តើអ្នកជិតខាងទៅណាអស់ហើយ?
តើអ្នកជិតខាងទៅណាអស់ហើយ?
«សង្គមមនុស្សនៅសម័យទំនើបនេះ មិនទទួលស្គាល់អ្នកជិតខាងរបស់ខ្លួនឡើយ»។—លោក បិនយ៉ាមិន ឌិស្រេលី រដ្ឋបុរសម្នាក់ពីប្រទេសអង់គ្លេសនៅសតវត្សទី១៩
ជនចាស់ជរាជាតិគុយបាមានវិធីប្លែកមួយដែលពួកគេបំពេញបំប៉នថែរក្សាសុខុមាលភាពរបស់ខ្លួន គឺនៅមណ្ឌលសហគមន៍មួយដែលពួកគេហៅថា ក្រុមយាយតា។ យោងទៅតាមរបាយការណ៍មួយនៅឆ្នាំ១៩៩៧ ជនចាស់ជរាជាតិគុយបាម្នាក់ក្នុងប្រាំនាក់ រួមជាសមាជិកនៃក្រុមមួយ ដែលផ្ដល់ជាមិត្តភាព ទីពឹងពំនាក់ និងជំនួយដើម្បីបំពេញបំប៉នសុខភាពឲ្យបានឋិតឋេរ។ ទស្សនាវដ្ដីសុខភាពពិភពលោក កត់សម្គាល់ថា៖ «កាលបើគ្រូពេទ្យនៅសហគមន៍មួយត្រូវការជំនួយធ្វើយុទ្ធនាការបង្ការជម្ងឺ គ្រូពេទ្យនោះអាចរកបាននរណាម្នាក់ក្នុងចំណោមបណ្ដាក្រុមយាយតានេះដែលគេសុខចិត្តជួយនិងមានសមត្ថភាពជួយ»។
គួរឲ្យសោកស្ដាយណាស់ថា នៅប្រទេសជាច្រើន សហគមន៍នានាលែងចេះយកចិត្តទុកដាក់យកអាសាគ្នាទៅវិញទៅមកដូច្នេះហើយ។ តួយ៉ាងដូចជាករណីដ៏ខ្លោចផ្សារបស់លោក វ៉ូលកាង ដឺក ដែលធ្លាប់រស់នៅក្នុងផ្ទះល្វែងមួយ នៅអឺរ៉ុបប៉ែកខាងលិច។ ប៉ុន្មានឆ្នាំមុន កាសែតមួយបានរាយការណ៍ថា ទោះជា១៧គ្រួសារដែលរស់នៅក្នុងអាគារជាមួយលោកវ៉ូលកាងបានចាប់ភ្លឹកថា ពួកគេបានបាត់មុខលោកវ៉ូលកាងតាំងពីយូរហើយក្ដី តែ«គ្មានអ្នកណាម្នាក់សោះបានគិតឃើញថា គួរទៅចុចកណ្ដឹងដើម្បីសួរសុខទុក្ខគាត់»។ នៅទីបំផុត ពេលម្ចាស់អាគារមកផ្ទះលោកវ៉ូលកាង «គាត់ឃើញថាមានតែគ្រោងឆ្អឹងអង្គុយពីមុខទូរទស្សន៍»។ (The Canberra Times) នៅលើភ្លៅគ្រោងឆ្អឹងលោកវ៉ូលកាង មានសៀវភៅកម្មវិធីទូរទស្សន៍ដែលបោះពុម្ពនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៩៣។ លោកវ៉ូលកាងបានស្លាប់អស់ប្រាំឆ្នាំហើយ។ នេះសឲ្យឃើញថា ការរាក់ទាក់យកចិត្តទុកដាក់រាប់រកគ្នាជាអ្នកជិតខាងនោះ បានសូន្យបាត់អស់ទៅយ៉ាងគួរឲ្យសោកស្ដាយណាស់! គ្មានអ្វីប្លែកទេ ដែលអ្នកនិពន្ធបានសរសេរក្នុងកាសែតមួយថា សហគមន៍របស់គាត់បានក្លាយជា«សហគមន៍សុទ្ធតែជាមនុស្សចំឡែក»ដូចជាសហគមន៍ជាច្រើនឯទៀតដែរ។ (The New York Times Magazine) តើសហគមន៍របស់អ្នកដូច្នេះដែរឬទេ?
ការពិត ក្នុងសហគមន៍ខ្លះតាមជនបទ មនុស្សនៅតែមានការរាក់ទាក់គ្នាដោយស្មោះ ហើយសហគមន៍ខ្លះនៅទីក្រុងផ្សេងៗកំពុងតែខិតខំបំផុសឲ្យមានការយកចិត្តទុកដាក់ខ្លាំងជាងចំពោះអ្នកជិតខាងរបស់ខ្លួន។ យ៉ាងណាក៏ដោយ មនុស្សជាច្រើនដែលរស់នៅទីក្រុង មានអារម្មណ៍ថាខ្លួនងាយរងគ្រោះថ្នាក់ និងក៏មានអារម្មណ៍កណ្ដោចកណ្ដែងក្នុងសហគមន៍របស់ខ្លួន។ អ្នកទាំងនោះមានអារម្មណ៍ថាខ្លួនមិនសប្បាយសោះដោយសារមិនស្គាល់គ្នានិងគ្មានទំនាក់ទំនងជាមួយអ្នកជិតខាងណាម្នាក់ទេ។ ហេតុអ្វី?
មានជញ្ជាំងអនាមិកមករារាំង
ធម្មតាយើងភាគច្រើនមានអ្នកជិតខាងនៅក្បែរៗយើង។ យើងអាចដឹងថា មានមនុស្សរស់នៅក្នុងសហគមន៍របស់យើង ពេលយើងឃើញពន្លឺភ្លឺមកភ្លេតៗពីទូរទស្សន៍របស់អ្នកជិតខាង យើងឃើញថាវាំងននមានស្រមោលមនុស្សដើរចុះឡើង យើងអាចឃើញបានពេលពួកគេបើកឬបិទភ្លើង និងយើងឮសូរឡានចេញចូល ស្នូរជើង ឬស្នូរមនុស្សចាក់និងបើកសោ។ ប៉ុន្តែ មិនអាចមានការរាប់រករាក់ទាក់គ្នាដ៏ពិតរវាងអ្នកជិតខាងទេ ពេលមនុស្សដែលនៅជិតគ្នាគឺអនាមិក ដែលជាការមិនស្គាល់គ្នានោះ ឬមួយក៏ពួកគេមិនយកចិត្តទុកដាក់គ្នាដោយសារខ្លួនរវល់ពេកនឹងរឿងជីវិតប្រចាំថ្ងៃ។ មនុស្សប្រហែលជាគិតថា ពួកគេមិនចាំបាច់មានទំនាក់ទំនងឬជំពាក់គុណជាមួយអ្នកជិតខាងរបស់ខ្លួនឡើយ។ កាសែតប្រទេសអូស្ដ្រាលីមួយសារភាពថា៖ «ពេលមានមនុស្សនៅក្នុងសហគមន៍របស់ខ្លួន ពួកគេប្រៀបដូចជាជនអនាមិក គឺមិនសូវមានមនុស្សស្គាល់ទេ ដូច្នេះពួកគេមិនចាំបាច់មានទំនាក់ទំនងជាមួយនរណាផ្សេងទៀតឡើយ។ ក្នុងស្ថានភាពបែបនេះ ការមិនរាប់រកឬមួយក៏ការធ្វើព្រងើយដាក់មនុស្សដែលខ្លួនចាត់ទុកថាមិនគួរឲ្យចាប់អារម្មណ៍នោះគឺស្រួលណាស់»។ (Herald Sun)
ស្ថានភាពនេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ។ ដោយសារមនុស្សក្នុងរបបលោកីយ៍នេះ«ស្រឡាញ់តែខ្លួនឯង»នោះ សហគមន៍ជាច្រើនកំពុងតែច្រូតបានផលវិបាកដោយសារអត្តទត្ថភាពនៃបុគ្គលបែបនេះ។ (ធីម៉ូថេទី២ ៣:២) លទ្ធផលគឺជាអារម្មណ៍កណ្ដោចកណ្ដែងនិងការខ្វះភាពជិតស្និទ្ធ។ ការគ្មានភាពជិតស្និទ្ធគ្នានាំឲ្យមនុស្សមិនទុកចិត្តគ្នាទៅវិញទៅមក ជាពិសេសពេលសហគមន៍មួយមានអំពើហិង្សានិងឧក្រិដ្ឋកម្មជាញយៗ។ មិនយូរក្រោយមក ការមិនទុកចិត្តគ្នានេះធ្វើឲ្យមនុស្សគ្មានមេត្ដា។
មិនថាសហគមន៍របស់អ្នកគឺយ៉ាងណាក៏ដោយ អ្នកពិតជានឹងយល់ស្របថា អ្នកជិតខាងដ៏ល្អជួយស្ថាបនាសង្គម។ មានលទ្ធផលល្អប្រសើរពេលមនុស្សសហការគ្នាដោយព្យាយាមសម្រេចគោលដៅតែមួយ។ អ្នកជិតខាងដ៏ល្អក៏អាចជាពរមួយបានដែរ។ អត្ថបទជាបន្ទាប់នឹងពន្យល់នូវមូលហេតុ។