ហេតុអ្វីបានជាពិបាកម្ល៉េះក្នុងការនិយាយសុំទោស?
ហេតុអ្វីបានជាពិបាកម្ល៉េះក្នុងការនិយាយសុំទោស?
ក្នុងខែកក្កដា ឆ្នាំ២០០០ អង្គការនីតិបញ្ញត្ដិនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានអនុម័តច្បាប់មួយដើម្បីជួយមនុស្សឲ្យរួចពីទោសបាន ប្រសិនបើគេបង្ហាញសមានចិត្តយ៉ាងស្មោះក្នុងការជួយចំពោះអ្នករងរបួសក្នុងគ្រោះថ្នាក់ជាមួយគ្នានោះ។ ហេតុអ្វីបានជាត្រូវការច្បាប់បែបនេះ? គឺដោយសារគេបានកត់សម្គាល់ថា ពេលមានគ្រោះថ្នាក់រហូតដល់មានរបួស ឬក៏មានការខូចខាតណានោះ មនុស្សច្រើនតែមិននិយាយសុំទោសភ្លាមៗទេ ព្រោះខ្លាចតុលាការសំអាងលើការសុំទោសនោះជាការព្រមទទួលកំហុស។ ផ្ទុយទៅវិញ ពួកអ្នកខ្លះអាចរកាំចិត្តបើអ្នកដទៃមិននិយាយសុំទោសខ្លួនភ្លាមៗនោះ ហើយរឿងតូចតាចអាចក្លាយជារឿងជំលោះដ៏ធំទៅបាន។
តាមពិត យើងមិនចាំបាច់សុំទោសគេទេ បើយើងគ្មានកំហុសនោះ។ ហើយពេលខ្លះជាការមានប្រាជ្ញា បើយើងប្រយ័ត្នពាក្យសំដីរបស់ខ្លួន។ សុភាសិតចាស់បុរាណមួយចែងថា៖ «អ្នកណាដែលនិយាយច្រើន នោះមិនខាននឹងមានបាបឡើយ តែអ្នកណាដែលឃាត់ទប់បបូរមាត់វិញ នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា»។ (សុភាសិត ១០:១៩; ២៧:១២) យ៉ាងណាក្ដី យើងនៅតែជួយគេបានដែរ ដើម្បីជាការបង្ហាញនូវសុជីវធម៌។
ប៉ុន្តែ មនុស្សភាគច្រើនមិនបាននិយាយសុំទោសទេ មិនថាមានការប្ដឹងផ្ដល់ឬមិនមានក៏ដោយ មែនទេ? ភរិយានៅឯផ្ទះប្រហែលជានិយាយដោយតូចចិត្តថា៖ ‹ស្វាមីខ្ញុំមិនចេះសុំទោសទាល់តែសោះ!›។ នៅកន្លែងធ្វើការ មេក្រុម
កម្មករជួនកាលបានត្អូញត្អែរថា៖ ‹កម្មករដែលនៅក្រោមបង្គាប់ខ្ញុំមិនព្រមទទួលកំហុសរបស់គេឡើយ ហើយពួកគេកម្រនិយាយសុំទោសណាស់!›។ នៅសាលារៀនគ្រូបង្រៀនប្រហែលជាពោលថា៖ ‹ពួកក្មេងៗមិនបានត្រូវបង្រៀនឲ្យចេះនិយាយសុំទោសទេ!›។មូលហេតុមួយដែលមនុស្សមិននិយាយសុំទោសភ្លាមៗនោះ គឺគេប្រហែលជាខ្លាចអ្នកដែលគេសុំទោសនោះមិនអភ័យទោសឲ្យខ្លួន ឬក៏ខ្លាចថាគេមិនអើពើនឹងការសុំទោសរបស់ខ្លួន ដូច្នេះហើយអ្នកដែលធ្វើខុសប្រហែលជាមិនហ៊ាននិយាយស្មោះអស់ពីចិត្តទេ។ ប្រហែលជាអ្នកដែលអាក់អន់ចិត្តនោះនឹងខំគេចពីអ្នកដែលធ្វើខុសនោះ ហើយនេះក៏ធ្វើឲ្យរឹតតែពិបាកសម្រុះសម្រួលគ្នាវិញដែរ។
ការមិនយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់អ្នកដទៃ ក៏អាចជាមូលហេតុមួយទៀតដែលមនុស្សខ្លះមិននិយាយសុំទោសភ្លាមៗដែរ។ ពួកគេប្រហែលជាដោះសាថា៖ ‹ការសុំទោសមិនអាចលុបបំបាត់ចោលនូវកំហុសរបស់ខ្ញុំបានឡើយ›។ អ្នកឯទៀតក៏ប្រហែលជាមិននិយាយសុំទោសភ្លាមៗដែរ ដោយសារខ្លាចមានលទ្ធផលមិនល្អមកលើខ្លួនវិញ។ ពួកគេប្រហែលជាឆ្ងល់ថា៖ ‹តើខ្ញុំគួរទទួលកំហុសហើយទូទាត់សងថ្លៃខូចខាតវិញឬទេ?›។ ប៉ុន្តែចិត្តក្រអឺតក្រអោង ជាឧបសគ្គធំជាងគេក្នុងការទទួលកំហុសរបស់ខ្លួន។ មនុស្សខ្លះមានចិត្តក្រអឺតដល់ម្ល៉េះដែលមិនអាចនិយាយសុំទោសបានទេ គេទំនងជាសន្និដ្ឋានថា៖ ‹ខ្ញុំនឹងបាក់មុខ បើខ្ញុំទទួលកំហុសរបស់ខ្ញុំ។ បើទទួលកំហុស ខ្ញុំនឹងលែងមានសិទ្ធិតវ៉ាបានទៀតហើយ›។
សូម្បីតែដោយហេតុណាក៏ដោយ មនុស្សជាច្រើនមានការពិបាកនិយាយសុំទោសណាស់។ ប៉ុន្តែ តើចាំបាច់ឲ្យយើងនិយាយសុំទោសមែនឬ? តើមានប្រយោជន៍អ្វីខ្លះពីការនិយាយសុំទោស?
[រូបភាពនៅទំព័រ៣]
«ពួកក្មេងៗមិនបាន ត្រូវបង្រៀនឲ្យចេះ និយាយសុំទោសទេ!»
[រូបភាពនៅទំព័រ៣]
«កម្មករដែលនៅក្រោម បង្គាប់ខ្ញុំមិនព្រមទទួល កំហុសរបស់គេឡើយ»
[រូបភាពនៅទំព័រ៣]
«ស្វាមីខ្ញុំមិនចេះសុំទោសទាល់តែសោះ!»