លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបន្ដបំរើព្រះដោយព្រមចិត្ដគ្នា

ចូរបន្ដបំរើព្រះដោយព្រមចិត្ដគ្នា

ចូរ​បន្ត​បំរើ​ព្រះ​ដោយ​ព្រម​ចិត្ត​គ្នា

​«នៅ​គ្រា​នោះ អញ​នឹង​ឲ្យ​ជនជាតិ​ទាំង​ឡាយ មាន​បបូរមាត់​ស្អាត[«ភាសា​បរិសុទ្ធ»​, ព.ថ.] ដើម្បី​ឲ្យ​គេ​បាន​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់»។—សេផានា ៣:៩

១​. តើ​មាន​អ្វី​កើត​ឡើង​ដែល​សម្រេច​តាម​ទំនាយ​ក្នុង​សេផានា ៣:៩?

នៅ​ជុំវិញ​ផែនដី​នេះ​មាន​ភាសា​និយាយ​ប្រហែល៦០០០ភាសា។ ក្រៅ​ពី​ភាសា​ទាំង​នេះ​ក៏​មាន​គ្រា​ម​ភាសា ឬ​ភាសា​ដែល​គេ​ប្រើ​តែ​ក្នុង​តំបន់​ណា​មួយ​ប៉ុណ្ណោះ។ ទោះ​ជា​មនុស្ស​និយាយ​ភាសា​ផ្សេងៗ​ដូច​ជា​ភាសា​កូរ៉េ​និង​ភាសា​អារ៉ាប់​ក៏​ដោយ ក៏​ព្រះ​បាន​សម្រេច​អ្វី​មួយ​ដ៏​អស្ចារ្យ។ ទ្រង់​មាន​លទ្ធភាព​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ផែនដី​រៀន​និង​និយាយ​ភាសា​ដែល​ប្រសើរ​ឯក​គឺ​ជា​ភាសា​បរិសុទ្ធ។ នេះ​គឺ​សម្រេច​តាម​សេចក្ដី​សន្យា​មួយ​ដែល​ទ្រង់​មាន​បន្ទូល​តាម​រយៈ​ព្យាការី​សេផានា​ថា​៖ «អញ[ព្រះ​យេហូវ៉ា]នឹង​ឲ្យ​ជនជាតិ​ទាំង​ឡាយ មាន​បបូរមាត់​ស្អាត[«ភាសា​បរិសុទ្ធ»​, ព.ថ.] ដើម្បី​ឲ្យ​គេ​បាន​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់»។—សេផានា ៣:៩

២​. តើ​«ភាសា​បរិសុទ្ធ»​ជា​អ្វី? តើ​ភាសា​បរិសុទ្ធ​អាច​ធ្វើ​ឲ្យ​មាន​អ្វី?

សេចក្ដី​ពិត​អំពី​ព្រះ​ដែល​មាន​ក្នុង​បន្ទូល​របស់​ទ្រង់​គឺ​ព្រះ​គម្ពីរ នោះ​ហើយ​ជា​«ភាសា​បរិសុទ្ធ»។ ជា​ពិសេស​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដែល​នឹង​ធ្វើ​ឲ្យ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​ញែក​ជា​បរិសុទ្ធ ហើយ​ធ្វើ​យុត្ដិកម្ម​នឹង​អធិបតេយ្យ​របស់​ទ្រង់ ព្រម​ទាំង​និង​នាំ​ឲ្យ​មាន​ពរ​ដល់​មនុស្ស​ជាតិ។ (ម៉ាថាយ ៦:៩, ១០) ដោយសារ​ភាសា​បរិសុទ្ធ​នេះ​ជា​ភាសា​តែ​មួយ​គត់​នៅ​លើ​ផែនដី​នេះ​ដែល​ប្រកប​ទៅ​ដោយ​ភាព​ស្អាត​ស្អំ​ខាង​វិញ្ញាណ នោះ​មនុស្ស​ពី​គ្រប់​សាសន៍​គ្រប់​ពូជ​អំបូរ​ក៏​អាច​និយាយ​ភាសា​បរិសុទ្ធ​នេះ​បាន​ដែរ។ ភាសា​បរិសុទ្ធ​នេះ​ជួយ​ពួក​គេ​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​«ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់»។ ដូច្នេះ​ហើយ ពួក​គេ​បំរើ​ទ្រង់​ដោយ​សាមគ្គីភាព ឬ​«ចិត្ត​ព្រម​គ្នា»។—ព្រះ​គម្ពីរ​អង់គ្លេស​កំណែ​ថ្មី

មិន​គួរ​មាន​ភាព​លំអៀង​ឡើយ

៣​. តើ​អ្វី​ដែល​បាន​ជួយ​យើង​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​សាមគ្គីភាព?

ជា​គ្រីស្ទាន​ដែល​និយាយ​ភាសា​ផ្សេងៗ យើង​មាន​ចិត្ត​កតញ្ញូ​ដែល​យើង​មាន​សាមគ្គីភាព​ក្នុង​ចំណោម​ពួក​យើង។ ទោះ​ជា​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​ព្រះ​រាជាណាចក្រ​ដោយ​ប្រើ​ភាសា​ជា​ច្រើន​ក៏ដោយ ក៏​យើង​នៅ​តែ​បំរើ​ព្រះ​ដោយ​សាមគ្គីភាព​ដែរ។ (ទំនុកដំកើង ១៣៣:១) យើង​អាច​សម្រេច​ការ​នេះ​បាន ពីព្រោះ​យើង​និយាយ​ភាសា​បរិសុទ្ធ​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា មិន​ថា​យើង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ។

៤​. ហេតុ​អ្វី​ក៏​មិន​គួរ​មាន​ភាព​លំអៀង​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ?

ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​មិន​គួរ​មាន​ភាព​លំអៀង​ឡើយ។ សាវ័ក​ពេត្រុស​បាន​សប​ញ្ជាក់​យ៉ាង​ច្បាស់ ពេល​គាត់​ផ្សព្វផ្សាយ​នៅ​ផ្ទះ​កូនេលាស​នៅ​ឆ្នាំ​៣៦ ស.យ. ហើយ​នេះ​បាន​ជំរុញ​គាត់​ឲ្យ​ពោលថា​៖ «ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ»។ (កិច្ចការ ១០:៣៤, ៣៥) ដោយសារ​នេះ​ជា​ការ​ពិត នោះ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​មិន​គួរ​មាន​ភាព​លំអៀង ប្រកាន់​បក្ស​ពួក ឬ​លំអៀង​ទៅ​ម្ខាងៗ​ឡើយ។

៥​. ហេតុ​អ្វី​ជា​ការ​ខុស​ក្នុង​ការ​បង្កើត​ឲ្យ​មាន​បក្ស​ពួក​នោះ?

និស្សិត​ម្នាក់​បាន​ពោល​អំពី​ការ​ទៅ​សាល​ប្រជុំ​មួយ​ថា​៖ «ជា​ធម្មតា​សាសនា​ចូល​ចិត្ត​ទាក់ទាញ​សមាជិក​នៃ​រាស្ត្រ​ណា​មួយ​ឬ​ពូជ​អំបូរ​ណា​មួយ។ . . . តែ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​មាន​សាសន៍​ផ្សេងៗ​កំពុង​តែ​អង្គុយ​លាយឡំ​គ្នា ហើយ​មិន​បាន​អង្គុយ​ជា​ក្រុមៗ​ដាច់​ដោយ​ឡែក​ពី​គ្នា​ឡើយ»។ យ៉ាង​ណា​ក៏​ដោយ សមាជិក​ខ្លះ​ក្នុង​ក្រុមជំនុំ​ក្នុង​ក្រុង​កូរិនថូស​ពី​បុរាណ បាន​បង្កើត​បក្ស​ពួក។ ដូច្នេះ​ហើយ​ក៏​នាំ​ឲ្យ​មាន​ការ​ទាស់ទែង​គ្នា ពួក​គេ​ប្រឆាំង​នឹង​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ ពីព្រោះ​វិញ្ញាណ​បរិសុទ្ធ​នាំ​ឲ្យ​មាន​សាមគ្គីភាព​និង​សន្ដិភាព។ (កាឡាទី ៥:២២) ប្រសិន​បើ​យើង​បង្កើត​ឲ្យ​មាន​បក្ស​ពួក នោះ​យើង​ច្បាស់​ជា​ប្រឆាំង​នឹង​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ហើយ។ ដូច​នេះ​ហើយ សូម​ឲ្យ​យើង​នឹក​ចាំ​ពាក្យ​របស់​សាវ័ក​ប៉ុល​ទៅ​កាន់​បងប្អូន​នៅ​ក្រុង​កូរិនថូស​ថា​៖ «បងប្អូន​អើយ! ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្ដី​ដដែល​ទាំង​អស់​គ្នា កុំ​ឲ្យ​មាន​សេចក្ដី​បាក់​បែក​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​១​វិញ»។ (កូរិនថូសទី១ ១:១០) ប៉ុល​ក៏​បាន​លើក​បញ្ជាក់​អំពី​សាមគ្គីភាព​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​ពួក​គ្រីស្ទាន​ក្នុង​ក្រុង​អេភេសូរ​ដែរ។—អេភេសូរ ៤:១​-​៦, ១៦

៦, ៧​. តើ​យ៉ាកុប​ឲ្យ​ឱវាទ​យ៉ាង​ណា​អំពី​ភាព​លំអៀង? ហើយ​តើ​ពាក្យ​របស់​គាត់​ទាក់ទង​នឹង​យើង​យ៉ាង​ណា?

ដូច្នេះ​មាន​ការ​តម្រូវ​ឲ្យ​ពួក​គ្រីស្ទាន​បង្ហាញ​ភាព​មិន​លំអៀង​តាំង​ពី​យូរ​ណាស់​មក​ហើយ។ (រ៉ូម ២:១១) ដោយ​ព្រោះ​មនុស្ស​ខ្លះ​ក្នុង​ក្រុមជំនុំ​នៅ​សតវត្ស​ទី​មួយ​បង្ហាញ​ភាព​លំអៀង​ទៅ​កាន់​អ្នក​មាន​ជាង​អ្នក​ក្រ នោះ​យ៉ាកុប​បាន​សរសេរ​ថា​៖ «បងប្អូន​អើយ! កុំ​ឲ្យ​មាន​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​ដ៏​ឧត្តម​នៃ​យើង ដោយ​រើស​មុខ​អ្នក​ណា​ឡើយ ដ្បិត​បើសិន​ជា​មាន​អ្នក​ណា​ចូល​មក ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់​គ្នា ទាំង​ពាក់​ចិញ្ជៀន​មាស នឹង​សំលៀកបំពាក់​ដ៏​មាន​ដំឡៃ ហើយ​មាន​អ្នក​ក្រ​ម្នាក់ ស្លៀក​ពាក់​កខ្វក់​ចូល​មក​ដែរ រួច​អ្នក​រាល់​គ្នា​មើល​ទៅ​អ្នក​ដែល​ស្លៀក​ពាក់​មាន​ដំឡៃ​នោះ ក៏​អញ្ជើញ​គេ​ថា សូម​អង្គុយ​នៅ​ទី​ល្អ​នេះ រួច​ប្រាប់​ទៅ​អ្នក​ក្រ​ថា ចូរ​ឈរ​នៅ​ទី​នុ៎ះ​ចុះ! ឬ​អង្គុយ​នៅ​ទៀប​កំណល់​ជើង​ខ្ញុំ​នេះ​ដូច្នេះ នោះ​តើ​មិន​មែន​ឈ្មោះ​ថា បាន​យោគ​យល់​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​បាន​ត្រឡប់​ជា​អ្នក​រើស​មុខ ដែល​មាន​គំនិត​អាក្រក់​ទេ​ឬ​អី?»។—យ៉ាកុប ២:១​-​៤

បើ​ពួក​អ្នក​មាន​ដែល​មិន​ជឿ​ព្រះ​មក​ប្រជុំ​ទាំង​ស្លៀក​ពាក់​សំលៀក​បំពាក់​និង​ពាក់​ចិញ្ជៀន​មាស​ដែល​មាន​តម្លៃ ហើយ​ក៏​មាន​ពួក​អ្នក​ក្រីក្រ​ដែល​មិន​ជឿ​ព្រះ​មក​ប្រជុំ​ដោយ​ស្លៀក​ពាក់​កខ្វក់​ចូល​មក​ដែរ នោះ​គេ​បង្ហាញ​ភាព​លំអៀង​ទៅ​កាន់​អ្នក​មាន។ ពួក​គេ​ទទួល​ពួក​អ្នក​មាន​ឲ្យ​អង្គុយ​«នៅ​ទី​ល្អ» តែ​ប្រាប់​ទៅ​អ្នក​ក្រ​ឲ្យ​ឈរ​ឬ​អង្គុយ​នៅ​ទៀប​ជើង​របស់​អ្នក​ណា​ម្នាក់។ ប៉ុន្តែ ដោយសារ​ព្រះ​មិន​បង្ហាញ​ភាព​លំអៀង នោះ​ទ្រង់​ប្រទាន​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ​ដល់​ពួក​អ្នក​មាន​និង​ពួក​អ្នក​ក្រ​ដែរ។ (យ៉ូប ៣៤:១៩; កូរិនថូសទី២ ៥:១៤) ដូច្នេះ​បើ​យើង​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា និង​បំរើ​ទ្រង់​ដោយ​ព្រម​ចិត្ត​គ្នា នោះ​យើង​មិន​ត្រូវ​បង្ហាញ​ភាព​លំអៀង ឬ‹សរសើរ​មនុស្ស​សំរាប់​ប្រយោជន៍​ខ្លួន​យើង›សោះ​ឡើយ។—យូដាស ៤, ១៦

ចូរ​ជៀស​ចេញ​ពី​ការ​ត្អូញត្អែរ

៨​. តើ​មាន​អ្វី​កើត​ឡើង​ដោយសារ​ពួក​អ៊ីស្រាអែល​បាន​រអ៊ូរទាំ​នោះ?

ដើម្បី​បន្ត​រក្សា​នូវ​សាមគ្គីភាព​របស់​យើង​និង​បន្ត​ទទួល​ព្រះ​គុណ​របស់​ព្រះ យើង​ត្រូវ​តែ​ធ្វើ​តាម​ឱវាទ​នេះ​របស់​ប៉ុល ពោល​គឺ​៖ «ចូរ​ធ្វើ​កិច្ចការ​ទាំង​អស់ ដោយ​ឥត​រអ៊ូរទាំ»។ (ភីលីព ២:១៤, ១៥ ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ព្រះ​បាន​រំដោះ​ពួក​អ៊ីស្រាអែល​ដែល​ខ្វះ​ជំនឿ​ចេញ​ពី​សេវកភាព​នៅ​អេស៊ីប តែ​ពួក​គេ​នៅ​តែ​រអ៊ូរទាំ​ដាក់​ម៉ូសេ អើរ៉ុន ដូច្នេះ​នេះ​ដូច​ជា​ពួក​គេ​រអ៊ូរទាំ​ដាក់​ព្រះ​យេហូវ៉ា​តែ​ម្ដង។ ដោយសារ​ពួក​គេ​មាន​ចិត្ត​គំនិត​បែប​នេះ នោះ​បុរស​ដែល​មាន​អាយុ​២០​ឆ្នាំ​ឡើង​លើមិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​សន្យា​ឡើយ ពួក​គេ​បាន​ស្លាប់​ក្នុង​កំឡុង​ការ​ធ្វើ​ដំណើរ​៤០​ឆ្នាំ​ក្នុង​ទី​រហោ​ស្ថាន លើក​លែង​តែ​យ៉ូស្វេ​និង​កាលែប​និង​ពួក​លេវី​ប៉ុណ្ណោះ​ដែល​មិន​ស្លាប់​នៅ​គ្រា​នោះ។ (ជនគណនា ១៤:២, ៣, ២៦​-​៣០; កូរិនថូសទី១ ១០:១០) ដោយសារ​ពួក​គេ​រអ៊ូរទាំ​នោះ​ពួក​គេ​បាន​ទទួល​លទ្ធផល​មិន​ល្អ​ទេ!

៩​. តើ​មាន​អ្វី​កើត​ឡើង​ដល់​ម៉ារាម​ដោយសារ​គាត់​រអ៊ូរទាំ​នោះ?

នេះ​បង្ហាញ​នូវ​អ្វី​ដែល​អាច​កើត​ឡើង​ដល់​សាសន៍​ទាំង​មូល​ដែល​រអ៊ូរទាំ។ ចុះ​យ៉ាង​ណា​ចំពោះ​មនុស្ស​ម្នាក់ៗ​ដែល​រអ៊ូរទាំ​នោះ? បង​ស្រី​របស់​ម៉ូសេ និង​អើរ៉ុន​ក៏​បាន​រអ៊ូរទាំ​ដែរ​៖ «តើ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​តែ​នឹង​ម៉ូសេ​តែ​ម្នាក់​ឯង ឥត​បាន​មាន​បន្ទូល​នឹង​យើង​ដែរ​ទេ​ឬ​អី?»។ កំណត់​ហេតុ​នេះ​ចែង​ទៀត​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​ក៏​ឮ​ពាក្យ​នោះ»។ (ជនគណនា ១២:១, ២) តើ​មាន​លទ្ធផល​យ៉ាង​ណា? តាម​មើល​ទៅ​ម៉ារាម​បាន​នាំ​មុខ​ការ​រអ៊ូរទាំ​នោះ ជា​លទ្ធផល​ព្រះ​បាន​ធ្វើ​ឲ្យ​គាត់​អាម៉ាស់​មុខ​ដែរ។ តើ​ទ្រង់​បាន​ធ្វើ​ដូច​នេះ​ដោយ​ដូច​ម្ដេច? ព្រះ​បាន​ធ្វើ​ឲ្យ​ម៉ារាម​កើត​ឃ្លង់ ដែល​តំរូវ​ឲ្យ​គាត់​នៅ​ក្រៅ​ជំរំ​អស់​ប្រាំ​ពីរ​ថ្ងៃ​រហូត​ដល់​គាត់​បាន​ស្អាត​ឡើង​វិញ។—ជនគណនា ១២:៩​-​១៥

១០, ១១​. បើ​យើង​មិន​ទប់ទល់​នឹង​ចិត្ត​រអ៊ូរទាំ​ទេ តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា? សូម​ពន្យល់។

១០ ការ​រអ៊ូរទាំ​គឺ​មិន​គ្រាន់​តែ​ជា​ការ​មិន​ពេញ​ចិត្ត​អំពើ​អាក្រក់​ប៉ុណ្ណោះ​ឡើយ។ ពួក​អ្នក​រអ៊ូរទាំ​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ គឺ​ខ្វល់ខ្វាយ​ហួស​ហេតុ​អំពី​អារម្មណ៍​ឬ​ឋានៈ​របស់​ខ្លួន ដោយ​ឲ្យ​គេ​គិត​អំពី​ខ្លួន​គាត់ ជាជាង​គិត​អំពី​ព្រះ​វិញ។ ប្រសិន​បើ​យើង​មិន​ទប់ទល់​នឹង​ចិត្ត​គំនិត​នេះ​ទេ នេះ​នាំ​ឲ្យ​មាន​ការ​ទាស់ទែង​គ្នា​ក្នុង​ចំណោម​អ្នក​ជឿ​គ្នីគ្នា និង​រំខាន​ដល់​ការ​ខំ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ព្រម​គ្នា។ នេះ​ជា​ការ​ពិត​មែន ពីព្រោះ​ពួក​អ្នក​រអ៊ូរទាំ​តែង​តែ​ប្រាប់​ពី​បញ្ហា​របស់​ពួក​គេ ដោយ​សង្ឃឹម​ក្នុង​ចិត្ត​ថា​អ្នក​ឯ​ទៀត​នឹង​អាណិត​ខ្លួន។

១១ ជា​ឧទាហរណ៍ មនុស្ស​ម្នាក់​ប្រហែល​រិះគន់​របៀប​ដែល​អ្នក​ចាស់ទុំ​ម្នាក់​ថ្លែង​សុន្ទរកថា​ក្នុង​ក្រុមជំនុំ ឬ​ធ្វើ​កិច្ចការ​របស់​គាត់។ ប្រសិន​បើ​យើង​ស្ដាប់​ពួក​អ្នក​រអ៊ូរទាំ យើង​ប្រហែល​ជា​ចាប់​ផ្ដើម​គិត​ដូច​គាត់​ដែរ។ មុន​នឹង​គ្រាប់​ពូជ​នេះ​បាន​ដុះ​ក្នុង​ចិត្ត​គំនិត​យើង ដំបូង​កិច្ចការ​របស់​អ្នក​ចាស់​ទុំ​នេះ​មិន​បាន​ធ្វើ​ឲ្យ​យើង​មិន​ពេញ​ចិត្ត​ទេ តែ​ឥឡូវ​នេះ​យើង​ទៅ​ជា​មាន​ចិត្ត​ក្ដៅ​ក្រហាយ​ទៅ​វិញ។ នៅ​ទីបំផុត អ្វីៗ​ណា​ក៏​ដោយ​ដែល​អ្នក​ចាស់​ទុំ​នោះ​ធ្វើ​គឺ​មិន​ត្រូវ​តាម​ចិត្ត​យើង​ទេ ហើយ​យើង​ក៏​អាច​ចាប់​ផ្ដើម​រអ៊ូរទាំ​អំពី​គាត់​ដែរ។ ការ​ប្រព្រឹត្ត​បែប​នេះ​គឺ​មិន​សម​ត្រឹម​ត្រូវ​ទេ​ក្នុង​ក្រុមជំនុំ​នៃ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នោះ។

១២​. តើ​ការ​រអ៊ូរទាំ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ទំនាក់ទំនង​របស់​យើង​ជា​មួយ​ព្រះ?

១២ បើ​យើង​រអ៊ូរទាំ​អំពី​បុរស​ដែល​មាន​ភារកិច្ច​មើល​ថែរក្សា​ហ្វូង​ចៀម​របស់​ព្រះ នេះ​ក៏​អាច​នាំ​ឲ្យ​យើង​ជេរ​ប្រមាថ​ពួក​គាត់​ទៀត​ផង។ ការ​រអ៊ូរទាំ​បែប​នេះ​ឬ​ការ​និយាយ​បង្ខូច​ពួក​អ្នក​ចាស់​ទុំ អាច​បង្ខូច​ទំនាក់ទំនង​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​បាន។ (និក្ខមនំ ២២:២៨) ពួក​អ្នក​ជេរ​ប្រមាថ​ដែល​មិន​កែ​ប្រែ​ចិត្ត​នឹង​គ្មាន​សិទ្ធិ​រស់​នៅ​ក្រោម​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ឡើយ។ (កូរិនថូសទី១ ៥:១១; ៦:១០) យូដាស​ជា​សិស្ស​ម្នាក់ បាន​សរសេរ​អំពី​ពួក​អ្នក​រអ៊ូរទាំ​ដែល​«មើលងាយ​ដល់​អស់​ទាំង​អំណាច​គ្រប់គ្រង ហើយ​ជេរ​ប្រមាថ​ដល់​ពួក​ប្រសើរ​ឧត្តម​ផង» ឬ​បង​ប្រុស​ដែល​ទទួល​ខុសត្រូវ​ក្នុង​ក្រុមជំនុំ។ (យូដាស ៨) ព្រះ​ឥត​សព្វ​ព្រះ​ហឫទ័យ​នឹង​ពួក​អ្នក​រអ៊ូរទាំ​ទាំង​នោះ​ឡើយ ហើយ​ដោយ​ប្រាជ្ញា​យើង​ត្រូវ​បដិសេធ​ចោល​ទង្វើ​ដ៏​អាក្រក់​នោះ។

១៣​. ហេតុ​អ្វី​ក៏​ការ​ត្អូញត្អែរ​ទាំង​អស់​គឺ​មិន​មែន​ជា​ការ​ខុស​នោះ​ទេ?

១៣ ប៉ុន្តែ មិន​មែន​ការ​រអ៊ូរទាំ​និង​ការ​ត្អូញត្អែរ​ទាំង​អស់​សុទ្ធតែ​មិន​សព្វ​ព្រះ​ហឫទ័យ​ទ្រង់​នោះ​ទេ។ ទ្រង់​មិន​បាន​ធ្វើ​កន្តើយ​នឹង​«សម្រែក»​អំពី​ក្រុង​សូដុំម​និង​ក្រុង​កូម៉ូរ៉ា​ទេ តែ​ទ្រង់​បាន​បំផ្លាញ​ចោល​ទី​ក្រុង​ទាំង​នោះ​វិញ។ (លោកុប្បត្តិ ១៨:២០, ២១; ១៩:២៤, ២៥) នៅ​ក្នុង​ក្រុង​យេរូសាឡិម​បន្ដិច​ក្រោយ​បុណ្យ​ថ្ងៃ​ទី៥០​នៅ​ឆ្នាំ​៣៣ ស.យ. «នោះ​ពួក​ហេលេន​ចាប់​តាំង​រទូរទាំ​ទាស់​នឹង​ពួក​ហេព្រើរ អំពី​ការ​ចែក​ចាយ​រាល់​តែ​ថ្ងៃ ដោយ​ព្រោះ​គេ​តែង​ធ្វេស​ការ​នឹង​ស្រី​មេម៉ាយ​របស់​ពួក​ហេលេន​នោះ»។ ជា​លទ្ធផល​«ពួក​សាវក​១២​នាក់»​បាន​រើស​តាំង‹មនុស្ស​ប្រាំ​ពីរ​នាក់​ដែល​មាន​ឈ្មោះ​ល្អ›ឲ្យ​«ត្រួតត្រា​លើ​ការងារ»​ខាង​ការ​ចែក​ម្ហូបអាហារ​នោះ។ (កិច្ចការ ៦:១​-​៦) ពួក​អ្នក​ចាស់​ទុំ​សព្វ​ថ្ងៃ​នេះ​មិន​ត្រូវ​«ចុក​ត្រចៀក​មិន​ស្ដាប់»​ការ​ត្អូញត្អែរ​ដែល​មាន​ហេតុ​ត្រឹម​ត្រូវ​នោះ​ទេ។ (សុភាសិត ២១:១៣) ជាជាង​រិះគន់​អ្នក​ជឿ​គ្នីគ្នា នោះ​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​លើក​ទឹក​ចិត្ត​ពួក​គេ​វិញ។—កូរិនថូសទី១ ៨:១

១៤​. តើ​យើង​ត្រូវ​ការ​គុណសម្បត្ដិ​បែប​ណា​ជា​ពិសេស បើ​យើង​ចង់​ជៀសវាង​ពី​ការ​រអ៊ូរទាំ?

១៤ យើង​គ្រប់​គ្នា​ត្រូវ​ជៀសវាង​ពី​ការ​រអ៊ូរទាំ ដ្បិត​គំនិត​រអ៊ូរទាំ​និង​ត្អូញត្អែរ​អាច​បង្ខូច​ភាព​ខាង​វិញ្ញាណ​របស់​យើង បើ​មាន​គំនិត​បែប​នេះ​នាំ​ឲ្យ​សាមគ្គីភាព​របស់​យើង​បែក​បាក់។ ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​យើង​អនុញ្ញាត​ឲ្យ​វិញ្ញាណ​បរិសុទ្ធ​បង្កើត​ឲ្យ​យើង​មាន​សេចក្ដី​ស្រឡាញ់​វិញ។ (កាឡាទី ៥:២២) ការ​ស្ដាប់​តាម‹ក្រិត្យ​វិន័យ​ដ៏​ប្រសើរ​អំពី​សេចក្ដី​ស្រឡាញ់› នឹង​ជួយ​យើង​ឲ្យ​បន្ត​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ព្រម​ចិត្ត​គ្នា។—យ៉ាកុប ២:៨; កូរិនថូសទី១ ១៣:៤​-​៨; ពេត្រុសទី១ ៤:៨

ចូរ​ជៀសវាង​និយាយ​បង្កាច់​បង្ខូច

១៥​. តើ​ការ​និយាយ​ដើម​គេ​និង​ការ​និយាយ​បង្កាច់​បង្ខូច​ខុស​គ្នា​យ៉ាង​ណា?

១៥ ដោយ​ព្រោះ​ការ​រអ៊ូរទាំ​អាច​នាំ​ឲ្យ​យើង​និយាយ​ដើម​គេ នោះ​យើង​ត្រូវ​តែ​ប្រយ័ត្ន​នូវ​អ្វី​ដែល​យើង​និយាយ។ ការ​និយាយ​ដើម​គេ​គឺ​ជា​ការ​និយាយ​អំពី​មនុស្ស​និង​រឿង​របស់​គេ។ ប៉ុន្តែ ការ​និយាយ​បង្កាច់​បង្ខូច​គឺ​ការ​និយាយ​អាក្រក់​ដើម្បី​ធ្វើ​ឲ្យ​ខូច​កេរ្ដិ៍​ឈ្មោះ​របស់​មនុស្ស​ម្នាក់។ ការ​និយាយ​បែប​នេះ​គឺ​ជា​ការ​ព្យាបាទ​ដែល​មិន​បង្ហាញ​ការ​គោរព​ដល់​ព្រះ​ទេ។ ដូច្នេះ​ហើយ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ពួក​អ៊ីស្រាអែល​ថា​៖ «មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ[បង្កាច់​បង្ខូច]ពី​គេ​ក្នុង​ពួក​សាសន៍​ឯង​ឡើយ»។—លេវី​វិន័យ ១៩:១៦

១៦​. តើ​ប៉ុល​បាន​និយាយ​យ៉ាង​ណា​អំពី​ពួក​អ្នក​ខ្លះ​ដែល​និយាយ​ដើម​គេ? តើ​យើង​គួរ​មាន​គំនិត​យ៉ាង​ណា​អំពី​ឱវាទ​របស់​គាត់?

១៦ ដោយ​ព្រោះ​ការ​និយាយ​អ្វី​ដែល​ឥត​បាន​ការ​អាច​នាំ​ឲ្យ​មាន​ការ​និយាយ​បង្កាច់​បង្ខូច នោះ​ប៉ុល​បាន​ស្តី​បន្ទោស​ពួក​អ្នក​ខ្លះ​ដែល​និយាយ​ដើម​គេ។ ក្រោយ​ពី​បាន​ពណ៌នា​អំពី​ស្ត្រី​មេម៉ាយ​ដែល​គួរ​នឹង​ទទួល​ជំនួយ​ពី​ក្រុមជំនុំ នោះ​ប៉ុល​បាន​សំដៅ​ទៅ​ស្ត្រី​មេម៉ាយ​ដែល​«ទំលាប់​នៅ​ដៃ​ទំនេរ ទាំង​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ មិន​ត្រឹម​តែ​នៅ​ដៃ​ទំនេរ​តែ​ប៉ុណ្ណោះ គឺ​មាន​ទាំង​មាត់​ប៉ប៉ាច់ប៉ប៉ោច ហើយ​បេះបួយ ក៏​និយាយ​សេចក្ដី​ដែល​មិន​គួរ​គប្បី​ថែម​ទៀត​ផង»។ (ធីម៉ូថេទី១ ៥:១១​-​១៥) ប្រសិន​បើ​ស្ត្រី​គ្រីស្ទាន​ម្នាក់​ដឹង​ថា គាត់​មាន​ភាព​ទន់ខ្សោយ​បែប​នេះ ដែល​និយាយ​រហូត​ដល់​បង្កាច់​បង្ខូច​គេ នោះ​យក​ល្អ​ឲ្យ​គាត់​ត្រូវ​ធ្វើ​តាម​ឱវាទ​របស់​ប៉ុល គឺ​ថា​៖ «ត្រូវ​មាន​ចិត្ត​នឹង​ធឹង​ដែរ ឥត​ចេះ​និយាយ​ដើម​គេ»។ (ធីម៉ូថេទី១ ៣:១១) ប្រាកដ​ហើយ ពួក​បុរស​គ្រីស្ទាន​ក៏​ត្រូវ​ជៀសវាង​ពី​ការ​និយាយ​ដើម​គេ​ដែរ។—សុភាសិត ១០:១៩

ចូរ​ឈប់​វិនិច្ឆ័យ​គេ

១៧, ១៨​. (ក) តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​យ៉ាង​ណា​អំពី​ការ​វិនិច្ឆ័យ​បងប្អូន​យើង? (ខ) តើ​យើង​អាច​អនុវត្ត​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ​អំពី​ការ​ចូល​ចិត្ត​វិនិច្ឆ័យ​គេ​យ៉ាង​ណា?

១៧ ទោះ​ជា​យើង​មិន​និយាយ​បង្កាច់​បង្ខូច​គេ ក៏​យើង​ត្រូវ​ខំ​ប្រឹង​ជៀសវាង​ពី​ការ​និយាយ​វិនិច្ឆ័យ​គេ​ដែរ។ ព្រះ​យេស៊ូ​ផ្ដន្ទា​ទោស​ចិត្ត​គំនិត​បែប​នេះ ពេល​ទ្រង់​បាន​មាន​បន្ទូល​ថា​៖ «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កំទេច ដែល​នៅ​ក្នុង​ភ្នែក​របស់​បងប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​សោះ​ដូច្នេះ ឬ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​និយាយ​នឹង​បងប្អូន​ថា ចូរ​ឲ្យ​អញ​យក​កំទេច​ពី​ភ្នែក​ឯង​ចេញ តែ​មើល! មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​ខ្លួន​អ្នក​វិញ អ្នក​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​របស់​បងប្អូន​អ្នក​បាន​ដែរ»។—ម៉ាថាយ ៧:១​-​៥

១៨ យើង​មិន​គួរ​សន្មត​ថា​យើង​ចង់​យក​«កំទេច»​ចេញ​ពី​ភ្នែក​របស់​បងប្អូន​យើង​ដើម្បី​ជួយ​គាត់ ពេល​យើង​គ្មាន​សមត្ថភាព​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយសារ​មាន​«ធ្នឹម»​នៅ​ក្នុង​ភ្នែក​របស់​យើង​ឡើយ។ តាម​ពិត បើ​យើង​យល់​ថា​ព្រះ​មាន​សេចក្ដី​មេត្ដាករុណា​ចំពោះ​យើង នោះ​យើង​នឹង​មិន​មាន​ចិត្ត​ថ្កោល​ទោស​បងប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​ឡើយ។ តើ​យើង​អាច​យល់​ទឹក​ចិត្ត​របស់​បងប្អូន​យើង​ដូច​ព្រះ​វរបិតា​នៅ​ស្ថានសួគ៌​យ៉ាង​ណា​បាន? ហេតុ​នេះ​ហើយ​បាន​ព្រះ​យេស៊ូ​ព្រមាន​យើង‹កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​យើង​វិញ›។ ការ​ដឹង​អំពី​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​យើង គួរ​ទប់​យើង​ពី​ការ​និយាយ​វិនិច្ឆ័យ​គេ ព្រោះ​ទង្វើ​នេះ​ព្រះ​រាប់​ទុក​ជា​អំពើ​ទុច្ចរិត។

ទន់ខ្សោយ​តែ​មាន​កិត្ដិយស

១៩​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក​ជឿ​គ្នីគ្នា?

១៩ ប្រសិន​បើ​យើង​តាំង​ចិត្ត​បំរើ​ព្រះ​ដោយ​ព្រម​ចិត្ត​គ្នា​ជា​មួយ​នឹង​អ្នក​ជឿ​គ្នីគ្នា យើង​មិន​គ្រាន់​តែ​អាច​ជៀសវាង​ពី​ការ​វិនិច្ឆ័យ​ទេ តែ​យើង​នឹង​នាំ​មុខ​ក្នុង​ការ​លើក​កិត្ដិយស​គេ​វិញ។ (រ៉ូម ១២:១០) តាម​ពិត យើង​នឹង​គិត​អំពី​ប្រយោជន៍​គេ មិន​មែន​ប្រយោជន៍​របស់​យើង​ទេ។ ដោយ​មាន​ចិត្ត​រាប​ទាប យើង​នឹង​មាន​អំណរ​ធ្វើ​កិច្ចការ​ផ្សេងៗ​ដើម្បី​ជួយ​ពួក​គេ។ (យ៉ូហាន ១៣:១២​-​១៧; កូរិនថូសទី១ ១០:២៤) តើ​យើង​អាច​រក្សា​ចិត្ត​គំនិត​ដ៏​ល្អ​បែប​នេះ​យ៉ាង​ណា? ដោយ​នឹក​ចាំ​ថា​អ្នក​ជឿ​គ្រប់​រូប​គឺ​មាន​តម្លៃ​ដ៏​វិសេស​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ថា​យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​អវយវៈ​និង​សរីរាង្គ​និមួយៗ​នៃ​រូប​កាយ​ពឹង​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។—កូរិនថូសទី១ ១២:១៤​-​២៧

២០, ២១​. តើ​ធីម៉ូថេទី២ ២:២០, ២១ មាន​ន័យ​ខ្លឹមសារ​យ៉ាង​ណា​ចំពោះ​យើង?

២០ ពិត​មែន បណ្ដា​គ្រីស្ទាន​គឺ​ជា​ភាជនៈ​ដី​ដ៏​ខ្សោយ ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​នូវ​ទ្រព្យ​សម្បត្ដិ​ពោល​គឺ​ជា​កិច្ច​បំរើ​ផ្សាយ។ (កូរិនថូសទី២ ៤:៧) ប្រសិន​បើ​យើង​ចង់​ធ្វើ​កិច្ចការ​ដ៏​ពិសិដ្ឋ​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា នោះ​យើង​ត្រូវ​រក្សា​ជំហរ​ដ៏​ថ្លៃថ្នូរ​ចំពោះ​ព្រះ​និង​រាជបុត្រា​របស់​ទ្រង់។ ដរាប​ណា​យើង​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​និង​ខាង​វិញ្ញាណ នោះ​ទើប​យើង​អាច​ទៅ​ជា​ភាជនៈ​ដី​ដ៏​ថ្លៃថ្នូរ​ដែល​ព្រះ​ប្រើ។ ក្នុង​ករណី​នេះ ប៉ុល​បាន​សរសេរ​ថា​៖ «នៅ​ក្នុង​ផ្ទះ​ធំ មិន​មែន​មាន​សុទ្ធតែ​គ្រឿង​ប្រដាប់​មាស​ប្រាក់​ម្យ៉ាង​ទេ គឺ​មាន​ប្រដាប់​ធ្វើ​ពី​ឈើ ហើយ​ពី​ដី​ដែរ ខ្លះ​សំរាប់​ការ​ប្រសើរ ខ្លះ​សំរាប់​ការ​អាប់ឱន​វិញ ដូច្នេះ បើ​អ្នក​ណា​បាន​សំអាត​ខ្លួន ពី​សេចក្ដី​ទាំង​នោះ អ្នក​នោះ​នឹង​បាន​ជា​ប្រដាប់​សំរាប់​ការ​ប្រសើរ ដោយ​បាន​ញែក​ជា​បរិសុទ្ធ​ហើយ ក៏​មាន​ប្រយោជន៍​ដល់​ម្ចាស់​ផង ទុក​ជា​ប្រដាប់​ដែល​បាន​រៀប​ចំ សំរាប់​ការ​ល្អ​គ្រប់​ជំពូក»។—ធីម៉ូថេទី២ ២:២០, ២១

២១ បុគ្គល​ណា​ដែល​មិន​ប្រព្រឹត្ត​សម​ស្រប​តាម​សេចក្ដី​ត្រូវ​ការ​របស់​ព្រះ គឺ​ជា‹ភាជនៈ​ដី​សំរាប់​ការ​អាប់ឱន›។ ប៉ុន្តែ បើ​យើង​បន្ត​ធ្វើ​កិច្ចការ​របស់​ព្រះ យើង​នឹង​ជា‹ភាជនៈ​ដី​សំរាប់​ការ​ប្រសើរ និង​បាន​ញែក​ជា​បរិសុទ្ធ​ហើយ ក៏​មាន​ប្រយោជន៍​ដល់​កិច្ចការ​របស់​ព្រះ​យេហូវ៉ា​ផង ទុក​ជា​ប្រដាប់​ដែល​បាន​រៀប​ចំ សំរាប់​ការ​ល្អ​គ្រប់​ជំពូក›។ ដូច្នេះ​យើង​អាច​សួរ​ខ្លួន​ថា​៖ ‹តើ​ខ្ញុំ​ជា‹ភាជនៈ​ដី​សំរាប់​ការ​ប្រសើរ›ឬ​ទេ? តើ​ខ្ញុំ​មាន​អានុភាព​ល្អ​លើ​អ្នក​ជឿ​គ្នីគ្នា​ឬ​ទេ? តើ​ខ្ញុំ​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុមជំនុំ ដែល​ព្រម​ចិត្ត​គ្នា​ជា​មួយ​អ្នក​ជឿ​គ្នីគ្នា​ឬ​ទេ›?

ចូរ​បន្ត​បំរើ​ព្រះ​ដោយ​ព្រម​ចិត្ត​គ្នា​ចុះ!

២២​. តើ​យើង​អាច​ប្រៀបធៀប​ក្រុមជំនុំ​គ្រីស្ទាន​ទៅ​នឹង​អ្វី?

២២ ក្រុមជំនុំ​គ្រីស្ទាន​គឺ​ជា​របៀប​រៀប​ចំ​ដែល​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​មួយ។ គឺ​មាន​បរិយាកាស​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​មាន​ប្រយោជន៍​ល្អ​ក្នុង​គ្រួសារ ពេល​សមាជិក​ទាំង​អស់​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ក្រុម​គ្រួសារ​អាច​មាន​បុគ្គល​ដែល​មាន​បុគ្គលិកលក្ខណៈ​ផ្សេងៗ ប៉ុន្តែ​បុគ្គល​ម្នាក់ៗ​មាន​មុខ​នាទី​ត្រឹម​ត្រូវ​ក្នុង​គ្រួសារ។ នេះ​ក៏​ស្រដៀង​គ្នា​ក្នុង​ក្រុមជំនុំ​ដែរ។ ទោះ​ជា​យើង​មាន​បុគ្គលិកលក្ខណៈ​ខុស​គ្នា ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ក៏​ដោយ ក៏​ព្រះ​បាន​ទាញ​នាំ​យើង​មក​តាម​រយៈ​ព្រះ​គ្រីស្ទ​ដែរ។ (យ៉ូហាន ៦:៤៤; ១៤:៦) ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​ស្រឡាញ់​យើង ហើយ​ដូច​គ្រួសារ​ដែល​មាន​សាមគ្គីភាព យើង​ច្បាស់​ជា​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។—យ៉ូហានទី១ ៤:៧​-​១១

២៣​. តើ​យើង​គួរ​នឹក​ចាំ​អ្វី? ហើយ​តើ​យើង​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី?

២៣ ក្រុមជំនុំ​គ្រីស្ទាន​ដែល​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​មួយ ក៏​ជា​កន្លែង​ដែល​យើង​ត្រូវ​មាន​ភក្ដីភាព​ដែរ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង នឹង​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​ខឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ»។ (ធីម៉ូថេទី១ ២:៨) ដោយ​ពំនោល​នេះ ប៉ុល​បញ្ជាក់​ទំនាក់ទំនង​រវាង​ភក្ដីភាព​នឹង​សេចក្ដី​អធិស្ឋាន​ជា​សាធារណៈ នៅ​«គ្រប់​ទី​កន្លែង» ដែល​ពួក​គ្រីស្ទាន​រួបរួម​ជា​មួយ​គ្នា​នោះ។ មាន​តែ​បុរស​ដែល​មាន​ភក្ដីភាព​ប៉ុណ្ណោះ ដែល​ត្រូវ​អធិស្ឋាន​តំណាង​ក្រុមជំនុំ។ ប្រាកដ​ហើយ ព្រះ​តម្រូវ​យើង​ទាំង​អស់​គ្នា​ឲ្យ​មានចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​និង​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (សាស្ដា ១២:១៣, ១៤) ដូច្នេះ​ហើយ សូម​ឲ្យ​យើង​តាំង​ចិត្ត​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​សាមគ្គីភាព ដូច​ជា​អវយវៈ​និង​សរីរាង្គ​របស់​រូប​កាយ​ដែរ។ សូម​ឲ្យ​យើង​បំរើ​ព្រះ​ដោយ​មាន​សាមគ្គីភាព ជា​ផ្នែក​នៃ​ក្រុម​គ្រួសារ​ជា​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា។ អ្វី​ដែល​សំខាន់​បំផុត នោះ​សូម​ឲ្យ​យើង​នឹក​ចាំ​ថា យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ​នឹង​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង ប្រសិន​បើ​យើង​បន្ត​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ព្រម​ចិត្ត​គ្នា​នោះ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​អ្វី​ដែល​ជួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បំរើ​ទ្រង់​ដោយ​ព្រម​ចិត្ត​គ្នា?

ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​ជៀសវាង​ភាព​លំអៀង?

តើ​អ្នក​គិត​ថា​ការ​រអ៊ូរទាំ​ខុស​យ៉ាង​ណា?

ហេតុ​អ្វី​ក៏​យើង​គួរ​លើក​កិត្ដិយស​អ្នក​ជឿ​គ្នីគ្នា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៦]

ពេត្រុស​បាន​ដឹង​ថា «ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ»

[រូបភាព​នៅ​ទំព័រ​២៧]

តើ​អ្នក​ដឹង​នូវ​មូលហេតុ​ដែល​ព្រះ​ធ្វើ​ឲ្យ​ម៉ារាម​អាម៉ាស់​មុខ​ទេ?

[រូបភាព​នៅ​ទំព័រ​២៩]

ពួក​គ្រីស្ទាន​ស្មោះ​ត្រង់​ដែល​មាន​ចិត្ត​អំណរ បំរើ​ព្រះ​យេហូវ៉ា​ដោយ​ព្រម​ចិត្ត​គ្នា