លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបណ្ដុះឲ្យមានចិត្ដចេះស្ដាប់បង្គាប់ ពេលទីបញ្ចប់កាន់តែជិតមកដល់

ចូរបណ្ដុះឲ្យមានចិត្ដចេះស្ដាប់បង្គាប់ ពេលទីបញ្ចប់កាន់តែជិតមកដល់

ចូរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ចេះ​ស្ដាប់​បង្គាប់ ពេល​ទីបញ្ចប់​កាន់​តែ​ជិត​មក​ដល់

​«បណ្ដាជន​ទាំង​ឡាយ​នឹង​ស្ដាប់​បង្គាប់[ស៊ី​ឡូ]»។—លោកុប្បត្តិ ៤៩:១០, «ព.ថ.»

១​. (ក) នៅ​អតីតកាល តើ​ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ច្រើន​តែ​តម្រូវ​ឲ្យ​ធ្វើ​អ្វី? (ខ) តើ​យ៉ាកុប​ពោល​នូវ​ពាក្យ​ទំនាយ​ណា ស្តី​អំពី​ការ​ស្ដាប់​បង្គាប់?

ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា តម្រូវ​ឲ្យ​យើង​ស្ដាប់​បង្គាប់​ពួក​អ្នក​តំណាង​របស់​ទ្រង់​ជានិច្ច។ ពួក​អ្នក​តំណាង​នេះ​រួម​ទាំង​ពួក​ទេវតា ពួក​ឰយុកោ ពួក​ចៅក្រម ពួក​សង្ឃ ព្រម​ទាំង​ព្យាការី​ព្យាការិនី និង​ស្តេច​ផង​ដែរ។ សូម្បីតែ​បល្ល័ង្ក​របស់​ពួក​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល​នោះ ក៏ធ្លាប់​បាន​ហៅ​ជា​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​ដែរ។ (របាក្សត្រទី១ ២៩:២៣) តែ​គួរ​ឲ្យ​សោក​ស្ដាយ​មែន ដែល​អ្នក​គ្រប់គ្រង​ភាគ​ច្រើន​នៅ​ស្រុក​អ៊ីស្រាអែល​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ ហើយ​បាន​នាំ​ឲ្យ​ខ្លួន​និង​ប្រជា​រាស្ត្រ​រង​ទុក្ខ​ទោស។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​លះបង់​ចោល​ពួក​អ្នក​មាន​ចិត្ត​ស្មោះ​ភក្ដី ឲ្យ​ពួក​គេ​លែង​មាន​សេចក្ដី​សង្ឃឹម​នោះ​ទេ។ ព្រះ​យេហូវ៉ា​បាន​ជួយ​សំរាល​ទុក្ខ​របស់​ពួក​គេ​ដោយ​សន្យា​ថា ទ្រង់​នឹង​តែងតាំង​ស្តេច​មួយ​អង្គ​ដែល​មិន​ចេះ​ពុក​រលួយ​ឡើយ ជា​ស្តេច​ដែល​មនុស្ស​សុចរិត​នឹង​ពេញ​ចិត្ត​ស្ដាប់​បង្គាប់។ (អេសាយ ៩:៦, ៧) ពេល​យ៉ាកុប​ដែល​ជា​ឰយុកោ​ម្នាក់​ជិត​ទទួល​មរណភាព​ទៅ​នោះ គាត់​បាន​ទាយ​អំពី​បុគ្គល​នេះ​ដែល​ត្រូវ​គ្រប់គ្រង​នៅ​ពេល​អនាគត​ថា​៖ «ដំបង​រាជ្យ​នឹង​មិន​ឃ្លាត​ចេញ​ពី​យូដា​ឡើយ ហើយ​ដំបង​របស់​អ្នក​ចេញ​បញ្ជា​នឹង​មិន​ចេញ​ពី​កណ្ដាល​ព្រះ​ជង្ឃ​ទ្រង់​ដែរ ដរាប​ដល់​ស៊ី​ឡូ​មក​ដល់ ហើយ​បណ្ដាជន​ទាំង​ឡាយ​នឹង​ស្ដាប់​បង្គាប់​ទ្រង់»។—លោកុប្បត្តិ ៤៩:១០, ព.ថ.

២​. តើ​ពាក្យ​«ស៊ី​ឡូ»​មាន​ន័យ​អ្វី? ហើយ​តើ​ទ្រង់​នឹង​សោយ​រាជ្យ​ទៅ​លើ​អ្នក​ណា​ខ្លះ?

ពាក្យ​«ស៊ី​ឡូ»​ជា​ពាក្យ​ភាសា​ហេព្រើរ​ដែល​មាន​ន័យ​ថា «ជា​របស់​ផង​គាត់» ឬ​ក៏​«ជា​កម្មសិទ្ធិ​របស់​គាត់»។ នេះ​បាន​សេចក្ដី​ថា ស៊ី​ឡូ​នឹងទទួល​សិទ្ធិ​ពេញលេញ​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់គ្រង ដូច​បាន​តំណាង​ដោយ​ដំបង​រាជ្យ។ ហើយ​ទ្រង់​ក៏​នឹង​មាន​អំណាច​ចេញ​បង្គាប់ ដូច​បាន​តំណាង​ដោយ​ដំបង​របស់​អ្នក​ចេញ​បញ្ជា។ ម្យ៉ាង​ទៀត ស៊ី​ឡូ​នឹង​សោយ​រាជ្យលើ​«បណ្ដាជន​ទាំង​ឡាយ» មិន​គ្រាន់​តែ​គ្រប់គ្រង​លើ​កូន​ចៅ​របស់​យ៉ាកុប​ប៉ុណ្ណោះ​ទេ។ ទំនាយ​នេះ​គឺ​ស្រប​តាម​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដល់​អ័ប្រាហាំ​ថា​៖ «ពូជ​ឯង​នឹង​បាន​គ្រប់គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំង​សត្រូវ។ គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ពូជ​ឯង ពីព្រោះ​ឯង​បាន​ស្ដាប់​តាម​ពាក្យ​អញ»។ (លោកុប្បត្តិ ២២:១៧, ១៨) ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​នៃ​«ពូជ»​នេះ នៅ​ឆ្នាំ​២៩ ស.យ. ពេល​ទ្រង់​ចាក់​វិញ្ញាណ​បរិសុទ្ធ​តែងតាំង​ព្រះ​យេស៊ូ​ដែល​មក​ពី​ភូមិ​ណាសារ៉ែត។—លូកា ៣:២១​-​២៣, ៣៤; កាឡាទី ៣:១៦

ព្រះ​រាជាណាចក្រ​ទី​មួយ​របស់​ព្រះ​យេស៊ូ

៣​. ពេល​ព្រះ​យេស៊ូ​យាង​ឡើង​ទៅ​ស្ថានសួគ៌ តើ​ទ្រង់​ទទួល​អំណាច​គ្រប់គ្រង​អ្វី?

ពេល​ព្រះ​យេស៊ូ​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ​នោះ ទ្រង់​មិន​បាន​ទទួល​ដំបង​រាជ្យ​ភ្លាមៗ ឬ​ចាប់​ផ្ដើម​គ្រប់គ្រង​លើ​មនុស្ស​ជាតិ​ទាំង​ឡាយ​ក្នុង​លោកីយ៍​នេះ​ភ្លាមៗ​ទេ។ (ទំនុកដំកើង ១១០:១) ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​ទទួល​«នគរ»​ឬ‹ព្រះ​រាជាណាចក្រ›មួយ​នៅ​ពេល​នោះ ទាំង​មាន​អនុរាស្ត្រ​ដែល​ស្ដាប់​បង្គាប់​ទ្រង់។ សាវ័ក​ប៉ុល​បាន​សម្គាល់​ព្រះ​រាជាណាចក្រ​នោះ​ពេល​គាត់​សរសេរ​ថា​៖ «[ព្រះ]បាន​ប្រោស ឲ្យ​យើង[ជា​ពួក​គ្រីស្ទាន​ដែល​បាន​ត្រូវ​តែងតាំង​ដោយ​វិញ្ញាណ]រួច​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះ​រាជបុត្រា​ស្ងួនភ្ងា​នៃ​ទ្រង់ »។ (កូល៉ុស ១:១៣, កំណែ​ជា​អក្សរ​ទ្រេត) ការ​ប្រោស​ឲ្យ​រួច​នេះ​បាន​ចាប់​ផ្ដើម​នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ ស.យ. ពេល​ពួក​អ្នក​ស្មោះ​ត្រង់​ដែល​កាន់​តាម​ព្រះ​យេស៊ូ​បាន​ទទួល​វិញ្ញាណ​បរិសុទ្ធ។—កិច្ចការ ២:១​-​៤; ពេត្រុសទី១ ២:៩

៤​. តើ​ពួក​សិស្ស​ដំបូង​របស់​ព្រះ​យេស៊ូ​បាន​ស្ដាប់​បង្គាប់​ទ្រង់​ដោយ​ធ្វើ​អ្វី? ហើយ​តើ​ព្រះ​យេស៊ូ​បាន​សម្គាល់​ក្រុម​នោះ​យ៉ាង​ណា?

ពួក​សិស្ស​ដែល​បាន​ត្រូវ​តែងតាំង​ដោយ​វិញ្ញាណ​នោះ ជា​«ទូត​ដំណាង​ព្រះ​គ្រីស្ទ» ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ប្រមូល​មនុស្ស​ឯ​ទៀត​ដែល​អាច​ធ្វើ​ជា​«ជន​រួម​ជាតិ»​ក្នុង​ព្រះ​រាជាណាចក្រ​ខាង​វិញ្ញាណ​នោះ។ (កូរិនថូសទី២ ៥:២០; អេភេសូរ ២:១៩, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ; កិច្ចការ ១:៨) បន្ថែម​ទៅ​ទៀត មនុស្ស​មួយ​ពួក​នេះ​ត្រូវ​តែ​«រួបរួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​១» ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​ស្តេច​របស់​ពួក​គេ។ (កូរិនថូសទី១ ១:១០) មនុស្ស​មួយ​ក្រុម​នេះ​បាន​រួម​ជា‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ឬ​មួយ​ក៏​«នាយ​ដំរួត​ការ​ដែល​ស្មោះ​ត្រង់»។—ម៉ាថាយ ២៤:៤៥; លូកា ១២:៤២

ពរ​ដែល​មក​ពី​ការ​ស្ដាប់​បង្គាប់​«នាយ​ដំរួត»​របស់​ព្រះ

៥​. ពី​បុរាណ​មក តើ​ព្រះ​យេហូវ៉ា​បង្រៀន​រាស្ត្រ​របស់​ទ្រង់​តាម​វិធី​ណា?

ពីដើម​ដំបូង​ឡើយ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​រាស្ត្រ​របស់​ទ្រង់​មាន​គ្រូ​បង្រៀន។ តួ​យ៉ាង​ដូច​ជា ពេល​ពួក​យូដា​បាន​ចេញ​ពី​ស្រុក​បាប៊ីឡូន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ លោក​អែសរ៉ា​និង​បុរស​ប៉ុន្មាន​នាក់​ទៀត​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់ ពួក​គាត់​មិន​គ្រាន់​តែ​បាន​អាន​ក្រិត្យ​វិន័យ​របស់​ព្រះ​ជូន​ប្រជា​រាស្ត្រ​ស្ដាប់​ប៉ុណ្ណោះ​ទេ តែ​ពួក​គាត់​បាន​ពន្យល់​«យ៉ាង​ច្បាស់ៗ»​នូវ​ក្រិត្យ​វិន័យ​នោះ «ព្រម​ទាំង​បកស្រាយ​អត្ថន័យ . . . អោយ​ប្រជាជន​យល់»​ព្រះ​បន្ទូល​របស់​ព្រះ។—នេហេមី (នេហេមា) ៨:៨, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

៦, ៧​. តើ​ក្រុម​អ្នក​បំរើ​កំពុង​តែ​ប្រទាន​អាហារ​ខាង​វិញ្ញាណ​ត្រូវ​ពេល​តាម​រយៈ​គណៈ​អភិបាល​ដោយ​របៀប​ណា? ហើយ​ហេតុ​ដូច​ម្ដេច​បាន​ជា​គួរ​សម​ឲ្យ​យើង​ចុះ​ចូល​ចំពោះ​ក្រុម​អ្នក​បំរើ​នោះ?

នៅ​សតវត្ស​ទី​មួយ​នា​ឆ្នាំ​៤៩ ស.យ. ពេល​មាន​រឿងរ៉ាវ​អំពី​ការ​កាត់​ស្បែក​នោះ គណៈ​អភិបាល​នៃ​ក្រុម​អ្នក​បំរើ​ដំបូង​បាន​អធិស្ឋាន​មុន​នឹង​ពិគ្រោះ​នូវ​រឿង​នោះ ហើយ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មាន​មូលដ្ឋាន​សម​ស្រប​ទៅ​តាម​បទ​គម្ពីរ។ ពេល​គណៈ​អភិបាល​នៃ​ក្រុម​អ្នក​បំរើ​ដំបូង​បាន​ប្រកាស​តាម​សំបុត្រ​នូវ​សេចក្ដី​សម្រេច​ចិត្ត​របស់​គេ​នោះ ក្រុមជំនុំ​និមួយៗ​បាន​ស្ដាប់​តាម​ការ​ណែនាំ​នោះ ហើយ​បាន​ទទួល​ពរ​ជា​បរិបូរ​ពី​ព្រះ។ (កិច្ចការ ១៥:៦​-​១៥, ២២​-​២៩; ១៦:៤, ៥) ដូច​គ្នា​នៅ​សម័យ​យើង​នេះ​ដែរ អ្នក​បំរើ​ស្មោះ​ត្រង់​បាន​ពន្យល់​យ៉ាង​ច្បាស់​លាស់​តាម​រយៈ​គណៈ​អភិបាល អំពី​រឿង​សំខាន់ៗ​ដូច​ជា អព្យាក្រឹតភាព​របស់​យើង​ជា​ពួក​គ្រីស្ទាន ហើយ​អំពី​ភាព​ពិសិដ្ឋ​នៃ​ឈាម និង​ការ​មិន​ប្រើ​គ្រឿង​ញៀន​ឬ​ប្រើ​ឱសថ​ខុស​របៀប​និង​ថ្នាំ​ជក់។ (អេសាយ ២:៤; កិច្ចការ ២១:២៥; កូរិនថូសទី២ ៧:១) ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​មក​លើ​រាស្ត្រ​ទ្រង់​ដោយ​ព្រោះ​ពួក​គេ​ស្ដាប់​បង្គាប់​ព្រះ​ដែល​បាន​ចែង​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​ក៏​ស្ដាប់​បង្គាប់​អ្នក​បំរើ​ស្មោះ​ត្រង់​ដែរ។

បើ​ប្រជា​រាស្ត្រ​របស់​ព្រះ​ចុះ​ចូល​ចំពោះ​ក្រុម​អ្នក​បំរើ​នោះ ពួក​គេ​ក៏​បង្ហាញ​នូវ​ចិត្ត​ចុះ​ចូល​ចំពោះ​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​ម្ចាស់​របស់​ពួក​គេ​ដែរ។ ការ​ចុះ​ចូល​បែប​នេះ​គឺ​កាន់​តែ​មាន​ន័យ​ថែម​ទៀត​នា​បច្ចុប្បន្ន​កាល​នេះ ពីព្រោះ​ព្រះ​យេស៊ូ​បាន​ទទួល​អំណាច​កាន់​តែ​ច្រើន​ទៀត ដូច​បាន​ទាយ​ដោយ​លោក​យ៉ាកុប​ពេល​គាត់​ហៀប​ទទួល​មរណភាព​នោះ។

ស៊ី​ឡូ​ក្លាយ​ជា​អ្នក​មាន​សិទ្ធិ​គ្រប់គ្រង​ទៅ​លើ​ផែនដី

៨​. តើ​អំណាច​គ្រប់គ្រង​របស់​ព្រះ​គ្រីស្ទ​បាន​ពង្រីក​ឡើង​នៅ​ពេល​ណា ហើយ​តាម​របៀប​ណា?

ទំនាយ​របស់​យ៉ាកុប​បាន​បញ្ជាក់​ថា ស៊ី​ឡូ​នឹង​តម្រូវ​ឲ្យ​‹បណ្ដាជន​ទាំង​ឡាយ​ស្ដាប់​បង្គាប់​ទ្រង់›។ យ៉ាង​ច្បាស់​ណាស់ ព្រះ​គ្រីស្ទ​នឹង​មិន​គ្រប់គ្រង​លើ​សាសន៍​អ៊ីស្រាអែល​ខាង​វិញ្ញាណ​តែ​ប៉ុណ្ណោះ​ទេ។ តើ​ទ្រង់​នឹង​គ្រប់គ្រង​លើ​អ្នក​ណា​ទៀត? វិវរណៈ ១១:១៥ ឆ្លើយ​ថា​៖ «រាជ្យ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ថ្វាយ​ទៅ​ព្រះ​អម្ចាស់​នៃ​យើង និង ថ្វាយ​ព្រះ​គ្រីស្ត​របស់​ព្រះ​អង្គ ហើយ​ទ្រង់​នឹង​គ្រង​រាជ្យ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។ (ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ, កំណែ​ជា​អក្សរ​ទ្រេត) ព្រះ​គម្ពីរ​បង្ហាញ​ថា ព្រះ​យេស៊ូ​ត្រូវ​ទទួល​អំណាច​នោះ​នៅ​ចុង​«៧​ខួប»​ដែល​បាន​ទាយ​ទុក​ជា​មុន ជា​«គ្រា​របស់​សាសន៍​ដទៃ» នៅ​ឆ្នាំ​១៩១៤។ * (ដានីយ៉ែល ៤:១៦, ១៧; លូកា ២១:២៤) នៅ​ឆ្នាំ​នោះ​ព្រះ​គ្រីស្ទ​បាន​ចាប់​ផ្ដើម​មាន​«វត្តមាន»​ដ៏​មើល​មិន​ឃើញ​របស់​ទ្រង់​ជា​ព្រះមេស្ស៊ីដែល​ជា​ស្តេច ហើយ​គ្រា​«គ្រប់គ្រង​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ»​របស់​ទ្រង់​បាន​ចាប់​ផ្ដើម​នៅ​ពេល​នោះ​ដែរ។—ម៉ាថាយ ២៤:៣, ព.ថ.; ទំនុកដំកើង ១១០:២

៩​. តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​អ្វី​ពេល​ទ្រង់​ទទួល​អំណាច​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់? ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី​ចំពោះ​មនុស្ស​ជាតិ ជា​ពិសេស​ចំពោះ​សិស្ស​របស់​ទ្រង់?

កិច្ចការ​ដំបូង​បង្អស់​របស់​ព្រះ​យេស៊ូ​ក្រោយ​ពី​បាន​ទទួល​អំណាច​ជា​ស្តេច​នោះ គឺ​ទ្រង់​បាន​បោះ​ទំលាក់​សាតាំង​ជា​មេ​នៃ​អ្នក​មិន​ស្ដាប់​បង្គាប់ ហើយ​ក៏​បាន​បោះ​ពួក​បិសាច​របស់​វា​«ទំលាក់​ទៅ​ផែនដី​វិញ»​ដែរ។ តាំង​ពី​ពេល​នោះ​មក ពួក​វិញ្ញាណ​អាក្រក់​ទាំង​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​លោក​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក ព្រម​ទាំង​បង្ក​ឲ្យ​មាន​បរិយាកាស​ដែល​ធ្វើ​ឲ្យ​ពិបាក​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ (វិវរណៈ ១២:៧​-​១២; ធីម៉ូថេទី២ ៣:១​-​៥) តាម​ពិត គោល​ដៅ​ចំ​បង​របស់​សាតាំង​ក្នុង​ចំបាំង​ខាង​វិញ្ញាណ​នេះ គឺ​វា​ចង់​ធ្វើ​ទុក្ខ​ដល់​ពួក​អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា «ជា​ពួក​អ្នក​ដែល​កាន់​តាម​បញ្ញត្ត​ព្រះ ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ​យេស៊ូវ» ហើយ​វា​ចង់​ធ្វើ​បាប​ដល់​ពួក​គូកន​របស់​គេ​ដែរ គឺ​ពួក​«ចៀម​ឯ​ទៀត»។—វិវរណៈ ១២:១៧; យ៉ូហាន ១០:១៦

១០​. តើ​ការ​សម្រេច​នៃ​ទំនាយ​អ្វី​ខ្លះ ដែល​ធានា​ថា​សាតាំង​នឹង​ទទួល​បរាជ័យ​ក្នុង​ចំបាំង​របស់​វា​ប្រឆាំង​នឹង​ពួក​គ្រីស្ទាន​ពិត?

១០ យ៉ាង​ណា​ក្ដី សាតាំង​មុខ​ជា​នឹង​ទទួល​បរាជ័យ​ពុំ​ខាន ពីព្រោះ​នេះ​ជា​«ថ្ងៃ​នៃ​ព្រះ​អម្ចាស់» ហើយ​គ្មាន​អ្វី​សោះ​ឡើយ​អាច​រារាំង​នូវ​«ជ័យជំនះ»​របស់​ទ្រង់​បាន​ទេ។ (វិវរណៈ ១:១០; ៦:២) ជាក់​ស្តែង​គឺ ព្រះ​យេស៊ូ​នឹង​បោះត្រា កំណត់​ចំនួន​១៤៤.០០០​នាក់​នៃ​សាសន៍​អ៊ីស្រាអែល​ខាង​វិញ្ញាណ។ ព្រះ​យេស៊ូ​ក៏​នឹង​ការពារ​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា»។ (វិវរណៈ ៧:១​-​៤, ៩, ១៤​-​១៦) មនុស្ស​ស្ដាប់​បង្គាប់​មួយ​ហ្វូង​នេះ​នឹង​ក្លាយ​ជា​អនុរាស្ត្រ​របស់​ព្រះ​យេស៊ូ តែ​ពួក​គេ​នឹង​មាន​ផែនដី​ជា​លំនៅ មិន​ដូច​ពួក​អ្នក​ចាក់​ប្រេង​តាំង ដែល​ជា​គូកន​របស់​គេ​នោះ​ទេ។ (ដានីយ៉ែល ៧:១៣, ១៤) ដោយសារ​មនុស្ស​មួយ​ហ្វូង​នេះ​មាន​វត្តមាន​ក្នុង​លោកីយ៍​យើង​រួច​ហើយ នេះ​ជា​ទី​សំអាង​ពិត​ដែល​បញ្ជាក់​ថា ស៊ី​ឡូ​ពិត​ជា​អ្នក​គ្រប់គ្រង​លើ​«រាជ្យ​ក្នុង​លោក​នេះ»​មែន។—វិវរណៈ ១១:១៥, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

នេះ​ហើយ​ជា​គ្រា​គួរ​«ស្ដាប់​តាម​ដំណឹង​ល្អ»

១១, ១២​. (ក) តើ​មាន​តែ​ពួក​អ្នក​ណា​ខ្លះ ដែល​អាច​រួច​រស់​ជីវិត​ពី​របប​លោកីយ៍​នា​បច្ចុប្បន្ន​នេះ? (ខ) តើ​ពួក​អ្នក​ដែល​ស្រូប​យក​នូវ​ឥទ្ធិពល​ពី​«វិញ្ញាណ​របស់​លោកីយ»​នេះ ពួក​គេ​មាន​លក្ខណៈ​បែប​ណា​ខ្លះ?

១១ អស់​អ្នក​ណា​ដែល​ចង់​ទទួល​ជីវិត​ជា​រៀង​រហូត​ត្រូវ​តែ​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់ ដ្បិត​ព្រះ​គម្ពីរ​ចែង​យ៉ាង​ច្បាស់​លាស់​ថា «ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​នឹង​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​នៃ​យើង» នឹង​មិន​អាច​រួច​រស់​ជីវិត​ពី​ថ្ងៃ​សងសឹក​របស់​ព្រះ​បាន​ឡើយ។ (ថែស្សាឡូនីចទី២ ១:៨) ក៏​ប៉ុន្តែ បរិយាកាស​ដ៏​ខូច​អាក្រក់​នា​បច្ចុប្បន្ន​នេះ ព្រម​ទាំង​ចិត្ត​គំនិត​របស់​លោកីយ៍​ដែល​ចង់​តែ​បះបោរ​ប្រឆាំង​នឹង​គោលការណ៍​និង​ក្រិត្យ​ក្រម​ក្នុង​ព្រះ​គម្ពីរ ច្បាស់​ជា​ធ្វើ​ឲ្យ​ពិបាក​ជា​ខ្លាំង​ដល់​យើង​ដែល​ជា​អ្នក​ស្ដាប់​បង្គាប់​តាម​ដំណឹង​ល្អ។

១២ ព្រះ​គម្ពីរ​រៀប​រាប់​អំពី​ចិត្ត​គំនិត​បែប​នេះ​ដែល​ចង់​តែ​បះបោរ​នឹង​ព្រះ ជា​«វិញ្ញាណ​របស់​លោកីយ»។ (កូរិនថូសទី១ ២:១២) សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​ពួក​គ្រីស្ទាន​សតវត្ស​ទី​មួយ​នៅ​ទី​ក្រុង​អេភេសូរ ដោយ​ចង់​ពន្យល់​អំពី​អានុភាព​ដែល​ចិត្ត​គំនិត​របស់​លោកីយ៍​នេះ​អាច​មាន​មក​លើ​មនុស្ស​ជាតិ គាត់​សរសេរ​ថា​៖ «អ្នក​រាល់​គ្នា[ធ្លាប់]ប្រព្រឹត្ត តាម​របៀប​លោកីយ​នេះ គឺ​តាម​មេ​គ្រប់គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណ ដែល​សព្វ​ថ្ងៃ​នេះ បណ្ដាល​មក​ក្នុង​ពួក​មនុស្ស​រឹង​ចចេស[«មិន​ចេះ​ស្ដាប់​បង្គាប់»​, ព.ថ.]។ យើង​រាល់​គ្នា​ទាំង​អស់​ក៏​បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​ពីដើម​ដែរ ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​យើង ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​សាច់​ឈាម នឹង​គំនិត​យើង​ចង់​បាន​ផង ហើយ​តាម​កំណើត​យើង នោះ​យើង​ជា​មនុស្ស​ជាប់​ក្នុង​សេចក្ដី​ខ្ញាល់ ដូច​ជា​មនុស្ស​ឯ​ទៀត​ដែរ»។—អេភេសូរ ២:២, ៣

១៣​. តើ​ពួក​គ្រីស្ទាន​អាច​ធ្វើ​យ៉ាង​ណា ដើម្បី​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទប់ទល់​នឹង​ចិត្ត​គំនិត​របស់​លោកីយ៍​នេះ? ហើយ​តើ​មាន​លទ្ធផល​ដ៏​ល្អ​អ្វី​ខ្លះ?

១៣ គួរ​ឲ្យ​សប្បាយ​មែន ដែល​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​អេភេសូរ​មិន​មាន​ចិត្ត​គំនិត​មិន​ចេះ​ស្ដាប់​បង្គាប់​រហូត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ក្លាយ​ជា​កូន​ព្រះ​ដែល​ចេះ​ស្ដាប់​បង្គាប់ ដោយ​ចុះ​ចូល​ចំពោះ​វិញ្ញាណ​របស់​ព្រះ ទាំង​ទទួល​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​ជា​បរិបូរ។ (កាឡាទី ៥:២២, ២៣) សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ វិញ្ញាណ​របស់​ព្រះ​ជា​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​សកលលោក​យើង​នេះ កំពុង​តែ​ជួយ​មនុស្ស​រាប់​សិប​លាន​នាក់​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល​នោះ ពួក​គេ​អាច​មាន​«ជំនឿ​ដ៏​ពេញលេញ​របស់​សេចក្ដី​សង្ឃឹម ដរាប​ដល់​ចុង​បំផុត»។—ហេព្រើរ ៦:១១; សាការី ៤:៦

១៤​. តើ​ព្រះ​យេស៊ូ​ប្រើ​វិធី​ណា ដើម្បី​ដាស់​តឿន​ពួក​គ្រីស្ទាន​ទាំង​ឡាយ​ឲ្យ​ដឹង​អំពី​អ្វីៗ​ដែល​នឹង​គាប​សង្កត់​លើ​ការ​ស្ដាប់​បង្គាប់​របស់​គេ?

១៤ សូម​ចង​ចាំ​មិន​ភ្លេច​ថា ស៊ី​ឡូ​មាន​អំណាច​ខ្លាំង​ក្លា​មែន ហើយ​ទ្រង់​កំពុង​តែ​គាំទ្រ​យើង​ដែរ។ ទោះ​ជា​ពួក​បិសាច​ឬ​មនុស្ស​ជាតិ​មក​បង្ខិត​បង្ខំ​ឲ្យ​យើង​មិន​ស្ដាប់​បង្គាប់​ព្រះ​ក្ដី ស៊ី​ឡូ​និង​ព្រះ​វរបិតា​ទ្រង់​នឹង​មិន​អនុញ្ញាត​ឲ្យ​បច្ចាមិត្ត​ណា​ល្បួង​យើង​ហួស​ពី​កម្លាំង​របស់​យើង​ឡើយ។ (កូរិនថូសទី១ ១០:១៣) តាម​ពិត ព្រះ​យេស៊ូ​ជួយ​យើង​ក្នុង​ចំបាំង​ខាង​វិញ្ញាណ​នេះ ដោយ​ទ្រង់​បាន​ពណ៌នា​អំពី​បញ្ហា​ជាក់លាក់​ខ្លះ​ដែល​យើង​នឹង​ជួប​ប្រទះ​នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ។ ព្រះ​យេស៊ូ​បាន​ធ្វើ​ដូច្នេះ​ដោយសារ​សំបុត្រ​ប្រាំ​ពីរ​ច្បាប់ ដែល​ទ្រង់​បាន​ជូន​ដល់​សាវ័ក​យ៉ូហាន​តាម​ចក្ខុនិមិត្ត។ (វិវរណៈ ១:១០, ១១) សំបុត្រ​ទាំង​នោះ​មាន​ឱវាទ​ដ៏​ល្អ​សំរាប់​ពួក​គ្រីស្ទាន​នៅ​ជំនាន់​នោះ ប៉ុន្តែ​ការ​សម្រេច​ជា​ចំ​បង​នោះ​គឺ​សំដៅ​ទៅ​លើ​«ថ្ងៃ​នៃ​ព្រះ​អម្ចាស់» តាំង​ពី​ឆ្នាំ​១៩១៤​មក។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​គួរ​គប្បី​យក​ចិត្ត​ទុក​ដាក់​នឹង​សារ​ទាំង​នេះ! *

កុំ​មាន​ចិត្ត​កន្តើយ ហើយ​ជៀសវាង​អំពើ​អសីលធម៌ និង​វត្ថុ​និយម

១៥​. ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ប្រយ័ត្ន​នឹង​បញ្ហា​ដែល​ក្រុមជំនុំ​នៅ​ទី​ក្រុង​អេភេសូរ​ជួប​ប្រទះ​នោះ? ហើយ​តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ណា​បាន? (ពេត្រុសទី២ ១:៥​-​៨)

១៥ ព្រះ​យេស៊ូ​បាន​ជូន​សំបុត្រ​ទី​មួយ​ចំពោះ​ក្រុមជំនុំ​នៅ​ទី​ក្រុង​អេភេសូរ។ ព្រះ​យេស៊ូ​បាន​សរសើរ​ក្រុមជំនុំ​នោះ​ជា​មុន​សិន ដោយសារ​ពួក​គេ​បាន​ស៊ូទ្រាំ​យ៉ាង​អត់ធ្មត់។ ក្រោយ​មក​ទៀត​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «តែ​អញ​ប្រកាន់​សេចក្ដី​នេះ​នឹង​ឯង គឺ​ថា ឯង​បាន​បោះបង់​ចោល​សេចក្ដី​ស្រឡាញ់​ដើម​ចេញ»។ (វិវរណៈ ២:១​-​៤) សព្វ​ថ្ងៃ​នេះ​បងប្អូន​គ្រីស្ទាន​ខ្លះ​ដែល​មាន​ចិត្ត​ខ្នះខ្នែង​ពី​មុន ក្រោយៗ​មក​ក៏​បាត់បង់​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​ដែល​គេ​ធ្លាប់​មាន​ចំពោះ​ព្រះ។ ការ​ណាយ​ចិត្ត​បែប​នេះ​អាច​ធ្វើ​ឲ្យ​ចំណង​មេត្រីភាព​របស់​គេ​ជា​មួយ​ព្រះ​លែង​រឹង​មាំ ហើយ​ពួក​គេ​ត្រូវ​តែ​កែ​ប្រែ​នូវ​ចិត្ត​គំនិត​បែប​នោះ​ឲ្យ​បាន​ឆាប់​រហ័ស។ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​បាន​សេចក្ដី​ស្រឡាញ់​ដូច​ដើម​វិញ? គឺ​ដោយ​ការ​សិក្សា​ព្រះ​គម្ពីរ ការ​ចូល​កិច្ច​ប្រជុំ ការ​អធិស្ឋាន និង​ការ​រំពឹង​គិត​យ៉ាង​ទៀងទាត់។ (យ៉ូហានទី១ ៥:៣) ទង្វើ​បែប​នេះ​ច្បាស់​ជា​តម្រូវ​ឲ្យ​«មាន​សេចក្ដី​ឧស្សាហ៍» ហើយ​នាំ​ឲ្យ​មាន​ប្រយោជន៍​មែន។ (ពេត្រុសទី២ ១:៥​-​៨) កាល​បើ​ពិនិត្យ​មើល​ខ្លួន​យើង​ដោយ​ចិត្ត​ស្មោះ​បង្ហាញ​ថា សេចក្ដី​ស្រឡាញ់​របស់​យើង​បាន​រសាយ​ទៅ។ ចូរ​កែ​ប្រែ​ស្ថានការណ៍​នោះ​ភ្លាមៗ ស្រប​ទៅ​តាម​ការ​ដាស់​តឿន​របស់​ព្រះ​យេស៊ូ​ថា​៖ «ចូរ​នឹក​ចាំ ដែល​ឯង​បាន​ធ្លាក់​ចេញ​ពី​សណ្ឋាន​ណា​នោះ ហើយ​ប្រែ​ចិត្ត​ចុះ! រួច​ប្រព្រឹត្ត​តាម​ការ​ដើម​ដំបូង​នោះ​វិញ»។—វិវរណៈ ២:៥

១៦​. តើ​មាន​ឥទ្ធិពល​ណា​ក្នុង​ក្រុមជំនុំ​នៅ​ទី​ក្រុង​ពើកាម៉ុស​និង​ក្រុង​ធាទេរ៉ា ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ខាង​វិញ្ញាណ? ហើយ​ហេតុ​អ្វី​បាន​ជា​បន្ទូល​របស់​ព្រះ​យេស៊ូ​ចំពោះ​ពួក​គេ នៅ​មាន​សារៈ​ប្រយោជន៍​ចំពោះ​យើង​ដែល​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ?

១៦ ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​ពើកាម៉ុស និង​ក្រុង​ធាទេរ៉ា បាន​ត្រូវ​សរសើរ​ដោយសារ​គេ​មាន​ចិត្ត​ស្មោះ​ភក្ដី ចេះ​ស៊ូទ្រាំ ហើយ​មាន​ចិត្ត​ខ្នះខ្នែង​ផង។ (វិវរណៈ ២:១២, ១៣, ១៨, ១៩) ប៉ុន្តែ ពួក​គេ​បាន​ទទួល​អានុភាព​ពី​បុគ្គល​ខ្លះ​ដែល​បង្ហាញ​ចិត្ត​គំនិត​អាក្រក់​ដូច​លោក​បាឡាម និង​យេសិបិល។ បុគ្គល​ពីរ​រូប​នេះ​ធ្លាប់​ប្រើ​អំពើ​អសីលធម៌​និង​ការ​ថ្វាយ​បង្គំ​ព្រះ​បាល ជា​មធ្យោបាយ​នាំ​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​នោះ​ឲ្យ​វង្វេង​ចេញ។ (ជនគណនា ៣១:១៦; ពង្សាវតារក្សត្រទី១ ១៦:៣០, ៣១; វិវរណៈ ២:១៤, ១៦, ២០​-​២៣) តែ​ចុះ​យ៉ាង​ណា​នា​បច្ចុប្បន្ន​យើង​នេះ ដែល​ជា​«ថ្ងៃ​របស់​ព្រះ​អម្ចាស់»​នោះ? តើ​នៅ​មាន​ឥទ្ធិពល​ដ៏​អាក្រក់​ដូច​គ្នា​សព្វ​ថ្ងៃ​នេះ​ដែរ​ឬ? ពិត​ជា​មាន​មែន ដ្បិត​មូលហេតុ​ចំ​បង​ដែល​រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​នោះ គឺ​ដោយ​ប្រព្រឹត្ត​អំពើ​អសីលធម៌។ ហេតុ​នេះ​ហើយ​បាន​ជា​ចាំបាច់​ឲ្យ​យើង​ជៀសវាង​ការ​សេពគប់​ជា​មួយ​បុគ្គល​ដែល​អាច​ធ្វើ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​អសីលធម៌ មិន​ថា​គេ​ជា​ពួក​អ្នក​នៅ​ក្នុង​ឬ​ក្រៅ​ក្រុមជំនុំ​ក៏​ដោយ! (កូរិនថូសទី១ ៥:៩​-​១១; ១៥:៣៣) អស់​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​អនុរាស្ត្រ​ដែល​ស្ដាប់​បង្គាប់​ស៊ី​ឡូ​នោះ ត្រូវ​ជៀស​ឲ្យ​ផុត​ពី​ការ​កំសាន្ត​ដែល​មិន​ស្រប​តាម​ខ្នាត​តម្រា​សីលធម៌ រួម​ទាំង​រូប​អាសអាភាស​តាម​ទំព័រ​ទស្សនាវដ្ដី ឬ​ក្នុង​កញ្ចក់​កុំព្យូទ័រ​តាម​ប្រព័ន្ធ​អ៊ិនថឺណិ​ត។—អេម៉ុស ៥:១៥; ម៉ាថាយ ៥:២៨, ២៩

១៧​. តើ​ទស្សនៈ​របស់​ពួក​អ្នក​ក្នុង​ក្រុមជំនុំ​នៅ​ក្រុង​សើដេស​និង​ឡៅឌីសេ និង​ទស្សនៈ​របស់​ព្រះ​យេស៊ូ​ចំពោះ​ស្ថានភាព​ខាង​វិញ្ញាណ គឺ​ខុស​គ្នា​យ៉ាង​ណា?

១៧ ក្រុមជំនុំ​នៅ​ទី​ក្រុង​សើដេស​មិន​បាន​ទទួល​ការ​សរសើរ​សោះ​ឡើយ លើក​លែង​តែ​បុគ្គល​ខ្លះៗ។ ក្រុមជំនុំ​នោះ​«មាន​ឈ្មោះ»​ឬ​មើល​ទៅ​ដូច​ជា​រស់​មែន តែ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ក្រុមជំនុំ​នោះ​«ស្លាប់»​ហើយ ពីព្រោះ​ក្នុង​ចំណោម​ពួក​គេ​បាន​មាន​ចិត្ត​ព្រងើយ​កន្តើយ​នឹង​សេចក្ដី​ពិត។ ពួក​គេ​បាន​ស្ដាប់​បង្គាប់​គ្រាន់​តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ នេះ​ជា​ការ​ចោទ​ប្រកាន់​ដ៏​ខ្លាំង​មែន! (វិវរណៈ ៣:១​-​៣) ក្រុមជំនុំ​នៅ​ទី​ក្រុង​ឡៅឌីសេ​មាន​ស្ថានការណ៍​ស្រដៀង​នោះ​ដែរ។ ក្រុមជំនុំ​នោះ​បាន​អួត​អំពី​វត្ថុ​ទ្រព្យ​របស់​គេ​ដោយ​ពោល​ថា​៖ ‹យើង​ជា​អ្នក​មាន› តែ​ព្រះ​គ្រីស្ទ​បាន​ចាត់​ទុក​ពួក​គេ​ជា​ក្រុមជំនុំ​ដែល​មាន​សេចក្ដី​«វេទនា លំបាក ទ័ល​ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​វិញ»។—វិវរណៈ ៣:១៤​-​១៧

១៨​. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ព្រះ​ចាត់​ទុក​យើង​ជា​មនុស្ស​ដែល​មាន​ភាព​ខាង​វិញ្ញាណ​មិន​ក្ដៅ​មិន​ត្រជាក់?

១៨ សព្វ​ថ្ងៃ​នេះ មាន​បងប្អូន​គ្រីស្ទាន​ខ្លះៗ​ដែល​ធ្លាប់​មាន​ចិត្ត​ស្មោះ​ស តែ​ឥឡូវ​បាន​ធ្លាក់​ខ្លួន​ទៅ​ជា​មិន​ចេះ​ស្ដាប់​បង្គាប់​វិញ ដូច​ក្រុមជំនុំ​ពី​បុរាណ​នោះ​ដែរ។ ប្រហែល​គេ​បាន​អនុញ្ញាត​ឲ្យ​ចិត្ត​គំនិត​របស់​លោកីយ៍​នេះ​បន្លប់​គេ​កុំ​ឲ្យ​ដឹង​ខ្លួន​ថា នេះ​ជា​គ្រា​បន្ទាន់​ពិត​ប្រាកដ​មែន។ ដោយ​ធ្វើ​ដូច្នេះ គេ​លែង​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ ការ​អធិស្ឋាន និង​ការ​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​បំរើ​ផ្សាយ ហាក់​ដូច​ជា​ភាព​ខាង​វិញ្ញាណ​របស់​ពួក​គេ​មិន​ក្ដៅ​មិន​ត្រជាក់​ទាល់តែ​សោះ។ (ពេត្រុសទី២ ៣:៣, ៤, ១១, ១២) ជា​ចាំបាច់​ណាស់ ដែល​បុគ្គល​បែប​នេះ​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​គ្រីស្ទ ដោយ​ឆ្លៀត​ប្រយោជន៍​ដែល​មក​ពី​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ខាង​វិញ្ញាណ។ ត្រូវ​មែន គេ​ត្រូវ​«ទិញ​មាស ដែល​សំរង​ក្នុង​ភ្លើង​ពី»​ព្រះ​គ្រីស្ទ! (វិវរណៈ ៣:១៨) ទ្រព្យ​សម្បត្ដិ​ពិត​បែប​នេះ​រួម​បញ្ចូល​នូវ​ការ​ធ្វើ​អំពើ​ដ៏‹ល្អ​ជា​បរិបូរ ព្រម​ទាំង​ការ​ចែក​ទាន​ដោយ​សទ្ធា ហើយ​ការ​ប្រុង​ប្រៀប​នឹង​ជួយ​អ្នក​ដទៃ​ផង›។ បើ​យើង​ខំ​ធ្វើ​ដូច្នេះ ប្រៀបដូច​ជា​ធ្វើ​វិនិយោគ​ខាង​វិញ្ញាណ នេះ​បាន​ន័យ​ថា យើង‹ប្រមូល​ទ្រព្យ​សម្បត្ដិ​សំរាប់​ខ្លួន ទុក​ជា​គ្រឹះ​ដ៏​មាំមួន​សំរាប់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​ចាប់​បាន​ជីវិត​ដ៏​រុងរឿង›។—ធីម៉ូថេទី១ ៦:១៧​-​១៩

បាន​ត្រូវ​សរសើរ​ដោយ​ព្រោះ​គេ​ចេះ​ស្ដាប់​បង្គាប់

១៩​. តើ​ព្រះ​យេស៊ូ​សរសើរ​និង​ដាស់​តឿន​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​ស្មឺ​ណា​និង​ក្រុង​ភីឡាដិលភា​យ៉ាង​ណា?

១៩ ក្រុមជំនុំ​នៅ​ទី​ក្រុង​ភីឡាដិលភា​និង​ក្រុង​ស្មឺ​ណា​ជា​គំរូ​ដ៏​ល្អ​មែន​ទែន​ក្នុង​ការ​ស្ដាប់​បង្គាប់ ដ្បិត​សំបុត្រ​ដែល​ព្រះ​យេស៊ូ​ជូន​ចំពោះ​ពួក​គេ​នោះ គ្មាន​ការ​ប្រៀនប្រដៅ​សោះ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​ពួក​អ្នក​នៅ​ក្រុង​ស្មឺណា​ថា​៖ «អញ​ស្គាល់​សេចក្ដី​ទុក្ខ​លំបាក នឹង​សេចក្ដី​កំសត់​របស់​ឯង​ហើយ ប៉ុន្តែ ឯង​ជា​អ្នក​មាន​វិញ»។ (វិវរណៈ ២:៩) ពួក​នេះ​មាន​សភាព​ខុស​គ្នា​ឆ្ងាយ ពី​ពួក​អ្នក​នៅ​ទី​ក្រុង​ឡៅឌីសេ​ដែល​មាន​អំនួត​អំពី​វត្ថុ​ទ្រព្យ​ដែល​គេ​មាន​ក្នុង​លោកីយ៍​នេះ។ តែ​តាម​ពិត​គឺ​ទ័ល​ក្រ​ទៅ​វិញ​ទេ! ប៉ុន្តែ អារក្ស​ច្បាស់​ជា​មិន​ពេញ​ចិត្ត​ឡើយ ពេល​វា​ឃើញ​មនុស្ស​ស្ដាប់​បង្គាប់​ព្រះ​យេស៊ូ ហើយ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់។ ហេតុ​នេះ​ហើយ​ព្រះ​យេស៊ូ​ព្រមាន​ដល់​គេ​ថា​៖ «កុំ​ឲ្យ​ឯង​ខ្លាច​សេចក្ដី​ដែល​ឯង​ត្រូវ​រង​ទុក្ខ​នោះ​ឡើយ។ មើល! អារក្ស​វា​រៀប​នឹង​បោះ​ពួក​ឯង​ខ្លះ​ទៅ​ក្នុង​គុក​ហើយ ដើម្បី​នឹង​ល្បងល​មើល​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រង​វេទនា​អស់​១០​ថ្ងៃ។ ដូច្នេះ ចូរ​នៅ​ជា​ស្មោះ​ត្រង់​ដរាប​ដល់​ស្លាប់​ចុះ! នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង»។ (វិវរណៈ ២:១០) ស្រដៀង​គ្នា​ដែរ ព្រះ​យេស៊ូ​បាន​សរសើរ​ពួក​អ្នក​នៅ​ទីក្រុង​ភីឡាដិលភា​ដែរ​ថា​៖ «[អ្នក]បាន​កាន់​តាម[ឬ​បាន​ស្ដាប់​បង្គាប់]ពាក្យ​អញ​ដែរ ហើយ​មិន​បាន​លះបង់​ឈ្មោះ​អញ​ទេ។ មើល! អញ​មក​ជា​ឆាប់​ហើយ។ ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ឯង​មាន​ហើយ​ចុះ! ដើម្បី​កុំ​ឲ្យ​អ្នក​ណា​យក​មកុដ​របស់​ឯង​បាន​ឡើយ»។—វិវរណៈ ៣:៨, ១១

២០​. តើ​ដូច​ម្ដេច​បាន​ជា​រាប់​លាន​នាក់​សព្វ​ថ្ងៃ​នេះ​អាច​ធ្វើ​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ​បាន? ហើយ​តើ​ពួក​គេ​ធ្វើ​ដូច្នេះ​ក្រោម​កាលៈទេសៈ​បែប​ណា​ខ្លះ?

២០ ក្នុង​«ថ្ងៃ​របស់​ព្រះ​អម្ចាស់» ចាប់​តាំង​ពី​ឆ្នាំ​១៩១៤​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ អ្នក​សំណល់​ស្មោះ​ត្រង់​មួយ​ក្រុម​ជា​មួយ​ពួក​ចៀម​ឯ​ទៀត​ដែល​ជា​គូកន​រាប់​លាន​នាក់​របស់​គេ​នោះ នៅ​តែ​ធ្វើ​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ​ដោយ​ធ្វើ​កិច្ច​បំរើ​ផ្សាយ​ដោយ​ចិត្ត​ខ្នះខ្នែង ហើយ​ក៏​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​ផង​ដែរ។ ដូច​បងប្អូន​របស់​គេ​នៅ​សតវត្ស​ទី​មួយ​នោះ អ្នក​ខ្លះ​បាន​រង​ទុក្ខ​លំបាក រហូត​ដល់​បាន​ជាប់​គុក​និង​ជាប់​ឃុំ​ឃាំង​ក៏​មាន ដោយសារ​ពួក​គេ​ស្ដាប់​បង្គាប់​ព្រះ​គ្រីស្ទ។ បងប្អូន​ឯ​ទៀត​ធ្វើ​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ​ដោយ​រក្សា​ការពារ​ឲ្យ​‹ភ្នែក​ល្អ› ទោះ​ជា​មាន​ភាព​ស្តុកស្តម្ភ​និង​ចិត្ត​លោភ​លន់​នៅ​ព័ទ្ធ​ជុំវិញ​ពួក​គេ​យ៉ាង​ណា​ក្ដី។ (ម៉ាថាយ ៦:២២, ២៣) ត្រូវ​ហើយ ពួក​គ្រីស្ទាន​ពិត​តែង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​រីករាយ​មែន ដោយ​គេ​បន្ត​ស្ដាប់​បង្គាប់​ទ្រង់ មិន​ថា​មាន​បរិយាកាស​ឬ​ស្ថានការណ៍​យ៉ាង​ណា​ក៏​ដោយ។—សុភាសិត ២៧:១១

២១​. (ក) តើ​ក្រុម​អ្នក​បំរើ​ត្រូវ​បន្ត​បំពេញ​កាតព្វកិច្ច​អ្វី​ខាង​វិញ្ញាណ? (ខ) តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្ហាញ​ថា យើង​ពិត​ជា​ចង់​ស្ដាប់​បង្គាប់​ស៊ី​ឡូ?

២១ ពេល​យើង​មក​ជិត​ដល់​សេចក្ដី​វេទនា​ជា​ខ្លាំង​នោះ ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›នៅ​តែ​ប្ដេជ្ញា​មិន​ព្រម​ឈប់​ស្ដាប់​បង្គាប់​តាម​ព្រះ​គ្រីស្ទ​ដែល​ជា​ម្ចាស់​របស់​ពួក​គេ។ ការ​ប្ដេជ្ញា​ចិត្ត​នេះ​រួម​បញ្ចូល​នូវ​ការ​រៀបចំ​អាហារ​ខាង​វិញ្ញាណ​តាម​ត្រូវ​ពេល សំរាប់​ពួក​អ្នក​បំរើ​ព្រះ។ ដូច្នេះ ចូរ​យើង​ដឹង​គុណ​ជានិច្ច​ចំពោះ​អង្គការ​ព្រះ​ធិបតេយ្យ​ដ៏​អស្ចារ្យ​នេះ​របស់​ព្រះ​យេហូវ៉ា ហើយ​ចំពោះ​អ្វីៗ​ទាំង​អស់​ដែល​អង្គការ​នេះ​ផ្ដល់​ឲ្យ​យើង។ បើ​យើង​ធ្វើ​ដូច្នេះ យើង​បង្ហាញ​ថា​យើង​សុខ​ចិត្ត​ចុះ​ចូល​ចំពោះ​ស៊ី​ឡូ ហើយ​ទ្រង់​នឹង​ប្រទាន​រង្វាន់​ជា​ការ​រស់​នៅ​ជា​រៀង​រហូត ដល់​អនុរាស្ត្រ​ទាំង​ឡាយ​ដែល​ស្ដាប់​បង្គាប់​ទ្រង់។—ម៉ាថាយ ២៤:៤៥​-​៤៧; ២៥:៤០; យ៉ូហាន ៥:២២​-​២៤

[កំណត់​សម្គាល់]

^ វគ្គ 8 ដើម្បី​ឲ្យ​បាន​ការ​ពន្យល់​អំពី​«៧​ខួប»​នោះ សូម​មើល សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច ជំពូក​ទី១០​ដែល​បោះ​ពុម្ព​ដោយ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

^ វគ្គ 14 ដើម្បី​ឲ្យ​បាន​ការ​ពិគ្រោះ​ល្អិតល្អន់​អំពី​សំបុត្រ​ទាំង​ប្រាំ​ពីរ​ច្បាប់​នោះ សូម​មើល​សៀវភៅ​វិវរណៈ ការ​សម្រេច​ផ្ដាច់​ព្រាត់​ជិត​មក​ដល់​ហើយ! ចាប់​ពី​ទំព័រ​៣៣ (ជា​ភាសា​អង់គ្លេស) ដែល​បោះ​ពុម្ព​ដោយ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​នៅ​ចាំ​ទេ?

តើ​ព្រះ​យេស៊ូ​ត្រូវ​បំពេញ​មុខ​ងារ​អ្វី តាម​ពាក្យ​ទំនាយ​របស់​យ៉ាកុប​មុន​នឹង​លោក​ទទួល​មរណភាព​នោះ?

តើ​យើង​ត្រូវ​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​ស៊ី​ឡូ​នោះ​តាម​របៀប​ណា? ហើយ​តើ​យើង​ត្រូវ​ជៀសវាង​ចិត្ត​គំនិត​បែប​ណា?

តើ​សំបុត្រ​ដែល​សរសេរ​ជូន​ចំពោះ​ក្រុមជំនុំ​ទាំង​ប្រាំ​ពីរ​ក្នុង​សៀវភៅ​វិវរណៈ​នោះ មាន​ឱវាទ​អ្វី​សម​គួរ​សំរាប់​យើង​សព្វ​ថ្ងៃ​នេះ?

តើ​យើង​អាច​យក​តម្រាប់​តាម​បងប្អូន​ក្នុង​ក្រុមជំនុំ​នៅ​ទីក្រុង​ស្មឺ​ណា​និង​ភីឡាដិលភា​ពី​បុរាណ​នោះ​តាម​របៀប​ណា​ខ្លះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៧]

ព្រះ​យេហូវ៉ា​តែង​ប្រទាន​ពរ​លើ​រាស្ត្រ​របស់​ទ្រង់ ដោយ​ព្រោះ​ពួក​គេ​ស្ដាប់​បង្គាប់​«នាយ​ដំរួត​ការ»​ដ៏​ស្មោះ​ត្រង់

[រូបភាព​នៅ​ទំព័រ​១៨]

ឥទ្ធិពល​ពី​សាតាំង នាំ​ឲ្យ​យើង​មាន​ការ​ពិបាក​ស្ដាប់​បង្គាប់​ព្រះ

[រូបភាព​នៅ​ទំព័រ​២០]

ការ​មាន​ចំណង​មេត្រីភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​អាច​ជួយ​ឲ្យ​យើង​ចេះ​ស្ដាប់​បង្គាប់​ទ្រង់​បាន