លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»

«មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»

«​មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ​»​

​«​គ្រប់​គ្នា​ជា​សាក្សី​ពី​ទ្រង់ ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ព្រះ​បន្ទូល​ដ៏​ផ្អែម​ពីរោះ ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ទ្រង់​មក​»។—លូកា ៤:២២

១, ២. (​ក​) ហេតុ​អ្វី​បាន​ជា​ពួក​អាជ្ញា​ដែល​បាន​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ចាប់​ព្រះ​យេស៊ូ​មក​វិញ​ដៃ​ទទេ​ដូច្នេះ? (​ខ​) តើ​អ្វី​ដែល​បង្ហាញ​ថា មិន​មែន​មាន​តែ​ពួក​អាជ្ញា​ទេ​ដែល​កោត​ស្ងើច​នឹង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​នោះ?

 ពួក​អាជ្ញា​ពុំ​បាន​ជោគ​ជ័យ​ក្នុង​កិច្ច​ការ​របស់​ពួក​គេ​ទេ។ ពួក​គេ​បាន​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ចាប់​ព្រះ​យេស៊ូ​គ្រីស្ទ តែ​ពួក​គេ​បាន​មក​វិញ​ដោយ​ដៃ​ទទេ​ទៅ​វិញ។ ពួក​សង្គ្រាជ​និង​ពួក​ផារីស៊ី​បាន​ឈ្លេច​សួរ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​មិន​ចាប់​អ្នក​នោះ​មក?​»។ គួរ​ឲ្យ​ឆ្ងល់​មែន​ថា ហេតុ​អ្វី​បាន​ជា​ពួក​អាជ្ញា​មិន​បាន​ចាប់​បុរស​នេះ​ដែល​ឥត​ទាំង​តតាំង​វិញ​សោះ? ពួក​អាជ្ញា​បាន​ពន្យល់​ថា​៖ ​«​មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ​»។ ពួក​អាជ្ញា​បាន​កោត​ស្ងើច​នឹង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​ដល់​ម្ល៉េះ ដែល​ពួក​គេ​ពុំ​អាច​បង្ខំ​ខ្លួន​ចាប់​ខ្លួន​បុរស​ដ៏​ស្លូត​បូត​នេះ​ឡើយ។ aយ៉ូហាន ៧:៣២, ៤៥, ៤៦

មិន​មែន​មាន​តែ​ពួក​អាជ្ញា​ទេ​ដែល​បាន​កោត​ស្ងើច​នឹង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​នោះ។ ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​ថា មាន​បណ្ដា​ជន​ច្រើន​កុះ​ករ​បាន​មក​ស្ដាប់​ទ្រង់​បង្រៀន។ ប្រជាជន​ក្នុង​ស្រុក​កំណើត​របស់​ទ្រង់ ក៏​បាន​អស្ចារ្យ​ក្នុង​ចិត្ត​«​ពី​ព្រះ​បន្ទូល​ដ៏​ផ្អែម​ពីរោះ ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ទ្រង់​មក​»។ (​លូកា ៤:២២​) ជា​ច្រើន​ដង ព្រះ​យេស៊ូ​បាន​ឈរ​លើ​ទូក​បង្រៀន​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ ដែល​បាន​ផ្ដុំ​គ្នា​នៅ​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ។ (​ម៉ាកុស ៣:៩; ៤:១; លូកា ៥:១​-​៣​) នៅ​គ្រា​មួយ​មាន​«​ហ្វូង​មនុស្ស​ជា​ធំ​ណាស់​»​បាន​នៅ​ជា​មួយ​នឹង​ទ្រង់​អស់​ច្រើន​ថ្ងៃ ទោះ​ជា​ពួក​គេ​គ្មាន​អាហារ​ទទួល​ទាន​ក៏​ដោយ។—ម៉ាកុស ៨:១, ២

៣. តើ​អ្វី​ជា​មូលហេតុ​ដ៏​ចំបង ដែល​ព្រះ​យេស៊ូ​ជា​អ្នក​បង្រៀន​ដ៏​អស្ចារ្យ​នោះ?

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ជា​គ្រូ​បង្រៀន​ដ៏​អស្ចារ្យ? សេចក្ដី​ស្រឡាញ់​គឺ​ជា​មូលហេតុ​ដ៏​ចំបង។ b ព្រះ​យេស៊ូ​បាន​ស្រឡាញ់​សេចក្ដី​ពិត​ដែល​ទ្រង់​បាន​បង្រៀន ហើយ​ណា​មួយ​ទៀត បណ្ដា​ជន​ដែល​ទ្រង់​បាន​បង្រៀន​នោះ ទ្រង់​ស្រឡាញ់​ពួក​គេ​ផង​ដែរ។ ប៉ុន្តែ ព្រះ​យេស៊ូ​ក៏​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​ប្រើ​វិធី​បង្រៀន​ដែល​មាន​ប្រសិទ្ធភាព​ដែរ។ នៅ​ក្នុង​អត្ថបទ​សិក្សា​ក្នុង​ទស្សនាវដ្ដី​នេះ យើង​នឹង​ពិគ្រោះ​នូវ​វិធី​ដែល​មាន​ប្រសិទ្ធភាព​ដែល​ទ្រង់​បាន​ប្រើ និង​របៀប​ដែល​យើង​យក​គំរូ​តាម​វិធី​បង្រៀន​នោះ។

ពាក្យ​ដ៏​ស្រួល​យល់​និង​ច្បាស់​លាស់

៤, ៥. (​ក​) ពេល​ព្រះ​យេស៊ូ​បង្រៀន​មនុស្ស ហេតុ​អ្វី​បាន​ជា​ទ្រង់​ប្រើ​ពាក្យ​ស្រួល​យល់? ហើយ​ហេតុ​អ្វី​ក៏​ជា​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ប្រើ​ពាក្យ​ស្រួល​យល់​បែប​នេះ? (​ខ​) តើ​ធម្មទាន​នៅ​លើ​ភ្នំ​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​យេស៊ូ​បាន​បង្រៀន​ដោយ​ប្រើ​ពាក្យ​ស្រួល​យល់?

គឺ​ជា​ការ​ធម្មតា​ទេ​ថា មនុស្ស​ដែល​មាន​ចំណេះ​ខ្ពង់​ខ្ពស់​ប្រើ​ពាក្យ​ជ្រៅ​ៗ​ដែល​មនុស្ស​ស្ដាប់​ពុំ​យល់​ឡើយ។ ប៉ុន្តែ បើ​ពួក​អ្នក​ស្ដាប់​ពុំ​យល់​នូវ​អ្វី​ដែល​យើង​ចង់​និយាយ​ទេ តើ​ដូច​ម្ដេច​ដែល​ពួក​គេ​នឹង​ទទួល​ប្រយោជន៍​ពី​ចំណេះ​ដឹង​របស់​យើង​នោះ? ជា​អ្នក​បង្រៀន ព្រះ​យេស៊ូ​មិន​ដែល​មាន​បន្ទូល​ជ្រៅ​ពេក​ដែល​អ្នក​ដទៃ​ស្ដាប់​ពុំ​យល់​នោះ​ទេ។ ចូរ​គិត​អំពី​ពាក្យ​ជា​ច្រើន​ដែល​ទ្រង់​អាច​យក​មក​ប្រើ។ ប៉ុន្តែ ទោះ​ជា​ទ្រង់​មាន​ចំណេះ​ដ៏​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ ទ្រង់​បាន​គិត​អំពី​ពួក​អ្នក​ស្ដាប់​របស់​ទ្រង់ មិន​មែន​គិត​តែ​ពី​អង្គ​ទ្រង់​នោះ​ទេ។ ទ្រង់​ជ្រាប​ថា​ពួក​អ្នក​ស្ដាប់​ជា​ច្រើន​«​មិន​សូវ​ចេះ​ជ្រៅ​ជ្រះ ហើយ​ឥត​បាន​រៀន​សូត្រ​ប៉ុន្មាន​ផង​»។ (​កិច្ច​ការ ៤:១៣​) ព្រះ​យេស៊ូ​បាន​ប្រើ​ពាក្យ​ដែល​មនុស្ស​ទាំង​នេះ​អាច​ស្ដាប់​យល់​បាន។ ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ប្រើ​ប្រហែល​ជា​ស្រួល​មែន តែ​សេចក្ដី​ពិត​ដែល​ត្រូវ​សម្ដែង​តាម​ពាក្យ​ទាំង​នោះ គឺ​ជ្រាល​ជ្រៅ​ណាស់។

ជា​ឧទាហរណ៍ សូម​ពិចារណា​ធម្មទាន​នៅ​លើ​ភ្នំ ដែល​បាន​កត់​ទុក​នៅ​ម៉ាថាយ ៥:៣–៧:២៧។ ព្រះ​យេស៊ូ​ប្រហែល​ជា​បាន​ថ្លែង​ធម្មទាន​នោះ​ក្នុង​រយៈ​ពេល​តែ​២០​នាទី​ប៉ុណ្ណោះ។ ប៉ុន្តែ សេចក្ដី​បង្រៀន​នោះ​គឺ​ជ្រាល​ជ្រៅ ហើយ​បាន​ពិគ្រោះ​នូវ​ដើម​ហេតុ​នៃ​រឿង​ផ្សេង​ៗ ដូច​ជា​ការ​ផិត​គ្នា ការ​លែង​លះ​គ្នា និង​វត្ថុ​និយម​ជា​ដើម។ (​ម៉ាថាយ ៥:២៧​-​៣២; ៦:១៩​-​៣៤​) ប៉ុន្តែ ទ្រង់​មិន​បាន​ប្រើ​ពាក្យ​ដ៏​ពិបាក​យល់ឡើយ។ តាម​ពិត គឺ​សឹង​តែ​គ្មាន​ពាក្យ​ណា​សោះ​ដែល​កុមារ​ម្នាក់​ពុំ​យល់​នោះ​ឡើយ! ដូច្នេះ​ហើយ ពេល​ទ្រង់​បង្រៀន​ចប់ នោះ​បណ្ដា​ជន​ដែល​ប្រហែល​ជា​រួម​បញ្ចូល​អ្នក​ចំការ អ្នក​គង្វាល និង​អ្នក​នេសាទ​«​នឹក​ប្លែក​ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន​»​!—ម៉ាថាយ ៧:២៨

៦. ចូរ​ឲ្យ​ឧទាហរណ៍​មួយ​នូវ​របៀប​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល ដែល​ស្រួល​យល់​តែ​មាន​ន័យ​យ៉ាង​វិសេស។

ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ដ៏​ស្រួល​យល់​តែ​មាន​ន័យ​ខ្លឹម​សារ​ណាស់ ដោយ​ប្រើ​ឃ្លា​ខ្លី​ៗ​និង​ជាក់​ច្បាស់។ នៅ​ក្នុង​សម័យ មុន​មាន​ការ​បោះពុម្ព​សៀវភៅ នោះ​ទ្រង់​បាន​ផ្ដិត​ជាប់​សារ​នោះ​ទៅ​ក្នុង​ចិត្ត​គំនិត​នៃ​ពួក​អ្នក​ស្ដាប់​របស់​ទ្រង់ ដោយ​ប្រើ​ពាក្យ​ដ៏​ស្រួល​យល់​តែ​មាន​ន័យ​ដ៏​វិសេស។ សូម​គិត​អំពី​ឧ​ទារ​ហ​ណ៍​ខ្លះ​ៗ​ដែល​មាន​ដូច​ត​ទៅ​៖ ​«​គ្មាន​អ្នក​ណា​អាច​នឹង​បំរើ​ចៅហ្វាយ​២​នាក់​បាន​ទេ . . . អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ នឹង​ទ្រព្យ​សម្បត្ដិ​ផង​បាន​ទេ​»។ ​«​កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ​»។ ​«​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន គឺ​ដោយ​សារ​ផល​គេ​បង្កើត​»។ ​«​ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ មិន​ត្រូវ​ការ​នឹង​គ្រូ​ពេទ្យ​ទេ គឺ​ជា​ពួក​ដែល​មាន​ជំងឺ​វិញ​ទេ​តើ​»។ ​«​ដ្បិត​អស់​អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ​»។ ​«​ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ​»។ ​«​ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល​»។ c (​ម៉ាថាយ ៦:២៤; ៧:១, ២០; ៩:១២; ២៦:៥២; ម៉ាកុស ១២:១៧; កិច្ច​ការ ២០:៣៥​) ពាក្យ​ពេចន៍​របស់​ព្រះ​យេស៊ូ​មាន​អានុភាព​យ៉ាង​ខ្លាំង គឺ​ស្រួល​នឹក​ចាំ​ណាស់ សូម្បី​តែ​មក​ទល់​សម័យ​នេះ ជិត​២.០០០​ឆ្នាំ​កន្លង​ទៅ​ហើយ​ក្ដី។

ការ​ប្រើ​សំនួរ

៧. ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ប្រើ​សំនួរ?

ព្រះ​យេស៊ូ​បាន​ប្រើ​សំនួរ​យ៉ាង​ប៉ិន​ប្រសប់​ណាស់។ ពេល​ខ្លះ​បើ​ទ្រង់​ប្រាប់​ចម្លើយ​ដល់​ពួក​អ្នក​ស្ដាប់​តែ​ម្ដង នោះ​គឺ​លឿន​ជាង តែ​ទ្រង់​តែង​តែ​ប្រើ​សំនួរ​ជា​និច្ច។ បើ​ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ប្រើ​សំនួរ? យូរ​ៗ​ម្ដង ទ្រង់​បាន​ប្រើ​សំនួរ​ដែល​ចាក់​ធ្លុះ​ដល់​ខាង​ក្នុង ដើម្បី​លាត​ត្រដាង​នូវ​បំណង​ចិត្ត​នៃ​ពួក​អ្នក​ប្រឆាំង​របស់​ទ្រង់ ហើយ​ដោយ​ប្រើ​សំនួរ​បែប​នេះ ក៏​ធ្វើ​ឲ្យ​ពួក​អ្នក​ប្រឆាំង​បាត់​មាត់​ឈឹង។ (​ម៉ាថាយ ១២:២៤​-​៣០; ២១:២៣​-​២៧; ២២:៤១​-​៤៦​) ប៉ុន្តែ ក្នុង​ករណី​ជា​ច្រើន ព្រះ​យេស៊ូ​បាន​ឆ្លៀត​ពេល​សួរ​សំនួរ​ដើម្បី​ប្រាប់​នូវ​សេចក្ដី​ពិត និង​ដើម្បី​ឲ្យ​ពួក​អ្នក​ស្ដាប់​របស់​ទ្រង់​សម្ដែង​នូវ​ចិត្ត​គំនិត​របស់​ពួក​គេ ព្រម​ទាំង​ដើម្បី​អប់រំ​គំនិត​នៃ​ពួក​សិស្ស​របស់​ទ្រង់​និង​បណ្ដាល​ឲ្យ​ពួក​គេ​រិះ​គិត​ផង​ដែរ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ឧទាហរណ៍​ពីរ​ដែល​ទាក់​ទង​នឹង​សាវ័ក​ពេត្រុស។

៨, ៩. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ប្រើ​សំនួរ ដើម្បី​ជួយ​ពេត្រុស​ឲ្យ​យល់​បាន​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​ការ​បង់​ពន្ធ​ព្រះ​វិហារ?

ទី​មួយ ចូរ​នឹក​ចាំ​អំពី​គ្រា​ដែល​ពួក​អ្នក​ទារ​ពន្ធ​បាន​សួរ​ពេត្រុស ថា​តើ​ព្រះ​យេស៊ូ​បង់​ពន្ធ​ព្រះ​វិហារ​ឬ​ទេ?។ d នៅ​ពេល​ខ្លះ​ពេត្រុស​ជា​មនុស្សដែល​និយាយ​ឥត​គិត​មុខ​គិត​ក្រោយ ក៏​ឆ្លើយ​ថា​«​បង់​ដែរ​»។ ប៉ុន្តែ មួយ​រយៈ​ពេល​ក្រោយ​មក ព្រះ​យេស៊ូ​បាន​វែក​ញែក​ជា​មួយ​នឹង​គាត់​ថា​៖ ​«​នែ! ស៊ីម៉ូន អ្នក​គិត​ដូច​ម្ដេច? តើ​អស់​ទាំង​ស្តេច​នៅ​ផែនដី​ហូត​សួយរៃ ឬ​ពន្ធដារ​ពី​អ្នក​ណា ពី​កូន​ចៅ ឬ​ពី​អ្នក​ដទៃ?​»។ ពេល​ពេត្រុស​បាន​ទូល​ថា​៖ ​«​ពី​អ្នក​ដទៃ​»​ នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​កាន់​គាត់​ថា​៖ ​«​ដូច្នេះ កូន​ចៅ​បាន​រួច​ហើយ!​»។ (​ម៉ាថាយ ១៧:២៤​-​២៧​) ចំណុច​នៃ​សំនួរ​របស់​ព្រះ​យេស៊ូ​ស្រួល​យល់​ណាស់​ចំពោះ​ពេត្រុស។ ហេតុ​អ្វី?

នៅ​សម័យ​របស់​ព្រះ​យេស៊ូ ព្រះ​ញាតិ​វង្ស​គឺ​រួច​ពី​ការ​បង់​ពន្ធ។ ដូច្នេះ​ហើយ ជា​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​ជា​ព្រះ​មហា​ក្សត្រ​នៅ​ស្ថាន​សួគ៌​បាន​បង្កើត​ផ្ទាល់ ដែល​មាន​មនុស្ស​ថ្វាយ​បង្គំ​ព្រះ​មហា​ក្សត្រ​នេះ​នៅ​ឯ​ព្រះ​វិហារ នោះ​មិន​ចាំ​បាច់​តម្រូវ​ឲ្យ​ព្រះ​យេស៊ូ​បង់​ពន្ធ​ឡើយ។ ចូរ​កត់​សម្គាល់​ថា​ជា​ជាង​ប្រាប់​ចម្លើយ​ដល់​ពេត្រុស នោះ​ព្រះ​យេស៊ូ​បាន​ប្រើ​សំនួរ​យ៉ាង​មាន​ប្រសិទ្ធភាព​និង​យ៉ាង​សុភាព ដើម្បី​ជួយ​ពេត្រុស​ឲ្យ​យល់​បាន​យ៉ាង​ត្រឹម​ត្រូវ និង​ដើម្បី​ជួយ​ពេត្រុស​ឲ្យ​ចេះ​គិត​វែង​ឆ្ងាយ​សិន​មុន​នឹង​និយាយ។

១០, ១១. តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​យ៉ាង​ណា​ពេល​ពេត្រុស​កាប់​ដាច់​ត្រចៀក​របស់​បុរស​ម្នាក់​នៅ​រាត្រី​បុណ្យ​រំលង​នៅ​ឆ្នាំ​៣៣​ស.យ.? ហើយ​តើ​នេះ​បង្ហាញ​យ៉ាង​ណា​ថា​ព្រះ​យេស៊ូ​បាន​យល់​នូវ​សារ​ប្រយោជន៍​នៃ​ការ​សួរ​សំនួរ?

១០ ឧទាហរណ៍​ទី​ពីរ​ទាក់​ទង​នឹង​ព្រឹត្ដិការណ៍​មួយ​នៅ​រាត្រី​បុណ្យ​រំលង​នៅ​ឆ្នាំ​៣៣​ស.យ. ពេល​បណ្ដា​ជន​មួយ​ហ្វូង​មក​ចាប់​ព្រះ​យេស៊ូ។ ពួក​សិស្ស​បាន​ទូល​សួរ​ព្រះ​យេស៊ូ​ថា តើ​ពួក​គេ​ត្រូវ​ប្រយុទ្ធ​ការ​ពារ​ទ្រង់​ឬ​ក៏​អត់។ (​លូកា ២២:៤៩​) ពេត្រុស​ឥត​រង់​ចាំ​ចម្លើយ​ទេ ក៏​យក​ដាវ​កាប់​ដាច់​ត្រចៀក​របស់​បុរស​ម្នាក់ (​ពេត្រុស​ប្រហែល​ជា​ចង់​ធ្វើ​ឲ្យ​មាន​របួស​ធ្ងន់​ជាង​នេះ​ផង​មើល​ទៅ​)។ ពេត្រុស​បាន​ប្រព្រឹត្ត​ផ្ទុយ​ស្រឡះ​នឹង​ឆន្ទៈ​នៃ​ចៅហ្វាយ​របស់​គាត់ ពីព្រោះ​ព្រះ​យេស៊ូ​បាន​ប្រុង​ខ្លួន​ជា​ស្រេច​ឲ្យ​គេ​ចាប់​ទ្រង់។ តើ​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ណា? ព្រះ​យេស៊ូ​តែង​មាន​ព្រះ​ទ័យ​អត់​ធ្មត់ ទ្រង់​ក៏​បាន​សួរ​ពេត្រុស​សំនួរ​បី​ថា​៖ ​«​តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ទទួល​ពែង ដែល​ព្រះ​វរបិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬ?​»។ ​«​តើ​អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​នឹង​សូម​ដល់​ព្រះ​វរបិតា​ខ្ញុំ​ឥឡូវ ដែល​ទ្រង់​នឹង​ចាត់​ពួក​ទេវតា​១២​កង​មក​ខ្ញុំ​ជា​១​រំពេច​ទេ​ឬ​អី? បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្ដេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថា​ត្រូវ​តែ​កើត​មាន​ដូច្នេះ?​»។—យ៉ូហាន ១៨:១១; ម៉ាថាយ ២៦:៥២​-​៥៤

១១ ចូរ​ឲ្យ​យើង​នឹក​គិត​មួយ​ភ្លែត​សិន​អំពី​កំណត់​ហេតុ​នេះ។ ពួក​ហ្វូង​មនុស្ស​ដែល​ខឹង​យ៉ាង​ខ្លាំង​បាន​ឡោម​ព័ទ្ធ​ព្រះ​យេស៊ូ ហើយ​ទ្រង់​ជ្រាប​ថា​ទ្រង់​នឹង​សោយ​ទិវង្គត​ជា​ពុំ​ខាន និង​ទ្រង់​ជ្រាប​ថា សេចក្ដី​សង្គ្រោះ​នៃ​មនុស្ស​លោក និង​ការ​សំអាត​កិត្ដិនាម​របស់​ព្រះ​វរបិតា​ទ្រង់​ឲ្យ​អស់​សេចក្ដី​តិះ​ដៀល គឺ​ពឹង​ទៅ​លើ​ទ្រង់​ទាំង​ស្រុង។ ប៉ុន្តែ ទ្រង់​បាន​ចំណាយ​ពេល​វេលា​ក្នុង​ខណ​នោះ​ដោយ​សួរ​សំនួរ ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ដ៏​សំខាន់​ដក់​ជាប់​ក្នុង​គំនិត​របស់​ពេត្រុស។ នេះ​ស​ឲ្យ​ឃើញ​ច្បាស់​ថា ព្រះ​យេស៊ូ​បាន​យល់​នូវ​សារ​ប្រយោជន៍​នៃ​ការ​សួរ​សំនួរ មែន​ទេ?

ការ​ប្រៀប​ធៀប​ដ៏​រស់​រវើក​ដែល​ផ្ទុយ​ពី​ទិដ្ឋភាព​ជាក់​ស្តែង

១២, ១៣. (​ក​) តើ​ការ​ប្រៀប​ធៀប​ដែល​ផ្ទុយ​ពី​ទិដ្ឋភាព​ជាក់​ស្តែង​ជា​អ្វី? (​ខ​) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ប្រើ​ការ​ប្រៀប​ធៀប​ដែល​ផ្ទុយ​ពី​ទិដ្ឋភាព​ជាក់​ស្តែង ដើម្បី​បញ្ជាក់​នូវ​ភាព​មិន​សម​ហេតុ​ផល​នៃ​ការ​រិះ​គន់​កំហុស​តូច​តាច​របស់​បង​ប្អូន​របស់​យើង?

១២ នៅ​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ ទ្រង់​តែង​ប្រើ​វិធី​បង្រៀន​មួយ​ទៀត​ដែល​មាន​ប្រសិទ្ធភាព គឺ​ការ​ប្រៀប​ធៀប​ដែល​ផ្ទុយ​ពី​ទិដ្ឋភាព​ជាក់​ស្តែង។ នេះ​ជា​វិធី​និយាយ​បន្ថែម​ដោយ​ចេតនា​ដើម្បី​បញ្ជាក់​នូវ​ចំណុច​ណា​មួយ​ឲ្យ​បាន​ច្បាស់​លាស់។ តាម​វិធី​ប្រៀប​ធៀប​ដែល​ផ្ទុយ​ពី​ទិដ្ឋភាព​ជាក់​ស្តែង សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​បាន​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​គំនិត​អ្នក​ស្ដាប់​ដែល​ធ្វើ​ឲ្យ​គេ​ពុំ​អាច​បំភ្លេច​បាន។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ឧទាហរណ៍​ខ្លះ​ៗ។

១៣ នៅ​ក្នុង​ធម្មទាន​លើ​ភ្នំ ពេល​កំពុង​តែ​បញ្ជាក់​នូវ​តម្រូវ​ការ​«​កុំ​ឲ្យ​ថ្កោល​ទោស​»​អ្នក​ដទៃ នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កំទេច ដែល​នៅ​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​សោះ​ដូច្នេះ?​»។ (​ម៉ាថាយ ៧:១​-​៣​) តើ​អ្នក​អាច​នឹក​គិត​អំពី​ទិដ្ឋភាព​នេះ​ឬ​ទេ? មនុស្ស​ខ្លះ​ដែល​ពូកែ​រិះ​គន់​គេ បាន​ស្នើ​សុំ​យក​កំទេច​ពី​«​ភ្នែក​»​របស់​បង​ប្អូន​គាត់​ចេញ។ អ្នក​រិះ​គន់​នេះ​អះអាង​ថា បង​ប្អូន​របស់​គាត់​មិន​អាច​ធ្វើ​ការ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ ដោយ​សារ​ខ្លួន​មើល​ឃើញ​បញ្ហា​នោះ​មិន​ច្បាស់។ ប៉ុន្តែ​ភ្នែក​របស់​អ្នក​រិះ​គន់​នេះ គឺ​មាន​«​ធ្នឹម​»​វិញ​ដែល​ជា​សសរ​គេ​ប្រើ​សំរាប់​ទ្រ​ដំបូល ហើយ​នេះ​ក៏​បន្ថយ​នូវ​លទ្ធភាព​របស់​គាត់​ក្នុង​ការ​វិនិច្ឆ័យ​វិញ។ នេះ​ជា​វិធី​ដែល​ពុំ​អាច​ភ្លេច​បាន​ឡើយ ដើម្បី​បញ្ជាក់​ថា​មិន​សម​ហេតុ​ផល​ទេ បើ​យើង​រិះ​គន់​នូវ​កំហុស​តូច​តាច​នៃ​បង​ប្អូន​របស់​យើង ពេល​យើង​ផ្ទាល់​មាន​កំហុស​ដ៏​ធំ​នោះ​ដែរ!

១៤. ហេតុ​អ្វី​បាន​ជា​បន្ទូល​របស់​ព្រះ​យេស៊ូ​អំពី​ការ​ត្រង​សត្វ​សុច​និង​ការ​លេប​សត្វ​អូដ្ឋ គឺ​ជា​ការ​បង្រៀន​ដែល​មាន​ប្រសិទ្ធភាព​ណាស់?

១៤ នៅ​គ្រា​មួយ​ទៀត ព្រះ​យេស៊ូ​បាន​ផ្ដន្ទា​ទោស​ពួក​ផារីស៊ី​ថា​«​ពួកមនុស្ស​កង្វាក់ ដែល​នាំ​ផ្លូវ​គេ​អើយ! អ្នក​រាល់​គ្នា​ត្រង​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ​វិញ​»។ (​ម៉ាថាយ ២៣:២៤​) នេះ​ជា​ការ​ប្រៀប​ធៀប​ដែល​ផ្ទុយ​ពី​ទិដ្ឋភាព​ជាក់​ស្តែង​ដែល​មាន​ប្រសិទ្ធភាព​ខ្លាំង​មែន។ ហេតុ​អ្វី? ការ​ប្រៀប​ធៀប​សត្វ​សុច​ដ៏​ល្អិត​ទៅ​នឹង​សត្វ​ដ៏​ធំ​បំផុត ដែល​ពួក​អ្នក​ស្ដាប់​ព្រះ​យេស៊ូ​គេ​ស្គាល់​ជា​ទូទៅ គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់! គេ​បាន​ប៉ាន់​ស្មាន​ថា​នឹង​ត្រូវ​ការ​សុច​៧០​លាន​ដើម្បី​ឲ្យ​ស្មើ​នឹង​ទម្ងន់​នៃ​សត្វ​អូដ្ឋ​មួយ! ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​បាន​ជ្រាប​ថា​ពួក​ផារីស៊ី​ត្រង​ស្រា​របស់​ពួក​គេ ដោយ​ប្រើ​កន្ត្រង​ដែល​ធ្វើ​ពី​ក្រណាត់​មួយ។ ពួក​អ្នក​កាន់​ច្បាប់​ដ៏​តឹង​រ៉ឹង​ទាំង​នោះ​បាន​ធ្វើ​បែប​នេះ ដើម្បី​ជៀស​វាង​ពី​ការ​លេប​សត្វ​សុច ដ្បិត​នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​ស្មោក​គ្រោក​តាម​ច្បាប់។ ប៉ុន្តែ​បើ​និយាយ​ជា​អត្ថបដិរូប​វិញ ពួក​គេ​បាន​លេប​សត្វ​អូដ្ឋ ដែល​ជា​សត្វ​ស្មោក​គ្រោក​ដែរ។ (​លេវីវិន័យ ១១:៤, ២១​-​២៤​) ចំណុច​បង្រៀន​របស់​ព្រះ​យេស៊ូ​គឺ​ច្បាស់​ណាស់។ ពួក​ផារីស៊ី​បាន​ធ្វើ​តាម​តម្រូវ​ការ​ដ៏​ល្អិត​ល្អន់​របស់​ច្បាប់​នេះ ប៉ុន្តែ​ពួក​គេ​បាន​ធ្វើ​ព្រងើយ​កន្តើយ​នឹង​រឿង​ដ៏​សំខាន់​ជាង​ទៅ​វិញ គឺ​ជា​«​សេចក្ដី​យុត្ដិធម៌ សេចក្ដី​មេត្ដា​ករុណា នឹង​សេចក្ដី​ជំនឿ​»។ (​ម៉ាថាយ ២៣:២៣​) ព្រះ​យេស៊ូ​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​លាស់​ថា ពួក​គេ​ជា​មនុស្ស​បែប​ណា!

១៥. តើ​មាន​មេ​រៀន​អ្វី​ខ្លះ​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​ដោយ​ប្រើ​ការ​ប្រៀប​ធៀប​ដែល​ផ្ទុយ​ពី​ទិដ្ឋភាព​ជាក់​ស្តែង​នោះ?

១៥ ព្រះ​យេស៊ូ​តែង​ប្រើ​ការ​ប្រៀប​ធៀប​ដែល​ផ្ទុយ​ពី​ទិដ្ឋភាព​ជាក់​ស្តែង​យ៉ាង​រស់​រវើក​ក្នុង​កំឡុង​កិច្ច​បំរើ​ផ្សាយ​របស់​ទ្រង់។ ចូរ​ពិនិត្យ​មើល​នូវ​ឧទាហរណ៍​មួយ​ទៀត។ ​«​សេចក្ដី​ជំនឿ ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត​»​អាច​រើ​ភ្នំ​ចេញ​បាន។ ព្រះ​យេស៊ូ​បាន​រក​ឃើញ​វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​បញ្ជាក់​ថា ការ​មាន​ជំនឿ​តិច​តួច ក៏​អាច​សម្រេច​បាន​ច្រើន​ដែរ។ (​ម៉ាថាយ ១៧:២០​) សត្វ​អូដ្ឋ​ដ៏​ធំ​មួយ​ខំ​ប្រឹង​ចូល​រន្ធ​ម្ជុល នេះ​គឺ​ពន្យល់​បាន​យ៉ាង​ល្អ​នូវ​ភាព​ពិបាក​ចំពោះ​មនុស្ស​អ្នក​មាន​ដែល​ខំ​បំរើ​ព្រះ តែ​ចង់​បន្ត​នូវ​របៀប​រស់​នៅ​ដែល​គិត​តែ​ពី​ខាង​ទ្រព្យ​សម្បត្ដិ​នោះ! (​ម៉ាថាយ ១៩:២៤​) តើ​អ្នក​មាន​ចិត្ត​ស្ងើច​អស្ចារ្យ​នឹង​ពាក្យ​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ និង​ចំពោះ​សមត្ថភាព​របស់​ទ្រង់​ក្នុង​ការ​បង្រៀន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ដោយ​ប្រើ​ពាក្យ​យ៉ាង​តិច​បំផុត​នោះ​ឬ​ទេ?

ការ​វែក​ញែក​ដ៏​សម​ហេតុ​ផល​ដែល​ពុំ​អាច​ប្រកែក​បាន

១៦. តើ​ព្រះ​យេស៊ូ​តែង​បាន​ប្រើ​ញាណ​សតិ​តាម​របៀប​ណា?

១៦ ព្រះ​យេស៊ូ​មាន​ជំនាញ​ណាស់​ខាង​ការ​វែក​ញែក​ដ៏​សម​ហេតុ​ផល ដោយ​ព្រោះ​ទ្រង់​មាន​គំនិត​គ្រប់​ល័ក្ខណ៍។ ប៉ុន្តែ ទ្រង់​មិន​ដែល​ប្រើ​សមត្ថភាព​របស់​ទ្រង់​តាម​របៀប​ខុស​ទេ។ ក្នុង​សេចក្ដី​បង្រៀន​របស់​ទ្រង់ ទ្រង់​តែង​បាន​ប្រើ​ញាណ​សតិ​ដើម្បី​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត។ នៅ​ពេល​ខ្លះ ទ្រង់​បាន​ប្រើ​ការ​វែក​ញែក​ដែល​មាន​ប្រសិទ្ធភាព​ខ្លាំង ដើម្បី​បង្អាក់​នូវ​ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ​ពី​អ្នក​ប្រឆាំង​ខាង​សាសនា។ ក្នុង​ករណី​ជា​ច្រើន ទ្រង់​បាន​ប្រើ​ការ​វែក​ញែក​ដ៏​សម​ហេតុ​ផល ដើម្បី​បង្រៀន​ពួក​សិស្ស​ទ្រង់​នូវ​មេ​រៀន​ដ៏​សំខាន់​ៗ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​សមត្ថភាព​ដ៏​ជំនាញ​របស់​ព្រះ​យេស៊ូ ចំពោះ​ការ​ប្រើ​ការ​វែក​ញែក​នេះ។

១៧, ១៨. តើ​ព្រះ​យេស៊ូ​បាន​ប្រើ​ការ​វែក​ញែក​ដ៏​មាន​ប្រសិទ្ធភាព​ណា ដើម្បី​បញ្ឈប់​នូវ​ការ​ចោទ​ប្រកាន់​ដ៏​ខុស​របស់​ពួក​ផារីស៊ី?

១៧ ចូរ​ពិនិត្យ​មើល​នូវ​គ្រា​ដែល​ព្រះ​យេស៊ូ​បាន​ប្រោស​ឲ្យ​ជា​នូវ​បុរស​ដែល​មាន​បិសាច​ចូល​ជា​មនុស្ស​ខ្វាក់​ភ្នែក​និង​គ​នោះ។ ពេល​ពួក​ផារីស៊ី​ឮ​អំពី​ព្រឹត្ដិការណ៍​នេះ ពួក​គេ​បាន​ពោល​ថា​៖ ​«​មនុស្ស​នេះ​ដេញ​អារក្ស​បាន ដោយ​សារ​តែ​បេលសេប៊ូល[​សាតាំង​] ជា​មេ​អារក្ស​ទេ​»។ ចូរ​កត់​សម្គាល់​ថា​ពួក​ផារីស៊ី​បាន​សារភាព​ថា គឺ​ត្រូវ​ការ​អំណាច​អធិធម្មជាតិ​ដើម្បី​បណ្ដេញ​បិសាច​របស់​សាតាំង។ ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​មនុស្ស​ជឿ​លើ​ព្រះ​យេស៊ូ ពួក​គេ​ចោទ​ថា​ទ្រង់​មាន​អំណាច​ពី​សាតាំង​ទៅ​វិញ។ ព្រះ​យេស៊ូ​បង្ហាញ​ពួក​គេ​ឲ្យ​ឃើញ​ថា ពួក​គេ​ពុំ​បាន​គិត​វែង​ឆ្ងាយ​ចំពោះ​ពាក្យ​សំដី​របស់​ខ្លួន​ទេ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​អស់​ទាំង​នគរ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​អស់​ទាំង​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​នៅ​ស្ថិត​ស្ថេរ​ពុំ​បាន​ទេ ដូច្នេះ បើ​អារក្ស​ដេញ​អារក្ស នោះ​មុខ​ជា​វា​បែក​ទាស់​គ្នា​វា​ហើយ យ៉ាង​នោះ ធ្វើ​ដូច​ម្ដេច​ឲ្យ​រាជ្យ​វា​ស្ថិត​ស្ថេរ​នៅ​បាន?​»។ (​ម៉ាថាយ ១២:២២​-​២៦​) បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​ថា​៖ ‹បើ​ដូច​ពាក្យ​សំដី​អ្នក​រាល់​គ្នា​មែន ថា​ខ្ញុំ​ជា​ភ្នាក់ងារ​របស់​សាតាំង ដែល​កំពុង​តែ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អ្វី​ដែល​សាតាំង​បាន​ធ្វើ នោះ​សាតាំង​ច្បាស់​ជា​នឹង​ខាត​ផល​ប្រយោជន៍​របស់​វា ហើយ​វា​នឹង​ទទួល​បរាជ័យ​ជា​ពុំ​ខាន›។ នេះ​ជា​ការ​វែក​ញែក​ដែល​មាន​ប្រសិទ្ធភាព​ណាស់ មែន​ទេ?

១៨ រួច​មក ព្រះ​យេស៊ូ​បាន​វែក​ញែក​ថែម​ទៀត​លើ​រឿង​នេះ។ ទ្រង់​បាន​ជ្រាប​ថា សូម្បី​តែ​ពួក​ផារីស៊ី​ខ្លះ​ក៏​បាន​បណ្ដេញ​អារក្ស​ចេញ​ដែរ។ ហេតុ​ដូច​នេះ​ហើយ ទ្រង់​បាន​សួរ​សំនួរ​ដ៏​ខ្លី​មួយ​តែ​ស៊ី​ជំរៅ​យ៉ាង​ខ្លាំង​ដែល​ថា​៖ ​«​បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​អាង​បេលសេប៊ូល​ពិត នោះ​តើ​កូន[​ឬ​សិស្ស​]របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ​សារ​អ្វី​វិញ?​»។ (​ម៉ាថាយ ១២:២៧​) ដូច្នេះ ព្រះ​យេស៊ូ​បាន​វែក​ញែក​ថា​៖ ‹បើ​ខ្ញុំ​ពិត​ជា​ដេញ​អារក្ស​ដោយ​ប្រើ​អំណាច​របស់​សាតាំង បើ​ដូច្នេះ​ពួក​សិស្ស​របស់​អ្នក​រាល់​គ្នា​ក៏​នៅ​ក្រោម​អំណាច​របស់​វា​ដែរ›។ តើ​ពួក​ផារីស៊ី​អាច​ប្រកែក​បាន​ឬ​ទេ? ពួក​គេ​នឹង​មិន​ព្រម​សារភាព​ថា ពួក​សិស្ស​របស់​ពួក​គេ​បាន​ប្រព្រឹត្ត​អ្វី​ដែល​បង្ហាញ​ថា​នៅ​ក្រោម​អំណាច​របស់​សាតាំង​ឡើយ។ ដោយ​ប្រើ​ការ​វែក​ញែក​ដ៏​សម​ហេតុ​ផល នោះ​ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​ការ​ចោទ​ប្រកាន់​ទ្រង់ ទៅ​ជា​អ្វី​ដែល​មិន​សម​ទំនង​ទៅ​វិញ។

១៩, ២០. (​ក​) តើ​តាម​វិធី​ដ៏​វិជ្ជមាន​ណា​ដែល​ព្រះ​យេស៊ូ​ប្រើ​ការ​វែក​ញែក? (​ខ​) តើ​ព្រះ​យេស៊ូ​ប្រើ​ឃ្លា​ដែល​ថា​«​អម្បាលម៉ាន​ទៅ​ទៀត​»​ ពេល​តប​ឆ្លើយ​នឹង​សំនើរ​របស់​ពួក​សិស្ស​ឲ្យ​ទ្រង់​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​អធិស្ឋាន​នោះ​យ៉ាង​ដូច​ម្ដេច?

១៩ ក្រៅ​ពី​ការ​ប្រើ​ការ​វែក​ញែក​ដើម្បី​ធ្វើ​ឲ្យ​ពួក​អ្នក​ប្រឆាំង​ស្ងាត់​មាត់​ច្រៀប​នោះ ព្រះ​យេស៊ូ​ក៏​បាន​ប្រើ​អំណះអំណាង​ដែល​នាំ​ឲ្យ​ជឿ ដើម្បី​បង្រៀន​នូវ​សេចក្ដី​ពិត​ដែល​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា។ ជា​ច្រើន​ដង ទ្រង់​បាន​ប្រើ​ឃ្លា​ដែល​ថា​«​អម្បាលម៉ាន​ទៅ​ទៀត​»​ ដើម្បី​ជួយ​អ្នក​ស្ដាប់​របស់​ទ្រង់​ឲ្យ​មាន​ការ​រីក​ចំរើន​ខាង​សេចក្ដី​ពិត ដើម្បី​ឲ្យ​មាន​ជំនឿ​កាន់​តែ​ស៊ប់​ទៀត។ សូម​ឲ្យ​យើង​ពិចារណា​មើល​នូវ​ឧទាហរណ៍​ពីរ​យ៉ាង។

២០ ពេល​តប​ឆ្លើយ​នឹង​សេចក្ដី​ស្នើ​សុំ​របស់​ពួក​សិស្ស​ឲ្យ​បង្រៀន​ពួក​គេ​នូវ​វិធី​អធិស្ឋាន នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​នូវ​រឿង​ប្រៀប​ប្រដូច​មួយ​អំពី​បុរស​ម្នាក់​ដែល​ដោយ​សារ​ការ​«​ទទូច​អង្វរ​»​ខ្លាំង​ពេក បាន​ជំរុញ​ឲ្យ​មិត្ត​ដែល​ទើស​ទាល់​ធ្វើ​តាម​សំនើរ​របស់​គាត់។ ព្រះ​យេស៊ូ​ក៏​បាន​ពណ៌នា​អំពី​ឪពុក​ម្ដាយ​សុខ​ចិត្ត​«​ឲ្យ​របស់​ល្អ​»​ទៅ​កូន​ៗ​របស់​ពួក​គេ។ រួច​មក ទ្រង់​បាន​សន្និដ្ឋាន​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះ​វរបិតា ដែល​គង់​ស្ថាន​សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត!​»។ (​លូកា ១១:១​-​១៣​) ចំណុច​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​មាន​មូលដ្ឋាន​លើ​ភាព​ខុស​ផ្ទុយ​គ្នា​ស្រឡះ មិន​មាន​លើ​ភាព​ដូច​គ្នា​នោះ​ទេ។ បើ​មិត្ត​ដែល​ទើស​ទាល់​ម្នាក់​ក្រោយ​មក​សុខ​ចិត្ត​ធ្វើ​តាម​សំនើរ​របស់​អ្នក​ជិត​ខាង​ខ្លួន ហើយ​បើ​មាតា​បិតា​ឥត​គ្រប់​ល័ក្ខណ៍​ចេះ​មើល​ថែ​រក្សា​សេចក្ដី​ត្រូវ​ការ​របស់​កូន​ៗ​ខ្លួន តើ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ នឹង​ប្រទាន​វិញ្ញាណ​បរិសុទ្ធ​ដល់​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់ ដែល​បាន​ទូល​យ៉ាង​រាប​ទាប​ថ្វាយ​ទ្រង់​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត!។

២១, ២២. (​ក​) តើ​ព្រះ​យេស៊ូ​ប្រើ​ការ​វែក​ញែក​យ៉ាង​ណា ពេល​ប្រទាន​ឱវាទ​សំរាប់​ការ​បន្ធូរ​អារម្មណ៍​ខ្វល់​ខ្វាយ​អំពី​វត្ថុ​ទ្រព្យ? (​ខ​) ក្រោយ​ពី​ពិនិត្យ​នូវ​វិធី​បង្រៀន​របស់​ព្រះ​យេស៊ូ យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា?

២១ ព្រះ​យេស៊ូ​ក៏​បាន​ប្រើ​ការ​វែក​ញែក​ស្រដៀង​នេះ​ដែរ ពេល​ប្រទាន​នូវ​ឱវាទ​ដើម្បី​បន្ធូរ​អារម្មណ៍​ខ្វល់​ខ្វាយ​អំពី​វត្ថុ​ទ្រព្យ។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាប​ព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង​គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ​ទ្រង់​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​ដំឡៃ​លើស​ជាង​សត្វ​ស្លាប​អម្បាលម៉ាន​ទៅ​ទៀត? ចូរ​ពិចារណា​ពី​ផ្កា​ឈូក​ដែរ ដែល​វា​ដុះ តើ​មាន​សភាព​ដូច​ម្ដេច? វា​មិន​ដែល​នឿយ​ធ្វើ​ការ​ងារ . . . ឯ​តិណជាតិ​ដែល​ដុះ​ឡើង​ដូច្នេះ ហើយ​ថ្ងៃ​នេះ​មាន តែ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ជើង​ក្រាន នោះ​បើ​ព្រះ​ទ្រង់​តុប​តែង​វា​យ៉ាង​ដូច្នោះ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ! តើ​ទ្រង់​នឹង​បំពាក់​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត!​»។ (​លូកា ១២:២៤, ២៧, ២៨​) មែន​ហើយ បើ​ព្រះ​យេហូវ៉ា​មើល​ថែ​រក្សា​បក្សា​បក្សី​និង​បុប្ផា តើ​ទ្រង់​នឹង​មើល​ថែ​រក្សា​អ្នក​បំរើ​របស់​ទ្រង់​លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត! ការ​វែក​ញែក​ដ៏​ល្អ​តែ​មាន​អានុភាព​នេះ ច្បាស់​ជា​បាន​ជ្រួត​ជ្រាប​ទៅ​ក្នុង​ចិត្ត​របស់​អ្នក​ស្ដាប់​ទ្រង់​ហើយ។

២២ ក្រោយ​ពី​ពិនិត្យ​នូវ​វិធី​បង្រៀន​របស់​ព្រះ​យេស៊ូ យើង​អាច​សន្និដ្ឋាន​យ៉ាង​ងាយ​ស្រួល​ថា ពួក​ទាហាន​ដែល​មិន​បាន​ចាប់​ព្រះ​យេស៊ូ មិន​បាន​និយាយ​បំផ្លើស​ទេ ពេល​ពួក​គេ​បាន​ពោល​ថា​៖ ​«​មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ!​»។ ប៉ុន្តែ វិធី​បង្រៀន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេស៊ូ​មាន​កិត្ដិនាម​ល្បី​ល្បាញ​ឈ្មោះ​ជាង​គេ គឺ​របៀប​ដែល​ទ្រង់​ប្រើ​រឿង​ប្រៀប​ប្រដូច ឬ​ក៏​ឧទាហរណ៍និទស្សន៍។ ហេតុ​អ្វី​បាន​ជា​ទ្រង់​ប្រើ​វិធី​បង្រៀន​នេះ? ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់​មាន​ប្រសិទ្ធភាព​ម្ល៉េះ? សំនួរ​ទាំង​នេះ​នឹង​ត្រូវ​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[​កំណត់​សម្គាល់​]

a ពួក​អាជ្ញា​ទាំង​នេះ​ប្រហែល​ជា​ភ្នាក់ងារ​របស់​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ដែល​នៅ​ក្រោម​អំណាច​របស់​ពួក​សង្គ្រាជ។

b សូម​មើល​អត្ថបទ​«​ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​អោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​»​តាម និង​អត្ថបទ​«​មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ!​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ខែ​វិច្ឆិកា ឆ្នាំ​២០០២

c ពាក្យ​ចុង​ក្រោយ​នេះ ដែល​មាន​នៅ​ក្នុង​កិច្ច​ការ ២០:៣៥ គឺ​មាន​តែ​សាវ័ក​ប៉ុល​ទេ​ដែល​បាន​ដក​ស្រង់​ពាក្យ​នេះ ទោះ​ជា​គោល​ការណ៍​នេះ​គឺ​មាន​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ក៏​ដោយ។ ប៉ុល​ប្រហែល​ជា​ឮ​ពាក្យ​នោះ​ត​ៗ​គ្នា (​គឺ​ពី​សិស្ស​ម្នាក់​ដែល​បាន​ឮ​ព្រះ​យេស៊ូ​មាន​បន្ទូល ឬ​ពី​ព្រះ​យេស៊ូ​ផ្ទាល់​ក្រោយ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​) ឬ​ដោយ​ការ​សម្ដែង​ពី​ព្រះ។—កិច្ច​ការ ២២:៦​-​១៥; កូរិនថូស​ទី​១ ១៥:៦,

d ពួក​យូដា​ត្រូវ​បង់​ពន្ធ​ព្រះ​វិហារ​រៀង​រាល់​ឆ្នាំ ដែល​មាន​តម្លៃ​ប្រាក់​ដ្រាកម៉ា​ពីរ​កាក់ (​ប្រហែល​ជា​ប្រាក់​ឈ្នួល​ពីរ​ថ្ងៃ​)។ លុយ​ពន្ធ​បាន​ប្រើ​ដើម្បី​ថែ​ទាំ​ព្រះ​វិហារ សំរាប់​កិច្ច​បំរើ​នៅ​ទី​នោះ និង​សំរាប់​យញ្ញ​បូជា​ដែល​ត្រូវ​ថ្វាយ​រាល់​ថ្ងៃ​សំរាប់​ជា​ប្រយោជន៍​ដល់​សាសន៍​អ៊ីស្រាអែល។

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

• តើ​អ្វី​ខ្លះ​ជា​ឧទាហរណ៍​ដែល​បង្ហាញ​ថា ព្រះ​យេស៊ូ​បាន​បង្រៀន​ដោយ​ប្រើ​ពាក្យ​ស្រួល​យល់ និង​យ៉ាង​ច្បាស់​លាស់?

• ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ប្រើ​សំនួរ​ពេល​បង្រៀន​នោះ?

• តើ​ការ​ប្រៀប​ធៀប​ដែល​ផ្ទុយ​ពី​ទិដ្ឋភាព​ជាក់​ស្តែង​ជា​អ្វី? ហើយ​តើ​ព្រះ​យេស៊ូ​បាន​ប្រើ​វិធី​បង្រៀន​នេះ​យ៉ាង​ដូច​ម្ដេច?

• តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ប្រើ​ការ​វែក​ញែក​សម​ហេតុ​ផល ដើម្បី​បង្រៀន​ពួក​សិស្ស​ទ្រង់​នូវ​សេចក្ដី​ពិត​ដែល​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​៩​]

ព្រះ​យេស៊ូ​បាន​ប្រើ​ពាក្យ​ស្រួល​យល់ ដែល​មនុស្ស​សាមញ្ញ​ស្ដាប់​យល់​បាន