លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹មានតែព្រះយេហូវ៉ាទេដែលអាចសង្គ្រោះ›

‹មានតែព្រះយេហូវ៉ាទេដែលអាចសង្គ្រោះ›

‹មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​អាច​សង្គ្រោះ›

នៅ​ពេល​ដែល​ប្រទេស​ជាតិ​ណា​មួយ​ជួប​វិបត្ដិ​ឬ​ចលាចល​អន្តរជាតិ មនុស្ស​ពឹងពាក់​រដ្ឋាភិបាល​របស់​ខ្លួន​ដើម្បី​បាន​សុវត្ថិភាព​និង​សន្ដិសុខ។ ចំណែក​រដ្ឋាភិបាល​វិញ​ខិតខំ​បង្កើត​កម្មវិធី​ផ្សេងៗ​ដែល​បំផុស​ឲ្យ​ប្រជាជន​មាន​ស្មារតី​គាំទ្រ។ កាល​ដែល​កម្មវិធី​ទាំង​នេះ​បណ្ដុះ​ឲ្យ​ប្រជាជន​មាន​ស្មារតី​ស្នេហា​ជាតិ​កាន់​តែ​ខ្លាំង​ឡើងៗ នោះ​គេ​ចាប់​ផ្ដើម​ប្រារព្ធ​ពិធី​ដែល​បង្ហាញ​ពី​ការ​ស្នេហា​ជាតិ​កាន់​តែ​ច្រើន​ឡើង​និង​កាន់​តែ​អធិកអធម​ទៀត​ផង។

កាល​បើ​ប្រទេស​ជាតិ​ណា​មួយ​មាន​រឿង​អាសន្ន នោះ​ស្មារតី​ស្នេហា​ជាតិ​នាំ​ឲ្យ​មនុស្ស​សាមគ្គី​គ្នា​និង​មូល​កម្លាំង​គ្នា ថែម​ទាំង​ក៏​អាច​ជំរុញ​ឲ្យ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ដោយ​គិត​ដល់​ប្រយោជន៍​សហគមន៍​ទៀត​ផង។ ប៉ុន្តែ អត្ថបទ​ក្នុង​ទស្សនាវដ្ដី​មួយ​បាន​ចែង​ថា​៖ «ការ​ស្នេហា​ជាតិ​គឺ​ជា​អារម្មណ៍​មួយ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បាន ដ្បិត​អារម្មណ៍​នេះ​អាច​សម្ដែង​ចេញ​ជា​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់»។ (The New York Times Magazine) ការ​បង្ហាញ​អារម្មណ៍​ស្នេហា​ជាតិ​អាច​ក្លាយ​ទៅ​ជា​ការ​បំពាន​សិទ្ធិ​សេរីភាព​និង​សេរីភាព​ខាង​សាសនា​របស់​ពលរដ្ឋ​ឯ​ទៀត។ ជា​ពិសេស ជន​គ្រីស្ទាន​ពិត​ប្រហែល​ជា​ជួប​នឹង​ការ​គាប​សង្កត់​ឬ​ការ​បង្ខិត​បង្ខំ​ឲ្យ​លះបង់​ជំនឿ​របស់​ខ្លួន។ តើ​ជន​គ្រីស្ទាន​ពិត​ត្រូវ​ធ្វើ​យ៉ាង​ណា ពេល​ពិភពលោក​ទាំង​មូល​ពោរពេញ​ទៅ​ដោយ​ជាតិនិយម? តើ​មាន​គោលការណ៍​ក្នុង​បទ​គម្ពីរ​អ្វី​ខ្លះ​ដែល​អាច​ជួយ​ជន​គ្រីស្ទាន​ប្រព្រឹត្ត​ដោយ​មាន​ការ​យល់​ធ្លុះ​ជ្រៅ​និង​ដោយ​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ?

«កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ»

ជួន​កាល ការ​គោរព​ទង់​ជាតិ​ជា​វិធី​បង្ហាញ​ការ​ស្នេហា​ជាតិ។ ប៉ុន្តែ ទង់​ជាតិ​ច្រើន​តែ​មាន​រូប​តំណាង​អ្វី​ផ្សេងៗ​ដែល​មាន​នៅ​លើ​មេឃ​ដូច​ជា​ផ្កាយ​ជា​ដើម ហើយ​ក៏​មាន​រូប​តំណាង​អ្វី​ផ្សេងៗ​នៅ​ផែនដី​ដែរ។ ព្រះ​បាន​បញ្ជាក់​ទស្សនៈ​របស់​ទ្រង់​ស្តី​អំពី​ការ​ក្រាប​សំពះ​ចំពោះ​របស់​ទាំង​នេះ ពេល​ទ្រង់​បង្គាប់​រាស្ត្រ​ទ្រង់​ថា​៖​«កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថានសួគ៌​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ផង ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិបត្ដិ​តាម នោះ​ឡើយ ដ្បិត​អញ​ដែល​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​មាន​សេចក្ដី​ប្រច័ណ្ឌ[«ព្រះ​ដែល​តម្រូវ​ឲ្យ​មាន​ភក្ដីភាព​ផ្ដាច់​មុខ​នោះ»​,ព.ថ.]»។—និក្ខមនំ ២០:​៤, ៥

ការ​លុត​ជង្គង់​ឬ​ការ​ធ្វើ​គារវកិច្ច​ចំពោះ​ទង់​ជាតិ​ដែល​តំណាង​រដ្ឋាភិបាល តើ​នេះ​ពិត​ជា​បញ្ជាក់​ថា​យើង​មិន​បង្ហាញ​ភក្ដីភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា​ទេ​ឬ? នៅ​សម័យ​បុរាណ ពេល​សាសន៍​អ៊ីស្រាអែល​បាន​នៅ​ក្នុង​ទី​រហោ​ស្ថាន​នោះ ពួក​គេ​ធ្លាប់​មាន​«ទង់​សញ្ញា»​ដែល​ពួក​គេ​បាន​តាំង​ឲ្យ​កុលសម្ព័ន្ធ​និមួយៗ​ស្គាល់​កន្លែង​ពួក​គេ​ត្រូវ​ជួប​ជុំ​គ្នា។ (ជំនឿន​ប្រជាជន[ជនគណនា] ២:១, ២, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) សព្វ​វចនាធិប្បាយ​របស់​លោក​ម៉ាក់​ឃ្លីនថុក​និង​លោក​ស្ត្រង បញ្ជាក់​អំពី​ពាក្យ​ភាសា​ហេព្រើរ​ដែល​សំដៅ​ទៅ​លើ​ទង់​សញ្ញា​ទាំង​នេះ​ដោយ​ពន្យល់​ថា​៖ «ពាក្យ​ហេព្រើរ​ទាំង​ពីរ​ដែល​សំដៅ​ទៅ​លើ‹ទង់​សញ្ញា›មិន​សំដៅ​លើ​ទង់ជាតិ​ឡើយ»។ ម្យ៉ាង​ទៀត ជនជាតិ​អ៊ីស្រាអែល​មិន​បាន​ចាត់​ទុក​ទង់​សញ្ញា​ទាំង​នេះ​ជា​របស់​ពិសិដ្ឋ​ទេ ហើយ​ពួក​គេ​ក៏​មិន​បាន​ធ្វើ​ពិធី​ដើម្បី​គោរព​ទង់​សញ្ញា​ទាំង​នេះ​ដែរ។ ទង់​សញ្ញា​ទាំង​នេះ​គ្រាន់​តែ​ជា​សញ្ញា​ឲ្យ​ប្រជាជន​ដឹង​ថា កុលសម្ព័ន្ធ​របស់​ពួក​គេ​ត្រូវ​ជួប​ជុំ​គ្នា​នៅ​កន្លែង​ណា។

ហេតុ​ចំ​បង​ដែល​មាន​រូប​ចេរូប៊ីន​ដាក់​តាំង​នៅ​ក្នុង​រោង​ឧបោសថ​និង​នៅ​ក្នុង​ព្រះ​វិហារ​របស់​សាឡូម៉ូន គឺ​ជា​ការ​ពណ៌នា​ពួក​ចេរូប៊ីន​នៅ​ស្ថានសួគ៌។ (និក្ខមនំ ២៥:១៨; ២៦:១, ៣១, ៣៣; ពង្សាវតារក្សត្រទី១ ៦:២៣, ២៨, ២៩; ហេព្រើរ ៩:២៣, ២៤) យើង​ដឹង​ថា​ប្រជាជន​អ៊ីស្រាអែល​មិន​ត្រូវ​ថ្វាយ​បង្គំ​រូប​ទាំង​នេះ​ពីព្រោះ​មនុស្ស​ទូទៅ​មិន​ដែល​ឃើញ​រូប​ទាំង​នេះ​ទេ ហើយ​ទេវតា​មិន​ត្រូវ​ទទួល​ការ​ថ្វាយ​បង្គំ​ឡើយ។—កូល៉ុស ២:១៨; វិវរណៈ ១៩:១០; ២២:៨, ៩

សូម​គិត​ដែរ​អំពី​រូប​ពស់​ស្ពាន់​ដែល​ព្យាការី​ម៉ូសេ​បាន​សូន​នៅ​ក្នុង​កំឡុង​ពេល​ដែល​ជនជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​កាត់​ទី​រហោ​ស្ថាន។ រូប​នោះ​តំណាង​អ្វី​មួយ ហើយ​ក៏​មាន​សារៈ​សំខាន់​ជា​ទំនាយ។ (ជនគណនា ២១:៤​-​៩; យ៉ូហាន ៣:១៤, ១៥) ពួក​គេ​មិន​ស្រឡាញ់​ឬ​ថ្វាយ​បង្គំ​រូប​ពស់​នោះ​ទេ។ ប៉ុន្តែ រាប់​រយ​ឆ្នាំ​ក្រោយ​សម័យ​លោក​ម៉ូសេ សាសន៍​អ៊ីស្រាអែល​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ថ្វាយ​បង្គំ​រូប​ពស់​នោះ រហូត​ដល់​ធ្វើ​សក្ការៈ​អុជ​ធូប​ថ្វាយ​ចំពោះ​វា​ទៀត​ផង។ ដូច្នេះ ស្តេច​ហេសេគា​នៃ​ស្រុក​យូដា​បាន​បញ្ជា​ឲ្យ​គេ​បំផ្លាញ​រូប​ទាំង​នោះ​ចោល។—ពង្សាវតារក្សត្រទី២ ១៨:១​-​៤

តើ​ទង់ជាតិ​គ្រាន់​តែ​ជា​សញ្ញា​តំណាង​ប៉ុណ្ណោះ​ឬ? តើ​ទង់ជាតិ​តំណាង​អ្វី? អ្នក​និពន្ធ​ម្នាក់​ឈ្មោះ ប៉ុល វិលៀម បាន​សរសេរ​ថា​៖ «ទង់ជាតិ​គឺ​ជា​វត្ថុ​តំណាង​ដែល​អ្នក​ជាតិនិយម​គោរព​ថ្វាយ​បង្គំ​ជា​ចំបង»។ សព្វ​វចនាធិប្បាយ​អាមេរិកាណា​ចែង​ថា​៖ «ទង់ជាតិ​ក៏​ដូច​ជា​ឈើ​ឆ្កាង​ដែរ ពីព្រោះ​ទាំង​ពីរ​គឺ​ជា​របស់​ដ៏​ពិសិដ្ឋ»។ ទង់ជាតិ​ជា​តំណាង​រដ្ឋាភិបាល។ ដូច្នេះ ការ​ក្រាប​ថ្វាយ​បង្គំ​ឬ​ធ្វើ​គារវកិច្ច​ចំពោះ​ទង់ជាតិ​គឺ​ជា​ពិធី​សាសនា​ដែល​ថ្វាយ​បង្គំ​ចំពោះ​រដ្ឋាភិបាល។ ទង្វើ​បែប​នេះ​បញ្ជាក់​ពី​ជំនឿ​ថា រដ្ឋាភិបាល​ជា​ប្រភព​នៃ​សេចក្ដី​សង្គ្រោះ ហើយ​ការ​ប្រព្រឹត្ត​ដូច្នេះ​គឺ​ផ្ទុយ​ពី​គោលការណ៍​ព្រះ​គម្ពីរ​ស្តី​អំពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។

បទ​គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា​៖​«មាន​តែ[ព្រះ​យេហូវ៉ា]ទេ​ដែល​អាច​សង្គ្រោះ»។ (ទំនុក​តម្កើង ៣:៩ [ទំនុកដំកើង ៣:៨],ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) មនុស្ស​មិន​ត្រូវ​ពឹងពាក់​ស្ថាប័ន​របស់​មនុស្ស​ជាតិ​ឬ​ក៏​វត្ថុ​ដែល​តំណាង​ស្ថាប័ន​ទាំង​នោះ​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​ឡើយ។ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ជន​គ្រីស្ទាន​គ្នីគ្នា​ថា​៖​«ឱ​ពួក​ស្ងួនភ្ងា​ខ្ញុំ​អើយ! ចូរ​រត់​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ចេញ»។ (កូរិនថូសទី១ ១០:១៤) ជន​គ្រីស្ទាន​ពី​សម័យ​ដើម​មិន​បាន​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​ចំពោះ​រដ្ឋាភិបាល​ឡើយ។ ក្នុង​សៀវភៅ​ចំណង​ជើង​ថា​ពួក​អ្នក​ដែល​ហៀប​នឹង​ស្លាប់ លោក​ដានីយ៉ែល ម៉ាណិច កត់​សរសេរ​ថា​៖​«ជន​គ្រីស្ទាន​បាន​បដិសេធ​មិន​ព្រម . . . ធ្វើ​សក្ការៈ​ថ្វាយ​ទេវតា​ដែល​គ្រប់គ្រង​ថែរក្សា​អធិរាជ​[រ៉ូម]​ទេ។ នេះ​គឺ​ដូច​គ្នា​នឹង​ការ​បដិសេធ​មិន​ព្រម​ធ្វើ​គារវកិច្ច​ចំពោះ​ទង់ជាតិ»។ ជន​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​តែ​មួយ​អង្គ​ប៉ុណ្ណោះ នោះ​ពួក​គេ​មិន​ព្រម​ធ្វើ​គារវកិច្ច​ចំពោះ​ទង់ជាតិ​របស់​ប្រទេស​ណា​ឡើយ។ ដោយ​ការ​បដិសេធ​ដូច្នេះ ជន​គ្រីស្ទាន​បង្ហាញ​ថា​ការ​បំរើ​ព្រះ​មាន​អាទិ​ភាព​បំផុត​ចំពោះ​គេ។ ហើយ​ដំណាល​គ្នា​នោះ ពួក​គេ​ក៏​បង្ហាញ​ការ​គោរព​ចំពោះ​រដ្ឋាភិបាល​និង​អ្នក​គ្រប់គ្រង​ដែរ។ ប្រាកដ​ហើយ ពួក​គេ​ទទួល​ស្គាល់​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​ចុះ​ចូល​ចំពោះ​«រាជការ»​ឬ​រដ្ឋាភិបាល។ (រ៉ូម ១៣:១​-​៧) ប៉ុន្តែ តើ​ព្រះ​គម្ពីរ​មាន​គោលការណ៍​អ្វី​ខ្លះ​ស្តី​អំពី​ការ​ច្រៀង​ចំរៀង​ដែល​បង្ហាញ​ពី​ស្មារតី​ស្នេហា​ជាតិ ដូច​ជា​ចំរៀង​ជាតិ​ជា​ដើម?

តើ​ចំរៀង​ជាតិ​ជា​អ្វី?

សព្វ​វចនាធិប្បាយ​អាមេរិកាណា​ចែង​ថា​៖ «ចំរៀង​ជាតិ​គឺ​ជា​ការ​បញ្ជាក់​ពី​ការ​ស្នេហា​ជាតិ ហើយ​ចំរៀង​ទាំង​នេះ​ច្រើន​តែ​មាន​ការ​អំពាវនាវ​សុំ​ព្រះ​ណែនាំ​និង​ការពារ​ប្រជាជន​ឬ​ក៏​អ្នក​គ្រប់គ្រង»។ ការ​ពិត ចំរៀង​ជាតិ​គឺ​ជា​សេចក្ដី​អធិស្ឋាន​ឬ​ក៏​ចំរៀង​ថ្វាយ​ព្រះ​ដើម្បី​ជាតិ​របស់​ខ្លួន។ ចំរៀង​នោះ​ច្រើន​តែ​មាន​ការ​អំពាវនាវ​សុំ​ឲ្យ​ប្រទេស​ជាតិ​រីក​ចំរើន​ឲ្យ​បាន​រុងរឿង និង​ស្ថិត​ស្ថេរ​ជា​យូរ​អង្វែង។ តើ​គ្រីស្ទាន​ពិត​គួរ​ចូល​រួម​ក្នុង​សេចក្ដី​អធិស្ឋាន​បែប​នេះ​ឬ?

ព្យាការី​យេរេមា​បាន​រស់​នៅ​ក្នុង​ចំណោម​ប្រជាជន​ដែល​បាន​អះអាង​ថា​ពួក​គេ​បំរើ​ព្រះ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ពួក​គេ​ថា​៖ «កុំ​ឲ្យ​អធិស្ឋាន​ឲ្យ​ជនជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​បន្លឺ​សំឡេង​អំពាវនាវ ឬ​អធិស្ឋាន​ឲ្យ​គេ ឬ​អង្វរ​ដល់​អញ​ជំនួស​គេ​ឲ្យ​សោះ ពីព្រោះ​អញ​មិន​ព្រម​ស្ដាប់​ឯង​ទេ»។ (យេរេមា ៧:១៦; ១១:១៤; ១៤:១១) ហេតុ​អ្វី​បាន​ជា​ព្រះ​បង្គាប់​យេរេមា​ដូច្នេះ? ពីព្រោះ​សង្គម​អ៊ីស្រាអែល​បាន​ពោរពេញ​ទៅ​ដោយ​ការ​លួច ឃាតកម្ម ការ​ផិត ការ​ស្បថ​បំពាន និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។—យេរេមា ៧:៩

ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ទុក​គំរូ​ឲ្យ​យើង​កាន់​តាម ពេល​ទ្រង់​មាន​បន្ទូល​ថា​៖ «ទូល​បង្គំ​អធិស្ឋាន​ឲ្យ​គេ មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល​បង្គំ​វិញ»។ (យ៉ូហាន ១៧:៩) បទ​គម្ពីរ​ចែង​ថា «លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច»​ហើយ​«កំពុង​កន្លង​ទៅ»។ (យ៉ូហានទី១ ២:១៧; ៥:១៩) ដូច្នេះ តើ​មនសិការ​របស់​គ្រីស្ទាន​ពិត​ម្នាក់​អាច​អនុញ្ញាត​ឲ្យ​គាត់​អធិស្ឋាន​សុំ​ព្រះ​ប្រទាន​ពរ​មក​លើ​របប​លោកីយ៍​នេះ​ឲ្យ​មាន​ភាព​រុងរឿង និង​ការពារ​ឲ្យ​ស្ថិត​ស្ថេរ​យូរ​អង្វែង​បាន​ទេ?

តែ​មិន​មែន​ចំរៀង​ជាតិ​ទាំង​អស់​ដែល​អំពាវនាវ​រក​ព្រះ​នោះ​ទេ។ សព្វ​វចនាធិប្បាយ​ប៊្រីធែណនីកា​ចែង​ថា​៖ «អត្ថន័យ​ក្នុង​ចំរៀង​ជាតិ​មាន​ខុសៗ​គ្នា​ទាំង​អស់។ មាន​តាំង​ពី​សេចក្ដី​អធិស្ឋាន​សំរាប់​ស្តេច និង​មាន​ការ​ច្រៀង​អំពី​ចំបាំង​ឬ​ការ​បះបោរ​បដិវត្ត​សំខាន់ៗ​របស់​ប្រទេស​ជាតិ . . . ហើយ​ក៏​អាច​មាន​ការ​បញ្ជាក់​ពី​អារម្មណ៍​នៃ​ការ​ស្នេហា​ជាតិ​ផង​ដែរ»។ ប៉ុន្តែ តើ​បុគ្គល​ដែល​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​អាច​ច្រៀង​អបអរ​ចំបាំង​ឬ​ក៏​ការ​បដិវត្តន៍​របស់​ប្រទេស​ផ្សេងៗ​បាន​ទេ? អេសាយ​បាន​ទាយ​អំពី​អ្នក​ថ្វាយ​បង្គំ​ពិត​ថា​៖ «គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ»។ (អេសាយ ២:៤) សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ទោះ​បើ​យើង​ខ្ញុំ​ដើរ​ក្នុង​សាច់​ឈាម​មែន គង់​តែ​មិន​តយុទ្ធ​តាម​សាច់​ឈាម​ទេ។ ព្រោះ​គ្រឿង​សស្ដ្រាវុធ​ពិជ័យ​សង្គ្រាម​របស់​យើង​ខ្ញុំ មិន​មែន​ជា​របស់​ខាង​សាច់​ឈាម​ទេ»។—កូរិនថូសទី២ ១០:៣, ៤

ចំរៀង​ជាតិ​ច្រើន​តែ​លើក​បញ្ជាក់​ពី​មោទនភាព​របស់​ជាតិ​ឬ​គំនិត​ថា​សាសន៍​ខ្លួន​គឺ​ល្អ​ជាង​គេ។ គំនិត​បែប​នេះ​គ្មាន​មូលដ្ឋាន​ក្នុង​បទ​គម្ពីរ​ឡើយ។ ក្នុង​អត្ថាធិប្បាយ​របស់​ប៉ុល​នៅ​ភ្នំ​អើរីយ៉ូ​ស គាត់​បាន​និយាយ​ថា​៖ «[ព្រះ​យេហូវ៉ា]បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១​ឲ្យ​បាន​នៅ​ពេញ​លើ​ផែនដី»។ (កិច្ចការ ១៧:២៦) សាវ័ក​ពេត្រុស​បាន​និយាយ​ថា​៖ «ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ»។—កិច្ចការ ១០:៣៤, ៣៥

ដោយសារ​មាន​ការ​យល់​ដឹង​អំពី​ព្រះ​គម្ពីរ មនុស្ស​ជា​ច្រើន​សម្រេច​ចិត្ត​ដោយ​ខ្លួន​គេ​ផ្ទាល់​ថា ពួក​គេ​នឹង​មិន​ចូល​រួម​ក្នុង​ការ​ធ្វើ​គារវកិច្ច​ចំពោះ​ទង់ជាតិ​និង​ច្រៀង​ចំរៀង​ស្នេហា​ជាតិ​ណា​ទេ។ ប៉ុន្តែ តើ​ពួក​គេ​ត្រូវ​ធ្វើ​យ៉ាង​ណា​នៅ​ពេល​ដែល​ជួប​នឹង​រឿង​នេះ​ដោយ​ផ្ទាល់​នោះ?

កុំ​ចូល​រួម​តែ​បង្ហាញ​ការ​គោរព

ស្តេច​នេប៊ូក្នេសា​ដែល​ជា​ស្តេច​សាសន៍​បាប៊ីឡូន​ពី​បុរាណ បាន​តាំង​រូប​ធំ​សម្បើម​មួយ​នៅ​វាល​ឌូរ៉ា ដើម្បី​ពង្រឹង​នូវ​ឯកភាព​នៃ​ចក្រភព​របស់​ទ្រង់។ រួច​មក ទ្រង់​បាន​រៀប​ចំ​ឲ្យ​មាន​ពិធី​ស​ម្ពោធន៍ ហើយ​បាន​អញ្ជើញ​ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅហ្វាយ​ស្រុក ពួក​ចៅក្រម និង​មន្ត្រី​ជាន់​ខ្ពស់​ឯ​ទៀត។ មនុស្ស​គ្រប់​រូប​ដែល​បាន​ជួប​ជុំ​នៅ​វាល​ឌូរ៉ា​ត្រូវ​ក្រាប​ថ្វាយ​បង្គំ​រូប​នោះ​នៅ​ពេល​ដែល​ពួក​គេ​ឮ​ភ្លេង​ចាប់​ផ្ដើម។ ក្នុង​ចំណោម​ពួក​អ្នក​ដែល​ត្រូវ​មាន​វត្តមាន​នៅ​ទី​នោះ ក៏​មាន​យុវ​វ័យ​សាសន៍​ហេព្រើរ​បី​នាក់ គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ។ តើ​ពួក​គេ​បាន​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្ហាញ​ថា​ពួក​គេ​មិន​ចូល​រួម​ក្នុង​ពិធី​សាសនា​នេះ? នៅ​ពេល​ដែល​ភ្លេង​ចាប់​ផ្ដើម​និង​អ្នក​ដែល​បាន​ជួប​ជុំ​នៅ​ទី​នោះ​ក្រាប​ថ្វាយ​បង្គំ​រូប​នោះ ជន​ហេព្រើរ​បី​នាក់​នេះ​នៅ​តែ​បាន​បន្ត​ឈរ។—ដានីយ៉ែល ៣:១​-​១២

សព្វ​ថ្ងៃ​នេះ មនុស្ស​ច្រើន​តែ​ធ្វើ​គារវកិច្ច​ចំពោះ​ទង់ជាតិ​ដោយ​លើកដៃ​ទៅ​ខាង​មុខ ឬ​ក៏​ដាក់​ដៃ​លើ​ថ្ងាស ឬ​មួយ​ក៏​ដាក់​ដៃ​លើ​បេះដូង។ ជួន​កាល ពួក​គេ​ត្រូវ​មាន​ឥរិយាបថ​ពិសេស​នៅ​ពេល​ធ្វើ​គារវកិច្ច។ នៅ​ប្រទេស​ខ្លះ ក្មេងៗ​ត្រូវ​លុត​ជង្គង់​និង​ថើប​ទង់ជាតិ។ ដោយ​ឈរ​ស្ងៀម​នៅ​ពេល​ដែល​អ្នក​ឯ​ទៀត​ធ្វើ​គារវកិច្ច​នោះ ជន​គ្រីស្ទាន​ពិត​បង្ហាញ​តាម​របៀប​គោរព​ថា ពួក​គេ​គ្រាន់​តែ​ជា​អ្នក​មើល​តែ​មិន​ចូល​រួម​ទេ។

ចុះ​យ៉ាង​ណា​វិញ បើ​មនុស្ស​គោរព​ទង់ជាតិ​ដោយ​គ្រាន់​តែ​ឈរ​ប៉ុណ្ណោះ? ឧបមា​ថា នៅ​ឯ​សាលា​រៀន​សិស្ស​ម្នាក់​ត្រូវ​គេ​ជ្រើសរើស​ឲ្យ​ចេញ​ទៅ​ទីធ្លា​សាលា​ដើម្បី​ធ្វើ​គារវកិច្ច​ចំពោះ​ទង់ជាតិ​ជា​តំណាង​សិស្ស​ទាំង​ឡាយ ហើយ​នៅ​ពេល​ដែល​គាត់​ធ្វើ​គារវកិច្ច​នោះ​សិស្ស​នៅ​ក្នុង​បន្ទប់​ត្រូវ​ឈរ។ ក្នុង​ករណី​នេះ​ការ​ឈរ​ប៉ុណ្ណោះ​បង្ហាញ​ថា យើង​យល់​ព្រម​ឲ្យ​មាន​សិស្ស​ម្នាក់​តំណាង​យើង​ក្នុង​ការ​ធ្វើ​គារវកិច្ច​ចំពោះ​ទង់ជាតិ។ ដូច្នេះ ការ​ឈរ​ជា​ការ​ចូល​រួម​ក្នុង​ពិធី​នេះ​តែ​ម្ដង។ បើ​មាន​ករណី​នេះ អ្នក​ដែល​ចង់​បង្ហាញ​តាម​របៀប​គោរព​ថា ខ្លួន​គ្រាន់​តែ​ជា​អ្នក​មើល​តែ​ប៉ុណ្ណោះ គាត់​នឹង​អង្គុយ​បន្ត​ហើយ​នៅ​ស្ងៀម។ ចុះ​យ៉ាង​ណា​វិញ បើ​មុន​ពេល​ដែល​ពិធី​គោរព​ទង់ជាតិ​ចាប់​ផ្ដើម​នោះ សិស្ស​កំពុង​តែ​ឈរ​រួច​ហើយ? ក្នុង​ករណី​នេះ ការ​ឈរ​បន្ត​មិន​បង្ហាញ​ថា​ខ្លួន​ចូល​រួម​ទេ។

ចុះ​បើ​គ្មាន​អ្នក​ណា​សុំ​អ្នក​ធ្វើ​គារវកិច្ច​ចំពោះ​ទង់ជាតិ​ទេ តែ​គ្រាន់​តែ​សុំ​អ្នក​កាន់​ទង់ជាតិ​ប៉ុណ្ណោះ ដូច​ជា​ក្នុង​ការ​ដើរ​ជា​ក្បួនហែ​ទង់ជាតិ ឬ​ក៏​កាន់​នៅ​ក្នុង​បន្ទប់​រៀន ឬ​មួយ​ក៏​កាន់​នៅ​កន្លែង​ផ្សេង​ទៀត​ឲ្យ​អ្នក​ដទៃ​គោរព​ទង់ជាតិ​នោះ? ដោយ​«រត់​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ចេញ»​នោះ ទង្វើ​បែប​នេះ​បាន​ន័យ​ថា​អ្នក​មាន​មុខ​ងារ​សំខាន់​បំផុត​ក្នុង​ពិធី​នេះ។ នេះ​គឺ​ដូច​គ្នា​ដែរ​ក្នុង​ការ​ដើរ​ក្បួន​ដង្ហែ​ដែល​បង្ហាញ​ពី​ការ​ស្នេហា​ជាតិ។ ដោយសារ​ការ​ធ្វើ​ដូច្នេះ​ជា​ការ​គាំទ្រ​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ហែ​ដើម្បី​លើក​ដំកើង​នោះ គ្រីស្ទាន​ពិត​ធ្វើ​តាម​មនសិការ​ខ្លួន​និង​មិន​ចូល​រួម។

ពេល​មាន​ការ​ចាក់​ភ្លេង​ឬ​ច្រៀង​ចំរៀង​ជាតិ ធម្មតា​មនុស្ស​ម្នាក់​មាន​តែ​ឈរ​ដើម្បី​បង្ហាញ​ថា​គាត់​យល់​ព្រម​នឹង​ចំរៀង​នោះ។ ក្នុង​ករណី​នេះ ជន​គ្រីស្ទាន​អង្គុយ​បន្ត។ ប៉ុន្តែ បើ​ពួក​គេ​កំពុង​តែ​ឈរ​មុន​ដែល​គេ​ចាក់​ភ្លេងជាតិ​នោះ គេ​មិន​ចាំបាច់​ព្យាយាម​រក​កន្លែង​អង្គុយ​ទេ ពីព្រោះ​ពួក​គេ​មិន​បាន​ឈរ​សំរាប់​ភ្លេងជាតិ​នោះ​ទេ។ ក៏​ប៉ុន្តែ បើ​យើង​នៅ​ក្នុង​ក្រុម​មនុស្ស​ដែល​ត្រូវ​ឈរ​ហើយ​ច្រៀង​ទៀត ហើយ​យើង​គ្រាន់​តែ​ឈរ​តែ​អត់​ច្រៀង​ទេ នេះ​មិន​បាន​ន័យ​ថា​យើង​យល់​ព្រម​នឹង​ចំរៀង​នោះ​ទេ។

‹ចូរ​មាន​មនសិការ​ល្អ›

ក្រោយ​មក​អ្នក​តែង​បទ​ទំនុកដំកើង​បាន​បញ្ជាក់​ថា រូប​និង​វត្ថុ​ដែល​មនុស្ស​សូន​បង្កើត​ដើម្បី​គោរព​នោះ​គ្មាន​អំណាច​អ្វី​សោះ ទំនុក​នោះ​ក៏​ចែង​ទៀត​ថា​៖ «ជាង​ដែល​ធ្វើ អើ! អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ទាំង​នោះ គេ​នឹង​បាន​ដូច​ជា​រូប​នោះ​ដែរ»។ (ទំនុកដំកើង ១១៥:៤​-​៨) ប្រាកដ​ហើយ គឺ​មិន​ត្រឹម​ត្រូវ​ទេ​បើ​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ធ្វើ​ការងារ​ណា​ដែល​តម្រូវ​ឲ្យ​ចូល​រួម​ផលិត​វត្ថុ​ដែល​មនុស្ស​គោរព​ថ្វាយ​បង្គំ ដូច​ជា​ទង់ជាតិ​ជា​ដើម។ (យ៉ូហានទី១ ៥:២១) ប្រហែល​ជា​មាន​ករណី​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ការងារ​ធ្វើ ដែល​តម្រូវ​ឲ្យ​គ្រីស្ទាន​ម្នាក់​បង្ហាញ​តាម​របៀប​គោរព​ថា​គាត់​មិន​ថ្វាយ​បង្គំ​ទង់ជាតិ​ឬ​អ្វីៗ​ដែល​ទង់ជាតិ​តំណាង​ទេ តែ​គាត់​ថ្វាយ​បង្គំ​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។

ជា​ឧទាហរណ៍ និយោជក​ប្រហែល​ជា​សុំ​បុគ្គលិក​ម្នាក់​បង្ហូត​ទង់ជាតិ​ឡើង​ឬ​ក៏​ទាញ​ចុះ​នៅ​កន្លែង​ធ្វើ​ការ។ ការ​សម្រេច​ចិត្ត​ថា តើ​ខ្លួន​នឹង​ធ្វើ​ឬ​មិន​ធ្វើ​នោះ​ស្រេច​ទៅ​លើ​ទស្សនៈ​របស់​គាត់​ចំពោះ​កាលៈទេសៈ​នេះ។ បើ​ការ​បង្ហូត​ទង់ជាតិ​ឡើង​គឺ​ជា​ផ្នែក​នៃ​ពិធី​ពិសេស​មួយ​ដែល​មាន​មនុស្ស​ឈរ​គោរព​ឬ​ធ្វើ​គារវកិច្ច​ចំពោះ​ទង់ជាតិ នោះ​ការ​បង្ហូត​ឡើង​ឬ​ក៏​ទាញ​ចុះ​គឺ​ជា​ការ​ចូល​រួម​ក្នុង​ពិធី​នេះ។

ប៉ុន្តែ បើ​គ្មាន​ពិធី​ទេ​ការ​បង្ហូត​ទង់ជាតិ​ឡើង​ឬ​ក៏​ទាញ​ចុះ នេះ​គឺ​មិន​ខុស​ពី​កិច្ចការ​ធម្មតា​ក្នុង​ការ​រៀប​ចំ​អាគារ​សំរាប់​ធ្វើ​ការ ដូច​ជា​ការ​បើក​ឬ​បិទ​ទ្វារ និង​ការ​បើក​ឬ​បិទ​បង្អួច​ជា​ដើម។ ក្នុង​ករណី​បែប​នេះ ទង់ជាតិ​គ្រាន់​តែ​ជា​វត្ថុ​តំណាង​រដ្ឋាភិបាល ហើយ​ការ​ទាញ​ឡើង​ឬ​ទាញ​ចុះ​ពេល​ដែល​ធ្វើ​កិច្ចការ​រៀប​ចំ​កន្លែង​ធ្វើ​ការ គឺ​ជា​រឿង​ដែល​ត្រូវ​សម្រេច​ដោយ​មនសិការ​ខ្លួន​ឯង​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ។ (កាឡាទី ៦:៥) មនសិការ​របស់​មនុស្ស​ម្នាក់​ប្រហែល​ជា​ជំរុញ​ឲ្យ​គាត់​សុំ​អ្នក​ត្រួត​ពិនិត្យ​របស់​គាត់ ឲ្យ​អ្នក​ត្រួត​ពិនិត្យ​សុំ​បុគ្គលិក​ផ្សេង​ទៀត​បង្ហូត​ទង់ជាតិ។ មនសិការ​របស់​គ្រីស្ទាន​ម្នាក់​ទៀត ប្រហែល​ជា​អនុញ្ញាត​ឲ្យ​គាត់​បង្ហូត​ទង់ជាតិ​ឲ្យ​តែ​គ្មាន​ពិធី។ មិន​ថា​គាត់​សម្រេច​ចិត្ត​យ៉ាង​ណា​ក៏​ដោយ អ្នក​ថ្វាយ​បង្គំ​ពិត​គួរ​«មាន​មនសិការ​ល្អ»​នៅ​ចំពោះ​ព្រះ។—១​ពេត្រុស[ពេត្រុសទី១] ៣:១៦, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

គ្មាន​គោលការណ៍​បទ​គម្ពីរ​ណា​ដែល​ហាម​មិន​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ឬ​ក៏​ចូល​ទៅ​ក្នុង​អាគារ​សាធារណៈ​ដូច​ជា​អាគារ​ក្រុម​ពន្លត់​អគ្គិភ័យ សាលា​ក្រុង និង​សាលា​រៀន​ដែល​មាន​ទង់ជាតិ​នៅ​ទីធ្លា​នោះ​ទេ។ ជួន​កាល តែ​ម ផ្លាក​លេខ ឬ​វត្ថុ​ឯ​ទៀត​ដែល​រដ្ឋាភិបាល​ផលិត​មាន​រូប​ទង់ជាតិ។ ការ​ប្រើ​របស់​ទាំង​នេះ​មិន​បាន​ន័យ​ថា បុគ្គល​ម្នាក់​ចូល​រួម​ក្នុង​ការ​គោរព​របស់​នោះ​ឡើយ។ ក្នុង​ករណី​នេះ អ្វី​ដែល​សំខាន់​មិន​មែន​ថា​របស់​នោះ​មាន​រូប​ទង់ជាតិ​នោះ​ទេ តែ​គឺ​របៀប​មនុស្ស​ប្រព្រឹត្ត​ចំពោះ​របស់​នោះ​ទៅ​វិញ​ទេ។

ជួន​កាល មនុស្ស​ដាក់​តាំង​ទង់ជាតិ​នៅ​លើ​បង្អួច ទ្វារ ឡាន តុ ឬ​វត្ថុ​ឯ​ទៀត។ ខោ​អាវ​ដែល​មាន​រូប​ទង់ជាតិ​ក៏​មាន​លក់​ដែរ។ នៅ​ប្រទេស​ខ្លះ ការ​ស្លៀក​ពាក់​របស់​ទាំង​នេះ​គឺ​ខុស​ច្បាប់។ សូម្បីតែ​ក្នុង​ករណី​ដែល​ការ​ស្លៀក​ពាក់​ខោ​អាវ​ដែល​មាន​ទង់ជាតិ​គឺ​មិន​ខុស​ច្បាប់​រដ្ឋ​ក្ដី តើ​ការ​ស្លៀក​ពាក់​របស់​នេះ​នឹង​បង្ហាញ​យ៉ាង​ណា​អំពី​គោល​ជំហរ​របស់​បុគ្គល​ម្នាក់​ចំពោះ​លោកីយ៍? ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​សិស្ស​របស់​ទ្រង់​ថា​៖ «គេ​មិន​មែន​ជា​របស់​ផង​លោកីយ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ»។ (យ៉ូហាន ១៧:១៦) យើង​ក៏​ត្រូវ​ចាំ​ថា​ការ​ស្លៀក​ពាក់​របស់​យើង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ជឿ​គ្នីគ្នា។ តើ​នេះ​អាច​បង្ខូច​មនសិការ​របស់​បងប្អូន​រួម​ជំនឿ​យើង​ឬ​ទេ? តើ​នេះ​នឹង​ធ្វើ​ឲ្យ​គោល​ជំហរ​របស់​គេ​ចំពោះ​សេចក្ដី​ពិត​ទៅ​ជា​ខ្សោយ​ឬ? ប៉ុល​បាន​ដាស់​តឿន​ជន​គ្រីស្ទាន​ថា​៖ «[ចូរ]ឲ្យ​អ្នក​រាល់​គ្នា​បាន​លមើល ឲ្យ​ស្គាល់​អស់​ទាំង​សេចក្ដី​ដែល​ប្រសើរ ដើម្បី​ឲ្យ​បាន​ជ្រះថ្លា ហើយ​ឥត​ធ្វើ​ឲ្យ​អ្នក​ណា​អាក់អន់​ចិត្ត[«ជំពប់​ដួល»​, ព.ថ.]ឡើយ»។—ភីលីព ១:១០

«គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាបសា​ដល់​មនុស្ស​ទាំង​អស់»

ក្នុង​កំឡុង​«គ្រា​លំបាក»​នេះ ពេល​ដែល​ស្ថានភាព​របប​លោកីយ៍​នេះ​បន្ត​ចុះ​អន់ថយ​ទៅៗ មនុស្ស​ទំនង​ជា​នឹង​មាន​ការ​ស្នេហា​ជាតិ​រឹតតែ​ខ្លាំង​ឡើងៗ។ (ធីម៉ូថេទី២ ៣:១) សូម​ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​ចាំ​ជានិច្ច​ថា មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ​ដែល​ជា​អ្នក​សង្គ្រោះ។ ទ្រង់​គួរ​នឹង​ទទួល​ការ​ថ្វាយ​បង្គំ​ផ្ដាច់​មុខ។ ពេល​សាវ័ក​របស់​ព្រះ​យេស៊ូ​បាន​ត្រូវ​គេ​សុំ​ឲ្យ​ធ្វើ​អ្វី​ខុស​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​បាន​និយាយ​ថា​៖ «[យើង]ត្រូវ​តែ​ស្ដាប់​បង្គាប់​របស់​ព្រះ​ជាជាង​មនុស្ស»។—កិច្ចការ ៥:២៩

សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖‹មិន​គួរ​ឲ្យ​បាវ​បំរើ​នៃ​ព្រះ​អម្ចាស់​ឈ្លោះ​ប្រកែក​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាបសា​ដល់​មនុស្ស​ទាំង​អស់​វិញ›។ (ធីម៉ូថេទី២ ២:២៤) ដូច្នេះ គ្រីស្ទាន​ព្យាយាម​មាន​មេត្រីភាព មាន​ការ​គោរព និង​ដោយ​សុភាព​ពេល​ពួក​គេ​ពឹងពាក់​មនសិការ​ខ្លួន​ដែល​បាន​ត្រូវ​បង្វឹក​បង្វឺន​ពី​ព្រះ​គម្ពីរ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ស្តី​អំពី​ការ​ធ្វើ​គារវកិច្ច​ចំពោះ​ទង់ជាតិ​និង​ការ​ច្រៀង​ចំរៀង​ជាតិ។

[រូបភាព​នៅ​ទំព័រ​៣០]

ដោយ​តាំង​គោល​ជំហរ​មាំមួន យុវជន​ហេព្រើរ​បី​នាក់​បាន​សម្រេច​ចិត្ត​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ

[រូបភាព​នៅ​ទំព័រ​៣១]

តើ​គ្រីស្ទាន​ម្នាក់​ត្រូវ​ធ្វើ​យ៉ាង​ណា ក្នុង​ពិធី​បង្ហាញ​ពី​ការ​ស្នេហា​ជាតិ?