លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកគ្រីស្ទានត្រូវការគ្នាទៅវិញទៅមក

ពួកគ្រីស្ទានត្រូវការគ្នាទៅវិញទៅមក

ពួក​គ្រីស្ទាន​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក

​«យើង​រាល់​គ្នា​ជា​អវយវៈ​ផង​គ្នា​ទៅ​វិញ​ទៅ​មក»។—អេភេសូរ ៤:២៥

១​. តើ​សព្វ​វចនាធិប្បាយ​មួយ​ចែង​យ៉ាង​ណា​អំពី​រូប​កាយ​របស់​មនុស្ស?

រូប​កាយ របស់​មនុស្ស​ជា​ការ​បង្កើត​ដ៏​អស្ចារ្យ​មែន។ សព្វ​វចនាធិប្បាយ​សៀវភៅ​ពិភពលោក​ចែង​ថា​៖ «ជួន​កាល​គេ​ហៅ​រូប​កាយ​របស់​មនុស្ស​ជា​ម៉ាស៊ីន​មួយ​ដ៏​អស្ចារ្យ​ជាង​គេ​បំផុត​ដែល​បាន​បង្កើត​មក។ តាម​ការ​ពិត​រូប​កាយ​របស់​មនុស្ស​មិន​មែន​ជា​ម៉ាស៊ីន​ទេ។ ប៉ុន្តែ រូប​កាយ​មនុស្ស​មាន​លក្ខណៈ​ជា​ច្រើន​ដែល​ប្រៀប​ដូច​ម៉ាស៊ីន​មួយ​មែន។ រូប​កាយ​មនុស្ស​គឺ​មាន​អវយវៈ​និង​សរីរាង្គ​ផ្សេងៗ​ដូច​ជា​គ្រឿង​ក្នុង​ម៉ាស៊ីន​ដែរ។ អវយវៈ​និង​សរីរាង្គ​នៃ​រូប​កាយ គឺ​មាន​តួ​នាទី​ផ្សេងៗ ដូច​គ្រឿង​និមួយៗ​ក្នុង​ម៉ាស៊ីន​ដែរ។ ប៉ុន្តែ អវយវៈ​និង​សរីរាង្គ​និមួយៗ​សហការ​គ្នា និង​ធ្វើ​ឲ្យ​រូប​កាយ​ឬ​ក៏​ម៉ាស៊ីន​មាន​ដំណើរ​ការ​យ៉ាង​ស្រួល»។

២​. តើ​តាម​របៀប​ណា​ដែល​រូប​កាយ​របស់​មនុស្ស និង​ក្រុមជំនុំ​គ្រីស្ទាន​មាន​សភាព​ដូច​គ្នា​នោះ?

ត្រូវ​ហើយ រូប​កាយ​របស់​មនុស្ស​មាន​សរីរាង្គ​ច្រើន​មែន ហើយ​សរីរាង្គ​និមួយៗ​ផ្ដល់​នូវ​អ្វី​ដែល​រូប​កាយ​ត្រូវ​ការ។ សរសៃ​ឈាម សាច់​ដុំ និង​សរីរាង្គ​ទាំង​អស់ សុទ្ធតែ​មាន​តួ​នាទី​ដ៏​សំខាន់។ ស្រដៀង​គ្នា​ដែរ សមាជិក​និមួយៗ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន ក៏​អាច​ផ្ដល់​នូវ​អ្វី​មួយ ដែល​ចំរើន​ដល់​សុខភាព​និង​សោភ័ណភាព​ខាង​វិញ្ញាណ​ដែរ។ (កូរិនថូសទី១ ១២:១៤​-​២៦) ទោះ​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុមជំនុំ​មិន​គួរ​មាន​អារម្មណ៍​ថា​ខ្លួន​ធំ​ជាង​គេ​យ៉ាង​ណា​ក្ដី តែ​ក៏​គ្មាន​សមាជិក​ណា​អ្នក​ត្រូវ​ចាត់​ទុក​ថា​ខ្លួន​ជា​មនុស្ស​ឥត​សំខាន់​នោះ​ឡើយ។—រ៉ូម ១២:៣

៣​. តើ​អេភេសូរ ៤:២៥​បញ្ជាក់​ថា ពួក​គ្រីស្ទាន​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូចម្ដេច?

ដូច​ជា​អវយវៈ​និង​សរីរាង្គ​របស់​រូប​កាយ​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ពួក​គ្រីស្ទាន​ក៏​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។ សាវ័ក​ប៉ុល​បាន​ប្រាប់​អ្នក​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​ដែល​រួម​ជំនឿ​ជា​មួយ​នឹង​គាត់​ថា​៖ «ដូច្នេះ ដែល​បាន​ដោះ​សេចក្ដី​កំភូត​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្ដី​ពិត នឹង​អ្នកជិតខាង​រៀង​ខ្លួន​វិញ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​ផង​គ្នា​ទៅ​វិញ​ទៅ​មក»។ (អេភេសូរ ៤:២៥) ដោយ​ព្រោះ​ពួក​គេ​ជា​«អវយវៈ​ផង​គ្នា​ទៅ​វិញ​ទៅ​មក» នោះ​ក្នុង​ចំណោម​សមាជិក​អ៊ីស្រាអែល​ខាង​វិញ្ញាណ​ដែល​ជា​«រូប​កាយ​ព្រះ​គ្រីស្ទ»​ក៏​ត្រូវ​និយាយ​យ៉ាង​ទៀងត្រង់​ទៅ​កាន់​គ្នា​និង​គ្នា ហើយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ត្រូវ​ហើយ ពួក​គេ​ម្នាក់ៗ​គឺ​ជា​របស់​ផង​គ្នា។ (អេភេសូរ ៤:១១​-​១៣) ពួក​គ្រីស្ទាន​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី មាន​ចិត្ត​សប្បាយ​រីករាយ​ក្នុង​ការ​រួបរួម​ជា​មួយ​នឹង​សមាជិក​អ៊ីស្រាអែល​ខាង​វិញ្ញាណ​ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់។

៤​. តើ​យើង​អាច​ជួយ​អ្នក​ថ្មី​តាម​របៀប​ណា?

ជា​រៀង​រាល់​ឆ្នាំ មនុស្ស​រាប់​ពាន់​នាក់​ដែល​សង្ឃឹម​ចង់​រស់​នៅ​លើ​ផែនដី បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ សមាជិក​ឯ​ទៀត​នៃ​ក្រុមជំនុំ​ជួយ​ពួក​អ្នក​ដែល​ទើប​តែ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​«ខំ​ឲ្យ​បាន​ជឿន​ទៅ​មុខ»​ដោយ​ចិត្ត​រីករាយ។ (ហេព្រើរ ៦:១​-​៣) ជំនួយ​បែប​នេះ​គឺ​មាន​ដូច​ជា​ការ​ឆ្លើយ​សំនួរ​អំពី​ព្រះ​គម្ពីរ ឬ​ក៏​ជួយ​ពួក​គេ​ក្នុង​ពេល​ផ្សព្វផ្សាយ។ យើង​អាច​ជួយ​អ្នក​ថ្មីៗ ដោយ​ទុក​ជា​គំរូ​តាម​រយៈ​ការ​ចូល​រួម​ជា​ទៀងទាត់​ក្នុង​កិច្ច​ប្រជុំ​គ្រីស្ទាន។ ពេល​ដែល​មាន​ការ​លំបាក យើង​ក៏​អាច​ផ្ដល់​ការ​លើក​ទឹក​ចិត្ត ឬ​ជួយ​សម្រាល​ទុក្ខ​ផង​ដែរ។ (ថែស្សាឡូនីចទី១ ៥:១៤,១៥) យើង​គួរ​រក​ផ្លូវ​ដើម្បី​ជួយ​អ្នក​ដទៃ​«ប្រព្រឹត្ត​តាម​សេចក្ដី​ពិត»។ (យ៉ូហានទី៣ ៤) មិន​ថា​យើង​ចាស់​ឬ​ក្មេង ឬ​ក៏​បាន​ចាប់​ផ្ដើម​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត ឬ​បាន​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដី​ពិត​ជា​យូរ​មក​ហើយ​ក្ដី យើង​នៅ​តែ​អាច​ជួយ​អ្នក​រួម​ជំនឿ​ឲ្យ​រីក​ចំរើន​ខាង​វិញ្ញាណ​បាន​ដែរ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​ជំនួយ​ពី​យើង​នោះ។

ពួក​គេ​បាន​ផ្ដល់​ជំនួយ

៥​. តើ​អ័គីឡា​និង​ព្រីស៊ីល​បាន​ជួយ​ប៉ុល​យ៉ាង​ណា?

ពួក​គ្រីស្ទាន​ដែល​រៀប​បាន​ការ​ហើយ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ចិត្ត​រីករាយ ក្នុង​ការ​ជួយ​អ្នក​ជឿ​គ្នីគ្នា​របស់​ខ្លួន​ផង​ដែរ។ ជា​ឧទាហរណ៍ អ័គីឡា​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ព្រីស៊ីល​បាន​ជួយ​ប៉ុល។ ពួក​គាត់​បាន​ទទួល​ស្វាគមន៍​ប៉ុល​យ៉ាង​រាក់ទាក់ ហើយ​បាន​ធ្វើ​ការ​ដេរ​ត្រសាល​ជា​មួយ​ប៉ុល និង​បាន​ជួយ​គាត់​ក្នុង​ការ​លើក​ទឹក​ចិត្ត​បងប្អូន​ក្នុង​ក្រុមជំនុំ​ថ្មី​នៅ​ក្រុង​កូរិនថូស។ (កិច្ចការ ១៨:១​-​៤) តាម​វិធី​មួយ​ដែល​មិន​បាន​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ នោះ​ពួក​គាត់​បាន​ប្រថុយ​ជីវិត​ខ្លួន​ដើម្បី​ជួយ​ប៉ុល។ ពួក​គាត់​ក៏​បាន​នៅ​ក្នុង​ចំណោម​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​រ៉ូម​ដែរ ពេល​ប៉ុល​បាន​សរសេរ​ទៅ​កាន់​ពួក​គ្រីស្ទាន​ទាំង​នោះ​ថា​៖ «សូម​ជំរាប​សួរ​ដល់​នាង​ព្រីស៊ីល នឹង​អ្នក​អ័គីឡា ជា​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ គេ​បាន​ប្រថុយ​ជីវិត​ដោយ​ព្រោះ​ខ្ញុំ មិន​មែន​តែ​ខ្ញុំ​ដែល​អរគុណ​ដល់​គេ​ប៉ុណ្ណោះ គឺ​ទាំង​ពួក​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ថែម​ទៀត»។ (រ៉ូម ១៦:៣, ៤) ដូច​អ័គីឡា​និង​ព្រីស៊ីល នោះ​ពួក​គ្រីស្ទាន​នៅ​សម័យ​នេះ​ក៏​ជួយ​លើក​ទឹក​ចិត្ត​ក្រុមជំនុំ និង​ជួយ​អ្នក​ជឿ​គ្នីគ្នា​តាម​របៀប​ផ្សេងៗ ជួន​កាល​បាន​ប្រថុយ​ជីវិត​ខ្លួន ដើម្បី​ការពារ​កុំ​ឲ្យ​ពួក​អ្នក​បៀតបៀន​ធ្វើ​បាប​ឬ​សម្លាប់​ដល់​គ្រីស្ទាន​ឯ​ទៀត​របស់​ព្រះ។

៦​. តើ​អ័ប៉ុឡូស​បាន​ទទួល​ជំនួយ​អ្វី?

អ័គីឡា​និង​ព្រីស៊ីល​ក៏​បាន​ជួយ​គ្រីស្ទាន​ម្នាក់​ទៀត​ឈ្មោះ​អ័ប៉ុឡូស​ដែល​ជា​មនុស្ស​មាន​វោហារ ដែល​កំពុង​តែ​បង្រៀន​ពួក​អ្នក​ស្រុក​នៅ​អេភេសូរ​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ។ នៅ​ពេល​នោះ អ័ប៉ុឡូស​បាន​ដឹង​តែ​អំពី​បុណ្យ​ជ្រមុជ​ទឹក​ដែល​យ៉ូហាន​បាន​ធ្វើ​ប៉ុណ្ណោះ ដែល​ជា​និមិត្តរូប​នៃ​ការ​កែ​ប្រែ​ពី​អំពើ​បាប​ដែល​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ។ ដោយ​ដឹង​ថា​អ័ប៉ុឡូស​ត្រូវ​ការ​ជំនួយ នោះ​អ័គីឡា​និង​ព្រីស៊ីល​«ក៏​នាំ​ទៅ​ពន្យល់​ពី​ផ្លូវ​ព្រះ ឲ្យ​រឹតតែ​ច្បាស់​ទៅ​ទៀត»។ ពួក​គាត់​ប្រហែល​ជា​ពន្យល់​ថា ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​គ្រីស្ទាន ក៏​រួម​មាន​ការ​ជ្រមុជ​ទឹក និង​ការ​ទទួល​វិញ្ញាណ​បរិសុទ្ធ​ដែរ។ អ័ប៉ុឡូស​បាន​អនុវត្ត​តាម​អ្វី​ដែល​គាត់​បាន​រៀន។ ក្រោយ​មក​នៅ​ក្រុង​អាខៃ​«គាត់[អ័ប៉ុឡូស]ក៏​ជួយ​យ៉ាង​សន្ធឹក ដល់​ពួក​អ្នក​ដែល​ជឿ​ដោយ​ព្រះ​គុណ ព្រោះ​គាត់​ជជែក​ផ្ចាញ់​ពួក​សាសន៍​យូដា នៅ​កណ្ដាល​ជំនុំ ដោយ​ប៉ិនប្រសប់ ទាំង​បង្ហាញ​តាម​គម្ពីរ​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​គ្រីស្ទ​មែន»។ (កិច្ចការ ១៨:២៤​-​២៨) ការ​ថ្លែង​របស់​បងប្អូន​ជា​អ្នក​ជឿ​គ្នីគ្នា​ក៏​អាច​ជួយ​ឲ្យ​យើង​យល់​ថែម​ទៀត​នូវ​ព្រះ​បន្ទូល​របស់​ព្រះ​ដែរ។ នេះ​ជា​ករណី​មួយ​ទៀត​ដែល​យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។

ការ​ផ្ដល់​ជំនួយ​ជា​សម្ភារៈ

៧​. តើ​ពួក​គ្រីស្ទាន​ក្នុង​ក្រុង​ភីលីព​បាន​ធ្វើ​យ៉ាង​ណា ពេល​ដឹង​ថា​បងប្អូន​គ្រីស្ទាន​ត្រូវ​ការ​ជំនួយ​ខាង​សម្ភារៈ​នោះ?

សមាជិក​ក្នុង​ក្រុមជំនុំ​នៅ​ក្រុង​ភីលីព​បាន​ស្រឡាញ់​ប៉ុល​ខ្លាំង​ណាស់ ហើយ​បាន​ផ្ញើ​សម្ភារៈ​ជូន​គាត់​ក្នុង​ពេល​គាត់​ស្នាក់​ក្នុង​ក្រុង​ថែស្សាឡូនីច។ (ភីលីព ៤:១៥, ១៦) នៅ​ពេល​បងប្អូន​ក្នុង​ក្រុង​យេរូសាឡិម​ត្រូវ​ការ​ជំនួយ​ខាង​សម្ភារៈ នោះ​ពួក​គ្រីស្ទាន​ក្នុង​ក្រុង​ភីលីព​ក៏​ប្រុង​ប្រៀប​ផ្ដល់​ជំនួយ​យ៉ាង​សន្ធឹក​សន្ធាប់​ដែរ។ ប៉ុល​មាន​ចិត្ត​កតញ្ញូ​ណាស់​ចំពោះ​ចិត្ត​គំនិត​របស់​បងប្អូន​ប្រុស​ស្រី​ក្នុង​ក្រុង​ភីលីព ហេតុ​នេះ​ហើយ​គាត់​បាន​លើក​ពួក​គេ​ទុក​ជា​គំរូ​ដល់​អ្នក​ជឿ​ផ្សេង​ទៀត។—កូរិនថូសទី២ ៨:១​-​៦

៨​. តើ​អេប៉ាប្រូឌីត​បាន​សម្ដែង​ចិត្ត​គំនិត​បែប​ណា?

នៅ​ពេល​ប៉ុល​ជាប់​គុក នោះ​ពួក​គ្រីស្ទាន​ក្នុង​ក្រុង​ភីលីពបានផ្ញើ​អំណោយ​ខ្លះ ហើយ​ក៏​បាន​ចាត់​អ្នក​នាំ​សារ​ផ្ទាល់​របស់​គេ គឺ​អេប៉ាប្រូឌីតឲ្យ​ទៅ​ជួប​គាត់​ដែរ។ ប៉ុល​បាន​និយាយ​ថា​៖ «ដ្បិត​ដែល​គាត់​[អេប៉ាប្រូឌីត]​ស្ទើរតែ​នឹង​ស្លាប់​នោះ . . . គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​នឹង​បំពេញ​សេចក្ដី​ណា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួយ​ដល់​ខ្ញុំ»។ (ភីលីព ២:២៥​-​៣០; ៤:១៨) យើង​មិន​ដឹង​ថា​អេប៉ាប្រូឌីត​បំរើ​ជា​អ្នក​ចាស់​ទុំ​ឬ​ជា​អ្នក​ងារ​ជំនួយ​ទេ។ យ៉ាង​ណា​ក៏​ដោយ ប៉ុល​ច្បាស់​ជា​ត្រូវ​ការ​ជំនួយ​ពី​អេប៉ាប្រូឌីត​មែន ដ្បិត​គាត់​ជា​គ្រីស្ទាន​ម្នាក់​ដែល​សុខ​ចិត្ត​ធ្វើ​ពលិ​កម្ម​និង​ចេះ​ជួយ​អ្នក​ដទៃ។ តើ​មាន​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុមជំនុំ​របស់​អ្នក​ដែល​មាន​ចិត្ត​គំនិត​ដូច​អេប៉ាប្រូឌីត​ឬ​ទេ?

ពួក​គេ​ជា‹ជំនួយ​ដែល​ពង្រឹង​កម្លាំង›

៩​. តើ​អើរីស្ដាក​ផ្ដល់​គំរូ​យ៉ាង​ណា?

ក្រុមជំនុំ​ណា​ក៏​ដោយ ច្បាស់​ជា​អបអរ​ជា​ខ្លាំង​ដែល​មាន​បងប្អូន​ប្រុស​ស្រី​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដូច​ជា​អ័គីឡា ព្រីស៊ីល និង​អេប៉ាប្រូឌីត។ អ្នក​ជឿ​គ្នីគ្នា​របស់​យើង​ខ្លះ​ក៏​មាន​ចិត្ត​គំនិត​ដូច​អើរីស្ដាក​ដែល​រស់​នៅ​សតវត្ស​ទី​មួយ​ដែរ។ គាត់​និង​បងប្អូន​ឯ​ទៀត​ជា‹ជំនួយ​ដែល​ពង្រឹង​កម្លាំង› ប្រហែល​ជា​បុគ្គល​ដែល​ផ្ដល់​ការ​ធូរ​ស្បើយ​ខាង​ផ្លូវ​ចិត្ត​ឬ​ក៏​ផ្ដល់​ជំនួយ​ដែល​មាន​ប្រយោជន៍​សំរាប់​ជីវិត​ប្រចាំ​ថ្ងៃ។ (កូល៉ុស ៤:១០, ១១) ដោយ​ជួយ​ប៉ុល នោះ​អើរីស្ដាក​បាន​សប​ញ្ជាក់​ថា គាត់​ជា​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​ដ៏​ស្មោះ​ត្រង់​ទោះ​ជា​ស្ថិត​ក្នុង​គ្រា​លំបាក​ណា​ក៏​ដោយ។ គាត់​ជា​បុគ្គល​ដែល​មាន​ចិត្ត​គំនិត​ដូច​ដែល​ចែង​ក្នុង​សុភាសិត ១៧:១៧​៖ «មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បងប្អូន​ក៏​កើត​មក​សំរាប់​គ្រា​លំបាក​ដែរ»។ យើង​គ្រប់​គ្នា​គួរ​ខំ​ធ្វើ​ជា‹ជំនួយ​ដែល​ពង្រឹង​កម្លាំង›ដល់​បងប្អូន​គ្រីស្ទាន​គ្នីគ្នា មែន​ទេ? ជា​ពិសេស យើង​គួរ​ជួយ​បងប្អូន​ដែល​កំពុង​តែ​ជួប​វិបត្ដិ​ភ័យ។

១០​. តើ​ពេត្រុស​តាំង​គំរូ​យ៉ាង​ណា​សំរាប់​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន?

១០ ជា​ពិសេស​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ត្រូវ​ជា​ជំនួយ​ដែល​ពង្រឹង​កម្លាំង​ដល់​បងប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​របស់​គាត់។ ព្រះ​គ្រីស្ទ​បាន​ប្រាប់​សាវ័ក​ពេត្រុស​ថា​៖ «ចូរ​ចំរើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង»។ (លូកា ២២:៣២) ពេត្រុស​អាច​ជួយ​បងប្អូន​បាន​ដោយ​ព្រោះ​គាត់​មាន​ជំនឿ​ដ៏​រឹង​មាំ​ប្រៀប​ដូច​ជា​ថ្មដា ជា​ពិសេស​ក្រោយ​ពី​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ពួក​អ្នក​ចាស់​ទុំ​អើយ! ចូរ​ខំ​ប្រឹង​ធ្វើ​ដូច្នេះ​ដែរ ដោយ​ស្ម័គ្រ​ពី​ចិត្ត​និង​ដោយ​ថ្នាក់ថ្នម ដ្បិត​បងប្អូន​ដែល​ជា​អ្នក​ជឿ​ដូច​គ្នា​ពិត​ជា​ត្រូវ​ការ​ជំនួយ​របស់​អ្នក​ណាស់!—កិច្ចការ ២០:២៨​-​៣០; ពេត្រុសទី១ ៥:២, ៣

១១​. តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ដោយ​ពិនិត្យ​មើល​ចិត្ត​គំនិត​របស់​ធីម៉ូថេ?

១១ ធីម៉ូថេ​ជា​មិត្ត​ដែល​ធ្វើ​ដំណើរ​ជា​មួយ​ប៉ុល ហើយ​គាត់​ក៏​ជា​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដល់​បងប្អូន​គ្រីស្ទាន​ឯ​ទៀត។ ទោះ​ជា​ធីម៉ូថេ​មាន​បញ្ហា​សុខភាព​ក៏​ដោយ ក៏​គាត់​មាន​ជំនឿ​ដ៏​រឹង​មាំ និង‹បំរើ​ជា​មួយ​នឹង​ប៉ុល​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ›។ ដូច្នេះ​ហើយ​សាវ័ក​ប៉ុល​អាច​ប្រាប់​ពួក​គ្រីស្ទាន​ក្នុង​ក្រុង​ភីលីព​ថា​៖ «គ្មាន​អ្នក​ណា​មាន​គំនិត​ដូច​ជា​គាត់ ដែល​នឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​របស់​អ្នក​រាល់​គ្នា ដោយ​ស្មោះ​ត្រង់​នោះ​ទេ»។ (ភីលីព ២:២០, ២២; ធីម៉ូថេទី១ ៥:២៣; ធីម៉ូថេទី២ ១:៥) យើង​ម្នាក់ៗ​ពិត​ជា​មាន​ប្រយោជន៍​ដល់​បងប្អូន​គ្រីស្ទាន​គ្នីគ្នា​មែន បើ​យើង​មាន​ចិត្ត​គំនិត​ដូច​ធីម៉ូថេ​នោះ។ ពិត​មែន ដោយ​យើង​ត្រូវ​ស៊ូទ្រាំ​នឹង​ភាព​ទន់ខ្សោយ​ជា​មនុស្ស​និង​ទុក្ខ​លំបាក​ផ្សេងៗ យើង​ក៏​អាច​មាន​ជំនឿ​ដ៏​រឹង​មាំ និង​មាន​សេចក្ដី​ស្រឡាញ់​ដោយ​យក​ចិត្ត​ទុក​ដាក់​ដល់​បងប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​របស់​យើង​បាន​ដែរ។ ចូរ​ចង​ចាំ​ជានិច្ច​ថា​ពួក​គេ​ត្រូវ​ការ​ជំនួយ​ពី​យើង។

ស្ត្រី​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ដទៃ

១២​. តើ​យើង​អាច​រៀន​មេរៀន​អ្វី​ពី​គំរូ​របស់​ឌ័រកាស?

១២ ឌ័រកាស​គឺ​នៅ​ក្នុង​ចំណោម​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ និង​ចេះ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ដទៃ​ផង​ដែរ។ ពេល​ឌ័រកាស​បាន​ស្លាប់​ទៅ នោះ​ពួក​សិស្ស​បាន​ទៅ​ហៅ​ពេត្រុស និង​នាំ​គាត់​ឡើង​ទៅ​បន្ទប់​ខាង​លើ។ នៅ​ទី​នោះ «ពួក​ស្រី​មេម៉ាយ​ក៏​ឈរ​ជិត​គាត់​ទាំង​យំ ព្រម​ទាំង​បង្ហាញ​អាវ នឹង​សំលៀកបំពាក់​ទាំង​ប៉ុន្មាន ដែល​តេប៊ីថា[ឌ័រកាស]បាន​ធ្វើ​ឲ្យ ពី​កាល​នាង​នៅ​ជា​មួយ​នៅ​ឡើយ»។ ពេត្រុស​បាន​ប្រោស​ឌ័រកាស​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ហើយ​គាត់​ច្បាស់​ជា​បាន​បន្ត‹ធ្វើ​កិច្ចការ​ល្អ​ជា​ច្រើន​និង​ធ្វើ​ទាន​ជា​ច្រើន›។ នៅ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ ក៏​មាន​ស្ត្រី​ដូច​នាង​ឌ័រកាស​ដែរ ដែល​ប្រហែល​ជា​ដេរ​ខោ​អាវ ឬ​ដោយ​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​ការ​ធ្វើ​កិច្ចការ​ឯ​ទៀត​សំរាប់​អ្នក​ក្រ​ខ្សត់។ ប្រាកដ​ហើយ កិច្ចការ​ល្អ​របស់​គេ​ច្រើន​តែ​ទាក់ទង​នឹង​ការ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ និង​ចូល​រួម​ក្នុង​កិច្ចការ​បង្កើត​ឲ្យ​មាន​សិស្ស​ថែម​ទៀត។—កិច្ចការ ៩:៣៦​-​៤២; ម៉ាថាយ ៦:៣៣; ២៨:១៩, ២០

១៣​. តើ​លីឌា​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​គ្រីស្ទាន​គ្នីគ្នា​យ៉ាង​ណា?

១៣ លីឌា​ជា​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​ក៏​ចេះ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ដទៃ​ផង​ដែរ។ គាត់​ជា​អ្នក​ស្រុក​នៅ​ក្រុង​ធាទេរ៉ា ហើយ​ពេល​ប៉ុល​បាន​ផ្សព្វផ្សាយ​នៅ​ក្រុង​ភីលីព​ប្រហែល​នៅ​ឆ្នាំ​៥០ ស.យ. នោះ​គាត់​ក៏​កំពុង​តែ​រស់​នៅ​ទី​នោះ​ដែរ។ លីឌា​ប្រហែល​ជា​អ្នក​ចូល​សាសនា​យូដា ប៉ុន្តែ​មាន​តែ​ជនជាតិ​យូដា​តិច​តួច​ទេ ហើយ​ក៏​គ្មាន​សាលា​ប្រជុំ​នៅ​ក្នុង​ក្រុង​ភីលីព​ដែរ។ លីឌា​និង​ស្ត្រី​ឯ​ទៀត​បាន​ជួប​ជុំ​គ្នា​មក​ថ្វាយ​បង្គំ​ជិត​ទន្លេ ក្នុង​ពេល​ដែល​សាវ័ក​ប៉ុល​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ប្រាប់​ពួក​គេ។ កំណត់​ហេតុ​នេះ​ចែង​ថា​៖ «ទ្រង់​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​តាម​សេចក្ដី ដែល​ប៉ុល​អធិប្បាយ កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់​លោក​យល់​ឃើញ​ថា ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំ​ខាន នាង​ក៏​បង្ខំ​ដល់​យើង»។ (កិច្ចការ ១៦:១២​-​១៥) ដោយ​ព្រោះ​លីឌា​ចង់​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​ដទៃ នោះ​គាត់​បាន​អញ្ជើញ​ប៉ុល​និង​គូកន​របស់​ប៉ុល​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់​បាន​សំរេច​មែន។ សព្វ​ថ្ងៃ​នេះ​ដែរ យើង​មាន​ចិត្ត​កតញ្ញូ​មែន​ពេល​បងប្អូន​ប្រុស​ស្រី​គ្រីស្ទាន​បង្ហាញ​នូវ​ការ​រាក់ទាក់​បែប​នេះ មែន​ទេ?—រ៉ូម ១២:១៣; ពេត្រុសទី១ ៤:៩

យើង​ក៏​ត្រូវ​ការ​ក្មេងៗ​ដែរ

១៤​. តើ​ព្រះ​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​ក្មេងៗ​យ៉ាង​ដូច​ម្ដេច?

១៤ ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​រាជបុត្រា​របស់​ព្រះ​ក៏​មាន​ព្រះទ័យ​សប្បុរស​និង​កក់ក្ដៅ ហើយ​ទ្រង់​ក៏​បាន​បង្កើត​ក្រុមជំនុំ​គ្រីស្ទាន​ផង​ដែរ។ បណ្ដាជន​មាន​អារម្មណ៍​ស្រួល​ពេល​ដែល​នៅ​ជិត​ព្រះ​យេស៊ូ ពីព្រោះ​ទ្រង់​មាន​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្ដាករុណា។ នៅ​គ្រា​មួយ​មនុស្ស​ខ្លះ​យក​កូនៗ​របស់​ខ្លួន​មក​ឯ​ព្រះ​យេស៊ូ នោះ​ពួក​សិស្ស​របស់​ទ្រង់​បាន​រារាំង​ក្មេងៗ​មិន​ឲ្យ​ចូល​ជិត​ទ្រង់​ឡើយ។ ប៉ុន្តែ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស ដូច​វា​រាល់​គ្នា​ដែរ ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ​ដូច​ជា​កូន​ក្មេង​១​នេះ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ»។ (ម៉ាកុស ១០:១៣​-​១៥) យើង​ក៏​ត្រូវ​តែ​មាន​ចិត្ត​រាប​ទាប​និង​ចង់​រៀន​សូត្រ​ដូច​កូន​ក្មេង​ដែរ បើ​យើង​ចង់​ទទួល​ពរ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​នោះ។ ព្រះ​យេស៊ូ​បាន​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដល់​ក្មេងៗ​ដោយ​ឱប​ពួក​គេ​និង​ប្រទាន​ពរ​ផង​ដែរ។ (ម៉ាកុស ១០:១៦) ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ក្មេងៗ​នៅ​សព្វ​ថ្ងៃ​នេះ? ក្មេងៗ​អើយ! ចូរ​ប្រាកដ​ក្នុង​ចិត្ត​ថា បងប្អូន​ក្នុង​ក្រុមជំនុំ​ស្រឡាញ់​និង​ត្រូវ​ការ​ពួក​អ្នក​ណាស់!។

១៥​. តើ​ហេតុ​ការណ៍​អ្វី​អំពី​ព្រះ​យេស៊ូ ដែល​បាន​កត់​ទុក​នៅ​លូកា ២:៤០​-​៥២? តើ​ព្រះ​យេស៊ូ​បាន​ទុក​គំរូ​យ៉ាង​ណា​ចំពោះ​ក្មេងៗ?

១៥ ពេល​ព្រះ​យេស៊ូ​ទ្រង់​នៅ​ជា​រាជ​កុមារ នោះ​ទ្រង់​ក៏​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​បទ​គម្ពីរ​ផង​ដែរ។ ពេល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្មាយុ​១២​ឆ្នាំ នោះ​ទ្រង់​និង​មាតា​បិតា​ទ្រង់ គឺ​យ៉ូសែប​និង​ម៉ារា​បាន​ធ្វើ​ដំណើរ​ពី​ភូមិ​ណាសារ៉ែត​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​ធ្វើ​បុណ្យ​រំលង។ ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ មាតា​បិតា​ព្រះ​យេស៊ូ​រក​មើល​ទ្រង់​ក្នុង​ក្រុម​មនុស្ស​ដែល​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​មិន​ឃើញ​សោះ។ នៅ​ទីបំផុត យ៉ូសែប​និង​ម៉ារា​រក​ឃើញ​ព្រះ​យេស៊ូ​នៅ​ក្នុង​ព្រះ​វិហារ កំពុង​តែ​ស្ដាប់​ពួក​គ្រូ​បង្រៀន​ជាតិ​យូដា និង​កំពុង​តែ​សួរ​សំនួរ។ ព្រះ​យេស៊ូ​បាន​ភ្ញាក់ផ្អើល​ដែល​យ៉ូសែប​និង​ម៉ារា​ពុំ​ដឹង​រក​ទ្រង់​នៅ​កន្លែង​ណា ក៏​មាន​បន្ទូល​សួរ​ទៅ​ពួក​គាត់​ថា​៖ «តើ​មិន​ជ្រាប​ថា គួរ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ​វរបិតា​នៃ​ខ្ញុំ​ទេ​ឬ​អី?»។ ព្រះ​យេស៊ូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​មួយ​នឹង​មាតា​បិតា ព្រម​ទាំង​ចុះ​ចូល​ស្ដាប់​បង្គាប់​ចំពោះ​ពួក​គាត់ ហើយ​ទ្រង់​មាន​ព្រះ​បញ្ញា​កាន់​តែ​ឈ្លាស​វៃ ឯ​ព្រះ​កាយ​ទ្រង់​វិញ​កាន់​តែ​លូត​លាស់​ធំ​ឡើង។ (លូកា ២:៤០​-​៥២) ព្រះ​យេស៊ូ​បាន​ទុក​គំរូ​យ៉ាង​ល្អ​ណាស់​ចំពោះ​ក្មេងៗ​របស់​យើង! ពួក​គេ​ពិត​ជា​គួរ​ស្ដាប់​បង្គាប់​មាតា​បិតា​និង​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​អំពី​រឿង​ខាង​វិញ្ញាណ​ដែរ។—ចោទិយកថា ៥:១៦; អេភេសូរ ៦:១​-​៣

១៦​. (ក) ពេល​ព្រះ​យេស៊ូ​ធ្វើ​បន្ទាល់​នៅ​ឯ​ព្រះ​វិហារ តើ​ក្មេង​ប្រុសៗ​បាន​ស្រែក​យ៉ាង​ណា? (ខ) តើ​ក្មេងៗ​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​មាន​ឱកាស​ធ្វើ​អ្វី?

១៦ ជា​ក្មេង​ម្នាក់ អ្នក​អាច​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេហូវ៉ា​នៅ​សាលា​រៀន និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ជា​មួយ​មាតា​បិតា​របស់​អ្នក។ (អេសាយ ៤៣:១០​-​១២; កិច្ចការ ២០:២០, ២១) មុន​បន្ដិច​ដែល​ទ្រង់​សោយទិវង្គត ព្រះ​យេស៊ូ​បាន​ធ្វើ​បន្ទាល់​និង​ប្រោស​មនុស្ស​ឲ្យ​ជា​នៅ​ឯ​ព្រះ​វិហារ ពេល​នោះ​មាន​ក្មេង​ប្រុសៗ​ខ្លះ​ស្រែក​ថា​៖ «ហូសាណា ដល់​ព្រះ​វង្ស​ហ្លួង​ដាវីឌ!»។ ពួក​សង្គ្រាជ​និង​ពួក​ស្ក្រែប​បាន​ខឹង​ពេល​ឮ​ដូច្នេះ ក៏​ពោល​ប្រឆាំង​ថា​៖ «តើ​អ្នក​ឮ​ពាក្យ​ដែល​ក្មេង​ទាំង​នេះ​ថា​ឬ​ទេ»? ព្រះ​យេស៊ូ​តប​ឆ្លើយ​ថា​៖ «ឮ​ហើយ! តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​សេចក្ដី​ទេ​ឬ​អី ដែល​ថា ‹ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​សរសើរ​បាន​គ្រប់​លក្ខណ៍ ដោយ​នូវ​មាត់​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ?›»។ (ម៉ាថាយ ២១:១៥​-​១៧) ក្មេងៗ​នៅ​ក្នុង​ក្រុមជំនុំ​ក៏​មាន​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​សរសើរ​ព្រះ​និង​រាជបុត្រា​របស់​ទ្រង់​ដូច​ពួក​ក្មេង​ទាំង​នោះ​ដែរ។ យើង​ចង់​បាន​អ្នក​និង​ត្រូវ​ការ​អ្នក​ឲ្យ​ចូល​រួម​ជា​មួយ​យើង ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ។

ពេល​មាន​ការ​ពិបាក

១៧, ១៨​. (ក) ហេតុ​អ្វី​បាន​ជា​ប៉ុល​រៀបចំ​ឲ្យ​មាន​វិភាគទាន​សំរាប់​ពួក​គ្រីស្ទាន​នៅ​ស្រុក​យូដា? (ខ) ដោយ​ព្រោះ​មាន​វិភាគទាន​ដោយ​ស្ម័គ្រ​ចិត្ត​សំរាប់​អ្នក​ជឿ​សាសន៍​យូដា តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា ទៅ​លើ​ពួក​សាសន៍​យូដា​និង​ពួក​សាសន៍​ដទៃ​ដែល​ជា​គ្រីស្ទាន?

១៧ មិន​ថា​យើង​មាន​កាលៈទេសៈ​អ្វី​ក៏​ដោយ សេចក្ដី​ស្រឡាញ់​ជំរុញ​យើង​ឲ្យ​ជួយ​គ្រីស្ទាន​គ្នីគ្នា ពេល​ត្រូវ​ការ​ជំនួយ។ (យ៉ូហាន ១៣:៣៤, ៣៥; យ៉ាកុប ២:១៤​-​១៧) ដោយសារ​ប៉ុល​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​បងប្អូន​ប្រុស​ស្រី​នៅ​ស្រុក​យូដា នេះ​បាន​ជំរុញ​គាត់​ឲ្យ​រៀបចំ​ឲ្យ​មាន​វិភាគទាន​ដែល​បាន​មក​ពី​ចំណោម​ក្រុមជំនុំ​នៅ​ក្រុង​អាខៃ ក្រុង​កាឡាទី ស្រុក​ម៉ាសេដូន និង​តំបន់​អាស៊ី​ដែរ។ ដោយសារ​ពួក​សិស្ស​ក្នុង​ក្រុង​យេរូសាឡិម​ទទួល​ការ​បៀតបៀន ជួប​ប្រទះ​ស្ថានការណ៍​ស៊ីវិល​ដ៏​អស្ថិរ​ភាព និង​ទុរភិក្ស នោះ​ប៉ុល​បាន​ហៅ​ថា​ជា‹ទុក្ខ​លំបាក› ‹សេចក្ដី​វេទនា› និង​ថា​«មនុស្ស​ប្លន់​យក​របស់​ទ្រព្យ[ពួក​គេ]»។ (ហេព្រើរ ១០:៣២​-​៣៤; កិច្ចការ ១១:២៧​–​១២:១) ដូច្នេះ​ហើយ​គាត់​បាន​ចាត់​ចែង​ឲ្យ​មាន​ប្រអប់​វិភាគទាន​មួយ​សំរាប់​គ្រីស្ទាន​ក្រីក្រ​នៅ​ស្រុក​យូដា។—កូរិនថូសទី១ ១៦:១​-​៣; កូរិនថូសទី២ ៨:១​-​៤, ១៣​-​១៥; ៩:១, ២, ៧

១៨ អំណោយ​ដែល​ផ្ដល់​ឲ្យ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​សំរាប់​ពួក​បរិសុទ្ធ​នៅ​ស្រុក​យូដា​បាន​ស​ឲ្យ​ឃើញ​ថា ពួក​គេ​មាន​ចំណង​ភាតរភាព​រវាង​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា​ជាតិ​យូដា​និង​សាសន៍​ដទៃ។ ពេល​ពួក​គ្រីស្ទាន​សាសន៍​ដទៃ​ផ្ដល់​វិភាគទាន​ជា​ថវិកា នេះ​បាន​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​បង្ហាញ​ចិត្ត​កតញ្ញូ​សំរាប់​ម្ហូបអាហារ​ខាង​វិញ្ញាណ​ដ៏​បរិបូរ​ដែល​បាន​ទទួល​ពី​ពួក​អ្នក​ថ្វាយ​បង្គំ​គ្នីគ្នា​ដែល​ជា​ជាតិ​យូដា។ ហេតុ​នេះ​ហើយ គឺ​មាន​ការ​ជួយ​គ្នា​ខាង​សម្ភារៈ​និង​ខាង​វិញ្ញាណ​ផង​ដែរ។ (រ៉ូម ១៥:២៦, ២៧) វិភាគទាន​សំរាប់​បងប្អូន​ដែល​ក្រីក្រ​សព្វ​ថ្ងៃ​នេះ ក៏​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ពីចិត្ត និង​ដោយ​សេចក្ដី​ស្រឡាញ់​ផង​ដែរ។ (ម៉ាកុស ១២:២៨​-​​៣១) ក្នុង​ករណី​នេះ យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​ឲ្យ​មាន​ភាព​ស្មើ​គ្នា ពោល​គឺ‹អ្នក​ដែល​មាន​តិច នោះ​មិន​មាន​តិច​ពេក›។—កូរិនថូសទី២ ៨:១៥

១៩, ២០​. ចូរ​ឲ្យ​ឧទាហរណ៍ ដើម្បី​បង្ហាញ​នូវ​របៀប​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​ពេល​មាន​វិបត្ដិ​ភ័យ។

១៩ ដោយ​ដឹង​ថា​ពួក​គ្រីស្ទាន​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​យើង​ត្រូវ​រហ័ស​ទៅ​ជួយ​បងប្អូន​ប្រុស​ស្រី​ជា​អ្នក​ជឿ​គ្នីគ្នា​របស់​យើង។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អ្វី​ដែល​កើត​ឡើង​ពេល​កក្រើក​ដី​បាន​បំផ្លិច​បំផ្លាញ និង​មាន​ផ្ទាំង​ដី​បាក់​ធ្លាក់​ចុះ​នៅ​ប្រទេស​អែលសាវ៉ាឌ័រ​នៅ​ដើម​ឆ្នាំ​២០០១។ របាយ​ការណ៍​មួយ​ចែង​ថា​៖ «បងប្អូន​ទូទាំង​ប្រទេស​អែលសាវ៉ាឌ័រ​ក៏​ចាប់​ផ្ដើម​ជួយ​ផ្នែក​មនុស្ស​ធម៌។ បងប្អូន​ជា​ក្រុមៗ​ពី​ប្រទេស​ហ្គាតេម៉ាឡា សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា​បាន​មក​ជួយ​ពួក​យើង។ . . . ក្នុង​រយៈ​ពេល​ខ្លី​សោះ បាន​សាង​សង់​ផ្ទះ​៥០០​ខ្នង និង​សាលព្រះរាជាណាចក្រ​បី​ដ៏​ស្អាត។ បងប្អូន​យើង​ក៏​បាន​ធ្វើ​ពលិ​កម្ម​ពេល​វេលា​និង​កម្លាំង​ខ្លួន ដើម្បី​រួម​កម្លាំង​ជួយ​ធ្វើ​ការ​ទាំង​នោះ ហើយ​ជា​លទ្ធផល​បាន​ធ្វើ​ជា​បន្ទាល់​ដ៏​ល្អ​ដល់​មនុស្ស​ជា​ច្រើន»។

២០ របាយ​ការណ៍​ពី​ប្រទេស​អា​ព្រិច​ខាង​ត្បូង​រាយ​ការណ៍​ថា​៖ «បង​ប្អូន​គ្រីស្ទាន​របស់​យើង​ក៏​ទទួល​ការ​ហិន​ហោច​ពី​ទឹក​ជំនន់​ដែល​បាន​បំផ្លិច​បំផ្លាញ​របស់​ជា​ច្រើន​ក្នុង​ប្រទេស​ម៉ូសំប៊ិច​ដែរ។ ការិយាល័យ​សាខា​នៅប្រទេស​ម៉ូសំប៊ិច​បាន​រៀបចំ​មើល​ថែរក្សា​នូវ​តម្រូវ​ការ​របស់​ពួក​គេ។ ប៉ុន្តែ​បងប្អូន​នៅ​ការិយាល័យ​សាខា​បាន​ស្នើ​សុំ​ឲ្យ​យើង​បញ្ជូន​ខោ​អាវ​ជជុះ​ដែល​មាន​គុណភាព​ល្អ​សំរាប់​បងប្អូន​ក្រីក្រ។ យើង​បាន​ប្រមូល​ខោ​អាវ​បាន​មួយ​ធុង​ចំណុះ​១២​ម៉ែត្រ​គូ​ប​សំរាប់​បងប្អូន​យើង​នៅ​ប្រទេស​ម៉ូសំប៊ិច»។ ប្រាកដ​ហើយ ចំពោះ​ករណី​ទាំង​នេះ យើង​ពិត​ជា​ត្រូវ​ការ​ជំនួយ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​មែន។

២១​. តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២១ ដូច​បាន​កត់​សម្គាល់​មុន​នេះ អវយវៈ​និង​សរីរាង្គ​ទាំង​អស់​របស់​រូប​កាយ​មនុស្ស​គឺ​សំខាន់។ ចំពោះ​ក្រុមជំនុំ​គ្រីស្ទាន សមាជិក​ទាំង​អស់​សំខាន់​ដូច​គ្នា។ សមាជិក​គ្រប់​គ្នា​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។ ពួក​គេ​ក៏​ត្រូវ​បន្ត​បំរើ​ព្រះ​ដោយ​មាន​សាមគ្គីភាព។ អត្ថបទ​ជា​បន្ទាប់​នឹង​ពិនិត្យ​មើល​នូវ​កត្ដា​ខ្លះៗ ដែល​នាំ​ឲ្យ​មាន​លទ្ធផល​បែប​នេះ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​រូប​កាយ​មនុស្ស និង​ក្រុមជំនុំ​គ្រីស្ទាន​មាន​ភាព​ស្រដៀង​គ្នា​យ៉ាង​ណា?

តើ​ពួក​គ្រីស្ទាន​សម័យ​ដើម​បាន​ប្រព្រឹត្ត​យ៉ាង​ណា ពេល​អ្នក​ជឿ​គ្នីគ្នា​ត្រូវ​ការ​ជំនួយ​យ៉ាង​ខ្លាំង​ខាង​សម្ភារៈ​នោះ?

តើ​មាន​ឧទាហរណ៍​ណា​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​ដែល​បង្ហាញ​ថា​ពួក​គ្រីស្ទាន​ត្រូវ​ការ​គ្នា​និង​ត្រូវ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២១]

អ័គីឡា​និង​ព្រីស៊ីល​ចេះ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ដទៃ

[រូបភាព​នៅ​ទំព័រ​២៣]

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ពេល​មាន​ការ​ពិបាក