សំនួរពីអ្នកអាន
សំនួរពីអ្នកអាន
តើពាក្យសម្បថចំពោះព្រះត្រូវតែធ្វើតាមជានិច្ចឬ?
នៅក្នុងព្រះគម្ពីរ ពាក្យសម្បថគឺជាសេចក្ដីសន្យាដ៏ធ្ងន់ធ្ងរមួយដែលបានស្បថចំពោះព្រះក្នុងការប្រព្រឹត្តអ្វីមួយដើម្បីថ្វាយដង្វាយ ឬដើម្បីចាប់ផ្ដើមធ្វើកិច្ចការណាមួយ ឬដើម្បីមានមុខនាទីដ៏ពិសេសណាមួយ ឬក៏ស្បថជៀសវាងពីអ្វីណាខ្លះដែលមិនខុសពីច្បាប់ព្រះ។ ព្រះគម្ពីរមានកំណត់ហេតុនៃពាក្យសម្បថដែលមានល័ក្ខខ័ណ្ឌ ពោលគឺពាក្យសម្បថទាក់ទងនឹងសេចក្ដីសន្យាធ្វើតាមអ្វីមួយដែលខ្លួនបានស្បថ បើព្រះធ្វើអ្វីមួយជាមុនសិន។ ជាឧទាហរណ៍ ហាណាជាម្ដាយរបស់ព្យាការីសាំយូអែលទូលអង្វរព្រះយេហូវ៉ាដោយសច្ចាថា៖ «ឱ! ព្រះអម្ចាស់នៃពិភពទាំងមូលអើយ! សូម . . . កុំបំភ្លេចខ្ញុំម្ចាស់ឡើយ។ ប្រសិនបើព្រះអង្គប្រោសប្រទានអោយខ្ញុំម្ចាស់មានកូនប្រុសមួយ ខ្ញុំម្ចាស់នឹងយកកូននោះមកថ្វាយព្រះអង្គ ដើម្បីអោយនៅបំរើព្រះអង្គអស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬ កាត់ឡើយ»។ (សាមូអែលទី១ ១:១១, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ព្រះគម្ពីរក៏ពណ៌នាអំពីពាក្យសម្បថដែលត្រូវធ្វើឡើងដោយស្ម័គ្រពីចិត្តដែរ។ តើពាក្យសម្បថចំពោះព្រះត្រូវតែធ្វើតាមជានិច្ចឬ?
ស្តេចសាឡូម៉ូននៅអ៊ីស្រាអែលពីសម័យបុរាណមានបន្ទូលថា៖ «កាលណាឯង[ស្បថចំពោះ]ព្រះ នោះកុំឲ្យបង្អង់នឹងលា[សម្បថ]នោះឡើយ . . . ចូរសងតាមដែលឯងបាន[ស្បថ]ចុះ!»។ ទ្រង់មានបន្ទូលបន្ថែមថា៖ «ស៊ូកុំឲ្យឯងបាន[ស្បថ] ជាជាង[ស្បថ]ហើយ តែមិនលា[សម្បថ]នោះវិញ»។ (សាស្ដា ៥:៤, ៥) ច្បាប់ដែលបានផ្ដល់ឲ្យពួកអ៊ីស្រាអែលតាមរយៈម៉ូសេចែងថា៖ «កាលណាឯង[ស្បថ]ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង នោះមិនត្រូវបង្អង់នឹងលា[សម្បថ]នោះទេ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងទារពីឯងវិញជាមិនខាន យ៉ាងនោះនឹងបានរាប់ជាបាបដល់ឯង»។ (ចោទិយកថា ២៣:២១) យ៉ាងច្បាស់ណាស់ ពាក្យសម្បថចំពោះព្រះគឺជារឿងដ៏ធ្ងន់ធ្ងរមួយ។ យើងត្រូវស្បថចំពោះព្រះដោយមានបំណងចិត្តត្រឹមត្រូវ ហើយបុគ្គលដែលស្បថនោះត្រូវប្រាកដក្នុងចិត្តថា គាត់មានសមត្ថភាពធ្វើអ្វីដែលគាត់បានស្បថនោះ។ បើមិនដូច្នេះទេ ល្អជាងគាត់កុំស្បថឲ្យសោះ។ ក្រោយពីបានស្បថហើយ តើតម្រូវឲ្យធ្វើតាមពាក្យសម្បថទាំងអស់ឬ?
ចុះយ៉ាងណាវិញបើពាក្យសម្បថតម្រូវឲ្យយើងធ្វើអ្វីមួយ តែក្រោយមកយើងដឹងថា នេះគឺឥតសមតាមបំណងព្រះហឫទ័យរបស់ព្រះនោះទេ? ចុះយ៉ាងណាបើជាពាក្យសម្បថមួយដែលក្នុងករណីខ្លះ អាចធ្វើឲ្យមានអំពើអសីលធម៌ដែលប៉ះពាល់ទៅលើការថ្វាយបង្គំពិតនោះ? (ចោទិយកថា ២៣:១៨) យ៉ាងច្បាស់ណាស់ ពាក្យសម្បថនោះគឺមិនតម្រូវឲ្យធ្វើតាមទៀតទេ។ ម្យ៉ាងវិញទៀត ក្រោមក្រិត្យវិន័យម៉ូសេ ពាក្យសម្បថដែលស្ត្រីម្នាក់បានធ្វើ នោះឪពុកឬប្ដីនាងអាចធ្វើឲ្យទៅជាមោឃៈវិញបាន។—ជនគណនា ៣០:៣-១៥
ចូរគិតអំពីករណីរបស់បុគ្គលម្នាក់ដែលស្បថចំពោះព្រះថានឹងនៅលីវ តែឥឡូវនេះមានការពិបាកនឹងធ្វើតាមពាក្យសម្បថនោះ? ពាក្យសម្បថរបស់គាត់បានធ្វើឲ្យគាត់ស្ថិតក្នុងស្ថានភាពដែលគាត់គិតថា បើធ្វើតាមពាក្យសម្បថគាត់នឹងបំពានលើខ្នាតតម្រារបស់ព្រះស្តីអំពីរឿងសីលធម៌។ តើគាត់ត្រូវតែធ្វើតាមពាក្យសម្បថនោះឬ? គឺពិតជាល្អជាង បើគាត់ត្រូវការពារខ្លួនពីការប្រព្រឹត្តអំពើអសីលធម៌ ដោយមិនធ្វើតាមពាក្យសច្ចានោះ ហើយទូលអង្វរសុំសេចក្ដីមេត្ដាករុណាពីព្រះយេហូវ៉ាឲ្យអត់ឱនទោសវិញ មែនទេ? មានតែគាត់ទេដែលត្រូវសម្រេចចិត្តដោយខ្លួនឯងនោះ។ គ្មានមនុស្សណាម្នាក់អាចសម្រេចចិត្តឲ្យគាត់បានទេ។
ចុះយ៉ាងណាវិញបើបុគ្គលម្នាក់បានស្បថ តែក្រោយមកដឹងថាគាត់ធ្វើដោយឥតគិតមុខគិតក្រោយនោះ? តើគាត់គួរខំប្រឹងបំពេញតាមពាក្យសម្បថនោះឬទេ? ចំពោះយែបថាគឺមិនស្រួលទេក្នុងការធ្វើតាមពាក្យសម្បថចំពោះព្រះ ប៉ុន្តែគាត់ខំប្រឹងធ្វើតាមអ្វីដែលគាត់បានស្បថ។ (ពួកចៅហ្វាយ ១១:៣០-៤០) បើបុគ្គលម្នាក់មិនធ្វើតាមពាក្យសម្បថរបស់គាត់ នោះអាចនាំឲ្យព្រះមាន«សេចក្ដីខ្ញាល់» និងបំផ្លិចបំផ្លាញការអ្វីៗដែលបុគ្គលនោះបានធ្វើ។ (សាស្ដា ៥:៦) បើយើងមើលស្រាលនូវការបំពេញតាមពាក្យសម្បថនេះ នោះក៏នាំឲ្យព្រះលែងផ្ដល់ព្រះគុណដល់យើងដែរ។
ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលថា៖ «ត្រូវឲ្យចេញសំដីថាតែមែនៗ ឬទេៗប៉ុណ្ណោះ សេចក្ដីណាដែលលើសអំពីនោះទៅ នោះមកតែពីអាកំណាចទេ»។ (ម៉ាថាយ ៥:៣៧) គ្រីស្ទានម្នាក់ត្រូវយកចិត្តទុកដាក់នឹងការធ្វើតាមពាក្យសម្បថចំពោះព្រះ ថែមទាំងត្រូវសឲ្យឃើញដោយពាក្យសំដីរបស់គាត់ ជាអ្នកដែលអាចទុកចិត្តបាន ចំពោះព្រះនិងចំពោះមនុស្សគ្នីគ្នា។ ចុះយ៉ាងណាបើគាត់មានស្ថានការណ៍ដ៏លំបាកដោយសារបានធ្វើកិច្ចព្រមព្រៀងនឹងបុគ្គលម្នាក់ ដែលទំនងដូចជាល្អនៅពេលនោះ តែបើគិតឲ្យវែងឆ្ងាយទៅទំនងជាអ្វីដែលឥតប្រាជ្ញាទៅវិញនោះ? គាត់មិនគួរមើលស្រាលនឹងរឿងទាំងនេះឡើយ។ ប៉ុន្តែដោយព្រោះការពិគ្រោះនឹងគ្នា នោះភាគីផ្សេងប្រហែលជាអាចឲ្យគាត់រួចពីកិច្ចសន្យានោះបាន។—ទំនុកដំកើង ១៥:៤; សុភាសិត ៦:២, ៣
តើអ្វីជាកង្វល់ចំបងរបស់យើង ស្តីអំពីពាក្យសម្បថនឹងរឿងផ្សេងៗនោះ? សូមឲ្យយើងខំបន្តរក្សាទំនាក់ទំនងដ៏ល្អជាមួយនឹងព្រះយេហូវ៉ាជានិច្ច។