«ចូរចាំយាមចុះ!»
«ចូរចាំយាមចុះ!»
«ឯសេចក្ដីដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នានេះ នោះខ្ញុំក៏ប្រាប់ដល់មនុស្សទាំងអស់ដែរ គឺថា ចូរចាំយាមចុះ!»។—ម៉ាកុស ១៣:៣៧
១, ២. (ក) តើបុរសម្នាក់បានរៀនមេរៀនអ្វីអំពីការការពារទ្រព្យសម្បត្ដិរបស់គាត់? (ខ) ស្តីពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីចោរនោះ តើយើងរៀនអ្វីអំពីការនៅភ្ញាក់ខាងវិញ្ញាណ?
វ៉ានបានទុករបស់ដ៏មានតម្លៃនៅក្នុងផ្ទះ។ គាត់បានទុករបស់ទាំងនោះនៅក្រោមគ្រែរបស់គាត់ ព្រោះតាមមតិរបស់គាត់ នេះជាកន្លែងដែលមានសុវត្ថិភាពជាងគេក្នុងផ្ទះ។ ប៉ុន្តែ នៅយប់មួយ ក្នុងកាលដែលគាត់និងភរិយាកំពុងតែសម្រាន្ត នោះចោរម្នាក់បានចូលមកក្នុងបន្ទប់ដេក។ ពិតណាស់ ចោរម្នាក់នេះបានដឹងកន្លែងលាក់របស់ដ៏មានតម្លៃទាំងនោះ។ ចោរនោះបានយករបស់ដ៏មានតម្លៃទាំងអស់ចេញពីក្រោមគ្រែដោយស្ងៀមស្ងាត់ ព្រមទាំងលួចយកលុយដែលវ៉ានបានទុកក្នុងថតទូជិតគ្រែដេកផងដែរ។ ដល់ព្រឹកស្អែក នោះវ៉ានបានដឹងថាចោរបានចូលមកលួច។ គាត់នឹងមិនភ្លេចនូវមេរៀនដ៏ឈឺចាប់នេះទេ គឺថា៖ មនុស្សដេកលក់ពុំអាចការពារទ្រព្យសម្បត្ដិរបស់ខ្លួនបានឡើយ។
២ រឿងខាងវិញ្ញាណក៏ដូចគ្នាដែរ។ បើយើងដេកលក់ខាងវិញ្ញាណ នោះយើងក៏ពុំអាចការពារសេចក្ដីសង្ឃឹមនិងជំនឿរបស់យើងបានឡើយ។ ហេតុនេះហើយ ប៉ុលដាស់តឿនថា៖ «ហេតុនេះ យើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញ ត្រូវប្រុងស្មារតី ហើយភ្ញាក់ខ្លួនជានិច្ច»។ (ថែស្សាឡូនីចទី១ ៥:៦, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ព្រះយេស៊ូបានប្រើរឿងប្រៀបប្រដូចអំពីចោរ ដើម្បីបង្ហាញនូវសារៈសំខាន់នៃការនៅភ្ញាក់ខាងវិញ្ញាណ។ ទ្រង់បានរៀបរាប់អំពីព្រឹត្ដិការណ៍ផ្សេងៗដែលនឹងនាំទៅដល់ពេលទ្រង់យាងមកជាចៅក្រម ហើយរួចមកទ្រង់បានព្រមានថា៖ «ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ ចូរដឹងសេចក្ដីនេះចុះ! បើម្ចាស់ផ្ទះបានដឹងជាចោរនឹងមកនៅយាមណា នោះគេនឹងបានចាំយាមមិនឲ្យចោរទំលុះចូលផ្ទះបានទេ ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត»។ (ម៉ាថាយ ២៤:៤២-៤៤) ចោរមិនដែលប្រាប់ទុកជាមុននូវវេលាណាដែលវានឹងមកនោះទេ។ ចោរចង់មកនៅវេលាណាដែលមនុស្សពុំបានគិត។ ស្រដៀងគ្នាដែរ ដូចជាព្រះយេស៊ូបានមានបន្ទូលមក នោះទីបញ្ចប់នៃរបបលោកីយ៍នេះនឹងមកដល់‹នៅវេលាដែលយើងរាល់គ្នាមិនបានគិត›។
«ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ»
៣. តើតាមរបៀបណាដែលព្រះយេស៊ូបង្ហាញនូវសារៈសំខាន់នៃការចាំយាមដោយប្រើរឿងប្រៀបប្រដូចអំពីពួកអ្នកបំរើដែលរង់ចាំម្ចាស់វិលត្រឡប់មកពីពិធីមង្គលការវិញ?
៣ ពាក្យដែលមានក្នុងសៀវភៅដំណឹងល្អរបស់លូកា នោះព្រះយេស៊ូបានប្រៀបប្រដូចពួកគ្រីស្ទានទៅនឹងពួកអ្នកបំរើដែលរង់ចាំម្ចាស់វិលត្រឡប់មកពីពិធីមង្គលការវិញ។ ពួកគេត្រូវប្រុងប្រៀបខ្លួនជាស្រេច គឺនៅពេលណាដែលម្ចាស់នោះត្រឡប់មកដល់ នោះពួកអ្នកបំរើត្រូវដឹងខ្លួនជានិច្ច និងប្រុងប្រៀបទទួលស្វាគមន៍ម្ចាស់ខ្លួន។ តាមរបៀបស្រដៀងគ្នានេះដែរ ព្រះយេស៊ូបានមានបន្ទូលថា៖ «ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត»។ (លូកា ១២:៤០) អ្នកខ្លះដែលបានបំរើព្រះយេហូវ៉ាអស់ច្រើនឆ្នាំមកហើយ អាចបាត់បង់នូវគំនិតអំពីភាពបន្ទាន់នៃគ្រាដែលយើងកំពុងតែរស់នៅនេះ។ ពួកគេប្រហែលជាសន្និដ្ឋានថា ទីបញ្ចប់នឹងកើតឡើងនៅអនាគតដ៏យូរអង្វែង។ ប៉ុន្តែ គំនិតបែបនេះអាចនាំយើងឲ្យលែងប្រុងស្មារតីទៅលើរឿងខាងវិញ្ញាណ បែរជាប្រុងស្មារតីទៅលើគោលដៅខាងសាច់ឈាមវិញ ដែលអាចបង្វែរអារម្មណ៍យើងចេញ និងធ្វើឲ្យយើងងុយដេកខាងវិញ្ញាណ។—លូកា ៨:១៤; ២១:៣៤, ៣៥
៤. តើជំនឿស៊ប់អំពីអ្វីដែលនឹងជំរុញចិត្តយើងឲ្យនៅចាំយាម? ហើយតើព្រះយេស៊ូបង្ហាញរឿងនេះយ៉ាងដូចម្ដេច?
៤ យើងអាចទាញមេរៀនមួយទៀតពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ។ ទោះជាពួកអ្នកបំរើមិនដឹងវេលាណាដែលម្ចាស់នឹងវិលត្រឡប់មកវិញក៏ដោយ តែតាមមើលទៅ ពួកគេបានដឹងអំពីយប់មួយណាដែលលោកនឹងមក។ គឺច្បាស់ជាពិបាកនៅភ្ញាក់ដឹងខ្លួនមែនដោយអត់ងងុយអស់មួយយប់ ប្រសិនបើពួកគេគិតថាម្ចាស់នឹងវិលត្រឡប់មកវិញនៅយប់មួយផ្សេងទៀតនោះ។ ប៉ុន្តែ ពួកអ្នកបំរើបានដឹងនូវយប់មួយណាដែលលោកនឹងវិលមកវិញ ហើយនេះគឺជាហេតុល្អដែលមិនឲ្យពួកគេដេកលក់។ ស្រដៀងគ្នាដែរ ទំនាយជាច្រើនក្នុងព្រះគម្ពីរបង្ហាញយ៉ាងច្បាស់ថា យើងកំពុងតែរស់នៅគ្រាចុងបញ្ចប់ ប៉ុន្តែទំនាយទាំងនេះមិនប្រាប់យើងថា ថ្ងៃណាឬម៉ោងណានោះឡើយ។ (ម៉ាថាយ ២៤:៣៦) កាល ដែលយើងជឿថាទីបញ្ចប់កំពុងតែមក នេះជួយយើងឲ្យនៅភ្ញាក់ខាងវិញ្ញាណ ប៉ុន្តែប្រសិនបើយើងពិតជាជឿស៊ប់ថា ថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់ហើយនោះ ជំនឿនេះនឹងជំរុញចិត្តយើងឲ្យនៅចាំយាមជាង។—សេផានា ១:១៤
៥. តើយើងអាចធ្វើតាមការដាស់តឿនរបស់ប៉ុលឲ្យ«ចាំយាម»យ៉ាងដូចម្ដេច?
៥ ពេលប៉ុលសរសេរទៅពួកគ្រីស្ទាននៅក្រុងកូរិនថូស គាត់បានដាស់តឿនថា៖ «ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ»។ (កូរិនថូសទី១ ១៦:១៣) មែនហើយ ការនៅចាំយាមគឺជាប់ទាក់ទងគ្នានឹងការឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿជាគ្រីស្ទាន។ តើតាមរបៀបណាដែលយើងអាចចាំយាម? គឺដោយក្រេបយកចំណេះដ៏ត្រឹមត្រូវពីព្រះបន្ទូលរបស់ព្រះ។ (ធីម៉ូថេទី២ ៣:១៤, ១៥) ទម្លាប់ល្អខាងការសិក្សាផ្ទាល់ខ្លួននិងការមកកិច្ចប្រជុំជាទៀងទាត់ នឹងជួយពង្រឹងជំនឿរបស់យើង។ ការនឹកចាំជានិច្ចនូវថ្ងៃនៃព្រះយេហូវ៉ា គឺជាទិដ្ឋភាពដ៏សំខាន់មួយនៃជំនឿរបស់យើង។ យូរៗម្ដង ពេលយើងពិនិត្យមើលឡើងវិញនូវភស្តុតាងក្នុងព្រះគម្ពីរថាយើងពិតជារស់នៅជិតទីបញ្ចប់នៃរបបលោកីយ៍នេះ នឹងជួយយើងកុំឲ្យភ្លេចអំពីសេចក្ដីពិតសំខាន់ៗដែលទាក់ទងនឹងទីបញ្ចប់នៅនាអនាគតខាងមុខនេះ។ * ហើយក៏ជាការល្អដែរបើយើងកត់សម្គាល់នូវព្រឹត្ដិការណ៍ក្នុងលោកីយ៍ ដែលបំពេញទំនាយព្រះគម្ពីរ។ បងប្រុសម្នាក់នៅប្រទេសអាល្លឺម៉ង់បានសរសេរថា៖ «រៀងរាល់ដងដែលខ្ញុំមើលពត៌មាន គឺឃើញសង្គ្រាម ការកក្រើកដី អំពើឃោរឃៅ និងភាពកខ្វក់នៃភពផែនដីរបស់យើង នេះបញ្ជាក់ប្រាប់ខ្ញុំថាទីបញ្ចប់គឺកាន់តែជិតហើយ»។
៦. តើតាមរបៀបណាដែលព្រះយេស៊ូពន្យល់ថានឹងមានការទោរទន់ទៅរកការបាត់បង់នូវស្មារតីប្រុងប្រយ័ត្នខាងវិញ្ញាណក្នុងកាលដែលពេលវេលាកន្លងទៅនោះ?
៦ នៅម៉ាកុសជំពូកទី១៣ យើងរកឃើញកំណត់ហេតុមួយទៀត ពេលព្រះយេស៊ូដាស់តឿនពួកសិស្សរបស់ទ្រង់ឲ្យនៅចាំយាម។ យោងទៅតាមជំពូកនេះ ព្រះយេស៊ូប្រៀបធៀបស្ថានការណ៍របស់ពួកគេទៅនឹងអ្នកឆ្មាំទ្វារ ដែលរង់ចាំម្ចាស់ខ្លួនធ្វើដំណើរវិលត្រឡប់មកពីប្រទេសក្រៅ។ អ្នកឆ្មាំទ្វារនេះពុំបានដឹងនូវវេលាណាដែលម្ចាស់ខ្លួនវិលត្រឡប់មកវិញទេ។ ពួកគេត្រូវតែចាំយាមជានិច្ច។ ព្រះយេស៊ូបានសំដៅទៅវេនយាមបួនផ្សេងគ្នា ដែលម្ចាស់នេះអាចវិលត្រឡប់មកវិញ។ វេនយាមទីបួនគឺពីម៉ោងបីព្រឹករហូតដល់ថ្ងៃរះ។ នៅវេនយាមចុងក្រោយនេះ អ្នកឆ្មាំទ្វារអាចទៅជាងងុយដេកយ៉ាងស្រួល។ តាមដឹងមក ពួកទាហានចាត់ទុកម៉ោងមុនថ្ងៃរះ គឺជាឱកាសដ៏ល្អដើម្បីវាយឆ្មក់ពួកសត្រូវដែលកំពុងតែដេកមិនដឹងខ្លួន។ ស្រដៀងគ្នាដែរ ក្នុងផ្នែកនៃថ្ងៃចុងក្រោយបង្អស់នេះ នៅពេលមនុស្សក្នុងលោកីយ៍កំពុងតែដេកលក់ស៊ប់ខាងវិញ្ញាណ នោះយើងអាចប្រឈមមុខនឹងការពិបាកបំផុតដើម្បីនៅភ្ញាក់ខាងវិញ្ញាណ។ (រ៉ូម ១៣:១១, ១២) ដូច្នេះហើយ ព្រះយេស៊ូបានដាស់តឿនម្ដងហើយម្ដងទៀតក្នុងរឿងប្រៀបប្រដូចថា៖ «ចូរប្រុងប្រយ័ត ឲ្យចាំយាម . . . ដូច្នេះ ចូរចាំយាមចុះ! . . . ឯសេចក្ដីដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នានេះ នោះខ្ញុំក៏ប្រាប់ដល់មនុស្សទាំងអស់ដែរ គឺថា ចូរចាំយាមចុះ!»។—ម៉ាកុស ១៣:៣២-៣៧
៧. តើអ្វីអាចជាគ្រោះថ្នាក់? ហើយដោយដឹងអំពីនេះ តើការលើកទឹកចិត្តអ្វីដែលយើងអានជាញឹកញាប់ក្នុងព្រះគម្ពីរ?
៧ ជាច្រើនដងក្នុងកំឡុងកិច្ចបំរើផ្សាយរបស់ព្រះយេស៊ូនិងក្រោយទ្រង់មានព្រះជន្មរស់ឡើងវិញ នោះទ្រង់បានដាស់តឿនពួកសិស្សឲ្យប្រុងប្រយ័ត្ន។ តាមការពិត សឹងតែរាល់ដងដែលបទគម្ពីរបញ្ជាក់អំពីទីបញ្ចប់នៃរបបលោកីយ៍នេះ នោះយើងអាចឃើញមានការព្រមានឲ្យនៅភ្ញាក់ខាងវិញ្ញាណឬឲ្យនៅចាំយាមជានិច្ច។ * (លូកា ១២:៣៨, ៤០; វិវរណៈ ៣:២; ១៦:១៤-១៦) យ៉ាងច្បាស់ណាស់ ការងងុយដេកខាងវិញ្ញាណគឺជាគ្រោះថ្នាក់ដែរ។ យើងគ្រប់គ្នាត្រូវការការព្រមាននេះ!—កូរិនថូសទី១ ១០:១២; ថែស្សាឡូនីចទី១ ៥:២, ៦
សាវ័កបីនាក់ដែលមិនបាននៅភ្ញាក់
៨. នៅក្នុងសួនគែតសេម៉ានី តើពួកសាវ័ករបស់ព្រះយេស៊ូបានធ្វើយ៉ាងណា ចំពោះសំនើររបស់ទ្រង់ដែលឲ្យពួកគេនៅចាំយាមនោះ?
៨ ការមានបំណងល្អដើម្បីនៅភ្ញាក់តែប៉ុណ្ណោះគឺមិនគ្រប់គ្រាន់ទេ ដូចជាយើងឃើញក្នុងករណីរបស់ពេត្រុស យ៉ាកុប និងយ៉ូហាន។ ពួកបុរសទាំងបីនាក់នេះគឺជាបុរសដែលមានភាពខាងវិញ្ញាណនិងកាន់តាមព្រះយេស៊ូដោយស្មោះត្រង់ ព្រមទាំងមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះទ្រង់ផងដែរ។ យ៉ាងណាក៏ដោយ នៅយប់ថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ ស.យ. ពួកគេមិនបាននៅភ្ញាក់ដោយចាំយាមទេ។ ក្រោយពេលចេញពីបន្ទប់ខាងលើដែលជាកន្លែងដែលគេធ្វើបុណ្យរំលង នោះសាវ័កបីនាក់នេះដើរតាមព្រះយេស៊ូទៅសួនគែតសេម៉ានី។ ព្រះយេស៊ូបានមានបន្ទូលទៅពួកគេនៅទីនោះថា៖ «ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ចាំយាមជាមួយនឹងខ្ញុំសិន»។ (ម៉ាថាយ ២៦:៣៨) ព្រះយេស៊ូបានអធិស្ឋានអស់ពីដួងព្រះទ័យបីដងថ្វាយព្រះវរបិតា នៅស្ថានសួគ៌ ហើយទាំងបីដងពេលទ្រង់វិលត្រឡប់មករកមិត្តសំឡាញ់របស់ទ្រង់វិញ លើកណាក៏តែងឃើញពួកគេកំពុងតែដេកលក់ដែរ។—ម៉ាថាយ ២៦:៤០, ៤៣, ៤៥
៩. តើអ្វីដែលទំនងជាធ្វើឲ្យពួកសាវ័កងងុយដេកនោះ?
៩ ហេតុអ្វីបានជាពួកបុរសដ៏ស្មោះត្រង់បីនាក់នេះ ធ្វើឲ្យព្រះយេស៊ូខកព្រះទ័យនៅយប់នោះ? កត្ដាសំខាន់គឺដោយសារពួកគេអស់កម្លាំងពេក។ យប់គឺកាន់តែជ្រៅណាស់ហើយ ប្រហែលជាក្រោយពាក់កណ្ដាលអធ្រាត្រ និង«ភ្នែកគេធ្ងន់ជ្រប់»។ (ម៉ាថាយ ២៦:៤៣) ប៉ុន្តែ ព្រះយេស៊ូបានមានបន្ទូលថា៖ «ចូរចាំយាម ហើយអធិស្ឋានចុះ! ដើម្បីមិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។—ម៉ាថាយ ២៦:៤១
១០, ១១. (ក) ទោះជាព្រះយេស៊ូអស់កម្លាំងក៏ដោយ តើអ្វីដែលបានជួយទ្រង់ឲ្យនៅចាំយាមក្នុងសួនគែតសេម៉ានី? (ខ) តើអ្វីដែលយើងអាចរៀនពីរឿងដែលបានកើតឡើងដល់សាវ័កបីនាក់ ពេលព្រះយេស៊ូមានបន្ទូលប្រាប់ពួកគេឲ្យនៅចាំយាមនោះ?
១០ ព្រះយេស៊ូក៏ច្បាស់ជាអស់កម្លាំងដូចគ្នាដែរនៅរាត្រីដ៏សំខាន់នោះ។ ប៉ុន្តែ ជាជាងផ្ទំលក់ ព្រះយេស៊ូបានចំណាយពេលដ៏សំខាន់នេះ ជាពេលចុងក្រោយដែលទ្រង់មានសេរីភាព ដើម្បីអធិស្ឋានទូលថ្វាយព្រះវរបិតាវិញ។ បីបួនថ្ងៃមុននេះ ព្រះយេស៊ូបានដាស់តឿនពួកសិស្សរបស់ទ្រង់ឲ្យអធិស្ឋាន ដោយមានបន្ទូលថា៖ «ដូច្នេះ ចូរចាំយាមចុះ! ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យបានរាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្សផង»។ (លូកា ២១:៣៦; អេភេសូរ ៦:១៨) ប្រសិនបើយើងធ្វើតាមឱវាទរបស់ព្រះយេស៊ូ និងយកតម្រាប់តាមគំរូដ៏ល្អរបស់ទ្រង់ស្តីអំពីការអធិស្ឋាន នោះការទូលអង្វរអស់ពីចិត្តរបស់យើងនឹងជួយយើងឲ្យនៅភ្ញាក់ខាងវិញ្ញាណ។
១១ ពិតមែន ព្រះយេស៊ូបានយល់ថា មិនយូរប៉ុន្មានទៀត គេនឹងចាប់ទ្រង់ហើយកាត់ទោសដល់ជីវិត ប៉ុន្តែនៅពេលនោះពួកសិស្សឥតបានយល់អំពីរឿងនេះទេ។ ការល្បងលរបស់ទ្រង់នឹងឈានទៅដល់កំរិតដែលមានការឈឺចាប់ដល់កំពូលគឺនៅលើបង្គោលឈើទារុណកម្ម។ ព្រះយេស៊ូបានព្រមានពួកសាវ័ករបស់ទ្រង់ទុកជាមុនអំពីរឿងនេះ តែពួកគេពុំបានយល់នូវអ្វីដែលទ្រង់បានមានបន្ទូលមកទេ។ ហេតុនេះហើយ បានជាពួកគេបែរជាដេកលក់ទៅវិញ ក្នុងកាលដែលទ្រង់នៅចាំយាមនិងអធិស្ឋាននោះ។ (ម៉ាកុស ១៤:២៧-៣១; លូកា ២២:១៥-១៨) ដូចពួកសាវ័ក យើងក៏ទន់ខ្សោយដែរ ហើយមានរឿងផ្សេងៗដែលយើងមិនទាន់ដឹងច្បាស់នៅឡើយក្នុងព្រះគម្ពីរ។ ប៉ុន្តែ ប្រសិនបើយើងបាត់បង់នូវភាពបន្ទាន់នៃគ្រាដែលយើងរស់នៅ យើងក៏អាចទៅជាដេកលក់ខាងវិញ្ញាណដែរ។ មានតែការប្រុងប្រយ័ត្ននោះទេ ទើបយើងអាចនៅភ្ញាក់ខាងវិញ្ញាណបាន។
គុណសម្បត្ដិដ៏សំខាន់បី
១២. តើប៉ុលប្រាប់នូវគុណសម្បត្ដិបីណា ដែលជួយយើងឲ្យរក្សានូវភាពបន្ទាន់?
១២ តើយើងអាចរក្សាទុកនូវភាពបន្ទាន់របស់យើងយ៉ាងដូចម្ដេច? យើងបានឃើញរួចហើយនូវសារៈសំខាន់នៃសេចក្ដីអធិស្ឋាន និងភាពចាំបាច់នៃការចាំទុកថ្ងៃនៃព្រះយេហូវ៉ា។ បន្ថែមទៅទៀតនេះ ប៉ុលរៀបរាប់នូវគុណសម្បត្ដិដ៏សំខាន់បី ដែលយើងត្រូវបណ្ដុះបណ្ដាលឲ្យមាន។ គាត់បានពោលថា៖ «តែយើងដែលជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួន ទាំងប្រដាប់កាយដោយសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ទុកជាប្រដាប់
បាំងដើមទ្រូង ហើយសេចក្ដីសង្ឃឹមរបស់ផងសេចក្ដីសង្គ្រោះ ទុកជាមួកសឹក»។ (ថែស្សាឡូនីចទី១ ៥:៨) សូមឲ្យយើងពិនិត្យមើលយ៉ាងសង្ខេបនូវតួនាទីនៃជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ដែលជួយឲ្យយើងនៅភ្ញាក់ខាងវិញ្ញាណ។១៣. តើជំនឿមានតួនាទីយ៉ាងណា ក្នុងការជួយយើងឲ្យប្រុងប្រយ័ត្ននោះ?
១៣ យើងត្រូវតែមានជំនឿដ៏មុតមាំថាមានព្រះយេហូវ៉ា ហើយថា«ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។ (ហេព្រើរ ១១:៦) សេចក្ដីសម្រេចដំបូងនៃទំនាយរបស់ព្រះយេស៊ូអំពីទីបញ្ចប់នៅសតវត្សទីមួយ ក៏ពង្រឹងជំនឿយើង ថាទំនាយនេះក៏នឹងសម្រេចតាមរបៀបមួយដ៏ប្រសើរជាងក្នុងសម័យរបស់យើង។ ហើយជំនឿរបស់យើងនឹងជួយឲ្យយើងទន្ទឹងចាំនូវថ្ងៃនៃព្រះយេហូវ៉ា ដោយប្រាកដក្នុងចិត្តថា«[ភាពជាក់ស្តែងខាងទំនាយនេះ]នឹងមកជាពិត ឥតរារង់ឡើយ»។—ហាបាគុក ២:៣
១៤. តើដូចម្ដេចដែលសេចក្ដីសង្ឃឹមគឺមានសារៈសំខាន់ប្រសិនបើយើងចង់នៅចាំយាម?
១៤ សេចក្ដីសង្ឃឹមដ៏ពិតប្រាកដរបស់យើង គឺប្រៀបដូច«យុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន» ដែលជួយយើងឲ្យស៊ូទ្រាំនឹងការលំបាកផ្សេងៗ ទោះជាយើងត្រូវរង់ចាំនូវសេចក្ដីសម្រេចនៃសេចក្ដីសន្យារបស់ព្រះ។ (ហេព្រើរ ៦:១៨, ១៩) បងស្រីម៉ាការិត គឺជាអ្នកដែលបានត្រូវចាក់ប្រេងតាំងដោយវិញ្ញាណហើយមានអាយុជាង៩០ឆ្នាំ គាត់បានទទួលបុណ្យជ្រមុជទឹក៧០ឆ្នាំមកហើយ ហើយបានសារភាពថា៖ «ពេលស្វាមីរបស់ខ្ញុំស្លាប់ដោយរោគមហារីកនៅឆ្នាំ១៩៦៣ ខ្ញុំគិតថាបើទីបញ្ចប់នៃរបបលោកីយ៍នេះឆាប់មកដល់ នោះគឺជាការល្អណាស់។ ប៉ុន្តែ ឥឡូវនេះខ្ញុំបានដឹងថា ខ្ញុំបានគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទេ។ នៅពេលនោះ យើងមិនដឹងថាកិច្ចការរបស់ព្រះនឹងត្រូវផ្សព្វផ្សាយទូទាំងផែនដីច្រើនប៉ុនណាទេ។ សូម្បីតែសព្វថ្ងៃនេះក៏នៅមានកន្លែងជាច្រើន ដែលកិច្ចការរបស់ព្រះទើបតែមានសេរីភាពផ្សព្វផ្សាយនៅប្រទេសនោះ។ ដូច្នេះ ខ្ញុំមានចិត្តរីករាយណាស់ ដែលព្រះយេហូវ៉ាមានព្រះទ័យអត់ធ្មត់»។ សាវ័កប៉ុលធានារ៉ាប់រងយើងថា៖ ‹ការស៊ូទ្រាំនាំឲ្យព្រះសព្វព្រះហឫទ័យនឹងយើង។ បើព្រះសព្វព្រះទ័យនឹងយើងនោះនាំឲ្យមានសេចក្ដីសង្ឃឹម។ ហើយសេចក្ដីសង្ឃឹមនឹងមិនធ្វើឲ្យយើងខកចិត្តឡើយ›។—រ៉ូម ៥:៣-៥, ព.ថ.
១៥. តើសេចក្ដីស្រឡាញ់នឹងជំរុញយើងឲ្យធ្វើអ្វី ទោះហាក់បីដូចជាយើងបានរង់ចាំថ្ងៃនៃព្រះយេហូវ៉ាជាយូរយារណាស់មកហើយនោះ?
១៥ សេចក្ដីស្រឡាញ់ជាគ្រីស្ទានគឺជាគុណសម្បត្ដិដ៏ប្រសើរ ពីព្រោះនេះជាមូលហេតុដែលជំរុញយើងឲ្យធ្វើអ្វីមួយ។ យើងបំរើព្រះយេហូវ៉ាពីព្រោះយើងស្រឡាញ់ទ្រង់ ទោះជាទ្រង់បានកំណត់ទុកពេលណាក៏ដោយ។ សេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងក៏ជំរុញយើងឲ្យផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រ ទោះជាព្រះមានបំណងឲ្យយើងផ្សព្វផ្សាយយូរយ៉ាងណាក៏ដោយ ហើយទោះជាយើងត្រឡប់ទៅផ្ទះដដែលៗម្ដងហើយម្ដងទៀតប៉ុន្មានដងក្ដី។ ប៉ុលបានសរសេរថា៖ «ឥឡូវនេះមានសេចក្ដីបីយ៉ាង គឺ ជំនឿ សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់។ ប៉ុន្តែ សេចក្ដីស្រឡាញ់វិសេសជាងគេបំផុត»។ (កូរិនថូសទី១ ១៣:១៣, ព្រះគម្ពីរភាសាខ្មែរសម្រាយ) សេចក្ដីស្រឡាញ់ជួយយើងឲ្យស៊ូទ្រាំនិងជួយឲ្យនៅចាំយាម។ «[សេចក្ដីស្រឡាញ់]សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់ . . . សេចក្ដីស្រឡាញ់មិនដែលផុតឡើយ»។—កូរិនថូសទី១ ១៣:៧, ៨
‹ចូរកាន់ខ្ជាប់តាមសេចក្ដីដែលអ្នកមានហើយចុះ!›
១៦. តើយើងគួរបណ្ដុះបណ្ដាលឲ្យមានទឹកចិត្តយ៉ាងណាជាជាងបង្អង់នោះ?
១៦ យើងរស់នៅក្នុងគ្រាដ៏សំខាន់ ដែលព្រឹត្ដិការណ៍ក្នុងលោកីយ៍រំឭកយើងជាញឹកញាប់ ថាយើងកំពុងតែរស់នៅក្នុងផ្នែកចុងបំផុតនៃថ្ងៃជាន់ក្រោយបង្អស់។ (ធីម៉ូថេទី២ ៣:១-៥) នេះមិនមែនជាពេលដែលយើងត្រូវបង្អង់ទេ តែត្រូវ‹កាន់ខ្ជាប់តាមសេចក្ដីដែលយើងមានហើយ›។ (វិវរណៈ ៣:១១) បើយើង«ចាំយាមក្នុងសេចក្ដីអធិស្ឋាន» និងបណ្ដុះនូវជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ នោះយើងនឹងសឲ្យឃើញថាយើងប្រុងប្រៀបខ្លួនជាស្រេច ពេលមានគ្រាសាកល្បងផ្ទុះឡើង។ (ពេត្រុសទី១ ៤:៧) យើងមានការយ៉ាងបរិបូរដែលយើងត្រូវធ្វើក្នុងកិច្ចការរបស់ព្រះអម្ចាស់។ ដោយយើងរវល់ក្នុងការគោរពប្រតិបត្ដិដល់ព្រះ នេះនឹងជួយយើងឲ្យនៅភ្ញាក់ខាងវិញ្ញាណបាន។—ពេត្រុសទី២ ៣:១១
១៧. (ក) ហេតុអ្វីក៏សេចក្ដីសង្ឃឹមដែលមិនទាន់មកដល់ ពុំគួរធ្វើឲ្យយើងធ្លាក់ទឹកចិត្ត? (សូមមើលប្រអប់នៅទំព័រ១៧) (ខ) តើយើងអាចយកតម្រាប់តាមព្រះយេហូវ៉ាយ៉ាងដូចម្ដេច? តើពួកអ្នកដែលរង់ចាំទ្រង់នឹងទទួលពរយ៉ាងណាខ្លះ?
បរិទេវ ៣:២៤-២៦) ចំពោះយើងខ្លះបានរង់ចាំថ្ងៃនៃព្រះយេហូវ៉ាគ្រាន់តែមួយរយៈខ្លី។ អ្នកឯទៀតបានរង់ចាំជាច្រើនឆ្នាំមកហើយដើម្បីឲ្យឃើញសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា។ បើយើងប្រៀបធៀបកំឡុងពេលរង់ចាំនេះទៅនឹងអនន្តភាពនៅខាងមុខវិញ នោះពេលវេលារង់ចាំនេះគឺខ្លីណាស់! (កូរិនថូសទី២ ៤:១៦-១៨) ហើយកាលយើងរង់ចាំពេលកំណត់របស់ព្រះយេហូវ៉ា យើងអាចបណ្ដុះបណ្ដាលនូវគុណសម្បត្ដិដែលសំខាន់ចាំបាច់ និងជួយអ្នកដទៃឲ្យឆ្លៀតយកប្រយោជន៍ពីសេចក្ដីអត់ធ្មត់របស់ព្រះយេហូវ៉ា ហើយឲ្យពួកគេទទួលយកសេចក្ដីពិតដែរ។ ដូច្នេះ សូមឲ្យយើងទាំងអស់គ្នាបន្តចាំយាមចុះ! សូមឲ្យយើងយកតម្រាប់តាមព្រះយេហូវ៉ា និងចេះមានចិត្តអត់ធ្មត់ ព្រមទាំងមានអំណរគុណចំពោះសេចក្ដីសង្ឃឹមដែលទ្រង់បានប្រទានដល់យើង។ ហើយក្នុងកាលដែលយើងនៅចាំយាមទាំងមានចិត្តស្មោះត្រង់ សូមឲ្យយើងកាន់ខ្ជាប់នូវសេចក្ដីសង្ឃឹមចំពោះជីវិតជារៀងរហូតដែរ។ រួចមក សេចក្ដីសន្យាទាំងប៉ុន្មានដែលមានជាទំនាយនោះ នឹងទាក់ទងចំពោះយើងផ្ទាល់ដែលចែងថា៖ «[ព្រះយេហូវ៉ា]នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដក។ នៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញ នោះអ្នកនឹងបានឃើញហើយ»។—ទំនុកដំកើង ៣៧:៣៤
១៧ យេរេមាបានសរសេរថា៖ «ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់ ព្រះយេហូវ៉ាទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់ គឺដល់ព្រលឹងនៃអ្នកណាដែលស្វែងរកទ្រង់ បើមនុស្សនឹងសង្ឃឹមដល់ ហើយរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ»។ ([កំណត់សម្គាល់]
^ វគ្គ 5 គឺមានប្រយោជន៍ក្នុងការមើលសាឡើងវិញនូវទីសំអាងប្រាំមួយយ៉ាង ដែលបញ្ជាក់ថាយើងកំពុងតែរស់នៅ«ថ្ងៃជាន់ក្រោយបង្អស់» ដែលបានកត់ទុកក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ២០០០ ទំព័រ ២០, ២១។—ធីម៉ូថេទី២ ៣:១
^ វគ្គ 7 យោងទៅតាមលោកវ៉ាញ ដែលជាអ្នករៀបចំសទ្ទានុក្រម ពាក្យក្រិចដែលបកប្រែថា«ចាំយាម» មានន័យចំៗថា‹បាត់ងងុយដេក› ហើយពាក្យនេះ«មិនគ្រាន់តែមានន័យថានៅភ្ញាក់ប៉ុណ្ណោះទេ តែអ្នកនោះត្រូវមានស្មារតីចាំយាមផ្ចង់អារម្មណ៍មើលអ្វីមួយ»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើតាមរបៀបណាដែលយើងអាចពង្រឹងជំនឿស៊ប់របស់យើង ថាទីបញ្ចប់នៃរបបលោកីយ៍នេះ គឺជិតដល់ហើយ?
• តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់ពេត្រុស យ៉ាកុប និងយ៉ូហាន?
• តើគុណសម្បត្ដិបីណានឹងជួយយើងឲ្យប្រុងប្រយ័ត្នខាងវិញ្ញាណ?
• ហេតុអ្វីក៏សព្វថ្ងៃនេះគឺជាពេលដើម្បី‹កាន់ខ្ជាប់តាមសេចក្ដីដែលយើងមានហើយ›?
[សំណួរសម្រាប់អត្ថបទសិក្សា]
[ប្រអប់នៅទំព័រ១៧]
«មានពរហើយ អ្នកណាដែលរង់ចាំ»។—ដានីយ៉ែល ១២:១២
ឧបមាថា អ្នកយាមម្នាក់សង្ស័យថាចោរម្នាក់មានគម្រោងមកប្លន់ផ្ទះ ដែលគាត់កំពុងតែយាមនោះ។ ដល់ពេលយប់ អ្នកយាមនោះនឹងខំប្រឹងស្ដាប់សូរសម្លេងផ្សេងៗ ដែលអាចជួយឲ្យគាត់ដឹងថាមានចោរចូលមក។ គាត់ខំប្រឹងស្ដាប់និងខំប្រឹងមើលអស់ប៉ុន្មានម៉ោង។ គាត់អាចច្រឡំបានយ៉ាងងាយស្រួលដោយមានសម្លេងបង្អើលខ្លះតែមិនមែនជាចោរទេ ដូចជាការបក់បោករបស់ខ្យល់ទៅលើដើមឈើ ឬក៏ឆ្មាដើរប៉ះអ្វីមួយឲ្យដួល។—លូកា ១២:៣៩, ៤០
នេះក៏ស្រដៀងគ្នាចំពោះអស់អ្នកដែល«ចាំទំរាំព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាលេចមក»។ (កូរិនថូសទី១ ១:៧) ពួកសាវ័កបានគិតថាព្រះយេស៊ូនឹង‹ស្ដារឡើងវិញនូវព្រះរាជាណាចក្រដល់សាសន៍អ៊ីស្រាអែល› មិនយូរប៉ុន្មានពីទ្រង់មានដំណើររស់ឡើងវិញ។ (កិច្ចការ ១:៦) ជាច្រើនឆ្នាំក្រោយមក ពួកគ្រីស្ទាននៅក្រុងថែស្សាឡូនីចបានដឹងថាវត្តមានរបស់ព្រះយេស៊ូ គឺនៅអនាគតវិញ។ (ថែស្សាឡូនីចទី២ ២:៣, ៨) ក៏ប៉ុន្តែ សេចក្ដីទន្ទឹងចាំដែលពុំបានដូចបំណងអំពីថ្ងៃនៃព្រះយេហូវ៉ា មិនបានធ្វើឲ្យពួកអ្នកកាន់តាមព្រះយេស៊ូបោះបង់ផ្លូវដែលនាំទៅជីវិតឡើយ។—ម៉ាថាយ ៧:១៣
នៅសម័យយើងនេះ ការធ្លាក់ទឹកចិត្ត ដោយការគិតថាទីបញ្ចប់នៃរបបអាក្រក់នេះកំពុងតែបង្អង់យូរ មិនគួរធ្វើឲ្យយើងឈប់ចាំយាមនោះឡើយ។ អ្នកយាមដែលប្រុងប្រយ័ត្នប្រហែលជាត្រូវបានបង្អើលដោយអ្វីមួយដែលនាំឲ្យភាន់ច្រលំ តែគាត់ត្រូវតែបន្តចាំយាមវិញ។ នេះហើយជាមុខងាររបស់គាត់។ ពួកគ្រីស្ទានក៏ត្រូវធ្វើដូច្នេះដែរ។
[រូបភាពនៅទំព័រ១៥]
កិច្ចប្រជុំ សេចក្ដីអធិស្ឋាន និងការមានទម្លាប់ល្អខាងការសិក្សា ជួយយើងឲ្យបន្តចាំយាម
[រូបភាពនៅទំព័រ១៧]
ដូចបងស្រីម៉ាការិត សូមឲ្យយើងខំប្រឹងចាំយាមដោយចិត្តអត់ធ្មត់