លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ចូរបន្ដបង្កើតផលជាច្រើន›

‹ចូរបន្ដបង្កើតផលជាច្រើន›

‹ចូរ​បន្ត​បង្កើត​ផល​ជា​ច្រើន›

​«គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន»។—យ៉ូហាន ១៥:៨

១​. (ក) តើ​អ្វី​ជា​តម្រូវ​ការ​នៃ​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូ​ដែល​ទ្រង់​បាន​រៀប​រាប់​ប្រាប់​ពួក​សាវ័ក​របស់​ទ្រង់? (ខ) តើ​សំនួរ​អ្វី​ដែល​យើង​គួរ​តែ​សួរ​ខ្លួន​ឯង?

ព្រឹត្ត​ការណ៍​នេះ​កើត​ឡើង​នៅ​រាត្រី​មុន​ព្រះ​យេស៊ូ​សោយទិវង្គត។ ព្រះយេស៊ូ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន ដើម្បី​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ដោយ​ចិត្ត​ស្មោះ។ មក​ដល់​ពេល​នេះ ប្រហែល​ជា​ហួស​ពាក់​កណ្ដាល​អធ្រាត្រ​ទៅ​ហើយ ដោយ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​ទ្រង់ ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​បន្ត​ទៅ​ទៀត។ រួច​មក ក្នុង​កំឡុង​ការ​សន្ទនា​នោះ ទ្រង់​បាន​រំឭក​ពួក​គេ​នូវ​តម្រូវ​ការ​មួយ​ទៀត ដើម្បី​ឲ្យ​ពួក​គេ​បន្ត​ធ្វើ​ជា​សិស្ស​របស់​ទ្រង់។ ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ព្រះ​វរបិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន»។ (យ៉ូហាន ១៥:៨) តើ​សព្វ​ថ្ងៃ​យើង​បំពេញ​តាម​តម្រូវ​ការ​នេះ​ដើម្បី​អាច​ធ្វើ​ជា​សិស្ស​របស់​ទ្រង់​ឬ​ទេ? តើ‹ការ​បង្កើត​ផល​ឲ្យ​បាន​ច្រើន›រួម​បញ្ចូល​អ្វី​ខ្លះ? ដើម្បី​រក​ចម្លើយ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ការ​សន្ទនា​នៅ​រាត្រី​នោះ។

២​. តើ​រឿង​ប្រៀបប្រដូច​អ្វី​អំពី​ផលផ្លែ ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​នៅ​រាត្រី​មុន​ដែល​ទ្រង់​សោយទិវង្គត​នោះ?

ការ​ដាស់​តឿន​ឲ្យ​បង្កើត​ផល​ជា​ច្រើន គឺ​ជា​ផ្នែក​នៃ​រឿង​ប្រៀប​ប្រដូច​មួយ ដែល​ព្រះយេស៊ូ​បាន​រៀប​រាប់​ប្រាប់​ពួក​សាវ័ក​របស់ទ្រង់។ ព្រះយេស៊ូ​មាន​បន្ទូល​ថា​៖ «ខ្ញុំ​ជា​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត ហើយ​ព្រះ​វរបិតា​ខ្ញុំ​ជា​អ្នក​ដាំ អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផលផ្លែ នោះ​ទ្រង់​កាត់​ចោល តែ​អស់​ទាំង​ខ្នែង​ណា ដែល​បង្កើត​ផលផ្លែ នោះ​ទ្រង់​លួស​ខ្នែង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផលផ្លែ​ជា​ច្រើន​ឡើង ឯ​អ្នក​រាល់​គ្នា បាន​ស្អាត​ហើយ ដោយសារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់ ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ទេ ដូច្នេះ​អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង។ . . . ព្រះ​វរបិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន។ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ​វរបិតា ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ! បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ»។—យ៉ូហាន ១៥:១​-​១០

៣​. តើ​ពួក​សិស្ស​របស់​ព្រះយេស៊ូ​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​បង្កើត​ផល?

នៅ​ក្នុង​រឿង​ប្រៀបប្រដូច​នេះ ព្រះ​យេហូវ៉ា​ជា​អ្នក​ដាំ ព្រះ​យេស៊ូ​ជា​ដើម​ទំពាំង​បាយ​ជូរ និង​ពួក​សាវ័ក គឺ​ជា​ខ្នែង។ ពួក​សាវ័ក​នឹង​បន្ត​បង្កើត​ផល​ជា​ច្រើន​ឲ្យ​តែ​ពួក​គេ​បន្ត​«នៅ​ជាប់​នឹង»​ព្រះ​យេស៊ូ។ រួច​មក ព្រះយេស៊ូ​បាន​ពន្យល់​នូវ​របៀប​ដែល​ពួក​សាវ័ក​អាច​រក្សា​នូវ​សាមគ្គីភាព​ដ៏​សំខាន់​នេះ​ដោយ​ថា​៖ «បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ»។ ក្រោយ​មក សាវ័ក​យ៉ូហាន​បាន​សរសេរ​សេចក្ដី​នេះ​ទៅ​ពួក​គ្រីស្ទាន​គ្នីគ្នា​ថា​៖​«អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ត​[របស់​ព្រះ​គ្រីស្ទ] នោះ​ឈ្មោះ​ថា​នៅ​ជាប់​ក្នុង​ទ្រង់»។ * (យ៉ូហានទី១ ២:២៤; ៣:២៤) ហេតុ​ដូច្នេះ​ហើយ ដោយ​ធ្វើ​តាម​បង្គាប់​របស់​ព្រះគ្រីស្ទ នោះ​ពួក​សិស្ស​បាន​នៅ​ជាប់​នឹង​ទ្រង់ ហើយ​សាមគ្គីភាព​នេះ​នឹង​នាំ​ឲ្យ​ពួក​គេ​បង្កើត​ផល។ តើ​អ្វី​ជា​លក្ខណៈ​នៃ​ផលផ្លែ​ដែល​យើង​ត្រូវ​តែ​បង្កើត​នោះ?

ឱកាស​ដើម្បី​រីក​ចំរើន

៤​. តើ​យើង​អាច​រៀន​អ្វី​នូវ​ហេតុ​ការណ៍​ដែល​ថា​ព្រះ​យេហូវ៉ា​«កាត់​ចោល»​អស់​ទាំង​ខ្នែង​ដែល​ឥត​បង្កើត​ផលផ្លែ​នោះ?

នៅ​ក្នុង​រឿង​ប្រៀបប្រដូច​អំពី​ដើម​ទំពាំង​បាយ​ជូរ នោះ​ព្រះ​យេហូវ៉ា​«កាត់​ចោល»​ខ្នែង​ដែល​មិន​បង្កើត​ផលផ្លែ។ តើ​នេះ​ប្រាប់​យើង​យ៉ាង​ដូច​ម្ដេច? នេះ​ប្រាប់​យើង​ថា ពួក​សិស្ស​ទាំង​អស់​ត្រូវ​បង្កើត​ឲ្យ​មាន​ផលផ្លែ ហើយ​សិស្ស​ទាំង​អស់​គឺ​មាន​សមត្ថភាព​បង្កើត​ផលផ្លែ​បាន ទោះ​ជា​ពួក​គេ​មាន​កាលៈទេសៈ​ឬ​មាន​អ្វី​មក​ដាក់​កំហិត​ក៏​ដោយ។ យ៉ាង​ណា​មិញ បើ​ទ្រង់​«កាត់​ចោល» ឬ​ដក​សិទ្ធិ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ​ចេញ​ពី​ពួក​គេ ដោយ​ព្រោះ​គេ​ពុំ​អាច​សម្រេច​អ្វី​មួយ​ដែល​ពួក​គេ​គ្មាន​សមត្ថភាព​ធ្វើ​នោះ នេះ​ពិត​ជា​ផ្ទុយ​ពី​ផ្លូវ​របស់​ព្រះយេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ហើយ។—ទំនុកដំកើង ១០៣:១៤; កូល៉ុស ៣:២៣; យ៉ូហានទី១ ៥:៣

៥​. (ក) តើ​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​បញ្ជាក់​ថា យើង​អាច​រក​ឱកាស​ដើម្បី​បង្កើត​ឲ្យ​បាន​ផល​ច្រើន​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ផលផ្លែ​ពីរ​ណា​ដែល​យើង​នឹង​ត្រូវ​ពិនិត្យ​មើល​នោះ?

រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​ដើម​ទំពាំង​បាយ​ជូរ​ក៏​បង្ហាញ​ថា តាម​កំរិត​នៃ​កាលៈទេសៈ​របស់​យើង យើង​ត្រូវ​រក​ឱកាស​ដើម្បី​ធ្វើ​ឲ្យ​កិច្ចការ​បង្កើត​ឲ្យ​មាន​សិស្ស​រីក​ចំរើន។ ចូរ​កត់​សម្គាល់​នូវ​របៀប​ដែល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​រឿង​នេះ​៖ «អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផលផ្លែ នោះ​ទ្រង់​កាត់​ចោល តែ​អស់​ទាំង​ខ្នែង​ណា ដែល​បង្កើត​ផលផ្លែ នោះ​ទ្រង់​លួស​ខ្នែង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផលផ្លែ​ជា​ច្រើន​ឡើង»។ (យ៉ូហាន ១៥:២) នៅ​ចុង​រឿង​ប្រៀបប្រដូច​នេះ ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ពួក​សិស្ស​ឲ្យ​បង្កើត​«ផល​ជា​ច្រើន»។ (ខ​៨) តើ​នេះ​ចង់​មាន​ន័យ​យ៉ាង​ណា? ជា​សិស្ស​ម្នាក់ យើង​មិន​គួរ​ទៅ​ជា​មនុស្ស​ដែល​មិន​អើពើ​ចំពោះ​ការ​បង្កើត​ផល​នោះ​ទេ។ (វិវរណៈ ៣:១៤, ១៥, ១៩) ផ្ទុយ​ទៅ​វិញ យើង​គួរ​រក​វិធី​ដើម្បី​ឲ្យ​បាន​រីក​ចំរើន​ក្នុង​ការ​បង្កើត​ផលផ្លែ។ តើ​ផលផ្លែ​អ្វី​ដែល​យើង​គួរ​បង្កើត​ឲ្យ​បាន​ច្រើន​ជាង? គឺ​មាន​ផលផ្លែ​ពីរ​ប្រភេទ (១) «ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ» និង (២) ផលផ្លែ​នៃ​ព្រះ​រាជាណាចក្រ។—កាឡាទី ៥:២២, ២៣; ម៉ាថាយ ២៤:១៤

ផលផ្លែ​នៃ​គុណសម្បត្ដិ​ជា​គ្រីស្ទាន

៦​. តើ​ព្រះយេស៊ូ​គ្រីស្ទ​បាន​បញ្ជាក់​នូវ​តម្លៃ​ផលផ្លែ​ដំបូង​នៃ​ព្រះវិញ្ញាណ​ដែល​បាន​រៀប​រាប់​នោះ​យ៉ាង​ដូច​ម្ដេច?

ក្នុង​ចំណោម​«ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ» នោះ​សេចក្ដី​ស្រឡាញ់​បាន​រៀប​រាប់​មុន​គេ។ វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​បង្កើត​សេចក្ដី​ស្រឡាញ់​ក្នុង​បណ្ដា​គ្រីស្ទាន ពីព្រោះ​ពួក​គេ​ធ្វើ​តាម​បង្គាប់​ដែល​ព្រះយេស៊ូ​ប្រទាន​មក​មុន​នឹង​ទ្រង់​បាន​រៀប​រាប់​រឿង​ប្រៀបប្រដូច​អំពី​ដើម​ទំពាំង​បាយ​ជូរ​ដែល​បង្កើត​ផលផ្លែ។ ព្រះយេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​ថា​៖ «ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្ត១ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញទៅ​មក»។ (យ៉ូហាន ១៣:៣៤) តាម​ការ​ពិត ក្នុង​ការ​សន្ទនា​របស់​ព្រះ​យេស៊ូ​នៅ​រាត្រី​ចុង​បញ្ចប់​នៃ​ជីវិត​របស់​ទ្រង់​នៅ​លើ​ផែនដី នោះទ្រង់​បាន​រំឭក​ពួក​សាវ័ក​ជា​ច្រើន​ដង​ថា ពួក​គេ​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់។—យ៉ូហាន ១៤:១៥, ២១, ២៣, ២៤; ១៥:១២, ១៣, ១៧

៧​. តើ​សាវ័ក​ពេត្រុស​បង្ហាញ​ថា​ការ​បង្កើត​ផលផ្លែ ទាក់ទង​នឹង​ការ​សម្ដែង​នូវ​គុណសម្បត្ដិ​ដូច​ព្រះ​គ្រីស្ទ​យ៉ាង​ណា?

ពេត្រុស​ដែល​មាន​វត្តមាន​នៅ​រាត្រី​នោះ​បាន​យល់​ថា ពួក​សិស្ស​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​ត្រូវ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​និង​គុណសម្បត្ដិ​ឯ​ទៀត​ដែរ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេត្រុស​បានលើក​ទឹក​ចិត្ត​បណ្ដា​គ្រីស្ទាន​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ផ្សេង​ទៀត ដូចជា​ការ​ចេះ​ទប់​ចិត្ត និង​សេចក្ដី​ស្រឡាញ់​ចំពោះ​បងប្អូន​ជាដើម។ ពេត្រុស​បាន​និយាយ​បន្ថែម​ទៀត​ថា បើ​យើង​ធ្វើ​ដូច្នេះ នោះ​នឹង​នាំ​ឲ្យ​យើង​«មាន​សកម្មភាព និង បង្កើត​ផល»។ (ពេត្រុសទី២ ១:៥​-​៨, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ទោះ​ជា​យើង​មាន​កាលៈទេសៈ​យ៉ាង​ណា​ក៏​ដោយ យើង​ក៏​មាន​លទ្ធភាព​ក្នុង​ការ​សម្ដែង​ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ​ដែរ។ ដូច្នេះ​ហើយ សូម​ឲ្យ​យើង​ខំ​ប្រឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់ សេចក្ដី​សប្បុរស សេចក្ដី​ស្លូតបូត និង​គុណសម្បត្ដិ​ឯ​ទៀត​របស់​ព្រះ​គ្រីស្ទ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង ដ្បិត​«គ្មាន​ក្រិត្យ​វិន័យ​ណា​ទាស់​នឹង​សេចក្ដី​យ៉ាង​នោះ​ទេ»។ (កាឡាទី ៥:២៣) ប្រាកដ​ហើយ សូម​ឲ្យ​យើង​បង្កើត​«ផលផ្លែ​ជា​ច្រើន»។

ការ​បង្កើត​ឲ្យ​មាន​ផលផ្លែ​នៃ​ព្រះរាជាណាចក្រ

៨​. (ក) តើ​ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ​និង​ផលផ្លែ​នៃ​ព្រះរាជាណាចក្រ​ទាក់ទង​គ្នា​យ៉ាង​ណា? (ខ) តើ​យើង​គួរ​ពិនិត្យ​មើល​នូវ​សំនួរ​អ្វី​ខ្លះ?

ផ្លែ​ឈើ​ដែល​មាន​ឱជារស​និង​មាន​ពណ៌​យ៉ាង​ស្អាត​ហាក់​ដូច​ជា​តាក់​តែង​ដើម​ឈើ​ឲ្យ​មាន​សម្រស់​ស្រស់​បំព្រង។ ប៉ុន្តែ តម្លៃ​នៃ​ផ្លែ​ឈើ​នោះ​គឺ​មាន​លើស​ពី​ការ​ពណ៌នា​ទៅ​ទៀត។ តាម​រយៈ​ពូជ​របស់​វា​នោះ​អាច​បង្កើត​ផលផ្លែ​បាន​យ៉ាង​ច្រើន។ នេះ​បង្ហាញ​ថា ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ​គឺ​មាន​តម្លៃ​ច្រើន​ជាង​ទៅ​ទៀត មិន​គ្រាន់​តែ​តាក់តែង​បុគ្គលិកលក្ខណៈ​របស់​គ្រីស្ទាន​នោះ​ទេ។ គុណសម្បត្ដិ​ដូច​ជា​សេចក្ដី​ស្រឡាញ់​និង​ជំនឿ ក៏​ជំរុញ​យើង​ឲ្យ​ពង្រីក​សារ​ព្រះ​រាជាណាចក្រ​ដែល​ប្រៀប​ដូច​ជា​គ្រាប់​ពូជ ដែល​មាន​ក្នុង​ព្រះបន្ទូល​របស់​ព្រះ។ ចូរ​កត់​សម្គាល់​នូវ​របៀប​ដែល​សាវ័ក​ប៉ុល​បញ្ជាក់​នូវ​ទំនាក់ទំនង​ដ៏​សំខាន់​នេះ។ ប៉ុល​ពោល​ថា​៖ «យើង​ខ្ញុំ​ក៏​ជឿ​ដែរ[ជំនឿ​ជា​ផ្នែក​នៃ​ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ] បាន​ជា​យើង​ខ្ញុំ​និយាយ»។ (កូរិនថូសទី២ ៤:១៣) តាម​របៀប​នេះ ប៉ុល​ក៏​ពន្យល់​ថែម​ទៀត​ថា យើង​«ថ្វាយ​ពាក្យ​សរសើរ ដោយសារ​ទ្រង់ ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរមាត់» នេះ​ជា​ផលផ្លែ​ទីពីរ​ដែល​យើង​ត្រូវ​បង្ហាញ។ (ហេព្រើរ ១៣:១៥) ដោយសារ​យើង​ជា​អ្នក​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នោះ តើ​មាន​ឱកាស​ល្អ​ក្នុង​ជីវិត​របស់​យើង​ដែល​អាច​បង្កើត​ផល​ឲ្យ​បាន​ច្រើន​ឬ​ទេ? ប្រាកដ​ហើយ​គឺ​អាច​បង្កើត​ឲ្យ​បាន​«ផលផ្លែ​ជា​ច្រើន»​មែន។

៩​. តើ​ការ​បង្កើត​ផលផ្លែ​ស្មើ​នឹង​ការ​បង្កើត​ឲ្យ​មាន​សិស្ស​ឬ​ទេ? សូម​ពន្យល់។

ដើម្បី​អាច​ឆ្លើយ​សំនួរ​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ មុន​ដំបូង​យើង​ត្រូវ​តែ​យល់​នូវ​អ្វី​ដែល​ហៅ​ថា​ការ​បង្កើត​ផលផ្លែ​នៃ​ព្រះ​រាជាណាចក្រ​ជា​មុន​សិន។ បើ​យើង​សន្និដ្ឋាន​ថា​ការ​បង្កើត​ឲ្យ​មាន​ផលផ្លែ បាន​ន័យ​ថា​ការ​បង្កើត​ឲ្យ​មាន​សិស្ស​នោះ តើ​ត្រឹម​ត្រូវ​ឬ​ទេ? (ម៉ាថាយ ២៨:១៩) តើ​ផលផ្លែ​ដែល​យើង​បង្កើត​សំដៅ​ទៅ​តែ​បុគ្គល​ដែល​យើង​ជួយ​ឲ្យ​ក្លាយ​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះយេហូវ៉ា​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយឬ? មិន​មែន​ទេ! ប្រសិន​បើ​មាន​ន័យ​ដូច្នោះ​មែន នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​បង​ប្អូន​ខ្លះ​ធ្លាក់​ទឹក​ចិត្ត​ជា​មិន​ខាន ព្រោះ​ពួក​គេ​បាន​បំរើ​យ៉ាង​ស្មោះ​ត្រង់​ជា​យូរ​ឆ្នាំ​មក​ហើយ​ក្នុង​ការ​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​នៅ​តំបន់​ផ្សាយ​ដែល​ពុំ​សូវ​មាន​អ្នក​ស្ដាប់​នោះ។ បន្ថែម​ទៅ​ទៀត បើ​ផលផ្លែ​ខាង​ព្រះ​រាជាណាចក្រ​ដែល​យើង​បង្កើត​នោះ គឺ​តំណាង​តែ​សិស្ស​ថ្មីៗ នោះ​ស្មរបន្ទាល់​ដែល​ខំ​ប្រឹង​ធ្វើ​យ៉ាង​នឿយ​ហត់ នឹង​ប្រៀប​ដូច​ជា​ខ្នែង​ដែល​គ្មាន​ផ្លែ​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​ហើយ! ប៉ុន្តែ​តាម​ការ​ពិត នេះ​មិន​មាន​ន័យ​ដូច្នេះ​ឡើយ។ បើ​ដូច្នេះ តើ​អ្វី​ទៅ​ជា​ផលផ្លែ​នៃ​ព្រះ​រាជាណាចក្រ​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង?

ផលផ្លែ​ដែល​បាន​ពី​ការ​ព្រោះ​គ្រាប់​ពូជ​ព្រះ​រាជាណាចក្រ

១០​. តើ​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​អ្នក​សាប​ព្រោះ​គ្រាប់​ពូជ​និង​ដី​ប្រភេទ​ផ្សេង​គ្នា បង្ហាញ​ថា​ផលផ្លែ​នៃ​ព្រះ​រាជាណាចក្រ​ជា​អ្វី និង​អ្វី​ដែល​មិន​មែន​ជា​ផលផ្លែ​នៃ​ព្រះ​រាជាណាចក្រ?

១០ រឿង​ប្រៀបប្រដូច​របស់​ព្រះយេស៊ូ​អំពី​អ្នក​សាប​ព្រោះ​គ្រាប់​ពូជ និង​ដី​ប្រភេទ​ផ្សេងៗ ក៏​ផ្ដល់​ឲ្យ​នូវ​ការ​លើក​ទឹក​ចិត្ត​សំរាប់​អស់​អ្នក​ដែល​ធ្វើ​បន្ទាល់​ក្នុង​តំបន់​ដែល​ពុំ​សូវ​មាន​ការ​រីក​ចំរើន។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា គ្រាប់​ពូជ​គឺ​ជា​សារ​ព្រះ​រាជាណាចក្រ​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ និង​ដី​តំណាង​ចិត្ត​របស់​មនុស្ស។ គ្រាប់​ពូជ​ខ្លះ​«ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ក៏​ពន្លក​ដុះ​ឡើង បង្កើត​ផលផ្លែ»។ (លូកា ៨:៨) តើ​ផលផ្លែ​នោះ​ជា​អ្វី? ក្រោយ​ពី​ទង​ស្រូវសាលី​ដុះ​ពន្លក​ហើយ​ទុំ​នោះ វា​បង្កើត​ផលផ្លែ មិន​មែន​បង្កើត​ឲ្យ​មាន​ទង​ស្រូវសាលី​ថ្មី​មួយ​ទៀត​នោះ​ទេ ប៉ុន្តែ​បង្កើត​គ្រាប់​ពូជ​ថ្មី។ ដូច​គ្នា​ដែរ គ្រីស្ទាន​ម្នាក់​បង្កើត​ផលផ្លែ​គឺ​ជា​គ្រាប់​ពូជ​ថ្មី​របស់​ព្រះ​រាជាណាចក្រ ហើយ​នេះ​មិន​ចាំបាច់​ជា​សិស្ស​ថ្មី​នោះ​ទេ។

១១​. តើ​អ្នក​នឹង​បកស្រាយ​ផលផ្លែ​នៃ​ព្រះ​រាជាណាចក្រ​ថា​យ៉ាង​ដូចម្ដេច?

១១ ដូច្នេះ ផលផ្លែ​ក្នុង​ករណី​នេះ គឺ​មិន​មែន​ជា​សិស្ស​ថ្មី​ឬ​គុណសម្បត្ដិ​ដ៏​ល្អ​របស់​គ្រីស្ទាន​នោះ​ទេ។ ដោយសារ​គ្រាប់​ពូជ​ដែល​បាន​ដាំ​នោះ​ជា​សារ​ព្រះ​រាជាណាចក្រ​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ នោះ​ផលផ្លែ​ត្រូវ​តែ​សំដៅ​ទៅ​គ្រាប់​ពូជ​ដែល​កើត​មក​ជា​ច្រើន​ទៀត។ ការ​បង្កើត​ផលផ្លែ​ក្នុង​ករណី​នេះ​សំដៅ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​វិញ។ (ម៉ាថាយ ២៤:១៤) ការ​បង្កើត​ផលផ្លែ​នៃ​ព្រះ​រាជាណាចក្រ គឺ​ជា​ការ​ប្រកាស​ដំណឹង​ល្អ​នៃ​ព្រះរាជាណាចក្រ​ទោះ​ជា​មាន​កាលៈទេសៈ​យ៉ាង​ណា​ក៏​ដោយ។ តើ​នេះ​ជា​អ្វី​ដែល​យើង​មាន​លទ្ធភាព​ធ្វើ​បាន​ឬ​ទេ? ត្រូវ​ហើយ គឺ​អាច​ធ្វើ​បាន​មែន! ព្រះ​យេស៊ូ​ក៏​បាន​ពន្យល់​នូវ​មូលហេតុ​ផង​ដែរ​ក្នុង​រឿង​ប្រៀបប្រដូច​នេះ។

ការ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ផ្ដល់​សិរី​ល្អ​ថ្វាយ​ព្រះ

១២​. តើ​ជន​គ្រីស្ទាន​គ្រប់​គ្នា​មាន​លទ្ធភាព​បង្កើត​ផលផ្លែ​នៃ​ព្រះរាជាណាចក្រ​ឬ​ទេ? សូម​ពន្យល់។

១២ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ . . . បង្កើត​ផលផ្លែ មួយ​ជា​១​រយ មួយ​ជា​៦០ ហើយ​មួយ​ទៀត​ជា​៣០»។ (ម៉ាថាយ ១៣:២៣) ស្រូវ​ដែល​បាន​ដាំ​ក្នុង​ស្រែ​មួយ​អាច​បង្កើត​ផល​ខុស​គ្នា​យោង​ទៅ​តាម​កាលៈទេសៈ។ ស្រដៀង​គ្នា​ដែរ អ្វី​ដែល​យើង​អាច​ធ្វើ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​ក៏​មាន​ចំនួន​ផ្សេង​គ្នា ដោយ​យោង​ទៅ​តាម​កាលៈទេសៈ​របស់​យើង ហើយ​ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា​ទ្រង់​ទទួល​ស្គាល់​នូវ​ហេតុ​ការណ៍​នេះ។ មនុស្ស​ខ្លះ​មាន​ឱកាស​ច្រើន​ជាង អ្នក​ឯ​ទៀត​មាន​សុខភាព​ល្អ​ជាង​និង​មាន​កម្លាំង​ច្រើន​ជាង។ ដូច្នេះ​ហើយ អ្វី​ដែល​យើង​អាច​ធ្វើ​ក្នុង​ការ​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​នោះ ទោះ​ជា​បាន​ច្រើន​ជាង​ឬ​តិច​ជាង​អ្នក​ដទៃ​ក៏​ដោយ ឲ្យ​តែ​យើង​ខំ​ប្រឹង​ធ្វើ​អស់​ពី​សមត្ថភាព​របស់​យើង នោះ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ហើយ។ (កាឡាទី ៦:៤) វ័យ​ចាស់​ជរា ឬ​ពិការ ប្រហែល​ជា​ដាក់​កំរិត​យើង​ក្នុង​ការ​ផ្សព្វផ្សាយ តែ​ដោយសារ​ព្រះយេហូវ៉ា​ជា​ព្រះ​វរបិតា​ដែល​មាន​ព្រះទ័យ​មេត្ដា ទ្រង់​ច្បាស់​ជា​ចាត់​ទុក​យើង​នៅ​ក្នុង​ចំណោម​អ្នក​ដែល​«បង្កើត​ផល​ជា​ច្រើន»។ តើ​ហេតុ​អ្វី? ពីព្រោះ​យើង​បាន​ថ្វាយ​ទ្រង់‹អស់​ទាំង​អ្វី​ដែល​យើង​មាន› ពោល​គឺ​កិច្ច​បំរើ​ដែល​អស់​ពី​ចិត្ត​របស់​យើង។ *ម៉ាកុស ១២:៤៣, ៤៤; លូកា ១០:២៧

១៣​. (ក) តើ​អ្វី​ជា​មូលហេតុ​ដ៏​សំខាន់​បំផុត​ដែល​យើង‹បន្ត›បង្កើត​ផលផ្លែ​នៃ​ព្រះ​រាជាណាចក្រ? (ខ) តើ​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​បន្ត​បង្កើត​ផលផ្លែ​ក្នុង​តំបន់​ផ្សាយ​ដែល​មាន​មនុស្ស​ពុំ​សូវ​ស្ដាប់? (សូម​មើល​ប្រអប់​នៅ​ទំព័រ​២១)

១៣ បើ​យើង​នឹក​ចាំ​នូវ​មូលហេតុ​ដែល​យើង​ត្រូវ​ធ្វើ​ដូច្នេះ​នោះ នេះ​នឹង​ជំរុញ​ឲ្យ​យើង​«ទៅ​បង្កើត​ផល»​តាម​តែ​លទ្ធភាព​ដែល​យើង​អាច​បង្កើត​ផលផ្លែ​នៃ​ព្រះ​រាជាណាចក្រ​បាន។ (យ៉ូហាន ១៥:១៦) ព្រះ​យេស៊ូ​បាន​ពិពណ៌នា​នូវ​មូលហេតុ​ដ៏​សំខាន់​ជាង​គេ ពោល​គឺ​៖ «ព្រះ​វរបិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន»។ (យ៉ូហាន ១៥:៨) ត្រូវ​ហើយ កិច្ចការ​ផ្សព្វផ្សាយ​របស់​យើង​ធ្វើ​ឲ្យ​ព្រះ​នាម​របស់​ព្រះយេហូវ៉ា​បាន​បរិសុទ្ធ​នៅ​ចំពោះ​មនុស្ស​ជាតិ។ (ទំនុកដំកើង ១០៩:៣០) បង​ស្រី​ឈ្មោះ​អុនណរ​ដែល​មាន​អាយុ​៧០​ជាង​បាន​កត់​សម្គាល់​ថា​៖ «យើង​មាន​កិត្ដិយស​ដ៏​វិសេស​មែន ដោយ​បាន​តំណាង​ព្រះ​ដ៏​ខ្ពស់​បំផុត ទោះ​ជា​យើង​ផ្សព្វផ្សាយ​ក្នុង​តំបន់​ដែល​ពុំ​សូវ​មាន​អ្នក​ស្ដាប់​ក៏​ដោយ»។ ពេល​គេ​សួរ​បង​ប្រុស​ឃ្លឌីអូ​ដែល​បំរើ​ព្រះ​តាំង​ពី​ឆ្នាំ​១៩៧៤ នូវ​មូលហេតុ​ដែល​គាត់​បន្ត​ផ្សព្វផ្សាយ​ក្នុង​តំបន់ ដែល​មាន​មនុស្ស​តិច​តួច​ស្ដាប់​នោះ គាត់​បាន​ដក​ស្រង់​ពី​យ៉ូហាន ៤:៣៤ ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង»។ បង​ប្រុស​ឃ្លឌីអូ​បាន​និយាយ​បន្ថែម​ថា​៖ «ដូច​ព្រះយេស៊ូ ខ្ញុំ​មិន​គ្រាន់​តែ​ចង់​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​ជា​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ប៉ុណ្ណោះ​ទេ តែ​ខ្ញុំ​ចង់​បញ្ចប់​កិច្ចការ​នេះ​ផង​ដែរ»។ (យ៉ូហាន ១៧:៤) ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ទូទាំង​ពិភពលោក​មាន​គំនិត​ដូច​គ្នា។—សូម​មើល​ប្រអប់ «វិធី‹បង្កើត​ផលផ្លែ​ជា​ច្រើន​ដោយ​ចិត្ត​ស៊ូទ្រាំ›» នៅ​ទំព័រ​២១។

ទៅ​ផ្សព្វផ្សាយ​និង​ទៅ​បង្រៀន

១៤​. (ក) កិច្ចការ​របស់​យ៉ូហាន-បាទីស្ទ​និង​កិច្ចការ​របស់​ព្រះ​យេស៊ូ​មាន​គោល​បំណង​ពីរ តើ​នោះ​គឺ​អ្វី​ខ្លះ? (ខ) តើ​អ្នក​នឹង​ពណ៌នា​យ៉ាង​ណា​ចំពោះ​កិច្ចការ​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ?

១៤ អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​មុន​គេ​ដែល​បាន​រៀប​រាប់​ក្នុង​សៀវភៅ​ដំណឹង​ល្អ គឺ​យ៉ូហាន-បាទីស្ទ។ (ម៉ាថាយ ៣:១, ២; លូកា ៣:១៨) គោល​បំណង​ដ៏​សំខាន់​របស់​យ៉ូហាន គឺ​«ធ្វើ​បន្ទាល់» ហើយ​គាត់​ប្រកាស​ព្រះរាជាណាចក្រ​ដោយ​មាន​ជំនឿ​យ៉ាង​ខ្លាំង​បំផុត និង​ដោយ​មាន​សេចក្ដី​សង្ឃឹម​ថា​«មនុស្ស​ទាំង​អស់​បាន​ជឿ»។ (យ៉ូហាន ១:៦, ៧) ប្រាកដ​ហើយ មនុស្ស​ខ្លះ​ដែល​យ៉ូហាន​បាន​ផ្សព្វផ្សាយ​ប្រាប់​នោះ បាន​ក្លាយ​ទៅ​ជា​សិស្ស​របស់​ព្រះគ្រីស្ទ។ (យ៉ូហាន ១:៣៥​-​៣៧) ហេតុ​នេះ​ហើយ យ៉ូហាន​បាន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ ព្រម​ទាំង​ជា​អ្នក​បង្កើត​ឲ្យ​មាន​សិស្ស​ដែរ។ ព្រះយេស៊ូ​ក៏​ជា​អ្នក​ផ្សព្វផ្សាយ​និង​ជា​គ្រូ​បង្រៀន​ដែរ។ (ម៉ាថាយ ៤:២៣; ១១:១) ដូច្នេះ ព្រះយេស៊ូ​មិន​គ្រាន់​តែ​បាន​បង្គាប់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ទទួល​សារ​នេះ ហើយ​ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​របស់​ទ្រង់​ដែរ។ (ម៉ាថាយ ២៨:១៩, ២០) សព្វ​ថ្ងៃ​នេះ កិច្ចការ​របស់​យើង គឺ​រួម​បញ្ចូល​ការ​ផ្សព្វផ្សាយ​និង​ការ​បង្រៀន​ដែរ។

១៥​. តើ​ប្រតិកម្ម​របស់​មនុស្ស​ចំពោះ​ការ​ផ្សព្វផ្សាយ​នៅ​សតវត្ស​ទី​មួយ​និង​នៅ​សព្វ​ថ្ងៃ​នេះ មាន​ភាព​ស្រដៀង​គ្នា​យ៉ាង​ដូច​ម្ដេច?

១៥ ក្នុង​ចំណោម​ពួក​មនុស្ស​នៅ​សតវត្ស​ទី​មួយ​ដែល​បាន​ឮ​ប៉ុល​ផ្សព្វ​ផ្សាយ​និង​បង្រៀន​«អ្នក​ខ្លះ​ក៏​ទទួល​ជឿ​សេចក្ដី​ដែល​គាត់​អធិប្បាយ​តែ​អ្នក​ខ្លះ​មិន​ព្រម​ជឿ​ទេ»។ (កិច្ចការ ២៨:២៤) មនុស្ស​សព្វ​ថ្ងៃ​នេះ​ក៏​មាន​ប្រតិកម្ម​ដូច​គ្នា​ដែរ។ គួរ​ឲ្យ​ស្ដាយ​មែន គ្រាប់​ពូជ​ព្រះ​រាជាណាចក្រ​ភាគ​ច្រើន​ធ្លាក់​លើ​ដី​មិន​ល្អ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​លើ​ដី​ល្អ ហើយ​ចាក់​ឫស​រួច​ដុះ​ពន្លក ដូច​ពាក្យ​ទំនាយ​របស់​ព្រះ​យេស៊ូ​មែន។ តាម​ការ​ពិត នៅ​ទូទាំង​ពិភពលោក ជា​មធ្យម​នោះ​មាន​មនុស្ស​៥.០០០​នាក់​ក្លាយ​ទៅ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះ​គ្រីស្ទ​រៀង​រាល់​សប្ដាហ៍! សិស្ស​ថ្មីៗ​ទាំង​នេះ​«ជឿ​សេចក្ដី​ដែល​[ប៉ុល]អធិប្បាយ» ទោះ​ជា​មនុស្ស​ភាគ​ច្រើន​ពុំ​ជឿ​ក៏​ដោយ។ តើ​អ្វី​ដែល​បាន​ជួយ​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​នឹង​សារ​ព្រះ​រាជាណាចក្រ​នោះ? ជា​ច្រើន​ដង​មក​ហើយ​កត្ដា​ដែល​នាំ​ឲ្យ​បាន​លទ្ធផល​ល្អ​គឺ​ដោយសារ​ស្មរបន្ទាល់​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្នក​ឯ​ទៀត បើ​និយាយ​ជា​អត្ថបដិរូប នេះ​ប្រៀប​ដូច​ជា​ស្រោច​ទឹក​លើ​គ្រាប់​ពូជ​ដែល​បាន​ដាំ​ហើយ។ (កូរិនថូសទី១ ៣:៦) សូម​ពិនិត្យ​មើល​នូវ​ឧទាហរណ៍​ពីរ​នេះ។

ការ​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ឯ​ទៀត​នាំ​ឲ្យ​បាន​លទ្ធផល​ល្អ

១៦, ១៧​. ហេតុ​អ្វី​បាន​ជា​សំខាន់​ម្ល៉េះ​ក្នុង​ការ​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ផ្ទាល់​ទៅ​លើ​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង?

១៦ ការូលីន ជា​ស្មរបន្ទាល់​វ័យ​ក្មេង​ម្នាក់​នៅ​ប្រទេស​បែលស៊ិច បាន​ទៅ​ជួប​ស្ត្រី​ចំណាស់​ម្នាក់​ដែល​អត់​មាន​ការ​ចាប់​អារម្មណ៍​លើ​សារ​ព្រះ​រាជាណាចក្រ​សោះ។ ដោយ​ព្រោះ​ស្ត្រី​វ័យ​ចាស់​នេះ​មាន​បង់​រុំ​ដៃ​របស់​គាត់ នោះ​ការូលីន​និង​មិត្ត​របស់​គាត់​ចង់​ជួយ​ស្ត្រី​នេះ​ណាស់ តែ​គាត់​ពុំ​ព្រម​ទទួល​ជំនួយ​ទេ។ ពីរ​ថ្ងៃ​ក្រោយ​មក ស្មរបន្ទាល់​ពីរ​នាក់​នេះ​បាន​វិល​ត្រឡប់​មក​ផ្ទះ​របស់​ស្ត្រី​នេះ​ម្ដង​ទៀត ហើយ​បាន​សួរ​សុខ​ទុក្ខ​គាត់។ ការូលីន​បាន​និយាយ​ថា​៖ «នេះ​បាន​ទទួល​លទ្ធផល​ល្អ​មែន។ ស្ត្រី​នេះ​បាន​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​ដែល​ឃើញ​យើង​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គាត់​នោះ។ គាត់​បាន​អញ្ជើញ​យើង​ចូល​ផ្ទះ ហើយ​យើង​ក៏​ចាប់​ផ្ដើម​សិក្សា​ព្រះគម្ពីរ​ជា​មួយ​គាត់​ទៅ»។

១៧ សេនឌី ជា​ស្មរបន្ទាល់​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក ហើយ​គាត់​ក៏​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ផ្ទាល់​ទៅ​លើ​អ្នក​ដែល​គាត់​ផ្សព្វផ្សាយ​ប្រាប់​នោះ។ គាត់​រក​មើល​កាសែត​ក្នុង​តំបន់​អំពី​សេចក្ដី​ប្រកាស​ពី​ថ្ងៃ​កំណើត​របស់​ក្មេងៗ​ដែល​ទើប​នឹង​កើត ហើយ​រួច​មក​គាត់​ក៏​ទៅ​ជួប​ឪពុក​ម្ដាយ​របស់​ពួក​គេ ទាំង​យក សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ ទៅ​ជា​មួយ។ * ដោយ​ព្រោះ​ម្ដាយ​គឺ​ធម្មតា​នៅ​ផ្ទះ ហើយ​សប្បាយ​ចិត្ត​ក្នុង​ការ​បង្ហាញ​កូន​របស់​ខ្លួន​ឲ្យ​ភ្ញៀវ​ស្គាល់​នោះ នេះ​តែង​តែ​បើក​ឱកាស​ឲ្យ​អាច​សន្ទនា​បាន។ សេនឌី​ពន្យល់​ថា​៖ «ខ្ញុំ​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​របស់​ក្មេង​ទាំង​នេះ​អំពី​ប្រយោជន៍​ដ៏​សំខាន់ ដែល​ពួក​គាត់​អាច​ទទួល​ពី​ការ​មាន​ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ទារក​តាម​រយៈ​ការ​អាន​ឲ្យ​កូន​ស្ដាប់។ ក្រោយ​មក ខ្ញុំ​និយាយ​អំពី​ភាព​ពិបាក​នៃ​ការ​ចិញ្ចឹម​កូន​ក្នុង​សម័យ​ឥឡូវ​នេះ»។ នៅ​ពេល​ថ្មីៗ​នេះ ដោយសារ​ការ​ទៅ​ជួប​ដូច​នេះ នោះ​ម្ដាយ​ម្នាក់​ដែល​មាន​កូន​ប្រាំ​មួយ​នាក់​បាន​ចាប់​ផ្ដើម​បំរើ​ព្រះ​យេហូវ៉ា។ បើ​យើង​ចេះ​ចាត់​វិធានការ​ដូច​នេះ និង​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ឯ​ទៀត នោះ​លទ្ធផល​ដែល​យើង​នឹង​ទទួល​គឺ​អំណរ​ដែល​មាន​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង។

១៨​. (ក) ហេតុ​អ្វី​ក៏​យើង​គ្រប់​គ្នា​អាច​ធ្វើ​តាម​តម្រូវ​ការ​ឲ្យ​‹បង្កើត​ផលផ្លែ​ជា​ច្រើន›? (ខ) តើ​តម្រូវ​ការ​បី​អ្វី​នៃ​ការ​ធ្វើ​ជា​សិស្ស​ដែល​បាន​រៀប​រាប់​ក្នុង​សៀវភៅ​ដំណឹង​ល្អ​របស់​យ៉ូហាន​ដែល​អ្នក​ប្ដេជ្ញា​បំពេញ​តាម​នោះ?

១៨ យើង​មាន​ការ​លើក​ទឹក​ចិត្ត​មែន ដោយ​ដឹង​ថា​តម្រូវ​ការ​ឲ្យ​បន្ត​«បង្កើត​ផល​ជា​ច្រើន» នោះ​យើង​មាន​លទ្ធភាព​ធ្វើ​បាន! មិន​ថា​យើង​ជា​មនុស្ស​ចាស់​ឬ​ក្មេង ឬ​យើង​មាន​សុខភាព​ល្អ​ឬ​សុខភាព​មិន​ល្អ ឬ​ផ្សព្វផ្សាយ​ក្នុង​តំបន់​ដែល​គេ​ចូល​ចិត្ត​ស្ដាប់ ឬ​ក៏​តំបន់​ដែល​មនុស្ស​ពុំ​សូវ​ចូល​ចិត្ត​ស្ដាប់​ក៏​ដោយ នោះ​យើង​គ្រប់​គ្នា​អាច​បង្កើត​ផលផ្លែ​ជា​ច្រើន។ តើ​តាម​របៀប​ណា? គឺ​ដោយ​សម្ដែង​នូវ​ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ​ឲ្យ​បាន​ច្រើន​ជាង និង​ដោយ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​អស់​ពី​សមត្ថភាព​របស់​យើង​តាម​តែ​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ទន្ទឹម​នឹង​នេះ យើង​ក៏​គួរ​ខំ​ប្រឹង​កាន់​ខ្ជាប់​តាម‹ព្រះ​បន្ទូល​របស់​ព្រះយេស៊ូ› និង​បង្ហាញ‹សេចក្ដី​ស្រឡាញ់​ក្នុង​ចំណោម​គ្នីគ្នា›។ ត្រូវ​ហើយ ដោយ​បំពេញ​នូវ​តម្រូវ​ការ​បី​ដ៏​សំខាន់​នៃ​ការ​ធ្វើ​ជា​សិស្ស ដែល​បាន​រៀប​រាប់​ក្នុង​សៀវភៅ​ដំណឹង​ល្អ​របស់​យ៉ូហាន​នោះ​បញ្ជាក់​ឲ្យ​ឃើញ​ថា យើង​«ជា​សិស្ស[របស់​ព្រះ​គ្រីស្ទ]​មែន»។—យ៉ូហាន ៨:៣១; ១៣:៣៥

[កំណត់​សម្គាល់]

^ វគ្គ 3 ទោះ​ជា​ខ្នែង​នៃ​ដើម​ទំពាំង​បាយ​ជូរ​ក្នុង​រឿង​ប្រៀបប្រដូច​នេះ សំដៅ​ទៅ​ពួក​សាវ័ក​និង​បណ្ដា​គ្រីស្ទាន​ឯ​ទៀត​ដែល​នឹង​ទទួល​ចំណែក​ក្នុង​ព្រះរាជាណាចក្រ​នៅ​ស្ថានសួគ៌​ក៏​ដោយ តែ​រឿង​ប្រៀបប្រដូច​នេះ​ក៏​មាន​ហេតុការណ៍​ពិត​ដែល​ពួក​សិស្ស​របស់​ព្រះ​គ្រីស្ទ​សព្វ​ថ្ងៃ​នេះ​អាច​ទទួល​ប្រយោជន៍​ផង​ដែរ។—យ៉ូហាន ៣:១៦; ១០:១៦

^ វគ្គ 12 អស់​អ្នក​ដែល​ពុំ​អាច​ចេញ​ពី​ផ្ទះ​ដោយសារ​វ័យ​ចាស់​ជរា​ឬ​ជំងឺ គឺ​អាច​ធ្វើ​បន្ទាល់​តាម​សំបុត្រ​ឬ​បើ​មាន​ការ​អនុញ្ញាត អាច​ធ្វើ​បន្ទាល់​តាម​ទូរស័ព្ទ ឬ​ក៏​ប្រហែល​ផ្សាយ​ដំណឹង​ល្អ​ដល់​ភ្ញៀវ​ដែល​មក​លេង​ក៏​បាន។

^ វគ្គ 17 បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

សំនួរ​សំរាប់​ពិនិត្យ​សា​ឡើង​វិញ

តើ​ផលផ្លែ​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​បង្កើត​ឲ្យ​បាន​ច្រើន​នោះ?

ហេតុ​អ្វី​បាន​ជា​គោលដៅ​ក្នុង​ការ​«បង្កើត​ផល​ជា​ច្រើន» ជា​អ្វី​ដែល​យើង​គ្រប់​គ្នា​មាន​លទ្ធភាព​ធ្វើ​បាន?

តើ​តម្រូវ​ការ​ដ៏​សំខាន់​បី​ណា​ចំពោះ​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះគ្រីស្ទ ដែល​បាន​រៀប​រាប់​ក្នុង​សៀវភៅ​ដំណឹង​ល្អ​របស់​យ៉ូហាន ដែល​យើង​បាន​ពិនិត្យ​មើល​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​២១]

វិធី​«បង្កើត​ផលផ្លែ​ជា​ច្រើន​ដោយ​ចិត្ត​ស៊ូទ្រាំ»

តើ​អ្វី​ដែល​ជួយ​អ្នក​ឲ្យ​បន្ត​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ​ដោយ​ចិត្ត​ស្មោះ​ក្នុង​តំបន់​ផ្សាយ​ដែល​ពុំ​សូវ​មាន​មនុស្ស​ស្ដាប់​នោះ? នេះ​ជា​ចម្លើយ​ដ៏​ល្អ​ខ្លះៗ​ចំពោះ​សំនួរ​នេះ។

«ដោយ​ដឹង​ថា​យើង​មាន​ការ​គាំទ្រ​ទាំង​ស្រុង​ពី​ព្រះ​យេស៊ូ នេះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​សុទិដ្ឋិនិយម និង​ការ​ព្យាយាម ទោះ​ជា​មាន​ប្រតិកម្ម​យ៉ាង​ណា​ក្នុង​តំបន់​ផ្សាយ​របស់​យើង​ក៏​ដោយ»។—ហេរី អាយុ​៧២​ឆ្នាំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៤៦

«បទ​គម្ពីរ​នៅ​កូរិនថូសទី២ ២:១៧ តែង​តែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ជានិច្ច។ ខ​នេះ​ចែង​ថា យើង​ចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ‹នៅ​ចំពោះ​ព្រះ​ភ័ក្ដ្រ​របស់ព្រះ និង​ព្រះ​គ្រីស្ទ​ផង​ដែរ›។ ពេល​ខ្ញុំ​កំពុង​តែ​ផ្សព្វផ្សាយ ខ្ញុំ​មាន​ក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ​សេពគប់​ជា​មួយ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​ខ្ញុំ»។—ឃ្លឌីអូ​អាយុ​៤៣​ឆ្នាំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៧៤។

«បើ​និយាយ​ឲ្យ​ចំ​ទៅ កិច្ចការ​ផ្សព្វផ្សាយ​គឺ​ជា​ការ​លំបាក​ណាស់​ចំពោះ​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​បាន​ពិសោធ​ផ្ទាល់​នូវ​ពាក្យ​ក្នុង​ទំនុកដំកើង ១៨:២៩ ដែល​ថា​៖ ‹ដោយសារ​ព្រះ​នៃ​ទូល​បង្គំ នោះ​ទូល​បង្គំ​នឹង​លោត​រំលង​កំផែង​បាន›»។—គីរិត​អាយុ​៧៩​ឆ្នាំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៥៥។

«ប្រសិន​បើ​ខ្ញុំ​អាច​អាន​គ្រាន់​តែ​ខគម្ពីរ​មួយ​ក្នុង​កិច្ច​បំរើ​ផ្សាយ នេះ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ស្កប់​ចិត្ត​ហើយ ដោយ​ខ្ញុំ​ដឹង​ថា​នេះ​ជា​ឱកាស​ដែល​ព្រះ​គម្ពីរ​អាច​មាន​អានុភាព​ទៅ​លើ​ចិត្ត​របស់​ម្ចាស់​ផ្ទះ​ណា​ម្នាក់​បាន»។—អេលេន័រ​អាយុ​២៦​ឆ្នាំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៨៩។

«ខ្ញុំ​ខំ​ប្រឹង​ប្រើ​វិធី​ផ្សេងៗ​ក្នុង​ការ​ផ្សព្វផ្សាយ។ មាន​វិធី​និយាយ​ជា​ច្រើន​ដែល​ខ្ញុំ​ពុំ​អាច​ប្រើ​ឡើយ ដោយ​ព្រោះ​ពេល​វេលា​ដែល​នៅ​សល់​ក្នុង​ជីវិត​របស់​ខ្ញុំ​តិច​តួច​ពេក»។—ប៉ុល​អាយុ​៧៩​ឆ្នាំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៤០។

«ខ្ញុំ​មិន​តូច​ចិត្ត​ដោយសារ​មនុស្ស​និយាយ​មិន​ល្អ​នោះ​ទេ។ ខ្ញុំ​បាន​សាកល្បង​បង្ហាញ​ការ​រួសរាយ​រាក់ទាក់ ដោយ​សន្ទនា​ជា​មួយ​មនុស្ស​និង​ស្ដាប់​ទស្សនៈ​របស់​ពួក​គេ​ផង​ដែរ»។—ដានីយ៉ែល​អាយុ​៧៥​ឆ្នាំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៤៦។

«ខ្ញុំ​បាន​ជួប​បងប្អូន​ដែល​ទើប​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា ដោយសារ​ការ​ផ្សព្វផ្សាយ​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់។ ខ្ញុំ​មិន​បាន​ដឹង​ថា មាន​អ្នក​ផ្សេង​ទៀត​ដែល​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ពួក​គេ​ក្រោយ​មក​ទៀត​នោះ​ទេ ហើយ​នេះ​បាន​ជួយ​ពួក​គេ​ឲ្យ​រីក​ចំរើន។ ខ្ញុំ​មាន​អំណរ​ណាស់​ដោយ​ដឹង​ថា កិច្ច​បំរើ​ផ្សាយ​របស់​យើង​គឺ​មាន​ការ​រួបរួម​គ្នា​ពី​បងប្អូន​របស់​យើង»។—ចូន អាយុ​៦៦​ឆ្នាំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៥៤។

តើ​អ្វី​ដែល​ជួយ​អ្នក​ឲ្យ​«បង្កើត​ផលផ្លែ​ជា​ច្រើន​ដោយ​ចិត្ត​ស៊ូទ្រាំ»?—លូកា ៨:១៥ ,ព្រះគម្ពីរ​ភាសា​ខ្មែរ​សម្រាយ