លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការសម្រាលទុក្ខសំរាប់អស់អ្នកដែលរងទុក្ខ

ការសម្រាលទុក្ខសំរាប់អស់អ្នកដែលរងទុក្ខ

ការ​សម្រាល​ទុក្ខ​សំរាប់​អស់​អ្នក​ដែល​រង​ទុក្ខ

ក្នុង​កំឡុង​រាប់​សតវត្ស​កន្លង​ទៅ​ហើយ​នេះ ទស្សនវិទូ​និង​សាសនា​វិទូ​ជា​ច្រើន​នាក់​ពិបាក​ឆ្លើយ​ណាស់​នូវ​សំនួរ​ថា មូលហេតុ​អ្វី​បាន​ជា​ព្រះ​អនុញ្ញាត​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា។ មនុស្ស​ខ្លះ​អះអាង​ថា កំហុស​សំរាប់​ការ​រង​ទុក្ខ​វេទនា​ត្រូវ​ធ្លាក់​ទៅ​លើ​ព្រះ​វិញ ដោយសារ​ទ្រង់​មាន​គ្រប់​ព្រះ​ចេស្ដា​នោះ។ សៀវភៅ​ធម្មទាន​របស់​លោក​ខ្លេម៉ិនទីន ដែល​បាន​សរសេរ​នៅ​សតវត្ស​ទី​មួយ​បាន​អះអាង​ថា ព្រះ​គ្រប់គ្រង​ដោយ​ប្រើ​ព្រះ​ហស្ត​ទាំង​ពីរ​របស់​ទ្រង់។ «ព្រះ​ហស្ត​ឆ្វេង»​របស់​ទ្រង់​គឺ​អារក្ស ហើយ​ទ្រង់​ប្រើ​អារក្ស​ដើម្បី​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់។ «ព្រះ​ហស្ត​ស្ដាំ»​របស់​ទ្រង់​គឺ​ព្រះ​យេស៊ូ ហើយ​ទ្រង់​ប្រើ​ព្រះ​យេស៊ូ​ដើម្បី​សង្គ្រោះ​និង​ប្រទាន​ពរ​ទៅ​លើ​មនុស្ស។

អ្នក​ឯ​ទៀត មិន​ព្រម​ជឿ​ថា​ព្រះ​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​រង​ទុក្ខ​ទេ ថ្វី​បើ​ទ្រង់​មិន​បណ្ដាល​ឲ្យ​មាន​ការ​រង​ទុក្ខ​នោះ​ក៏​ដោយ។ ដូច្នេះ ពួក​គេ​បែរ​ទៅ​ជា​បដិសេធ​ថា ការ​ពិត​គ្មាន​អ្នក​រង​ទុក្ខ​ទេ។ លោក​ស្រី មេរី បេកឺ អេឌី​បាន​សរសេរ​ថា​៖ «សេចក្ដី​អាក្រក់​គឺ​ជា​អ្វី​ដែល​នៅ​ក្នុង​គំនិត​មនុស្ស​តែ​ប៉ុណ្ណោះ ហើយ​វា​មិន​មែន​ជា​អ្វី​ដ៏​ពិត​ប្រាកដ​នោះ​ទេ។ បើ​មនុស្ស​យល់​ការ​ពិត​ថា គ្មាន​បាប គ្មាន​ជំងឺ និង​គ្មាន​សេចក្ដី​ស្លាប់ នោះ​អ្វីៗ​ទាំង​នេះ​នឹង​លែង​មាន​ត​ទៅ​ទៀត»។—វិទ្យាសាស្ត្រ​និង​សុខភាព​ដោយ​ផ្អែក​លើ​បទ​គម្ពីរ

ដោយ​ឃើញ​ព្រឹត្ដិការណ៍​គួរ​ឲ្យ​ខ្លោចផ្សា​ជា​ច្រើន​ក្នុង​ប្រវត្ដិសាស្ត្រ ពិសេស​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​មួយ​មក​ទល់​សម័យ​យើង​នេះ នោះ​មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា ព្រះ​គ្មាន​សមត្ថភាព​ទប់​ស្កាត់​ការ​រង​ទុក្ខ​វេទនា​ឡើយ។ បណ្ឌិត​ជនជាតិ​ជ្វីប​ម្នាក់​ឈ្មោះ​ដាវីឌ វូល ស៊ី​លវើ​មិន បាន​សរសេរ​ថា​៖​«ខ្ញុំ​គិត​ថា ហាយនភាព​នៃ​ពួក​ជ្វីប​ដោយ​ពួក​ណាត្ស៊ី​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ព្រះ​មិន​មាន​គ្រប់​ព្រះ​ចេស្ដា​ឡើយ។ ហេតុ​ដែល​ព្រះ​ឲ្យ​មាន​អំពើ​អាក្រក់​នេះ​មិន​គួរ​ឲ្យ​យល់​សោះ លើក​លែង​តែ​ភាព​ល្អ​របស់​ទ្រង់​អាច​មាន​ដំណាល​គ្នា​នឹង​សេចក្ដី​អាក្រក់​ដែល​មាន​ក្នុង​ពិភពលោក​នេះ ហើយ​ហេតុ​តែ​មួយ​គត់​ដែល​ភាព​ល្អ​និង​សេចក្ដី​អាក្រក់​អាច​មាន​នៅ​ដំណាល​គ្នា​នោះ គឺ​ពីព្រោះ​ព្រះ​គ្មាន​គ្រប់​ព្រះ​ចេស្ដា​ឡើយ»។

ក៏​ប៉ុន្តែ ការ​អះអាង​ថា​ព្រះ​បណ្ដាល​ឲ្យ​មនុស្ស​រង​ទុក្ខ ឬ​ក៏​មិន​អាច​ទប់​ស្កាត់​ការ​រង​ទុក្ខ ឬ​មួយ​ក៏​ថា​ការ​រង​ទុក្ខ​គឺ​ជា​អ្វី​ដែល​នៅ​ក្នុង​គំនិត​របស់​មនុស្ស​តែ​ប៉ុណ្ណោះ ជា​ការ​អះអាង​ដែល​មិន​សម្រាល​ទុក្ខ​របស់​អស់​អ្នក​ដែល​កំពុង​តែ​រង​ទុក្ខ​ទេ។ សំខាន់​ជាង​នោះ​ទៅ​ទៀត ជំនឿ​ទាំង​នេះ​គឺ​ផ្ទុយ​ទាំង​ស្រុង​ពី​លក្ខណៈ​របស់​ព្រះ​ដែល​ព្រះ​គម្ពីរ​ចែង​ថា ទ្រង់​ប្រកប​ទៅ​ដោយ​យុត្ដិធម៌ ថាមពល​ខ្លាំង​ក្លា និង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​យើង។ (យ៉ូប ៣៤:១០, ១២; យេរេមា ៣២:១៧; យ៉ូហានទី១ ៤:៨) ដូច្នេះ តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ការ​រង​ទុក្ខ​ដូច្នេះ?

តើ​ការ​រង​ទុក្ខ​បាន​ចាប់​ផ្ដើម​យ៉ាង​ដូច​ម្ដេច?

ព្រះ​មិន​បាន​បង្កើត​មនុស្ស​ឲ្យ​រង​ទុក្ខ​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​បង្កើត​មនុស្ស​ពីរ​នាក់​ដំបូង ឈ្មោះ​អ័ដាម​និង​អេវ៉ា ឲ្យ​មាន​សតិ​និង​រូប​កាយ​ដ៏​គ្រប់​ល័ក្ខណ៍ និង​បាន​រៀប​ចំ​សួនច្បារ​មួយ​ដ៏​សែន​ស្អាត​ដើម្បី​ជា​លំនៅ​របស់​ពួក​គេ ថែម​ទាំង​បាន​ប្រគល់​កិច្ចការ​សំខាន់​ដល់​ពួក​គេ​ដែល​ជា​ទី​ពេញ​ចិត្ត។ (លោកុប្បត្តិ ១:២៧, ២៨, ៣១; ២:៨) ប៉ុន្តែ ដើម្បី​មាន​សុភមង្គល​ជា​រៀង​រហូត ពួក​គេ​ត្រូវ​ទទួល​ស្គាល់​ការ​គ្រប់គ្រង​របស់​ព្រះ និង​ទទួល​ស្គាល់​ថា​ទ្រង់​មាន​សិទ្ធិ​សម្រេច​ខុសត្រូវ​សំរាប់​ពួក​គេ។ សិទ្ធិ​នេះ​របស់​ព្រះ​ត្រូវ​តំណាង​ដោយ​ដើម​ឈើ​មួយ​ហៅ​ថា «ដើម​ដឹង​ខុសត្រូវ»។ (លោកុប្បត្តិ ២:១៧) អ័ដាម​និង​អេវ៉ា​អាច​បង្ហាញ​ថា ពួក​គេ​ចុះ​ចូល​ចំពោះ​ព្រះ​ដោយ​ស្ដាប់​បង្គាប់​ដោយសារ​ពួក​គេ​មិន​បរិភោគ​ផ្លែ​ពី​ដើម​នោះ​ឡើយ។ *

គួរ​ឲ្យ​ស្ដាយ​ណាស់ អ័ដាម​និង​អេវ៉ា​មិន​បាន​ព្រម​ស្ដាប់​បង្គាប់​ព្រះ​ឡើយ។ បុគ្គល​វិញ្ញាណ​មួយ​រូប​ដែល​ក្រោយ​មក​មាន​ឈ្មោះ​ថា អារក្ស​សាតាំង បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ ហើយ​បាន​បញ្ចុះបញ្ចូល​អេវ៉ា​ថា ការ​ស្ដាប់​បង្គាប់​ព្រះ​ជា​ការ​បង់​ប្រយោជន៍​ខ្លួន។ ការ​ពិត វា​បាន​អះអាង​ថា ព្រះ​មិន​បាន​ប្រទាន​ឲ្យ​អ្វី​មួយ​ដ៏​វិសេស គឺ​ជា​ការ​គ្រប់គ្រង​លើ​ខ្លួន​ឯង ឬ​ថា​សិទ្ធិ​សម្រេច​ខុសត្រូវ​ដោយ​ខ្លួន​ឯង។ សាតាំង​បាន​អះអាង​ថា បើ​អេវ៉ា​បរិភោគ​ពីដើម​ឈើ​នោះ ‹ភ្នែក​នាង​នឹង​បាន​ភ្លឺ​ឡើង ហើយ​នាង​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុសត្រូវ​ផង›។ (លោកុប្បត្តិ ៣:១​-​៦; វិវរណៈ ១២:៩) លទ្ធភាព​សម្រេច​ខុសត្រូវ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ពឹងពាក់​ព្រះ បាន​ទាក់ទាញ​ចិត្ត​អេវ៉ា​ណាស់ រួច​នាង​បរិភោគ​ផ្លែ​ឈើ​ដែល​ត្រូវ​ហាម​នោះ និង​ក្រោយ​មក​អ័ដាម​ក៏​បាន​បរិភោគ​ដែរ។

នៅ​ថ្ងៃ​ដដែល​នោះ អ័ដាម​និង​អេវ៉ា​បាន​ចាប់​ផ្ដើម​ទទួល​លទ្ធផល​ពី​ការ​បះបោរ​នោះ។ ដោយសារ​ពួក​គេ​បាន​បដិសេធ​ការ​គ្រប់គ្រង​របស់​ព្រះ នោះ​ពួក​គេ​ក៏​បាន​បាត់បង់​នូវ​អត្ថ​ប្រយោជន៍​និង​សុភមង្គល​ដែល​បាន​មក​ពី​ការ​ចុះ​ចូល​ចំពោះ​ព្រះ។ ព្រះ​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​សួន​មនោរម្យ និង​បាន​មាន​បន្ទូល​ទៅ​កាន់​អ័ដាម​ថា​៖ «ដី​ត្រូវ​បណ្ដាសា​ដោយ​ព្រោះ​ឯង។ ឯង​ត្រូវ​រក​ស៊ី​ពី​ដី​ដោយ​នឿយ​ហត់​អស់​១​ជីវិត។ ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែក​ញើស ដរាប​ដល់​ឯង​ត្រឡប់​ទៅ​ជា​ដី​វិញ»។ (លោកុប្បត្តិ ៣:១៧, ១៩) អ័ដាម​និង​អេវ៉ា​ត្រូវ​ទ្រាំ​នឹង​ជំងឺ ការ​ឈឺចាប់ ភាព​ចាស់​ជរា និង​សេចក្ដី​ស្លាប់។ នៅ​ពេល​នោះ​ឯង ការ​រង​ទុក្ខ​បាន​ទៅ​ជា​ផ្នែក​ធម្មតា​នៃ​ជីវិត​មនុស្ស​ជាតិ។—លោកុប្បត្តិ ៥:២៩

ការ​ដោះ​ស្រាយ​រឿង​ចំណោទ

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​៖ ‹ហេតុ​អ្វី​ព្រះ​មិន​គ្រាន់​តែ​អត់​ឱន​ទោស​អំពើ​បាប​របស់​អ័ដាម​និង​អេវ៉ា›? គឺ​ពីព្រោះ​ការ​ធ្វើ​ដូច្នេះ​នឹង​នាំ​ឲ្យ​មាន​ការ​មិន​គោរព​ថែម​ទៀត​ចំពោះ​អំណាច​គ្រប់គ្រង​របស់​ទ្រង់ និង​ប្រហែល​ជា​បណ្ដាល​ឲ្យ​បុគ្គល​ផ្សេង​ទៀត​ហ៊ាន​បះបោរ​ប្រឆាំង​នឹង​ទ្រង់​នៅ​អនាគត ដែល​អាច​នាំ​ឲ្យ​រង​ទុក្ខ​កាន់​តែ​ខ្លាំង​ទៅ​ទៀត។ (សាស្ដា ៨:១១) ម្យ៉ាង​ទៀត ការ​ត្រាប្រណី​ចំពោះ​ការ​មិន​ស្ដាប់​បង្គាប់​យ៉ាង​នេះ គឺ​ហាក់​ដូច​ជា​ព្រះ​ចូល​រួម​ក្នុង​អំពើ​អាក្រក់​នេះ​ដែរ។ លោក​ម៉ូសេ​ដែល​បាន​សរសេរ​ផ្នែក​ខ្លះ​នៃ​ព្រះ​គម្ពីរ​បាន​រំឭក​យើង​ថា​៖ «ការ​របស់​ទ្រង់​សុទ្ធតែ​គ្រប់​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌។ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹម​ត្រូវ ហើយ​ទៀងត្រង់»។ (ចោទិយកថា ៣២:៤) ដើម្បី​ប្រព្រឹត្ត​សម​ស្រប​ទៅ​តាម​គោលការណ៍​របស់​ទ្រង់​ផ្ទាល់ ព្រះ​ត្រូវ​អនុញ្ញាត​ឲ្យ​អ័ដាម​និង​អេវ៉ា​ទទួល​លទ្ធផល​ពី​ការ​មិន​ស្ដាប់​បង្គាប់។

ហេតុ​អ្វី​បាន​ជា​ព្រះ​មិន​បាន​បំផ្លាញ​ចោល​ភ្លាមៗ​នូវ​អ័ដាម អេវ៉ា និង​អារក្ស​សាតាំង ដែល​វា​ជា​អ្នក​បណ្ដាល​ឲ្យ​គេ​បំបះ​បំ​បោរ​ដោយ​វា​មិន​ចេញ​មុខ​នោះ? ព្រះ​ពិត​ជា​មាន​អំណាច​ធ្វើ​ដូច្នេះ​មែន។ បើ​ទ្រង់​ធ្វើ​ដូច្នេះ អ័ដាម​និង​អេវ៉ា​មិន​អាច​បង្កើត​កូន​ដែល​ត្រូវ​រង​ទុក្ខ​វេទនា​និង​ភ្លក់​សេចក្ដី​ស្លាប់​នោះ​ទេ។ ក៏​ប៉ុន្តែ បើ​ទ្រង់​បាន​ប្រើ​អំណាចរបស់​ទ្រង់​ធ្វើ​ដូច្នេះ នោះ​មិន​អាច​បញ្ជាក់​ថា ទ្រង់​គ្រប់គ្រង​លើ​មនុស្ស​ជាតិ​និង​បុគ្គល​វិញ្ញាណ​យ៉ាង​ត្រឹម​ត្រូវ​នោះ​ទេ។ ម្យ៉ាង​ទៀត បើ​អ័ដាម​និង​អេវ៉ា​បាន​ស្លាប់​ដោយ​គ្មាន​កូន នេះ​បាន​ន័យ​ថា​គោល​បំណង​របស់​ព្រះ​ដើម្បី​ឲ្យ​ផែនដី​ពេញ​ទៅ​ដោយ​មនុស្ស​គ្រប់​ល័ក្ខណ៍ ត្រូវ​ទទួល​បរាជ័យ​ទាំង​ស្រុង។ (លោកុប្បត្តិ ១:២៨) ជា​ការ​ពិត​ហើយ «ព្រះ​ជា​ម្ចាស់​មិន​មែន​ដូច​មនុស្ស​លោក​ទេ . . . ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ ព្រះ​អង្គ​តែង​តែ​សំរេច​តាម​ព្រះ​បន្ទូល​ដែល​ព្រះ​អង្គ​បាន​ថ្លែង»។—ជំរឿន​ប្រជាជន[ជនគណនា] ២៣:១៩, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

ដោយសារ​ប្រាជ្ញា​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ព្រះ​យេហូវ៉ា ទ្រង់​បាន​សម្រេច​ព្រះទ័យ​អនុញ្ញាត​ឲ្យ​ការ​បះបោរ​ប្រឆាំង​នោះ​បន្ត​ទៅ​មុខ​មួយ​រយៈ។ ជន​បះបោរ​ទាំង​នេះ​នឹង​មាន​ឱកាស​ទទួល​លទ្ធផល​ពី​ការ​បដិសេធ​ព្រះ។ ប្រវត្ដិសាស្ត្រ​សម្ដែង​ឲ្យ​ឃើញ​ថា មនុស្ស​ត្រូវ​ការ​នូវ​ការ​ណែនាំ​ពី​ព្រះ ហើយ​ក៏​បង្ហាញ​ថា​ការ​គ្រប់គ្រង​របស់​ព្រះ គឺ​ប្រសើរ​លើស​ជាង​ការ​គ្រប់គ្រង​របស់​មនុស្ស​ជាតិ។ នៅ​ទន្ទឹម​គ្នា​នោះ ព្រះ​បាន​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​គោល​បំណង​ដើម​របស់​ទ្រង់​សំរាប់​ផែនដី​ត្រូវ​សម្រេច។ ទ្រង់​សន្យា​ថា «ពូជ»​ឬ​កូន​មួយ​នឹង​មក‹កិន​ក្បាល​សាតាំង› ថែម​ទាំង​បំបាត់​មួយ​ដង​ជា​ការ​ស្រេច​នូវ​ការ​បះបោរ​របស់​វា​និង​លទ្ធផល​ខ្លោចផ្សា។—លោកុប្បត្តិ ៣:១៥

ព្រះ​យេស៊ូ​គ្រីស្ទ​គឺ​ជា​ពូជ​សន្យា​នោះ។ យ៉ូហានទី១ ៣:៨ ចែង​ថា «ព្រះ​រាជបុត្រា​នៃ​ព្រះ​បាន​លេច​មក . . . ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ»។ ព្រះ​យេស៊ូ​បាន​ធ្វើ​ដូច្នេះ​ដោយ​បូជា​ព្រះ​ជន្ម​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ទ្រង់ និង​ដោយ​បង់​តម្លៃ​លោះ​ដើម្បី​រំដោះ​កូន​របស់​អ័ដាម​ឲ្យ​រួច​ពី​បាប​និង​សេចក្ដី​ស្លាប់​ដែល​ឆ្លង​មក​ពី​អ័ដាម។ (យ៉ូហាន ១:២៩; ធីម៉ូថេទី១ ២:៥, ៦) ព្រះ​សន្យា​ថា ទ្រង់​នឹង​បំបាត់​ទុក្ខ​វេទនា​ឲ្យ​សាប​សូន្យ​ទៅ សំរាប់​អស់​អ្នក​ដែល​ពិត​ជា​មាន​ជំនឿ​ទៅ​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ។ (យ៉ូហាន ៣:១៦; វិវរណៈ ៧:១៧) តើ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?

ទីបញ្ចប់​នៃ​ការ​រង​ទុក្ខ

ការ​បដិសេធ​ចោល​អំណាច​របស់​ព្រះ​បាន​នាំ​ឲ្យ​មាន​ការ​រង​ទុក្ខ​វេទនា​ដែល​រក​ពណ៌នា​ពុំ​បាន​ឡើយ។ គឺ​ជា​ការ​សមរម្យ​ណាស់​ដែល​ព្រះ​នឹង​សម្ដែង​អំណាច​របស់​ទ្រង់​តាម​វិធី​ដ៏​ពិសេស​មួយ ដើម្បី​បញ្ចប់​ការ​គ្រប់គ្រង​របស់​មនុស្ស​ជាតិ និង​សម្រេច​គោល​បំណង​ដើម​របស់​ទ្រង់​សំរាប់​ផែនដី។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​សំវិធានការ​នេះ​ពេល​ទ្រង់​បង្រៀន​សិស្ស​របស់​ទ្រង់​ឲ្យ​អធិស្ឋាន​ថា​៖ «ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ! . . . សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ»។—ម៉ាថាយ ៦:៩, ១០, កំណែ​ជា​អក្សរ​ទ្រេត

ពេល​វេលា​ដែល​ព្រះ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​សាកល្បង​គ្រប់គ្រង​ដោយ​ខ្លួន​ឯង គឺ​ជិត​ចប់​ហើយ។ ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​ត្រូវ​តាំង​ឡើង​នៅ​ស្ថានសួគ៌​នៅ​ឆ្នាំ​១៩១៤ ដោយ​មាន​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ស្តេច ដូច​ទំនាយ​ក្នុង​ព្រះ​គម្ពីរ​បាន​ចែង​ទុក​ជា​មុន។ * មិន​យូរ​ទៀត ព្រះ​រាជាណាចក្រ​នោះ​នឹង​បំផ្លាញ​រដ្ឋាភិបាល​ទាំង​ឡាយ​របស់​មនុស្ស។—ដានីយ៉ែល ២:៤៤

ក្នុង​កំឡុង​កិច្ច​បំរើ​ដ៏​ខ្លី​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​នូវ​ប្រយោជន៍​ខ្លះៗ​ដែល​ការ​គ្រប់គ្រង​របស់​ព្រះ​នឹង​នាំ​មក​សំរាប់​មនុស្ស​ជាតិ។ សៀវភៅ​ដំណឹង​ល្អ​ផ្ដល់​ភស្តុតាង​ថា ព្រះ​យេស៊ូ​បង្ហាញ​សេចក្ដី​មេត្ដាករុណា​ចំពោះ​មនុស្ស​ជាតិ​ដែល​ក្រីក្រ​និង​ត្រូវ​គេ​ជិះជាន់។ ទ្រង់​បាន​ប្រោស​មនុស្ស​ឈឺ​ឲ្យ​បាន​ជា បាន​ប្រទាន​អាហារ​ដល់​មនុស្ស​ឃ្លាន និង​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ បន្ថែម​ទៅ​ទៀត​នោះ​ទ្រង់​ក៏​កាន់​កាប់​ទៅ​លើ​កម្លាំង​ធម្មជាតិ​ដែរ។ (ម៉ាថាយ ១១:៥; ម៉ាកុស ៤:៣៧​-​៣៩; លូកា ៩:១១​-​១៦) សូម​គិត​អំពី​ប្រយោជន៍​ដែល​ព្រះ​យេស៊ូ​នឹង​ផ្ដល់​ឲ្យ​នៅ​ពេល​ដែល​ទ្រង់​ប្រើ​យញ្ញបូជា​លោះ​ដើម្បី​ជំរះ​បាប​របស់​មនុស្ស​ជាតិ​ទាំង​ឡាយ! ព្រះ​គម្ពីរ​សន្យា​ថា តាម​រយៈ​ការ​គ្រប់គ្រង​របស់​ព្រះ​គ្រីស្ទ ព្រះ​នឹង​«ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក[មនុស្ស]ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ»។—វិវរណៈ ២១:៤

ការ​សម្រាល​ទុក្ខ​សំរាប់​អស់​អ្នក​ដែល​កំពុង​តែ​រង​ទុក្ខ​វេទនា

យើង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ច្រើន​ណាស់ ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង ហើយ​មាន​គ្រប់​ព្រះ​ចេស្ដា​និង​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នោះ ទ្រង់​ពិត​ជា​យក​ព្រះទ័យ​ទុក​ដាក់​នឹង​យើង​មែន ហើយ​បន្ដិច​ទៀត​ទ្រង់​នឹង​បំបាត់​នូវ​ទុក្ខ​វេទនា​របស់​មនុស្ស​ជាតិ! ធម្មតា មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​នឹង​សុខ​ចិត្ត​ទទួល​ការ​ព្យាបាល​ដែល​នឹង​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ សូម្បីបើ​ការ​ព្យាបាល​នោះ​ធ្វើ​ឲ្យ​ឈឺចាប់​ក៏​ដោយ។ ដូច​គ្នា​ដែរ បើ​យើង​ដឹង​ថា​របៀប​ដែល​ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​នឹង​នាំ​មក​នូវ​ប្រយោជន៍​ជា​និរន្តរ៍ នោះ​ចំណេះ​នេះ​អាច​ជួយ​សម្រាល​ទុក្ខ​យើង មិន​ថា​យើង​ជួប​នឹង​ការ​ពិបាក​អ្វី​ក៏​ដោយ​ជា​បណ្ដោះ​អាសន្ន​នោះ។

លោក​រីកាដូ​ក្នុង​អត្ថបទ​មុន គឺ​ជា​បុគ្គល​មួយ​រូប​ដែល​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​សន្យា​ក្នុង​ព្រះ​គម្ពីរ។ រីកាដូ​ប្រាប់​ថា​៖​«ក្រោយ​ប្រពន្ធ​ខ្ញុំ​ស្លាប់​ទៅ ខ្ញុំ​ចង់​នៅ​ដាច់​ពី​គេ​ណាស់។ ប៉ុន្តែ ក្រោយ​មក​ខ្ញុំ​ទទួល​ស្គាល់​ថា ការ​ធ្វើ​ដូច្នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប្រពន្ធ​ខ្ញុំ​រស់​ឡើង​វិញ​ទេ ហើយ​គ្រាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​កាន់​តែ​ខ្លាំង​ថែម​ទៀត​ប៉ុណ្ណោះ»។ ផ្ទុយ​ទៅ​វិញ រីកាដូ​បាន​បន្ត​ព្យាយាម​ក្នុង​ទម្លាប់​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន​និង​ការ​ផ្សព្វផ្សាយ​ប្រាប់​សារ​ព្រះ​គម្ពីរ​ដល់​អ្នក​ឯ​ទៀត។ រីកាដូ​ប្រាប់ថា​៖ «ពេល​ខ្ញុំ​ទទួល​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​ស្រឡាញ់ និង​ទទួល​ស្គាល់​ថា​ទ្រង់​កំពុង​តែ​ឆ្លើយ​តប​នឹង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ សូម្បីតែ​ក្នុង​រឿង​តូចតាច​ក៏​ដោយ នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​ទៅ​កាន់​តែ​ជិត​ទ្រង់​ថែម​ទៀត។ ការ​ទទួល​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ផ្ដល់​សមត្ថភាព​ឲ្យ​ខ្ញុំ​ស៊ូ​ទ្រាំ​នឹង​ការ​លំបាក​ខ្លាំង​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ជួប»។ រីកាដូ​សារភាព​ថា​៖​«ខ្ញុំ​នៅ​តែ​នឹក​ប្រពន្ធ​ខ្ញុំ​ណាស់ ប៉ុន្តែ ឥឡូវ​នេះ​ខ្ញុំ​ជឿជាក់​ថា ទោះ​ជា​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​អ្វី​កើត​ឡើង​ក៏​ដោយ នោះ​មិន​អាច​ធ្វើ​ទុក្ខ​ដល់​យើង​ជា​រៀង​រហូត​បាន​ឡើយ»។

ដូច​ជា​រីកាដូ​និង​មនុស្ស​រាប់​លាន​ឯ​ទៀត តើ​អ្នក​រង់ចាំ​គ្រា​មួយ​ដែល​ការ​រង​ទុក្ខ​របស់​មនុស្ស​ជាតិ​«នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត»​ឬ? (អេសាយ ៦៥:១៧) អ្នក​ប្រាកដ​ជា​អាច​ទទួល​ពរ​នេះ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន បើ​អ្នក​ធ្វើ​តាម​ឱវាទ​ក្នុង​ព្រះ​គម្ពីរ​ដែល​ថា «ចូរ​ស្វែង​រក​ព្រះ​យេហូវ៉ា ក្នុង​កាល​ដែល​អាច​នឹង​រក​ទ្រង់​ឃើញ ហើយ​អំពាវនាវ​ដល់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ជិត​ចុះ!»។—អេសាយ ៥៥:៦

ដើម្បី​ជួយ​អ្នក​ធ្វើ​ដូច្នេះ ចូរ​ឲ្យ​ការ​អាន​និង​សិក្សា​យ៉ាង​ហ្មត់ចត់​នូវ​ព្រះ​បន្ទូល​របស់​ព្រះ​មាន​អាទិ​ភាព​ក្នុង​ជីវិត​របស់​អ្នក។ ចូរ​ខិតខំ​ឲ្យ​ស្គាល់​ព្រះ​និង​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក។ ចូរ​ព្យាយាម​រស់​នៅ​សម​ស្រប​ទៅ​តាម​ខ្នាត​តម្រា​របស់​ព្រះ និង​បង្ហាញ​ថា​អ្នក​សុខ​ចិត្ត​ចុះ​ចូល​នឹង​ការ​គ្រប់គ្រង​របស់​ទ្រង់។ ការ​ធ្វើ​យ៉ាង​នេះ​នឹង​នាំ​ឲ្យ​អ្នក​មាន​សុភមង្គល​រឹតតែ​ច្រើន​ឡើង ទោះ​ជា​អ្នក​ជួប​ប្រទះ​នឹង​ការ​ល្បងល​អ្វី​ក៏​ដោយ។ ហើយ​នៅ​អនាគត លទ្ធផល​គឺ​អ្នក​នឹង​បាន​ជីវិត​ក្នុង​ពិភពលោក​មួយ​ដែល​គ្មាន​ការ​រង​ទុក្ខ​ទៀត​ឡើយ។—យ៉ូហាន ១៧:៣

[កំណត់​សម្គាល់]

^ វគ្គ 7 សម្គាល់​ហេតុ​ក្នុង​ព្រះ​គម្ពីរ​យេរូសាឡិម​ពន្យល់​លោកុប្បត្តិ ២:១៧​ថា​៖​«ការ​ដឹង​ខុសត្រូវ»​នេះ​គឺ​ជា​«សិទ្ធិ​សម្រេច​ថា . . . អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់ និង​សិទ្ធិ​ប្រព្រឹត្ត​តាម​ការ​សម្រេច​នោះ។ នេះ​ក៏​ជា​ការ​ដណ្ដើម​យក​សិទ្ធិ​បង្កើត​គោលការណ៍​សំរាប់​អ្វី​ល្អ​និង​អ្វី​អាក្រក់​សំរាប់​ខ្លួន​ឯង ដោយ​មិន​ព្រម​ទទួល​ស្គាល់​ថា ខ្លួន​ជា​របស់​ដែល​បាន​ត្រូវ​បង្កើត​មក​ឡើយ»។ សម្គាល់​ហេតុ​នោះ​ចែង​បន្ថែម​ថា​៖ «បាប​ទី​មួយ​គឺ​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​ការ​គ្រប់គ្រង​របស់​ព្រះ»។

^ វគ្គ 17 បើ​ចង់​បាន​ពត៌មាន​ល្អិតល្អន់​ស្តី​អំពី​ទំនាយ​ព្រះ​គម្ពីរ​ជាប់​ទាក់ទង​នឹង​ឆ្នាំ​១៩១៤ សូម​មើល​ជំពូក​ទី១០​និង​១១​ក្នុង​សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

[ប្រអប់​នៅ​ទំព័រ​៦, ៧]

តើ​យើង​អាច​ស៊ូ​ទ្រាំ ពេល​រង​ទុក្ខ​លំបាក​ដោយ​ដូច​ម្ដេច?

«ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ[ព្រះ]»។ (ពេត្រុសទី១ ៥:៧) អារម្មណ៍​ច្របូកច្របល់ អារម្មណ៍​ខឹង និង​អារម្មណ៍​ឯក​កោ​គឺ​មាន​ជា​ធម្មតា នៅ​ពេល​ដែល​យើង​ស៊ូ​ទ្រាំ​ឬ​ពេល​យើង​រង​ទុក្ខ​លំបាក​ឬ​ក៏​ឃើញ​អ្នក​ដែល​យើង​ស្រឡាញ់​រង​ទុក្ខ។ យ៉ាង​ណា​ក៏​ដោយ អ្នក​អាច​ប្រាកដ​ថា ព្រះ​យេហូវ៉ា​យល់​អារម្មណ៍​របស់​អ្នក។ (និក្ខមនំ ៣:៧; អេសាយ ៦៣:៩) ដូច​ជា​បុរស​នៅ​សម័យ​បុរាណ យើង​អាច​ទូល​ប្រាប់​ទ្រង់​អស់​ពី​ដួង​ចិត្ត​អំពី​ការ​សង្ស័យ​និង​ការ​ខ្វល់ខ្វាយ​របស់​យើង។ (និក្ខមនំ ៥:២២; យ៉ូប ១០:១​-​៣; យេរេមា ១៤:១៩; ហាបាគុក ១:១៣) ទ្រង់​ប្រហែល​ជា​មិន​ធ្វើ​អព្ភូតហេតុ​បំបាត់​ការ​រង​ទុក្ខ​នោះ​ទេ ប៉ុន្តែ ទ្រង់​អាច​ឆ្លើយ​តប​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​យើង​ដោយ​ផ្ដល់​ជា​ប្រាជ្ញា​និង​កម្លាំង​ចិត្ត​គ្រប់​គ្រាន់​ដើម្បី​យើង​អាច​ស៊ូ​ទ្រាំ។—យ៉ាកុប ១:៥, ៦

«ចំពោះ​ទុក្ខ​លំបាក​ដ៏​ខ្លាំង​ដែល​កើត​មាន ដើម្បី​លត់​ដំបង​ប្អូន​នោះ សូម​កុំ​ងឿង​ឆ្ងល់​ដោយ​គិត​ថា​ជា​ព្រឹត្ដិការណ៍​អ្វី​មួយ​ដ៏​ចំឡែក​ឡើយ»។ (ពេត្រុសទី១ ៤:១២, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) នៅ​ទី​នេះ​ពេត្រុស​កំពុង​តែ​និយាយ​អំពី​ការ​បៀតបៀន។ ប៉ុន្តែ​ពាក្យ​នេះ​ក៏​សំដៅ​ទៅ​លើ​ការ​រង​ទុក្ខ​ណា​ក៏​ដោយ​ដែល​អ្នក​ជឿ​ព្រះ​ត្រូវ​ស៊ូទ្រាំ​នោះ។ មនុស្ស​ជាតិ​រង​ទុក្ខ​ដោយ​ការ​ខ្វះ​ខាត ជំងឺ និង​ការ​បាត់បង់​អ្នក​ជា​ទី​ស្រឡាញ់។ ព្រះ​គម្ពីរ​ចែងថា «គ្រា​និង​ព្រឹត្ដិការណ៍​ដ៏​មើល​មិន​ឃើញ​ជា​មុន»​អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​រូប។ (សាស្ដា ៩:១១, ព.ថ.) អ្វីៗ​បែប​នេះ​គឺ​ជា​ផ្នែក​ធម្មតា​នៃ​ជីវិត​មនុស្ស​ជាតិ​សព្វ​ថ្ងៃ​នេះ។ ការ​ទទួល​ស្គាល់​ចំណុច​នេះ​នឹង​ជួយ​យើង​ស៊ូ​ទ្រាំ​នៅ​ពេល​រង​ទុក្ខ​ឬ​ជួប​ហេតុ​ដែល​ធ្វើ​ឲ្យ​អភ័ព្វ។ (ពេត្រុសទី១ ៥:៩) សំខាន់​បំផុត បើ​អ្នក​នឹក​ចាំ​ពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ថា​៖ «ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត ហើយ​ព្រះ​កាណ៌​ទ្រង់​ក៏​ប្រុង​ស្ដាប់​សំរែក​របស់​គេ» នេះ​នឹង​សម្រាល​ទុក្ខ​អ្នក​ច្រើន​ណាស់។—ទំនុកដំកើង ៣៤:១៥; សុភាសិត ១៥:៣; ពេត្រុសទី១ ៣:១២

«ចូរ​អរ​សប្បាយ ដោយ​មាន​សង្ឃឹម»។ (រ៉ូម ១២:១២) ជាជាង​រំពឹង​គិត​អំពី​អំណរ​ដែល​បាត់បង់​នោះ យើង​អាច​រំពឹង​គិត​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​ថា​ទ្រង់​នឹង​បញ្ចប់​ការ​រង​ទុក្ខ។ (សាស្ដា ៧:១០) សេចក្ដី​សង្ឃឹម​ដែល​មាន​មូលដ្ឋាន​រឹង​មាំ​នេះ​នឹង​ការពារ​យើង​ដូច​ជា​មួក​ការពារ​ក្បាល។ នៅ​ពេល​មាន​សេចក្ដី​សង្ឃឹម យើង​នឹង​មិន​ពិបាក​ចិត្ត​ពេក​ពេល​ជួប​ទុក្ខ​លំបាក​ឬ​ជួប​ហេតុ​ដែល​ធ្វើ​ឲ្យ​អភ័ព្វ​ក្នុង​ជីវិត​ឡើយ ហើយ​សេចក្ដី​សង្ឃឹម​ក៏​ជួយ​ការពារ​មិន​ឲ្យ​ទុក្ខ​លំបាក​បង្ខូច​សុខភាព​ខាង​ផ្លូវ​ចិត្ត គំនិត និង​ខាង​វិញ្ញាណ​របស់​យើង​ដែរ។—ថែស្សាឡូនីចទី១ ៥:៨

[រូបភាព​នៅ​ទំព័រ​៥]

អ័ដាម​និង​អេវ៉ា បាន​បដិសេធ ការ​គ្រប់គ្រង​របស់​ព្រះ

[រូបភាព​នៅ​ទំព័រ​៧]

ព្រះ​សន្យា​ថា​នឹង​មាន​ពិភពលោក​មួយ ដែល​គ្មាន​ការ​រង​ទុក្ខ​ទៀត