លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សាលព្រះរាជាណាចក្រសូមស្វាគមន៍មនុស្សគ្រប់រូប

សាលព្រះរាជាណាចក្រសូមស្វាគមន៍មនុស្សគ្រប់រូប

របាយ​ការណ៍​ពី​ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ

សាលព្រះរាជាណាចក្រ​សូមស្វាគមន៍​មនុស្ស​គ្រប់​រូប

ក្នុង​ពេល​ព្រះ​យេស៊ូ​គ្រីស្ទ​បង្ហាត់​បង្រៀន​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ​កិច្ច​បំរើ​ផ្សាយ​សាធារណៈ នោះ​ទ្រង់​បាន​លើក​ទឹក​ចិត្ត​ពួក​សិស្ស​ឲ្យ «ថ្លែង​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ»។ (ម៉ាថាយ ១០:២៧) មែន​ហើយ ពួក​សិស្ស​ត្រូវ​បំពេញ​កិច្ច​បំរើ​ផ្សាយ​គ្រីស្ទាន​ជា​សាធារណៈ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក៏​ធ្វើ​តាម​ឱវាទ​នេះ​ដែរ ហើយ​កិច្ចការ​របស់​គេ​គឺ​ធ្វើ​ឡើង​ជា​សាធារណៈ។ ដោយសារ​ស្មរបន្ទាល់​ធ្វើ​កិច្ច​បំរើ​ព្រះ​ដោយ​ឥត​លាក់​លៀម​ដូច្នេះ នេះ​ក៏​ធ្វើ​ឲ្យ​ពួក​គេ​យក​ឈ្នះ​នូវ​ការ​ប្រឆាំង ហើយ​ថែម​ទាំង​ទទួល​ការ​សរសើរ​ពី​សាធារណជន​ដែរ។

ទោះ​ជា​ការ​ប្រជុំ​ក្នុង​ក្រុមជំនុំ​របស់​ស្មរបន្ទាល់ព្រះយេហូវ៉ា​ទទួល​ស្វាគមន៍​មនុស្ស​គ្រប់​រូប​ក៏​ដោយ តែ​ដោយសារ​មនុស្ស​ខ្លះ​ប្រកាន់​សាសនានោះ បាន​ជា​ពួក​គេ​មិន​ហ៊ាន​ចូល​សាល​ព្រះ​រាជាណាចក្រ​ទេ។ រឿង​នេះ​បាន​កើត​ឡើង​ក្នុង​ប្រទេស​ហ្វាំងឡង់។ អ្នក​ខ្លះ​មិន​ហ៊ាន​ទៅ​កន្លែង​ថ្មីៗ​សូម្បីតែ​ម្ដង​ប៉ុណ្ណោះ។ ពេល​សាង​សង់​សាល​ព្រះ​រាជាណាចក្រ​ថ្មី ឬ​ក៏​ជួសជុល​សាល​ព្រះ​រាជាណាចក្រ​ណា​មួយ គឺ​មាន​ការ​រៀប​ចំ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដែល​រស់​នៅ​ក្បែរៗ​នោះ​មក​ទស្សនា​កន្លែង​នោះ។ គឺ​មាន​ការ​ខំ​ប្រឹង​យ៉ាង​ពិសេស​ដើម្បី​អញ្ជើញ​អ្នកជិតខាង​ឲ្យ​មក​ទស្សនា​សាល​ព្រះ​រាជាណាចក្រ ដើម្បី​ឲ្យ​បាន​ស្គាល់​កិច្ចការ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

នៅ​កន្លែង​មួយ ពេល​អញ្ជើញ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មក​ទស្សនា​សាល​ព្រះ​រាជាណាចក្រ​ថ្មី​នេះ នោះ​ស្មរបន្ទាល់​បាន​រៀបចំ​ផ្ដល់​ឲ្យ​នូវ​ទស្សនាវដ្ដី​នៅ​ក្នុង​ថ្ងៃ​នោះ​តែ​ម្ដង។ ស្មរបន្ទាល់​ពីរ​នាក់​បាន​ជួប​បុរស​ចំណាស់​ម្នាក់​ដែល​បាន​ពោល​ថា គាត់​សប្បាយ​រីករាយ​នឹង​អាន​ទស្សនាវដ្ដី​ប៉មយាម និង​ទស្សនាវដ្ដី​ភ្ញាក់រឭក! ណាស់ បង​ប្អូន​យើង​សុំ​អញ្ជើញ​គាត់​មក​ទស្សនា​សាល​ព្រះ​រាជាណាចក្រ​នោះ ហើយ​បាន​សុំ​ជូន​គាត់​ទៅ​តែ​ម្ដង។ បុរស​ចំណាស់​នេះ​បាន​ពោល​ថា គាត់​សប្បាយ​ចិត្ត​ចង់​ទៅ​ជា​មួយ។ ភរិយា​របស់​គាត់​បាន​ស្ដាប់​នូវ​អ្វី​ដែល​ពួក​គេ​បាន​និយាយ ក៏​ពោល​ឡើង​ថា​៖ «ខ្ញុំ​ចង់​ទៅ​ដែរ!»។

ពេល​បុរស​នេះ​ចូល​សាលព្រះរាជាណាចក្រ គាត់​បាន​មើល​ជុំវិញ ក៏​ពោល​ថា​៖ «សាល​ប្រជុំ​នេះ​មិន​មែន​ពណ៌ខ្មៅ​ទេ តែ​មាន​ពណ៌​ស្អាត​ណាស់។ គេ​ប្រាប់​ខ្ញុំ​ថា សាល​ប្រជុំ​ពណ៌ខ្មៅ!»។ ស្វាមី​ភរិយា​នេះ​បាន​នៅ​លេង​យ៉ាង​យូរ និង​សុំ​ប្រកាសនវត្ថុ​ខ្លះៗ​ដែល​មាន​នៅ​ទី​នោះ។

ក្រុមជំនុំ​មួយ​ចង់​ប្រកាស​ក្នុង​សារពត៌មាន​អំពី​សេចក្ដី​អញ្ជើញ​ឲ្យ​មនុស្ស​គ្រប់​រូប​មក​ចូល​រួម ពេល​មាន​ការ​ប្រារព្ធ​ពិធី​សម្ពោធន៍​សាល​ព្រះ​រាជាណាចក្រ​របស់​ពួក​គេ។ ចាងហ្វាង​កាសែត​ម្នាក់​បាន​ទទួល​ដំណឹង​អំពី​ពិធី​សម្ពោធន៍​នេះ គាត់​ក៏​បាន​ឲ្យ​យោបល់​ថា គួរ​សរសេរ​អត្ថបទ​មួយ​អំពី​ប្រធាន​នេះ។ បងប្អូន​យើង​បាន​យល់​ព្រម​ធ្វើ​ដូច្នេះ ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​អត្ថបទ​មួយ​ដ៏​ល្អ មាន​នៅ​ពាក់​កណ្ដាល​ទំព័រ​ចេញ​ផ្សាយ​ក្នុង​កាសែត​ដែល​រៀប​រាប់​អំពី​ពិធី​សម្ពោធន៍​នេះ និង​ពណ៌នា​អំពី​កិច្ចការ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក្នុង​តំបន់​នោះ។

ក្រោយ​ពី​អត្ថបទ​នេះ​បាន​បោះ​ពុម្ព​ផ្សាយ​ហើយ នោះ​បង​ស្រី​ស្មរបន្ទាល់​វ័យ​ចំណាស់​ម្នាក់​បាន​ជួប​អ្នកជិតខាង​គាត់​ម្នាក់ ដែល​ប្រាប់​គាត់​ថា​៖ «ក្នុង​កាសែត​ថ្ងៃ​នេះ គឺ​មាន​អត្ថបទ​ដ៏​ល្អ​មួយ​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា!»។ បង​ស្រី​យើង​មាន​ឱកាស​ផ្សព្វផ្សាយ​ប្រាប់​អ្នកជិតខាង​នោះ​និង​ក្រោយ​មក​ក៏​ជូន​ឲ្យ​សៀវភៅ​ស្តើង ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​សតវត្ស​ទី២០។

បន្ថែម​ពី​លើ​ការ​បញ្ជាក់​នូវ​ការ​ភាន់​ច្រឡំ​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នោះ​ការ​រៀប​ចំ​អញ្ជើញ​មនុស្ស​គ្រប់​គ្នា​ឲ្យ​មក​ទស្សនា​និង​ចូល​រួមពិធី​សម្ពោធន៍​សាលព្រះរាជាណាចក្រ​ថ្មី ក៏​បាន​ជំរុញ​ទឹក​ចិត្ត​បង​ប្អូន​ដែល​ជា​អ្នក​ផ្សព្វផ្សាយ ដោយ​លើក​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​អញ្ជើញ​មនុស្ស​ជា​ច្រើន​ទៀត​មក​ចូល​រួម​កិច្ច​ប្រជុំ។ ត្រូវ​ហើយ នៅ​ប្រទេស​ជា​ច្រើន​រួម​បញ្ចូល​ប្រទេស​ហ្វាំងឡង់​ដែរ មនុស្ស​បាន​រៀន​ដឹង​ថា សាលព្រះរាជាណាចក្រ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សូម​ស្វាគមន៍​មនុស្ស​គ្រប់​រូប។