លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការងារដ៏ឋិតថេរនិងគាប់ចិត្ដកាន់តែពិបាករកណាស់

ការងារដ៏ឋិតថេរនិងគាប់ចិត្ដកាន់តែពិបាករកណាស់

ការងារ​ដ៏​ឋិតថេរ​និង​គាប់​ចិត្ត​កាន់​តែ​ពិបាក​រក​ណាស់

សេចក្ដី​ថ្លែង​ការណ៍​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្សដែល​ប្រកាស​ដោយ​អង្គការ​សហប្រជាជាតិ​បាន​ចែងថា​«សិទ្ធិ​ធ្វើ​ការ»​គឺ​ជា​សិទ្ធិ​ចំ​បង​មួយ​របស់​មនុស្ស​ទាំង​ឡាយ។ ប៉ុន្តែ សិទ្ធិ​នេះ​មិន​តែង​តែ​មាន​ទេ។ ការងារ​ដ៏​ស្ថិត​ស្ថេរ​អាស្រ័យ​ទៅ​លើ​កត្ដា​ជា​ច្រើន ដូច​ជា​ស្ថានភាព​សេដ្ឋកិច្ច​តាម​តំបន់ និង​ទី​ផ្សារ​ពិភពលោក។ យ៉ាង​ណា​ក៏​ដោយ ពេល​មនុស្ស​បាត់​បង់ការងារ​ឬ​ក៏​ជិត​បាត់បង់​ការងារ នោះ​លទ្ធផល​គឺ​បដិ​កម្ម កូដកម្ម និង​កុប្បកម្ម។ មិន​សូវ​មាន​ប្រទេស​ណា​ដែល​គ្មាន​បញ្ហា​នេះ​ទេ។ អ្នក​និពន្ធ​ម្នាក់​បាន​សរសេរ​ថា​៖ «សូម្បីតែពាក្យ​ថា‹ការងារ›តែង​តែ​ជា​ពាក្យ​ដែល​អាច​នាំ​អុជ​អាល​បាន»។

ចំពោះ​មនុស្ស​យើង មាន​ហេតុ​ជា​ច្រើន​ដែល​ការងារ​គឺ​សំខាន់។ ការងារ​មិន​គ្រាន់​តែ​ផ្ដល់​ប្រាក់​ខែ​ឲ្យ​យើង​ប៉ុណ្ណោះ​ទេ ក៏​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ខាង​ផ្លូវ​ចិត្ត​និង​សតិ​ផង​ដែរ។ មនុស្ស​ដែល​ចង់​ធ្វើ​ជា​បុគ្គល​មាន​តម្លៃ​ក្នុង​សង្គម​នឹង​មាន​គោល​ដៅ​ក្នុង​ជីវិត ហើយ​គេ​អាច​បំពេញ​គោល​ដៅ​នេះ​បាន​ដោយ​មាន​ការងារ​ធ្វើ។ ការងារ​ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ខ្លួន​មាន​តម្លៃ​ផង​ដែរ។ មនុស្ស​ខ្លះ​ដែល​មាន​លុយ​ច្រើន​អាច​ចិញ្ចឹម​ខ្លួន​បាន ឬ​ក៏​មាន​អាយុ​ច្រើន​ល្មម​ចូល​និវត្តន៍​ហើយ ក៏​ពួក​គេ​នៅ​តែ​ចង់​ធ្វើ​ការ​ដែរ។ ពិត​ណាស់ ការងារ​គឺ​សំខាន់​ដល់​ម្ល៉េះ​ដែល​ធម្មតា​ការ​ខ្វះ​ការងារ​ធ្វើ​នាំ​ឲ្យ​សង្គម​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ។

ម្យ៉ាង​វិញ​ទៀត អ្នក​ខ្លះ​ដែល​មាន​ការងារ​ធ្វើ​រួច​ហើយ តែ​ការងារ​នោះ​នាំ​ឲ្យ​ពួក​គេ​តានតឹង​ធ្វើ​ឲ្យ​គេ​លែង​ពេញ​ចិត្ត​នឹង​ការងារ​នោះ​ទៀត។ ជា​ឧទាហរណ៍ ដោយសារ​ទី​ផ្សារ​ពោរ​ពេញ​ទៅ​ដោយ​ការ​ប្រកួត​ប្រជែង​គ្នា ក្រុម​ហ៊ុន​ជា​ច្រើន​រំសាយ​បុគ្គលិក​ចោល​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ។ នេះ​ទាមទារ​ឲ្យ​បុគ្គលិក​ដែល​នៅ​សល់​ធ្វើ​ការ​បន្ថែម។

បច្ចេកទេស​ទំនើប​ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​ស្រួល​ជាង និង​ធ្វើ​ឲ្យ​ការងារ​លឿន​ជាង ការ​ពិត​ប្រហែល​ជា​នាំ​ឲ្យ​មាន​ការ​តានតឹង​ចិត្ត​ទៅ​វិញ។ ជា​ឧទាហរណ៍ កុំព្យូទ័រ ទូ​រ​សារ និង​ប្រព័ន្ធ​អ៊ិនថឺណិ​ត ផ្ដល់​លទ្ធភាព​ឲ្យ​បុគ្គលិក​ស្ពាយ​ការងារ​មក​ធ្វើ​នៅ​ឯ​ផ្ទះ បន្ត​ធ្វើ​ក្រោយ​ចេញ​ពី​កន្លែង​ធ្វើ​ការ​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទះ​និង​កន្លែង​ធ្វើ​ការ​លែង​មាន​ភាព​ខុស​ពី​គ្នា។ បុគ្គលិក​ម្នាក់​ធ្លាប់​មាន​អារម្មណ៍​ថា​ហ្វូនលីង​និង​ទូរស័ព្ទ​ដៃ​របស់​គាត់​ប្រៀប​ដូច​ប្រឡៅ​ជាប់​ក​ដែល​ថៅកែ​អាច​ទាញ​ពី​ចម្ងាយ​ឲ្យ​មក​ធ្វើ​ការ។

ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​ការងារ​ធ្វើ​ដែល​កំពុង​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស ជន​ដែល​មាន​វ័យ​ចាស់​ខ្លាច​ដោយ​គិត​ថា មនុស្ស​នឹង​ចាត់​ទុក​ពួក​គេ​ជា​មនុស្ស​គ្មាន​ប្រយោជន៍ ពេល​ដែល​មិន​ទាន់​អស់​សមត្ថភាព​ពិត​មែន។ ស្តី​អំពី​រឿង​នេះ លោក គ្រីស ស៊ិដូទី អតីត​ស្នង​ការ​ខាង​សិទ្ធិ​មនុស្ស​បាន​មាន​ប្រសាសន៍​ថា​៖ «មាន​គេ​និយាយ​ថា អ្នក​ណា​ដែល​មាន​អាយុ​លើស​៤០​ឆ្នាំ មិន​អាច​រៀន​កុំព្យូទ័រ​ឬ​បច្ចេកទេស​ថ្មី​បាន​ឡើយ»។ ហេតុ​នេះ អ្នក​ដែល​ធ្វើ​ការ​បាន​ល្អ និង​ធ្លាប់​ចាត់​ទុក​ថា​មាន​សមត្ថភាព​កំពូល​នោះ ឥឡូវ​ត្រូវ​គេ​ចាត់​ទុក​ថា​ចាស់​ពេក​គ្មាន​ប្រយោជន៍​ទៅ​វិញ។ នេះ​ជា​អ្វី​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់!

ដូច្នេះ យើង​អាច​យល់​ពី​មូលហេតុ​ដែល​មនុស្ស​ដែល​ព្យាយាម​ធ្វើការ​និង​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ក្រុម​ហ៊ុន​កំពុង​តែ​ត្រូវ​គេ​គិត​ថា​គ្មាន​តម្លៃ​សោះ​នៅ​ឆ្នាំ​ថ្មីៗ​នេះ។ ទស្សនាវដ្ដី​ភាសា​បារាំង​មួយ​ចែង​ថា​៖ «ក្រុម​ហ៊ុន​រំសាយ​បុគ្គលិក​ចោល​ក្នុង​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​ឲ្យ​តែ​មាន​ការ​ប្រែប្រួល​បន្ដិច​បន្តួច​ក្នុង​ផ្សារ​ហ៊ុន។ ហេតុ​នេះ​មនុស្សលែង​ស្មោះ​ត្រង់​នឹង​ក្រុម​ហ៊ុន​ខ្លួន​ទៀត។ ពួក​គេ​ធ្វើ​ការ​ពិត​មែន ប៉ុន្តែ មិន​មែន​គិត​ប្រយោជន៍​ក្រុម​ហ៊ុន​ទេ គឺ​គិត​ប្រយោជន៍​ខ្លួន​វិញ»។ (Libération) 

ទោះ​ជា​មាន​គំនរ​បញ្ហា​ដែល​កំពុង​តែ​ធំ​ឡើងៗ មនុស្ស​ជាតិ​នៅ​តែ​មាន​សេចក្ដី​ត្រូវ​ការ​ដ៏​បឋម​មួយ ពោល​គឺ ការងារ​ធ្វើ។ ដូច្នេះ ក្នុង​សម័យ​យើង​នេះ​ដែល​កំពុង​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស តើ​មនុស្ស​អាច​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ប្រកប​ទៅ​ដោយ​តុល្យភាព​ស្តី​អំពី​ការងារ​ធ្វើ និង​នៅ​ដំណាល​គ្នា​នេះ​បាន​ការងារ​ដ៏​ឋិតថេរ​និង​គាប់​ចិត្ត​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​៣]

បច្ចេកទេស​ទំនើប​ប្រហែល​ជា​បាន​នាំ​ឲ្យ​កន្លែង​ធ្វើ​ការ​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង