លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ទ្រង់មិនបានមានបន្ទូលនឹងគេ ដោយឥតប្រើរឿងប្រៀបប្រដូចទេ›

‹ទ្រង់មិនបានមានបន្ទូលនឹងគេ ដោយឥតប្រើរឿងប្រៀបប្រដូចទេ›

‹ទ្រង់​មិន​បាន​មាន​បន្ទូល​នឹង​គេ ដោយ​ឥត​ប្រើ​រឿង​ប្រៀប​ប្រដូច​ទេ›

​«​ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ ដោយ​ពាក្យ​ប្រៀប​ធៀប​ដល់​ហ្វូង​មនុស្ស ទ្រង់​មិន​បាន​មាន​បន្ទូល​នឹង​គេ ឥត​ពាក្យ​ប្រៀប​ធៀប[​«​រឿង​ប្រៀប​ប្រដូច​»​, ព,ថ.​]ទេ​»។—ម៉ាថាយ ១៣:៣៤

១, ២. (​ក​) ហេតុ​អ្វី​ក៏​រឿង​ប្រៀប​ប្រដូច​ដែល​មាន​ប្រសិទ្ធភាព​គឺ​មិន​ងាយ​ភ្លេច​បាន​ទេ? (​ខ​) តើ​រឿង​ប្រៀប​ប្រដូច​បែប​ណា​ដែល​ព្រះ​យេស៊ូ​ប្រើ? ហើយ​តើ​មាន​សំនួរ​អ្វី​អំពី​របៀប​ដែល​ទ្រង់​ប្រើ​រឿង​ប្រៀប​ប្រដូច​នោះ? (​សូម​មើល​សម្គាល់​ហេតុ​)

 តើ​អាច​នឹក​ចាំ​នូវ​រឿង​ប្រៀប​ប្រដូច​ដែល​អ្នក​បាន​ឮ ប្រហែល​ក្នុង​សុន្ទរកថា​សាធារណៈ​មួយ​ដែល​បាន​កន្លង​ទៅ​ច្រើន​ឆ្នាំ​ហើយ​នោះ​បាន​ទេ? រឿង​ប្រៀប​ប្រដូច​ដែល​មាន​ប្រសិទ្ធភាព​គឺ​មិន​រហ័ស​ភ្លេច​បាន​ទេ។ អ្នក​និពន្ធ​ម្នាក់​បាន​កត់​សម្គាល់​ថា រឿង​ប្រៀប​ប្រដូច​«​ធ្វើ​ឲ្យ​អ្វី​ដែល​មនុស្ស​កំពុង​តែ​ឮ​ប្រែ​ទៅ​ជា​អ្វី​ដែល​គេ​អាច​ឃើញ​វិញ ហើយ​ក៏​ជួយ​ពួក​អ្នក​ស្ដាប់​ឃើញ​រូប​ភាព​ក្នុង​គំនិត​របស់​ពួក​គេ​ទៀត​ផង​»។ ដោយ​ព្រោះ​យើង​យល់​បាន​ច្រើន​ជាង​ពេល​ដែល​យើង​អាច​គិត​ឃើញ​ទិដ្ឋភាព នោះ​រឿង​ប្រៀប​ប្រដូច​អាច​ធ្វើ​ឲ្យ​ពត៌មាន​ស្រួល​យល់​ជាង។ រឿង​ប្រៀប​ប្រដូច​អាច​ធ្វើ​ឲ្យ​ពាក្យ​សំដី​របស់​យើង​មាន​ភាព​រស់​រវើក ហើយ​បង្រៀន​មេ​រៀន​ដែល​ផ្ដិត​ជាប់​ក្នុង​គំនិត​របស់​យើង​ជា​និច្ច។

គ្មាន​គ្រូ​ណា​ម្នាក់​នៅ​លើ​ផែនដី​នេះ ដែល​មាន​ជំនាញ​ជាង​ព្រះ​យេស៊ូ​គ្រីស្ទ ក្នុង​ការ​ប្រើ​រឿង​ប្រៀប​ប្រដូច​នោះ​ឡើយ។ ឧទាហរណ៍និទស្សន៍​ជា​ច្រើន​របស់​ព្រះ​យេស៊ូ ទោះ​ជា​បាន​ថ្លែង​ជិត​ពីរ​ពាន់​ឆ្នាំ​កន្លង​ទៅ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​អាច​នឹក​ចាំ​បាន​ដែរ។ a ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ពឹង​លើ​វិធី​បង្រៀន​បែប​នេះ​ខ្លាំង​ម្ល៉េះ? ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​មាន​ប្រសិទ្ធភាព​ម្ល៉េះ?

ហេតុ​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច

៣. (​ក​) យោង​ទៅ​តាម​ម៉ាថាយ ១៣:៣៤, ៣៥ តើ​អ្វី​ជា​មូលហេតុ​មួយ​ដែល​ព្រះ​យេស៊ូ​បាន​ប្រើ​រឿង​ប្រៀប​ប្រដូច​នោះ? (​ខ​) តើ​អ្វី​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ចាត់​ទុក​វិធី​បង្រៀន​នេះ​មាន​តម្លៃ?

ព្រះ​គម្ពីរ​ផ្ដល់​នូវ​មូលហេតុ​ពីរ​ដែល​ព្រះ​យេស៊ូ​បាន​ប្រើ​រឿង​ប្រៀប​ប្រដូច។ ទី​មួយ ការ​បង្រៀន​ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច​បាន​បំពេញ​ទំនាយ។ សាវ័ក​ម៉ាថាយ​បាន​សរសេរ​ថា​៖ ​«​ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ ដោយ​ពាក្យ​ប្រៀប​ធៀប[​«​រឿង​ប្រៀប​ប្រដូច​»​, ព.ថ.​]ដល់​ហ្វូង​មនុស្ស ទ្រង់​មិន​បាន​មាន​បន្ទូល​នឹង​គេ ឥត​ពាក្យ​ប្រៀប​ធៀប​ទេ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា ‹អញ​នឹង​បើក​មាត់​និយាយ ជា​ពាក្យ​ប្រៀប​ប្រដូច អញ​នឹង​សំដែង​ពី​ការ​ដែល​លាក់​កំបាំង តាំង​ពី​កំណើត​លោកីយ​មក›​»។ (​ម៉ាថាយ ១៣:៣៤, ៣៥​) ​«​ហោរា​»​ដែល​ម៉ាថាយ​បាន​សម្រង់​ពាក្យ​នោះ គឺ​អ្នក​តែង​បទ​ទំនុក​ដំកើង​នៅ​ទំនុក​ទី​៧៨ ខ​២។ អ្នក​តែង​បទ​ទំនុក​ដំកើង​នេះ​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​នៃ​វិញ្ញាណ​របស់​ព្រះ ច្រើន​សតវត្ស​មុន​នឹង​កំណើត​របស់​ព្រះ​យេស៊ូ​ទៅ​ទៀត។ នេះ​ជា​អ្វី​មួយ​ដ៏​អស្ចារ្យ​ណាស់​ថា រាប់​រយ​ឆ្នាំ​មុន​នោះ ព្រះ​យេហូវ៉ា​មាន​បំណង​ឲ្យ​រាជបុត្រា​របស់​ទ្រង់​បង្រៀន​ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច។ ព្រះ​យេហូវ៉ា​ពិត​ជា​ចាត់​ទុក​វិធី​បង្រៀន​នេះ​មាន​តម្លៃ​ណាស់!

៤. តើ​ព្រះ​យេស៊ូ​បាន​ពន្យល់​ដូច​ម្ដេច ស្តី​អំពី​ហេតុ​ដែល​ទ្រង់​ប្រើ​រឿង​ប្រៀប​ប្រដូច​នោះ?

ទី​ពីរ ព្រះ​យេស៊ូ​បាន​ពន្យល់​ថា​ទ្រង់​បាន​ប្រើ​រឿង​ប្រៀប​ប្រដូច ដើម្បី​ញែក​ចេញ​មនុស្ស​ដែល​មាន​ចិត្ត​រឹង​ចចេស។ ក្រោយ​ពី​ទ្រង់​បាន​រៀប​រាប់​រឿង​ប្រៀប​ប្រដូច​អំពី​អ្នក​សាប​ព្រោះ​ឲ្យ‹បណ្ដា​ជន›ស្ដាប់ នោះ​ពួក​សិស្ស​របស់​ទ្រង់​បាន​ទូល​សួរ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​បន្ទូល​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ដូច្នេះ?​»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា​៖ ​«​ពីព្រោះ​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ការ​អាថ៌​កំបាំង​របស់​នគរ​ស្ថាន​សួគ៌ តែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ។ ហេតុ​នោះ​បាន​ជា​ខ្ញុំ​និយាយ​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច ដ្បិត​ដែល​គេ​មើល នោះ​មិន​ឃើញ​វិញ ហើយ​ដែល​គេ​ស្ដាប់ នោះ​ក៏​មិន​ឮ​ហើយ​មិន​យល់​ផង ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​បាន​សំរេច នៅ​លើ​អ្នក​ទាំង​នោះ​ហើយ គឺ​ជា​សេចក្ដី​ដែល​ទាយ​ទុក​មក​ថា‹ដែល​ឯង​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន តែស្ដាប់​មិន​បាន ហើយ​ដែល​ឃើញ នោះ​នឹង​ឃើញ​មែន តែ​មិន​យល់​សោះ ព្រោះ​ចិត្ត​របស់​ជន​ជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ›​»។—ម៉ាថាយ ១៣:២, ១០, ១១, ១៣​-​១៥; អេសាយ ៦:៩, ១០

៥. តើ​តាម​របៀប​ណា​ដែល​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ ញែក​ពួក​អ្នក​ស្ដាប់​ដែល​មាន​ចិត្ត​រាប​ទាប​ពី​មនុស្ស​ដែល​មាន​ចិត្ត​អំនួត?

តើ​មាន​អ្វី​ខ្លះ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​ដែល​សម្គាល់​មនុស្ស​ពីរ​ក្រុម​ផ្សេង​ពី​គ្នា? ក្នុង​ករណី​ខ្លះ ពួក​អ្នក​ស្ដាប់​ត្រូវ​តែ​រិះ​គិត​ឲ្យ​យល់​អត្ថន័យ​ពេញ​លេញ។ មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​សុំ​ពន្យល់​ថែម​ទៀត។ (​ម៉ាថាយ ១៣:៣៦; ម៉ាកុស ៤:៣៤​) ដូច្នេះ រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ បង្ហាញ​នូវ​សេចក្ដី​ពិត​ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​ស្រេក​ឃ្លាន​សេចក្ដី​ពិត។ នៅ​ពេល​ដំណាល​គ្នា​នោះ រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​ក៏​មិន​បាន​បញ្ចេញ​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​អំនួត​ឃើញ​នូវ​សេចក្ដី​ពិត​ដែរ។ ព្រះ​យេស៊ូ​គឺ​ជា​គ្រូ​បង្រៀន​ដ៏​អស្ចារ្យ​មែន! សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​កត្ដា​ខ្លះ​ៗ ដែល​ធ្វើ​ឲ្យ​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់​មាន​ប្រសិទ្ធភាព​ម្ល៉េះ។

ការ​ប្រើ​ពត៌មាន​ល្អិត​ល្អន់​ដោយ​ចេះ​ជ្រើស​រើស

៦​-​៨. (​ក​) តើ​ពួក​អ្នក​ស្ដាប់​ព្រះ​យេស៊ូ​នៅ​សតវត្ស​ទី​មួយ​ពុំ​មាន​អ្វី? (​ខ​) តើ​មាន​ឧទាហរណ៍​ណា​ខ្លះ ដែល​បង្ហាញ​ថា​ព្រះ​យេស៊ូ​ប្រើ​ពត៌មាន​ល្អិត​ល្អន់​ដោយ​ជ្រើស​រើស​នោះ?

តើ​អ្នក​ធ្លាប់​ឆ្ងល់ អំពី​កាលៈទេសៈ​របស់​ពួក​សិស្ស​នៅ​សតវត្ស​ទី​មួយ ដែល​បាន​ឮ​ព្រះ​យេស៊ូ​បង្រៀន​ដោយ​ផ្ទាល់​នោះ​ទេ? ទោះ​ជា​ពួក​គេ​មាន​ឱកាស​ដ៏​ពិសេស​ដោយ​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​យេស៊ូ​ក៏​ដោយ តែ​ពួក​គេ​ឥត​មាន​ឱកាស​មើល​ឯកសារ​ដែល​បាន​សរសេរ ដើម្បី​រំឭក​ខ្លួន​អំពី​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ត្រូវ​តែ​ទុក​បន្ទូល​របស់​ព្រះ​យេស៊ូ​ក្នុង​ចិត្ត​គំនិត​របស់​ខ្លួន។ តាម​រយៈ​ការ​ប្រើ​រឿង​ប្រៀប​ប្រដូច​យ៉ាង​ជំនាញ នោះ​ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​នឹក​ចាំ​នូវ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន។ តើ​តាម​របៀប​ណា?

ព្រះ​យេស៊ូ​បាន​ប្រើ​ពត៌មាន​ដោយ​ចេះ​ជ្រើស​រើស។ នៅ​ពេល​ដែល​ត្រូវ​ការ​ពត៌មាន​ល្អិត​ល្អន់​មាន​សារៈ​សំខាន់​ក្នុង​រឿង​ណា​មួយ ឬ​ក៏​គឺ​ចាំ​បាច់​ដើម្បី​បញ្ជាក់​ចំណុច​ណា​មួយ នោះ​ទ្រង់​បាន​ប្រើ​ពត៌មាន​ល្អិត​ល្អន់​នោះ​ជាក់​ជា​មិន​ខាន។ ហេតុ​នេះ ទ្រង់​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា អ្នក​គង្វាល​ទុក​ចោល​ចៀម​ប៉ុន្មាន​ក្បាល ពេល​គាត់​ទៅ​រក​ចៀម​វង្វេង។ ទ្រង់​ក៏​បាន​រៀប​រាប់​យ៉ាង​ចំ​អំពី​ប៉ុន្មាន​ម៉ោង​ដែល​ពួក​កម្មករ​ធ្វើ​ការ​ក្នុង​ចំការ​ទំពាំង​បាយ​ជូរ ហើយ​អំពី​ចំនួន​ប្រាក់​ថាល្លិន​ដែល​បាន​ត្រូវ​ផ្ញើ​ទុក​ដែរ។—ម៉ាថាយ ១៨:១២​-​១៤; ២០:១​-​១៦; ២៥:១៤​-​៣០

ព្រះ​យេស៊ូ​ក៏​មិន​រួម​បញ្ចូល​ពត៌មាន​ល្អិត​ល្អន់​ណា​ដែល​ឥត​ចាំ​បាច់ ក្រែង​លោ​ធ្វើ​ឲ្យ​យើង​ពិបាក​យល់​អត្ថន័យ​នៃ​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់។ ជា​ឧទាហរណ៍ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​អ្នក​បំរើ​ដែល​គ្មាន​ចិត្ត​មេត្ដា ទ្រង់​ឥត​ពន្យល់​នូវ​មូលហេតុ​ដែល​អ្នក​បំរើ​នេះ​ធ្លាក់​ខ្លួន​ជំពាក់​ប្រាក់​ឌីណារី​៦០.០០០.០០០​កាក់​ឡើយ។ ព្រះ​យេស៊ូ​កំពុង​តែ​បញ្ជាក់​នូវ​តម្រូវ​ការ​ឲ្យ​ចេះ​អត់​ឱន​ទោស។ អ្វី​ដែល​សំខាន់ មិន​មែន​ជា​របៀប​ដែល​អ្នក​បំរើ​ធ្លាក់​ខ្លួន​ជំពាក់​លុយ​ទេ តែ​របៀប​ដែល​គាត់​បាន​ទទួល​ការ​អត់​ឱន​ទោស ហើយ​របៀប​ដែល​ក្រោយ​មក​គាត់​បែរ​ទៅ​ប្រព្រឹត្ត​លើ​អ្នក​បំរើ​គ្នី​គ្នា ដែល​ជំពាក់​លុយ​គាត់​តែ​បន្ដិច​ប៉ុណ្ណោះ។ (​ម៉ាថាយ ១៨:២៣​-​៣៥​) ស្រដៀង​គ្នា​ដែរ ក្នុង​រឿង​ប្រៀប​ប្រដូច​នៃ​កូន​បង្ហិន​ទ្រព្យ ព្រះ​យេស៊ូ​មិន​បាន​ផ្ដល់​នូវ​ការ​ពន្យល់​ចំពោះ​ហេតុ​ដែល​កូន​ពៅ​នេះ​បាន​ទាម​ទារ​មរតក​ភ្លាម​ៗ និង​ហេតុ​ដែល​គាត់​បង្ហិន​ទ្រព្យ​នោះ​ទេ។ ប៉ុន្តែ ព្រះ​យេស៊ូ​បាន​ពន្យល់​យ៉ាង​ល្អិត​ល្អន់​អំពី​អារម្មណ៍​និង​ប្រតិកម្ម​របស់​ឪពុក​គាត់ ពេល​កូន​ប្រុស​នេះ​ប្រែ​ចិត្ត​និង​ត្រឡប់​មក​ផ្ទះ​វិញ។ ពត៌មាន​ល្អិត​ល្អន់​បែប​នេះ​អំពី​ការ​តប​ឆ្លើយ​របស់​ឪពុក​គឺ​ត្រូវ​ការ​ចាំ​បាច់​នឹង​ចំណុច​ដែល​ទ្រង់​ចង់​បញ្ជាក់​ដែល​ថា ព្រះ​យេហូវ៉ា​ក៏​អត់​ឱន​ទោស​«​ឲ្យ​ជា​បរិបូរ​»។—អេសាយ ៥៥:៧; លូកា ១៥:១១​-​៣២

៩, ១០. (​ក​) ពេល​ដែល​ពណ៌នា​អំពី​បុគ្គល​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់ តើ​ព្រះ​យេស៊ូ​ផ្ដោត​អារម្មណ៍​លើ​អ្វី? (​ខ​) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ធ្វើ​ឲ្យ​ពួក​អ្នក​ស្ដាប់​របស់​ទ្រង់ និង​មនុស្ស​ច្រើន​ឥត​គណនា​ឯ​ទៀត​ស្រួល​នឹក​ចាំ​នូវ​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់​នោះ?

របៀប​ដែល​ព្រះ​យេស៊ូ​បាន​ប្រាប់​អំពី​បុគ្គល​ក្នុង​រឿង​ប្រៀប​ប្រដូច ក៏​ទ្រង់​ធ្វើ​ឡើង​ដោយ​មាន​វិនិច្ឆ័យ​ល្អ​ដែរ។ ជា​ជាង​ប្រាប់​យ៉ាង​ល្អិត​ល្អន់​នូវ​អាការ​ក្រៅ​របស់​បុគ្គល​នោះ ទ្រង់​តែង​ផ្ចង់​អារម្មណ៍​លើ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ ឬ​របៀប​ដែល​ពួក​គេ​បាន​តប​ឆ្លើយ​ដល់​ព្រឹត្ដិការណ៍ ដែល​ទ្រង់​បាន​និទាន​ប្រាប់​នោះ​វិញ។ ហេតុ​នេះ​ហើយ ជា​ជាង​ប្រាប់​ថា​បុរស​សាសន៍​សាម៉ារី​មាន​អាការ​ក្រៅ​យ៉ាង​ណា នោះ​ព្រះ​យេស៊ូ​បាន​រៀប​រាប់​នូវ​អ្វី​មួយ​ដែល​សំខាន់​ជាង គឺ​របៀប​ដែល​បុរស​សាសន៍​សាម៉ារី​ម្នាក់​នេះ​បាន​មក​ជួយ​បុរស​សាសន៍​យូដា​ម្នាក់​ដែល​មាន​របួស ដែល​ដេក​នៅ​ផ្លូវ​នោះ​វិញ។ ព្រះ​យេស៊ូ​បាន​ប្រទាន​ពត៌មាន​ល្អិត​ល្អន់​ដែល​ត្រូវ​ការ​ចាំ​បាច់ ដើម្បី​បង្រៀន​ថា​ការ​ស្រឡាញ់​អ្នក​ជិត​ខាង​យើង រួម​បញ្ចូល​មនុស្ស​ឯ​ទៀត មិន​មែន​តែ​មនុស្ស​ដែល​មាន​សាសន៍​ដូច​យើង​នោះ​ទេ។—លូកា ១០:២៩, ៣៣​-​៣៧

១០ ដោយ​សារ​ព្រះ​យេស៊ូ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ពត៌មាន​ល្អិត​ល្អន់​ក្នុង​រឿង​ប្រៀប​ប្រដូច ធ្វើ​ឲ្យ​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់​ខ្លី​និង​មិន​ស្មុគ​ស្មាញ​ឡើយ។ ដូច្នេះ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ស្ដាប់​នៅ​សតវត្ស​ទី​មួយ និង​មនុស្ស​ច្រើន​ឥត​គណនា​ដែល​នឹង​អាន​សៀវភៅ​ដំណឹង​ល្អ​នេះ ស្រួល​នឹក​ចាំ​រឿង​ប្រៀប​ប្រដូច​នោះ និង​មេ​រៀន​ដ៏​សំខាន់​ៗ​ដែរ។

រឿង​ប្រៀប​ប្រដូច​ដែល​ទាក់​ទង​នឹង​ជីវិត​ប្រចាំ​ថ្ងៃ

១១. ចូរ​ប្រាប់​ឧទាហរណ៍​អំពី​របៀប​ដែល​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ បង្ហាញ​នូវ​អ្វី​ៗ​ដែល​ទ្រង់​ច្បាស់​ជា​បាន​ឃើញ​កាល​ពី​ទ្រង់​មាន​ព្រះ​ជន្ម​ចំរើន​ធំ​ឡើង​ក្នុង​ស្រុក​កាលីឡេ។

១១ ព្រះ​យេស៊ូ​ប៉ិន​ប្រសប់​ប្រើ​រឿង​ប្រៀប​ប្រដូច​ណាស់ ដែល​ទាក់​ទង​នឹង​ជីវិត​របស់​មនុស្ស។ រឿង​ប្រៀប​ប្រដូច​ជា​ច្រើន​របស់​ទ្រង់ បង្ហាញ​នូវ​អ្វី​ដែល​ទ្រង់​បាន​ឃើញ កាល​ទ្រង់​ធំ​ឡើង​ក្នុង​ស្រុក​កាលីឡេ។ ចូរ​គិត​មួយ​ភ្លែត​សិន​អំពី​ព្រះ​ជន្ម​របស់​ទ្រង់​កាល​នៅ​ជា​ព្រះ​កុមារ​នៅ​ឡើយ។ ទ្រង់​ពិត​ជា​ធ្លាប់​ឃើញ​មាតា​ទ្រង់​ធ្វើ​នំ​ប៉័ង​មាន​ដំបែរ​ច្រើន​ដង ដោយ​យក​ម្សៅ​ដែល​មាន​មេ ដែល​គាត់​ទុក​ពី​លើក​មុន​ពេល​គាត់​ធ្វើ​នំ​ប៉័ង​នោះ ហើយ​ប្រើ​ម្សៅ​នោះ​ជា​មេ​ដើម្បី​ធ្វើ​ឲ្យ​ម្សៅ​ធ្វើ​នំ​ប៉័ង​ដោរ​ឡើង មែន​ទេ? (​ម៉ាថាយ ១៣:៣៣​) តើ​មាន​ប៉ុន្មាន​ដង​ដែល​ទ្រង់​ធ្លាប់​ឃើញ​ពួក​នេសាទ​បោះ​អួន​ក្នុង​ទឹក​សមុទ្រ​ថ្លា​យង់​នៃ​សមុទ្រ​កាលីឡេ​នោះ? (​ម៉ាថាយ ១៣:៤៧​) តើ​មាន​ប៉ុន្មាន​ដង​ដែល​ទ្រង់​ធ្លាប់​សង្កេត​កូន​ក្មេង​លេង​នៅ​ទី​ផ្សារ? (​ម៉ាថាយ ១១:១៦​) ព្រះ​យេស៊ូ​ទំនង​ជា​បាន​កត់​សម្គាល់​នូវ​ព្រឹត្ដិការណ៍​ធម្មតា​ឯ​ទៀត​របស់​អ្នក​ដទៃ ហើយ​ទ្រង់​យក​មក​ប្រើ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់ ដូច​ជា​ការ​សាប​ព្រោះ​ពូជ ពិធី​មង្គល​ការ​ដ៏​សប្បាយ និង​ស្រូវ​ទុំ។—ម៉ាថាយ ១៣:៣​-​៨; ២៥:១​-​១២; ម៉ាកុស ៤:២៦​-​២៩

១២, ១៣. តើ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​ស្រូវ​សាលី​និង​ស្រងែ​បង្ហាញ​ថា ទ្រង់​ជ្រាប​អំពី​ស្ថានការណ៍​ក្នុង​តំបន់​នោះ​យ៉ាង​ដូច​ម្ដេច?

១២ ដូច្នេះ​ហើយ​គឺ​មិន​ចម្លែក​ទេ ដែល​រឿង​ប្រៀប​ប្រដូច​ជា​ច្រើន​របស់​ព្រះ​យេស៊ូ រួម​មាន​កាលៈទេសៈ​និង​ស្ថានការណ៍​ប្រចាំ​ថ្ងៃ។ ហេតុ​នេះ​ហើយ ដើម្បី​ឲ្យ​យល់​ពេញ​លេញ​នូវ​ជំនាញ​របស់​ទ្រង់​ចំពោះ​ការ​ប្រើ​វិធី​បង្រៀន​នេះ យក​ល្អ​យើង​គិត​មើល​ថា​តើ​បន្ទូល​របស់​ទ្រង់ មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ស្ដាប់​ជាតិ​យូដា​នោះ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ឧទាហរណ៍​ពីរ។

១៣ មុន​ដំបូង ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​ស្រូវ​សាលី​និង​ស្រងែ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​អំពី​បុរស​ម្នាក់​ដែល​សាប​ព្រោះ​ស្រូវ​សាលី​ក្នុង​ស្រែ តែ​មាន‹សត្រូវ›បាន​លួច​ចូល​ក្នុង​ស្រែ​នោះ ហើយ​បាន​ព្រោះ​ស្រងែ​ក្នុង​ស្រែ​នោះ​ដែរ។ ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ជ្រើស​រើស​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​មួយ​នេះ? ចូរ​នឹក​ចាំ​ថា ទ្រង់​បាន​រៀប​រាប់​រឿង​ប្រៀប​ប្រដូច​នេះ​នៅ​ក្បែរ​សមុទ្រ​កាលីឡេ ហើយ​មុខ​របរ​របស់​អ្នក​ស្រុក​កាលីឡេ​គឺ​ជា​របរ​កសិកម្ម។ ការ​មាន​សត្រូវ​ម្នាក់​មក​លប​ព្រោះ​ស្រងែ​ក្នុង​ស្រែ​របស់​កសិករ​ម្នាក់ គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អន្តរាយ​យ៉ាង​ខ្លាំង​ដល់​កសិករ​ម្នាក់​នោះ។ តាម​រយៈ​អ្នក​មើល​ខុស​ត្រូវ​សន្ដិសុខ​ប្រទេស​នៅ​គ្រា​នោះ បង្ហាញ​ថា​ការ​លួច​ចូល​បែប​នេះ​បាន​កើត​ឡើង​មែន។ គឺ​ជា​ការ​ជាក់​ស្តែង​ណាស់​ដែល​ព្រះ​យេស៊ូ​បាន​រើស​យក​ស្ថានការណ៍​នេះ ដែល​ពួក​អ្នក​ស្ដាប់​របស់​ទ្រង់​អាច​យល់​បាន មែន​ទេ?—ម៉ាថាយ ១៣:១, ២, ២៤​-​៣០

១៤. នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​បុរស​សាសន៍​សាម៉ារី​ម្នាក់​ដ៏​សប្បុរស ហេតុ​អ្វី​បាន​ជា​គួរ​ឲ្យ​កត់​សម្គាល់​ដែល​ព្រះ​យេស៊ូ​បាន​ប្រើ​ផ្លូវ​«​ពី​ក្រុង​យេរូសាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ​»​ ដើម្បី​បញ្ជាក់​នូវ​ចំណុច​របស់​ទ្រង់?

១៤ ទី​ពីរ ចូរ​នឹក​ចាំ​អំពី​រឿង​បុរស​សាសន៍​សាម៉ារី​ម្នាក់​ដែល​មាន​ចិត្ត​សប្បុរស​នោះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​មាន​មនុស្ស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ ពី​ក្រុង​យេរូសាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​ទ្រម​នៅ​»។ (​លូកា ១០:៣០​) ជា​ការ​គួរ​ឲ្យ​កត់​សម្គាល់​មែន ដែល​ព្រះ​យេស៊ូ​បាន​ប្រើ​ផ្លូវ​«​ពី​ក្រុង​យេរូសាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ​»​ដើម្បី​បញ្ជាក់​នូវ​ចំណុច​របស់​ទ្រង់។ ពេល​ដែល​ទ្រង់​រៀប​រាប់​រឿង​ប្រៀប​ប្រដូច​នេះ ទ្រង់​បាន​គង់​នៅ​ស្រុក​យូដា មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​យេរូសាឡិម ដូច្នេះ​ពួក​អ្នក​ស្ដាប់​របស់​ទ្រង់​ទំនង​ជា​ស្គាល់​ផ្លូវ​ដែល​ទ្រង់​កំពុង​តែ​រៀប​រាប់​នោះ។ មនុស្ស​ដឹង​ឮ​គ្រប់​គ្នា​ថា​ផ្លូវ​នោះ​គឺ​មាន​គ្រោះ​ថ្នាក់​ណាស់ ជា​ពិសេស​ចំពោះ​បុគ្គល​ដែល​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង។ ផ្លូវ​ពេន​ព័ទ្ធ​នេះ​គឺ​បត់​ចុះ​បត់​ឡើង​វិល​វង់​កាត់​តំបន់​ដាច់​ស្រយាល ដែល​មាន​កន្លែង​ជា​ច្រើន​តាម​ផ្លូវ​ដែល​ពួក​ចោរ​ពួន​ស្ទាក់។

១៥. ហេតុ​អ្វី​ក៏​គ្មាន​អ្នក​ណា​អាច​ដោះ​សា​យ៉ាង​ត្រឹម​ត្រូវ​នូវ​ការ​គ្មាន​ទឹក​ចិត្ត​ចង់​ជួយ​របស់​សង្ឃ​និង​ម្នាក់​ពី​ក្រុម​លេវី ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​បុរស​សាសន៍​សាម៉ារី​ម្នាក់​ដ៏​សប្បុរស​នោះ?

១៥ មាន​អ្វី​មួយ​ទៀត​ដែល​គួរ​ឲ្យ​កត់​សម្គាល់ ដែល​ព្រះ​យេស៊ូ​បាន​រៀប​រាប់​អំពី​ផ្លូវ​«​ពី​ក្រុង​យេរូសាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ​»។ យោង​ទៅ​តាម​រឿង​ប្រៀប​ប្រដូច​នេះ មុន​ដំបូង​មាន​សង្ឃ​ម្នាក់​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​នោះ រួច​មក​មាន​ម្នាក់​ពី​ក្រុម​លេវី​ក៏​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ដែរ តែ​អ្នក​ទាំង​ពីរ​នោះ​ឥត​ឈប់​ដើម្បី​ជួយ​អ្នក​រង​គ្រោះ​នោះ​ទេ។ (​លូកា ១០:៣១, ៣២​) ពួក​សង្ឃ​បំរើ​នៅ​ឯ​ព្រះ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម និង​ពួក​លេវី​បាន​ជួយ​ពួក​សង្ឃ។ ពេល​ពួក​សង្ឃ​និង​ពួក​លេវី​ឥត​ធ្វើ​ការ​នៅ​ឯ​ព្រះ​វិហារ នោះ​ពួក​គេ​ជា​ច្រើន​នាក់​តែង​ទៅ​ស្នាក់​នៅ​ក្រុង​យេរីខូរ ដ្បិត​ក្រុង​យេរីខូរ​មាន​ចម្ងាយ​២៣​គីឡូ​ម៉ែត្រ​ពី​ក្រុង​យេរូសាឡិម។ ហេតុ​នេះ​ហើយ ពួក​សង្ឃ​និង​ពួក​លេវី​ក៏​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​នោះ​ដែរ។ ចូរ​កត់​សម្គាល់​ដែរ​ថា​សង្ឃ​ម្នាក់​នេះ​និង​បុគ្គល​ម្នាក់​ពី​ក្រុម​លេវី​បាន​ធ្វើ​ដំណើរ​«​ពី​ក្រុង​យេរូសាឡិម​»​ ពោល​គឺ​ធ្វើ​ដំណើរ​ចេញ​ពី​ព្រះ​វិហារ។ b ដូច្នេះ​គ្មាន​អ្នក​ណា​អាច​និយាយ​ដោះ​សា​នូវ​ការ​គ្មាន​ទឹក​ចិត្ត​ចង់​ជួយ​នៃ​បុរស​ទាំង​ពីរ​នេះ ដោយ​ពោល​ថា​៖ ‹ពួក​គេ​ដើរ​វាង​ហួស​ពី​បុរស​របួស​នេះ ពីព្រោះគាត់​ទំនង​ជា​ស្លាប់​ហើយ និង​ការ​ប៉ះ​សព​នោះ នឹង​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​បំរើ​នៅ​ឯ​ព្រះ​វិហារ​អស់​មួយ​រយៈ​ខ្លី›។ (​លេវីវិន័យ ២១:១; ជន​គណនា ១៩:១១, ១៦​) ជា​ការ​ច្បាស់​ណាស់ ដែល​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ បង្ហាញ​នូវ​អ្វី​ៗ​ដែល​ពួក​អ្នក​ស្ដាប់​របស់​ទ្រង់​អាច​ស្គាល់​បាន មែន​ទេ?

រឿង​ប្រៀប​ប្រដូច ដែល​ស្រង់​ចេញ​ពី​ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា

១៦. ហេតុ​អ្វី​ក៏​មិន​ជា​ការ​ចម្លែក​ដែល​ព្រះ​យេស៊ូ​បាន​ស្គាល់​យ៉ាង​ច្បាស់​អំពី​ការ​បង្កើត​សព្វ​បែប​យ៉ាង?

១៦ រឿង​ប្រៀប​ប្រដូច​និង​ឧទាហរណ៍និទស្សន៍​មួយ​ចំនួន​របស់​ព្រះ​យេស៊ូ​បង្ហាញ​ថា ទ្រង់​ជ្រាប​អំពី​រុក្ខជាតិ សត្វ និង​កម្លាំង​ធម្មជាតិ​ផ្សេង​ៗ​ទៀត។ (​ម៉ាថាយ ៦:២៦, ២៨​-​៣០; ១៦:២, ៣​) តើ​ទ្រង់​មាន​ចំណេះ​នេះ​ពី​ណា​មក? ពេល​ដែល​ទ្រង់​ធំ​ឡើង​នៅ​ស្រុក​កាលីឡេ ទ្រង់​ច្បាស់​ជា​មាន​ឱកាស​ច្រើន​ក្នុង​ការ​មើល​ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​ជា​«​បង​ច្បង​នៃ​គ្រប់​ទាំង​អស់​»​ ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ព្រះ​យេស៊ូ​ជា​«​មេ​ជាង​»​ដើម្បី​បង្កើត​របស់​សព្វ​សារពើ។ (​កូល៉ុស ១:១៥, ១៦; សុភាសិត ៨:៣០, ៣១​) ដូច្នេះ​ហើយ មិន​ជា​ការ​ចម្លែក​ទេ​ដែល​ព្រះ​យេស៊ូ​បាន​ស្គាល់​យ៉ាង​ច្បាស់​អំពី​ការ​បង្កើត​សព្វ​បែប​យ៉ាង។ យើង​សូម​ពិនិត្យ​មើល​នូវ​របៀប​ដែល​ទ្រង់​បង្រៀន​យ៉ាង​ប៉ិន​ប្រសប់​ដោយ​ប្រើ​ចំណេះ​នេះ។

១៧, ១៨. (​ក​) តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​កត់​ទុក​នៅ​យ៉ូហាន​ជំពូក​ទី​១០ បង្ហាញ​ដូច​ម្ដេច​ថា​ទ្រង់​ជ្រាប​ពី​លក្ខណៈ​នៃ​ចៀម? (​ខ​) តើ​ពួក​ទេសចរ​ទៅ​លេង​ស្រុក​ដែល​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ បាន​ឃើញ​យ៉ាង​ណា​អំពី​ភាព​ជិត​ស្និទ្ធ​រវាង​អ្នក​គង្វាល​និង​សត្វ​ចៀម​របស់​ខ្លួន?

១៧ ក្នុង​ចំណោម​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​ដែល​បង្ហាញ​នូវ​អារម្មណ៍​ដ៏​ថ្នាក់​ថ្នម​ជាង​គេ​បំផុត​នោះ គឺ​នៅ​ក្នុង​យ៉ូហាន​ជំពូក​ទី​១០ ដែល​ទ្រង់​ប្រៀប​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​របស់​ទ្រង់​និង​ពួក​អ្នក​កាន់​តាម​ទ្រង់ ទៅ​នឹង​អ្នក​គង្វាល​និង​សត្វ​ចៀម​របស់​គាត់។ បន្ទូល​របស់​ព្រះ​យេស៊ូ​បង្ហាញ​ថា​ទ្រង់​ជ្រាប​នូវ​លក្ខណៈ​នៃ​សត្វ​ចៀម។ ទ្រង់​បាន​បញ្ជាក់​ថា សត្វ​ចៀម​សុខ​ចិត្ត​ស្ដាប់​តាម​ការ​បង្គាប់​និង​ដើរ​តាម​អ្នក​គង្វាល​របស់​វា។ (​យ៉ូហាន ១០:២​-​៤​) ពួក​អ្នក​ទេសចរ​ធ្លាប់​បាន​សង្កេត​ឃើញ​នូវ​ភាព​ជិត​ស្និទ្ធ​ដ៏​ពិសេស​នេះ​រវាង​អ្នក​គង្វាល​និង​សត្វ​ចៀម នៅ​ស្រុក​ដែល​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ។ នៅ​សតវត្ស​ទី​១៩ បណ្ឌិត​ម្នាក់​ខាង​ផ្នែក​ធម្មជាតិ​ឈ្មោះ ហិនរី បេកឺ ត្រីសស្ដ្រាម បាន​កត់​សម្គាល់​ថា​៖ ​«​មាន​ម្ដង​នោះ ខ្ញុំ​ធ្លាប់​ឃើញ​អ្នក​គង្វាល​លេង​ជា​មួយ​ហ្វូង​ចៀម​របស់​គាត់។ គាត់​ធ្វើ​ពើ​ជា​រត់​ចេញ នោះ​សត្វ​ចៀម​ក៏​រត់​ដេញ​តាម​ចោម​រោម​ជុំ​វិញ​គាត់​ដែរ។ . . . នៅ​ទី​បំផុត នោះ​សត្វ​ចៀម​មួយ​ហ្វូង​ក៏​នៅ​ព័ទ្ធ​ជុំ​វិញ​គាត់ ទាំង​លោត​កញ្ឆេង​ទៀត​ផង​»។

១៨ ហេតុ​អ្វី​ក៏​សត្វ​ចៀម​ដើរ​តាម​អ្នក​គង្វាល​របស់​វា? ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​ដ្បិត​វា​ស្គាល់​សំឡេង​គាត់​»។ (​យ៉ូហាន ១០:៤​) តើ​សត្វ​ចៀម​ពិត​ជា​ស្គាល់​សម្លេង​របស់​អ្នក​គង្វាល​របស់​វា​មែន​ឬ? លោក​ចូជ ស្មិត បាន​សរសេរ​ពី​អ្វី​ដែល​គាត់​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ក្នុង​សៀវភៅ​របស់​គាត់​ថា​៖ ​«​ជួន​កាល​នៅ​ពេល​ថ្ងៃ​ត្រង់ យើង​សំរាក​នៅ​ជិត​អណ្ដូង​មួយ​នៅ​ស្រុក​យូដា នោះ​ក៏​មាន​អ្នក​គង្វាល​បី​ឬ​បួន​នាក់​មក មាន​ទាំង​ហ្វូង​ចៀម​របស់​ខ្លួន​មក​ជា​មួយ​ដែរ។ ដូច្នេះ ហ្វូង​ចៀម​ទាំង​ប៉ុន្មាន​ក៏​ចូល​លាយ​ឡំ​ជា​មួយ​គ្នា ហើយ​យើង​ឆ្ងល់​ថា​តើ​អ្នក​គង្វាល​និមួយ​ៗ​ប្រមូល​ហ្វូង​ចៀម​របស់​គាត់​បាន​យ៉ាង​ណា​វិញ។ ប៉ុន្តែ ក្រោយ​ពី​ហ្វូង​ចៀម​ផឹក​ទឹក​និង​ប្រឡែង​លេង​ជា​មួយ​គ្នា​រួច​មក នោះ​អ្នក​គង្វាល​ម្នាក់​ៗ​ក៏​ចេញ​ទៅ​តាម​លំដាប់​ទៅ​កន្លែង​ផ្សេង​ៗ រួច​អ្នក​គង្វាល​ម្នាក់​ៗ​ក៏​ហៅ​ដោយ​ប្រើ​សូរ​សម្លេង​ដ៏​ប្លែក​មួយ ហើយ​ហ្វូង​ចៀម​ក៏​ដើរ​ទៅ​តាម​អ្នក​គង្វាល​របស់​វា​រៀង​ៗ​ខ្លួន និង​ក៏​បែក​ចេញ​ពី​គ្នា​តាម​របៀប​រៀប​រយ ដូច​កាល​ដែល​មក​ដែរ​»។ (The Historical Geography of the Holy Land) ព្រះ​យេស៊ូ​បាន​រក​ឃើញ​វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​ពន្យល់​ចំណុច​របស់​ទ្រង់។ បើ​យើង​ទទួល​ស្គាល់​និង​ធ្វើ​តាម​ការ​បង្រៀន​របស់​ទ្រង់ និង​បើ​យើង​ដើរ​តាម​ការ​ដឹក​នាំ​របស់​ទ្រង់ នោះ​យើង​អាច​នៅ​ក្រោម​«​អ្នក​គង្វាល​ល្អ​»​ ដែល​មើល​ថែ​រក្សា​យ៉ាង​ថ្នាក់​ថ្នម និង​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។—យ៉ូហាន ១០:១១

រឿង​ប្រៀប​ប្រដូច ដែល​ស្រង់​ចេញ​ពី​ព្រឹត្ដិការណ៍​ដែល​ពួក​អ្នក​ស្ដាប់​ស្គាល់

១៩. ដើម្បី​បំបាត់​ចោល​នូវ​គំនិត​មិន​ត្រឹម​ត្រូវ តើ​ព្រះ​យេស៊ូ​យក​រឿង​ខ្លោច​ផ្សា​ក្នុង​តំបន់​មក​បង្រៀន​យ៉ាង​ប៉ិន​ប្រសប់​ដោយ​ដូច​ម្ដេច?

១៩ រឿង​ប្រៀប​ប្រដូច​ដែល​មាន​ប្រសិទ្ធភាព ក៏​រួម​បញ្ចូល​បទ​ពិសោធន៍ ឬ​ឧទាហរណ៍​ដែល​អាច​ធ្វើ​ជា​មេ​រៀន។ នៅ​គ្រា​មួយ ព្រះ​យេស៊ូ​បាន​ប្រើ​ព្រឹត្ដិការណ៍​ថ្មី​ៗ​ដើម្បី​បំបាត់​ចោល​នូវ​គំនិត​មិន​ពិត​ដែល​ថា រឿង​ខ្លោច​ផ្សា​នឹង​ធ្លាក់​ទៅ​លើ​ពួក​អ្នក​ដែល​សម​ទទួល​នោះ។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​ពួក​១៨​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​មក​លើ​កិន​ស្លាប់​នោះ គេ​មាន​ទោស​លើស​ជាង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូសាឡិម​ឬ​»​? (​លូកា ១៣:៤​) ព្រះ​យេស៊ូ​បាន​វែក​ញែក​យ៉ាង​ប៉ិន​ប្រសប់​បង្ហាញ​ថា គំនិត​ដែល​ថា​មាន​ព្រេង​វាសនា​គឺ​ជា​រឿង​មិន​ពិត​ទេ។ ពួក​មនុស្ស​១៨​នាក់​ដែល​ស្លាប់​នោះ គឺ​មិន​មែន​ដោយ​សារ​អំពើ​បាប​ដែល​គេ​បាន​បង្ក​ឡើង ដែល​ព្រះ​មិន​គាប់​ព្រះ​ហឫទ័យ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ សេចក្ដី​ស្លាប់​ដ៏​ខ្លោច​ផ្សា​ជា​លទ្ធផល​នៃ​គ្រា​និង​ព្រឹត្ដិការណ៍​ដែល​មើល​មិន​ឃើញ​ទុក​ជា​មុន។ (​សាស្ដា ៩:១១​) ដូច្នេះ ទ្រង់​បាន​បំបាត់​ចោល​នូវ​ការ​បង្រៀន​ក្លែង​ក្លាយ ដោយ​យោង​ទៅ​តាម​ព្រឹត្ដិការណ៍ ដែល​ពួក​អ្នក​ស្ដាប់​ដឹង​ឮ។

២០, ២១. (​ក​) តើ​ហេតុ​អ្វី​បាន​ជា​ពួក​ផារីស៊ី​ផ្ដន្ទា​ទោស​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ? (​ខ​) តើ​កំណត់​ហេតុ​មួយ​ណា​ក្នុង​ព្រះ​គម្ពីរ​ដែល​ព្រះ​យេស៊ូ​ប្រើ​ដើម្បី​ពន្យល់​ថា ព្រះ​យេហូវ៉ា​មិន​ដែល​ឲ្យ​យើង​កាន់​យ៉ាង​តឹង​រ៉ឹង​តាម​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក​នោះ​ទេ? (​គ​) តើ​អ្វី​ដែល​នឹង​ត្រូវ​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ត​បន្ទាប់?

២០ ក្នុង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ ទ្រង់​ក៏​បាន​ប្រើ​គំរូ​ក្នុង​បទ​គម្ពីរ​ផង​ដែរ។ សូម​នឹក​ចាំ​នៅ​គ្រា​ដែល​ពួក​ផារីស៊ី​ផ្ដន្ទា​ទោស​សិស្ស​របស់​ទ្រង់ ដោយ​សារ​ពួក​គេ​បូត​គួរ​ស្រូវ​បរិភោគ​នៅ​ថ្ងៃ​ឈប់​សំរាក។ តាម​ពិត ពួក​សិស្ស​មិន​បាន​បំពាន​ច្បាប់​របស់​ព្រះ​ទេ តែ​បំពាន​លើ​ការ​បក​ស្រាយ​ដ៏​តឹង​រ៉ឹង​របស់​ពួក​ផារីស៊ី ចំពោះ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​នៅ​ថ្ងៃ​ឈប់​សំរាក​នោះ។ ដើម្បី​ពន្យល់​ថា​ព្រះ​មិន​ដែល​មាន​គោល​បំណង​ដ៏​តឹង​រ៉ឹង​បែប​នេះ​ចំពោះ​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក នោះ​ព្រះ​យេស៊ូ​បាន​ស្រង់​យក​ព្រឹត្ដិការណ៍​មួយ​ដែល​កត់​ទុក​នៅ​សាំយូអែល​ទី​១ ២១:៣​-​៦។ នៅ​ពេល​ឃ្លាន​អាហារ​ជា​ខ្លាំង នោះ​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​បាន​ឈប់​នៅ​ឯ​រោង​ឧបោសថ និង​បាន​បរិភោគ​នំ​ប៉័ង​ដាក់​តាំង​ដែល​បាន​ត្រូវ​ប្ដូរ​ហើយ​នោះ។ នំ​ប៉័ង​ចាស់​បាន​ទុក​សំរាប់​ឲ្យ​ពួក​សង្ឃ​បរិភោគ។ ប៉ុន្តែ ក្រោម​កាលៈទេសៈ​នេះ ដាវីឌ​និង​ពួក​បុរស​គាត់​មិន​បាន​ជាប់​ទោស​ដោយ​បរិភោគ​នំ​ប៉័ង​នោះ​ទេ។ យ៉ាង​អស្ចារ្យ​មែន កំណត់​ហេតុ​នោះ​គឺ​ជា​ករណី​តែ​មួយ​គត់​ក្នុង​ព្រះ​គម្ពីរ ស្តី​អំពី​ការ​បរិភោគ​នំ​ប៉័ង​ចាស់​ដោយ​អ្នក​ផ្សេង​ក្រៅ​ពី​ពួក​សង្ឃ។ ព្រះ​យេស៊ូ​បាន​ជ្រាប​ដឹង​ច្បាស់​នូវ​កំណត់​ហេតុ​នេះ ហើយ​ពួក​អ្នក​ស្ដាប់​ជាតិ​យូដា​ក៏​ច្បាស់​ជា​ដឹង​អំពី​រឿង​នេះ​ដែរ។—ម៉ាថាយ ១២:១​-​៨

២១ ពិត​មែន​ហើយ ព្រះ​យេស៊ូ​ជា​អ្នក​បង្រៀន​ដ៏​ឧត្តម! យើង​ពិត​ជា​ស្ងើច​សរសើរ​នូវ​សមត្ថភាព​ដ៏​ប៉ិន​ប្រសប់​របស់​ទ្រង់ ក្នុង​ការ​សម្ដែង​សេចក្ដី​ពិត​ដ៏​សំខាន់​តាម​របៀប​ដែល​មាន​អានុភាព​ជ្រួត​ជ្រាប​ដល់​ចិត្ត​គំនិត​របស់​ពួក​អ្នក​ស្ដាប់​ទ្រង់។ ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​យើង​អាច​យក​តម្រាប់​តាម​ទ្រង់​ក្នុង​សេចក្ដី​បង្រៀន​របស់​យើង? នេះ​នឹង​ត្រូវ​យក​មក​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[​កំណត់​សម្គាល់​]

a រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​គឺ​មាន​ច្រើន​បែប​ច្រើន​យ៉ាង ដែល​រួម​បញ្ចូល​ឧទាហរណ៍ ការ​ប្រៀប​ធៀប ការ​និយាយ​ជា​អត្ថបដិរូប។ គេ​បាន​ដឹង​ទូទៅ​អំពី​ព្រះ​យេស៊ូ​ចំពោះ​ការ​ប្រើ​ឧទាហរណ៍និទស្សន៍ ពោល​គឺ​ជា​«​រឿង​និទាន​ខ្លី ដែល​ធម្មតា​ប្រឌិត​ឡើង ដែល​ជា​មេ​រៀន​ខាង​រឿង​សីលធម៌ ឬ​រឿង​ខាង​វិញ្ញាណ​»។

b ក្រុង​យេរូសាឡិម​មាន​កំពស់​ខ្ពស់​ជាង​ក្រុង​យេរីខូរ។ ដូច្នេះ ពេល​ធ្វើ​ដំណើរ​«​ពី​ក្រុង​យេរូសាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ​»​ដូច​បាន​រៀប​រាប់​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច នោះ​អ្នក​ធ្វើ​ដំណើរ​ម្នាក់​នឹង​ធ្វើ​ដំណើរ​«​ចុះ​មក​»។

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

• ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​បង្រៀន​ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច?

• តើ​ឧទាហរណ៍​អ្វី​ដែល​បង្ហាញ​ថា ព្រះ​យេស៊ូ​បាន​ប្រើ​រឿង​ប្រៀប​ប្រដូច​ដែល​ពួក​អ្នក​ស្ដាប់​នៅ​សតវត្ស​ទី​មួយ​អាច​យល់​បាន?

• តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ប្រើ​យ៉ាង​ប៉ិន​ប្រសប់ នូវ​ចំណេះ​អំពី​ការ​បង្កើត​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់?

• តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ប្រើ​ព្រឹត្ដិការណ៍​ដែល​ពួក​អ្នក​ស្ដាប់​ស្គាល់​នោះ?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]