តើជំនឿរបស់អ្នកខ្លាំងប៉ុនណា?
តើជំនឿរបស់អ្នកខ្លាំងប៉ុនណា?
«អ្នករាល់គ្នាកំពុងឈរហើយ ដោយសារសេចក្ដីជំនឿ»។—កូរិនថូសទី២ ១:២៤
១, ២. ហេតុអ្វីបានជាយើងត្រូវមានជំនឿ? ហើយតើយើងអាចបង្កើនជំនឿតាមរបៀបណា?
ពួកអ្នកដែលបំរើព្រះយេហូវ៉ាដឹងថា ខ្លួនត្រូវតែមានជំនឿ។ តាមពិត «បើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ»។ (ហេព្រើរ ១១:៦) ដូច្នេះ យកល្អឲ្យយើងអធិស្ឋានសុំវិញ្ញាណបរិសុទ្ធនិងជំនឿដែលជាផលល្អមួយនៃវិញ្ញាណនោះ។ (លូកា ១១:១៣; កាឡាទី ៥:២២, ២៣) ការយកតម្រាប់តាមជំនឿរបស់អ្នកជឿគ្នីគ្នាក៏អាចពង្រឹងជំនឿរបស់យើងបានដែរ។—ធីម៉ូថេទី២ ១:៥; ហេព្រើរ ១៣:៧
២ យើងនឹងមានជំនឿកាន់តែខ្លាំងឡើង បើយើងប្ដេជ្ញាចិត្តធ្វើតាមមាគ៌ាដែលបន្ទូលរបស់ព្រះកំណត់ឲ្យពួកគ្រីស្ទានទាំងឡាយ។ ការអានព្រះគម្ពីររាល់ថ្ងៃ និងការសិក្សាបទគម្ពីរដោយចិត្តខ្នះខ្នែង ហើយដោយមានជំនួយពីប្រកាសនវត្ថុដែល «នាយដំរួតការដែលស្មោះត្រង់» រៀបចំសំរាប់យើង នោះក៏អាចជួយបង្កើនជំនឿរបស់យើងបានដែរ។ (លូកា ១២:៤២-៤៤; យ៉ូស្វេ ១:៧, ៨) យើងក៏លើកទឹកចិត្តគ្នាទៅវិញទៅមកដោយជំនឿរបស់យើង ពេលយើងមានវត្តមានជាទៀងទាត់នៅឯកិច្ចប្រជុំគ្រីស្ទាន ហើយនៅសន្និបាតនិងមហាសន្និបាតនានា។ (រ៉ូម ១:១១, ១២; ហេព្រើរ ១០:២៤, ២៥) ជំនឿរបស់យើងក៏ត្រូវពង្រឹងឡើងពេលយើងនិយាយជាមួយមនុស្សឯទៀតក្នុងកិច្ចបំរើផ្សាយរបស់យើង។—ទំនុកដំកើង ១៤៥:១០-១៣; រ៉ូម ១០:១១-១៥
៣. ស្តីអំពីជំនឿ តើយើងទទួលជំនួយអ្វីពីពួកអ្នកចាស់ទុំគ្រីស្ទានដែលបង្ហាញសេចក្ដីស្រឡាញ់នោះ?
៣ ពួកអ្នកចាស់ទុំគ្រីស្ទានបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើងនិងជួយពង្រឹងជំនឿរបស់ខ្លួនឲ្យកាន់តែខ្លាំងឡើងថែមទៀត ព្រមទាំងជូនយោបល់ពីបទគម្ពីរពេលដែលពួកគាត់លើកទឹកចិត្តយើង។ ពួកអ្នកចាស់ទុំមានចិត្តគំនិតដូចសាវ័កប៉ុលដែលបានប្រាប់ពួកគ្រីស្ទាននៅទីក្រុងកូរិនថូសថា៖ «[យើង]ជាគូកន ជួយឲ្យអ្នករាល់គ្នាបានសេចក្ដីអំណរវិញ ដ្បិតអ្នករាល់គ្នាកំពុងឈរហើយ ដោយសារសេចក្ដីជំនឿ»។ (កូរិនថូសទី២ ១:២៣, ២៤) សេចក្ដីបកប្រែមួយទៀតចែងថា៖ «ជំនឿរបស់បងប្អូនមាំមួនរួចស្រេចទៅហើយ»។ (ព្រះគម្ពីរភាសាខ្មែរសម្រាយ) មនុស្សសុចរិតរស់ដោយអាងជំនឿ។ តាមពិត គ្មានអ្នកណាអាចមានជំនឿជួសយើងឬបង្ខិតបង្ខំយើងឲ្យមានចិត្តស្មោះភក្ដីបានទេ។ ក្នុងករណីនេះ ‹យើងត្រូវទទួលបន្ទុកជារបស់ផងខ្លួន›។—កាឡាទី ៣:១១; ៦:៥
៤. តើកំណត់ហេតុព្រះគម្ពីរអំពីពួកអ្នកដែលបានបំរើព្រះយ៉ាងស្មោះត្រង់នោះ អាចជួយយើងពង្រឹងជំនឿយើងបានយ៉ាងដូចម្ដេច?
៤ បទគម្ពីរមានកំណត់ហេតុជាច្រើនអំពីពួកអ្នកដែលមានជំនឿ។ យើងប្រហែលជាស្គាល់ការប្រព្រឹត្តដ៏អស្ចារ្យជាច្រើនរបស់ពួកគេនោះ ប៉ុន្តែចុះយ៉ាងណាចំពោះជំនឿដែលពួកគេបានបង្ហាញជារៀងរាល់ថ្ងៃឬក៏អស់មួយជីវិតក៏មិនដឹង? ការនឹកគិតអំពីរបៀបដែលពួកគេបង្ហាញជំនឿក្រោមកាលៈទេសៈស្រដៀងនឹងយើងនេះ អាចជួយយើងមានជំនឿកាន់តែខ្លាំងឡើងផងដែរ។
ជំនឿអាចជួយយើងមានចិត្តក្លាហាន
៥. តើមានទីសំអាងអ្វីក្នុងព្រះគម្ពីរដែលបង្ហាញថា ជំនឿអាចពង្រឹងកម្លាំងរបស់យើងដើម្បីប្រកាសផ្សាយបន្ទូលរបស់ព្រះដោយចិត្តក្លាហាន?
៥ ជំនឿអាចពង្រឹងកម្លាំងរបស់យើងដើម្បីប្រកាសបន្ទូលរបស់ព្រះដោយចិត្តក្លាហាន។ លោកអេណុកបានទាយប្រាប់ដោយចិត្តមោះមុតអំពីសេចក្ដីជំនុំជំរះពីព្រះ។ លោកបានមានប្រសាសន៍ថា៖ «មើល! ព្រះអម្ចាស់ទ្រង់យាងមក នៅកណ្ដាលពួកបរិសុទ្ធទ្រង់ទាំងសល់សែន ដើម្បីនឹងកាត់ទោសដល់គ្រប់មនុស្សទាំងឡាយ ហើយនឹងរំឭកពួកទមិលល្មើសទាំងអម្បាលម៉ាន ឲ្យដឹងខ្លួនពីគ្រប់ទាំងការទមិលល្មើស ដែលគេបានប្រព្រឹត្តធ្វើ ដោយចិត្តល្មើស ហើយពីអស់ទាំងសេចក្ដីរឹងទទឹងទាំងប៉ុន្មាន ដែលអស់ពួកទមិលល្មើសដ៏មានបាបទាំងនោះ បានពោលទាស់នឹងទ្រង់»។ (យូដាស ១៤, ១៥) ពេលពួកសត្រូវរបស់អេណុកឮពាក្យទាំងនោះ ពួកគេច្បាស់ជាចង់សម្លាប់គាត់មែន។ ប៉ុន្តែ អេណុកបានប្រកាសប្រាប់សារនោះយ៉ាងមោះមុតដោយចិត្តជឿ ហើយព្រះ«បានទទួលយកគាត់ទៅ» ដោយធ្វើឲ្យគាត់លង់លក់ទៅក្នុងសេចក្ដីស្លាប់។ តាមមើលទៅ អេណុកមិនរងទុក្ខឡើយ មុននឹងស្លាប់នោះ។ (លោកុប្បត្តិ ៥:២៤; ហេព្រើរ ១១:៥) យើងមិនធ្លាប់ពិសោធអព្ភូតហេតុដូចនោះទេ តែព្រះយេហូវ៉ាតបឆ្លើយនូវសេចក្ដីអធិស្ឋានរបស់យើងដើម្បីឲ្យយើងប្រកាសបន្ទូលរបស់ទ្រង់ដោយជំនឿនិងចិត្តក្លាហាន។—កិច្ចការ ៤:២៤-៣១
៦. តើជំនឿនិងចិត្តក្លាហានដែលមកពីព្រះនោះ បានជួយណូអេយ៉ាងណា?
៦ លោកណូអេបានអាងជំនឿដើម្បី «ធ្វើទូក១យ៉ាងធំសំរាប់នឹងជួយហេព្រើរ ១១:៧; លោកុប្បត្តិ ៦:១៣-២២) ណូអេក៏បានធ្វើជា«អ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត» ដោយផ្សាយបន្ទូលរបស់ព្រះយ៉ាងមោះមុតដល់មនុស្សនៅសម័យគាត់។ (ពេត្រុសទី២ ២:៥) មនុស្សនៅសម័យនោះច្បាស់ជាបានមើលងាយសាររបស់ណូអេ ស្តីអំពីទឹកដែលត្រូវជន់លិចផែនដី ដូចជាមនុស្សខ្លះសព្វថ្ងៃនេះដែរគេបានចំអកដាក់យើងពេលយើងបង្ហាញភស្តុតាងពីព្រះគម្ពីរថា របបលោកីយ៍នាបច្ចុប្បន្ននេះនឹងវិនាសទៅឆាប់ៗខាងមុខនេះ។ (ពេត្រុសទី២ ៣:៣-១២) យ៉ាងណាក្ដី យើងអាចប្រកាសសារនេះដូចអេណុកនិងណូអេដែរ ពីព្រោះយើងមានជំនឿនិងចិត្តក្លាហានមកពីព្រះ។
សង្គ្រោះដល់ពួកគ្រួសាររបស់លោក»។ (ជំនឿអាចបណ្ដុះឲ្យមានចិត្តអត់ធ្មត់
៧. តើអ័ប្រាហាំនិងមនុស្សឯទៀតបានបង្ហាញជំនឿនិងចិត្តអត់ធ្មត់បានយ៉ាងណា?
៧ យើងត្រូវការជំនឿនិងចិត្តអត់ធ្មត់ ជាពិសេសនៅពេលដែលយើងកំពុងរង់ចាំទីបញ្ចប់នៃរបបអាក្រក់នេះមកដល់។ អយ្យកោមួយរូបឈ្មោះអ័ប្រាហាំ បានរួមក្នុងចំណោមពួកអ្នកដែល‹នឹងគ្រងសេចក្ដីសន្យាទុកជាមរដកបាន ដោយចិត្តជឿហើយការអត់ធន់›។ (ហេព្រើរ ៦:១១, ១២) ជំនឿរបស់អ័ប្រាហាំបានជំរុញចិត្តគាត់ឲ្យចាកចេញពីទីក្រុងអ៊ើរនិងលះបង់របស់ដ៏ល្អៗនៅទីនោះ ដើម្បីរស់ជាបរទេសនៅប្រទេសក្រៅដែលព្រះបានសន្យានឹងឲ្យដល់គាត់។ អ៊ីសាកនិងយ៉ាកុបក៏ជាអ្នកទទួលមរតកតាមសេចក្ដីសន្យានោះដែរ។ ក៏ប៉ុន្តែ «ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្ដីជំនឿ ឥតទទួលសេចក្ដីដែលបានសន្យាទាំងប៉ុន្មានទេ»។ ដោយចិត្តជឿនោះ ពួកគេ‹បានសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ›។ ស្របទៅតាមសេចក្ដីសន្យានោះ ព្រះ«បានរៀបចំទីក្រុង១ឲ្យគេហើយ»។ (ហេព្រើរ ១១:៨-១៦) ត្រូវមែន អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ព្រមទាំងភរិយារបស់ពួកគាត់ដែលបានកោតខ្លាចព្រះដែរ បានរង់ចាំដោយចិត្តអត់ធ្មត់នូវព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌។ ហើយពួកគេនឹងមានជីវិតរស់ឡើងវិញនៅលើផែនដីក្រោមព្រះរាជាណាចក្រនោះ។
៨. តើអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបបង្ហាញជំនឿនិងចិត្តអត់ធ្មត់ទោះជាអ្វី?
៨ អ័ប្រាហាំ អ៊ីសាក និងយ៉ាកុបមិនបានបាត់បង់ជំនឿទេ។ សូម្បីតែពួកគាត់មិនដែលមានអំណាចគ្រប់គ្រងក្នុងស្រុកសន្យានោះក៏ដោយ ហើយពួកគាត់ក៏មិនដែលឃើញគ្រប់ទាំងសាសន៍នៅលើផែនដីទទួលពរដោយសារពូជអ័ប្រាហាំដែរ។ (លោកុប្បត្តិ ១៥:៥-៧; ២២:១៥-១៨) ទោះបើមានរាប់រយឆ្នាំកន្លងផុតទៅទើប‹ទីក្រុង១របស់ព្រះ›ត្រូវស្ថាបនាឡើងនោះក៏ដោយ បុរសទាំងនេះបានបន្តបង្ហាញជំនឿនិងចិត្តអត់ធ្មត់អស់មួយជីវិត។ យើងពិតជាគួរធ្វើដូច្នេះដែរ នៅពេលឥឡូវនេះដែលព្រះរាជាណាចក្រនៃព្រះមេស្ស៊ីបានស្ថាបនានៅស្ថានសួគ៌រួចហើយ។—ទំនុកដំកើង ៤២:៥, ១១; ៤៣:៥
ជំនឿអាចជួយយើងឲ្យមានគោលដៅដែលមានប្រយោជន៍ជាទីបំផុត
៩. តើជំនឿមានអានុភាពអ្វីលើគោលដៅនិងបំណងចិត្តរបស់យើង?
៩ ពួកអយ្យកោដ៏ស្មោះត្រង់ទាំងនេះមិនបានសម្របជីវិតខ្លួនទៅតាមរបៀបរស់នៅដ៏ថោកទាបរបស់ពួកកាណានឡើយ ពីព្រោះពួកគាត់មានគោលដៅនិងបំណងចិត្តដែលមានប្រយោជន៍ជាទីបំផុត។ ស្រដៀងគ្នាដែរ ជំនឿអាចជួយយើងមានគោលដៅខាងវិញ្ញាណដែលពង្រឹងកម្លាំងរបស់យើងដើម្បីទប់ទល់នឹងការស៊ាំគំនិតទៅតាមលោកីយ៍ដែលកំពុងតែស្ថិតក្រោមអំណាចរបស់អារក្សសាតាំងដែលជាមេកំណាច។—យ៉ូហានទី១ ២:១៥-១៧; ៥:១៩
១០. តើអ្វីបង្ហាញថា យ៉ូសែបបានរកបំពេញគោលដៅដែលមានប្រយោជន៍ជាទីបំផុតជាងមានមុខមានមាត់ក្នុងលោកីយ៍នេះ?
១០ យ៉ូសែបជាកូនប្រុសរបស់យ៉ាកុប ហើយព្រះបានរៀបចំផ្លូវឲ្យយ៉ូសែបធ្វើជាអ្នកត្រួតពិនិត្យលើការចែកស្បៀងអាហារនៅស្រុកអេស៊ីប តែយ៉ូសែបមិនមានបំណងធ្វើជាអ្នកធំឧត្តមក្នុងលោកីយ៍នោះទេ។ ពេលយ៉ូសែបមានអាយុ១១០ឆ្នាំហើយ គាត់មានជំនឿទៅលើសេចក្ដីសន្យារបស់ព្រះហើយបានប្រាប់បងប្អូនប្រុសៗរបស់គាត់ថា៖ «ខ្ញុំហៀបនឹងស្លាប់ហើយ តែព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនឹងនាំអ្នករាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទនេះ ទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប»។ យ៉ូសែបបានសុំពួកគេកប់សពគាត់នៅស្រុកសន្យា។ ពេលយ៉ូសែបស្លាប់ទៅនោះ គេបានអប់សពគាត់និងដាក់ក្នុងក្ដាមឈូសនៅស្រុកអេស៊ីប។ ប៉ុន្តែ ពេលពួកអ៊ីស្រាអែលបានត្រូវប្រោសឲ្យរួចពីសេវកភាពនៅស្រុកអេស៊ីបនោះ ព្យាការីម៉ូសេលោកុប្បត្តិ ៥០:២២-២៦; និក្ខមនំ ១៣:១៩) ជំនឿដូចយ៉ូសែបនោះ គួរជំរុញយើងឲ្យរកបំពេញគោលដៅដែលមានប្រយោជន៍ជាទីបំផុតជាជាងមានមុខមានមាត់ក្នុងលោកីយ៍នេះ។—កូរិនថូសទី១ ៧:២៩-៣១
បានឲ្យប្រជាជនយកឆ្អឹងរបស់យ៉ូសែបដើម្បីកប់នៅស្រុកសន្យាវិញ។ (១១. តើម៉ូសេបង្ហាញយ៉ាងណា ថាគាត់មានគោលដៅខាងវិញ្ញាណ?
១១ លោកម៉ូសេក៏បាន‹សុខចិត្តរងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងត្រេកអរជាបណ្ដោះអាសន្នក្នុងអំពើបាប›ដែលទទួលនូវការបង្ហាត់បង្រៀនខ្ពស់ ដោយព្រោះគាត់រស់ក្នុងចំណោមព្រះរាជវង្សានុវង្សរបស់សាសន៍អេស៊ីប។ (ហេព្រើរ ១១:២៣-២៦; កិច្ចការ ៧:២០-២២) ម៉ូសេបានលះបង់ភាពមានមុខមាត់ធំក្នុងលោកីយ៍នេះ ហើយក៏បានបោះបង់ចោលនូវឱកាសឲ្យពួកសាសន៍អេស៊ីបកប់សពគាត់ក្នុងក្ដាមឈូសដ៏ស្អាតពិសេសនៅកន្លែងល្បីល្បាញណាមួយនៅស្រុកនោះ។ ប៉ុន្តែ បើប្រៀបធៀបរបស់ទាំងអស់នោះជាមួយនឹងឯកសិទ្ធិរបស់ម៉ូសេជា«អ្នកសំណប់របស់ព្រះ» ថែមទាំងជាមនុស្សម្នាក់ដែលព្រះទាក់ទងពេលទ្រង់ឲ្យកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ ហើយជាព្យាការីរបស់ព្រះយេហូវ៉ា និងជាអ្នករួមចំណែកសរសេរផ្នែកនៃព្រះគម្ពីរ នោះរបស់ទាំងអស់នៅស្រុកអេស៊ីបគ្មានតម្លៃអ្វីសោះឡើយ មែនទេ? (អែសរ៉ា ៣:២) តើអ្នកប្រាថ្នាចង់ឡើងឋានៈឲ្យបានមុខមាត់ធំដុំក្នុងលោកីយ៍នេះឬ? ឬក៏ តើជំនឿរបស់អ្នកបណ្ដាលឲ្យអ្នកមានគោលដៅដែលមានប្រយោជន៍ជាទីបំផុតវិញទេ?
ជំនឿនាំឲ្យមានជីវិតដ៏គាប់ចិត្ត
១២. តើជំនឿមានឥទ្ធិពលអ្វីលើជីវិតរបស់រ៉ាហាប?
១២ ជំនឿមិនគ្រាន់តែឲ្យមនុស្សមានគោលដៅដែលមានប្រយោជន៍ជាទីបំផុតប៉ុណ្ណោះទេ តែនាំឲ្យបានជីវិតដ៏គាប់ចិត្តផងដែរ។ នាងរ៉ាហាបដែលប្រកបមុខរបរជាស្រីពេស្យានៅទីក្រុងយេរីខូរ ច្បាស់ជាមិនពេញចិត្តនឹងជីវភាពរស់នៅបែបនោះទេ។ ប៉ុន្តែ នាងបានទទួលរង្វាន់ដ៏អស្ចារ្យមែន ពេលនាងអនុវត្តជំនឿនោះ! នាងបានត្រូវ «រាប់ជាសុចរិត ដោយសារការនាងប្រព្រឹត្ត[ដោយចិត្តជឿ] គឺក្នុងកាលដែលនាងទទួល[ជនអ៊ីស្រាអែល]នោះ ហើយនាងបានឲ្យគេចេញទៅវិញតាមផ្លូវ១ទៀត» ដើម្បីជៀសឲ្យរួចពីសត្រូវដែលជាជនជាតិកាណាន។ (យ៉ាកុប ២:២៤-២៦) នាងរ៉ាហាបបានបង្ហាញជំនឿដោយទទួលស្គាល់ព្រះយេហូវ៉ាជាព្រះពិត ហើយដោយឈប់រកស៊ីខាងផ្លូវភេទទៀត។ (យ៉ូស្វេ ២:៩-១១; ហេព្រើរ ១១:៣០, ៣១) រ៉ាហាបមិនបានរៀបការជាមួយជនសាសន៍កាណានទេ តែបានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសម្នាក់ដែលជាអ្នកបំរើព្រះយេហូវ៉ា។ (ចោទិយកថា ៧:៣, ៤; កូរិនថូសទី១ ៧:៣៩) រ៉ាហាបមានឯកសិទ្ធិពិសេសមួយ ព្រោះនាងអាចធ្វើជាអយ្យកានៃព្រះមេស្ស៊ី។ (របាក្សត្រទី១ ២:៣-១៥; នាងរស់ ៤:២០-២២; ម៉ាថាយ ១:៥, ៦) ដូចមនុស្សឯទៀតដែលបានលះបង់របៀបរស់នៅដ៏អសីលធម៌នោះ នាងរ៉ាហាបនឹងទទួលរង្វាន់មួយទៀត គឺការប្រោសឲ្យរស់ឡើងវិញនៅលើផែនដីមនោរម្យ។
១៣. តើដាវីឌធ្វើអំពើបាបអ្វីជាមួយនាងបាតសេបា? ប៉ុន្តែ តើទ្រង់បង្ហាញចិត្តគំនិតបែបណា?
១៣ ក្រោយពីរ៉ាហាបបានបោះបង់ចោលជីវភាពរស់នៅជាស្រីពេស្យានោះ តាមមើលទៅ នាងបានរស់នៅជាមនុស្សសុចរិត។ រីឯបងប្អូនខ្លះដែលបានឧទ្ទិសថ្វាយខ្លួនចំពោះព្រះជាយូរយារមកហើយ ពួកគេបែរជាបានធ្វើអំពើបាបធ្ងន់ទៅវិញ។ ស្តេចដាវីឌបានប្រព្រឹត្តអំពើកំផិតជាមួយនាងបាតសេបា ហើយបានចេញបញ្ជាដែលនាំឲ្យស្វាមីនាងស្លាប់នៅសមរភូមិ ហើយក្រោយមកដាវីឌបានរៀបការជាមួយនាង។ (សាំយូអែលទី២ ១១:១-២៧) ពេលដាវីឌប្រែចិត្តដោយសោកសង្រេងយ៉ាងខ្លាំងនោះ ទ្រង់បានអំពាវនាវទូលថ្វាយព្រះយេហូវ៉ាថា៖ «កុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ចេញពីទូលបង្គំឡើយ»។ ដាវីឌមិនបាត់បង់វិញ្ញាណរបស់ ព្រះទេ។ ដាវីឌមានជំនឿថា ព្រះយេហូវ៉ាមានព្រះទ័យមេត្ដាករុណាហើយនិងមិនស្អប់នូវមនុស្សដែលមាន«ចិត្តខ្ទេចខ្ទាំ ហើយទន់ទាប»ដោយព្រោះបានធ្វើបាបនោះទេ។ (ទំនុកដំកើង ៥១:១១, ១៧; ១០៣:១០-១៤) អាស្រ័យលើជំនឿរបស់ដាវីឌនិងនាងបាតសេបា ពួកគេក៏បានទទួលឯកសិទ្ធិរួមចំណែកក្នុងខ្សែស្រឡាយរបស់ព្រះមេស្ស៊ី។—របាក្សត្រទី១ ៣:៥; ម៉ាថាយ ១:៦, ១៦; លូកា ៣:២៣, ៣១
ជំនឿត្រូវពង្រឹងឡើងពេលព្រះធានាថានឹងជួយយើង
១៤. តើអ្វីបានជួយគេឌានឲ្យដឹងច្បាស់ថា ព្រះនឹងជួយគាត់នោះ? ហើយតើកំណត់ហេតុនេះអាចមានឥទ្ធិពលអ្វីលើជំនឿរបស់យើង?
១៤ ទោះបើយើងដើរដោយមានចិត្តជឿក៏ដោយ ជួនកាលយើងចង់បានការធានាថា ព្រះនឹងជួយយើងជានិច្ច។ ចៅហ្វាយគេឌានជាបុគ្គលមួយរូប‹ដែលដោយសារជំនឿនោះ បានឈ្នះនគរដទៃ› ហើយគាត់ក៏ចង់បានការធានាថា ព្រះនឹងជួយគាត់ដែរ។ (ហេព្រើរ ១១:៣២, ៣៣) ពួកសាសន៍ម៉ាឌាននិងសាសន៍នានាដែលចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាគេបានវាយលុកចូលស្រុកអ៊ីស្រាអែល ហើយនៅពេលនោះវិញ្ញាណរបស់ព្រះបានសណ្ឋិតលើគេឌាន។ គេឌានចង់ដឹងច្បាស់ថា តើព្រះគង់នៅជាមួយគាត់ឬក៏យ៉ាងណា ដូច្នេះគាត់ក៏បានសាកមើល ដោយដាក់ស្បែករោមចៀមលើទីលានបោកស្រូវអស់មួយយប់។ ក្នុងការសាកមើលទីមួយ មានទឹកសន្សើមលើរោមសត្វប៉ុណ្ណោះ ហើយដីជុំវិញនៅស្ងួត។ ក្នុងការសាកមើលទីពីរ ស្ថានភាពគឺផ្ទុយស្រលះពីលើកទីមួយវិញ។ លោកគេឌានចេះប្រយ័ត្នប្រយែង ហើយពេលមើលការបញ្ជាក់នោះ គាត់មានទំនុកចិត្តកាន់តែខ្លាំងដល់ម្ល៉េះ បានជាគាត់ប្រព្រឹត្តដោយជំនឿហើយបានឈ្នះលើខ្មាំងសត្រូវរបស់ពួកអ៊ីស្រាអែល។ (ពួកចៅហ្វាយ ៦:៣៣-៤០; ៧:១៩-២៥) បើយើងចង់បានការធានា មុននឹងធ្វើការសម្រេចចិត្តណាមួយ នេះមិនមានន័យថា យើងខ្វះជំនឿទេ។ តាមពិត យើងបង្ហាញចិត្តជឿដោយពិនិត្យមើលព្រះគម្ពីរនិងប្រកាសនវត្ថុគ្រីស្ទាន ហើយដោយអធិស្ឋានសុំការណែនាំដោយវិញ្ញាណបរិសុទ្ធ មុននឹងយើងធ្វើការសម្រេចចិត្ត។—រ៉ូម ៨:២៦, ២៧
១៥. តើការរំពឹងគិតអំពីជំនឿរបស់បារ៉ាកអាចជួយយើងយ៉ាងណាបាន?
១៥ ជំនឿរបស់ចៅហ្វាយបារ៉ាកបានត្រូវពង្រឹងឡើងដែរ ពេលគាត់ទទួលការធានាថា ព្រះនឹងជួយតាមរយៈសំដីដែលគួរឲ្យលើកទឹកចិត្ត។ ព្យាការនីដេបូរ៉ាបានជំរុញចិត្តបារ៉ាកឲ្យជួយប្រជាជនអ៊ីស្រាអែលពីការសង្កត់សង្កិនដោយស្តេចសាសន៍កាណានឈ្មោះយ៉ាប៊ីន។ ដោយមានចិត្តជឿព្រមទាំងមានការបញ្ជាក់ថាព្រះនឹងគាំទ្រគាត់ នោះបារ៉ាកបាននាំមុខបុរស១០.០០០នាក់ដែលមិនសូវមានគ្រឿងសឹកសំរាប់ធ្វើសង្គ្រាម ហើយពួកគេបានឈ្នះលើពលទ័ពដ៏សន្ធឹករបស់ស្តេចយ៉ាប៊ីន ដែលមានលោកស៊ីសេរ៉ាជាមេទ័ពនោះ។ ដេបូរ៉ានិងបារ៉ាកបានច្រៀងចំរៀងជ័យជំនះដោយចិត្តរំភើបនៅពេលនោះ។ (ពួកចៅហ្វាយ ៤:១–៥:៣១) ដេបូរ៉ាបានលើកទឹកចិត្តបារ៉ាកឲ្យធ្វើការជាអ្នកដែលព្រះបានតែងតាំងឲ្យនាំមុខប្រជាជនអ៊ីស្រាអែល ហើយបារ៉ាកក៏ជាអ្នកបំរើម្នាក់របស់ព្រះយេហូវ៉ាដែលដោយសារជំនឿបាន«កំចាត់ពលទ័ពសាសន៍ដទៃ»។ (ហេព្រើរ ១១:៣៤) បើយើងស្ទាក់ស្ទើរពេលទទួលកិច្ចការដ៏ពិបាកក្នុងកិច្ចបំរើព្រះយេហូវ៉ា នោះការរំពឹងគិតអំពីអំណោយពរដែលព្រះប្រទានលើបារ៉ាកដោយព្រោះលោកសម្រេចការដោយចិត្តជឿនោះ អាចជំរុញចិត្តយើងឲ្យសម្រេចកិច្ចបំរើរបស់យើងផងដែរ។
ជំនឿអាចជួយបង្កើតឲ្យមានសេចក្ដីសុខសាន្ត
១៦. តើអ័ប្រាហាំតាំងគំរូល្អអ្វី ក្នុងការរក្សាឲ្យមានសេចក្ដីសុខសាន្តជាមួយឡុត?
១៦ ដូចជាជំនឿអាចជួយយើងបំពេញការងារដ៏ពិបាកក្នុងកិច្ចបំរើព្រះ នោះជំនឿក៏អាចជួយបង្កើតឲ្យមានសេចក្ដីសុខសាន្តនិងទំនាក់ទំនងល្អជាមួយអ្នកឯទៀត។ ពេលពួកអ្នកឃ្វាលហ្វូងសត្វរបស់អ័ប្រាហាំនិងឡុតបានឈ្លោះគ្នារហូតដល់ត្រូវបែកពីគ្នានោះ លោកអ័ប្រាហាំដែលមានវ័យចាស់បានអនុញ្ញាតឲ្យឡុតជ្រើសរើសវាលស្មៅល្អបំផុត ទោះបីឡុតជាក្មួយរបស់អ័ប្រាហាំហើយក្មេងជាងក៏ដោយ។ (លោកុប្បត្តិ ១៣:៧-១២) អ័ប្រាហាំមុខជាបានអធិស្ឋានដោយចិត្តជឿ ហើយបានសុំជំនួយពីព្រះក្នុងការដោះស្រាយរឿងរ៉ាវនេះ។ ជាជាងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន អ័ប្រាហាំបានដោះស្រាយរឿងនោះដោយសន្ដិវិធី។ បើមានកាលៈទេសៈណានាំឲ្យយើងមានជំលោះជាមួយបងប្អូនគ្រីស្ទានរបស់យើង ចូរយើងអធិស្ឋានដោយចិត្តជឿ ហើយ«ខិតខំស្វែងរកសេចក្ដីសុខសាន្ត» ដោយនឹកចាំពីគំរូរបស់អ័ប្រាហាំក្នុងការគិតពីប្រយោជន៍អ្នកដទៃដោយសេចក្ដីស្រឡាញ់។—ពេត្រុសទី១ ៣:១០-១២, ព្រះគម្ពីរភាសាខ្មែរសម្រាយ
១៧. ហេតុដូចម្ដេចបានជាយើងអាចនិយាយថា ជំលោះដែលបានបណ្ដាលឲ្យប៉ុលមិនព្រមទៅជាមួយបាណាបាសនិងម៉ាកុសនោះបានត្រូវដោះស្រាយដោយសន្ដិវិធី?
១៧ សូមពិចារណាមើលនូវរបៀបដែលការរស់នៅសមស្របទៅតាមគោលការណ៍គ្រីស្ទានដោយចិត្តជឿ អាចជួយយើងរក្សាឲ្យមានសេចក្ដីសុខសាន្ត។ ពេលប៉ុលហៀបនឹងចេញដំណើរលើកទីពីរជាសាសនាទូតនោះ បាណាបាសបានយល់ព្រមថា ពួកគេគួរទៅលេងម្ដងទៀតនូវក្រុមជំនុំនិមួយៗនៅកោះគីប្រុសនិងតំបន់អាស៊ីមីន័រ។ ក៏ប៉ុន្តែ បាណាបាសចង់ឲ្យប្អូនជីដូនមួយឈ្មោះម៉ាកុសទៅជាមួយ។ ប៉ុលមិនព្រមទេ ពីព្រោះពីមុនម៉ាកុសបានលែងបន្តធ្វើដំណើរជាមួយពួកគេនៅខេត្តប៉ាមភីលាទៀតហើយ។ ប៉ុលនិងបាណាបាស«មានការណ៍ទាស់ទែងគ្នាជាខ្លាំង» ហើយជំលោះនេះបានបណ្ដាលឲ្យពួកគេបែកបាក់គ្នា។ បាណាបាសបាននាំម៉ាកុសទៅកោះគីប្រុសជាមួយគាត់ តែប៉ុលបានជ្រើសរើសស៊ីឡាសជាសហការី ហើយបាន«ដើរកាត់ស្រុកស៊ីរី នឹងស្រុកគីលីគា ក៏ទាំងឲ្យពួកជំនុំទាំងប៉ុន្មានបានខ្ជាប់ខ្ជួនឡើង»។ (កិច្ចការ ១៥:៣៦-៤១) យូរៗទៅ ពួក គេបានជានានឹងគ្នាឡើងវិញ ត្បិតម៉ាកុសបាននៅជាមួយប៉ុលនៅទីក្រុងរ៉ូម ហើយសាវ័កប៉ុលបាននិយាយសរសើរម៉ាកុសវិញ។ (កូល៉ុស ៤:១០; ភីលេម៉ូន ២៣, ២៤) ពេលប៉ុលជាប់ចំណងនៅទីក្រុងរ៉ូមប្រហែលជាឆ្នាំ៦៥ ស.យ. គាត់បានប្រាប់ធីម៉ូថេថា៖ «ចូរឲ្យអ្នកនាំម៉ាកុសទៅជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងារខ្ញុំ»។ (ធីម៉ូថេទី២ ៤:១១) តាមមើលទៅ ប៉ុលបានអធិស្ឋានដោយចិត្តជឿ អំពីចំណងមេត្រីភាពរបស់គាត់ជាមួយបាណាបាសនិងម៉ាកុស ហើយជាលទ្ធផលនោះទំនាក់ទំនងរបស់ពួកគេបានផ្សះផ្សាជាមួយគ្នាដែលជាប់ទាក់ទិននឹង«សេចក្ដីសុខសាន្តរបស់ព្រះ»។—ភីលីព ៤:៦, ៧
១៨. តើអ្វីប្រហែលជាបានកើតឡើងរវាងអ៊ើរ៉ូឌានិងស៊ុនទីច?
១៨ «យើងទាំងអស់គ្នាក៏ជំពប់ជាញយៗ» ពីព្រោះយើងមានភាពមិនគ្រប់ល័ក្ខណ៍។ (យ៉ាកុប ៣:២) ស្ត្រីគ្រីស្ទានពីរនាក់បានមានទំនាស់នឹងគ្នាដែរ ហើយប៉ុលបានសរសេរថា៖ «ខ្ញុំសូមទូន្មានដល់នាងអ៊ើរ៉ូឌា នឹងនាងស៊ុនទីចដែរ ឲ្យមូលគំនិតតែ១ក្នុងព្រះអម្ចាស់ . . . សូមជួយស្ត្រីទាំង២នោះ ដែលបានតតាំងជា១នឹងខ្ញុំ ក្នុងដំណឹងល្អផង»។ (ភីលីព ៤:១-៣) ស្ត្រីទាំងពីរនាក់នេះជាអ្នកគោរពព្រះ ហើយពួកគេទំនងជាបានដោះស្រាយបញ្ហារវាងពួកគេដោយសន្ដិវិធី ដោយអនុវត្តតាមដំបូន្មានដូចដែលបានកត់ទុកនៅម៉ាថាយ ៥:២៣, ២៤។ ការអនុវត្តន៍តាមគោលការណ៍ពីបទគម្ពីរដោយចិត្តជឿនោះ ពិតជានឹងជួយបង្កើតឲ្យមានសេចក្ដីសុខសាន្តនៅសព្វថ្ងៃនេះផងដែរ។
ជំនឿនឹងជួយយើងស៊ូទ្រាំ
១៩. តើមានស្ថានការណ៍ដ៏ពិបាកណា ដែលមិនអាចបំផ្លាញជំនឿរបស់អ៊ីសាកនិងរេបិកា?
១៩ យើងអាចស៊ូទ្រាំនឹងការលំបាកបើយើងមានចិត្តជឿ។ យើងប្រហែលជាភ័យព្រួយដោយព្រោះសមាជិកម្នាក់ក្នុងក្រុមគ្រួសាររបស់យើង ដែលជាអ្នកទទួលបុណ្យជ្រមុជទឹកហើយ តែគាត់បែរជាមិនបានស្ដាប់បង្គាប់ព្រះដោយរៀបអាពាហ៍ពិពាហ៍ជាមួយមនុស្សម្នាក់ដែលមិនរួមជំនឿជាមួយយើង។ (កូរិនថូសទី១ ៧:៣៩) អ៊ីសាកនិងរេបិកាបានកើតទុក្ខដោយសារកូនឈ្មោះអេសាវបានរៀបការជាមួយស្ត្រីដែលមិនជឿលើព្រះយេហូវ៉ា។ ភរិយារបស់អេសាវជាជនជាតិហេត ហើយគេ«ក៏នាំឲ្យអ៊ីសាកហើយនឹងរេបិកាពិបាកចិត្តណាស់» រហូតដល់រេបិកាបានលាន់មាត់ថា៖ «ខ្ញុំមិនចង់រស់នៅទៀតទេ ដោយព្រោះកូនស្រីនៃសាសន៍ហេតទាំងនេះ។ បើកាលណាយ៉ាកុបយកប្រពន្ធ ក្នុងពួកកូនស្រីសាសន៍ហេត ដូចជាពួកកូនស្រីស្រុកនេះដែរ នោះតើឲ្យខ្ញុំនៅរស់ធ្វើអ្វីទៀត?»។ (លោកុប្បត្តិ ២៦:៣៤, ៣៥; ២៧:៤៦) ប៉ុន្តែ ស្ថានការណ៍ដ៏ពិបាកនោះមិនបានបំផ្លាញជំនឿរបស់អ៊ីសាកនិងរេបិកាឡើយ។ សូមឲ្យយើងរក្សាការពារនូវជំនឿរបស់យើងផងដែរ បើយើងជួបប្រទះស្ថានការណ៍ដ៏ពិបាកនោះ។
២០. តើន៉ាអូមីនិងនាងរស់ធ្វើជាគំរូយ៉ាងណា ស្តីអំពីជំនឿ?
២០ ស្រីមេម៉ាយវ័យចាស់មួយរូបឈ្មោះន៉ាអូមី ជាស្ត្រីសាសន៍យូដាម្នាក់ដែលដឹងថា ស្ត្រីខ្លះក្នុងកុលសម្ព័ន្ធរបស់គាត់នឹងបង្កើតកូនប្រុសដែលអាចក្លាយជាអយ្យកោរបស់ព្រះមេស្ស៊ី។ ក៏ប៉ុន្តែ ដោយសារកូនប្រុសរបស់ន៉ាអូមីបានស្លាប់ទៅទាំងមិនបានបន្សល់ទុកឲ្យគាត់មានចៅមួយសោះ ហើយន៉ាអូមីមានវ័យចាស់បង្កើតកូនមិនបានទៀតទេនោះ នេះមើលទៅដូចជាគ្រួសាររបស់នាងមិនអាចមានចំណែកក្នុងខ្សែស្រឡាយរបស់ព្រះមេស្ស៊ីទាល់តែសោះ។ យ៉ាងណាក៏ដោយ កូនប្រសាស្រីដែលជាស្រីមេម៉ាយដែរ ឈ្មោះនាងរស់ បានរៀបការជាភរិយារបស់លោកបូអូសដែលមានវ័យចាស់ដែរ ហើយនាងបានបង្កើតកូនប្រុសមួយ ទាំងបានក្លាយជាអយ្យកាម្នាក់របស់ព្រះយេស៊ូដែលជាព្រះមេស្ស៊ី! (លោកុប្បត្តិ ៤៩:១០, ៣៣; នាងរស់ ១:៣-៥; ៤:១៣-២២; ម៉ាថាយ ១:១, ៥) ជំនឿរបស់ន៉ាអូមីនិងនាងរស់បានឈ្នះលើភាពលំបាកលំបិន ហើយបាននាំឲ្យពួកគេមានអំណរទៀតផង។ យើងក៏អាចមានអំណរខ្លាំងផងដែរ បើយើងរក្សាការពារជំនឿពេលយើងប្រឈមមុខនឹងទុក្ខលំបាក។
២១. តើជំនឿអាចជួយយើងបានយ៉ាងណាខ្លះ? ហើយតើយើងគួរតាំងចិត្តធ្វើអ្វី?
២១ ថ្វីបើយើងមិនអាចដឹងជាមុនអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែកនោះ តែយើងអាចស៊ូទ្រាំនឹងការពិបាកណាក៏ដោយបាន ដោយសារជំនឿ។ នោះជំនឿនឹងជួយយើងមានចិត្តក្លាហាន ហើយអាចជួយយើងចេះអត់ធ្មត់ដែរ។ ជំនឿអាចជួយយើងឲ្យមានគោលដៅដែលមានប្រយោជន៍ជាទីបំផុត ហើយឲ្យមានជីវិតដែលគាប់ចិត្ត។ ជំនឿតែងមានអានុភាពល្អលើទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ ហើយក៏អាចជួយយើងស៊ូទ្រាំនឹងទុក្ខលំបាកបានដែរ។ បើដូច្នេះ ចូរយើងធ្វើ«ជាពួកអ្នកដែលមានសេចក្ដីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះ»។ (ហេព្រើរ ១០:៣៩) ដោយពឹងពាក់កម្លាំងពីព្រះដែលស្រឡាញ់យើង ចូរឲ្យយើងមានជំនឿដ៏មុតមាំ ហើយលើកសរសើរសិរីល្អរបស់ព្រះយេហូវ៉ាជានិច្ច។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើមានភស្តុតាងអ្វីពីព្រះគម្ពីរដែលបង្ហាញថា ជំនឿអាចជួយយើងមានចិត្តក្លាហានបាន?
• ហេតុដូចម្ដេចបានជាយើងអាចនិយាយថា ជំនឿអាចនាំឲ្យយើងមានជីវិតដែលគាប់ចិត្ត?
• តើជំនឿអាចជួយបណ្ដាលឲ្យមានសេចក្ដីសុខសាន្ត បានយ៉ាងណា?
• តើមានភស្តុតាងអ្វី ដែលបង្ហាញថា ជំនឿអាច ជួយយើងស៊ូទ្រាំនឹងទុក្ខលំបាក?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៤]
ជំនឿបានជួយឲ្យលោកណូអេនិងអេណុកមានចិត្តក្លាហាន ដើម្បីប្រកាសសាររបស់ព្រះយេហូវ៉ា
[រូបភាពនៅទំព័រ២៥]
ជំនឿដូចលោកម៉ូសេនឹងជំរុញចិត្តយើងឲ្យបំពេញគោលដៅខាងវិញ្ញាណ