លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើបញ្ហារបស់មនុស្សជាតិនឹងចប់ដែរឬទេ?

តើបញ្ហារបស់មនុស្សជាតិនឹងចប់ដែរឬទេ?

តើ​បញ្ហា​របស់​មនុស្ស​ជាតិ​នឹង​ចប់​ដែរ​ឬ​ទេ?

សេចក្ដី​រាយ​ការណ៍​មួយ​ពី​ប្រទេស​អៀឡង់​បាន​បញ្ជាក់​ថា​«ម្ភៃ​ប្រាំ​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​ទូទាំង​ពិភពលោក​កំពុង​តែ​ស្ថិត​ក្នុង​ភាព​ក្រីក្រ ១,៣​ពាន់​លាន​នាក់​កំពុង​តែ​រស់​ដោយ​បាន​ប្រាក់​ចំណូល​តិច​ជាង​មួយ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ មួយ​ពាន់​លាន​នាក់​មិន​ចេះ​អាន​អក្សរ ១,៣​ពាន់​លាន​នាក់​គ្មាន​ទឹក​ស្អាត​សំរាប់​ផឹក ហើយ​មួយ​ពាន់​លាន​នាក់​គ្មាន​អាហារ​ប្រចាំ​ថ្ងៃ»។

នេះ​ស​ឲ្យ​ឃើញ​ថា​មនុស្ស​ជាតិ​ពិត​ជា​ខ្វះ​សមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយ​ចំពោះ​បញ្ហា​ពិភពលោក​ដែល​នេះ​ជា​អ្វី​គួរ​ឲ្យ​សោក​ស្ដាយ​ខ្លាំង​ណាស់! បញ្ហា​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ជា​ហេតុ​គួរ​ឲ្យ​សោក​ស្ដាយ​កាន់​តែ​ខ្លាំង​ថែម​ទៀត ពេល​ដែល​ដឹង​ថា ប្រជាជន​ភាគ​ច្រើន​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​លំបិន​នេះ គឺ​ជា​ពួក​ស្ត្រី​និង​កុមារ​ដែល​គ្មាន​ទីពឹង​ពំនាក់។ យើង​សែន​រន្ធត់​ពន់ពេក​ណាស់ ពេល​ដែល​ដឹង​ថា​នៅ​សតវត្ស​ទី២១​សព្វ​ថ្ងៃ​នេះ សិទ្ធិ​របស់​ស្ត្រី​និង​កុមារ​នៅ​តែ​«ត្រូវ​គេ​រំលោភ​បំពាន​ជា​ច្រើន​ដង ដល់​ម្ល៉េះ​បាន​ជា​រក​គណនា​ពុំ​បាន​ឡើយ»។—ស្ថានភាព​នៃ​កុមារ​ពិភពលោក​នៅ​ឆ្នាំ​២០០០

«ពិភពលោក​ថ្មី​ក្នុង​ជំនាន់​តែ​មួយ»

អង្គការ​មូល​និធិ​ដើម្បី​កុមារ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​នូវ​ការ​ជឿជាក់​ថា​«ភាព​អន្ធ​ការ​នៃ​ការ​រំលោភ​សិទ្ធិ . . . បាន​គ្រប​ដណ្ដប់​មក​លើ​ជីវិត​មនុស្ស​ទូទាំង​ពិភពលោក​អាច​ត្រូវ​បំបាត់​ចោល​បាន»។ អង្គការ​ដដែល​នេះ​បាន​ប្រកាស​ត​ទៅ​ទៀត​ថា ស្ថានភាព​គួរ​ឲ្យ​អាណោច​អាធ័ម​ដែល​មនុស្ស​រាប់​ពាន់​លាន​នាក់​ខាំ​ធ្មេញ​ស៊ូ​ទ្រាំ​នោះ «មិន​មែន​ជា​បញ្ហា​ដែល​បញ្ចៀស​ពុំ​បាន​ឬ​ក៏​កែ​ប្រែ​មិន​បាន​នោះ​ទេ»។ ការ​ពិត អង្គការ​នេះ​បាន​ប្រកាស​ឲ្យ​«មនុស្ស​ទាំង​ឡាយ​ដែល​រស់​ក្នុង​មួយ​តំណ​នេះ​គួរ​ធ្វើ​ឲ្យ​មាន​ពិភពលោក​ថ្មី​ក្នុង​ជំនាន់​តែ​មួយ»។ អង្គការ​នេះ​សង្ឃឹម​ថា ពិភពលោក​ថ្មី​នេះ​នឹង​ពាំ​នាំ​មក​នូវ​គ្រា​មួយ​ដែល​មនុស្ស​ជាតិ​ទាំង​មូល​នឹង​ត្រូវ​«រំដោះ​ឲ្យ​រួច​ពី​ភាព​ក្រីក្រ ការ​ប្រកាន់​ពូជ​សាសន៍ អំពើ​ឃោរឃៅ និង​ជំងឺ​ដង្កាត់»។

អ្នក​ដែល​មាន​គំនិត​ដូច​នេះ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ឃើញ​ថា នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ខំ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ជា​ច្រើន​ដើម្បី​បន្ធូរបន្ថយ​លទ្ធផល​ខ្លោចផ្សា​ដែល​បណ្ដាល​មក​ពី «វិបត្ដិ​និង​បញ្ហា​ជា​ច្រើន​ផ្ទួនៗ​គ្នា​មិន​ចេះ​ចប់»។ ជា​ឧទាហរណ៍ ក្នុង​កំឡុង​១៥​ឆ្នាំ​កន្លង​ទៅ​នេះ គម្រោង​ការ​កុមារ​ឆេណូប៊ិល «បាន​ជួយ​រំលត់​រំលាយ​ទុក្ខ​លំបាក​របស់​កុមារ​រាប់​រយ​នាក់​ដែល​ឈឺចាប់​ដោយសារ​ជំងឺ​មហារីក​ដែល​ពពក​ផ្ទុក​ជាតិ​នុយក្លេអ៊ែ​ដែល​បន្សល់​ទុក»។ (The Irish Examiner, ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ​២០០០) អង្គការ​ជំនួយ​ទាំង​ធំ​ទាំង​តូច​ពិត​ជា​ជួយ​អ្នក​រងគ្រោះ​ដោយ​សង្គ្រាម​និង​មហន្តរាយ​មែន។

យ៉ាង​ណា​ក៏​ដោយ អ្នក​ដែល​ចូល​រួម​ធ្វើ​ការ​ជា​មួយ​នឹង​អង្គការ​មនុស្ស​ធម៌ ក៏​ចេះ​គិត​ឲ្យ​បាន​ប្រាកដប្រជា​ផង​ដែរ។ ពួក​គេ​ដឹង​ថា បញ្ហា​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​កំពុង​តែ​ប្រឈម​មុខ «បាន​រាលដាល​ដល់​កន្លែង​ជា​ច្រើន​និង​ក៏​បាន​ចាក់​ឫស​ជ្រៅ​ជាង បើ​ប្រៀបធៀប​ទៅ​នឹង​ដប់​ឆ្នាំ​កន្លង​ទៅ​នេះ»។ លោក​ដាវីឌ បេក ដែល​ជា​ប្រធាន​អង្គការ​សប្បុរស​ធម៌​ឈ្មោះ​ខុនសឺន​នៅ​ប្រទេស​អៀឡង់ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «បុគ្គលិក អ្នក​គាំទ្រ និង​សប្បុរស​ជន​បាន​ឆ្លើយ​តប​បាន​ប្រសើរ​ណាស់»​ពេល​ដែល​មាន​ទឹក​ជំនន់​បង្ក​មហន្តរាយ​នៅ​ប្រទេស​ម៉ូសំប៊ិច។ លោក​បាន​និយាយ​ត​ទៅ​ទៀត​ថា​៖ «ប៉ុន្តែ យើង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ដោយ​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ ព្រោះ​ជា​មហន្តរាយ​ធំ​ណាស់»។ ស្តី​អំពី​ការ​ផ្ដល់​ជំនួយ​នៅ​ទ្វីប​អា​ព្រិច គាត់​បាន​សារភាព​ត្រង់ៗ​ថា​៖ «បើ​ប្រៀបធៀប​សេចក្ដី​សង្ឃឹម​ទៅ​នឹង​ទាន វា​គ្រាន់​តែ​ជា​ទាន​ពីរបី​ដើម​ដែល​កំពុង​តែ​ជិត​រលត់​បន្ដិច​ម្ដងៗ​ប៉ុណ្ណោះ»។ មនុស្ស​ជា​ច្រើន​ទំនង​ជា​នឹង​យល់​ស្រប​ចំពោះ​ប្រសាសន៍​របស់​លោក​បេក​ដែល​និយាយ​ដូច​នឹង​ស្ថានភាព​ពិភពលោក​ទាំង​មូល​នៅ​សព្វ​ថ្ងៃ​នេះ។

តើ​ការ​សង្ឃឹម​ថា​នឹង​មាន​«ពិភពលោក​ថ្មី​ក្នុង​ជំនាន់​តែ​មួយ»​ជា​ការ​គិត​ឲ្យ​បាន​ប្រាកដប្រជា​ទេ? ទោះ​ជា​អង្គការ​មនុស្ស​ធម៌​កំពុង​តែ​ព្យាយាម​ដែល​គួរ​ឲ្យ​សរសើរ​ពិត​មែន តែ​គឺ​សម​ហេតុ​សម​ផល​ដែល​យើង​ពិចារណា​នូវ​មាគ៌ា​មួយ​ទៀត​ដែល​ឆ្ពោះ​ទៅ​រក​ពិភពលោក​ថ្មី​មួយ​ដែល​ប្រកប​ទៅ​ដោយ​យុត្ដិធម៌​និង​សេចក្ដី​សុខសាន្ត។ ព្រះ​គម្ពីរ​ចង្អុល​បញ្ជាក់​ទៅ​រក​មាគ៌ា​នោះ ដូច​យើង​នឹង​ឃើញ​ក្នុង​អត្ថបទ​ជា​បន្តបន្ទាប់។

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​២]

កុមារ​នៅ​ទំព័រ​ទី៣: UN/DPI Photo by James Bu