លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឥឡូវនេះ ចូរនៅភ្ញាក់ខាងវិញ្ញាណជាងមុនៗទៅទៀត!

ឥឡូវនេះ ចូរនៅភ្ញាក់ខាងវិញ្ញាណជាងមុនៗទៅទៀត!

ឥឡូវ​នេះ ចូរ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ​ជាង​មុនៗ​ទៅ​ទៀត!

​«ហេតុ​នេះ យើង​មិន​ត្រូវ​ដេក​លក់​ដូច​អ្នក​ឯ​ទៀតៗ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រុង​ស្មារតី ហើយ​ភ្ញាក់​ខ្លួន​ជានិច្ច»។—ថែស្សាឡូនីចទី១ ៥:៦, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១, ២​. (ក) តើ​ទី​ក្រុង​ប៉ុមប៉េ​និង​ទី​ក្រុង​ហឺខូឡានិម ជា​ទី​ក្រុង​បែប​ណា? (ខ) តើ​ប្រជាជន​នៅ​ទី​ក្រុង​ប៉ុមប៉េ​និង​ទី​ក្រុង​ហឺខូឡានិម​បាន​ធ្វើ​ព្រងើយ​កន្តើយ​នឹង​សញ្ញា​នៃ​គ្រោះថ្នាក់​ដែល​ទុក​ជា​ការ​ព្រមាន​អ្វី? ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

នៅ​ក្នុង​សតវត្ស​ទី​មួយ​សករាជ​យើង ទី​ក្រុង​ប៉ុមប៉េ​និង​ទី​ក្រុង​ហឺខូឡានិម គឺ​ជា​ទី​ក្រុង​ពីរ​ដែល​មាន​ការ​រីក​ចំរើន​នៅ​ប្រទេស​រ៉ូម ហើយ​ទី​ក្រុង​ពីរ​នេះ​ស្ថិត​នៅ​ជិត​ភ្នំ​វិស៊ូវាស។ ចំពោះ​ពួក​អ្នក​មាន​ជនជាតិ​រ៉ូម​ចាត់​ទុក​ថា ទី​ក្រុង​ទាំង​នេះ​ជា​រមណីយដ្ឋាន​ដ៏​ប្រជាប្រិយ។ នៅ​ទី​ក្រុង​ទាំង​នេះ​មាន​រង្គមណ្ឌល​ដែល​អង្គុយ​បាន​ជាង​មួយ​ពាន់​នាក់ ហើយ​នៅ​ទីក្រុង​ប៉ុមប៉េ​មាន​រង្គ​មណ្ឌល​ធំ​ដែល​អង្គុយ​បាន​សឹង​តែ​ប្រជាជន​ទាំង​អស់​ក្នុង​ក្រុង​នោះ។ ពួក​អ្នក​ជីក​រុករក​ក្នុង​ដី​នៅ​ក្រុង​ប៉ុមប៉េ​បាន​រក​ឃើញ​បារ​ប្រហែល​១១៨ ហើយ​បារ​ខ្លះ​គឺ​ជា​កន្លែង​លេង​ល្បែង​ឬ​ផ្ទះ​បន​ស្រី។ អំពើ​អសីលធម៌​និង​វត្ថុ​និយម​គឺ​មាន​ជា​ទូទៅ ហើយ​គំនូរ​តាម​ជញ្ជាំង​និង​វត្ថុ​បុរាណ​ពី​សម័យ​ដើម​បាន​បញ្ជាក់​ដូច្នេះ​មែន។

ភ្នំ​វិស៊ូវាស​ចាប់​ផ្ដើម​ផ្ទុះ​នៅ​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​៧៩​ស.យ.។ ពួក​អ្នកវិទ្យាសាស្ត្រ​ដែល​សិក្សា​អំពី​ភ្នំ​ភ្លើង​ជឿ​ថា ការ​ផ្ទុះ​ដំបូង​គឺ​ធ្លាក់​កំអែល​តិច​តួច​និង​ធ្លាក់​ផេះ​ទៅ​លើ​ទី​ក្រុង​ទាំង​ពីរ ហើយ​ការ​ផ្ទុះ​នេះ​ប្រហែល​ជា​គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាជន​មិន​អាច​ភៀស​ខ្លួន​ចេញ​នោះ​ទេ។ ប្រាកដ​ហើយ មនុស្ស​ជា​ច្រើន​បាន​ភៀស​ខ្លួន​ចេញ​ពី​ទី​នោះ។ ប៉ុន្តែ មនុស្ស​ឯ​ទៀត​បាន​សម្រេច​ចិត្ត​នៅ​ទី​នោះ ដោយសារ​ពួក​គេ​មើល​ស្រាល​គ្រោះថ្នាក់ ឬ​បាន​ព្រងើយ​កន្តើយ​នឹង​សញ្ញា​នៃ​គ្រោះថ្នាក់​ដែល​ទុក​ជា​ការ​ព្រមាន​នោះ។ រួច​មក ប្រហែល​ជា​ពាក់​កណ្ដាល​អធ្រាត្រ ឧស្ម័ន ថ្ម និង​កំអែល​ដ៏​ក្ដៅ​ក្រៃលែង​បាន​ផ្ទុះ​ចេញ​ពី​ភ្នំ​ភ្លើង​នេះ​ដោយ​ឮ​ខ្ទរខ្ទារ​យ៉ាង​ខ្លាំង ហើយ​កំអែល​ដ៏​ក្ដៅ​នេះ​បាន​ធ្លាក់​ចុះ​ទៅ​ក្នុង​ក្រុង​ហឺខូឡានិម។ ការ​ផ្ទុះ​នេះ​បាន​ធ្វើ​ឲ្យ​ថប់​ដង្ហើម​ស្លាប់​មនុស្ស​ទាំង​អស់​ដែល​មិន​បាន​ភៀស​ខ្លួន​ចេញ​ពី​ទី​ក្រុង​នោះ។ នៅ​ព្រឹក​ស្អែក​ក៏​មាន​ការ​ផ្ទុះ​ដូច​នេះ​ដែរ ដែល​បាន​សម្លាប់​មនុស្ស​ទាំង​អស់​នៅ​ទី​ក្រុង​ប៉ុមប៉េ។ នេះ​ជា​លទ្ធផល​ដ៏​ខ្លោចផ្សា​មែន​ដោយសារ​ការ​មិន​ធ្វើ​តាម​សញ្ញា​នៃ​គ្រោះថ្នាក់​ដែល​ទុក​ជា​ការ​ព្រមាន​នោះ!

ទីបញ្ចប់​នៃ​របប​យូដា

៣​. តើ​សេចក្ដី​ហិនវិនាស​នៅ​ទី​ក្រុង​យេរូសាឡិម​និង​នៅ​ទី​ក្រុង​ប៉ុមប៉េ​ហើយ​ទី​ក្រុង​ហឺខូឡានិម​មាន​សភាព​ដូច​គ្នា​យ៉ាង​ណា?

ការ​ហិនវិនាស​ដ៏​ធំ​មួយ​នៅ​ក្រុង​យេរូសាឡិម​ប្រាំ​បួន​ឆ្នាំ​មុន​ទីបញ្ចប់​ដ៏​គួរ​ឲ្យ​រន្ធត់​នៃ​ទី​ក្រុង​ប៉ុមប៉េ​និង​ទី​ក្រុង​ហឺខូឡានិម​នោះ មាន​ទំហំ​ធំ​ជាង​ទៅ​ទៀត។ គេ​បាន​រៀប​រាប់​ថា​នេះ​ជា​«ការ​ឡោមព័ទ្ធ​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស» ហើយ​ការ​រាយ​ការណ៍​នេះ​បាន​ជួយ​យើង​ឲ្យ​ដឹង​ថា ព្រឹត្ដិការណ៍​នៃ​ការ​ឡោមព័ទ្ធ​នេះ​បាន​សម្លាប់​សាសន៍​យូដា​ជាង​មួយ​លាន​នាក់។ ប៉ុន្តែ ដូច​ជា​សេចក្ដី​ហិនវិនាស​នៅ​ទី​ក្រុង​ប៉ុមប៉េ​និង​ទី​ក្រុង​ហឺខូឡានិម នោះ​សេចក្ដី​ហិនវិនាស​នៃ​ទី​ក្រុង​យេរូសាឡិម ក៏​មិន​បាន​កើត​ឡើង​ដោយ​គ្មាន​ការ​ព្រមាន​នោះ​ដែរ។

៤​. តើ​ព្រះ​យេស៊ូ​បាន​ប្រទាន​ទំនាយ​អ្វី ដើម្បី​ព្រមាន​ពួក​សិស្ស​ទ្រង់​ថា​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ​គឺ​ជិត​ដល់​ហើយ? តើ​ទំនាយ​នេះ​បាន​សម្រេច​ដំបូង​នៅ​សតវត្ស​ទី​មួយ​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ទាយ​អំពី​សេចក្ដី​ហិនវិនាស​នៃ​ទី​ក្រុង​នេះ ហើយ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​អំពី​ព្រឹត្ដិការណ៍​ដែល​អាច​សំគាល់​មុន​សេចក្ដី​ហិនវិនាស​នៃ​ទី​ក្រុង​នេះ​នឹង​មក​ដល់ ពោល​គឺ​ព្រឹត្ដិការណ៍​ដ៏​ចលាចល​ដូច​ជា​សង្គ្រាម ការ​អត់​អាហារ កក្រើក​ដី និង​ការ​គ្មាន​ច្បាប់​ទម្លាប់។ ពួក​ព្យាការីក្លែង​ក្លាយ​នឹង​មាន​សកម្មភាព តែ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ត្រូវ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក។ (ម៉ាថាយ ២៤:៤​-​​៧, ១១​-​១៤) ទោះ​ជា​បន្ទូល​របស់​ព្រះ​យេស៊ូ​មាន​ការ​សម្រេច​ដ៏​ធំ​បំផុត​នៅ​សព្វ​ថ្ងៃ​នេះ​ក្ដី តែ​ក៏​បាន​សម្រេច​ដំបូង​នៅ​សម័យ​នោះ​ដែរ។ កំណត់​ហេតុ​ក្នុង​ប្រវត្ដិសាស្ត្រ​បង្ហាញ​ប្រាប់​ថា មាន​ទុរភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក​យូដា។ (កិច្ចការ ១១:២៨) លោក​យ៉ូសេហ្វឺស​ដែល​ជា​អ្នក​ប្រវត្ដិសាស្ត្រ​រាយការណ៍​ថា មាន​កក្រើក​ដី​ក្នុង​ក្រុង​យេរូសាឡិម​មុន​នឹង​សេចក្ដី​ហិនវិនាស​នៃ​ទី​ក្រុង​នេះ។ ពេល​ដែល​ទីបញ្ចប់​នៃ​ទី​ក្រុង​នេះ​ជិត​មក​ដល់ នោះ​មាន​ការ​បះបោរ មាន​ការ​ច្បាំង​គ្នា​ក្នុង​ទី​ក្រុង​រវាង​គណៈ​បក្ស​នយោបាយ​ផ្សេងៗ​របស់​យូដា និង​មាន​ការ​សម្លាប់​រង្គាល​ក្នុង​ទី​ក្រុង​ខ្លះៗ​ដែល​មាន​ជនជាតិ​យូដា​និង​សាសន៍​ឯ​ទៀត។ យ៉ាង​ណា​ក្ដី ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​កំពុង​តែ​ត្រូវ​ផ្សព្វផ្សាយ​«ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង»។—កូល៉ុស ១:២៣

៥, ៦​. (ក) តើ​ពាក្យ​ទំនាយ​អ្វី​របស់​ព្រះ​យេស៊ូ​បាន​ត្រូវ​សម្រេច​ក្នុង​ឆ្នាំ​៦៦ ស.យ.? (ខ) ហេតុ​អ្វី​បាន​ជា​មាន​មនុស្ស​ស្លាប់​ច្រើន​ម្ល៉េះ ពេល​ក្រុង​យេរូសាឡិម​រលំ​នៅ​ឆ្នាំ​៧០ ស.យ.?

នៅ​ទីបំផុត នៅ​ឆ្នាំ​៦៦ ស.យ. ពួក​យូដា​បាន​បះបោរ​នឹង​ពួក​រ៉ូម។ ពេល​លោក​ស៊ីស្ទាស ហ្កាឡាស​បាន​នាំ​ពួក​ទ័ព​មក​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម នោះ​ពួក​សិស្ស​ទ្រង់​បាន​នឹក​ចាំ​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ ដែល​ថា​៖ «កាល​ណា​ឃើញ​ពល​ទ័ព​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម នោះ​ត្រូវ​ឲ្យ​ដឹង​ថា សេចក្ដី​ហិនវិនាស​នៃ​ក្រុង​នោះ​ជិត​ដល់​ហើយ គ្រា​នោះ ត្រូវ​ឲ្យ​អស់​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ ហើយ​ពួក​អ្នក​នៅ​កណ្ដាល​ទី​ក្រុង ត្រូវ​រត់​ចេញ​ទៅ​ឲ្យ​ផុត ក៏​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​ស្រែ ចូល​ទៅ​ក្នុង​ទី​ក្រុង​ឡើយ»។ (លូកា ២១:២០, ២១) ពេល​ដែល​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​ទី​ក្រុង​យេរូសាឡិម​បាន​មក​ដល់​ហើយ។ ប៉ុន្តែ​តើ​ពួក​គេ​អាច​ភៀស​ខ្លួន​បាន​យ៉ាង​ណា​ទៅ? ដោយ​គ្មាន​មូលហេតុ​អ្វី​សោះ លោក​ហ្កាឡាស​បាន​ដក​ទ័ព​របស់​ខ្លួន​ឈប់​ឡោមព័ទ្ធ​ទៀត ហើយ​នេះ​បាន​បើក​ផ្លូវ​ឲ្យ​ពួក​គ្រីស្ទាន​ក្នុង​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​ធ្វើ​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ​និង​ភៀស​ខ្លួន​ចេញ​ទៅ​ឯ​ភ្នំ។—ម៉ាថាយ ២៤:១៥, ១៦

បួន​ឆ្នាំ​ក្រោយ​មក នៅ​ជិត​ពេល​ធ្វើ​បុណ្យ​រំលង នោះ​ឧត្តម​សេនីយ ទីតុស​ជា​មេ​បញ្ជា​ការ​របស់ពួក​ទាហាន​រ៉ូម​បាន​នាំ​ពួក​គេ​ឲ្យ​វិល​ត្រឡប់​មក​វិញ។ ឧត្តម​សេនីយ​នេះ​បាន​ប្ដេជ្ញា​នឹង​បង្ក្រាប​ពួក​យូដា​ឲ្យ​លែង​មាន​ការ​បះបោរ​ត​ទៅ​ទៀត។ កងទ័ព​របស់​លោក​បាន​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម​និង​បាន​សង់​«បន្ទាយ​នៅ​ជុំវិញ» ដែល​គ្មាន​អ្នក​ណា​អាច​រត់​គេច​បាន​ឡើយ។ (លូកា ១៩:៤៣, ៤៤) ទោះ​ជា​មាន​ការ​គំរាម​កំហែង​ថា​មាន​សង្គ្រាម​ក៏​ដោយ នោះ​ពួក​យូដា​ជា​ច្រើន​នាក់​ពី​គ្រប់​កន្លែង​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​ចក្រភព​រ៉ូម​បាន​ទៅ​ធ្វើ​បុណ្យ​រំលង​នៅ​ទី​ក្រុង​យេរូសាឡិម។ ឥឡូវ​នេះ​ពួក​គេ​ភៀស​ខ្លួន​ពុំ​បាន​ទេ។ យោង​ទៅ​តាម​លោក​យ៉ូសេហ្វឺស ពួក​ភ្ញៀវ​ទាំង​នេះ​ភាគ​ច្រើន​បាន​ទទួល​រងគ្រោះ​ពី​ការ​ឡោមព័ទ្ធ​នេះ។ * នៅ​ទីបំផុត ពេល​ក្រុង​យេរូសាឡិម​ត្រូវ​រលំ នោះ​មួយ​ភាគ​ប្រាំ​ពីរ​នៃ​ពួក​យូដា​ដែល​នៅ​ក្រោម​ចក្រភព​រ៉ូម​បាន​ស្លាប់​អស់។ សេចក្ដី​ហិនវិនាស​នៃ​ទីក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ​នៅ​ទី​នោះ ក៏​ទៅ​ជា​សេចក្ដី​ហិនវិនាស​នៃ​ពួក​យូដា​និង​ប្រព័ន្ធ​សាសនា​ដែល​មាន​មូលដ្ឋាន​លើ​ក្រិត្យ​វិន័យ​ម៉ូសេ​ដែរ។ *ម៉ាកុស ១៣:១, ២

៧​. ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​បាន​រួច​រស់​ជីវិត​ពី​សេចក្ដី​ហិនវិនាស​ក្នុង​ក្រុង​យេរូសាឡិម?

នៅ​ឆ្នាំ​៧០ ស.យ. នោះ​ពួក​គ្រីស្ទាន​ជាតិ​យូដា​ក៏​អាច​ស្លាប់ ឬ​ជាប់​ជា​ឈ្លើយ​ដូច​មនុស្ស​ឯ​ទៀត​ក្នុង​ក្រុង​យេរូសាឡិម​ដែរ។ ប៉ុន្តែ យោង​ទៅ​តាម​ទី​សំអាង​ដែល​មាន​ក្នុង​ប្រវត្ដិសាស្ត្រ ពួក​គ្រីស្ទាន​បាន​ធ្វើ​តាម​ការ​ព្រមាន​របស់​ព្រះ​យេស៊ូ ដែល​ទ្រង់​បាន​ប្រទាន​៣៧​ឆ្នាំ​មុន។ ពួក​គេ​បាន​ភៀស​ខ្លួន​ចេញ​ពី​ទី​ក្រុង​និង​មិន​បាន​ត្រឡប់​មក​វិញ​ទេ។

ការ​ព្រមាន​ពី​ពួក​សាវ័ក​ដែល​ពិត​ជា​ត្រូវ​ពេល

៨​. តើ​ពេត្រុស​បាន​យល់​ដឹង​អំពី​អ្វី? ហើយ​តើ​គាត់​ចង់​និយាយ​សំដៅ​ទៅ​ពាក្យ​បន្ទូល​ណា​របស់​ព្រះ​យេស៊ូ?

សព្វ​ថ្ងៃ​នេះ សេចក្ដី​ហិនវិនាស​ដែល​មាន​ទំហំ​រឹតតែ​ធំ​ជាង​ទៅ​ទៀត​នោះ​គឺ​កំពុង​តែ​មក​កាន់​តែ​ជិត​ហើយ។ សេចក្ដី​ហិនវិនាស​នេះ​នឹង​នាំ​មក​នូវ​ទីបញ្ចប់​នៃ​របប​លោកីយ៍​ទាំង​មូល។ ប្រាំ​មួយ​ឆ្នាំ​មុន​នឹង​សេចក្ដី​ហិនវិនាស​របស់​ក្រុង​យេរូសាឡិម នោះ​សាវ័ក​ពេត្រុស​បាន​ផ្ដល់​នូវ​ឱវាទ​យ៉ាង​បន្ទាន់​និង​ពិត​ជា​ត្រូវ​ពេល ដែល​ទាក់ទង​នឹង​បណ្ដា​គ្រីស្ទាន​នៅ​សម័យ​យើង​នេះ ពោល​គឺ​៖ ចូរ​ប្រុង​ស្មារតី! សាវ័ក​ពេត្រុស​បាន​យល់​ដឹង​ថា ពួក​គ្រីស្ទាន​ត្រូវ​រំឭក​ដាស់​តឿន​«សតិ​ស្មារតី»​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ពួក​គេ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​«សេចក្ដី​បញ្ញត្ត​របស់​ព្រះ​អម្ចាស់» ព្រះ​យេស៊ូ​គ្រីស្ទ។ (ពេត្រុសទី២ ៣:១, ២) ពេល​ពេត្រុស​ដាស់​តឿន​ពួក​គ្រីស្ទាន​ឲ្យ​ប្រុង​ស្មារតី នោះ​គាត់​ប្រហែល​ជា​ចង់​និយាយ​សំដៅ​ទៅ​ពាក្យ​ដែល​គាត់​បាន​ឮ​ព្រះ​យេស៊ូ​មាន​បន្ទូល​ដល់​ពួក​សាវ័ក មុន​នឹង​ព្រះ​យេស៊ូ​សោយទិវង្គត​ទៅ គឺ​ថា​៖ «ចូរ​ប្រុង​ប្រយ័ត ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ផង ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ពេល​កំណត់​នោះ​ទេ»។—ម៉ាកុស ១៣:៣៣

៩​. (ក) តើ​អ្នក​ខ្លះ​បណ្ដុះ​នូវ​ចិត្ត​គំនិត​អ្វី​ដែល​មាន​គ្រោះថ្នាក់​នោះ? (ខ) ហេតុ​អ្វី​ក៏​គំនិត​សង្ស័យ​បែប​នេះ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់?

សព្វ​ថ្ងៃ​នេះ អ្នក​ខ្លះ​សួរ​ដោយ​មើលងាយ​ថា​៖ «តើ​សេចក្ដី​សន្យា​ពី​ព្រះ​អង្គ​យាង​មក​នៅ​ឯ​ណា?» (ពេត្រុសទី២ ៣:៣, ៤) តាម​មើល​ទៅ អ្នក​ទាំង​នោះ​គិត​ថា​គ្មាន​ស្ថានភាព​អ្វី​ផ្លាស់ប្ដូរ​ទេ គឺ​នៅ​ដដែល​ដូច​ជា​មាន​ពី​កំណើត​លោកីយ​រៀង​មក។ ការ​ចំអក​ឡកឡឺយ​បែប​នេះ​គឺ​មាន​គ្រោះថ្នាក់​មែន។ ការ​សង្ស័យ​អាច​ធ្វើ​ឲ្យ​បាត់បង់​នូវ​ភាព​បន្ទាន់ និង​ធ្វើ​ឲ្យ​យើង​គិត​ចង់​ធ្វើ​អ្វី​ទៅ​តាម​ទំនើង​ចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ។ (លូកា ២១:៣៤) ម្យ៉ាង​ទៀត ដូច​ជា​ពេត្រុស​បាន​ប្រាប់​នោះ ពួក​ចំអក​មើលងាយ​ទាំង​នេះ​ភ្លេច​គិត​អំពី​ទឹក​ជំនន់​នៅ​សម័យ​លោក​ណូអេ ដែល​បាន​បំផ្លាញ​ចោល​របប​លោកីយ៍​ទាំង​មូល។ ស្ថានការណ៍​ពិត​ជា​បាន​ប្រែប្រួល​មែន​នៅ​ពេល​នោះ!—លោកុប្បត្តិ ៦:១៣, ១៧; ពេត្រុសទី២ ៣:៥, ៦

១០​. ចំពោះ​មនុស្ស​ដែល​លែង​មាន​ការ​អត់ធ្មត់ តើ​ពេត្រុស​ប្រើ​ពាក្យ​អ្វី​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ?

១០ ពេត្រុស​ជួយ​ឲ្យ​អ្នក​ដែល​អាន​សំបុត្រ​របស់​គាត់​បណ្ដុះ​នូវ​ចិត្ត​អត់ធ្មត់ ដោយ​រំឭក​ពួក​គេ​អំពី​មូលហេតុ​ដែល​ព្រះ​ពុំ​បាន​ចាត់​វិធានការ​ភ្លាមៗ។ មុន​ដំបូង ពេត្រុស​និយាយ​ថា​៖ «នៅ​ចំពោះ​ព្រះ​អម្ចាស់ ១​ថ្ងៃ​ទុក​ដូច​ជា​១​ពាន់​ឆ្នាំ ហើយ​១​ពាន់​ឆ្នាំ​ក៏​ទុក​ដូច​ជា​១​ថ្ងៃ​ដែរ»។ (ពេត្រុសទី២ ៣:៨) ដោយសារ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ជន្ម​ជា​រៀង​រហូត​នោះ ទ្រង់​អាច​ពិនិត្យ​មើល​នូវ​កត្ដា​ទាំង​អស់ និង​សម្រេច​ថា​ពេល​ណា​ជា​ឱកាស​ដ៏​ល្អ​បំផុត​ដើម្បី​នឹង​ចាត់​វិធានការ​នោះ។ រួច​មក ពេត្រុស​ប្រាប់​អំពី​សេចក្ដី​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​នៅ​គ្រប់​កន្លែង​កែ​ប្រែ​ចិត្ត។ ការ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ទទួល​បាន​សេចក្ដី​សង្គ្រោះ។ ប្រសិន​បើ​ព្រះ​យេហូវ៉ា​ធ្វើ​ឡើង​ដោយ​ឥត​មាន​ព្រះ​ដំរិះ​ជា​មុន​នោះ ពួក​គេ​នឹង​មិន​អាច​ទទួល​បាន​នូវ​សេចក្ដី​សង្គ្រោះ​ទេ។ (ធីម៉ូថេទី១ ២:៣, ៤; ពេត្រុសទី២ ៣:៩) ប៉ុន្តែ ការ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា មិន​បាន​ន័យ​ថា ទ្រង់​នឹង​មិន​ធ្វើ​អ្វី​សោះ​នោះ​ទេ។ ពេត្រុស​ពោល​ថា​៖ «ថ្ងៃ​នៃ​ព្រះ​អម្ចាស់ នោះ​នឹងមក​ដូច​ជា​ចោរ​ប្លន់»។—ពេត្រុសទី២ ៣:១០

១១​. តើ​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ? ហើយ​តើ​នេះ​នឹង​ធ្វើ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា‹ឆាប់​មក​ដល់​›ដូច​ម្ដេច?

១១ ការ​ប្រៀបធៀប​របស់​ពេត្រុស​គួរ​ឲ្យ​កត់​សម្គាល់​មែន។ បើ​អ្នក​យាម​នៅ​ភ្ញាក់​អស់​មួយ​យប់​នោះ ប្រហែល​ជា​អាច​មើល​ដឹង​ថា​មាន​ចោរជាង​អ្នក​យាម​ដែល​ដេក​រលីវៗ​ម្ដងម្កាល​នោះ ហើយ​ការ​ដេក​រលីវៗ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​យាម​ពិបាក​ចាប់​ពួក​ចោរ​បាន​ណាស់។ តើ​អ្នក​យាម​អាច​ធ្វើ​ឲ្យ​ខ្លួន​នៅ​ភ្ញាក់​បាន​យ៉ាង​ដូច​ម្ដេច? អ្នក​យាម​នឹង​អាច​ប្រុង​ស្មារតី​បាន​ល្អ​ជាង បើ​គាត់​ដើរ​ចុះ​ដើរ​ឡើង​ជាជាង​អង្គុយ​នៅ​មួយ​កន្លែង។ ស្រដៀង​គ្នា​ដែរ ការ​មាន​សកម្ម​ខាង​វិញ្ញាណ​នឹង​ជួយ​យើង​ឲ្យ​នៅ​ភ្ញាក់។ ហេតុ​នេះ​ហើយ ពេត្រុស​ដាស់​តឿន​យើង​ឲ្យ​បន្ត​ជាប់​រវល់​«ក្នុង​កិរិយា​បរិសុទ្ធ នឹង​សេចក្ដី​គោរព​ប្រតិបត្ដិ»។ (ពេត្រុសទី២ ៣:១១) ការ​ប្រព្រឹត្ត​បែប​នេះ​នឹង​ជួយ​យើង​ឲ្យ​បន្ត​«ទន្ទឹង​ចាំ​ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់​ផង»។ (ពេត្រុសទី២ ៣:១២) ពិត​ហើយ យើង​មិន​អាច​ផ្លាស់ប្ដូរ​នូវ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា​បាន​ទេ។ ថ្ងៃ​របស់​ទ្រង់​នឹង​មក​ដល់​នៅ​ពេល​ដែល​ទ្រង់​បាន​កំណត់​ហើយ​នោះ។ ប៉ុន្តែ​ប្រសិន​បើ​យើង​ជាប់​រវល់​នឹង​កិច្ចការ​របស់​ទ្រង់ ពី​ឥឡូវ​នេះ​រហូត​ដល់​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា​ហាក់បី​ដូច​ជា​ពេល​វេលា​កន្លង​ទៅ​យ៉ាង​ឆាប់ៗ។—កូរិនថូសទី១ ១៥:៥៨

១២​. តើ​យើង​ម្នាក់ៗ​អាច​ទទួល​ប្រយោជន៍​ពី​ការ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូចម្ដេច?

១២ ហេតុ​ដូច្នេះ​ហើយ អ្នក​ណា​ម្នាក់​ដែល​គិត​ថា ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​កំពុង​តែ​បង្អង់ បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​តាម​ឱវាទ​របស់​ពេត្រុស ពោល​គឺ​ឲ្យ​រង់ចាំ​ដោយ​ចិត្ត​អត់ធ្មត់​ចំពោះ​ពេល​វេលា​ដែល​ព្រះ​យេហូវ៉ា​បាន​កំណត់​នោះ។ ប្រាកដ​ហើយ យើង​អាច​ប្រើ​ពេល​នេះ​ប្រកប​ដោយ​ប្រាជ្ញា ជា​ពេល​ដែល​ព្រះ​បាន​អនុញ្ញាត​ឲ្យ​ដោយ​ព្រះទ័យ​អត់ធ្មត់។ ជា​ឧទាហរណ៍ យើង​អាច​បន្ត​បណ្ដុះ​បណ្ដាល​គុណសម្បត្ដិ​គ្រីស្ទាន​ដ៏​ប្រសើរ ព្រម​ទាំង​ចូល​រួម​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ជា​ច្រើន​ទៀត។ ប្រសិន​បើ​យើង​នៅ​ភ្ញាក់​ខាង​វិញ្ញាណ នោះ​ព្រះ​យេហូវ៉ា​នឹង​ឃើញ​ថា យើង​ជា​មនុស្ស​«ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្ដី​មេត្រី​ផង»​នៅ​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ។ (ពេត្រុសទី២ ៣:១៤, ១៥) នោះ​នឹង​បាន​ជា​អំណោយ​ពរ​ដ៏​អស្ចារ្យ​មែន!

១៣​. តើ​ពាក្យ​អ្វី​របស់​ប៉ុល​ផ្ញើ​ជូន​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​ថែស្សាឡូនីច ដែល​ទាក់ទង​នឹង​យើង​សព្វ​ថ្ងៃ​នេះ?

១៣ ប៉ុល​ក៏​បាន​ប្រាប់​យើង​ឲ្យ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ​ដែរ ក្នុង​សំបុត្រ​ទី​មួយ​របស់​គាត់​ជូន​ពួក​គ្រីស្ទាន​នៅ​ក្រុង​ថែស្សាឡូនីច។ គាត់​ឲ្យ​ឱវាទ​ពួក​គេ​ថា​៖ «ហេតុ​នេះ យើង​មិន​ត្រូវ​ដេក​លក់​ដូច​អ្នក​ឯ​ទៀតៗ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រុង​ស្មារតី ហើយ​ភ្ញាក់​ខ្លួន​ជានិច្ច»។ (ថែស្សាឡូនីចទី១ ៥:២, ៦, ព្រះគម្ពីរ​ភាសា​ខ្មែរ​សម្រាយ) សព្វ​ថ្ងៃ​នេះ គឺ​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ ដ្បិត​សេចក្ដី​ហិនវិនាស​នៃ​របប​លោកីយ៍​ទាំង​មូល​នេះ​គឺ​កាន់​តែ​ជិត​មក​ដល់​ហើយ! ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​រស់​នៅ​ក្នុង​លោកីយ៍ ដែល​មនុស្ស​មិន​មាន​ចំណាប់​អារម្មណ៍​នឹង​រឿង​ខាង​វិញ្ញាណ​ទេ ហើយ​នេះ​ក៏​អាច​មាន​អានុភាព​ទៅ​លើ​ពួក​គ្រីស្ទាន​ដែរ។ ហេតុ​នេះ​ហើយ ប៉ុល​ឲ្យ​ឱវាទ​ថា​៖ «យើង​ត្រូវ​ដឹង​ខ្លួន ទាំង​ប្រដាប់​កាយ​ដោយ​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ស្រឡាញ់ ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង ហើយ​សេចក្ដី​សង្ឃឹម​របស់​ផង​សេចក្ដី​សង្គ្រោះ ទុក​ជា​មួក​សឹក»។ (ថែស្សាឡូនីចទី១ ៥:៨) បើ​យើង​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ទៀងទាត់ និង​ចូល​រួម​ជា​មួយ​បងប្អូន​ក្នុង​កិច្ច​ប្រជុំ​ជា​រឿយៗ​នោះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ឱវាទ​របស់​ប៉ុល​និង​ឲ្យ​យើង​មាន​ភាព​បន្ទាន់​ក្នុង​គំនិត។—ម៉ាថាយ ១៦:១​-​៣

មនុស្ស​រាប់​លាន​នាក់​នៅ​ចាំ​យាម

១៤​. តើ​ស្ថិតិ​អ្វី​ដែល​បញ្ជាក់​ថា​មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ កំពុង​តែ​ធ្វើ​តាម​ឱវាទ​របស់​ពេត្រុស​ឲ្យ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ​នោះ?

១៤ តើ​មាន​មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ ដែល​ធ្វើ​តាម​ការ​លើក​ទឹក​ចិត្ត​ឲ្យ​នៅ​ប្រុង​ស្មារតី​ឬ​ទេ? គឺ​មាន​មែន!។ ក្នុង​កំឡុង​ឆ្នាំ​កិច្ច​បំរើ​២០០២ យើង​មាន​អ្នក​ផ្សាយ​៦.៣០៤.៦៤៥​នាក់ ដែល​ជា​ចំនួន​ច្រើន​បំផុត ពោល​គឺ​៣,១​ភាគ​រយ​ច្រើន​ជាង​ឆ្នាំ​កិច្ច​បំរើ​២០០១។ អ្នក​ផ្សាយ​ទាំង​នេះ​ផ្ដល់​ភស្តុតាង ថា​ពួក​គេ​កំពុង​តែ​ប្រុង​ស្មារតី​ខាង​វិញ្ញាណ​ដោយ​ចំណាយ​១.២០២.៣៨១.៣០២​ម៉ោង ដើម្បី​ផ្សព្វផ្សាយ​សារ​អំពី​ព្រះ​រាជាណាចក្រ​ដល់​អ្នក​ដទៃ។ ទង្វើ​ទាំង​នេះ​គឺ​មិន​មែន​ជា​រឿង​ឥត​សំខាន់​ចំពោះ​ពួក​គេ​នោះ​ទេ។ នេះ​គឺ​ជា​អ្វី​ដ៏​សំខាន់​ណាស់​ក្នុង​ជីវិត​របស់​ពួក​គេ។ ចិត្ត​គំនិត​របស់​ពួក​គេ​ជា​ច្រើន គឺ​ដូច​គ្នា​នឹង​បង​ប្រុស​អេដ្វាដូ​និង​បង​ស្រី​ណូអែមី​នៅ​ប្រទេស​អែលសាវ៉ាឌរ។

១៥​. តើ​បទ​ពិសោធន៍​អ្វី​ពី​ប្រទេស​អែលសាវ៉ាឌរ ដែល​បង្ហាញ​ថា​អ្នក​បំរើ​ព្រះ​កំពុង​តែ​ប្រុង​ស្មារតី​ខាង​វិញ្ញាណ?

១៥ ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ អេដ្វាដូ​និង​ណូអែមី​បាន​កត់​សម្គាល់​ពាក្យរបស់​ប៉ុល ដែល​ថា «គំរូ​នៃ​លោកីយ​នេះ​តែង​តែ​ផ្លាស់​ទៅ»។ (កូរិនថូសទី១ ៧:៣១) ពួក​គេ​បាន​រៀប​ចំ​ជីវិត​របស់​ខ្លួន​ឲ្យ​មាន​ជីវភាព​សាមញ្ញៗ និង​បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល។ ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ ពួក​គេ​បាន​ទទួល​ពរ​ជា​ច្រើន ព្រម​ទាំង​បាន​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​និង​តាម​តំបន់​ដែរ។ ទោះ​ជា​អេដ្វាដូ​និង​ណូអែមី​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ធំៗ​ក៏​ដោយ តែ​ពួក​គេ​បាន​ជឿ​ស៊ប់​ថា​ពួក​គេ​បាន​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​បំផុត ពេល​ដែល​ពួក​គេ​បាន​បោះបង់​ចោល​របៀប​រស់​នៅ​យ៉ាង​ស្រណុក​សុខ​ស្រួល ដើម្បី​ចូល​រួម​ក្នុង​កិច្ច​បំរើ​ពេញពេល​នោះ។ ក្នុង​ចំណោម​អ្នក​ផ្សព្វផ្សាយ​២៩.២៦៩​នាក់ ដែល​រួម​បញ្ចូល​ពួក​អ្នក​ត្រួសត្រាយ​២.៤៥៤​នាក់ នោះ​មនុស្ស​ច្រើន​នាក់​ទៀត​នៅ​ប្រទេស​អែលសាវ៉ាឌរ ក៏​មាន​ស្មារតី​លះបង់​ដូច​នេះ​ដែរ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ប្រទេស​នោះ​មាន​ការ​ចំរើន​ឡើង​នូវ​ចំនួន​អ្នក​ផ្សព្វផ្សាយ​២​ភាគ​រយ​បើ​ប្រៀប​នឹង​ឆ្នាំ​មុន។

១៦​. តើ​ប្អូន​ប្រុស​ម្នាក់​នៅ​ប្រទេស​កូតអ៊ីវ័រ​បាន​បង្ហាញ​ទឹក​ចិត្ត​អ្វី?

១៦ នៅ​ប្រទេស​កូតអ៊ីវ័រ ក៏​ឃើញ​នូវ​បងប្អូន​ដែល​មាន​ទឹក​ចិត្ត​បែប​នេះ​ដែរ នោះ​គឺ​ជា​យុវជន​គ្រីស្ទាន​ម្នាក់ ដែល​បាន​សរសេរ​សំបុត្រ​ទៅ​ការិយាល័យ​សាខា​ថា​៖ «ខ្ញុំ​កំពុង​តែ​បំរើ​ជា​អ្នក​ងារ​ជំនួយ។ ប៉ុន្តែ ខ្ញុំ​មិន​អាច​ប្រាប់​បងប្អូន​ឲ្យ​ត្រួសត្រាយ​បាន​ទេ បើ​ខ្ញុំ​មិន​បាន​ទុក​គំរូ​ដ៏​ល្អ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​នោះ។ ដូច្នេះ​ខ្ញុំ​បាន​ឈប់​ធ្វើ​ការងារ​ដែល​មាន​ប្រាក់​ខែ​ច្រើន ឥឡូវ​នេះ​ខ្ញុំ​មាន​អាជីព​ដោយ​ខ្លួន​ឯង ហើយ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ពេល​ច្រើន​ជាង​សំរាប់​កិច្ច​បំរើ​ផ្សាយ»។ យុវ​បុរស​នេះ​បាន​ក្លាយ​ទៅ​ជា​អ្នក​ត្រួសត្រាយ​ម្នាក់​ក្នុង​ចំណោម​អ្នក​ត្រួសត្រាយ​៩៨៣​នាក់ ដែល​កំពុង​តែ​បំរើ​នៅ​ប្រទេស​កូតអ៊ីវ័រ ជា​ប្រទេស​មួយ​ដែល​បាន​រាយ​ការណ៍​ថា​មាន​អ្នក​ផ្សព្វផ្សាយ​៦.៧០១​នាក់ ហើយ​ចំនួន​នេះ​បាន​កើន​ឡើង​៥​ភាគ​រយ​ទៀត។

១៧​. តើ​ស្មរបន្ទាល់​ក្មេង​ម្នាក់​នៅ​ប្រទេស​បែលស៊ិច បង្ហាញ​ថា​នាង​មិន​ភ័យ​ខ្លាច​ការ​ចោទ​ប្រកាន់​ចំពោះ​សាសនា​របស់​នាង​ដោយ​ដូច​ម្ដេច?

១៧ ពួក​អ្នក​ផ្សព្វផ្សាយ​ដែល​មាន​២៤.៩៦១​នាក់​នៅ​ប្រទេស​បែលស៊ិច នៅ​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ផ្សេងៗ​ដូច​ជា​ភាព​មិន​ចេះ​អត់​ឱន គំនិត​លំអៀង និង​ការ​រើស​អើង​ប្រកាន់​សាសនា​ជា​ដើម។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​នូវ​តែ​មាន​ចិត្ត​ខ្នះខ្នែង​ផ្សព្វផ្សាយ​ដំណឹង​ល្អ និង​ឥត​ភ័យ​ខ្លាច​នោះ​ទេ។ ពេល​ស្មរបន្ទាល់​ម្នាក់​ដែល​មាន​អាយុ​១៦​ឆ្នាំ បាន​ឮ​គេ​រៀប​រាប់​ថា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​និកាយ​មួយ ពេល​រៀន​ក្នុង​ថ្នាក់​អំពី​រឿង​ចរិយា​មារយាទ នោះ​នាង​សុំ​សេចក្ដី​អនុញ្ញាត​ពី​គ្រូ​ឲ្យ​នាង​ប្រាប់​អំពី​ទស្សនៈ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​វិញ។ នាង​បាន​ពន្យល់​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដោយ​ប្រើ​វីដេអូ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា—អង្គការ​ដែល​គាំទ្រ​ឈ្មោះ​នោះ និង​សៀវភៅ​ស្តើង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? ចំណែក​ពួក​សិស្ស​រួម​ថ្នាក់​បាន​ចូល​ចិត្ត​នឹង​ពត៌មាន​នេះ​ណាស់ ហើយ​សប្ដាហ៍​ក្រោយ​មក​ទៀត សិស្ស​ទាំង​អស់​ត្រូវ​មាន​ប្រឡង​មួយ ដែល​សំនួរ​ទាំង​អស់​ទាក់ទង​នឹង​សាសនា​គ្រីស្ទាន​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

១៨​. តើ​មាន​ទី​សំអាង​អ្វី​ដែល​បញ្ជាក់​ថា​បញ្ហា​ខាង​សេដ្ឋកិច្ច មិន​អាច​បង្វែរ​អារម្មណ៍​របស់​ស្មរបន្ទាល់​ចេញ​ពី​ការ​បំរើ​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​អាកសង់ទីន​និង​ប្រទេស​ម៉ូសំប៊ិច​នោះ?

១៨ ពួក​គ្រីស្ទាន​ភាគ​ច្រើន​ត្រូវ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ។ ប៉ុន្តែ ពួក​គេ​នៅ​តែ​ខំ​ប្រឹង​មិន​ឲ្យ​អ្វីៗ​ខាង​លោកីយ៍​នេះ​បង្វែរ​អារម្មណ៍​របស់​ពួក​គេ​បាន​ឡើយ។ ទោះ​ជា​មាន​បញ្ហា​សេដ្ឋកិច្ច​ដែល​មនុស្ស​ដឹង​ទូទោក៏​ដោយ តែ​ស្មរបន្ទាល់​នៅ​ប្រទេស​អាកសង់ទីន​បាន​រាយ​ការណ៍​ថា​មាន​ចំនួន​អ្នក​ផ្សព្វផ្សាយ​១២៦.៧០៩​នាក់ ដែល​ជា​ចំនួន​ថ្មី​ឡើង​ដល់​កំពូល​នៅ​ឆ្នាំ​មុន​នេះ។ នៅ​ប្រទេស​ម៉ូសំប៊ិច​នៅ​មាន​ភាព​ក្រីក្រ​ទូទាំង​ប្រទេស។ ក៏​ប៉ុន្តែ មាន​៣៧​.​៥៦៣​នាក់​ដែល​ចូល​រួម​ក្នុង​កិច្ចការ​ធ្វើ​បន្ទាល់ ហើយ​មាន​ការ​រីក​ចំរើន​៤​ភាគ​រយ។ ចំពោះ​មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​អាល់បានី​គឺ​មាន​ជីវិត​ពិបាក​ណាស់ តែ​ប្រទេស​នេះ​រាយការណ៍​នូវ​ការ​រីក​ចំរើន​ដល់​១២​ភាគ​រយ ដែល​មាន​អ្នក​ផ្សាយ​២.៧០៨​នាក់។ យ៉ាង​ច្បាស់​ណាស់ ស្ថានភាព​ពិបាក​មិន​អាច​រារាំង​នូវ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​បាន​នោះ​ឡើយ បើ​ពួក​អ្នក​បំរើ​ទ្រង់​អនុញ្ញាត​ឲ្យ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មាន​អាទិ​ភាព​ក្នុង​ជីវិត​របស់​គេ​នោះ។—ម៉ាថាយ ៦:​៣៣

១៩​. (ក) តើ​អ្វី​ដែល​បង្ហាញ​ថា​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត ដែល​ស្រេក​ឃ្លាន​នូវ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ? (ខ) តើ​មាន​ពត៌មាន​ល្អិតល្អន់​ណា​ខ្លះ​ពី​សេចក្ដី​រាយ​ការណ៍​ប្រចាំ​ឆ្នាំ​ដែល​បង្ហាញ​ថា ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​កំពុង​តែ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ?

១៩ នៅ​ឆ្នាំ​មុន​រៀង​រាល់​ខែ ចំនួន​សិស្ស​ព្រះ​គម្ពីរ​ទូទាំង​ពិភពលោក​មាន​ជា​មធ្យម​គឺ​៥.៣០៩.២៨៩​នាក់ ដែល​បង្ហាញ​ថា​នៅ​មាន​មនុស្ស​ជា​ច្រើន​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្ដី​ពិត។ ចំពោះ​ចំនួន​ថ្មី​ដែល​ឡើង​ដល់​កំពូល​គឺ​១៥.៥៩៧.៧៤៦​នាក់​ដែល​បាន​មក​ធ្វើ​ពិធី​បុណ្យ​រំឭក ហើយ​ពួក​គេ​ភាគ​ច្រើន​ពុំ​ទាន់​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ទេ។ សូម​ឲ្យ​ពួក​គេ​បន្ត​រីក​ចំរើន​ខាង​ចំណេះ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ភាតរភាព​ជា​បងប្អូន​ផង​ដែរ។ យើង​មាន​ចិត្ត​រំភើប​ណាស់ ដោយ​ឃើញ​ថា​«ហ្វូង​យ៉ាង​ធំ»​នៃ​«ចៀម​ឯ​ទៀត»​បន្ត​បង្កើត​ផល កាល​ដែល​ពួក​គេ​បំរើ​ព្រះ​យេហូវ៉ា​«នៅ​ក្នុង​ព្រះ​វិហារ​ទាំង​យប់​ទាំង​ថ្ងៃ» ដែល​រួម​ជា​មួយ​បងប្អូន​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​របស់​ពួក​គេ។—វិវរណៈ ៧:៩, ១៥; យ៉ូហាន ១០:១៦

មេ​រៀន​មួយ​ពី​លោក​ឡុត

២០​. តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​ឡុត​និង​ភរិយា​របស់​គាត់?

២០ ប្រាកដ​ហើយ សូម្បីតែ​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ ក៏​បាត់​បង់​នូវ​ភាព​បន្ទាន់​មួយ​រយៈ​ខ្លី​នោះ​ដែរ។ សូម​គិត​អំពី​ឡុត​ដែល​ជា​ក្មួយ​របស់​អ័ប្រាហាំ។ គាត់​បាន​ដឹង​ពី​ទេវតា​ពីរ​រូប ថា​ព្រះ​នឹង​កំទេច​ចោល​ទី​ក្រុង​សូដុំម​និង​ទី​ក្រុង​កូម៉ូរ៉ា។ ដំណឹង​នេះ​មិន​មែន​ធ្វើ​ឲ្យ​ឡុត​ភ្ញាក់ផ្អើល​ទេ ដ្បិត​គាត់​«មាន​ចិត្ត​ព្រួយ​លំបាក ដោយ​ព្រោះ​កិរិយា​ខូច​អាក្រក់​របស់​មនុស្ស​ទទឹង​ច្បាប់​ទាំង​នោះ»។ (ពេត្រុសទី២ ២:៧) ក៏​ប៉ុន្តែ ពេល​ទេវតា​ពីរ​រូប​បាន​មក​យក​គាត់​ចេញ​ពី​ទី​ក្រុង​សូដុំម គាត់​«នៅ​បង្អែបង្អង់»។ ទេវតា​ពីរ​រូប​នោះ​សឹង​តែ​ទាញ​គាត់​និង​គ្រួសារ​របស់​គាត់​ចេញ​ពី​ទី​ក្រុង​នោះ​ទៅ​ហើយ។ បន្ទាប់​មក ភរិយា​របស់​ឡុត​មិន​បាន​ស្ដាប់​តាម​ការ​ព្រមាន​របស់​ទេវតា​ទេ​ដែល​ថា​កុំ​មើល​ទៅ​ក្រោយ​ឲ្យ​សោះ។ នាង​បាន​បាត់បង់​ជីវិត ដោយសារ​ការ​ធ្វេសប្រហែស​របស់​នាង។ (លោកុប្បត្តិ ១៩:១៤​-​១៧, ២៦) ព្រះ​យេស៊ូ​បាន​ព្រមាន​ថា​៖ «ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​លោក​ឡុត!»។—លូកា ១៧:៣២

២១​. ហេតុ​អ្វី​ក៏​សំខាន់​ដែល​យើង​ត្រូវ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ​នៅ​ឥឡូវ​នេះ​ខ្លាំង​ជាង​មុនៗ​ទៅ​ទៀត?

២១ សេចក្ដី​ហិនវិនាស​នៅ​ទី​ក្រុង​ប៉ុមប៉េ​និង​ទី​ក្រុង​ហឺខូឡានិម ហើយ​ព្រឹត្ដិការណ៍​ដែល​ទាក់ទង​នឹង​ការ​ហិនវិនាស​នៃ​ទី​ក្រុង​យេរូសាឡិម ព្រម​ទាំង​ទឹក​ជំនន់​នៅ​សម័យ​របស់​លោក​ណូអេ​ហើយ​និង​សម័យ​របស់​ឡុត ព្រឹត្ដិការណ៍​ទាំង​នេះ​ពន្យល់​នូវ​សារៈ​សំខាន់​នៃ​ការ​ធ្វើ​តាម​ការ​ព្រមាន​ឲ្យ​បាន​ដិត​ដល់។ ជា​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា យើង​ទទួល​ស្គាល់​ទី​សម្គាល់​នៃ​គ្រា​ចុង​បញ្ចប់។ (ម៉ាថាយ ២៤:៣) យើង​បាន​ញែក​ខ្លួន​ចេញ​ពី​សាសនា​មិន​ពិត។ (វិវរណៈ ១៨:៤) ដូច​ជា​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ យើង​ត្រូវ​តែ‹ទន្ទឹង​ចាំ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា›។ (ពេត្រុសទី២ ៣:១២) ត្រូវ​ហើយ ឥឡូវ​នេះ​គឺ​ជា​គ្រា​បន្ទាន់​ជាង​មុនៗ​ទៅ​ទៀត ដែល​យើង​ត្រូវ​តែ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ! តើ​យើង​អាច​ចាត់​វិធានការ​អ្វី​ខ្លះ? តើ​គុណសម្បត្ដិ​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​បណ្ដុះ ដើម្បី​ជួយ​យើង​ឲ្យ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ? យើង​នឹង​ពិនិត្យ​មើល​រឿង​ទាំង​នោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

^ វគ្គ 6 នៅ​សតវត្ស​ទី​មួយ នោះ​ក្រុង​យេរូសាឡិម​ប្រហែល​ជា​ពុំ​មាន​ប្រជាជន​លើស​ពី​១២០.០០០​នាក់​ឡើយ។ អ្នក​ប្រវត្ដិសាស្ត្រ​ឈ្មោះ​យូស៊ីបាស បាន​គិត​ថា មាន​មនុស្ស​៣០០.០០០​នាក់​ពី​ខេត្ត​ផ្សេងៗ​នៃ​ស្រុក​យូដា​បាន​ទៅ​ធ្វើ​បុណ្យ​នៅ​ឆ្នាំ​៧០ ស.យ.​ក្នុង​ក្រុង​យេរូសាឡិម។ ជន​រងគ្រោះ​ទាំង​ប៉ុន្មាន​ទៀត​ច្បាស់​ជា​មក​ពី​ខេត្ត​ផ្សេងៗ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចក្រភព​រ៉ូម។

^ វគ្គ 6 ប្រាកដ​ហើយ តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា នោះ​កិច្ច​ព្រម​ព្រៀង​ថ្មី​ត្រូវ​មក​ជំនួស​ក្រិត្យ​វិន័យ​ម៉ូសេ​នៅ​ឆ្នាំ​៣៣ ស.យ.។—អេភេសូរ ២:១៥

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ព្រឹត្ដិការណ៍​អ្វី​ដែល​ជួយ​ពួក​គ្រីស្ទាន​ជាតិ​យូដា ឲ្យ​ភៀស​ខ្លួន​រួច​ពី​សេចក្ដី​ហិនវិនាស នៃ​ទី​ក្រុង​យេរូសាឡិម?

តើ​ឱវាទ​របស់​សាវ័ក​ពេត្រុស​និង​សាវ័ក​ប៉ុល ជួយ​យើង​ឲ្យ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ​យ៉ាង​ណា?

តើ​អ្នក​ណា​នៅ​សព្វ​ថ្ងៃ​នេះ ដែល​ផ្ដល់​ទី​សំអាង​ថា កំពុង​តែ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ​នោះ?

តើ​មេ​រៀន​អ្វី​ដែល​យើង​រៀន​ពី​កំណត់​ហេតុ​របស់​ឡុត​និង​ភរិយា​របស់​គាត់​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១០]

ការ​ជាប់​រវល់​ក្នុង​កិច្ច​បំរើ​ព្រះ នឹង​ជួយ​ពួក​គ្រីស្ទាន​ឲ្យ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ