​នៅ​ឡើយ សាវ័ក​ប៉ុល​បាន​ពណ៌នា​អំពី​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​បណ្ដា​គ្រីស្ទាន​សាសន៍​ហេព្រើរ​មាន​ស្មារតី​មិន​មូល និង​ធ្វើ​ឲ្យ​គេ​មាន​គ្រោះ​ថ្នាក់​ដែរ។ ប៉ុល​បាន​បញ្ជាក់​ថា ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​បាន​ទទួល​ឋានៈ​ខ្ពស់​ជាង​ទេវតា​ទាំង​ឡាយ ដ្បិត​ព្រះ​យេស៊ូ​បាន​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​របស់​ព្រះ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ ​«​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀន​ប្រដៅ​ដែល​យើង​បាន​ស្ដាប់​អោយ​មែន​ទែន ក្រែង​លោ​យើង​ត្រូវ​រសាត់​បាត់​ទៅ​»។—ហេប្រឺ ២:១, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

ហេតុ​អ្វី​បាន​ជា​បណ្ដា​គ្រីស្ទាន​សាសន៍​ហេព្រើរ​នោះ​ត្រូវ​«​យក​ចិត្ត​ទុក​ដាក់ . . . មែន​ទែន​»​ចំពោះ​អ្វី​ដែល​ពួក​គេ​ស្ដាប់​ពី​ព្រះ​យេស៊ូ? ពីព្រោះ​ជិត​៣០​ឆ្នាំ​បាន​កន្លង​ផុត​ហើយ តាំង​ពី​ព្រះ​យេស៊ូ​យាង​ចេញ​ពី​ផែនដី។ ក្នុង​កំឡុង​ពេល​អវត្តមាន​នៃ​ម្ចាស់​របស់​ពួក​គេ នោះ​បណ្ដា​គ្រីស្ទាន​សាសន៍​ហេព្រើរ​ខ្លះ​បាន​ចាប់​ផ្ដើម​រសាយ​ចិត្ត​ចេញ​ពី​ជំនឿ​ពិត។ បណ្ដា​គ្រីស្ទាន​សាសន៍​ហេព្រើរ​នោះ​បាន​អនុញ្ញាត​ឲ្យ​អតីត​សាសនា​របស់​ពួក​គេ គឺ​សាសនា​យូដា ធ្វើ​ឲ្យ​ពួក​គេ​មាន​ស្មារតី​មិន​មូល។

ពួក​គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​ជាង

៤. បណ្ដា​គ្រីស្ទាន​សាសន៍​ហេព្រើរ​ខ្លះ​ប្រហែល​ជា​មាន​ចិត្ត​ចង់​ត្រឡប់​ទៅ​កាន់​សាសនា​យូដា​វិញ។ តើ​ដោយ​ព្រោះ​ហេតុ​អ្វី?

តើ​អ្វី​ទៅ​អាច​ទាក់​ទាញ​ចិត្ត​គ្រីស្ទាន​ម្នាក់​ឲ្យ​ត្រឡប់​ទៅ​កាន់​សាសនា​យូដា​វិញ​នោះ? នេះ​គឺ​ពីព្រោះ​របៀប​ថ្វាយ​បង្គំ​ក្រោម​ក្រិត្យ​វិន័យ​នោះ បាន​រួម​បញ្ចូល​របស់​ដែល​អាច​មើល​ឃើញ​ជាក់​ស្តែង។ ប្រជាជន​អាច​មើល​ឃើញ​ពួក​សង្ឃ ហើយ​អាច​ធុំ​ក្លិន​ដង្វាយ​ដុត​ជា​យញ្ញ​បូជា​និមួយ​ៗ​នោះ។ ប៉ុន្តែ សាសនា​គ្រីស្ទាន​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ណាស់។ ពួក​គ្រីស្ទាន​ក៏​មាន​សម្ដេច​សង្ឃ​មួយ​អង្គ​ដែរ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ ប៉ុន្តែ​ពួក​គេ​មិន​បាន​ឃើញ​ទ្រង់​នៅ​លើ​ផែនដី​អស់​បី​ទសវត្សរ៍​ហើយ។ (​ហេព្រើរ ៤:១៤​) ពួក​គ្រីស្ទាន​មាន​ព្រះ​វិហារ​មួយ​ដែរ តែ​ស្ថាន​សួគ៌​ជា​ទី​បរិសុទ្ធ​របស់​វិហារ​នោះ។ (​ហេព្រើរ ៩:២៤​) ពួក​គ្រីស្ទាន​មិន​កាត់​ស្បែក​មែន​ទែន​ដូច​តម្រូវ​ដោយ​ក្រិត្យ​វិន័យ​ទេ តែ​កាត់​ស្បែក‹នៅ​ក្នុង​ចិត្ត ខាង​វិញ្ញាណ›វិញ។ (​រ៉ូម ២:២៩​) ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដា​គ្រីស្ទាន​សាសន៍​ហេព្រើរ​ប្រហែល​ជា​បាន​ចាត់​ទុក​សាសនា​គ្រីស្ទាន​ជា​របៀប​ថ្វាយ​បង្គំ​អរូបី។

៥. តើ​ប៉ុល​បង្ហាញ​យ៉ាង​ណា​ថា របៀប​ថ្វាយ​បង្គំ​ដែល​ព្រះ​យេស៊ូ​ស្ថាបនា​ឡើង​នោះ មាន​តម្លៃ​ខ្ពស់​ជាង​ការ​ថ្វាយ​បង្គំ​តាម​ក្រិត្យ​វិន័យ​ទៅ​ទៀត?

បណ្ដា​គ្រីស្ទាន​សាសន៍​ហេព្រើរ​នោះ​ត្រូវ​ទទួល​ស្គាល់​ចំណុច​សំខាន់ ស្តី​អំពី​របៀប​ថ្វាយ​បង្គំ​ដែល​ព្រះ​គ្រីស្ទ​បាន​ស្ថាបនា​ឡើង។ របៀប​ថ្វាយ​បង្គំ​នោះ​មាន​មូលដ្ឋាន​លើ​ជំនឿ​ជា​ជាង​ការ​មើល​ឃើញ ប៉ុន្តែ មាន​តម្លៃ​ខ្ពស់​ជាង​ក្រិត្យ​វិន័យ​ដែល​បាន​ប្រទាន​មក​តាម​រយៈ​ព្យាការី​ម៉ូសេ​ទៅ​ទៀត។ ប៉ុល​បាន​សរសេរ​ថា​៖ ​«​បើ​សិន​ជា​ឈាម​គោ​ឈ្មោល នឹង​ឈាម​ពពែ​ឈ្មោល ហើយ​ផែះ​គោ​ក្រមុំ ដែល​គេ​ប្រោះ​លើ​មនុស្ស​ស្មោក​គ្រោក បាន​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ ខាង​សាច់​ឈាម​បាន​ទៅ​ហើយ ចំណង់​បើ​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់ ឥត​សៅ​ហ្មង ដល់​ព្រះ ដោយ​សារ​ព្រះ​វិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប​ជា​និច្ច នោះ​នឹង​សំអាត​ទាំង​បញ្ញា​ចិត្ត​អ្នក​រាល់​គ្នា ពី​អស់​ទាំង​ការ​ស្លាប់​ផង ដើម្បី​ឲ្យ​បាន​បំរើ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ តើ​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត?​»។ (​ហេព្រើរ ៩:១៣, ១៤​) ត្រូវ​មែន ការ​អត់​ឱន​ទោស​ដែល​ពួក​គេ​អាច​ទទួល​ដោយ​សារ​ជំនឿ​ទៅ​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ មាន​តម្លៃ​ច្រើន​ជាង​ប្រយោជន៍​ដែល​មក​ពី​យញ្ញ​បូជា​នៅ​ក្រោម​ក្រិត្យ​វិន័យ​ទៅ​ទៀត។—ហេព្រើរ ៧:២៦​-​២៨

៦, ៧. (​ក​) តើ​ស្ថានការណ៍​អ្វី​បាន​ធ្វើ​ឲ្យ​មាន​ភាព​បន្ទាន់ ចំពោះ​បណ្ដា​គ្រីស្ទាន​សាសន៍​ហេព្រើរ​ដែល​«​ត្រូវ​យក​ចិត្ត​ទុក​ដាក់ . . . មែន​ទែន​»​ចំពោះ​អ្វី​ដែល​គេ​ឮ​នោះ? (​ខ​) ពេល​ប៉ុល​សរសេរ​សំបុត្រ​របស់​គាត់​ទៅ​ពួក​សាសន៍​ហេព្រើរ​នោះ តើ​នៅ​សល់​ប៉ុន្មាន​ឆ្នាំ​មុន​នឹង​សេចក្ដី​ហិន​វិនាស​នៃ​ទី​ក្រុង​យេរូសាឡិម? (​សូម​មើល​សម្គាល់​ហេតុ​)

មាន​មូលហេតុ​មួយ​ទៀត​ដែរ ដែល​បណ្ដា​គ្រីស្ទាន​សាសន៍​ហេព្រើរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ស្ដាប់​ពី​ព្រះ​យេស៊ូ។ ព្រះ​យេស៊ូ​បាន​ទាយ​ថា ទី​ក្រុង​យេរូសាឡិម​ត្រូវ​ទទួល​សេចក្ដី​ហិន​វិនាស។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​ខ្មាំង​សត្រូវ​ឯង នឹង​ធ្វើ​បន្ទាយ​នៅ​ជុំ​វិញ​ឯង ព្រម​ទាំង​ឡោម​ព័ទ្ធ ហើយ​បិទ​ផ្លូវ​គ្រប់​ទិស គេ​នឹង​ពង្រាប​ឯង​ឲ្យ​ស្មើ​នឹង​ដី ព្រម​ទាំង​កូន​ចៅ​ដែល​មាន​ក្នុង​ឯង​ផង ឥត​ទុក​ថ្ម​ណា​មួយ​ឲ្យ​នៅ​ត្រួត​លើ​ថ្ម​ណា នៅ​ក្នុង​ឯង​ឡើយ ពីព្រោះ​ឯង​មិន​បាន​ស្គាល់​ពេល ដែល​ព្រះ​យាង​មក​ប្រោស​ឯង​សោះ​»។—លូកា ១៩:៤៣, ៤៤

តើ​ព្រឹត្ដិការណ៍​ទាំង​នេះ​ត្រូវ​កើត​ឡើង​នៅ​ពេល​ណា? ព្រះ​យេស៊ូ​មិន​បាន​ប្រាប់​អំពី​ថ្ងៃ ខែ ឬ​ម៉ោង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​បាន​បង្គាប់​ថា​៖ ​«​កាល​ណា​ឃើញ​ពល​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម នោះ​ត្រូវ​ឲ្យ​ដឹង​ថា សេចក្ដី​ហិន​វិនាស​នៃ​ក្រុង​នោះ​ជិត​ដល់​ហើយ។ គ្រា​នោះ ត្រូវ​ឲ្យ​អស់​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ ហើយ​អ្នក​នៅ​កណ្ដាល​ទី​ក្រុង ត្រូវ​រត់​ចេញ​ទៅ​ឲ្យ​ផុត ក៏​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​ស្រែ ចូល​ទៅ​ក្នុង​ទី​ក្រុង​ឡើយ​»។ (​លូកា ២១:២០, ២១​) ក្នុង​កំឡុង​ពេល​៣០​ឆ្នាំ​ក្រោយ​ពី​ព្រះ​យេស៊ូ​មាន​បន្ទូល​នោះ ជន​គ្រីស្ទាន​ខ្លះ​បាន​លែង​ប្រុង​ស្មារតី​អំពី​ភាព​បន្ទាន់​នោះ​ទៀត ហើយ​បាន​ទៅ​ជា​មាន​ស្មារតី​មិន​មូល​ទៅ​វិញ។ នេះ​ប្រៀប​ដូច​ជា​អ្នក​បើក​បរ​រថ​យន្ត​ដែល​លែង​មើល​ផ្លូវ​ខាង​មុខ​ទៀត។ ប្រសិន​បើ​ពួក​គេ​មិន​កែ​ប្រែ​របៀប​គិត​គូរ​របស់​គេ នោះ​ច្បាស់​ជា​នឹង​មាន​អន្តរាយ​នៅ​ខាង​មុខ​គេ​ជាក់​ជា​ពុំ​ខាន។ ទោះ​ជា​ពួក​គេ​គិត​យ៉ាង​ណា​ក៏​ដោយ សេចក្ដី​ហិន​វិនាស​នៃ​ទី​ក្រុង​យេរូសាឡិម​បាន​ឆ្ពោះ​មក​ជិត​ហើយ! a យើង​សង្ឃឹម​ថា ដំបូន្មាន​របស់​ប៉ុល​បាន​ធ្វើ​ជា​ការ​ក្រើន​រំឭក​ចំពោះ​ជន​គ្រីស្ទាន​នៅ​ទី​ក្រុង​យេរូសាឡិម ដែល​កំពុង​ងុយ​ងោក​ខាង​វិញ្ញាណ​នោះ។

ចូរ​«​យក​ចិត្ត​ទុក​ដាក់ . . . អោយ​មែន​ទែន​»​នៅ​សព្វ​ថ្ងៃ​នេះ

៨. ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​«​យក​ចិត្ត​ទុក​ដាក់​»​នឹង​សេចក្ដី​ពិត​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​«​អោយ​មែន​ទែន​»​?

យើង​រាល់​គ្នា​ក៏​ត្រូវ​«​យក​ចិត្ត​ទុក​ដាក់ . . . មែន​ទែន​»​ចំពោះ​សេចក្ដី​ពិត​ទាំង​ឡាយ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ ដូច​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​នោះ​ដែរ។ ហេតុ​អ្វី? ពីព្រោះ​យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​សេចក្ដី​ហិន​វិនាស​មួយ​ផង​ដែរ មិន​មែន​សេចក្ដី​ហិន​វិនាស​នៃ​សាសន៍​មួយ​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​បំផ្លាញ​របប​លោកីយ៍​ទាំង​មូល​ចោល​តែ​ម្ដង។ (​វិវរណៈ ១១:១៨; ១៦:១៤, ១៦​) ត្រូវ​មែន យើង​មិន​ដឹង​ថ្ងៃ​ណា ឬ​ម៉ោង​ណា​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ការ​នេះ​ឡើយ។ (​ម៉ាថាយ ២៤:៣៦​) ក៏​ប៉ុន្តែ យើង​កំពុង​តែ​ធ្វើ​ជា​សាក្សី​ផ្ទាល់ ស្តី​អំពី​ការ​សម្រេច​នូវ​ទំនាយ​ព្រះ​គម្ពីរ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​លាស់ ថា​យើង​កំពុង​តែ​រស់​នៅថ្ងៃ​«​ជាន់​ក្រោយ​បង្អស់​»។ (​ធីម៉ូថេ​ទី​២ ៣:១​-​៥​) ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ប្រយ័ត្ន​នឹង​អ្វី​ៗ​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ស្មារតី​មិន​មូល។ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​ចង​ចាំ​ក្នុង​ចិត្ត​គំនិត​នូវ​ភាព​បន្ទាន់​នេះ។ មាន​តែ​ធ្វើ​ដូច​នេះ​ទេ ទើប​យើង​អាច​«​រាប់​ជា​គួរ​នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក​»។—លូកា ២១:៣៦

៩, ១០. (​ក​) តើ​យើង​អាច​ធ្វើ​យ៉ាង​ណា ដើម្បី​បង្ហាញ​ថា​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​ខាង​វិញ្ញាណ? (​ខ​) តើ​ព្រះ​បន្ទូល​របស់​ព្រះ​ប្រៀប​ដូច​ជា​«​ចង្កៀង​ដល់​ជើង​»​ និង​«​ពន្លឺ​បំភ្លឺ​ផ្លូវ​»​របស់​យើង​យ៉ាង​ណា?

ក្នុង​គ្រា​ដ៏​សំខាន់​នេះ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា យើង​កំពុង​តែ​«​យក​ចិត្ត​ទុក​ដាក់ . . . មែន​ទែន​»​នឹង​អ្វី​ៗ​ខាង​វិញ្ញាណ? វិធី​មួយ គឺ​ដោយ​រួម​ចំណែក​កិច្ច​ប្រជុំ​គ្រីស្ទាន សន្និបាត និង​មហា​សន្និបាត​នានា​របស់​យើង​យ៉ាង​ទៀង​ទាត់។ យើង​ត្រូវ​ធ្វើ​ជា​សិស្ស​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​ដែរ ដើម្បី​ចូល​ទៅ​ជិត​អ្នក​និពន្ធ​ព្រះ​បន្ទូល គឺ​ព្រះ​យេហូវ៉ា។ (​យ៉ាកុប ៤:៨​) ប្រសិន​បើ​យើង​ទទួល​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​កម្ម​វិធី​ប្រជុំ​នានា យើង​នឹង​ធ្វើ​ដូច​អ្នក​តែង​បទ​ទំនុក​ដំកើង​ដែល​បាន​ទូល​ថ្វាយ​ព្រះ​ថា​៖ ​«​ព្រះ​បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល​បង្គំ​ផង​»។—ទំនុក​ដំកើង ១១៩:១០៥

១០ ព្រះ​គម្ពីរ​ធ្វើ​ជា‹ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​យើង› ពេល​ព្រះ​គម្ពីរ​ប្រាប់​យើង​អំពី​គោល​បំណង​របស់​ព្រះ​ចំពោះ​ពេល​អនាគត។ ព្រះ​គម្ពីរ​ក៏​ធ្វើ​ជា‹ចង្កៀង​ដល់​ជើង​យើង›ផង​ដែរ។ នេះ​បាន​សេចក្ដី​ថា ព្រះ​គម្ពីរ​អាច​ជួយ​យើង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ស្វាហាប់ ពេល​យើង​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវិត​យើង។ ហេតុ​នេះ​ហើយ​គឺ​ចាំ​បាច់​ឲ្យ​យើង​«​យក​ចិត្ត​ទុក​ដាក់ . . . មែន​ទែន​»​ ពេល​យើង​ជួប​ជុំ​គ្នា​ជា​មួយ​ពួក​អ្នក​រួម​ជំនឿ​របស់​យើង​ដើម្បី​ទទួល​ការ​ណែនាំ ព្រម​ទាំង​ពេល​យើង​អាន​ព្រះ​បន្ទូល​របស់​ព្រះ​ម្នាក់​ឯង​ផង​ដែរ។ បើ​ពត៌មាន​ដែល​យើង​ទទួល​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​យើង​នោះ នេះ​នឹង​ជួយ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា ហើយ​មាន​ប្រយោជន៍​ផង ជា​ការ​សម្រេច​ចិត្ត​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា និង​ធ្វើ​ឲ្យ​ទ្រង់​មាន​ព្រះ​ទ័យ​រីក​រាយ​ដែរ។ (​សុភាសិត ២៧:១១; អេសាយ ៤៨:១៧​) នៅ​ឯ​កិច្ច​ប្រជុំ​និង​ពេល​សិក្សា​ផ្ទាល់​ខ្លួន តើ​យើង​អាច​ពង្រីក​នូវ​រយៈ​ពេល​ប្រុង​ស្មារតី​បាន​យ៉ាង​ណា ដើម្បី​ទទួល​ប្រយោជន៍​បាន​ច្រើន​បំផុត​ពី​សំ​វិធានការ​ខាង​វិញ្ញាណ​ដែល​មក​ពី​ព្រះ?

របៀប​ប្រុង​ស្មារតី​ឲ្យ​បាន​ប្រសើរ​ជាង នៅ​កិច្ច​ប្រជុំ​និមួយ​ៗ​

១១. ជួន​កាល តើ​ហេតុ​អ្វី​បាន​ជា​ការ​ប្រុង​ស្មារតី​នៅ​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ការ​ពិបាក​ណាស់?

១១ ជួន​កាល ការ​ប្រុង​ស្មារតី​នៅ​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ការ​ពិបាក​ណាស់។ យើង​អាច​មាន​ស្មារតី​មិន​មូល​យ៉ាង​ងាយ​បាន ប្រហែល​ដោយ​ព្រោះ​មាន​កូន​ង៉ែត​យំ ឬ​មួយ​ដោយ​សារ​អ្នក​ចូល​ប្រជុំ​ជ្រុល​ម៉ោង​កំពុង​តែ​រក​កន្លែង​អង្គុយ។ ក្រោយ​ពី​បាន​ប្រកប​ការ​ងារ​ពេញ​មួយ​ថ្ងៃ​មក យើង​ប្រហែល​ជា​មាន​ការ​នឿយ​ហត់​អស់​កម្លាំង។ អ្នក​ថ្លែង​សុន្ទរកថា​ប្រហែល​ជា​អ្នក​មិន​សូវ​មាន​វោហារ ហើយ​មិន​យូរ​មិន​ឆាប់​គំនិត​យើង​អណ្ដែត​អណ្ដូង​ស្រមៃ​គិត​អំពី​រឿង​ផ្សេង​ៗ ឬ​មួយ​ក៏​ងុយ​ងោក​ក៏​មាន! ដោយ​ព្រោះ​ពត៌មាន​ដែល​ថ្លែង​ជូន​អ្នក​ស្ដាប់​នោះ​គឺ​សំខាន់​ណាស់ យើង​គួរ​ចង់​បង្កើន​ការ​ប្រុង​ស្មារតី​នៅ​ឯ​កិច្ច​ប្រជុំ​នានា។ ប៉ុន្តែ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ណា​បាន?

១២. តើ​អ្វី​អាច​ជួយ​យើង​ប្រុង​ស្មារតី​បាន​ស្រួល​ជាង​នៅ​កិច្ច​ប្រជុំ?

១២ តាម​ធម្មតា យើង​អាច​ប្រុង​ស្មារតី​នៅ​កិច្ច​ប្រជុំ​របស់​យើង​បាន​ល្អ​ជាង បើ​យើង​រៀបចំ​បាន​ល្អ​ជា​មុន​នោះ។ ដូច្នេះ ចូរ​កំណត់​ពេល​និង​ខំ​ឆ្លៀត​ពេល ដើម្បី​គិត​ជា​មុន​អំពី​សាច់​រឿង​ផ្សេង​ៗ​ដែល​ត្រូវ​យក​មក​ពិគ្រោះ​នោះ។ យើង​ត្រូវ​ចំណាយ​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​អាន​និង​រំពឹង​គិត​អំពី​ខ​ខ្លះ​ៗ​ពី​ជំពូក​ទាំង​ប៉ុន្មាន​ដែល​បាន​កំណត់​ឲ្យ​យើង​អាន​ជា​អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍។ បើ​យើង​គ្រោង​ទុក​ពេល​ជា​មុន យើង​ក៏​អាច​រៀបចំ​សំរាប់​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ និង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​ដែរ។ មិន​ថា​យើង​មាន​គម្រោង​ការ​ណា​ក៏​ដោយ ការ​រៀបចំ​ជា​មុន​ពិត​ជា​នឹង​ជួយ​យើង​ប្រុង​ស្មារតី​នឹង​សាច់​រឿង​ដែល​កំពុង​តែ​ពិគ្រោះ​នៅ​កិច្ច​ប្រជុំ​តាម​ក្រុម​ជំនុំ។

១៣. តើ​អ្វី​អាច​ជួយ​យើង​ប្រមូល​អារម្មណ៍​ស្ដាប់​សាច់​រឿង​ដែល​យក​មក​ពិគ្រោះ​នៅ​ឯ​កិច្ច​ប្រជុំ​និមួយ​ៗ​?

១៣ បន្ថែម​នឹង​ការ​រៀបចំ​បាន​ល្អ បង​ប្អូន​ខ្លះ​បាន​ពិសោធ​ថា ខ្លួន​គេ​អាច​ប្រុង​ស្មារតី​ល្អ​ជាង​បើ​គេ​អង្គុយ​នៅ​ខាង​មុខ​ក្នុង​សាល​ព្រះ​រាជាណាចក្រ។ ការ​មើល​មុខ​អ្នក​ថ្លែង​សុន្ទរកថា និង​មើល​ព្រះ​គម្ពីរ​ពេល​គាត់​អាន​បទ​គម្ពីរ​និមួយ​ៗ ហើយ​ការ​កត់​កំណត់​ក៏​ជា​វិធី​ថែម​ទៀត​ដើម្បី​មាន​ស្មារតី​មូល​ក្នុង​ការ​ស្ដាប់​ប្រជុំ។ ក៏​ប៉ុន្តែ ការ​ត្រៀម​ចិត្ត​ជា​មុន ជា​អ្វី​ដែល​សំខាន់​ជាង​វិធី​ឯ​ទៀត​ក្នុង​ការ​ប្រុង​ស្មារតី។ យើង​ត្រូវ​យល់​នូវ​មូលហេតុ​ដែល​យើង​ជួប​ជុំ​គ្នា។ មូលហេតុ​ចំបង​ដែល​យើង​ជួប​ជា​មួយ​ពួក​អ្នក​រួម​ជំនឿ គឺ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ (​ទំនុក​ដំកើង ២៦:១២; លូកា ២:៣៦, ៣៧​) កិច្ច​ប្រជុំ​នានា​ជា​វិធី​ដ៏​សំខាន់​ដែល​យើង​ទទួល​អាហារ​ខាង​វិញ្ញាណ។ (​ម៉ាថាយ ២៤:៤៥​-​៤៧​) ម្យ៉ាង​ទៀត កិច្ច​ប្រជុំ​នានា​បើក​ឱកាស​ឲ្យ​យើង‹បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ធ្វើ​ការ​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក›។—ហេព្រើរ ១០:២៤, ២៥

១៤. តើ​ការ​ទទួល​ប្រយោជន៍​ពី​កិច្ច​ប្រជុំ​និមួយ​ៗ​ពឹង​ពាក់​អ្វី​ទៅ?

១៤ បង​ប្អូន​ខ្លះ​ប្រហែល​ជា​វាយ​តម្លៃ​គុណភាព​នៃ​កិច្ច​ប្រជុំ​ណា​មួយ ពាក់​ព័ន្ធ​សមត្ថភាព​នៃ​អ្នក​ថ្លែង​សុន្ទរកថា​និមួយ​ៗ។ ប្រសិន​បើ​អ្នក​ថ្លែង​សុន្ទរកថា​មាន​វោហារ យើង​អាច​និយាយ​ថា ការ​ប្រជុំ​នោះ​ល្អ​ណាស់។ ប៉ុន្តែ កាល​បើ​អ្នក​ថ្លែង​សុន្ទរកថា​មើល​ទៅ​ដូច​ជា​ខ្វះ​ប្រសិទ្ធភាព​វិញ យើង​មាន​ទំនោរ​ចិត្ត​ថា ការ​ប្រជុំ​នោះ​មិន​សូវ​ពីរោះ​ស្ដាប់​ប៉ុន្មាន​ទេ។ គឺ​ពិត​មែន​ដែល​អ្នក​ថ្លែង​សុន្ទរកថា​គួរ​តែ​ប្រឹង​ប្រែង ដើម្បី​មាន​បំនិន​ក្នុង​ការ​បង្រៀន ជា​ពិសេស​ក្នុង​ការ​ជួយ​ឲ្យ​ពត៌មាន​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​អ្នក​ស្ដាប់។ (​ធីម៉ូថេ​ទី​១ ៤:១៦​) ប៉ុន្តែ ពួក​យើង​រាល់​គ្នា​ដែល​ស្ដាប់​គាត់​វិញ មិន​គួរ​រិះ​គន់​ហួស​ហេតុ​ពេក​ទេ។ ថ្វី​បើ​សមត្ថភាព​បង្រៀន​នៃ​អ្នក​ថ្លែង​សុន្ទរកថា​ជា​អ្វី​ដែល​សំខាន់​មែន តែ​នេះ​មិន​មែន​ជា​កត្ដា​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​មាន​ដំណើរ​ការ​ល្អ​នោះ​ទេ។ អ្នក​អាច​យល់​ស្រប​គំនិត​ដែល​ថា យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ចំបង​ទៅ​លើ​ការ​ខំ​ស្ដាប់ មិន​ថា​អ្នក​ថ្លែង​សុន្ទរកថា​និយាយ​ពីរោះ​ឬ​យ៉ាង​ណា​នោះ​ទេ មែន​ទេ? ពេល​យើង​រួម​ចំណែក​កម្ម​វិធី​ប្រជុំ ហើយ​ប្រុង​ស្មារតី​ស្ដាប់​អ្វី​ដែល​ជូន​ចំពោះ​យើង​នៅ​ទី​នោះ យើង​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។ នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​មាន​ដំណើរ​ការ​ល្អ។ ប្រសិន​បើ​យើង​មាន​ចិត្ត​ចង់​ទទួល​ចំណេះ​អំពី​ព្រះ យើង​នឹង​ទទួល​ប្រយោជន៍​ពី​កិច្ច​ប្រជុំ​និមួយ​ៗ មិន​ថា​អ្នក​ថ្លែង​សុន្ទរកថា​មាន​ទេព​កោសល្យ​និយាយ​យ៉ាង​ណា​នោះ​ទេ។ (​សុភាសិត ២:១​-​៥​) ដូច្នេះ​ហើយ ចូរ​យើង​ប្ដេជ្ញា​«​យក​ចិត្ត​ទុក​ដាក់ . . . មែន​ទែន​»​ នៅ​កិច្ច​ប្រជុំ​របស់​យើង។

ចូរ​ទទួល​ប្រយោជន៍​ឲ្យ​បាន​ពេញ​លេញ​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន

១៥. តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​សិក្សា​និង​ការ​រំពឹង​គិត?

១៥ យើង​ទទួល​ប្រយោជន៍​ច្រើន​ពី​ការ​«​យក​ចិត្ត​ទុក​ដាក់ . . . មែន​ទែន​»​ក្នុង​កំឡុង​ពេល​សិក្សា​ផ្ទាល់​ខ្លួន និង​ការ​រំពឹង​គិត។ ការ​ជញ្ជឹង​គិត​ពេល​អាន​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​គ្រីស្ទាន នឹង​ផ្ដល់​ឱកាស​ដ៏​ល្អ​ឲ្យ​យើង​បញ្ចូល​សេចក្ដី​ពិត​ទាំង​ឡាយ​ពី​ព្រះ​បន្ទូល​របស់​ព្រះ ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ចិត្ត​យើង។ ការ​ធ្វើ​ដូច​នេះ​នឹង​មាន​អានុភាព​ខ្លាំង​ទៅ​លើ​របៀប​គិត​គូរ​របស់​យើង និង​អាកប្បកិរិយា​របស់​យើង​ផង​ដែរ។ យ៉ាង​ច្បាស់​ណាស់ ការ​អាន​និង​ជញ្ជឹង​គិត​ដូច្នេះ​នឹង​ជួយ​យើង​ត្រេក​អរ​នឹង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។ (​ទំនុក​ដំកើង ១:២; ៤០:៨​) ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​ប្រុងស្មារតី ដើម្បី​ទទួល​ប្រយោជន៍​ពេល​យើង​រៀន​សូត្រ។ យើង​អាច​មាន​ស្មារតី​មិន​មូល​យ៉ាង​ងាយ! អ្វី​ៗ​ដ៏​មិន​សំខាន់​អាច​រំខាន​យើង ដូច​ជា​ទូរស័ព្ទ​រោទ៍ ឬ​សូរ​សម្លេង​ផ្សេង​ទៀត ហើយ​អាច​ធ្វើ​ឲ្យ​យើង​លែង​ប្រុង​ស្មារតី។ ឬ​មួយ​ក៏​យើង​ប្រហែល​ជា​មិន​សូវ​ចេះ​ប្រុង​ស្មារតី​យូរ​ប៉ុន្មាន​ទេ។ យើង​ប្រហែល​ជា​អង្គុយ​មាន​បំណង​ចង់​ទទួល​ទាន​អាហារ​ខាង​វិញ្ញាណ ប៉ុន្តែ​មិន​យូរ​មិន​ឆាប់​គំនិត​យើង​គិត​ចំណុច​ឯ​ទៀត។ តើ​យើង​អាច​«​យក​ចិត្ត​ទុក​ដាក់ . . . មែន​ទែន​»​បាន​យ៉ាង​ណា ពេល​យើង​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ផ្ទាល់​ខ្លួន?

១៦. (​ក​) ហេតុ​អ្វី​បាន​ជា​ការ​កំណត់​ពេល​សំរាប់​ការ​សិក្សា​ផ្ទាល់​ខ្លួន​ចាំ​បាច់​ដូច្នេះ? (​ខ​) តើ​អ្នក​បាន​ធ្វើ​យ៉ាង​ណា ដើម្បី​ឆ្លៀត​ពេល​សំរាប់​ការ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ?

១៦ យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​រៀបចំ​តារាង​មួយ និង​រក​ទី​កន្លែង​សិក្សា​ដែល​ជួយ​យើង​ប្រុង​ស្មារតី​បាន។ មនុស្ស​យើង​ភាគ​ច្រើន​មិន​សូវ​មាន​ពេល​នៅ​តែ​ម្នាក់​ឯង​ទេ។ យើង​អាច​មាន​អារម្មណ៍​ថា កម្ម​វិធី​របស់​យើង​ប្រចាំ​ថ្ងៃ​ធ្វើ​ឲ្យ​យើង​ប្រៀប​ដូច​ជា​មែក​តូច​មួយ​រសាត់​យ៉ាង​លឿន​តាម​ខ្សែ​ទឹក។ តាម​ពិត យើង​ត្រូវ​ប្រឆាំង​នឹង​ល្បឿន​យ៉ាង​លឿន​នោះ ហើយ​រក​ទី​កន្លែង​ស្ងាត់​សំរាប់​ការ​សិក្សា​និង​ការ​រំពឹង​គិត​វិញ។ យើង​មិន​អាច​រង់​ចាំ​ដល់​ពេល​មាន​ទំនេរ​ដើម្បី​សិក្សា​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​សម្រេច​ធ្វើ​ដោយ​ឆ្លៀត​ពេល​សំរាប់​ការ​រៀន​សូត្រ។ (​អេភេសូរ ៥:១៥, ១៦​) បង​ប្អូន​ខ្លះ​កំណត់​ទុក​ពេល​ខ្លះ​ដែល​មិន​សូវ​យូរ​នា​ព្រឹក​ព្រលឹម ពេល​មិន​សូវ​មាន​អ្វី​មក​រំខាន​គេ​ទេ។ បង​ប្អូន​ឯ​ទៀត​គិត​ថា ពេល​ល្ងាច​បើក​ឱកាស​ឲ្យ​គេ​ច្រើន​ជាង។ អ្វី​ដែល​សំខាន់​បំផុត​គឺ កុំ​ធ្វេស​ទ្វេ​នឹង​ភាព​ចាំ​បាច់​ឲ្យ​យើង​ទទួល​ចំណេះ​ពិត​អំពី​ព្រះ​និង​ព្រះ​រាជបុត្រា​របស់​ទ្រង់​ឡើយ។ (​យ៉ូហាន ១៧:៣​) ដូច្នេះ ចូរ​យើង​កំណត់​ពេល​ដើម្បី​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន ហើយ​ធ្វើ​តាម​តារាង​នោះ​ចុះ។

១៧. តើ​ការ​រំពឹង​គិត​ជា​អ្វី? ហើយ តើ​ការ​រំពឹង​គិត​អាច​ជួយ​យើង​យ៉ាង​ណា​ខ្លះ?

១៧ ការ​រំពឹង​គិត​ជា​ការ​ជញ្ជឹង​គិត​អំពី​អ្វី​ដែល​យើង​បាន​រៀន​តាម​រយៈ​ការ​សិក្សា ហើយ​ការ​រំពឹង​គិត​នោះ​មាន​តម្លៃ​ណាស់។ ការ​រំពឹង​គិត​អាច​ជួយ​យើង​ផ្ដិត​នូវ​ទស្សនៈ​របស់​ព្រះ​ទៅ​ក្នុង​ចិត្ត​យើង។ ការ​រំពឹង​គិត​អាច​ជួយ​យើង​យល់​នូវ​របៀប​អនុវត្ត​តាម​ដំបូន្មាន​ពី​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​យើង​ក្លាយ​ជា‹អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល មិន​គ្រាន់​តែ​ជា​អ្នក​ស្ដាប់​ប៉ុណ្ណោះ​ទេ›។ (​យ៉ាកុប ១:២២​-​២៥​) ម្យ៉ាង​ទៀត ការ​រំពឹង​គិត​អាច​ជួយ​យើង​ចូល​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា ដ្បិត​ដោយ​រំពឹង​គិត​នោះ យើង​ជញ្ជឹង​គិត​អំពី​គុណ​សម្បត្ដិ​របស់​ទ្រង់ ហើយ​របៀប​ដែល​សាច់​រឿង​យើង​កំពុង​តែ​សិក្សា​នោះ​បញ្ជាក់​ពី​គុណ​សម្បត្ដិ​ទាំង​នោះ​ដែរ។

១៨. ដើម្បី​រំពឹង​គិត​តាម​របៀប​មាន​ប្រសិទ្ធិភាព​នោះ តើ​ត្រូវ​មាន​ស្ថានការណ៍​បែប​ណា?

១៨ ដើម្បី​ទទួល​ប្រយោជន៍​បាន​ពេញ​លេញ​ពី​ការ​សិក្សា​នឹង​ការ​រំពឹង​គិត យើង​ត្រូវ​រក្សា​កុំ​ឲ្យ​មាន​អ្វី​មក​ធ្វើ​ឲ្យ​យើង​មាន​ស្មារតី​មិន​មូល​ឡើយ។ ពេល​យើង​រំពឹង​គិត​នោះ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បញ្ហា​ក្នុង​ជីវិត​មក​បំបែរ​អារម្មណ៍​យើង​ពី​ការ​ស្រូប​យក​ពត៌មាន​ថ្មី​នោះ​ឡើយ។ ការ​ធ្វើ​ដូច​នេះ តម្រូវ​ឲ្យ​យើង​ឆ្លៀត​ពេល​ផង ហើយ​យើង​ត្រូវ​ញែក​ខ្លួន​ដោយ​ឡែក​ពី​អ្នក​ដទៃ​ផង​ដែរ។ ប៉ុន្តែ ការ​ទទួល​ទាន​នូវ​អាហារ​ខាង​វិញ្ញាណ និង​សេចក្ដី​ពិត​ដែល​ប្រៀប​ដូច​ជា​ទឹក​អម្រឹត​ពី​ព្រះ​បន្ទូល​របស់​ព្រះ ធ្វើ​ឲ្យ​យើង​ត្រជាក់​ចិត្ត​ណាស់!

១៩. (​ក​) ស្តី​អំពី​ការ​សិក្សា​ផ្ទាល់​ខ្លួន តើ​មនុស្ស​ខ្លះ​បាន​បង្កើន​រយៈ​ពេល​ប្រុង​ស្មារតី​បាន​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​គួរ​មាន​ចិត្ត​គំនិត​បែប​ណា​ចំពោះ​ការ​សិក្សា? ហើយ តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​សិក្សា​ដ៏​សំខាន់​នោះ?

១៩ ចុះ​យ៉ាង​ណា​បើ​យើង​មិន​សូវ​ចេះ​ប្រុង​ស្មារតី​យូរ​ប៉ុន្មាន ហើយ​យើង​ចាប់​ផ្ដើម​គិត​អំពី​រឿង​ផ្សេង​ៗ​ក្រោយ​ពី​បាន​រៀន​សូត្រ​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ? មនុស្ស​ខ្លះ​បាន​ពិសោធ​ថា បើ​គេ​ចាប់​ផ្ដើម​សិក្សា​រយៈ​ពេល​ខ្លី​ម្ដង​ម្កាល ហើយ​ក្រោយ​ៗ​មក​គេ​អាច​រៀន​បាន​យូរ​ជាង​មុន​បន្ដិច​ម្ដង​ៗ នោះ​គេ​អាច​បង្កើន​រយៈ​ពេល​ប្រុង​ស្មារតី។ យើង​គួរ​មាន​គោល​ដៅ​ចំណាយ​ពេល​គ្រប់​គ្រាន់​សំរាប់​ការ​សិក្សា ជា​ជាង​រៀន​ឲ្យ​បាន​តែ​ចប់​ឆាប់​ៗ​នោះ។ យើង​ចង់​បណ្ដុះ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ចំពោះ​សាច់​រឿង​ដែល​យើង​កំពុង​តែ​សិក្សា។ យើង​អាច​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​បាន​ដែរ ដោយ​មើល​ពត៌មាន​ច្រើន​សន្ធឹក​សន្ធាប់​ដែល​ផ្ដល់​មក​ពី​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ។ ការ​ប្រមូល​អារម្មណ៍​ទៅ​លើ​«​សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ​»​ មាន​ប្រយោជន៍​ច្រើន​អនេក។ (​កូរិនថូស​ទី​១ ២:១០​) ដោយ​ធ្វើ​ដូច្នេះ យើង​អាច​បង្កើន​ចំណេះ​របស់​យើង​អំពី​ព្រះ​បាន​យ៉ាង​ច្រើន ហើយ​បណ្ដុះ​ឲ្យ​សមត្ថភាព​វែក​ញែក​បាន​ប្រសើរ​ជាង។ (​ហេព្រើរ ៥:១៤​) ប្រសិន​បើ​យើង​ខំ​ប្រឹង​ធ្វើ​ជា​សិស្ស​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ យើង​នឹង​មាន​សមត្ថភាព​«​បង្វឹក​បង្រៀន​ត​ទៅ​អ្នក​ឯ​ទៀត​ដែរ​»។—ធីម៉ូថេ​ទី​២ ២:២

២០. តើ​យើង​អាច​បណ្ដុះ​និង​រក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា យ៉ាង​ដូច​ម្ដេច?

២០ ការ​រួម​ចំណែក​នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន និង​ការ​សិក្សា​ផ្ទាល់​ខ្លួន​នោះ នឹង​ជួយ​យើង​បាន​កាន់​តែ​ច្រើន ដើម្បី​បណ្ដុះ​ហើយ​រក្សា​ការ​ពារ​នូវ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ តាម​មើល​ទៅ អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​គិត​ដូច្នេះ ដ្បិត​គាត់​បាន​ទូល​ថ្វាយ​ព្រះ​ថា​៖ ​«​ឱ! ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎! ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ​»។ (​ទំនុក​ដំកើង ១១៩:៩៧​) ដូច្នេះ ចូរ​យើង​ចូល​រួម​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត​នានា​ជា​ទៀង​ទាត់។ ហើយ​ចូរ​យើង​ឆ្លៀត​ពេល​សំរាប់​ការ​សិក្សា​ព្រះ​គម្ពីរ​និង​ការ​រំពឹង​គិត​ផង​ដែរ។ យើង​នឹង​ទទួល​ពរ​ជា​បរិបូរ​ដោយ​ព្រោះ​យើង​បាន​«​យក​ចិត្ត​ទុក​ដាក់ . . . មែន​ទែន​»​នឹង​ព្រះ​បន្ទូល​របស់​ព្រះ។

[​កំណត់​សម្គាល់​]

a សំបុត្រ​ជូន​ចំពោះ​ពួក​សាសន៍​ហេព្រើរ​នោះ ប្រហែល​ជា​បាន​ត្រូវ​សរសេរ​នៅ​ឆ្នាំ​៦១ ស.យ.។ បើ​ដូច្នេះ​មែន មាន​តែ​ប្រាំ​ឆ្នាំ​ក្រោយ​នោះ​ទៀត​ទើប​កង​ទ័ព​របស់​លោក​ស៊ីស្ទាស ហ្កាឡាស បាន​ឡោម​ព័ទ្ធ​ទី​ក្រុង​យេរូសាឡិម។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពួក​ទ័ព​នោះ​បាន​ដក​ទ័ព​ថយ​វិញ ដែល​បាន​អនុញ្ញាត​ឲ្យ​ពួក​គ្រីស្ទាន​ដែល​ប្រុង​ស្មារតី​នោះ អាច​រត់​ចេញ​ពី​ទី​ក្រុង​នោះ​ទៅ។ បួន​ឆ្នាំ​ក្រោយ​មក​ទៀត កង​ទ័ព​រ៉ូម​ក្រោម​ការ​ដឹក​នាំ​របស់​ឧត្តមសេនីយ ទីតុស បាន​លើក​ទ័ព​មក​វិញ​ដើម្បី​បំផ្លាញ​ចោល​ទី​ក្រុង​យេរូសាឡិម។

តើ​អ្នក​នៅ​ចាំ​ទេ?

• តើ​ហេតុ​អ្វី​បាន​ជា​បណ្ដា​គ្រីស្ទាន​សាសន៍​ហេព្រើរ​ខ្លះ​ៗ​បាន​រសាយ​ចិត្ត​ចេញ​ពី​ជំនឿ​ពិត?

• តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រុង​ស្មារតី នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន?

• តើ​អ្វី​ទៅ​អាច​ជួយ​យើង​ទទួល​ប្រយោជន៍​ពី​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន និង​ការ​រំពឹង​គិត?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​២៦​]

មាតា​បិតា​ទាំង​ឡាយ​អាច​ជួយ​កូន​ៗ​ទទួល​ប្រយោជន៍ ពី​កិច្ច​ប្រជុំ​គ្រីស្ទាន