លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការសិក្សាផ្ទាល់ខ្លួនដែលនាំឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបង្រៀន

ការសិក្សាផ្ទាល់ខ្លួនដែលនាំឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបង្រៀន

ការ​សិក្សា​ផ្ទាល់​ខ្លួន​ដែល​នាំ​ឲ្យ​យើង​មាន​សមត្ថភាព​ធ្វើ​ជា​អ្នក​បង្រៀន

​«ចូរ​ជញ្ជឹង​គិត ហើយ​ជក់ស្លុង​នឹង​អ្វីៗ​ទាំង​អស់​នេះ​ចុះ! ដើម្បី​ឲ្យ​មនុស្ស​ទាំង​ឡាយ​ឃើញ​ជំនឿន​របស់​អ្នក។ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​អ្នក ហើយ​និង​សេចក្ដី​បង្រៀន​របស់​អ្នក​ផង​ដែរ»។—ធីម៉ូថេទី១ ៤:១៥, ១៦, ព.ថ.

១​. តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា អំពី​ពេល​វេលា​និង​ការ​សិក្សា​ផ្ទាល់​ខ្លួន?

នៅ​សាស្ដា ៣:១ ព្រះ​គម្ពីរ​ចែង​ថា​៖ «មាន​ពេល​សំរាប់​គ្រប់​ទាំងអស់»។ បើ​ដូច្នេះ យើង​ក៏​គួរ​មាន​ពេល​សំរាប់​ការ​សិក្សា​ផ្ទាល់​ខ្លួន​ផង​ដែរ។ មនុស្ស​ជា​ច្រើន​មាន​ការ​ពិបាក​ជញ្ជឹង​គិត​អំពី​រឿង​ខាង​វិញ្ញាណ បើ​គេ​ត្រូវ​ជញ្ជឹងគិត​នៅ​កន្លែង​ដែល​មិន​សមគួរ​ឬ​ពេល​ដែល​មិន​ល្អ​សំរាប់​គេ​នោះ។ ឧទាហរណ៍ បើ​អ្នក​បាន​ធ្វើ​ការ​នឿយហត់​ពេញ​មួយ​ថ្ងៃ ហើយ​បាន​បរិភោគ​យ៉ាង​ឆ្អែត​នូវ​អាហារ​ពេល​ល្ងាច ទាំង​កំពុងតែ​អង្គុយ​មើល​ទូរទស្សន៍​យ៉ាង​ស្រួល តើ​ពេល​នោះ​អ្នក​ពិត​ជា​មាន​អារម្មណ៍​ចង់​សិក្សា​ទេ? អ្នក​ច្បាស់​ជា​មិន​ចង់​សិក្សា​ទេ! បើ​ដូច្នេះ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​មាន​ចិត្ត​ចង់​សិក្សា​នោះ? យើង​គួរ​តែ​ជ្រើសរើស​ទី​កន្លែង ហើយ​ម៉ោង​ណា​ដែល​យើង​អាច​សិក្សា​បាន ដោយ​មាន​បំណង​ចង់​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​ខំប្រឹង​របស់​យើង។

២​. តាម​ធម្មតា តើ​ពេល​ណា​ដែល​ល្អ​បំផុត​សំរាប់​ការ​សិក្សា​ផ្ទាល់​ខ្លួន?

មនុស្ស​ជា​ច្រើន​គិត​ថា ពេល​ព្រលឹម​ជា​ពេល​ល្អ​បំផុត​សំរាប់​សិក្សា ជា​ពេល​ដែល​ពួក​គេ​ច្រើន​តែ​មាន​អារម្មណ៍មូល។ មនុស្ស​ឯទៀត​ឆ្លៀត​សិក្សា​បន្ដិចបន្តួច​នៅ​ពេល​សំរាក​ថ្ងៃ​ត្រង់។ ដូច​ជា​គំរូ​ដែល​មាន​តទៅ​នេះ សូម​កត់សម្គាល់​នូវ​ពាក្យ​ដែល​សំដៅ​ទៅ​លើ​ការ​ចំណាយ​ពេល​វេលា​សំរាប់​សកម្មភាព​ដ៏​សំខាន់​ខាង​វិញ្ញាណ។ ស្តេច​ដាវីឌ​នៅ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​នោះ​បាន​សរសេរ​ថា​៖ «សូម​ឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នៅ​ពេល​ព្រឹក ដ្បិត​ទូលបង្គំ​ទុកចិត្ត​នឹង​ទ្រង់។ សូម​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​ផ្លូវ​ដែល​គួរ​ដើរ ពីព្រោះ​ទូលបង្គំ​បាន​លើក​ព្រលឹង​ទៅ​រក​ទ្រង់»។ (ទំនុកដំកើង ១៤៣:៨) ព្យាការី​អេសាយ​ក៏​បាន​បង្ហាញ​កតញ្ញូធម៌​ស្រដៀង​នោះ​ដែរ ពេល​គាត់​មាន​ប្រសាសន៍​ថា​៖​«ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀនសូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំដី នឹង​ជ្រោង​មនុស្ស​គ្រាក​ចិត្ត​ឡើង។ ទ្រង់​ដាស់​ខ្ញុំ​រាល់តែ​ព្រឹក គឺ​ទ្រង់​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្ដាប់ ដូច​ជា​អ្នក​ដែល​កំពុងតែ​រៀនសូត្រ»។ គោល​សំខាន់​នៃ​ខ​ទាំង​ពីរ​នេះ​គឺ យើង​ត្រូវ​សិក្សា​ផង ហើយ​ទូល​ព្រះ​យេហូវ៉ា​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍មូល មិន​ថា​ពេល​ណា​ក៏​ដោយ។—អេសាយ ៥០:៤, ៥; ទំនុកដំកើង ៥:៣; ៨៨:១៣

៣​. ការ​សិក្សា​ដែល​មាន​ប្រសិទ្ធ​ភាព​នោះ តើ​តម្រូវ​ឲ្យ​មាន​បរិយាកាស​បែប​ណា?

កត្ដា​មួយ​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​យើង​មាន​ប្រសិទ្ធ​ភាព​នោះ គឺ​ថា កុំ​ឲ្យ​យើង​ដេក​ឬ​អង្គុយ​លើ​ពូក​ឬ​ក៏​សាឡុង ដែល​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​សំរាក​នោះ។ ទង្វើ​បែប​នេះ​មិន​អាច​ជួយ​យើង​មាន​អារម្មណ៍មូល​ឡើយ។ នៅ​ពេល​ដែល​យើង​សិក្សា យើង​ត្រូវ​ការ​អ្វី​ជំរុញ​គំនិត​យើង​ដោយ​ដាស់​សតិ​យើង ហើយ​បើ​យើង​អង្គុយ​លើ​កៅអី​ឬ​គ្រែ​ដែល​ស្រួល​ពេក​នោះ មើល​ទៅ​ដូច​ជា​ជំរុញ​ឲ្យ​យើង​ចង់​សំរាក​ទៅ​វិញ​ទេ។ មួយ​វិញ​ទៀត យើង​គួរ​នៅ​កន្លែង​ណា​ដែល​មិន​សូវ​មាន​សម្លេង​អ៊ូអរ ហើយ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្វី​ដែល​អាច​បង្វែរ​ស្មារតី​យើង។ ការ​សិក្សា​ពេល​ឮ​សម្លេង​វិទ្យុ ទូរទស្សន៍ ឬ​កូន​ក្មេង​រំខាន​នោះ នឹង​មិន​ជួយ​ឲ្យ​បាន​ផល​ល្អ​ទេ។ ពេល​ព្រះ​យេស៊ូ​មាន​ព្រះទ័យ​ចង់​រំពឹងគិត​នោះ ទ្រង់​បាន​ចេញ​ទៅ​កន្លែង​ស្ងប់ស្ងាត់​វិញ។ ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​រក​កន្លែង​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ ពេល​យើង​ចង់​អធិស្ឋាន។—ម៉ាថាយ ៦:៦; ១៤:១៣; ម៉ាកុស ៦:៣០​-​៣២

ការ​សិក្សា​ផ្ទាល់​ខ្លួន​ដែល​ជួយ​យើង​អាច​ឆ្លើយ​សំនួរ

៤, ៥​. តើ​សៀវភៅ​ស្តើង​តម្រូវ​អាច​ជួយ​បាន​យ៉ាង​ណា?

ការ​សិក្សា​ផ្ទាល់​ខ្លួន​តែង​ធ្វើ​ឲ្យ​ពេញ​ចិត្ត​មែន ពេល​យើង​ប្រើ​សៀវភៅ​ផ្សេងៗ​ជា​ជំនួយ​ក្នុង​ការ​ស្វែងយល់​ពី​ប្រធាន​ណា​មួយ​ឲ្យ​ស៊ីជំរៅ​នោះ ជា​ពិសេស​នៅ​ពេល​ដែល​យើង​សិក្សា​ដើម្បី​ឆ្លើយ​សំនួរ​របស់​អស់​អ្នក​ដែល​សួរ​សំនួរ​យ៉ាង​ស្មោះ​ពី​ចិត្ត។ (ធីម៉ូថេទី១ ១:៤; ធីម៉ូថេទី២ ២:២៣) អ្នក​ថ្មីៗ​ច្រើន​តែ​ចាប់ផ្ដើម​សិក្សា​ក្នុង​សៀវភៅ​ស្តើង​តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? * ដែល​ឥឡូវ​នេះ​មាន​ដល់​២៦១​ភាសា​ហើយ។ សៀវភៅ​ស្តើង​នោះ​មិន​ពិបាក​យល់​ទេ តែ​មាន​ចំណុច​ជាក់លាក់ ហើយ​មាន​មូលដ្ឋាន​ទាំងស្រុង​លើ​ព្រះ​គម្ពីរ។ សៀវភៅ​ស្តើង​នោះ​ជួយ​ពួក​អ្នក​អាន​ឲ្យ​ឆាប់​យល់​នូវ​តម្រូវ​ការ​របស់​ព្រះ ដើម្បី​ថ្វាយបង្គំ​ទ្រង់​យ៉ាង​ពិត។ ក៏​ប៉ុន្តែ សៀវភៅ​ស្តើង​នោះ​មិន​អាច​រៀបរាប់​ចំណុច​លំអិត​បាន​ឡើយ ពីព្រោះ​ស្តើង​ពេក។ បើ​សិស្ស​រៀន​ព្រះ​គម្ពីរ​ជាមួយ​អ្នក​លើក​សំនួរ​សំខាន់​អំពី​ប្រធាន​ណា​មួយ​ក្នុង​គម្ពីរ ដែល​ទាក់ទង​នឹង​ចំណុច​ដែល​អ្នក​កំពុងតែ​ពិគ្រោះ​នោះ តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​រក​ពត៌មាន​ក្នុង​ព្រះ​គម្ពីរ​ដើម្បី​ឆ្លើយ​សំនួរ​របស់​គាត់​នោះ?

កម្មវិធី​ស៊ីឌី​សំរាប់​កុំព្យូទ័រ​ដែល​ឈ្មោះ​ថា បណ្ណាល័យ​ប៉មយាម ជា​របៀប​មួយ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​រក​ឃើញ​ពត៌មាន​ជា​ច្រើន បើ​មាន​ជា​ភាសា​ដែល​អ្នក​ចេះ​មើល។ តែ​ចុះ​យ៉ាង​ណា​ចំពោះ​អស់​អ្នក​ដែល​មិន​មាន​ស៊ីឌី​និង​កុំព្យូទ័រ​នោះ? សូម​យើង​ពិនិត្យ​មើល​ប្រធាន​ពីរ​ដែល​ត្រូវ​រៀបរាប់​ក្នុង​សៀវភៅ​ស្តើង​តម្រូវ ដើម្បី​មើល​របៀប​ដែល​យើង​អាច​ពង្រីក​នូវ​ការ​យល់​ដឹង​របស់​យើង ហើយ​អាច​ឆ្លើយ​សំនួរ​បាន​ល្អិតល្អន់​ជាង ជា​ពិសេស​បើ​មាន​នរណា​ម្នាក់​សួរ​សំនួរ​ថា តើ​ព្រះ​ទ្រង់​ជា​អ្នក​ណា? ហើយ តើ​ព្រះ​យេស៊ូ​ទ្រង់​ជា​បុគ្គល​បែប​ណា?—និក្ខមនំ ៥:២; លូកា ៩:១៨​-​​២០; ពេត្រុសទី១ ៣:១៥

តើ​ព្រះ​ទ្រង់​ជា​អ្នក​ណា?

៦, ៧​. (ក) តើ​មាន​សំនួរ​អ្វី​អំពី​ព្រះ? (ខ) ក្នុង​ការ​ថ្លែង​សុន្ទរកថា​នោះ តើ​បព្វជិត​មួយ​រូប​មិន​បាន​ធ្វើ​អ្វី?

មេ​រៀន​ទី២ ក្នុង​សៀវភៅ​ស្តើង​តម្រូវ​អាច​ឆ្លើយ​នូវ​សំនួរ​សំខាន់​ដែល​ថា តើ​ព្រះ​ទ្រង់​ជា​អ្នក​ណា? នេះ​ជា​គោល​ចំណុច​ដ៏​សំខាន់​មួយ ពីព្រោះ​មនុស្ស​មិន​អាច​ថ្វាយបង្គំ​ព្រះ​ពិត​បាន​ឡើយ បើ​ពួក​គេ​មិន​ស្គាល់​ទ្រង់ ឬ​មួយ​ក៏​សង្ស័យ​ថា គ្មាន​ព្រះ​ណា​ទេ​នោះ។ (រ៉ូម ១:១៩, ២០; ហេព្រើរ ១១:៦) ប៉ុន្តែ មនុស្ស​ទូទាំង​ពិភពលោក​មាន​ទស្សនៈ​ខុសៗ​គ្នា​ច្រើន​ណាស់​អំពី​ព្រះ​ជា​អ្នក​ណា​នោះ។ (កូរិនថូសទី១ ៨:៤​-​៦) ទស្សនៈ​របស់​សាសនា​និមួយៗ​គឺ​ខុសគ្នា ស្តី​អំពី​លក្ខណៈ​របស់​ព្រះ។ ក្នុង​ពិភព​គ្រីស្ទ​សាសនា និកាយ​ស្ទើរតែ​ទាំងអស់​ចាត់ទុក​ព្រះ​ជា​ព្រះ​ឯក​ត្រី​អង្គ។ បព្វជិត​មួយ​រូប​ដែល​មាន​មុខមាត់​ធំដុំ​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​សុន្ទរកថា​ដែល​មាន​ចំណងជើង​ថា «តើ​អ្នក​ស្គាល់​ព្រះ​ទេ?» ប៉ុន្តែ ក្នុង​កំឡុង​ពេល​ថ្លែង​សុន្ទរកថា​នោះ គាត់​មិន​ប្រើ​ព្រះ​នាម​របស់​ព្រះ​ទាល់តែ​សោះ ទោះ​ជា​គាត់​ស្រង់​ខគម្ពីរ​ច្រើន​ដង​ចេញ​ពី​បទគម្ពីរ​ភាសា​ហេព្រើរ​ក៏​ដោយ។ ដូច​ធម្មតា គាត់​បាន​អាន​ខគម្ពីរ​ពី​សេចក្ដី​បកប្រែ​មួយ​ដែល​ប្រើ​ពាក្យ​មិន​ច្បាស់​លាស់​ដែល​មិន​មែន​ជា​នាម​ពិត​ប្រាកដ​របស់​ព្រះ​ទេ ពោល​គឺ​«ព្រះ​ជា​ម្ចាស់» ជាជាង​ប្រើ​ព្រះ​នាម​ព្រះ​យេហូវ៉ា ឬ​យ៉ាវ៉េ។

បព្វជិត​មួយ​រូប​នោះ​មិន​បាន​លើក​បញ្ជាក់​ចំណុច​ដ៏​សំខាន់​ទេ ពេល​គាត់​ស្រង់​ខគម្ពីរ​ចេញ​ពី​យេរេមា ៣១:៣៣, ៣៤ ដែល​ថា​៖ «‹ពួក​គេ​នឹង​លែង​បង្រៀន​អ្នកជិតខាង និង​បងប្អូន​របស់​ខ្លួន​ដោយ​ថា​៖ «ចូរ​ស្គាល់​ព្រះ​អម្ចាស់​ចុះ!»​[ភាសា​ហេព្រើរ​ថា «ស្គាល់​ព្រះ​យេហូវ៉ា»] ត្បិត​ពួក​គេ​ទាំងអស់​គ្នា តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត នឹង​ស្គាល់​យើង› នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់[ភាសា​ហេព្រើរ​ថា ព្រះ​យេហូវ៉ា]»។ សេចក្ដី​បកប្រែ​ដែល​គាត់​អាន​នោះ មិន​មាន​ព្រះ​នាម​ដ៏​ពិត​ប្រាកដ​របស់​ព្រះ​យេហូវ៉ា​ទេ។—ទំនុកដំកើង ១០៣:១, ២

៨​. តើ​ឧទាហរណ៍​អ្វី​បញ្ជាក់​ថា ការ​ប្រើ​ព្រះ​នាម​របស់​ព្រះ​គឺ​សំខាន់​ណាស់?

ទំនុកដំកើង ៨:៩ បង្ហាញ​នូវ​មូលហេតុ​ដែល​ការ​ប្រើ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា គឺ​សំខាន់​ម្ល៉េះ ដោយ​ថា​៖ «ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​អម្ចាស់​នៃ​យើង​ខ្ញុំ​អើយ! ព្រះ​នាម​ទ្រង់​ប្រសើរ​នៅ​គ្រប់​លើ​ផែនដី​យ៉ាង​ណា​ទៅ»។ សូម​ប្រៀបធៀប​ពាក្យ​នេះ​ជាមួយ​សេចក្ដី​បកប្រែ​ដែល​ថា​៖ «បពិត្រ​ព្រះ​អម្ចាស់​ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ! ព្រះ​នាម​របស់​ព្រះ​អង្គ​ថ្កុំថ្កើង​រុងរឿង​ពាស​ពេញ​លើ​ផែនដី​ទាំងមូល»។ (ទំនុកដំកើង ៨:៩ ស្មើនឹងទំនុកតម្កើង ៨:១០, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ; សូម​ប្រៀបមើល​នូវ​សេចក្ដី​បកប្រែ​ជា​ភាសា​អង់គ្លេស ដូច​ជា សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ឃីងជេម្ស, ព្រះ​គម្ពីរ​អាមេរិកាំង​ថ្មី) ក៏​ប៉ុន្តែ អត្ថបទ​មុន​នេះ​បាន​បញ្ជាក់​ថា យើង​អាច​ទទួល​នូវ​«ចំណេះ​ពី​ព្រះ»​បាន បើ​យើង​អនុញ្ញាត​ឲ្យ​បន្ទូល​របស់​ព្រះ​បំភ្លឺ​គំនិត​របស់​យើង។ ប៉ុន្តែ តើ​សៀវភៅ​មួយ​ណា​អាច​ជួយ​យើង​ឆ្លើយ​សំនួរ​របស់​យើង អំពី​ភាព​សំខាន់​នៃ​ព្រះ​នាម​របស់​ព្រះ?—សុភាសិត ២:១​-​៦

៩​. (ក) តើ​សៀវភៅ​ណា អាច​ជួយ​យើង​ពន្យល់​ពី​ហេតុ​ដែល​ការ​ប្រើ​ព្រះ​នាម​របស់​ព្រះ​គឺ​សំខាន់​ម្ល៉េះ? (ខ) តើ​អ្នក​បកប្រែ​ជា​ច្រើន​មិន​បាន​បង្ហាញ​សេចក្ដី​គោរព​ចំពោះ​ព្រះ​នាម​របស់​ព្រះ​យ៉ាង​ណា?

យើង​អាច​បើក​មើល​សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី ដែល​បាន​បកប្រែ​ជា​១៣១​ភាសា។ * ចំណុច​ក្រោម​ចំណងជើង​ថា «ព្រះ​នាម​ព្រះ» (ទំព័រ៤១​-​៤៤) បង្ហាញ​យ៉ាង​ច្បាស់​ថា អក្សរ​ហេព្រើរ​បួនតួ​ដែល​ជា​ព្រះ​នាម​របស់​ព្រះ មាន​ជិត​៧.០០០​ដង​ក្នុង​ឯកសារ​ភាសា​ហេព្រើរ​ដ៏​ចាស់​បុរាណ​នោះ។ យ៉ាង​ណា​ក្ដី ពួក​អ្នក​បកប្រែ​ខាង​សាសនា​យូដា​និង​ពិភព​គ្រីស្ទ​សាសនា បាន​លុប​ចោល​ព្រះ​នាម​នោះ​ពី​សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ភាគច្រើន​របស់​គេ។ * តើ​ពួក​គេ​អាច​ស្គាល់​ព្រះ​និង​មាន​ចំណង​មេត្រីភាព​ពិត​ជាមួយ​ទ្រង់​បាន​ទេ បើ​គេ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​នាម​ដ៏​ត្រឹម​ត្រូវ​របស់​ទ្រង់​នោះ? ព្រះ​នាម​ពិត​របស់​ព្រះ​អាច​បើក​ឲ្យ​យើង​យល់​ដឹង​ពី​គោលបំណង​របស់​ទ្រង់ ហើយ​ជួយ​យើង​ស្គាល់​ទ្រង់​ផង​ដែរ។ ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​បាន​បង្រៀន​ឲ្យ​យើង​អធិស្ឋាន​ថា​៖ «ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ! សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ» តើ​សេចក្ដី​អធិស្ឋាន​ជា​គំរូ​នោះ មាន​ប្រយោជន៍​មែន​ឬ បើ​មនុស្ស​មិន​ព្រម​ប្រើ​ព្រះ​នាម​របស់​ទ្រង់​សោះ?—ម៉ាថាយ ៦:៩; យ៉ូហាន ៥:៤៣; ១៧:៦

តើ​ព្រះ​យេស៊ូ​គ្រីស្ទ​ទ្រង់​ជា​អ្នក​ណា?

១០​. តើ​តាម​វិធី​ណា​ខ្លះ ដែល​យើង​អាច​វិភាគ​មើល​បាន​ពេញលេញ​ជាង អំពី​ព្រះ​ជន្ម​និង​កិច្ចបំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ?

១០ មេ​រៀន​ទី៣ ក្នុង​សៀវភៅ​ស្តើង​តម្រូវ មាន​ចំណងជើង​ថា «តើ​ព្រះ​យេស៊ូ​គ្រីស្ទ​ទ្រង់​ជា​អ្នក​ណា?»។ មាន​តែ​ប្រាំមួយ​វគ្គ​ប៉ុណ្ណោះ មេរៀន​នោះ​រៀបរាប់​ត្រួសៗ​អំពី​ព្រះ​យេស៊ូ អំពី​ដើម​កំណើត​របស់​ទ្រង់ និង​អំពី​គោលបំណង​របស់​ទ្រង់​ក្នុង​ការ​យាង​មក​ផែនដី​នេះ។ ប៉ុន្តែ បើ​អ្នក​ចង់​បាន​កំណត់​ហេតុ​ពេញលេញ​អំពី​ព្រះ​ជន្ម​ទ្រង់ ក្រៅ​ពី​សៀវភៅ​ព្រះ​គម្ពីរ​បួនក្បាល​ដែល​រៀបរាប់​ពី​ជីវប្រវត្ដិ​របស់​ទ្រង់ នោះ​គ្មាន​សៀវភៅ​ណា​ល្អ​ជាង​សៀវភៅ​បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ ដែល​ឥឡូវ​មាន​១១១​ភាសា រួម​ជា​ភាសា​អង់គ្លេស បារាំង និង​ចិន។ * សៀវភៅ​នោះ​មាន​មូលដ្ឋាន​ទៅ​លើ​សៀវភៅ​ព្រះ​គម្ពីរ​បួន​ក្បាល​ដែល​ជា​ជីវប្រវត្ដិ​របស់​ព្រះ​យេស៊ូ ហើយ​រៀបរាប់​កំណត់ហេតុ​យ៉ាង​ពេញលេញ​និង​តាម​លំដាប់​លំដោយ អំពី​ព្រះ​ជន្ម​និង​សេចក្ដី​បង្រៀន​របស់​ព្រះ​គ្រីស្ទ។ ១៣៣​ជំពូក​ក្នុង​សៀវភៅ​នោះ​រៀបរាប់​ពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​និង​កិច្ចបំរើ​ផ្សាយ​របស់​ទ្រង់។ បើ​ចង់​វិភាគ​មើល​របៀប​ផ្សេង​ទៀត​នោះ អ្នក​អាច​មើល​សៀវភៅ​យល់​ធ្លុះ​ជ្រៅ ក្រោម​ចំណងជើង​ថា​«ព្រះ​យេស៊ូ​គ្រីស្ទ» ឬ​ក៏​មើល​សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច ជំពូក​៤។

១១​. (ក) តើ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ជំនឿ​អ្វី​ដែល​ខុស​ប្លែក​ពី​សាសនា​ឯទៀត​ស្តី​អំពី​ព្រះ​យេស៊ូ? (ខ) តើ​ខគម្ពីរ​ណា​ខ្លះ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ភាព​មិន​ពិត​នៃ​លទ្ធិ​ព្រះ​ឯកត្រីអង្គ? ហើយ​តើ​សៀវភៅ​មួយ​ណា​អាច​ជួយ​បញ្ជាក់​ដូច្នេះ​ដែរ?

១១ ក្នុង​ពិភព​គ្រីស្ទ​សាសនា គេ​តែង​តែ​ទាស់ទែង​គ្នា​អំពី​រឿង​ព្រះ​យេស៊ូ​ថា តើ​ទ្រង់​ជា​«រាជ​បុត្រ​របស់​ព្រះ​ពិត» ឬ​«ព្រះ​ពិត​ជា​រាជ​បុត្រ»? នេះ​បាន​សេចក្ដី​ថា មាន​រឿង​ជម្លោះ​អំពី​លទ្ធិ​ព្រះ​ឯកត្រីអង្គ ដែល​សៀវភៅ​ខាតេឃីសិម​របស់​សាសនា​កាតូលិក ហៅ​ថា «សេចក្ដី​អាថ៌កំបាំង​ចំបង​នៃ​ជំនឿ​របស់​ពួក​គ្រីស្ទាន»។ ដោយ​ភាព​ខុស​ប្លែក​ពី​និកាយ​នានា​ក្នុង​ពិភព​គ្រីស្ទ​សាសនា​នោះ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជឿ​ថា ព្រះ​ពិតបាន​បង្កើត​ព្រះ​យេស៊ូ​មែន តែ​ព្រះ​យេស៊ូ​មិន​មែន​ជា​ព្រះ​ពិត​មួយ​អង្គ​នោះ​ទេ។ សៀវភៅ​ដែល​ពិពណ៌នា​លំអិត​អំពី​ប្រធាន​នេះ គឺ​សៀវភៅ​ស្តើង​តើ​អ្នក​គួរ​ជឿ​លទ្ធិ​ព្រះ​ឯកត្រីអង្គ​ឬ​ទេ? * ដែល​បាន​បកប្រែ​ជា​៩៥​ភាសា រួម​ជា​ភាសា​អង់គ្លេស បារាំង និង​ចិន។ សៀវភៅ​ស្តើង​នោះ​ប្រើ​ខគម្ពីរ​ជា​ច្រើន​ដើម្បី​បញ្ជាក់​ពី​ភាព​មិន​ពិត​នៃ​លទ្ធិ​ព្រះ​ឯកត្រីអង្គ រួម​ទាំង​ខគម្ពីរ​នៅម៉ាកុស ១៣:៣២ និង​កូរិនថូសទី១ ១៥:២៤, ២៨

១២​. តើ​យើង​គួរ​ពិចារណា​អំពី​សំនួរ​ណា​ទៀត?

១២ ការ​រៀបរាប់​ខាង​លើ​នេះ អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ បង្ហាញ​នូវ​របៀប​ផ្សេងៗ​ដែល​យើង​អាច​សិក្សា​ផ្ទាល់​ខ្លួន ដោយ​មាន​បំណង​ចង់​ជួយ​ពួក​អ្នក​ដែល​មិន​ស្គាល់​នូវ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ ឲ្យ​គេ​ទទួល​ចំណេះ​ពិត​បាន​ដែរ។ (យ៉ូហាន ១៧:៣) ប៉ុន្តែ ចុះ​យ៉ាង​ណា​ចំពោះ​អស់​អ្នក​ដែល​បាន​ចូល​រួម​ជាមួយ​ក្រុមជំនុំ​គ្រីស្ទាន​ច្រើន​ឆ្នាំ​មក​ហើយ​នោះ? ពួក​គេ​មាន​ចំណេះ​ច្រើន​ពីព្រោះ​បាន​រៀន​ព្រះ​គម្ពីរ​យូរយារ​មក​ហើយ ដូច្នេះ​តើ​ពួក​គេ​ត្រូវ​យកចិត្ត​ទុកដាក់​ថែម​ទៀត​នឹង​ការ​សិក្សា​ផ្ទាល់​ខ្លួន​ក្នុង​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ឬ?

ហេតុ​អ្វី​គួរ​«យក​ចិត្ត​ទុក​ដាក់»​ជានិច្ច?

១៣​. តើ​បងប្អូន​ខ្លះ​អាច​យល់​ច្រឡំ​យ៉ាង​ណា​អំពី​ការ​សិក្សា​ផ្ទាល់​ខ្លួន?

១៣ បងប្អូន​ខ្លះ​ដែល​ជា​សមាជិក​ក្រុមជំនុំ​ច្រើន​ឆ្នាំ​ហើយ អាច​ក្លាយ​ជា​មាន​ទំលាប់​ពឹងពាក់​លើ​ចំណេះ​ដែល​ខ្លួន​បាន​ទទួល​ពេល​រៀន​ដើម្បី​ចូល​ធ្វើ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពី​ដំបូង​នោះ។ ជា​ការ​ងាយ​ស្រួល​ឲ្យ​យើង​រកលេស​ថា​៖ «ខ្ញុំ​មិន​ត្រូវ​ខំ​សិក្សា​ដូច​អ្នក​ថ្មី​នោះ​ទេ ដោយ​ព្រោះ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​បាន​អាន​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​ខាង​ព្រះ​គម្ពីរ​ច្រើន​ដង​ហើយ»។ ការ​និយាយ​ដូច​នេះ​ប្រៀប​ដូច​ជា​និយាយ​ថា​៖ «ឥឡូវ​ខ្ញុំ​មិន​បាច់​គិត​ទទួល​ទាន​អាហារ​ទៀត​ទេ ព្រោះ​ខ្ញុំ​បាន​បរិភោគ​អាហារ​ច្រើន​ដង​ហើយ»។ យើង​ដឹង​ថា បើ​យើង​ចង់​រក្សា​ឲ្យ​មាន​សុខភាព​ល្អ​ខាង​វិញ្ញាណ ហើយ​ចង់​បាន​រូប​កាយ​ដែល​មាន​កម្លាំង​នោះ យើង​ត្រូវ​ទទួល​ទាន​អាហារ​ល្អៗ​ជានិច្ច ដែល​បាន​ត្រូវ​រៀបចំ​យ៉ាង​ត្រឹម​ត្រូវ។ ការ​រក្សា​ការពារ​សុខុមាលភាព​និង​កម្លាំង​ខាង​វិញ្ញាណ​គឺ​សំខាន់​ជាង​អម្បាលម៉ាន​ទៅ​ទៀត!—ហេព្រើរ ៥:១២​-​១៤

១៤​. ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​គួរ​យកចិត្ត​ទុកដាក់​ជានិច្ច​នឹង​ខ្លួន​យើង​ដូច្នេះ?

១៤ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​រាល់គ្នា មិន​ថា​ជា​សិស្ស​រៀន​ព្រះ​គម្ពីរ​យ៉ាង​យូរ​ឬ​ថ្មី​ក្ដី ក៏​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​ដែល​ប៉ុល​ជូន​ដល់​ធីម៉ូថេ ដែល​ពេល​នោះ​ធីម៉ូថេ​ជា​អ្នក​ត្រួត​ពិនិត្យ​ម្នាក់​ដែល​មាន​គំនិត​ពេញវ័យ​ខាង​វិញ្ញាណ។ ប៉ុល​មាន​ប្រសាសន៍​ថា​៖ «ចូរ​យកចិត្ត​ទុកដាក់​នឹង​ខ្លួន​អ្នក ហើយ​និង​សេចក្ដី​បង្រៀន​របស់​ខ្លួន​ផង​ដែរ។ ចូរ​ធ្វើ​ដូច​នេះ​ជានិច្ច​ចុះ! ត្បិត​បើ​ធ្វើ​ដូច្នេះ នោះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក ហើយ​មនុស្ស​ដែល​ស្ដាប់​អ្នក​ផង​ដែរ»។ (ធីម៉ូថេទី១ ៤:១៥, ១៦, ព.ថ.) ហេតុ​ដូចម្ដេច​បាន​ជា​យើង​គួរ​យកចិត្ត​ទុកដាក់​នឹង​ដំបូន្មាន​របស់​ប៉ុល​នោះ? សូម​ចងចាំ​នូវ​អ្វី​ដែល​ប៉ុល​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា យើង​រួម​គ្នា​តយុទ្ធ​ទាស់​នឹង​«ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស» ហើយ​ក៏​ត្រូវ​តយុទ្ធ​នឹង​«អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ»។ សាវ័ក​ពេត្រុស​ក៏​បាន​ព្រមាន​ថា អារក្ស​កំពុងតែ​«រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន» ហើយ​យើង​ក៏​អាច​រួម​ជា​«អ្នក​ណា»​ម្នាក់​ក្នុង​ចំណោម​នោះ​ដែរ។ បើ​យើង​មាន​គំនិត​ថា គ្មាន​គ្រោះថ្នាក់​ចំពោះ​យើង​ទេ នេះ​អាច​បើក​ឱកាស​ឲ្យ​អារក្ស​ចាប់​យើង​បាន។—អេភេសូរ ៦:១១, ១២; ពេត្រុសទី១ ៥:៨

១៥​. តើ​យើង​ត្រូវ​មាន​អ្វី ដើម្បី​ការពារ​យើង​ខាង​វិញ្ញាណ? ហើយ​តើ​យើង​អាច​ថែរក្សា​ឲ្យ​បាន​មាំ​នូវ​គ្រឿង​នោះ​បាន​យ៉ាង​ណា?

១៥ បើ​ដូច្នេះ តើ​យើង​អាច​ការពារ​ខ្លួន​បាន​យ៉ាង​ណា? សាវ័ក​ប៉ុល​ព្រមាន​យើង​ថា​៖ «[ចូរ]យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​នឹង​ទប់ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន រួច​កាល​ណា​បាន​តតាំង​សព្វគ្រប់​ហើយ នោះ​ឲ្យ​បាន​នៅ​តែ​ឈរ​មាំមួន​ដដែល»។ (អេភេសូរ ៦:១៣) ប្រសិទ្ធ​ភាព​នៃ​គ្រឿង​សឹក​ខាង​វិញ្ញាណ​នោះ​មិន​ពឹងផ្អែក​លើ​គុណភាព​នៃ​គ្រឿងសឹក​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ពឹង​ទៅ​លើ​ការ​ថែរក្សា​ឲ្យ​បាន​មាំ​នូវ​គ្រឿង​សឹក​នោះ​ជា​ទៀងទាត់​ផង​ដែរ។ ដូច្នេះ គ្រប់​គ្រឿង​សឹក​ពី​ព្រះ ត្រូវ​រួម​បញ្ចូល​នូវ​ចំណេះ​ថ្មីៗ​ពី​បន្ទូល​របស់​ព្រះ។ នេះ​ដៅ​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​បន្ត​ទទួល​ការ​យល់​ដឹង​អំពី​សេចក្ដី​ពិត​ពេល​ថ្មីៗ​នេះ ស្រប​នឹង​អ្វី​ដែល​ព្រះ​យេហូវ៉ា​បើក​សម្ដែង​តាម​រយៈ​បន្ទូល​របស់​ទ្រង់ ហើយ​តាម​រយៈ​ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ទ្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ។ ការ​សិក្សា​ផ្ទាល់​ខ្លួន​ក្នុង​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​ខាង​ព្រះ​គម្ពីរ​នោះ ជា​ចាំបាច់​ណាស់​ក្នុង​ការ​ថែរក្សា​ឲ្យ​បាន​មាំ​នូវ​គ្រឿង​សឹក​ខាង​វិញ្ញាណ​របស់​យើង។—ម៉ាថាយ ២៤:៤៥​-​៤៧; អេភេសូរ ៦:១៤, ១៥

១៦​. តើ​ដូច​ម្ដេច​ដែល​យើង​អាច​ប្រាកដ​ថា «ជំនឿ»​របស់​យើង​ដែល​ប្រៀប​ដូច​«ជា​ខែល»​នោះ មាន​ភាព​មាំមួន​អាច​ធ្វើ​ឲ្យ​យើង​ទុកចិត្ត​បាន?

១៦ ប៉ុល​បាន​បញ្ជាក់​ពី​«សេចក្ដី​ជំនឿ​ទុក​ជា​ខែល» ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​គ្រឿង​សឹក​ដែល​អាច​ការពារ​យើង​បាន។ យើង​អាច​ប្រើ​ជំនឿ​នេះ​ទុក​ដូច​ជា​ខែល ក្នុង​ការ​រលត់ ឬ​ធ្វើ​ឲ្យ​ប្លាត​ទៅ​វិញ​នូវ​ព្រួញ​ឆេះ​របស់​សាតាំង ពោល​គឺ ការ​ចោទ​ប្រកាន់​មិន​ពិត និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ក្បត់​ជំនឿ។ (អេភេសូរ ៦:១៦) ដូច្នេះ ការ​ពិនិត្យ​មើល​ខែល ឬ​ជំនឿ​របស់​យើង ដើម្បី​ដឹង​ថា​មាំមួន ឬ​យ៉ាង​ណា​នោះ​គឺ​សំខាន់​ណាស់ ហើយ​ការ​ថែរក្សា​ខែល​ឲ្យ​បាន​មាំ ឬ​ការ​ពង្រឹង​ជំនឿ​នោះ​ក៏​សំខាន់​ណាស់​ដែរ។ ជា​ឧទាហរណ៍ អ្នក​អាច​ដណ្ដឹង​សួរ​ខ្លួន​ថា​៖ ‹តើ​ខ្ញុំ​រៀបចំ​យ៉ាង​ណា សំរាប់​ការ​សិក្សា​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍​តាម​រយៈ​ទស្សនាវដ្ដី​ប៉មយាម? តើ​ខ្ញុំ​សិក្សា​ល្មម​នឹង​អាច​«បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង» ដោយ​ឆ្លើយ​សំនួរ​នៅ​ពេល​ប្រជុំ ដែល​ជា​ចម្លើយ​ដែល​បង្ហាញ​ពី​ការ​គិត​ពិចារណា​ជា​មុន​ឬ? តើ​ខ្ញុំ​មើល​ខគម្ពីរ​នានា​ដែល​បាន​កត់ទុក​ក្នុង​អត្ថបទ​ដែល​មិន​មាន​ស្រង់​ចេញ​ទេ? តើ​ខ្ញុំ​លើក​ទឹកចិត្ត​អ្នក​ឯទៀត​ដោយ​រួម​ចំណែក​ប្រជុំ​យ៉ាង​អស់​ពី​ចិត្ត​ឬ?›។ អាហារ​ខាង​វិញ្ញាណ​របស់​យើង​គឺ​ជា​អាហារ​រឹង ហើយ​យើង​ត្រូវ​រំលាយ​អាហារ​ខាង​វិញ្ញាណ​នេះ​ឲ្យ​បាន​ម៉ដ្ឋ ទើប​យើង​អាច​ទទួល​ប្រយោជន៍​ពេញលេញ​បាន។—ហេព្រើរ ៥:១៤; ១០:​២៤

១៧​. (ក) តើ​សាតាំង​កំពុងតែ​ប្រើ​អ្វី ដើម្បី​ព្យាយាម​បំពុល​យើង​ខាង​វិញ្ញាណ? (ខ) តើ​អ្វី​ទៅ​អាច​ប្រៀបប្រដូច​នឹង​ថ្នាំ​បន្សាប​ពិស​ខាង​វិញ្ញាណ​របស់​សាតាំង?

១៧ សាតាំង​ស្គាល់​ច្បាស់​នូវ​ភាព​ខ្សោយ​នៃ​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍ ហើយ​វា​ក៏​មាន​ឧបាយកល​ពិបាក​សម្គាល់​ណាស់។ វិធី​មួយ​ដែល​វា​ពង្រីក​ឥទ្ធិពល​របស់​វា គឺ​ដោយ​ធ្វើ​ឲ្យ​មនុស្ស​មើល​រូប​អាសអាភាស​បាន​យ៉ាង​ងាយ​ស្រួល​តាម​កញ្ចក់​ទូរទស្សន៍ តាម​ប្រព័ន្ធ​អ៊ិនថឺណិ​ត តាម​កាសែត​វីដេអូ និង​ក្នុង​ប្រកាសនវត្ថុ​ផ្សេងៗ។ ជន​គ្រីស្ទាន​ខ្លះ​បាន​ចុះ​ខ្សោយ​ក្នុង​ការ​ការពារ​ខ្លួន ហើយ​បាន​អនុញ្ញាត​ឲ្យ​របស់​ដ៏​អាសអាភាស​នោះ​ជ្រាប​ចូល​បំពុល​ខ្លួន ទាំង​នាំ​ឲ្យ​គេ​បាត់បង់​ឯក​សិទ្ធិ​ពិសេស​ក្នុង​ក្រុមជំនុំ ឬ​រហូត​ដល់​មាន​លទ្ធផល​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត។ (អេភេសូរ ៤:១៧​-​១៩) តើ​អ្វី​ទៅ​អាច​ប្រៀបប្រដូច​នឹង​ថ្នាំ​បន្សាប​ពិស​របស់​សាតាំង ដែល​បំពុល​មនុស្ស​ខ្លះ? យើង​មិន​ត្រូវ​ធ្វេសប្រហែស​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន​ឬ​លែង​ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន​របស់​យើង​ជា​ទៀងទាត់​នោះ​ទេ ហើយ​យើង​ក៏​ត្រូវ​ថែរក្សា​ឲ្យ​បាន​មាំ​នូវ​គ្រប់​គ្រឿង​សឹក​របស់​យើង​ដែល​មក​ពី​ព្រះ។ បើ​ធ្វើ​ដូច្នេះ យើង​អាច​មាន​សមត្ថភាព​ចេះ​វែកញែក​ខុសត្រូវ​បាន ហើយ​នឹង​ស្អប់​នូវ​អ្វី​ដែល​ព្រះ​ស្អប់​ដែរ។—ទំនុកដំកើង ៩៧:១០; រ៉ូម ១២:៩

១៨​. តើ​«ដាវ​របស់​ព្រះ​វិញ្ញាណ»​អាច​ជួយ​យើង​យ៉ាង​ណា​ក្នុង​ការ​តយុទ្ធ​ខាង​វិញ្ញាណ?

១៨ នេះ​គឺ​ស្រេច​តែ​យើង​ជា​អ្នក​រក្សា​ឲ្យ​មាន​ទំលាប់​សិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់​នោះ ទើប​យើង​នឹង​មាន​ចំណេះ​ពិត​ពី​បន្ទូល​ព្រះ​ដើម្បី​ការពារ​ខ្លួន ហើយ​យើង​ក៏​ចេះ​របៀប​វាយ​បក​ទៅ​វិញ ដោយ​ប្រើ​«ដាវ​របស់​ព្រះវិញ្ញាណ​ដែរ គឺ​ជា​ព្រះ​បន្ទូល»​របស់​ព្រះ។ ព្រះ​បន្ទូល​នៃ​ព្រះ​គឺ​«មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់តែ​កាត់​ព្រលឹង​នឹង​វិញ្ញាណ ហើយ​សន្លាក់ នឹង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ»។ (អេភេសូរ ៦:១៧; ហេព្រើរ ៤:១២) បើ​យើង​រៀន​ឲ្យ​ចេះ​ប្រើ​«ដាវ»​ឲ្យ​បាន​ប្រសប់ នោះ​កាល​ណា​យើង​ជួប​ប្រទះ​ការ​ល្បងល​ផ្សេងៗ យើង​នឹង​អាច​សម្គាល់​នូវ​អន្ទាក់​របស់​មេ​កំណាច​ដែល​ចង់​តែ​សម្លាប់​យើង ទោះ​ជា​វា​ប្រើ​អ្វី​ដែល​មើល​ទៅ​ដូច​ជា​គ្មាន​គ្រោះថ្នាក់ ឬ​ក៏​ជា​អ្វី​ដែល​គួរ​ឲ្យ​ចូល​ចិត្ត​ក្ដី។ ចំណេះ​ពី​ព្រះ​គម្ពីរ​និង​ការ​យល់​ដឹង​ដែល​យើង​បាន​ប្រមូល​ទុក​ក្នុង​គំនិត​យូរ​មក​ហើយ នឹង​ជួយ​យើង​បដិសេធ​នូវ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជំរុញ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ល្អ​វិញ។ ដូច្នេះ យើង​គ្រប់​រូប​គួរ​សួរ​ខ្លួន​ថា​៖ ‹តើ​ដាវ​របស់​ខ្ញុំ​មាំ​ឬ​ក៏​ច្រែះ? តើ​ខ្ញុំ​ពិបាក​នឹក​ចាំ​ខគម្ពីរ​ដែល​អាច​ជួយ​ខ្ញុំ​ទប់ទល់​នឹង​អំពើ​អាក្រក់​ឬ?›។ ចូរ​យើង​រក្សា​ឲ្យ​មាន​ទំលាប់​ល្អ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន ហើយ​ប្រឆាំង​នឹង​អារក្ស​ចុះ!—អេភេសូរ ៤:២២​-​២៤

១៩​. បើ​យើង​ព្យាយាម​សិក្សា​ផ្ទាល់​ខ្លួន​នោះ តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

១៩ ប៉ុល​បាន​សរសេរ​ថា​៖ «គ្រប់​ទាំង​បទគម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ​សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ»។ បើ​យើង​យកចិត្ត​ទុកដាក់​នឹង​ពាក្យ​របស់​ប៉ុល​ជូន​ចំពោះ​ធីម៉ូថេ​នោះ យើង​អាច​ពង្រឹង​កម្លាំង​ខាង​វិញ្ញាណ​របស់​យើង ហើយ​នេះ​ជួយ​យើង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ច្រើន​ជាង​ក្នុង​កិច្ចបំរើ​ផ្សាយ​ផង​ដែរ។ ពួក​អ្នក​ចាស់ទុំ​និង​អ្នក​ងារ​ជំនួយ​ដែល​យកចិត្ត​ទុកដាក់​ខាង​វិញ្ញាណ អាច​ផ្ដល់​ប្រយោជន៍​ច្រើន​ចំពោះ​ក្រុមជំនុំ ហើយ​យើង​រាល់គ្នា​អាច​រក្សា​ឲ្យ​មាន​ជំហរ​មាំមួន​ក្នុង​ជំនឿ​បន្ត​ទៅ​ទៀត​ដែរ។—ធីម៉ូថេទី២ ៣:១៦, ១៧; ម៉ាថាយ ៧:២៤​-​២៧

[កំណត់​សម្គាល់]

^ វគ្គ 4 តាម​ធម្មតា អ្នក​ចាប់​អារម្មណ៍​ថ្មី​ដែល​សិក្សា​សៀវភៅ​ស្តើងតម្រូវ បន្ទាប់​មក​នឹង​រៀន​ជា​បន្ត​ក្នុង​សៀវភៅចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច ដែល​សៀវភៅ​ទាំង​ពីរ​នោះ​បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ យោបល់​ក្នុង​សៀវភៅ​ទាំង​នោះ​អាច​ជួយ​បំបាត់​ឧបសគ្គ​ដែល​អាច​រារាំង​ការ​លូត​លាស់​ខាង​វិញ្ញាណ។

^ វគ្គ 9 បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ អស់​អ្នក​ដែល​មាន​សៀវភៅការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ​ជា​ភាសា​ណា​ដែល​គេ​អាច​អាន​បាន អាច​មើល​ចំណងជើង «ព្រះ​យេហូវ៉ា»។

^ វគ្គ 9 សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ខ្លះ​ពី​ប្រទេស​អេស្ប៉ាញ​និង​កាតាឡូនីយ៉ា គឺ​មិន​ដូច​សេចក្ដី​បកប្រែ​ភាគ​ច្រើន​ពីព្រោះ​គេ​បកប្រែ​អក្សរ​ហេព្រើរ​បួនតួ​ដែល​ជា​ព្រះ​នាម​របស់​ព្រះ​ថា «យ៉វេ» «យ៉វេស» «ចវេ» និង​«ខេអូវ៉ា»។

^ វគ្គ 10 បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា

^ វគ្គ 11 បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា

តើ​អ្នក​ចាំ​ទេ?

ការ​សិក្សា​ផ្ទាល់​ខ្លួន​ដែល​មាន​ប្រសិទ្ធ​ភាព​នោះ តើ​តម្រូវ​ឲ្យ​មាន​ស្ថានការណ៍​បែប​ណា?

តើ​សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ជា​ច្រើន​មាន​កំហុស​អ្វី​ស្តី​អំពី​ព្រះ​នាម​របស់​ព្រះ?

ក្នុង​ការ​បញ្ជាក់​ភាព​មិន​ពិត​នៃ​លទ្ធិ​ព្រះ​ឯកត្រីអង្គ​នោះ តើ​អ្នក​នឹង​ប្រើ​បទគម្ពីរ​ណា​ខ្លះ?

តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​ខ្លួន​ពី​ឧបាយកល​របស់​សាតាំង មិន​ថា​យើង​មាន​ជំនឿ​ជា​គ្រីស្ទាន​ពិត​ច្រើន​ឆ្នាំ​ក៏​ដោយ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៨]

យើង​ត្រូវ​ការ ទី​កន្លែង​ដែល សម​គួរ​និង​បរិយាកាស ស្ងប់ស្ងាត់​បន្ដិច​ដើម្បី​ឲ្យ ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​យើង​មាន​ប្រសិទ្ធភាព

[រូបភាព​នៅ​ទំព័រ​២១]

តើ​«ដាវ»​របស់​អ្នក​មាំ ឬ​ក៏​ច្រែះ?