តើអ្នកពិតជាជឿលើដំណឹងល្អមែនទេ?
តើអ្នកពិតជាជឿលើដំណឹងល្អមែនទេ?
«នគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ!»។—ម៉ាកុស ១:១៥
១, ២. ម៉ាកុស ១:១៤, ១៥ តើអ្នកនឹងពន្យល់ន័យក្នុងខនេះយ៉ាងដូចម្ដេច?
នៅឆ្នាំ៣០ ស.យ. ព្រះយេស៊ូគ្រីស្ទបានចាប់ផ្ដើមកិច្ចបំរើផ្សាយដ៏សំខាន់របស់ទ្រង់នៅស្រុកកាលីឡេ។ ព្រះយេស៊ូបានប្រកាសប្រាប់«ដំណឹងល្អពីនគរព្រះ» ហើយអ្នកស្រុកកាលីឡេជាច្រើនមានចិត្តរំជួលពេលឮទ្រង់មានបន្ទូលថា៖ «ពេលវេលាបានសំរេចហើយ នគរព្រះជិតមកដល់។ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ!»។—ម៉ាកុស ១:១៤, ១៥
២ «ពេលវេលា»ឬកំណត់ពេលបានមកដល់ ឲ្យព្រះយេស៊ូចាប់ផ្ដើមកិច្ចបំរើផ្សាយរបស់ទ្រង់ ហើយពេលនោះក៏ជាគ្រាគួរឲ្យមនុស្សធ្វើការសម្រេចចិត្តដែលអាចនាំឲ្យគេទទួលព្រះគុណពីព្រះ។ (លូកា ១២:៥៤-៥៦) ‹នគរព្រះជិតមកដល់ហើយ› ដោយព្រោះនៅពេលនោះព្រះយេស៊ូមានវត្តមានជាស្តេចដែលបានតែងតាំងរួចទៅហើយ។ កិច្ចផ្សព្វផ្សាយរបស់ព្រះយេស៊ូបានជំរុញចិត្តមនុស្សដែលចង់បានសេចក្ដីពិតឲ្យប្រែចិត្តវិញ។ ប៉ុន្តែ តើពួកគេអាចបង្ហាញចិត្ត«ជឿដំណឹងល្អ»នេះយ៉ាងណា? ហើយ តើយើងអាចបង្ហាញចិត្ត«ជឿដំណឹងល្អ»នេះយ៉ាងណាដែរ?
៣. តើមនុស្សបានធ្វើយ៉ាងណា ដើម្បីបង្ហាញថាខ្លួនជឿទៅលើដំណឹងល្អ?
៣ សាវ័កពេត្រុសក៏ដូចជាព្រះយេស៊ូដែរបានដាស់តឿនមនុស្សឲ្យប្រែចិត្ត។ ពេលពេត្រុសនិយាយទៅកាន់ពួកសាសន៍យូដានៅទីក្រុងយេរូសាឡិមនាឆ្នាំ៣៣ ស.យ. គាត់មានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាប្រែចិត្តចុះ! ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ»។ មនុស្សរាប់ពាន់នាក់បានប្រែចិត្ត និងបានទទួលបុណ្យជ្រមុជទឹក ហើយក៏ក្លាយជាអ្នកកាន់តាមព្រះយេស៊ូ។ (កិច្ចការ ២:៣៨, ៤១; ៤:៤) នៅឆ្នាំ៣៦ ស.យ. ពួកសាសន៍ដទៃដែលបានប្រែចិត្ត ក៏បានធ្វើដូច្នោះដែរ។ (កិច្ចការ ១០:១-៤៨) សព្វថ្ងៃ ជំនឿលើដំណឹងល្អកំពុងតែជំរុញចិត្តមនុស្សរាប់ពាន់នាក់ឲ្យប្រែចិត្តពីអំពើបាប និងឧទ្ទិសថ្វាយខ្លួនចំពោះព្រះ ហើយទទួលបុណ្យជ្រមុជទឹក។ ពួកគេព្រមទទួលដំណឹងល្អនេះដែលអាចនាំឲ្យបានសេចក្ដីសង្គ្រោះ ហើយពួកគេកំពុងតែបង្ហាញជំនឿទៅលើយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ បន្ថែមទៅទៀត កិរិយាប្រព្រឹត្តរបស់ពួកគេគឺសុចរិត ហើយបានគាំទ្រខាងព្រះរាជាណាចក្ររបស់ព្រះ។
៤. តើជំនឿជាអ្វីទៅ?
៤ ប៉ុន្តែ តើជំនឿជាអ្វីទៅ? សាវ័កប៉ុលបានសរសេរថា៖ «ជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ»។ (ហេព្រើរ ១១:១) ជំនឿរបស់យើងធ្វើឲ្យយើងប្រាកដក្នុងចិត្តថា អ្វីៗទាំងអស់ដែលព្រះសន្យាក្នុងបន្ទូលរបស់ទ្រង់ នឹងសម្រេចជាពុំខាន។ នេះគឺប្រៀបដូចជាយើងបានទទួលលិខិតដែលមានទីសំអាងថា យើងនឹងទៅជាម្ចាស់នៃទ្រព្យសម្បត្ដិណាមួយ។ ជំនឿក៏ជា«សំគាល់»ឬទីសំអាងឲ្យយើងដឹងជាក់អំពីអ្វីដែលយើងមើលមិនឃើញ។ ការត្រិះរិះពិចារណានិងចិត្តកតញ្ញូជំរុញយើងឲ្យជឿថា អ្វីៗដែលយើងមើលមិនអាចឃើញនោះ ពិតជាមានមែន។—កូរិនថូសទី២ ៥:៧; អេភេសូរ ១:១៨
យើងត្រូវការជំនឿមែន!
៥. ហេតុអ្វីបានជាជំនឿជាអ្វីដែលសំខាន់ដូច្នេះ?
៥ តាំងពីថ្ងៃដែលយើងកើតមកនោះ យើងមានសេចក្ដីត្រូវការខាងវិញ្ញាណ ប៉ុន្តែយើងមិនអាចកើតមកដោយមានជំនឿស្រាប់នោះទេ។ តាមពិត «មិនមែនមនុស្សទាំងអស់ ដែលមានសេចក្ដីជំនឿទេ»។ (ថែស្សាឡូនីចទី២ ៣:២) ក៏ប៉ុន្តែ ជនគ្រីស្ទានត្រូវតែមានជំនឿដើម្បីទទួលអំណោយពរតាមសេចក្ដីសន្យារបស់ព្រះ។ (ហេព្រើរ ៦:១២) ប៉ុលបានរៀបរាប់អំពីមនុស្សជាច្រើនដែលមានជំនឿទុកជាគំរូល្អនោះ ហើយក្រោយមកគាត់ក៏បានសរសេរថា៖ «ដែលមានស្មរបន្ទាល់១ហ្វូងធំម្ល៉េះនៅព័ទ្ធជុំវិញយើង នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុក នឹងអំពើបាប ដែលរុំយើងជុំវិញជាងាយម្ល៉េះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្ដើម ហើយជាមេសំរេចសេចក្ដីជំនឿរបស់យើង»។ (ហេព្រើរ ១២:១, ២) តើអ្វីជា«បាប ដែលរុំយើងជុំវិញជាងាយ»? បាបនោះគឺជាការខ្វះជំនឿ ឬការបាត់បង់ជំនឿដែលយើងធ្លាប់មានពីមុន។ ដើម្បីរក្សាឲ្យមានជំនឿជឿមុតមាំជានិច្ច នោះយើងត្រូវ‹រំពឹងមើលព្រះយេស៊ូ› ហើយយកតម្រាប់តាមគំរូរបស់ទ្រង់។ បន្ថែមទៅទៀត យើងត្រូវបដិសេធចោលអំពើអសីលធម៌ នឹងត្រូវទប់ទល់ពីការប្រព្រឹត្តខាងសាច់ឈាម ជៀសវាងពីវត្ថុនិយម ទស្សនវិជ្ជារបស់លោកីយ៍ ហើយនិងទំនៀមទំលាប់ណាដែលប្រឆាំងព្រះគម្ពីរ។ (កាឡាទី ៥:១៩-២១; កូល៉ុស ២:៨; ធីម៉ូថេទី១ ៦:៩, ១០; យូដាស ៣, ៤) ម្យ៉ាងទៀត យើងត្រូវទុកចិត្តថា ព្រះគង់នៅជាមួយយើងមែន ហើយយើងក៏ត្រូវជឿថា ដំបូន្មានក្នុងបន្ទូលរបស់ទ្រង់គឺពិតជាមានប្រសិទ្ធភាព។
៦, ៧. ហេតុអ្វីបានជាការអធិស្ឋានសុំជំនឿនោះ មិនជាអ្វីខុសទេ?
៦ យើងមិនអាចតាំងចិត្តបង្កើតជំនឿដោយអាងសមត្ថភាពខ្លួនឯងប៉ុណ្ណោះបានឡើយ។ ជំនឿជាផលផ្លែមួយនៃវិញ្ញាណបរិសុទ្ធរបស់ព្រះ ដែលជាសកម្មពលរបស់ទ្រង់។ (កាឡាទី ៥:២២, ២៣, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ដូច្នេះ ចុះយ៉ាងណាបើជំនឿរបស់យើងខ្សោយ តើយើងត្រូវធ្វើដូចម្ដេចដើម្បីពង្រឹងជំនឿរបស់យើង? ព្រះយេស៊ូបានមានបន្ទូលថា៖ «បើអ្នក . . . ចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត!»។ (លូកា ១១:១៣) ត្រូវមែន ចូរយើងអធិស្ឋានសុំវិញ្ញាណបរិសុទ្ធ ពីព្រោះវិញ្ញាណនោះអាចជួយយើងបណ្ដុះឲ្យមានជំនឿដែលយើងត្រូវការ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះ សូម្បីតែក្រោមកាលៈទេសៈដ៏ពិបាកបំផុតក៏ដោយ។—អេភេសូរ ៣:២០
៧ ការអធិស្ឋានសុំជំនឿបន្ថែមទៀតនោះ មិនជាអ្វីខុសទេ។ ពេលព្រះយេស៊ូរៀបនឹងដេញបិសាចចេញពីក្មេងប្រុសម្នាក់ បិតារបស់បុរសនោះបានអង្វរព្រះយេស៊ូថា៖ «ខ្ញុំជឿហើយលោកម្ចាស់អើយ! សូមជួយចំពោះសេចក្ដីណាដែលខ្ញុំមិនជឿផង»។ (ម៉ាកុស ៩:២៤) សាវ័ករបស់ព្រះយេស៊ូក៏មានប្រសាសន៍ថា៖ «សូមទ្រង់ចំរើនសេចក្ដីជំនឿដល់យើងខ្ញុំទៀតផង»។ (លូកា ១៧:៥) ដូច្នេះហើយ ចូរយើងអធិស្ឋានសុំជំនឿដោយមានទំនុកចិត្តថា ព្រះនឹងប្រទានតាមសំណូមរបស់យើង។—យ៉ូហានទី១ ៥:១៤
ជំនឿលើបន្ទូលរបស់ព្រះជាអ្វីដ៏ចាំបាច់
៨. តើជំនឿលើបន្ទូលរបស់ព្រះអាចជួយយើងបានយ៉ាងណា?
៨ មិនយូរប៉ុន្មានមុនព្រះយេស៊ូសោយទិវង្គតជាយញ្ញបូជានោះ ទ្រង់បានមានបន្ទូលទៅពួកអ្នកកាន់តាមទ្រង់ថា៖ «កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ។ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ»។ (យ៉ូហាន ១៤:១) ក្នុងនាមជាជនគ្រីស្ទាន យើងមានជំនឿលើព្រះនិងរាជបុត្ររបស់ទ្រង់។ ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះបន្ទូលរបស់ព្រះ? បន្ទូលរបស់ព្រះអាចមានឥទ្ធិពលខ្លាំងណាស់ក្នុងការនាំឲ្យជីវិតយើងទទួលប្រយោជន៍ បើយើងសិក្សានិងអនុវត្តតាមបន្ទូលនោះដោយចិត្តពោរពេញទៅដោយជំនឿថា បន្ទូលរបស់ព្រះផ្ដល់ការណែនាំនិងដំបូន្មានដ៏ល្អបំផុត។—ហេព្រើរ ៤:១២
៩, ១០. តើអ្នកនឹងពន្យល់យ៉ាងណា នូវសេចក្ដីក្នុងយ៉ាកុប ១:៥-៨ ដែលរៀបរាប់អំពីជំនឿ?
៩ ជីវិតរបស់យើងជាមនុស្សមិនគ្រប់ល័ក្ខណ៍ តែងពេញទៅដោយទុក្ខលំបាក។ ប៉ុន្តែ ជំនឿលើបន្ទូលរបស់ព្រះអាចជួយយើងបាន។ (យ៉ូប ១៤:១) ជាឧទាហរណ៍ ចុះយ៉ាងណាបើយើងមិនដឹងធ្វើអ្វីពេលជួបប្រទះនឹងទុក្ខលំបាកណាមួយ? បន្ទូលរបស់ព្រះជូនយោបល់ដោយថា៖ «បើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ។ តែត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រ ដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង។ កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ ដ្បិតអ្នកនោះជាមនុស្សមានចិត្ត២ ចេះតែសាវ៉ាក្នុងគ្រប់ទាំងផ្លូវ»។—យ៉ាកុប ១:៥-៨
១០ ព្រះយេហូវ៉ានឹងមិនបន្ទោសយើង ដោយព្រោះយើងខ្វះប្រាជ្ញាហើយអធិស្ឋានសុំទ្រង់ប្រទានប្រាជ្ញានោះឡើយ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ានឹងជួយយើងឲ្យមានទស្សនៈត្រឹមត្រូវអំពីទុក្ខលំបាកនោះ។ បងប្អូនរួមជំនឿជាមួយយើងអាចជួយរំឭកយើងពីខគម្ពីរខ្លះៗដែលអាចជួយបាន ឬក៏យើងនឹងអានខទាំងនោះពេលដែលយើងសិក្សាព្រះគម្ពីរ ឬមួយក៏វិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាអាចនាំផ្លូវយើងតាមរបៀបផ្សេងទៀតក៏មាន។ ព្រះវរបិតារបស់យើងនៅស្ថានសួគ៌នឹងប្រទានប្រាជ្ញាដើម្បីឲ្យយើងស៊ូទ្រាំនឹងទុក្ខវេទនាផ្សេងៗ តែយើងត្រូវ«សូមដោយចិត្តជឿ»ជានិច្ច និង«ឥតសង្ស័យអ្វីសោះ»។ បើយើងប្រៀបដូចជារលកក្នុងសមុទ្រដែលខ្យល់ផាត់ចុះឡើងនោះ យើងមិនអាចសង្ឃឹមនឹងទទួលអ្វីសោះពីព្រះបានឡើយ។ ហេតុអ្វី? ពីព្រោះបើយើងប្រៀបដូចជារលកនោះ បានសេចក្ដីថា យើងជាមនុស្សមិនចេះសម្រេចចិត្ត ហើយក៏អធិស្ឋានឬធ្វើអ្វីៗផ្សេងទៀតដោយចិត្តស្ទាក់ស្ទើរ ហើយនេះក៏អាចរួមបញ្ចូលការបង្ហាញជំនឿដោយចិត្តស្ទាក់ស្ទើរផងដែរ។ ហេតុនេះហើយបានជាយើងត្រូវមានជំនឿមុតមាំលើបន្ទូលរបស់ព្រះ ហើយទៅលើការណែនាំដែលមកពីបន្ទូលនោះ។ សូមយើងពិចារណាមើលឧទាហរណ៍ខ្លះៗពីរបៀបដែលបន្ទូលរបស់ព្រះអាចផ្ដល់ជំនួយនិងការណែនាំបាន។
ជំនឿនិងការចិញ្ចឹមជីវិត
១១. ស្តីអំពីសេចក្ដីត្រូវការរបស់យើងប្រចាំថ្ងៃ តើជំនឿលើបន្ទូលរបស់ព្រះធានាយ៉ាងណា?
១១ ចុះយ៉ាងណាបើយើងក្រីក្រ ហើយកំពុងតែខ្វះអាហារនិងគ្មានទីលំនៅ? ជំនឿលើបន្ទូលរបស់ព្រះផ្ដល់នូវការធានារ៉ាប់រងថា ព្រះយេហូវ៉ានឹងផ្គត់ផ្គង់សេចក្ដីត្រូវការប្រចាំថ្ងៃរបស់យើង ហើយនៅទីបំផុតនោះនឹងធ្វើឲ្យអស់ទាំងមនុស្សដែលស្រឡាញ់ទ្រង់មានរបស់យ៉ាងបរិបូរវិញ។ (ទំនុកដំកើង ៧២:១៦; លូកា ១១:២, ៣) ការរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបានចិញ្ចឹមព្យាការីអេលីយ៉ាពេលមានអំណត់នោះ អាចជួយលើកទឹកចិត្តយើងបាន។ ក្រោយមក ទៀត ព្រះបានធ្វើអព្ភូតហេតុឲ្យម្សៅនិងប្រេងមានមិនចេះអស់ ដើម្បីឲ្យអេលីយ៉ាព្រមទាំងស្ត្រីនិងកូននាងអាចរស់រានមានជីវិតបាន។ (ពង្សាវតារក្សត្រទី១ ១៧:២-១៦) ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាបានចិញ្ចឹមព្យាការីយេរេមាក្នុងកំឡុងពេលពួកបាប៊ីឡូនឡោមព័ទ្ធទីក្រុងយេរូសាឡិម។ (យេរេមា ៣៧:២១) ទោះបីយេរេមានិងអេលីយ៉ាមិនមានម្ហូបច្រើនក៏ដោយ ព្រះយេហូវ៉ាបានផ្ដល់នូវអ្វីដែលគេត្រូវការ។ ព្រះយេហូវ៉ាក៏ធ្វើដូច្នេះសព្វថ្ងៃនេះផងដែរ ចំពោះអស់អ្នកដែលអនុវត្តជំនឿទៅលើទ្រង់។—ម៉ាថាយ ៦:១១, ២៥-៣៤
១២. តើជំនឿអាចជួយយើងទទួលរបស់ដែលយើងត្រូវការបានយ៉ាងណា?
១២ ជំនឿនិងការអនុវត្តតាមគោលការណ៍ព្រះគម្ពីរនឹងមិនធ្វើឲ្យយើងក្លាយជាអ្នកមានទេ តែនេះនឹងជួយយើងទទួលអ្វីដែលយើងត្រូវការ។ ឧទាហរណ៍ ព្រះគម្ពីរជូនយោបល់ឲ្យយើងធ្វើជាមនុស្សទៀងត្រង់ដែលចេះធ្វើការល្អ ហើយចេះព្យាយាម។ (សុភាសិត ២២:២៩; សាស្ដា ៥:១៨, ១៩; កូរិនថូសទី២ ៨:២១) យើងមិនគួរមើលស្រាលនូវតម្លៃនៃការមានឈ្មោះល្អជាអ្នកដែលឧស្សាហ៍ធ្វើការនោះទេ។ សូម្បីតែកន្លែងណាដែលពិបាករកការងារល្អនោះ អ្នកដែលមានបំនិន ហើយខំធ្វើការដោយនឿយហត់និងទៀងត្រង់ តែងមានឱកាសរកការងារបានងាយជាង។ ថ្វីបើពួកអ្នកដែលធ្វើការបែបនោះមិនមែនជាអ្នកដែលមានសម្បូរហូរហៀរក្ដី តាមធម្មតាពួកគេមានអ្វីដែលគេត្រូវការជាចាំបាច់ ហើយក៏ស្កប់ចិត្តទទួលទានអាហារដោយព្រោះបានខំធ្វើការដោយខ្លួនឯង។—ថែស្សាឡូនីចទី២ ៣:១១, ១២
ជំនឿអាចជួយយើងស៊ូទ្រាំនឹងការសោកសង្រេង
១៣, ១៤. តើជំនឿអាចជួយយើងបានយ៉ាងណា ក្នុងការស៊ូទ្រាំពេលកើតទុក្ខសោកសង្រេងនោះ?
១៣ បន្ទូលរបស់ព្រះបង្ហាញឲ្យយើងដឹងយ៉ាងប្រាកដថា ពេលអ្នកជាទីស្រឡាញ់ស្លាប់ទៅនោះ យើងនឹងមានចិត្តសោកសង្រេង។ អយ្យកោស្មោះត្រង់មួយរូបឈ្មោះអ័ប្រាហាំ បានកើតទុក្ខពេលដែលភរិយាជាទីស្រឡាញ់របស់គាត់បានស្លាប់ទៅ។ (លោកុប្បត្តិ ២៣:២) ដាវីឌក៏បានកើតទុក្ខដែរក្រោយពីបានទទួលដំណឹងថា រាជបុត្ររបស់ទ្រង់ឈ្មោះអាប់សាឡំមបានស្លាប់។ (សាំយូអែលទី២ ១៨:៣៣) សូម្បីតែព្រះយេស៊ូជាមនុស្សគ្រប់ល័ក្ខណ៍ម្នាក់ ទ្រង់ព្រះកន្សែងពេលដែលមិត្តសំឡាញ់របស់ទ្រង់ស្លាប់។ (យ៉ូហាន ១១:៣៥, ៣៦) កាលណាមិត្តសំឡាញ់ស្លាប់នោះ យើងអាចកើតទុក្ខស្ទើរតែស្លាប់ ប៉ុន្តែជំនឿលើសេចក្ដីសន្យាក្នុងបន្ទូលរបស់ព្រះអាចជួយយើងស៊ូទ្រាំនឹងទុក្ខសោកទាំងនោះ។
១៤ ប៉ុលបានមានប្រសាសន៍ថា៖ ‹ខ្ញុំមានសេចក្ដីសង្ឃឹមលើព្រះ ថាមនុស្សសុចរិតនិងមនុស្សទុច្ចរិតនឹងរស់ឡើងវិញ›។ (កិច្ចការ ២៤:១៥) យើងត្រូវមានជំនឿទៅលើការរៀបចំរបស់ព្រះ ក្នុងការធ្វើឲ្យមនុស្សរាប់លាននាក់រស់ឡើងវិញ។ (យ៉ូហាន ៥:២៨, ២៩) អ័ប្រាហាំនិងសារ៉ា អ៊ីសាកនិងរេបិកា ហើយយ៉ាកុបនិងលេអា ដែលកំពុងតែដេកលក់ក្នុងសេចក្ដីស្លាប់ទាំងរង់ចាំការប្រោសឲ្យរស់ឡើងវិញក្នុងពិភពលោកថ្មីដែលព្រះនឹងរៀបចំនោះ ពួកគេក៏ស្ថិតក្នុងចំណោមពួកអ្នកដែលនឹងរស់ឡើងវិញដែរ។ (លោកុប្បត្តិ ៤៩:២៩-៣២) ពេលដែលអ្នកជាទីស្រឡាញ់ត្រូវដាស់ពីការដេកលក់ក្នុងសេចក្ដីស្លាប់ឲ្យរស់រានមានជីវិតនៅលើផែនដីវិញ នោះនឹងមានអំណរប្រៀបផ្ទឹមមិនបានទេ! (វិវរណៈ ២០:១១-១៥) ទំរាំដល់ពេលនោះ ជំនឿមិនអាចបំបាត់នូវការសោកសង្រេងទាំងស្រុងបានឡើយ តែជំនឿអាចជួយយើងចូលទៅជិតព្រះបាន ហើយទ្រង់អាចជួយយើងស៊ូទ្រាំនឹងទុក្ខសោកនោះ។—ទំនុកដំកើង ១២១:១-៣; កូរិនថូសទី២ ១:៣
ជំនឿតែងពង្រឹងកម្លាំងនៃពួកអ្នកដែលធ្លាក់ទឹកចិត្ត
១៥, ១៦. (ក) ហេតុអ្វីយើងអាចនិយាយថា ការធ្លាក់ទឹកចិត្តក្នុងចំណោមពួកអ្នកដែលមានជំនឿនោះ មិនជារឿងចំឡែកទេ? (ខ) តើយើងអាចធ្វើអ្វីដើម្បីស៊ូទ្រាំនឹងការធ្លាក់ទឹកចិត្ត?
១៥ បន្ទូលរបស់ព្រះបង្ហាញទៀតថា ពួកអ្នកដែលមានជំនឿក៏អាចធ្លាក់ទឹកចិត្តផងដែរ។ ក្នុងកំឡុងពេលដែលលោកយ៉ូបបានរងទុក្ខនោះ គាត់ក៏មានអារម្មណ៍ថា ព្រះបានបោះបង់ចោលគាត់។ (យ៉ូប ២៩:២-៥) ភាពហិនហោចនៃទីក្រុងយេរូសាឡិមនិងកំផែងនោះ បានធ្វើឲ្យនេហេមាមានទឹកមុខព្រួយ។ (នេហេមា ២:១-៣) ក្រោយពីពេត្រុសបានប្រកែកថាមិនស្គាល់ព្រះយេស៊ូនោះ គាត់បាន«យំក្ដួល»ដែរ។ (លូកា ២២:៦២) ហើយសាវ័កប៉ុលបានដាស់តឿនពួកអ្នកជឿគ្នីគ្នាក្នុងក្រុមជំនុំនៅទីក្រុងថែស្សាឡូនីច ឲ្យ«ជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត»។ (ថែស្សាឡូនីចទី១ ៥:១៤) ដូច្នេះ បើពួកអ្នកដែលមានជំនឿសព្វថ្ងៃនេះធ្លាក់ទឹកចិត្តដែរ នេះមិនជារឿងចំឡែកទេ។ បើដូច្នេះ តើយើងអាចធ្វើអ្វីដើម្បីស៊ូទ្រាំនឹងការធ្លាក់ទឹកចិត្ត?
១៦ យើងប្រហែលជាធ្លាក់ទឹកចិត្តដោយព្រោះយើងមានបញ្ហាធំៗជាច្រើន។ ជាជាងចាត់ទុកបញ្ហាទាំងឡាយជាបន្ទុកមួយដ៏ធ្ងន់នោះ យើងប្រហែលជាអាចដោះស្រាយបញ្ហាមួយម្ដងៗដោយអនុវត្តតាមគោលការណ៍ព្រះគម្ពីរ។ ទង្វើបែបនេះអាចបន្ធូរចិត្តក្រៀមក្រំរបស់យើងបាន។ ការបង្ហាញតុល្យភាពក្នុងគ្រប់ការដែលយើងធ្វើ ហើយការសំរាកឲ្យបានគ្រប់គ្រាន់នោះ ក៏អាចជួយផងដែរ។ ប៉ុន្តែ ជំនឿលើព្រះនិងបន្ទូលរបស់ទ្រង់ច្បាស់ជានឹងបណ្ដុះបណ្ដាលឲ្យយើងមានសុខុមាលភាពល្អខាងវិញ្ញាណ ក៏នឹងធ្វើឲ្យយើងជឿជាក់ថា ព្រះពិតជាយកព្រះទ័យទុកដាក់នឹងយើងមែន។
១៧. តើយើងដឹងដោយដូចម្ដេចថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់ចំពោះយើងមែន?
១៧ ពេត្រុសបានជួយសំរាលទុក្ខយើងដោយបានធានាថា៖ «ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ! ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់ ហើយចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា»។ (ពេត្រុសទី១ ៥:៦, ៧) អ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «ព្រះយេហូវ៉ាទ្រង់គាំទ្រដល់អស់អ្នកដែលដួល ក៏លើកពួកអ្នកដែលត្រូវឱនឡើងវិញ»។ (ទំនុកដំកើង ១៤៥:១៤) យើងត្រូវជឿលើសេចក្ដីសន្យាទាំងនោះផងដែរ ត្បិតពាក្យនោះមកពីបន្ទូលរបស់ព្រះ។ ទោះជាយើងមានចិត្តក្រៀមក្រំជានិច្ចក៏ដោយ ជំនឿរបស់យើងអាចត្រូវពង្រឹងឡើងដោយដឹងថា យើងអាចផ្ទេរគ្រប់ទាំងកង្វល់របស់យើងទៅលើព្រះវរបិតារបស់យើងនៅស្ថានសួគ៌ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់!
ជំនឿនិងទុក្ខលំបាកផ្សេងៗ
១៨, ១៩. តើជំនឿជួយយើងស៊ូទ្រាំនឹងជំងឺឈឺថ្កាត់ហើយជួយសំរាលទុក្ខរបស់បងប្អូនរួមជំនឿយើងដោយរបៀបណា?
១៨ ពេលដែលអ្នកជាទីស្រឡាញ់មានជំងឺធ្ងន់ធ្ងរនោះ ជំនឿរបស់យើងក៏អាចត្រូវល្បងលផងដែរ។ ថ្វីបើព្រះគម្ពីរមិនរៀបរាប់អំពីការប្រោសបងប្អូនគ្រីស្ទានខ្លះឲ្យជាដោយអព្ភូតហេតុ ដូចជាលោកអេប៉ាប្រូឌីត ធីម៉ូថេ និងទ្រភីមក្ដី យើងដឹងមិនសង្ស័យទេថា ព្រះយេហូវ៉ាពិតជាបានជួយពួកគេឲ្យស៊ូទ្រាំមែន។ (ភីលីព ២:២៥-៣០; ធីម៉ូថេទី១ ៥:២៣; ធីម៉ូថេទី២ ៤:២០) ម្ល៉ោះហើយ អ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «អ្នកណាដែលមានអធ្យាស្រ័យដល់ពួកមនុស្សក្រីក្រ ព្រះយេហូវ៉ាទ្រង់នឹងជួយអ្នកនោះ . . . ព្រះយេហូវ៉ានឹងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅគ្រែ ទ្រង់ក៏រៀបគ្រែឲ្យ នៅគ្រប់វេលាមានធុរៈ»។ (ទំនុកដំកើង ៤១:១-៣) តើពាក្យរបស់អ្នកតែងបទទំនុកដំកើងនោះ អាចជួយសំរាលទុក្ខបងប្អូនរបស់យើងដែលកំពុងតែឈឺចាប់បានយ៉ាងណា?
១៩ របៀបមួយដែលយើងអាចផ្ដល់ជំនួយខាងវិញ្ញាណនោះ គឺដោយអធិស្ឋានជាមួយពួកអ្នកដែលកំពុងតែឈឺ។ ទោះជាយើងមិនអធិស្ឋានសុំព្រះប្រោសគាត់ឲ្យបានជាដោយអព្ភូតហេតុក្ដី យើងអាចសុំព្រះជួយពង្រឹងកម្លាំងចិត្តរបស់អ្នកជំងឺ ឲ្យគាត់ស៊ូទ្រាំនឹងជំងឺនោះ ហើយយើងក៏អាចសុំព្រះប្រទានកម្លាំងខាងវិញ្ញាណដើម្បីស៊ូទ្រាំពេលខ្សោយកម្លាំងនោះ។ ព្រះអេសាយ ៣៣:២៤) បើយើងយល់ដឹងថា មនុស្សដែលស្ដាប់បង្គាប់នឹងត្រូវប្រោសឲ្យរួចជារៀងរហូតពីបាប ជំងឺ និងសេចក្ដីស្លាប់ តាមរយៈព្រះរាជាណាចក្ររបស់ព្រះនិងព្រះយេស៊ូគ្រីស្ទដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនោះ នេះពិតជាចំណេះដែលជួយសំរាលទុក្ខមែន! យើងអរព្រះគុណព្រះយេហូវ៉ាចំពោះសេចក្ដីសង្ឃឹមទាំងនេះ ពីព្រោះព្រះយេហូវ៉ាជាព្រះ‹ដែលនឹងប្រោសជំងឺទាំងប៉ុន្មានរបស់យើងឲ្យជា›។—ទំនុកដំកើង ១០៣:១-៣; វិវរណៈ ២១:១-៥
យេហូវ៉ានឹងពង្រឹងកម្លាំងរបស់ពួកអ្នកខ្សោយ ហើយជំនឿរបស់ពួកគេត្រូវពង្រឹងឡើងផងដែរ ដោយពួកគេអាចសង្ឃឹមទៅមុខ រហូតដល់គ្រាដែល«គេនឹងមិនថា៖ ‹ខ្ញុំឈឺ› ទៀតឡើយ»។ (២០. ហេតុអ្វីបានជាយើងអាចនិយាយថា ជំនឿអាចជួយយើងស៊ូទ្រាំពេលឆ្លងកាត់«ថ្ងៃអាក្រក់»ជាពេលដែលយើងចាស់ជរានោះ?
២០ ជំនឿក៏ជួយយើងឲ្យអាចស៊ូទ្រាំពេលឆ្លងកាត់«ថ្ងៃអាក្រក់»ជាពេលដែលយើងចាស់ជរា ហើយមានសុខភាពនិងកម្លាំងចុះខ្សោយ។ (សាស្ដា ១២:១-៧) ដូច្នេះ បងប្អូនវ័យចំណាស់ក្នុងចំណោមយើងអាចអធិស្ឋានដូចអ្នកតែងបទទំនុកដំកើងដែលបានច្រៀងឡើងថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ! . . . សូមកុំបោះបង់ចោលទូលបង្គំ ក្នុងកាលដែលចាស់ជរាឡើយ ហើយកុំលះបង់ទូលបង្គំ ក្នុងកាលដែលមានកំឡាំងអន់ថយនោះដែរ»។ (ទំនុកដំកើង ៧១:៥, ៩) អ្នកតែងបទទំនុកដំកើងដឹងថា គាត់ត្រូវការជំនួយពីព្រះយេហូវ៉ា ដូចជាបងប្អូនគ្រីស្ទានរបស់យើងដែលបានចំណាយច្រើនឆ្នាំក្នុងការបំរើព្រះ ហើយឥឡូវមានវ័យចាស់ហើយ។ បងប្អូនវ័យចំណាស់អាចប្រាកដក្នុងចិត្តថា ព្រះយេហូវ៉ានឹងជួយទ្រទ្រង់ពួកគាត់ជាដរាបដោយព្រះហស្តរបស់ទ្រង់ដែលមិនចេះខ្សោយឡើយ។—ចោទិយកថា ៣៣:២៧
ចូរមានជំនឿទៅលើបន្ទូលរបស់ព្រះជានិច្ច
២១, ២២. បើយើងមានជំនឿ តើជំនឿនោះមានឥទ្ធិពលអ្វីលើចំណងមេត្រីភាពរបស់យើងជាមួយព្រះ?
២១ ជំនឿទៅលើដំណឹងល្អនិងបន្ទូលទាំងមូលរបស់ព្រះ នឹងជួយយើងឲ្យកាន់តែមានភាពជិតស្និទ្ធនឹងព្រះយេហូវ៉ា។ (យ៉ាកុប ៤:៨) ព្រះយេហូវ៉ាមិនគ្រាន់តែជាព្រះអម្ចាស់មហាក្សត្ររបស់យើងប៉ុណ្ណោះទេ តែទ្រង់ក៏ជាអ្នកបង្កើត និងជាព្រះវរបិតារបស់យើងផងដែរ។ (អេសាយ ៦៤:៨; ម៉ាថាយ ៦:៩; កិច្ចការ ៤:២៤) អ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «ទ្រង់ជាព្រះវរបិតានៃទូលបង្គំ គឺជាព្រះនៃទូលបង្គំ ហើយជាថ្មដាដ៏ជួយសង្គ្រោះទូលបង្គំផង»។ (ទំនុកដំកើង ៨៩:២៦) បើយើងអនុវត្តជំនឿទៅលើព្រះយេហូវ៉ានិងបន្ទូលដែលទ្រង់បានបណ្ដាលឲ្យតែងតាមរយៈវិញ្ញាណទ្រង់ នោះយើងអាចទុកចិត្តលើទ្រង់ជា‹ថ្មដាដែលជួយសង្គ្រោះយើង›។ នេះពិតជាឯកសិទ្ធិដ៏គួរឲ្យកក់ក្ដៅក្នុងចិត្តណាស់!
២២ ព្រះយេហូវ៉ាជាព្រះវរបិតានៃបណ្ដាគ្រីស្ទានដែលទ្រង់តែងតាំងដោយវិញ្ញាណបរិសុទ្ធ ហើយទ្រង់ក៏ជាបិតានៃពួកគូកនរបស់ពួកអ្នកចាក់ប្រេងតាំង ដែលពួកគូកនទាំងនេះមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី។ (រ៉ូម ៨:១៥) ជំនឿលើព្រះវរបិតារបស់យើងនៅស្ថានសួគ៌មិនដែលនាំឲ្យខកចិត្តឡើយ។ ដាវីឌបានមានប្រសាសន៍ថា៖ «បើកាលណាឪពុកម្ដាយលះចោលទូលបង្គំ នោះព្រះយេហូវ៉ាទ្រង់នឹងទទួលទូលបង្គំទុកវិញ»។ (ទំនុកដំកើង ២៧:១០) ម្យ៉ាងទៀត យើងបានត្រូវធានាថា៖ «ព្រះយេហូវ៉ាទ្រង់មិនបោះបង់ចោលរាស្ត្រទ្រង់ឡើយ ដោយព្រោះទ្រង់យល់ដល់ព្រះនាមទ្រង់ដ៏ជាធំ»។—សាំយូអែលទី១ ១២:២២
២៣. តើយើងត្រូវការអ្វីជាចាំបាច់បើយើងចង់បានចំណងមេត្រីភាពជានិច្ចជាមួយព្រះយេហូវ៉ា?
២៣ ប្រសិនបើយើងចង់បានចំណងមេត្រីភាពជានិច្ចជាមួយព្រះយេហូវ៉ា យើងត្រូវជឿលើដំណឹងល្អ ហើយក៏ត្រូវទទួលស្គាល់ព្រះគម្ពីរជាបន្ទូលរបស់ព្រះយ៉ាងពិតប្រាកដ។ (ថែស្សាឡូនីចទី១ ២:១៣) យើងត្រូវតែជឿទាំងស្រុងលើព្រះយេហូវ៉ា ហើយអនុញ្ញាតឲ្យបន្ទូលរបស់ទ្រង់បំភ្លឺផ្លូវរបស់យើង។ (ទំនុកដំកើង ១១៩:១០៥; សុភាសិត ៣:៥, ៦) ជំនឿរបស់យើងនឹងរីកកាន់តែធំឡើងពេលដែលយើងអធិស្ឋានទូលទ្រង់ដោយមានទំនុកចិត្តថា ទ្រង់មានព្រះទ័យមេត្ដាករុណា អាណិតអាសូរ ហើយនឹងជួយទ្រទ្រង់យើងមែន។
២៤. តើរ៉ូម ១៤:៨ បានចែងយ៉ាងណាដែលអាចជួយសំរាលទុក្ខយើង?
២៤ ជំនឿបានជំរុញចិត្តយើងថ្វាយខ្លួនចំពោះព្រះជានិរន្តរ៍។ យើងជាអ្នកបំរើរបស់ព្រះដែលមានជំនឿដ៏មុតមាំ ដូច្នេះ ទោះជាយើងស្លាប់ក៏ដោយ យើងមានសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ។ ត្រូវមែន «ទោះបើយើងរស់ឬស្លាប់ក្ដី . . . យើងក៏ជារបស់ផងព្រះអម្ចាស់ដែរ»។ (រ៉ូម ១៤:៨) ចូរយើងចងចាំនូវអ្វីដែលអាចជួយសំរាលទុក្ខនោះឲ្យជាប់ក្នុងចិត្ត កាលដែលយើងទុកចិត្តលើបន្ទូលរបស់ព្រះ ហើយមានជំនឿលើដំណឹងល្អជានិច្ច។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើជំនឿជាអ្វី? ហើយ ហេតុអ្វីបានជាយើងត្រូវការគុណសម្បត្ដិមួយនេះ?
• ហេតុអ្វីបានជាយើងត្រូវជឿទៅលើដំណឹងល្អនិងបន្ទូលទាំងមូលរបស់ព្រះ?
• តើជំនឿជួយយើងស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗបានយ៉ាងណា?
• តើអ្វីអាចជួយយើងរក្សាឲ្យមានជំនឿជានិច្ច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២០]
ព្រះយេហូវ៉ាបានជួយចិញ្ចឹមយេរេមានិងអេលីយ៉ាពីព្រោះពួកគេមានជំនឿ
[រូបភាពនៅទំព័រ២១]
យ៉ូប ពេត្រុសនិងនេហេមាមានជំនឿមុតមាំ