លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះត្រឹមត្រូវអំពីព្រះនាំឲ្យយើងទទួលបានការសម្រាលទុក្ខ

ចំណេះត្រឹមត្រូវអំពីព្រះនាំឲ្យយើងទទួលបានការសម្រាលទុក្ខ

ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​នាំ​ឲ្យ​យើង​ទទួល​បាន​ការ​សម្រាល​ទុក្ខ

ចំពោះ​មនុស្ស​ខ្លះ អ្វី​ដែល​ព្រះគម្ពីរ​ចែង​អំពី​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្ដាករុណា​របស់​ព្រះ គឺ​ធ្វើ​ឲ្យ​ពួក​គេ​ខ្វល់​ចិត្ត​និង​មាន​សំនួរ​ដែល​ខ្លួន​គេ​ឆ្លើយ​មិន​បាន។ ពួក​គេ​សួរ​ថា: ប្រសិន​បើ​ព្រះ​ចង់​បំបាត់​ចោល​អំពើ​អាក្រក់ និង​ទ្រង់​ដឹង​នូវ​វិធី​បំបាត់​ចោល ថែម​ទាំង​ទ្រង់​មាន​អំណាច​នឹង​បំបាត់​ចោល​អំពើ​នោះ​ផង ហេតុ​អ្វី​ក៏​នៅ​មាន​អំពើ​អាក្រក់​ដូច្នេះ? បញ្ហា​គឺ​មនុស្ស​មិន​អាច​យល់​ពី​ទំនាក់ទំនង​រវាង​អំណះ​អំណាង​ទាំង​បី​នេះ​គឺ (១) ព្រះ​មាន​គ្រប់​ព្រះ​ចេស្ដា (២) ព្រះ​មាន​សេចក្ដី​ស្រឡាញ់​និង​ទ្រង់​ល្អ និង (៣) ព្រឹត្ដិការណ៍​ដ៏​អាក្រក់​នៅ​តែ​មាន​ជា​បន្ត។ ពួក​គេ​វែកញែក​ថា ដោយ​ព្រោះ​ខ្លួន​ឃើញ​ពិត​ជាក់​ស្តែង​ពុំ​អាច​ប្រកែក​បាន​នូវ​អំណះ​អំណាង​ទី​បី​នោះ នេះ​មាន​ន័យ​ថា អំណះ​អំណាង​មួយ​ក្នុង​ចំណោម​ទាំង​ពីរ​ដំបូង​គឺ​មិន​មែន​ជា​ការ​ពិត​ទេ។ ចំពោះ​ពួក​គេ ព្រះ​មិន​មាន​សមត្ថភាព​បញ្ឈប់​អំពើ​អាក្រក់​ទេ ឬ​ក៏​ទ្រង់​មិន​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​មនុស្ស​ឡើយ។

បី​បួន​ថ្ងៃ​ក្រោយ​ពី​សេចក្ដី​ហិនវិនាស​នៃ​មណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​នៅ​រដ្ឋ​ញូវយ៉ក នោះ​មេ​ដឹក​នាំ​សាសនា​ដ៏​ធំដុំ​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក​បាន​ពោល​ថា​៖ «ក្នុង​ជីវិត​របស់​ខ្ញុំ គេ​ធ្លាប់​បាន​សួរ​ខ្ញុំ​រាប់​រយ​ដង​ហើយ​នូវ​ហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​សោក​នា​ដក​ម្ម​និង​ការ​រង​ទុក្ខ​វេទនា​នេះ។ ខ្ញុំ​ត្រូវ​តែ​សារភាព​ថា ខ្ញុំ​ពិត​ជា​មិន​ដឹង​នូវ​ចម្លើយ​ទាំង​អស់​ឡើយ សូម្បីតែ​រក​ចម្លើយ​ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំ​ស្កប់​ចិត្ត ក៏​គ្មាន​ដែរ»។

សាស្ដ្រាចារ្យ​ម្នាក់​ខាង​សាសនវិទ្យា​បាន​តប​ឆ្លើយ​នឹង​ពំនោល​នោះ ដោយ​សរសេរ​ថា គាត់​ស្ងើច​សរសើរ​នឹង​«សាសនវិទ្យា​យ៉ាង​ត្រឹម​ត្រូវ» ដែល​មេ​ដឹក​នាំ​សាសនា​នេះ​បាន​បង្រៀន​មនុស្ស។ សាស្ដ្រាចារ្យ​នេះ​ក៏​បាន​គាំទ្រ​ទស្សនៈ​របស់​អ្នកប្រាជ្ញ​ម្នាក់​ដែរ ដែល​បាន​សរសេរ​ថា​៖ «ការ​ដែល​ពុំ​អាច​ពន្យល់​បាន​នូវ​មូលហេតុ​ដែល​មនុស្ស​រង​ទុក្ខ​វេទនា នេះ​គឺ​ជា​អ្វី​ដែល​ពុំ​អាច​ពន្យល់​បាន​អំពី​ព្រះ»។ ប៉ុន្តែ តើ​យើង​ពិត​ជា​គ្មាន​សមត្ថភាព​យល់​នូវ​មូលហេតុ ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​ជួជាតិ​មែន​ឬ?

ដើម​កំណើត​នៃ​អំពើ​អាក្រក់

ផ្ទុយ​ស្រឡះ​នឹង​អ្វី​ដែល​មេ​ដឹក​នាំ​សាសនា​បាន​ពោល​ឡើង​នោះ ព្រះគម្ពីរ​មិន​ចែង​ថា​មនុស្ស​មិន​អាច​យល់​នូវ​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​ទេ។ ចំណុច​ដ៏​សំខាន់​ដើម្បី​ឲ្យ​យល់​នូវ​មូលហេតុ​ដែល​មាន​អំពើ​អាក្រក់ គឺ​យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​មិន​បាន​បង្កើត​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​នេះ​ទេ។ ទ្រង់​បាន​បង្កើត​មនុស្ស​មួយ​គូ​ដំបូង​យ៉ាង​គ្រប់​ល័ក្ខណ៍ គឺ​ថា​គ្មាន​បាប​ឡើយ។ ព្រះយេហូវ៉ា​បាន​ទត​មើល​កិច្ចការ​បង្កើត​របស់​ទ្រង់ ហើយ​ឃើញ​ថា​«ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ»។ (លោកុប្បត្តិ ១:២៦, ៣១) ព្រះ​មាន​បំណង​ឲ្យ​អ័ដាម​និង​អេវ៉ា​ពង្រីក​សួន​អេដែន​ឲ្យ​បាន​ពេញ​ផែនដី និង​បង្កើត​កូន​ជា​ច្រើន​ឲ្យ​មាន​មនុស្ស​រស់​នៅ​យ៉ាង​សប្បាយ​រីករាយ ក្រោម​ការ​ការពារ​នៃ​អធិបតេយ្យ​របស់​ទ្រង់។—អេសាយ ៤៥:១៨

សត្តនិករ​វិញ្ញាណ​មួយ​រូប ដែល​ធ្លាប់​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​បាន​បង្ក​ឲ្យ​មាន​អំពើ​អាក្រក់ ដោយ​បាន​បណ្ដុះ​នូវ​សេចក្ដី​ប្រាថ្នា​ឲ្យ​គេ​ថ្វាយ​បង្គំ​វា​វិញ។ (យ៉ាកុប ១:១៤, ១៥) ពេល​វា​មាន​អានុភាព​លើ​មនុស្ស​មួយ​គូ​ដំបូង ឲ្យ​ចូល​រួម​ជា​មួយ​វា​ក្នុង​ការ​ប្រឆាំង​នឹង​ព្រះ នោះ​ការ​បះបោរ​របស់​វា​ក៏​បាន​លេច​ជា​រូប​រាង​ឡើង​ឲ្យ​ឃើញ​ច្បាស់។ អ័ដាម​និង​អេវ៉ា​មិន​បាន​ចុះ​ចូល​តាម​សេចក្ដី​បង្គាប់​ដ៏​ជាក់​ច្បាស់​របស់​ព្រះ​ទេ ដែល​បង្គាប់​នោះ​ហាម​កុំ​ឲ្យ​បរិភោគ​ឬក៏​ប៉ះ​ពាល់​ផ្លែ​ឈើ​នៃ​ដើម​ដឹង​ខុសត្រូវ តែ​ពួក​គេ​នៅ​តែ​ទៅ​បេះ​យក​ផ្លែ​ឈើ​នោះ​មក​បរិភោគ​វិញ។ (លោកុប្បត្តិ ៣:១​-​៦) ដោយសារ​ទង្វើ​នេះ ពួក​គេ​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​ទេ ហើយ​ក៏​បាន​បង្ហាញ​នូវ​សេចក្ដី​ប្រាថ្នា​មិន​ចង់​ពឹងពាក់​ទៅ​លើ​ព្រះ​ឡើយ។

រឿង​ចំណោទ​ដែល​ទាក់ទង​នឹង​សីលធម៌​រស់​នៅ​បាន​ត្រូវ​ចោទ​ឡើង

ការ​បះបោរ​នេះ​នៅ​ក្នុង​សួន​អេដែន​បាន​ទាក់ទង​នឹង​សីលធម៌​រស់​នៅ ហើយ​សំខាន់​ដល់​ម្ល៉េះ​ដែល​ទាក់ទង​នឹង​សកលលោក​ទាំង​មូល។ មនុស្ស​បះបោរ​នេះ​បាន​សង្ស័យ​ទៅ​លើ​របៀប​ដែល​ព្រះយេហូវ៉ា​បាន​គ្រប់គ្រង​យ៉ាង​ត្រឹម​ត្រូវ​ទៅ​លើ​ការ​បង្កើត​របស់​ទ្រង់។ តើ​ព្រះអាទិទេព​មាន​សិទ្ធិ​តម្រូវ​ឲ្យ​មនុស្ស​ស្ដាប់​បង្គាប់​ទ្រង់​ទាំង​ស្រុង​ឬ​ទេ? បើ​មនុស្ស​មិន​ពឹងពាក់​ទៅ​លើ​ព្រះ តើ​ប្រហែល​ជា​អាច​ប្រសើរ​ជាង​ទេ​ដឹង?

ព្រះយេហូវ៉ា​បាន​ដោះ​ស្រាយ​រឿង​ចំណោទ​នេះ​ចំពោះ​ការ​គ្រប់គ្រង​របស់​ទ្រង់ តាម​របៀប​ដែល​សម្ដែង​ឲ្យ​ឃើញ​នូវ​តុល្យភាព​ដ៏​គ្រប់​ល័ក្ខណ៍ ស្តី​អំពី​សេចក្ដី​ស្រឡាញ់ យុត្ដិធម៌ ប្រាជ្ញា និង​ព្រះ​ចេស្ដា។ ទ្រង់​អាច​ប្រើ​អំណាច​របស់​ទ្រង់​ដើម្បី​កំទេច​ចោល​ពួក​បះបោរ​នោះ​ភ្លាមៗ​ក៏​បាន​ដែរ។ ទង្វើ​នេះ​ដូច​ជា​មាន​យុត្ដិធម៌​មែន ពីព្រោះ​ព្រះ​មាន​សិទ្ធិ​ធ្វើ​ដូច្នេះ។ ប៉ុន្តែ បើ​ធ្វើ​ដូច្នេះ នោះ​នឹង​ពុំ​អាច​ឆ្លើយ​នូវ​រឿង​ចំណោទ​ដែល​ទាក់ទង​សីលធម៌​រស់​នៅ​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ព្រះ​ក៏​អាច​បំភ្លេច​ចោល​នូវ​អំពើ​បាប​នោះ​ដែរ។ បើ​ធ្វើ​បែប​នេះ ចំពោះ​មនុស្ស​ខ្លះ​សព្វថ្ងៃ​នេះ​ហាក់​ដូច​ជា​ជំរើស​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បំផុត។ ប៉ុន្តែ ទង្វើ​នេះ​ក៏​មិន​បាន​តប​ឆ្លើយ​នឹង​រឿង​ចំណោទ​របស់​សាតាំង​ដែល​ថា គឺ​ពិត​ជា​អាច​បាន​ប្រសើរ​ជាង​បើ​មនុស្ស​គ្រប់គ្រង​ខ្លួន​ឯង​នោះ។ បន្ថែម​ទៅ​ទៀត ទង្វើ​បែប​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​មនុស្ស​ឯ​ទៀត​ហ៊ាន​ចាក​ចេញ​ពី​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ទៀត​ដែរ មែន​ទេ? ហើយ​ជា​លទ្ធផល នោះ​នឹង​នាំ​ឲ្យ​មាន​ការ​រង​ទុក្ខ​ឥត​ឈប់ឈរ។

ដោយ​មាន​ប្រាជ្ញា ព្រះយេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់គ្រង​ខ្លួន​គេ​អស់​មួយ​រយៈ​ពេល។ ទោះ​ជា​ទង្វើ​នេះ​មាន​ន័យ​ថា​ព្រះ​នឹង​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​មួយ​រយៈ​ពេល​ជា​បណ្ដោះ​អាសន្ន​ក្ដី តែ​នេះ​បើក​ឱកាស​ឲ្យ​មនុស្ស​ជាតិ​បង្ហាញ​ថា តើ​ពួក​គេ​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ដោយ​ជោគជ័យ​ឬ​ក៏​មិន​បាន ដោយ​មិន​ពឹងពាក់​ទៅ​លើ​ព្រះ និង​ដោយ​រស់​នៅ​តាម​ខ្នាត​តម្រា​របស់​ខ្លួន​ស្តី​អំពី​អ្វី​ដែល​ខុស​និង​ត្រូវ​នោះ។ តើ​បាន​លទ្ធផល​យ៉ាង​ណា? ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​គឺ​មាន​ពេញ​ដោយ​សង្គ្រាម អយុត្ដិធម៌ ការ​ជិះជាន់ និង​សេចក្ដី​រង​ទុក្ខ​វេទនា។ ការ​បរាជ័យ​នៃ​ការ​បះបោរ​ប្រឆាំង​ព្រះយេហូវ៉ា នឹង​ដោះស្រាយ​រឿង​ចំណោទ​មួយ​ដង​ជា​ស្រេច ដែល​បាន​ចោទ​ឡើង​ក្នុង​សួន​អេដែន។

ក្នុង​ចន្លោះ​ពេល​នោះ ព្រះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ប្រទាន​បុត្រា គឺ​ជា​ព្រះយេស៊ូ​គ្រីស្ទ ឲ្យ​មក​ប្រទាន​ព្រះ​ជន្ម​ទុក​ជា​យញ្ញបូជា​លោះ។ ទង្វើ​នេះ​បាន​ជួយ​មនុស្ស​ដែល​ចេះ​គោរព​ស្ដាប់​បង្គាប់​ឲ្យ​រួច​ផុត​ពី​ការ​រង​នូវ​ទុក្ខទោស​នៃ​អំពើ​បាប​របស់​អ័ដាម។ ការ​លោះ​នេះ​បាន​បើក​ផ្លូវ​ឲ្យ​មនុស្ស​ដែល​មាន​ជំនឿ​លើ​ព្រះយេស៊ូ ទទួល​នូវ​ជីវិត​អស់កល្ប​ជានិច្ច។—យ៉ូហាន ៣:១៦

យើង​មាន​សេចក្ដី​សន្យា​របស់​ព្រះយេហូវ៉ា ហើយ​នេះ​ជួយ​សម្រាល​ទុក្ខ​មែន ថា​ការ​រង​ទុក្ខ​របស់​មនុស្ស​មាន​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​សរសេរ​ថា​៖ «ដល់​បន្ដិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ អើ! អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ ដោយ​សេចក្ដី​ក្សេមក្សាន្ត​ដ៏​បរិបូរ»។—ទំនុកដំកើង ៣៧:១០, ១១

សន្ដិសុខ​និង​សុភមង្គល​នា​ពេល​អនាគត

ការ​សម្រេច​នូវ​បទ​ទំនាយ​ទាំង​ប៉ុន្មាន​ក្នុង​ព្រះ​គម្ពីរ​បង្ហាញ​ថា ពេល​វេលា​ដែល​ព្រះ​នឹង​នាំ​មក​ដល់​ទីបញ្ចប់​នៃ​ជំងឺ ទុក្ខ​សោក និង​សេចក្ដី​ស្លាប់​គឺ​ជិត​មក​ដល់​ហើយ។ ចូរ​កត់​សម្គាល់​នូវ​អ្វីៗ​ដ៏​អស្ចារ្យ​នា​ពេល​ខាង​មុខ​នេះ ដែល​សាវ័ក​យ៉ូហាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត​នោះ។ គាត់​បាន​សរសេរ​ថា​៖ «រួច​ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន នឹង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ។ . . . [ព្រះ]ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​[មនុស្ស​ជាតិ] គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ​អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។ យ៉ូហាន​បាន​បង្គាប់​ឲ្យ​សរសេរ​នូវ​សេចក្ដី​ថ្លែង​មួយ ដែល​បញ្ជាក់​នូវ​ការ​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​ទាំង​នេះ ដែល​ថា​៖ «ចូរ​សរសេរ​ទុក​ចុះ! ដ្បិត​ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ​ហើយ​គួរ​ជឿ»។—វិវរណៈ ២១:១​-​៥

ចុះ​យ៉ាង​ណា​ចំពោះ​មនុស្ស​រាប់​សិប​កោដិ​នាក់​ដែល​គ្មាន​ទោស​ដែល​បាន​ស្លាប់ តាំង​ពី​ការ​បះបោរ​នៅ​សួន​អេដែន? ព្រះ​យេហូវ៉ា​បាន​សន្យា​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​ពួក​គេ​មាន​ជីវិត​រស់​ឡើង​វិញ។ សាវ័ក​ប៉ុល​បាន​ពោល​ថា​៖ «ខ្ញុំ​ប្របាទ​មាន​សេចក្ដី​សង្ឃឹម​ដល់​ព្រះ . . . គឺ​ថា ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា»។ (កិច្ចការ ២៤:១៥) បុគ្គល​ទាំង​នេះ​នឹង​មាន​សេចក្ដី​សង្ឃឹម​រស់​ក្នុង​ពិភពលោក​«ដែល​មាន​សុទ្ធតែ​សេចក្ដី​សុចរិត​វិញ»។—ពេត្រុសទី២ ៣:១៣

ដូច​ជា​ឪពុក​ម្ដាយ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​អនុញ្ញាត​ឲ្យ​កូន​ទទួល​នូវ​ការ​វះកាត់​ដែល​នាំ​ឲ្យ​ឈឺចាប់ បើ​គាត់​ដឹង​ថា​ទង្វើ​នេះ​នឹង​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍​ជា​យូរ​អង្វែង នេះ​ដូច​គ្នា​នឹង​ព្រះយេហូវ៉ា​ដែរ ទ្រង់​ក៏​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ជាតិ​រង​នូវ​អំពើ​អាក្រក់​ជា​បណ្ដោះ​អាសន្ន​នៅ​លើ​ផែនដី​នេះ។ ប៉ុន្តែ អស់​អ្នក​ដែល​ខំ​ព្យាយាម​ធ្វើ​តាម​បំណង​ព្រះហឫទ័យ​របស់​ទ្រង់ នោះ​នឹង​ទទួល​ពរ​ជា​រៀង​រហូត។ សាវ័ក​ប៉ុលបាន​ពន្យល់​ថា​៖ «ជីវិត​ទាំង​ឡាយ​បាន​ត្រូវ​ចុះចូល​នឹង​សេចក្ដី​ឥត​ប្រយោជន៍ តែ​មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត គឺ​ដោយ​ព្រោះ​ព្រះ​អង្គ ដែល​ទ្រង់​បញ្ចុះបញ្ចូល​វិញ ដោយ​សង្ឃឹម​ថា ជីវិត​ទាំង​នោះ​ឯង នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក​រលួយ ឲ្យ​បាន​សេរីភាព​នៃ​សិរី​ល្អ​របស់​ពួក​កូន​ព្រះ​វិញ»។—រ៉ូម ៨:២០, ២១

នេះ​ពិត​ជា​ដំណឹង​ល្អ​មែន មិន​មែន​ដូច​ជា​ពត៌មាន​ដែល​យើង​ឃើញ​ក្នុង​ទូរទស្សន៍ ឬ​ក៏​អាន​ក្នុង​កាសែត​ឡើយ តែ​ពិត​ជា​ដំណឹង​ល្អ​មែន។ នេះ​គឺ​ជា​ដំណឹង​ល្អ​បំផុត ពី​«ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក» ដែល​ពិត​ជា​យក​ព្រះទ័យ​ទុក​ដាក់​នឹង​យើង​រាល់​គ្នា។—កូរិនថូសទី២ ១:៣

[រូបភាព​នៅ​ទំព័រ​៦]

ពេល​វេលា​កន្លង​ទៅ​បានបង្ហាញ​ថា មនុស្ស​ជាតិ​ពុំ​អាច​គ្រប់គ្រង​ខ្លួន​ឯង​បានជោគជ័យ ដោយ​ឥត​ពឹងពាក់​ទៅ​លើ​ព្រះ​នោះ​ឡើយ

[អ្នក​ផ្ដល់​សិទ្ធិ៦]

Somalian family: UN PHOTO 159849/M. GRANT; atom bomb: USAF photo; concentration camp: U.S. National Archives photo