លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកគ្រីស្ទានដែលកាន់អព្យាក្រឹតនៅថ្ងៃជាន់ក្រោយបង្អស់

ពួកគ្រីស្ទានដែលកាន់អព្យាក្រឹតនៅថ្ងៃជាន់ក្រោយបង្អស់

ពួក​គ្រីស្ទាន​ដែល​កាន់​អព្យាក្រឹត​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់

​«គេ​មិន​មែន​ជា​របស់​ផង​លោកីយ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ»។—យ៉ូហាន ១៧:១៦

១, ២​. ស្តី​អំពី​ទំនាក់ទំនង​របស់​ពួក​អ្នក​កាន់​តាម​ទ្រង់​ជា​មួយ​នឹង​លោកីយ៍​នេះ តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​យ៉ាង​ណា? ហើយ​តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​នោះ​ធ្វើ​ឲ្យ​យើង​ឆ្ងល់​ចំពោះ​សំនួរ​អ្វី​ខ្លះ?

នៅ​រាត្រី​ចុង​ក្រោយ​នៃ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​ជា​មនុស្ស​គ្រប់ល័ក្ខណ៍​នោះ ទ្រង់​បាន​អធិស្ឋាន​អស់​រយៈ​ពេល​យ៉ាង​យូរ​នៅ​ខាង​មុខ​ពួក​សិស្ស​របស់​ទ្រង់។ ក្នុង​សេចក្ដី​អធិស្ឋាន​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ដោយ​ពណ៌នា​អំពី​ជីវិត​របស់​ពួក​គ្រីស្ទាន​ពិត​ទាំងឡាយ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា​៖ «ទូលបង្គំ​បាន​ឲ្យ​ព្រះ​បន្ទូល​ទ្រង់​ដល់​គេ ហើយ​លោកីយ​បាន​ស្អប់​គេ ពីព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ​ទេ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ។ ទូលបង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ។ គេ​មិន​មែន​ជា​របស់​ផង​លោកីយ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ»។—យ៉ូហាន ១៧:១៤​-​១៦

ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ពីរដងថា ពួក​អ្នក​កាន់​តាម​ទ្រង់​មិន​មែន​ជា​របស់ផង​លោកីយ៍​ទេ។ ម្យ៉ាងទៀត ការ​ញែក​ខ្លួន​ដោយ​ឡែក​ពី​លោកីយ៍​នេះ នឹង​បណ្ដាល​ឲ្យ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ជា​មួយ​នឹង​លោកីយ៍​នេះ ពោល​គឺ លោកីយ៍​នឹង​ស្អប់​ពួក​គេ។ យ៉ាង​ណា​ក្ដី ពួក​គ្រីស្ទាន​មិន​គួរ​បាក់​ទឹកចិត្ត​ឡើយ ត្បិត​ព្រះ​យេហូវ៉ា​នឹង​មើល​ថែរក្សា​ពួក​គេ។ (សុភាសិត ១៨:១០; ម៉ាថាយ ២៤:៩, ១៣) ដោយ​ដឹង​អំពី​បន្ទូល​របស់​ព្រះ​យេស៊ូ​នោះ យើង​ប្រហែល​ជា​ឆ្ងល់​ថា​៖ ‹ហេតុអ្វី​បាន​ជា​ពួក​គ្រីស្ទាន​មិន​មែន​ជា​របស់​ផង​លោកីយ៍? តើ​ការ​មិន​ធ្វើ​ជា​របស់​ផង​លោកីយ៍​នោះ​រួម​បញ្ចូល​អ្វី​ខ្លះ? បើ​លោកីយ៍​នេះ​ស្អប់​ពួក​គ្រីស្ទាន​មែន តើ​ពួក​គ្រីស្ទាន​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​លោកីយ៍​វិញ? ជា​ពិសេស តើ​ពួក​គ្រីស្ទាន​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​រដ្ឋាភិបាល​ក្នុង​លោកីយ៍​នេះ?›។ ចំលើយ​ពី​ព្រះ​គម្ពីរ​ចំពោះ​សំនួរ​ទាំង​នេះ​គឺ​សំខាន់​ណាស់ ពីព្រោះ​ជីវិត​របស់​យើង​រាល់​គ្នា​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ចំលើយ​នៃ​សំនួរ​ទាំង​នេះ​ដែរ។

«យើង​មក​ពី​ព្រះ​ពិត»

៣​. (ក) តើ​អ្វី​ទៅ​ដែល​ញែក​យើង​ដោយ​ឡែក​ពី​លោកីយ៍​នេះ? (ខ) តើ​មាន​ទីសំអាង​អ្វី​ដែល​បញ្ជាក់​ថា លោកីយ៍​នេះ​កំពុងតែ​«ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេកំណាច»?

មូលហេតុ​មួយ​ដែល​យើង​មិន​មែន​ជា​របស់​ផង​លោកីយ៍​នេះ គឺ​ដោយសារ​ចំណង​មេត្រីភាព​ជិតស្និទ្ធ​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ «យើង​ដឹង​ថា​យើង​មក​ពី​ព្រះ​ពិត តែ​លោកីយ​ទាំងមូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេកំណាច​វិញ»។ (យ៉ូហានទី១ ៥:១៩) ពាក្យ​នេះ​របស់​យ៉ូហាន​បាន​ត្រូវ​បញ្ជាក់​ថា​ជា​ការ​ពិត​មែន។ សង្គ្រាម ឧក្រិដ្ឋកម្ម អំពើ​កាច​សាហាវ ការ​ជិះជាន់ ភាព​មិន​ទៀងត្រង់ និង​អំពើ​អសីលធម៌​ដែល​មាន​ពេញពាស​នៅ​សព្វថ្ងៃ​នេះ ជា​ភស្តុតាង​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ពិត​ជា​ឥទ្ធិពល​របស់​សាតាំង មិន​មែន​របស់​ព្រះ​ទេ។ (យ៉ូហាន ១២:៣១; កូរិនថូសទី២ ៤:៤; អេភេសូរ ៦:១២) ពេល​មនុស្ស​ម្នាក់​ក្លាយ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គាត់​នឹង​លែង​ធ្វើ​អំពើ​ដ៏​ខុស​ឆ្គង​ដោយ​ចេតនា ឬ​ពេញចិត្ត​នឹង​ការ​ប្រព្រឹត្ត​អំពើ​បែប​នោះ​ទៀត​ហើយ ដូច្នេះ​តាម​ការ​ប្រព្រឹត្ត​បែប​នេះ​គាត់​លែង​រួម​ចំណែក​ជា​របស់​ផង​លោកីយ៍​តទៅ​ទៀត។—រ៉ូម ១២:២; ១៣:១២​-​១៤; កូរិនថូសទី១ ៦:៩​-​១១; យ៉ូហានទី១ ៣:១០​-​១២

៤​. តើ​យើង​បង្ហាញ​យ៉ាង​ណា​ថា យើង​ជា​របស់​ផង​ព្រះ​យេហូវ៉ា?

យ៉ូហាន​បាន​ប្រាប់​ថា ពួក​គ្រីស្ទាន​គឺ​ខុស​ពី​លោកីយ៍​នេះ​ពីព្រោះ​ពួក​គេ «មក​ពី​ព្រះ​ពិត»។ មនុស្ស​ទាំងឡាយ​ណា​ដែល​បានថ្វាយ​ខ្លួន​ចំពោះ​ព្រះ​គឺ​ជា​របស់​ផង​ទ្រង់។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា​៖ «ទោះ​បើ​យើង​រស់​ឬ​ស្លាប់​ក្ដី គង់​តែ​យើង​ត្រូវ​រស់​ឬ​ស្លាប់​ថ្វាយ​ព្រះ​អម្ចាស់​វិញ។ ដូច្នេះ បើ​រស់​ឬ​ស្លាប់​ក្ដី នោះ​យើង​ក៏​ជា​របស់​ផង​ព្រះ​អម្ចាស់​ដែរ»។ (រ៉ូម ១៤:៨; ទំនុកដំកើង ១១៦:១៥) យើង​ជា​របស់​ផង​ទ្រង់​ពីព្រោះ​យើង​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​តែ​មួយ​អង្គ​ប៉ុណ្ណោះ។ (និក្ខមនំ ២០:៤​-​៦) បើ​ដូច្នេះ ពួក​គ្រីស្ទាន​ពិត​មិន​ប្រើ​ជីវិត​ខ្លួន​ដើម្បី​បំពេញ​តាម​គោលដៅ ឬ​មហិច្ឆ​តា​ខាង​លោកីយ៍​នេះ​ឡើយ។ ពួក​គ្រីស្ទាន​បង្ហាញ​ការ​គោរព​ចំពោះ​អ្វី​ដែល​ជា​និមិត្តរូប​របស់​ជាតិ​សាសន៍​និមួយៗ​មែន ប៉ុន្តែ​ពួក​គេ​មិន​ថ្វាយបង្គំ​ចំពោះ​អ្វី​ដែល​ជា​និមិត្តរូប​របស់​ជាតិ​សាសន៍​ទាំង​នោះ​ដោយ​ចិត្ត​គំនិត ឬ​ដោយ​ការ​ប្រព្រឹត្ត​ឡើយ។ ជន​គ្រីស្ទាន​ក៏​មិន​ថ្វាយបង្គំ​កីឡា​ករ​កីឡា​ការ​នី ឬ​បុគ្គល​ណា​ដែល​ជា​និមិត្តរូប​របស់​លោកីយ៍​នេះ​ដែរ។ ពួក​គ្រីស្ទាន​ច្បាស់​ជា​គោរព​សិទ្ធិ​សេរីភាព​មនុស្ស​ឯទៀត​ដែល​កាន់​សាសនា​ផ្សេង តែ​ពួក​គ្រីស្ទាន​ថ្វាយបង្គំ​តែ​ព្រះ​ដែល​ជា​អ្នក​បង្កើត​តែ​មួយ​អង្គ​ប៉ុណ្ណោះ។ (ម៉ាថាយ ៤:១០; វិវរណៈ ១៩:១០) ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គ្រីស្ទាន​នៅ​ដោយ​ឡែក​ពី​លោកីយ៍។

«នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ​នេះ​ទេ»

៥, ៦​. តើ​ដូចម្ដេច​បាន​ជា​ការ​ចុះចូល​ចំពោះ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ញែក​យើង​ដោយ​ឡែក​ពី​លោកីយ៍​វិញ?

មូលហេតុ​មួយ​ទៀត​ដែល​ពួក​គ្រីស្ទាន​មិន​មែន​ជា​របស់​ផងលោកីយ៍ គឺ​ពីព្រោះ​ពួក​គេ​ជា​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​យេស៊ូ ហើយ​ក៏ជា​រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ នៅ​ចំពោះ​មុខ​ការ​កាត់​ក្ដី​ពី​លោក​ប៉ុនទាស​ពីឡាត់​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ​នេះ​ទេ។ បើសិន​ជា​នគរ​ខ្ញុំ​ត្រូវ​ខាង​លោកីយ​នេះ នោះ​ពួក​អ្នក​បំរើ​ខ្ញុំ គេ​នឹង​បាន​តយុទ្ធ​ហើយ ដើម្បី​មិន​ឲ្យ​ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​សាសន៍​យូដា​ឡើយ។ តែ​ឥឡូវ​នេះ នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​ស្ថាន​នេះ​ទេ»។ (យ៉ូហាន ១៨:៣៦) ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​វិធី​ដើម្បី​លើក​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​បរិសុទ្ធ និង​ដើម្បី​លើក​បញ្ជាក់​នូវ​ភាព​ខ្ពង់ខ្ពស់​បំផុត​របស់​ទ្រង់ ហើយ​ដើម្បី​សម្រេច​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​ផែនដី​ឲ្យ​ដូច​សម្រេច​នៅ​ស្ថានសួគ៌​ដែរ។ (ម៉ាថាយ ៦:៩, ១០) គ្រប់​ពេល​គ្រប់​វេលា​ដែល​ព្រះ​យេស៊ូ​ធ្វើ​កិច្ចបំរើ​ផ្សាយ​របស់​ទ្រង់​នោះ ទ្រង់​បាន​ផ្សព្វផ្សាយ​នូវ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ហើយ​ទ្រង់​បាន​មាន​បន្ទូល​ថា ពួក​អ្នក​កាន់​តាម​ទ្រង់​ក៏​នឹង​ប្រកាស​ប្រាប់​អំពី​ព្រះ​រាជាណាចក្រ​នោះ​រហូត​ដល់​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ​ដែរ។ (ម៉ាថាយ ៤:២៣; ២៤:១៤) នៅ​ឆ្នាំ​១៩១៤ ពាក្យ​ទំនាយ​នៅ​វិវរណៈ ១១:១៥ បាន​ត្រូវ​សម្រេច​ហើយ​ដែល​ថា​៖ «នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះ​អម្ចាស់​នៃ​យើង​រាល់គ្នា នឹង​ជា​របស់​ផង​ព្រះ​គ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់កល្ប​ជានិច្ច​រៀងរាប​តទៅ»។ ឆាប់ៗ​ខាង​មុខ​នេះ ព្រះ​រាជាណាចក្រ​នៅ​ស្ថានសួគ៌​នឹង​ធ្វើ​ជា​រាជ​រដ្ឋាភិបាល​តែ​មួយ​គត់​ដែល​នឹង​គ្រប់គ្រង​លើ​មនុស្ស​ជាតិ។ (ដានីយ៉ែល ២:៤៤) ដល់​កំណត់​ពេល​នោះ ពួក​អ្នក​គ្រប់គ្រង​ទាំងឡាយ​ក្នុង​លោកីយ៍​នេះ​ក៏​នឹង​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​អំណាច​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែរ។—ទំនុកដំកើង ២:៦​-​១២

អាស្រ័យ​ហេតុ​នេះ​ហើយ ពួក​គ្រីស្ទាន​ពិត​សព្វថ្ងៃ​នេះ​ជា​រាស្ត្រ​នៃ​ព្រះរាជាណាចក្រ​របស់​ព្រះ ពួក​គេ​ក៏​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​យេស៊ូ​ផង​ដែរ ដោយ​«ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន»។ (ម៉ាថាយ ៦:៣៣) នេះ​មិន​បាន​សេចក្ដី​ថា ពួក​គ្រីស្ទាន​ត្រូវ​លះបង់​ភក្ដីភាព​ចំពោះ​មាតុ​ប្រទេស​ដែល​ជា​ទីលំនៅ​របស់​ខ្លួន​នោះ​ទេ តែ​ពួក​គេ​បាន​ត្រូវ​ញែក​ដោយ​ឡែក​ពី​លោកីយ៍​នេះ​វិញ។ កិច្ចការ​ចំបង​របស់​ពួក​គ្រីស្ទាន​សព្វថ្ងៃ​នេះ គឺ​ដូច​នៅ​សតវត្ស​ទីមួយ​ដែរ ពោល​គឺ ‹ការ​ធ្វើ​បន្ទាល់​សព្វ​គ្រប់ ពី​នគរ​ព្រះ›។ (កិច្ចការ ២៨:២៣) គ្មាន​រដ្ឋាភិបាល​ណា​របស់​មនុស្ស​ដែល​មាន​សិទ្ធិ​រារាំង​កិច្ចការ​នេះ​ដែល​ព្រះ​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ​នោះ​ទេ។

៧​. ហេតុអ្វី​បាន​ជា​ពួក​គ្រីស្ទាន​ពិត​កាន់​អព្យាក្រឹត? ហើយ​តើ​ពួក​គេ​បាន​កាន់​អព្យាក្រឹត​យ៉ាង​ដូចម្ដេច?

ដោយ​ហេតុ​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​របស់​ផង​ព្រះ​យេហូវ៉ា និង​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ ហើយ​ជា​រាស្ត្រ​របស់​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែរ នោះ​ក្នុង​សតវត្ស​ទី២០​និង​២១​នេះ ពួក​គេ​បាន​កាន់​អព្យាក្រឹត​ក្នុង​រឿង​ជំលោះ​រវាង​ជាតិ និង​អន្តរជាតិ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​គាំទ្រ​ខាង​ណា​ឡើយ ក៏​មិន​ព្រម​កាន់​អាវុធ​ដើម្បី​ទៅ​តយុទ្ធ​នឹង​អ្នក​ឯទៀត ហើយ​មិន​ឃោសនា ឬ​លើក​ដំកើង​ទស្សនៈ​និង​គំនិត​ណា​របស់​លោកីយ៍​នេះ​ទេ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ជំនឿ​មាំមួន​ជានិច្ច ទោះ​ជា​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ក៏​ដោយ ហើយ​ពួក​គេ​ក៏​ធ្វើ​តាម​ពាក្យ​សំដី​របស់​ខ្លួន ដែល​បាន​ប្រាប់​ពួក​ណាត្ស៊ី​ជា​អ្នក​គ្រប់គ្រង​ប្រទេស​អាឡឺម៉ង់​នា​ឆ្នាំ​១៩៣៤ ដែល​ថា​៖ «យើង​ខ្ញុំ​មិន​ចាប់​អារម្មណ៍​រឿង​នយោបាយ​ទេ យើង​ខ្ញុំ​បាន​ប្រគល់​ខ្លួន​ទាំង​ស្រុង​ដើម្បី​បំរើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​មាន​ព្រះ​គ្រីស្ទ​ជា​ស្តេច។ យើង​ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​មាន​របួស ឬ​ទទួល​នូវ​ការ​ឈឺចាប់​ឡើយ។ យើង​ខ្ញុំ​ពេញ​ចិត្ត​រស់​នៅ​ដោយ​សន្ដិភាព ហើយ​យើង​ខ្ញុំ​ចង់​ប្រព្រឹត្ត​ការ​ល្អ​ចំពោះ​មនុស្ស​ទាំងឡាយ​តាម​ដែល​យើង​ខ្ញុំ​មាន​ឱកាស​ធ្វើ»។

រាជ​ទូត​និង​អ្នក​នាំ​សារ​ដែល​តំណាង​ព្រះ​គ្រីស្ទ

៨, ៩​. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សព្វថ្ងៃ​នេះ ធ្វើ​ការ​ជា​រាជ​ទូត​និង​ជា​អ្នក​នាំ​សារ​យ៉ាង​ណា? ហើយ​តើ​នេះ​បណ្ដាល​ឲ្យ​គេ​មាន​ទំនាក់ទំនង​យ៉ាង​ណា ជា​មួយ​ប្រទេសជាតិ​និមួយៗ?

ប៉ុល​បាន​ពណ៌នា​ថា ខ្លួន​គាត់​និង​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​គ្នីគ្នា​របស់​គាត់​ជា​«ទូត​ដំណាង​ព្រះ​គ្រីស្ទ ហាក់​ដូច​ជា​ព្រះ​ទ្រង់​អង្វរ​ដោយសារ​យើង​ខ្ញុំ»។ (កូរិនថូសទី២ ៥:២០; អេភេសូរ ៦:២០) តាំង​ពី​ឆ្នាំ​១៩១៤ ពួក​គ្រីស្ទាន​ដែល​បាន​ត្រូវ​តែងតាំង​ដោយ​វិញ្ញាណ​នោះ អាច​ត្រូវ​ហៅ​យ៉ាង​ត្រឹមត្រូវ​ថា រាជ​ទូត​តំណាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​ពួក​គេ​ក៏​ជា​«មនុស្ស[«កូន»​, ព.ថ.]»​នៃ​ព្រះ​រាជាណាចក្រ​នោះ។ (ម៉ាថាយ ១៣:៣៨; ភីលីព ៣:២០; វិវរណៈ ៥:៩, ១០) បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​បាន​នាំ​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ចេញ​ពី​គ្រប់​ទាំង​សាសន៍ ដែល​ជា​«ចៀម​ឯទៀត» ឬ​មួយ​ក៏​ជន​គ្រីស្ទាន​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី ហើយ​ពួក​គេ​ជួយ​គាំទ្រ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ក្នុង​ការ​ធ្វើ​កិច្ចការ​របស់​ពួកគេ​ជា​រាជ​ទូត។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦) ពួក​«ចៀម​ឯទៀត»​អាច​ត្រូវ​ហៅ​ជា​អ្នក​នាំ​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

ឯក​អគ្គ​រាជ​ទូត​និង​បុគ្គលិក​របស់​គាត់​មិន​រវី​រវល់​នឹង​រឿង​ក្នុង​ប្រទេស​ដែល​ពួក​គាត់​កំពុងតែ​រស់​នៅ​ដើម្បី​ធ្វើ​ការ​នោះ​ទេ។ ស្រដៀង​គ្នា​ដែរ ពួក​គ្រីស្ទាន​កាន់​អព្យាក្រឹត​ក្នុង​រឿង​នយោបាយ​របស់​ប្រទេស​នានា​ក្នុង​លោកីយ៍​នេះ។ ពួក​ជន​គ្រីស្ទាន​មិន​កាន់​ខាង​ណា ឬ​ប្រឆាំង​ក្រុម​ណា​របស់​ពូជ​សាសន៍ ឬ​ក៏​ប្រទេស​ជាតិ​ណា​ឡើយ។ ហើយ​ចំពោះ​រឿង​សង្គម និង​រឿង​សេដ្ឋកិច្ច​វិញ ក៏​រឹតតែ​គ្មាន​ទៅ​ទៀត។ (កិច្ចការ ១០:៣៤, ៣៥) ផ្ទុយ​ទៅ​វិញ ពួក​គ្រីស្ទាន​«ធ្វើ​ល្អ​ដល់​មនុស្ស​ទាំងអស់»។ (កាឡាទី ៦:១០) ដោយសារ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​មនុស្ស​កាន់​អព្យាក្រឹត​នោះ គ្មាន​នរណា​អាច​បដិសេធ​នឹង​សារ​របស់​ពួក​គេ​ដោយ​អះអាង​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រកាន់​ខាង​បក្ស​ណា​មួយ ក្នុង​ជំលោះ​រវាង​រឿង​ពណ៌សម្បុរ ជាតិ​សាសន៍ ឬ​កុលសម្ព័ន្ធ​ឡើយ។

បាន​ត្រូវ​សម្គាល់​ដោយ​សេចក្ដី​ស្រឡាញ់

១០​. តើ​សេចក្ដី​ស្រឡាញ់​មាន​សារៈសំខាន់​ប៉ុន​ណា​ចំពោះ​ពួក​គ្រីស្ទាន?

១០ បន្ថែម​ពី​លើ​ចំណុច​ទាំង​ប៉ុន្មាន​នេះ ពួក​គ្រីស្ទាន​ក៏​កាន់​អព្យាក្រឹត​ក្នុង​រឿង​លោកីយ៍​នេះ ដោយ​ព្រោះ​ចំណង​មេត្រីភាព​របស់​ពួក​គេ​ជា​មួយ​ជន​គ្រីស្ទាន​គ្នីគ្នា។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា​៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។ (យ៉ូហាន ១៣:៣៥) ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​បង​ដូច​ប្អូន ជា​កត្ដា​សំខាន់​ក្នុង​ការ​ធ្វើ​ជា​គ្រីស្ទាន​ម្នាក់។ (យ៉ូហានទី១ ៣:១៤) ដោយសារ​ពួក​គ្រីស្ទាន​មាន​ចំណង​មេត្រីភាព​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​ជា​មុន នោះ​នាំ​ឲ្យ​ពួក​គេ​ក៏​មាន​ចំណង​មេត្រីភាព​ដ៏​ជិតស្និទ្ធ​រវាង​គ្នា​នឹង​គ្នា​ដែរ។ ពួក​គ្រីស្ទាន​មិន​គ្រាន់​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​តែ​បងប្អូន​ក្នុង​ក្រុមជំនុំ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ចំពោះ‹បងប្អូន​រួម​ជំនឿ​នៅ​ក្នុង​សកលលោក​ទាំងមូល›ផង​ដែរ។—ពេត្រុសទី១ ៥:៩, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១១​. តើ​សេចក្ដី​ស្រឡាញ់​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក មាន​អានុភាព​អ្វី​លើ​ការ​ប្រព្រឹត្ត​របស់​ពួកគេ?

១១ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នា​បច្ចុប្បន្ន​កាល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ជា​បងប្អូន ដោយ​ធ្វើ​តាម​ពាក្យ​នៅ​អេសាយ ២:៤ ដែល​ថា​៖ «គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល​នង្គល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ។ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ»។ ពួក​គ្រីស្ទាន​ពិត​ដែល​មាន​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្ហាត់​បង្រៀន​ពួក​គេ​នោះ នាំ​ឲ្យ​ពួក​គេ​មាន​មិត្តភាព​ល្អ​ជា​មួយ​ព្រះ ហើយ​ជា​មួយ​ជា​គ្រីស្ទាន​គ្នីគ្នា​ផង​ដែរ។ (អេសាយ ៥៤:១៣) ពួក​គ្រីស្ទាន​ពិត​មិន​ដែល​កាន់​អាវុធ​សម្លាប់​ពួក​គ្រីស្ទាន​គ្នីគ្នា​ឯទៀត​សោះ ហើយ​ក៏​មិន​ដែល​សម្លាប់​មនុស្ស​ណា​ទៀត​ដែល​រស់​នៅ​ប្រទេស​ផ្សេងៗ​ដែរ ពីព្រោះ​ពួក​គេ​ស្រឡាញ់​ព្រះ​និង​បងប្អូន​របស់​ខ្លួន។ សន្ដិភាព​និង​ការ​ចុះ​សម្រុង​គ្នា​របស់​ពួក​គ្រីស្ទាន​ពិត ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​ថ្វាយបង្គំ​របស់​ពួក​គេ ហើយ​ក៏​ជា​អ្វី​ដែល​បង្ហាញ​ថា ពួក​គេ​មាន​វិញ្ញាណ​របស់​ព្រះ​មែន។ (ទំនុកដំកើង ១៣៣:១; មីកា ២:១២; ម៉ាថាយ ២២:៣៧​-​៣៩; កូល៉ុស ៣:១៤) ពួក​គ្រីស្ទាន​ខំ​«ស្វែង​រក​សេចក្ដី​សុខ ហើយ​ដេញ​ជាប់​តាម»​សន្ដិភាព ដោយ​ដឹង​ថា «ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត»។—ទំនុកដំកើង ៣៤:១៤, ១៥

ទស្សនៈ​របស់​ពួក​គ្រីស្ទាន​ចំពោះ​លោកីយ៍​នេះ

១២​. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​យក​តម្រាប់​តាម​ទ្រង់ មាន​ចិត្ត​គំនិត​បែប​ណា​ចំពោះ​មនុស្ស​ក្នុង​លោកីយ៍​នេះ? ហើយ​តើ​ពួក​គេ​បង្ហាញ​អាកប្បកិរិយា​នោះ​យ៉ាង​ណា?

១២ ព្រះ​យេហូវ៉ា​បាន​ប្រកាស​រួច​ហើយ​ថា ទ្រង់​នឹង​កាត់​ទោស​លោកីយ៍​នេះ ប៉ុន្តែ​ទ្រង់​មិន​ទាន់​ជំនុំជំរះ​មនុស្ស​ម្នាក់ៗ​ក្នុង​លោកីយ៍​នេះ​នៅ​ឡើយ​ទេ។ ព្រះ​យេហូវ៉ា​នឹង​ប្រើ​ព្រះ​យេស៊ូ​ធ្វើ​ការ​ជំនុំជំរះ​នេះ នៅ​ពេល​កំណត់​របស់​ទ្រង់។ (ទំនុកដំកើង ៦៧:៣, ៤; ម៉ាថាយ ២៥:៣១​-​៤៦; ពេត្រុសទី២ ៣:១០) ចន្លោះ​ពេល​នេះ ព្រះ​យេហូវ៉ា​នៅតែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​ជាតិ។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​រាជបុត្រា​តែ​មួយ​គត់​ដែល​ទ្រង់​បង្កើត​ផ្ទាល់ ដើម្បី​ឲ្យ​មនុស្ស​ទាំងឡាយ​អាច​មាន​ឱកាស​ទទួល​ជីវិត​ជា​រៀង​រហូត​បាន។ (យ៉ូហាន ៣:១៦) ពួក​គ្រីស្ទាន​យើង​យក​តម្រាប់​តាម​ព្រះ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ ដោយ​ប្រាប់​មនុស្ស​ដទៃ​អំពី​សំវិធានការ​ពី​ព្រះ​ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ទោះ​ជា​មនុស្ស​ច្រើន​តែ​បដិសេធ​មិន​ចង់​ស្ដាប់​យ៉ាង​ណា​ក្ដី។

១៣​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​រាជការ?

១៣ តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​រាជការ​ក្នុង​លោកីយ៍​នេះ? ប៉ុល​បាន​ឆ្លើយ​សំនួរ​នេះ​ពេល​គាត់​សរសេរ​ថា​៖ «ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះចូល​នឹង​រាជការ ដ្បិត​គ្មាន​អំណាច​ណា​ទេ លើក​តែ​មក​ពី​ព្រះ គឺ​ព្រះ​ទ្រង់​បាន​តាំង​ពួក​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច»។ (រ៉ូម ១៣:១, ២) មនុស្ស​អាច​មាន​អំណាច​គ្រប់គ្រង​បាន (មិន​ថា​មាន​ឋានៈ​ខ្ពស់​ឬ​ទាប​ជាង​គ្នា​ក្ដី តែ​ពួក​គេ​តែង​មាន​ឋានៈ​ទាប​ជាង​ព្រះ​យេហូវ៉ា​ជានិច្ច) ពីព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​អំណាច។ ពួក​ជន​គ្រីស្ទាន​ចុះចូល​ចំពោះ​ពួក​រាជការ​ពីព្រោះ​នេះ​ជា​របៀប​មួយ​ដែល​ពួកគេ​ស្ដាប់បង្គាប់​ព្រះ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្វី​ដែល​ព្រះ​តម្រូវ​ពី​យើង និង​អ្វី​ដែល​រដ្ឋាភិបាល​តម្រូវ​គឺ​ផ្ទុយ​ពី​គ្នា​នោះ?

ច្បាប់​របស់​ព្រះ និង​ច្បាប់​របស់​សេសារ

១៤, ១៥​. (ក) ស្តី​អំពី​ការ​ស្ដាប់បង្គាប់ តើ​ដានីយ៉ែល​អាច​ជៀសវាង​នូវ​ការ​បង្ក​ឲ្យ​មាន​រឿង​យ៉ាង​ណា? (ខ) តើ​បុរស​សាសន៍​ហេព្រើរ​បីនាក់​បាន​កាន់​ជំហរ​យ៉ាង​ណា ពេល​បញ្ហា​នៃ​ការ​ស្ដាប់បង្គាប់​អាច​កើត​មាន​ឡើង​ដោយ​ជៀស​មិន​រួច​នោះ?

១៤ លោក​ដានីយ៉ែល​និង​សហការី​បីនាក់​របស់​គាត់​ជា​គំរូ​ដ៏​ល្អ​ក្នុង​ការ​ចុះចូល​ចំពោះ​រដ្ឋាភិបាល​មនុស្ស ដំណាល​គ្នា​នឹង​ការ​ចុះចូល​ក្រោម​អំណាច​គ្រប់គ្រង​របស់​ព្រះដែរ។ ពេល​យុវជន​បួននាក់​សាសន៍​ហេព្រើរ​នោះ​បាន​ក្លាយ​ជា​និរទេស​ជន​នៅ​ស្រុក​បាប៊ីឡូន ពួក​គេ​បាន​ធ្វើ​តាម​ច្បាប់​ប្រទេស​នោះ ហើយ​ក៏​បាន​ត្រូវ​ជ្រើសរើស​ឲ្យ​ទទួល​ការ​បង្ហាត់​បង្រៀន​ដ៏​ពិសេស។ ដានីយ៉ែល​បាន​យល់​ដឹង​ភ្លាមៗ​ថា ការ​បង្ហាត់​បង្រៀន​ដ៏​ពិសេស​នោះ​នឹង​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ ដូច្នេះ​ហើយ​គាត់​បាន​សុំ​ពិគ្រោះ​រឿង​នោះ​ជាមួយ​មន្ត្រី​ផ្លូវការ​ម្នាក់។ ជា​លទ្ធផល ការ​រៀបចំ​ផ្សេង​បាន​ត្រូវ​រៀប​ឡើង​ដោយ​យល់​ដល់​មនសិការ​នៃ​បុរស​សាសន៍​ហេព្រើរ​ទាំង​បួន​នាក់​នោះ។ (ដានីយ៉ែល ១:៨​-​១៧) ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ធ្វើ​តាម​គំរូ​របស់​ដានីយ៉ែល ដោយ​ពន្យល់​យ៉ាង​គោរព​ដល់​មន្ត្រី​ផ្លូវការ ដើម្បី​ជៀសវាង​ការ​បង្ក​ឲ្យ​មាន​បញ្ហា។

១៥ ប៉ុន្តែ មាន​កាលៈទេសៈ​ក្រោយៗ​មក​ទៀត​អាច​ជា​បញ្ហា​នៃ​ការ​ចុះចូល​ដែល​ពួក​គេ​មិន​អាច​ជៀស​រួច​បាន​ទេ។ ស្តេច​សាសន៍​បាប៊ីឡូន​បាន​ដំឡើង​រូប​ព្រះ​ធំ​សម្បើម​មួយ​នៅ​វាល​ឌូរ៉ា ហើយ​ទ្រង់​បាន​បង្គាប់​ឲ្យ​មន្ត្រី​ទាំងឡាយ រួម​ទាំង​អ្នក​ត្រួត​លើ​ក្រសួង​ការ​នៅ​ខេត្ត​ផ្សេងៗ ឲ្យ​មក​ជួប​ជុំ​គ្នា​សំរាប់​ពិធី​សម្ពោធន៍​នោះ។ នៅ​ពេល​នោះ សហការី​បីនាក់​របស់​ដានីយ៉ែល​កំពុងតែ​កាន់​អំណាច​ជា​អ្នក​ត្រួត​លើ​ក្រសួង​ការ​ទាំង​ពួង​នៅ​ស្រុក​បាប៊ីឡូន ដូច្នេះ​ពួក​គេ​ក៏​ត្រូវ​ធ្វើ​តាម​បញ្ជា​នោះ​ផង​ដែរ។ ដល់​កំណត់​ពេល​នៃ​ពិធី​នោះ​ចាប់​ផ្ដើម មនុស្ស​គ្រប់​រូប​ដែល​បាន​មក​ជួប​ជុំគ្នា​ត្រូវ​តែ​ថ្វាយបង្គំ​ដោយ​លុតជង្គង់​ក្រាប​ចុះ​ចំពោះ​រូប​ធំ​សម្បើម​នោះ។ ប៉ុន្តែ​បុរស​សាសន៍​ហេព្រើរ​បីនាក់​ដឹង​ថា ទង្វើ​បែប​នោះ​ជា​ការ​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ​ទាំងស្រុង។ (ចោទិយកថា ៥:៨​-​១០) ដូច្នេះ ពេល​មនុស្ស​ទាំងឡាយ​បាន​លុតជង្គង់​នោះ បុរស​បីនាក់​នេះ​នៅតែ​ឈរ​ដដែល។ ដោយ​ព្រោះ​ពួក​គេ​មិន​ស្ដាប់​បង្គាប់​ស្តេច បុរស​បីនាក់​នេះ​មុខ​ជា​នឹង​ត្រូវ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ណាស់ ហើយ​មាន​តែ​ការ​សង្គ្រោះ​ដោយ​អព្ភូតហេតុ​ប៉ុណ្ណោះ ទើប​ពួក​គាត់​អាច​នៅ​រស់​បាន។ ពួក​គាត់​បាន​សុខចិត្ត​ប្រថុយ​ជីវិត​របស់​ខ្លួន ជាជាង​រំលង​នឹង​បង្គាប់​របស់​ព្រះ​យេហូវ៉ា។—ដានីយ៉ែល ២:៤៩​–​៣:២៩

១៦, ១៧​. តើ​ពួក​សាវ័ក​បាន​តប​ឆ្លើយ​យ៉ាង​ដូចម្ដេច ពេល​បាន​ត្រូវ​បង្គាប់​ឲ្យ​ឈប់​ផ្សព្វផ្សាយ​នោះ? ហើយ​ហេតុអ្វី​បាន​ជា​ពួក​គាត់​ឆ្លើយ​ដូច្នេះ?

១៦ នៅ​សតវត្ស​ទី​មួយ ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ត្រូវ​គេ​ហៅ​ឲ្យ​ទៅ​ជួប​ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា​នៅ​ទីក្រុង​យេរូសាឡិម ហើយ​បាន​ត្រូវ​បង្គាប់​ឲ្យ​ឈប់​ផ្សព្វផ្សាយ​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូ​តទៅ​ទៀត។ តើ​ពួក​គាត់​បាន​ធ្វើ​យ៉ាង​ណា? ព្រះ​យេស៊ូ​បាន​បង្គាប់​ឲ្យ​ពួក​គាត់​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ រួម​ទាំង​ស្រុក​យូដា​ផង​ដែរ។ ព្រះ​យេស៊ូ​ក៏​បាន​មាន​បន្ទូល​បង្គាប់​ឲ្យ​ពួក​គាត់​ធ្វើ​ជា​សាក្សី​អំពី​ទ្រង់​នៅ​ទី​ក្រុង​យេរូសាឡិម និង​ទូទាំង​ពិភពលោក​ផង​ដែរ។ (ម៉ាថាយ ២៨:១៩, ២០; កិច្ចការ ១:៨) ពួក​សាវ័ក​ដឹង​ថា បង្គាប់​ពី​ព្រះ​យេស៊ូ​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ដែល​ចង់​ឲ្យ​ពួក​គាត់​ធ្វើ​តាម។ (យ៉ូហាន ៥:៣០; ៨:២៨) ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​គាត់​បាន​មាន​ប្រសាសន៍​ថា​៖ «[យើង]ត្រូវ​តែ​ស្ដាប់បង្គាប់​របស់​ព្រះ​ជាជាង​មនុស្ស»។—កិច្ចការ ៤:១៩, ២០; ៥:២៩

១៧ ពួក​សាវ័ក​មិន​មាន​ចិត្ត​បះបោរ​ប្រឆាំង​ទាល់តែ​សោះ។ (សុភាសិត ២៤:២១) ក៏​ប៉ុន្តែ ពេល​ពួក​មនុស្ស​ដែល​ជា​អ្នក​គ្រប់គ្រង​នោះ បាន​ហាម​ពួក​គាត់​មិន​ឲ្យ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ទៀត ពួក​គាត់​បាន​ឆ្លើយ​ឡើង​ថា​៖ ‹យើង​ខ្ញុំ​ត្រូវ​ស្ដាប់បង្គាប់​ព្រះ មិន​មែន​មនុស្ស​ទេ›។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា យើង​ត្រូវ​«ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ»។ (ម៉ាកុស ១២:១៧) បើ​យើង​មិន​ធ្វើ​តាម​បង្គាប់​ព្រះ ដោយ​ព្រោះ​មនុស្ស​ម្នាក់​បញ្ជា​ឲ្យ​យើង​ធ្វើ​ដូច្នេះ នេះ​បាន​សេចក្ដី​ថា យើង​ថ្វាយ​ដល់​មនុស្ស​នូវ​អ្វី​ដែល​ជា​របស់​ផង​ព្រះ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ថ្វាយ​ដល់​សេសារ​នូវ​អ្វី​ដែល​យើង​ជំពាក់​សេសារ ប៉ុន្តែ​យើង​នៅតែ​ទទួល​ស្គាល់​អំណាច​ខ្ពស់​បំផុត​របស់​ព្រះ​យេហូវ៉ា​ដដែល។ ព្រះ​យេហូវ៉ា​ជា​ព្រះ​មហាក្សត្រ​សកលលោក ទ្រង់​ជា​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំងអស់ ហើយ​ក៏​ជា​ប្រភព​នៃ​អំណាច​ទាំងឡាយ​ផង​ដែរ។—វិវរណៈ ៤:១១

យើង​នឹង​កាន់​ជំហរ​យ៉ាងមាំមួន

១៨, ១៩​. តើ​បងប្អូន​ជា​ច្រើន​នាក់​របស់​យើង​បាន​កាន់​ជំហរ​ដ៏​ល្អ​យ៉ាង​ណា? ហើយ​តើ​យើង​អាច​យក​តម្រាប់​តាម​គំរូ​របស់​ពួក​គេ​បាន​យ៉ាង​ណា​ដែរ?

១៨ សព្វថ្ងៃ​នេះ​រដ្ឋាភិបាល​ភាគ​ច្រើន​ទទួល​ស្គាល់​អព្យាក្រឹតភាព​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​យើង​មាន​អំណរគុណ​ដែល​គេ​បាន​ធ្វើ​ដូច​នេះ។ ប៉ុន្តែ នៅ​ប្រទេស​ខ្លះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជួប​ប្រទះ​នឹង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង។ តាំង​ពីដើម​សតវត្ស​ទី២០ រហូត​មក​ដល់​បច្ចុប្បន្នកាល​យើង​នេះ បងប្អូន​ប្រុស​ស្រី​ខ្លះៗ​របស់​យើង​បាន​ពុះពារ​ដោយ​លំបាក ក្នុង​ការ​«តយុទ្ធ»​ខាង​វិញ្ញាណ​«សំរាប់​ជំនឿ»។—ធីម៉ូថេទី១ ៦:១២, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១៩ តើ​យើង​អាច​ធ្វើ​ដូចម្ដេច ដើម្បី​កាន់​ជំហរ​មាំមួន​ដូច​ពួក​គេ​ដែរ? មុន​បង្អស់ យើង​ត្រូវ​ចងចាំ​ថា យើង​នឹង​ទទួល​ការ​ប្រឆាំង​ជា​ពុំ​ខាន។ យើង​មិន​គួរ​ភ្ញាក់ផ្អើល​ឬ​ខ្វាយខ្វល់​ឡើយ បើ​យើង​ជួប​ប្រទះ​នឹងការ​ប្រឆាំង។ ប៉ុល​បាន​ព្រមាន​ដល់​ធីម៉ូថេ​ថា​៖ «អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្ដី​បៀតបៀន​ដែរ»។ (ធីម៉ូថេទី២ ៣:១២; ពេត្រុសទី១ ៤:១២) កាល​ដែល​យើង​រស់​នៅ​ក្នុង​លោកីយ៍​ដែល​ស្ថិតក្រោមឥទ្ធិពល​របស់​សាតាំង​ទាំងស្រុង​នោះ តើ​យើង​អាច​សង្ឃឹម​ថា​យើង​នឹង​រួចផុតពី​ការ​ប្រឆាំងឬ? (វិវរណៈ ១២:១៧) កាល​ណា​យើង​រក្សា​ភាព​ស្មោះ​ត្រង់ នោះ​មនុស្ស​នឹង‹ប្រមាថ​ដល់​យើង​រាល់គ្នា›ជា​មិន​ខាន។—ពេត្រុសទី១ ៤:៤

២០​. តើ​យើង​បាន​ត្រូវ​រំឭក​អំពី​សេចក្ដី​ពិត​ណា​ខ្លះ ដែល​អាច​ពង្រឹង​កម្លាំង​យើង​បាន?

២០ ទីពីរ យើង​ជឿជាក់​ថា ព្រះ​យេហូវ៉ា​និង​ពួក​ទេវតា​របស់​ទ្រង់​នឹង​ជួយ​គាំទ្រ​យើង​មែន។ កាលៈទេសៈ​យើង​ច្បាស់​ជា​ដូច​លោក​អេលីសេ​ពី​បុរាណ​ដែល​បាន​មាន​ប្រសាសន៍​នោះ​ថា​៖ «ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត»។ (ពង្សាវតារក្សត្រទី២ ៦:១៦; ទំនុកដំកើង ៣៤:៧) ហេតុ​ដែល​ព្រះយេហូវ៉ា​អនុញ្ញាតឲ្យ​យើង​ទទួល​ការ​គាបសង្កត់​មួយ​រយៈពី​អ្នក​ប្រឆាំង​នោះ នេះ​ប្រហែលជាទ្រង់​មាន​គោលបំណង​មួយ​ដែល​យើង​មិន​បាន​ដឹង​ទុក​ជា​មុន​ទេ។ យ៉ាង​ណា​ក្ដី ព្រះ​យេហូវ៉ា​នឹង​ប្រទាន​កម្លាំង​ឲ្យ​យើង​ស៊ូទ្រាំ​ជានិច្ច តាម​ដែល​យើង​ត្រូវ​ការ។ (អេសាយ ៤១:៩, ១០) បងប្អូន​ខ្លះ​បាន​សុខ​ចិត្តលះបង់​ជីវិត ប៉ុន្តែ​នេះ​មិន​ធ្វើ​ឲ្យ​យើង​ស្រងាកចិត្ត​ទេ។ ព្រះ​យេស៊ូ​មានបន្ទូល​ថា​៖ «កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូបកាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះ​អង្គ​វិញជាជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង នឹង​រូបកាយ​វិនាស​ទៅ​ក្នុង​នរកផង»។ (ម៉ាថាយ ១០:១៦​-​២៣, ២៨) យើង​ប្រៀប​ដូច​ជា​«ពួក​អ្នក​ដែល​គ្រាន់តែ​សំណាក់​នៅ» បណ្ដោះ​អាសន្ន​ក្នុង​របប​លោកីយ៍​នេះ​ប៉ុណ្ណោះ។ ហើយ​ក្នុង​កំឡុង​ពេល​ដែល​យើង​កំពុងតែ​រស់​នៅ​ក្នុង​របបលោកីយ៍​នេះ នោះ​យើង​ប្រើពេល​របស់​យើង​ដើម្បី​«ចាប់​បាន​ជីវិត​អស់កល្ប​ជានិច្ច»​ក្នុង​ពិភពលោក​ថ្មី​របស់​ព្រះ។ (ពេត្រុសទី១ ២:១១; ធីម៉ូថេទី១ ៦:១៩) គ្មាន​មនុស្ស​ណា​សោះ​អាច​ដក​រង្វាន់​នេះ​ចេញ​ពី​យើង​ទេ ដរាប​ណា​យើង​រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ព្រះ។

២១​. តើ​យើង​គួរ​ចងចាំ​ជានិច្ច​ដោយ​មិន​ភ្លេច​អំពី​អ្វី?

២១ អាស្រ័យ​ហេតុ​នេះ ចូរ​យើង​ចាំ​មិនភ្លេច​ថា យើង​មាន​ចំណង​មេត្រីភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ។ ចូរ​យើង​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ប្រយោជន៍​ដែល​យើង​ទទួល​ជា​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ ហើយ​ជា​រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ចូរ​យើង​ស្រឡាញ់​បងប្អូន​យើង​ស្មោះ​អស់​ពីចិត្ត ហើយ​ត្រេកអរ​ជានិច្ច​ដោយ​ព្រោះ​ពួក​គេ​ស្រឡាញ់​យើង​ផង​ដែរ។ សំខាន់​បំផុត ចូរ​យើង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​តែង​បទទំនុកដំកើង​ដែល​បាន​ពោល​ថា​៖ «ចូរ​រង់ចាំ​ព្រះ​យេហូវ៉ា​ចុះ! ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង។ អើ! គួរ​រង់ចាំ​ព្រះ​យេហូវ៉ា​ទៅ»។ (ទំនុកដំកើង ២៧:១៤; អេសាយ ៥៤:១៧) បើ​ដូច្នេះ យើង​នឹង​កាន់​ជំហរ​មាំមួន​ដូច​បងប្អូន​គ្រីស្ទាន​យ៉ាង​ច្រើន​នាក់​ដែល​បាន​រស់​នៅ​ជំនាន់​មុន​យើង​នេះ ដោយ​ប្រាកដ​ក្នុង​ចិត្ត​ថា​យើង​នឹង​បាន​ដូច​សង្ឃឹម ក្នុង​នាម​ជា​ពួក​គ្រីស្ទាន​ស្មោះ​ត្រង់​ដែល​កាន់​អព្យាក្រឹត និង​មិន​មែន​ជា​របស់​ផង​លោកីយ៍​នេះ។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​ចំណង​មេត្រីភាព​ដែល​យើង​មាន​ជា​មួយ​ព្រះយេហូវ៉ា ញែក​យើង​ដោយ​ឡែក​ពី​លោកីយ៍​នេះ​បានយ៉ាង​ណា?

ក្នុង​នាម​ជា​រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ តើ​យើង​អាច​រក្សា​អព្យាក្រឹតភាព​ក្នុង​លោកីយ៍​នេះ​យ៉ាងដូចម្ដេច?

តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​បងប្អូន​យើង​អាច​ជួយ យើង​យ៉ាង​ណា​ខ្លះ ដើម្បី​កាន់​អព្យាក្រឹត និង​នៅ​ដោយ​ឡែក​ពី​លោកីយ៍​នេះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៥]

តើ​ការ​ចុះ​ចូល​ចំពោះ​ព្រះ​រាជាណាចក្រ របស់​ព្រះ មានឥទ្ធិពល​យ៉ាង​ណា ទៅ​លើ​ទំនាក់ទំនង​របស់​យើង ជា​មួយ​លោកីយ៍​នេះ?

[រូបភាព​នៅ​ទំព័រ​១៦]

បងប្អូន​ជនជាតិ​ហ៊ូធូ​និង​ជនជាតិ​ធូត្ស៊ី ធ្វើ​ការ​យ៉ាង​សប្បាយ​ជា​មួយ​គ្នា

[រូបភាព​នៅ​ទំព័រ​១៧]

បងប្អូន​គ្រីស្ទាន​សាសន៍​អារ៉ាប់ និង​សាសន៍​យូដា

[រូបភាព​នៅ​ទំព័រ​១៧]

បងប្អូន​គ្រីស្ទាន​សាសន៍​ស៊ែប សាសន៍​បូសនៀ​និង​សាសន៍​ក្រូអាស៊ី មាន​ចិត្ត​រីករាយ​ក្នុង ការ​រាប់អាន​គ្នា​ណាស់

[រូបភាព​នៅ​ទំព័រ​១៨]

បើ​ពួក​អ្នក​គ្រប់គ្រង​បង្គាប់​ឲ្យ​យើង ធ្វើ​អ្វី​ដែល​រំលង​ច្បាប់​ព្រះ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា?